អត្ថបទព្រះគម្ពីរ
ថ្ងៃព្រហស្បតិ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២១
អាទិត្យទី២៤ រដូវធម្មតា
ពណ៌បៃតង
បុណ្យរម្លឹក

សន្ដគ័រណី ជាសម្ដេចប៉ាប សន្ដស៊ីព្រីយ៉ាំងជាអភិបាលព្រះសហគមន៍ និងមរណសាក្សី

គ្រីស្តបរិស័ទបោះឆ្នោតជ្រើសរើសលោកគ័រណី ឱ្យបំពេញមុខងារជាអភិបាលក្រុងរ៉ូម នៅឆ្នាំ២៥១។ លោកសុខចិត្តអត់ទោសឱ្យគ្រីស្តបរិស័ទ ដែលលះបង់ចោលព្រះគ្រីស្តនៅពេលខ្មាំងបៀតបៀនធ្វើបាប ហើយដែលកែប្រែចិត្តគំនិតនៅពេលក្រោយ។ លោកជំទាស់នឹងលោកណូវ៉ាទីយាំង ដែលមិនព្រមទទួល គ្រីស្តបរិស័ទទាំងនោះ ក្នុងព្រះសហគមន៍វិញ។ លោកស៊ីព្រីយ៉ាំង ជួយគាំទ្រអភិបាលក្រុងរ៉ូមអំពីរឿងនេះ។ លោកស៊ីព្រីយ៉ាំង (២១០-២៥៨) ជាអភិបាលព្រះសហគមន៍ក្រុងការតាស្ស (ក្រុងនិស្សសព្វថ្ងៃ)។ កាលមុន លោកជាមេធាវី ហើយប្រែចិត្តជឿលើព្រះយេស៊ូ។ លោកនិពន្ធសៀវភៅជាច្រើនស្តីអំពីទេវវិទ្យា លោកកាន់វិន័យតឹងរឹង មិនព្រមទទួលស្គាល់ពិធីជ្រមុជទឹកដែលគ្រីស្តបរិស័ទបែកចេញពីព្រះសហគមន៍។ ត្រង់ចំណុចនេះ លោកក៏ជំទាស់នឹងសម្តេចប៉ាបស្ទេផាន (២៥៤-២៥៧)។ ពេលព្រះចៅរ៉ូម៉ាំងព្រះនាមឌែល បៀតបៀនធ្វើបាបសម្លាប់គ្រីស្តបរិស័ទលោករួចខ្លួនបាន។ តែនៅពេលព្រះចៅវ៉ាលេរីយ៉ាំងបៀតបៀនគ្រីស្តបរិស័ទម្តងទៀត លោកសុខចិត្តធ្វើជាសាក្សីថ្វាយព្រះគ្រីស្ត នៅមុខព្រះសហគមន៍របស់លោក។ ថ្ងៃ ១៤ កញ្ញា ឆ្នាំ២៥៨ គេកាត់ កលោក ព្រោះលោកមិនព្រមថ្វាយសក្ការបូជាដល់ព្រះក្លែងក្លាយ។

អត្ថបទទី១
សូមថ្លែងលិខិតទី១របស់គ្រីស្ដទូតប៉ូលផ្ញើជូនលោកធីម៉ូថេ ១ធម ៤,១២-១៦

ប្អូនជាទីស្រឡាញ់! កុំបណ្ដោយឱ្យនរណាមើលងាយប្អូន ព្រោះប្អូននៅក្មេង​ ផ្ទុយទៅវិញ ក្នុងការនិយាយស្ដីក្ដី កិរិយាមារយាទក្ដី ចិត្តស្រឡាញ់ក្ដី ជំនឿក្ដី និង​ចិត្តបរិសុទ្ធក្ដី ត្រូវធើ្វជាគំរូដល់អស់អ្នកជឿ។
ចូរយកចិត្តទុកដាក់អានគម្ពីរ យកចិត្តទុកដាក់ដាស់តឿន និងបង្រៀនបងប្អូនទម្រាំខ្ញុំមកដល់។ កុំធ្វេសប្រហែសនឹងព្រះអំណោយទានដែលស្ថិតនៅក្នុងប្អូន គឺជាព្រះ​អំណោយទាន ដែលប្អូនបានទទួល ដោយពាក្យដែលគេបានថ្លែងប្រាប់ ក្នុងនាមព្រះ​អម្ចាស់ និងដោយក្រុមព្រឹទ្ធាចារ្យបានដាក់ដៃលើប្អូន ត្រូវយកចិត្តទុកដាក់បំពេញ​មុខងារនេះ និងព្យាយាមតទៅមុខទៀត ដើម្បីឱ្យគ្រប់គ្នាឃើញថា ប្អូនពិតជាបាន​ចម្រើនឡើងមែន។ ត្រូវប្រយ័ត្នប្រយែងលើខ្លួនឯង ប្រយ័ត្នប្រយែងនឹងសេចក្ដី​ដែលប្អូនបង្រៀន ដោយព្យាយាមធើ្វដូច្នេះ ប្អូននឹងសង្គ្រោះទាំងខ្លួនប្អូនផង ទាំងបង​ប្អូនដែលស្ដាប់ប្អូនផង។

ទំនុកតម្កើងលេខ ១១១​, ៧-១០ បទពាក្យ ៧

៧.គ្រប់ស្នាព្រះហស្ដព្រះអង្គធើ្វសុទ្ធតែអំពើល្អឥតរេ
សុចរិតយុត្តិធម៌ឥតប្រួលប្រែដូច្នេះគួរតែជឿទាំងស្រុង។
៨.បញ្ជាទាំងនោះឥតចន្លោះមិនបាត់មួយសោះស្ថិតគង់វង្ស
សុចរិតល្អល្អះភ្លឺត្រចង់ក្ដីពិតទៀងត្រង់យ៉ាងប្រពៃ។
៩. ព្រះអង្គរំដោះប្រជារាស្រ្ដពួកគេទាំងអស់មានសេរី
ទ្រង់បានចងសម្ពន្ធមេត្រីនិងរាស្រ្ដប្រុសស្រីរហូតទៅ។
ព្រះនាមព្រះអង្គគង់ទីខ្ពស់វិសុទ្ធឥតមោះឥតហ្មងសៅ
បារមីគួរស្ញែងខ្លាចពេកកូវរាល់យប់ថ្ងៃត្រូវតែគោរព។
១០.អ្នកណាដែលចង់មានប្រាជ្ញាគួរតែគិតថាមានប្រភព
ប្រាជ្ញានឹងកើតមានសព្វគ្រប់បើអ្នកគោរពខ្លាចព្រះម្ចាស់។
អ្នកប្រតិបត្តិតាមប្រាជ្ញានេះគេអាចត្រិះរិះបានល្អល្អះ
យើងសូមតម្កើងព្រះអម្ចាស់ជាព្រះខ្ពង់ខ្ពស់រហូតទៅ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ១១,២៨

អលេលូយ៉ា! អាលេលូយ៉ា!
អស់អ្នកដែលនឿយហត់ និងមានបន្ទុកធ្ងន់អើយ!
ចូរមករកខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាបានសម្រាក។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៧,៣៦-៥០

មានបុរសម្នាក់ខាងគណៈផារីស៊ី យាងព្រះយេស៊ូទៅសោយព្រះស្ងោយ ព្រះអង្គក៏យាងទៅផ្ទះបុរសនោះ ហើយគង់រួមតុជាមួយគាត់។ នៅក្រុងនោះ មានស្រ្តីម្នាក់មានកេរ្តិ៍ឈ្មោះមិនល្អ។ ពេលនាងឮថា ព្រះយេស៊ូគង់នៅក្នុងផ្ទះខាងគណៈផារីស៊ីនោះ នាងយកដបថ្មកែវដាក់ប្រេងក្រអូបចូលមក។ នាងនៅពីក្រោយព្រះយេស៊ូ ក្រាបទាបព្រះ​បាទាព្រះអង្គ យំសម្រក់ទឹកភ្នែកជោកព្រះបាទាព្រះយេស៊ូ ហើយយកសក់មកជូត។ បន្ទាប់មក នាងថើបរួចយកប្រេងក្រអូបមកចាក់ពីលើផង។ ពេលបុរសម្ចាស់ផ្ទះ​ឃើញដូច្នោះ គាត់រិះគិតក្នុងចិត្តថា៖ «បើលោកនេះ ពិតជាព្យាការីមែន ច្បាស់ជា​លោកជ្រាបថា ស្រ្តីដែលពាល់លោកនេះជាស្រ្តីប្រភេទណាពុំខាន គឺនាងជាមនុស្ស​បាប»។ ព្រះយេស៊ូមានព្រះបន្ទូលទៅបុរសខាងគណៈផារីស៊ីនោះថា៖«លោកស៊ីម៉ូន! ខ្ញុំចង់និយាយរឿងមួយជាមួយលោក»។ លោកស៊ីម៉ូនទូលតបទៅព្រះអង្គថា៖«សូម​លោកគ្រូមានប្រសាសន៍មកចុះ»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖«មានមនុស្សពីរនាក់ជំពាក់ប្រាក់គេ ម្នាក់ជំពាក់ប្រាំរយ ម្នាក់ទៀតហាសិប។ ដោយអ្នកទាំងពីរគ្មានប្រាក់សង​ ម្ចាស់ប្រាក់ក៏លុបបំណុលចោល ឈប់ទារពីអ្នកទាំងពីរនោះ។ ក្នុងចំណោមអ្នកទាំងពីរ តើនរណាស្រលាញ់ម្ចាស់បំណុលជាង?»។ លោកស៊ីម៉ូនទូលឆ្លើយថា៖«តាមយោបល់ខ្ញុំ គឺអ្នកដែលជំពាក់ប្រាក់ច្រើនជាង»។ ព្រះយេស៊ូមានព្រះបន្ទូលទៅលោកស៊ីម៉ូនថា៖​«លោកមានយោបល់ត្រឹមត្រូវមែន»។ បន្ទាប់មក ព្រះអង្គបែរទៅរកស្រ្តីនោះ រួចមាន​ព្រះបន្ទូលទៅលោកស៊ីម៉ូនថា៖«សូមមើលស្រ្តីនេះចុះ! ខ្ញុំបានចូលមកក្នុងផ្ទះលោកតែ​លោកពុំបានយកទឹកមកលាងជើខ្ញុំទេ រីឯនាង នាងបានសម្រក់ទឹកភ្នែកជោកជើងខ្ញុំ​ព្រមទាំង​យកសក់នាងមកជូតទៀតផង។ លោកមិនបានថើបខ្ញុំទេ រីឯនាងវិញ​តាំងពី​ខ្ញុំ​ចូលមក នាងចេះតែថើបជើងខ្ញុំឥតឈប់ឈរសោះឡើយ។ លោកមិនបានយក​ប្រេងមក​លាបក្បាលខ្ញុំទេ រីឯនាងវិញ នាងបានចាក់ប្រេងក្រអូបលាបជើងខ្ញុំ។ ហេតុ​នេះហើយ ខ្ញុំសុំប្រាប់ឱ្យយលោកដឹងថា នាងសម្ដែងសេចក្ដីស្រឡាញ់ជាខ្លាំងយ៉ាងនេះ​ព្រោះព្រះជាម្ចាស់បានប្រោសនាងឱ្យរួចពីបាបជាច្រើន។ រីឯអ្នកដែលព្រះជាម្ចាស់លើកលែងទោសឱ្យតិច ក៏សម្ដែងសេចក្ដីស្រឡាញ់តិចដែរ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅស្រ្ដីនោះថា៖ «ព្រះជាម្ចាសអត់ទោសឱ្យនាងរួចពីបាបហើយ»។ អស់អ្នក​ដែលអង្គុយរួមតុជាមួយ រិះគិតក្នុងចិត្តរៀងៗខ្លួនថា៖«តើលោកនេះមានឋានៈអ្វីបានជាហ៊ានអត់ទោសមនុស្សឱ្យរួចពីបាបដូច្នេះ?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងទៀតថា៖ “ជំនឿរបស់នាងបានសង្គ្រោះនាងហើយ! សូមអញ្ជើញទៅវិញដោយ​សុខសាន្ដចុះ!”។

210 Views

Posted in មិន​មាន​ចំណាត់​ក្រុមTagged ,
Theme: Overlay by Kaira