ពាក្យដាស់តឿនរបស់
សម្តេចប៉ាប ហ្រ្វង់ស៊ីស្កូ

អំណរសប្បាយហូរមកពីដំណឹងល្អ
Evangelii Gaudium

អំពីការជម្រាបជូនដំណឹងល្អ
ក្នុងពិភពលោកនាបច្ចុប្បន្នកាល


ផ្ញើជូនអស់លោកអភិបាល
អស់លោកគង្វាល អស់លោកឧបដ្ឋាក
អស់អ្នកញែកខ្លួនថ្វាយព្រះជាម្ចាស់
និងជូនមកអស់គ្រីស្តបរិស័ទទាំងឡាយ

ប្រែសម្រួលដោយលោកបូជាចារ្យ ហ្រ្វង់ស្វ័រ ប៉ុងសូដ៍

ដើម្បីទិញសៀវភៅ សូមចុចនៅទីនេះ

***

១- អស់អ្នកដែលបានជួបព្រះយេស៊ូ ពោរពេញដោយអំណរ ដែលហូរពីដំណឹងល្អ ជាអំណរដែលជ្រួតជ្រាបក្នុងការរស់នៅទាំងមូលរបស់គេដែរ។ អស់អ្នកដែលបណ្តោយខ្លួនឱ្យព្រះយេស៊ូសង្គ្រោះ ពិតជាបានរួចផុតពីបាបកម្ម និងរួចពីទុក្ខព្រួយ គេលែងនឹកគិតថា ជីវិតគ្មានន័យ និងគ្មានទិសដៅទៀតហើយ គេក៏លែងរស់នៅឯកាទៀតដែរ។ ដោយយើងរួមរស់ជាមួយព្រះយេស៊ូ អំណរកើតឡើងដល់យើង ហើយក៏កើតឡើងវិញជានិច្ចដែរ។ ក្នុងពាក្យដាស់តឿននេះ ខ្ញុំសូមជម្រាបមកអស់គ្រីស្តបរិស័ទក្នុងគោលបំណងអញ្ជើញបងប្អូនឱ្យចាប់ផ្តើមដំណាក់កាលថ្មីមួយ ក្នុងការនាំដំណឹងល្អដល់មនុស្សលោក សូមបងប្អូនជម្រាបជូនដំណឹងល្អនេះដោយអំណរដែលហូរមកពីដំណឹងល្អនេះ។ ខ្ញុំក៏មានបំណងចង់បង្ហាញមាគ៌ាផ្សេងៗឱ្យព្រះសហគមន៍ដើរតាម ក្នុងពេលធ្វើដំណើរនាឆ្នាំទាំងប៉ុន្មានខាងមុខនេះដែរ។

១) អំណរកាន់តែថ្មី ដែលត្រូវចែកចាយឱ្យអ្នកដទៃ

២- ពិភពលោកនាបច្ចុប្បន្ន ផ្តល់ឱ្យមនុស្សអាចប្រើប្រាស់អ្វីៗទាំងអស់បាន។ សភាពការណ៍នេះដូចជាសង្កត់គេ អាចបណ្តាល ឱ្យបុគ្គលម្នាក់ៗកើតទុក្ខព្រួយ ដោយសារគេស្កប់ស្កល់នឹងទ្រព្យសម្បត្តិ ហើយមិនព្រមចែកចាយសម្បត្តិរបស់ខ្លួនឱ្យអ្នកដទៃ។ គេមានចិត្តវៀចវេរចេះតែស្វែងរកការសប្បាយភ្លាមៗយ៉ាងស្រួល និងមានចិត្តគំនិតប្លែកដាច់ពីគេ។ នៅពេលមនុស្សម្នាក់ៗនៅ តែស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន នៅពេលនោះគេលែងគិតដល់អ្នកដទៃ ជាពិសេសលែងគិតដល់អ្នកក្រីក្រ គេក៏លែងស្តាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់ដែរ គេលែងសប្បាយដោយការរួមរស់ជាមួយព្រះអង្គ ដែលមានព្រះហឫទ័យអាណិតមេត្តាដល់គេ គេក៏លែងមានចិត្តខ្នះខ្នែងរំភើបចិត្តដោយចង់ប្រព្រឹត្តអំពើល្អទៀតហើយ។ សូម្បីតែគ្រីស្តបរិស័ទក្តីក៏មានចិត្តគំនិតបែបនេះដែរ ហើយជួនកាលគេមានចិត្តគំនិតបែបនេះយ៉ាងពិតប្រាកដជានិច្ច។ មនុស្សជាច្រើនបណ្តោយខ្លួនតាមបែបនេះ ហើយក្លាយទៅជាអ្នកអន់ចិត្ត គេមិនសប្បាយ ហើយក៏គ្មានជីវិតដ៏ពិតប្រាកដទេ។ អ្នករស់នៅដូច្នេះគេពុំបានជ្រើសរើសយកការរស់នៅយ៉ាងថ្លៃថ្នូរ និងពេញលេញទេ ព្រះជាម្ចាស់ក៏មិនបានជ្រើសរើសឱ្យយើងរស់នៅតាមបែបនេះដែរ តែព្រះអង្គសព្វព្រះហឫទ័យឱ្យយើងរួមរស់ក្នុងព្រះវិញ្ញាណ ដែលហូរមកពីព្រះបេះដូងរបស់ព្រះគ្រីស្ត ដែលមានព្រះជន្មថ្មីដ៏រុងរឿងវិញ។

៣- ហេតុនេះហើយ បានជាខ្ញុំសូមអញ្ជើញគ្រីស្តបរិស័ទម្នាក់ៗ ទោះបីគេរស់នៅទីណាក្តី ឬរស់នៅតាមសភាពការណ៍បែប ណាក្ដីឱ្យជួបព្រះយេស៊ូគ្រីស្តដោយផ្ទាល់នៅថ្ងៃនេះម្តងទៀត ឬយ៉ាងហោចណាស់ឱ្យសម្រេចចិត្តបណ្តោយខ្លួនឱ្យព្រះអង្គ យាងមកជួបគេ។ សូមស្វែងរកព្រះអង្គជារៀងរាល់ថ្ងៃដោយឥតឈប់ឈរ។ សូមកុំឱ្យមាននរណាម្នាក់នឹកគិតថា ពាក្យអញ្ជើញនេះមិនសម្រាប់គេឱ្យសោះ ដ្បិតអំណរសប្បាយដែលព្រះអម្ចាស់យេស៊ូនាំមក ពិតជាសម្រាប់មនុស្សទាំងអស់។ កុំឱ្យមាននរណាម្នាក់ត្រូវឃ្លាតចេញពីអំណរនេះឡើយ។ អ្នកដែលប្រថុយខ្លួនទៅរកព្រះអម្ចាស់ ព្រះអង្គមិនធ្វើឱ្យគេខកចិត្តឡើយ។ ពេលមនុស្សម្នាក់បោះជំហានបន្តិចម្តងៗទៅរកព្រះយេស៊ូ គេមុខជាទទួលស្គាល់ថា ព្រះអង្គរង់ចាំទទួលគេយ៉ាងរាក់ទាក់។ ពេលនេះត្រូវនិយាយទៅកាន់ព្រះយេស៊ូគ្រីស្តថា៖ “បពិត្រព្រះអម្ចាស់យេស៊ូ ខ្ញុំបានបណ្តោយខ្លួនឱ្យគេបញ្ឆោតខ្ញុំបានរត់គេចពីព្រះ ហឫទ័យស្រឡាញ់របស់ព្រះអង្គគ្រប់បែបយ៉ាង។ ប៉ុន្តែខ្ញុំនៅទីនេះម្តងទៀត ដើម្បីចងសម្ពន្ធមេត្រីសាជាថ្មីជាមួយព្រះអង្គ ខ្ញុំត្រូវការព្រះអង្គ។ ឱ! ព្រះអម្ចាស់យេស៊ូអើយ សូមរំដោះខ្ញុំម្តងទៀត ឱ! ព្រះសង្គ្រោះអើយ សូមឱបខ្ញុំម្តងទៀតផង”។ ពេលយើងវង្វេងបាត់ ហើយវិលត្រឡប់មករកព្រះអង្គវិញ ពេលនោះយើងពិតជាមានអំណរយ៉ាងខ្លាំង។ ខ្ញុំសូមបញ្ជាក់ម្តងទៀតថា ព្រះជាម្ចាស់មិននឿយព្រះហឫទ័យលើកលែងទោសឱ្យយើងទេ តែយើងវិញទេតើដែលខ្ជិល សូមព្រះអង្គមេត្តាករុណាដល់យើងខ្ញុំ។ ព្រះយេស៊ូបានអញ្ជើញយើងឱ្យលើកលែងទោសឱ្យគេចិតសិបដងប្រាំពីរដង (មថ ១៨,២២) ព្រះអង្គគង់តែធ្វើជាគំរូឱ្យយើងពុំខាន គឺព្រះអង្គមុខជានឹងលើកលែងទោសឱ្យយើងចិតសិបដងប្រាំពីរដងដែរ។ ព្រះអង្គយាងមកលើកយើងដាក់លើស្មាម្តងហើយម្តងទៀត ដូចគង្វាលដែលបានរកឃើញកូនចៀមវិញ។ ដោយព្រះអង្គមានព្រះហឫទ័យអាណិតមេត្តា ដែលគ្មានព្រំដែន និងមិនដែលស្ទាក់ស្ទើរនោះ ទ្រង់ផ្តល់កិត្តិយសដ៏ថ្លៃថ្នូរឱ្យយើង។ គ្មាននរណាអាចដកកិត្តិយសនេះចេញពីយើងបានឡើយ។ ព្រះហឫទ័យអាណិតមេត្តានេះប្រោសឱ្យយើងអាចខ្ពស់មុខ អាចចាប់ផ្តើមបន្តដំណើរតទៅទៀតបាន។ ព្រះហឫទ័យប្រណីសន្តោសនេះមិនដែលបណ្តាលឱ្យយើងខកចិត្តទេ តែអាចផ្តល់អំណរឱ្យយើងជានិច្ចដែរ។ យើងមិនត្រូវរត់គេចឆ្ងាយពីព្រះយេស៊ូដែលមានព្រះជន្មថ្មីដ៏រុងរឿងឡើយ កុំចាត់ខ្លួនទុកជាអ្នកចាញ់គេឱ្យសោះ កុំបណ្តោយខ្លួនតាមយថាកម្មឡើយ។ ព្រះជន្មថ្មីរបស់ព្រះយេស៊ូអាចជំរុញយើងទៅមុខលើសពីអ្វីៗទាំងអស់។

៤- គ្រប់កណ្ឌនៃគម្ពីរសម្ពន្ធមេត្រីចាស់បានជូនដំណឹងអំពីអំណរនៃការសង្គ្រោះ គឺអំណរនេះនឹងហូរហៀរនៅពេលព្រះគ្រីស្តយាងមក។ ព្យាការីអេសាយអបអរសាទរព្រះគ្រីស្តដែលប្រជាជនតែងតែរង់ចាំថា៖ “ឱ! ព្រះអម្ចាស់អើយ ! ព្រះអង្គប្រោសប្រទានឱ្យប្រជាជាតិនេះបានចម្រើនឡើង ព្រះអង្គក៏បានប្រោសឱ្យគេមានអំណរដ៏លើសលប់ដែរ” (អស ៩,២)។ លោកក៏លើកទឹកចិត្តអ្នកក្រុងយេរូសាឡឹមឱ្យទទួលព្រះគ្រីស្តទាំងច្រៀងបទអបអរសាទរថា៖ “ចូរនាំគ្នាបន្លឺសំឡេងជ័យឃោសដោយអំណរ!” (១២,៦)។ ព្យាការីអញ្ជើញអ្នកដែលបានឃើញព្រះគ្រីស្តពីចម្ងាយឱ្យនាំសារដល់អ្នកដទៃថា៖ “អ្នកនាំដំណឹងល្អដល់បូរីស៊ីយ៉ូនអើយ! ចូរឡើងទៅលើភ្នំខ្ពស់! អ្នកនាំដំណឹងល្អដល់ក្រុងយេរូសាឡឹមអើយ! ចូរស្រែកឱ្យអស់ទំហឹង កុំខ្លាចអ្វីឡើយ!” (៤០,៩)។ សត្វលោកទាំងប៉ុន្មានដែលព្រះជាម្ចាស់បានប្រតិស្ឋានមក ក៏រួមអរសប្បាយដោយបានទទួលការសង្គ្រោះថា៖ “ផ្ទៃមេឃអើយ! ចូរហ៊ោកញ្ជ្រៀវឡើង ផែនដីអើយ! ចូរត្រេកអរសប្បាយផង ភ្នំទាំងឡាយអើយ! ចូរស្រែកអបអរសាទរ ដ្បិតព្រះ អម្ចាស់សម្រាលទុក្ខប្រជារាស្ត្ររបស់ព្រះអង្គ ព្រះអង្គអាណិតមេត្តាកូនចៅរបស់ព្រះអង្គដែលវេទនា” (៤៩,១៣)។

ពេលព្យាការីសាការីឃើញថ្ងៃរបស់ព្រះអម្ចាស់ លោកអញ្ជើញគេឱ្យអបអរសាទរព្រះមហាក្សត្រដែលយាងមកថា៖ “ព្រះអង្គជាព្រះមហា ក្សត្រប្រកបដោយព្រះហឫទ័យសុភាព ព្រះអង្គគង់នៅលើខ្នងលា។ ក្រុងស៊ីយ៉ូនអើយ! ចូរមានអំណររីករាយដ៏ខ្លាំងឡើង។ ប្រជាជនក្រុងយេរូសាឡឹមអើយ! ចូរស្រែកហ៊ោយ៉ាងសប្បាយឡើង។ មើលហ្ន៎! ព្រះមហាក្សត្ររបស់អ្នកយាងមករកអ្នកហើយព្រះអង្គសុចរិត ព្រះអង្គមានជ័យជម្នះ” (សក ៩,៩)។

ព្យាការីសេផានីអញ្ជើញគេកាន់តែខ្លាំងឡើងឱ្យរីករាយ គឺលោកថ្លែងអំពីព្រះជាម្ចាស់ផ្ទាល់ដូចជារង្វង់ពន្លឺនៅថ្ងៃបុណ្យ និងនៅថ្ងៃមានអំណរ ព្រះអង្គសព្វព្រះហឫទ័យប្រទានឱ្យប្រជាជនស្រែកឡើងដោយគេទទួលការសង្គ្រោះ។ សូមអានអត្ថបទដែលធ្វើឱ្យខ្ញុំពោរពេញដោយជីវិត គឺថា “ព្រះអម្ចាស់ជាព្រះរបស់អ្នក ទ្រង់គង់នៅក្នុងអ្នក ព្រះអង្គជាវីរបុរសដែលមានជ័យជម្នះ។ ព្រះអង្គមានអំណរសប្បាយជាខ្លាំងព្រោះតែអ្នក។ ព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គធ្វើឱ្យអ្នកមានជីវិតថ្មី។ ព្រះអង្គបន្លឺសំឡេង និងច្រៀងយ៉ាងរីករាយបំផុតព្រោះតែអ្នក” (៣,១៧)។

យើងឆ្លើយតបនឹងសេចក្តីអញ្ជើញប្រកបដោយព្រះហឫទ័យស្រឡាញ់របស់ព្រះបិតានៃយើង ដោយទទួលអំណរតាមរយៈកិច្ចការដ៏តិចតួចស្តួចស្តើង ដែលកើតឡើងក្នុងការរស់នៅប្រចាំថ្ងៃ៖ “កូនអើយ! ប្រសិនបើកូនមានគ្រប់គ្រាន់ ចូរថែទាំខ្លួនឱ្យបានស្រួល (…) ទោះបីការសប្បាយរីករាយមានរយៈពេលខ្លីក្តី ត្រូវចេះសប្បាយរីករាយដែរ” (បសរ ១៤,១១.១៤)។ ព្រះបន្ទូលនេះសរឱ្យយើងយល់ឃើញថា ព្រះអង្គមានព្រះហឫទ័យថ្នាក់ថ្នមយ៉ាងខ្លាំងចំពោះយើង ដូចឪពុកថ្នាក់ថ្នមកូនដូច្នោះដែរ។

៥- សិរីរុងរឿងនៃឈើឆ្កាងលេចចេញធ្លោមកក្នុងគម្ពីរដំណឹងល្អ។ ក្នុងគម្ពីរនោះ ព្រះគ្រីស្តទទូចអញ្ជើញយើងឱ្យមានអំណរសប្បាយ។ ជាក់ស្តែងដូចមានចែងត្រង់អត្ថបទខ្លះ ដូចជាទេវទូតជម្រាបសួរនាងម៉ារីថា៖ “ចូរមានអំណរសប្បាយឡើង!” (លក ១,២៨)។ ពេលនាងម៉ារីទៅសួរសុខទុក្ខយាយអេលីសាបិត ទារកយ៉ូហានត្រេកអរក្នុងផ្ទៃម្តាយ (លក ១,៤១)។ នាងម៉ារីប្រកាសក្នុងទំនុកតម្កើងរបស់នាងថា៖ “ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ” (លក ១,៤៧)។ ពេលព្រះយេស៊ូចាប់ផ្តើមសម្តែងធម្មទេសនា លោកយ៉ូហានបន្លឺសំឡេងថា៖ “ខ្ញុំមានចិត្តត្រេកអរក្រៃលែង ខ្ញុំពោរពេញដោយអំណរ” (យហ ៣,២៩)។ “ព្រះវិញ្ញាណបានធ្វើឱ្យព្រះយេស៊ូមានព្រះហឫទ័យរីករាយយ៉ាងខ្លាំង” (លក ១០,២១)។ ព្រះយេស៊ូនាំសារជាប្រភពនៃអំណរ ដូចព្រះអង្គមានព្រះបន្ទូលថា៖ “ខ្ញុំបាននិយាយសេចក្តីទាំងនេះប្រាប់អ្នករាល់គ្នា ដើម្បីឱ្យអំណររបស់ ខ្ញុំស្ថិតនៅក្នុងអ្នករាល់គ្នា ហើយដើម្បីឱ្យអ្នករាល់គ្នាមានអំណរដ៏ពេញលក្ខណៈ” (យហ ១៥,១១)។ អំណរសប្បាយរបស់យើងជាគ្រីស្តបរិស័ទផុសចេញឡើងពីបេះដូងរបស់ព្រះអង្គដែលហូរហៀរដោយអំណរ។ ព្រះអង្គមានព្រះបន្ទូលមកក្រុមសាវ័កថា៖ “អ្នករាល់គ្នានឹងទ្រហោយំសោកសង្រេង ប៉ុន្តែ ទុក្ខព្រួយរបស់អ្នករាល់គ្នានឹងប្រែទៅជាអំណរសប្បាយវិញ” (យហ ១៦,២០)។ ព្រះអង្គក៏បញ្ជាក់ទៀតថា៖ “ខ្ញុំនឹងជួបអ្នករាល់គ្នាសាជាថ្មី អ្នករាល់គ្នានឹងសប្បាយចិត្ត ហើយគ្មាននរណាអាចដកអំណរសប្បាយចេញពីចិត្តអ្នករាល់គ្នាបានឡើយ” (យហ ១៦,២២)។ ក្រោយមក ក្រុមសាវ័កឃើញព្រះអង្គមានព្រះជន្មថ្មីដ៏រុងរឿង ហើយអស់លោកក៏បានពោរពេញដោយអំណរដែរ (យហ ២០,២០)។ ក្នុងគម្ពីរកិច្ចការគ្រីស្តទូតមានចែងថា៖ “ព្រះសហគមន៍ដើមដំបូងតែងតែបរិភោគអាហារជាមួយគ្នាយ៉ាងសប្បាយរីករាយ” (កក ២,៤៦)។ នៅក្រុងដែលក្រុមសាវ័កដើរកាត់ “ប្រជាជននៅក្រុងនោះមានអំណរសប្បាយដ៏លើសលប់” (កក ៨,៨) រីឯក្រុមសាវ័កវិញ នៅពេលមានគេបៀតបៀនធ្វើបាបនោះ អស់ លោកបាន “ពោរពេញដោយអំណរ” (កក ១៣,៥២)។ “កម្រៀវម្នាក់ដែលទើបទទួលពីធីជ្រមុជទឹក លោកបន្តដំណើរទៅមុខដោយចិត្តត្រេកអរសប្បាយ” (៨,៣៩)។ “ឆ្មាំគុក និងក្រុមគ្រួសាររបស់គាត់មានអំណរសប្បាយដោយបានជឿលើព្រះជាម្ចាស់”  (១៦,៣៤)។ ហេតុអ្វីបានជាយើងមិនចូលរួមក្នុងទន្លេនៃអំណរសប្បាយនោះដែរ?

៦- មានគ្រីស្តបរិស័ទខ្លះធ្វើមុខក្រៀមក្រំហាក់ដូចជាគេតមអាហាររៀងរាល់ថ្ងៃ ឬដូចជាព្រះយេស៊ូគ្មានព្រះជន្មថ្មីដ៏រុងរឿងទេ។ ប៉ុន្តែ ខ្ញុំទទួលស្គាល់ថា មនុស្សមានអំណរតាមរបៀបប្លែកៗពីគ្នាតាមអាយុ និងតាមសភាពការណ៍ផ្សេងៗនៃការរស់នៅរបស់ខ្លួន។ ជួនកាលគេត្រូវជួបការលំបាកជាទម្ងន់។ អំណរតែងតែសម្រប និងប្រែតាមកាលៈទេសៈ ប៉ុន្តែ អំណរត្រូវនៅតែស្ថិតស្ថេរជានិច្ច យ៉ាងហោចណាស់អំណរនេះប្រៀបដូចជាកាំរស្មីនៃពន្លឺដ៏តូចមួយ ដែលកើតមកដោយយើងជឿជាក់លាក់ថា ព្រះបិតាស្រឡាញ់យើងហួសពីការស្មាន និងលើសអ្វីៗទាំងអស់។ ខ្ញុំយល់ថា មានមនុស្សព្រួយចិត្តដោយបានជួបប្រទះនឹងទុក្ខលំបាកជាទម្ងន់ គេនៅតែស៊ូទ្រាំ។ ប៉ុន្តែ បន្តិចម្តងៗគេត្រូវបណ្តោយឱ្យអំណរដែលហូរមកពីជំនឿចាប់ផ្តើមលេចឡើង។ សូម្បីតែពេលយើងមានកង្វល់ធ្ងន់ធ្ងរយ៉ាងណាក្តី ក៏ត្រូវផ្ញើជីវិតលើព្រះបិតាយ៉ាងស្ងាត់កំបាំង តែយ៉ាងរឹងប៉ឹងដូចមានចែងក្នុងគម្ពីរសំណោកថា៖ “សេចក្តីសុខសាន្តបានឃ្លាតឆ្ងាយពីខ្ញុំ ខ្ញុំក៏លែងដឹងថា អ្វីទៅជាសុភមង្គលដែរ។ តែឥឡូវនេះ ខ្ញុំចង់គិតដល់អ្វីៗដែលនាំខ្ញុំឱ្យមានសង្ឃឹមឡើងវិញ គឺខ្ញុំនឹកដល់ព្រះហឫទ័យសប្បុរសរបស់ព្រះអម្ចាស់ដែលមិនចេះរលត់។ ព្រះអង្គតែងតែសម្ដែងព្រះ ហឫទ័យសប្បុរសអាណិតអាសូរនេះសាជាថ្មី ជារៀងរាល់ព្រឹក ព្រះហឫទ័យភក្តីរបស់ព្រះអង្គធំពន់ពេកក្រៃ។ ការតាំងចិត្តស្ងប់ស្ងៀមរង់ចាំព្រះអម្ចាស់យាងមកសង្គ្រោះនោះពិតជាការល្អប្រពៃមែន” (សណ ៣,១៧.២១-២៣.២៦)។

៧- យើងតែងតែជួបការល្បួងជាញឹកញាប់ ចង់ដោះសាខ្លួន ឬដោយត្អូញត្អែរថា យើងគ្មានអំណរហាក់ដូចជាចង់បានមូលហេតុជាច្រើនឥតគណនា ដើម្បីឱ្យយើងអាចមានអំណរបាន។ សភាពការណ៍បែបនេះកើតមក ព្រោះ “សង្គមប្រកបដោយបច្ចេក ទេសបានផ្តល់ឱកាសជាច្រើនឱ្យមនុស្សបានសប្បាយ ប៉ុន្តែ សង្គមនេះពិបាកបង្កើតអំណរដ៏ពិតប្រាកដវិញ”។ ខ្ញុំអាចនិយាយ ថា ក្នុងដំណើរជីវិតរបស់ខ្ញុំ ខ្ញុំបានឃើញមនុស្សទ័លក្រមានអំណរផុសចេញពីខ្លួនគេល្អជាងគេ ព្រោះគេគ្មានអ្វីមកពឹងផ្អែក។ ខ្ញុំក៏នឹកចាំថា មានអ្នកខ្លះ ទោះបីគេមានមុខងារខ្ពង់ខ្ពស់ក្នុងអាជីវកម្មរបស់ខ្លួនក្តី ក៏គេមានអំណរដ៏ពិតប្រាកដដែរ ព្រោះគេនៅតែមានសទ្ធាជ្រះថ្លា ចិត្តទៀងត្រង់ ហើយផ្ញើជីវិតលើព្រះបិតាជានិច្ច។ អំណរទាំងប៉ុន្មាននោះកើតមកពីប្រភពនៃសេចក្តីស្រឡាញ់ដ៏ប្រសើរជាងគេ គឺពីព្រះហឫទ័យស្រឡាញ់ដែលព្រះបិតាបានសម្តែងក្នុងអង្គព្រះយេស៊ូគ្រីស្ត។ ខ្ញុំនៅតែទន្ទេញជាប់មាត់នូវពាក្យរបស់សម្តេចប៉ាបបេណេឌីកតូទី១៦ ដែលនាំយើងចូលយ៉ាងជ្រៅនៅក្នុងស្នូលនៃដំណឹងល្អ គឺថា៖ “មនុស្សម្នាក់ក្លាយទៅជាគ្រីស្តបរិស័ទ មិនមែនមកពីខ្លួនសម្រេចកាន់តាមសីលធម៌ ឬតាមទ្រឹស្តីដ៏ប្រសើរទេ តែគេក្លាយទៅជាគ្រីស្តបរិស័ទ ដោយខ្លួនបានជួបប្រទះព្រឹត្តិការណ៍មួយ ឬបានជួបព្រះមួយអង្គ ដែលផ្តល់អត្ថន័យថ្មីដល់ការរស់នៅរបស់គេ និងកំណត់ទិសដៅជីវិតរបស់គេជាស្រេច”

៨- នៅពេលយើងជួបព្រះបិតាដែលស្រឡាញ់យើង ឬជួបព្រះបិតាសាជាថ្មី ហើយពេលសេចក្តីស្រឡាញ់នេះក្លាយទៅជាសេចក្តីរាប់អានដ៏កក់ក្តៅទៀតផង ទើបយើងរួចផុតពីការរិះគិតដោយឡែកដាច់ពីគេ និងរួចផុតពីការរិះគិតអំពីអ្វីៗទាំងអស់ ដោយយកខ្លួនធ្វើជាអ្នកដ៏សំខាន់ជាងគេ។ ប្រសិនបើយើងបណ្តោយឱ្យព្រះជាម្ចាស់ណែនាំយើងឱ្យលែងគិតតែពីខ្លួនឯង គឺឱ្យរួមរិះគិតជាមួយព្រះអង្គតាមបែបហួសពីគំនិតយើង នៅពេលនោះ យើងពិតជាមានលក្ខណៈជាមនុស្សយ៉ាងពេញលេញ យើងក៏ហួសពីឋានៈជាមនុស្សទៅទៀត។ នៅពេលនោះ យើងឈានទៅកាន់បុគ្គលិកលក្ខណៈដ៏ពិតប្រាកដរបស់យើងដែរ។ កម្លាំងដែលជំរុញយើងឱ្យជម្រាបជូនដំណឹងល្អ កើតមកពីយើងបានជួបព្រះហឫទ័យស្រឡាញ់របស់ព្រះបិតាតាមបែបនោះ។ ប្រសិន បើមនុស្សម្នាក់បានទទួលព្រះហឫទ័យស្រឡាញ់របស់ព្រះបិតានេះ គឺព្រះហឫទ័យស្រឡាញ់ដែលផ្តល់អត្ថន័យដល់ជីវិតរបស់គេ គេមិនអាចឃាត់បំណងរបស់ខ្លួនចង់ចែកចាយព្រះហឫទ័យស្រឡាញ់នោះដល់អ្នកដទៃបានឡើយ។

២) អំណរក្នុងការជម្រាបជូនដំណឹងល្អពិតជាលើកទឹកចិត្ត

៩- អ្វីៗដ៏ល្អតែងតែសាយភាយឱ្យអ្នកដទៃទទួលបាន។ អ្នកដែលមានបទពិសោធន៍យ៉ាងពិតប្រាកដអំពីសេចក្តីពិត និងអំពីសោភ័ណភាព ក៏គង់តែខិតខំរកមធ្យោបាយចែកចាយបទពិសោធន៍នេះឱ្យអ្នកឯទៀតៗពុំខាន។ អ្នកមានបទពិសោធន៍ថា ខ្លួនបានទទួលសេរីភាពយ៉ាងជ្រាលជ្រៅក្នុងចិត្ត អ្នកនោះក៏តែងតែចាប់អារម្មណ៍កាន់តែខ្លាំងឡើងៗ ចំពោះសេចក្តីត្រូវការរបស់អ្នកឯទៀតៗដែរ។ ពេលមនុស្សម្នាក់ចែកចាយអ្វីដ៏ល្អដល់អ្នកឯទៀតៗ អ្វីដ៏ល្អនោះវានឹងចាក់ឫសកាន់តែជ្រៅនៅក្នុងចិត្តរបស់គេ ហើយក៏រីកចម្រើនទៀតផង។ ហេតុនេះហើយ បានជាអ្នកមានបំណងចង់រស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ និងពេញលេញជាមនុស្សត្រូវដើរតាមមាគ៌ាតែមួយគឺ ត្រូវសុខចិត្តទទួលស្គាល់អ្នកឯទៀតៗ និងខិតខំធ្វើឱ្យគេបានសេចក្តីសុខសាន្ត។ បើយើងធ្វើដូច្នោះមែន យើងមិនត្រូវឆ្ងល់នឹងសេចក្តីដែលគ្រីស្តទូតប៉ូលបានចែងថា៖ “ព្រះហឫទ័យស្រឡាញ់របស់ព្រះគ្រីស្តជំរុញយើង”  (២ករ ៥,១៤) “ប្រសិនបើខ្ញុំមិនប្រកាសដំណឹងល្អទេ សូមឱ្យខ្ញុំវេទនាទៅចុះ!” (១ករ ៦,១៦)។

១០- ព្រះជាម្ចាស់អញ្ជើញយើងឱ្យរស់នៅក្នុងឋានៈខ្ពង់ខ្ពស់។ ពាក្យនេះមិនមានន័យថា យើងមិនសូវយកចិត្តទុកដាក់នឹងការរស់នៅក្នុងលោកនេះទេ។ “ពេលយើងផ្តល់ជីវិតឱ្យគេ ជីវិតនោះតែងតែចម្រើនឡើង។ ផ្ទុយទៅវិញ ជីវិតអ្នកដែលរស់នៅតែម្នាក់ ឯងដាច់ពីគេ ទាំងមានទ្រព្យសម្បត្តិជាច្រើនតែងអន់ថយ។ តាមពិត អស់អ្នកដែលហ៊ានប្រថុយជីវិត ហើយដែលតែងតែខ្នះខ្នែងយកចិត្តទុកដាក់នឹងបេសកកម្មចែកចាយជីវិតដល់អ្នកដទៃ អ្នកទាំងនោះពិតជាទទួលផលប្រយោជន៍ច្រើនជាងគេអំពីជីវិត”។ ពេលព្រះសហគមន៍អញ្ជើញគ្រីស្តបរិស័ទឱ្យប្តេជ្ញាចិត្តជម្រាបជូនដំណឹងល្អ ព្រះសហគមន៍នៅតែសម្តែងអំពីថាមពលដ៏ពិតប្រាកដ ដែលជំរុញឱ្យគេបានពេញលក្ខណៈជាមនុស្ស។ “ដូច្នេះ យើងទទួលស្គាល់លក្ខខណ្ឌធម្មជាតិមួយទៀតដ៏ជ្រៅនៃសត្វលោកទាំងអស់ គឺសត្វលោកមានជីវិត ហើយជីវិតនេះអាចចម្រើនឡើងបាន លុះត្រាតែគេបូជាជីវិតរបស់ខ្លួននោះ ដើម្បីផ្តល់ជីវិតដល់អ្នកឯទៀតៗតៗគ្នា។ សរុបសេចក្តីមក កត្តានេះហើយដែលជាបេសកកម្មជម្រាបជូនដំណឹងល្អ។ ហេតុនេះហើយបានជាអ្នកជម្រាបជូនដណឹងល្អមិនត្រូវធ្វើមុខក្រៀមក្រំទេ តែត្រូវមានមុខរីករាយជានិច្ចវិញ”។ យើងត្រូវខិតខំឱ្យមានចិត្តខ្នះ ខ្នែងឡើងវិញកាន់តែខ្លាំងទៅៗ។ “ទោះបីយើងត្រូវសាបព្រោះទាំងទឹកភ្នែកក្តី ក៏យើងមានអំណរដែលលើកទឹកចិត្តយើងដោយជម្រាបជូនដំណឹងល្អ។ មនុស្សលោកនាបច្ចុប្បន្នកាលស្វែងរកសេចក្តីសុខសាន្ត ជួនកាលគេតប់ប្រមល់ ជួនកាលគេមានសេចក្តីសង្ឃឹម។ សូមឱ្យគេអាចទទួលដំណឹងល្អមិនមែនតាមរយៈអ្នកជម្រាបជូនដំណឹងល្អនេះ ដែលមានទឹកមុខជាអ្នកព្រួយអស់សង្ឃឹម អន្ទះអន្ទែង និងខ្វល់ខ្វាយក្នុងចិត្តទេ។ ផ្ទុយទៅវិញ អ្នកបម្រើដំណឹងល្អត្រូវតែខ្នះខ្នែងសម្តែងអំណរ ព្រោះគេបានទទួលអំណររបស់ព្រះគ្រីស្តមុនគេ”

សេចក្តីថ្មីជានិច្ច

១១- ការជម្រាបជូនដំណឹងល្អតាមបែបថ្មី ទោះបើអ្នកជម្រាបជូននោះមិនសូវយកចិត្តទុកដាក់នឹងជំនឿ ឬមិនចូលរួមក្នុងពិធីបុណ្យក្តី ក៏អាចផ្តល់ឱ្យអស់អ្នកជឿបានអំណរបែបថ្មីតាមជំនឿ និងអាចបង្កើតផលបានក្នុងការជម្រាបជូនដំណឹងល្អនេះ។ តាមពិតស្នូល និងសេចក្តីសំខាន់នៃការជម្រាបជូនដំណឹងល្អមានតែមួយដដែល គឺថា ព្រះបិតាបានសម្តែងព្រះហឫទ័យមេត្តាករុណាយ៉ាងលើសលប់ក្នុងអង្គព្រះគ្រីស្ត ដែលសោយទិវង្គត និងមានព្រះជន្មថ្មីដ៏រុងរឿង។ ទោះបីគេផ្ញើជីវិតលើព្រះអង្គយូរមកហើយក្តី ក៏ព្រះអង្គប្រោសឱ្យអស់អ្នកដែលផ្ញើជីវិតលើព្រះអង្គ មានជីវិតថ្មីជានិច្ចដូចព្យាការីអេសាយចែងថា៖ “អ្នកផ្ញើជីវិតលើព្រះអម្ចាស់តែងតែមានកម្លាំងថ្មីជានិច្ច គេប្រៀបបានដូចសត្វឥន្ទ្រីហោះហើរ គេក៏ស្ទុះរត់ទៅមុខដោយមិនចេះហត់នឿយ ហើយដើរដោយមិនចេះអស់កម្លាំង” (អស ៤០,៣១)។ ព្រះគ្រីស្តផ្ទាល់ជា “ដំណឹងល្អដែលស្ថិតនៅអស់កល្បជានិច្ច” (វវ ១៤, ៦) “ព្រះអង្គនៅតែដដែលមិនប្រែប្រួលឡើយ ពីដើម សព្វថ្ងៃ និងរហូតដល់អវសានកាលនៃពិភពលោក” (ហប ១៣,៨) “ប៉ុន្តែសម្បត្តិសួគ៌ និងសោភ័ណភាពរបស់ព្រះអង្គមិនចេះអស់មិនចេះហើយ។ ព្រះអង្គនៅតែមានយុវវ័យ ហើយក៏ជាប្រភពនៃភាពថ្មីជានិច្ច”។ ព្រះសហគមន៍នៅតែស្ងើចសរសើរឥតឈប់ឈរអំពី “ព្រះហឫទ័យទូលាយរបស់ព្រះជាម្ចាស់ដែលជ្រៅពន់ពេកណាស់។ ព្រះប្រាជ្ញាញាណ និងព្រះតម្រិះរបស់ព្រះអង្គក៏ខ្ពង់ខ្ពស់ដែរ!” (រម ១១,៣៣)។ សន្តយ៉ូហាននៃឈើឆ្កាងតែងពោល ថា៖ “ព្រះប្រាជ្ញាញាណ និងព្រះតម្រិះរបស់ព្រះជាម្ចាស់ជ្រៅពន់ពេកណាស់។ ទោះបីវិញ្ញាណមនុស្សស្គាល់ព្រះប្រាជ្ញាញាណ និងព្រះតម្រិះនោះបន្តិចបន្តួចក្តី ក៏មនុស្សត្រូវចូលកាន់តែជ្រៅទៅៗ”។ សន្តអ៊ីរេ៉ណេតែងប្រកាសថា៖ “ពេលព្រះគ្រីស្តយាងមក ព្រះអង្គបាននាំឱ្យអ្វីៗបានថ្មីទាំងអស់”។ ព្រះអង្គដែលនាំឱ្យអ្វីៗបានថ្មីទាំងអស់នោះក៏អាចធ្វើឱ្យជីវិតយើង និងសហគមន៍យើងបានថ្មីដែរ។ ទោះបីនៅសម័យខ្លះការជម្រាបជូនដំណឹងល្អឆ្លងកាត់ភាពងងឹត និងភាពទន់ខ្សោយនៃព្រះសហគមន៍ក្តី ក៏ដំណឹងល្អនេះមិនដែលចាស់ដែរ។ ព្រះយេស៊ូគ្រីស្តក៏អាចបំបាក់បំបែករបៀបដែលយើងរិះគិតអំពីព្រះអង្គទាំងនឹកស្មានថា យើងអាច ឃុំឃាំងព្រះអង្គបាន។ របៀបរិះគិតនោះបណ្តាលឱ្យមនុស្សនាបច្ចុប្បន្នកាលធុញទ្រាន់នឹងព្រះអង្គ។ ព្រះអង្គមានឫទ្ធានុភាពអាចប្រតិស្ឋានអ្វីៗទាំងអស់បាន ព្រះអង្គនាំឱ្យយើងឆ្ងល់ជានិច្ច។ ពេលណាយើងខិតខំវិលត្រឡប់ទៅរកប្រភព គឺស្វែងរកភាពត្រជាក់ត្រជុំនៃដំណឹងល្អដើមដំបូង ពេលនោះយើងរកផ្លូវថ្មី យើងក៏រករបៀបពន្យល់ថ្មី ហើយរកសញ្ញាសម្គាល់ច្បាស់ជាង ព្រមទាំងរកពាក្យដែលមានអត្ថន័យថ្មីសម្រាប់មនុស្សលោកនាបច្ចុប្បន្នកាល។ តាមពិត គ្រប់កិច្ចការជម្រាបជូនដំណឹងល្អយ៉ាងពិតប្រាកដនៅតែថ្មីជានិច្ច។

១២- ទោះបីបេសកកម្មជម្រាបជូនដំណឹងល្អទាមទារឱ្យយើងប្តេជ្ញាចិត្ត ដោយចិត្តសទ្ធាជ្រះថ្លាក្តី ក៏យើងមិនត្រូវនឹកគិតថា បេសកកម្មនេះជាកិច្ចការរបស់ខ្លួនផ្ទាល់ ឬជាកិច្ចការរបស់វីរបុរសទេ តែបេសកកម្មនេះជាព្រះរាជកិច្ចរបស់ព្រះជាម្ចាស់ ហើយលើសពីសេចក្តីដែលយើងអាចរកឃើញ និងយល់បាន។ ព្រះយេស៊ូជា “អ្នកជម្រាបជូនដំណឹងល្អមុនគេ ហើយប្រសើរជាងគេទាំងអស់”។ ព្រះជាម្ចាស់នៅខាងដើមនៃគ្រប់របៀបជម្រាបជូនដំណឹងល្អជានិច្ច គឺព្រះអង្គសព្វព្រះហឫទ័យត្រាស់ហៅយើងឱ្យរួមសហការជាមួយព្រះអង្គ ព្រះអង្គក៏លើកស្ទួយចិត្ត យើងដោយឫទ្ធានុភាពនៃព្រះវិញ្ញាណរបស់ព្រះអង្គ។ ភាពថ្មីដ៏ពិតប្រាកដ ជាភាពថ្មីដែលព្រះជាម្ចាស់សព្វព្រះ ហឫទ័យបង្កើតយ៉ាងអាថ៌កំបាំង គឺព្រះអង្គបណ្តុះបណ្តាល និងបង្កើតភាពថ្មីនោះ ព្រះអង្គបង្ហាញទិសដៅនៃភាពជាថ្មីនេះ និងធ្វើដំណើរជាមួយភាពថ្មីនេះតាមរបៀបជាច្រើន។ ក្នុងគ្រប់កិច្ចការនៃព្រះសហគមន៍ត្រូវសម្តែងឱ្យដឹងជានិច្ចថា ព្រះជាម្ចាស់ចាប់ផ្តើមគំនិតជានិច្ចគឺ៖ “ព្រះអង្គបានស្រឡាញ់យើងជាមុន” (១យហ ៤,១៩) មានតែព្រះជាម្ចាស់មួយព្រះអង្គទេ ដែលធ្វើឱ្យដំណាំដុះឡើង (១ករ ៣,៧)។ ជំនឿដ៏ជាក់ច្បាស់នេះបណ្តោយឱ្យយើងរក្សាអំណរក្នុងបេសកកម្ម ដែលទាមទារឱ្យយើងយកអ្វីទាំងអស់ក្នុងការរស់នៅរបស់យើងមកបម្រើបេសកកម្មនោះ។ បេសកកម្មនេះទាមទារអ្វីៗទាំងអស់ពីយើងមែន តែក៏ប្រគល់អ្វីៗទាំងអស់ឱ្យយើងវិញដែរ។

១៣- យើងមិនត្រូវយល់ថា ភាពថ្មីនៃបេសកកម្មនោះបណ្តាលឱ្យយើងត្រូវដកឫសគល់របស់ខ្លួន ឬដូចជាបណ្តាលឱ្យយើងត្រូវបំភ្លេចប្រវត្តិសាស្រ្តដ៏រស់រវើកដែលទទួលយើង និងជំរុញឱ្យយើងបន្តទៅមុខ។ ជំនឿរបស់យើងតែងតែជំពាក់ជំពិននឹងការនឹកចងចាំ និងការនឹករឭក។ យើងហាក់ដូចជាអាចហៅជំនឿរបស់ខ្លួនជា “ជំនឿ ទុតិយកថានិយម” បានដោយប្រៀបធៀបជំនឿរបស់យើងនឹងប្រវត្តិសាស្រ្តរបស់ប្រជាជនអ៊ីស្រាអែលកាលពីដើម។ ព្រះយេស៊ូប្រគល់អគ្គសញ្ញាអរព្រះគុណឱ្យយើង ទុកការនឹកចងចាំ និងជាការនឹករឭករៀងរាល់ថ្ងៃរបស់ព្រះសហគមន៍ ហើយបញ្ចូលយើងក្នុងបុណ្យចម្លងរបស់ព្រះអង្គឱ្យកាន់តែជ្រៅទៅៗជានិច្ច (លក ២២,១៩)។ អំណរដែលមកពីយើងជម្រាបជូនដំណឹងល្អ រំលេចឱ្យ​​ឃើញនៅលើការនឹកចងចាំ និងការនឹករឭកទាំងអរព្រះគុណ។ យើងត្រូវតែអង្វរព្រះជាម្ចាស់ដែលបានប្រទានការនឹកចងចាំ និងការនឹករឭកបែបនោះ។ ក្រុមសាវ័ក មិនដែលភ្លេចពេលដែលព្រះយេស៊ូធ្វើឱ្យគេរំភើបចិត្ត៖ “ពេលនោះ ប្រហែលជាម៉ោងបួនរសៀល” (យហ ១,៣៩)។ ការនឹកចងចាំ និងការនឹករឭកបង្ហាញឱ្យដឹងថាមាន “សាក្សីជាច្រើនឥតគណនា” (ហប ១២,១) រួមជាមួយព្រះយេស៊ូ។ ក្នុងចំណោមសាក្សីទាំងនោះ អ្នកខ្លះមានឥទ្ធិពលយ៉ាងពិសេស គឺបានបណ្តុះអំណររបស់យើងដែលមានជំនឿ៖ “ចូរនឹកគិតដល់អ្នកដឹកនាំបងប្អូន ដែលបានប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់ឱ្យបងប្អូនស្ដាប់ឮ” (ហប ១៣,៧)។ ជួនកាលមានអ្នកតូចតាច ឬអ្នករស់នៅក្បែរយើងបានណែនាំឱ្យយើងមានជំនឿ៖ “ខ្ញុំនឹកចាំពីជំនឿឥតលាក់ពុតរបស់ប្អូន គឺជាជំនឿដែលលោកយាយឡូអអ៊ីសជាជីដូន និងអ្នកស្រីអ៊ីនីសជាម្ដាយរបស់ប្អូនធ្លាប់មានមុនប្អូន” (២ធម ១,៥)។ អ្នកមានជំនឿផ្ញើជីវិតលើព្រះជាម្ចាស់ ពិតជាអ្នកនឹកចងចាំ និងនឹករឭក។

៣) ការជម្រាបជូនដំណឹងល្អបែបថ្មី ដើម្បីបញ្ជូនបន្តជំនឿ

១៤- ព្រះវិញ្ញាណជួយយើងឱ្យរួមគ្នាទទួលស្គាល់ និងយល់សញ្ញាសម្គាល់នៃពេលវេលា។ ឧបមាថា ពីថ្ងៃទី៧ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១២ មានប្រជុំទូទៅធម្មតាទី១៣ នៃសន្និបាតរបស់អស់លោកអភិបាលតាមប្រធានបទស្តីអំពី “ការនាំដំណឹងល្អបែបថ្មី ដើម្បីបញ្ជូនបន្តជំនឿនៃគ្រីស្តសាសនា”។ ក្នុងអង្គប្រជុំនោះ អស់លោកបានរំឭកថា៖ “ការជម្រាបជូនដំណឹងល្អបែបថ្មី ដាស់តឿនយើងម្នាក់ៗឱ្យប្រព្រឹត្តកិច្ចការក្នុងវិស័យបីយ៉ាងគឺ៖

 វិស័យទីមួយៈ គឺការណែនាំគ្រីស្តបរិស័ទជាធម្មតា។ យើងមានគោលដៅធ្វើឱ្យ “ភ្លើងនៃព្រះវិញ្ញាណបំភ្លឺចិត្តគំនិត គ្រីស្តបរិស័ទ ដែលធ្លាប់មានទំនាក់ទំនងជាធម្មតាជាមួយព្រះសហគមន៍ បានកក់ក្តៅនៅពេលជួបជុំគ្នានាថ្ងៃអាទិត្យជាថ្ងៃរបស់ព្រះអម្ចាស់។ គេមកទទួលព្រះបន្ទូល និងទទួលអាហារដែលផ្តល់ព្រះជន្មរបស់ព្រះជាម្ចាស់”។ ក្នុងការណែនាំទីមួយនោះ ក៏ត្រូវរាប់បញ្ចូលគ្រីស្តបរិស័ទដែលមានជំនឿមុតមាំ និងស្មោះ។ ទោះបីគេមិនចូលរួមក្នុងពីធីបុណ្យជារឿយៗក្តី ក៏គ្រីស្តបរិស័ទទាំងនោះបង្ហាញជំនឿនេះតាមរបៀបផ្សេងៗដែរ។ វិស័យណែនំារបៀបនេះ មានគោលបំណងជួយឱ្យគ្រីស្តបរិស័ទចម្រើនឡើង គឺឱ្យគេអាចតបឆ្លើយនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឱ្យកាន់តែប្រសើរឡើងៗ ក្នុងគ្រប់កិច្ចការប្រចាំការរស់នៅរបស់គេ។

វិស័យទីពីរៈ ”គឺការណែនាំគ្រីស្តបរិស័ទដែលបានទទួលអគ្គសញ្ញាជ្រមុជទឹករួចហើយ តែមិនរស់នៅស្របតាមអគ្គសញ្ញាជ្រមុជទឹកនោះទេ” គេមិនភ្ជាប់ចិត្តនឹងព្រះសហគមន៍ ហើយគេគ្មានបទពិសោធន៍ថា ជំនឿអាចសម្រាលទុក្ខគេដែរ។ ព្រះសហគមន៍ក្នុងឋានៈជាមាតា ដែលចាប់អារម្មណ៍នឹងកូនចៅជានិច្ច ប្តេជ្ញាចិត្តណែនាំគេឱ្យប្រែចិត្តគំនិត ហើយនឹងផ្តល់ឱ្យគេមានអំណរដែលហូរពីជំនឿវិញ ព្រមទាំងឱ្យគេមានបំណងកាន់តាមដំណឹងល្អទៀតផង។

 វិស័យទីបីៈ គឺការនាំដំណឹងល្អភ្ជាប់នឹងការប្រកាសដំណឹងល្អ ដល់អ្នកដែលមិនស្គាល់ព្រះយេស៊ូគ្រីស្តនៅឡើយ ឬដល់អ្នកដែលបដិសេធមិនព្រមទទួលព្រះយេស៊ូនេះតាំងពីដើមរៀងមក។ ក្នុងចំណោមអ្នកទាំងនោះ មានមនុស្សជាច្រើនស្វែងរកព្រះជាម្ចាស់យ៉ាងស្ងាត់ៗក្នុងចិត្ត ទាំងនឹកអាឡោះអាល័យព្រះភ័ក្ត្ររបស់ព្រះអង្គ។ ទោះបីក្នុងស្រុកដែលមានប្រជាជនកាន់គ្រីស្តសាសនាជាយូរសតវត្សរ៍មកហើយក្តី ក៏មានមនុស្សបែបនោះច្រើននាក់ដែរ។ គេមានសិទ្ធិទទួលដំណឹងល្អគ្រប់គ្នា។ ហេតុនេះ គ្រីស្តបរិស័ទមានភារកិច្ចជម្រាបជូនដំណឹងល្អដោយមិនរើសមុខនរណាឡើយ។ គ្រីស្តបរិស័ទជម្រាបជូនដំណឹងល្អដល់គេ មិនមែនមានន័យថា គេដាក់ករណីកិច្ចថ្មីដែលអ្នកទាំងនោះត្រូវបំពេញទេ តែផ្ទុយទៅវិញ គេចែករំលែកអំណររបស់ខ្លួនឱ្យអ្នកទាំងនោះ។ ដំណឹងល្អបង្ហាញទិសដៅដ៏ប្រសើរដល់ជីវិតរបស់គេ និងអញ្ជើញឱ្យគេចូលរួមក្នុងពីធីជប់លៀងនៅលោកខាងមុខ ដែលគួរឱ្យចង់ចូល។ ព្រះសហគមន៍មិនរីកចម្រើនឡើងដោយគ្រីស្តបរិស័ទខិតខំផ្សព្វផ្សាយសាសនាទាំងបង្ខំឱ្យចូលទេ តែដោយជំនឿរបស់គ្រីស្តបរិស័ទទាក់ទាញចិត្តអ្នកដទៃ។

១៥- សម្តេចប៉ាបយ៉ូហាន-ប៉ូលទី២ បានអញ្ជើញយើងឱ្យទទួលស្គាល់ថា “ត្រូវតម្រង់ខ្លួនជម្រាបជូនដំណឹងល្អគ្រប់ពេលវេលា” ដល់អ្នកដែលរស់នៅឆ្ងាយពីព្រះគ្រីស្ត “ដ្បិតជាភារកិច្ចចម្បងនៃព្រះសហគមន៍”។ “នាបច្ចុប្បន្នកាល ព្រះសហគមន៍ប្រឈមមុខ និងបំពេញកិច្ចការជាសាសនទូតនេះ ជាកិច្ចការដ៏ប្រសើរជាងគេ។ ហេតុនេះហើយ ត្រូវចាត់កិច្ចការជាសាសនទូតទុកជាកិច្ចដ៏សំខាន់ជាងគេ”។ ប្រសិនបើយើងចាប់អារម្មណ៍យ៉ាងពិតប្រាកដនឹងពាក្យនេះ តើនឹងមានអ្វីកើតឡើង? យើងមុខជាទទួលស្គាល់ថា កិច្ចការជាសាសនទូតពិតជាគោលដៅដែលណែនាំកិច្ចការទាំងអស់ក្នុងព្រះសហគមន៍។ ក្រុមអភិបាលនៃទ្វីបអាមេរិកខាងត្បូងបានប្រកាសស្របតាមគំនិតនេះថា៖ “យើងមិនអាចស្ថិតនៅស្ងៀមដោយមិនអើពើទៀតទេ ទាំងនៅរង់ចាំមនុស្សលោកក្នុងព្រះវិហាររបស់យើង។ យើងត្រូវតែផ្លាស់ប្តូរការណែនាំរបស់យើង គឺលែងណែនាំព្រះសហគមន៍ដោយគ្រាន់តែរក្សាទុកគ្រីស្តបរិស័ទប៉ុណ្ណោះទេ តែត្រូវណែនាំគេតាមបែបជាសាសនទូតយ៉ាងពិតប្រាកដ”។ កិច្ចការនេះនៅតែជាប្រភពផ្តល់អំណរដ៏ខ្លាំងជាងគេដល់ព្រះសហគមន៍ ដូចមានចែងទុកមកថា៖ “ព្រះជាម្ចាស់នៅស្ថានបរមសុខមានអំណរសប្បាយ ដោយមានមនុស្សបាបតែម្នាក់ប្រែចិត្ត ខ្លាំងជាងព្រះអង្គសប្បាយនឹងមនុស្សសុចរិតកៅសិបប្រាំបួននាក់ដែលមិនត្រូវការប្រែចិត្តគំនិត” (លក ១៥,៧)។

យោបល់ និងព្រំដែននៃពាក្យដាស់តឿននេះ

១៦- ខ្ញុំបានទទួលសេចក្តីអញ្ជើញរបស់អស់លោកអភិបាលដែលជួបជុំគ្នាក្នុងសន្និបាត ដែលសូមឱ្យខ្ញុំសរសេរពាក្យដាស់តឿននេះ។ ខ្ញុំសរសេរដោយមានបំណងប្រមែប្រមូលផលដ៏ប្រសើរនៃសន្និបាតនោះ។ ខ្ញុំក៏បានសួរយោបល់គ្រីស្តបរិស័ទផ្សេងៗទៀតដែរ ហើយសូមចែកកង្វល់របស់ខ្ញុំសព្វថ្ងៃឱ្យអស់លោក ចំពោះកិច្ចការជាក់ច្បាស់របស់ព្រះសហគមន៍ ដែលជម្រាបជូនដំណឹងល្អ។ យើងអាចលាតត្រដាងប្រធានបទជាច្រើនឥតគណនា ដែលភ្ជាប់នឹងការជម្រាបជូនដំណឹងល្អនេះបាន។ ប៉ុន្តែ ខ្ញុំមិនព្រម បកស្រាយបញ្ហាទាំងនោះឱ្យបានពិស្តារទេ ព្រោះត្រូវសិក្សា និងរិះគិតយ៉ាងជ្រៅអំពីបញ្ហាទាំងនេះ ដោយយកចិត្តទុកដាក់ជាមុនសិន។ ខ្ញុំក៏មិនជឿថា អស់លោកត្រូវរង់ចាំឱ្សម្តេចប៉ាបមានប្រសាសន៍ម្តងជាស្រេច និងឱ្យបានសព្វគ្រប់អំពីបញ្ហាព្រះសហគមន៍ និងពិភពលោកដែរ។ មិនគួរឱ្យសម្តេចប៉ាបរិះគិតពិចារណាជំនួសក្រុមអភិបាលតាមប្រទេសនានា អំពីបញ្ហាដែលកើតឡើងក្នុងភូមិភាគរបស់អស់លោកឡើយ។ ពេលខ្ញុំគិតដូច្នេះ ខ្ញុំយល់ថា ប្រសិនបើក្រុមអភិបាលត្រូវទទួលខុសត្រូវកាន់តែច្រើនឡើងបន្តិចម្តងៗ ពិតជាផ្លូវប្រសើរជាង។

១៧- ក្នុងលិខិតនេះ ខ្ញុំមានបំណងផ្តល់មតិយោបល់ខ្លះៗដែលជាគន្លឹះសម្រាប់លើកទឹកចិត្ត និងបង្ហាញទិសដល់ ព្រះសហគមន៍ទាំងមូលឱ្យខ្នះខ្នែង និងមានចិត្តឧស្សាហ៍ក្នុងដំណាក់កាលថ្មីនៃការជម្រាបជូនដំណឹងល្អ។ ហេតុដូច្នេះហើយបានជាខ្ញុំសម្រេចបកស្រាយជាហូរហែអំពីប្រធានបទខ្លះក្នុងចំណោមបញ្ហាឯទៀតៗទាំងប៉ុន្មាន ស្របតាមសេចក្តីប្រៀនប្រដៅចែងក្នុងធម្មនុញ្ញគោលលទ្ធិនៃជំនឿ “ព្រះគ្រីស្តជាពន្លឺបំភ្លឺពិភពលោក” មានដូចតទៅ៖

ក- អំពីការប្រែទម្រង់ព្រះសហគមន៍ឱ្យចេញទៅជម្រាបជូនដំណឹងល្អដល់គេ។
ខ- អំពីការរល្បួងរបស់អ្នកបំពេញការណែនាំ។
គ- អំពីព្រះសហគមន៍ទុកជាប្រជារាស្ត្រទាំងមូលរបស់ព្រះជាម្ចាស់ ដែលជម្រាបជូនដំណឹងល្អ។
ឃ- អំពីពិធីអត្ថាធិប្បាយគម្ពីរ ឬធម្មទេសនា និងការរៀបចំពិធីអត្ថាធិប្បាយនោះ។
ង- អំពីការបញ្ចូលជនក្រីក្រក្នុងសង្គម។
ច- អំពីសន្តិភាព និងការនិយាយសន្ទនាគ្នាក្នុងសង្គម។
ឆ- អំពីមូលហេតុខាងព្រះវិញ្ញាណ ដែលជំរុញព្រះសហគមន៍ឱ្យធ្វើកិច្ចការជាសាសនទូត។

១៨- ប្រហែលអស់លោកយល់ឃើញថា ខ្ញុំបានបកស្រាយអំពីប្រធានបទទាំងនេះហួសហេតុ តែខ្ញុំមិនមែនមានបំណងនិពន្ធកូនសៀវភៅទេ គឺខ្ញុំសរសេរក្នុងគោលបំណងចង់បង្ហាញអំពីសារៈសំខាន់នៃប្រធានបទទាំងនោះក្នុងការរស់នៅដ៏ជាក់ច្បាស់ នៃព្រះសហគមន៍នាបច្ចុប្បន្នកាលប៉ុណ្ណោះ។ ប្រធានបទទាំងនោះជួយត្រួសត្រាយផ្លូវមួយ និងឥរិយាបថរបស់ព្រះសហគមន៍ ដែលពិតជារបៀបជម្រាបជូនដំណឹងល្អ។ ខ្ញុំសូមអស់លោករស់នៅតាមឥរិយាបថនេះក្នុងគ្រប់កិច្ចការដែលអស់លោកបំពេញ។ ប្រសិនបើយើងរស់នៅបែបនោះ យើងមុខជាអាចទទួលព្រះបន្ទូលដាស់តឿនរបស់ព្រះអម្ចាស់ក្នុងកិច្ចការធម្មតាប្រចាំថ្ងៃថា៖ “ចូរបងប្អូនអរសប្បាយដោយរួមជាមួយព្រះអម្ចាស់ជានិច្ច ខ្ញុំសូមជម្រាបបងប្អូនម្ដងទៀតថា ចូរអរសប្បាយឡើង!” (ភីល ៤,៤)។

ជំពូក ១
ព្រះសហគមន៍ត្រូវផ្លាស់ប្រែ
ដើម្បីចេញទៅជម្រាបជូនដំណឹងល្អ

***

១៩- យើងជម្រាបជូនដំណឹងល្អស្របតាមព្រះបញ្ជារបស់ព្រះយេស៊ូដែលផ្តាំក្រុមសាវ័កថា៖ “ចូរចាកចេញទៅ! ចូរនាំមនុស្សគ្រប់ជាតិសាសន៍ឱ្យធ្វើជាសាវ័ក ហើយធ្វើពិធីជ្រមុជទឹកជូនគេ ដើម្បីឱ្យគេមានទំនាក់ទំនងជាមួយព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ ត្រូវបង្រៀនគេឱ្យប្រតិបត្តិតាមសេចក្ដីទាំងប៉ុន្មានដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា” (មថ ២៨,១៩-២០)។ ក្នុងខទាំងប៉ុន្មាននេះ មានរៀបរាប់នៅពេលដែលព្រះយេស៊ូមានព្រះជន្មថ្មីដ៏រុងរឿង ចាត់ក្រុមសាវ័កឱ្យទៅប្រកាសដំណឹងល្អនៅគ្រប់ទីកន្លែង និងនៅគ្រប់ពេលវេលា ដើម្បីឱ្យមនុស្សទាំងអស់នៅគ្រប់កន្លែងក្នុងពិភពលោកទាំងមូលផ្ញើជីវិតលើព្រះអង្គ។

១) ព្រះសហគមន៍ដែលចាកចេញទៅ ឬចាប់ផ្តើមចេញដំណើរ

២០- ក្នុងគ្រប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់មានចែងអំពីថាមពលម៉្យាងដែលកើតមក ព្រះជាម្ចាស់សព្វព្រះហឫទ័យឱ្យអ្នកផ្ញើជីវិតលើព្រះអង្គ “ចាកចេញទៅ”។ ឧប. លោកអប្រាហាំសុខចិត្តចាកចេញតម្រង់ទៅកាន់ទឹកដីថ្មីស្របតាមព្រះជាម្ចាស់ត្រាស់ហៅ (កណ ១២,១-៣)។ លោកម៉ូសេក៏ស្តាប់ព្រះជាម្ចាស់ត្រាស់ហៅលោកថា៖ “អញ្ជើញចេញទៅ ខ្ញុំចាត់អ្នកឱ្យទៅ”  (សរ ៣,១៧)។ លោកក៏នាំប្រជារាស្ត្រជូនអ៊ីស្រាអែលទៅកាន់ទឹកដីសន្យា។ ព្រះអង្គមានព្រះបន្ទូលមកព្យាការីយេរេមីថា៖ “អ្នកត្រូវទៅជួបអស់អ្នកដែលយើងចាត់អ្នកឱ្យទៅជួប” (យរ ១,៧)។ ក្នុងព្រះបន្ទូលព្រះយេស៊ូថា៖ “ចាកចេញទៅ!” មានកប់ទុកនូវគម្រោងការផ្សេងៗ និងការពិបាកគ្រប់យ៉ាង ហើយថ្មីៗជានិច្ច ដែលព្រះសហគមន៍ត្រូវប្រឈមមុខក្នុងការជម្រាបជូនដំណឹងល្អ តាមបេសកកម្មរបស់ខ្លួន។ ព្រះអង្គត្រាស់ហៅយើងទាំងអស់គ្នាឱ្យចេញសាជាថ្មីទៅធ្វើជាសាសនទូត។ គ្រីស្តបរិស័ទគ្រប់ៗរូប ក្នុងគ្រប់សហគមន៍ ត្រូវរិះគិតពិចារណាស្វែងរកមាគ៌ាដែលព្រះអម្ចាស់សុំឱ្យខ្លួនទៅនោះ។ តែព្រះអង្គអញ្ជើញយើងទាំងអស់គ្នាឱ្យសុខចិត្តស្តាប់ព្រះអង្គត្រាស់ហៅនោះ គឺត្រូវសុខចិត្តចាកចេញពីការសម្បូរបែប និងមានចិត្តក្លាហានហ៊ានចេញទៅគ្រប់កន្លែង ដែលមនុស្សត្រូវការពន្លឺនៃដំណឹងល្អ។ អំណរដែលបំពេញការរស់នៅរបស់សហគមន៍ សាវ័កពិតជាមកពីពួកគេធ្វីជាសាសនទូតជម្រាបជូនដំណឹងល្អដល់អ្នកដទៃ។ នៅពេលក្រុមសាវ័កចិតសិបនាក់ត្រឡប់មកពីប្រកាសដំណឹងល្អ អស់លោកមានបទពិសោធន៍អំពីអំណរនោះ គឺគេពោរពេញដោយអំណរ (លក ១០,៧)។ ព្រះយេស៊ូបានទតឃើញអំណរនេះ ហើយត្រេកអរតាមព្រះវិញ្ញាណដ៏វិសុទ្ធ ព្រះអង្គក៏សរសើរតម្កើងព្រះបិតា ដ្បិតព្រះបិតាបានសម្តែងព្រះអង្គឱ្យអ្នកក្រីក្រ និងឱ្យអ្នកតូចតាច (លក ១០,១)។ នៅបុណ្យថ្ងៃទី៥០ អ្នកប្រែចិត្តគំនិតមុនគេក៏មានអំណរនេះដែរ គេស្ងើចសរសើរដោយស្តាប់ក្រុមគ្រីស្តទូតប្រកាសព្រះបន្ទូល៖ “គេស្តាប់តាមភាសារៀងៗខ្លួន” (កក ២,៦)។ អំណរនេះជាសញ្ញាសម្គាល់បញ្ជាក់ថា គេបាននាំដំណឹងល្អពិតមែនហើយ ហើយដំណឹងល្អនេះក៏បង្កើតផលដែរ។ តែអំណរនេះមានថាមពលដល់អ្នកដែលចេញទៅហើយដែលចែកចាយអំណោយដល់គេ គឺមកពីគេលះបង់ខ្លួនដើរទៅមុន និងសាបព្រោះសាជាថ្មីជានិច្ចឱ្យកាន់តែឆ្ងាយទៅៗ។ ព្រះអម្ចាស់យេស៊ូមានព្រះបន្ទូលថា៖ “យើងនាំគ្នាទៅកន្លែងផ្សេងៗ គឺទៅភូមិឯទៀតៗដែលនៅជិតនេះ ដើម្បីឱ្យខ្ញុំប្រកាសដំណឹងល្អនៅទីនោះដែរ ដ្បិតខ្ញុំចេញមកដើម្បីបំពេញការនេះឯង” (មក ១,៣៨)។ ពេលព្រះអង្គសាបព្រោះនៅកន្លែងណាមួយ ទ្រង់មិនស្ថិតនៅកន្លែងនោះរហូត ដើម្បីពន្យល់ព្រះបន្ទូលថែមទៀតទេ ឬដើម្បីធ្វើសញ្ញាសម្គាល់ឯទៀតៗដែរ។ ផ្ទុយទៅវិញ ព្រះវិញ្ញាណនាំព្រះអង្គឱ្យចេញទៅកាន់ភូមិឯទៀតៗ។

២១- ព្រះបន្ទូលមានឥទ្ធិពលយ៉ាងខ្លាំង ដែលយើងមិនអាចប៉ាន់ស្មានបានទេ។ ក្នុងគម្ពីរដំណឹងល្អមានចែងអំពី កសិករម្នាក់ដាក់គ្រាប់ពូជក្នុងដី ទោះបីគាត់ដេកលក់ក្តីក៏គ្រាប់ពូជនោះដុះឡើងដែរ (មក ៤,២៦-២៩)។ គ្មាននរណាអាចឃាត់សេរីភាពនៃព្រះបន្ទូលបានទេ។ ព្រះបន្ទូលបង្កើតផលតាមរបៀបព្រះបន្ទូល គឺតាមរបៀបផ្សេងៗដែលយើងមិនអាចប៉ាន់ស្មានបានទេ។ ដោយព្រះបន្ទូលតែងតែរួចពីអំណាចរបស់យើង ព្រះបន្ទូលបង្កើតផលហួសពីការព្រាងទុករបស់យើង និងប្រែគម្រោងការរបស់យើងទៀតផង។

២២- ព្រះសហគមន៍នៅរួមរស់យ៉ាងជិតស្និទ្ធជាមួយព្រះយេស៊ូ ដូចអ្នកធ្វើដំណើររួមជាមួយគ្នា។ ការរួបរួមជាមួយព្រះអង្គ ក៏ជាការរួបរួមរបស់សាសនទូតដែរ។ ព្រះសហគមន៍យកតម្រាប់តាមព្រះបរមគ្រូជាគំរូ។ សព្វថ្ងៃ ព្រះសហគមន៍ត្រូវតែចេញទៅជម្រាបជូនដំណឹងល្អដល់មនុស្សទាំងអស់នៅគ្រប់កន្លែង នៅគ្រប់ឱកាសដោយមិនរួញរា មិនខ្ពើម និងមិនខ្លាចអ្វីឡើយ។ ប្រជាជនទាំងមូលត្រូវទទួលអំណរដែលហូរមកពីដំណឹងល្អ មិនត្រូវឃាត់នរណាមិនឱ្យទទួលអំណរនេះឡើយ។ ទេវទូតជូនដំណឹងដល់ក្រុមគង្វាលនៅភូមិបេថ្លេហឹមថា៖ “កុំខ្លាចអ្វីឡើយ! ខ្ញុំនាំដំណឹងល្អមួយមកប្រាប់អ្នករាល់គ្នា។ ដំណឹងនេះនឹងធ្វើឱ្យប្រជារាស្ត្រទាំងមូលមានអំណរដ៏លើសលុប” (លក ២,១០)។ ក្នុងគម្ពីរវិវរណៈក៏មានចែងអំពី “ដំណឹងល្អមួយដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចមកប្រាប់មនុស្សគ្រប់ជាតិសាសន៍ គ្រប់កុលសម្ព័ន្ធ គ្រប់ភាសា និងគ្រប់ប្រជាជនដែលរស់នៅលើផែនដី” (វវ ១៤,៦)។

ត្រូវចាប់ផ្តើមគំនិតចូលរួមធ្វើកិច្ចការជូនដំណើរគេ ព្រមទាំងបង្កើតផល និងលើកតម្កើងព្រះជាម្ចាស់

២៤- ព្រះសហគមន៍ដែល “ចេញទៅ” កាន់អ្នកដទៃនោះ ពិតជាសហគមន៍របស់សាវ័កទាំងប៉ុន្មានដែលជាសាសនទូតផងដែរ។ គេផ្តើមគំនិត ហើយគេចូលរួមដោយផ្ទាល់ខ្លួន គឺជូនដំណើរអ្នក ព្រមទាំងង្កើតផល និងលើកតម្កើងព្រះជាម្ចាស់។ សហគមន៍ដែលនាំដំណឹងល្អមានបទពិសោធថា ព្រះអម្ចាស់ផ្តើមគំនិតព្រះអង្គនៅខាងដើមនៃអ្វីៗទាំងអស់ គឺព្រះអង្គបានធ្វើសកម្មភាពជាមុន ដោយព្រះហឫទ័យស្រឡាញ់ (១យហ ៤,១០)។ ហេតុនេះហើយ បានជាព្រះសហគមន៍ចេះតែទៅមុខជានិច្ច តែងចាប់ផ្តើមគំនិតដោយមិនខ្លាចអ្វី គឺចេញទៅជួបគេ ទៅស្វែងរកអស់អ្នកដែលនៅឆ្ងាយ និងទៅដល់កន្លែងផ្លូវបែក អញ្ជើញអស់អ្នកដែលគ្មាននរណារាប់រក។ ព្រះសហគមន៍មានបទពិសោធន៍អំពីព្រះហឫទ័យមេត្តាករុណារបស់ព្រះបិតា និងអំពីឫទ្ធានុភាពរបស់ព្រះអង្គ ដែលផ្សព្វផ្សាយព្រះហឫទ័យមេត្តាករុណាទៀតនោះ។ ហេតុនេះហើយ បានជាព្រះសហគមន៍មានបំណងចង់នាំនូវព្រះហឫទ័យមេត្តាករុណានោះមកមនុស្សលោក។ បំណងនេះមិនដែលចប់ទេ។ យើងត្រូវហ៊ានចាប់ផ្តើមគំនិតថ្មី និងធ្វើកិច្ចការថ្មីដែរ។ ហេតុនេះ ព្រះសហគមន៍ចូលរួមយ៉ាងសកម្មក្នុងការរស់នៅរបស់មនុស្សលោក។ ព្រះអម្ចាស់យេស៊ូបានចូលរួមយ៉ាងសកម្ម ហើយក៏សូមឱ្យសាវ័កចូលរួមយ៉ាងសកម្មដែរ គឺព្រះអង្គសុខចិត្តលុតជង្គង់នៅមុខអ្នកដទៃ ហើយលាងជើងគេ។ ប៉ុន្តែ ភ្លាមនោះព្រះអង្គមានព្រះបន្ទូលមកកាន់ក្រុមសាវ័កថា៖ “ប្រសិនបើអ្នករាល់គ្នាប្រតិបត្តិតាម អ្នករាល់គ្នាមុខជាមានសេចក្តីសុខសាន្តមិនខាន” (យហ ១៣,១៧)។ សហគមន៍ដែលជម្រាបជូនដំណឹងល្អ ត្រូវចូលរួមក្នុងការរស់នៅប្រចាំថ្ងៃរបស់អ្នកដទៃ ទាំងធ្វើកិច្ចការ និងកាយវិការផ្សេងៗបញ្ជាក់ថា ព្រះសហគមន៍មិននៅឆ្ងាយពីគេទេ។ ប្រសិនបើត្រូវការក៏ព្រះសហគមន៍ត្រូវដាក់ខ្លួនរហូតដល់ត្រូវអាម៉ាស់ទៀតដែរ។ ព្រះសហគមន៍លើកយកការរស់នៅរបស់មនុស្ស ដោយរួមជាមួយសាច់ឈាមរបស់ព្រះគ្រីស្ដ ដែលកំពុងរងទុក្ខក្នុងប្រជាជនសព្វថ្ងៃ។ ធ្វើដូច្នេះ អស់អ្នកនាំដំណឹងល្អមុខជាស្គាល់ក្លិនរបស់ចៀម ហើយចៀមក៏ស្គាល់សំឡេងរបស់គេដែរ។ បន្ទាប់មក សហគមន៍ដែលនាំដំណឹងល្អរៀបចំខ្លួនជូនដំណើរគេ។ ព្រះសហគមន៍ធ្វើដំណើររួមជាមួយមនុស្សជាតិក្នុងគ្រប់ការចម្រើនរបស់គេ ទោះការចម្រើនទាំងនោះពិបាក និងមិនសម្រេចភ្លាមៗក្តី។ ព្រះសហគមន៍តែងតែរង់ចាំ និងមានចិត្តអត់ធ្មត់បែបជាគ្រីស្តទូត។ អ្នកជម្រាបជូនដំណឹងត្រូវមានចិត្តអត់ធ្មត់ ខន្តីជាខ្លាំង ទាំងទទួលស្គាល់ភាពទន់ខ្សោយរបស់ខ្លួន។ អ្នកនោះមានចិត្តស្មោះនឹងព្រះអំណោយទានរបស់ព្រះអម្ចាស់ ហើយក៏ចេះបង្កើតផលដែរ។ សហគមន៍ដែលជម្រាបជូនដំណឹងល្អក៏ចាប់អារម្មណ៍នឹងបង្កើតផលជានិច្ចដែរ ព្រោះព្រះអម្ចាស់សព្វព្រះហឫទ័យឱ្យ សហគមន៍នេះបង្កើតផល។ ព្រះអង្គថែទាំគ្រាប់ពូជ ហើយមិនជ្រួលច្របល់អំពីស្រងែ។ កាលអ្នកសាបព្រោះឃើញស្រងែដុះឡើង ក្នុងចំណាមពន្លកស្រូវល្អ គាត់មិនត្អូញត្អែរទេ ហើយក៏មិនភ័យខ្លាចដែរ តែគាត់រកមធ្យោបាយធ្វើឱ្យព្រះបន្ទូលចាក់ឫសក្នុងសភាពការណ៍ដ៏ជាក់ច្បាស់នោះ និងឱ្យបង្កើតផលនៃជីវិតថ្មី ទោះបីគេយល់ឃើញថា ផលទាំងនោះមិនទាន់ពេញលក្ខណៈ ហើយមិនទាន់ទុំនៅឡើយក៏ដោយ។ សាវ័កចេះថ្វាយការរស់នៅទាំងស្រុងរបស់ខ្លួន ហើយប្រថុយជីវិតរហូតដល់ធ្វើជាមរណសាក្សី ទុកជាសក្ខីភាពអំពីព្រះយេស៊ូគ្រីស្ត។ គេគ្មានបំណងឱ្យមានខ្មាំងជាច្រើនទេ តែមានបំណងឱ្យមនុស្សទទួលព្រះបន្ទូល និងឱ្យព្រះបន្ទូលនោះសម្តែងឫទ្ធានុភាព ព្រមទាំងរំដោះមនុស្ស និងប្រែចិត្តគំនិតគេឱ្យបានជាថ្មី។ សហគមន៍ដែលជម្រាបជូនដំណឹងល្អមានអំណរ ហើយតែងតែលើកតម្កើងព្រះជាម្ចាស់ជានិច្ច។ សហគមន៍នេះលើកតម្កើងព្រះអង្គចំពោះគ្រប់ជ័យជម្នះ និងចំពោះគ្រប់កិច្ចការដ៏តូចតាចក្នុងការជម្រាបជូនដំណឹងល្អ។ ការជម្រាបជូនដំណឹងល្អប្រកបដោយសេចក្តីរីករាយ តែងតែធ្វើពិធីគោរពប្រណិប័តន៍ ប្រកបដោយសោភ័ណភាព និងក្នុងគោលបំណងធ្វើឱ្យការល្អចម្រើនឡើងជារៀងរាល់ថ្ងៃ។ ព្រះសហគមន៍ជម្រាបជូនដំណឹងល្អឱ្យគេផង ហើយក៏ជម្រាបជូនដំណឹងល្អដល់ខ្លួនឯងផងដែរ ដោយធ្វើពិធីគោរពប្រណិប័តន៍ប្រកបដោយសោភ័ណភាព ព្រោះពិធីទាំងនោះលើកតម្កើងសកម្មភាពជម្រាបជូនដំណឹងល្អ និងជាប្រភពដែលជំរុញគ្រីស្តបរិស័ទឱ្យសុខចិត្តម្តងជាថ្មីនឹងបូជាជីវិតបម្រើអ្នកដទៃ។

២) ត្រូវប្រែការណែនាំ

២៥- ខ្ញុំដឹងច្បាស់ហើយថា នៅបច្ចុប្បន្នមនុស្សមិនចាប់អារម្មណ៍នឹងឯកសារផ្សេងៗដូចកាលពីសម័យមុនៗទេ គេក៏តែងតែភ្លេចឯកសារទាំងនោះទៀតផង។ ប៉ុន្តែ ខ្ញុំសូមបញ្ជាក់ថា សេចក្តីដែលខ្ញុំចង់ប្រាប់នេះពិតជាមានខ្លឹមសារដូចជាកម្មវិធីមួយ និងអាចបង្កើតលទ្ធផលជាច្រើន។ ខ្ញុំសង្ឃឹមថា គ្រប់សហគមន៍នឹងចាត់ចែងមធ្យោបាយតាមសេចក្តីត្រូវការ ដើម្បីដើរតាមផ្លូវ តម្រង់យើងឱ្យប្រែការណែនាំព្រះសហគមន៍ ព្រមទាំងឱ្យធ្វើជាសាសនទូតផង។ មិនត្រូវទុកការណ៍ឱ្យនៅដដែលដោយមិនប្រែទេ។ យើងមិនត្រូវការតែអ្នកត្រួតត្រាគ្រីស្តបរិស័ទប៉ុណ្ណោះទេ។ ក្នុងគ្រប់តំបន់នៃផែនដីដែលយើងរស់នៅត្រូវចាត់ចែង “សភាពអចិន្ត្រៃយ៍ជាសាសនទូត”

២៦- សម្តេចប៉ាបប៉ូលទី៦ បានអញ្ជើញគ្រីស្តបរិស័ទឱ្យពង្រីកសេចក្តីអញ្ជើញរបស់មហាសន្និបាតវ៉ាទីកង់ទី២ សូមព្រះសហគមន៍កែទម្រង់ខ្លួនឱ្យបានជាថ្មី។ លោកមិនគ្រាន់តែមានប្រសាសន៍ សូមឱ្យបុគ្គលម្នាក់ៗប្រែចិត្តគំនិតប៉ុណ្ណោះទេ តែលោកក៏ទទូចសូមឱ្យព្រះសហគមន៍ទាំងមូលកែទម្រង់ថែមទៀត។ យើងសូមរំឭកអត្ថបទមួយដ៏សំខាន់បំផុត ដែលនៅតែមានកម្លាំងដាស់តឿនយើងឱ្យក្រោកឈរឡើងថា៖ “ឥឡូវនេះ ដល់ពេលដែលព្រះសហគមន៍ត្រូវរិះគិតឱ្យដឹងថា ព្រះសហគមន៍មានយោបល់យ៉ាងណាអំពីខ្លួនឯងផ្ទាល់។ ត្រូវនឹកសញ្ជឹងគិតអំពីគម្រោងការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ចំពោះព្រះសហគមន៍។ ប្រសិនបើព្រះសហគមន៍យល់ច្បាស់អំពីគម្រោងការដ៏អស្ចារ្យនេះ ដែលនាំឱ្យមានសកម្មភាពព្រះសហគមន៍ មុខជាមានបំណងឱ្យបានដូចព្រះសហគមន៍គំរូ និងតាមព្រះគ្រីស្តសព្វព្រះហឫទ័យ គឺព្រះអង្គស្រឡាញ់ព្រះសហគមន៍ទុកជាព្រះមហេសីដ៏វិសុទ្ធនិមល និងឥតហ្មងសៅ (អភ ៥,២៧)។ ព្រះសហគមន៍បង្ហាញមុខដ៏ជាក់ច្បាស់នេះ ក្នុងពិភពលោកនាពេលបច្ចុប្បន្ន។ប្រសិនបើព្រះសហគមន៍នឹកគិតដូច្នេះ ព្រះសហគមន៍មុខជាមានបំណងសទ្ធាជ្រះថ្លាដូចជាទ្រាំមិនបានចង់កែទម្រង់ឱ្យបានជាថ្មី គឺកែកំហុសដែលមនសិការនេះចោទឡើង និងចង់បោះបង់ចោល ក្រោយពីបានពិនិត្យខ្លួនតាមពន្លឺរបស់ព្រះគ្រីស្ត។ មហាសន្និបាតវ៉ាទីកង់ទី២ បានបង្ហាញថា ព្រះសហគមន៍ប្រែដូច្នេះ គឺសុខចិត្តកែទម្រង់ជាអចិន្ត្រៃយ៍ ដោយមានចិត្តស្មោះនឹងព្រះយេស៊ូគ្រីស្ត។ “ព្រះសហគមន៍កែទម្រង់ឱ្យបានជាថ្មី មានអត្ថន័យជាអាទិ៍ថា ព្រះសហគមន៍ត្រូវស្មោះកាន់តែខ្លាំងឡើងៗចំពោះព្រះជាម្ចាស់ដែលបានត្រាស់ហៅ។ (…) ព្រះគ្រីស្តត្រាស់ហៅព្រះសហគមន៍ឱ្យកែទម្រង់ជាអចិន្ត្រៃយ៍ ក្នុងពេលធ្វើដំណើរនៅនាលោកនេះ ព្រោះព្រះសហគមន៍ត្រូវការកែទម្រង់ក្នុងឋានៈជាស្ថាប័នមួយ ដែលមានលក្ខណៈជាមនុស្សលោកីយ៍ ហើយក៏ស្ថិតនៅក្នុងលោកនេះដែរ” (បង្រួម ៦)។ មានរចនាសម្ពន្ធខ្លះក្នុងព្រះសហគមន៍អាចជួយគ្រីស្តបរិស័ទឱ្យមានចិត្តស្វាហាប់ ក្នុងការជម្រាបជូនដំណឹងល្អ។ រចនាសម្ពន្ធដ៏ល្អទាំងនោះមានប្រយោជន៍ លុះត្រាតែរចនាសម្ពន្ធមានជីវិតរស់រវើកដែលគាំទ្រ និងណែនាំទៀតផង។ ប្រសិនបើរចនាសម្ពន្ធគ្មានជីវិតថ្មីទេ ហើយប្រសិនបើគំនិតស្របតាមដំណឹងល្អមិនជ្រួតជ្រាបរចនាសម្ពន្ធទាំងនោះទេ រចនាសម្ពន្ធថ្មីទាំងនោះមុខជាត្រូវរលួយក្នុងពេលឆាប់ៗពុំខាន ព្រោះ “មិនស្មោះនឹងព្រះសហគមន៍ ហើយក៏មិនស្មោះនឹងការត្រាស់ហៅរបស់ខ្លួនផ្ទាល់”

មិនត្រូវពន្យារពេលកែទម្រង់ព្រះសហគមន៍

២៧- ខ្ញុំស្រមៃឃើញព្រះសហគមន៍ធ្វើជម្រើសមួយដែលអាចប្រែអ្វីៗឱ្យបានជាថ្មីទាំងអស់ ដើម្បីឱ្យទម្លាប់រចនាបថ កាលវិភាគ ភាសា និងរចនាសម្ពន្ធទាំងអស់របស់ព្រះសហគមន៍ក្លាយទៅជាផ្លូវដ៏ល្អត្រឹមត្រូវក្នុងការជម្រាបជូនដំណឹងល្អដល់មនុស្សលោកនាបច្ចុប្បន្ន។ ខ្ញុំចូលចិត្តជម្រើសដែលណែនាំឱ្យប្រែអ្វីៗទាំងអស់ឱ្យបានជាថ្មី ជាជាងជម្រើសរក្សាការពារខ្លួនឱ្យស្ថិតនៅដដែលដោយមិនប្រែទេ។ ការកែរចនាសម្ពន្ធនៃព្រះសហគមន៍ ទាមទារការកែទម្រង់ក្នុងការណែនាំតែត្រូវយល់ថា ការកែទម្រង់នេះមានអត្ថន័យតែមួយ គឺឱ្យរចនាសម្ពន្ធទាំងប៉ុន្មានមានលក្ខណៈទៅជាសាសនទូតកាន់តែខ្លាំងឡើងៗ។ សូមឱ្យការណែនាំធម្មតានៅគ្រប់កម្រិតបើកចំហឱ្យនរណាក៏អាចចូលបាន និងបង្ហាញអំណរសប្បាយជាងពីមុន។ សូមចាត់ចែងអស់អ្នកណែនាំឱ្យមានឥរិយាបថ ជាអ្នកចង់ចេញទៅកាន់អ្នកដទៃជានិច្ច។ សូមឱ្យការណែនាំធម្មតាជួយអស់អ្នកដែលព្រះយេស៊ូអញ្ជើញឱ្យទទួលព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គ សុខចិត្តទទួលព្រះហឫទ័យស្រឡាញ់នោះពិតមែន។ ដូចសម្តេចប៉ាបយ៉ូហាន-ប៉ូលទី២ មានប្រសាសន៍មកក្រុមអភិបាលទ្វីបអូសេអានីថា៖ “ការកែទម្រង់ព្រះសហគមន៍ឱ្យបានជាថ្មី ត្រូវមានគោលដៅបំពេញបេសកកម្មជម្រាបជូនដំណឹងល្អ។ បើពុំនោះទេ ព្រះសហគមន៍មុខជាចាត់ទុកថា ខ្លួនជាអ្នកសំខាន់ដោយបំភ្លេចមនុស្សលោក”

២៨- ព្រះសហគមន៍តាមភូមិនីមួយៗ មិនមែនជារចនាសម្ពន្ធចាស់ដែលត្រូវទាត់ចោលនោះទេ។ ដោយព្រះសហគមន៍តាមភូមិ ងាយសម្របខ្លួនតាមសភាពការណ៍ និងដោយព្រះសហគមន៍នោះអាចមានទ្រង់ទ្រាយប្លែកៗពីគ្នាជាច្រើន ស្របតាមលោកគង្វាល និងស្របតាមសហគមន៍គ្រីស្តបរិស័ទ អាចបង្កើតបានព្រះសហគមន៍តាមភូមិនោះ អាចកែប្រែដោយមានគំនិតជាសាសនទូតបាន។ តាមពិត ព្រះសហគមន៍តាមភូមិមិនមែនជារចនាសម្ពន្ធតែមួយគត់ ដែលជម្រាបជូនដំណឹងល្អទេ។ ទោះបីព្រះសហគមន៍តាមភូមិនោះអាចកែទម្រង់ស្របតាមកាលៈទេសៈដោយឥតឈប់ឈរក្តី ក៏ព្រះសហគមន៍តាមភូមិនោះនៅតែជា “ព្រះសហគមន៍ដែលរស់នៅចំកណ្តាលចំណោមផ្ទះកូនប្រុសកូនស្រីរបស់ខ្លួន”។ ព្រះសហគមន៍នោះត្រូវមានទំនាក់ទំនងយ៉ាងជាក់ច្បាស់ជាមួយក្រុមគ្រួសារនានាត្រូវរួមរស់ជាមួយប្រជាជន។ កុំឱ្យព្រះសហគមន៍នោះក្លាយទៅជារចនាសម្ពន្ធសុំាញុំាដាច់ពីប្រជាជន ឬក្លាយទៅជាក្រុមអ្នកដែលគេជ្រើសរើស ដែលគិតតែខ្លួនឯងប៉ុណ្ណោះ។ ព្រះសហគមន៍តាមភូមិពិតជាវត្តមាននៃព្រះសហគមន៍សកលនៅលើទឹកដីមួយចំណែក ជាកន្លែងស្តាប់ព្រះបន្ទូល ជាកន្លែងគ្រីស្តបរិស័ទរស់នៅ និងចម្រើនឡើង ជាកន្លែងមនុស្សអាចនិយាយសន្ទនាគ្នាបាន ជាកន្លែងជម្រាបជូនដំណឹងល្អ និងសម្តែងសេចក្តីស្រឡាញ់ដោយសទ្ធាជ្រះថ្លា ជាកន្លែងនមស្ការ និងធ្វើពីធីគោរពប្រណិប័តន៍ផ្សេងៗ។ ព្រះសហគមន៍តាមភូមិលើកទឹកចិត្តសមាជិករបស់ខ្លួន និងអប់រំគេដោយចាត់ចែងសកម្មភាពទាំងនោះឱ្យចេញទៅជម្រាបជូនដំណឹងល្អ។ ព្រះសហគមន៍តាមភូមិពិតជាសហគមន៍ដ៏ប្រសើរជាងគេ ជាទីសក្ការៈសម្រាប់អ្នកស្រេកមករកពិសាទឹកដើម្បីបន្តដំណើរ។ ព្រះសហគមន៍តាមភូមិក៏ជាមណ្ឌលចាត់សាសនទូតឱ្យចេញទៅដោយឥតឈប់ឈរ។ ប៉ុន្តែ យើងត្រូវទទួលស្គាល់ថា សេចក្តីអញ្ជើញឱ្យព្រះសហគមន៍ក្នុងភូមិកែសម្រួល និងប្រែឱ្យបានជាថ្មីមិនទាន់បានលទ្ធផលគ្រប់គ្រាន់នៅឡើយទេ។ ព្រះសហគមន៍តាមភូមិនោះមិនទាន់រស់នៅក្បែរប្រជាជនទេ ហើយមិនទាន់ទៅជាកន្លែងរួមរស់ជាមួយគ្នាយ៉ាងរស់រវើក ដោយចែកចាយការរស់នៅ ដើម្បីតម្រង់ខ្លួនទាំងស្រុងទៅជម្រាបជូនដំណឹងល្អដល់អ្នកដទៃ។

២៩- រចនាសម្ពន្ធឯទៀតៗនៃព្រះសហគមន៍ គឺសហគមន៍ជាមូលដ្ឋានសហគមន៍តូចតាចចលនានានា និងសហគមន៍ផ្សេងៗទៀត ពិតជាទ្រព្យដ៏មានតម្លៃដ៏ប្រសើររបស់ព្រះសហគមន៍សកល។ ព្រះវិញ្ញាណបានប្រោសឱ្យក្រុមទាំងនោះកើតឡើង ដើម្បីជម្រាបជូនដំណឹងល្អដល់មនុស្សគ្រប់វណ្ណៈក្នុងសង្គម និងនៅគ្រប់ទីកន្លែង។ ក្រុមទាំងនោះតែងតែនាំការខ្នះខ្នែងជាថ្មី ប្រកបដោយគំនិតដែលហូរពីដំណឹងល្អ និងនាំសមត្ថភាពឱ្យព្រះសហគមន៍អាចនិយាយសន្ទនាជាមួយមនុស្សលោក។ ការទាំងនោះប្រែទម្រង់ព្រះសហគមន៍ឱ្យបានជាថ្មី។ ក៏ប៉ុន្តែ មិនគួរឱ្យក្រុមទាំងនោះដាច់ទំនាក់ទំនងជាមួយព្រះសហគមន៍តាមភូមិទេ ព្រោះព្រះសហគមន៍តាមភូមិនោះមានសារៈសំខាន់ក្នុងគ្រប់វិស័យ។ ត្រូវឱ្យក្រុមទាំងនោះចូលរួមក្នុងការណែនាំរបស់ព្រះសហគមន៍ក្នុងភូមិ។ ដោយចូលរួមក្នុងការណែនាំជាទូទៅនៃក្រុមទាំងនោះ ចៀសវាងមិនឱ្យក្លាយទៅជាអ្នកកាន់តាមគម្ពីរដំណឹងល្អតែមួយចំណែកប៉ុណ្ណោះទេ ឬរួមជាមួយព្រះសហគមន៍តែមួយចំណែក ឬក្លាយទៅជាក្រុមពនេចរដែលគ្មានឫសទៀតដែរ។

៣០- ព្រះសហគមន៍ក្នុងភូមិភាគនីមួយៗជាចំណែកនៃព្រះសហគមន៍កាតូលិកសកល ក្រោមការណែនាំពីអភិបាលរបស់ខ្លួន។ ព្រះយេស៊ូក៏ត្រាស់ហៅព្រះសហគមន៍ក្នុងភូមិភាគនោះឱ្យប្រែទៅជាសាសនទូតដែរ។ ព្រះសហគមន៍ក្នុងភូមិភាគត្រូវជម្រាបជូនដំណឹងល្អមុនគេ ព្រោះព្រះសហគមន៍ក្នុងភូមិភាគនោះសម្តែងយ៉ាងជាក់ស្តែងនូវព្រះសហគមន៍តែមួយគត់ក្នុងកន្លែងមួយនៃពិភពលោក។ ព្រះសហគមន៍ក្នុងភូមិភាគនោះក៏ពិតជាវត្តមាននៃព្រះសហគមន៍របស់ព្រះគ្រីស្ត ដែលកំពុងតែប្រព្រឹត្តសកម្មភាពជា “ព្រះសហគមន៍របស់ព្រះគ្រីស្តតែមួយគត់ គឺព្រះសហគមន៍ដ៏វិសុទ្ធ កាតូលិក និងដែលកាន់ជំនឿតាមក្រុមគ្រីស្តទូតជាគ្រឹះទៀតផង” (អភិបាល ១១)។ ព្រះសហគម៍ក្នុងភូមិភាគពិតជាព្រះសហគមន៍សកលដែលកើតមកនៅកន្លែងមួយយ៉ាងជាក់ច្បាស់ ព្រះគ្រីស្តបានប្រទានគ្រប់មធ្យោបាយសម្រាប់សង្គ្រោះមនុស្សលោក ឱ្យព្រះសហគមន៍ក្នុងភូមិភាគ ដែលមានមុខមាត់តាមកន្លែងមួយ។ ព្រះសហគមន៍ក្នុងភូមិភាគសម្តែងអំណរបញ្ជូនព្រះយេស៊ូគ្រីស្ត ដោយយកចិត្តទុកដាក់ជម្រាបជូនអំពីព្រះគ្រីស្ត ក្នុងកន្លែងដែលមនុស្សត្រូវការច្រើនជាងគេ និងដោយចេញទៅកាន់ជាយនៃតំបន់របស់ខ្លួនជានិច្ច ឬទៅកាន់វណ្ណៈថ្មីក្នុងសង្គម និងទៅកាន់អ្នកមានវប្បធម៌ថ្មី។ ព្រះសហគមន៍ក្នុងភូមិភាគយកចិត្តទុកដាក់ជានិច្ចឱ្យស្ថិតនៅកន្លែងដែលមនុស្សខ្វះពន្លឺ និងខ្វះព្រះជន្មរបស់ព្រះគ្រីស្តដែលមានព្រះជន្មថ្មីដ៏រុងរឿង។ ហេតុនេះហើយ បានជាខ្ញុំសូមដាស់តឿនព្រះសហគមន៍ក្នុងភូមិភាគនីមួយៗឱ្យប្តេជ្ញាចិត្តចូលរួមក្នុងដំណើររិះគិតពិចារណា ជម្រះ និងកែទម្រង់ខ្លួន ដើម្បីឱ្យសន្ទុះធ្វើជាសាសនទូតនេះកាន់តែខ្លាំងឡើងៗ មានសទ្ធាជ្រះថ្លា និងអាចបង្កើតផលបាន។

៣១- លោកអភិបាលត្រូវតែជួយឱ្យគ្រីស្តបរិស័ទក្នុងភូមិភាគរួបរួមគ្នាជាសាសនទូតជានិច្ច ដោយតម្រង់ទៅតាមឧត្តមគតិនៃសហគមន៍គ្រីស្តបរិស័ទដើមដំបូង។ ក្នុងសហគមន៍ទាំងនោះ គ្រីស្តបរិស័ទមានចិត្តថ្លើមតែមួយ (កក ៤,៣២)។ ជួនកាលលោកត្រូវស្ថិតនៅខាងមុខដើម្បីបង្ហាញផ្លូវ និងគាំទ្រសេចក្តីសង្ឃឹមរបស់ប្រជាជន។ ជួនកាលលោកត្រូវស្ថិតនៅកណ្តាលគ្រីស្តបរិស័ទទាំងអស់តែម្តង ដោយមានចិត្តមេត្តាករុណា។ ក្នុងករណីខ្លះ លោកត្រូវដើរពីក្រោយប្រជាជន ដើម្បីជួយអស់អ្នកដែលស្ថិតនៅខាងក្រោយ ហើយជាពិសេស មកពីហ្វូងមានសមត្ថភាពអាចរកឃើញផ្លូវថ្មីៗបាន លោកមានបេសកកម្មជួយឱ្យគ្រីស្តបរិស័ទរួបរួមគ្នា ដើម្បីឱ្យគេមានកម្លាំង មានចិត្តទូលំទូលាយធ្វើជាសាសនទូត។ លោកត្រូវលើកស្ទួយ និងរកបង្កើតស្ថាប័នឱ្យកាន់តែប្រសើរឡើង ដែលអាចជួយឱ្យគ្រីស្តបរិស័ទរួមចំណែកក្នុងការណែនាំ ដូចមានចែងក្នុងក្បួនច្បាប់នៃព្រះសហគមន៍សកល។ លោកក៏ត្រូវរកបង្កើតរបៀបនិយាយសន្ទនាផ្សេងៗអំពីការណែនាំ ដោយមានបំណងស្តាប់គ្រីស្តបរិស័ទទំាងអស់មិនគ្រាន់តែស្តាប់គ្រីស្តបរិស័ទមួយចំនួន ដែលតែងតែសរសើរបញ្ជោរលោកជានិច្ចប៉ុណ្ណោះ។ ការចាត់ចែងឱ្យរួមចំណែកក្នុងការណែនាំទាំងនោះ មានគោលដៅមិនគ្រាន់តែឱ្យចាត់ចែងព្រះសហគមន៍ប៉ុណ្ណោះទេ តែថែមទាំងមានគោលដៅទៅកាន់មនុស្សទាំងអស់ តាមការយល់សប្ដិរបស់សាសនទូត។

៣២- ព្រះយេស៊ូត្រាស់ហៅខ្ញុំឱ្យរស់នៅតាមបែបដែលខ្ញុំបង្គាប់ឱ្យអ្នកឯទៀតៗរស់នៅដែរ។ ហេតុនេះ ខ្ញុំក៏ត្រូវគិតដល់កែទម្រង់មុខងារជាអភិបាលព្រះសហគមន៍ក្រុងរ៉ូមដែរ។ ក្នុងឋានៈខ្ញុំជាអភិបាលព្រះសហគមន៍ក្រុងរ៉ូម ខ្ញុំត្រូវសុខចិត្តទទួលយោបល់ពីអស់លោកអភិបាល អំពីរបៀបដែលខ្ញុំត្រូវបំពេញមុខងារបម្រើរបស់ខ្ញុំឱ្យកាន់តែស្មោះ និងតាមអត្ថន័យដែលព្រះយេស៊ូសព្វព្រះហឫទ័យបានបញ្ជាក់នោះហើយ ក៏ស្របតាមសេចក្តីត្រូវការនៃការជម្រាបជូនដំណឹងល្អនាបច្ចុប្បន្នកាល។ សម្តេចប៉ាបយ៉ូហាន-ប៉ូលទី២ បានសូមឱ្យអភិបាលនានាជួយលោកឱ្យស្វែងរក “របៀបបំពេញមុខងារជាប្រធានក្រុមអភិបាលឱ្យបានស្របតាមសភាពការណ៍ថ្មីរបស់មនុស្សលោក ទាំងមិនលះបង់អ្វីៗដែលជាស្នូលដ៏សំខាន់នៃបេសកកម្មរបស់លោកឡើយ”។ យើងមិនសូវបានឈោងឆ្ងាយតាមផ្លូវនោះទេ។ មុខងារជាអភិបាលព្រះសហគមន៍ក្រុងរ៉ូម និងរចនាសម្ពន្ធកណ្តាលនៃព្រះសហគមន៍សកល ក៏ត្រូវការស្តាប់ការត្រាស់ហៅឱ្យកែទម្រង់ការណែនាំ។ មហាសន្និបាតវ៉ាទីកង់ទី២ បានប្រកាសឱ្យក្រុមអភិបាលតាមប្រទេសនានាអាច “រួមសហការតាមរបៀបផ្សេងៗជាច្រើន ដែលបង្កើតផលធ្វើឱ្យគោលគំនិតនៃការណែនាំរួមរបស់ក្រុមអភិបាលបានកើតជារូបរាងយ៉ាងជាក់ច្បាស់” (ពន្លឺ ២៣) តាមរបៀបព្រះសហគមន៍ពីបុរាណរបស់អស់លោកអភិបាលដ៏ប្រសើរឧត្តមនៅមជ្ឈឹមបូព៌ា។ តែសំណូមពរនេះមិនទាន់បានកើតជារូបរាងយ៉ាងពេញលេញនៅឡើយទេ ព្រោះមិនទាន់មានបញ្ជាក់យ៉ាងគ្រប់គ្រាន់អំពីលក្ខនិ្តកៈនៃក្រុមអភិបាលតាមប្រទេសនានានៅឡើយ។ ត្រូវប្រគល់ឱ្យក្រុមអភិបាលទាំងនោះមានអំណាចយ៉ាងជាក់ច្បាស់ សូម្បីតែត្រង់លទ្ធិជំនឿក្តី ក៏ក្រុមអភិបាលតាមប្រទេសត្រូវមានអំណាចខ្លះយ៉ាងពិតប្រាកដដែរ។ ការរួបរួមខ្លាំងពេកនៅជុំវិញអភិបាលព្រះសហគមន៍ក្រុងរ៉ូម ដូចកាលពីមុនៗនោះមិនបានជួយព្រះសហគមន៍ទេ ផ្ទុយទៅវិញ បានបណ្តាលឱ្យការរស់នៅរបស់ព្រះសហគមន៍ទាំងមូលស្មុគ្រស្មាញ រារាំងការខ្នះខ្នែងជាសាសនទូត។

៣៣- ការណែនាំព្រះសហគមន៍ឱ្យទៅជាសាសនទូត ទាមទារឱ្យយើងលះបង់យោបល់យ៉ាងស្រួលនេះថា “យើងបានប្រព្រឹត្តដូច្នេះតាំងពីដើមរៀងមក ហេតុនេះ មិនបាច់កែទម្រង់ទេ”។ ខ្ញុំសូមអញ្ជើញគ្រីស្តបរិស័ទម្នាក់ៗឱ្យមានចិត្តក្លាហានហ៊ានបង្កើតអ្វីៗជាថ្មី។ យើងមានភារកិច្ចរិះគិតសាឡើងវិញអំពីគោលដៅ អំពីរចនាសម្ពន្ធ អំពីរចនាបថ និងអំពីវិធីជម្រាបជូនដំណឹងល្អរបស់សហគមន៍រៀងៗខ្លួន។ ប៉ុន្តែ ប្រសិនបើយើងបញ្ជាក់គោលដៅរបស់ព្រះសហគមន៍ តែមិនរួមគ្នាស្វែងរកមធ្យោបាយតម្រង់ទៅកាន់គោលដៅនោះ ការរិះគិតរបស់យើងគ្រាន់តែជាការស្រមៃឃើញសុទ្ធសាធប៉ុណ្ណោះ។ ហេតុនេះហើយ បានជាខ្ញុំសូមដាស់តឿនគ្រីស្តបរិស័ទម្នាក់ៗឱ្យប្រតិបត្តិតាមគោលនៃលិខិតទាំងនេះ ដោយសទ្ធាជ្រះថ្លា ដោយចិត្តក្លាហាន និងដោយគ្មាននរណាហាមឃាត់ ឬដោយគ្មានភ័យខ្លាចអ្វីឡើយ។ ការសំខាន់គឺ មិនត្រូវធ្វើដំណើរម្នាក់ឯងទេ តែត្រូវពឹងផ្អែកលើបងប្អូនឯទៀតៗ ជាពិសេស ក្រោមការណែនាំរបស់អស់លោកអភិបាល ដោយរិះគិតពិចារណាអំពីការណែនាំព្រះសហគមន៍ដោយប្រាជ្ញា និងស្របតាមសភាពការណ៍ដ៏ជាក់ច្បាស់។

៣) ត្រូវយកស្នូលនៃគម្ពីរដំណឹងល្អធ្វើជាគ្រឹះ

៣៤- ប្រសិនបើយើងមានបំណងចាត់ចែងអ្វីៗទាំងអស់តាមគោលដៅជាសាសនទូត យើងក៏ត្រូវរិះគិតអំពីរបៀបយើងនាំសារមកដល់មនុស្សលោកដែរ។ ក្នុងពិភពលោកបច្ចុប្បន្ន មធ្យោបាយទូរគមនាគមន៍ផ្សព្វផ្សាយព័ត៌មានយ៉ាងឆាប់រហ័ស។ តែគេតែងតែជ្រើសរើសព័ត៌មានតាមគេនិយមប៉ុណ្ណោះ។ ហេតុនេះហើយ បានជាក្នុងសារដែលយើងជម្រាបជូននោះ គេធ្លាប់ជ្រើសរើសចំណុចដ៏មិនសូវសំខាន់មកផ្សព្វផ្សាយ។ ឧបមាថា ត្រង់វិស័យសីលធម៌ដែលព្រះសហគមន៍បង្រៀននោះ គេផ្សព្វផ្សាយសេចក្តីខ្លះដោយមិនភ្ជាប់សេចក្តីទាំងនោះនឹងបរិបទ ដែលផ្តល់អត្ថន័យយ៉ាងពិតប្រាកដ។ នៅពេលនោះ មនុស្សលោកស្មានថា ចំណុចដ៏មិនសំខាន់ដែលគេយកមកផ្សព្វផ្សាយនោះជាសារទាំងស្រុងដែលយើងប្រកាស។ ទោះបីចំណុចទាំងនោះមានសារៈសំខាន់ខ្លះៗ ក៏វាមិនសម្តែងស្នូលទាំងស្រុងនៃសាររបស់ព្រះយេស៊ូគ្រីស្ត។ ហេតុនេះហើយ ត្រូវយល់ដល់សភាពការណ៍ដ៏ជាក់ច្បាស់ គឺមិនត្រូវនឹកគិតស្មានថា អ្នកដែលនិយាយជាមួយយើងស្គាល់អត្ថន័យយ៉ាងជ្រៅ នៃសេចក្តីទាំងស្រុងដែលយើងចង់និយាយនោះឡើយ។ គេក៏មិនអាចភ្ជាប់សេចក្តីដែលយើងនិយាយទៅនឹងស្នូលដ៏សំខាន់បំផុតនៃដំណឹងល្អ ដែលធ្វើឱ្យសេចក្តីនោះមានអត្ថន័យ មានសោភ័ណភាព ព្រមទាំងទាក់ទាញចិត្តមនុស្សលោកផង។

៣៥- ប្រសិនបើយើងណែនាំព្រះសហគមន៍ដោយមានគំនិតជាសាសនទូត យើងមិនត្រូវខ្វល់ចិត្តនឹកមមៃចង់បញ្ជូនបន្តប្រការជាច្រើននៃលទ្ធិជំនឿដែលមិនភ្ជាប់ជាមួយគ្នាទេ។ យើងក៏មិនត្រូវព្យាយាមទទូចបង្ខំឱ្យគេទទួលប្រកាជំនឿទាំងនោះដែរ។ ប្រសិនបើយើងយកគំនិតជាសាសនទូត និងយករបៀបរស់នៅជាសាសនទូតមកធ្វើជាគោលដៅនៃការណែនាំព្រះសហគមន៍ យើងពិតជាចង់ទៅកាន់មនុស្សទាំងអស់ដោយមិនឃ្លាតពីនរណាឱ្យសោះ យើងក៏មិនចង់ដេញនរណាឱ្យនៅដោយឡែកដែរ។ យើងមុខជានឹងប្រកាសតែសេចក្តីណាដែលសំខាន់ប៉ុណ្ណោះ គឺសេចក្តីដ៏ល្អ និងដ៏ប្រសើរជាងគេដែលអាចទាក់ទាញចិត្តគេ និងដែលមនុស្សត្រូវការជាចាំបាច់ជាងគេទៀតផង។ សេចក្ដីដែលយើងប្រកាសនេះកាន់តែស្រួល តែមិនលះបង់អត្ថន័យដ៏ជ្រៅ និងវាងពីសេចក្តីពិតទេ។ ផ្ទុយទៅវិញ យើងកាន់តែទាក់ទាញចិត្តឱ្យគេអាចជឿបាន និងចាំងពន្លឺដល់គេទៀតផង។

៣៦- សេចក្តីពិតទាំងប៉ុន្មានសុទ្ធតែហូរចេញមកពីព្រះជាម្ចាស់ជាប្រភពតែមួយ។ គ្រីស្តបរិស័ទជឿសេចក្តីទាំងនោះដោយមានជំនឿតែមួយដែរ ក៏ប៉ុន្តែ មានសេចក្តីពិតខ្លះសំខាន់ជាង គឺសម្តែងស្នូលនៃដំណឹងល្អ។ ព្រះជាម្ចាស់ដែលចង់សង្គ្រោះមនុស្សលោកបានពន្លិចពន្លឺនៃព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គក្នុងអង្គព្រះយេស៊ូជាព្រះគ្រីស្ត ដែលសោយទិវង្គត និងមានព្រះជន្មថ្មីដ៏រុងរឿង។ នេះជាស្នូលគ្រឹះនៃដំណឹងល្អ។ មហាសន្និបាតវ៉ាទីកង់ទី២ បានបញ្ជាក់សេចក្តីនោះថា៖ “ប្រការនីមួយៗក្នុងលទ្ធិកាតូលិកទាំងមូលមិនមានសារៈសំខាន់ស្មើគ្នាទេ តែមានសារៈសំខាន់ប្លែកៗគ្នាតាមលំដាប់លំដោយវិញ គឺស្រេចតាមប្រការនេះមានទំនាក់ទំនងនឹងគ្រឹះនៃលទ្ធិរបស់គ្រីស្តបរិស័ទ” (បង្រួម ១១)។ គំនិតនេះក៏សំដៅទាំងលើគោលលទ្ធិនៃជំនឿ ទាំងលើការប្រៀនប្រដៅទាំងមូលនៃព្រះសហគមន៍ សូម្បីតែលើការប្រៀនប្រដៅខាងសីលធម៌ក៏មានសារៈសំខាន់តាមលំដាប់លំដោយដែរ។

៣៧- សន្តថូម៉ាសនៅអាគីណូតែងបង្រៀនថា សូម្បីតែក្នុងបណ្តាគុណធម៌ និងកិច្ចការដែលមនុស្សប្រព្រឹត្តតាមគុណធម៌ទាំងប៉ុន្មាននេះក៏មានលំដាប់លំដោយដែរ។ ត្រង់សីលធម៌ដែលព្រះសហគមន៍តែងបង្រៀនមានសេចក្តីមួយដែលសំខាន់ជាងគេគឺ “មានតែជំនឿដែលនាំឱ្យប្រព្រឹត្តអំពើល្អផ្សេងៗដោយចិត្តស្រឡាញ់ប៉ុណ្ណោះទើបសំខាន់” (កាឡ ៥,៦)។ កិច្ចការដែលមនុស្សធ្វើដោយចិត្តស្រឡាញ់ចំពោះអ្នកដទៃ ពិតជាសម្តែងនៅខាងក្រៅយ៉ាងប្រសើរជាងគេ នូវព្រះអំណោយទានរបស់ព្រះវិញ្ញាណដែលនៅខាងក្នុងចិត្តគេ។ “ក្នុងធម្មវិន័យថ្មី សេចក្តីសំខាន់ជាងគេ គឺព្រះអំណោយទាននៃព្រះវិញ្ញាណដ៏វិសុទ្ធ។ ព្រះវិញ្ញាណសម្តែងព្រះអង្គតាមរយៈជំនឿដែលនាំឱ្យប្រព្រឹត្តអំពីល្អដោយសេចក្តីស្រឡាញ់”។ ដូច្នេះលោកបញ្ជាក់ថា ចំពោះកិច្ចការខាងក្រៅមេត្តាករុណា ជាគុណធម៌ប្រសើរជាងគុណធម៌ឯទៀតៗទាំងអស់។ “មេត្តាករុណាជាគុណធម៌ប្រសើរជាងគេ ដ្បិតមេត្តាករុណាណែនាំគុណធម៌ឯទៀតៗ ហើយក៏បន្ថែមនូវអ្វីៗទាំងប៉ុន្មានដែលគុណធម៌ទាំងនោះខ្វះ។ មានតែព្រះវិញ្ញាណប៉ុណ្ណោះទេដែលអាចប្រព្រឹត្តការនេះបាន។ ហេតុនេះ ព្រះហឫទ័យមេត្តាករុណាពិតជាលក្ខណៈពិសេសរបស់ព្រះជាម្ចាស់។ ព្រះអង្គសម្តែងឫទ្ធានុភាពសព្វប្រការ ដោយមានព្រះហឫទ័យមេត្តាករុណាជាដើម”

៣៨- ត្រូវតែគិតអំពីគោលនៃការណែនាំព្រះសហគមន៍ ដោយយោងគំនិតពីការប្រៀនប្រដៅនៃមហាសន្និបាតវ៉ាទីកង់ទី២ ដែលប្រមូលទុកនូវជំនឿជាក់ច្បាស់របស់ព្រះសហគមន៍ពីបុរាណ។ មុនដំបូង ត្រូវនិយាយថា អ្នកជម្រាបជូនដំណឹងល្អត្រូវនិយាយច្រើន ឬតិចអំពីប្រធានបទនីមួយៗឱ្យបានស្របតាមសារៈសំខាន់នៃប្រធានបទនីមួយៗ។ ឧបមាថា យើងដឹងថាប្រធានបទនេះសំខាន់ ឬមិនសំខាន់ដោយកត់សម្គាល់ថា ពេលលោកគង្វាលដែលទទួលខុសត្រូវលើព្រះសហគមន៍ក្នុងភូមិមួយធ្វើពិធីអត្ថាធិប្បាយគម្ពីរ តើលោកនិយាយអំពីប្រធានបទណាញឹកជាងគេ និងតែងគូសបញ្ជាក់លើអ្វីខ្លះ? ប្រសិនបើក្នុងមួយឆ្នាំលោកគង្វាលថ្លែងដប់ដងអំពីគ្រីស្តបរិស័ទ ត្រូវចេះប្រមាណ តែនិយាយតែពីរ ឬបីដងអំពីសេចក្តីស្រឡាញ់ ឬអំពីយុត្តិធម៌ពិតជាមិនសមទេ។ នៅពេលសម្តែងធម្មទេសនា និងនៅពេលអប់រំជំនឿត្រូវនិយាយអំពីសេចក្តីស្រឡាញ់ និងអំពីយុត្តិធម៌ច្រើនជាង កុំឱ្យគុណធម៌ទាំងពីរនោះអាប់រស្មី។ យ៉ាងណាមិញ ប្រសិនបើលោកគង្វាលនិយាយអំពីធម្មវិន័យច្រើនជាងនិយាយអំពីព្រះហឫទ័យប្រោសប្រណីរបស់ព្រះជាម្ចាស់ ឬអំពីព្រះសហគមន៍ច្រើនជាងអំពីព្រះយេស៊ូ ឬនិយាយអំពីអភិបាលព្រះសហគមន៍ក្រុងរ៉ូម ច្រើនជាងនិយាយអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏ពិតជាមិនសមដែរ។

៣៩- គុណធម៌ទាំងប៉ុន្មានតែងតែភ្ជាប់គ្នាយ៉ាងស្រួល ដូចអវយវៈនៃរូបកាយមួយ។ ហេតុនេះហើយ បានជាមិនត្រូវទាត់ចោលគុណធម៌ណាមួយចេញពីឧត្តមគតិរបសគ្រីស្តបរិស័ទទេ។ យើងក៏មិនត្រូវបដិសេធសេចក្តីពិតណាមួយ ឬមិនត្រូវកាត់ផ្នែកណាមួយចេញពីដំណឹងល្អដែរ។ ម៉្យាងទៀត យើងយល់សេចក្តីពិតនីមួយៗកាន់តែច្បាស់ ដោយភ្ជាប់សេចក្តីនោះជាមួយសេចក្តីពិតទាំងប៉ុន្មានឯទៀតៗយ៉ាងស្រួល។ ហេតុនេះ សេចក្តីពិតទាំងប៉ុន្មានមានសុទ្ធតែមានសារៈសំខាន់ និងជួយបំភ្លឺអត្ថន័យទៅវិញទៅមក។ ប្រសិនបើលោកគង្វាលសម្តែងធម្មទេសនាស្របតាមគម្ពីរដំណឹងល្អ សេចក្តីពិតខ្លះមុខជាលេចធ្លោឡើងថា សំខាន់ជាងគេ និងសរឱ្យដឹងច្បាស់ថា សីលធម៌របស់គ្រីស្តបរិស័ទមិនមែនជាសីលធម៌តាមអស់លោកទស្សនវិទូស្ទូអ៊ីកទេ សីលធម៌គ្រីស្តបរិស័ទក៏ពុំគ្រាន់តែជាធម៌តបៈប៉ុណ្ណោះទេ មិនមែនជាការអនុវត្តតាមទស្សនវិទ្យាណាមួយ ហើយក៏មិនគ្រាន់តែជាបញ្ជីអំពើបាប និងការវង្វេងឡើយ។ ជាអាទិ៍ គម្ពីរដំណឹងល្អអញ្ជើញយើងឱ្យតបឆ្លើយនឹងព្រះជាម្ចាស់ដែលស្រឡាញ់យើង និងដែលសង្គ្រោះយើង។ យើងទទួលស្គាល់ព្រះអង្គក្នុងខ្លួនអ្នកដទៃ ដោយមិនគិតតែពីខ្លួនឯងប៉ុណ្ណោះទេ តែយើងស្វែងរកប្រយោជន៍រួមរបស់មនុស្សទាំងអស់។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលអញ្ជើញយើង មិនដែលស្រអាប់នៅគ្រាណាមួយសោះឡើយ។ គុណធម៌ទាំងប៉ុន្មានសុទ្ធតែបម្រើការតបឆ្លើយនឹងព្រះបិតាដែលស្រឡាញ់យើង។ ប្រសិនបើព្រះបន្ទូលអញ្ជើញរបស់ព្រះអង្គមិនលេចមកយ៉ាងខ្លាំង និងមិនទាក់ទាញចិត្តគេទេ សេចក្តីប្រៀនប្រដៅរបស់ព្រះសហគមន៍អំពីសីលធម៌មុខជាអាសារឥតការ។ យើងត្រូវខ្លាចតែសេចក្តីនេះខ្លាំងជាងគេ ព្រោះនៅពេលនោះយើងមិនជូនដំណឹល្អដ៏ពិតប្រាកដទេ តែយើងជូនតែចំណុចខ្លះខាងលទ្ធិជំនឿ ឬខាងសីលធម៌ប៉ុណ្ណោះដែលហូរមកពីមនោគមវិជ្ជារបស់យើង។ សាររបស់យើងមុខជានឹងបាត់បង់ភាពត្រចះត្រចង់ ហើយលែងមានក្លិនក្រអូបនៃដំណឹងល្អពុំខាន។

៤) បេសកកម្មរបស់ព្រះសហគមន៍មានលក្ខណៈទន់ខ្សោយរបស់មនុស្សជាតិ

៤០- ព្រះសហគមន៍ក្នុងឋានៈជាសាវ័ក និងជាសាសនទូតត្រូវបកស្រាយព្រះបន្ទូលដែលព្រះជាម្ចាស់បានសម្តែងមកឱ្យកាន់តែជ្រៅទៅៗ ហើយក៏ត្រូវយល់សេចក្តីពិតកាន់តែច្បាស់ឡើងៗដែរ។ មុខងាររបស់អ្នកបកស្រាយគម្ពីរ និងមុខងាររបស់ទេវវិទូជួយព្រះសហគមន៍ឱ្យរិះគិតពិចារណាកាន់តែជ្រៅទៅៗជាលំដាប់។ មុខវិជ្ជាឯទៀតៗក៏ជួយព្រះសហគមន៍ដែរ។ ឧបមាថា ពេលសម្តេចប៉ាបយ៉ូហាន-ប៉ូលទី២ មានប្រសាសន៍អំពីសង្គមវិទ្យាទាំងប៉ុន្មាន លោកមានប្រសាសន៍ថា ព្រះសហគមន៍ចាប់អារម្មណ៍ចំពោះជំនួយរបស់មុខវិជ្ជាទាំងនោះ ដើម្បីយោងគំនិតដែលជួយព្រះសហគមន៍ឱ្យបំពេញមុខងារបង្រៀនរបស់ខ្លួន។ ម៉្យាងទៀតក្នុងផ្ទៃព្រះសហគមន៍មានបញ្ហាជាច្រើនឥតគណនាដែលគ្រីស្តបរិស័ទតែងរិះគិត និងស្វែងរកដំណោះស្រាយដោយមានសេរីភាពយ៉ាងទូលំទូលាយ។ ទស្សនវិទ្យា ទេវវិទ្យា និងការណែនាំរបស់ព្រះសហគមន៍ក៏អាចជួយព្រះសហគមន៍ឱ្យចម្រើនឡើងដែរ គឺជួយព្រះសហគមន៍ឱ្យបកស្រាយនូវសម្បត្តិ ដែលមានតម្លៃដ៏ថ្លៃប្រសើរបំផុតនៃព្រះបន្ទូលឱ្យកាន់តែច្បាស់។ តែមុខវិជ្ជាទាំងនោះត្រូវបណ្តោយឱ្យព្រះវិញ្ញាណសម្រួលគ្នា ឱ្យគោរពគ្នា និងស្រឡាញ់គ្នាទៅវិញទៅមក។ ចំពោះអ្នកដែលស្រមៃឃើញថា មានតែលទ្ធិជំនឿម៉្យាងគត់ដែលគ្រីស្តបរិស័ទត្រូវការពារដោយដាច់អហង្ការទាំងមិនរិះគិតពិចារណា មុខជាយល់ថា សេចក្តីខ្ញុំនិយាយនេះសុទ្ធតែបណ្តាលឱ្យបែកខ្ញែកគ្នាដោយឥតបានការទេ។ តែតាមពិត សេចក្តីប្លែកៗពីគ្នានោះជួយឱ្យសម្តែង និងពង្រីកអត្ថន័យផ្សេងៗនៃសម្បត្តិដ៏ថ្លៃប្រសើរបំផុតនៃដំណឹងល្អ ដែលមិនចេះអស់មិនចេះហើយ។

៤១- នៅពេលជាមួយគ្នានេះ វប្បធម៌កំពុងតែផ្លាស់ប្តូរយ៉ាងខ្លាំងសម្បើមអស្ចារ្យ និងយ៉ាងលឿន។ ការផ្លាស់ប្តូរទាំងនេះទាមទារឱ្យយើងនៅតែយកចិត្តទុកដាក់រកថ្លែងសេចក្តីពិត ដែលស្ថិតនៅដដែលតាំងពីដើមរៀងមកតាមរបៀបដែលមនុស្សលោកអាចទទួលស្គាល់ថា សេចក្តីទាំងនោះថ្មីជានិច្ច។ ក្នុងលទ្ធិជំនឿរបស់គ្រីស្តសាសនាដែលព្រះគ្រីស្តបានផ្ញើទុកមកឱ្យព្រះសហគមន៍ ត្រូវបំបែកខ្លឹមសារនៃលទ្ធិចេញពីរបៀបពន្យល់លទ្ធិនោះ។ ជួនកាល ព្រះសហគមន៍ថ្លែងអំពីលទ្ធិយ៉ាងតឹ្រមត្រូវ តែគ្រីស្តបរិស័ទស្តាប់ និងយល់ខុសស្រឡះប្លែកពីអត្ថន័យដ៏ពិតប្រាកដនៃដំណឹងល្អរបស់ព្រះយេស៊ូគ្រីស្ត ព្រោះគេធ្លាប់និយាយ និងយល់តាមរបៀបប្លែកពីព្រះសហគមន៍។ យើងមានគោលបំណងល្អចង់ចែកចាយសេចក្តីពិតអំពីព្រះជាម្ចាស់ និងអំពីលក្ខណៈពិសេសរបស់មនុស្សឱ្យគេ ប៉ុន្តែ ក្នុងឱកាសខ្លះយើងដូចជានិយាយអំពីព្រះក្លែងក្លាយមកប្រាប់គេ ឬបង្ហាញឧត្តមគតិដែលមានលក្ខណៈជាមនុស្សសុទ្ធសាធ ដែលមិនមានលក្ខណៈជាគ្រីស្តបរិស័ទទេ។ ដូច្នេះ យើងនិយាយពាក្យត្រឹមត្រូវមែន តែយើងមិនបញ្ជូនខ្លឹមសារដ៏ពិតប្រាកដឱ្យគេទេ។ យើងត្រូវប្រយ័ត្ននឹងការនេះឱ្យមែនទែន។ យើងត្រូវនឹកគិតជានិច្ចថា “របៀបនិយាយអំពីសេចក្តីពិតមានច្រើនបែបច្រើនយ៉ាង យើងត្រូវតែប្រែរបៀបនិយាយនេះឱ្យបានជាថ្មីជាចំាបាច់ ដើម្បីបញ្ជូនបន្តសេចក្តីពិតនៃសារក្នុងដំណឹងល្អ ដែលនៅស្ថិតស្ថេររហូតដល់មនុស្សនាបច្ចុប្បន្នកាល ដើម្បីឱ្យអាចទទួលបាន”

៤២- ប្រសិនបើយើងពិតជាផ្ចង់ចិត្តចង់ធ្វើឱ្យមនុស្សទាំងអស់ទទួលដំណឹងល្អ និងទទួលស្គាល់សោភ័ណភាពនៃដំណឹងល្អនេះ សេចក្តីនេះមានសារៈសំខាន់ជាខ្លាំងក្នុងការជម្រាបជូនដំណឹងល្អនេះ។ ប៉ុន្តែ ទោះជាយ៉ាងណាក្តីក៏យើងមិនអាចធ្វើឱ្យគេយល់ច្បាស់អំពីការប្រៀនប្រដៅរបស់ព្រះសហគមន៍យ៉ាងងាយស្រួលទេ និងធ្វើឱ្យគេចូលចិត្តគ្រប់គ្នាដែរ។ ជំនឿនៅតែមានលក្ខណៈខ្លះពិបាកទទួល ដូចជាឈើឆ្កាងម៉្យាង គឺទោះបីយើងផ្ចង់ចិត្តយ៉ាងមាំមួននឹងព្រះជាម្ចាស់ក្តី ក៏ជំនឿនៅតែមានភាពងងឹតខ្លះជាប់ជាមួយដែរ។ ប៉ុន្តែយើងយល់ និងចូលចិត្តសេចក្តីខ្លះមកពីយើងផ្ចង់ចិត្តយ៉ាងមាំមួន ដូចជាស្រឡាញ់សេចក្តីទាំងនោះហើយ។ ជំនឿនៅតែហួសពីពន្លឺដែលធ្វើឱ្យយើងអាចយល់ហេតុផល និងសេចក្តីពន្យល់បាន។ ហេតុនេះហើយ បានជាយើងត្រូវនឹកជានិច្ចថា ពេលយើងបង្រៀនលទ្ធិគ្រីស្តសាសនា យើងត្រូវមានបំណងចង់ជម្រាបជូនដំណឹងល្អ គឺយើងដាស់តឿនឱ្យជក់ចិត្តចង់ទទួលដោយយើងរស់នៅក្បែរគេ ស្រឡាញ់គេ និងផ្តល់សក្ខីភាពឱ្យគេ។

៤៣- ព្រះសហគមន៍តែងតែរិះគិតពិចារណាជានិច្ច។ ជួនកាលព្រះសហគមន៍បានទទួលទំនៀមទម្លាប់ដែលមិនភ្ជាប់ចំៗនឹងស្នូលនៃដំណឹងល្អ។ នៅបច្ចុប្បន្នកាលព្រះសហគមន៍តែងតែប្រព្រឹត្តតាមទំនៀមទម្លាប់ ដែលចាក់ឫសយ៉ាងជ្រៅក្នុងដំណើរនៃប្រវត្តិសាស្រ្ត។ ប៉ុន្តែ មនុស្សតែងតែយល់អត្ថន័យទំនៀមទម្លាប់ទាំងនោះតាមរបៀបផ្សេងពីសម័យមុនៗ ជួនកាល គេក៏មិនយល់អំពីសារនៃទំនៀមទម្លាប់ទាំងនោះយ៉ាងត្រឹមត្រូវថែមទៀតដែរ។ ប្រហែលទំនៀមទម្លាប់ទាំងនោះល្អប្រពៃ តែសព្វថ្ងៃវាមិនបម្រើការបញ្ជូនបន្តដំណឹងល្អដូចកាលពីមុនទេ។ យើងមិនត្រូវខ្លាចប្រែសម្រួលទំនៀមទម្លាប់ទាំងនោះឱ្យសោះ។ យ៉ាងណាមិញ មានច្បាប់ និងវិន័យក្នុងព្រះសហគមន៍ដែលមានប្រសិទ្ធភាពយ៉ាងខ្លាំងនៅជំនាន់មុនៗ តែសព្វថ្ងៃ គ្មានប្រយោជន៍ក្នុងការអប់រំដូចពីមុនៗទេ គឺមិននាំជីវិតមកឱ្យគេទេ។ សន្តថូម៉ាសនៅអាគីណូតែងបញ្ជាក់ថា ព្រះគ្រីស្ត និងក្រុមគ្រីស្តទូតបានផ្តល់វិន័យតែមួយចំនួនតូចទេឱ្យប្រជារាស្រ្តរបស់ព្រះជាម្ចាស់កាន់តាម។ លោកក៏ចែងអំពីសេចក្តីដែលសន្តអូហ្គូស្តាំងបានសរសេរថា៖ “យើងត្រូវចេះប្រមាណ កុំបង្ខំឱ្យគេកាន់តាមវិន័យដែលព្រះសហគមន៍បានបន្ថែមនៅជំនាន់ក្រោយៗខ្លាំងពេក កុំនាំឱ្យគ្រីស្តបរិស័ទពិបាករស់នៅ កុំឱ្យគ្រីស្តសាសនាយើងបណ្តាលឱ្យគេក្លាយទៅជាទាសករឡើយ។ ផ្ទុយទៅវិញ ព្រះជាម្ចាស់ប្រកបដោយព្រះហឫទ័យមេត្តាករុណា ចង់ឱ្យគ្រីស្តសាសនាយើងនាំឱ្យមនុស្សបានសេរីភាព”។ លោកទូន្មានបែបនេះជាយូរសតវត្សរ៍មកហើយ ប៉ុន្តែ សព្វថ្ងៃយើងត្រូវចាប់អារម្មណ៍នឹងសេចក្តីនេះឱ្យមែនទែន។ គួរឱ្យយើងយកពាក្យទូន្មាននេះ ធ្វើជាគោលនៅពេលយើងរិះគិតអំពីការកែទម្រង់ព្រះហគមន៍ និងអំពីការប្រែរបៀបសម្តែងដំណឹងល្អ ដែលអាចទៅកាន់មនុស្សទាំងអស់យ៉ាងពិតប្រាកដបាន។

៤៤- ម៉្យាងទៀតទាំងគង្វាលក្តី ទាំងគ្រីស្តបរិស័ទដែលណែនាំបងប្អូនក្នុងជំនឿ ឬតាមផ្លូវស្វែងរកព្រះជាម្ចាស់ក្តី មិនត្រូវបំភ្លេចសេចក្តីចែងយ៉ាងច្បាស់ក្នុង “លទ្ធិជំនឿនៃគ្រីស្តសាសនាកាតូលិក” គឺថា៖ “អវិជ្ជា ការមិនប្រយ័ត្នប្រយែង ហិង្សា សេចក្តីភ័យខ្លាច ទំនៀមទម្លាប់ កិលេសតណ្ហាហួសកម្រិត និងមូលហេតុផ្សេងៗមកពីចិត្តគំនិត ឬមកពីសង្គមអាចបន្ថយ ឬលុបបំបាត់ទំនួលខុសត្រូវរបស់មនុស្សម្នាក់ៗលើកិច្ចការណាមួយដែលគេធ្វើនោះ។ ជួនកាលក៏មិនត្រូវទម្លាក់ទោសលើគេឡើយ”  (លជ ១៧៣៥)។ ហេតុនេះហើយ បានជាយើងត្រូវមានមេត្តាករុណា និងចិត្តអត់ធ្មត់ជូនដំណើរមនុស្សដែលកំពុងតែចម្រើនឡើង និងកំពុងកសាងខ្លួនតាមដំណាក់កាលផ្សេងៗជារៀងរាល់ថ្ងៃ តាមគេអាចធ្វើបាន។ ក៏ប៉ុន្តែ មិនត្រូវបន្ថោកបន្ថយតម្លៃនៃឧត្តមគតិរបស់ដំណឹងល្អទេ ខ្ញុំសូមរំឭកអស់លោកគង្វាលថា ពេលគ្រីស្តបរិស័ទមកទទួលអគ្គសញ្ញាលើកលែងទោស កុំធ្វើទារុណកម្មដល់គេឱ្យសោះ តែផ្ទុយទៅវិញ ចូរសម្តែងព្រះហឫទ័យមេត្តាករុណារបស់ព្រះអម្ចាស់ដល់គេ គឺព្រះអង្គលើកស្ទួយយើងឱ្យប្រព្រឹត្តអំពីល្អដែលយើងអាចធ្វើបាន។ ប្រហែលព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងមនុស្សម្នាក់ ដែលបោះជំហានខ្លីមួយ ទាំងជួបភាពខ្សោយយ៉ាងខ្លាំងក្នុងខ្លួន ជាងគាប់ព្រះហឫទ័យនឹងមនុស្សដែលរស់នៅយ៉ាងត្រឹមត្រូវខាងក្រៅ តែមិនជួបការលំបាកដ៏ធំៗប្រចាំថ្ងៃទេ។ ព្រះជាម្ចាស់មានព្រះហឫទ័យស្រឡាញ់ចង់សង្គ្រោះមនុស្សលោក ព្រះអង្គក៏បំពេញសកម្មភាពយ៉ាងស្ងាត់កំបាំងក្នុងចិត្តមនុស្សម្នាក់ៗហួសពីគុណវិបត្តិ និងពីបទល្មើសរបស់គេ។ ត្រូវបណ្តោយឱ្យព្រះហឫទ័យស្រឡាញ់នោះសម្រាលទុក្ខគេ និងទៅជាទ្រនិចដាស់តឿនគេឱ្យឈានទៅខាងមុខ។

៤៥- ដូច្នេះ យើងយល់ឃើញថា ការប្តេជ្ញាចិត្តជម្រាបជូនដំណឹងល្អស្ថិតនៅក្នុងព្រំដែននៃពាក្យសម្តីរបស់មនុស្ស និងតាមព្រំដែនសភាពការណ៍ដែលគេរស់នៅដែរ។ អ្នកប្តេជ្ញាចិត្តជម្រាបជូនដំណឹងល្អត្រូវខិតខំរកមធ្យោបាយចែកចាយសេចក្តីពិតនៃដំណឹងល្អ ស្របតាមបរិបទជាក់ច្បាស់ដែលមនុស្សរស់នៅ។ ក៏ប៉ុន្តែ មិនត្រូវលះបង់សេចក្តីពិតលះបង់អំពើល្អ និងពន្លឺចោលទេ គឺសេចក្តីពិត អំពើល្អ និងពន្លឺដែលយើងអាចនាំមកដល់គេ ព្រោះគេមិនទាន់អាចទៅជាមនុស្សពេញលក្ខណៈបាននៅឡើយ។ គ្រីស្តបរិស័ទដែលមានចិត្តជាសាសនទូតតែងតែស្គាល់ព្រំដែនទាំងនោះ ហើយ “ដាក់ខ្លួនជាអ្នកទន់ខ្សោយជាមួយមនុស្សទន់ខ្សោយ… ធ្វើឱ្យបានដូចមនុស្សទាំងអស់” (១ករ ៩,២២)។ អ្នកនោះមានចិត្តទូលាយមិនឈប់ទទួលគេទេ មិនទៅពឹងលើ សេចក្តីដែលគាត់ជឿជាក់ទុកជាជម្រកដ៏មាំមួន ហើយក៏គ្មានចិត្តរឹងរូសដូចអ្នកដែលចង់តែការពារខ្លួនឯងដែរ។ គាត់ដឹងទៀត ថា ខ្លួនត្រូវយល់គម្ពីរដំណឹងល្អឱ្យកាន់តែច្បាស់ឡើងៗ ហើយក៏ត្រូវរិះគិតពិចារណារកផ្លូវតូចនៃព្រះវិញ្ញាណកាន់តែច្បាស់ ដែរ។ ហេតុនេះហើយ បានជាទោះបីគាត់ប្រថុយប្រឡាក់ខ្លួនដោយភក់នៅតាមផ្លូវក្តី ក៏គាត់មិនឈប់ធ្វើអំពើល្អដែលគាត់អាចធ្វើបាន។

៥) ព្រះសហគមន៍ជាម្តាយដែលមានចិត្តទូលាយទទួលមនុស្សជានិច្ច

៤៦- ព្រះសហគមន៍ដែលចេញទៅរកមនុស្សលោក ពិតជាម្តាយដែលមានចិត្តទូលាយ សុខចិត្តទទួលគេជានិច្ច។ ពាក្យថា  “ចេញទៅរកអ្នកដទៃដែលរស់នៅតាមជាយសង្គម” មិនមានន័យថា ត្រូវរត់ទៅរកមនុស្សលោកដោយគ្មានទិសដៅទេ ឬទៅរកទិសណាក៏បានដែរ។ ធម្មតា ត្រូវបន្ថយល្បឿន ត្រូវលែងភ័យខ្លាច ដើម្បីសម្លឹងមើលគេ ភ្នែកចំភ្នែក និងស្តាប់គេ។ ជួនកាល ត្រូវលះបង់ការបន្ទាន់ចោល ដើម្បីជូនដំណើរអ្នកដែលនៅតាមចញ្ចើមផ្លូវនៅឡើយ។ ជួនកាល ត្រូវប្រព្រឹត្តដូចឪពុករបស់កូនដែលវង្វេង គឺត្រូវទុកទ្វារបើកចំហឱ្យកូនអាចចូលបានយ៉ាងស្រួលនៅពេលកូនវិលត្រឡប់មកវិញ។

៤៧- ព្រះជាម្ចាស់ត្រាស់ហៅព្រះសហគមន៍ឱ្យទៅជាផ្ទះរបស់ព្រះបិតា ដែលទុកទ្វារបើកទទួលមនុស្សជានិច្ច។ សញ្ញាសម្គាល់បញ្ជាក់យ៉ាងច្បាស់ថា ព្រះសហគមន៍ជាផ្ទះបែបនេះ គឺឱ្យមានព្រះវិហារបើកទ្វារជានិច្ច។ ដូច្នេះ ប្រសិនបើមនុស្សម្នាក់ចង់មកតាមព្រះវិញ្ញាណដែលជំរុញ ហើយចង់ចូលមកនមស្ការព្រះជាម្ចាស់ គេអាចចូលបាន។ ប្រសិនបើទ្វារនៅបិទជិតគេមុខជាខកចិត្តយ៉ាងខ្លាំងពុំខាន។ ប៉ុន្តែ ត្រូវទុកឱ្យទ្វារឯទៀតៗនៅបើកដែរ គឺថា មនុស្សទាំងអស់អាចចូលរួមក្នុងការរស់នៅរបស់ព្រះសហគមន៍តាមរបៀបផ្ទាល់ខ្លួន គេទាំងអស់គ្នាក៏អាចចូលរួមជាសមាជិកនៃសហគមន៍បានដែរ។ សូម្បីតែទ្វារនៃអគ្គសញ្ញាក៏មិនត្រូវបិទដាក់គេ ដោយមូលហេតុណាក៏ដោយ។ ខ្ញុំនិយាយសេចក្តីនេះ ជាពិសេស ចំពោះអគ្គសញ្ញាជ្រមុជទឹកដែលជាទ្វារនាំចូលទៅកាន់ជីវិត។ អគ្គសញ្ញាអរព្រះគុណ ទោះបីជាជីវិតដ៏ពេញលក្ខណៈខាងអគ្គសញ្ញាក្តី ក៏អគ្គសញ្ញាអរព្រះគុណនេះមិនមែនជារង្វាន់ចែកដល់មនុស្សដ៏ពេញលក្ខណៈទេ តែជាឱសថតាមសទ្ធាជ្រះថ្លារបស់ព្រះបិតា និងជាអាហារសម្រាប់មនុស្សទន់ខ្សោយ។ ក្នុងការណែនាំគ្រីស្តបរិស័ទត្រូវអនុវត្តតាមគោលការណ៍ទាំងនេះដែលយើងជឿជាក់ គឺយើងត្រូវរិះគិតដល់ការណែនាំរបស់យើងដោយប្រុងប្រយ័ត្ន និងដោយសេចក្តីក្លាហាន។ ជួនកាល យើងប្រព្រឹត្តដូចជាយើងជាអ្នកដែលចង់ឆែកឆេរព្រះហឫទ័យប្រោសប្រណីរបស់ព្រះជាម្ចាស់ មិនមែនដូចជាអ្នកដែលជួយមនុស្សឱ្យទទួលព្រះហឫទ័យប្រោសប្រណីនោះទេ។ ព្រះសហគមន៍មិនប្រៀបដូចជាមន្ទីរមួយទេ តែប្រៀបដូចជាផ្ទះរបស់ឪពុក ដែលមានកន្លែងសម្រាប់កូនម្នាក់ៗអាចមករស់នៅបាន ជាពិសេស សម្រាប់កូនដែលរស់នៅយ៉ាងសែនពិបាក។

៤៨­- ប្រសិនបើព្រះសហគមន៍ទាំងមូលសុខចិត្តធ្វើតាមកម្លាំងដែលជំរុញឱ្យទៅជាសាសនទូតមែននោះ ត្រូវឱ្យព្រះសហគមន៍ទៅកាន់មនុស្សទាំងអស់ ដោយមិនចោលនរណាឱ្យសោះ។ តើព្រះសហគមន៍ត្រូវជម្រាបជូនដំណឹងល្អឱ្យនរណាមុនគេ? អ្នកអានគម្ពីរដំណឹងល្អមុខជាឃើញគោលការណ៍យ៉ាងច្បាស់ គឺត្រូវចាប់អារម្មណ៍យ៉ាងពិសេសចំពោះអ្នកក្រីក្រ ចំពោះជនពិការ និងចំពោះអស់អ្នកដែលត្រូវគេមើលងាយ និងដែលគ្មាននរណារាប់រក។ ត្រូវចាប់អារម្មណ៍នឹង “អស់ជនណាដែលពុំអាចតបស្នងអ្នកបានឡើយ” (លក ១៤,១៤)។ ត្រូវចាប់អារម្មណ៍នឹងអ្នកទាំងនោះ ជាជាងចាប់អារម្មណ៍នឹងមិត្តសម្លាញ់ ហើយអ្នកជិតខាងជាអ្នកមាន។ មិនត្រូវមានមន្ទិលសង្ស័យអ្វីទៀតឡើយ។ មិនត្រូវមានមូលហេតុ ឬសេចក្តីពន្យល់ដែលបណ្តាលឱ្យការប្រៀនប្រដៅរបស់ព្រះយេស៊ូនេះអន់ឡើយ។ សព្វថ្ងៃ ក៏ដូចកាលពីមុន និងនៅពេលក្រោយទៀតដែរ គឺ “ត្រូវចាត់អ្នកក្រីក្រទុកជាអ្នកដែលត្រូវទទួលដំណឹងល្អមុនគេ”។ ការជម្រាបជូនដំណឹងល្អដល់អ្នកក្រីក្រដោយមិនរកប្រយោជន៍អ្វី ពិតជាសញ្ញាសម្គាល់អំពីព្រះរាជ្យដែលព្រះយេស៊ូនាំមក។ យើងត្រូវប្រកាសបញ្ជាក់ដោយមិនវៀចវេរថា ជំនឿគ្រីស្តសាសនាយើង និងអ្នកក្រីក្រមានទំនាក់ទំនងដែលមិនអាចបំបែកគ្នាបានឡើយ។ កុំទុកគេចោលឱ្យរស់នៅដាច់ពីគេឡើយ។

៤៩- យើងត្រវចាកចេញទៅ! ត្រូវចាកចេញទៅ! ដើម្បីយកព្រះជន្មរបស់ព្រះយេស៊ូគ្រីស្តជូនដល់មនុស្សទាំងអស់។ នៅពេលនេះខ្ញុំសូមនិយាយម្តងទៀតមកកាន់ព្រះសហគមន៍ទាំងមូល នូវអ្វីៗដែលខ្ញុំបានប្រាប់ជាច្រើនលើកដល់ក្រុមគង្វាល និងគ្រីស្តបរិស័ទធម្មតានៅក្រុងប៊ួអេណូសអៃរែសថា៖ ខ្ញុំចូលចិត្តព្រះសហគមន៍មួយដែលត្រូវរងគ្រោះ និងដែលត្រូវរបួស ហើយដែលជាប់សៅហ្មង ដោយបានចាកចេញទៅកាន់ផ្លូវតូច ជាជាងព្រះសហគមន៍ដែលកំពុងតែមានជំងឺ ដោយបានបិទផ្លូវមិនឱ្យអ្នកដទៃអាចចូលបាន ហើយមិនព្រមលះបង់ការស្រណុករបស់ខ្លួន និងយកសេចក្តីដែលខ្លួនជឿជាក់ធ្វើជាជម្រកដ៏មាំមួយ។ ខ្ញុំមិនចង់បានព្រះសហគមន៍ដែលតែងនឹកគិតថា មានតែខ្លួនឯងទេទើបសំខាន់ ហើយដែលជាប់ឃុំឃាំងដោយសារតែបណ្តាវិន័យនិងច្បាប់ដ៏ស្មុគស្មាញ។ យើងត្រូវបារម្ភតាមរបៀបព្រះជាម្ចាស់ និងត្រូវព្រួយក្នុងមនសិការ គឺត្រូវព្រួយបារម្ភដោយមានបងប្អូនជាច្រើនអនេករស់នៅដោយគ្មានកម្លាំង គ្មានពន្លឺ និងទទួលការសម្រាលទុក្ខដែលមកពីព្រះយេស៊ូស្រឡាញ់គេ។ យើងត្រូវព្រួយក្នុងមនសិការដោយគ្មានសហគមន៍រួមជំនឿណាទទួលគេ ដោយជីវិតគេគ្មានទិសដៅ និងគ្មានអត្ថន័យ។ ខ្ញុំសង្ឃឹមថា យើងត្រូវភ័យខ្លាចយ៉ាងខ្លាំងជាងគេ ដោយយើងជាប់នឹងរចនាសម្ពន្ធរបស់ព្រះសហគមន៍ដែលឃុំឃាំងយើង និងដែលបណ្តាលឱ្យយើងនឹកស្មានខុសថា រចនាសម្ពន្ធទាំងនោះអាចរក្សាការពារយើងបាន។ យើងមិនត្រូវជាប់ឃុំឃាំងក្នុងបណ្តាវិន័យ និងច្បាប់ដែលបណ្តាលឱ្យយើងក្លាយទៅជាចៅក្រមឥតមេត្តា។ យើងត្រូវភ័យខ្លាចថា ព្រះសហគមន៍ភ្ជាប់នឹងទម្លាប់ដែលធ្វើឱ្យយើងរស់នៅយ៉ាងស្រណុក ដោយគ្មាននរណារំខាន ប៉ុន្តែ នៅខាងក្រៅមានមនុស្សជាច្រើនឥតគណនាកំពុងស្រេកឃ្លាន ហើយមានព្រះយេស៊ូនៅតែមានព្រះបន្ទូលឥតឈប់ឈរថា៖ “ចូរយកម្ហូបអាហារឱ្យគេបរិភោគទៅ!” (មក ៦,៣៧)។ យើងត្រូវខ្លាចគ្រោះ អន្តរាយទាំងនោះ ជាជាងខ្លាចការវង្វេង។ 

ជំពូក ២
វិបត្តិក្នុងការបេ្តជ្ញាចិត្ត

***

៥០- មុននឹងចែងអំពីបញ្ហាខ្លះៗដែលជាគ្រឹះក្នុងកិច្ចការជម្រាបជូនដំណឹងល្អ យើងត្រូវរំឭកយ៉ាងខ្លីអំពីបរិបទយើងរស់នៅ និងបំពេញសកម្មភាព។ សព្វថ្ងៃ មានគេធ្លាប់និយាយថា មនុស្សរកមូលហេតុច្រើនពេកអំពីវិបត្តិនាបច្ចុប្បន្ន តែគេមិនផ្តល់យោបល់ ដើម្បីដោះស្រាយបញ្ហយ៉ាងពិតប្រាកដបាន។ ម៉្យាងទៀត មានអ្នកស្រាវជ្រាវពិនិត្យមើលសភាពការណ៍ខ្លះគិតតែតាមផ្នែកសង្គមវិទ្យាទាំងអួតអាងថា ខ្លួនអាចយល់ឃើញអំពីសភាពការណ៍ទាំងមូលបានតាមវិជ្ជារបស់គេ ទាំងស្មានថា គេអព្យាក្រិត្យតែមិនប្តេជ្ញាចិត្តឱ្យធ្វើអ្វីសោះ របៀបស្រាវជ្រាវនេះមិនអាចជួយយើងបានទេ។ ខ្ញុំសូមជូនយោបល់តាមរបៀបពិចារណា ដែលហូរពីដំណឹងល្អមក។ ខ្ញុំសម្លឹងមើលមនុស្សលោកក្នុងឋានៈជាសាវ័កដែលជាសាសនទូត ដែល “ព្រះវិញ្ញាណបំភ្លឺចិត្តគំនិត និងគាំទ្រទៀតផង”

៥១- អភិបាលព្រះសហគមន៍ក្រុងរ៉ូមគ្មានមុខនាទីវិភាគយ៉ាងល្អិតល្អន់ និងពេញលេញនូវសភាពការណ៍របស់មនុស្សលោកនាបច្ចុប្បន្នកាលនេះទេ តែខ្ញុំសូមដាស់តឿន និងអង្វរគ្រប់សហគមន៍ឱ្យ “ចាប់អារម្មណ៍នឹងសញ្ញាសម្គាល់នៃពេលវេលា” ជានិច្ច។នេះជាទំនួលខុសត្រូវដ៏ធ្ងន់ធ្ងរ ព្រោះថា ប្រសិនបើយើងមិនរកដំណោះស្រាយបញ្ហាខ្លះៗយ៉ាងត្រឹមត្រូវទេ វាអាចបណ្តាលឱ្យកើតសភាពការណ៍ ដែលនាំឱ្យមនុស្សបាត់បង់កិត្តិយសដ៏ថ្លៃថ្នូររបស់ខ្លួនជាមនុស្ស។ នៅពេលក្រោយ ពិបាកថយក្រោយវិញ។ ហេតុនេះ គួរឱ្យយើងបញ្ជាក់អំពីអ្វីជាផលនៃព្រះរាជ្យ និងអំពីអ្វីដែលឃាត់ឃាំងគម្រោងការរបស់ព្រះជាម្ចាស់។ យើងមិនគ្រាន់តែត្រូវស្គាល់ និងស្វែងរកអត្ថន័យអំពីលម្អៀងមកពីគំនិតល្អ ឬមកពីគំនិតអាក្រក់ប៉ុណ្ណោះទេ តែយើងត្រូវជ្រើសរើសលម្អៀងមកពីគំនិតល្អដែលអាចណែនាំយើង ហើយលះបង់លម្អៀងមកពីគំនិតអាក្រក់វិញ ទើបជាប្រការចាំបាច់បំផុត ដែលអាចជួយឱ្យយើងសម្រចចិត្តធ្វើអ្វីបាន។ ខ្ញុំសូមរិះគិតតាមការវិភាគដែលមានចែងក្នុងឯកសារឯទៀត នៃការបង្រៀនរបស់ព្រះសហគមន៍សកល និងការវិភាគនៃក្រុមអភិបាលតាមតំបន់ និងតាមប្រទេស។ ក្នុងពាក្យដាស់តឿននេះ ខ្ញុំមានបំណងគ្រាន់តែឱ្យរិះគិតយ៉ាងខ្លីៗអំពីបញ្ហាខ្លះៗនៃសភាពការណ៍បច្ចុប្បន្ន ដោយពិនិត្យតាមបែបជាអ្នកណែនាំព្រះសហគមន៍។ ខ្ញុំសូមរិះគិតតែអំពីបញ្ហាដែលអាចឃាត់ដំណើរ ឬធ្វើឱ្យថាមពលនៃការប្រែសម្រួលជាថ្មីរបស់សាសនទូតបានអន់ថយក្នុងព្រះសហគមន៍។ បញ្ហាទាំងនោះពាក់ព័ន្ធនឹងការរស់នៅ និងកិត្តិយសដ៏ថ្លៃថ្នូររបស់ប្រជារាស្រ្តរបស់ព្រះជាម្ចាស់ ហើយក៏មានឥទ្ធិពលចំៗលើអស់អ្នកដែលចូលរួមក្នុងស្ថាប័នរបស់ព្រះសហគមន៍ ហើយដែលបំពេញមុខងារជាសាសនទូត។

១) ព្រះសហគមន៍ត្រូវប្រឈមមុខនឹងការពិបាកខ្លះក្នុងពិភពលោកនាបច្ចុប្បន្នកាល

៥២- បច្ចុប្បន្នកាលពិតជាសម័យដ៏សំខាន់បំផុតក្នុងប្រវត្តិសាស្រ្ត គឺមានការចម្រើនក្នុងវិស័យជាច្រើន។ យើងអាចសរសើរការអភិវឌ្ឍន៍ទាំងនោះ ដែលបានជួយឱ្យមនុស្សអាចរស់នៅដោយសេចក្តីសុខសាន្តបាន មានវិស័យសុខាភិបាល វិស័យអប់រំ និងវិស័យទូរគមនាគមន៍ជាដើម។ ក៏ប៉ុន្តែ យើងមិនត្រូវបំភ្លេចថា នៅសម័យបច្ចុប្បន្ន បុរស និងស្ត្រីភាគច្រើនជាងគេរស់នៅក្នុងភាពក្រីក្រជាស្ថានភាពបណ្តាលឱ្យមានលទ្ធផលអាក្រក់។ មានជំងឺខ្លះកើនចំនួនឡើង គឺសូម្បីតែក្នុងប្រទេសហៅថា ប្រទេសមានក្តី ក៏មនុស្សជាច្រើនចេះតែភ័យខ្លាច និងអស់សង្ឃឹមដែរ។ អំណរសប្បាយក្នុងការរស់នៅបានរលត់សូន្យទៅ គេមិនគោរពគ្នាទៅវិញទៅមក មានហិង្សាកាន់តែច្រើនឡើងៗ ហើយវណ្ណៈក្នុងសង្គមកាន់តែដាច់ពីគ្នាដែរ។ ត្រូវតស៊ូដើម្បីរស់ ហើយជាញឹកញាប់ត្រូវតស៊ូដើម្បីរស់ ដោយមិនសូវមានកិត្តិយសជាមនុស្សប៉ុន្មានទេ។ ការផ្លាស់ប្តូរយុគសម័យកើតមកដោយការលោតផ្លោះដ៏សម្បើមអស្ចារ្យត្រង់គុណភាពផលិតផល ត្រង់បរិមាណឥវ៉ាន់ ត្រង់ល្បឿនក្នុងការធ្វើដំណើរ និងត្រង់ការប្រមូលទ្រព្យ។ យើងអាចសង្កេតឃើញថា វិទ្យាសាស្រ្តចម្រើន និងបចេ្ចកទេសថ្មីៗក៏កើតឡើងដែរ បញ្ជាក់អំពីការលោតផ្លោះនេះ។ ជាពិសេសគេយកវិទ្យាសាស្ត្រ និងបចេ្ចកទេសថ្មីៗនេះមកអនុវត្តក្នុងវិស័យនៃធម្មជាតិ និងក្នុងវិស័យនៃជីវិតយ៉ាងឆាប់រហ័ស។ យើងរស់នៅក្នុងសម័យនៃចំណេះដឹង និងព័ត៌មានវិទ្យាដែលជាអំណាចបែបថ្មី ហើយជាញឹកញាប់ ជាអំណាចអនាមិកទៀតផង។

ទេ! យើងមិនព្រមឱ្យសេដ្ឋកិច្ចយកមនុស្សមួយចំនួនដាក់ដោយឡែកពីសង្គម

៥៣- វិន័យដែលចែងថា “កុំសម្លាប់មនុស្ស” តែងតាំងព្រំដែនយ៉ាងច្បាស់ ដើម្បីធានាតម្លៃដ៏ថ្លៃថ្នូរនៃជីវិតមនុស្ស។ យ៉ាងណាមិញ យើងត្រូវនិយាយថា “ទេ! យើងមិនព្រមនឹងសេដ្ឋកិច្ចមួយណាដែលយកមនុស្សមួយចំនួនដាក់ដោយដាច់ឡែកពីសង្គម”។ សេដ្ឋកិច្ចបែបនេះពិតជាសម្លាប់មនុស្ស។ កាសែតមិនដែលផ្សព្វផ្សាយអំពីមនុស្សចាស់ជរាម្នាក់រស់នៅឯកា ត្រូវគេចោលនៅតាមផ្លូវនៃទីក្រុង ហើយត្រូវស្លាប់ដោយភាពរងារទេ។ គេមិនផ្សព្វផ្សាយរឿងនេះ ព្រោះមិនមែនជាព័ត៌មានមួយគួរឱ្យចាប់អារម្មណ៍ទេ។ ផ្ទុយទៅវិញ ប្រសិនបើពិន្ទុនៃតម្លៃមួយនៅផ្សារអន្តរជាតិធ្លាក់ចុះ គេផ្សព្វផ្សាយភ្លាមទុកជាព័ត៌មានគួរឱ្យចាប់អារម្មណ៍។ ធ្វើដូច្នេះ ពិតជាគេយកមនុស្សមួយចំនួនមកដាក់ដាច់ដោយឡែកពីសង្គម! យើងឃើញគេចោលចំណីអាហារជាច្រើន ប៉ុន្តែ នៅពេលដដែលនោះ មានមនុស្សជាច្រើនដាច់ពោះស្លាប់ដោយការអត់ឃ្លាន។ យើងមិនអាចស៊ូទ្រាំនឹងសភាពការណ៍នេះបានទេ។ សភាពការណ៍នេះសរឱ្យដឹងថា វណ្ណៈក្នុងសង្គមខុសប្លែកគ្នាពេក! សព្វថ្ងៃមនុស្សត្រូវប្រណាំងប្រជែងគ្រប់យ៉ាង គឺអ្នកខ្លាំងពូកែជាងគេមានសិទ្ធិបង្ក្រាបអ្នកទន់ខ្សោយ អ្នកមានកម្លាំងមានសិទ្ធិបំផ្លាញអ្នកទន់ខ្សោយវិញ។ សភាពការណ៍នេះបង្កើតលទ្ធផលដូចតទៅ គឺប្រជាជនភាគច្រើនរស់នៅដោយឡែកដាច់ពីសង្គម ឬរស់នៅតាមជាយសង្គម។ គេគ្មានការងារធ្វើ គ្មានទិសដៅសម្រាប់អនាគតនៃជីវិតរបស់គេ គេគ្មានច្រកចេញរួចបាន។ មតិមហាជនរាប់មនុស្សទុកជាទ្រព្យសម្បត្តិសម្រាប់ឱ្យគេប្រើប្រាស់ រួចលះបង់ចោលទុកជាសំរាម។ យើងចាប់ផ្តើមរស់នៅតាមវប្បធម៌នៃ “សំរាម” ហើយក៏បានលើកតម្កើងវប្បធម៌នេះថែមទៀតផង។ សភាពការណ៍ដែលកើតឡើងថ្មីនេះ គឺមនុស្សមិនគ្រាន់តែជិះជាន់មនុស្ស ឬសង្កត់សង្កិនគេប៉ុណ្ណោះទេ តែសង្គមយកមនុស្សមួយចំនួនមកដាក់ឱ្យរស់នៅដោយឡែកដាច់ពីគេតែម្តង។ កាលពីជំនាន់មុនៗមានអ្នកក្រីក្រ មានវណ្ណៈអធនរស់នៅយ៉ាងថោកទាបជាងគេនៅជាយសង្គម ហើយគេគ្មានអំណាច។ រីឯសភាពការណ៍ថ្មីនេះវិញ ប៉ះពាល់ដល់គ្រឹះនៃការរួមរស់ក្នុងសង្គមតែម្តង ព្រោះអ្នកដែលគេទាត់ចោលទាំងនោះរស់នៅខាងក្រៅ មិនគ្រាន់តែរស់នៅក្នុងវណ្ណៈទាបប៉ុណ្ណោះទេ។ អ្នកទាំងនោះរស់នៅដោយឡែកដាច់ពីសង្គម មិនគ្រាន់ជាអ្នកដែលត្រូវគេជិះជាន់ប៉ុណ្ណោះទេ តែត្រូវគេរាប់ទុកជា “សំរាម” ឬជា “សំណល់” តែម្តង។

៥៤- ក្នុងបរិបទនេះមានអ្នកខ្លះអះអាងលើទ្រឹស្តីថា “មនុស្សធ្លាក់ក្រ ទើបគេអាចចម្រើនឡើងវិញបានល្អ”។ អ្នកទាំងនោះស្មានថា ពេលសេដ្ឋកិច្ចលូតលាស់ឡើងម្ដងៗ ដោយមានផ្សារសេរីជួយគាំទ្រមុខជាមនុស្សកាន់តែស្មើគ្នា និងកាន់តែរួមចូលក្នុងសង្គម។ ប៉ុន្តែ ព្រឹត្តិការណ៍ដែលកើតឡើងមិនគាំទ្រទ្រឹស្តីនេះទេ តែមនុស្សឆាប់ជឿទ្រឹស្តីនេះ ហើយចាញ់បោកគេទាំងទុកចិត្តផ្តេសផ្តាសថា អស់លោកអ្នកដែលកាន់អំណាចខាងសេដ្ឋកិច្ចមានចិត្តសប្បុរស។ គេក៏ទុកចិត្តលើប្រព័ន្ធសេដ្ឋកិច្ចដែលត្រួតត្រាមនុស្សលោកសព្វថ្ងៃ។ គេគោរពប្រព័ន្ធសេដ្ឋកិច្ចទាំងនោះទុកជាព្រះមួយអង្គដែលត្រួតត្រាពិភពលោក។ នៅពេលជាមួយគ្នានេះ អ្នកដែលរស់នៅដាច់ដោយឡែកពីសង្គមនៅតែរង់ចាំជានិច្ច។ មនុស្សមួយចំនួនបានបង្កើត “សកលភាវូបនីយកម្មនៃការមិនអើពើនឹងអ្នកដទៃ” ដើម្បីបន្តរបៀបរស់នៅដែលយកមនុស្សមួយចំនួនទុកដោយឡែក និងដើម្បីសម្រើបចិត្តដោយឧត្តមគតិ អត្តទត្ថបុគ្គលនិយមនេះ។ យើងទាំងអស់គ្នាបែរទៅជាគ្មានមេត្តាករុណាចំពោះអ្នកដទៃ ដែលស្រែកដោយឈឺចុកចាប់ គឺយើងមានគំនិតបែបនេះដូចជាមិនបានចាប់អារម្មណ៍ដែរ។ យើងដូចជាលែងយំសោកដោយឃើញអ្នកដទៃកើតអន្តរាយ យើងក៏មិនយកចិត្តទុកដាក់ជួយគេទេ ហាក់ដូចជាមិនអាចគិតគូរដល់រឿងគេ ព្រោះរឿងគេនៅខាងក្រៅអំណាចរបស់យើង ហាក់ដូចជាមានអ្នកផ្សេងទទួលខុសត្រូវវិញ។ វប្បធម៌នាបច្ចុប្បន្នណែនាំមនុស្សឱ្យចង់រស់នៅយ៉ាងស្រណុក ប្រៀបដូចជាថ្នាំស្ពឹកដែលគេចាក់ឱ្យយើង។ ប្រសិនបើនៅផ្សារមានអ្វីមួយដែលយើងមិនទាន់ទិញនៅឡើយ យើងនៅស្ងៀមមិនបានទេ។ ប៉ុន្តែ យើងមិនបារម្ភដោយឃើញថា មានមនុស្សជាច្រើនត្រូវវេទនា ជីវិតរបស់គេត្រូវអន្តរាយ ដ្បិតគេគ្មានលទ្ធភាព។ យើងយល់ឃើញថា ការរស់នៅរបស់អ្នកក្រីក្រទាំងនោះ គ្រាន់តែជាល្ខោនមួយ តែមិនបណ្តាលឱ្យយើងជ្រួលច្របល់ទាល់តែសោះ។

ទេ! យើងមិនព្រមយកលុយមកគោរពនមស្ការទុកជាព្រះឡើយ

៥៥- ក្នុងចំណោមមូលហេតុដែលបង្កើតសភាពការណ៍នេះ មានរបៀបយើងគិតគូរអំពីប្រាក់ចាយ ព្រោះយើងសុខចិត្តឱ្យប្រាក់នោះត្រួតត្រាលើយើង និងលើសង្គមយើង តែយើងនៅស្ងៀមមិនប្រកែកនឹងម្ចាស់នោះសោះ។ ពិភពលោកកំពុងឆ្លងកាត់វិបត្តិហិរញ្ញវត្ថុ។ យើងមិនត្រូវបំភ្លេចថា វិបត្តិនេះកើតឡើងដោយមានវិបត្តិមួយជ្រៅជាងនេះទៅទៀត គឺបណ្តាលមកពីវិបត្តិនៃទស្សនៈអំពីជាតិមនុស្ស គឺយើងតែងតែបដិសេធមិនព្រមទទួលស្គាល់ថា មនុស្សមានឋានៈលើសអ្វីៗទាំងអស់ទេ។ យើងបានបង្កើតព្រះក្លែងក្លាយថ្មីជាច្រើន។ កាលពីមុន ជនជាតិអ៊ីស្រាអែលយកកូនគោមាសមកថ្វាយបង្គំនមស្ការទុកជាព្រះរបស់គេ (សរ ៣២,១-៣៥)។ តាមបែបដដែលនេះ សព្វថ្ងៃ មនុស្សយើងយកធនធានប្រាក់មកថ្វាយបង្គំនមស្ការទុកជាព្រះ ដូចគេកាលពីមុននោះដែរ តែព្រះនេះគ្មានមេត្តាទាល់តែសោះ។ យើងសុខចិត្តឱ្យសេដ្ឋកិច្ចដែលគ្មានមុខមាត់ និងគ្មានគោលដៅបម្រើមនុស្សយ៉ាងពិតប្រាកដមានអំណាចផ្តាច់ការលើយើង។ វិបត្តិហិរញ្ញវត្ថុ និងវិបត្តិសេដ្ឋកិច្ចសកលសរឱ្យដឹងថា អំណាចផ្តាច់ការរបស់ធនធានប្រាក់មិននឹងនទេ ហើយជាពិសេសបង្ហាញឱ្យដឹងថា ហិរញ្ញវត្ថុ និងសេដ្ឋកិច្ចខ្វះគោលដៅបម្រើមនុស្ស។ តាមវិទ្យាថ្មីនោះគេយល់ឃើញថា មនុស្សមានសេចក្តីត្រូវការតែមួយគត់ គឺត្រូវការតែប្រើប្រាស់ទ្រព្យសម្បត្តិប៉ុណ្ណោះ។

៥៦- នៅសម័យនេះ មនុស្សមួយចំនួនតូចបានកម្រៃកាន់តែច្រើនឡើងហួសហេតុ ក៏ប៉ុន្តែ មនុស្សភាគច្រើននៅតែខ្វះខាត មិនអាចរស់នៅយ៉ាងស្រួលដូចក្រុមដ៏តូចនោះដែលសប្បាយ។ មនុស្សមិនស្មើបែបនេះបណ្តាលមកពីមនោគមវិទ្យា ដែលទាមទារឱ្យផ្សារអន្តរជាតិមានស្វយ័តភាពលើសអ្វីៗទាំងអស់ និងទាមទារឱ្យមនុស្សកេងប្រវ័ញ្ច ដើម្បីឱ្យបានប្រាក់ចំណេញច្រើនហួសតាមទីផ្សារភាគហ៊ុន។ ហេតុនេះ គេមិនព្រមឱ្យរដ្ឋអំណាចមានសិទ្ធិឆែកឆេរលើធនធានរបស់គេ ដើម្បីរក្សាការពារប្រយោជន៍រួម។ ដូច្នេះ មានអំណាចផ្តាច់ការថ្មីកំពុងកើតឡើង ដែលគិតពីប្រយោជន៍មនុស្សតែម្ខាង គឺផ្សារអន្តរជាតិ តែមនុស្សលោកមើលមិនឃើញ។ ជួនកាល អំណាចថ្មីនេះគ្រាន់តែជាអំណាចខាងព័ត៌មានវិជ្ជា ដែលបញ្ជាឱ្យមនុស្សធ្វើតាមវិន័យ និងតាមច្បាប់របស់វាដោយគ្មានមេត្តាសោះ គិតតែពីប្រយោជន៍មនុស្សមួយក្រុមនោះប៉ុណ្ណោះ។ លើសពីនេះទៅទៀត បំណុល និង ការនៃបំណុលនោះបណ្តាលឱ្យប្រទេសពុំមានលទ្ធភាពឱ្យសេដ្ឋកិច្ឋរបស់គេអាចចម្រើនឡើងបាន ប្រជាពលរដ្ឋក្នុងប្រទេសទាំងនោះក៏មានអំណាចទិញកាន់តែតិចទៅៗ។ ការពុករលួយតែងតែមានមែកសាខានៅគ្រប់វិស័យ ហើយការរត់ពន្ធតាមរបៀបអត្តទត្ថបុគ្គលនិយមលាតត្រដាងក្នុងពិភពលោកទាំងមូលថែមទៀត។ មនុស្សមានចិត្តលោភលន់ស្រេកឃ្លានចង់បានអំណាច និងសម្បត្តិទ្រព្យដោយគ្មានព្រំដែន។ យូរៗទៅប្រព័ន្ធសេដ្ឋកិច្ចបែបនេះ តម្រង់ទៅលេបអ្វីៗទាំងអស់ក្នុងគោលដៅចង់បានចំណេញកាន់តែច្រើនឡើងៗ គឺបំផ្លាញអ្វីៗដែលទន់ខ្សោយ មានបរិស្ថានជាដើម គឺអ្វីៗដែលគ្មាននរណាការពារ ព្រោះមនុស្សគេគោរពថ្វាយបង្គំនមស្ការផ្សារអន្តជាតិទុកជាព្រះរបស់គេ។ គេនាំគ្នាបែរទៅគោរពតាមវិន័យ និងតាមច្បាប់ផ្សារអន្តរជាតិនោះលើសអ្វីៗទាំងអស់។

ទេ! យើងមិនព្រមឱ្យធនធានប្រាក់ធ្វើជាម្ចាស់មនុស្ស តែបម្រើមនុស្សវិញ

៥៧- មនុស្សម្នាក់ប្រព្រឹត្តដូច្នេះ មកពីគេបដិសេធមិនព្រមទទួលស្គាល់សីលធម៌ និងព្រះជាម្ចាស់ទេ។ តាមធម្មតា ពេលមនុស្សគិតដល់សីលធម៌ គេតែងតែមើលងាយ និងចង់សើចចំអក ព្រោះគេនឹកគិតថា សីលធម៌មិនអាចបង្កើតផលផ្លែបានទេ ដ្បិតសីលធម៌មានលក្ខណៈជាមនុស្សខ្លាំងពេក ហើយមិនរាប់រកធនធាន និងអំណាចទុកជាកត្តាលើសអ្វីៗទាំងអស់។ គេយល់ឃើញទៀតថា សីលធម៌មុខជាបណ្តាលឱ្យគេកើតគ្រោះកាចគួរឱ្យខ្លាច ព្រោះសីលធម៌មិនយល់ស្របឱ្យគេប្រើឧបាយបញ្ឆោតមនុស្សឯទៀតៗ ហើយក៏ចោទអ្នក បន្ថោកតម្លៃបុគ្គលម្នាក់ៗឱ្យបានចុះទាបដែរ។ សរុបសេចក្តីមក គេនឹកគិតថា សីលធម៌តម្រង់មនុស្សទៅរកព្រះមួយអង្គដែលមានព្រះហឫទ័យតឹងរឹង រង់ចាំឱ្យមនុស្សតបឆ្លើយនឹងព្រះអង្គយ៉ាងសែនពិបាកដែរ។ ព្រះនោះក៏ស្ថិតនៅក្រៅពីគំនិតស្តីអំពីផ្សារអន្ដរជាតិរបស់គេដែរ។ ប្រសិនបើគេយកគំនិតអំពីទីផ្សារអន្តរជាតិ លើសពីអ្វីៗទាំងអស់មករិះគិត គេមិនអាចត្រួតត្រាព្រះជាម្ចាស់បានឡើយ គេក៏មិនអាចប្រើឧបាយបញ្ឆោតព្រះអង្គតាមអំពើចិត្តគេដែរ។ គេខ្លាចព្រះអង្គបណ្តាលគ្រោះថ្នាក់ដល់គេ ដ្បិតព្រះអង្គត្រាស់ហៅមនុស្សឱ្យបានពេញលក្ខណៈ និងឱ្យរួចផុតពីធ្វើជាទាសករគ្រប់បែបយ៉ាង។ ផ្ទុយទៅវិញ ប្រសិនបើយើងមិនប្រើសីលធម៌ទុកជាមនោគមវិជ្ជាទេ សីលធម៌នោះអាចបង្កើតរបៀបរៀបរយប្រកបដោយមនុស្សធម៌ និងសមភាពក្នុងសង្គមបាន។ ហេតុនេះហើយ បានជាខ្ញុំសូមដាស់តឿនអ្នកជំនាញការខាងហិរញ្ញវត្ថុ និងអស់លោកអ្នកដឹកនាំប្រទេសនានាឱ្យរិះគិតអំពីពាក្យពេចន៍របស់អ្នកប្រាជ្ញពីបុរាណថា៖ “ប្រសិនបើយើងមិនព្រមចែកចាយទ្រព្យសម្បត្តិរបស់ខ្លួនឱ្យអ្នកក្រីក្រ ពិតជាយើងប្លន់គេមែន ហើយក៏ដកជីវិតចេញពីគេដែរ។ យើងមិនកាន់កាប់ទ្រព្យសម្បត្តិរបស់យើងទេ តែយើងកាន់កាប់ទ្រព្យសម្បត្តិរបស់គេវិញ”

៥៨- ប្រសិនបើមានកែទម្រង់ហិរញ្ញវត្ថុមែន ការប្រែទម្រង់នេះមុខជានាំឱ្យអស់លោកអ្នកដឹកនាំនយោបាយត្រូវប្រែឥរិយាបថយ៉ាងខ្លាំង។ ខ្ញុំសូមដាស់តឿនអស់លោកអ្នកឱ្យចេះប្រឈមមុខការលំបាកនេះដោយចិត្តអង់អាច និងដោយខិតខំយល់ឱ្យបានច្បាស់ ដោយមិនបំភ្លេចបរិបទពិសេសនៃប្រទេសនីមួយៗ។ ធនធានប្រាក់ត្រូវបម្រើមនុស្ស មិនមែនត្រូវត្រួតត្រាមនុស្សវិញទេ។ អភិបាលព្រះសហគមន៍ក្រុងរ៉ូមស្រឡាញ់មនុស្សទាំងអស់ ទាំងអ្នកមាន ទាំងអ្នកក្រ។ ប៉ុន្តែ ក្នុងនាមព្រះគ្រីស្តលោកមានភារកិច្ចរំឭកថា អ្នកមានត្រូវជួយអ្នកក្រ ត្រូវគោរពគេ ហើយលើកស្ទួយឋានៈរបស់គេទៀតផង។ ខ្ញុំសូមដាស់តឿនអស់លោកអ្នកឱ្យរួមសាមគ្គីជាមួយអ្នកក្រីក្រ ដោយមិនគិតតែប្រយោជន៍ផ្ទាល់ខ្លួនទេ។ សូមឱ្យសេដ្ឋកិច្ច និងហិរញ្ញវត្ថុត្រឡប់មកអនុវត្តតាមសីលធម៌ ដើម្បីជាប្រយោជន៍ដល់មនុស្សវិញ។

ទេ! យើងមិនព្រមទុកឱ្យមនុស្សមួយចំនួនរស់នៅដោយឡែកពីសង្គម ដែលបណ្តាលឱ្យកើតហិង្សា

៥៩- សព្វថ្ងៃ នៅគ្រប់កន្លែងមនុស្សចង់រស់នៅដោយសុវត្ថិភាពកាន់តែខ្លាំងឡើងៗ។ ប៉ុន្តែ ប្រសិនបើសង្គមនានាមិនឈប់យកមនុស្សមួយចំនួនមកដាក់ដោយឡែកដាច់ពីគេទេ ហើយប្រសិនបើអ្នកមាន និងអ្នកក្រមានឋានៈខុសប្លែកពីគ្នាខ្លាំងពេក ទាំងក្នុងសង្គមនីមួយៗ ទាំងក្នុងចំណោមប្រទេសនានា ក៏គង់តែកើតហិង្សាមិនខាន។ មនុស្សមួយចំនួនតែងតែចោទទោសអ្នកក្រីក្រ និងប្រទេសក្រីក្រជាងគេថា អ្នកទាំងនោះប្រព្រឹត្តហិង្សា។ ប៉ុន្តែ ប្រសិនបើមនុស្សមានអនាគតមិនស្មើគ្នា មុខជាកើតទំនាស់គ្រប់យ៉ាង។ មិនយូរមិនឆាប់គង់តែសង្គ្រាមផ្ទុះឡើងពុំខានដែរ។ ប្រសិនបើសង្គមក្នុងភូមិមួយក្តី ក្នុងប្រទេសមួយក្តី ក្នុងពិភពលោកទាំងមូលក្តីលះបង់មនុស្សមួយចំនួនឱ្យរស់នៅខាងជាយសង្គមគេនោះ ទោះបីមានចាត់ចែងកម្មវិធីនយោបាយប្រើកម្លាំងប៉ូលីស និងប្រើអ្នកស៊ើបការណ៍ក្តី ក៏អ្នកដឹកនាំមិនអាចធានាសុវត្ថិភាពរហូតបានឡើយ។ ហិង្សាកើតឡើងមិនគ្រាន់តែដោយអ្នកមាន និងអ្នកក្រមានឋានៈខុសប្លែកពីគ្នាក្នុងសង្គមខ្លាំងពេក ដែលតែងបណ្តាលឱ្យអស់អ្នកដែលត្រូវគេដេញចេញពីប្រព័ន្ធសេដ្ឋកិច្ចមានប្រតិកម្មយ៉ាងឃោរឃៅប៉ុណ្ណោះទេ តែហិង្សាក៏បណ្តាលមកពីប្រព័ន្ធសង្គម និងប្រព័ន្ធសេដ្ឋកិច្ចអយុត្តិធម៌តាំងពីឫសដែរ។ អ្វីៗដ៏ល្អតែងតែមានឥទ្ធិពលដល់អ្នកដទៃយ៉ាងណា អ្វីៗដ៏អាក្រក់ដែលមនុស្សសុខចិត្តទទួល គឺអយុត្តិធម៌ក៏មានឥទ្ធិពលអាក្រក់លើអ្នកដទៃយ៉ាងនោះដែរ។ យូរៗទៅឥទ្ធិពលអាក្រក់នៃអយុត្តិធម៌នោះ គង់តែនឹងរលំគ្រឹះនៃប្រព័ន្ធនយោបាយ និងប្រព័ន្ធសង្គមពុំខាន ទោះបីប្រព័ន្ធទាំងពីរនោះមាំមួនយ៉ាងណាក្តី។ គ្រប់អំពើបង្កើតផល។ សេចក្តីអាក្រក់ដែលកប់ទុកក្នុងប្រព័ន្ធនៃសង្គមមួយ ក៏មានកម្លាំងអាចនាំឱ្យសង្គមរលាយ ឬវិនាសអន្តរាយ។ សេចក្តីអាក្រក់ដែលជាប់នឹងប្រព័ន្ធអយុត្តិធម៌នៃសង្គម មិនអាចបង្កើតអនាគតដ៏ប្រសើរដល់មនុស្សជាតិបានទេ។ យើងនៅតែឆ្ងាយពីអ្វីដែលគេហៅថា “ទីបញ្ចប់នៃប្រវត្តិសាស្ត្រ” ព្រោះថា លក្ខណៈនៃការអភិវឌ្ឍន៍ប្រកបដោយសន្តិភាពយ៉ាងស្ថិតស្ថេរ រហូតមិនទាន់កើតឡើងជារូបរាងយ៉ាងត្រឹមត្រូវនៅឡើយទេ។

៦១- សព្វថ្ងៃ មានចាត់ចែងសេដ្ឋកិច្ចដោយសំអាងលើមនុស្សប្រើប្រាស់ទ្រព្យសម្បត្តិហួសហេតុ។ ប៉ុន្តែ គំនិតចង់ប្រើប្រាស់ទ្រព្យសម្បត្តិឥតព្រំដែននោះរួមជាមួយអ្នកមាន និងអ្នកក្រមានឋានៈខុសប្លែកពីគ្នាខ្លាំងពេកក្នុងសង្គមតែងតែបង្ខូចទំនាក់ទំនងក្នុងសង្គមមួយជាពីរ។ ដូច្នេះ ដោយអ្នកមាន និងអ្នកក្រមានឋានៈខុសប្លែកពីគ្នាខ្លាំងពេកក្នុងសង្គម មិនយូរមិនឆាប់គង់តែបណ្តាលឱ្យកើតហិង្សាពុំខាន។ ទោះបីរដ្ឋនានារត់ទៅប្រមូលអាវុធក្តី ក៏រដ្ឋទាំងនោះមិនអាចដោះស្រាយហិង្សានោះបានទេ។ ការរត់ទៅប្រមូលអាវុធនោះ គ្រាន់តែបញ្ឆោតអស់អ្នកដែលទាមទារសុវត្ថិភាពប៉ុណ្ណោះ។ សព្វថ្ងៃយើងដឹងច្បាស់ថា អាវុធ និងការបង្ក្រាបប្រជាជនយ៉ាងឃោរឃៅមិនជួយដោះស្រាយបញ្ហាទេ ផ្ទុយទៅវិញ បង្កើតជម្លោះថ្មី និងកាន់តែសាហាវទៅទៀត។ មនុស្សមួយចំនួនពេញចិត្តចោទអ្នកក្រីក្រ និងចោទប្រទេសក្រីក្រថា គេបង្កើតសភាពការណ៍អាក្រក់ដល់គេ។ អ្នកទាំងនោះយល់ច្រឡំ ដោយគិតជាទូទៅថា ប្រទេសដូចគ្នាទាំងអស់។ គេអួតអាងថា គេបានរកដំណោះស្រាយបញ្ហាដោយគ្រាន់តែ  “អប់រំ” អ្នកក្រីក្រប៉ុណ្ណោះ។ គេនឹកគិតថា ការអប់រំនេះមុខជានាំឱ្យអ្នកក្រីក្រលែងភ័យខ្លាច និងប្រែក្លាយទៅជាមនុស្សដែលគេផ្សាំងមិនអាចបះបោរបានទេ។ តែការពុករលួយប្រៀបដូចជាមហារីកសង្គម ចាក់ឫសក្នុង​ប្រទេសជាច្រើន ទាំងក្នុងរដ្ឋាភិបាល ក្នុងសហគ្រាស និងក្នុងស្ថាប័នរដ្ឋដែរ។ ទោះជាអ្នកដឹកនាំប្រទេសកាន់មនោគមវិជ្ជាណាក្តី ប្រសិនបើចំនួនអ្នកដែលត្រូវគេយកទៅដាក់ដាច់ដោយឡែកពីសង្គម ឃើញការពុករលួយនោះ គេក៏រឹតតែខឹងក្តៅក្រហាយទៅទៀត។

ការពិបាកខ្លះៗខាងវប្បធម៌

៦២- នៅពេលយើងខិតខំប្រឈមមុខនឹងការពិបាកនានាដែលចោទឡើង យើងក៏នាំដំណឹងល្អដែរ។ ជួនកាល មានគេជំទាស់យ៉ាងច្បាស់ប្រឆាំងសេរីភាពសាសនា។ ជួនកាលមានសភាពការណ៍ថ្មីៗកើតឡើង គឺគេបៀតបៀនធ្វើបាបគ្រីស្តបរិស័ទ។ នៅប្រទេសខ្លះការបៀតបៀននេះដល់កម្រិតនៃសម្អប់គ្នា និងកើតហិង្សាគួរឱ្យព្រឺសាច់។ នៅកន្លែងជាច្រើនមនុស្សដូចជាមិនអើពើនឹងសាសនាដោយនឹកគិតថា ជាសភាពការណ៍ធម្មតាមកពីគេខកចិត្ត ហើយមកពីមានវិបត្តិនៃមនោគមវិជ្ជាទាំងប៉ុន្មាន គឺគេហាក់ដូចជាធ្វើប្រតិកម្មម៉្យាងប្រឆាំងនឹងអ្វីៗ ដែលជាប់នឹងមនោគមវិជ្ជានៃអំណាចលទ្ធិផ្តាច់ការ។ សភាពការណ៍នេះមិនគ្រាន់តែបណ្តាលផលអាក្រក់ដល់ព្រះសហគមន៍ប៉ុណ្ណោះទេ តែបង្កើតផលអាក្រក់ដល់ការរស់នៅក្នុងសង្គមទូទៅថែមទៀតដែរ។ យើងទទួលស្គាល់ថា វប្បធម៌របស់មនុស្សដែលយល់ថា ម្នាក់ៗត្រូវតែប្រកាន់សេចក្តីពិត ដោយខ្លួនឯងផ្ទាល់ពិតជាបណ្តាលឱ្យប្រជាពលរដ្ឋពិបាកមានបំណងចូលរួមក្នុងគម្រោងការរួម ដែលហួសពីអត្ថប្រយោជន៍ និងពីបំណងរបស់បុគ្គលម្នាក់ៗ។

៦៣- នាបច្ចុប្បន្ន តាមវប្បធម៌ដែលមានឥទ្ធិពលខ្លំាងជាងគេ មនុស្សចូលចិត្តនឹងអ្វីៗដែលនៅខាងក្រៅ គឺអ្វីៗដែលគេអាចបានភ្លាមៗ អ្វីដែលគេមើលឃើញ អ្វីដែលគេអាចបានយ៉ាងឆាប់ៗ ហើយអ្វីៗជាគំនិតរាក់ៗ និងបណ្តោះអាសន្ន។ អ្វីដ៏ជាក់ច្បាស់តែងចាញ់អាការៈខាងក្រៅ។ ក្នុងប្រទេសជាច្រើនសកលភាវូបនីយកម្ម (គឺមនុស្សក្នុងពិភពលោកទាំងមូលមានសេដ្ឋកិច្ច និងវប្បធម៌តែមួយ) បានបង្ខូចឫសគល់នៃវប្បធម៌ប្រទេសទាំងនោះយ៉ាងលឿន ដោយមានលំនាំតាមវប្បធម៌ប្លែកៗចូលមក លុកលុយ។ វប្បធម៌ប្លែកៗទាំងនោះជាប់នឹងប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់ តែខ្សោយខាងសីលធម៌វិញ។ សន្និបាតអភិបាលព្រះសហគមន៍នៃទ្វីបនានាបានចែងដូច្នេះឯង។ ឧបមាប៉ុន្មានឆ្នាំកន្លងមក ក្រុមអភិបាលទ្វីបអា្រហ្វិកយកសារលិខិត ក្រោមចំណងជើងថា “ការយកចិត្តទុកដាក់នឹងបញ្ហាសង្គម” ទាំងកត់សម្គាល់ថា មានអ្នកខ្លះចង់ឱ្យប្រទេសក្នុងទ្វីបអាហ្វ្រិក នោះប្រែក្លាយទៅជា “គ្រឿងតូចនៃម៉ាស៊ីនធំមួយ ឬគ្រាន់តែជាផ្នែកតូចក្នុងស្ពឺដ៏ធំសម្បើមអស្ចារ្យ។ សភាពការណ៍នេះ ក៏លេចមកក្នុងវិស័យទូរគមនាគមន៍ក្នុងសង្គមដែរ គឺទូរគមនាគមន៍ទាំងនោះភាគច្រើនមានចាត់ចែងពីមជ្ឈមណ្ឌល ដែលស្ថិតនៅប្រទេសខាងជើងនៃពិភពលោក ជួនកាលគេមិនចាប់អារម្មណ៍យ៉ាងត្រឹមត្រូវនូវអាទិភាព និងនូវបញ្ហានៃប្រទេសខាងត្បូង ហើយក៏មិនគោរពវប្បធម៌ប្រទេសទាំងនោះដែរ”។ យ៉ាងណាមិញ ក្រុមអភិបាលទ្វីបអាស៊ីបានបញ្ជាក់ថា “ឥទ្ធិពលពីខាងក្រៅសង្កត់លើវប្បធម៌នៃទ្វីបអាស៊ីយើង។ ប្រជាពលរដ្ឋបែរជាមានអាកប្បកិរិយារស់នៅតាមរបៀបថ្មី ដោយមានទូរគមនាគមន៍ផ្សព្វផ្សាយខ្លាំងហួស។ ហេតុនេះហើយ បានជាមធ្យោបាយទូរគមនាគមន៍ និងសហគ្រាសដែលបង្កើតខ្សែភាពយន្តផ្សេងៗ បណ្តាលនូវផលអាក្រក់ និងធ្វើឱ្យតម្លៃវប្បធម៌តាមប្រពៃណីជាតិយើងត្រូវជួបគ្រោះកាច”

៦៤- ក្នុងប្រជាជនជាច្រើន ជំនឿរបស់គ្រីស្តបរិស័ទប្រឈមមុខនឹងការពិបាក ដោយកើតមកពីមានចលនាសាសនាជាច្រើនហួសពន់ប្រមាណ គឺមានចលនាតាមប្រពៃណីជ្រុលនិយម មានចលនាផ្សេងៗទៀត ដូចជាចង់ផ្តល់ជូនជីវិតតាមវិញ្ញាណដោយគ្មានព្រះជាម្ចាស់។ ចលនាទាំងនោះម៉្យាង ជាប្រតិកម្មរបស់មនុស្សចំពោះសង្គមដែលតែងតែជំរុញឱ្យគេប្រើប្រាស់ទ្រព្យសម្បត្តិកាន់តែច្រើនឡើងៗ ជាសង្គមសម្ភារនិយម និងជាសង្គមដែលសុទ្ធតែមានមនុស្សគិតតែពីខ្លួនឯងប៉ុណ្ណោះ។ ម៉្យាងទៀត ចលនាទាំងនោះឆ្លៀតឱកាសដោយប្រជាជនរស់នៅខាងជាយក្រុងនានា និងក្នុងតំបន់ក្រីក្រ ហើយទាំងជួបប្រទះទុក្ខវេទនាជាខ្លាំង និងតែងតែស្វែងរកដំណោះស្រាយភ្លាមៗនៃសេចក្តីត្រូវការរបស់ខ្លួន។ ចលនាសាសនាទាំងនោះចូលមកយ៉ាងស្ងាត់ៗ មកបំពេញការខ្វះខាតខាងវិញ្ញាណរបស់គេ បណ្តាលមកពីការរិះគិតតាមប្រាជ្ញាសុទ្ធសាធ ដែលបានបំបាត់ជំនឿគ្រប់យ៉ាងរបស់គេ។ ចលនាសាសនាទាំងនោះមានគំនិតស្របតាមទ្រឹស្តីបុគ្គលនិយមនៃវប្បធម៌ទូទៅ។ ម៉្យាងទៀតត្រូវទទួលស្គាល់ថា មនុស្សជាច្រើនដែលទទួលអគ្គសញ្ញាជ្រមុជទឹកមិនបានបទពិសោធថា ខ្លួនភ្ជាប់នឹងព្រះសហគមន៍ទេ។ ការណ៍នេះប្រហែលបណ្តាលមកពីរចនាសម្ពន្ធខ្លះនៃព្រះសហគមន៍ និងពីបរិយាកាសព្រះសហគមន៍ខ្លះក្នុងភូមិ និងសហគមន៍ខ្លះដែលមិនចេះទទួលភ្ញៀវ។ ការណ៍នេះក៏ប្រហែលបណ្តាលមកពីឥរិយាបថរបស់លោកគង្វាលខ្លះ ដែលចាត់ខ្លួនទុកជាភ្នាក់ងាររដ្ឋបាល តែមិនបានតបឆ្លើយនឹងបញ្ហាស្រួល ឬស្មុគ្រស្មាញក្នុងការរស់នៅរបស់ប្រជាជនយើងទេ។ ក្នុងព្រះសហគមន៍ជាច្រើន អស់លោកគង្វាលចូលចិត្តចាត់ចែងមុខងាររបស់ខ្លួនទុកជាការងាររដ្ឋបាល ជាជាងជាអ្នកណែនាំ។ អស់លោកចូលចិត្តធ្វើអគ្គសញ្ញាជូនគ្រីស្តបរិស័ទ ដោយគ្មានជម្រាបជូនដំណឹងល្អ ឬអប់រំជំនឿគេជាមុន។ សីលធម៌របស់ប្រជាជនទាំងនោះប្រែក្លាយកាន់តែខ្លាំងទៅៗ គេគ្មានគំនិតអំពីអំពើបាប ទាំងអំពើបាបរបស់ខ្លួនផ្ទាល់ ទាំងអំពើបាបរបស់សង្គម។ មនុស្សកាន់តែច្រើនឡើងនាំគ្នាគិតថា អ្វីក៏ដូចអ្វីដែរមានតម្លៃស្មើគ្នា។ ការទាំងនោះបណ្តាលឱ្យមនុស្សទូទៅវង្វេងទិស។ កូនជំទង់ និងយុវជនយុវនារីត្រូវរបួសយ៉ាងឆាប់រហ័ស ដោយការប្រែប្រួលទាំងនោះ។ ក្រុមអភិបាលនៃសហរដ្ឋអាមេរិកបានសង្កេតឃើញថា ព្រះសហគមន៍តែងគូសសង្កត់លើវិន័យសីលធម៌ ត្រូវតាមធម្មជាតិដែលមនុស្សទាំងអស់ត្រូវកាន់តៗ។ ប៉ុន្តែ មានគ្នាជាច្រើនយល់ឃើញថា ការប្រៀនប្រដៅនេះដូចជាអយុត្តិធម៌រហូតដល់ជំទាស់នឹងសិទ្ធិមនុស្សជាគ្រឹះថែមទៀតផង។ ការរិះគិតបែបនេះបណ្តាមមកពីគេគិតថា អ្វីៗក៏ដូចអ្វីទាំងអស់ដែលមានតម្លៃស្មើគ្នា។ គំនិតនេះភ្ជាប់នឹងការទុកចិត្តលើសិទ្ធិបុគ្គលម្នាក់ៗ ដែលគេចាត់ទុកជាសិទ្ធិលើសអ្វីៗទាំងអស់។ ដោយគេគិតដូច្នេះ គេយល់ឃើញថា ព្រះសហគមន៍បង្ខូចប្រយោជន៍គេម៉្យាង ព្រោះព្រះសហគមន៍លូកដៃក្នុងសេរីភាពរបស់បុគ្គលម្នាក់ៗ។ យើងរស់នៅក្នុងសង្គមដែលផ្សព្វផ្សាយព័ត៌មានហួសហេតុ តែប្រជាជនមិនចេះរិះគិតពិចារណាវែកញែក អំពីព័ត៌មានសំខាន់ និងព័ត៌មានមិនសំខាន់ បណ្តាលឱ្យនៅពេលគេរិះគិតអំពីបញ្ហាសីលធម៌ មនុស្សមិនអាចគិតឱ្យបានជ្រៅទេ។ ហេតុនេះហើយ បានជាគេត្រូវការអប់រំគេជាចាំបាច់ គឺត្រូវការបង្ហាត់ឱ្យគេចេះរិះគិតពិចារណា និងនាំផ្លូវឱ្យតម្លៃនៃសីលធម៌ចម្រើនឡើងបន្តិចម្តងៗ។

៦៥- ទោះបីចលនាដែលបំបាត់ជំនឿចូលលុកលុយសង្គមនៅប្រទេសជាច្រើនក្តី សូម្បីតែនៃប្រទេសដែលគ្រីស្តបរិស័ទមានចំនួនតិចជាងគេក្តី ក៏ព្រះសហគមន៍កាតូលិកនៅតែជាស្ថាប័នមួយដែលមតិសាធារណៈជឿទុកចិត្ត ក្នុងវិស័យសាមគ្គីគ្រប់យ៉ាង និងក្នុងការយកចិត្តទុកដាក់នឹងអ្នកក្រជាងគេ។ ក្នុងឱកាសជាច្រើន គេសូមឱ្យព្រះសហគមន៍កាតូលិកធ្វើស្ពានមេត្រី និងជួយធ្វើអន្តរាគមន៍រកដំណោះស្រាយបញ្ហាសន្តិភាព ជួយសម្រុះសម្រួលប្រជាជនឱ្យការពារបរិស្ថាន ឱ្យការពារជីវិត ការពារសិទ្ធិមនុស្ស និងសិទ្ធិស៊ីវិល។ល។ ព្រះសហគមន៍ក៏ជួយប្រជាជននានាជាច្រើន ដោយបង្កើតសាលារៀន និងសកលវិទ្យាល័យ កាតូលិកក្នុងពិភពលោកទាំងមូល។ ការនេះល្អណាស់។ ក៏ប៉ុន្តែ នៅពេលយើងនិយាយអំពីបញ្ហាឯទៀតៗដែលមតិសាធារណៈមិនសូវទុកចិត្តទទួល យើងពិបាកសម្តែងឱ្យគេដឹងថា យើងនិយាយបែបនោះព្រោះយើងស្មោះភក្តីចំពោះជំនឿជាក់ច្បាស់អំពីកិត្តិយសរបស់បុគ្គលម្នាក់ៗ និងអំពីប្រយោជន៍រួម។

៦៦- ក្រុមគ្រួសារនានាកំពុងឆ្លងកាត់វិបត្តិវប្បធម៌មួយយ៉ាងជ្រៅ ដូចសហគមន៍ឯទៀតៗ និងដូចចំណងនានាក្នុងសង្គមដែរ។ យើងសង្កេតឃើញថា ចំណងក្នុងវង្សក្រុមគ្រួសារកាន់តែខ្សោយទៅៗ។ ការនេះពិតជាធ្ងន់ណាស់ ដ្បិតក្រុមគ្រួសារជាកោសិការគ្រឹះនៃសង្គមជាកន្លែងឱ្យមនុស្សដែលប្លែកពីគ្នារៀនរួមរស់ជាមួយគ្នា ជាកន្លែងដែលមនុស្សរៀនបម្រើអ្នកដទៃ ជាកន្លែងដែលឪពុកម្តាយបន្តជំនឿដល់កូន។ល។ សព្វថ្ងៃគេតែងតែនឹកគិតថា ការរស់នៅជាគូស្វាមីភរិយាគ្រាន់តែជារង្វាន់ម៉្យាងខាងផ្លូវចិត្តប៉ុណ្ណោះ តែគេអាចរៀបតាមបែបណាក៏បាន និងអាចប្រែប្រួលតាមអំពើចិត្តមនុស្សម្នាក់ៗ។ ប៉ុន្តែ ការរស់នៅជាក្រុមគ្រួសារជួយសង្គមតាមរបៀបដែលខានមិនបាន គឺហួសពីមនោសញ្ចេតនា និងហួសពីសេចក្តីត្រូវការប្រចាំថ្ងៃរបស់គូស្វាមីភរិយា។ ក្រុមអភិបាលប្រទេសបារាំងតែងបង្រៀនថា ក្រុមគ្រួសារមិនកើតដោយសារតែ “មនោសញ្ចេតនាស្នេហាដែលតែងតែប្រែប្រួលជានិច្ចប៉ុណ្ណោះទេ តែកើតដោយគូស្វាមីភរិយាប្តេជ្ញាចិត្តនឹងរួមរស់ជាមួយគ្នាក្នុងគ្រប់កិច្ចការប្រចាំជីវិត”។ គំនិតបុគ្គលនិយមនៅក្រោយសម័យទំនើបនេះ ដែលផ្សព្វផ្សាយក្នុងពិភពលោកទាំងមូលលើកស្ទួយរបៀបរស់នៅ ដែលបណ្តាលឱ្យចំណងគូស្វាមីភរិយាមិនអាចចម្រើនឡើងយ៉ាងស្រួល និងឱ្យយ៉ាងស្ថិតស្ថេរបាន។ គំនិតបុគ្គលនិយមបណ្តាលឱ្យចំណងក្នុងក្រុមគ្រួសារបាត់បង់លក្ខណៈពិសេសរបស់វា។ ពេលយើងណែនាំគេ យើងត្រូវបង្ហាញឱ្យកាន់តែច្បាស់ថា ទំនាក់ទំនងជាមួយព្រះបិតារបស់យើងទាមទារ និងលើកទឹកចិត្តសមាជិកក្នុងក្រុមគ្រួសារឱ្យរួបរួមគ្នាព្យាបាលមុខរបួសឱ្យបានជាសះស្បីយ លើកស្ទួយ និងពង្រឹងចំណងរវាងស្វាមី និងភរិយា។ ក្នុងពិភពលោក ជាពិសេស នៅប្រទេសខ្លះកើតសង្គ្រាម និងជម្លោះតាមរបៀបផ្សេងៗ។យើងជាគ្រីស្តបរិស័ទ យើងសូមបញ្ជាក់ថា ត្រូវទទួលស្គាល់អ្នកឯទៀតៗ ត្រូវព្យាបាលមុខរបួសគេ ត្រូវកសាងស្ពានមេត្រី ត្រូវពង្រឹងទំនាក់ទំនងជាមួយគ្នា និងត្រូវជួយ “រំលែកទុក្ខធុរៈគ្នាទៅវិញទៅមក” (កាឡ ៦,២)។ ម៉្យាងទៀត សព្វថ្ងៃកើតសមាគមជាច្រើនបែបដើម្បីការពារសិទ្ធិ និងតម្រង់ទៅកាន់ទិសដៅដ៏ល្អប្រសើរ។ សមាគមទាំងនោះសរឱ្យដឹងថា ប្រជាពលរដ្ឋជាច្រើននាបច្ចុប្បន្នកាល ចង់ចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គម និងវប្បធម៌។

ការពិបាកធ្វើឱ្យជំនឿស្របតាមវប្បធម៌

៦៨- ក្នុងប្រទេសជាច្រើន ជាពិសេស នៅទ្វីបអឺរ៉ុប ប្រជាជនមានវប្បធម៌ដើមជាគ្រីស្តបរិស័ទ ពិតប្រាកដមែន គេក៏រស់នៅតាមវប្បធម៌នេះជាគ្រឹះ។ នៅប្រទេសទាំងនោះ ជាពិសេស ក្នុងចំណោមអ្នកដែលខ្វះខាត យើងសង្កេតឃើញថា គេនៅតែរក្សាតម្លៃនៃសីលធម៌ ស្របតាមគំនិតមនុស្សនិយមបែបគ្រីស្តបរិស័ទដ៏ពិតប្រាកដ។ ប្រសិនបើយើងរិះគិតតាមជំនឿ យើងត្រូវតែទទួលស្គាល់នូវគ្រាប់ពូជដែលព្រះវិញ្ញាណដ៏វិសុទ្ធបានសាបព្រោះនោះដែរ។ បើមិននោះទេមានន័យថា យើងមិនទុកចិត្តលើព្រះវិញ្ញាណ ដែលប្រព្រឹត្តសកម្មភាពទាំងមានសេរីភាព និងដែលប្រកបដោយព្រះហឫទ័យសទ្ធាជ្រះថ្លា។ យើងក៏ត្រូវនឹកគិតថា នៅប្រទេសណាដែលមានមនុស្សភាគច្រើនបានទទួលអគ្គសញ្ញាជ្រមុជទឹករួចហើយនោះ ទោះបីគេលែងចូលព្រះវិហារក្តី គេក៏រស់នៅតាមតម្លៃគ្រីស្តបរិស័ទដ៏ពិតប្រាកដដែរ គឺគេនៅតែសម្តែងជំនឿ និងសាមគ្គីជាបងប្អូនតាមរបៀបផ្សេងៗ។ យើងត្រូវទទួលស្គាល់ថា សេចក្តីទាំងនោះប្រសើរជាង “គ្រាប់ពូជនៃព្រះបន្ទូល” ទៅទៀត ព្រោះគេមានជំនឿកាតូលិកដ៏ពិតប្រាកដ ហើយគេភ្ជាប់នឹងព្រះសហគមន៍តាមរបៀបផ្ទាល់របស់គេ។ យើងមិនត្រូវបំភ្លេចសារៈសំខាន់នៃវប្បធម៌ ដែលពាក់ព័ន្ធនឹងជំនឿតាំងពីដើមរៀងមក ព្រោះថា ទោះបីវប្បធម៌នេះមានចំណុចទន់ខ្សោយក្តី ក៏វប្បធម៌នេះបានទទួលដំណឹងល្អរួចទៅហើយដែរ។ វប្បធម៌នេះក៏មានឥទ្ធិពលជាគ្រីស្តបរិស័ទដ៏ប្រសើរ ច្រើនជាងចំនួនគ្រីស្តបរិស័ទដែលរួមគ្នាទៅទៀត ដែលកំពុងប្រឈមមុខនឹងការបំបាត់សាសនាតាមរបៀបបច្ចុប្បន្ន។ វប្បធម៌ប្រជាប្រិយដែលបានទទួលដំណឹងល្អរួចហើយមានកប់តម្លៃនៃជំនឿ និងសាមគ្គីដែលអាចលើកស្ទួយសង្គមឱ្យមានយុត្តិធម៌កាន់តែច្រើនឡើងៗ និងឱ្យមានជំនឿលើព្រះជាម្ចាស់បាន។ វប្បធម៌បែបនេះក៏មានប្រាជ្ញាញាណផ្ទាល់។ យើងត្រូវទទួលស្គាល់ប្រាជ្ញាញាណរបស់គេនោះទាំងអរព្រះគុណ។

៦៩- ត្រូវការជម្រាបជូនដំណឹងល្អជាចំាបាច់ ដើម្បីដំណឹងល្អនេះជ្រួតជ្រាបក្នុងវប្បធម៌។ ក្នុងប្រទេសដែលធ្លាប់កាន់សាសនាកាតូលិកជាយូរមកហើយ ត្រូវជូនដំណើរគេថែរក្សា និងពង្រឹងអ្វីៗដ៏មានតម្លៃដែលមានក្នុងប្រទេសទាំងនោះស្រេចទៅហើយ។ ក្នុងប្រទេសដែលធ្លាប់កាន់តាមសាសនាផ្សេងៗទៀត ឬប្រទេសណាដែលលះបង់សាសនាគ្រប់យ៉ាងត្រូវស្វែងរកមធ្យោបាយថ្មី ដើម្បីនាំដំណឹងល្អឱ្យជ្រួតជ្រាបក្នុងវប្បធម៌ទាំងនោះ។ ក្នុងករណីនោះត្រូវធ្វើគម្រោងការសម្រាប់ពេលវេលាយ៉ាងយូរ ក៏ប៉ុន្តែយើងមិនត្រូវបំភ្លេចថា ព្រះជាម្ចាស់ត្រាស់ហៅមនុស្សទាំងអស់ឱ្យចម្រើនឡើងជានិច្ច។ វប្បធម៌នីមួយៗ និងក្រុមនីមួយៗក្នុងសង្គមត្រូវការជម្រះខ្លួន និងចម្រើនឡើងជាលំដាប់។ ក្នុងករណីវប្បធម៌ប្រជាប្រិយរបស់ប្រជាជនកាតូលិកយើង អាចទទួលស្គាល់ចំណុចខ្សោយខ្លះលែងត្រូវការដំណឹងល្អព្យាបាលឱ្យបានជាសះស្បើយ គឺបុរសមើលងាយជិះជាន់សិទ្ធិរបស់ស្ត្រី គេពិសាស្រាហួសហេតុ មានហិង្សាក្នុងគ្រួសារ គេមិនសូវចូលរួមថ្វាយអភិបូជា គេមានជំនឿក្លែងក្លាយលើព្រហ្មលិខិត គេកាន់ជំនឿ  អកុសលនាំគេឱ្យទៅរកគ្រូធ្មប់។ល។ ប៉ុន្តែ យើងអាចសំអាងលើការគោរពតាមប្រជាប្រិយនេះ ទុកជាមធ្យោបាយដ៏ប្រសើរជាងគេ ដើម្បីចាប់ផ្តើមព្យាបាលគេ និងរំដោះគេ។

៧០- ក្នុងប្រទេសមានគ្រីស្តបរិស័ទតាំងពីយូរមកហើយ ជួនកាលមានក្រុមខ្លះសំអាងលើប្រពៃណី និងរបៀបគោរពប្រណិប័តន៍របស់គេ ជាជាងគោរពប្រណិប័តន៍តាមរបៀបមកពីជំនឿរបស់គ្រីស្តបរិស័ទ។ ក្រុមខ្លះជក់ចិត្តនឹងជឿថា ព្រះជាម្ចាស់បានសម្តែងសេចក្តីមកប្រាប់គេ គេក៏ចាត់ទុកសេចក្តីទាំងនោះថា ពិតប្រាកដមែន ប្រកែកមិនបាន។ ជួនកាលមានកើតគ្រីស្តសាសនាបែបម៉្យាង គឺគេចូលចិត្តធ្វើពិធីគោរពប្រណិប័តន៍ផ្សេងៗ ដែលសម្តែងជំនឿតាមរបៀបឯកជន និងប្រកបដោយមនោសញ្ចេតនា។ ពិធីទាំងនោះមិនមែនស្របតាមសេចក្តីដែលយើងតែងហៅថា “ការគោរពប្រណិប័តន៍តាមប្រជាប្រិយ” ទេ។ មានអ្នកខ្លះជួយលើកស្ទួយរបៀបគោរពប្រណិប័តន៍បែបនោះ ទាំងមិនរវីរវល់ធ្វើឱ្យមនុស្សចម្រើនឡើងក្នុងសង្គម ហើយក៏មិនរវីរវល់នឹងអប់រំគ្រីស្តបរិស័ទដែរ។ ជួនកាល គេលើកស្ទួយរបៀបគោរពប្រណិប័តន៍បែបនោះ ដើម្បីឱ្យគេបានកម្រៃ ឬឱ្យបានអំណាចលើអ្នកឯទៀតៗក៏មានដែរ។ យើងក៏ដឹងថា ប៉ុន្មានឆ្នាំកន្លងមក ក្នុងប្រជាជនគ្រីស្តបរិស័ទ គេលែងបញ្ជូនបន្តជំនឿនៃគ្រីស្តសាសនាដល់តំណថ្មីៗហើយ។ ច្បាស់ជាមានគ្រីស្តបរិស័ទជាច្រើនខកចិត្ត និងលែងប្រកាសថា គេជាគ្រីស្តបរិស័ទទៀតដែរ។ មានឪពុកម្តាយកាន់តែច្រើនមិនធ្វើអគ្គសញ្ញាជ្រមុជទឹកឱ្យកូន មិនបង្រៀនកូនឱ្យចេះអធិដ្ឋានទេ។ មានគ្រីស្តបរិស័ទកាតូលិកខ្លះចេញពីព្រះសហគមន៍ បែរទៅរកសហគមន៍អ្នកជឿផ្សេងៗទៀត។ មានមូលហេតុខ្លះនាំឱ្យបែកបាក់គ្នាបែបនេះដូចតទៅ៖ គឺគេមិនអាចនិយាយសន្ទនាគ្នាក្នុងក្រុមគ្រួសារ មានឥទ្ធិពលនៃមធ្យោបាយទូរគមនាគមន៍គេយល់ឃើញថា មានតែគំនិតគេផ្ទាល់បានល្អ និងអ្វីៗ ក៏ដូចអ្វីៗទាំងអស់ មានមតិមហាជនប្រើប្រាស់ទ្រព្យសម្បត្តិហួសហេតុតាមទីផ្សារលើកស្ទួយចិត្តគេ លោកគង្វាលមិនណែនាំដំណើរជនក្រីក្រទេ ស្ថាប័នរបស់យើងមិនចេះទទួលភ្ញៀវយ៉ាងរាក់ទាក់ទេ យើងពិបាកនាំឱ្យគេរួបរួមគ្នាដោយសារជំនឿក្នុងបរិបទមានសាសនាផ្សេងពីគ្នា។ល។

ការពិបាកនៃវប្បធម៌ទីក្រុង

៧១- មនុស្សជាតិទាំងមូលកំពុងធ្វើដំណើរតម្រង់ទៅកាន់ទីក្រុងយេរូសាឡឹមថ្មី ជាទីក្រុងដ៏វិសុទ្ធ (វវ ២១,២-៤)។ គួរឱ្យចាប់អារម្មណ៍ថា ព្រះជាម្ចាស់បានសម្តែងឱ្យយើងដឹងថា មនុស្សជាតិ និងប្រវត្តិសាស្ត្រនឹងកើតជារូបរាងយ៉ាងពេញលក្ខណៈនៅពេលអនាគតក្នុងទីក្រុងមួយ។ យើងត្រូវការស្មឹងសា្មធិ៍ទទួលស្គាល់អត្ថន័យទីក្រុង គឺយើងត្រូវមើលទីក្រុងដោយមានភ្នែកតាមជំនឿទាំងយល់ឃើញថា ព្រះជាម្ចាស់គង់នៅតាមផ្ទះក្នុងក្រុងនេះ ហើយព្រះអង្គក៏គង់នៅតាមដងផ្លូវ និងតាមទីផ្សារដែរ។ ព្រះអង្គគង់នៅជាមួយអស់អ្នកក្រុង និងក្រុមទាំងប៉ុន្មានដែលស្វែងរកព្រះអង្គដោយចិត្តស្មោះ។ អ្នកទាំងនោះរកទីពំនឹងពំនាក់ និងស្វែងរកអត្ថន័យដល់ជីវិតរបស់គេ។ ព្រះអង្គគង់នៅជាមួយអ្នកក្រុងដែលលើកស្ទួយសាមគ្គី ដែលលើកស្ទួយភាតរភាព ដែលមានបំណងចង់ប្រព្រឹត្តអំពើល្អ ចង់បានសេចក្តីពិត និងចង់បានយុត្តិធម៌។ យើងមិនត្រូវបង្កើតឱ្យមានវត្តមានរបស់ព្រះជាម្ចាស់ទេ តែត្រូវរកឱ្យឃើញ និងត្រូវដកវាំងននចេញ បង្ហាញឱ្យមនុស្សលោកឃើញវត្តមានរបស់ព្រះអង្គនោះវិញ។ ព្រះជាម្ចាស់មិនលាក់ព្រះអង្គឱ្យអស់អ្នកដែលស្វែងរកព្រះអង្គដោយចិត្តស្មោះ ទោះបីគេរកទាំងស្ទាបស្ទង់តាមរបៀបមិនច្បាស់និងតាមស្រមោល។

៧២-ក្នុងទីក្រុង អ្នកក្រុងរស់នៅតាមរបៀបផ្សេងពីគ្នា គេកាន់តាមប្រពៃណីរួមដែលភ្ជាប់នឹងអត្ថន័យនៃពេលវេលា និងភ្ជាប់នឹងតំបន់ផ្សេងៗដែលគេរស់នៅពីមុន និងមានទំនាក់ទំនងផ្សេងៗដែលប្លែកពីទំនាក់ទំនងអ្នកស្រុកនៅជនបទ។ របៀបរស់នៅប្លែកៗពីគ្នានោះក៏សុទ្ធតែមានទំនាក់ទំនងនឹងសាសនា។ រៀងរាល់ថ្ងៃអ្នកក្រុងតែងតស៊ូជាញឹកញាប់ណាស់ដើម្បីរស់។ ក្នុងការតស៊ូនេះមានបង្កប់នូវអត្ថន័យដ៏ជ្រៅអំពីជីវិត។ តាមធម្មតាអត្ថន័យអំពីជីវិតនេះ ភ្ជាប់នឹងគំនិតជ្រៅខាងសាសនា។ យើងត្រូវនឹកគិតដល់គំនិតនេះ ដើម្បីនិយាយសន្ទនាជាមួយគេ ដូចព្រះអម្ចាស់យេស៊ូបាននិយាយសន្ទនាជាមួយស្រ្តីស្រុកសាម៉ារីនៅក្បែរអណ្តូងទឹក ជាកន្លែងនាងរកបំបាត់ ការស្រេកទឹក (យហ ៤,៧-២៦ )។

៧៣- មានវប្បធម៌ថ្មីៗនៅតែកើតឡើងក្នុងទីក្រុងដ៏ធំសម្បើមអស្ចារ្យ។ នៅក្រុងទាំងនោះ គ្រីស្តបរិស័ទមិនមានទម្លាប់លើកស្ទួយ ឬបង្កើតអត្ថន័យដល់ជីវិតគេទៀតទេ។ ផ្ទុយទៅវិញ គ្រីស្តបរិស័ទតែងទទួលរបៀបនិយាយផ្សេងៗ ទទួលនិមិត្តរូបទទួលសារ និងសេចក្តីផ្សេងៗពីវប្បធម៌ថ្មីទាំងនោះ។ វប្បធម៌ទាំងនោះបង្ហាញទិសថ្មីដែលតម្រង់ជីវិតគេ ហើយទិសទាំងនោះ តែងជំទាស់នឹងដំណឹងល្អរបស់ព្រះយេស៊ូ។ វប្បធម៌ថ្មីមួយដែលមនុស្សមិនដែលស្គាល់ពីមុននោះតែងនៅរស់រវើក និងផ្សព្វផ្សាយក្នុងទីក្រុង។ សន្និបាតបានយល់ឃើញថា នាបច្ចុប្បន្ន ទីប្រជុំជនដ៏ធំមហិមាកំពុងផ្លាស់ប្តូរហើយ ហើយវប្បធម៌ថ្មីដែលប្រជាជនបង្កើតក្នុងក្រុងទាំងនោះ ក៏សុទ្ធតែជាកន្លែងពិសេសសម្រាប់ជម្រាបជូនដំណឹងល្អបែបជាថ្មី។ ត្រូវបង្កើតកន្លែងអធិដ្ឋាន និងកន្លែងរួបរួមគ្នា ដែលមានលក្ខណៈថ្មី ដែលអាចទាក់ទាញចិត្តគេបាន និងមានអត្ថន័យច្រើនជាងរបៀបចាស់សម្រាប់អ្នកក្រុង។ សូម្បីតែអ្នករស់នៅតាមជនបទ ក៏ទទួលឥទ្ធិពលពីវប្បធម៌ដែលប្រែប្រួលនោះតាមរយៈមធ្យោបាយ ទូរគមនាគមន៍។ ការកែប្រែវប្បធម៌ក្នុងទីក្រុងក៏ប្រែរបៀបរស់នៅរបស់អ្នកស្រុកនៅជនបទយ៉ាងខ្លាំងដែរ។

៧៤- ត្រូវជម្រាបជូនដំណឹងល្អដែលបំភ្លឺរបៀបរស់នៅថ្មីរបស់អ្នកក្រុង គឺជួយឱ្យគេមានទំនាក់ទំនងជាមួយព្រះជាម្ចាស់ ជាមួយអ្នកដទៃ និងជាមួយបរិស្ថានតាមរបៀបថ្មី។ ត្រូវឱ្យដំណឹងល្អនេះលើកស្ទួយតម្លៃជាគ្រឹះនៃជីវិតមនុស្សដែរ។ ការជម្រាបជូនដំណឹងល្អបែបថ្មីនេះពិតជាការចំបាច់បំផុត។ ដំណឹងល្អត្រូវទៅដល់កន្លែងដែលកើតប្រវត្តិសាស្រ្តថ្មី និងនិមិត្តរូបថ្មី គឺត្រូវយកព្រះបន្ទូលរបស់ព្រះយេស៊ូទៅកាន់កត្តាដែលជាស្នូលដ៏ជ្រៅជាងគេនៃជីវិតអ្នកក្រុង។ ការនេះចៀសផុតមិនកើត។ យើងក៏មិនត្រូវបំភ្លេចទៀតថា ទីក្រុងជាកន្លែងមួយដែលមនុស្ស មានវប្បធម៌ផ្សេងៗពីគ្នារស់នៅជាមួយគ្នា។ តែយើងអាចសង្កេតឃើញថា ក្នុងទីក្រុងក្រុមមនុស្សដែលមានរបៀបស្រមៃឃើញដូចគ្នា អំពីការរស់នៅដែលមានប្រវត្តិសាស្រ្ត និងគោលគំនិតដូចគ្នាតែងតែជួបជុំគ្នា។ គេក៏បង្កើតតំបន់តូចៗជាតំបន់តាមវប្បធម៌ ហាក់ដូចជាទីក្រុងតូចៗដែលភ្នែកមនុស្សមើលមិនឃើញ។ ក្នុងទីក្រុងមានមនុស្ស មានវប្បធម៌ផ្សេងៗពីគ្នា រស់នៅជាមួយគ្នាមែន តែតាមពិត ក្រុមតាមវប្បធម៌ទាំងនោះតែងតែបណ្តេញអ្នកដទៃឱ្យដាច់ចេញពីក្រុមគេ និងតែងបង្កើតហិង្សាជាញឹកញាប់វិញ។ ព្រះជាម្ចាស់ត្រាស់ហៅព្រះសហគមន៍ឱ្យជួយក្រុមវប្បធម៌ប្លែកពីគ្នាទាំងនោះឱ្យនិយាយសន្ទនាគ្នា។ តែការបម្រើគេឱ្យសន្ទនាគ្នានេះសែនពិបាក។ ម៉្យាងទៀត មានអ្នកក្រុងខ្លះរកមធ្យោបាយគ្រប់គ្រាន់ ដើម្បីអភិវឌ្ឍន៍ជីវិតផ្ទាល់ខ្លួន និងជីវិតក្រុមគ្រួសារ។ តែមានមនុស្សមួយចំនួនធំដែលមិនមែនជា “អ្នកក្រុង” ទេ គឺគេជា “អ្នកក្រុងពាក់កណ្តាល” ឬជា “អ្នកសំណល់ពីទីក្រុង”។ ទីក្រុងដូចជាបង្កើតលទ្ធផលអាក្រក់ និងល្អរហូត គឺម៉្យាងទីក្រុងផ្តល់លទ្ធភាពជាច្រើនឥតគណនាដល់អ្នកក្រុងតែម៉្យាង នៅពេលជាមួយគ្នានោះ មានមនុស្សមួយចំនួនធំតែងជួបប្រទះការលំបាកជាច្រើន ដែលរារាំងការអភិវឌ្ឍន៍ដ៏ពេញលក្ខណៈរបស់គេ។ ការផ្ទុយគ្នាបែបនោះតែងតែបង្កើតទុក្ខព្រួយយ៉ាងសែនខ្លោចផ្សា។ ក្នុងផ្នែកច្រើននៃពិភពលោក ទីក្រុងក៏ក្លាយទៅជាកន្លែងធ្វើបាតុកម្មរួមរបស់ប្រជាជន គឺមានអ្នកក្រុងរាប់ពាន់នាក់តែងតែទាមទារសេរីភាព ចង់រួមចំណែកក្នុងការណែនាំប្រទេសទាមទារយុត្តិធម៌ និងសេចក្តីផ្សេងៗទៀត។ ប្រសិនបើរដ្ឋាភិបាលមិនយល់ដល់ការទាមទារទាំងនោះឱ្យបានច្បាស់ គេតែងតែបង្ក្រាបបាតុកម្មឱ្យនៅស្ងៀមដោយប្រើហិង្សា។

៧៥- យើងត្រូវដឹងថា ក្នុងទីក្រុងតែងមានជំនួញថ្នាំញៀន និងជំនួញមនុស្ស តែងមានការរំលោភ និងការជិះជាន់កុមារា កុមារី គេធ្លាប់បោះបង់មនុស្សចាស់ និងអ្នកជំងឺចោល ហើយក៏មានអំពើពុករលួយគ្រប់យ៉ាង និងអំពីឧក្រិដ្ឋជាច្រើនទៀតដែរ។ ទីក្រុងដែលអាចទៅជាកន្លែងដ៏មានតម្លៃសម្រាប់ឱ្យមនុស្សជួបជុំគ្នា និងសាមគ្គី ក៏ក្លាយជាញឹកញាប់ ឱ្យទៅជាកន្លែងរត់លាក់ពួនខ្លួននិងទៅជាកន្លែងដែលមនុស្សមិនទុកចិត្តគ្នាទៅវិញទៅមក។ គេសាងសង់គេហដ្ឋានធំៗ និងបុរីសម្រាប់ឱ្យមនុស្សរស់នៅដោយឡែកដាច់ពីគ្នា ជាជាងជួយឱ្យគេមានទំនាក់ទំនងជាមួយគ្នា និងចូលរួមគ្នាជាប្រជាជនតែមួយ។

៧៦- ក្នុងបរិស្ថានទាំងនេះ ការប្រកាសដំណឹងល្អពិតទៅជាគ្រឹះ ដើម្បីតែងតាំងកិត្តិយសដ៏ខ្ពង់ខ្ពស់នៃជីវិតមនុស្សឡើងវិញ ដ្បិតព្រះយេស៊ូសព្វព្រះហឫទ័យចាក់បង្ហូរជីវិតយ៉ាងបរិបូណ៌ក្នុងទីក្រុងដែរ (យហ ១០,១០)។ ដំណឹងល្អផ្តល់អត្ថន័យរួម និងយ៉ាងពេញលេញដល់ជីវិតមនុស្សយើង។ ហេតុនេះ ដំណឹងល្អពិតជាឱសថដ៏ពូកែជាងគេអាចព្យាបាលជំងឺរបស់ទីក្រុង។ ក៏ប៉ុន្តែ យើងមិនត្រូវគិតថា មានកម្មវិធីជម្រាបជូនដំណឹងល្អតែមួយគត់សម្រាប់គ្រប់កន្លែង និងកម្មវិធីតឹងរ៉ឹង ដើម្បីនាំដំណឹងល្អនេះទេ។ កម្មវិធីបែបនោះមិនសម្របតាមសភាពការណ៍ដ៏ពិតប្រាកដនៃកន្លែងនីមួយៗទេ។ ប៉ុន្តែ គ្រីស្តបរិស័ទណាដែលចង់រស់តាមលក្ខណៈរបស់ខ្លួនជាមនុស្ស រហូតដល់ទីបំផុត ហើយសុខចិត្តចូលប្រឈមមុខនឹការពិបាកនានានៃអ្នកក្រុង ទាំងផ្តល់សក្ខីភាពទុកជាមេក្នុងម្សៅនៃក្រុង ទោះនៅវប្បធម៌ណាក្តី ឬនៅក្រុងណាក្តី ក៏ខ្លួនគេកាន់តែពេញលក្ខណៈ និងធ្វើឱ្យទីក្រុងនោះមានជីវិតរស់រវើកដែរ។

២) ការល្បួងរបស់គ្រីស្តបរិស័ទដែលទទួលមុខងារណែនាំ

៧៧- ខ្ញុំសូមអរគុណជាទីបំផុត ចំពោះអស់អ្នកដែលបំពេញការងារក្នុងព្រះសហគមន៍។ ឥឡូវ ខ្ញុំមិនចង់រៀបរាប់អំពីសកម្មភាពទាំងប៉ុន្មានរបស់អស់អ្នកដែលបំពេញការណែនាំទេ តាំងពីលោកអភិបាលរហូតដល់គ្រីស្តបរិស័ទតូចតាចជាងគេ ដែលធ្វើការក្នុងការិយាល័យនៃភូមិភាគ។ ខ្ញុំចូលចិត្តរិះគិតអំពីការពិបាកដែលបងប្អូនទាំងអស់ត្រូវប្រឈមមុខក្នុងបរិបទនៃវប្បធម៌ក្នុងសកលភាវូបនីយកម្ម។ ក៏ប៉ុន្តែ ជាបឋម និងតាមយុត្តិធម៌ ខ្ញុំចង់និយាយថា នាបច្ចុប្បន្ន ព្រះសហគមន៍នៅតែជួយមនុស្សលោកយ៉ាងច្រើនអស្ចារ្យ។ យើងឈឺចុកចាប់ និងខ្មាសដោយមានសមាជិកខ្លះនៃព្រះសហគមន៍បានប្រព្រឹត្តអំពើបាប យើងក៏ឈឺចុកចាប់ និងខ្មាសព្រោះតែបាបរបស់យើងផ្ទាល់ដែរ។ តែអំពើអាក្រក់ទាំងនោះមិនត្រូវនាំឱ្យយើងបំភ្លេចអស់គ្រីស្តបរិស័ទ ដែលបូជាជីវិតរៀងរាល់ថ្ងៃដោយសេចក្តីស្រឡាញ់ទេ។ អ្នកទាំងនោះជួយព្យាបាលមនុស្សជាច្រើនឱ្យបានជាសះស្បើយ ឬជួយណែនាំមនុស្សឱ្យចែកស្ថានយ៉ាងស្រួលក្នុងមន្ទីរពេទ្យដែលខ្វះខាត។ អ្នកខ្លះជួយមនុស្សដែលធ្លាក់ជាទាសករតាមរបៀបផ្សេងៗនៅកន្លែងក្រជាងគេនៅលើផែនដី។ អ្នកខ្លះបូជាកម្លាំងកាយ កម្លាំងចិត្តអប់រំកុមារាកុមារី និងយុវជនយុវនារី អ្នកខ្លះថែទាំមនុស្សចាស់ជរាដែលត្រូវមនុស្សទាំងអស់បោះបង់ចោល អ្នកខ្លះខិតខំចែកចាយកិត្តិយសដ៏ខ្ពង់ខ្ពស់ ជាមនុស្សក្នុងបរិស្ថាន មានគេជំទាស់ អ្នកខ្លះបូជាកម្លាំងកាយកម្លាំងចិត្តតាមបែបផ្សេងៗទៀត និងសម្តែងអំពីព្រះហឫទ័យមេត្តាករុណាយ៉ាងធំធេងរបស់ព្រះជាម្ចាស់ ចំពោះមនុស្សជាតិ គឺព្រះអង្គដែលប្រសូតជាមនុស្សបានបំភ្លឺចិត្តគំនិតគេឱ្យបំពេញការងារទាំងនេះ។ ខ្ញុំសូមអរគុណចំពោះគ្រីស្តបរិស័ទដែលដាក់គំរូដ៏ល្អឱ្យខ្ញុំ គឺគេបានបូជាកម្លាំងកាយកម្លាំងចិត្ត និងពេលវេលាដោយអំណរ។ សក្ខីភាពនេះលើកទឹកចិត្តខ្ញុំ និងគាំទ្រខ្ញុំក្នុងបំណងរបស់ខ្ញុំផ្ទាល់ដែលត្រូវឈប់គិតតែពីខ្លួនឯង ដើម្បីចែកជីវិតខ្ញុំឱ្យអ្នកដទៃកាន់តែខ្លាំងឡើងៗ។

៧៧- ទោះជាយ៉ាងណាក៏ដោយ ក៏យើងទាំងអស់គ្នាជាកូនចៅនៃសម័យឥឡូវ គឺយើងរស់នៅម៉្យាងក្រោមឥទ្ធិពលនៃវប្បធម៌នាបច្ចុប្បន្នកាល ដែលលាតត្រដាងក្នុងពិភពលោកទាំងមូល។ ទោះបីវប្បធម៌នេះអាចបង្ហាញតម្លៃ ខ្លះសម្រាប់ណែនាំការរស់នៅរបស់យើងក្តី ហើយផ្តល់សមត្ថភាពថ្មី ក៏វប្បធម៌ថ្មីនោះកំណត់ព្រំដែនឱ្យយើង និងបណ្តាលឱ្យយើងរស់នៅតាមលក្ខខណ្ឌ ដែលយើងមិនបានជ្រើសរើសរហូតដល់ធ្វើឱ្យយើងធ្លាក់ឈឺ។ ខ្ញុំទទួលស្គាល់ថា យើងត្រូវបង្កើតកន្លែងស្រួលស្រណុកនៅ ដើម្បីលើកទឹកចិត្តអស់គ្រីស្តបរិស័ទ ដែលបំពេញការងារមួយក្នុងកិច្ចណែនាំដើម្បីលើកទឹកចិត្តគេ និងឱ្យគេមានកម្លាំងថ្មីជា “កន្លែងពង្រឹងជំនឿចំពោះព្រះយេស៊ូដែលត្រូវគេឆ្កាង និងមានព្រះជន្មថ្មីដ៏រុងរឿង។ នៅកន្លែងនោះ គ្រីស្តបរិស័ទទាំងនោះអាចចែកចាយយោបល់គ្នាអំពីបញ្ហាសំខាន់ និងជ្រៅជាងគេ ហើយចែកចាយកង្វល់ប្រចាំថ្ងៃ ព្រមទាំងរិះគិតពិចារណាយ៉ាងជ្រៅអំពីការរស់នៅ និងអំពីបទពិសោធន៍របស់ខ្លួន ដោយយកគោលការណ៍នៃដំណឹងល្អមកវែកញែក។ ធ្វើដូច្នេះ គេអាចតម្រង់ជម្រើសក្នុងការរស់នៅរបស់គេ និងជម្រើសរបស់គេក្នុងសង្គមទៅរកការល្អ និងភាពរុងរឿង”។ នៅពេលជាមួយគ្នានេះ ខ្ញុំក៏សូមចាប់អារម្មណ៍អំពីការល្បួងខ្លះៗដែលចោទអ្នកបំពេញមុខងារណែនាំដែរ។

យើងយល់ព្រមនឹងជីវិតខាងវិញ្ញាណជាសាសនទូត

៧៨- នាបច្ចុប្បន្ន យើងអាចសង្កេតឃើញថា អ្នកបំពេញមុខងារណែនាំជាច្រើននាក់ សូម្បីតែអ្នកដែលញែកខ្លួនថ្វាយព្រះជាម្ចាស់ក្តី ចាប់អារម្មណ៍ហួសអំពីការរស់នៅដោយស្វ័យភាព និងអំពីលំហែកាយ។ គេបំពេញមុខងាររបស់ខ្លួនទុកជាការមិនសំខាន់ក្នុងការរស់នៅរបស់គេ ហាក់ដូចជាការងារនេះក៏មិនចូលក្នុងអត្តសញ្ញាណរបស់គេទេ។ នៅពេលជាមួយគ្នានោះ គេនឹកស្មានថា គេរស់នៅតាមព្រះវិញ្ញាណ គ្រាន់តែនៅពេលគេធ្វើពិធីតាមសាសនា ដែលតែងតែសម្រាលទុក្ខគេខ្លះៗ។ ប៉ុន្តែ គេមិនចិញ្ចឹមជីវិតខាងព្រះវិញ្ញាណដោយបានជួបអ្នកដទៃ ដោយប្តេជ្ញាចិត្តប្រែពិភពលោក និងដោយមានចិត្តខ្នះខ្នែងជម្រាបជូនដំណឹងល្អទេ។ ហេតុនេះ ទោះបីអ្នកបំពេញមុខងារជម្រាបជូនដំណឹងល្អតែងតែអធិដ្ឋានក្តី ក៏មានអ្នកខ្លះគិតតែពីខ្លួនគេទើបសំខាន់ គេកើតវិបត្តិដោយមិនដឹងថា គេមានអត្តសញ្ញាណអ្វី ការក្លៀវក្លារបស់គេក៏អន់ថយដែរ។ នេះជាការអាក្រក់បីយ៉ាងដែល ជួយគាំទ្រគ្នាទៅវិញទៅមក។

៧៩- វប្បធម៌នៃមធ្យោបាយទូរគមនាគមន៍ និងក្រុមបញ្ញវ័ន្តខ្លះ ជួនកាលនាំឱ្យមនុស្សលែងទុកចិត្តទៅលើសារនៃព្រះសហគមន៍យ៉ាងខ្លាំង និងនាំឱ្យគេសង្ស័យខ្លះៗដែរ។ ហេតុនេះ អ្នកដែលបំពេញមុខងារណែនាំជាច្រើននាក់ ទោះបីគេអធិដ្ឋានក្តីក៏មានមនោសញ្ចេតនាថា គេដូចជាអន់ជាងគេ។ គេនាំគ្នាលាក់អត្តសញ្ញាណរបស់ខ្លួនជាគ្រីស្តបរិស័ទមិនឱ្យអ្នកដទៃស្គាល់ និងលាក់សេចក្តីដែលគេជឿជាក់ទាំងពោលថា សាសនាណាក៏ដូចសាសនាណាដែរ។ គេមិនស្កប់ចិត្តនឹងអត្តសញ្ញាណ និងមុខងាររបស់ខ្លួនទៀត។ គេមិនភ្ជាប់ចិត្តទាំងស្រុងនឹងបេសកកម្មជម្រាបជូនដំណឹងល្អ។ ការទាំងនេះបណ្តាលឱ្យការប្តេជ្ញារបស់គេអន់ថយ។ យូរៗទៅគេបាត់អំណរដោយបំពេញបេសកកម្មរបស់ខ្លួនដោយចេះតែគិតថា ចង់ក្លាយឱ្យបានទៅជាដូចអ្នកដទៃបិះបិទ ដើម្បីឱ្យបានសម្បត្តិដូចអ្នកដទៃដែរ។ តាមរបៀបនេះ គេបង្ខំចិត្តបំពេញមុខងារជម្រាបជូនដំណឹងល្អ ហើយមិនសូវខំប្រឹងទៀតតែនៅពេលខ្លីដែរ។

៨០- លើសពីគោលគំនិត និងរបៀបរស់តាមវិញ្ញាណពិសេសរបស់គេ មានអ្នកដែលបំពេញមុខងារណែនាំជាច្រើននាក់តែងនឹកគិតថា អ្វីៗក៏ដូចអ្វីៗទាំងអស់ដែរ។ គំនិតបែបនេះពិតជាបណ្តាលឱ្យកើតគ្រោះកាចខ្លាំង ជាងការនឹកគិតថា “លទ្ធិជំនឿណាក៏ដូចលទ្ធិជំនឿណាដែរ” នោះទៅទៀត។ ព្រោះថា គំនិតនេះស៊ីជ្រៅនឹងជម្រើសដ៏ស្មោះត្រង់សម្រេចអំពីរបៀបរស់នៅ។ ដោយគេប្រព្រឹត្តជាធម្មតាតាមគំនិត “អ្វីៗក៏ដូចអ្វីៗទាំងអស់” នោះបណ្តាលឱ្យគេធ្វើអ្វីៗហាក់ដូចជាគ្មានព្រះជាម្ចាស់ទេ គេសម្រេចសេចក្តីហាក់ដូចជាគ្មានអ្នកក្រីក្រទេ គេស្រមៃឃើញពីជីវិតហាក់ដូចជាគ្មានអ្នកដទៃទេ និងធ្វើការហាក់ដូចជាគ្មានអ្នកមិនបានទទួលដំណឹងល្អទេ។ ត្រូវបន្ថែមទៀតថា សូម្បីតែអ្នកដែលជឿជាក់យ៉ាងមុតមាំលើលទ្ធិនៃគ្រីស្តសាសនា និងអ្នកដែលមានជីវិតតាមព្រះវិញ្ញាណក្តី ក៏តែងតែទម្លាក់ខ្លួនចង់រស់នៅតាមបែបភ្ជាប់ចិត្តនឹងសុវត្ថិភាពខាងសេដ្ឋកិច្ចដែរ។ គេចង់បានអំណាច និងកិត្តិយសខាងលោកីយដោយប្រើមធ្យោបាយណាក៏បាន។ គេលែងបូជាកម្លាំងកាយ កម្លាំងចិត្តសម្រាប់អ្នកដទៃដែរ គឺលែងបំពេញបេសកកម្មរបស់ខ្លួន។ យើងទាំងអស់គ្នាកុំឱ្យគេលួចយកចិត្តខ្នះខ្នែងធ្វើសាសនទូតឡើយ!។

ទេ! យើងមិនព្រមនឹងការធ្លាក់ទឹកចិត្តដោយគិតតែពីខ្លួនឯងប៉ុណ្ណោះ

៨១- នាបច្ចុប្បន្ន យើងត្រូវការកម្លាំងក្នុងឋានៈជាសាសនទូតកាន់តែខ្លាំងឡើងៗ ដើម្បីយកអំបិល និងពន្លឺនាំមកដល់មនុស្សលោក។ ប៉ុន្តែ មានគ្រីស្តបរិស័ទធម្មតាជាច្រើននាំគ្នាខ្លាច មិនព្រមឱ្យនរណាម្នាក់អញ្ជើញគេឱ្យបំពេញកិច្ចការជាសាសនទូត។ គេចង់រត់គេចខ្លួនមិនព្រមប្តេជ្ញាចិត្តធ្វើអ្វីដោយក្រែងបាត់បង់ពេលទំនេរ។ ឧបមាថា សព្វថ្ងៃ ពិបាករកអ្នកអប់រំជំនឿដែលបានទទួលការអប់រំផ្ទាល់ខ្លួន រួចហើយមកបម្រើព្រះសហគមន៍តាមភូមិ។ គេមិនព្យាយាមបំពេញការងាររបស់ខ្លួននេះជាច្រើនឆ្នាំទេ។ បញ្ហានេះក៏កើតដល់លោកគង្វាលថែមទៀត គឺអស់លោកនៅតែខ្វល់ខ្វាយជាខ្លាំងអំពីពេលទំនេរស្រាប់តែខ្លួនចង់បាន។ ការនេះបណ្តាលមកពីមនុស្សមានចិត្តចង់រក្សាការរស់នៅដោយស្វយ័តទុកជាសេចក្តីត្រូវការដ៏ប្រសើរបំផុត ហាក់ដូចជាការប្តេជ្ញាចិត្តជម្រាបជូនដំណឹងល្អ ជាពឹសពុលម៉្យាងគួរឱ្យខ្លាច។ អស់លោកលែងរាប់ថា ការប្តេជ្ញាចិត្តជម្រាបជូនដំណឹងល្អជាចម្លើយដោយអំណរនឹងព្រះជាម្ចាស់ ដែលមានព្រះហឫទ័យមេត្តាករុណាត្រាស់ហៅលោកឱ្យបំពេញសកម្មភាពនេះវិញ។ ការត្រាស់ហៅនេះធ្វើឱ្យយើងទៅជាមនុស្សពេញលក្ខណៈ និងជាអ្នកបង្កបង្កើតផល។ មានមនុស្សខ្លះរុញរាចង់ល្បងលមើលឱជារសនៃបេសកកម្មរហូតដល់ទីបំផុត គេដូចជាស្ពឹកខ្លួន។

៨២- បញ្ហានេះមិនបណ្តាលមកពីអស់លោកមានកិច្ចការច្រើនពេកទេ តែបណ្តាលមកពីអស់លោកមិនស្កប់ចិត្តនឹងកិច្ចការ ដែលអស់លោកបំពេញនោះ ដោយគ្មានមូលហេតុជំរុញចិត្តឱ្យអស់លោកបំពេញ។ អស់លោកគ្មានគំនិតតាមព្រះវិញ្ញាណជ្រួតជ្រាបកិច្ចការទាំងនោះ និងជំរុញឱ្យអស់លោកចង់បំពេញកិច្ចការទាំងនោះ។ ហេតុនេះហើយ បានជាភារកិច្ចទាំងប៉ុន្មានបណ្តាលឱ្យយើងអស់កម្លាំងហួសហេតុ ហើយជួនកាលបណ្តាលឱ្យយើងធ្លាក់ខ្លួនឈឺទៀតផង។ ពេលនោះ យើងមិនអស់កម្លាំងតាមធម្មតាទេ តែអស់កម្លាំងដោយតឹងដើមទ្រូង ពិបាកស៊ូទ្រាំដោយខ្លួនមិនស្កប់ចិត្តទេ ហើយក៏ខ្លួនមិនព្រមទទួលការអស់កម្លាំងបែបនោះដែរ។ ការធ្លាក់ទឹកចិត្តក្នុងការណែនាំបែបនេះបណ្តាលមកពីមូលហេតុផ្សេងៗ។ អ្នកខ្លះធ្លាក់ទឹកចិត្តមកពីខ្លួនបានធ្វើគម្រោងការដែលគេសម្រេចមិនកើត តែគេក៏មិនពេញចិត្តនឹងគម្រោងការដែលគេអាចធ្វើបានយ៉ាងស្រួលដែរ។ មានអ្នកខ្លះមិនពេញចិត្តនឹងការវិវឌ្ឍដ៏សែនពិបាកដែលកើតឡើង គេក៏ចង់ឱ្យព្រះធ្វើអ្វីៗទាំងអស់យ៉ាងស្រួលដោយគេមិន បាច់នឿយហត់ទេ។ មានអ្នកខ្លះភ្ជាប់ចិត្តនឹងគម្រោងការខ្លះ និងស្រមៃឃើញដោយអំនួតថា បានជោគជ័យ។ មានអ្នកខ្លះទៀតបាត់បង់ទំនាក់ទំនងជាមួយប្រជាជន ហើយនៅពេលណែនាំក្រុមគ្រីស្តបរិស័ទ គេមិនគិតអំពីបុគ្គលម្នាក់ៗទេ តែបែរទៅជាចាប់អារម្មណ៍នឹងការចាត់ចែង ជាជាងការទាក់ទងជាមួយមនុស្ស។ គេចូលចិត្តបិទតារាងលើជញ្ជាំងការិយាល័យ ដែលបង្ហាញអំពីការចាត់ចែងនោះជាជាងការងារវិញ។ មានអ្នកខ្លះទៀតធ្លាក់ទឹកចិត្ត ដូច្នេះ មកពីគេមិនចេះរង់ចាំ ហើយចង់ធ្វើជាម្ចាស់ដែលណែនាំចង្វាក់នៃដំណើរជីវិត។ សព្វថ្ងៃ មនុស្សលោកចង់បានលទ្ធផលភ្លាមៗបណ្តាលឱ្យអស់អ្នកដែលបំពេញការងារណែនាំក្នុងព្រះសហគមន៍ មិនងាយទទួលអត្ថន័យនៃការទាស់ទែងគ្នា គេមិនព្រមទទួលអ្វីដែលដូចជាបរាជ័យម៉្យាង មិនព្រមឱ្យគេរិះគន់ បានសេចក្តីថា គេមិនព្រមលីឈើឆ្កាង។

៨៣- ហេតុនេះហើយ បានជាយើងត្រូវភ័យខ្លាចថា “ព្រះសហគមន៍រស់នៅប្រចាំថ្ងៃ ទាំងធ្វើតាមសភាពការណ៍។ ក្នុងព្រះសហគមន៍នេះអ្វីៗហាក់ដូចជាកើតតាមធម្មតា តែតាមពិត ជំនឿអន់ថយ និងក្លាយទៅជាកំណាញ់ ការឈ្លោះប្រកែកគ្នាដោយឥតបានការ”។ គ្រីស្តបរិស័ទកាន់តែច្រើនឡើងៗ មានគំនិតដូចជាចូលចិត្តរស់នៅតាមផ្នូរខ្មោចបន្តិចម្តងៗ គេក្លាយទៅជាសពដែលគេរក្សាទុកមិនឱ្យរលួយតាំងនៅក្នុងសារមន្ទីរ។ សភាពការណ៍ដ៏ជាក់ច្បាស់ធ្វើឱ្យគេខកចិត្ត ព្រះសហគមន៍ធ្វើឱ្យគេខកចិត្ត គឺខ្លួនគេផ្ទាល់ធ្វើឱ្យគេខកចិត្តតែម្តង។ គេរស់នៅដោយជួបការល្បួងជាអចិន្ត្រៃយ គឺគេភ្ជាប់ចិត្តនឹងទុក្ខព្រួយដ៏ស្រួលធម្មតា ដោយភាពអស់សង្ឃឹមលុកលុយ ចិត្តគេដូចជាថ្នាំដ៏ថ្លៃប្រសើរជាងគេរបស់មារ។ “ព្រះជាម្ចាស់បានត្រាស់ហៅគេឱ្យចែកចាយជីវិត និងបំភ្លឺជីវិតអ្នកដទៃ តែផ្ទុយទៅវិញ គេបណ្តោយខ្លួនឱ្យអ្វីៗក្នុងលោកនេះលួងលោម និងបញ្ឆោតចិត្តគេ បណ្តាលឱ្យគេងងឹត និងធុញទ្រាន់ក្នុងចិត្ត ធ្វើឱ្យកម្លាំងខ្នះខ្នែងជាសាសនទូតអន់ថយទៀត។ ហេតុនេះហើយ បានជាខ្ញុំសូមប្រាប់បញ្ចាក់ម្តងទៀតថា កុំបណ្តោយឱ្យមារលួចយកអំណរសប្បាយដោយជម្រាបជូនដំណឹងល្អឱ្យសោះ!”

ទេ! យើងមិនយល់ស្របតាមអ្នកមិនដែលពេញចិត្ត ជារបៀបមិនបង្កើតផល

៨៤- គ្មានអ្វី ហើយក៏គ្មាននរណាម្នាក់អាចដកអំណរដែលហូរមកពីដំណឹងល្អចេញពីយើងបានឡើយ (យហ ១៦,២២)។ សេចក្តីអាក្រក់ក្នុងពិភពលោកយើង និងសេចក្តីអាក្រក់ក្នុងព្រះសហគមន៍មិនអាចដោះសារ យើងមិនឱ្យប្តេជ្ញាចិត្ត និងមិនអាចបន្ថយចិត្តខ្នះខ្នែងរបស់យើងបានឡើយ។ យើងត្រូវតែប្រឈមមុខនឹងសេចក្តីអាក្រក់ទាំងនោះ ដើម្បីចម្រើនឡើងជាលំដាប់។ លើសពីនេះទៅទៀត អ្នករិះគិតមើលអ្វីៗតាមជំនឿត្រូវទទួលស្គាល់ពន្លឺដែលព្រះវិញ្ញាណដ៏វិសុទ្ធចាំងក្នុងទីងងឹតជានិច្ច។ យើងមិនត្រូវបំភ្លេចថា  “នៅទីណាដែលមានបាបកាន់តែច្រើនយ៉ាងណា នៅទីនោះ ព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ក៏រឹតតែមានច្រើនឡើង នៅទីនោះយ៉ាងនោះដែរ” (រម ៥,២០)។ ជំនឿរបស់យើងនាំឱ្យយើងជឿថា ទឹកអាចក្លាយទៅជាស្រាបាន។ ជំនឿយើងនាំឱ្យទទួលស្គាល់ថា ពូជស្រូវល្អក៏ដុះជាមួយស្រងែដែរ។ ហាសិបឆ្នាំក្រោយមហាសន្និបាតវ៉ាទីកង់ទី២ ទោះបីយើងនៅតែកើតទុក្ខ ដោយឃើញសេចក្តីអាក្រក់ទាំងប៉ុន្មានរបស់មនុស្សលោកនៅសម័យយើងនេះក្តី ទោះបីយើងមិនឆាប់ជឿថាអ្វីៗក៏ល្អដែរ ហើយទោះបីយើងឃើញការអ្វីៗទាំងអស់ដូចមានយ៉ាងជាក់ច្បាស់ក្តី ក៏យើងនៅតែផ្ញើជីវិតទុកចិត្តលើព្រះវិញ្ញាណ។ យើងក៏នៅតែមានចិត្តសទ្ធាជ្រះថ្លាកាន់តែខ្លាំងឡើងៗថែមទៀតផង។ យើងត្រូវស្តាប់ពាក្យរបស់សម្តេចប៉ាបយ៉ូហានទី២៣ សាជាថ្មី គឺលោកមានប្រសាសន៍នៅថ្ងៃទី១១ ខែតុលា ឆ្នាំ១៩៦២ ជាថ្ងៃប្រវត្តិសាស្រ្តថា៖ “ជួនកាលយើងទាស់ត្រចៀកដោយមានអ្នកខ្លះនាំព័ត៌មានអាក្រក់ដល់យើង ទោះបីគេមានចិត្តខ្នះខ្នែងខាងសាសនាក្តី គេក៏ខ្វះសុភវិនិច្ឆ័យដ៏ត្រឹមត្រូវ ហើយក៏គ្មានចិត្តធ្ងន់ក្នុងការយល់គិតអំពីសភាពការណ៍ដែរ។ ក្នុងសភាពការណ៍នៃសង្គមនាបច្ចុប្បន្នកាល គេឃើញសុទ្ធតែអន្តរាយ និងវេទនាប៉ុណ្ណោះ។ យើងយល់ឃើញថា យើងត្រូវបដិសេធដាច់អហង្ការ មិនយល់ស្របនឹងព្យាការីដែលប្រកាសតែទុក្ខវេទនាជានិច្ចទាំងនោះ។ គេពោលហាក់ដូចជាពិភពលោកយើងនេះជិតវិនាសហើយ។ តាមពិត តាមដំណើរនៃព្រឹត្តិការណ៍នាបច្ចុប្បន្នកាល សង្គមមនុស្សយើងហាក់ដូចជានៅថ្នល់បែក។ យើងត្រូវតែទទួលស្គាល់គម្រោងការដ៏អាថ៌កំបាំងរបស់ព្រះជាម្ចាស់ ដែលណែនាំពិភពលោកតាមជំនាន់តៗគ្នា និងតាមកិច្ចការរបស់មនុស្សលោក។ តាមធម្មតា គម្រោងការទាំងនោះដល់គោលដៅជានិច្ច ផ្ទុយពីសេចក្តីរង់ចាំរបស់មនុស្ស។ សូម្បីតែព្រឹត្តិការណ៍ផ្ទុយពីព្រះហឫទ័យរបស់ព្រះអង្គក្តី ក៏ព្រឹត្តិការណ៍នោះដល់ទីដៅដែរ។ ព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ចាត់ចែងអ្វីៗទាំងអស់ ដើម្បីជាប្រយោជន៍របស់ព្រះសហគមន៍ដែរ”

៨៥- យើងតែងជួបការល្បួងខ្លាំងជាងគេ ជាការល្បួងដែលអាចបណ្តាលឱ្យយើងបាត់ចិត្តខ្នះខ្នែង និងសេចក្តីក្លាហាន គឺយើងមិនយល់អំពីអត្ថន័យនៃបរាជ័យ។ ពេលយើងត្រូវបរាជ័យ ធម្មតាយើងក្លាយទៅជាមនុស្សដែលមិនពេញចិត្តនឹងអ្វីទាំងអស់ យើងខកចិត្ត ហើយធ្វើមុខស្រពោន។ អ្នកដែលគ្មានសង្ឃឹមទាំងស្រុងថា ខ្លួនបានជ័យជម្នះមិនអាចចាប់ផ្តើមវាយប្រយុទ្ធប្រឆាំងខ្មាំងសត្រូវបានឡើយ។ អ្នកដែលចាប់ផ្តើមវាយប្រយុទ្ធទាំងគ្មានការទុកចិត្តលើខ្លួនឯង ពិតជាបានចាញ់ពាក់កណ្តាលរួចហើយ គេប្រៀបដូចជាអ្នកដែលបានកប់ទុកព្រះអំណោយទានរបស់ខ្លួននៅក្នុងដី។ ទោះបីយើងកើតទុក្ខដោយទទួលស្គាល់ភាពទន់ខ្សោយរបស់ខ្លួនក្តី ក៏យើងត្រូវដើរតទៅមុខដែរ ដោយមិនចាត់ខ្លួនថា ចាញ់គេជាមុនឡើយ។ យើងត្រូវនឹករំឭកព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូមកគ្រីស្តទូតប៉ូលថា៖ “ការប្រោសប្រណីរបស់យើងល្មមគ្រប់គ្រាន់សម្រាប់អ្នកហើយ ដ្បិតឫទ្ធានុភាពរបស់យើងលេចចេញមកយ៉ាងខ្លាំងបំផុតក្នុងមនុស្សទន់ខ្សោយ” (២ករ ១២,៩)។ គ្រីស្តបរិស័ទមានជ័យជម្នះដោយត្រូវឆ្លងកាត់ឈើឆ្កាងជានិច្ច។ តែឈើឆ្កាងជាទង់ជ័យរបស់យើង។ នៅពេលយើងប្រឆាំងតទល់នឹងសេចក្តីអាក្រក់ យើងលីឈើឆ្កាងទាំងថ្នាក់ថ្នម។ អ្នកដែលខ្លាចបរាជ័យជាបងប្អូនរបស់អ្នកដែលមានបំណងចង់ដកស្រងែចេញពីស្រូវល្អមុនពេលកំណត់ គឺគេបណ្តាលឱ្យខ្លួនខ្វះសេចក្តីទុកចិត្ត គេខ្វល់ខ្វាយក្នុងចិត្ត ព្រមទាំងគិតតែពីខ្លួនឯងទើបសំខាន់ផង។

៨៦- យើងដឹងច្បាស់ថា មានតំបន់ខ្លះក្លាយទៅជាវាលរហោស្ថានខាងវិញ្ញាណ គឺគ្មាននរណាផ្ញើជីវិតលើព្រះជាម្ចាស់សោះ។ ការណ៍នេះបណ្តាលមកពីសង្គមទាំងប៉ុន្មានមានគម្រោងការចង់កសាងខ្លួនឯងដោយមិនរវីរវល់នឹងព្រះជាម្ចាស់ ឬមកពីសង្គមបំបាត់ឫសរបស់ខ្លួនជាគ្រីស្តបរិស័ទ។ “ពិភពគ្រីស្តបរិស័ទមិនបង្កើតផលទៀតទេ គឺប្រៀបដូចជាស្រែចម្ការដែលអស់ជីជាតិហើយ ព្រោះគេដាំដំណាំច្រើនពេក ដីវាក្លាយទៅជាខ្សាច់វិញ”។ ក្នុងប្រទសខ្លះគេជំទាស់យ៉ាងខ្លាំងប្រឆាំងគ្រីស្តសាសនា គឺគេបង្ខំគ្រីស្តបរិស័ទឱ្យរស់នៅតាមជំនឿយ៉ាងស្ងាត់ៗក្នុងស្រុកដ៏ជាទីស្រឡាញ់របស់គេ។ នេះជារបៀបរស់នៅក្នុងវាលរហោស្ថាន ម៉្យាងទៀតយ៉ាងសែនឈឺចុកចាប់។ សូម្បីតែក្រុមគ្រួសាររបស់ខ្លួន ឬអ្នកដែលធ្វើការជាមួយក៏ជួនកាលក្លាយទៅជាបរិស្ថានដ៏ពិបាក គេប្រៀបដូចជាវាលរហោស្ថានស្ងួតហែងដែលមិនអាចបង្កើតផលបាន។ ប៉ុន្តែ យើងក៏ត្រូវរក្សាជំនឿទុក និងត្រូវខិតខំផ្សព្វផ្សាយជំនឿរបស់ខ្លួនក្នុងបរិស្ថាននេះដែរ។ “ពេលយើងមានបទពិសោធន៍អំពីវាលរហោស្ថានបែបនេះ និងអំពីកន្លែងគ្មានអ្វីសោះខាងវិញ្ញាណ ពេលនោះយើងអាចទទួលស្គាល់អំណរជាថ្មីដោយខ្លួនមានជំនឿ។ ពេលនោះ យើងក៏ដឹងថា ជំនឿមានសារៈសំខាន់ចំពោះយើងទាំងបុរសទាំងស្រ្តី។ នៅក្នុងវាលរហោស្ថាន គឺនៅកន្លែងមនុស្សមិនព្រមទទួលអ្វីខាងវិញ្ញាណសោះ យើងតែងទទួលស្គាល់សាជាថ្មីនូវអ្វីៗដែលយើងត្រូវការជាចាំបាច់សម្រាប់ការស់នៅ។ ដូច្នេះ ក្នុងពិភពលោកនាបច្ចុប្បន្ន មានសញ្ញាសម្គាល់ជាច្រើនឥតគណនាសរឱ្យដឹងថា មនុស្សស្រេកឃ្លានព្រះជាម្ចាស់ គេចង់ស្គាល់ទិសដៅចុងក្រោយបំផុតនៃជីវិតរបស់គេ។ តែមនុស្សតែងតែសម្តែងបំណងនេះមិនច្បាស់ ឬទាំងជំទាស់នឹងជំនឿផង។ ក្នុងវាលរហោស្ថាន គឺក្នុងពិភពលោកដែលមិនជឿនោះត្រូវការមនុស្សដែលមានជំនឿជាចាំបាច់។ អ្នកទាំងនោះរស់នៅតាមរបៀបដែលបង្ហាញផ្លូវទៅកាន់ទឹកដីសន្យាហើយដាស់តឿនគេឱ្យមានសេចក្តីសង្ឃឹម”។ ក្នុងគ្រប់ករណី ព្រះជាម្ចាស់ត្រាស់ហៅយើងឱ្យប្រៀបដូចជាពាងទឹកសម្រាប់ឱ្យអ្នកដទៃមករកទឹកពិសា។ ជួនកាលពាងទឹកនេះក្លាយទៅជាឈើឆ្កាងដ៏ធ្ងន់ធ្ងរ តែព្រះអម្ចាស់យេស៊ូដែលត្រូវគេទម្លុះនៅលើឈើឆ្កាងនេះឯង ព្រះអង្គក៏ប្រគល់ខ្លួនធ្វើជាប្រភពនៃទឹករស់។ កុំបណ្តោយឱ្យគេលួចប្លន់យកសេចក្តីសង្ឃឹមចេញពីយើងឡើយ!។

យើងត្រូវមានទំនាក់ទំនងគ្នានឹងគ្នាតាមរបៀបថ្មីរបស់ព្រះយេស៊ូគ្រីស្ត

៨៧- នាបច្ចុប្បន្នខ្សែបណ្តាញ និងមធ្យោបាយទូរគមនាគមន៍បានអភិវឌ្ឍន៍យ៉ាងខ្លាំង គឺដល់កម្រិតមិនដែលមានកាលពីមុន។ យើងដឹងខ្លួនថា ត្រូវរកឱ្យឃើញ និងបញ្ជូនបន្ត “គំនិតរឹងប៉ឹង” ដែលនាំឱ្យមនុស្សរស់នៅជាមួយគ្នា ឱ្យទាក់ទងគ្នា ឱ្យជួបជុំគ្នា ឱ្យឱបគ្នា ឱ្យគាំទ្រគ្នាទៅវិញទៅមក។ យើងក៏រួមចំណែកជាមួយមនុស្សដ៏ច្រើនឥតគណនាមិនសូវមានរបៀបរៀបរយ ដែលអាចមានបទពិសោធន៍ដ៏ពិតប្រាកដអំពីភាតរភាព និងអាចក្លាយទៅជាក្រុមដែលធ្វើដំណើរជាមួយគ្នា រួមសាមគ្គីគ្នាទាំងធ្វើដំណើរទៅកាន់ព្រះដ៏វិសុទ្ធ។ ដូច្នេះ លទ្ធភាពដ៏ធំទូលំទូលាយនៃទូរគមនាគមន៍នឹងក្លាយទៅជាលទ្ធភាពដ៏ប្រសើរ សម្រាប់ឱ្យមនុស្សទាំងអស់អាចជួបជុំគ្នា និងរួមសាមគ្គីគ្នាបាន។ ប្រសិនបើយើងដើរតាមមាគ៌ានេះពិតជាល្អណាស់។ បទពិសោធន៍នេះមុខជាផ្តល់ជីវិតសាជាថ្មីយ៉ាងបរិបូរណ៍ និងរំដោះមនុស្សយ៉ាងពេញលេញ ព្រមទាំងបង្កើតសេចក្តីសង្ឃឹមពុំខាន។ ប្រសិនបើយើងមិនគិតតែពីខ្លួនឯង ចាកចេញទៅរួបរួមជាមួយអ្នកដទៃ យើងពិតជាបានផលល្អខ្លួនឯង។ ផ្ទុយទៅវិញ អ្នកដែលគិតតែពីខ្លួនឯង គឺដូចជាភ្លក្សនូវពិសពុលដ៏ជូរចត់ដោយគិតតែពីលោកនេះ។ គ្រប់ពេលយើងជ្រើសរើសបម្រើខ្លួនឯងបែបអត្តទត្ថបុគ្គលនិយម មនុស្សជាតិគង់តែចាញ់ពុំខាន។

៨៨- គ្រីស្តបរិស័ទមានឧត្តមគតិដែលអញ្ជើញយើងឱ្យលែងមានមន្ទិលសង្ស័យនឹងអ្នកដទៃ គឺឱ្យទុកចិត្តលើគេជានិច្ច ព្រមទាំងឱ្យលែងខ្លាចអ្នកដទៃលុកលុយទឹកដីយើង។ យើងមិនត្រូវមានកិរិយាមារយាទចង់តែការពារខ្លួនខ្លាំងពេក តាមមតិពិភពលោកនាបច្ចុប្បន្នបង្ខំយើង។ មានមនុស្សជាច្រើនខិតខំរត់គេចឆ្ងាយពីអ្នកដទៃ ដើម្បីឱ្យបានរស់នៅយ៉ាងស្រណុក ឬឱ្យរស់នៅជាមួយក្រុមតូចដែលសុទ្ធតែមិត្តសម្លាញ់ប៉ុណ្ណោះ។ គេលះបង់គំនិតអំពីសង្គមដ៏ពិតប្រាកដតាមដំណឹងល្អ។ មានអ្នកខ្លះចង់គោរពព្រះគ្រីស្តដែលគ្រាន់តែជាវិញ្ញាណប៉ុណ្ណោះ ហាក់ដូចជាព្រះអង្គគ្មានសាច់គ្មានឈាមទេ ជាព្រះគ្រីស្តដែលមិនបានរងទុក្ខលើឈើឆ្កាងថែមទៀត។ យា៉ងណាមិញ អ្នកទាំងនោះចង់មានទំនាក់ទំនងជាមួយមនុស្សឯទៀតៗ តាមរយៈគ្រឿងប្រដាប់ប្រដាដ៏ស្មុគ្រស្មាញ គឺតាមរយៈកុំព្យូទ័រ និងតាមប្រព័ន្ធដែលគេអាចបើកបិទបានតាមចិត្ត។ ផ្ទុយទៅវិញ ដំណឹងល្អអញ្ជើញយើងឱ្យប្រថុយខ្លួនរត់ទៅជួបមុខអ្នកដទៃជានិច្ច គឺជួបអ្នកដែលមានសាច់មានឈាមយ៉ាងពិតប្រាកដ ជាអ្នកដែលសួរ ដេញដោលយើង ជាអ្នករងទុក្ខលំបាក និងមានសំណូមពរ។ ពេលនោះ យើងមានអំណរដែលរីកសុះសាយជានិច្ច ដោយបានទាក់ទងជាមួយគេ ដែលមានរូបកាយពិតមែន។ ជំនឿដ៏ពិតប្រាកដចំពោះព្រះបុត្រារបស់ព្រះជាម្ចាស់ដែលប្រសូតជាមនុស្ស មិនអាចបែកចេញពីការបូជាកម្លាំងកាយកម្លាំងចិត្ត ក៏មិនអាចបែកចេញពីការរួបរួមក្នុងសហគមន៍ និងពីការបម្រើអ្នកដទៃ ព្រមទាំងពីការសម្រុះសម្រួលនឹងរូបកាយរបស់អ្នកដទៃ។ ព្រះបុត្រារបស់ព្រះជាម្ចាស់ដែលប្រសូតជាមនុស្សអញ្ជើញយើងឱ្យធ្វើបដិវត្ដន៍នៃសេចក្តីថ្នាក់ថ្នម។

៨៩- អ្នកសម្រេចរស់នៅដាច់ឡែកពីគេ ក៏រស់នៅបែបមនុស្សលោកីយ៍ដែរ។ គេស្មានថា រស់នៅយ៉ាងស្វយ័តដោយមិនរវីរវល់នឹងព្រះជាម្ចាស់។ មានគេផ្សេងទៀតធ្វើពិធីបុណ្យនានាខាងសាសនា តែមានចិត្តគំនិតជាអ្នកប្រើប្រាស់សម្បត្តិខាងវិញ្ញាណ តាមគំនិតបុគ្គលនិយមរបស់គេដូចអ្នកមានជំងឺ។ មនុស្សភាគច្រើននាសម័យឥឡូវត្រឡប់មករកអ្វីៗដ៏សក្ការៈ និងស្វែងរកជីវិតខាងវិញ្ញាណ។ តែហេតុការណ៍ទាំងពីរនេះមានអត្ថន័យមិនច្បាស់។ សព្វថ្ងៃ យើងមិនគ្រាន់តែប្រឈមមុខនឹងលទ្ធិដែលប្រកាសថា គ្មានព្រះជាម្ចាស់ប៉ុណ្ណោះទេ តែយើងប្រឈមមុខនឹងការពិបាក ម៉្យាងទៀតគឺថា តើត្រូវឆ្លើយចំពោះមនុស្សជាច្រើនដែលស្រេកឃ្លានព្រះជាម្ចាស់យ៉ាងណា?។ ត្រូវប្រយ័ត្នកុំឱ្យគេបែរទៅជឿតាមបែបនាំឱ្យគេបាត់បង់សេរីភាព និងកុំឱ្យជួបព្រះយេស៊ូគ្រីស្តដែលគ្មានសាច់ឈាម ជាបែបមិននាំឱ្យគេប្តេជ្ញាចិត្តចំពោះអ្នកដទៃ។ ព្រះសហគមន៍ត្រូវណែនាំគេឱ្យមានជីវិតខាងវិញ្ញាណដែលព្យាបាល និងរំដោះគេ ព្រមទាំងផ្តល់ឱ្យគេបានពោរពេញដោយជីវិត និងដោយសេចក្តីសុខសាន្ត។ នៅពេលជាមួយគ្នានោះ ព្រះសហគមន៍ត្រូវត្រាស់ហៅគេឱ្យរួបរួមសាមគ្គីគ្នា និងឱ្យបង្កើតផលក្នុងឋានៈជាសាសនទូត។ ប្រសិនបីព្រះសហគមន៍មិនប្រទានជីវិតខាងវិញ្ញាណបែបនោះទេ អ្នកទាំងនោះមុខជាត្រូវចាញ់បោករបៀបកាន់សាសនាផ្សេងៗ ដែលមិនធ្វើឱ្យមនុស្សចម្រើនឡើង ហើយដែលមិនលើកតម្កើងព្រះជាម្ចាស់ដែរ។

៩០- សាសនាប្រជាប្រិយមានរបៀបផ្សេងៗដែលពិតជាកើតជាសាច់ឈាម ព្រោះសាសនាប្រជាប្រិយនោះកើតមកពីជំនឿនៃគ្រីស្តសាសនា ដែលយកសាច់ឈាមតាមវប្បធម៌ប្រជាប្រិយមួយដែរ។ ហេតុនេះ អ្នកកាន់សាសនាប្រជាប្រិយនោះក៏មានទំនាក់ទំនងផ្ទាល់ជាមួយព្រះជាម្ចាស់ ជាមួយព្រះយេស៊ូគ្រីស្ត ជាមួយនាងម៉ារី និងជាមួយសន្តបុគ្គលម្នាក់ដែរ។ ព្រះដែលគេគោរពនោះមានរូបកាយ និងមានមុខ។ គេមិនគ្រាន់តែមានទំនាក់ទំនងនឹងថាមពលដែលធ្វើឱ្យគេបានសុខដុមរមនាប៉ុណ្ណោះទេ។ ហេតុនេះហើយ បានជារបៀបគោរពព្រះជាម្ចាស់តាមប្រជាប្រិយ អាចជួយពង្រឹងទំនាក់ទំនងជាមួយគ្នា មិនគ្រាន់តែបណ្តាលឱ្យគេរត់តែម្នាក់ឯងឱ្យគេចឆ្ងាយពីលោកនេះប៉ុណ្ណោះទេ។ ក្នុងតំបន់ខ្លះនៃសង្គម យើងមានមនុស្សកាន់តែច្រើនឡើងៗចូលចិត្តនឹងរបៀបផ្សេងៗនៃ “ផ្លូវខាងវិញ្ញាណដែលផ្តល់សុខុមាលភាព”។ គេមិនត្រូវការសហគមន៍ណាមួយទេ តែគេចូលចិត្ត “ទេវវិទ្យានៃការចម្រើនឡើង”។ គេមិនបាច់ប្តេជ្ញាចិត្តរស់នៅជាមួយអ្នកដទៃទុកជាបងប្អូន។ អ្នកខ្លះចូលចិត្តបទពិសោធន៍ដោយខ្លួនគេផ្ទាល់ តែបទពិសោធទាំងនោះគ្មានមុខមាត់ គឺគេគ្រាន់តែស្វែងរកសេចក្តីសុខសាន្តក្នុងជម្រៅចិត្តតាមរបៀបលោកិយប៉ុណ្ណោះ។

៩១- យើងប្រឈមមុខនឹងការពិបាកយ៉ាងខ្លាំង គឺយើងត្រូវបង្ហាញឱ្យគេដឹងថា ដំណោះស្រាយបញ្ហាអំពីរបៀបកាន់សាសនាបែបនេះ មិនមកពីខ្លួនគេរត់គេចឆ្ងាយពីទំនាក់ទំនងជាមួយព្រះជាម្ចាស់ដោយផ្ទាល់ខ្លួន និងឱ្យប្តេជ្ញាចិត្តចំពោះព្រះអង្គ ព្រមទាំងឱ្យគេប្តេជ្ញាចិត្តទាក់ទងជាមួយអ្នកដទៃឱ្យសោះ។ ហេតុការណ៍នេះកើតឡើងសព្វថ្ងៃដែរ គឺមានគ្រីស្តបរិស័ទខ្លះតែងលាក់ខ្លួនមិនព្រមឱ្យអ្នកដទៃដឹងថា គេជាគ្រីស្តបរិស័ទទេ។ គេនាំគ្នារត់ពីកន្លែងមួយទៅកន្លែងមួយទៀត ឬលះបង់ការងារមួយទៅយកការងារមួយផ្សេងទៀត ទាំងមិនបង្កើតទំនាក់ទំនងយ៉ាងរឹងប៉ឹង និងដែលអាចនៅស្ថិតស្ថេរបាន។ ការរត់គេចនេះជាឱសថក្លែងក្លាយ បណ្តាលឱ្យធ្លាក់ទឹកចិត្តទៅជាឈឺ ជួនកាលក៏បណ្តាលឱ្យរូបកាយឈឺដែរ។ ត្រូវជួយគេជាចាំបាច់ឱ្យទទួលស្គាល់ថា មានផ្លូវតែមួយ គឺរៀនឱ្យទាក់ទងជាមួយអ្នកដទៃតាមឥរិយាបថដ៏ត្រឹមត្រូវ គឺរាប់គេទុកជាអ្នករួមដំណើរជាមួយគ្នា ដោយគ្មានអ្វីរារាំងក្នុងចិត្តឡើយ។ លើសពីនេះទៅទៀត ត្រូវបង្រៀនឱ្យគេទទួលស្គាល់ព្រះយេស៊ូក្នុងមុខអ្នកដទៃ ក្នុងសំឡេងរបស់គេ ហើយក្នុងសំណូមពររបស់គេទៀតផង។ នៅពេលមានគេជំទាស់នឹងយើងដោយអយុត្តិធម៌ ឬនៅពេលគេមិនដឹងគុណយើង យើងត្រូវរៀនរងទុក្ខទាំងឱបព្រះយេស៊ូដែលត្រូវគេឆ្កាង។ យើងត្រូវជ្រើសរើសរាប់អ្នកដទៃទុកជាបងប្អូនដោយមិនណាយចិត្តឡើយ។

៩២- ប្រសិនបើយើងទាក់ទងជាមួយអ្នកដទៃយ៉ាងជ្រៅតាមរបៀបរបស់ព្រះយេស៊ូ ដោយរាប់គេទុកជាបងប្អូន នោះយើងពិតជាសះស្បើយយ៉ាងពិតប្រាកដពុំខាន យើងក៏មិនធ្លាក់ឈឺទៀតទេ។ យើងសញ្ជឹងទាំងស្មឹងស្មាធិ៍នូវភាពថ្កុំថ្កើងដ៏សក្ការៈរបស់អ្នកដទៃ គឺយើងទទួលស្គាល់ព្រះជាម្ចាស់ដែលគង់នៅក្នុងមនុស្សគ្រប់ៗរូប។ យើងស៊ូទ្រាំការពិបាកនានាបណ្តាលមកពីការរួមរស់ជាមួយគ្នា ដោយភ្ជាប់ចិត្តនឹងព្រះហឫទ័យស្រឡាញ់របស់ព្រះជាម្ចាស់។ យើងបើកចិត្តគំនិតទទួលព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គ ដើម្បីរកឱ្យអ្នកដទៃបានសេចក្តីសុខសាន្តដូចព្រះបិតារបស់គេ ដែលមានព្រះហឫទ័យសប្បុរសតែងប្រព្រឹត្តដូច្នោះដែរ។ ជាពិសេសនាបច្ចុប្បន្នកាលនេះ នៅកន្លែងណាមានហ្វូងដ៏តូចដែលនៅសេសសល់ (លក ១២,៣២) ក្រុមសាវ័ករបស់ព្រះអម្ចាស់ត្រូវរស់នៅជាសហគមន៍ ដើម្បីទៅជាអំបិលសម្រាប់ផែនដី និងជាពន្លឺបំភ្លឺពិភពលោក (មថ ៥,១៣-១៦)។ ព្រះជាម្ចាស់ត្រាស់ហៅគេឱ្យធ្វើសាក្សីថា គេភ្ជាប់ចិត្តនឹងការជម្រាបជូនដំណឹងល្អតាមរបៀបកាន់តែថ្មីទៅៗជានិច្ច។ សូមកុំបណ្តោយឱ្យមារលួចប្លន់យកសហគមន៍របស់យើងឡើយ!។

យើងមិនព្រមរស់នៅតាមវិញ្ញាណបែបលោកីយ

៩៣- អ្នកមានជីវិតខាងវិញ្ញាណតាមរបៀបលោកិយតែងតែស្វែងរកសិរីរុងរឿងបែបមនុស្សលោក និងសុខុមាលភាពផ្ទាល់ខ្លួន តែមិនស្វែងរកសិរីរុងរឿងរបស់ព្រះអម្ចាស់ទេ។ ជួនកាលគេលាក់ជីវិតខាងវិញ្ញាណតាមរបៀបលោកិយនេះ ដោយធ្វើហាក់ដូចជាកាន់សាសនាត្រឹមត្រូវ និងស្រឡាញ់ព្រះសហគមន៍ទៀតផង។ កាលពីដើម ព្រះអម្ចាស់ស្តីបន្ទោសក្រុមអ្នកខាងគណៈផារីស៊ីដែលរស់នៅតាមបែបនេះថា៖ “តើអ្នករាល់គ្នាអាចជឿដូចម្តេចបាន បើអ្នករាល់គ្នាចូលចិត្តទទួលសិរីរុងរឿងតែពីគ្នាទៅវិញទៅមកដូច្នេះ ហើយពុំស្វែងរកសិរីរុងរឿងពីព្រះជាម្ចាស់តែមួយគត់សោះនោះ?” (យហ ៥,៤៤)។ អ្នកទាំងនោះពូកែលាក់ខ្លួន  “គិតតែពីប្រយោជន៍ផ្ទាល់ខ្លួន តែមិនគិតពីប្រយោជន៍របស់ព្រះយេស៊ូគ្រីស្តទេ” (ភីល ២,២១)។ ជីវិតខាងវិញ្ញាណតាមរបៀបលោកិយនេះ មានរបៀបប្លែកៗពីគ្នាជាច្រើនយ៉ាងស្របតាមបុគ្គល និងស្របតាមកាលៈទេសៈ។ អ្នកកាន់តាមរបៀបលោកិយនេះស្វែងរកតែអាការៈល្អខាងក្រៅប៉ុណ្ណោះទេ ហេតុនេះ គេមិនប្រព្រឹត្តអំពីបាបជាសាធារណៈទេ គឺខាងក្រៅមើលអ្វីៗដូចជាត្រឹមត្រូវល្អទាំងអស់។ ក៏ប៉ុន្តែ ប្រសិនបើជីវិតខាងវិញ្ញាណបែបនោះចូលលុកលុយព្រះសហគមន៍ “មុខជានាំឱ្យកើតអន្តរាយធ្ងន់បំផុត ជាងរបៀបរស់នៅតាមលោកិយខាងផ្លូវសីលធម៌ទៅទៀត”

៩៤- ការរស់នៅតាមលោកិយបែបនោះអាចចម្រើនឡើងយ៉ាងពិសេសតាមរបៀបពីរយ៉ាង ដែលភ្ជាប់ជាមួយគ្នាយ៉ាងស្អិតល្មួត។ របៀបទីមួយៈ គឺមនុស្សចូលចិត្តចំណេះនិយម ជាជំនឿរបស់បុគ្គលម្នាក់ដែលគិតតែខ្លួនត្រូវ គឺអះអាងតែលើបទពិសោធន៍យ៉ាងជាក់ច្បាស់ប៉ុណ្ណោះ។ គេអះអាងលើការរិះគិតដេញដោលរកហេតុផលតៗគ្នា និងរកចំណេះចេះដឹងដែលគេស្មានថា អាចគាំទ្រ និងបំភ្លឺចិត្តគំនិតមនុស្សលោក។ តែតាមពិតអ្នកកាន់តាមរបៀបចំណេះនិយមនេះ នៅតែជាប់នឹងមនុស្សលោកតាមប្រាជ្ញា និងមនោសញ្ចេតនារបស់ខ្លួន។ មានរបៀបមួយផ្សេងទៀត គឺលទ្ធិបេឡាស៊ីថ្មី (នៅសម័យសន្តអូគូស្តាំងពួកបេឡាស៊ីតែងតែអះអាងថា មនុស្សមានសមត្ថភាពអាចប្រព្រឹត្តអំពើល្អតាមចិត្តបាន) គឺអ្នកទាំងនោះយកខ្លួនគេផ្ទាល់ធ្វើជាគោលដ៏សំខាន់ជាងគេ។ គេតែងអួតថា អាចប្រតិស្ឋានអ្វីៗទាំងអស់ក៏បាន។ គេរកពឹងផ្អែកតែលើកម្លាំងខ្លួនផ្ទាល់ និងចាត់ខ្លួនគេថា ប្រសើរជាងអ្នកឯទៀតៗទាំងអស់ ព្រោះគេកាន់តាមវិន័យយ៉ាងជាក់ច្បាស់ ព្រោះគេកាន់យ៉ាងស្មោះតាមរចនាបថកាតូលិកម៉្យាងពីបុរាណ។ គេមិនព្រមដូររចនាបថនោះទាល់តែសោះ។ គេស្មានថា គេកាន់តាមលទ្ធិនៃគ្រីស្តសាសនា និងតាមវិន័យយ៉ាងត្រឹមត្រូវល្អ។ ដូច្នេះ គេប្រែទៅជាក្រុមពិសេសដែលមើលតែខ្លួនឯងទាំងសរសើរផង ព្រមទាំងចង់ប្រើអំណាចបង្ខំអ្នកដទៃឱ្យប្រព្រឹត្តតាមខ្លួនដែរ។ គេតែងតែវិភាគ និងវិនិច្ឆ័យអ្នកដទៃ ចាត់ចែងអ្នកដទៃទាំងនោះតាមថ្នាក់ៗ។ គេមិនជម្រាបជូនដំណឹងល្អទេ គេមិនប្រើកម្លាំងរបស់ខ្លួនមកជួយអ្នកដទៃឱ្យទទួលព្រះហឫទ័យប្រោសប្រណីរបស់ព្រះជាម្ចាស់ទេ តែផ្ទុយទៅវិញ គេប្រើកម្លាំងរបស់ខ្លួនមកឆែកឆេរព្រះហឫទ័យប្រោសប្រណីនោះ។ ក្នុងករណីទាំងពីរនោះ គេមិនចាប់អារម្មណ៍យ៉ាងពិតប្រាកដដល់ព្រះយេស៊ូគ្រីស្ត និងដល់អ្នកដទៃទេ។ អ្នកទាំងនោះបង្ហាញអំពីរបៀបរស់នៅតាមលោកិយ ដែលគិតតែពីទ្រឹស្តីអំពីមនុស្សធ្វើជាគោលដ៏សំខាន់ប៉ុណ្ណោះ។ យើងមិនអាចគិតថា របៀបកាន់គ្រីស្តសាសនាបែបទាំងពីរនេះអាចបង្កើតថាមពលក្នុងការ ជម្រាបជូនដំណឹងល្អយ៉ាងពិតប្រាកដទេ ព្រោះគេគិតតែពីគ្រីស្តសាសនាមួយផ្នែកតូចប៉ុណ្ណោះ។

៩៥- យើងមិនឃើញច្បាស់នូវរបៀបជីវិតខាងវិញ្ញាណបែបលោកិយនេះទេ តែយើងអាចស្គាល់តាមឥរិយាបថផ្សេងៗបាន។ ជួនកាលឥរិយាបថទាំងនោះដូចជាផ្ទុយគ្នា តែអះអាងដូចគ្នាថា ចង់ត្រួតត្រាព្រះសហគមន៍តែម្តង។ អ្នកខ្លះយកចិត្តទុកដាក់នឹងពិធីគោរពប្រណិប័តន៍ព្រះជាម្ចាស់យ៉ាងអ៊ឹកអធឹក យកចិត្តទុកដាក់នឹងលទ្ធិគ្រីស្តសាសនា និងភាពថ្កុំថ្កើងរុងរឿងនៃព្រះសហគមន៍។ ក៏ប៉ុន្តែ គេមិនយកចិត្តទុកដាក់នាំឱ្យដំណឹងល្អចូលជ្រួតជ្រាបយ៉ាងពិតប្រាកដក្នុងប្រជារាស្ត្ររបស់ព្រះជាម្ចាស់ និងជ្រួតជ្រាបក្នុងសេចក្តីត្រូវការយ៉ាងជាក់ច្បាស់តាមប្រវត្តិសាស្រ្តទេ។ អ្នករស់នៅតាមរបៀបនេះធ្វើឱ្យការរស់នៅនៃព្រះសហគមន៍ក្លាយទៅជាវត្ថុមួយដែលត្រូវតាំងក្នុងសារមន្ទីរ ឬក្លាយទៅជាកម្មសិទ្ធិរបស់មនុស្សមួយចំនួនតូចប៉ុណ្ណោះ។

ជួនកាលបៀបរស់នៅខាងវិញ្ញាណបែបលោកិយនៅលាក់លៀម គឺអ្នកខ្លះជក់ចិត្តយ៉ាងខ្លាំង ចង់បង្ហាញឱ្យអ្នកដទៃឃើញថា គេបានជោគជ័យក្នុងសង្គម ឬខាងនយោបាយ។ គេរកសិរីរុងរឿងក្លែងក្លាយដោយចេះចាត់ចែងកិច្ចការផ្សេងៗ។ គេចូលចិត្តយ៉ាងខ្លាំងការវាយតម្លៃខ្លួនឯង និងដោយសម្រចកិច្ចការដែលយកតែខ្លួនគេជាគោលដ៏សំខាន់។ អ្នកខ្លះទៀតមានជីវិតខាងវិញ្ញាណបែបលោកិយដោយបង្ហាញឱ្យគេដឹងថា ខ្លួនមានការមមាញឹកក្នុងសង្គម គេធ្វើដំណើរជាច្រើន គេចូលរួមប្រជុំជាច្រើន គេចូលពិធីជប់លៀង និងកម្មវិធីផ្សេងៗជាច្រើន។ ជីវិតខាងវិញ្ញាណបែបលោកិយក៏លេចមកដោយអ្នកខ្លះបំពេញការងារដូចអ្នករដ្ឋការដែលត្រួតត្រាអ្វីៗទាំងអស់ គេតែងធ្វើស្ថិតិ ធ្វើផែនការ និងធ្លាប់វាយតម្លៃ។ ប៉ុន្តែ ប្រជារាស្ត្ររបស់ព្រះជាម្ចាស់មិនទទួលផលប្រយោជន៍ពីកិច្ចការទាំងនោះទេ តែរចនាសម្ពន្ធនៃព្រះសហគមន៍វិញឯណោះទេ ទើបទទួលផលប្រយោជន៍។ ក្នុងគ្រប់ករណីនៃជីវិតខាងវិញ្ញាណបែបលោកិយ ព្រះគ្រីស្តដែលប្រសូតជាមនុស្ស ដែលត្រូវគេឆ្កាង និងដែលមានព្រះជន្មថ្មីដ៏រុងរឿងមិនធានារ៉ាប់រងជីវិតគេទេ។ អ្នកទាំងនោះគិតតែពីក្រុមដ៏ប្រសើរបស់គេ តែគេមិនចេញទៅយ៉ាងពិតប្រាកដទៅស្វែងរកមនុស្សដែលនៅឆ្ងាយទេ។ គេមិនចេញទៅរកមនុស្សច្រើនឥតគណនាដែលស្រេកឃ្លានចង់ជួបព្រះគ្រីស្តទេ។ ក្នុងករណីទាំងនោះគេមិនខ្នះខ្នែងចំពោះដំណឹងល្អទេ គេគ្រាន់តែពេញចិត្តខ្លួនឯងដោយកិច្ចការរបស់ខ្លួនគេប៉ុណ្ណោះ។

៩៦- ក្នុងបរិបទនោះ អស់អ្នកដែលស្កប់ចិត្តដោយគ្រាន់តែមានអំណាចម៉្យាងបានសិរីរុងរឿងក្លែងក្លាយ។ គេប្រៀបដូចជាសេនាបតីត្រួតត្រាកងទ័ពដែលចាញ់គេហើយ។ គេមិនចូលចិត្តធ្វើជាទាហានធម្មតានៃកងទ័ព ដែលនៅតែបន្តការប្រយុទ្ធតទៅទៀត។ តាមធម្មតា យើងស្រមៃឃើញធ្វើផែនការជម្រាបជូនដំណឹងល្អដែលអាចនាំឱ្យព្រះសហគមន៍ចម្រើនឡើង គឺយើងធ្វើកម្មវិធីជាក់លាក់ និងគម្រោងការច្បាស់ដូចគម្រោងការរបស់សេនាបតីដែលចាញ់គេហើយ។ ធ្វើដូច្នេះ យើងភ្លេចប្រវត្តិសាស្រ្តព្រះសហមគម៍យើងដែលតែងប្រកបដោយសិរីរុងរឿង ព្រោះមានគ្រីស្តបរិស័ទធ្វើពលិកម្ម គេមានសេចក្តីសង្ឃឹម គេតស៊ូរៀងរាល់ថ្ងៃ គេបូជាកម្លាំងកាយកម្លាំងចិត្តបម្រើអ្នកដទៃ គេតស៊ូព្យាយាមក្នុងការនឿយហត់ ទាំងបែកញើសហូរញើស។ ផ្ទុយទៅវិញយើងបង្អង់តាមផ្លូវដូចអ្នកដែលអួតថា “ត្រូវធ្វើការនេះ ត្រូវធ្វើការនោះ” (នេះជាអំពើបាប “យើងត្រូវធ្វើ”) ឬដូចគ្រូនៃជីវិតខាងវិញ្ញាណ និងអ្នកជំនាញការខាងការណែនាំដែលចេះតែទូន្មានគេ តែនៅខាងក្រៅមិនចូលដៃជួយគេសោះ។ យើងនៅតែស្រមៃឃើញឥតឈប់ឈរ ហើយមិនជាប់ទាក់ទងជាមួយសភាពការណ៍ដ៏ពិតប្រាកដនៃប្រជាជនរបស់អ្នកជឿ ដែលកំពុងរងទុក្ខលំបាក។

៩៧- អ្នកដែលធ្លាក់ខ្លួនទៅមានជីវិតខាងវិញ្ញាណ តាមរបៀបលោកិយតែងតែមើលអ្វីៗពីលើ និងពីចម្ងាយមិនព្រមទទួលពាក្យសម្តីរបស់បងប្អូន និងដេញអ្នកដែលធ្វើសំណូមពរមួយ។ គេចេះតែរំឭកការវង្វងរបស់អ្នកដទៃជានិច្ច ហើយចេះតែនឹកគិតអំពីអាការៈខាងក្រៅប៉ុណ្ណោះ។ គេលែងមានចិត្តស្រឡាញ់អ្នកដទៃ គេចេះតែគិតគូរដល់ប្រយោជន៍ផ្ទាល់ខ្លួនក្នុងលោកនេះ។ ហេតុនេះហើយ បានជាគេមិនព្រមរៀនដោយរិះគិតអំពីបាបរបស់គេ។ គេមិនសុខចិត្តលើកលែងទោសយ៉ាងពិតប្រាកដ។ ការនេះពិតជាការអាក្រក់ដែលមានមុខដូចជាអំពើល្អវិញ។ យើងត្រូវតែចៀសវាងមិនឱ្យព្រះសហគមន៍មានជីវិតខាងវិញ្ញាណ តាមរបៀបលោកិយ ដោយជំរុញឱ្យព្រះសហគមន៍លែងគិតតែដល់ប្រយោជន៍ខ្លួនឯង បែរចេញទៅរកអ្នកដទៃវិញ។ ដូច្នេះព្រះសហគមន៍នឹងបំពេញបេសកកម្មដែលមានព្រះយេស៊ូគ្រីស្តជាគោលដ៏សំខាន់ ហើយក៏ប្តេជ្ញាបម្រើអ្នកក្រីក្រ។ សូមព្រះជាម្ចាស់រំដោះយើងឱ្យរួចពីព្រះសហគមន៍ ដែលមានលក្ខណៈតាមលោកិយ ទាំងធ្វើពុតជាមានជីវិតខាងវិញ្ញាណ និង ណែនាំគ្រីស្តបរិស័ទ។ ការរស់នៅខាងវិញ្ញាណតាមរបៀបលោកិយធ្វើឱ្យយើងថប់ដង្ហើម។ យើងអាចជាសះស្បើយបានដោយភ្លក្សខ្យល់ដ៏បរិសុទ្ធនៃព្រះវិញ្ញាណ ដែលរំដោះយើងមិនឱ្យគិតតែពីខ្លួនឯង ទុកជាគោលដ៏សំខាន់ជាងគេទាំងធ្វើពុតជាអ្នកកាន់សាសនា។ តែតាមពិត មិនគោរពព្រះជាម្ចាស់ទេ។ កុំបណ្តោយឱ្យមារលួចប្លន់យកដំណឹងល្អចេញពីយើងឡើយ។

យើងមិនព្រមបាក់បែកគ្នាឯងទៀតទេ

៩៨- មានសង្គ្រាមជាច្រើនណាស់នៅផ្ទៃក្នុងប្រជារាស្តរបស់ព្រះជាម្ចាស់ និងក្នុងសហគមន៍នានា។ នៅកន្លែងយើងរស់នៅ នៅកន្លែងធ្វើការក៏កើតសង្គ្រាមជាច្រើន ដោយមានការច្រណែនឈ្នានីសគ្នា។ សូម្បីតែក្នុងចំណោមគ្រីស្តបរិស័ទក្តី ក៏មានការច្រណែនឈ្នានីសគ្នាដែរ។ ការរស់នៅខាងវិញ្ញាណតាមរបៀបលោកិយ ជំរុញគ្រីស្តបរិស័ទខ្លះឱ្យធ្វើសង្គ្រាមជំទាស់នឹងគ្រីស្តបរិស័ទឯទៀតៗ ដែលរារាំងផ្លូវគេមិនឱ្យកាន់អំណាច មិនឱ្យមានកិត្តិយស មិនឱ្យស្រើបស្រាលបាន ឬមិនឱ្យមានសុវត្ថិភាពខាងសេដ្ឋកិច្ច។ លើសពីនេះទៅទៀត មានគ្រីស្តបរិស័ទខ្លះស្រាយចំណងនៃសេចក្តីស្រឡាញ់ជាមួយព្រះសហគមន៍ ដើម្បីជជែកប្រកែកវិញ។ គេលែងជាប់នឹងព្រះសហគមន៍ទាំងមូល ដែលមានសមាជិកប្លែកៗពីគ្នាតាមអំណោយទាននានា បែរទៅភ្ជាប់នឹងក្រុមមួយដែលគេយល់ថា ប្លែកពីអ្នកដទៃ ឬជាក្រុមពិសេសតែម្តង។

៩៩- សង្គ្រាម និងហិង្សាតែងតែហែកហួរពិភពលោកយើង មនុស្សលោកក៏ត្រូវរបួសដោយមានមនុស្សជាច្រើន គិតតែពីខ្លួន ជាទូទៅ ជាមូលហេតុបណ្តាលឱ្យមនុស្សបាក់បែកគ្នា គឺម្នាក់ជំទាស់នឹងម្នាក់ទៀតដោយស្វែងរកតែសុខុមាលភាពផ្ទាល់ខ្លួន។ ក្នុងប្រទេសជាច្រើនមានជម្លោះ និងការបែកបាក់គ្នាពីជំនាន់ដើមរើឡើងវិញហើយ។ យើងស្មានថា ជម្លោះ និងការបែកបាក់គ្នាទាំងនោះបាត់ផុតទៅហើយ។ ខ្ញុំសូមអង្វរគ្រីស្តបរិស័ទគ្រប់ព្រះសហគមន៍ក្នុងពិភពលោកទាំងមូលយ៉ាងពិសេស សូមផ្តល់សក្ខីភាពអំពីការរួបរួមគ្នាជាបងប្អូន។ សក្ខីភាពនោះពិតជាទាក់ទាញចិត្តគេ និងចាំងពន្លឺក្នុងពិភពលោកមែន។ សូមឱ្យមនុស្សទាំងអស់អាចសរសើររបៀបបងប្អូនយកចិត្តទុកដាក់គ្នានឹងគ្នា សរសើររបៀបបងប្អូនជួយគ្នាទៅវិញទៅមក និងរបៀបបងប្អូនជូនដំណើរគ្នាផង។ “បើអ្នកស្រឡាញ់គ្នាទៅវិញទៅមក មនុស្សទាំងអស់មុខជាដឹងថា អ្នករាល់គ្នាពិតជាសាវ័ករបស់ខ្ញុំមែន” (យហ ១៣, ៣៥)។ ព្រះយេស៊ូបានទទូចអង្វរព្រះបិតាថា៖ “សូមឱ្យគេរួមគ្នាជាអង្គតែមួយនៅក្នុងយើង ដើម្បីឱ្យមនុស្សលោកជឿថា ព្រះអង្គបានចាត់ឱ្យខ្ញុំមកមែន” (យហ ១៧,២១)។ សូមប្រយ័ត្នកុំឱ្យចាញ់ការល្បួងនៃការច្រណែនគ្នា។ យើងទាំងអស់គ្នានៅក្នុងទូកតែមួយដូចគ្នា យើងតម្រង់ទៅកាន់កំពុងផែតែមួយដូចគ្នា! សូមព្រះអង្គប្រោសប្រណីឱ្យយើងមានអំណរដោយឃើញអ្នកឯទៀតៗបង្កើតផលល្អ ជាផលរបស់យើងទាំងអស់គ្នាដែរ។

១០០- ចំពោះអស់អ្នកដែលត្រូវរបួសចិត្ត ដោយការបាក់បែកគ្នាពីបុរាណមក ប្រហែលគេពិបាកទទួលពាក្យរបស់យើងនេះ គឺសូមលើកលែងទោសឱ្យគេ និងសូមសម្រុះសម្រួលគ្នាទៅវិញទៅមក ព្រោះគេនឹកស្មានថា យើងមិនស្គាល់ទុក្ខរបស់គេ ឬក៏ចង់ឱ្យគេលែងនឹកចងចាំ និងបំភ្លេចឧត្តមគតិរបស់គេដែរ។ ប្រសិនបើអ្នកទាំងនោះឃើញសហគមន៍គ្រីស្តបរិស័ទរស់នៅដូចបងប្អូនយ៉ាងពិតប្រាកដ និងស្រុះស្រួលគ្នាវិញ ពិតជាពន្លឺដែលទាក់ទាញចិត្តជានិច្ច។ ហេតុនេះ ខ្ញុំកើតទុក្ខយ៉ាងសែនខ្លោចផ្សា ដោយឃើញថា ក្នុងសហគមន៍គ្រីស្តបរិស័ទខ្លះ សូម្បីតែក្នុងសហគមន៍របស់អ្នកដែលញែកខ្លួនថ្វាយព្រះជាម្ចាស់ក្តី ក៏គេបណ្តោយខ្លួនឱ្យស្អប់គ្នាគ្រប់យ៉ាង ឱ្យបែកបាក់គ្នា ឱ្យមួលបង្កាច់គ្នា ឱ្យបង្ខូចឈ្មោះគ្នា ឱ្យសងសឹកគ្នា ឱ្យច្រណែនឈ្នានីស ឱ្យមានបំណងបង្ខំគេ ឱ្យទទួលយោបល់របស់ខ្លួនតាមរបៀបណាក៏បានរហូតដល់បៀតបៀនគេ ដូចជាដេញដោលអ្នកមានគំនិតប្លែកពីខ្លួន។ល។ ប្រសិនបើយើងមានកិរិយាមារយាទដូច្នេះ តើយើងមានបំណងនាំដំណឹងល្អឱ្យនរណាបាន?

១០១- យើងត្រូវតែអង្វរព្រះអម្ចាស់ សូមព្រះអង្គប្រោសឱ្យយើងយល់អំពីធម្មវិន័យនៃសេចក្តីស្រឡាញ់។ យើងមានធម្មវិន័យនេះពិតជាល្អហើយ! ប្រសិនបើយើងស្រឡាញ់គ្នាទៅវិញទៅមកលើសអ្វីៗទាំងអស់ ក៏យើងមុខជាសប្បាយមែន។ មែន! ត្រូវស្រឡាញ់គ្នាលើសអ្វីៗទាំងអស់។ គ្រីស្តទូតប៉ូលប្រៀនប្រដៅយើងម្នាក់ៗថា៖ “មិនត្រូវចាញ់ការអាក្រក់ឡើយ គឺត្រូវឈ្នះការអាក្រក់ដោយប្រព្រឹត្តអំពើល្អវិញ” (រម ១២,២១)។ មួយវិញទៀត៖ “យើងមិនត្រូវនឿយណាយនឹងប្រព្រឹត្តអំពីល្អឡើយ”  (កាឡ ៦,៩)។ តាមធម្មតា យើងទាំងអស់គ្នាចូលចិត្តអ្នកខ្លះ ហើយក៏មិនចូលចិត្តអ្នកខ្លះទៀត។ នៅពេលឥឡូវនេះ ប្រហែលយើងទាស់ចិត្តនឹងមនុស្សណាម្នាក់ទេដឹង? យើងត្រូវអង្វរព្រះអម្ចាស់ថា៖ “បពិត្រព្រះអម្ចាស់ ខ្ញុំទាស់ចិត្តនឹងអ្នកនេះ ទាស់ចិត្តនឹងអ្នកនោះ សូមព្រះអង្គប្រទានពរឱ្យគេផង”។ អ្នកសូមព្រះអម្ចាស់ប្រទានពរដល់អ្នកដែលខ្លួនខឹងនោះ ពិតជាបោះជំហានមួយទៅកាន់សេចក្តីស្រឡាញ់ ហើយពិតជាធ្វើកិច្ចការដែលនាំដំណឹងល្អ។ សូមធ្វើដូច្នេះនៅថ្ងៃនេះ។ សូមកុំបណ្តោយឱ្យមារលួចប្លន់យកឧត្តមគតិនៃសេចក្តីស្រឡាញ់ទុកជាបងប្អូនចេញពីយើងឡើយ។

ព្រះសហគមន៍ត្រូវប្រឈមមុខការពិបាកផ្សេងៗទៀត

១០២- សមាជិកស្ទើរតែទាំងអស់នៃប្រជារាស្រ្តរបស់ព្រះជាម្ចាស់ សុទ្ធសឹងតែជាគ្រីស្តបរិស័ទធម្មតា។ អ្នកបំពេញមុខងារបម្រើគេមានចំនួនតិចទេ គឺអស់លោកដែលទទួលអគ្គសញ្ញាតែងតាំងជាអ្នកបម្រើព្រះសហគមន៍។ ក្នុងព្រះសហគមន៍គ្រីស្តបរិស័ទធម្មតា ភ្ញាក់ស្មារតីអំពីអត្តសញ្ញាណ និងអំពីបេសកកម្មរបស់ខ្លួនកាន់តែច្បាស់ឡើងៗ។ មានគ្រីស្តបរិស័ទធម្មតាជាច្រើនយកចិត្តទុកដាក់នឹងព្រះសហគមន៍កាន់តែខ្លាំងឡើងៗ និងប្តេជ្ញាចិត្តយ៉ាងស្មោះចំពោះសេចក្តីស្រឡាញ់អ្នកដទៃ ចំពោះការអប់រំជំនឿ និងចំពោះពិធីលើកតម្កើងជំនឿ។ គេភ្ញាក់ស្មារតីអំពីទំនួលខុសត្រូវនេះ នៅពេលគេទទួលអគ្គសញ្ញាជ្រមុជទឹក និងអគ្គសញ្ញាលាបថ្ងាស តែគេបង្ហាញការទទួលខុសត្រូវនេះតាមរបៀបផ្សេងៗពីគ្នា។ ជួនកាលគេមិនបានទទួលការអប់រំ ដើម្បីទទួលការខុសត្រូវលើកិច្ចការធំៗទេ ជួនកាលគេរកកន្លែងបញ្ចេញយោបល់ និងបំពេញកិច្ចការមិនឃើញក្នុងព្រះសហគមន៍នៃភូមិ ភាគរបស់ខ្លួនទេ ព្រោះក្រុមគង្វាលកាន់អំណាចតឹងតែងពេក មិនព្រមឱ្យគេចូលរួមក្នុងការសម្រេចសេចក្តីទេ។ ហេតុនេះហើយបានជាទោះបើយើងកត់សម្គាល់ថា គេចូលរួមបំពេញមុខងារបម្រើក្នុងឋានៈជាគ្រីស្តបរិស័ទធម្មតាកាន់តែច្រើនឡើងៗក្តី ក៏គេមិនប្តេជ្ញាចិត្តនាំតម្លៃនៃគ្រីស្តសាសនាចូលជ្រួតជ្រាប ក្នុងសង្គម ក្នុងនយោបាយ និងក្នុងសេដ្ឋកិច្ចនៅឡើយ។ ជារឿយៗ គេគ្រាន់តែប្តេជ្ញាចិត្តបំពេញកិច្ចការផ្ទៃក្នុងព្រះសហគមន៍ប៉ុណ្ណោះ មិនប្តេជ្ញាចិត្តយ៉ាងពិតប្រាកដឱ្យដំណឹងល្អប្រែសង្គមទេ។ ការអប់រំគ្រីស្តបរិស័ទធម្មតា និងការជម្រាបជូនដំណឹងល្អដល់ក្រុមអ្នកកាន់អាជីវកម្មនានា និងក្រុមបញ្ញវ័ន្តជាការប្រឈមមុខដ៏សំខាន់មួយ។

១០៣- ព្រះសហគមន៍ទទួលស្គាល់ថា ស្ត្រីៗនាំឥទ្ធិពលសំខាន់ៗក្នុងសង្គម គឺនាងចេះចាប់អារម្មណ៍ខាងផ្លូវចិត្ត យល់ដឹងជម្រៅចិត្តគេ និងមានសមត្ថភាពពិសេសខ្លះច្រើនជាងបុរស។ ឧបមាថា ស្ត្រីៗតែងតែចាប់អារម្មណ៍នឹងអ្នកដទៃ ជាពិសេស នៅពេលមានកូន។ មានកន្លែងផ្សេងៗទៀតដែរ។ ខ្ញុំមានអំណរដោយឃើញស្ត្រីៗជាច្រើននាក់ ចែករំលែកទំនួលខុសត្រូវក្នុងការណែនាំព្រះសហគមន៍ រួមជាមួយក្រុមគង្វាលជួយជូនដំណើរមនុស្ស ជួយជូនដំណើរក្រុមគ្រួសារ និងក្រុមផ្សេងៗ ហើយក៏ជួយរិះគិតខាងទេវវិទ្យាតាមបែបថ្មី។ ប៉ុន្តែ ត្រូវពង្រីកកន្លែងឱ្យស្រ្តីៗមានវត្តមានរឹតតែមោះមុតក្នុងព្រះសហគមន៍។ សង្គមមនុស្សត្រូវការទេពកោសល្យរបស់ស្ត្រីៗជាចាំបាច់។ ហេតុនេះហើយ បានជាត្រូវធានាវត្តមានស្ត្រីៗក្នុងកន្លែងធ្វើការងារដែរ។ “ស្ត្រីៗត្រូវមានវត្តមាននៅគ្រប់កន្លែងដែលមានសម្រេចសេចក្តីសំខាន់ៗ មិនគ្រាន់តែក្នុងព្រះសហគមន៍ប៉ុណ្ណោះទេ តែក្នុងគ្រប់រចនាសម្ពន្ធនៃសង្គមទាំងមូលទៀតដែរ”

១០៤- ស្ត្រីៗតែងតែទាមទារសិទ្ធិដ៏ត្រឹមត្រូវរបស់នាង។ យើងជឿជាក់ថា បុរស និងស្ត្រីមានកិត្តិយសដ៏ថ្លៃថ្នូរស្មើគ្នា។ ការទាមទារសិទ្ធិនេះចោទសំណួរដ៏ជ្រៅមកព្រះសហគមន៍ ជាសំណួរព្រះសហគមន៍ត្រូវប្រឈមមុខ មិនត្រូវទាត់ចោលដោយមិនបានរិះគិតយ៉ាងជ្រៅទេ។ មានតែបុរសទេដែលអាចទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យ ទុកជាសញ្ញាសម្គាល់អំពីព្រះគ្រីស្ត ជាព្រះស្វាមីដែលបូជាព្រះជន្មក្នុងអគ្គសញ្ញាអរព្រះគុណ។ គ្មាននរណាហ៊ានជជែកវែកញែកអំពីបញ្ហានេះទេ។ តែប្រសិនបើយើងយល់គិតថា អានុភាពដែលមកពីអគ្គសញ្ញាតែងតាំង និងអំណាចត្រួតត្រាព្រះសហគមន៍ជាប់ជាមួយគ្នាខ្លាំងពេក ក៏គង់តែសេចក្តីនេះអាចក្លាយទៅជាមូលហេតុបណ្តាលជម្លោះ។ យើងមិនត្រូវបំភ្លេចថា នៅពេលយើងនិយាយអំពីអំណាចរបស់បូជាចារ្យ “យើងត្រូវគិតអំពីមុខងារ មិនមែនគិតអំពីកិត្តិយស និងភាពវិសុទ្ធទេ”។ ព្រះយេស៊ូប្រើមុខងារបូជាចារ្យទុកជាមធ្យោបាយមួយក្នុងចំណោមមធ្យោបាយឯទៀតៗ ដើម្បីបម្រើប្រជារាស្រ្តព្រះអង្គ។ ប៉ុន្តែ កិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតរបស់គ្រីស្តបរិស័ទ ហូរមកពីអគ្គសញ្ញាជ្រមុជទឹកវិញ។ មនុស្សទាំងអស់ក៏អាចទទួលអគ្គសញ្ញាជ្រមុជទឹកនេះបានដែរ។ លោកបូជាចារ្យ រួមជាមួយព្រះគ្រីស្តក្នុងឋានៈជាព្រះសិរសា គឺទុកជាប្រភពដ៏សំខាន់ជាងគេ ដែលនាំព្រះហឫទ័យប្រោសប្រណីរបស់ព្រះបិតាមក។ ការរួបរួមជាមួយព្រះគ្រីស្តដូច្នេះ មិនលើកតម្កើងលោកបូជាចារ្យដាក់ពីលើអ្វីៗទាំងអស់ទេ។ ក្នុងព្រះសហគមន៍ មុខងារទាំងប៉ុន្មាន “មិនប្រគល់ឱ្យគ្រីស្តបរិស័ទខ្លះ មានឋានៈខ្ពស់ជាងគ្រីស្តបរិស័ទឯទៀតៗទេ”។ តាមពិត ស្ត្រីម្នាក់ គឺនាងម៉ារីសំខាន់ជាងអភិបាលទាំងប៉ុន្មាន។ ទោះបីនៅពេលយើងរិះគិតអំពីមុខងាររបស់បូជាចារ្យ បម្រើព្រះសហគមន៍ដែលមានលំដាប់លំដោយក្តី ក៏ត្រូវនឹកគិតជានិច្ចថា “មុខងារជាបូជាចារ្យបម្រើព្រះសហគមន៍តម្រង់ទាំងស្រុង ទៅការណែនាំឱ្យសរីរាង្គកាយរបស់ព្រះគ្រីស្តបានវិសុទ្ធ”។ គ្រឹះ និងគន្លឹះនៃមុខងារជាបូជាចារ្យបម្រើព្រះសហគមន៍មិនមែនជាអំណាចដូចជាអ្នកត្រួតត្រាគេទេ តែជា អនុភាពធ្វើអគ្គសញ្ញាអរព្រះគុណ។ ដោយអនុភាពនេះ បូជាចារ្យមានអំណាចដើម្បីបម្រើប្រជាជនជានិច្ច។ អស់លោកគង្វាល និងទេវវិទូប្រឈមមុខនឹងបញ្ហាដ៏ធំនេះ។ អស់លោកមុខជាអាចជួយទទួលស្គាល់ហេតុផលខ្លះក្នុងមុខងារ ស្ត្រីដែលអាចទទួលបាននៅកន្លែងមានសម្រេចសេចក្តីដ៏សំខាន់ៗក្នុងគ្រប់មជ្ឈដ្ឋាននៃព្រះសហគមន៍។

១០៥- យើងតែងតែពង្រីកការណែនាំយុវជន។ តែការប្រែប្រួលផ្លាស់ប្តូរក្នុងសង្គម បណ្តាលឱ្យយើងត្រូវចាត់ចែង ការណែនាំយុវជននេះតាមរបៀបថ្មី។ យុវជននៅតែខ្វល់ខ្វាយមានសេចក្តីត្រូវការ និងសំណួរផ្សេងៗ ហើយក៏ត្រូវរបួសចិត្តដែរ។ គេមិនសូវទទួលចម្លើយនៅតាមរចនាបថធម្មតានៃព្រះសហគមន៍ទេ។ យើងជាមនុស្សពេញវ័យពិបាកស្តាប់គេដោយចិត្តអត់ធ្មត់ យើងពិបាកយល់ការខ្វល់ខ្វាយរបស់គេ និងសំណូមពររបស់គេ ហើយក៏ពិបាកនិយាយជាមួយគេតាមរបៀបដែលគេអាចស្តាប់បានដែរ។ ដោយមូលហេតុទាំងនោះ ស្ថាប័នអប់រំក៏មិនបង្កើតផលតាមសេចក្តីសង្ឃឹមរបស់យើង។ សព្វថ្ងៃ យើងអាចសង្កេតឃើញថា មានសមាគម និងចលនាយុវជនកើនចំនួនឡើងជាអនេក យើងអាចយល់ថា ការណ៍នេះពិតជាសកម្មភាពរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ ដែលបើកផ្លូវថ្មី ស្របតាមសេចក្តីរង់ចាំរបស់យុវជន។ គេក៏ស្វែងរកជីវិតខាងវិញ្ញាណយ៉ាងជ្រៅ ហើយក៏ភ្ជាប់នឹងព្រះសហគមន៍កាន់តែជាក់លាក់ដែរ។ ប៉ុន្តែ ត្រូវឱ្យក្រុមទាំងនោះចូលរួមក្នុងការណែនាំទាំងមូលរបស់ព្រះសហគមន៍ជាចាំបាច់។

១០៦- ទោះបីមិនសូវងាយស្រួលទាក់ទងជាមួយយុវជនក្តី ក៏ក្នុងវិស័យនេះមានការចម្រើនឡើងខ្លះដែរ។ សហគមន៍ទាំងមូលភ្ញាក់ស្មារតីថា សហគមន៍ទាំងមូលមានមុខងារនាំដំណឹងល្អឱ្យគេ និងអប់រំគេ ព្រមទាំងយល់ថា យុវជនត្រូវជាដៃគូរបស់គេនៅពេលឆាប់ៗខាងមុខ។ ប៉ុន្តែ ត្រូវទទួលស្គាល់ថា ក្នុងបរិបទបច្ចុប្បន្ន ទោះបីយុវជនប្រឈមមុខនឹងវិបត្តិនៃការប្តេជ្ញាចិត្ត និងវិបត្តិនៃចំណងក្នុងសហគមន៍ទៀតផង ក៏មានយុវជនជាច្រើនសុខចិត្តរួមសាមគ្គី ជួយមនុស្សដែលកើតទុក្ខក្នុងពិភពលោកទាំងមូល និងបំពេញកិច្ចការផ្សេងក្នុងឋានៈជាអ្នកស្ម័គ្រចិត្ត មានយុវជនខ្លះចូលរួមក្នុងការរស់នៅរបស់ព្រះសហគមន៍ សុខចិត្តធ្វើឱ្យក្រុមបម្រើផ្សេងៗមានជីវិតរស់រវើក និងរួមក្នុងកិច្ចការជាសាសនទូតក្នុងភូមិភាគរបស់ខ្លួន ឬនៅកន្លែងផ្សេងទៀត។ យើងសរសើរយុវជនដែលជា “អ្នកធ្វើដំណើរទៅរកជំនឿ”។ គេសប្បាយចិត្តនាំព្រះយេស៊ូនៅតាមផ្លូវ នៅគ្រប់កៀនកោះ នៅលើផែនដីទាំងមូល។

១០៧- នៅច្រើនកន្លែងមិនសូវមានយុវជនតបឆ្លើយនឹងព្រះជាម្ចាស់ ដែលត្រាស់ហៅគេឱ្យទៅជាគង្វាល និងជាបព្វជិតបព្វជិតាទេ។ ក្នុងសហគមន៍ខ្លះសភាពការណ៍នេះបណ្តាលមកពីសហគមន៍គ្មានខ្នះខ្នែងទៅជាសាសនទូតរាលដាលដល់គេ ហើយមិនទាក់ទាញចិត្តគេទេ។ នៅសហគមន៍ណាដែលមានជីវិតរស់រវើកមានការខ្នះខ្នែង មានបំណងចង់នាំព្រះគ្រីស្តដល់អ្នកដទៃវិញ តែងតែមានយុវជនតបឆ្លើយនឹងព្រះជាម្ចាស់ត្រាស់ហៅ។ ទោះបីក្នុងភូមិដែលលោកគង្វាលមិនសូវប្តេជ្ញាចិត្ត និងមិនសូវសប្បាយរីករាយក្តី ក៏ការរស់នៅជាបងប្អូនយ៉ាងកក់ក្តៅរបស់សហគមន៍នាំឱ្យយុវជនភ្ញាក់ឡើង មានបំណងចង់ញែកខ្លួនថ្វាយខ្លួនទាំងស្រុងទៅលើព្រះជាម្ចាស់ និងទៅលើការជម្រាបជូនដំណឹងល្អ។ សហគមន៍នេះមានជីវិតរស់រវើកត្រូវទទូចអង្វរព្រះជាម្ចាស់ សូមព្រះអង្គត្រាស់ហៅយុវជនឱ្យថ្វាយខ្លួនទៅព្រះអង្គ និងមានសេចក្តីក្លាហានបង្ហាញផ្លូវនៃការញែកខ្លួន ថ្វាយខ្លួនយ៉ាងពិសេសចំពោះព្រះជាម្ចាស់។ ក៏ប៉ុន្តែ ទោះបីមានបេក្ខជនចំនួនតិចក្តី ក៏យើងត្រូវដឹងច្បាស់ថា យើងត្រូវជ្រើសរើសបេក្ខជនឱ្យទៅជាគង្វាលតាមរបៀបល្អជាងពីមុនៗ។ កុំយកមូលហេតុផ្សេងៗដើម្បីឱ្យមានគ្នាជាច្រើនពេញទេវវិទ្យាល័យទេ ជាពិសេស ប្រសិនបើមូលហេតុទាំងនោះបណ្តាលមកពីគេមិននឹងនខាងផ្លូវចិត្ត មកពីគេចង់បានអំណាច ចង់បានកិត្តិយសតាមលោកិយ ឬចង់បានជីវភាពធូរធារ។

១០៨- ខ្ញុំបានប្រាប់រួចមកហើយថា ខ្ញុំមិនចង់វិភាគយ៉ាងល្អិតល្អន់អំពីព្រះសហគមន៍ទេ ខ្ញុំគ្រាន់តែអញ្ជើញសហគមន៍ទាំងប៉ុន្មានឱ្យបំពេញ និងពង្រីកគំនិតទាំងនោះ ដោយយោងពីការពិបាកដែលសហគមន៍នីមួយៗប្រឈមមុខ និងការពិបាករបស់អ្នកនៅជិតខាង។ ពេលសហគមន៍ទាំងនោះបន្ថែមគំនិតទាំងនេះខ្ញុំសង្ឃឹមថា សហគមន៍យកចិត្តទុកដាក់ស្តាប់ទាំងយុវជនផង ទាំងមនុស្សចាស់ជរាផង ដូចនៅពេលយើងចង់យល់អត្ថន័យសញ្ញាសម្គាល់នៃពេលវេលាក្នុងសភាពការណ៍បច្ចុប្បន្ន។ យុវជននិងមនុស្សចាស់ជរាជាសេចក្តីសង្ឃឹមរបស់ប្រជាជនទាំងឡាយ។ មនុស្សចាស់ជរានាំមកសេចក្តីនឹកចងចាំ និងប្រាជ្ញាដែលកើតមកពីបទពិសោធរបស់គាត់។ បទពិសោធនេះអញ្ជើញយើងមិនឱ្យប្រព្រឹត្តខុសដូចនៅពេលមុនៗនោះទេ។ រីឯយុវជនវិញ គេដាស់តឿនយើងឱ្យភ្ញាក់ស្មារតីឡើង និងឱ្យមានសេចក្តីសង្ឃឹមកាន់តែខ្លាំងឡើងៗ ដ្បិតយុវជនជាប់នឹងលម្អៀងថ្មីរបស់មនុស្សជាតិក្នុងខ្លួន ហើយគេតម្រង់យើងទៅរកអនាគត។ ដូច្នេះ គេជួយយើងមិនឱ្យភ្ជាប់ចិត្តអាឡោះអាល័យរចនាសម្ពន្ធ និងទម្លាប់ពីបុរាណទេ។ រចនាសម្ពន្ធ និងទម្លាប់បុរាណទាំងនោះមិនអាចនាំជីវិតក្នុងពិភពលោកនាបច្ចុប្បន្នបានទេ។

១០៩- ពេលណាយើងប្រឈមមុខនឹងការពិបាក យើងត្រូវតែខិតខំរកជ័យជម្នះលើការពិបាកទាំងនោះ។ យើងត្រូវគិតគូរដល់ពិភពលោកដ៏ជាក់ច្បាស់នេះ តែកុំបាត់បង់នូវអំណរសប្បាយ យើងសុខចិត្តបូជាកម្លាំងកាយ កម្លាំងចិត្ត ទាំងមានសេចក្តីក្លាហាន និងពោរពេញដោយសេចក្តីសង្ឃឹម។ កុំបណ្តោយឱ្យមារលួចប្លន់យកកម្លាំងសាសនទូតចេញពីយើងឡើយ។

ជំពូក ៣
ការជម្រាបជូនដំណឹងល្អ

***

១១០- ក្រោយពីបានទទួលស្គាល់ការពិបាកខ្លះ ដែលកើតមកពីសភាពការណ៍នាបច្ចុប្បន្នកាល ហើយដែលព្រះសហគមន៍ត្រូវប្រឈមមុខនោះ ឥឡូវ ខ្ញុំសូមរំឭកអំពីភារកិច្ចដែលជំរុញយើង គឺថា ទោះជាយើងរស់នៅក្នុងសម័យណាក្តី នៅកន្លែងណាក្តី យើងក៏ត្រូវតែប្រកាសយ៉ាងច្បាស់ថា ព្រះយេស៊ូពិតជាព្រះអម្ចាស់។ ក្នុងគ្រប់កិច្ចការជម្រាបជូនដំណឹងល្អ យើងត្រូវតែប្រកាសព្រះយេស៊ូគ្រីស្តបែបនោះទុកជាអាទិភាព។ សម្តេចប៉ាបយ៉ូហាន-ប៉ូលទី២ បានសរុបកង្វល់ទាំងអស់របស់ក្រុមអភិបាលព្រះសហគមន៍នៃទ្វីបអាស៊ីដោយមានប្រសាសន៍ថា៖ “ព្រះសហគមន៍ត្រូវបំពេញវាសនារបស់ខ្លួន តាមព្រះជាម្ចាស់បានគ្រោងទុកមក។ ហេតុនេះហើយ បានជាព្រះសហគមន៍ត្រូវប្រកាសអំពីព្រះយេស៊ូសោយទិវង្គត ដើម្បីសង្គ្រោះមនុស្សលោក និងអំពីព្រះអង្គមានព្រះជន្មថ្មីដ៏រុងរឿង គឺត្រូវប្រកាសទាំងមានចិត្តសប្បាយរីករាយ ទាំងមានចិត្តអត់ធ្មត់ និងឱ្យកាន់តែច្បាស់ឡើងៗ។ ការប្រកាសនេះ ពិតជាអាទិភាពលើសអ្វីៗទាំងអស់”។ យើងទាំងអស់គ្នាត្រូវគិតដូច្នេះ។

១) ប្រជារាស្រ្តទាំងមូលរបស់ព្រះជាម្ចាស់ជម្រាបជូនដំណឹងល្អ

១១១- ព្រះសហគមន៍មានភារកិច្ចនាំដំណឹងល្អដល់មនុស្សលោក។ អ្នកជម្រាបជូនដំណឹងល្អនេះ គឺមិនគ្រាន់តែជារចនាសម្ពន្ធនៃព្រះសហគមន៍ចាត់ចែងតាមលំដាប់លំដោយប៉ុណ្ណោះទេ តែជាប្រជាជនមួយកំពុងធ្វើដំណើរឆ្ពោះទៅកាន់ព្រះជាម្ចាស់វិញឯណោះទេ ដែលជម្រាបជូនដំណឹងល្អ។ ប្រជាជនទាំងមូលជម្រាបជូនដំណឹងល្អនេះ ពិតជាមកពីគម្រោងការដ៏អស្ចារ្យដែលចាក់ឫសក្នុងព្រះត្រៃឯក តែគម្រោងការនេះមានលក្ខណៈជាក់ច្បាស់តាមប្រវត្តិសាស្រ្តក្នុងប្រជាជនមួយកំពុងធ្វើបូជានីយេសចរណ៍ក្នុងលោកនេះ និងនាំដំណឹងល្អដល់មនុស្សលោក។ ទោះបីប្រជាជននេះ គឺព្រះសហគមន៍ត្រូវការរចនាសម្ពន្ធជាចាំបាច់ក្តី ក៏ប្រជាជននេះនៅតែប្រសើរហួសពីរចនាសម្ពន្ធទាំងប៉ុន្មានទៅទៀត។ ហេតុនេះហើយ បានជាខ្ញុំសូមបកស្រាយបន្តិចបន្តួចអំពីរបៀបត្រូវយល់គិតអំពីព្រះសហគមន៍ ដែលព្រះជាម្ចាស់ប្រកបដោយព្រះហឫទ័យមេត្តាករុណាបានតែងតាំងដោយសេរី និងដោយមិនចង់បានអ្វីមកវិញឡើយ។

ប្រជាជនសម្រាប់មនុស្សទាំងអស់

១១២- ព្រះជាម្ចាស់មានព្រះហឫទ័យមេត្តាករុណាចង់សង្គ្រោះមនុស្សលោក គឺចង់ឱ្យមនុស្សលោករួមរស់ជាមួយព្រះអង្គ។ មនុស្សប្រព្រឹត្តអំពើល្អ សូម្បីតែអំពើល្អដល់កម្រិតណាក្តី ក៏មិនអាចទាមទារទទួលព្រះអំណោយទានដ៏ប្រសើរបំផុតនេះទុកជារង្វាន់បានឡើយ។ ព្រះជាម្ចាស់មានព្រះហឫទ័យប្រណីសន្តោស ទាក់ទាញចិត្តយើងឱ្យរួមរស់ជាមួយព្រះអង្គ។ ព្រះអង្គចាត់ព្រះវិញ្ញាណរបស់ព្រះអង្គឱ្យមកសណ្ឋិតក្នុងយើង ដើម្បីឱ្យយើងទៅជាបុត្រធីតារបស់ព្រះអង្គ ព្រះវិញ្ញាណក៏ប្រែចិត្តគំនិតយើងឱ្យអាចតបឆ្លើយនឹងព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គបានតាមការរស់នៅរបស់យើង។ ព្រះយេស៊ូគ្រីស្តបានចាត់ព្រះសហគមន៍ឱ្យធ្វើជាអគ្គសញ្ញានៃការសង្គ្រោះរបស់ព្រះជាម្ចាស់ គឺឱ្យមនុស្សរួមរស់ជាមួយព្រះអង្គ (ពន្លឺ ១)។ ពេលព្រះសហគមន៍បំពេញកិច្ចការផ្សេងៗ ដើម្បីជម្រាបជូនដំណឹងល្អដល់មនុស្សលោក ព្រះសហគមន៍រួមសហការជាមួយព្រះអង្គទុកជាគ្រឿងនៃព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអង្គ ដែលមានសកម្មភាពហួសពីការដែលមនុស្សអាចត្រួតត្រាបាន។ សម្តេចប៉ាបបេណេឌីកតូទី១៦ បានពន្យល់សេចក្តីនេះយ៉ាងច្បាស់នៅពេលលោកបើកសន្និបាតដោយមានប្រសាសន៍ថា៖ “យើងត្រូវដឹងជាចាំបាច់ថា ព្រះបន្ទូលដើមដំបូងមកពីព្រះជាម្ចាស់ដែលចាប់ផ្តើមធ្វើអ្វីៗទាំងអស់យ៉ាងពិតប្រាកដ។ សកម្មភាពដ៏ពិតប្រាកដមកពីព្រះជាម្ចាស់។ យើងក៏អាចជម្រាបជូនដំណឹងល្អបាន លុះត្រាតែយើងរួបរួមជាមួយព្រះអង្គ និងនៅក្នុងព្រះអង្គដែលចាប់ផ្តើមធ្វើការនោះ។ យើងត្រូវតែចូលរួមក្នុងព្រះហឫទ័យរបស់ព្រះអង្គ ដែលចាប់ផ្តើមធ្វើអ្វីៗទាំងអស់ យើងក៏ត្រូវតែអង្វរព្រះអង្គផង”។ យើងត្រូវចាត់ព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអង្គទុកជាពន្លឺបំភ្លឺការរិះគិតរបស់យើងជានិច្ច អំពីការជម្រាបជូនដំណឹងល្អដល់មនុស្សលោក។

១១៣- ព្រះជាម្ចាស់សព្វព្រះហឫទ័យសង្គ្រោះមនុស្សទាំងអស់ គឺចង់ឱ្យមនុស្សទាំងអស់រួបរួមជាមួយព្រះអង្គ។ ព្រះជាម្ចាស់ប្រោសឱ្យការសង្គ្រោះនេះកើតជារូបរាង ហើយព្រះសហគមន៍ក៏ជម្រាបជូនដំណឹងល្អអំពីការសង្គ្រោះនេះដោយរីករាយ។ ព្រះជាម្ចាស់បានបង្កើតផ្លូវមួយដើម្បីរួបរួមជាមួយមនុស្សម្នាក់ៗនៅគ្រប់សម័យ។ ព្រះអង្គសព្វព្រះហឫទ័យកោះហៅមនុស្សទាំងអស់ឱ្យទៅជាប្រជាជនមួយ មិនមែនឱ្យទៅជាបុគ្គលម្នាក់ៗដោយឡែកពីគេទេ (ពន្លឺ ៩)។ គ្មាននរណាអាចសង្គ្រោះខ្លួនដោយខ្លួនឯងបានទេ គឺដោយឡែកពីគេ និងដោយសារកម្លាំងខ្លួនឯងបានឡើយ។ ព្រះអង្គទាក់ទាញចិត្តយើងតាមបណ្តាញដ៏ស្មុគ្រស្មាញនៃទំនាក់ទំនង ដែលភ្ជាប់យើងជាមួយអ្នកដទៃ ដូចធ្លាប់មានក្នុងសហគមន៍មនុស្ស។ ព្រះជាម្ចាស់បានជ្រើសរើស និងកោះហៅប្រជាជននេះ គឺព្រះសហគមន៍នេះឯង។ ព្រះយេស៊ូមិនបានបញ្ជាឱ្យក្រុមគ្រីស្តទូតបង្កើតក្រុមមួយដាច់ឡែកពីគេទេ ព្រះអង្គក៏មិនបានសូមឱ្យអស់លោកបង្កើតក្រុម ដែលសុទ្ធតែជាមនុស្សដ៏ល្អប្រសើរដែរ តែព្រះអង្គមានព្រះបន្ទូលថា៖ “ចូរចេញទៅនាំមនុស្សគ្រប់ជាតិសាសន៍ឱ្យធ្វើជាសាវ័ក” (មថ ២៨,១៩)។ គ្រីស្តទូតប៉ូលក៏មានប្រសាសន៍ថា ក្នុងព្រះសហគមន៍គឺក្នុងប្រជារាស្រ្តរបស់ព្រះជាម្ចាស់ “គ្មានសាសន៍យូដា គ្មានសាសន៍ក្រិកទៀតទេ… គឺបងប្អូនទាំងអស់បានរួមគ្នាជាអង្គតែមួយក្នុងព្រះគ្រីស្តយេស៊ូ” (កាឡ ៣,២៨)។ ខ្ញុំសូមនិយាយមកកាន់អស់អ្នកដែលស្មានថា ខ្លួនរស់នៅឆ្ងាយពីព្រះជាម្ចាស់ និងស្មានថា ខ្លួនរស់នៅឆ្ងាយពីព្រះសហគមន៍ ព្រមទាំងទៅកាន់អស់អ្នកដែលភ័យខ្លាច ឬដែលមិនអើពើនឹងព្រះសហគមន៍ថា៖ “ព្រះអម្ចាស់ក៏ត្រាស់ហៅអ្នកឱ្យចូលរួមក្នុងប្រជារាស្រ្តរបស់ព្រះអង្គដែរ។ ព្រះអង្គប្រកបដោយព្រះហឫទ័យស្រឡាញ់ គោរពអ្នកយ៉ាងខ្លាំង ព្រះអង្គត្រាស់ហៅអ្នក”

១១៤- អ្នកដែលចូលរួមក្នុងព្រះសហគមន៍ ក៏ចូលរួមក្នុងប្រជារាស្រ្តរបស់ព្រះជាម្ចាស់ដែរ គឺគេសុខចិត្តទទួលគម្រោងការដ៏ប្រសើររបស់ព្រះបិតា ប្រកបដោយព្រះហឫទ័យមេត្តាករុណា។ អ្នកនោះប្រៀបដូចជាមេរបស់ព្រះជាម្ចាស់ក្នុងម្សៅនៃមនុស្សលោកទាំងមូល។ គេត្រូវជម្រាបជូនដំណឹងល្អ និងនាំការសង្គ្រោះក្នុងពិភពលោកយើងនេះដែលវង្វេងជាញឹកញាប់។ មនុស្សលោកត្រូវការចម្លើយដែលផ្តល់សេចក្តីក្លាហាន និងសេចក្តីសង្ឃឹមដល់គេ ហើយក៏ត្រូវការកម្លាំងថ្មីក្នុងពេលធ្វើដំណើរ។ ព្រះសហគមន៍ត្រូវជាកន្លែងសម្តែងមេត្តាករុណាដ៏ឥតចំណង ត្រូវជាកន្លែងដែលមនុស្សទាំងអស់អាចយល់ថា មានគេទទួលមនុស្សទាំងអស់យ៉ាងរាក់ទាក់ និងដោយចិត្តស្រឡាញ់ គេក៏លើកលែងទោស ហើយលើកទឹកចិត្តមនុស្សឱ្យរស់នៅតាមផ្លូវដ៏ប្រសើរនៃដំណឹងល្អ។

ព្រះសហគមន៍ជាប្រជាជនដែលមានមុខជាច្រើន

១១៥- ប្រជារាស្រ្តរបស់ព្រះជាម្ចាស់កើតឡើងក្នុងប្រជាជនទាំងប៉ុន្មាននៅលើផែនដី ដូចជាមានសាច់ឈាមក្នុងប្រជាជនទាំងនោះ គឺគ្រីស្តបរិស័ទម្នាក់ៗមានវប្បធម៌រៀងៗខ្លួនប្លែកពីគេ។ ពាក្យ “វប្បធម៌” មានប្រយោជន៍អាចជួយឱ្យយើងយល់ថា គ្រីស្តបរិស័ទរស់នៅស្របតាមជំនឿ តាមរបៀបផ្សេងៗដែលក្នុងប្រជារាស្រ្តរបស់ព្រះជាម្ចាស់តែមួយនោះ។ វប្បធម៌ គឺជារបៀបមនុស្សធ្លាប់រស់នៅក្នុងសង្គមមួយដ៏ជាក់លាក់ ជារបៀបសមាជិកទាំងប៉ុន្មាននៃសង្គមនោះ ធ្លាប់ចងចំណងនានាតាមរយៈទំនាក់ទំនងជាមួយគ្នា តាមរយៈទំនាក់ទំនងជាមួយសត្វលោកឯទៀតៗ ព្រមទាំងតាមរយៈទំនាក់ទំនងជាមួយព្រះជាម្ចាស់ដែរ។ ប្រសិនបើយើងគិតដូច្នេះ យើងមុខជាយល់ថា វប្បធម៌ជ្រាបចូលក្នុងការរស់នៅទាំងមូលរបស់ប្រជាជនមួយ។ ប្រជាជននីមួយៗក៏លើកស្ទួយវប្បធម៌របស់ខ្លួនតាមដំណើរនៃប្រវត្តិសាស្រ្ត គឺតាមប្រវត្តិសាស្រ្តរបស់ខ្លួន ដែលប្លែកពីប្រវត្តិសាស្រ្តប្រជាជនឯទៀតៗ (អំណរ ៣៦)។ ការណ៍នេះកើតមក  “តាមលក្ខណៈរបស់មនុស្សដែលត្រូវការរស់នៅក្នុងសង្គមជាចាំបាច់” (អំណរ ២៥)។ មនុស្សចេះតែគិតអំពីសង្គមជានិច្ច ជាកន្លែងដែលគេមានទំនាក់ទំនងនឹងអ្វីៗទាំងអស់ដែលមានជាក់លាក់ក្នុងលោក។ បុគ្គលម្នាក់ៗភ្ជាប់នឹងវប្បធម៌ម៉្យាងជានិច្ច៖ “ធម្មជាតិ និងវប្បធម៌ភ្ជាប់ជាមួយគ្នាយ៉ាងជិតស្និទ្ធបំផុត” (អំណរ ៥៣,ក)។ ត្រូវមានវប្បធម៌ ទើបព្រះជាម្ចាស់អាចប្រណីសន្តោសមនុស្សលោកបាន។ ព្រះអំណោយទានរបស់ព្រះជាម្ចាស់ ក៏កើតជាសាច់ឈាមតាមវប្បធម៌របស់អ្នកដែលទទួលព្រះអំណោយទាននេះ។

១១៦- គ្រីស្តសាសនាមានប្រវត្តិសាស្រ្តតាំងពីពីរពាន់ឆ្នាំមកហើយ។ ក្នុងពីរពាន់ឆ្នាំកន្លងមកនេះ មានប្រជាជនច្រើនឥតគណនាបានទទួលព្រះអំណោយទាននៃជំនឿ។ គេបានធ្វើឱ្យជំនឿនេះបង្កើតផលក្នុងការរស់នៅប្រចាំថ្ងៃរបស់គេ។ គេក៏បានបញ្ជូនបន្តជំនឿនេះតាមវប្បធម៌រៀងៗខ្លួនដែរ។ នៅពេលសហគមន៍មួយទទួលដំណឹងអំពីការសង្គ្រោះព្រះវិញ្ញាណដ៏វិសុទ្ធ ប្រោសឱ្យវប្បធម៌នេះអាចបង្កើតផលបានដោយឫទ្ធានុភាពនៃដំណឹងល្អដែលប្រែអ្វីៗទាំងអស់។ ហេតុនេះហើយ បានជាយើងអាចសង្កេតឃើញថា តាមប្រវត្តិសាស្ត្រនៃព្រះសហគមន៍គ្រីស្តសាសនា គ្មានវប្បធម៌តែមួយគត់ទុកជាគំរូទេ តែ “ទោះបីគ្រីស្តសាសនានៅតែដដែលយ៉ាង ពេញលេញក្តី ទោះបីគ្រីស្តបរិស័ទស្មោះភក្តីនឹងការប្រកាសដំណឹងល្អ និងស្មោះភក្តីនឹងការបញ្ជូនបន្តនៃព្រះសហគមន៍ក្តី ក៏គ្រីស្តសាសនាមានរូបរាងតាមវប្បធម៌ជាច្រើនឥតគណនាដែរ គឺតាមវប្បធម៌របស់ប្រជាជនច្រើនឥតគណនា ដែលគ្រីស្តសាសនាចាក់ឫសដែរ”។ ព្រះសហគមន៍បញ្ចេញលក្ខណៈរបស់ខ្លួនជាកាតូលិក (ពាក្យនេះមានន័យថា “ទូទៅ”) យ៉ាងពិតប្រាកដក្នុងចំណោមប្រជាជនផ្សេងៗដែលមានបទពិសោធអំពីព្រះអំណោយទានរបស់ព្រះជាម្ចាស់តាមវប្បធម៌រៀងៗខ្លួន។ ព្រះសហគមន៍ក៏បង្ហាញ “សោភ័ណភាពរបស់ខ្លួនដោយរបៀបជាច្រើនបែប”។ ព្រះវិញ្ញាណដ៏វិសុទ្ធផ្តល់ឱ្យព្រះសហគមន៍មានសោភ័ណភាពកាន់តែស្អាត ដោយប្រជាជនដែលបានទទួលដំណឹងល្អសម្តែងជំនឿតាមរបៀបរបស់ខ្លួន។ ព្រះវិញ្ញាណដ៏វិសុទ្ធក៏បង្ហាញរបៀបថ្មីក្នុងការបកស្រាយសេចក្តីដែលព្រះជាម្ចាស់បានសម្ដែងឱ្យមនុស្សលោកស្គាល់ ទាំងប្រទានមុខមាត់ថ្មីដល់សេចក្តីទាំងនោះដែរ។ ដោយព្រះសហគមន៍យកវប្បធម៌ប្រជាជននានាមកសម្តែងជំនឿរបស់ខ្លួន ព្រះសហគមន៍បញ្ចូលទាំងប្រជាជនទាំងវប្បធម៌របស់គេក្នុងសហគមន៍របស់ខ្លួនផ្ទាល់។ “គ្រប់វប្បធម៌ផ្តល់តម្លៃដ៏ថ្លៃថ្នូរ និងផ្តល់គំរូល្អ ដែលអាចជួយលើកស្ទួយរបៀបប្រកាសដំណឹងល្អ របៀបយល់ព្រម ទាំងរបៀបរស់នៅតាមដំណឹងល្អនេះដែរ”។ ដូច្នេះ ព្រះសហគមន៍ដែលទទួលតម្លៃដ៏ថ្លៃថ្នូរនៃវប្បធម៌នានាក្លាយទៅជា “ភរិយាដែលយកគ្រឿងអលង្ការមកតែងខ្លួន” (អស ៦១,២០)។

១១៧- ទោះបីគ្រីស្តបរិស័ទមានវប្បធម៌ប្លែកៗពីគ្នាក្តី ប្រសិនបើយើងយល់ច្បាស់អំពីការប្លែកពីគ្នានោះ ក៏ព្រះសហគមន៍នៅតែរួបរួមជាធ្លុងតែមួយដែរ។ ព្រះវិញ្ញាណដ៏វិសុទ្ធដែលព្រះបិតា និងព្រះបុត្រាចាត់ឱ្យយាងមក ព្រះអង្គប្រែចិត្តគំនិតយើង និងប្រោសឱ្យយើងអាចចូលរួបរួមយ៉ាងពេញលក្ខណៈក្នុងព្រះត្រៃឯក។ គឺព្រះត្រៃឯកនេះហើយដែលប្រោសឱ្យអ្វីៗទាំងអស់រួបរួមគ្នាជាធ្លុងតែមួយ។ ព្រះវិញ្ញាណដ៏វិសុទ្ធកសាងការរួបរួមគ្នា និងសុខដុមរមនានៃប្រជារាស្ត្ររបស់ព្រះជាម្ចាស់។ គឺព្រះវិញ្ញាណដ៏វិសុទ្ធផ្ទាល់ហើយជាសុខដុមរមនា ព្រោះព្រះអង្គជាចំណងនៃព្រះហឫទ័យស្រឡាញ់របស់ព្រះបិតា និងព្រះបុត្រា។ ព្រះវិញ្ញាណដ៏វិសុទ្ធប្រទានព្រះអំណោយទានប្លែកៗពីគ្នា ដែលសុទ្ធតែមានតម្លៃយ៉ាងថ្លៃប្រសើរ។ នៅពេលជាមួយគ្នានេះ ព្រះអង្គក៏ប្រោសឱ្យព្រះសហគមន៍រួបរួមគ្នាជាធ្លុងតែមួយដែរ។ ការរួមគ្នាជាធ្លុងតែមួយគ្មានន័យថា គ្រីស្តបរិស័ទមិនដូចគ្នាទាំងអស់បេះបិទទេ តែផ្ទុយទៅវិញមានន័យថា គេរួបរួមជាមួយគ្នាយ៉ាងសុខដុមរមនាតាមបែបប្លែកៗពីគ្នាដែលទាក់ទាញចិត្តមនុស្សលោក។ អ្នកនាំដំណឹងល្អទទួលស្គាល់ដោយអំណរ នូវសម្បត្តិដ៏ថ្លៃប្រសើរប្លែកៗពីគ្នា ដែលព្រះវិញ្ញាណដ៏វិសុទ្ធបង្កើតក្នុងព្រះសហគមន៍។ អ្នកនឹកស្មានថា គ្រីស្តសាសនាមានវប្បធម៌តែមួយគត់ និងមានសំឡេងតែមួយដែរ អ្នកនោះមិនគោរពគម្រោងការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ដែលប្រសូតជាមនុស្ស។ ពិតមែនហើយ! តាមប្រវត្តិសាស្រ្តមានវប្បធម៌ខ្លះភ្ជាប់យ៉ាងជិតស្និទ្ធនឹងការប្រកាសដំណឹងល្អ ហើយនឹងជាមួយការអភិវឌ្ឍនៃការរិះគិតបែបគ្រីស្តបរិស័ទមែន។ ក៏ប៉ុន្តែ សេចក្តីដែលព្រះជាម្ចាស់បានសម្តែងឱ្យមនុស្សលោកស្គាល់នោះមិនភ្ជាប់នឹងវប្បធម៌តែមួយគត់ទេ គឺសេចក្តីនេះនៅពីលើវប្បធម៌ និងអន្តរវប្បធម៌។ ហេតុនេះហើយ បានជានៅពេលយើងនាំដំណឹងល្អឱ្យចូលក្នុងវប្បធម៌ថ្មីមួយ ឬក្នុងវប្បធម៌ដែលមិនទាន់ទទួលដំណឹងល្អរបស់គ្រីស្តបរិស័ទនៅឡើយ មិនចាំបាច់បង្ខំគេឱ្យកាន់តាមវប្បធម៌ម៉្យាងទេ ទោះបីវប្បធម៌នេះល្អនិងបុរាណយ៉ាងណាក៏ដោយ។ ដំណឹងដែលយើងនាំមកនៅតែភ្ជាប់នឹងវប្បធម៌ម៉្យាងជានិច្ច ដូចជាអាវដណ្តប់ខ្លួនដូច្នោះដែរ។ ប៉ុន្តែជួនកាលក្នុងព្រះសហគមន៍យើងធ្លាប់គោរពវប្បធម៌របស់ខ្លួនផ្ទាល់ទាំងអួតថា វប្បធម៌នេះជាអ្វីដ៏សក្ការៈ។ យើងនិយមវប្បធម៌របស់ខ្លួនជ្រុលពេក ជាជាងមានចិត្តខ្នះខ្នែងយ៉ាងពិតប្រាកដក្នុងការនាំដំណឹងល្អ។

១១៨- ដូច្នេះ ក្រុមអភិបាលទ្វីបអូសេអានីសំណូមពរថា ឱ្យព្រះសហគមន៍នៅទ្វីបរបស់អស់លោក “បង្ហាញ និងពន្យល់សេចក្តីពិតអំពីព្រះគ្រីស្ត ដោយយកប្រពៃណី និងវប្បធម៌នៃភូមិភាគនោះ”។ អស់លោកសំណូមពរសូមឱ្យ “សាសនទូតទាំងប៉ុន្មានត្រូវរួមធ្វើការជាមួយគ្រីស្តបរិស័ទដែលកើតក្នុងស្រុកនោះដោយសុខដុមរមនា ដើម្បីឱ្យបង្ហាញជំនឿ និងការរស់នៅរបស់ព្រះសហគមន៍ស្របតាមវប្បធម៌នីមួយៗតាមការគួរ”។ យើងមិនអាចអះអាងថា ប្រជាជនទាំងអស់នៅគ្រប់ទ្វីបត្រូវបង្ហាញជំនឿគ្រីស្តបរិស័ទ ដោយយកតម្រាប់តាមប្រជាជននៃទ្វីបអឺរ៉ុបបានបង្ហាញកាលពីមុននៅសម័យជាក់ច្បាស់មួយតាមប្រវត្តិសាស្រ្តរបស់គេឡើយ។ គ្មាននរណាអាចឃុំឃាំងជំនឿក្នុងព្រំដែននៃវប្បធម៌តែមួយបានទេ។ គ្មាននរណាម្នាក់អាចយល់អំពីជំនឿ និងបញ្ចេញជំនឿនោះឱ្យបានសព្វគ្រប់តាមវប្បធម៌តែមួយបានដែរ។ វប្បធម៌តែមួយមិនអាចសម្តែងអំពីគម្រោងការដ៏អស្ចារ្យរបស់ព្រះគ្រីស្ត ដែលសង្គ្រោះមនុស្សលោកឱ្យបានសព្វគ្រប់ទេ។ កាណ៍នេះច្បាស់ ហើយជជែកប្រកែកមិនបានទេ។

យើងទាំងអស់គ្នាជាសាវ័កដែលជាសាសនទូតដែរ

១១៩- យើងទាំងអស់គ្នា ទាំងអ្នកធំ ទាំងអ្នកតូចជាងគេ ដែលទទួលអគ្គសញ្ញាជ្រមុជទឹក ក៏មានឫទ្ធានុភាពនៃព្រះវិញ្ញាណដ៏វិសុទ្ធក្នុងខ្លួនគ្រប់ៗរូបដែរ។ ព្រះវិញ្ញាណនោះប្រោសឱ្យយើងបានវិសុទ្ធ និងដាស់តឿនយើងឱ្យនាំដំណឹងល្អដល់មនុស្សលោក។ ប្រជារាស្រ្តរបស់ព្រះជាម្ចាស់បានវិសុទ្ធមកពីព្រះវិញ្ញាណអភិសេកយើង និងប្រោសឱ្យយើងមិនអាចភាន់ច្រឡំត្រង់ជំនឿបានទេ។ ហេតុនេះហើយបានជានៅពេលប្រជារាស្រ្តផ្ញើជីវិតលើព្រះជាម្ចាស់ ទោះបីគេរកពាក្យសម្តីបង្ហាញជំនឿនេះមិនបានក្តី ក៏ប្រជារាស្រ្តមិនអាចភាន់ច្រឡំបានដែរ។ ព្រះវិញ្ញាណណែនាំគេក្នុងសេចក្តីពិត ហើយណែនាំគេទៅរកការសង្គ្រោះ (ពន្លឺ ១២)។ ព្រះជាម្ចាស់ប្រទានឱ្យគ្រីស្តបរិស័ទទាំងអស់ ហាក់ដូចជាមានសភាវគតិមួយនាំឱ្យគេរក្សាជំនឿ។ សភាវគតិនោះជួយគេឱ្យចេះវែកញែកថា អ្វីដែលមកពីព្រះជាម្ចាស់យ៉ាងពិតប្រាកដ។ សភាវគតិនោះជាផ្នែកមួយនៃគម្រោងការដ៏អស្ចារ្យរបស់ព្រះអង្គដែលស្រឡាញ់មនុស្សលោក។ ព្រះវិញ្ញាណមានវត្តមានក្នុងគ្រីស្តបរិស័ទ និងផ្តល់ឱ្យគេហាក់ដូចជាមានសភាពម៉្យាងស្របតាមលក្ខណៈរបស់ព្រះជាម្ចាស់។ ទោះបីគេគ្មានពាក្យពន្យល់ ឬរបៀបបញ្ចេញយោបល់យ៉ាងជាក់ច្បាស់ក្តី ក៏គេមានប្រាជ្ញានាំគេឱ្យយល់ខ្លះៗអំពីព្រះអង្គដែរ។

១២០- សមាជិកម្នាក់ៗនៃប្រជារាស្រ្តរបស់ព្រះជាម្ចាស់ ដោយគេទទួលអគ្គសញ្ញាជ្រមុជទឹក គេក្លាយទៅជាសាវ័ក និងសាសនទូតដែរ (មថ ២៨,១៩)។ គ្រីស្តបរិស័ទម្នាក់ៗ ទោះបីគេមានមុខងារណាក្នុងព្រះសហគមន៍ក្តី ទោះបីគេទទួលការអប់រំត្រង់ជំនឿតាមកម្រិតណាក្តី ក៏នាំដំណឹងល្អយ៉ាងសកម្ម។ យើងមិនត្រូវគិតថា មានតែអ្នកដែលមានសមត្ថភាពប៉ុណ្ណោះទេអាចប្រកាសដំណឹងល្អបាន រីឯប្រជាជនគ្រីស្តបរិស័ទត្រូវតែទទួលផលពីកិច្ចការរបស់អ្នកទាំងនោះប៉ុណ្ណោះ។ អ្នកទទួលអគ្គសញ្ញាជ្រមុជទឹកគ្រប់ៗរូប ត្រូវប្តេជ្ញាចិត្តនឹងជម្រាបជូនដំណឹងល្អបែបថ្មី។ ហេតុនេះហើយ បានជាសេចក្តីដែលយើងជឿជាក់នេះត្រាស់ហៅគ្រីស្តបរិស័ទម្នាក់ៗកុំឱ្យលះបង់ការប្តេជ្ញាចិត្តជម្រាបជូនដំណឹងល្អឡើយ។ ប្រសិនបើគ្រីស្តបរិស័ទមានបទពិសោធអំពីព្រះហឫទ័យស្រឡាញ់របស់ព្រះជាម្ចាស់ ដែលសង្គ្រោះខ្លួនយ៉ាងពិតប្រាកដនោះ គេមិនត្រូវការរៀបចំខ្លួនជាយូរទេ ដើម្បីចេញទៅប្រកាសព្រះហឫទ័យស្រឡាញ់នោះ គេមិនអាចរង់ចាំថា បានទទួលមេរៀន ឬការអប់រំយ៉ាងវែងទេ។ ប្រសិនបើគ្រីស្តបរិស័ទបានជួបព្រះហឫទ័យស្រឡាញ់ ដែលព្រះបិតាបានសម្តែងក្នុងអង្គព្រះយេស៊ូគ្រីស្តនោះ ម្នាក់ៗសុទ្ធតែត្រូវជាសាសនទូតគ្រប់គ្នា។ យើងមិននិយាយទៀតថា យើងជា “សាវ័ក”  និង “សាសនទូត” ទេ តែយើងត្រូវនិយាយវិញជានិច្ចថា យើងជា “សាវ័ក-សាសនទូត”។ ប្រសិនបើយើងមិនទាន់ជឿសេចក្តីនេះយ៉ាងជាក់ច្បាស់ យើងត្រូវមើលក្រុមសាវ័កដើមដំបូងសិន គឺនៅពេលអស់លោកបានទទួលស្គាល់ថា ព្រះយេស៊ូសម្លឹងមើលគេ គេចេញទៅប្រកាសទាំងមានអំណរភ្លាមថា “យើងបានរកឃើញព្រះគ្រីស្តហើយ” (យហ ១,១៤)។ នៅពេលអ្នកស្រីសាម៉ារីសន្ទនាជាមួយព្រះយេស៊ូចប់ហើយ នាងក្លាយទៅជាសាសនទូតភ្លាម ហើយណែនាំឱ្យជនជាតិសាម៉ារីជាច្រើននាក់ឱ្យផ្ញើជីវិតលើព្រះយេស៊ូ “ដោយសារពាក្យដែលស្ត្រីនោះបានបញ្ជាក់ប្រាប់គេ” (យហ ៤,៣៩)។ តាំងពីគ្រីស្តទូតប៉ូលបានជួបព្រះយេស៊ូគ្រីស្ត “លោកចាប់ផ្ដើមប្រកាសភ្លាម” អំពីព្រះយេស៊ូ (កក ៩,២០)។ ចុះយើងវិញ? តើយើងចាំអ្វីខ្លះ? ពិតមែន! យើងត្រូវចម្រើនឡើងក្នុងមុខងារជាអ្នកជម្រាបជូនដំណឹងល្អ។ តើយើងយកចិត្តទុកដាក់ខិតខំទទួលការអប់រំយ៉ាងណា? តើយើងពង្រឹងសេចក្តីស្រឡាញ់របស់ខ្លួនចំពោះព្រះយេស៊ូយ៉ាងណា ដើម្បីផ្តល់សក្ខីភាពអំពីដំណឹងល្អឱ្យច្បាស់ជាងមុន? យើងទាំងអស់គ្នាត្រូវសុខចិត្តឱ្យអ្នកដទៃនាំដំណឹងល្អមកយើងជានិច្ច។ សេចក្តីទាំងនេះមិនមែនមានន័យថា យើងត្រូវឈប់បំពេញបេសកកម្មជម្រាបជូនដំណឹងល្អទេ តែយើងត្រូវរករបៀបចែកចាយអំពីព្រះយេស៊ូស្របតាមសភាពការណ៍យើងរស់នៅ។ ក្នុងគ្រប់ករណី ព្រះអម្ចាស់ត្រាស់ហៅយើងឱ្យផ្តល់សក្ខីភាពយ៉ាងជាក់ច្បាស់ អំពីព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គដែលសង្គ្រោះមនុស្សលោក ទោះបីយើងមិនមែនជាមនុស្សល្អពេញលក្ខណៈក្តី ក៏ព្រះអង្គគង់នៅជាមួយយើងដែរ ទ្រង់ប្រទានព្រះបន្ទូល ប្រទានឫទ្ធានុភាព ហើយប្រោសឱ្យជីវិតយើងមានអត្ថន័យ។ អ្នកត្រូវជ្រាបច្បាស់ក្នុងចិត្តថា បើគ្មានព្រះអង្គទេ ការរស់នៅរបស់អ្នកប្លែក។ ហេតុនេះហើយ បានជាអ្នកត្រូវចែកចាយដល់អ្នកឯទៀតៗ នូវអ្វីដែលអ្នកបានរកឃើញអំពីអ្វីដែលជួយអ្នកក្នុងការរស់នៅ និងចែកចាយនូវអ្វីដែលផ្តល់ឱ្យអ្នកមានសេចក្តីសង្ឃឹម។ មិនត្រូវយកភាពទន់ខ្សោយរបស់ខ្លួនមកដោះសាថា អ្នកមិនអាចប្រកាសដំណឹងល្អបានទេ។ ផ្ទុយទៅវិញ បេសកកម្មជម្រាបជូនដំណឹងល្អលើកស្ទួយយើងជានិច្ចកុំឱ្យចូលចិត្តរស់នៅតាមរបៀបទន់ខ្សោយ តែឱ្យយើងចម្រើនធំធាត់ឡើងតទៅមុខជានិច្ច។ យើងជាគ្រីស្តបរិស័ទត្រូវតែផ្តល់សក្ខីភាពដោយប្រកាសដូចគ្រីស្តទូតប៉ូលថា៖ “ខ្ញុំមិនបានទៅដល់ទីដៅ ឬបានគ្រប់លក្ខណៈហើយនោះទេ គឺខ្ញុំកំពុងតែរត់ទៅមុខទៀត… ខ្ញុំរត់ទៅកាន់ទីដៅនៅឡើយ” (ភីល ៣,១២-១៣)។

ការគោរពប្រណិប័តន៍បែបប្រជាប្រិយ មានកម្លាំងជម្រាបជូនដំណឹងល្អ

១២១- ហេតុនេះហើយ បានជាយើងអាចយល់គិតថា ប្រជាជននានាដែលយកដំណឹងល្អមកជ្រួតជ្រាបក្នុងវប្បធម៌របស់ខ្លួន ពិតជារួមគ្នាប្រកាសដំណឹងល្អយ៉ាងសកម្ម។ សេចក្តីនេះកើតជារូបរាងនៅពេលប្រជាជននីមួយៗបង្កើតវប្បធម៌ និងបង្កើតប្រវត្តិសាស្រ្តរបស់ខ្លួនដែរ។ វប្បធម៌មានកម្លាំងរស់រវើក ដែលប្រជាជនបង្កើតសាជាថ្មីជានិច្ច គឺតំណមួយបញ្ជូនបន្តនូវឥរិយាបថរួមផ្សេងៗទៅតំណមួយទៀត។ ប្រជាជនតែងបង្កើតឥរិយាបថរួមទាំងនោះ ស្របតាមសភាពការណ៍នានាដែលគេជួបប្រទះ ដើម្បីប្រឈមមុខនឹងការពិបាកជានិច្ច។ មនុស្សយើងជាកូននៃវប្បធម៌ផង និងជាឪពុកវប្បធម៌របស់ខ្លួនផង។ នៅពេលប្រជាជនមួយបានយកដំណឹងល្អមកជ្រួតជ្រាបក្នុងការបញ្ជូនបន្តវប្បធម៌របស់ខ្លួនគេ ក៏បញ្ជូនបន្តដំណឹងល្អដែរតាមរបៀបថ្មីជានិច្ច។ ហេតុនេះត្រូវយល់ថា ការនាំដំណឹងល្អដល់ប្រជាជនមួយមានន័យថា នាំដំណឹងល្អនេះឱ្យចូលជ្រួតជ្រាបក្នុងវប្បធម៌របស់គេ។ សេចក្តីនេះសំខាន់ណាស់។ គ្រប់ចំណែកនៃប្រជារាស្រ្តរបស់ព្រះជាម្ចាស់ អនុវត្តតាមព្រះអំណោយទានរបស់ព្រះអង្គ គឺស្របតាមទេពកោសល្យរបស់គេក្នុងការរស់នៅប្រចាំថ្ងៃរបស់គេ។ ធ្វើដូច្នេះ គេផ្តល់សក្ខីភាពអំពីជំនឿដែលគេបានទទួល ហើយគេក៏រកឃើញរបៀបថ្មីមកសម្តែងជំនឿនេះ ដែលមានអត្ថន័យយ៉ាងច្បាស់សម្រាប់គេ។ យើងអាចនិយាយថា “ប្រជាជននាំដំណឹងល្អដល់ខ្លួនឯងជានិច្ចឥតឈប់ឈរ”។ ហេតុនេះហើយ បានជាការគោរពប្រណិប័តន៍តាមរបៀបប្រជាប្រិយមានសារៈសំខាន់ណាស់ ព្រោះជារបៀបប្រជារាស្រ្តរបស់ព្រះជាម្ចាស់សម្តែងយ៉ាងពិតប្រាកដនូវសកម្មភាពរបស់ខ្លួន ជាសាសនទូតដោយរបស់ខ្លួនឯង។ ការគោរពប្រណិប័តន៍តាមរបៀបប្រជាប្រិយសម្តែងអំពីសកម្មភាពដ៏អចិន្ត្រៃយ៍នៃព្រះវិញ្ញាណដ៏វិសុទ្ធ ដែលប្រោសឱ្យប្រជាជននីមួយៗអភិវឌ្ឍន៍ឡើងជានិច្ច គឺព្រះវិញ្ញាណនេះហើយប្រព្រឹត្តព្រះរាជកិច្ចមុនគេ។

១២៣- ក្នុងការគោរពប្រណិប័តន៍តាមរបៀបប្រជាប្រិយ យើងអាចយល់អំពីរបៀបជំនឿដែលគេបានទទួលបានកើតជាសាច់ឈាមក្នុងវប្បធម៌មួយ ហើយដែលគេត្រូវតែបញ្ជូនបន្តតទៅទៀតផង។ អស់ជាច្រើនឆ្នាំកន្លងមក អ្នកណែនាំព្រះសហគមន៍មិនយកចិត្តទុកដាក់ និងការគោរពប្រណិប័តន៍តាមរបៀបប្រជាប្រិយនោះទេ តែតាំងពីមហាសន្និបាតវ៉ាទីកង់ទី២ គេនាំគ្នាលើកតម្លៃនៃការគោរពប្រណិប័តន៍តាមរបៀបប្រជាប្រិយនេះវិញ។ សម្តេចប៉ាបប៉ូលទី៦ បានសរសេរសារលិខិតមួយច្បាប់ក្រោមចំណងជើងថា៖ “ត្រូវប្រកាសដំណឹងល្អ”។ សារលិខិតនេះដាស់តឿនគ្រីស្តបរិស័ទឱ្យលើកតម្លៃនៃការគោរពប្រណិប័តន៍តាមប្រជាប្រិយនោះ។ លោកពន្យល់ថា ការគោរពប្រណិប័តន៍តាមរបៀបប្រជាប្រិយបង្ហាញឱ្យដឹងថា៖ “មនុស្សតូចតាច និងអ្នកក្រីក្រប៉ុណ្ណោះទេ ដែលស្រេកឃ្លានព្រះជាម្ចាស់តាមរបៀបនេះ”។ ការគោរពប្រណិប័តន៍តាមរបៀបប្រជាប្រិយ “អាចផ្តល់ឱ្យគេមានចិត្តសទ្ធាជ្រះថ្លា និងហ៊ានបូជាជីវិត នៅពេលគេត្រូវសម្តែងជំនឿរបស់គេ”។ ពេលសម្តេចប៉ាបបេណេឌីកតូធ្វើទស្សនកិច្ចនៅទ្វីបអាមេរិកខាងត្បូង លោកមានប្រសាសន៍អំពី៖ “មរតកដ៏មានតម្លៃរបស់ព្រះសហគមន៍កាតូលិក” ហើយ “ប្រជាជននានានៅទ្វីបអាមេរិកខាងត្បូងសម្ដែងចិត្តគំនិតរបស់ខ្លួន តាមរយៈការគោរពប្រណិប័តន៍តាមប្រជាប្រិយនោះ”

១២៤- ក្រុមអភិបាលព្រះសហគមន៍ទ្វីបអាមេរិកខាងត្បូងបានចែងឯកសារដែលរៀបរាប់អំពីព្រះវិញ្ញាណដ៏វិសុទ្ធ លាតត្រដាងសម្បត្តិវប្បធម៌យ៉ាងបរិបូរណ៍តាមរយៈការគោរពប្រណិប័តន៍បែបប្រជាប្រិយ គឺព្រះអង្គបង្កើតអ្វីៗជាថ្មី ដោយគ្រីស្តបរិស័ទមិនបានគិតជាមុន។ ក្នុងទ្វីបដ៏ជាទីស្រឡាញ់របស់ខ្ញុំនោះ មានគ្រីស្តបរិស័ទមួយចំនួនធំបង្ហាញជំនឿរបស់គេ ដោយការគោរពប្រណិប័តន៍បែបប្រជាប្រិយ។ ក្រុមអភិបាលតែងហៅការគោរពប្រណិប័តន៍បែបប្រជាប្រិយថា “ជីវិតខាងព្រះវិញ្ញណបែបប្រជាប្រិយ” ឬ “ការរួបរួមជាមួយព្រះជាម្ចាស់បែបប្រជាប្រិយ”។ ការគោរពប្រណិប័តន៍បែបប្រជាប្រិយពិតជាជីវិតខាងវិញ្ញាណ ដែលចាប់កំណើតក្នុងវប្បធម៌មនុស្សតូចតាច។ ការគោរពប្រណិប័តន៍បែបប្រជាប្រិយតែងសម្តែងជំនឿ តែសម្តែងជំនឿតាមរយៈនិមិត្តរូប ជាជាងតាមរយៈប្រាជ្ញាដែលបានរិះគិតអំពីជំនឿវិញ។ ក្នុងពេលគេប្រកាសជំនឿ គេគូសសង្កត់លើ “ខ្ញុំផ្ញើជីវិតលើព្រះជាម្ចាស់” ជាជាង “ខ្ញុំជឿព្រះជាម្ចាស់។ ការគោរពប្រណិប័តន៍បែបប្រជាប្រិយជារបៀបត្រឹមត្រូវ គឺត្រូវឱ្យរស់នៅស្របតាមជំនឿជារបៀបម៉្យាងនាំឱ្យគេយល់ឃើញថា គេភ្ជាប់នឹងព្រះសហគមន៍ ហើយក៏ជារបៀបធ្វើជាសាសនទូតម៉្យាងដែរ”។ ព្រះជាម្ចាស់ប្រទានព្រះអំណោយទានទៅជាសាសនទូត ការគោរពប្រណិប័តន៍បែបប្រជាប្រិយចាត់គេឱ្យចេញពីខ្លួនគេ និងឱ្យគេទៅជាបូជនីយេសក៍ គឺថា “ការធ្វើដំណើររួមជាមួយគ្នាទៅរកទីសក្ការៈមួយ និងចូលរួមក្នុងពិធីឯទៀតៗតាមការគោរពប្រណិប័តន៍បែបប្រជាប្រិយ ទាំងនាំកូនចៅ និងអញ្ជើញអ្នកដទៃឱ្យចូលរួមផង ពិតជាកិច្ចការនាំដំណឹងល្អ”។ យើងមិនត្រូវឃាត់គេទេ សូមកុំអួតអាងថា ខ្លួនអាចត្រួតត្រាកម្លាំងរបស់សាសនទូតនេះបាន។

១២៥- អ្នកដែលចង់យល់អំពីការគោរពប្រណិប័តន៍តាមប្រជាប្រិយ ត្រូវគិតគូរដល់គេដោយមានចិត្តគំនិតដូចគង្វាលដ៏ល្អ។ គង្វាលដ៏ល្អនេះមិនមានបំណងចង់វិនិច្ឆ័យគេទេ តែព្រះអង្គមានបំណងចង់ស្រឡាញ់គេវិញ។ ប្រសិនបើយើងរួមចិត្តគំនិតជាមួយគេដោយសេចក្តីស្រឡាញ់ ទើបយើងអាចវាយតម្លៃអំពីព្រះជន្មរបស់ព្រះជាម្ចាស់ ដែលស្ថិតនៅក្នុងការគោរពប្រណិប័តន៍របស់ប្រជាជនគ្រីស្តបរិស័ទនានា ជាពិសេសរបស់អ្នកក្រីក្រ។ ខ្ញុំនឹកគិតអំពីជំនឿដ៏រឹងប៉ឹងរបស់ស្រ្តីនានាជាម្តាយ ដែលថ្នាក់ថ្នមកូនកំពុងមានជំងឺ គឺគេមិនចេះពោលឃ្លានៃធម៌ប្រកាសជំនឿសោះ តែបែរជាសូត្រផ្គាំវិញ ទាំងផ្ញើជីវិតទាំងស្រុងលើព្រះជាម្ចាស់។ ខ្ញុំនឹកគិតដល់អស់អ្នកក្រីក្រដែលអុជទៀនក្នុងផ្ទះ សូមអង្វរនាងម៉ារីជួយ។ ខ្ញុំនឹកដល់អស់អ្នកដែលសម្លឹងមើលព្រះគ្រីស្ដដែលភ្ជាប់លើឈើឆ្កាង ទាំងមានចិត្តអាណិតស្រឡាញ់ព្រះអង្គយ៉ាងខ្លាំង។ អ្នកដែលស្រឡាញ់ប្រជារាស្រ្តរបស់ព្រះជាម្ចាស់មិនអាចចាត់កិច្ចទាំងនោះទុកជាការស្វែងរកព្រះណាមួយជាវត្ថុស័ក្តិសិទិ្ធតាមធម្មជាតិទេ។ កិច្ចទាំងនោះសម្តែងព្រះជន្មរបស់ព្រះជាម្ចាស់ក្នុងខ្លួនគេ ក្រោមការណែនាំនៃព្រះវិញ្ញាណដ៏វិសុទ្ធ ដែលព្រះគ្រីស្តបានចាក់បង្ហូរក្នុងចិត្តយើង (រម ៥,៥)។

១២៦- ការគោរពប្រណិប័តន៍តាមប្រជាប្រិយជាផលនៃដំណឹងល្អ ដែលបានជ្រួតជ្រាបចូលក្នុងវប្បធម៌របស់គេ ហេតុនេះ ការគោរពប្រណិប័តន៍តាមប្រជាប្រិយមានកម្លាំងយ៉ាងសកម្មដែលជម្រាបជូនដំណឹងល្អ។ យើងមិនត្រូវមើលងាយកម្លាំងនេះ។ ប្រសិនបើយើងមើលងាយការគោរពប្រណិប័តន៍តាមប្រជាប្រិយនោះ យើងដូចជាមិនព្រមទទួលស្គាល់សកម្មភាពរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ។ ផ្ទុយទៅវិញ យើងត្រូវលើកស្ទួយ និងពង្រឹងការគោរពប្រណិប័តន៍តាមប្រជាប្រិយនេះ ដើម្បីឱ្យជំនឿជ្រួតជ្រាបចូលក្នុងវប្បធម៌របស់គេកាន់តែជ្រៅទៅៗ។ ការជ្រួតជ្រាបនោះមិនដែលចប់ទេ។ របៀបសម្តែងជំនឿតាមការគោរពប្រណិប័តន៍ តាមប្រជាប្រិយអាចបង្រៀនយើងជាច្រើន។ អ្នកដែលចេះពិនិត្យមើលគង់តែយល់ឃើញថា ពិតជារបៀបរិះគិតអំពីព្រះជាម្ចាស់។ យើងត្រូវចាប់អារម្មណ៍អំពីសេចក្តីនេះ ជាពិសេស នៅពេលយើងនឹកគិតដល់ការប្រកាសដំណឹងល្អតាមបែបថ្មី។

ការជម្រាបជូនដំណឹងល្អពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត

១២៧- សព្វថ្ងៃ ព្រះសហគមន៍មានបំណងចង់ប្រែចិត្តគំនិតយ៉ាងជ្រៅ ដើម្បីទៅជាសាសនទូត។ មានរបៀបជម្រាបជូនដំណឹងល្អម៉្យាង ដែលជាភារកិច្ចប្រចាំថ្ងៃរបស់យើងទាំងអស់គ្នា។ យើងម្នាក់ៗត្រូវនាំដំណឹងល្អដល់អស់អ្នកដែលយើងធ្លាប់ទាក់ទង ទាំងអ្នកដែលជិតសិ្នទ្ធជាងគេ ទាំងអ្នកដែលយើងមិនស្គាល់។ នេះជាការប្រកាសដំណឹងល្អដោយគ្មានរបៀបចាត់ចែងជាមុន។ យើងអាចប្រកាសដូច្នេះនៅពេលនិយាយជាមួយគ្នា ឬនៅពេលសាសនទូតម្នាក់ទៅលេងផ្ទះគេ។ សាវ័កមានបំណងចង់នាំព្រះហឫទ័យស្រឡាញ់របស់ព្រះយេស៊ូដល់អ្នកដទៃ នៅគ្រប់ទីកន្លែងដោយមិនគ្រោងទុកជាមុនទេ គឺនៅតាមផ្លូវ នៅតាមទីផ្សារ នៅពេលធ្វើដំណើរ។ល។

១២៨- ពេលជម្រាបជូនដំណឹងល្អដល់គេត្រូវគោរព និងស្រឡាញ់គេជានិច្ច។ មុនដំបូងត្រូវនិយាយសន្ទនាជាមួយគេ គឺឱ្យគេនិយាយអំពីអំណរសប្បាយរបស់ខ្លួនសេចក្តីសង្ឃឹម និងកង្វល់របស់គេចំពោះអស់អ្នកដែលគេស្រឡាញ់។ គេនិយាយអំពីអ្វីៗជាច្រើនដែលមានកប់ទុកក្នុងចិត្តគេ។ ក្រោយពីបានសន្ទនាបែបនេះ យើងអាចបរិយាយអំពីព្រះជាម្ចាស់ អំពីព្រះបន្ទូលដោយអានអត្ថបទគម្ពីរក្តី ឬដោយរៀបរាប់ក្តី។ តែត្រូវប្រាប់គេជានិច្ចអំពីដំណឹងល្អជាគ្រឹះ គឺព្រះជាម្ចាស់ដែលប្រសូតជាមនុស្សបានបូជាព្រះជន្មសម្រាប់យើង ព្រះអង្គមានព្រះជន្មគង់នៅ ព្រះអង្គសព្វព្រះហឫទ័យសង្គ្រោះគេ គឺព្រះអង្គចង់រួបរួមជាមួយគេ និងស្រឡាញ់គេជានិច្ច។ យើងត្រូវចែកចាយដំណឹងនេះដោយចិត្តសុភាពរាបសាធ្វើជាសាក្សីដែលរៀនជានិច្ច និងដែលដឹងច្បាស់ថា ដំណឹងនេះមានតម្លៃប្រសើរ និងជ្រៅហួសពីកម្លាំងប្រាជ្ញាមនុស្សយើងជានិច្ច។ ជួនកាលយើងត្រូវនិយាយចំៗ ជួនកាលត្រូវប្រកាសដោយផ្តល់សក្ខីភាពអំពីខ្លួនផ្ទាល់ ទាំងរៀបរាប់រឿងនិទានមួយ ទាំងធ្វើកាយវិការមួយ ឬតាមរបៀបដែលព្រះវិញ្ញាណដ៏វិសុទ្ធបំភ្លឺឱ្យធ្វើនៅពេលនោះ។ ប្រសិនបើយើងអាចធ្វើបាន គួឱ្យការជួបជុំគ្នាដូចបងប្អូន និងជាសាសនទូតនេះចប់ដោយអធិដ្ឋានយ៉ាងខ្លី គឺអធិដ្ឋានដែលពាក់ព័ន្ធនឹងកង្វល់របស់អ្នកនោះ។ ដូច្នេះ គេអាចយល់ឃើញថា យើងបានស្តាប់គេ ហើយយើងយល់ចិត្តគំនិតគេ យើងបានផ្ញើបញ្ហារបស់គេទៅព្រះជាម្ចាស់។ គេមុខជានឹងទទួលស្គាល់ថា ព្រះជាម្ចាស់មានព្រះបន្ទូលយ៉ាងពិតប្រាកដក្នុងការរស់នៅរបស់គេ។

១២៩- យើងមិនត្រូវយល់គិតថា ត្រូវប្រកាសដំណឹងល្អដោយពោលរូបមន្តបញ្ជាក់យ៉ាងច្បាស់ម្តងជាស្រេចហើយទេ ឬដោយនិយាយពាក្យសម្តីជាក់ច្បាស់បញ្ចេញសេចក្តីដែលមិនអាចប្រែប្រួលបាននោះដែរ។ ផ្ទុយទៅវិញ ត្រូវប្រកាសដំណឹងល្អតាមរបៀបប្លែកៗពីគ្នាជាច្រើន ដែលប្រជារាស្រ្តរបស់ព្រះជាម្ចាស់បង្កើតមករួមគ្នា គឺមានកាយវិការ និងសញ្ញាសម្គាល់ជាច្រើនអនេក។ យើងមិនអាចពណ៌នារបៀបទាំងនោះបានទេ។ ប្រសិនបើដំណឹងល្អពិតជាទទួលសាច់ឈាមក្នុងវប្បធម៌មួយ យើងមិនអាចចែកចាយដំណឹងល្អនេះដោយគ្រាន់តែមនុស្សម្នាក់ ជម្រាបជូនដល់មនុស្សម្នាក់ទៀតប៉ុណ្ណោះទេ តែយើងត្រូវនឹកគិតថា ក្នុងប្រទេសទាំងប៉ុន្មានដែលមានគ្រីស្តបរិស័ទចំនួនតិច យើងត្រូវលើកទឹកចិត្តអ្នកទទួលអគ្គសញ្ញាជ្រមុជទឹកម្នាក់ៗឱ្យជម្រាបជូនដំណឹងល្អ។ ព្រះសហគមន៍ក្នុងភូមិភាគទាំងនោះ ឲក៏ត្រូវពង្រីករបៀបធ្វើឱ្យដំណឹងល្អមានសាច់ឈាមតាមវប្បធម៌ប្រទេសទាំងនោះ។ យ៉ាងហោចណាស់ត្រូវចាប់ផ្តើមយ៉ាងសកម្ម ធ្វើឱ្យដំណឹងល្អមានសាច់មានឈាមក្នុងវប្បធម៌ស្រុកនោះ។ យើងត្រូវមានគោលដៅនាំឱ្យដំណឹងល្អ និងវប្បធម៌ប្រទេសនោះរួមគ្នាជាសំយោគថ្មី។ ហេតុនេះ ត្រូវប្រកាសដំណឹងល្អដោយប្រើរបៀបគិតស្របតាមវប្បធម៌ប្រទេសនោះ។ ធម្មតាដំណើរបែបនេះយឺតៗ ជួនកាលយើងខ្លាចខ្លាំងពេកបណ្តាលឱ្យយើងដូចជាស្ពឹក។ ប្រសិនបើយើងបណ្តោយខ្លួនឱ្យមន្ទិលសង្ស័យគ្របសង្កត់ ចិត្តមោះមុតគ្រប់យ៉ាងរបស់យើង យើងមុខជាលែងបង្កើតអ្វីជាថ្មី និងបែរនៅតែស្ងៀមដោយមិនរិះគិតតទៅមុខទៀតទេ។ បើដូច្នេះ យើងមិនចូលរួមសហការយ៉ាងសកម្មក្នុងដំណើរនៃប្រវត្តិសាស្រ្ត តែយើងគ្រាន់តែឈរមើលព្រះសហគមន៍ដែលស្ថិតនៅដដែលទាំងមិនបង្កើតផលសោះ។

ត្រូវប្រើព្រះអំណោយទានមកបម្រើព្រះសហគមន៍ដែលប្រកាសដំណឹងល្អ

១៣០- ព្រះវិញ្ញាណដ៏វិសុទ្ធប្រទានព្រះអំណោយទានផ្សេងៗដល់ព្រះសហគមន៍ទាំងមូលដែលប្រកាសដំណឹងល្អ។ ព្រះវិញ្ញាណដ៏វិសុទ្ធប្រទានព្រះអំណោយទានទាំងនោះ ដើម្បីប្រែព្រះសហគមន៍ឱ្យបានជាថ្មី និងឱ្យកសាងព្រះសហគមន៍ (ពន្លឺ ១២)។ ព្រះអំណោយទានទាំងនោះពុំមែនជាបេតិកភណ្ឌរបស់ក្រុមតូចមួយដែលរក្សាទុកទេ តែជាអំណោយរបស់ព្រះវិញ្ញាណវិញ ដែលត្រូវចូលរួមក្នុងព្រះសហគមន៍ជាព្រះកាយព្រះគ្រីស្ត។ ព្រះគ្រីស្តជាស្នូលទាក់ទាញអំណោយទានទាំងនោះ ព្រះអង្គក៏ប្រទានកម្លាំងឱ្យចេញទៅប្រកាសដំណឹងល្អ។ យើងដឹងច្បាស់ថា ទេពកោសល្យមួយពិតជាទេពកោសល្យដ៏ពិតប្រាកដមែន លុះត្រាតែទេពកោសល្យនោះជាប់ទាក់ទិននឹងព្រះសហគមន៍ និងអាចចូលរួមក្នុងការរស់នៅនៃប្រជារាស្រ្តដ៏វិសុទ្ធរបស់ព្រះជាម្ចាស់យ៉ាងសុខដុមរមនាបាន ដើម្បីជាប្រយោជន៍របស់មនុស្សទាំងអស់។ ព្រះវិញ្ញាណតែងលើកស្ទួយសេចក្តីថ្មីឱ្យកើតក្នុងព្រះសហគមន៍។ មិនបាច់ឱ្យសេចក្តីថ្មីនោះជំទាស់នឹងមាគ៌ាផ្សេងៗ ដែលនាំឱ្យមនុស្សរស់នៅតាមវិញ្ញាណទេ ក៏មិនត្រូវជំទាស់នឹងព្រះអំណោយទានឯទៀតៗដែរ ដើម្បីបញ្ជាក់ថា មកពីព្រះវិញ្ញាណមែន។ ទេពកោសល្យបែរទៅរកស្នូលនៃដំណឹងល្អកាន់តែខ្លាំងយ៉ាងណា គេអនុវត្តតាមទេពកោសល្យនោះស្របតាមព្រះសហគមន៍កាន់តែខ្លាំងយ៉ាងនោះដែរ។ ទោះបីយើងពិបាកយ៉ាងណាក្តី ក៏ទេពកោសល្យសម្តែងថា ជាទេពកោសល្យដ៏ពិតប្រាកដ និងបង្កើតផលជាច្រើនយ៉ាងអាថ៌កំបាំង ដោយទេពកោសល្យនាំឱ្យចូលរួបរួមក្នុងព្រះសហគមន៍។ ប្រសិនបើព្រះសហគមន៍ប្រឈមមុខនឹងការពិបាកនេះ ដោយជោគជ័យបានព្រះសហគមន៍ពិតជាអាចទៅជាគំរូអំពីសន្តិភាពក្នុងពិភពលោកបាន។

១៣១- ជួនកាលពិបាករស់នៅជាមួយមនុស្ស និងជាមួយសហគមន៍ដែលខុសប្លែកពីយើង តែព្រះវិញ្ញាណដ៏វិសុទ្ធដែលប្រោសឱ្យមានភាពខុសប្លែកពីគ្នានោះកើតមកដូច្នេះ ព្រះអង្គក៏អាចធ្វើឱ្យភាពខុសប្លែកនោះអាចបង្កើតផលល្អបាន គឺឱ្យទៅជាថាមពលសម្រាប់ប្រកាសដំណឹងល្អ ដែលទាក់ទាញចិត្តមនុស្សលោកបាន។ ត្រូវតែសម្រុះសម្រួលភាពខុសប្លែកពីគ្នានោះ ដោយព្រះវិញ្ញាណដ៏វិសុទ្ធជួយឧបត្ថម្ភផង។ មានព្រះវិញ្ញាណតែមួយ ព្រះអង្គទេដែលអាចប្រោសឱ្យមានភាពខុសប្លែកពីគ្នាជាច្រើនបែបច្រើនយ៉ាង ហើយនៅពេលដដែលនោះ ព្រះអង្គក៏អាចប្រោសឱ្យអ្នកខុសប្លែកពីគ្នានោះរួបរួមគ្នាជាធ្លុងតែមួយដែរ។ ផ្ទុយទៅវិញប្រសិនបើយើងអួតអាងថា យើងខុសប្លែកពីគេនោះ ហើយឃុំឃាំងខ្លួនឱ្យរស់នៅតែឯកឯងដោយឡែកពីគេ ទាំងដាក់អ្នកដទៃឱ្យដាច់ពីយើង នៅពេលនោះ យើងបំបាក់បំបែកមនុស្សវិញ។ ម៉្យាងទៀត ប្រសិនបើយើងចង់កសាងការរួបរួមគ្នាជាធ្លុងតែមួយតាមគម្រោងការរបស់មនុស្សយើង យើងមុខជាបង្ខំឱ្យមនុស្សបានដូចគ្នាបេះបិទទាំងអស់។ ការនេះមិនជួយបេសកកម្មរបស់ព្រះសហគមន៍ទេ។

វប្បធម៌ ការរិះគិត និងការអប់រំ

១៣២- ប្រសិនបើយើងមានបំណងនាំដំណឹងល្អចូលជ្រួតជ្រាបក្នុងវប្បធម៌មានន័យថា យើងត្រូវនាំដំណឹងល្អដល់វប្បធម៌ អាជីវកម្ម និងដល់វប្បធម៌វិទ្យាសាស្រ្ត ហើយដល់វប្បធម៌ឧត្តមសិក្សាកម្រិតខ្ពស់។ យើងនាំឱ្យជំនឿមានទំនាក់ទំនងជាមួយប្រាជ្ញារបស់មនុស្ស និងជាមួយមុខវិទ្យាសាស្រ្តនានា។ ធ្វើដូច្នេះ យើងបង្កើតរបៀបនិយាយថ្មីអំពីជំនឿ ដែលមនុស្សនាបច្ចុប្បនកាលអាចជឿបាន យើងក៏ជួយការពារលើកតម្កើងជំនឿតាមរបៀបពិសេសដែរ ព្រមទាំងជួយបង្កើតបរិយាកាសនាំឱ្យមនុស្សទាំងអស់មានចិត្តចង់ស្តាប់ដំណឹងល្អ។ ប្រសិនបើអ្នកនាំដំណឹងល្អសុខចិត្តទទួលរបៀបរិះគិតខ្លះៗរបស់មនុស្សលោក និងរបៀបរិះគិតខ្លះរបស់អ្នកវិទ្យាសាស្រ្តក្នុងការប្រកាសដំណឹងល្អរបៀបរិះគិតទាំងនោះ ក្លាយទៅជាមធ្យោបាយជួយប្រកាសដំណឹងល្អវិញ។ កាលពីដើម ព្រះយេស៊ូប្រែទឹកឱ្យក្លាយទៅជាស្រាដូច្នោះដែរ។ អ្វីៗដែលយើងទទួលនោះមិនគ្រាន់តែរួចពីសេចក្តីអាក្រក់ ប៉ុណ្ណោះទេ តែក្លាយទៅជាមធ្យោបាយដែលព្រះវិញ្ញាណយកមកប្រើ ដើម្បីបំភ្លឺ និងប្រែមនុស្សលោកឱ្យបានជាថ្មី។

១៣៣- ប្រសិនបើអ្នកនាំដំណឹងល្អមានបំណងរួមកង្វល់របស់មនុស្សម្នាក់ៗមិនគ្រប់គ្រាន់ទេ គឺត្រូវនាំដំណឹងល្អឱ្យជ្រួតជ្រាបក្នុងវប្បធម៌ទាំងមូលថែមទៀត។ ទេវវិទ្យាមិនគ្រាន់តែទេវវិទ្យាណែនាំប៉ុណ្ណោះទេ ក៏ត្រូវមានទំនាក់ទំនងជាមួយមុខវិទ្យាឯទៀតៗទាំងអស់ និងជាមួយបទពិសោធន៍របស់មនុស្សដែរ។ ទេវវិទ្យាមានសារសំខាន់ណាស់សម្រាប់រិះគិតអំពីរបៀបនាំដំណឹងល្អដល់វប្បធម៌ផ្សេងៗ និងដល់អ្នកទទួលដំណឹងល្អនោះ។ ព្រះសហគមន៍ដែលប្តេជ្ញាចិត្តនាំដំណឹងល្អក៏យល់ស្រប និងលើកទឹកចិត្តទេវវិទូដែលទទួលព្រះអំណោយទានរិះគិតអំពីជំនឿ។ ព្រះសហគមន៍ក៏លើកទឹកចិត្តទេវវិទូដែលខិតខំប្រឹងប្រែងស្វែងរកតាមផ្លូវទេវវិទ្យា ចង់សន្ទនាជាមួយអ្នកចូលចិត្តវប្បធម៌ និងជាមួយអ្នកស្វែងរកតាមវិទ្យាសាស្រ្ត។ ខ្ញុំសូមអំពាវនាវដល់ទេវវិទូទាំងប៉ុន្មាន សូមបំពេញមុខងារបម្រើរបស់ខ្លួននេះទុកជាចំណែកមួយនៃបេសកកម្មរបស់ព្រះសហគមន៍ ដែលនាំការសង្គ្រោះដល់មនុស្ស លោក។ អស់លោកអ្នកត្រូវយកចិត្តទុកដាក់នឹងគោលដៅនៃព្រះសហគមន៍ និងគោលដៅនៃទេវវិទ្យាផ្ទាល់ផង គឺនាំដំណឹងល្អដល់មនុស្សលោក។ សូមអស់លោកអ្នកកុំស្កប់ចិត្តនឹងទេវវិទ្យាដែលគេរិះគិតតែក្នុងការិយាល័យប៉ុណ្ណោះទេ។

១៣៤- សកលវិទ្យាល័យទាំងប៉ុន្មានជាកន្លែងពិសេសដើម្បីរិះគិត និងពង្រឹងការប្តេជ្ញាចិត្តនាំដំណឹងល្អបែបអន្តរមុខវិទ្យាផង និងរួបរួមគ្នា។ សាលារៀនកាតូលិកដែលមានបំណងភ្ជាប់កិច្ចការអប់រំ និងការប្រកាសដំណឹងល្អយ៉ាងច្បាស់លាស់ ពិតជាជួយឱ្យដំណឹងល្អជ្រួតជ្រាបក្នុងវប្បធម៌។ សូម្បីតែក្នុងប្រទេស និងក្នុងទីក្រុងដែលគេមិនពេញចិត្តនឹងដំណឹងល្អ យើងត្រូវមានចិត្តក្លាហានខិតខំបង្កើតអ្វីៗជាថ្មី និងស្វែងរកផ្លូវសមស្របតាមសភាពការណ៍។

២) ពិធីអត្ថាធិប្បាយគម្ពីរ (ធម្មទេសនា)

១៣៥- ឥឡូវនេះ សូមរិះគិតអំពីពិធីអត្ថាធិប្បាយគម្ពីរ ក្នុងបណ្តាពិធីគោរពប្រណិប័តន៍ព្រះជាម្ចាស់។ អស់លោកគង្វាលត្រូវវាយតម្លៃជាចាំបាច់អំពីពិធីអត្ថាធិប្បាយគម្ពីរនោះ។ ខ្ញុំសូមរិះគិតដោយឡែក និងដោយយកចិត្តទុកដាក់យ៉ាងពិសេសអំពីពិធីអត្ថាធិប្បាយគម្ពីរនោះ និងអំពីការរៀបចំពិធីនោះដែរ ព្រោះមានគ្រីស្តបរិស័ទជាច្រើននាំគ្នាតវ៉ាអំពីមុខងារបម្រើដ៏ប្រសើរនេះ។ យើងមិនអាចធ្វើដូចជាមិនដឹងមិនឮទេ។ ពិធីអត្ថាធិប្បាយគម្ពីរពិតជាការមួយដែលជួយវាយតម្លៃអំពីសមត្ថភាពរបស់លោកគង្វាល ក្នុងការទាក់ទងយ៉ាងជិតស្និទ្ធជាមួយប្រជាជនរបស់លោក។ យើងដឹងថា គ្រីស្តបរិស័ទចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះពិធីអត្ថាធិប្បាយគម្ពីរ។ គ្រីស្តបរិស័ទខ្លះធុញទ្រាន់ស្តាប់អស់លោកគង្វាលទេសនា ហើយជួនកាលអស់លោកក្នុងឋានៈជាអ្នកទទួលអគ្គសញ្ញាតែងតាំង ក៏ធុញទ្រាន់នឹងសម្តែងធម្មទេសនានោះដែរ។ គួរឱ្យស្តាយដោយមានសភាពការណ៍បែបនេះ។ ពិធីអត្ថាធិប្បាយគម្ពីរ ឬធម្មទេសនាអាចក្លាយទៅជាបទពិសោធន៍ដ៏សប្បាយរីករាយ និងដ៏ខ្លាំងក្លាអំពីព្រះវិញ្ញាណ និងអាចទៅជាឱកាសឱ្យយើងជួបព្រះបន្ទូលដែលលើកទឹកចិត្តយើង។ ព្រះបន្ទូលពិតជាប្រភពដែលមិនចេះរីងស្ងួត នាំឱ្យយើងប្រែជាថ្មីជានិច្ច និងឱ្យចម្រើនឡើងបាន។

១៣៦- សូមសម្តែងសេចក្តីទុកចិត្តទៅលើពិធីអត្ថាធិប្បាយគម្ពីរឡើងវិញដោយជឿជាក់ថា ព្រះជាម្ចាស់នេះហើយដែលសព្វព្រះហឫទ័យចង់ទាក់ទងជាមួយអ្នកដទៃ តាមរយៈអ្នកធ្វើពិធីអត្ថាធិប្បាយគម្ពីរនោះ គឺព្រះអង្គសម្តែងឫទ្ធានុភាពរបស់ព្រះអង្គតាមរយៈពាក្យសម្តីរបស់មនុស្ស។ គ្រីស្តទូតប៉ូលគូសសង្កត់យ៉ាងខ្លាំងថា ត្រូវធ្វើពិធីអត្ថាធិប្បាយគម្ពីរ ព្រោះព្រះអម្ចាស់សព្វព្រះហឫទ័យទាក់ទងជាមួយអ្នកដទៃតាមរយៈពាក្យសម្តីរបស់យើង (រម ១០,១៤-១៧)។ ព្រះអម្ចាស់នៃយើងបានធ្វើឱ្យមនុស្សផ្ចង់ចិត្តនឹងព្រះអង្គ គេមកស្តាប់ព្រះអង្គពីគ្រប់កន្លែង (មក ១,១៥)។ គេស្ងើចសរសើរ គេជក់ចិត្តនឹងសេចក្តីដែលព្រះអង្គបង្រៀននោះ (មក ៦,២)។ គេយល់ឃើញថា ព្រះអង្គមានព្រះបន្ទូលប្រកបដោយអំណាច (មក ១,២៧)។ ព្រះអង្គមានព្រះបន្ទូលតែងតាំងក្រុមគ្រីស្តទូត “ដើម្បីឱ្យគេនៅជាមួយព្រះអង្គ និងដើម្បីចាត់គេឱ្យទៅប្រកាសដំណឹងល្អ” (មក ៣,១៤)។ អស់លោកក៏ទាក់ទាញប្រជាជននានាឱ្យចូលក្នុងព្រះសហគមន៍ (មក ១៦,១៥.២០)។

ពិធីអត្ថាធិប្បាយគម្ពីរក្នុងការគោរប្រណិប័តន៍ព្រះជាម្ចាស់

១៣៧- ឥឡូវនេះ ខ្ញុំសូមនឹករំឭកថា៖ “ពិធីប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក្នុងពិធីគោរពប្រណិប័តន៍ព្រះអង្គ ជាពិសេសក្នុងអភិបូជាមិនគ្រាន់តែជាពេលនឹកសញ្ជឹងគិត និងជាការអប់រំជំនឿប៉ុណ្ណោះទេ តែនៅពេលនោះ ព្រះជាម្ចាស់មានព្រះបន្ទូលសន្ទនាជាមួយប្រជារាស្រ្តរបស់ព្រះអង្គ មានប្រកាសស្នាព្រះហស្តដ៏អស្ចារ្យនៃការសង្គ្រោះ និងមានបង្ហាញអំពីសេចក្តីដែលត្រូវអនុវត្តតាមជាចាំបាច់ ដើម្បីគោរពតាមសម្ពន្ធមេត្រី”។ ពិធីអត្ថាធិប្បាយគម្ពីរមានតម្លៃពិសេសមកពីបរិបទនៃការគោរពប្រណិប័តន៍ព្រះជាម្ចាស់ គឺមានតម្លៃលើសពីការអប់រំជំនឿទាំងប៉ុន្មាន ព្រោះពិធីអត្ថាធិប្បាយគម្ពីរនេះ ព្រះជាម្ចាស់ និងប្រជារាស្រ្តរបស់ព្រះអង្គសន្ទនាគ្នាយ៉ាងខ្ពង់ខ្ពស់ជាងគេ មុននឹងរួបរួមគ្នាក្នុងអគ្គសញ្ញាអរព្រះគុណ។ ព្រះអម្ចាស់ចាប់ផ្តើមមានព្រះបន្ទូលសន្ទនាជាមួយប្រជារាស្រ្តរបស់ព្រះអង្គរួចហើយ តែពិធីអត្ថាធិប្បាយគម្ពីរចាប់ផ្តើមការសន្ទនានេះឡើងវិញ។ លោកគង្វាលដែលសម្តែងធម្មទេសនា ត្រូវពិចារណាមើលឱ្យស្គាល់ចិត្តគំនិតសហគមន៍របស់លោក ដើម្បីឱ្យដឹងថា តើគេស្រេកឃ្លាននឹងព្រះជាម្ចាស់ក្នុងការរស់នៅរបស់គេត្រង់ណា? លោកក៏ត្រូវស្វែងរកពិចារណាថា តើអ្វីបណ្តាលឱ្យការសន្ទនារបស់ព្រះជាម្ចាស់ និងប្រជាជនដែលចាប់ផ្តើមដូចគូស្នេហ៍សន្ទនាគ្នាត្រូវចប់ ឬមិនបានបង្កើតផល។

១៣៨- ពិធីអត្ថាធិប្បាយគម្ពីរ ឬធម្មទេសនាមិនមែនជាល្ខោនលំហែកាយទេ ក៏មិនមែនយកលំនាំតាមតក្កវិទ្យានៃមធ្យោបាយទូរគមនាគមន៍ដែរ តែពិធីអត្ថាធិប្បាយគម្ពីរមានគោលដៅដាស់តឿនឱ្យគ្រីស្តបរិស័ទមានចិត្តកក់ក្តៅ ហើយយល់អត្ថន័យពិធីទៀតផង។ ពិធីអត្ថាធិប្បាយគម្ពីរមានរចនាបថពិសេស ព្រោះធម្មទេសនានេះចូលក្នុងបរិបទនៃពិធីគោរពប្រណិប័តន៍ព្រះជាម្ចាស់។ ហេតុនេះហើយ បានជាពិធីអត្ថាធិប្បាយគម្ពីរត្រូវខ្លីមិនមែនដូចសន្និសីទសម្រាប់ពន្យល់ប្រធានបទមួយ ឬដូចជានិក្ខេបបទបង្រៀនគេទេ។ អ្នកសម្តែងធម្មទេសនាខ្លះអាចធ្វើឱ្យអ្នកស្តាប់ជក់ចិត្តមួយម៉ោងបាន តែបើដូច្នេះ ពាក្យសម្តីរបស់លោកមានសារៈសំខាន់ជាងការលើកតម្កើងជំនឿ។ ប្រសិនបើពិធីអត្ថាធិប្បាយគម្ពីរវែងពេក វាបង្ខូចលក្ខណៈពីរយ៉ាងនៃពិធីគោរពប្រណិប័តន៍ គឺម៉្យាង ផ្នែកទាំងពីរនៃអភិបូជាមិនភ្ជាប់គ្នាយ៉ាងស្រួលទេ ហើយម៉្យាងទៀត បង្ខូចចង្វាក់នៃអភិបូជានោះ។ ប្រសិនបើមានសម្តែងធម្មទេសនានៅក្នុងពិធីគោរពប្រណិប័តន៍មួយ ធម្មទេសនាត្រូវចូលរួមក្នុងពិធីនោះទុកជាផ្នែកមួយក្នុងពិធីថ្វាយតង្វាយចំពោះព្រះបិតា និងទុកជាស្ពាននាំព្រះហឫទ័យប្រណីសន្តោស ដែលព្រះគ្រីស្រ្តចាក់បង្ហូរក្នុងពិធីនោះដែរ។ បរិបទនៃអភិបូជាទាមទារឱ្យធម្មទេសនាតម្រង់ទាំងអង្គប្រជុំ ទាំងលោកដែលសម្តែងធម្មទេសនាឱ្យរួបរួមជាមួយព្រះគ្រីស្តក្នុងអគ្គសញ្ញាអរព្រះគុណ ដែលប្រែការរស់នៅរបស់គ្រីស្តបរិស័ទ។ ហេតុនេះហើយ បានជាអ្នកសម្តែងធម្មទេសនាមិនត្រូវនិយាយវែងពេក សូមឱ្យព្រះអម្ចាស់ចាំងពន្លឺឡើង ទើបព្រះអង្គប្រសើរជាងអ្នកដែលជាអ្នកបម្រើព្រះបន្ទូល។

ការសន្ទនារបស់អ្នកម្តាយ

១៣៩- នៅខាងលើយើងបាននិយាយថា ប្រជារាស្រ្តរបស់ព្រះជាម្ចាស់ទទួលដំណឹងល្អរហូតដោយខ្លួនឯងផ្ទាល់ផង និងដោយព្រះវិញ្ញាណដ៏វិសុទ្ធមានសកម្មភាពជានិច្ចផង។ ប្រសិនបើអ្នកសម្តែងធម្មទេសនាជឿជាក់ដូច្នេះ តើគាត់ត្រូវធ្វើយ៉ាងណា? ជំនឿនេះរំឭកយើងឱ្យដឹងថា ព្រះសហគមន៍ជាមាតា ហើយសម្តែមធម្មទេសនាដូចម្តាយធ្លាប់និយាយមករកកូនដូច្នេះដែរ គឺម្តាយដឹងថា កូនទុកចិត្តលើគាត់ វាជឿថា អ្វីៗទាំងអស់ដែលម្តាយបង្រៀនសុទ្ធតែមានប្រយោជន៍សម្រាប់ខ្លួន ដ្បិតកូនដឹងច្បាស់ថា ម្តាយស្រឡាញ់វា។ ម៉្យាងទៀត ម្តាយធ្លាប់ទទួលស្គាល់នូវអ្វីៗដែលព្រះជាម្ចាស់បានសាបព្រោះក្នុងកូន ម្តាយក៏ចេះស្តាប់អ្វីៗដែលធ្វើឱ្យកូនបារម្ភ ហើយក៏រៀនពីកូនទៀត។ សេចក្តីស្រឡាញ់ក្នុងក្រុមគ្រួសារណែនាំទាំងម្តាយ ទាំងកូនក្នុងការសន្ទនាគ្នា គឺអ្នកទាំងពីរបង្រៀន និងរៀនពីគ្នាទៅវិញទៅមក គេកែប្រែខ្លួន និងយកចិត្តទុកដាក់នឹងសេចក្តីដ៏ល្អ។ ក្នុងពិធីធម្មទេសនាក៏ដូច្នេះដែរ។ ព្រះវិញ្ញាណបានបំភ្លឺចិត្តគំនិតអ្នកនិពន្ធគម្ពីរ ហើយមានសកម្មភាពក្នុងប្រជារាស្រ្តរបស់ព្រះជាម្ចាស់។ រីឯក្នុងធម្មទេសនាវិញក៏ដូច្នោះដែរ គឺព្រះអង្គបំភ្លឺចិត្តគំនិតអ្នកសម្តែងឱ្យដឹងអំពីរបៀបគាត់ត្រូវស្តាប់ជំនឿរបស់ប្រជាជន និងរបៀបត្រូវអត្ថាធិប្បាយគម្ពីរក្នុងអភិបូជាម្តងៗ។ ហេតុនេះហើយ បានជាលោកដែលសម្តែងធម្មទេសនាតាមគ្រីស្តសាសនាត្រូវរកប្រភពទឹករស់នៅក្នុងវប្បធម៌ប្រជាជន ដើម្បីឱ្យដឹងសេចក្តីដែលលោកត្រូវនិយាយ និងរកឃើញរបៀបនិយាយសេចក្តីនោះឱ្យបានស្របតាមវប្បធម៌របស់គេ។ តាមធម្មតាមនុស្សយើងចូលចិត្តឱ្យអ្នកដទៃនិយាយមករកយើងតាមភាសារបស់យើង។ អំពីជំនឿរបស់យើងក៏ដូច្នេះដែរ យើងចូលចិត្តឱ្យគេនិយាយមករកយើងតាមពាក្យនៃវប្បធម៌របស់យើង គឺដូចយើងបានស្តាប់ម្តាយតាំងពីតូចយ៉ាងនោះដែរ (២មរ ២១,២៧)។ ប្រសិនបើដូច្នេះមែនគេចូលចិត្តស្តាប់។ ភាសារបស់ខ្លួនផ្តល់សេចក្តីក្លាហានផ្តល់ខ្យល់ដង្ហើម និងផ្តល់កម្លាំង ហើយជំរុញយើងឱ្យស្ទុះឡើង។

១៤០- ត្រូវជួយលើកស្ទួយ និងថែរក្សាបរិបទជាក្រុមគ្រួសារ និងជាព្រះសហគមន៍ដែលជាមាតា ព្រោះព្រះអម្ចាស់មានព្រះបន្ទូលសន្ទនាជាមួយប្រជារាស្រ្តរបស់ព្រះអង្គតាមបរិបទនោះ។ ហេតុនេះហើយ បានជាលោកដែលសម្តែងធម្មទេសនាត្រូវរស់នៅយ៉ាងជិតស្និទ្ធជាមួយអ្នកស្តាប់ ត្រូវមានសំឡេងកក់ក្តៅ ត្រូវប្រើរចនាបថទន់ភ្លន់ ហើយត្រូវធ្វើកាយវិការប្រកបដោយអំណរ។ ទោះបីពិធីអត្ថាធិប្បាយគម្ពីរនាំឱ្យគេធុញទ្រាន់ខ្លះ ប្រសិនបើអ្នកស្តាប់យល់ឃើញថា មានបរិបទកក់ក្តៅដូចម្តាយដែលជាព្រះសហគមន៍និយាយមករកកូន ធម្មទេសនានោះមុខជាបង្កើតផលពុំខាន ដូចពាក្យទូន្មានដ៏ធុញទ្រាន់របស់ម្តាយមកកូន តែងតែបង្កើតផលក្នុងចិត្តកូន នៅពេលកូនធំឡើងពុំខាន។

២៤១- យើងនៅតែស្ងើចសរសើរអំពីព្រះអម្ចាស់ ដែលប្រើមធ្យោបាយដ៏អស្ចារ្យមកសន្ទនាជាមួយប្រជារាស្រ្តរបស់ព្រះអង្គ ដើម្បីសម្តែងគម្រោងការរបស់ព្រះអង្គឱ្យមនុស្សទាំងអស់ស្គាល់។ ព្រះអង្គធ្វើឱ្យអ្នកតូចតាចស្ដាប់ជក់ត្រចៀកនូវសេចក្តីបង្រៀនដ៏ខ្ពង់ខ្ពស់ និងពិបាកអនុវត្តផង។ ខ្ញុំជឿថា គេជក់ចិត្តស្តាប់ព្រះយេស៊ូមកពីព្រះអង្គទតមើលប្រជាជនដោយចិត្តស្រឡាញ់ ទោះបីគេទន់ខ្សោយ និងប្រព្រឹត្តអំពើបាបក្តី៖ “ក្រុមដ៏តូចរបស់ខ្ញុំអើយ! កុំខ្លាចអី ព្រះបិតារបស់អ្នករាល់គ្នាសព្វព្រះហឫទ័យប្រទានព្រះរាជ្យមកឱ្យអ្នករាល់គ្នាហើយ” (លក ១២,៣២)។ ព្រះយេស៊ូសម្តែងធម្មទេសនាដោយមានគំនិតនេះឯង។ ព្រះអង្គពោរពេញដោយអំណរ មកពីព្រះវិញ្ញាណលើកតម្កើងព្រះបិតាដែលទាក់ទាញចិត្តអ្នកតូចតាចថា៖ “បពិត្រព្រះបិតាជាអម្ចាស់នៃមេឃ និងផែនដី ខ្ញុំសូមសរសើរតម្កើងព្រះអង្គ ព្រោះទ្រង់បានលាក់ការទាំងនេះមិនឱ្យអ្នកប្រាជ្ញ និងអ្នកចេះដឹងយល់ទេ តែព្រះអង្គបានសម្តែងឱ្យមនុស្សតូចតាចយល់វិញ” (លក ១០,២១)។ ព្រះអម្ចាស់សព្វព្រះហឫទ័យនិយាយសន្ទនាជាមួយប្រជារាស្រ្តរបស់ព្រះអង្គមែន។ អ្នកធ្វើពិធីអត្ថាធិប្បាយគម្ពីរក៏ត្រូវនាំឱ្យអ្នកស្តាប់ដឹងអំពីអំណររបស់ព្រះអម្ចាស់នេះ។

ពាក្យសម្តីដែលធ្វើឱ្យអ្នកស្តាប់មានចិត្តបានកក់ក្តៅ

១៤២- ការសន្ទនាសំខាន់ជាងការបង្រៀនសេចក្តីពិតណាមួយ គឺការសន្ទនាកើតជារូបរាងដោយគេចូលចិត្តនិយាយ និងដោយអ្នកស្រឡាញ់គ្នាផ្តល់អ្វីៗដ៏ល្អឱ្យគ្នាទៅវិញទៅមកតាមរយៈពាក្យសម្តី។ អ្វីៗដ៏ល្អនេះមិនមែនជាវត្ថុទេ តែជាបុគ្គលផ្ទាល់ដែលប្រគល់ខ្លួនតាមរយៈការសន្ទនាតែម្តង។ ប្រសិនបើអ្នកធ្វើពិធីអត្ថាធិប្បាយគម្ពីរនិយាយតែអំពីសីលធម៌ ឬគ្រាន់តែបង្រៀនគេ ឬគ្រាន់តែបកស្រាយអត្ថន័យគម្ពីរប៉ុណ្ណោះ មុខជាធម្មទេសនានោះបណ្តាលឱ្យទំនាក់ទំនងពីចិត្តអ្នកនិយាយ និងចិត្តម្នាក់ទៀតស្តាប់មិនសូវកក់ក្តៅទេ។ ទំនាក់ទំនងក្នុងពិធីអត្ថាធិប្បាយគម្ពីរមានលក្ខណៈប្រហែលនឹងអគ្គសញ្ញា៖ “ជំនឿកើតមកពីសេចក្ដីដែលយើងបានស្តាប់ រីឯសេចក្ដីដែលយើងបានស្តាប់នោះ កើតមកពីព្រះបន្ទូលរបស់ព្រះគ្រីស្ត” (រម ១០,១៧)។ ក្នុងធម្មទេសនា សេចក្តីពិតជាប់ជាមួយសោភ័ណភាព និងជាមួយអំពើល្អ។ អ្នកធ្វើពិធីអត្ថាធិប្បាយគម្ពីរមិនត្រូវនិយាយតែអំពីសេចក្តីពិតដ៏អរូបីប៉ុណ្ណោះទេ តែត្រូវយកតម្រាប់តាមព្រះអម្ចាស់យេស៊ូដែលតែងតែមានព្រះបន្ទូលដោយប្រើនិមិត្តរូបយ៉ាងល្អមកនិយាយ ដើម្បីលើកស្ទួយអ្នកស្តាប់ឱ្យប្រព្រឹត្តអំពើល្អ។ ប្រជាជនគ្រីស្តបរិស័ទត្រូវនឹកចាំ ទាំងស្ងើចសរសើរនូវស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ដូចនាងម៉ារីដែរ។ នាងម៉ារីបើកចិត្តគំនិតចំហទទួលសេចក្តីសង្ឃឹមថា និងអាចអនុវត្តតាមសេចក្តីស្រឡាញ់ដែលទេវទូតជូនដំណឹងនោះ។ នាងយល់ឃើញថា គ្រប់ព្រះបន្ទូលក្នុងគម្ពីរសុទ្ធតែជាព្រះអំណោយទាន មិនគ្រាន់តែជាវិន័យដែលត្រូវប្រតិបត្តិតាមប៉ុណ្ណោះទេ។

១៤៣- អ្នកធ្វើពិធីអត្ថាធិប្បាយគម្ពីរស្របតាមវប្បធម៌ប្រឈមមុខនឹងការពិបាក គឺត្រូវបញ្ជូនបន្តសំយោគនៃដំណឹងល្អមិនត្រូវបញ្ជូនបន្តយោបល់ ឬសេចក្តីដែលមិនភ្ជាប់គ្នាទេ។ សំយោគរបស់អ្នកស្ថិតនៅកន្លែងណាចិត្តគំនិតរបស់អ្នកក៏ស្ថិតនៅកន្លែងនោះដែរ។ អ្នកដែលខិតខំបំភ្លឺសំយោគរបស់ខ្លួនប្លែកពីអ្នកដែលចាំងពន្លឺលើយោបល់ផ្សេងៗ ដែលមិនភ្ជាប់គ្នាក៏ដូចការធុញទ្រាន់ប្លែកពីចិត្តកក់ក្តៅ។ លោកដែលសម្តែងធម្មទេសនាមានបេសកកម្មដ៏ល្អប្រសើរផង និងពិបាកផង គឺត្រូវបង្រួមចិត្តគំនិតរបស់អ្នកដែលស្រឡាញ់គ្នា។ គឺថា លោកបង្រួមព្រះហឫទ័យស្រឡាញ់របស់ព្រះអម្ចាស់ឱ្យភ្ជាប់រួម និងចិត្តរបស់ប្រជារាស្រ្ត។ ការសន្ទនារវាងព្រះជាម្ចាស់ និងប្រជារាស្រ្តពង្រឹងសម្ពន្ធមេត្រីជាមួយគ្នា ហើយក៏រឹតចំណងនៃសេចក្តីស្រឡាញ់គ្នាដែរ។ ក្នុងធម្មទេសនា ចិត្តរបស់អស់អ្នកជឿនៅស្ងៀម គេបណ្តោយឱ្យព្រះអម្ចាស់មានព្រះបន្ទូលមកគេ។ ធម្មតា ព្រះអង្គ និងប្រជារាស្រ្តតែងសន្ទនាជាមួយគ្នាតាមរបៀបជាច្រើនអនេក ដោយគ្មាននរណាធ្វើជាស្ពានមេត្រី។ ប៉ុន្តែ ក្នុងធម្មទេសនាគេចង់ឱ្យមានម្នាក់ជួយបញ្ចេញមនោសញ្ចេតនារបស់ពួកគេ។ ក្រោយមក ម្នាក់ៗអាចជ្រើសរើសរបៀបបន្តការសន្ទនាតទៅទៀត។ ពាក្យសម្តីជាស្ពានមេត្រី ហើយទាមទារឱ្យមិនគ្រាន់តែមានពីរនាក់សន្ទនាប៉ុណ្ណោះទេ តែត្រូវការឱ្យមានអ្នកសម្តែងធម្មទេសនា ដែលជូនព្រះបន្ទូលទុកជាពាក្សរបស់អ្នកសន្ទនាសាជាថ្មី ដោយជឿជាក់ថា “យើងមិនប្រកាសអំពីខ្លួនយើងទេ តែយើងប្រកាសអំពីព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់។ យើងដាក់ខ្លួនជាអ្នកបម្រើបងប្អូន ព្រោះតែព្រះយេស៊ូនេះហើយ” (២ករ ៤,៥)។

១៤៤- អ្នកនិយាយពាក្យដែលចេញពីជម្រៅចិត្តត្រូវរក្សាចិត្តកក់ក្តៅនេះជានិច្ច ហើយគេក៏ត្រូវភ្ជាប់នឹងសេចក្តីទាំងប៉ុន្មាន ដែលព្រះជាម្ចាស់បានសម្តែងមកបំភ្លឺចិត្តគំនិតគេដែរ។ គេក៏ត្រូវភ្ជាប់ចិត្តនឹងដំណើររបស់ព្រះបន្ទូលនោះក្នុងព្រះសហគមន៍ និងក្នុងចំណោមប្រជាជនគ្រីស្តបរិស័ទតាមដំណើរនៃប្រវត្តិសាស្រ្តដែរ។ លក្ខណៈជាគ្រីស្តបរិស័ទមានដូចតទៅ៖ “គឺព្រះបិតាបានឱបយើង នៅពេលយើងទទួលអគ្គសញ្ញាជ្រមុជទឹក។ លក្ខណៈនេះជំរុញឱ្យយើងសង្វាតចង់ឱ្យព្រះបិតាប្រកបដោយព្រះហឫទ័យមេត្តាករុណាឱបយើងម្តងទៀត ដូចកូនពៅដែលវង្វេងបាត់ត្រូវឪពុកឱបនោះ។ ព្រះបិតារង់ចាំឱបយើងក្នុងសិរីរុងរឿងរបស់ព្រះអង្គ។ អ្នកសម្តែងធម្មទេសនាមានភារកិច្ចដ៏ពិបាក តែជាភារកិច្ចដ៏ល្អប្រសើរដែរ គឺនាំឱ្យប្រជាជនរបស់យើងយល់ឃើញថា គេដូចនៅចន្លោះនៃពេលព្រះអង្គឱបគេទាំងពីរដងនោះ”

៣) ការរៀបចំធម្មទេសនា

១៤៥- ការរៀបចំធម្មទេសនាជាភារកិច្ចមួយដ៏សំខាន់ ហេតុនេះហើយ បានជាត្រូវប្រើពេលវេលាយ៉ាងយូរ ដើម្បីសិក្សា អធិដ្ឋាន ស្មឹងស្មាធិ៍ រិះគិត និងបង្កើតតំនិតថ្មីតាមការណែនាំ។ ខ្ញុំសូមជូនយោបល់ដោយចិត្តស្រឡាញ់យ៉ាងខ្លាំង សូមជួយបង្ហាញមាគ៌ាមួយ ដើម្បីរៀបចំធម្មទេសនានោះ។ ប្រហែលលោកខ្លះយល់ឃើញថា មិនបាច់រៀបរាប់យោបល់ទាំងនោះទេ ព្រោះគេដឹងគ្រប់គ្នាស្រាប់ហើយ។ ប៉ុន្តែ ខ្ញុំយល់ឃើញថា គួរតែរំឭកថា ត្រូវប្រើពេលវេលាដែលត្រូវការសម្រាប់ពន្យល់អំពីមុខងារបម្រើដ៏ប្រសើរនេះ។ លោកខ្លះដែលទទួលខុសត្រូវលើសហគមន៍គ្រីស្តបរិស័ទតែងតែនិយាយថា គេប្រើពេលវេលាយូរមិនកើតទេ ព្រោះអស់លោកមានកិច្ចការជាច្រើនណាស់ដែលត្រូវបំពេញ។ ប៉ុន្តែ ខ្ញុំហ៊ានសុំឱ្យលោកម្នាក់ៗ និងរួមគ្នាជាក្រុម ប្រើពេលវេលាយ៉ាងយូរគ្រាន់សម្រាប់មុខងាដ៏ប្រសើរនៃការសម្តែងធម្មទេសនានេះ។ ទោះបីកិច្ចការផ្សេងឯទៀតមានសារៈសំខាន់ក្តី ក៏ត្រូវប្រីពេល វេលាតិចជាងពេលរៀបចំធម្មទេសនាដែរ។ យើងត្រូវទុកចិត្តលើព្រះវិញ្ញាណដែលមានសកម្មភាពក្នុងធម្មទេសនា ដោយបណ្តោយឱ្យព្រះអង្គបំពេញអ្វីទាំងអស់ទេ តែត្រូវខិតខំបំពេញកិច្ចការយ៉ាងសកម្ម និងបង្កើតសេចក្តីថ្មីៗវិញ។ ត្រូវប្តេជ្ញាចិត្តថ្វាយគ្រប់សមត្ថភាពរបស់ខ្លួនទុកជាគ្រឿងដែលព្រះជាម្ចាស់អាចប្រើប្រាស់ (រម ១២,១)។ អ្នកដែលមិនរៀបចំធម្មទេសនា មិនមែនជាអ្នករស់នៅតាមព្រះវិញ្ញាណទេ តែជាជនទុច្ចរិត ហើយក៏មិនទទួលខុសត្រូវចំពោះព្រះអំណោយទានដែលខ្លួនបានទទួលនោះដែរ។ 

ត្រូវគោរពសេចក្តីពិត

១៤៦- ក្រោយពីបានអង្វរព្រះវិញ្ញាណ ត្រូវយកចិត្តទុកដាក់ជាខ្លាំងនឹងអត្ថបទគម្ពីរដែលត្រូវជាគ្រឹះនៃធម្មទេសនា។ នេះជាជំហ៊ានដំបូង។ ពេលយើងខិតខំយល់អត្ថន័យអត្ថបទគម្ពីរណាមួយ យើងពិតជាគោរពសេចក្តីពិត។ ត្រូវមានចិត្តសុភាពរាបសា និងទទួលស្គាល់ថា ព្រះបន្ទូលហួសពីគំនិតមនុស្សយើងជានិច្ច យើងក៏មិនមែនជាគ្រូ ឬក៏មិនមែនជាម្ចាស់របស់ព្រះបន្ទូលទេ តែព្រះជាម្ចាស់បានផ្ញើទុកព្រះបន្ទូលមកយើង យើងគ្រាន់តែជាអ្នកប្រកាស និងជាអ្នកបម្រើព្រះបន្ទូលប៉ុណ្ណោះ។ ប្រសិនបើយើងប្រើពេលវេលាយ៉ាងយូរមកសិក្សាព្រះបន្ទូលដោយយកចិត្តទុកដាក់ ទាំងខ្លាចប្រើព្រះបន្ទូលតាមគោលបំណងរបស់យើង នៅពេលនោះ យើងពិតជាគោរពព្រះបន្ទូលដោយចិត្តសុភាពរាបសា និងដោយស្ងើចសរសើរមែន។ អ្នកចង់បកស្រាយអត្ថន័យអត្ថបទគម្ពីរណាមួយ ត្រូវមានចិត្តតស៊ូព្យាយាមលែងភ័យខ្លាចត្រូវប្រើពេលវេលាយ៉ាងយូរ និងយកចិត្តទុកដាក់ ហើយត្រូវមានសទ្ធាជ្រះថ្លាបម្រើព្រះបន្ទូលដោយមិនចង់បានផលប្រយោជន៍ភ្លាមៗទេ។ ត្រូវលះបង់កង្វល់ចោល និងតាំងចិត្តចង់ចាប់អារម្មណ៍។ អ្នកចង់បានលទ្ធផលភ្លាមៗយ៉ាងស្រួលមិនបានទុកពេលអានគម្ពីរទេ។ ហេតុនេះហើយ បានជាអ្នករៀបចំធម្មទេសនាត្រូវការចិត្តស្រឡាញ់។ តាមធម្មតាយើងទុកពេលវេលាដោយមិនចង់បានប្រយោជន៍ផ្ទាល់ខ្លួន ដោយគ្មានការប្រញាប់តែចំពោះវត្ថុ ឬចំពោះអ្នកដែលយើងស្រឡាញ់ប៉ុណ្ណោះ។ រីឯក្នុងករណីនេះ យើងត្រូវតែស្រឡាញ់ព្រះជាម្ចាស់ដែលសព្វព្រះហឫទ័យមានព្រះបន្ទូលមកយើង។ ប្រសិនបើយើងមានសេចក្តីស្រឡាញ់ ចំពោះព្រះអង្គបែបនេះ យើងអាចប្រើគ្រប់ពេលវេលាដែលត្រូវការដោយមានឥរិយាបថជាសាវ័ក គឺថា៖ “បពិត្រព្រះអម្ចាស់! សូមព្រះអង្គមានព្រះបន្ទូលមកអ្នកបម្រើរបស់ព្រះអង្គប្រុងត្រចៀកស្តាប់ហើយ” (១សម ៣,៩)។

១៤៧- ជាពិសេស យើងត្រូវជឿជាក់ថា យើងបានយល់អត្ថន័យយ៉ាងសមគួរនៃពាក្យទាំងប៉ុន្មានដែលយើងសូត្រ។ ខ្ញុំសូមគូសសង្កត់អំពីសេចក្តីមួយដ៏ជាក់ច្បាស់ ហើយដែលគេមិនសូវចាប់អារម្មណ៍ប៉ុន្មានទេ គឺថា យើងសិក្សាអត្ថបទគម្ពីរដែលមានចែងពីរបីពាន់ឆ្នាំកន្លងមក។ របៀបនិយាយរបស់អ្នកនិពន្ធខុសប្លែកពីរបៀបយើងនិយាយនាបច្ចុប្បន្នកាល។ ទោះបីយើងស្មានថា យើងយល់អត្ថន័យពាក្យប្រែជាភាសារបស់យើងក្តី ក៏គ្មានន័យថា យើងយល់សេចក្តីដែលអ្នកនិពន្ធមានបំណងចង់និយាយនោះទេ។ យើងស្គាល់មធ្យោបាយនានាសម្រាប់វិភាគអត្ថបទមួយ គឺត្រូវចាប់អារម្មណ៍នឹងពាក្យដែលមានចែងច្រើនដង ឬដែលអ្នកនិពន្ធគូសសង្កត់យើងត្រូវស្វែងរករចនាសម្ពន្ធ និងថាមពលផ្ទាល់នៃអត្ថបទ ត្រូវពិនិត្យមើលតួនាទីរបស់តួម្នាក់ៗក្នុងអត្ថបទ។ល។ យើងមិនមានគោលបំណងចង់យល់អត្ថន័យរបស់ចំណុចតូចៗទាំងអស់ក្នុងអត្ថបទទេ តែត្រូវខិតខំរកសេចក្តីដ៏សំខាន់ គឺអត្ថន័យដែលធ្វើឱ្យអត្ថបទនោះមានរចនាសម្ពន្ធ និងភ្ជាប់ទៅជាអត្ថបទមួយ។ ប្រសិនបើអ្នកសម្តែងធម្មទេសនាមិនខិតខំបែបនេះទេ ធម្មទេសនារបស់គេមិនភ្ជាប់ជាមួយគ្នាទេ ហើយក៏គ្មានលំដាប់លំដោយដែរ អ្នកសម្តែងធម្មទេសនានោះ គ្រាន់តែនិយាយយោបល់ផ្សេងៗជាច្រើនដែលមិនភ្ជាប់គ្នាប៉ុណ្ណោះ តែមិនអាចដាស់តឿនអ្នកស្តាប់បានសោះ។ សេចក្តីសំខាន់ជាងគេ គឺសេចក្តីដែលអ្នកនិពន្ធចង់បញ្ជូនបន្តមក។ ហេតុនេះ យើងមិនត្រូវទទួលស្គាល់គំនិតអ្នកនិពន្ធប៉ុណ្ណោះទេ តែត្រូវរកលទ្ធផលដែលអ្នកនិពន្ធនោះចង់បង្កើតថែមទៀត។ ប្រសិនបើអ្នកនិពន្ធចែងអត្ថបទមួយសម្រាប់សម្រាលទុក្ខគេ មិនត្រូវយកអត្ថបទនោះមកកែសម្រួលអ្នកដែលវង្វេងទេ ប្រសិនបើអ្នកនិពន្ធចែងអត្ថបទមួយសម្រាប់ដាស់តឿនគេ មិនត្រូវយកអត្ថបទនោះមកបង្រៀនគេទេ ប្រសិនបើអ្នកនិពន្ធចែងអត្ថបទមួយសម្រាប់បង្រៀនសេចក្តីមួយ អំពីព្រះជាម្ចាស់មិនត្រូវយកអត្ថបទនោះមកពន្យល់យោបល់ផ្សេងៗតាមទេវវិទ្យាទេ ប្រសិនបើអ្នកនិពន្ធចែងអត្ថបទមួយដើម្បីលើកតម្កើងព្រះជាម្ចាស់ ឬ ដាស់តឿនគេឱ្យទៅជាសាសនទូត មិនត្រូវយកអត្ថបទនោះមកផ្តល់ព័ត៌មានថ្មីៗឱ្យគេទេ។

១៤៨- អ្នកចង់យល់សេចក្តីសំខាន់ក្នុងអត្ថបទមួយឱ្យបានត្រឹមត្រូវ ត្រូវនឹកគិតដល់ការបង្រៀនទំាងមូលចែងក្នុងព្រះគម្ពីរតាមព្រះសហគមន៍បញ្ជូនបន្តមក។ នេះជាគោលមួយដ៏សំខាន់ក្នុងការបកស្រាយគម្ពីរ។ ព្រះវិញ្ញាណដ៏វិសុទ្ធមិនគ្រាន់បានបំភ្លឺអ្នកនិពន្ធឱ្យសរសេរគម្ពីរតែមួយផ្នែកប៉ុណ្ណោះទេ តែព្រះអង្គបានបំភ្លឺអ្នកនិពន្ធឱ្យសរសេរគម្ពីរទាំងមូលវិញ។ ចំពោះបញ្ហាខ្លះ ប្រជាជនបានយល់ព្រះហឫទ័យរបស់ព្រះជាម្ចាស់បន្តិចម្តងៗ ឱ្យកាន់តែច្បាស់ឡើងៗតាមបទពិសោធន៍របស់ខ្លួន។ ធ្វើដូច្នេះយើងមុខជាចៀសវាងបកស្រាយអត្ថន័យតាមរបៀបខុស ឬតែមួយផ្នែកដែលខុសប្លែកពីសេចក្តីបង្រៀនឯទៀតៗនៃគម្ពីរដដែលនោះ។ ក៏ប៉ុន្តែ សេចក្តីនេះគ្មានន័យថា យើងបន្ថយអត្ថន័យពិសេសនៃអត្ថបទ ដែលយើងយកមកសម្តែងធម្មទេសនាទេ។ ធម្មទេសនាធុញទ្រាន់ ហើយមិនបានផល មកពីយើងមិនបញ្ជូនបន្តកម្លាំងនៃអត្ថបទដែលយើងប្រកាសនោះ។

ត្រូវឱ្យព្រះបន្ទូលចាក់គ្រឹះក្នុងខ្លួន

១៤៩- អ្នកសម្តែងធម្មទេសនា “ត្រូវមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយព្រះបន្ទូលរបស់ព្រះជាម្ចាស់។ គាត់មិនគ្រាន់តែត្រូវស្គាល់លក្ខណៈខាងភាសា ឬតាមរបៀបវិភាគប៉ុណ្ណោះទេ ទោះការទាំងនោះមានសារៈសំខាន់ ហើយគេត្រូវការជាចាំបាច់ក្តី។ គាត់ក៏ត្រូវទទួលព្រះបន្ទូលដោយចិត្តមិនរឹងរូស និងដោយស្មឹងស្មាធិ៍ ដើម្បីឱ្យព្រះបន្ទូលនេះជ្រួតជ្រាបក្នុងជម្រៅចិត្តគំនិត ជ្រួតជ្រាបក្នុងមនោសញ្ចេតនា ហើយបង្កើតវិញ្ញាណថ្មីទៀត”។ ប្រសិនបើយើងមានចិត្តកក់ក្តៅ ខ្នះខ្នែងជាថ្មីជារៀងរាល់ថ្ងៃ និងរៀងរាល់អាទិត្យដោយរៀបចំធម្មទេសនា ប្រសិនបើយើងពិនិត្យមើលថា យើងមានចិត្តស្រឡាញ់កាន់តែខ្លាំងឡើងៗនូវព្រះបន្ទូលដែលយើងប្រកាសនោះ យើងមុខជានឹងបានទទួលផលល្អពុំខាន។ យើងក៏មិនត្រូវបំភ្លេចថា “ប្រសិនបើអ្នកសម្តែងធម្មទេសនាមានចិត្តវិសុទ្ធយ៉ាងពិតប្រាកដ ឬមិនប្រាកដពិតជាមានឥទ្ធិពលលើរបៀបគាត់ប្រកាសព្រះបន្ទូល”។ គ្រីស្តទូតប៉ូលបញ្ជាក់ថា៖  “យើងពន្យល់គម្ពីរមិនមែនដើម្បីផ្គាប់ចិត្តមនុស្សទេ តែដើម្បីឱ្យគាប់ព្រះហឫទ័យព្រះជាម្ចាស់ដែលបន្សុទ្ធចិត្តយើងនោះវិញ”  (១ថស ២,៤)។ ប្រសិនបើយើងមានបំណងយ៉ាងខ្លាំងមុនគេចង់ស្តាប់ព្រះបន្ទូលដែលយើងត្រូវយកមកបកស្រាយនោះ ព្រះបន្ទូលនោះមុខជាទៅដល់ប្រជារាស្ត្ររបស់ព្រះជាម្ចាស់តាមរបៀបណាមួយពុំខាន ដ្បិត “មាត់របស់មនុស្សតែងតែស្រដីចេញមកនូវសេចក្ដីណាដែលមានពេញហូរហៀរនៅក្នុងដួងចិត្តរបស់ខ្លួន” (មក ១២,៣៤)។ ប្រសិនបើអត្ថបទដែលយើងស្តាប់ជារៀងរាល់ថ្ងៃអាទិត្យលាន់ឮឡើងក្នុងចិត្តគង្វាលមុនគេ អត្ថបទនោះមុខជានឹងលាន់ឮឡើងយ៉ាងរំពងក្នុងចិត្តប្រជាជនពុំខានដែរ។

១៥០- ព្រះយេស៊ូមួម៉ៅដោយឃើញគ្រូអាចារ្យក្លែងក្លាយដែលបង្គាប់ឱ្យអ្នកដទៃកាន់តាមធម្មវិន័យយ៉ាងតឹងរ៉ឹង គេតែងបង្រៀនព្រះបន្ទូលរបស់ព្រះជាម្ចាស់ តែមិនបណ្តោយឱ្យព្រះបន្ទូលនោះបំភ្លឺចិត្តគំនិតខ្លួនគេទេ។ “អ្នកទាំងនោះបានបង្កើតវិន័យយ៉ាងតឹងរ៉ឹងយកមកផ្ទុកលើមនុស្ស ហើយមិនជួយសម្រាលបន្ទុកនោះសោះ សូម្បីតែបន្តិចបន្តួចក៏មិនជួយផង” (មថ ២៣,៤)។ គ្រីស្តទូតយ៉ាកុបតែងដាស់តឿនថា៖ “បងប្អូនកុំចង់ធ្វើគ្រូច្រើនគ្នាពេក ដ្បិតបងប្អូនជ្រាបស្រាប់ហើយថា ព្រះជាម្ចាស់នឹងវិនិច្ឆ័យទោសយើងជាគ្រូយ៉ាងតឹងរ៉ឹងជាងគេ” (យក ៣,១)។ អ្នកណាចង់សម្តែងធម្មទេសនា ត្រូវសុខចិត្តបណ្តោយខ្លួនឱ្យព្រះបន្ទូលប្រែចិត្តគំនិត និងធ្វើឱ្យព្រះបន្ទូលនេះកើតជារូបរាងក្នុងការរស់នៅរបស់ខ្លួនជារៀងរាល់ថ្ងៃ។ អ្នកសម្តែងធម្មទេសនា និងមានសកម្មភាពយ៉ាងខ្លំាងដែលបង្កើតផលពុំខាន គឺអ្នកនោះ៖ “បញ្ចូនបន្តដល់អ្នកដទៃនូវអ្វីៗដែលយើងបានស្មឹងស្មាធិ៍ជាមុនសិន”។ ហេតុនេះហើយ បានជាមុននឹងរៀបចំសេចក្តីដែលយើងត្រូវនិយាយក្នុងធម្មទេសនា យើងត្រូវសុខចិត្តឱ្យព្រះបន្ទូលវាយយើងឱ្យរបួសមុនគេ ទើបព្រះបន្ទូលអាចវាយអ្នកដទៃឱ្យរបួសតាមក្រោយបាន ដ្បិតព្រះបន្ទូលមានជីវិត និងមានមហិទ្ធិឫទ្ធិមុតជាងដាវមុខពីរទៅទៀត។ “ព្រះបន្ទូលនេះចាក់ទម្លុះចូលទៅកាត់ជីវិត និងវិញ្ញាណឱ្យដាច់ចេញពីគ្នាកាត់សន្លាក់ឆ្អឹង និងខួរឆ្អឹងឱ្យចេញពីគ្នា។ ព្រះបន្ទូលវិនិច្ឆ័យឆន្ទៈ និងគំនិតនៅក្នុងជម្រៅចិត្តមនុស្ស” (ហប ៤,១២)។ សេចក្តីនេះមានសារសំខាន់ក្នុងការណែនាំ។ នាបច្ចុប្បន្នកាលមនុស្សចូលចិត្តស្តាប់សាក្សី “គេចូលចិត្តសេចក្តីដែលស្របនឹងការរស់នៅរបស់អ្នកនាំដំណឹងល្អ។ មនុស្សលោកទាមទារឱ្យអ្នកនាំដំណឹងល្អនិយាយអំពីព្រះដែលគេស្គាល់ និងអំពីព្រះដែលគេធ្លាប់ទាក់ទងយ៉ាងជិតស្និទ្ធ ហាក់ដូចជាគេមើលឃើញអ្វីៗដែលភ្នែកមនុស្សមើលពុំឃើញ”

១៥១- ព្រះជាម្ចាស់មិនសូមឱ្យយើងបាននិមលឥតសៅហ្មងទេ តែព្រះអង្គសូមឱ្យយើងចម្រើនឡើងជានិច្ច ឱ្យយើងមានបំណងពីជម្រៅក្នុងចិត្ត ចង់ដើរតាមមាគ៌ានៃដំណឹងល្អឱ្យកាន់តែប្រសើរឡើងៗ ព្រះអង្គក៏សូមកុំឱ្យយើងអស់សង្ឃឹមឡើយ។ អ្នកសម្តែងធម្មទេសនាត្រូវជឿជាក់ថា ព្រះជាម្ចាស់ស្រឡាញ់គេ ជឿជាក់ថា ព្រះយេស៊ូបានសង្គ្រោះគេរួចហើយ និងជឿជាក់ថា ព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គមុខជាមានជ័យជម្នះជានិច្ចពុំខាន។ ដោយអ្នកនោះឃើញសោភ័ណភាពដ៏ត្រចះត្រចង់នេះ គាត់ក៏មុខជាដឹងខ្លួនជាច្រើនដងថា គាត់មិនលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គយ៉ាងពេញលេញ នៅគ្រប់ពេលក្នុងការរស់នៅរបស់គាត់ទេ។ គាត់ក៏មុខជាមានបំណងយ៉ាងស្មោះ ចង់តបឆ្លើយយ៉ាងប្រសើរជាងពីមុននឹងព្រះហឫទ័យស្រឡាញ់ដ៏ខ្លាំងបែបនោះដែរ។ ក៏ប៉ុន្តែ ប្រសិនបើគាត់មិនឈរធ្វើការងារ មកស្តាប់ព្រះបន្ទូលដោយបើកចិត្តស្មោះទេនោះ ប្រសិនបើគាត់ឃាត់ព្រះបន្ទូលមិនឱ្យចូលជ្រួតជ្រាបក្នុងការរស់នៅរបស់គាត់ទេ មិនឱ្យប្រែរបៀបរស់នៅរបស់គាត់ មិនដាស់តឿនគាត់ទេ មិនធ្វើឱ្យគាត់រំភើបចិត្ត ប្រសិនបើគាត់មិនប្រើពេលវេលាយកព្រះបន្ទូលមកស្មឹងស្មាធិ៍ទេ គាត់មុខជានឹងក្លាយទៅជាព្យាការីក្លែងក្លាយជាអ្នកបោកប្រាស់ និងជាអ្នកបញ្ឆោតគេដែលគ្មានតម្លៃអ្វីឡើយ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើគាត់ទទួលស្គាល់ភាពទន់ខ្សោយរបស់ខ្លួន ហើយមានបំណងប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងៗ គាត់ក៏អាចប្រគល់ព្រះយេស៊ូគ្រីស្តឱ្យអ្នកដទៃបាន ដោយមានប្រសាសន៍ដូចគ្រីស្តទូតសិលាថា៖ “ខ្ញុំគ្មានប្រាក់ គ្មានមាសទេ តែអ្វីៗដែលខ្ញុំមាន ខ្ញុំសូមជូនអ្នក” (កក ៣,៦)។ ព្រះអម្ចាស់សព្វព្រះហឫទ័យប្រើយើងទុកជាមនុស្សលោកដែលមានជីវិត ដែលមានសេរីភាព ហើយដែលចេះបង្កើតអ្វីជាថ្មីបាន និងដែលបណ្តោយឱ្យព្រះបន្ទូលរបស់ព្រះអង្គជ្រួតជ្រាបក្នុងចិត្តគេ មុនបញ្ជូនបន្តព្រះបន្ទូលនេះដល់អ្នកដទៃ។ ព្រះបន្ទូលរបស់ព្រះអង្គត្រូវឆ្លងកាត់យ៉ាងពិតប្រាកដ តាមខ្លួនរបស់អ្នកសម្តែងធម្មទេសនា គឺមិនគ្រាន់តែកាត់ឆ្លងតាមប្រាជ្ញារបស់គេប៉ុណ្ណោះទេ តែធ្វើជាម្ចាស់របស់គេទាំងមូល។ ព្រះវិញ្ញាណដ៏វិសុទ្ធដែលបានបំភ្លឺចិត្តគំនិតអ្នកនិពន្ធគម្ពីរ ក៏ជាព្រះវិញ្ញាណដែល “បំពេញសកម្មភាពសព្វថ្ងៃនេះ ក៏ដូចកាលពីជំនាន់ដើមដំបូងនៃព្រះសហគមន៍ដែរ។ ព្រះអង្គមានសកម្មភាពក្នុងអ្នកនាំដំណឹងល្អទាំងអស់ ដែលសុខចិត្តបណ្តោយខ្លួនឱ្យព្រះអង្គធ្វើជាម្ចាស់គេ និងណែនាំគេ។ ព្រះអង្គក៏ដាក់ពាក្យក្នុងមាត់គេ ជាពាក្យដែលមានតែព្រះអង្គអាចរកបាន”

ការអានគម្ពីរតាមព្រះវិញ្ញាណ

១៥២- មានរបៀបមួយយ៉ាងជាក់ស្តែងដែលជួយស្តាប់សេចក្តីដែលព្រះអម្ចាស់សព្វព្រះហឫទ័យមានព្រះបន្ទូលមកយើង គឺវិធីមួយដែលជួយយើងឱ្យបណ្តោយខ្លួនតាមព្រះវិញ្ញាណព្រះអង្គប្រែចិត្តគំនិត។ យើងតែងហៅវិធីនោះថា “ការអានគម្ពីរតាមព្រះវិញ្ញាណ” (lectio Divina)។ យើងអានព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅពេលអធិដ្ឋាន ដើម្បីបណ្តោយឱ្យព្រះបន្ទូលនេះបំភ្លឺចិត្តគំនិតយើងពីខាងក្នុង និងប្រែចិត្តគំនិតយើងឱ្យបានជាថ្មី។ ការអានគម្ពីរតាមរបៀបអធិដ្ឋាននេះ មិនដាច់ដោយឡែកពីការសិក្សាដែលអ្នកសម្តែងធម្មទេសនាធ្លាប់ធ្វើ ដើម្បីឱ្យបញ្ជាក់សេចក្តីសំខាន់ចែងក្នុងអត្ថបទទេ។ ផ្ទុយទៅវិញ គាត់ត្រូវចាប់ផ្តើមពីការសិក្សានេះដើម្បីឱ្យដឹងថា តើអត្ថបទនេះសម្តែងអ្វីសម្រាប់ការរស់នៅរបស់ខ្លួន។ អ្នកអានគម្ពីរតាមវិញ្ញាណត្រូវអះអាងលើអត្ថន័យដើម។ បើពុំនោះទេ អ្នកអានយល់អត្ថន័យអត្ថបទតាមតែអំពើចិត្ត គឺយកអត្ថបទនោះមកគាំទ្រសេចក្តីដែលខ្លួនបានសម្រេចរួចហើយ និងយល់អត្ថបទនោះតាមរបៀបដែលគេធ្លាប់រិះគិត។ អ្នកធ្វើដូច្នេះ ប្រើគម្ពីរដ៏សក្ការៈមករកប្រយោជន៍ផ្ទាល់ខ្លួន និងបញ្ជូនបន្តការភាន់ច្រឡំនេះដល់ប្រជារាស្រ្តរបស់ព្រះជាម្ចាស់។ យើងមិនត្រូវបំភ្លេចថា ជួនកាល “មារសាតាំងផ្ទាល់ក៏បានក្លែងខ្លួនធ្វើជាទេវតានៃពន្លឺដែរ” (២ករ ១១,១៤)។

១៥៣- ត្រូវអានអត្ថបទគម្ពីរយ៉ាងស្រគត់ស្រគំ ហើយសួរនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ ឧបមាថា៖ “បពិត្រព្រះអម្ចាស់ តើព្រះអង្គសព្វព្រះហឫទ័យមានព្រះបន្ទូលមកខ្ញុំយ៉ាងណា តាមរយៈអត្ថបទនេះ? តើព្រះអង្គសព្វព្រះហឫទ័យឱ្យខ្ញុំផ្លាស់ប្តូរអ្វីខ្លះ ក្នុងការរស់នៅរបស់ខ្ញុំ? តើអត្ថបទនេះបណ្តាលឱ្យខ្ញុំពិបាកចិត្តត្រង់ណា? ហេតុអ្វីខ្ញុំមិនចាប់អារម្មណ៍នឹងអត្ថបទនេះ?“ ឬត្រូវសួរថា ”តើខ្ញុំចូលចិត្តព្រះបន្ទូលនេះត្រង់ណា? តើព្រះបន្ទូលនេះដាស់តឿនខ្ញុំត្រង់ណា? តើព្រះបន្ទូលនេះទាក់ទាញចិត្តខ្ញុំត្រង់ណា? ហេតុអ្វីព្រះបន្ទូលនេះទាក់ទាញចិត្តខ្ញុំដូច្នេះ?”។ តាមធម្មតា ពេលយើងខិតខំស្តាប់ព្រះអម្ចាស់មានព្រះបន្ទូល យើងធ្លាប់មានការល្បួង។ មានការល្បួងម៉្យាង គឺយើងមិនស្រួលក្នុងចិត្តយើងតឹងទ្រូង ហើយប្រែទៅគិតតែពីខ្លួនឯង។ មានការល្បួងមួយទៀតជាការល្បួងទូទៅ គឺយើងចាប់ផ្តើមនឹកគិតថា តើអត្ថបទនេះមានអត្ថន័យយ៉ាងណាសម្រាប់អ្នកដទៃ? ដូច្នេះហើយយើងចៀសវាងមិនឱ្យនឹកគិត និងយកអត្ថបទនេះមកអនុវត្តតាមការរស់នៅរបស់ខ្លួន។ ជួនកាល យើងចាប់ផ្តើមរកដោះសារខ្លួន ដើម្បីបន្ធូរកម្លាំងពិសេសនៃអត្ថបទនោះ។ នៅពេលខ្លះយើងនឹកគិតថា ព្រះជាម្ចាស់ទាមទារឱ្យយើងសម្រេចសេចក្តីដែលមានសារៈសំខាន់ខ្លាំងពេក យើងមិនទាន់អាចសម្រេចបានទេ។ មូលហេតុទាំងនោះបណ្តាលឱ្យមនុស្សជាច្រើនបាត់អំណរសប្បាយ ដោយបានជួបនឹងព្រះបន្ទូល។ ប្រសិនបើពិតដូច្នេះបានសេចក្តីថា យើងបំភ្លេចថា គ្មាននរណាមានចិត្តអត់ធ្មត់ខន្តីខ្លាំងជាងព្រះជាម្ចាស់ ជាព្រះបិតាឡើយ គ្មាននរណាអាចយល់ចិត្តគំនិតមនុស្សដូចព្រះអង្គទេ គ្មាននរណាស៊ូទ្រាំរង់ចាំមនុស្សតបឆ្លើយដូចព្រះអង្គទេ។ ព្រះអង្គនៅតែអញ្ជើញយើងឱ្យបោះជំហានមួយទៀត ប៉ុន្តែ ប្រសិនបើយើងមិនទាន់ដល់ដំណាក់កាលតាមមាគ៌ាឱ្យយើងអាចតបឆ្លើយបាន ព្រះអង្គមិនបង្ខំឱ្យយើងតបឆ្លើយបានសព្វគ្រប់ទេ។ ព្រះអង្គគ្រាន់តែសព្វព្រះហឫទ័យឱ្យយើងពិនិត្យមើលការរស់នៅរបស់ខ្លួនដោយចិត្តស្មោះ និងថ្វាយការរស់នៅនេះទៅព្រះអង្គដោយគ្មានពុតត្បុត។ ព្រះអង្គសព្វព្រះហឫទ័យឱ្យយើងសុខចិត្តចម្រើនឡើងតទៅមុខទៀត។ យើងក៏ត្រូវសូមព្រះអង្គប្រោសប្រទាននូវអ្វីៗដែលយើងមិនទាន់អាចធ្វើបាន។

ត្រូវស្តាប់ប្រជាជន

១៥៤- អ្នកសម្តែងធម្មទេសនាក៏ត្រូវស្តាប់ប្រជាជនដែរ ក្នុងគោលបំណងចង់ដឹងថា តើគ្រីស្តបរិស័ទត្រូវការស្តាប់សេចក្តីណាខ្លះ។ អ្នកសម្តែងធម្មទេសនាជាអ្នកស្មឹងស្មាធិ៍ ស្ងើចសរសើរព្រះបន្ទូល ហើយក៏ស្មឹងស្មាធិ៍ស្ងើចសរសើរប្រជាជនដែរ។ តាមរបៀបនេះ គាត់អាចទទួលស្គាល់ “សេចក្តីប៉ងប្រាថ្នាកម្លាំងចិត្ត និងភាពទន់ខ្សោយរបស់គេ របៀបគេអធិដ្ឋាន របៀបគេស្រឡាញ់គ្នា របៀបគេរិះគិតអំពីការរស់នៅ និងអំពីពិភពលោកតាមលក្ខណៈពិសេសរបស់ក្រុមមនុស្សនីមួយៗ”។ អ្នកសម្តែងធម្មទេសនាត្រូវនឹកគិតថា ប្រជាជននីមួយៗធ្លាប់ប្រើសញ្ញាសម្គាល់ និងនិមិត្តរូបផ្សេងៗមកដោះស្រាយបញ្ហារបស់គេ។ យើងត្រូវភ្ជាប់សេចក្តីក្នុងគម្ពីរ និងសភាពការណ៍ជាក់ច្បាស់មួយរបស់ក្រុមមនុស្សនោះ គឺភ្ជាប់ព្រះបន្ទូល និងការរស់នៅរបស់គេ ហើយភ្ជាប់នឹងបទពិសោធន៍របស់ គេដែលត្រូវការពន្លឺនៃព្រះបន្ទូលមកបំភ្លឺ។ ការខ្វល់ខ្វាយបែបនេះពុំមែនមកពីយើងចង់ស្របតាមមតិទូទៅ ដូចអ្នកតែងតែឆ្លៀតឱកាសទេ ឬដូចអ្នកការទូតដែរ តែពិតជារបៀបប្រព្រឹត្តយ៉ាងជ្រៅតាមបែបអ្នកកាន់សាសនា និងអ្នកបំពេញមុខងារណែនាំ។ យើងត្រូវមានចិត្តគំនិតតាមវិញ្ញាណ ដើម្បីយល់អត្ថន័យរបស់ព្រះបន្ទូលព្រះជាម្ចាស់ក្នុងព្រឹត្តិការណ៍ទាំងប៉ុន្មានដែលកើតឡើង។ ចិត្តគំនិតបែបនេះសំខាន់ជាងរកសេចក្តីដែលមានខ្លឹមសារ និងដែលយើងត្រូវនិយាយទៅគេ។ យើងស្វែងរកសេចក្តីដែលព្រះអម្ចាស់សព្វព្រះហឫទ័យមានព្រះបន្ទូលក្នុងសភាពការណ៍ជាក់ច្បាស់នេះ។ ហេតុនេះ ការរៀបចំធម្មទេសនាក្លាយទៅជាការរិះគិតពិចារណតាមដំណឹងល្អ គឺយើងស្វែងរក និងទទួលស្គាល់ក្រោមពន្លឺរបស់ព្រះវិញ្ញាណនូវព្រះបន្ទូលត្រាស់ហៅរបស់ព្រះជាម្ចាស់ ដែលលាន់ឮឡើងក្នុងសភាពការណ៍ជាប្រវត្តិសាស្រ្តនេះ។ ដូច្នេះ ព្រះជាម្ចាស់ត្រាស់ហៅអ្នកជឿក្នុង និងតាមរយៈសភាពការណ៍នោះ។

១៥៥- អ្នកសម្តែងធម្មទេសនាអាចប្រើបទពិសោធន៍ខ្លះ ជាធម្មតារបស់មនុស្សដូចជាអំណរសប្បាយ ដោយបានជួបមនុស្សថ្មី ការខកចិត្ត ការខ្លាចរស់នៅម្នាក់ឯង ឯកោ ចិត្តមេត្តាករុណាចំពោះអ្នកកើតទុក្ខកង្វល់ក្នុងចិត្ត អំពីអនាគតមិនទៀងទាត់ ការខ្វល់ខ្វាយអំពីម្នាក់ដែលគេស្រឡាញ់។ល។ ក៏ប៉ុន្តែ ត្រូវចាប់អារម្មណ៍យ៉ាងខ្លាំងជាងចំពោះអ្វីៗដែលពាក់ព័ន្ធនឹងការរស់នៅយ៉ាងជាក់ច្បាស់របស់គេ។ យើងត្រូវនឹករំឭកថា មិនបាច់តបឆ្លើយនឹងសំណួរដែលគ្មាននរណាសួរទេ។ យើងក៏មិនសមនឹងរៀបរាប់ព្រឹត្តិការណ៍ដែលកើតថ្មីៗដែរ ដើម្បីឱ្យគេចាប់អារម្មណ៍។ ទូរទស្សន៍មានកម្មវិធីរៀបរាប់ព្រឹត្តិការណ៍ទាំងនោះស្រាប់។ ប៉ុន្តែជួនកាលយើងអាចលើកព្រឹត្តិការណ៍ណាមួយ ដើម្បីឱ្យព្រះបន្ទូលលាន់ឮឡើងរំពង និងអញ្ជើញគេឱ្យប្រែចិត្តគំនិត ឱ្យនមស្ការថ្វាយបង្គំព្រះបិតា ឱ្យគេមានចិត្តមេត្តាករុណាចំពោះអ្នកដទៃ ហើយឱ្យបម្រើអ្នកដទៃទៀតផង។ល។ មានអ្នកខ្លះចូលចិត្តស្តាប់ អ្នកសម្តែងធម្មទេសនាផ្តល់យោបល់ អំពីព្រឹត្តិការណ៍ដែលកើតឡើង តែគេមិនបណ្តោយខ្លួនឱ្យព្រះជាម្ចាស់ត្រាស់ហៅគេតាមរយៈព្រឹត្តិការណទាំងនោះទេ។

ប្រដាប់ប្រដាគរុកោសល្យ

១៥៦- មានអ្នកខ្លះនឹកស្មានថា គេជាអ្នកសម្តែងធម្មទេសនាយ៉ាងល្អ ព្រោះគេដឹងច្បាស់នូវសេចក្តីដែលគេត្រូវនិយាយ តែគេមិនសូវចាប់អារម្មណ៍អំពីរបៀបសម្តែងធម្មទេសនានោះវិញ។ គេមួម៉ៅខឹង ព្រោះអ្នកដទៃមិនព្រមស្តាប់ ឬមិនចូលចិត្តគេទេ។ ប្រហែលអស់លោកមិនបានយកចិត្តទុកដាក់ស្វែងរករបៀបដ៏សមគួរ សម្រាប់សម្តែងសេចក្តីដែលគេមានបំណងនិយាយប្រាប់នោះទេ។ យើងសូមរំឭកគេថា៖ “ទោះបីសេចក្តីដែលយើងចង់សម្តែងនៅពេលយើងនាំដំណឹងល្អមានសារសំខាន់ក្តី ក៏មិនត្រូវបំភ្លេចផ្លូវ និងរបៀបនាំដំណឹងល្អនោះទេ”។ ពេលយើងចាប់អារម្មណ៍នឹងរបៀបសម្តែងធម្មទេសនា យើងពិតជាមានឥរិយាបថយ៉ាងជ្រៅខាងវិញ្ញាណ គឺនៅពេលនោះ យើងមានបំណងចង់ឆ្លើយតបនឹងព្រះហឫទ័យស្រឡាញ់របស់ព្រះជាម្ចាស់ ដោយខិតខំអស់ពីសមត្ថភាព ដោយចិត្តគំនិតចង់បង្កើតអ្វីជាថ្មី បូជាខ្លួនចំពោះបេសកកម្មដែលព្រះអង្គបានផ្ញើទុកមកយើង។ ពេលយើងខិតខំរកមធ្យោបាយសម្តែងធម្មទេសនាយ៉ាងល្អ យើងក៏សម្តែងសេចក្តីស្រឡាញ់ចំពោះអ្នកដទៃដែរ ដ្បិតយើងមិនចង់ផ្តល់អ្វីដែលមានគុណភាពមិនល្អជូនគេទេ។ ឧបមាថា ក្នុងគម្ពីរមានចែងពាក្យទូន្មានឱ្យរៀបចំធម្មទេសនាឱ្យវែងល្មម៖ “កុំនិយាយវែងពេក គឺត្រូវនិយាយយ៉ាងសង្ខេបប្រើពាក្យតិចតួចបានហើយ” (បស ៣២,៨)។

១៥៧- សូមរំឭកថា មធ្យោបាយខ្លះដែលអាចជួយប្រែរបៀបសម្តែងធម្មទេសនាឱ្យបានល្អជាង និងតាមរបៀបដែលអាចទាក់ទាញចិត្តគេ។ យើងត្រូវខិតខំរៀនប្រើនិមិត្តរូប និងការប្រៀបធៀបជាចាំបាច់។ ជួនកាលយើងប្រើឧទាហរណ៍ខ្លះមកពន្យល់សេចក្តីមួយឱ្យគេយល់យ៉ាងច្បាស់ តែឧទាហរណ៍ទាំងនោះគ្រាន់តែពាក់ព័ន្ធនឹងប្រាជ្ញាគេប៉ុណ្ណោះ។ ផ្ទុយទៅវិញ និមិត្តរូប និងការប្រៀបធៀបជួយឱ្យគេចូលចិត្ត និងទទួលសេចក្តីដែលយើងចង់ពន្យល់នោះ។ និមិត្តរូប និងការប្រៀបធៀបដែលទាក់ទាញចិត្តធ្វើឱ្យអ្នកស្តាប់យល់ឃើញថា គេដូចជាធ្លាប់ឮសេចក្តីដែលយើងពន្យល់នោះ គេធ្លាប់ស្គាល់ ហើយសេចក្តីនេះក៏នៅក្បែរគេ ហើយគេអាចធ្វើបានទាំងភ្ជាប់ និងការរស់នៅរបស់គេទៀត។ និមិត្តរូប និងការប្រៀបធៀបដ៏សមគួរអាចណែនាំគេឱ្យក្រេបជញ្ជក់នឹងសេចក្តីដែលយើងចង់ប្រាប់គេ ហើយដាស់តឿនឱ្យគេមានបំណងចង់ដើរតម្រង់ទៅកាន់ដំណឹងល្អ។ គ្រូបាធ្យាយពីបុរាណរបស់ខ្ញុំតែងតែនិយាយមកខ្ញុំថា៖ “ក្នុងធម្មទេសនាដ៏ល្អប្រសើរជាងគេត្រូវពន្យល់យោបល់តែមួយគត់ និងសម្តែងមនោសញ្ចេតនាតែមួយ ហើយក៏ប្រើនិមិត្តរូបតែមួយដែរ”

១៥៨- សម្តេចប៉ាបប៉ូលទី៦ តែងមានប្រសាសន៍ថា៖ “គ្រីស្តបរិស័ទសង្វាតចង់ទទួលផលជាច្រើនពីធម្មទេសនា។ តាមពិត គេទទួលផលជាច្រើន លុះត្រាតែធម្មទេសនានោះស្រួលស្តាប់ ច្បាស់ ចំៗ ហើយស្របតាមចិត្តគំនិតអ្នកស្តាប់”។ ធម្មទេសនាស្រួលស្តាប់មកពីរបៀបនិយាយ គឺត្រូវប្រើពាក្យសម្តីដែលអ្នកកំពុងស្តាប់អាចយល់បានភ្លាម ក្រែងយើងនិយាយតែគ្មាននរណាស្តាប់បាន។ ជាញឹកញាប់អ្នកសម្តែងធម្មទេសនាធ្លាប់ប្រើពាក្យដែលគេបានរៀននៅពេលសិក្សាក្នុងទេវវិទ្យាល័យ ឬពាក្យដែលគេធ្លាប់និយាយក្នុងវណ្ណៈរបស់ខ្លួនក្នុងសង្គម តែមិនមែនជាពាក្យទូទៅដែលអ្នកស្តាប់ធ្លាប់និយាយនោះទេ។ អ្នកសម្តែងធម្មទេសនាធ្លាប់និយាយតាមពាក្យពិសេសដែលគេធ្លាប់ប្រើក្នុងទេវវិទ្យា ឬក្នុងការអប់រំជំនឿ តែគ្រីស្តបរិស័ទភាគច្រើនមិនយល់អត្ថន័យពាក្យទាំងនោះទេ។ អ្នកសម្តែងធម្មទេសនាត្រូវប្រយ័ត្នយ៉ាងខ្លាំង កុំឱ្យធ្លាប់ប្រើពាក្យដែលខ្លួនផ្ទាល់និយាយនោះដោយស្មានថា អ្នកដទៃទាំងអស់តែងប្រើពាក្យទាំងនោះ និងស្តាប់បានអត្ថន័យភ្លាមដែរ។ អ្នកដែលចង់សម្របតាមរបៀបនិយាយរបស់អ្នកដទៃ ដើម្បីឱ្យព្រះបន្ទូលទៅដល់គេ ត្រូវស្តាប់ប្រជាជនយ៉ាងយូរ ត្រូវចែកចាយការរស់នៅរបស់មនុស្ស និងយកចិត្តទុកដាក់ចាប់អាម្មណ៍ចំពោះការរស់នៅរបស់គេនោះ។ ធម្មទេសនាស្រួលស្តាប់ និងធម្មទេសនាជាក់ច្បាស់ប្លែកពីគ្នា ជួនកាលធម្មទេសនាស្រួលស្តាប់តែស្មុគ្រស្មាញ។ ជួនកាលគេស្តាប់មិនបាន ព្រោះធម្មទេសនាគ្មានរបៀបរៀបរយ គ្មានលំដាប់លំដោយ ឬមកពីធម្មទេសនាចែងអំពីប្រធានបទផ្សេងៗលាយឡំគ្នា។ ហេតុនេះហើយ បានជាអ្នកសម្តែងធម្មទេសនាត្រូវខិតខំឱ្យធម្មទេសនាមានប្រធានបទតែមួយជាចាំបាច់ មានរបៀបរៀបរយយ៉ាងច្បាស់ និងឱ្យឃ្លាប្រយោគភ្ជាប់ជាមួយគ្នា។ ធ្វើដូច្នេះ ទើបអ្នកស្តាប់អាចស្តាប់ទាន់អ្នកសម្តែងធម្មទេសនាបាន និងទទួលសេចក្តីដែលគាត់និយាយតាមលំដាប់លំដោយ។

១៥៩- ធម្មទេសនាក៏ត្រូវមានលក្ខណៈពិសេសមួយទៀត គឺត្រូវនិយាយដោយលើកទឹកចិត្តគេ។ អ្នកសម្តែងធម្មទេសនាមិនត្រូវនិយាយតែអំពីអ្វីៗដែលមិនត្រូវប្រព្រឹត្តនោះទេ តែត្រូវផ្តល់យោបល់អំពីអ្វីដែលយើងអាចប្រព្រឹត្តបានយ៉ាងល្អជាងពីមុន។ ក្នុងគ្រប់ករណី សូម្បីតែនៅពេលគាត់ត្រូវប្រៀនប្រដៅឱ្យចៀសវាងមិនធ្វើអំពើអាក្រក់ណាមួយក្តី ក៏គាត់ត្រូវសម្តែងអ្វីដ៏ល្អដែលអាចទាក់ទាញចិត្តគេបាន សូមកុំនៅតែត្អូញត្អែររហូត កុំនៅតែរិះគន់ កុំនៅតែមានវិប្បដិសារីប៉ុណ្ណោះទេ។ ម៉្យាងទៀត ធម្មទេសនា ដែលលើកទឹកចិត្តគេ នាំឱ្យគេមានសេចក្តីសង្ឃឹម ហើយតម្រង់គេទៅរកអនាគត និងរំដោះខ្លួនឱ្យរួចពីសេចក្តីអាក្រក់ដែរ។ សូមឱ្យលោកគង្វាល លោកឧបដ្ឋាក និងគ្រីស្តបរិស័ទធម្មតាជួបជុំគ្នាតាមពេលកំណត់ ដើម្បីស្វែងរកនូវរបៀបធ្វើឱ្យធម្មទេសនា កាន់តែទាក់ទាញចិត្តគេនោះពិតជាការល្អ។

៤) ការជម្រាបជូនដំណឹងល្អដែលយល់សេចក្តីប្រកាសដើមដំបូងកាន់តែជ្រៅ

១៦០- ព្រះអម្ចាស់ចាត់ក្រុមគ្រីស្តទូតក្នុងគោលបំណងធ្វើឱ្យជំនឿចម្រើនឡើង។ ព្រះអង្គមានព្រះបន្ទូលថា៖ “ត្រូវបង្រៀនគេឱ្យប្រតិបត្តិតាមសេចក្ដីទាំងប៉ុន្មានដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា” (មថ ២៨,២០)។ ព្រះបន្ទូលនេះសឱ្យដឹងច្បាស់ថា ការជម្រាបជូនដំណឹងល្អដើមដំបូងក៏ជាផ្លូវអប់រំគេ ក្នុងគោលបំណងនាំឱ្យជំនឿចម្រើនឡើងជាលំដាប់។ ហេតុនេះ ត្រូវយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបុគ្គលម្នាក់ៗ ព្រមទាំងយកចិត្តទុកដាក់នឹងគម្រោងការរបស់ព្រះអម្ចាស់លើម្នាក់ៗដែរ។ បុគ្គលម្នាក់ៗត្រូវការព្រះគ្រីស្តកាន់តែខ្លាំងឡើងៗ។ អ្នកជម្រាបជូនដំណឹងល្អ ដូចជាមិនត្រូវទទួលម្នាក់ដែលស្កប់ចិត្តនឹងអ្វីដ៏តិចតួចទេ ផ្ទុយទៅវិញ ត្រូវឱ្យអ្នកទទួលដំណឹងល្អអាចនិយាយយ៉ាងពេញលេញថា៖ “មិនមែនខ្ញុំទេដែលរស់ទៀតនោះ គឺព្រះគ្រីស្តទេតើដែលរស់នៅក្នុងរូបខ្ញុំ” (កាឡ ២,២០)។

១៦១- ព្រះយេស៊ូត្រាស់ហៅឱ្យជំនឿចម្រើនឡើង មិនគ្រាន់តែមានន័យថា ត្រូវបង្រៀនតែលទ្ធិគ្រីស្តសាសនាទុកជាការសំខាន់ជាងគេ ឬទុកជាអាទិភាពប៉ុណ្ណោះទេ តែត្រូវយល់វិញថា ត្រូវអប់រំគេឱ្យ “ប្រតិបត្តិតាម” សេចក្តីដែលព្រះអម្ចាស់បានបង្ហាត់បង្រៀននោះ។ ការប្រតិបត្តិតាមនេះជាចម្លើយរបស់មនុស្សចំពោះព្រះហឫទ័យស្រឡាញ់របស់ព្រះអង ជាពិសេស វិន័យថ្មីជាវិន័យទីមួយដ៏ប្រសើរជាងគេ គឺថា៖ “វិន័យរបស់ខ្ញុំមានដូចតទៅនេះ គឺអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ” (យហ ១៥,១២)។ អ្នកប្រតិបត្តិតាមវិន័យនេះបញ្ជាក់ថា ខ្លួនពិតជាសាវ័ករបស់ព្រះយេស៊ូមែន។ គុណធម៌ទាំងប៉ុន្មានក៏ហូរចេញមកពីវិន័យនោះដែរ។ នៅពេលអ្នកនិពន្ធគម្ពីរសម្ពន្ធមេត្រីថ្មីចង់ធ្វើជាសំយោគចុងក្រោយ អំពីសីលធម៌របស់គ្រីស្តសាសនា គឺបញ្ជាក់សេចក្តីដ៏សំខាន់ជាងគេ អស់លោកនិយាយអំពីសេចក្តីដែលខានមិនបានថា៖ “អ្នកណាស្រឡាញ់អ្នកដទៃ អ្នកនោះប្រតិបត្តិតាមធម្មវិន័យសព្វគ្រប់ហើយ… សេចក្ដីស្រឡាញ់នាំឱ្យប្រតិបត្តិតាមធម្មវិន័យបានពេញលក្ខណៈ” (រម ១៣,៨.១០)។ ចំពោះគ្រីស្តទូតប៉ូល វិន័យអំពីសេចក្តីស្រឡាញ់មិនគ្រាន់តែសរុបធម្មវិន័យប៉ុណ្ណោះទេ តែវិន័យនេះជាស្នូល និងជាគ្រឹះនៃជីវិតមនុស្ស៖ “ធម្មវិន័យទាំងមូលសរុបមកត្រឹមតែឃ្លាមួយនេះថា «អ្នកត្រូវស្រឡាញ់បងប្អូនឯទៀតៗ ឱ្យបានដូចស្រឡាញ់ខ្លួនឯងដែរ» (កាឡ ៥,១៤)”។ លោកណែនាំសហគមន៍ទាំងប៉ុន្មានរបស់លោកឱ្យដឹងថា ការរស់នៅជាគ្រីស្តបរិស័ទជាមាគ៌ាមួយនាំឱ្យសេចក្តីស្រឡាញ់ចម្រើនឡើង៖ “សូមព្រះអម្ចាស់ប្រទានឱ្យបងប្អូនបានពោរពេញដោយសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក និងស្រឡាញ់មនុស្សទាំងអស់កាន់តែខ្លាំងឡើងៗជាអនេកដែរ” (១ថស ៣,១២)។ ហេតុនេះគ្រីស្តទូតយ៉ាកុបដាស់តឿនគ្រីស្តបរិស័ទឱ្យ “ប្រតិបត្តិតាមវិន័យរបស់ព្រះរាជ្យស្របតាមគម្ពីរពោលគឺ «ត្រូវស្រឡាញ់បងប្អូនឯទៀតៗឱ្យបានដូចស្រឡាញ់ខ្លួនឯងដែរ»។ ប្រសិនបើបងប្អូនប្រព្រឹត្តដូច្នេះ បងប្អូនពិតជាបានសម្រេចកិច្ចការមួយដ៏ប្រសើរហើយ” (យក ២,៨)។ ដូច្នេះ គេមិនប្រព្រឹត្តល្មើសនឹងវិន័យណាមួយឡើយ។

១៦២- ម៉្យាងទៀត មុនព្រះអម្ចាស់បង្គាប់ឱ្យដើរតាមមាគ៌ានោះដើម្បីតបឆ្លើយនឹងព្រះអង្គ និងអាចចម្រើនឡើងបាន ព្រះអង្គប្រទានព្រះអំណោយទាន គឺព្រះអង្គមានព្រះបន្ទូលជាមុនថា ត្រូវ “ធ្វើពិធីជ្រមុជទឹកឱ្យគេមានទំនាក់ទំនងជាមួយព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ” (មថ ២៨,១៩)។ ព្រះបិតាប្រណីសន្តោសគេដោយព្រះអង្គសព្វព្រះហឫទ័យជាមុន ព្រះអង្គប្រោសទទួលគេទុកជាបុត្រធីតា ដោយមិនឈ្វេងយល់ដល់កុសលផលបុណ្យរបស់គេទេ (អភ ២,៨-៩; ១ករ ៤,៧)។ ដោយគេជាបុត្រធីតាដូច្នេះ គេក៏បានវិសុទ្ធជាអចិន្ត្រៃ គេគាប់ព្រះហឫទ័យព្រះអង្គ ហើយលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គផង។ គេត្រូវបណ្តោយខ្លួនឱ្យប្រែចិត្តគំនិតក្នុងអង្គព្រះគ្រីស្ត ដោយរស់នៅឱ្យកាន់តែប្រសើរឡើងៗ “ស្របតាមព្រះវិញ្ញាណ” (រម ៨,៥)។

ការអប់រំជំនឿអំពី សេចក្តីប្រកាសដើមដំបូង និងតាមអគ្គសញ្ញា

១៦៣- ការអប់រំជាទូទៅ និងការអប់រំជំនឿពិតជាជួយបម្រើឱ្យជីវិតនោះចម្រើនឡើង។ សន្តៈអាសនៈ និងក្រុមអភិបាលប្រទេសនានាបានសរសេរជូនឯកសារ និងសម្ភារៈជាច្រើនសម្រាប់ជួយណែនាំការអប់រំជំនឿ។ ខ្ញុំសូមរំឭកសេចក្តីដាស់តឿនរបស់សម្តេចប៉ាបក្រោមចំណងជើងថា “អំពីការបញ្ជូនបន្តការអប់រំជំនឿ” (១៩៧៩) និង “ក្បួនទូទៅសម្រាប់អប់រំជំនឿ” (១៩៩៧) ព្រមទាំងឯកសារជាច្រើនទៀតដែលមិនបាច់រៀបរាប់នូវសេចក្តីកត់ទុកក្នុងឯកសារទាំងនោះនៅពេលនេះទេ។ ខ្ញុំគ្រាន់តែសូមផ្តល់យោបល់ដែលខ្ញុំយល់ឃើញថា មានសារៈសំខាន់ប៉ុណ្ណោះ។

១៦៤- នាបច្ចុប្បន្នកាលយើងបានរកឃើញឡើងវិញថា ការប្រកាសដំណឹងល្អដើមដំបូងពិតជាមានសារៈសំខាន់ទុកជាគ្រឹះក្នុងការអប់រំជំនឿ គឺត្រូវជាស្នូលនៃកិច្ចនាំដំណឹងល្អ និងត្រូវទៅជាគោលនៃការប្រែទម្រង់របស់ព្រះសហគមន៍ឱ្យបានជាថ្មី។ សេចក្តីប្រកាសដើមដំបូងនេះមានលក្ខណៈភ្ជាប់នឹងព្រះត្រៃឯក។ ព្រះវិញ្ញាណប្រទានព្រះអង្គផ្ទាល់តាមទ្រង់ទ្រាយជាអណ្តាតភ្លើង និងប្រោសឱ្យយើងផ្ញើជីវិតលើព្រះយេស៊ូគ្រីស្ត។ ដោយព្រះយេស៊ូគ្រីស្តសោយទិវង្គត និងមានព្រះជន្មថ្មីដ៏រុងរឿង ព្រះអង្គសម្តែងព្រះហឫទ័យមេត្តាករុណាដ៏ឥតព្រំដែនរបស់ព្រះបិតាឱ្យយើងស្គាល់ ហើយក៏ចែកចាយព្រះហឫទ័យមេត្តាករុណានោះឱ្យយើងដែរ។ អ្នកអប់រំជំនឿត្រូវនិយាយតាមសេចក្តីប្រកាសដើមដំបូងនេះថា “ព្រះយេស៊ូគ្រីស្តស្រឡាញ់អ្នកព្រះអង្គបានបូជាព្រះជន្មដើម្បីឱ្យអ្នកអាចរស់នៅរួមរស់ជាមួយព្រះបិតា។ ឥឡូវ ព្រះអង្គមានព្រះជន្មគង់នៅ ទ្រង់គង់នៅក្បែរអ្នកជារៀងរាល់ថ្ងៃ ព្រះអង្គបំភ្លឺចិត្តគំនិតអ្នក ព្រះអង្គពង្រឹងកម្លាំងរបស់អ្នក ព្រះអង្គរំដោះអ្នកឱ្យមានសេរីភាព។ យើងនិយាយថា សេចក្តីប្រកាសនេះជាសេចក្តីប្រកាសដើមដំបូងគ្មានន័យថា គ្រាន់តែជាសេចក្តីប្រកាសមុនគេប៉ុណ្ណោះទេ ហើយក្រោយមក យើងអាចបំភ្លេចចោលបាន ឬមានសេចក្តីប្រកាសផ្សេងទៀតដ៏ប្រសើរជាង។ សេចក្តីប្រកាសនេះនៅ “ខាងដើមដំបូង” មានន័យថា ជាសេចក្តីសំខាន់ជាងគេ យើងក៏ត្រូវស្តាប់សេចក្តីនេះសាជាថ្មីតាមរបៀបផ្សេងៗជានិច្ច។ យើងក៏ត្រូវប្រកាសសេចក្តីនេះសាជាថ្មីជានិច្ចតាមរបៀបណាក៏ដោយក្នុងគ្រប់ដំណាក់កាល និងក្នុងគ្រប់ពេលវេលានៃការអប់រំជំនឿ។ ហេតុនេះហើយ បានជា “ទាំងលោកគង្វាល ទាំងព្រះសហគមន៍ត្រូវដឹងខ្លួនកាន់តែច្បាស់ថា ខ្លួនត្រូវការទទួលដំណឹងល្អជាអចិន្ត្រៃយ៍”

១៦៥- យើងមិនត្រូវគិតថា នៅពេលអប់រំជំនឿត្រូវលះបង់ចោលសេចក្តីប្រកាសដើមដំបូងនេះទេ ហើយបែរទៅបង្រៀនសេចក្តីដែលគេអួតអាងថា មាំមួនជាងទៅវិញ។ ទេ! គ្មានសេចក្តីណារឹងមាំជាង ជ្រៅជាង ប្រាកដជាង រឹងប៉ឹងជាង ហើយប្រកបដោយប្រាជ្ញាជាងសេចក្តីប្រកាសដើមដំបូងនេះទេ។ ការអប់រំគ្រប់យ៉ាងខាងគ្រីស្តសាសនា ណែនាំយើងឱ្យយល់អត្ថន័យរបស់សេចក្តីប្រកាសដើមដំបូងនេះកាន់តែជ្រៅទៅៗ។ សេចក្តីនេះក៏កើតជារូបរាង និងជាសាច់ជាឈាមកាន់តែប្រសើរឡើងៗ។ សេចក្តីប្រកាសដើមដំបូងនេះបំភ្លឺការប្តេជ្ញាចិត្តរបស់អ្នកអប់រំជំនឿ និងណែនាំឱ្យយល់កាន់តែសមគួរនូវអត្ថន័យប្រធានបទទាំងប៉ុន្មាន ដែលយើងលាតត្រដាងតាមការអប់រំជំនឿនៅពេលក្រោយ។ សេចក្តីប្រកាសដើមដំបូងនេះ ពាក់ព័ន្ធនឹងការស្រេកឃ្លានរបស់មនុស្សគ្រប់ៗរូប ដែលចង់បានសេចក្តីសុខដ៏ប្រសើរបំផុតដែលគ្មានព្រំដែន។ សេចក្តីប្រកាសដើមដំបូងនេះ ដែលជាស្នូលនៃជំនឿទាមទារលក្ខណៈខ្លះ ដែលត្រូវការជាចាំបាច់ក្នុងការប្រកាសដំណឹងល្អ នាបច្ចុប្បន្នកាលនៅគ្រប់ទីកន្លែង គឺសេចក្តីប្រកាសដើមដំបូងនេះ សម្តែងអំពីព្រះហឫទ័យស្រឡាញ់របស់ព្រះជាម្ចាស់ ដែលសព្វព្រះហឫទ័យឱ្យមនុស្សលោករួបរួមជាមួយព្រះអង្គ។ ព្រះហឫទ័យស្រឡាញ់នេះមានសារៈសំខាន់ជាងភារកិច្ចប្រព្រឹត្តតាមសីលធម៌ ឬកាន់តាមសាសនាណាទៅទៀត។ សេចក្តីប្រកាសដើមដំបូងនេះមិនបង្ខំឱ្យគេទទួលសេចក្តីពិតទេ។ សេចក្តីប្រកាសដើមដំបូងនេះ ត្រាស់ហៅមនុស្សឱ្យឆ្លើយតបដោយសេរីភាពវិញ។ សេចក្តីប្រកាសដើមដំបូងនេះបង្កើតអំណរសប្បាយខ្លះ លើកទឹកចិត្តគេប្រោសឱ្យគេមានជីវិតរស់រវើក ព្រមទាំងធ្វើសំយោគនៃលទ្ធិជំនឿយ៉ាងសុខដុមរមនា។ សេចក្តីប្រកាសដើមដំបូងនេះធ្វើឱ្យធម្មទេសនាមិនគ្រាន់តែស្តីអំពីគោលលទ្ធិខ្លះៗ ដែលច្រើនជាលទ្ធិតាមទស្សនាវិទ្យាជាជាងសេចក្តីមកពីដំណឹងល្អ។ ហេតុនេះ អ្នកជម្រាបជូនដំណឹងល្អត្រូវមានសម្បទាដែលជួយឱ្យគេទួលដំណឹងល្អនេះ គឺត្រូវរស់នៅជិតស្និទ្ធជាមួយគេ ចូលចិត្តនិយាយសន្ទនាជាមួយគេ មានចិត្តអត់ធ្មត់ខន្តី ទទួលគេរាក់ទាក់យ៉ាងកក់ក្តៅដោយមិនដាក់ទោសគេទេ។

១៦៦- ប៉ុន្មានឆ្នាំកន្លងមក ការអប់រំជំនឿតាមរយៈការបញ្ចូលក្នុងព្រះសហគមន៍បានចម្រើនឡើង។ ការអប់រំជំនឿតាមរយៈអគ្គសញ្ញានេះមានអត្ថន័យពីរយ៉ាង គឺម៉្យាងឱ្យសហគមន៍គ្រីស្តបរិស័ទទាំងមូលមានការពិសោធន៍ថា ត្រូវអប់រំជំនឿអ្នកចំណូលតាមលំដាប់ឱ្យកាន់តែប្រសើរឡើងៗ។ ម៉្យាងទៀត ព្រះសហគមន៍ត្រូវលើកតម្កើងសញ្ញាសម្គាល់នៃពិធីទាំងប៉ុន្មាននៃការបញ្ចូលក្នុងព្រះសហគមន៍។ អ្នកនិពន្ធសៀវភៅជាក្បួន និងកម្មវិធីអប់រំជំនឿច្រើននាក់មិនទាន់បានចាប់អារម្មណ៍នៅឡើយថា ត្រូវកែសម្រួលការអប់រំជំនឿតាមរយៈអគ្គសញ្ញាឱ្យបានជាថ្មីជាចាំបាច់។ ការអប់រំជំនឿតាមរយៈអគ្គសញ្ញាអាចមានរបៀបផ្សេងៗស្របតាមសហគមន៍របស់អ្នកអប់រំជំនឿនីមួយៗ រួមជាមួយគ្នារិះគិតពិចារណា។ ក្នុងការប្រជុំអប់រំជំនឿម្តងៗ អ្នកអប់រំតែងតែប្រកាសព្រះបន្ទូល ហើយយកព្រះបន្ទូលជាស្នូលដ៏សំខាន់។ ក៏ប៉ុន្តែ ការប្រជុំអប់រំជំនឿនេះ ត្រូវការបរិស្ថានយ៉ាងសមស្របនឹងសភាពការណ៍ នឹងត្រូវទាក់ទាញចិត្តអ្នកទទួលការអប់រំ ហើយក៏ត្រូវការនិមិត្តរូប និងកាយវិការដែលគេអាចយល់អត្ថន័យយ៉ាងច្បាស់ភ្លាម។ ត្រូវលើកយកគ្រប់វិស័យរបស់បុគ្គលម្នាក់ៗដែលទទួលការអប់រំជំនឿនេះឱ្យចូលក្នុងដំណើរនៃជំនឿរបស់ព្រះសហគមន៍ ដែលតែងតែចម្រើនឡើង និងស្របតាមវប្បធម៌ប្រជាជន ជាដំណើរដែលមានលក្ខណៈរួមរបស់អ្នកស្តាប់និងតបឆ្លើយ។

១៦៧- នៅពេលប្រជុំអប់រំជំនឿម្តងៗ គួរឱ្យអ្នកអប់រំចាប់អារម្មណ៍យ៉ាងពិសេសនឹងសេចក្តីដ៏ល្អប្រណិត។ អ្នកនាំដំណឹងអំពីព្រះគ្រីស្តត្រូវបង្ហាញឱ្យគេដឹងថា អ្នកផ្ញើជីវិតលើព្រះគ្រីស្ត និងដើរតាមព្រះអង្គមិនគ្រាន់តែទទួលសេចក្តីពិត និងសេចក្តីដ៏ត្រឹមត្រូវប៉ុណ្ណោះទេ តែគេទទួលអ្វីមួយដ៏ល្អប្រណិតដែលអាចបំពេញចិត្តគំនិតគេថែមទៀត គេទទួលអ្វីដែលធ្វើឱ្យជីវិតគេប្រសើរតាមរបៀបថ្មី ទោះបីនៅពេលគេជួបប្រទះការលំបាកយ៉ាងណាក៏ដោយ អ្វីដែលគេទទួលនោះផ្តល់ឱ្យគេមានអំណរក្នុងជម្រៅចិត្ត។ បើយើងយល់ឃើញដូច្នេះ យើងមុខជាអាចទទួលស្គាល់អ្វីៗទាំងអស់ ដែលសម្តែងសោភ័ណភាពដ៏ល្អប្រណិត យ៉ាងពិតប្រាកដទុកជាមាគ៌ាមួយដែលអាចជួយណែនាំគេឱ្យទៅជួបព្រះអម្ចាស់យេស៊ូបានដែរ។ ប៉ុន្តែ យើងមិនត្រូវលើកទឹកចិត្តអ្នកដែលតែងនឹកគិតថា អ្វីៗក៏ល្អដូចគ្នាទាំងអស់ដែរ។ គំនិតនេះមុខជាបណ្តាលឱ្យពិបាកយល់អំពីចំណងដែលភ្ជាប់សេចក្តីពិត សេចក្តី សប្បុរស និងសោភ័ណភាពដែលផ្តាច់ពីគ្នាមិនបាន។ ផ្ទុយទៅវិញ យើងត្រូវលើកទឹកចិត្តអ្នកស្រឡាញ់សោភ័ណភាពទុកជាផ្លូវចូលដល់ជម្រៅចិត្តរបស់មនុស្ស និងដែលបណ្តោយឱ្យសេចក្តីពិត និងព្រះហឫទ័យសប្បុរសរបស់ព្រះគ្រីស្តដែលមានព្រះជន្មថ្មីដ៏រុងរឿងចាំងពន្លឺក្នុងជម្រៅចិត្តគេដែរ។ សន្តៈអូគូស្តាំងមានប្រសាសន៍បញ្ជាក់ថា មនុស្យយើងតែងតែចូលចិត្តតែអ្វីៗដ៏ល្អប្រណិត។ បើពិតដូច្នេះមែន គួរឱ្យស្រឡាញ់ព្រះយេស៊ូជាបុត្រមនុស្សយ៉ាងខ្លាំងហួសហេតុ ព្រោះព្រះអង្គសម្តែងសោភ័ណភាពរបស់ព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គក៏ទាក់ទាញចិត្តយើង ដោយចំណងនៃសេចក្តីស្រឡាញ់។ ហេតុនេះហើយ បានជាត្រូវអប់រំអ្នកណែនាំឱ្យស្គាល់មាគ៌ានៃសេចក្តីល្អប្រណិតជាចាំបាច់ត្រូវបញ្ចូលមាគ៌ានេះក្នុងការបញ្ជូនបន្តជំនឿ។ គួរឱ្យព្រះសហគមន៍ក្នុងភូមិភាគនីមួយៗលើកស្ទួយសិល្បៈក្នុងកិច្ចការប្រកាសដំណឹងល្អរបស់ខ្លួន ទាំងបន្តបេតិកភណ្ឌដ៏ប្រសើរពីបុរាណមក និងយករបៀបសម្តែងនានានៃសម័យបច្ចុប្បន្នទៀតផង ក្នុងគោលបំណងបញ្ជូនបន្តជំនឿ “តាមរបៀបនិយាយបែបថ្មីប្រៀបធៀប”។ យើងត្រូវមានចិត្តក្លាហានស្វែងរកសញ្ញាសម្គាល់ថ្មី និងនិមិត្តរូបថ្មី ហើយរកសាច់ឈាមថ្មី ដើម្បីបញ្ជូនបន្តព្រះបន្ទូល។ ត្រូវស្វែងរកសោភ័ណភាពតាមបែបផ្សេងៗ ដែលលេចមកក្នុងក្រុមដែលមានវប្បធម៌ប្លែកៗពីគ្នា សូម្បីតែរបៀបសម្តែងសិល្បៈប្លែកពីប្រពៃណីនៃសោភ័ណភាពក្ដី ដែលអ្នកនាំដំណឹងល្អប្រហែលយល់ឃើញថា គ្មានអត្ថន័យតែទាក់ទាញចិត្តអ្នកឯទៀតៗវិញ។

១៦៨- ចំពោះការអប់រំអំពីសីលធម៌វិញ ត្រូវអប់រំឱ្យគេមានចិត្តចង់រស់នៅតាមរបៀបស្របនឹងដំណឹងល្អឱ្យបានស្មោះកាន់តែខ្លាំងឡើងៗ។ ត្រូវតែបង្ហាញអ្វីដ៏ល្អដែលគេសង្វាតចង់បានជានិច្ច គឺបង្ហាញអំពីជីវិត អំពីការចម្រើនទៅជាមនុស្សពេញវ័យ ឱ្យបុគ្គលិកលក្ខណៈរបស់គេម្នាក់ៗបានល្អប្រសើរ ឱ្យគេអាចបង្កើតផលបាន។ល។ ត្រូវបង្ហាញសេចក្តីទាំងនោះតាមពន្លឺនៃដំណឹងល្អ ដែលជំទាស់នឹងសេចក្តីអាក្រក់ដែលតែងតែចង់បង្អាប់ពន្លឺនោះ។ គួរឱ្យគេចាត់ទុកយើងជាអ្នកនាំសារប្រកបដោយអំណរសប្បាយ គឺជាអ្នកនាំយោបល់ដ៏ខ្ពង់ខ្ពស់ ជាអ្នកចង់រក្សាការល្អ និងសោភ័ណភាពជាអ្នកចាំងពន្លឺតាមការរស់នៅរបស់ខ្លួនយ៉ាងស្មោះស្របតាមដំណឹងល្អ កុំឱ្យគេចាត់យើងទុកជាអ្នកជំនាញការក្នុងការរកឃើញអ្វីៗដ៏មិនល្អ អ្វីៗដែលអាចបណ្តាលគ្រោះកាច ឬនាំឱ្យវង្វេងឡើយ។ កុំឱ្យគេចាត់យើងទុកជាអ្នកទស្សន៍ទាយអំពីការវិនាសអន្តរាយនៃពិភពលោក ឬទុកជាអ្នកចេះ តែអំពីវិនិច្ឆ័យទោស អំពីការណ៍លាក់កំបាំងរបស់ព្រះណាមួយទៀត។

ការជួយដំណើរបុគ្គលម្នាក់ៗក្នុងការចម្រើនឡើង

១៦៩- អរិយធម៌នៃទីក្រុងត្រូវរបួសដោយមនុស្សមិនស្គាល់គ្នា តែនៅពេលជាមួយគ្នានេះចេះតែចង់ដឹងអំពីការរស់នៅរបស់អ្នកដទៃយ៉ាងល្អិតល្អន់ និងចង់ស្គាល់រឿងគេហួសហេតុដោយមិនសមរម្យ។ ព្រះសហគមន៍ត្រូវរស់នៅក្បែរមនុស្ស គឺត្រូវសម្លឹងមើលគេទាំងស្ងើចសរសើរ ទាំងរំភើបចិត្ត និងឈប់នៅចំពោះមនុស្សម្នាក់ៗនៅគ្រប់ពេលដែលត្រូវឈប់។ អ្នកដែលទទួលអគ្គសញ្ញាតែងតាំងឱ្យបំពេញមុខងារក្នុងព្រះសហគមន៍ ហើយអ្នកទទួលមុខងារណែនាំឯទៀតៗ សុទ្ធតែមានសមត្ថភាពអាចនាំក្លិនក្រអូបរបស់ព្រះយេស៊ូ ដែលមានវត្តមាននៅក្បែរគេ និងដែលទតមើលគេម្នាក់ៗ។ ព្រះសហគមន៍ត្រូវអប់រំបុគ្គលិករបស់ខ្លួន គឺទាំងលោកគង្វាល ទាំងអ្នកដែលញែកខ្លួនថ្វាយព្រះអម្ចាស់ទាំងគ្រីស្តបរិស័ទធម្មតាឱ្យស្ទាត់ជំនាញក្នុងការណែនាំគេ។ សូមឱ្យបុគ្គលិកទាំងនេះចេះដោះស្បែកជើងរបស់ខ្លួនជានិច្ច នៅចំពោះទឹកដីដ៏សក្ការរបស់អ្នកដទៃ ដូចលោកម៉ូសេពីដើម (សរ ៣,៥)។ យើងត្រូវដើរនៅក្បែរអ្នកដទៃជានិច្ចដើម្បីសង្គ្រោះគេ។ យើងសម្លឹងមើលគេដោយគោរពទាំងមានចិត្តពោរពេញដោយមេត្តាករុណា។ របៀបណែនាំគេបែបនេះអាចព្យាបាលគេឱ្យបានជាសះស្បើយ និងអាចរំដោះគេឱ្យមានសេរីភាព ហើយអាចលើកទឹកចិត្តគេឱ្យចម្រើនឡើងក្នុងការរស់នៅជាគ្រីស្តបរិស័ទ។

១៧០-  អ្នកណែនាំបុគ្គលម្នាក់ៗតាមព្រះវិញ្ញាណច្បាស់ ត្រូវស្ថិតនៅក្បែរព្រះជាម្ចាស់ឱ្យកាន់ជិតឡើងៗជានិច្ច ព្រោះមនុស្សយើងបានសេរីភាពដ៏ពិតប្រាកដ តែដោយរួមរស់ក្នុងព្រះអង្គប៉ុណ្ណោះ។ អ្នកខ្លះស្មានថា គេមានសេរីភាព តែតាមពិត គេដើរឆ្ងាយពីព្រះអម្ចាស់។ គេមិនដឹងខ្លួនថា គេរស់នៅយ៉ាងកំព្រា និងដោយគ្មានទីជម្រកគេក៏គ្មានទីលំនៅជាកន្លែងគេអាចត្រឡប់មកវិញជានិច្ច។ គេលែងជាបូជនីយេសក៍តទៅទៀត និងក្លាយទៅជាអ្នកវង្វេង ដើរវិលវល់ជុំវិញខ្លួនឯងជានិច្ច មិនអាចទៅដល់ទិសដៅណាបានឡើយ។ ប្រសិនបើអ្នកណែនាំអ្នកទាំងនោះគ្រាន់តែព្យាបាលចិត្តគំនិតគេប៉ុណ្ណោះទេ ពិតជាអ្នកនោះមិនអាចបង្កើតផលបានទេ ព្រោះអ្នកជូនដំណើរគេនោះមុខជាពង្រឹងគេឱ្យគិតតែពីខ្លួនឯងក្នុងលោកនេះប៉ុណ្ណោះ គេលែងធ្វើបូជនីយេសក៍កិច្ចរួមជាមួយព្រះគ្រីស្តទៅកាន់ព្រះបិតាទៀត។

១៧១- យើងត្រូវការមនុស្សទាំងបុរសទាំងស្រ្តីដែលមានបទពិសោធជាអ្នកជូនដំណើរអ្នកដទៃតាមវិញ្ញាណ។ អ្នកទាំងនោះតែងស្គាល់របៀបជូនដំណើរ គឺចេះប្រុងប្រយ័ត្ន មានសមត្ថភាពអាចយល់ចិត្តគេ ជាអ្នកជំនាញការក្នុងការរង់ចាំ ហើយតែងធ្វើតាមបង្គាប់នៃព្រះវិញ្ញាញទៀតផង។ យើងត្រូវការមនុស្សបែបនេះជាចាំបាច់ជាងនៅសម័យមុនៗទៅទៀតៗ ដើម្បីរួមគ្នាការពារចៀមដែលបានផ្ញើជីវិតមកយើងឱ្យរួចផុតពីចចក ដែលខិតខំកម្ចាត់កម្ចាយហ្វូង។ យើងត្រូវហាត់ខ្លួនឱ្យបានស្ទាត់ជំនាញក្នុងការស្តាប់គេ មិនគ្រាន់តែឱ្យឮសេចក្តីដែលគេនិយាយប៉ុណ្ណោះទេ។ ពេលយើងមានទំនាក់ទំនងជាមួយគេ ត្រូវយកចិត្តទុកដាក់ធ្វើឱ្យពីរនាក់មានចិត្តថ្លើមតែមួយ។ ប្រសិនគ្មានចិត្តបែបនេះទេ គ្មានការជួបគ្នាតាមព្រះវិញ្ញាណយ៉ាងពិតប្រាកដទេ។ នេះពិតជាការសំខាន់ជាងគេ។ ពេលយើងស្តាប់គេយ៉ាងពិតប្រាកដ យើងអាចរកឃើញកាយវិការ និងពាក្យសម្តីដ៏ត្រឹមត្រូវដែលយើងត្រូវធ្វើ ឬត្រូវនិយាយនោះ។ យើងលែងជាទស្សនិកជនដែលគ្រាន់តែមើលខាងក្រៅ តែមិនរំភើបចិត្តសោះ។ ប្រសិនបើយើងស្តាប់គេដោយគោរព ហើយចែករំលែកទុក្ខគេ ទើបយើងអាចរកឃើញផ្លូវណែនាំគេឱ្យចម្រើនឡើងយ៉ាងពិតប្រាកដបាន យើងអាចដាស់តឿនគេឱ្យមានបំណងចង់ធ្វើតាមឧត្តមគតិនៃគ្រីស្តបរិស័ទបាន និងឱ្យគេមានចិត្តប្រញាប់ប្រញាល់តបឆ្លើយយ៉ាងពេញលេញនឹងព្រះជាម្ចាស់ដែលស្រឡាញ់គេ។ ពេលនោះ គេស្រេកឃ្លានពង្រីកអ្វីៗដ៏ល្អជាងគេ ដែលព្រះអង្គបានសាបព្រោះក្នុងការរស់នៅរបស់គេឱ្យចម្រើនឡើង។ ប៉ុន្តែ ត្រូវមានចិត្តអត់ធ្មត់ខន្តីតាមការប្រៀនប្រដៅរបស់សន្តៈថូម៉ាសនៅអាគីណូថា ប្រហែលព្រះជាម្ចាស់បានប្រណីសន្តោសមនុស្សម្នាក់ឱ្យគាប់ព្រះហឫទ័យព្រះអង្គ និងឱ្យមានសេចក្តីស្រឡាញ់ក្នុងខ្លួន។ តែគេមិនប្រព្រឹត្តតាមគុណធម៌ទាំងពីរនោះទេ “ព្រោះគេនៅតែមានលម្អៀងអាក្រក់ខ្លះ ផ្ទុយនឹងគុណធម៌ទាំងពីរ នោះកប់ក្នុងចិត្តនៅឡើយ”។ បើនិយាយតាមរបៀបផ្សេង គុណធម៌តែងតែកើតមកដោយទម្លាប់របស់ខ្លួនជានិច្ច។ តែគេពិបាករស់នៅតាមទម្លាប់នៃគុណធម៌ទាំងពីរនោះ ព្រោះមានសភាពការណ៍ខាងក្រៅបានសូន្យចិត្តគេស្រាប់ ហើយរារាំងគេមិនឱ្យប្រព្រឹត្តតាមគុណធម៌ទាំងពីរនោះបាន។ ហេតុនេះហើយ “ត្រូវណែនាំគេតាមគរុកោសល្យ ដែលអប់រំអ្នកទាំងនោះឱ្យទទួលយកគម្រោងការរបស់ព្រះជាម្ចាស់ ធ្វើជាសម្បត្តិរបស់ខ្លួនបន្តិចម្តងៗ”។ ត្រូវការពេលវេលាយ៉ាងយូរ និងចិត្តអត់ធ្មត់យ៉ាងទូលំទូលាយ ដើម្បីឱ្យគេអាចទៅជាមនុស្សពេញវ័យ គឺឱ្យគេមានសេរីភាពដ៏ពិតប្រាកដ អាចសម្រេចសេចក្តីទាំងទទួលខុសត្រូវទៀតផង។ សន្តៈសិលា Fabre តែងមានប្រសាសន៍ថា៖ “ពេលវេលាជាអ្នកនាំសាររបស់ព្រះជាម្ចាស់”។ អ្នកដែលជូនដំណើរគេតាមវិញ្ញាណ តែងធ្លាប់ទទួលស្គាល់សភាពការណ៍របស់មនុស្សម្នាក់ៗនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ និងការរស់នៅតាម ព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអង្គ។ ការទាំងពីរជាការអាថ៌កំបាំងដែលគ្មាននរណាអាចស្គាល់យ៉ាងពេញលេញ ដោយមើលពីខាងក្រៅបានទេ។ ដំណឹងល្អផ្តល់យោបល់ថា ត្រូវប្រៀនប្រដៅគេឱ្យកែកិរិយា និងត្រូវជួយគេឱ្យចម្រើនឡើង ដោយទទួលស្គាល់លក្ខណៈអាក្រក់នៃអំពើរបស់គេ (មថ ១៨,១៥) ប៉ុន្តែ អ្នកជូនដំណើរគេមិនត្រូវវិនិច្ឆ័យអំពីទំនួលខុសត្រូវ និងអំពីទោសរបស់គេទេ (មក ៧,១; លក ៦,៣៧)។ ក្នុងគ្រប់ករណី អ្នកជូនដំណើរយ៉ាងល្អតាមវិញ្ញាណមិនបណ្តោយខ្លួនឱ្យគិតថា សេចក្តីអាក្រក់ក្នុងចិត្តគេនោះជាកម្មរបស់គេមិនអាចកែបានទេ។ អ្នកជូនដំណើរគេយ៉ាងល្អតាមវិញ្ញាណ តែងអញ្ជើញគេ ឱ្យគេចង់ព្យាបាលខ្លួនជានិច្ច ឱ្យចង់ងើបឈរឡើង ឱ្យឱបឈើឆ្កាងរបស់ព្រះគ្រីស្ត ឱ្យលះបង់អ្វីៗទាំងអស់ ឱ្យចាកចេញទៅប្រកាសដំណឹងល្អសាជាថ្មីជានិច្ច។ យើងមានបទពិសោធន៍ផ្ទាល់ខ្លួនថា ដោយមានគេជូនដំណើរយើងតាមវិញ្ញាណ គេព្យាបាលយើង គេបានជួយយើងឱ្យនិយាយអំពីការរស់នៅរបស់ខ្លួនយ៉ាងស្មោះនៅចំពោះគេនោះ។ ដូច្នេះ យើងបានរៀនឱ្យមានចិត្តអត់ធ្មត់ និងឱ្យចេះយោគយល់ដល់គេ។ យើងក៏អាចរកឃើញរបៀបធ្វើឱ្យទុកចិត្តលើខ្លួនឯង និងឱ្យបើកចិត្តគំនិតយ៉ាងទូលាយ ហើយឱ្យគេសុខចិត្តចម្រើនឡើងជាលំដាប់។

១៧៣- អ្នកជូនដំណើរតាមវិញ្ញាណយ៉ាងពិតប្រាកដចាប់ផ្តើម និងចម្រើនឡើងដោយមានបំណងចង់បម្រើបេសកកម្មជម្រាបជូនដំណឹងល្អជានិច្ច។ គ្រីស្តទូតប៉ូល និងលោកធីម៉ូថេធ្លាប់មានទំនាក់ទំនងជាមួយគ្នា។ ទំនាក់ទំនងនេះជាគំរូអំពីការជូនដំណើរតាមវិញ្ញាណ និងអំពីការអប់រំខ្លួនក្នុងពេលបំពេញកិច្ចការជាសាសនទូត។ គ្រីស្តទូតប៉ូលផ្តាំផ្ញើឱ្យលោកធីម៉ូថេស្ថិតនៅមួយរយៈក្នុងគ្រប់ទីក្រុង “ដើម្បីបង្ហើយការចាត់ចែងព្រះសហគមន៍” (ទត ១,៥ ; ១ធម ១,៣-៥)។ លោកក៏ផ្តល់លក្ខណៈសម្រាប់ការរស់នៅផ្ទាល់របស់គាត់ និងសម្រាប់កិច្ចណែនាំព្រះសហគមន៍ដែរ។ ពាក្យផ្តែផ្តាំទាំងនោះខុសប្លែកពីរបៀបជូនដំណើរយ៉ាងស្និទ្ធស្នាល ឬរបស់អ្នកមានបំណងចង់ឱ្យគេចម្រើនឡើងតែខ្លួនឯងដាច់ដោយឡែកពីគេ។ សាវ័កសាសនទូតជូនដំណើរសាវ័កសាសនទូតឯទៀតៗតាមវិញ្ញាណ។

អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់

១៧៤- ព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនគ្រាន់តែផ្តល់ឱ្យធម្មទេសនាមានជីវិតរស់រវើកប៉ុណ្ណោះទេ តែគ្រប់កិច្ចការជម្រាបជូនដំណឹងល្អក៏ចាក់គ្រឹះលើព្រះបន្ទូលដែរ គឺយើងស្តាប់ព្រះបន្ទូល នឹកសញ្ជឹងគិតព្រះបន្ទូលរស់នៅតាមព្រះបន្ទូល និងលើកតម្កើងព្រះបន្ទូលព្រមទាំងធ្វើសាក្សីអំពីព្រះបន្ទូល។ ព្រះបន្ទូលពិតជាប្រភពនៃការប្រកាសដំណឹងល្អ។ ហេតុនេះហើយ បានជាយើងត្រូវទទួលការអប់រំតទៅទៀតឱ្យចេះស្តាប់ព្រះបន្ទូល។ ប្រសិនបើព្រះសហគមន៍មិនបណ្តោយខ្លួនឱ្យស្តាប់ព្រះបន្ទូលជានិច្ចនោះ ព្រះសហគមន៍មិននាំដំណឹងល្អទេ។ ត្រូវឱ្យព្រះបន្ទូល “ទៅជាស្នូលនៃកិច្ចការទាំងអស់របស់ព្រះសហគមន៍ឱ្យកាន់តែខ្លាំងឡើងៗជានិច្ច”។ នេះជាការសំខាន់ដែលអាក់ខានមិនបាន។ យើងស្តាប់ព្រះបន្ទូល លើកតម្កើងព្រះបន្ទូល ជាពិសេស ក្នុងអភិបូជា។ នៅពេលនោះ ព្រះបន្ទូលចិញ្ចឹម និងពង្រឹងគ្រីស្តបរិស័ទពីខាងក្នុង និងប្រោសឱ្យគេអាចធ្វើជាសាក្សីអំពីដំណឹងល្អតាមរយៈការរស់នៅប្រចាំថ្ងៃ។ ឥឡូវយើងលែងគិតថា ព្រះបន្ទូល និងអគ្គសញ្ញាមិនត្រូវគ្នាទៀតហើយ។ យើងប្រកាស ព្រះបន្ទូលដែលមានជីវិតរស់រវើក និងដែលបង្កើតផលព្រះបន្ទូលសក្តិសិទ្ធិរៀបចំចិត្តគំនិតអ្នកជឿឱ្យទទួលអគ្គសញ្ញា ព្រះបន្ទូលក៏ទទួលផលយ៉ាងពេញលេញក្នុងអគ្គញសញ្ញាដែរ។

១៧៥- ត្រូវបើកឱ្យគ្រីស្តបរិស័ទទាំងអស់អាចសិក្សាព្រះគម្ពីរបាន។ ព្រះបន្ទូលដែលព្រះជាម្ចាស់បានសម្តែងឱ្យមនុស្សលោកស្គាល់ ពិតជាគ្រឹះផ្តល់ឱ្យការអប់រំជំនឿ និងឱ្យគ្រប់កិច្ចការបញ្ជូនបន្តជំនឿអាចបង្កើតផលបាន។ អ្នកនាំដំណឹងល្អត្រូវស្គាល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់យ៉ាងច្បាស់។ ហេតុនេះ គ្រប់ភូមិភាគ គ្រប់សហគមន៍ និងគ្រប់ចលនាកាតូលិកត្រូវផ្តល់លទ្ធភាព ឱ្យគេរៀនព្រះគម្ពីរយ៉ាងប្រាកដប្រជាដោយព្យាយាម។ ត្រូវលើកស្ទួយឱ្យគ្រីស្តបរិស័ទម្នាក់ៗ និងគ្រីស្តបរិស័ទរួមគ្នាអានគម្ពីរទាំងស្មឹងស្មាធិ៍តាម។ យើងមិនស្វែងរកព្រះជាម្ចាស់ក្នុងភាពងងឹតដោយស្ទាបស្ទង់ទៀតទេ ក៏ប៉ុន្តែ យើងមិនត្រូវរង់ចាំថា ព្រះជាម្ចាស់នឹងមានព្រះបន្ទូលមកយើងផ្ទាល់ដែរ ដ្បិត “ព្រះអង្គមានព្រះបន្ទូលយ៉ាងពិតប្រាកដរួចមកហើយ ព្រះអង្គបានសម្តែងព្រះអង្គផ្ទាល់ យើងក៏ស្គាល់ព្រះអង្គបានខ្លះៗហើយ។ យើងត្រូវតែទទួលព្រះបន្ទូលដែលព្រះអង្គបានសម្តែងទុកជាសម្បត្តិដ៏ថ្លៃប្រសើរបំផុត”

ជំពូក ៤
ការប្រកាសដំណឹងល្អមានលក្ខណៈសង្គម

***

១៧៦- អ្នកប្រកាសដំណឹងល្អធ្វើឱ្យព្រះជាម្ចាស់គ្រងរាជ្យក្នុងលោកនេះ គឺធ្វើឱ្យព្រះអង្គមានវត្តមានក្នុងលោកនេះ។ តែមិនមានពាក្យណាមួយដែលអាចពន្យល់បរិយាយអំពីការប្រកាសដំណឹងល្អឱ្យបានសព្វគ្រប់ទេ ព្រោះការប្រកាសដំណឹងល្អនេះ ជាកិច្ចការមួយដ៏មានអត្ថន័យច្រើន ដែលសុទ្ធតែមានថាមពលអាចបង្កើតផលបាន។ អ្នកមានបំណងចង់ពន្យល់អំពីព្រះជាម្ចាស់គ្រងរាជ្យយ៉ាងខ្លី មុខជាបណ្តាលឱ្យការប្រកាសដំណឹងល្អបាត់អត្ថន័យ និងបាត់ខ្លឹមសារថែមទៀត។ ខ្ញុំសូមចែករំលែកកង្វល់របស់ខ្ញុំអំពីលក្ខណៈសង្គមនៃការប្រកាសដំណឹងល្អ ព្រោះថា ប្រសិនបើខ្ញុំមិនបញ្ជាក់អំពីលក្ខណៈសង្គមនេះយ៉ាងត្រឹមត្រូវ គ្រីស្តបរិស័ទមុខជាអាចបង្ខូចអត្ថន័យដ៏ពិតប្រាកដទាំងស្រុង នៃបេសកកម្មរបស់យើងក្នុងការប្រកាសដំណឹងល្អនេះ។

១) ការប្រកាសដំណឹងល្អដើមដំបូងពាក់ព័ន្ធនឹងសហគមន៍ និងសង្គម

១៧៧- ការប្រកាសដំណឹងល្អដើមដំបូងច្បាស់ជាពាក់ព័ន្ធនឹងសង្គម។ សេចក្តីនេះចៀសមិនផុតឡើយ។ ការរស់នៅរួមគ្នា និងការប្តេជ្ញាចិត្តចំពោះអ្នកដទៃជាស្នូលនៃដំណឹងល្អ។ ការប្រកាសដំណឹងល្អដើមដំបូងតែងពាក់ព័ន្ធនឹងសីលធម៌ ព្រោះសីលធម៌មានសេចក្តីស្រឡាញ់ជាគោលដ៏សំខាន់បំផុត។

ការប្រកាសជំនឿនិងការប្តេជ្ញាចិត្តប្រែសង្គម

១៧៨- អ្នកប្រកាសថា មានព្រះបិតាមួយព្រះអង្គដែលស្រឡាញ់មនុស្សគ្រប់ៗរូបហួសពីការស្មាន អ្នកនោះមុខជាយល់ឃើញថា “ព្រះអង្គប្រទានឱ្យមនុស្សម្នាក់ៗមានកិត្តិយសហួសពីការស្មានដែរ”។ អ្នកប្រកាសថា ព្រះបុត្រារបស់ព្រះជាម្ចាស់បានប្រសូតជាមនុស្សដូចយើងបេះបិទ ក៏ប្រកាសដែរថា ព្រះអង្គបានលើកមនុស្សម្នាក់ៗទៅដល់ព្រះបេះដូងរបស់ព្រះជាម្ចាស់។ អ្នកប្រកាសថា ព្រះយេស៊ូបានបូជាព្រះជន្មសម្រាប់យើង យើងក៏មិនអាចមានមន្ទិលសង្ស័យចំពោះព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គបានដែរ គឺត្រូវជឿថាព្រះអង្គបានផ្តល់កិត្តិយសហួសពីការស្មានដល់មនុស្សគ្រប់ៗរូប។ ព្រះអង្គរំដោះមនុស្សលោក ក៏ពិតជាមានអត្ថន័យខាងសង្គមដែរ ដ្បិត “ព្រះជាម្ចាស់មិនគ្រាន់តែបានរំដោះបុគ្គលម្នាក់ៗក្នុងអង្គព្រះគ្រីស្តប៉ុណ្ណោះទេ តែព្រះអង្គក៏បានរំដោះទំនាក់ទំនងរវាងមនុស្ស និងមនុស្សក្នុងសង្គមថែមទៀត”។ អ្នកប្រកាសថា ព្រះវិញ្ញាណមានសកម្មភាពក្នុងមនុស្សទាំងអស់មុខជាត្រូវទទួលស្គាល់ទៀតថា ព្រះអង្គសព្វព្រះហឫទ័យជ្រួតជ្រាបក្នុងគ្រប់សភាពការណ៍របស់មនុស្សលោក ហើយក្នុងគ្រប់ចំណងនៃទំនាក់ទំនងក្នុងសង្គមដែរ។ “ព្រះវិញ្ញាណដ៏វិសុទ្ធមានព្រះប្រាជ្ញាញាណហួសពីការស្មាន ព្រះអង្គអាចដោះស្រាយបញ្ហាស្មុគ្រស្មាញជាងគេក្នុងប្រវត្តិសាស្រ្តនៃមនុស្សជាតិបាន។ អ្នកប្រកាសដំណឹងល្អតែងតែខិតខំរួមសហការជាមួយព្រះវិញ្ញា ដែលកំពុងរំដោះមនុស្សលោកសព្វថ្ងៃ។ ការអាថ៌កំបាំងដ៏អស្ចារ្យនៃព្រះត្រៃឯករំឭកយើងឱ្យជឿថា ព្រះជាម្ចាស់បានប្រតិស្ឋានមនុស្សយើងឱ្យបានដូចព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដែលព្រះអង្គរួបរួមជាព្រះជាម្ចាស់តែមួយព្រះអង្គ។ ដូច្នេះ យើងមិនអាចទៅជាមនុស្សពេញលក្ខណៈ និងមិនអាចសង្គ្រោះខ្លួនយើង ដោយយើងនៅឯកឯងបានឡើយ។ ដោយនឹកគិតដល់ខ្លឹមសារនៃដំណឹងល្អ យើងទទួលស្គាល់ថា ការប្រកាសដំណឹងល្អភ្ជាប់ជាមួយ និងការលើកស្ទួយកិត្តិយសរបស់ មនុស្សយ៉ាងជិតស្និទ្ធបំផុត។ គ្រប់កិច្ចការដើម្បីប្រកាសដំណឹងល្អត្រូវតែបង្ហាញ និងពង្រឹងកិត្តិយសនេះ។ អ្នកសុខចិត្តទទួលសេចក្តីប្រកាសដើមដំបូង ដែលអញ្ជើញឱ្យគេបណ្តោយខ្លួនឱ្យព្រះជាម្ចាស់ស្រឡាញ់គេ និងស្រឡញ់ព្រះអង្គទៅវិញ ដោយមានសេចក្តីស្រឡាញ់ហូរមកពីព្រះអង្គចែកចាយនោះ។ ដោយគេសុខចិត្តទទួលសេចក្តីប្រកាសដើមដំបូងនោះ គេមានបំណងចង់ និងយកចិត្តទុកដាក់ស្វែងរកប្រយោជន៍អ្នកដទៃ។ នេះជាលទ្ធផលដើមដំបូង ជាគ្រឹះក្នុងការរស់នៅ និងក្នុងកិច្ចការរបស់អ្នកដែលទទួលសេចក្តីប្រកាសដើមដំបូងនោះ។

១៧៩- ការទទួលសេចក្តីប្រកាសដំណឹងល្អអំពីការសង្គ្រោះភ្ជាប់ជាមួយនឹងសេចក្តីស្រឡាញ់យ៉ាងសកម្ម ចំពោះអ្នកដទៃទុកដូចបងប្អូន។ ដំណឹងល្អ និងការស្រឡាញ់អ្នកដទៃភ្ជាប់គ្នាដោយចំណងដែលស្រាយមិនបាន។ គួរឱ្យនឹកគិតដល់អត្ថបទគម្ពីរខ្លះដែលបញ្ជាក់សេចក្តីនេះ។ ត្រូវនឹកសញ្ជឹងគិតស្មឹងស្មាធិ៍អំពីអត្ថបទទាំងនោះដោយយកចិត្តទុកដាក់ ដើម្បីយោងគំនិតអំពីអ្វីៗទាំងអស់ដែលយើងត្រូវប្រព្រឹត្ត។ យើងធ្លាប់ស្តាប់សេចក្តីនេះជាញឹកញាប់ តែមិនសូវចាប់អារម្មណ៍ដោយយើងមិននឹកគិតថា សេចក្តីក្នុងអត្ថបទទាំងនោះមានឥទ្ធិពលយ៉ាងពិតប្រាកដក្នុងការរស់នៅរបស់ខ្លួនផ្ទាល់ និងក្នុងសហគមន៍របស់យើងដែរ។ ទម្លាប់នេះបណ្តាលឱ្យយើងលែងស្ងើចសរសើរគម្ពីរ គម្ពីរលែងទាក់ទាញចិត្តយើង ហើយយើងក៏លែងមានចិត្តខ្នះខ្នែងចង់រស់ស្របតាមដំណឹងល្អ ដែលទូន្មានយើងអំពីយុត្តិធម៌ និងអំពីភាតរភាព។ ទម្លាប់ពិតជាបណ្តាលឱ្យកើតគ្រោះកាចដ៏ចង្រៃ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បង្រៀនយើងថា ពេលណាយើងឃើញមនុស្សម្នាក់ យើងក៏ឃើញគម្រោងការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ ដែលប្រសូតជាមនុស្សសម្រាប់យើងគ្រប់ៗរូប។ គម្រោងការនេះនៅតែបន្តតទៅទៀតក្នុងបងប្អូនយើងជានិច្ចគឺ  “គ្រប់ពេលដែលអ្នករាល់គ្នាប្រព្រឹត្តអំពីណាមួយ ចំពោះអ្នកតូចតាចជាងគេបំផុត ម្នាក់ដែលជាបងប្អូនរបស់ខ្ញុំនោះ ក៏ដូចជាអ្នករាល់គ្នាបានប្រព្រឹត្តចំពោះខ្ញុំដែរ” (មថ ២៥,៤០)។ អ្វីៗដែលយើងប្រព្រឹត្តចំពោះអ្នកដទៃមានលក្ខណៈហួសពីលោកីយ៍នេះ គឺថា “ព្រះអង្គនឹងវាល់ឱ្យអ្នករាល់គ្នាតាមរង្វាល់ដែលអ្នករាល់គ្នាវាល់ឱ្យអ្នកដទៃ” (មថ ៧,២)។ ព្រះបន្ទូលនេះក៏ស៊ីជ្រៅនឹងព្រះបិតាប្រកបដោយព្រះហឫទ័យមេត្តាករុណាចំពោះយើង៖ “ចូរមានចិត្តមេត្តាករុណា ដូចព្រះបិតារបស់អ្នករាល់គ្នាមានព្រះហឫទ័យមេត្តាករុណា។ កុំថ្កោលទោសអ្នកដទៃឱ្យសោះ នោះព្រះជាម្ចាស់ក៏មិនថ្កោលទោសអ្នករាល់គ្នាដែរ។ កុំផ្តន្ទាទោសអ្នកដទៃឱ្យសោះ នោះព្រះជាម្ចាស់ក៏មិនផ្តន្ទាទោសអ្នករាល់គ្នាដែរ។ ត្រូវលើកលែងទោសឱ្យអ្នកដទៃ នោះព្រះជាម្ចាស់នឹងលើកលែងទោសឱ្យអ្នករាល់គ្នា។ ចូរធ្វើអំណោយដល់អ្នកដទៃ នោះព្រះជាម្ចាស់នឹងប្រទានអំណោយដល់អ្នករាល់គ្នាដែរ ទ្រង់នឹងប្រទានមកយ៉ាងបរិបូណ៌ហូរហៀរ។ ព្រះជាម្ចាស់នឹងវាស់ឱ្យអ្នកតាមរង្វាល់ដែលអ្នកវាល់ឱ្យអ្នកដទៃ” (លក ៣៦-៣៨)។ អត្ថបទទាំងនោះបង្ហាញបញ្ជាក់នូវអាទិភាពលើសគេថា៖ “ត្រូវឈប់រកប្រយោជន៍ផ្ទាល់ខ្លួន និងចេញទៅរកអ្នកដទៃ”។ ពេលយើងពិចារណាអំពីការចម្រើននៃជីវិតខាងវិញ្ញាណ គឺអំពីការតបឆ្លើយរបស់មនុស្សម្នាក់ និងអំពីព្រះអំណោយទានរបស់ព្រះបិតា ដែលមិនសុំអ្វីមកសងគុណវិញសោះ យើងត្រូវនឹក ជានិច្ចដល់វិន័យមួយក្នុងចំណោមវិន័យទាំងពីរដ៏សំខាន់ជាងគេ ដែលជាគ្រឹះនៃក្បួនសីលធម៌ និងដែលជាសញ្ញាសម្គាល់ច្បាស់ជាងគេអំពីការចម្រើននោះដែរ។ ហេតុនេះហើយបានជា “ការបម្រើអ្នកដទៃដោយសេចក្តីស្រឡាញ់ ពិតជាលក្ខណៈមួយដែលបង្កើតបេសកកម្មរបស់ព្រះសហគមន៍ ហើយក៏បញ្ជាក់ខ្លឹមសារនៃព្រះសហគមន៍ដែរ។ ព្រះសហគមន៍កើតមកដោយមានលក្ខណៈជាសាសនទូត។ ហេតុនេះហើយ បានជាសេចក្តីស្រឡាញ់យ៉ាងសកម្មចំពោះអ្នកដទៃហូរមកពីលក្ខណៈបែបនេះ គឺគ្រីស្តបរិស័ទសម្តែងមេត្តាករុណា យល់ចិត្តគំនិតគេ គាំទ្រគេ និងលើកស្ទួយគេទៀតផង”

ព្រះជាម្ចាស់គ្រងរាជ្យ ព្រះអង្គត្រាស់ហៅយើង

១៨០- ពេលយើងអានគម្ពីរ យើងឃើញយ៉ាងច្បាស់ថា ដំណឹងល្អមិនគ្រាន់តែសម្តែងអំពីទំនាក់ទំនងជាមួយព្រះជាម្ចាស់ប៉ុណ្ណោះទេ។ យើងតបឆ្លើយនឹងព្រះអង្គដោយចិត្តស្រឡាញ់ មិនគ្រាន់តែដោយធ្វើអំពើល្អតូចៗ ដើម្បីជួយមនុស្សណាម្នាក់ដែលត្រូវការទេ។ បើធ្វើដូច្នេះ យើងមានចិត្តស្រឡាញ់តាមតែចិត្តយើងចង់ គឺគ្រាន់តែជា “អំពើល្អដែលយើងធ្វើ ដើម្បីឱ្យបានធូរចិត្ត”។ តែយើងប្រកាសដំណឹងអំពីព្រះជាម្ចាស់គ្រងរាជ្យ (លក ៤,៤៣) បានសេចក្តីថា យើងត្រូវស្រឡាញ់ព្រះជាម្ចាស់ដែលគ្រងរាជ្យក្នុងពិភពលោកយើងសព្វថ្ងៃ។ ប្រសិនបើព្រះអង្គគ្រងរាជ្យក្នុងចំណោមយើងពិតមែន ការរស់នៅរបស់មនុស្សទាំងអស់ក្នុងសង្គម ក៏ពិតជានឹងផ្លាស់ប្រែឱ្យបានប្រកបដោយភាតរភាព ដោយយុត្តិធម៌ និងដោយសន្តិភាព ហើយមនុស្សមានកិត្តិយសទាំងអស់គ្នា។ ហេតុនេះហើយ បានជាទាំងការប្រកាសដំណឹងល្អ ទាំងបទពិសោធក្នុងឋានៈជាគ្រីស្តបរិស័ទ ក៏សុទ្ធតែដាស់តឿនយើងឱ្យបង្កើតផលក្នុងសង្គម។ យើងត្រូវស្វះសែ្វងរករបៀបព្រះអង្គគ្រងរាជ្យ៖ “ចូរយកចិត្តទុកដាក់ឱ្យព្រះជាម្ចាស់គ្រងរាជ្យ និងខិតខំធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គជាមុនសិន ទើបព្រះអង្គប្រទានអ្វីៗទាំងអស់មកអ្នករាល់គ្នាថែមទៀត” (មថ ៦,៣៣)។ ព្រះយេស៊ូមានគម្រោងការធ្វើឱ្យព្រះបិតាគ្រងរាជ្យ ព្រះអង្គក៏មានព្រះបន្ទូលមកក្រុមសាវ័កថា៖ “ចូរប្រកាសថា ព្រះដ៏ខ្ពង់ខ្ពស់បំផុត ជិតយាងមកគ្រងរាជ្យហើយ” (មថ ១០,៧)។

១៨១- ព្រះជាម្ចាស់គ្រងរាជ្យលើយើង មុនយើងស្គាល់ព្រះអង្គ ហើយព្រះអង្គគ្រងរាជ្យយ៉ាងកាន់តែចម្រើនឡើងៗក្នុងចំណោមយើងដែរ។ ព្រះអង្គត្រូវគ្រងរាជ្យលើអ្វីៗទាំងអស់។ សម្តេចប៉ាបប៉ូលទី៦ បានរំឭកនូវគោលការណ៍មួយសម្រាប់ជួយណែនាំក្នុងការរិះគិតពិចារណា អំពីការអភិវឌ្ឍដ៏ពិតប្រាកដគឺថា៖ “ត្រូវអភិវឌ្ឍមនុស្សទាំងអស់ផង និងអភិវឌ្ឍមនុស្សម្នាក់ៗទាំងស្រុងផងដែរ”។ “ពេលយើងប្រកាសដំណឹងល្អ យើងត្រូវនឹកគិតថា ដំណឹងល្អពាក់ព័ន្ធនឹងការរស់នៅផ្ទាល់ខ្លួន ពាក់ព័ន្ធនឹងរបៀបយើងរស់នៅក្នុងសង្គម ពាក់ព័ន្ធនឹងការរស់នៅរបស់មនុស្សទូទៅ។ ប្រសិនបើមិនគិតដូច្នេះទេ ការប្រកាសរបស់យើងនោះមិនគ្រប់គ្រាន់នៅឡើយ”។ លក្ខណៈអភិវឌ្ឍន៍ទូទៅបែបនេះ ក៏ជាលក្ខណៈនៃថាមពលរបស់ដំណឹងល្អដែរ ព្រោះព្រះបិតាសព្វព្រះហឫទ័យសង្គ្រោះមនុស្សទាំងអស់ គឺព្រះអង្គមានគម្រោងការចង់ប្រមូលអ្វីៗទាំងអស់ ទាំងអ្វីនៅលើមេឃ ទាំងអ្វីនៅលើផែនដី ឱ្យស្ថិតនៅក្រោមអំណាចរបស់ព្រះគ្រីស្តជាព្រះអម្ចាស់តែមួយព្រះអង្គ (តាម អភ ១,១០)។ ព្រះយេស៊ូបញ្ជាក់ថា៖ “ចូរនាំគ្នាចេញទៅគ្រប់ទីកន្លែងក្នុងពិភពលោក ហើយប្រកាសដំណឹងល្អដល់សត្វលោកទាំងអស់ទៅ” (មក ១៦,១៥) ដ្បិត “អ្វីៗសព្វសារពើដែលព្រះអង្គប្រតិស្ឋានមក កំពុងតែអន្ទះអន្ទែងទន្ទឹងរង់ចាំ ពេលដែលព្រះជាម្ចាស់នឹងបង្ហាញបុត្រធីតារបស់ព្រះអង្គ” (រម ៨,៩)។ “អ្វីៗសព្វសារពើដែលព្រះអង្គប្រតិស្ឋានមក” នោះក៏ មានន័យថា ជាតិមនុស្សយើងក្នុងគ្រប់វិស័យដែរ។ ហេតុនេះហើយ បានជាព្រះសហគមន៍ទទួលបេសកកម្ម ប្រកាសដំណឹងល្អរបស់ព្រះយេស៊ូគ្រីស្តនៅពាសពេញក្នុងពិភពលោក។ វិន័យអំពីសេចក្តីស្រឡាញ់តាមព្រះបញ្ជារបស់ព្រះអង្គពាក់ព័ន្ធនឹងគ្រប់វិស័យនៃការរស់នៅរបស់មនុស្ស ពាក់ព័ន្ធនឹងមនុស្សគ្រប់ៗរូប ហើយពាក់ព័ន្ធនឹងគ្រប់វិស័យនៃការរស់ក្នុងសង្គម ព្រមទាំងពាក់ព័ន្ធនឹងប្រជាជនទាំងឡាយដែរ។ សេចក្តីសង្ឃឹមយ៉ាងពិតប្រាកដរបស់គ្រីស្តបរិស័ទ ដែលរង់ចាំព្រះជាម្ចាស់គ្រងរាជ្យនៅពេលចុងក្រោយបំផុតជាស្ថាពរ នៅតែបង្កើតប្រវត្តិសាស្រ្តជានិច្ច។

សេចក្តីបង្រៀនរបស់ព្រះសហគមន៍អំពីការរស់នៅក្នុងសង្គម

១៨២- ការបង្រៀនរបស់ព្រះសហគមន៍អំពីសភាពការណ៍ ដែលតែងតែប្រែប្រួលជានិច្ចមានកាន់តែសំខាន់ឡើងៗ និងកាន់តែថ្មីផង គ្រីស្តបរិស័ទក៏អាចនិយាយជជែកគ្នាអំពីការបង្រៀនទាំងនោះបានដែរ។ ក៏ប៉ុន្តែ ទោះបីយើងមិនចង់ពន្យល់យ៉ាងពិស្តាក្តី ក៏យើងត្រូវតែនិយាយយ៉ាងជាក់ច្បាស់ដែរ។ ខ្ញុំមានបំណងដូច្នេះ កុំឱ្យគោលការណ៍ដ៏សំខាន់ៗនៃព្រះសហគមន៍ អំពីសង្គមគ្រាន់តែនៅជាយោបល់ទូទៅប៉ុណ្ណោះទេ តែមិនដាស់តឿនដល់នរណាសោះ។ ផ្ទុយទៅវិញ យើងក៏ត្រូវយោងហេតុផលពីគោលកាណ៍ទាំងនោះ ដើម្បីប្រតិបត្តិតាមយ៉ាងជាក់ស្តែង “ដើម្បីឱ្យគោលការណ៍ទាំងនោះមានឥទ្ធិពលយ៉ាងសកម្មទៅលើសភាពការណ៍ដ៏ស្មុគ្រស្មាញនៃពិភពលោកនាបច្ចុប្បនកាល”។ អស់លោកគង្វាលអាចទទួលស្គាល់សេចក្តីបង្រៀនរបស់វិទ្យាផ្សេងៗបាន ហើយមានសិទ្ធិបញ្ចេញយោបល់អំពីអ្វីៗទាំងអស់ដែលពាក់ព័ន្ធនឹងការរស់នៅរបស់បុគ្គលម្នាក់ៗ។ ក៏ប៉ុន្តែ អស់លោកមានភារកិច្ចប្រកាសដំណឹងល្អដែលជាប់ពាក់ព័ន្ធនឹងការលើកស្ទួយកិត្តិយសបុគ្គលម្នាក់ៗទាំងស្រុង។ ការប្រកាសដំណឹងល្អទាមទារឱ្យយើងធ្វើដូច្នេះ។ កុំឱ្យមាននរណាហ៊ាននិយាយទៀតថា សាសនាពាក់ព័ន្ធតែនឹងវិស័យឯកជន ហើយក៏មានប្រយោជន៍សម្រាប់តែរៀបចំមនុស្សឱ្យគិតគូរដល់លោកខាងមុខប៉ុណ្ណោះទៀតដែរ។ យើងដឹងច្បាស់ថា ទោះបីព្រះជាម្ចាស់ត្រាស់ហៅមនុស្សទាំងអស់ឱ្យទទួលព្រះជន្មដ៏ពេញលក្ខណៈរបស់ព្រះអង្គផ្ទាល់នៅលោកខាងមុខក្ដី ក៏ព្រះអង្គសព្វព្រះហឫទ័យឱ្យបុត្រធីតារបស់ព្រះអង្គបានប្រកបដោយសេចក្តីសុខសាន្តនៅលើផែនដីនេះដែរ។ ព្រះអង្គបានប្រតិស្ឋានអ្វីៗទាំងអស់ដើម្បីឱ្យយើងប្រើប្រាស់ (១ធម ៦,១៧) និងឱ្យមនុស្សទាំងអស់អាចប្រើប្រាស់បានដែរ។ ហេតុនេះហើយ បានជាអស់អ្នកដែលប្រែចិត្តគំនិតទៅជាគ្រីស្ត បរិស័ទត្រូវតែរិះគិតសាជាថ្មី “ជាពិសេស អំពីអ្វីៗទាំងអស់ដែលពាក់ព័ន្ធនឹងរបៀបរៀបរយក្នុងសង្គម និងអំពីការបង្កើតប្រយោជន៍រួមដែរ”

១៨៣- ហេតុនេះហើយ បានជាគ្មាននរណាម្នាក់អាចបង្ខំឱ្យយើងយកសាសនាដាក់ដោយឡែក គឺក្នុងជម្រៅចិត្តរបស់បុគ្គលម្នាក់ៗទេ។ កុំគិតទៀតថា សាសនាគ្មានឥទ្ធិពលទៅលើការរស់នៅក្នុងសង្គម និងទៅលើការរស់នៅរបស់ជាតិទេ ឬគិតថា សាសនាមិនរវីរវល់នឹងសុខភាពរបស់ស្ថាប័ននៃសង្គមស៊ីវិល ហើយក៏គ្មានសិទ្ធបញ្ចេញយោបល់អំពីព្រឹត្តិការណ៍ដែលប្រជាពលរដ្ឋចាប់អារម្មណ៍។ តើនរណាហ៊ានយកសាររបស់សន្តហ្វ្រង់ស៊ីស្កូនៅអាស៊ីស៊ី និងសាររបស់សន្តីថេរេសានៅកាល់ហ្គូតា មកដាក់ដោយឡែកទុកក្នុងព្រះវិហារមួយដូចជាប់ឃុំឃាំងបាន ដើម្បីឱ្យគេនៅស្ងៀមបាន? អ្នកទាំងពីរមិនសុខចិត្តឃុំឃាំងសារទាំងនោះបានជាដាច់ខាត។ អ្នកដែលផ្ញើជីវិតយ៉ាងពិតប្រាកដលើព្រះជាម្ចាស់មិនដែលស្រួលទេ ហើយគេក៏មិនមានជំនឿដើម្បីជាប្រយោជន៍ដល់គេតែម្នាក់ឯងដែរ។ អ្នកផ្ញើជីវិតលើព្រះជាម្ចាស់ត្រូវមានបំណងយ៉ាងខ្លាំងចង់ប្រែពិភពលោក និងចង់បញ្ជូនបន្តនូវអ្វីៗដែលខ្លួនយល់ឃើញថា មានតម្លៃ ទុកអ្វីដ៏ល្អប្រសើរធ្វើជាកេរដំណែលក្រោយពីខ្លួនបានដើរឆ្លងផុតពីផែនដីនេះទៅដល់ត្រើយ។ យើងស្រឡាញ់ផែនដីដ៏ល្អប្រណិតនេះ ជាកន្លែងព្រះជាម្ចាស់ដាក់យើងឱ្យរស់នៅ។ ទោះបីមនុស្សតែងតែកាត់ឆ្លងវិនាសកម្មក្តី ទោះបីយើងតែងតែណាយចិត្តក្តី ក៏យើងនៅតែស្រឡាញ់មនុស្សលោកដែលរស់នៅលើផែនដីនេះដែរ។ យើងស្រឡាញ់មនុស្សលោកដែលនៅតែសង្វាតស្វែងរកសេចក្តីសុខ មនុស្សដែលមានសេចក្តីសង្ឃឹម យើងក៏ស្រឡាញ់មនុស្សដែលមានតម្លៃដ៏ថ្លៃប្រសើរ និងដែលមានភាពទន់ខ្សោយដែរ។ ផែនដីជាផ្ទះរួមរបស់មនុស្សយើង យើងទាំងអស់គា្នក៏ជាបងប្អូនដែរ។ ទោះបីរបៀបរៀបរយក្នុងសង្គម និងក្នុងរដ្ឋនីមួយៗជាភារកិច្ចចម្បងនៃអំណាចខាងនយោបាយក្តី ក៏ “ព្រះសហគមន៍មិនអាចស្ថិតនៅ ដោយឡែកពីការតស៊ូរបស់មនុស្សដែលស្វែងរកយុត្តិធម៌ដែរ”។ ព្រះជាម្ចាស់ត្រាស់ហៅគ្រីស្តបរិស័ទទាំងអស់ និងអស់លោកគង្វាលឱ្យយកចិត្តទុកដាក់សាងសង់ពិភពលោកឱ្យកាន់តែល្អប្រសើរជាងសព្វថ្ងៃ។ លទ្ធិនៃព្រះសហគមន៍អំពីសង្គមតែងតែផ្តល់យោបល់សម្រាប់សាងសង់ និងតម្រង់មនុស្សឱ្យប្រែពិភពលោកនេះ។ ដូច្នេះ លទ្ធិនេះនៅតែជាសញ្ញាសម្គាល់អំពីសេចក្តីសង្ឃឹមដែលផុសឡើងពីចិត្តមនុស្ស ដែលពោរពេញដោយសេចក្តីស្រឡាញ់ហូរមកពីព្រះយេស៊ូគ្រីស្ត។ នៅពេលជាមួយគ្នានេះ លទ្ធិនេះណែនាំគ្រីស្តបរិស័ទឱ្យរួបរួមជាមួយអស់អ្នកដែលខិតខំខ្នះខ្នែងក្នុងវិស័យសង្គម និងជាមួយព្រះសហគមន៍ឯទៀតៗ ព្រមទាំងជាមួយក្រុមជំនុំនានា គឺសហការក្នុងការរិះគិតរួមគ្នាត្រង់លទ្ធិក្តី ទាំងក្នុងការអនុវត្តក្តី។

១៨៤- នៅពេលនេះ ខ្ញុំមិនចង់ពន្យល់យ៉ាងពិស្តារអំពីបញ្ហាសំខាន់ៗទាំងប៉ុន្មានក្នុងសង្គមនៅលើពិភពលោកបច្ចុប្បន្ននេះទេ។ ខ្ញុំបានបកស្រាយបញ្ហាខ្លះនៅជំពូកទីពីររួចមកហើយ។ លិខិតនេះក៏ពុំមែនជាឯកសារពន្យល់លទ្ធិខាងសង្គមដែរ។ យើងមានសៀវភៅមួយជាគ្រឿងឧបករណ៍ជួយរិះគិតអំពីប្រធានបទនានាក្នុងសង្គម គឺ “សេចក្តីសង្ខេបនៃលទ្ធិព្រះសហគមន៍ត្រង់សង្គម”។ ខ្ញុំសូមផ្តែផ្តាំយ៉ាងកក់ក្តៅឱ្យគ្រីស្តបរិស័ទសិក្សា និងប្រើសៀវភៅនោះ។ ម៉្យាងទៀតកុំស្មានថា មានតែអភិបាលព្រះសហគមន៍ក្រុងរ៉ូម ឬព្រះសហគមន៍ប៉ុណ្ណោះទេ ដែលអាចរកអត្ថន័យនៃសភាពការណ៍ក្នុងសង្គម ឬដែលអាចផ្តល់យោបល់ ដើម្បីរកដំណោះស្រាយបញ្ហាទាំងប៉ុន្មានដែលចោទឡើង ក្នុងពិភពលោកនាបច្ចុប្បន្នកាល។ ខ្ញុំអាចនិយាយឡើងវិញនូវសេចក្តីដែលសម្តេចប៉ាបប៉ូលទី៦ បានប្រាប់យ៉ាងឈ្លាសវៃថា៖ “នៅចំពោះសភាពការណ៍ប្លែកៗពីគ្នាជាច្រើន យើងពិបាកនិយាយសេចក្តីតែមួយ យើងក៏មិនអាចផ្តល់យោបល់តែមួយសម្រាប់ដោះស្រាយបញ្ហាតាមរបៀបជាសកលបានដែរ។ យើងគ្មានបំណងនេះទេ ហើយក៏មិនមែនជាបេសកកម្មរបស់យើងដែរ។ សហគមន៍គ្រីស្តបរិស័ទនានាត្រូវតែវិភាគសភាពការណ៍ប្រទេសរបស់ខ្លួនផ្ទាល់យ៉ាងត្រឹមត្រូវ”

១៨៥- នៅខាងក្រោយនេះ ខ្ញុំនឹងខិតខំបកស្រាយតែបញ្ហាពីរយ៉ាងដែលខ្ញុំយល់ឃើញថា ជាបញ្ហាគ្រឹះនាសម័យបច្ចុប្បន្នក្នុងប្រវត្តិសាស្រ្តពិភពលោក។ ខ្ញុំបកស្រាយយ៉ាងវែងបន្តិច ព្រោះខ្ញុំយល់ឃើញថាដំណោះស្រាយបញ្ហាទាំងពីរនោះមានសារៈសំខាន់ចំពោះអនាគតរបស់មនុស្សជាតិ។ បញ្ហាទីមួយ គឺត្រូវនាំឱ្យជនក្រីក្រចូលរួមក្នុងសង្គម។ បញ្ហាទីពីរ គឺសន្តិភាព និងការសន្ទនាក្នុងសង្គម។

២) ការនាំជនក្រីក្រឱ្យចូលរួមក្នុងសង្គម

១៨៦- យើងផ្ញើជីវិតលើព្រះគ្រីស្តដែលដាក់ខ្លួនជាអ្នកក្រីក្រ ព្រះអង្គគង់នៅតែក្បែរអ្នកក្រីក្រ និងនៅក្បែរអស់អ្នកដែលត្រូវគេដាក់ដោយឡែកពីសង្គមជានិច្ច។ ដោយយើងមានជំនឿបែបនេះ យើងនៅតែបារម្ភចំពោះការអភិវឌ្ឍទាំងស្រុងរបស់អស់អ្នកដែលសង្គមមិនរវីរវល់។

យើងរួមជាមួយព្រះជាម្ចាស់ ស្តាប់សូរសម្រែកអ្នកក្រ

១៨៧- ព្រះជាម្ចាស់ត្រាស់ហៅគ្រីស្តបរិស័ទម្នាក់ៗ និងត្រាស់ហៅសហគមន៍នីមួយៗឱ្យទៅជាគ្រឿងឧបករណ៍របស់ព្រះអង្គ ដើម្បីរំដោះ និងលើកស្ទួយជនក្រីក្រ។ ធ្វើដូច្នេះ អ្នកក្រីក្រអាចចូលរួមយ៉ាងពេញលេញក្នុងសង្គមបាន។ យើងត្រូវតែយកចិត្តទុកដាក់ស្តាប់សូរសម្រែករបស់ជនក្រីក្រ ហើយសង្គ្រោះគេទៀតផង។ បើយើងបើកគម្ពីរមកអានទើបយើងឃើញថា ព្រះបិតាប្រកបដោយព្រះហឫទ័យមេត្តាករុណា ទ្រង់សព្វព្រះហឫទ័យស្តាប់សូរសម្រែករបស់ជនកម្សត់ទុគ៌ត។ “យើងបានឃើញទុក្ខលំបាករបស់ប្រជារាស្ត្រយើងនៅស្រុកអេស៊ីប យើងក៏បានឮសម្រែករបស់គេ ព្រោះតែមេត្រួតត្រាវាយដំដែរ។ យើងដឹងអំពីទុក្ខវេទនារបស់គេហើយ។ ដូច្នេះ យើងចុះមករំដោះគេឱ្យរួចពីកណ្ដាប់ដៃរបស់ជនជាតិអេស៊ីប។ ឥឡូវនេះ យើងចាត់អ្នកឱ្យទៅ” (សរ ៣,៧.៨.១០)។ ព្រះអង្គយកព្រះហឫទ័យទុកដាក់នឹង “ជនជាតិអ៊ីស្រាអែលដែលស្រែកអង្វរព្រះអង្គ ក៏ចាត់អ្នកសង្គ្រោះម្នាក់មកសង្គ្រោះគេ” (វប ៣,១៥)។ ប្រសិនបើយើងធ្វើមិនដឹងមិនឮ ទោះយើងជាគ្រឿងឧបករណ៍របស់ព្រះជាម្ចាស់ ដើម្បីស្តាប់សូរសម្រែករបស់ជនក្រីក្រក៏ដោយ ក៏យើងពិតជាស្ថិតនៅខាងក្រៅគម្រោងការប្រកបដោយព្រះហឫទ័យសប្បុរសរបស់ព្រះអង្គដែរ ដ្បិត “ប្រសិនបើអ្នកក្រីក្រចោទប្រកាន់អ្នកនៅចំពោះព្រះភ័ក្ត្ររបស់ព្រះអម្ចាស់ អ្នកមុខជាត្រូវទទួលទោសមិនខាន” (ទក ១៥,៩)។ អ្នកគ្មានសាមគ្គីចំពោះអ្នកក្រដែលខ្វះខាត នោះអ្នកក៏មិនអាចមានទំនាក់ទំនងជាមួយព្រះជាម្ចាស់ដែរ “ប្រសិនបើមនុស្សម្នាក់ដាក់បណ្តាសាកូនក្នុងពេលគេពិបាកចិត្ត ព្រះអម្ចាស់ដែលបានប្រតិស្ឋានគេ មុខជាទ្រង់ព្រះសណ្តាប់ពាក្យអង្វររបស់គេពុំខាន” (បសរ ៤,៦)។ មានសំណូមពរបុរាណនៅតែចោទជានិច្ចថា “ប្រសិនបើនរណាម្នាក់មានសម្បត្តិលោកីយ៍ ហើយឃើញបងប្អូនរបស់ខ្លួនខ្វះខាត តែបែរជាមិនអាណិតអាសូរគេទេនោះ ធ្វើដូចម្ដេចនឹងឱ្យសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ស្ថិតនៅក្នុងខ្លួនអ្នកនោះកើត!” (១យហ ៣,១៧)។ យើងត្រូវនឹកដល់គ្រីស្តទូតយ៉ាកុបដែលលើកយកនិមិត្តរូបអំពីសូរសម្រែករបស់អ្នកដែលត្រូវគេជិះជាន់មកស្តីបន្ទោសយ៉ាងខ្លាំងថា “អ្នករាល់គ្នាមិនបានបើកប្រាក់ឈ្នួលឱ្យក្រុមកម្មករដែលច្រូតកាត់ក្នុងស្រែរបស់អ្នករាល់គ្នា។ មើល៍! សម្រែកអ្នកច្រូតទាំងនោះបានលាន់ឮទៅដល់ព្រះអម្ចាស់នៃពិភពទាំងមូលហើយ” (យក ៥,៤)។

១៨៨- ព្រះសហគមន៍បានទទួលស្គាល់ថា គ្រីស្តបរិស័ទត្រូវតែស្តាប់សូរសម្រែករបស់អ្នកក្រខ្សត់ទុកជាភារកិច្ចដែលមានសារៈសំខាន់ គឺជាភារកិច្ចមកពីព្រះជាម្ចាស់ដែលបានប្រណីសន្តោសរំដោះយើងម្នាក់ៗពីខាងក្នុង។ ហេតុនេះហើយ បានជាភារកិច្ចនេះមិនមែនជាបេសកកម្មរបស់មួយក្រុមតូចដោយឡែកពីគេប៉ុណ្ណោះទេ គឺជាភារកិច្ចរបស់ព្រះសហគមន៍ទាំងមូល។ “ដំណឹងល្អស្តីអំពីព្រះហឫទ័យមេត្តាករុណារបស់ព្រះជាម្ចាស់ និងសេចក្តីស្រឡាញ់ចំពោះមនុស្សលោកណែនាំព្រះសហគមន៍ឱ្យស្តាប់សូរសម្រែករបស់មនុស្សដែលចង់បានយុត្តិធម៌។ ព្រះសហគមន៍ក៏ចង់តបឆ្លើយនឹងសូរសម្រែកនោះឱ្យអស់ពីសមត្ថភាពដែរ”។ ដោយនឹកគិតអំពី សេចក្តីទាំងនេះ យើងអាចយល់អត្ថន័យព្រះបន្ទូលរបស់ព្រះយេស៊ូមកក្រុមសាវ័កថា៖ “ចូរអ្នករាល់គ្នាយកម្ហូបអាហារឱ្យគេបរិភោគទៅ!” (មក ៦,៣៧) គឺគ្រីស្តបរិស័ទត្រូវរួមសហការគ្នាដើម្បីរកដំណោះស្រាយមូលហេតុកប់ទុកក្នុងរចនាសម្ពន្ធសេដ្ឋកិច្ច ដែលបណ្តោយឱ្យមានមនុស្សមួយចំនួនធ្លាក់ខ្លួនជាអ្នកក្រ។ គ្រីស្តបរិស័ទក៏ត្រូវរួមសហការអភិវឌ្ឍទាំងស្រុងរបស់អស់អ្នកក្រ។ យើងជាគ្រីស្តបរិស័ទក៏ត្រូវបង្ហាញសាមគ្គីដោយធ្វើកាយវិការធម្មតាប្រចាំថ្ងៃ ដើម្បីជួយជនកម្សត់ទុគ៌តដែលយើងជួបប្រទះផងដែរ។ មនុស្សតែងតែប្រើពាក្យ “សាមគ្គី” ច្រើនពេកដូចជាពាក្យសាបទៅវិញ និងគ្មានអត្ថន័យទៀត ជួនកាលគេក៏យល់ច្រឡំពាក្យនេះដែរ តែពាក្យនេះមានអត្ថន័យជ្រៅជាងការធ្វើបុណ្យម្តងម្កាល ដោយចិត្តសទ្ធាជ្រះថ្លាថែមទៀត។ តាមពិតពាក្យ “សាមគី្គ” នេះ បង្ខំយើងឱ្យបង្កើតមតិទូទៅថ្មី ដែលគិតអំពីសហគមន៍មុនពេលគិតគូអំពីបុគ្គល។ ត្រូវគិតគូរដល់ការរស់នៅរបស់មនុស្សទាំងអស់ ប្រសើរជាងនាំឱ្យមនុស្សមួយក្តាប់តូចរឹបអូសយកទ្រព្យសម្បត្តិទាំងអស់ សម្រាប់តែខ្លួនឯងប៉ុណ្ណោះ។

១៨៩- អ្នកដែលទទួលស្គាល់ថា កម្មសិទ្ធិមានមុខងារក្នុងសង្គម គឺទទួលស្គាល់ថា ទ្រព្យសម្បត្តិទាំងអស់មានទិសដៅឱ្យមនុស្សទាំងអស់ប្រើប្រាស់បានគ្រប់គ្នា អ្នកនោះមុខជានឹងប្រព្រឹត្តតាមសាមគ្គីភ្លាមដោយខ្លួនឯង។ មុខងារ និងទិសដៅនៃទ្រព្យសម្បត្តិសម្រាប់ឱ្យមនុស្សទាំងអស់ប្រើប្រាស់ មានសារៈសំខាន់មុនកម្មសិទ្ធិឯកជនទៅទៀត។ មនុស្សមានសិទ្ធិកាន់កាប់ទ្រព្យសម្បត្តិធ្វើជាកម្មសិទ្ធិឯកជនរបស់ខ្លួនបាន ដើម្បីថែរក្សា និងពង្រឹងចំនួនទ្រព្យសម្បត្តិទាំងនោះក្នុងគោលដៅបម្រើប្រយោជន៍រួម។ ហេតុនេះហើយបានជាត្រូវយល់ថា អ្នកសាមគ្គីជាមួយអ្នកក្រីក្រមុខជាសម្រេចចិត្តយកសម្បត្តិរបស់ខ្លួនមកសងអ្នកក្រីក្រ ទុកជាចំណែកនៃកម្មសិទ្ធិផ្ទាល់របស់ខ្លួន។ ពេលណាមនុស្សយល់យ៉ាងជាក់ច្បាស់អំពីសាមគី្គ និងប្រព្រឹត្តតាម គឺពេលនោះសាមគ្គីកើតជារូបរាងហើយ នៅពេលនោះក៏មានផ្លូវនាំឱ្យផ្លាស់ប្រែរចនាសម្ពន្ធក្នុងសង្គមតទៅទៀតបានផង។ នៅពេលនោះ គង់តែការផ្លាស់ប្រែក៏អាចកើតឡើងបានដែរ។ ផ្ទុយទៅវិញ ប្រសិនបើគ្រាន់តែមានការផ្លាស់ប្រែរចនាសម្ពន្ធសង្គមប៉ុណ្ណោះ គឺប្រសិនបើការផ្លាស់ប្រែនេះមិនបង្កើតមតិ និងឥរិយបថក្នុងសង្គមតាមជំនឿយ៉ាងជាក់ច្បាស់ថ្មីៗ នោះមិនយូរមិនឆាប់រចនាសម្ព័ន្ធថ្មីទាំងនោះ មុខជាពុករលួយសង្កត់សង្កិនប្រជាជន ហើយមិនសក្តិសិទ្ធិផង។

១៩០- ជួនកាលយើងគ្រាន់តែត្រូវស្តាប់សូរសម្រែករបស់ប្រជាជាតិទំាងមូល គឺសូរសម្រែករបស់ប្រជាជននានាដែលក្រជាងគេនៅលើផែនដី ដ្បិត “សន្តិភាពមិនគ្រាន់តែយកការគោរពសិទ្ធិមនុស្សមកសំអាងជាគ្រឹះប៉ុណ្ណោះទេ តែសំអាងលើសិទ្ធិរបស់ប្រជាជននានាដែរ”។ គួរឱ្យស្តាយដោយមានគេយកសិទ្ធិមនុស្សដដែលនោះមកសំអាង ដើម្បីការពារសិទ្ធិបុគ្គលម្នាក់ៗយ៉ាងហួសហេតុ ឬក៏យកមកការពារសិទ្ធិប្រជាជនដែលមានធនធានច្រើនជាងគេក្នុងពិភពលោក។ យើងត្រូវគោរពឯករាជ្យ និងវប្បធម៌ប្រជាជាតិនីមួយៗ ក៏ប៉ុន្តែ ត្រូវរំឭកជានិច្ចថា ផែនដីទាំងមូលជាកម្មសិទ្ធិរបស់មនុស្សជាតិទាំងមូល និងសម្រាប់ជាប្រយោជន៍ដល់មនុស្សជាតិទាំងមូលដែរ។ មនុស្សដែលកើតក្នុងស្រុកដែលមានធនធានតិចជាង ឬមានការអភិវឌ្ឍតិចជាងមិនមែនមានន័យថា មនុស្សទាំងនោះត្រូវរស់នៅដោយមានកិត្តិយសតិចជាងទេ។ យើងត្រូវរំឭកថា “អ្នកមានច្រើនជាងគេត្រូវសុខចិត្តលះបង់សិទ្ធិរបស់ខ្លួនខ្លះ ដើម្បីចែកទ្រព្យសម្បត្តិរបស់ខ្លួនមកបម្រើមនុស្សឯទៀតៗ ដោយចិត្តសទ្ធាជ្រះថ្លាច្រើនជាង។ ពេលយើងចង់និយាយអំពីសិទ្ធិរបស់ខ្លួនយ៉ាងត្រឹមត្រូវ យើងត្រូវតែមើលឱ្យឆ្ងាយបន្តិច និងបើកត្រចៀកស្តាប់សូរសម្រែករបស់ប្រជាជនឯទៀតៗ ដែលរស់នៅក្នុងភូមិភាគប្លែកពីប្រទេសយើង។ យើងត្រូវធ្វើឱ្យសាមគ្គីរបស់យើងរីកចម្រើនឡើង ជាសាមគ្គីដែលហុចឱ្យប្រជាជននានាអាចកសាងអនាគតរបស់ខ្លួនដោយខ្លួនឯងបាន”។ យ៉ាងណាមិញ “ព្រះជាម្ចាស់ត្រាស់ហៅមនុស្សម្នាក់ៗឱ្យអភិវឌ្ឍឡើង” ដែរ។

១៩១- អស់លោកគង្វាលត្រូវលើកទឹកចិត្តគ្រីស្តបរិស័ទឱ្យស្តាប់សូរសម្រែករបស់ជនក្រីក្រនៅគ្រប់ទីកន្លែង និងនៅគ្រប់ពេលវេលា ដូចអស់លោកអភិបាលនៅប្រទេសប្រេស៊ីលបានបញ្ជាក់យ៉ាងច្បាស់ថា៖ “រៀងរាល់ថ្ងៃ យើងចង់រួមអំណរសប្បាយ និងសេចក្តីសង្ឃឹម រួមទុក្ខព្រួយ និងកង្វល់របស់ប្រជាជននៅប្រទសប្រេស៊ីលយើងនេះ ជាពិសេស របស់ប្រជាជនដែលរស់នៅខាងជាយទីក្រុង និងតាមជនបទ ជាជនដែលត្រូវបានអ្នកមានដកយកសិទ្ធិរបស់ខ្លួន។ អ្នកទាំងនោះគ្មានស្រែចម្ការ គ្មានផ្ទះនៅ គ្មានអាហារបរិភោគ សន្តិភាពគេមិនល្អ។ យើងឃើញភាពកម្សត់ទុគ៌តរបស់គេ យើងស្តាប់សូរសម្រែករបស់គេតែនៅពេលជាមួយគ្នានេះ យើងទាស់ចិត្តដោយដឹងច្បាស់ថា មានអាហារគ្រប់គ្រាន់សម្រាប់ចិញ្ចឹមមនុស្សទាំងអស់។ គេឃ្លានបាយ កើតទុរភិក្សបណ្តាលមកពីមានចែកចាយទ្រព្យសម្បត្តិ និងផលទុនមិនត្រឹមត្រូវ។ សភាពការណ៍នេះកាន់តែធ្ងន់ធ្ងរដោយគេខ្ជះខ្ជាយភោគផលជាទូទៅ”

១៩២- ប៉ុន្តែ យើងមានបំណងលើសពីនេះទៅទៀត យើងក៏បន់ស្រន់ហួសពីនេះទៅទៀតដែរ។ យើងមិនគ្រាន់តែនិយាយថា មនុស្សទាំងអស់ត្រូវមានអាហារបរិភាគគ្រប់គ្រាន់ ឬរស់នៅយ៉ាងសមគួរប៉ុណ្ណោះទេ តែយើងចង់ឱ្យមនុស្សទាំងអស់ស្គាល់ភាពសម្បូរណ៍ក្នុងគ្រប់វិស័យ គឺឱ្យគេមានលទ្ធភាពអាចអប់រំកូនចៅរបស់គេបាន ឱ្យគេអាចព្យាបាលខ្លួនបាន ហើយជាពិសេស ឱ្យគេមានការងារធ្វើ។ យើងដឹងថា មនុស្សបញ្ជាក់កិត្តិយសនៃជីវិតរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង ដោយខ្លួនបំពេញការងារមួយដោយសេរីភាព ជាការងារដែលនាំឱ្យបង្កើតអ្វីៗជាថ្មី នាំឱ្យគេចូលរួមជាមួយអ្នកដឹកនាំ និងឱ្យរួមសាមគ្គីជាមួយអ្នកដទៃ។ ប្រសិនបើគេមានប្រាក់បៀវត្សត្រឹមត្រូវតាមយុត្តិធម៌ គេក៏មានលទ្ធភាពចូលទៅកាន់ទ្រព្យសម្បត្តិឯទៀតៗ ដែលមនុស្សទូទៅត្រូវតែប្រើប្រាស់បានដែរ។

យើងត្រូវស្មោះត្រង់នឹងដំណឹងល្អ កុំឱ្យខិតខំយ៉ាងឥតប្រយោជន៍

១៩៣- ពេលយើងរំភើបចិត្តយ៉ាងជ្រៅដោយឃើញអ្នកដទៃរងទុក្ខ យើងពិតជាយល់ឃើញយ៉ាងច្បាស់ថា ត្រូវស្តាប់សូរសម្រែករបស់អ្នកក្រីក្រជាកំហិត។ សូមអានការប្រៀនប្រដៅដែលមានចែងក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ស្តីអំពីមេត្តាករុណា សូមបណ្តោយឱ្យព្រះបន្ទូលទាំងនោះលាន់ឮឡើងយ៉ាងខ្លាំងរំពង ក្នុងការរស់នៅរបស់ព្រះសហគមន៍។ ក្នុងគម្ពីរដំណឹងល្អមានប្រកាសថា៖ “អ្នកណាមានចិត្តមេត្តាករុណា អ្នកនោះនៅតាមផ្លូវទៅកាន់សេចក្តីសុខសាន្តបាន ដ្បិតព្រះជាម្ចាស់នឹងមេត្តាករុណាដល់គេដែរ!” (មថ ៥,៧)។ គ្រីស្តទូតយ៉ាកុបបង្រៀនថា អ្នកមានចិត្តមេត្តាករុណាចំពោះអ្នកដទៃ ក៏អាចរួចខ្លួននៅពេលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក៖ “បងប្អូនត្រូវនិយាយ និងប្រព្រឹត្តឱ្យស្របតាមវិន័យដែលផ្តល់សេរីភាព គឺមានតែវិន័យនោះហើយដែលនឹងវិនិច្ឆ័យបងប្អូន។ អ្នកគ្មានមេត្តាករុណា ព្រះជាម្ចាស់ក៏នឹងវិនិច្ឆ័យទោសគេដោយឥតមេត្តាករុណាដែរ។ អ្នកមានមេត្តាករុណាមិនខ្លាចព្រះអង្គវិនិច្ឆ័យទោសឡើយ” (យក ២,១២-១៣)។ ក្នុងអត្ថបទនេះ គ្រីស្តទូតយ៉ាកុបថ្លែងតាមគំនិតដ៏ប្រសើរបំផុតខាងព្រះវិញ្ញាណរបស់ជនជាតិយូដា ក្រោយពេលគេវិលត្រឡប់មកពីជាប់ជាឈើ្លយសង្គ្រាមវិញ។ នៅសម័យនោះគេយល់ឃើញថា ធម៌មេត្តាករុណាអាចសង្គ្រោះមនុស្សលោកយ៉ាងពិសេសដូចមានចែងថា៖ “ចូរប្រព្រឹត្តអំពើសុចរិតដើម្បីឱ្យបានរួចពីបាប ចូរសម្តែងមេត្តាករុណាដល់អ្នកក្រីក្រទៅ ដើម្បីឱ្យបានរួចពីបទល្មើស និងបានអាយុវែង” (ដន ៤,២៤)។ អ្នកនិពន្ធសំណេរស្តីអំពីព្រះប្រាជ្ញាញាណក៏មានគំនិតដដែលនោះ ហើយចែងអំពីទានទុកជាកិច្ចដ៏ជាក់លាក់ សម្ដែងមេត្តាករុណាចំពោះអស់អ្នកដែលខ្វះខាតថា៖ “ការចែកទានរំដោះមនុស្សឱ្យរួចពីសេចក្តីស្លាប់ ហើយជម្រះគេឱ្យរួចពីអំពើបាបគ្រប់យ៉ាង។ អ្នកធ្វើទានរមែងមានអាយុវែង” (តប ១២,៩)។ លោនបេនស៊ីរ៉ាកបញ្ចេញយោបល់ដដែល ដោយប្រើនិមិត្តរូបដូចតទៅ៖ “ទឹកពន្លត់ភើ្លងដែលឆេះសន្ធោសន្ធៅយ៉ាងណា ការដាក់ទានក៏លុបលាងបាបយ៉ាងនោះដែរ” (បសរ ៣,៣០)។ ក្នុងគម្ពីរសម្ពន្ធមេត្រីថ្មីក៏មានចែងសេចក្តីដដែលនោះថា៖ “ជាបឋម ត្រូវមានចិត្តស្រឡាញ់គ្នាទៅវិញទៅមកជានិច្ច ដ្បិតសេចក្ដីស្រឡាញ់រមែងគ្របបាំងអំពើបាបដ៏ច្រើនលើសលប់” (១សល ៤,៨)។ សេចក្តី ពិតនេះបានជ្រួតជ្រាបគំនិតរបស់គ្រូបាធ្យាយរបស់ព្រះសហគមន៍ និងណែនាំឱ្យគ្រីស្តបរិស័ទតែងតស៊ូប្រឆាំងនឹងមតិសាសន៍ដទៃដែលរកតែសប្បាយម្នាក់ឯង គឺគ្រីស្តបរិស័ទបានបង្កើតវប្បធម៌ថ្មី ដោយយកចិត្តទុកដាក់នឹងអ្នកក្រីក្រ។ ខ្ញុំសូមរំឭកឧទាហរណ៍តែមួយគឺ “ពេលកើតអគ្គីភ័យ យើងតែងតែរកទឹកមកពន្លត់ភ្លើង។ ប្រសិនបើមានអណ្តាតភ្លើងនៃអំពើបាបផុសចេញពីចំបើងរបស់យើង យើងមុខជាជ្រួលច្របល់ក្នុងចិត្ត។ ប៉ុន្តែ ប្រសិនបើយើងមានឱកាសសម្តែងមេត្តាករុណាដល់គេ យើងត្រូវសប្បាយរីករាយ ដោយយើងអាចធ្វើអំពើល្អនេះ ហាក់ដូចជាព្រះជាម្ចាស់ប្រទានប្រភពទឹក ដើម្បីពន្លត់ភ្លើងដោយសារអំពើល្អនោះ។

១៩៤- ការប្រៀនប្រដៅនេះច្បាស់ណាស់ ហើយចំៗ និងស្រួលស្តាប់ទៀត។ អ្នកបកស្រាយលទ្ធិជំនឿនៃគ្រីស្តសាសនាគ្មានសិទ្ធិនិយាយថា សេចក្តីនេះមិនសំខាន់ទេ។ ពេលព្រះសហគមន៍រិះគិតអំពីអត្ថបទទាំងនោះ មិនត្រូវធ្វើឱ្យអត្ថន័យអត្ថបទទាំងនោះក្លាយទៅជាខ្សោយ ហាក់ដូចជាមិនដាស់តឿនគ្រីស្តបរិស័ទឡើយ។ ផ្ទុយទៅវិញ អត្ថបទទាំងនេះដាស់តឿនយើងមែន។ ម្យ៉ាងទៀត ត្រូវជួយគ្រីស្តបរិស័ទឱ្យទទួលយកការប្រៀនប្រដៅនេះដោយសេចក្តីក្លាហាន និងដោយមានចិត្តខ្នះខ្នែងចង់ប្រតិបត្តិតាម។ សេចក្តីនេះស្រួល សូមកុំធ្វើឱ្យស្មុគ្រស្មាញឡើយ។ របៀបរិះគិតអំពីជំនឿមានទិសដៅតែមួយ គឺជួយអ្នករិះគិតឱ្យភ្ជាប់នឹងអ្វីដែលមានយ៉ាងពិតប្រាកដដែលយើងចង់ពន្យល់។ មិនត្រូវឱ្យការរិះគិតនោះនាំឱ្យថយឆ្ងាយពីអ្វីដែលមានយ៉ាងពិតប្រាកដក្នុងលោកទេ។ សេចក្តីនេះ ជាពិសេស ចំនឹងការប្រៀនប្រដៅក្នុងគម្ពីរដែលអញ្ជើញយើងយ៉ាងខ្លាំងឱ្យស្រឡាញ់គ្នាទៅវិញទៅមក ដូចបងប្អូនឱ្យបម្រើអ្នកដទៃដោយចិត្តសុភាពរាបសា និងដោយចិត្តសទ្ធាជ្រះថ្លា ឱ្យប្រព្រឹត្តតាមយុត្តិធម៌ និងឱ្យមានចិត្តមេត្តាករុណាចំពោះជនក្រីក្រ។ ព្រះយេស៊ូមានព្រះបន្ទូល និងបានប្រព្រឹត្តកិច្ចការផ្សេងៗដើម្បីបង្រៀនអំពីមាគ៌ាដែលណែនាំយើងឱ្យទទួលស្គាល់អ្នកដទៃ។ អ្វីៗដែលភ្លឺច្បាស់ ហើយយើងមិនត្រូវធ្វើឱ្យស្រអាប់ឡើយ។ កុំបារម្ភតែអំពីការវង្វេងឆ្ងាយពីលិទ្ធិជំនឿប៉ុណ្ណោះទេ តែត្រូវយកចិត្តទុកដាក់ដើរតាមមាគ៌ាដ៏ភ្លឺថ្លា ដែលនាំយើងទៅកាន់ជីវិត និងទៅកាន់ប្រាជ្ញា។ ជួនកាលគេស្តីបន្ទោសអ្នកដែលចង់ការពារសេចក្តីពិតនៃលទ្ធិជំនឿថា អ្នកទាំងនោះនៅស្ងៀមមិនធ្វើអ្វី អ្នកទាំងនោះអនុគ្រោះយោគយល់ដល់សភាពការណ៍ អយុត្តិធម៌ដែលទ្រាំមិនបាន ហើយក៏អនុគ្រោះយោគយល់ដល់របបនយោបាយដែលបង្កើត និងបន្តសភាពការណ៍ទាំងនោះ។

១៩៥- ពេលគ្រីស្តទូតប៉ូលទៅរកក្រុមគ្រីស្តទូតនៅឯក្រុងយេរូសាឡឹម ដើម្បីកុំឲ្យកិច្ចការដែលលោកកំពុងតែធ្វើ ឬ បានធ្វើរួចមកហើយត្រឡប់ទៅជាអសារឥតការវិញ (កាឡ ២,២) ក្រុមគ្រីស្តទូតបានបង្ហាញលក្ខណៈសំខាន់ជាគ្រីស្តទូតដ៏ពិតប្រាកដ គឺគ្រីស្តទូតមិនត្រូវបំភ្លេចអ្នកក្រីក្រឡើយ (កាឡ ២,១០)។ សហគមន៍របស់គ្រីស្តទូតប៉ូលត្រូវរស់នៅតាមលក្ខណៈដ៏ប្រសើរនេះ កុំបណ្តោយខ្លួនឱ្យរស់នៅបែបសាសន៍ដទៃ ដែលគិតតែពីខ្លួនឯងប៉ុណ្ណោះ។ លក្ខណៈនេះតែងមានសារៈសំខាន់ជាខ្លាំងចំពោះយើងនាសម័យបច្ចុប្បន្ន ដែលមនុស្សទូទៅនៅតែគិតដល់ប្រយោជន៍របស់ខ្លួនតាមសាសន៍ដទៃដែរ។ យើងមិនអាចសម្តែងសោភ័ណភាពនៃដំណឹងល្អយ៉ាងត្រឹមត្រូវគ្រប់ពេលវេលាបានទេ ប៉ុន្តែ យើងត្រូវបង្ហាញសញ្ញាសម្គាល់នេះជានិច្ចថា យើងជ្រើសរើសការបម្រើអ្នកដែលតូចទាបជាងគេ និងបម្រើអស់អ្នកដែលសង្គមទាត់ចោល និងដាក់ដោយឡែកដែរ។

១៩៦- ជួនកាលយើងមានចិត្តគំនិតរឹងរូស កាចសហាវ យើងភ្លេចខ្លួនចង់លេងសប្បាយ យើងស្ងើចសរសើរចំពោះសម្បត្តិហូរហៀរដែលយើងអាចប្រើប្រាស់បាន និងស្ងើចសរសើរចំពោះការសប្បាយដែលសង្គមហុចឱ្យយើងនាបច្ចុប្បន្នកាល។ ហេតុនេះ យើងទាំងអស់គ្នាហាក់ដូចជាវង្វេង ព្រោះថា “នៅពេលសង្គមណាមួយចាត់ចែងរបៀបរៀបរយ ចាត់ចែងការផលិតទ្រពសម្បត្តិ ចាត់ចែងការប្រើប្រាស់សម្បត្តិទ្រព្យទាំងនោះ បណ្តាលឱ្យសមាជិកកសាងសាមគ្គីភាពវាងគ្នានិងគ្នាកាន់តែពិបាកឡើងៗ សង្គមនេះពិតជាវង្វងហើយ”

អ្នកក្រីក្រមានកន្លែងពិសេសក្នុងប្រជារាស្រ្តរបស់ព្រះជាម្ចាស់

១៩៧- ព្រះជាម្ចាស់មានព្រះហឫទ័យស្រឡាញ់អ្នកក្រីក្រយ៉ាងពិសេសរហូតដល់ព្រះអង្គ “ដាក់ខ្លួនជាអ្នកក្រ” (២ករ ៨,៩)។ មានអ្នកក្រីក្រមានឥទ្ធិពលយ៉ាងខ្លាំងតាមប្រវត្តិសាសន៍នៃការសង្គ្រោះរបស់យើងជានិច្ច។ ការសង្គ្រោះនេះមកដល់យើងដោយមាននាងម៉ារីសុខចិត្តទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នាងជាស្រ្តីដ៏ទន់ទាបម្នាក់រស់នៅក្នុងភូមិដាច់ស្រយាលនៅជាយមហាចក្រភព។ នាងរាប់ព្រះយេស៊ូទុកជាព្រះសង្គ្រោះរបស់យើងដែលទើបកើតដាក់ក្នុងស្នូកសត្វ ហើយមានសត្វនៅជុំវិញដូចកូនអ្នកក្រជាងគេ ធ្លាប់កើតនៅសម័យនោះ។ លោកយ៉ូសែបយកលលកមួយគូមកថ្វាយក្នុងព្រះវិហារ ដើម្បីលោះព្រះឱរស គឺលោកយកតង្វាយរបស់អ្នកក្រមកថ្វាយ ព្រោះអ្នកក្រគ្មានលទ្ធភាពទិញកូនចៀមបានទេ (លក ២,២៤; លវ ៥,៧)។ ព្រះយេស៊ូចម្រើនវ័យឡើងក្នុងផ្ទះពលករម្នាក់ និងបានធ្វើការចិញ្ចឹមជីវិតដោយផ្ទាល់ព្រះអង្គ។ ពេលព្រះអង្គចាប់ផ្តើមប្រកាសដំណឹងល្អអំពីព្រះជាម្ចាស់យាងមកគ្រងរាជ្យ មានមហាជនអ្នកក្រីក្រដើរតាមព្រះអង្គ ហើយទ្រង់សម្តែងសេចក្តីដែលព្រះអង្គមានព្រះបន្ទូលដោយផ្ទាល់ព្រះអង្គថា៖ “ព្រះវិញ្ញាណរបស់ព្រះអម្ចាស់សណ្ឋិតលើខ្ញុំ ព្រះអង្គបានចាក់ប្រេងអភិសេកខ្ញុំឱ្យនាំដំណឹងល្អទៅប្រាប់ជនក្រីក្រ” (លក ៤,១៨)។ ព្រះអង្គក៏បញ្ជាក់ថា ព្រះជាម្ចាស់មានព្រះហឫទ័យមេត្តាករុណាចំពោះអ្នកដែលកើតទុក្ខវេទនា និងជនក្រីក្រ៖ “អ្នករាល់គ្នាជាជនក្រខ្សត់អើយ! អ្នកនៅតាមផ្លូវទៅកាន់សេចក្តីសុខសាន្តបាន ដ្បិតព្រះជាម្ចាស់នឹងគ្រងរាជ្យលើអ្នករាល់គ្នាហើយ” (លក ៦,២០)។ ព្រះអង្គបានរួមរស់ជាមួយគេ៖ “កាលយើងឃ្លាន អ្នករាល់គ្នាបានឱ្យអាហារយើងបរិភោគ” (មថ ២៥,៣៥)។ ព្រះអង្គតែងប្រៀនប្រដៅថា ចិត្តមេត្តាករុណាចំពោះអ្នកក្រីក្រ ពិតជាកូនសោដែលបើកទ្វារនៃស្ថានបរមសុខ។ ដោយព្រះជាម្ចាស់មានព្រះហឫទ័យស្រឡាញ់ចំពោះមនុស្សក្រីក្រលើសគេ ដូច្នេះ ព្រះអង្គត្រាស់ហៅយើងជាគ្រីស្តបរិស័ទទាំងអស់ឱ្យមានចិត្តគំនិតដូចព្រះគ្រីស្តដែរ (ភីល ២,៥)។ ព្រះសហគមន៍បានជ្រើសរើសបម្រើអ្នកក្រីក្រលើសគេទាំងអស់ ស្របតាមព្រះហឫទ័យស្រឡាញ់របស់ព្រះជាម្ចាស់នោះ គឺ “ជម្រើសបម្រើអ្នកក្រីក្រ ជាអាទិភាពពិសេសម៉្យាងក្នុងការប្រព្រឹត្តតាមសេចក្តីស្រឡាញ់របស់គ្រីស្តបរិស័ទ។ ការបង្រៀនបញ្ជូនបន្តរបស់ព្រះសហគមន៍ទាំងមូលក៏បញ្ជាក់អាទិភាពនោះដែរ”។ សម្តេចប៉ាបបេណេឌិកតូទី១៦ តែងបង្រៀនថា ជម្រើសបម្រើអ្នកក្រីក្រ “ជាប់ពាក់ព័ន្ធនឹងជំនឿចំពោះព្រះគ្រីស្ត ជាព្រះដែលដាក់ខ្លួនជាអ្នកក្រ ដើម្បីជាប្រយោជន៍ដល់យើង គឺដើម្បីឱ្យយើងមានសម្បត្តិសួគ៌ជាច្រើន ដោយភាពក្រីក្ររបស់ព្រះអង្គ”។ ហេតុនេះហើយ បានជាខ្ញុំចង់ឱ្យព្រះសហគមន៍រស់នៅបែបអ្នកក្រ ដើម្បីបម្រើអ្នកក្រ។ អ្នកក្រអាចបង្រៀនសេចក្តីជាច្រើនមកយើង។ គេមានគំនិតទូទៅអំពីជំនឿដូចគ្រីស្តបរិស័ទឯទៀតៗ។ លើសពីនេះទៅទៀត គេស្គាល់ព្រះគ្រីស្តដែលរងទុក្ខលំបាកថែមទៀត ព្រោះគេរងទុក្ខលំបាកដូចព្រះអង្គដែរ។ យើងទាំងអស់ត្រូវបណ្តោយខ្លួនឱ្យអ្នកក្រនាំដំណឹងល្អមកយើងជាចាំបាច់។ ការប្រកាសដំណឹងល្អបែបថ្មីដាស់តឿនយើងឱ្យទទួលស្គាល់ថា ការរស់នៅរបស់គេពិតជាកម្លាំងដែលសង្គ្រោះមនុស្សលោកយើង ត្រូវយកគេមកដាក់នៅកណ្តាលដំណើរនៃព្រះសហគមន៍។ ព្រះជាម្ចាស់ត្រាស់ហៅយើងឱ្យទទួលស្គាល់ព្រះគ្រីស្តក្នុងរូបគេ ឱ្យយើងជួយតវ៉ាការពារគេ និងឱ្យទៅជាមិត្តសម្លាញ់ របស់គេ ឱ្យស្តាប់គេនិយាយ ឱ្យយល់ចិត្តគំនិតរបស់គេ និងឱ្យទទួលព្រះប្រាជ្ញាញាណដ៏អាថ៌កំបាំងដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចែកចាយឱ្យយើងតាមរយៈគេដែរ។

១៩៨- យើងមិនគ្រាន់តែប្តេជ្ញាចិត្តធ្វើកិច្ចការ និងកម្មវិធីក្នុងគោលបំណងលើកស្ទួយកិត្តិយសរបស់គេ និងជួយគេប៉ុណ្ណោះទេ ព្រះវិញ្ញាណក៏មិនជំរុញយើងឱ្យធ្វើកិច្ចការជាច្រើនហួសហេតុដែរ តែព្រះអង្គជំរុញឱ្យយើងចាប់អារម្មណ៍នឹងអ្នកដទៃ ដែលព្រះអង្គចាត់ទុកថា “រួបរួមជាមួយព្រះអង្គ”។ អ្នកដែលចាប់អារម្មណ៍នឹងអ្នកក្រីក្រ ចាប់ផ្តើមយកចិត្តទុកដាក់យ៉ាងពិតប្រាកដចំពោះគេ។ ប្រសិនបើខ្ញុំយកចិត្តទុកដាក់នឹងគេ ខ្ញុំក៏ចង់រកប្រយោជន៍សម្រាប់គេយ៉ាងសកម្ម។ ហេតុនះហើយ បានជាត្រូវលើកតម្កើងសេចក្តីដ៏សប្បុរសផ្ទាល់របស់អ្នកក្រ ត្រូវលើកតម្កើងរបៀបរស់នៅរបស់គេ និងលើកតម្កើងវប្បធម៌របស់គេ ព្រមទាំងលើកតម្កើងរបៀបគេរស់នៅតាមជំនឿដែរ។ អ្នកមានចិត្តស្រឡាញ់យ៉ាងពិតប្រាកដត្រូវតែនឹកស្មឹងស្មាធិ៍ ស្ងើចសរសើរអ្នកដែលខ្លួនស្រឡាញ់នោះ។ ដូច្នេះ យើងមិនបម្រើគេដោយយើងត្រូវការបម្រើគេទេ ឬដោយចង់អួតខ្លួនដែរតែយើងបម្រើគេ ព្រោះគេល្អហួសពីអាការៈខាងក្រៅដែលមនុស្សមើលឃើញ។ “យើងផ្តល់អំណោយដល់មនុស្សម្នាក់មកពីយើងស្រឡាញ់គេ”។ ពេលយើងស្រឡាញ់អ្នកក្រ យើងដូចជាវាយតម្លៃគេយ៉ាងខ្ពស់ណាស់។ សេចក្តីស្រឡាញ់បែបនេះនាំឱ្យយើងជ្រើសរើសបម្រើអ្នកក្រលើសគេទាំងអស់យ៉ាងពិតប្រាកដ តាមរបៀបប្លែកពីអ្នកកាន់តាមមនោគមវិជ្ជាណាមួយ ទោះជាមនោគមវិជ្ជាណាក៏ដោយ យើងក៏ប្លែកពីអ្នកទាំងអស់ដែលមានបំណងប្រើអ្នកក្រីក្រដើម្បីបម្រើផល ប្រយោជន៍របស់ខ្លួនគេផ្ទាល់ ឬដើម្បីបម្រើផលប្រយោជន៍នយោបាយវិញ។ យើងអាចជួយជូនដំណើរអ្នកក្រយ៉ាងត្រឹមត្រូវតាមផ្លូវណែនាំឱ្យរម្ដោះខ្លួនគេបាន លុះត្រាតែយើងរស់នៅក្បែរគេយ៉ាងពិតប្រាកដ និងដោយយើងមានចិត្តស្រឡាញ់។ ប្រសិនបើដូច្នេះ អស់អ្នកក្រីក្រនឹងយល់ឃើញថា ក្នុងគ្រប់សហគមន៍ គ្រីស្តបរិស័ទក៏ដូចជាគេនៅក្នុងផ្ទះរបស់គេដែរ។ របៀបរស់នៅបែបនេះប្រហែលបង្ហាញដំណឹងល្អស្តីអំពីព្រះជាម្ចាស់គ្រងរាជ្យយ៉ាងច្បាស់ជាងគេ និងស័ក្ដិសិទ្ធិជាងគេ។ ប្រសិនបើព្រះសហគមន៍មិនជ្រើសរើសបម្រើអ្នកក្រីក្រលើសគេទាំងអស់ ប្រហែលមនុស្សលោកមិនយល់ការប្រកាសដំណឹងល្អទេ ឬដំណឹងល្អគ្រាន់តែក្លាយទៅជាពាក្យសម្តីដែលហូរហែរតាមរបៀបសង្គមនាបច្ចប្បុន្ន តែងតែប្រាប់យើងជារៀងរាល់ថ្ងៃប៉ុណ្ណោះ។ រីឯការប្រកាសដំណឹងល្អនេះ សម្ដែងសេចក្តីស្រឡាញ់លើសអ្វីៗទាំងអស់។

២០០- ខ្ញុំសូមផ្ញើពាក្យដាស់តឿននេះជូនមកសមាជិកនៃព្រះសហគមន៍កាតូលិក។ ហេតុនេះ ខ្ញុំសូមនិយាយទាំងព្រួយថា អ្នកក្រីក្រកើតទុក្ខដោយយើងប្រកាន់គេ បណ្តាលមកពីយើងមិនចាប់អារម្មណ៍នឹងគេខាងវិញ្ញាណ។ អ្នកក្រីក្រភាគច្រើនយកចិត្តទុកដាក់យ៉ាងពិសេសអំពីជំនឿ គេត្រូវការព្រះជាម្ចាស់យ៉ាងខ្លាំង។ យើងមិនអាចធ្វេសប្រហែសជូនព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គចំពោះគេ ធ្វេសប្រហែសនាំពររបស់ព្រះអង្គដល់គេ ធ្វេសប្រហែសនាំព្រះបន្ទូលដល់គេ ធ្វេសប្រហែសធ្វើអគ្គសញ្ញាជូនគេ ព្រមទាំងធ្វេសប្រហែសផ្តល់យោបល់អំពីផ្លូវដែលនាំឱ្យជំនឿរបស់គេចម្រើនឡើងយ៉ាងល្អប្រសើរ។ ជម្រើសបម្រើជនក្រីក្រលើសគេទាំងអស់ នាំឱ្យយើងចាប់អារម្មណ៍នឹងគេខាងផ្លូវសាសនានានាទុកជាអាទិភាពយ៉ាងពិសេស។

២០១- កុំឱ្យមាននរណាប្រាប់ថា ខ្លួនស្ថិតនៅឆ្ងាយពីអ្នកក្រីក្រ ព្រោះខ្លួនបានជ្រើសរើសរស់នៅតាមរបៀបម៉្យាងនាំឱ្យខ្លួនត្រូវចាប់អារម្មណ៍នឹងកិច្ចការផ្សេងទៀត។ អ្នកបង្រៀននៅសកលវិទ្យាល័យ អ្នកណែនាំសហគ្រាស ឬអ្នកមានអាជីវកម្មផ្សេងៗ សូម្បីតែខាងព្រះសហគមន៍ដែរ ក៏តែងដោះសារខ្លួនដូច្នេះដែរ។ ទោះបីយើងអាចនិយាយជាទូទៅថា ព្រះជាម្ចាស់ត្រាស់ហៅគ្រីស្តបរិស័ទធម្មតាទាំងប៉ុន្មានឱ្យបំពេញបេសកកម្មផ្ទាល់ គឺឱ្យប្រែពិភពលោកនេះដើម្បីដំណឹងល្អ ប្រែសកម្មភាពទាំងប៉ុន្មានរបស់មនុស្សក្តី ក៏ប៉ុន្តែ គ្មាននរណាអាចចាត់ខ្លួនថា មិនត្រូវរវីរវល់នឹងអ្នកក្រីក្រទេ ហើយក៏មិនត្រូវចាប់អារម្មណ៍នឹងកសាងយុត្តិធម៌ក្នុងសង្គមដែរ។ “គ្រីស្តបរិស័ទទាំងអស់ត្រូវប្រែចិត្តគំនិតតាមព្រះវិញ្ញាណ ត្រូវមានសេចក្តីស្រឡាញ់យ៉ាងខ្លាំងចំពោះព្រះជាម្ចាស់ និងចំពោះមនុស្សឯទៀតៗត្រូវខ្នះខ្នែរកយុត្តធម៌ និងសន្តិភាព ហើយក៏ត្រូវរាប់អានអ្នកក្រតាមដំណឹងល្អ និងត្រូវរស់នៅបែបក្រីក្រទៀត។ ព្រះជាម្ចាស់សុំឱ្យគ្រីស្តបរិស័ទទាំងអស់ប្រព្រឹត្តដូច្នេះជាចាំបាច់”។ ខ្ញុំខ្លាចថា ពាក្យទាំងនោះគ្រាន់តែនាំឱ្យគេបរិយាយប៉ុណ្ណោះ តែមិននាំឱ្យប្រព្រឹត្តកិច្ចការយ៉ាងជាក់ស្តែងទេ។ ទោះជាយ៉ាងណាក៏ដោយ ក៏ខ្ញុំនៅតែមានសេចក្តីសង្ឃឹមទៅលើចិត្តគំនិតទូលំទូលាយរបស់គ្រីស្តបរិស័ទដែលសុខចិត្តធ្វើតាម។ ខ្ញុំសូមបងប្អូនរួមគ្នារកផ្លូវថ្មី ដើម្បីទទួលយោបល់នេះដែលខ្ញុំជូនមកសារជាថ្មីនេះ។

សេដ្ឋកិច្ច និងការចែកចាយផលទុន

២០២- យើងមិនត្រូវពន្យារពេលរកដំណោះស្រាយមូលហេតុក្នុងរចនាសម្ពន្ធនៃសង្គមដែលបណ្តាលឱ្យមានអ្នក ក្រីក្រជាដាច់ខាត់។ យើងមិនត្រូវពន្យារពេល មិនគ្រាន់តែមកពីយើងចង់បានលទ្ធផល និងឱ្យមានរបៀបរៀបរយក្នុងសង្គមប៉ុណ្ណោះទេ តែមកពីយើងត្រូវព្យាបាលសង្គមដែលមានជំងឺម្យ៉ាងបណ្តាលឱ្យសង្គមទន់ខ្សោយ និងមិនសម។ ប្រសិនបើយើងមិនប្រែ និងព្យាបាលសង្គមទេ គង់តែនឹងកើតវិបត្តិថ្មីៗតទៅទៀតពុំខាន។ ត្រូវយល់គិតថា កម្មវិធីជួយសង្គ្រោះដោះស្រាយបញ្ហាជាបន្ទាន់ គ្រាន់តែជាការតបឆ្លើយបណ្តោះអាសន្នប៉ុណ្ណោះទេ។ ទាល់តែគ្មានដោះស្រាយបញ្ហារបស់អ្នកក្រីក្រដល់ឫស គឺត្រូវឱ្យផ្សារអន្តរជាតិលះបង់ស្វយ័តភាពលើសអ្វីៗទាំងអស់ ត្រូវឱ្យអ្នកមានដើមទុនកេងប្រវ័ញ្ចឈប់ចង់បានផលទុនច្រើនឥតព្រំដែនជាមុនសិន ហើយក៏ត្រូវខិតខំបំបាត់មូលហេតុបណ្តាលមកពីរចនាសម្ពន្ធនៃសង្គម ដែលបង្កើតឱ្យមានវណ្ណៈប្លែកពីគ្នាទៀតដែរ។ ប្រសិនបើបញ្ហាទាំងនោះមិនបានដោះស្រាយទេ បញ្ហានៃពិភពលោកមិនអាចដោះស្រាយបានឡើយ។ បើនិយាយឱ្យត្រង់ក៏គ្មានបានដោះស្រាយបញ្ហាណាយ៉ាងពិតប្រាកដសោះ។ ការមានវណ្ណៈប្លែកពីគ្នាក្នុងសង្គម ជាឫសគល់បណ្តាលមកពីសេចក្តីអាក្រក់គ្រប់យ៉ាងក្នុងសង្គម។

២០៣- ត្រូវតែលើកយកកិត្តិយសរបស់បុគ្គលម្នាក់ៗ និងប្រយោជន៍រួមធ្វើជាគោលតែងតាំងរចនាសម្ពន្ធនៃនយោបាយសេដ្ឋកិច្ចទាំងមូល។ ប៉ុន្តែ ជួនកាលកិត្តិយសរបស់បុគ្គលម្នាក់ៗ និងប្រយោជន៍រួមនោះ គ្រាន់តែជាផ្នែកដ៏មិនសំខាន់ ដែលគេយកមកបន្ថែមលើពាក្យឃោសនាខាងនយោបាយរបស់គេប៉ុណ្ណោះ ជាពាក្យឃោសនាដែលគ្មានទិសដៅ និងគ្មានកម្មវិធីអភិវឌ្ឍន៍បុគ្គលទាំងស្រុងយ៉ាងពិតប្រាកដ។ ពាក្យសម្តីជាច្រើនរបស់យើងរំខានដល់រចនាសម្ពន្ធបែបនេះ។ ប្រសិនបើយើងនិយាយអំពីសីលធម៌យើងរំខានគេ ប្រសិនបើយើងនិយាយអំពីសាមគ្គីក្នុងពិភពលោកយើងរំខានគេ ប្រសិនបើយើងប្រាប់ឱ្យគេយកភោគទ្រព្យមកចែកចាយដល់អ្នកដទៃយើងរំខានគេ ប្រសិនបើយើងប្រាប់ឱ្យគេការពារការងារអ្នកដទៃធ្វើយើងរំខានគេ ប្រសិនបើយើងនិយាយអំពីកិត្តិយសរបស់មនុស្សទន់ខ្សាយយើងរំខានគេ ប្រសិនបើយើងនិយាយអំពីព្រះមួយអង្គដែលទាមទារឱ្យមនុស្សប្តេជ្ញាចិត្តរកយុត្តិធម៌ក្នុងសង្គម យើងក៏រំខានគេដែរ។ ជួនកាលគេយកពាក្យទាំងនោះមកប្រើតាមគោលដៅផ្ទាល់របស់គេ។ គេបំបាត់កិត្តិយសរបស់ខ្លួនដោយប្រើពាក្យទាំងនោះបែបនេះ។ តាមធម្មតាយើងរស់នៅយ៉ាងស្រួលមិនអើពើនឹងបញ្ហាទាំងនោះទេ បណ្តាលឱ្យការរស់នៅរបស់យើង និងពាក្យសម្តីរបស់យើងបាត់អត្ថន័យទាល់តែសោះ។ អ្នកដែលមានឧបនិស្ស័យបង្កើតសហគ្រាសពិតជាការងារដ៏ប្រសើរណាស់ ប៉ុន្តែ ក្នុងការណែនាំ សហគ្រាសនោះត្រូវរិះគិតជានិច្ចអំពីអត្ថន័យនៃជីវិតមនុស្សដែលប្រសើរធំទូលំទូលាយជាងសហគ្រាសរបស់ខ្លួនទៅទៀត។ បើគិតដូច្នេះ គេអាចបម្រើប្រយោជន៍រួមពិតមែន គឺគេខិតខំធ្វើឱ្យសម្បត្តិទ្រព្យចម្រើនចំនួនឡើង និងធ្វើឱ្យមនុស្សទាំងអស់អាចទិញសម្បត្តិទ្រព្យទាំងនោះប្រើប្រាស់កាន់តែស្រួលបានដែរ។

២០៤- យើងមិនអាចទុកចិត្តលើកម្លាំងលាក់កំបាំងនៃផ្សារអន្តរជាតិទៀតបានទេ ព្រោះផ្សារអន្តរជាតិនោះប្រៀបដូចជាមនុស្សខ្វាក់ភ្នែកមើលអ្វីៗមិនឃើញ។ បើយើងចង់ឱ្យមនុស្សមានតាមកម្រិតដែលខ្លួនអាចទទួលបានត្រូវឱ្យសេដ្ឋកិច្ចចម្រើនឡើង តែត្រូវខិតខំរកអ្វីមួយលើសពីការអភិវឌ្ឍនៃសេដ្ឋកិច្ចនោះទៅទៀត គឺត្រូវមានការសម្រេចផ្សេងៗ ត្រូវមានកម្មវិធីផ្សេងៗ ត្រូវការមានរចនាសម្ពន្ធ និងរបៀបពិសេសតម្រង់ទៅចែកចាយផលទុនតម្រង់ទៅបង្កើតការងារធ្វើថ្មី តម្រង់ទៅលើកស្ទួយជនក្រីក្រទាំងស្រុង។ ការលើកស្ទួយជនក្រីក្របែបនេះហួសពីការជួយគេទៅទៀត។ ខ្ញុំមិនចង់និយាយដូចអ្នកដែលតែងតែនិយាយថា ត្រូវយកលុយពីអ្នកមានមកចែកឱ្យអ្នកក្រទេ។ ខ្ញុំមិនចង់និយាយដូច្នេះទេ គឺដូចអ្នកបញ្ឆោតប្រជាជនជាអ្នកមិនទទួលខុសត្រូវទេ តែខ្ញុំចង់និយាយថា សេដ្ឋកិច្ចមិនអាចប្រើឱសថដែលមានពឹសពុលថ្មីទៀតបានទេ ដូចអ្នកដែលអះអាងថា គេអាចរកបានកម្រៃកាន់តែច្រើនឡើង ដោយបន្ថយចំនួនកម្មករ។ ធ្វើដូច្នេះ គេមុខជាបង្កើនចំនួនមនុស្សដែលត្រូវគេដេញចេញពីសង្គមចោលពុំខាន។

២០៥- ខ្ញុំអង្វរព្រះជាម្ចាស់ សូមព្រះអង្គប្រោសឱ្យចំនួនអស់លោកអ្នកនយោបាយ ដែលមានសមត្ថភាពអាចនិយាយសន្ទនាគ្នាយ៉ាងពិតប្រាកដ តម្រង់យ៉ាងសកម្មទៅព្យាបាលឫសដ៏ជ្រៅនៃអយុត្តិធម៌ក្នុងពិភពលោក នាបច្ចុប្បន្នកាល គឺមិនគ្រាន់តែព្យាបាលអាការៈខាងក្រៅប៉ុណ្ណោះទេ។ មនុស្សនាបច្ចុប្បន្នកាលតែងតែមើលងាយនយោបាយដោយចោទថានយោបាយបោក ក៏ប៉ុន្តែ នយោបាយពិតជាការងារមួយដ៏ប្រសើរបំផុត គឺជារបៀបសម្តែងសេចក្តីស្រឡាញ់ដ៏មានតម្លៃជាងគេចំពោះប្រជាជន ព្រោះនយោបាយតម្រង់មនុស្សទៅស្វែងរកប្រយោជន៍រួម។ យើងត្រូវដឹងយ៉ាងជាក់ច្បាស់ថា សេចក្តីស្រឡាញ់ “ជាគោលការណ៍ណែនាំយើងក្នុងកិច្ចការតូចៗដែលយើងតែងធ្វើនោះ គឺមិនគ្រាន់តែណែនាំយើងឱ្យមានទំនាក់ទំនងជាមួយមិត្តសម្លាញ់ក្នុងក្រុមគ្រួសារ ក្នុងក្រុមតូចៗប៉ុណ្ណោះទេ តែសេចក្តីស្រឡាញ់ក៏ជាគោលការណ៍ណែនាំមនុស្សក្នុងកិច្ចការដ៏សំខាន់ៗដែរ គឺណែនាំឱ្យមានទំនាក់ទំនងក្នុងសង្គម ឱ្យមានទំនាក់ទំនងខាងសេដ្ឋកិច្ច ឱ្យមានទំនាក់ទំនងខាងនយោបាយថែមទៀត”។ ខ្ញុំអង្វរព្រះអម្ចាស់ សូមព្រះអង្គប្រោសប្រទានឱ្យមានអ្នកនយោបាយកាន់តែច្រើនឡើងៗ ដែលយកចិត្តទុកដាក់យ៉ាងពិតប្រាកដនឹងសង្គម និងប្រជាជន ហើយនិងការរស់នៅរបស់អ្នកក្រីក្រ។ អ្នកដឹកនាំប្រទេស និងអ្នកកាន់អំណាចខាងហិរញ្ញវត្ថុត្រូវយកចិត្តទុកដាក់ជាចំបាច់ និងមានគំនិតទូលំទូលាយសូមរកមធ្យោបាយឱ្យប្រជាពលរដ្ឋទាំងអស់មានការងារធ្វើយ៉ាងគួរសម ឱ្យគេអាចទទួលការអប់រំ និងឱ្យគេអាចព្យាបាលខ្លួនបានផង។ ហេតុអ្វីយើងមិនអង្វរព្រះជាម្ចាស់ សូមព្រះអង្គជួយបំភ្លឺចិត្តគំនិតអស់លោកអ្នកនយោបាយនៅពេលអស់លោកអ្នកធ្វើគម្រោងការ? ខ្ញុំជឿជាក់ថា ប្រសិនបើមនុស្សសុខចិត្តទទួលព្រះជាម្ចាស់ដែលស្ថិតនៅលើអ្វីៗទាំងអស់មុខជានឹងកើតមានទស្សនៈនយោបាយ និងទស្សនៈសេដ្ឋកិច្ចបែបថ្មីដែលអាចជួយឱ្យសេដ្ឋកិច្ច និងប្រយោជន៍រួមឈប់បែកគ្នាតែរកផ្លូវដើរជាមួយគ្នាបាន។

២០៦- តាមភាសាក្រិកពាក្យ “សេដ្ឋកិច្ច” មានន័យថា ការត្រួតត្រា គឺជាបចេ្ចកទេសម្យ៉ាងក្នុងការត្រួតត្រាពិភពលោកទាំងមូលដែលជាផ្ទះរួមរបស់មនុស្សលោក។ កិច្ចការណាខាងសេដ្ឋកិច្ចដ៏ធំម៉្យាងនៅផ្នែកណាមួយនៃផែនដី សុទ្ធតែមានឥទ្ធិពលលើពិភពលោកទាំងមូល។ ហេតុនេះហើយ បានជាគ្មានរដ្ឋាភិបាលណាមួយអាចធ្វើកិច្ចការដោយមនុស្សទាំងអស់មិនទទួលការខុសត្រូវទេ។ តាមពិត ប្រទេសមួយកាន់តែពិបាករកដំណោះស្រាយបញ្ហាតាមកម្រិតរបស់ខ្លួន ព្រោះក្នុងពិភពលោកមានការខ្វែងគំនិតគ្នារួមដ៏ធំសម្បើម។ ហេតុនេះ នយោបាយក្នុងប្រទេសមួយជួបប្រទះបញ្ហាជាច្រើនដែលត្រូវដោះស្រាយ។ ក្នុងដំណាក់កាលជាប្រវត្តិសាស្រ្តបច្ចុប្បន្នកាលនេះ ប្រសិនបើយើងពិតជាចង់ទៅដល់សេដ្ឋកិច្ចពិភពលោកដ៏ត្រឹមត្រូវ ត្រូវរករបៀបឱ្យសហគមន៍អន្តរជាតិ ធ្វើអន្តរាគមន៍យ៉ាងស័ក្ដិសិទ្ធ ដែលធានាសេចក្តីសុខសាន្តខាងសេដ្ឋកិច្ច សម្រាប់គ្រប់ប្រទេសមិនគ្រាន់តែសម្រាប់តែប្រទេសមួយចំនួនប៉ុណ្ណោះទេ ក៏ប៉ុន្តែ ប្រទេសនីមួយៗត្រូវរក្សាទុកម្ចាស់ការរៀងៗខ្លួនដែរ។

២០៧- ទោះបីព្រះសហគមន៍និយាយអំពីប្រធានបទខាងសង្គមក្តី ឬរិះគន់រដ្ឋាភិបាលនានាក្តី ប្រសិនបើព្រះសហគមន៍ទាំងមូលនៅស្ងៀមមិនយកចិត្តទុកដាក់បង្កើតគំនិត និងកិច្ចការថ្មី ហើយក៏មិនរួមសហការជាមួយមនុស្សឯទៀតៗយ៉ាងស័ក្តិសិទ្ធិ ដើម្បីឱ្យអ្នកក្រីក្ររស់នៅស្របតាមកិត្តិយសជាមនុស្ស និងដើម្បីឱ្យមនុស្សទាំងអស់ចូលរួមគ្នា ព្រះសហគមន៍មុខជាត្រូវរលាយពុំខាន។ មុខជាគំនិតលោកីយ៍ខាងវិញ្ញាណមានប្រៀបលើព្រះសហគមន៍ពុំខាន។ គំនិតលោកីយ៍ខាងវិញ្ញាណតែងលាក់ខ្លួនដោយគ្រីស្តបរិស័ទធ្វើពិធីបុណ្យ និងប្រជុំគ្នាយ៉ាងឥតបានផល ឬដោយពោលពាក្យសម្តីដែលគ្មានអត្ថន័យ។

២០៨- ប្រសិនបើពាក្យរបស់ខ្ញុំនេះបណ្តាលឱ្យគ្រីស្តបរិស័ទម្នាក់យល់ថា ខ្លួនត្រូវរបួសចិត្តនោះ ខ្ញុំសូមនិយាយប្រាប់គេថា ខ្ញុំនិយាយពាក្យទាំងនេះដោយចិត្តស្រឡាញ់ និងដោយមានគោលបំណងល្អទៀងត្រង់ ខ្ញុំមិនរកប្រយោជន៍ផ្ទាល់ខ្លួនណាមួយទេ ខ្ញុំក៏មិនកាន់តាមមនោគមវិជ្ជានយោបាយណាមួយដែរ។ ខ្ញុំមិនមែននិយាយក្នុងឋានៈជាខ្មាំង ឬជាអ្នកប្រឆាំងទេ។ ខ្ញុំគ្រាន់តែយកចិត្តទុកដាក់ធ្វើឱ្យអស់អ្នកដែលនៅតែជាទាសករនៃគំនិតបុគ្គលនិយម ឬជាទាសករនៃមតិមិនចង់រវីរវល់ និងអ្នកដទៃ ឬជាទាសករនៃមតិអត្តទត្ថបុគ្គលនិយមអាចរំដោះខ្លួនចេញពីចំណងដ៏ថោកទាបទាំងនោះ។ សូមឱ្យគេរស់នៅ និងរិះគិតបែបសមជាមនុស្សតាមរបៀបថ្លៃថ្នូរតាមរបៀបដែលបង្កើតផល ហើយឱ្យដំណើរឆ្លងកាត់របស់គេនៅលើផែនដីនេះបានកិត្តិយសដែរ។

ត្រូវយកចិត្តទុកដាក់ថែរក្សាមនុស្សមិនរឹងប៉ឹង

២០៩- ព្រះយេស៊ូជាអ្នកនាំដំណឹងល្អដ៏ប្រសើរជាងគេទាំងអស់ គឺព្រះអង្គផ្ទាល់ជាដំណឹងល្អនោះឯង។ ព្រះអង្គតែងរួបរួមជាមួយអ្នកតូចតាច (មថ ២៥,៤០)។ ការនេះរំឭកយើងទាំងអស់គ្នាជាគ្រីស្តបរិស័ទឱ្យយកចិត្តទុកដាក់នឹងអ្នកទន់ខ្សោយនៅលើផែនដី។ ប៉ុន្តែ នាបច្ចុប្បន្នកាល មនុស្សតែងតែយក “ជោគជ័យ” និង “សិទ្ធិឯកជន” មក “ធ្វើជាគោលការណ៍”។ ហេតុនេះ អ្នកដែលប្តេជ្ញាចិត្តជួយអស់នាក់ដើរតាមក្រោយ ឬយកចិត្តទុកដាក់នឹងមនុស្សទន់ខ្សោយ និងអ្នកមិនសូវមានធនធានមនុស្សទូទៅតែងយល់ថា ជីវិតគេគ្មានអត្ថន័យគេមិនអាចចម្រើនឡើងក្នុងការរស់នៅបានឡើយ។

២១០- យើងត្រូវយកចិត្តទុកដាក់ជាចំាបាច់នឹងភាពក្រីក្រ និងមនុស្សទន់ខ្សោយរបៀបថ្មី។ ទោះបីយើងមិនបានផលប្រយោជន៍ភ្លាមៗយ៉ាងច្បាស់តាមអាការៈខាងក្រៅក្តី ក៏ព្រះគ្រីស្តត្រាស់ហៅយើងឱ្យទទួលស្គាល់ព្រះអង្គកំពុងរងទុក្ខក្នុងអ្នកទាំងនោះ គឺអ្នកគ្មានផ្ទះនៅ អ្នកដែលវក់នឹងគ្រឿងញៀន ជនភៀសខ្លួន និងជនភាគតិចដែលរស់នៅក្នុងស្រុកតាំងពីបរមបុរាណរៀងមក ព្រមទាំងមនុស្សចាស់ជរាដែលរស់នៅឯកាឯកោដោយគ្មាននរណាគិតគូឱ្យ។ល។ និង។ល។ ខ្ញុំបារម្ភយ៉ាងខ្លាំង ពិសេសចំពោះអ្នកដែលចេញពីប្រទេសមួយទៅរស់នៅក្នុងប្រទេសមួយផ្សេងទៀត ព្រោះខ្ញុំជាគង្វាលរបស់ព្រះសហគមន៍មួយដ៏ឥតព្រំដែន ហើយដែលចាត់ខ្លួនថា ជាម្តាយរបស់មនុស្សទាំងអស់។ ហេតុនេះហើយ បានជាខ្ញុំសូមអំពាវនាវប្រទេសនានាឱ្យបើកទ្វារទទួលគេតាមសទ្ធាជ្រះថ្លា។ កុំខ្លាចបាត់អត្តសញ្ញាណជាតិរបស់ខ្លួនឡើយ! សូមខិតខំបង្កើតសំយោគវប្បធម៌ថ្មីឡើង។ ទីក្រុងណាដែលមានមនុស្សប្លែកៗចម្រុះគ្នារស់នៅ ទាំងមិនខ្លាចគ្នាទាំងទុកចិត្តគ្នាទៅវិញទៅមក ដែលបណ្តោយឱ្យមនុស្សជាតិប្លែកពីគ្នារួមរស់ជាមួយគ្នា ពិតជាទីក្រុងល្អប្រសើរណាស់។ ការរស់នៅរួមជាមួយគ្នាក៏ជួយអភិវឌ្ឍប្រទេសនោះតាមរបៀបថ្មីដែរ។ ទោះបីក្នុងរបៀបស្ថាបនាក្តី ក៏មានកន្លែងសម្រាប់ឱ្យប្រជាជននានាអាចជួបជុំគ្នា បានបង្កើតទំនាក់ទំនងជាមួយគ្នាជួយ ឱ្យមនុស្សទទួលស្គាល់គ្នា។ ក្រុងទាំងប៉ុន្មានបែបនោះល្អប្រសើរណាស់!។

២១១- តាំងពីយូរមកហើយ សភាពការណ៍របស់អស់អ្នកដែលរងគ្រោះដោយការជំនួញមនុស្សគ្រប់យ៉ាងបណ្តាលឱ្យខ្ញុំព្រួយចិត្តយ៉ាងខ្លាំង។ ខ្ញុំចង់ឱ្យយើងទាំងអស់គ្នាយកចិត្តទុកដាក់ស្តាប់សូរសម្រែករបស់ព្រះជាម្ចាស់ ដែលសួរយើងទាំងអស់គ្នា “តើប្អូនរបស់អ្នកនៅឯណា?” (កណ ៤,៩)។ តើបងប្អូនទាសករនៅឯណាដែរ? តើឯណាមនុស្សដែលអ្នកឯងកំពុងតែសម្លាប់ជារៀងរាល់ថ្ងៃ ដោយប្រើគេក្នុងរោងចក្រតូចខុសច្បាប់? បងប្អូនដែលជាប់ក្នុងខ្សែបណ្តាញពេស្យាកម្ម ប្អូនៗដែលគេប្រើដើម្បីសុំទាន អ្នកដែលត្រូវលាក់ខ្លួនព្រោះគេធ្វើការទាំងគ្មានក្រដាសស្នាម។ យើងកុំធ្វើគថ្លង់មិនដឹងមិនឮ។ មានមនុស្សជាច្រើនស៊ុំគ្រលំជាមួយអ្នកទាំងប៉ុន្មានដែលប្រព្រឹត្តការទាំងនេះ។ នរណាក៏ត្រូវសួរសំណួរនេះដែរ។ ក្នុងក្រុងយើងរស់នៅមានអ្នកប្រព្រឹត្តអំពើឧក្រិដ្ឋទាំងនេះ មនុស្សជាច្រើនមានដៃប្រឡាក់ឈាមដោយនៅស្ងៀមស្ងាត់ស៊ុំគ្រលំជាមួយគេយ៉ាងសុខសាន្ត។

២១២- ស្រី្តៗដែលរស់នៅដាច់ដោយឡែកពីគេក៏ជាអ្នកក្រីក្រមួយជាទ្វេ។ នាងរងទុក្ខដោយគេធ្វើបាបដោយត្រូវហិង្សា ដ្បិតនាងមិនសូវមានលទ្ធភាពទាមទារសិទ្ធិរបស់ខ្លួន។ ប៉ុន្តែ មានស្ត្រីខ្លះៗប្រព្រឹត្តកិច្ចទុកជាវីរៈនារីក្នុងការរស់នៅប្រចាំថ្ងៃរបស់គេ ដោយយកចិត្តទុកដាក់ការពារ និងថែរក្សាក្រុមគ្រួសារដ៏ទន់ខ្សោយរបស់ខ្លួន។

២១៣- ក្នុងចំណោមជនទន់ខ្សោយទាំងនោះមានកូនដែលនៅក្នុងពោះម្តាយ ដែលគ្មានអ្វីការពារគ្នាគ្មានទោស។ ព្រះសហគមន៍ចង់ថែរក្សាពួកគេដោយចិត្តស្រឡាញ់ខ្លាំងជាងគេ។ នាបច្ចុប្បន្នកាលមានមនុស្សខ្លះបដិសេធ មិនឱ្យកូនទាំងនោះស្គាល់កិត្តិយសជាមនុស្ស គេមានបំណងចង់ប្រើវាតាមអំពើចិត្តគេទាំងដកជីវិតវាចេញ។ គេលើកស្ទួយឱ្យបង្កើតច្បាប់ពន្លូតកូន បណ្តាលឱ្យគ្មាននរណាអាចឃាត់អំពើទាំងនោះបានឡើយ។ ជាញឹក គេតែងតែមើលងាយព្រះសហគមន៍ដែលការពារជីវិតកូនៗនៅក្នុងពោះម្តាយទាំងនិយាយថា សេចក្តីបង្រៀនរបស់ព្រះសហគមន៍ហូរមកពីមនោគមវិជ្ជារបស់ជនល្ងង់ខ្លៅ គិតតែពីរក្សាទុកសេចក្តីពីបុរាណប៉ុណ្ណោះ។ ក៏ប៉ុន្តែ ការការពារជីវិតដែលកើតនោះភ្ជាប់នឹងសិទ្ធិទាំងប៉ុន្មានរបស់មនុស្ស។ ព្រះសហគមន៍ជឿជាក់ថា ទោះជានៅសភាពការណ៍ណាក្តី និងក្នុងគ្រប់ដំណាក់កាលនៃការចម្រើនក្តី ក៏មនុស្សមានកិត្តិយសដ៏សក្ការៈដែលមិនអាចរំលោភបានដែរ។ ត្រូវកាន់ជំនឿជាក់ច្បាស់នេះ មិនត្រូវប្រើជំនឿនេះដើម្បីដោះស្រាយការពិបាកឯទៀតៗឡើយ។ ប្រសិនបើគ្រីស្តបរិស័ទបាត់ជំនឿជាក់ច្បាស់នេះ គ្មានគ្រឹះយ៉ាងមាំមួននឹងនៅស្ថិតស្ថេរ ដែលអាចការពារសិទ្ធិមនុស្សបានទេ សិទ្ធិមនុស្សទាំងនោះក៏មុខជានឹងប្រែប្រួលតាមអ្នកកាន់អំណាចពេញចិត្ត និងសេចក្តីត្រូវការនៃសម័យណាមួយ។ មនុស្សដែលមានប្រាជ្ញាគ្រប់គ្រាន់តាមធម្មជាតិ ហើយក៏អាចទទួលស្គាល់កិត្តិយសនៃជីវិតដែលមិនអាចរំលោភបាន។ ប៉ុន្តែ ប្រសិនបើយើងគិតតាមជំនឿវិញ “អ្នករំលោភកិត្តិយសរបស់មនុស្សម្នាក់ ក៏ត្រូវទទួលទោសពីព្រះជាម្ចាស់ ហើយក៏បែរទៅប្រព្រឹត្តបទល្មើសចំពោះព្រះដែលប្រតិស្ឋានមនុស្សដែរ”

២១៤- ព្រះសហគមន៍មិនអាចកែប្រែការបង្រៀនរបស់ខ្លួនអំពីសេចក្តីនេះបានទេ ព្រោះសេចក្តីនេះស៊ីជ្រៅពីខាងក្នុងនឹងសេចក្តីដែលយើងប្រកាសអំពីកិត្តិយសរបស់មនុស្ស។ ខ្ញុំចង់និយាយតាមត្រង់អំពីរឿងនេះ កុំស្មានថា ព្រះសហគមន៍កែប្រែអំពីសេចក្តីនេះឡើយ។ លទ្ធិនេះមិនអាចកែទម្រង់បាន ឬក៏មិនអាចប្រែដើម្បីឱ្យបានស្របតាមមតិ “ទំនើប” ណាមួយដូចអ្នកខ្លះស្មាននោះដែរ។ ការកម្ទេចបំផ្លាញជីវិតមនុស្សម្នាក់មិនមែនជាការចម្រើនឡើង ដើម្បីរកដំណោះស្រាយបញ្ហាឯទៀតៗទេ។ តាមពិត ត្រូវទទួលស្គាល់ថា ព្រះសហគម៍យើងមិនសូវបានជួយស្ត្រីដែលបានជួបប្រទះសភាពការណ៍ដ៏សែនពិបាកតាមយើងមានភារកិច្ចជួយនោះទេ។ ហេតុនេះ មានស្ត្រីខ្លះយល់ឃើញថា មានតែការពន្លូតកូនដែលអាចដោះស្រាយយ៉ាងលឿននូវការតប់ប្រមល់ដ៏ជ្រៅរបស់នាង ជាពិសេស នៅពេលនាងមានផ្ទៃដោយគេរំលោភលើរូបកាយនាង ឬដែលនាងរស់នៅក្នុងភាពក្រីក្របំផុត។ នរណាក៏អាចយល់សភាពការណ៍ដ៏សែនព្រួយនោះបានដែរ។

២១៥- មានមនុស្សទន់ខ្សោយមួយប្រភេទផ្សេងទៀត ដែលគ្មានរណាជួយការពារដែរ គឺមនុស្សដែលគេប្រើដើម្បីជាប្រយោជន៍សេដ្ឋកិច្ច ឬដែលគេប្រើដោយមិនរិះគិតពិចារណា។ ខ្ញុំនឹកគិតដល់សត្វលោកទាំងអស់ដែលព្រះជាម្ចាស់ប្រតិស្ឋានមក។ ក្នុងឋានៈយើងជាមនុស្ស យើងមិនគ្រាន់តែទទួលជីវិតប៉ុណ្ណោះទេ តែយើងត្រូវរក្សាសត្វលោកឯទៀតៗថែមទៀត។ ដោយយើងមានរូបកាយ ព្រះជាម្ចាស់បានភ្ជាប់យើងយ៉ាងជិតស្និទ្ធជាមួយពិភពលោកដែលនៅជុំវិញយើង។ យើងម្នាក់ៗត្រូវយល់ឃើញថា ដីក្លាយទៅជារហោស្ថានដូចជាជំងឺម្យ៉ាងរបស់យើងម្នាក់ៗដែរ។ យើងក៏អាចត្អូញត្អែរដោយមានពូជមួយវិនាសអន្តរាយបាត់សូន្យទៅ ហាក់ដូចជាគេកាត់អវៈយវៈរបស់ខ្លួន។ យើងត្រូវប្រយ័ត្នកុំឱ្យដំណើររបស់យើងនៅលើផែនដីនេះ ទុកចោលសញ្ញាសម្គាល់នៃការវិនាសអន្តរាយ និងសញ្ញានៃសេចក្តីស្លាប់បណ្តាលសេចក្តីអាក្រក់ដល់ការរស់នៅរបស់យើង និងកូនចៅរបស់យើងនៅពេលអនាគតតរៀងទៅ។ ហេតុនេះ ខ្ញុំទទួលពាក្យដ៏សែនព្រួយរបស់ក្រុមអភិបាលនៃប្រទេសហ្វីលីពីនថ្លែងជាយូរឆ្នាំមកហើយ ដូចជាពាក្យទំនាយថា៖ “កាលពីមុនមានសត្វល្អិតប្លែកៗពីគ្នាជាច្រើនអនេករស់នៅក្នុងព្រៃឈើ។ វាមានការងាររៀងៗខ្លួនជាច្រើន មានបក្សាបក្សីតែងហោះនៅលើមេឃ និងមានស្លាបចម្រុះពណ៌យំយ៉ាងពិរោះ។ វាតែងតែបន្ថែមសោភ័ណភាពនៃព្រៃព្រឹក្សា។ ព្រះជាម្ចាស់សព្វព្រះហឫទ័យប្រតិស្ឋានផែនដីសម្រាប់យើងជាសត្វលោកពិសេសរបស់ព្រះអង្គ មិនមែនដើម្បីឱ្យយើងបំផ្លាញផែនដីទេ ឬធ្វើឱ្យផែនដីក្លាយទៅជាវាលរហោស្ថានដែរ។ បើគ្រាន់តែភ្លៀងអស់មួយយប់ប៉ុណ្ណោះ សូមមើលទឹកទន្លេមានពណ៌ស្លឹកត្នោតចាស់។ ចូរនឹកថា ទន្លេទាំងនោះដឹកយកឈាមដ៏រស់រវើករបស់ដីតម្រង់ទៅរកសមុទ្រ។ តើត្រីអាចហែលក្នុងទឹកដ៏កខ្វក់នេះដូចម្តចបាន? តើនរណាបានធ្វើឱ្យសមុទ្រដ៏ភ្លឺថ្លាក្លាយទៅជាទីស្មសានដូច្នេះ?”

២១៦- យើងទាំងអស់គ្នាជាគ្រីស្តបរិស័ទ យើងជាអ្នកតូចតាច តែមានកម្លាំងដោយព្រះហឫទ័យមេត្តាករុណារបស់ព្រះជាម្ចាស់ ព្រះអង្គត្រាស់ហៅយើងទាំងអស់គ្នាឱ្យយកចិត្តទុកដាក់នឹងភាពទន់ខ្សោយរបស់ប្រជាជន និងរបស់ពិភពលោកជាកន្លែងយើងរស់នៅដូចសន្តៈហ្វ្រង់ស៊ីស្កូនៅអាស៊ីស៊ីដែរ។

៣) ប្រយោជន៍រួម និងសន្តិភាពក្នុងសង្គម

២១៧- យើងបាននិយាយជាច្រើនអំពីអំណរសប្បាយ និងអំពីសេចក្តីស្រឡាញ់ តែព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏ចែងអំពីសន្តិភាពដែរ (កាឡ ៥,២២)។

២១៨- យើងមិនត្រូវយល់អំពីសន្តិភាពក្នុងសង្គមទុកដូចជាការប្រឆាំងគា្ន ឬទុកដូចជាគ្មានប្រើហិង្សាទេ ឬក៏ទុកជាសន្តិភាពដែលកើតឡើង ដោយមនុស្សមួយក្រុមបង្ក្រាបក្រុមឯទៀតៗទាំងប៉ុន្មាន។ សន្តិភាពបែបទាំងនោះសុទ្ធតែជាសន្តិភាពក្លែងក្លាយ សម្រាប់តែឱ្មនុស្សមួយក្រុមយកលេសមកដោះសាររចនាសម្ពន្ធសង្គម ដែលបង្ក្រាបអ្នកក្រីក្រឱ្យនៅស្ងៀម ឬឱ្យស្ងប់ចិត្តប៉ុណ្ណោះ។ ដូច្នេះ អ្នកសម្បូរបែបយ៉ាងខ្លាំងអាចរក្សាទុកនូវរបៀបរស់នៅរបស់ខ្លួនដោយគ្មាននរណាជំទាស់។ រីឯអ្នកឯទៀតៗខិតខំទប់ទល់នឹងជីវភាពទាំងពិបាក។ គ្មាននរណាមានសិទ្ធិបង្ក្រាបអ្វីដែលមនុស្សទាមទារក្នុងសង្គមនោះ គឺអ្វីៗដែលពាក់ព័ន្ធនឹងការចែកចាយផលទុន ឬអ្វីដែលពាក់ព័ន្ធនឹងអ្នកក្រីក្រចូលរួមក្នុងសង្គម ហើយអ្វីដែលពាក់ព័ន្ធនឹងសិទ្ធិមនុស្សដោយយកលេសចង់រួមគំនិតគ្នាជាឯកភាពក្នុងការិយាល័យ ឬដោយមានបំណងចង់កសាងសន្តិភាពដែលមិនអាចស្ថិតស្ថេរនៅបាន ដើម្បីជាប្រយោជន៍ដល់មនុស្សមួយក្រុមតូចដែលរស់នៅយ៉ាងសប្បាយ។ កិតិ្តយសរបស់មនុស្ស និងប្រយោជន៍រួមស្ថិតនៅហួសពីសេចក្តីសុខសាន្តរបស់មនុស្សមួយក្រុមតូចដែលមិនព្រមលះបង់ឯកសិទ្ធិរបស់ខ្លួនចោលទេ។ ពេលណាមានមួយក្រុមតូចមើលងាយកិត្តិយសមនុស្ស និងប្រយោជន៍រួមត្រូវឱ្យមានសំឡេងព្យាការីម្នាក់បន្លឺឡើងជាចំាបាច់។

២១៩- សន្តិភាព “មិនគ្រាន់មានន័យថា គ្មានសង្គ្រាមទេ ឬសន្តិភាពដែលបណ្តាលមកពីកម្លាំងអាវុធបច្ចាមិត្តស្មើគ្នា។ សន្តិភាពបែបនេះមិនស្ថិតស្ថេររហូតទេ។ មនុស្សត្រូវកសាងសន្តិភាពពីមួយថ្ងៃទៅមួយថ្ងៃទៀត ដោយខិតខំស្វែងរកសាងសង់របៀបរៀបរយស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ គឺដោយមានយុត្តិធម៌កាន់តែប្រសើរឡើងៗ”។ សរុបសេចក្តីមក សន្តិភាពមកពីការអភិវឌ្ឍន៍ទាំងស្រុងរបស់មនុស្សទាំងអស់ ទើបសន្តិភាពនោះមានអនាគតអាចស្ថិតស្ថេរបាន។ បើពុំដូច្នេះទេ សន្តិភាពបែបនោះនៅតែបង្កើតជម្លោះថ្មីជានិច្ច និងបង្កើតហិង្សាតាមរបៀបផ្សេងៗពុំខាន។

២២០- នៅគ្រប់ប្រទេស មនុស្សតែងតែធ្វើឱ្យការរស់នៅរបស់គេមានលក្ខណៈជាសង្គមកាន់តែប្រសើរឡើងៗជាលំដាប់ដោយ តាំងខ្លួនទៅជាប្រជាពលរដ្ឋដែលទទួលខុសត្រូវក្នុងចំណោមប្រជាជនមួយដែលមិនមែនជាហ្វូង ទាសករចុះចូលក្រោមអំណាចត្រួតត្រាគេទេ។ យើងត្រូវនឹកថា “ការរស់នៅជាប្រជាពលរដ្ដដ៏ស្មោះត្រង់ពិតជាគុណធម៌ម្យ៉ាង។ ប្រជាពលរដ្ឋម្នាក់ៗក៏មានភារកិច្ចបែបសីលធម៌ និងរួមចំណែកក្នុងនយោបាយដែរ”។ ក៏ប៉ុន្តែ ប្រសិនបើប្រជាពលរដ្ឋទាំងអស់ចង់ទៅជាប្រជាជាតិមួយ ត្រូវធ្វើការលើសពីនេះទៅទៀត គឺត្រូវបណ្តោយខ្លួនឱ្យនាំចូលរួបរួមក្នុងសង្គម គឺរៀនឱ្យចូលរួបរួមរហូតដល់បង្កើតវប្បធម៌រួមមួយនៃការជួបជុំគ្នា ដោយសុខដុមរមនាដែលមានរបៀបប្លែកៗពីគ្នា។ ការនេះ ពិតជាកិច្ចចម្រើនមួយដ៏យឺតៗ និងដ៏ពិបាកហើយគ្រប់តំណត្រូវប្តេជ្ញាចិត្ត ធ្វើដំណើរបែបនេះជាអចិន្ត្រៃយ៍ផង។

២២១- មានគោលការណ៍បួនដែលអាចណែនាំយើងឱ្យកសាងប្រជាជនមួយប្រកបដោយសន្តិភាព ដោយយុត្តិធម៌ និងដោយភាតរភាព។ គោលការណ៍ទាំងបួននោះតែងភ្ជាប់នឹងកម្លាំងពីរយ៉ាង ដែលទាស់ទែងគ្នាក្នុងគ្រប់ករណីក្នុងសង្គម។ គោលការណ៍ទាំងនោះយោងពីលទ្ធិព្រះសហគមន៍ អំពីសង្គមដែលជា “គ្រឹះដ៏សំខាន់ដើម្បីរិះគិត និងវាយតម្លៃអំពីហេតុការណ៍ទាំងប៉ុន្មានដែលកើតក្នុងសង្គម”។ ដោយយោងតាមលិទ្ធិនេះ ខ្ញុំចង់លើកគោលការណ៍ទាំងបួននោះជូន ដើម្បីកំណត់ទិសឱ្យក្រុមផ្សេងៗអាចរួមរស់នៅជាមួយគ្នាក្នុងសង្គម និងសាងសង់គ្នាជាប្រជាជនមួយបាន។ ក្នុងប្រជាជននោះក្រុមប្លែកៗពីគ្នារួមគ្នាយ៉ាងសុខដុមរមនា ដោយខិតខំបំពេញគម្រោងការរួមមួយ។ ខ្ញុំជឿជាក់ថា ប្រសិនបីគេអនុវត្តតាមគោលការណ៍ទាំងនោះ គេអាចបើកផ្លូវមួយដ៏ពិតប្រាកដទៅកាន់សន្តិភាពក្នុងប្រទេសនីមួយៗ និងក្នុងពិភពលោកទាំងមូល។

ពេលវេលាប្រសើរជាងទីកន្លែង

២២២- ប្រជាពលរដ្ឋម្នាក់ៗតែងតែមានចិត្តប្រទាញប្រទង់គ្នា គឺណាមួយខ្លួនចង់បានអ្វីទាំងអស់ ណាមួយទៀត គេស្គាល់ព្រំដែនរបស់ខ្លួនដែលមិនអាចរកបានទាំងអស់។ យ៉ាងណាមិញបើនិយាយយ៉ាងទូលំទូលាយ “ពេលវេលា” សំដៅលើអ្វីៗទាំងអស់យ៉ាងពេញលេញ ដែលមនុស្សចង់បាននៅពេលខាងមុខ។ រីឯ “ពេលកំណត់” ជាព្រំដែនរបស់មនុស្សដែលរស់នៅក្នុងកន្លែងមួយកំណត់យ៉ាងជាក់ច្បាស់។ ប្រជាពលរដ្ឋមានចិត្តប្រទាញប្រទង់គ្នាដូច្នេះដែរ គឺម៉្យាងគេរស់នៅក្នុងសភាពការណ៍មួយតាមពេលកំណត់មួយ។ ម៉្យាងទៀត គេនឹកគិតដល់អនាគតកាល គឺដល់ពេលវេលាដែលមានព្រំដែនយ៉ាងវែងឆ្ងាយ និងនឹកស្រមៃឃើញគោលដៅចុងក្រោយដែលតែងទាក់ទាញចិត្តមនុស្ស។ ហេតុនេះ ខ្ញុំសូមប្រកាសគោលការណ៍ទីមួយដែលអាចជួយសាងសង់ប្រជាជនមួយ គឺមានដូចតទៅ៖ ពេលវេលាប្រសើរជាងទីកន្លែង។

២២៣- គោលការណ៍នេះជួយយើងឲ្យធ្វើការ ដោយនឹកគិតដល់អនាគតកាលដ៏វែងឆ្ងាយ ដោយមិនគ្រាន់តែគិតពីចង់បានលទ្ធផលភ្លាមៗនោះទេ។ គោលការណ៍នេះក៏ជួយយើងឱ្យមានចិត្តអត់ធ្មត់ខន្តី ចេះស៊ូទ្រាំនឹងសភាពការណ៍ដ៏ពិបាក និងអ្វីដែលប្រឆាំងនឹងយើង ចេះស៊ូទ្រាំនឹងការផ្លាស់ប្តូរនៃផែនការនានាស្របតាមថាមពលនៃព្រឹត្តិការណ៍ដែលកើតឡើង។ គោលការណ៍នេះអញ្ជើញយើងឱ្យយកពេលវេលាធ្វើជាអាទិភាព។ ដូច្នេះ យើងអាចទទួលស្គាល់បំណងរបស់យើង ដែលចង់បានអ្វីៗទាំងអស់យ៉ាងពេញលេញផង និងទទួលស្គាល់ព្រំដែននៃបំណងរបស់យើងនេះផង។ ជួនកាល អ្នកបំពេញសកម្មភាពខាងសង្គម និងនយោបាយលើកយកទីកន្លែងកំណត់ដែលគេកាន់អំណាចនោះ ធ្វើជាអាទិភាពជាងលើកយកពេលវេលាវិញ គឺជាងគិតគូរដល់រយៈពេលសម្រាប់ឱ្យសកម្មភាពអាចចម្រើនឡើងបាន។ អ្នកយកទីកន្លែងកំណត់ធ្វើជាអាទិភាព ប្រៀបដូចមនុស្សឆ្កួតម្នាក់ដែលចង់សម្រេចអ្វីៗទាំងអស់ភ្លាមៗ នៅពេលកំណត់នាបច្ចុប្បន្ន។ ដូច្នេះ គេខិតខំចង់កាន់កាប់អំណាចទាំងអស់ និងចង់បញ្ជាក់ខ្លួនឯងថា គេពិតជាម្ចាស់។ អ្នកគិតដូច្នេះ បញ្ឈប់ការចម្រើននៃគម្រោងការនានាទាំងស្មានថា គេអាចកាន់កាប់ការចម្រើនទាំងនោះបាន។ ផ្ទុយទៅវិញ អ្នកដែលយកពេលវេលាធ្វើជាអាទិភាពតែងតែយកចិត្តទុកដាក់ចាប់ផ្តើមការចម្រើនឡើង ជាជាងកាន់កាប់ទីកន្លែង និងកាន់អំណាចទាំងអស់។ ពេលវេលាចាត់ចែងទីកន្លែងកំណត់ទាំងប៉ុន្មានឱ្យជាប់ជាមួយគ្នាដោយមានរបៀបរៀបរយ និងបំភ្លឺអត្ថន័យទីកន្លែងកំណត់ទាំងនោះ គឺពេលកំណត់ទាំងនោះប្រៀបដូចជាកងទាំងឡាយក្នុងច្រវាក់មួយដ៏វែង ដែលនៅតែចម្រើនឡើងជានិច្ចឥតឈប់ឈរមិនត្រឡប់មកវិញបានសោះ។ អ្នកនោះយកចិត្តទុកដាក់នឹងកិច្ចការដែលបង្កើតថាមពលថ្មីក្នុងសង្គម និងដែលនាំឱ្យមនុស្ស និងក្រុមផ្សេងៗជាច្រើនចូលរួមគ្នា។ ដូច្នេះកិច្ចការទាំងនោះនឹងចម្រើនឡើងជាលំដាប់ រហូតដល់ក្លាយទៅជាព្រឹត្តិការណ៍មួយដ៏សំខាន់តាមប្រវត្តិសាស្រ្ត។ អ្នកនោះគ្មានកង្វល់ក្នុងចិត្តទេ តែមានជំនឿជាក់ច្បាស់ និងមានចិត្តតស៊ូវិញ។

២២៤- ជួនកាលខ្ញុំនឹកគិតថា ក្នុងពិភពលោកនាបច្ចុប្បន្នកាល តើនរណាយកចិត្តទុកដាក់យ៉ាងពិតប្រាកដនឹងបង្កើតការចម្រើនឡើងដែលកសាងប្រជាជន? មានគ្នាជាច្រើនគិតតែពីចង់បានលទ្ធផលភ្លាមៗ នាំឱ្យគេបានផលប្រយោជន៍ខាងនយោបាយភ្លាមៗយ៉ាងស្រួល តែលទ្ធផលទាំងនោះមិនស្ថិតស្ថេរទេ។ អ្នកទាំងនោះមិននាំឱ្យមនុស្សរួបរួមគ្នាយ៉ាងពេញលេញជាមនុស្សជាតិទេ។ ប្រហែលប្រវត្តិសាស្រ្តនឹងវាយតម្លៃគេតាមលក្ខណៈដែលលោករ៉ូមាណូការឌីនី (Romano Guardini) ចែងថា៖ “ត្រូវយកខ្នាតតែមួយគត់វាយតម្លៃសម័យមួយឱ្យបានត្រឹមត្រូវ គឺត្រូវរិះគិតអំពីរបៀបមនុស្សសម័យនោះ បានរួបរួមគ្នាយ៉ាងពេញលក្ខណៈស្របតាមលក្ខណៈពិសេស និងលទ្ធភាពនៃសម័យនោះ”

២២៥- យើងត្រូវគិតគូរអំពីលក្ខណៈនេះក្នុងការប្រកាសដំណឹងល្អដែរ គឺត្រូវនឹកគិតដល់ទិសដៅដ៏វែងឆ្ងាយ និងធ្វើឱ្យការចម្រើនបានស្របតាមអ្វីៗដែលយើងអាចធ្វើបានផង និងតាមផ្លូវទូលាយផង។ ពេលព្រះអម្ចាស់រស់នៅក្នុងលោកនេះ ព្រះអង្គបានពន្យល់ឱ្យក្រុមសាវ័កជាច្រើនដងថា ពួកគេមិនអាចយល់សេចក្តីខ្លះនៅពេលនេះទេ តែត្រូវរង់ចាំព្រះវិញ្ញាណដ៏វិសុទ្ធយាងមក (យហ ១៦,១២-១៣) ទើបគេអាចយល់បាន។ ក្នុងពាក្យប្រស្នាស្តីអំពីពូជល្អ និងស្រងែ ព្រះអង្គពន្យល់លក្ខណៈមួយដ៏សំខាន់នៃការប្រកាសដំណឹងល្អ គឺថា មារអាចចូលកន្លែងកំណត់នៃព្រះរាជ្យ និងបង្ខូចស្រូវល្អជាមួយស្រងែបាន តែវាត្រូវចាញ់ដោយសារគ្រាប់ពូជល្អដែលបង្ហាញខ្លួននៅពេលកំណត់របស់វា។

ការរួបរួមគ្នា ប្រសើរជាងទំនាស់

២២៦- គង់តែមានជម្លោះក្នុងសង្គម។ យើងមិនត្រូវលាក់ទំនាស់ ឬបិទភ្នែក និងនិយាយថា គ្មានទំនាស់សោះ។ ផ្ទុយទៅវិញ យើងត្រូវទទួលស្គាល់ទំនាស់។ ប៉ុន្តែ ប្រសិនបើយើងនៅតែភ្ជាប់ចិត្តនឹងទំនាស់មួយ យើងហាក់ដូចជាជាប់ឃុំឃាំងក្នុងទំនាស់នោះ ហើយមុខជាបំភ្លេចទិសដៅនៃសង្គម យើងលែងឃើញវែងឆ្ងាយ យើងក៏យល់តែម្ខាងក្នុងព្រឹត្តិការណ៍ដែលកើតនោះ។ ពេលណាយើងនៅជាប់នឹងសភាពការណ៍ទាស់ទែងគ្នា យើងលែងយល់ថា អ្វីៗដែលកើតឡើងគឺមូលហេតុទាំងសងខាងរួបរួមគ្នាយ៉ាងជិតស្និទ្ធិក្នុងព្រឹត្តិការណ៍តែមួយនោះ។

២២៧- ពេលណាមានការទាស់ទែងគ្នា មានអ្នកខ្លះគ្រាន់តែមើលទំនាស់នោះ ហើយធ្វើមិនអើពី គេលាងដៃដោះសាខ្លួនដូចលោកពីឡាតពីដើម ដើម្បីអាចបន្តដំណើរជីវិតគេទៅមុខទៀតបាន។ មានអ្នកខ្លះទៀតចូលរួមក្នុងទំនាស់យ៉ាងជ្រៅ តែគេដូចជានៅជាប់ឃុំឃាំងក្នុងទំនាស់នោះ គេមើលមិនវែងឆ្ងាយទេ។ គេយកគំនិតច្របូកច្របល់ និងការមិនពេញចិត្តរបស់ខ្លួនមកចាំងជះទៅលើស្ថាប័ន និងរចនាសម្ពន្ធនានា។ ដូច្នេះ គូបដិបក្ខមិនអាចផ្សះផ្សាគ្នាវិញបានទេ។ មានផ្លូវទីបីសមជាងគេ គឺត្រូវទទួលស្គាល់ទំនាស់នោះទាំងសុខចិត្តស៊ូទ្រាំ និងខិតខំរកដំណោះស្រាយ។ ពេលនោះ យើងប្រែទំនាស់នោះឱ្យក្លាយទៅជាកងមួយតូចក្នុងច្រវាក់នៃការចម្រើនមួយថ្មី។ “អ្នកកសាងសន្តិភាពពិតជានៅតាមផ្លូវតម្រង់ទៅកាន់សេចក្តីសុខសាន្ត” (មថ ៥,៩)។

២២៨- ធ្វើដូច្នេះ ទោះបីមនុស្សប្លែកពីគ្នាក្តី គេក៏អាចរួបរួមគ្នាបានដែរ។ មានតែអ្នកមានឧត្តមគតិខ្ពស់ និងមានសេចក្តីក្លាហានដែលអាចជួយគេឱ្យរួបរួមគ្នាបាន។ អ្នកទាំងនោះយល់ឃើញទំនាស់នោះហួសពីអាការៈខាងក្រៅ ព្រោះគេមើលអ្នកទាស់គ្នាទាំងនោះទុកជាបុគ្គលដែលមានកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត។ ហេតុនេះហើយ បានជាខ្ញុំសូមបញ្ចេញគោលការណ៍មួយទៀតដែលខានមិនបាន ដើម្បីកសាងសេចក្តីស្រឡាញ់ក្នុងសង្គម គឺថា ការរួបរួមគ្នាជាធ្លុងតែមួយប្រសើរជាងទំនាស់។ យើងត្រូវយល់ពាក្យ “សាមគ្គី” តាមអត្ថន័យជ្រៅជាងគេ គឺជាការប្រឈមមុខនឹងសភាពការណ៍ដ៏ពិបាក។ ប្រសិនបានយើងយល់ដូច្នេះ សាមគ្គីពិតជាក្លាយទៅជាមធ្យោបាយបង្កើតប្រវត្តិសាស្ត្រ គឺដូចជាកន្លែងដ៏មានជីវិតរស់រវើក ជួយឱ្យអ្នកទាស់គ្នាមិនព្រមព្រៀងគ្នាប្រឆាំងគ្នា អាចរួបរួមគ្នាជាធ្លុងតែមួយបាន។ ទោះបីមនុស្សប្លែកៗគ្នាក្តី គេអាចរួបរួមគ្នាបាន និងបង្កើតជីវិតថ្មីម៉្យាងដែរ។ មិនត្រូវមានបំណងចង់ធ្វើឱ្យអ្វីៗលាយឡំគ្នាទេ ឬឱ្យមានក្រុមមួយលេបក្រុមមួយទៀតដែរ។ តែត្រូវរកដំណោះស្រាយទំនាស់ដោយយល់ដល់កម្រិតខ្ពស់ គឺរក្សាទុកនូវលទ្ធភាពដែលមានតម្លៃរបស់ក្រុមដែលទាស់ទែងគ្នាឱ្យរួបរួមនោះ។

២២៩- គោលការណ៍តាមដំណឹងល្អនេះរំឭកយើងឱ្យដឹងថា ព្រះគ្រីស្តបានបង្រួបបង្រួមអ្វីៗទាំងអស់ឱ្យរួបរួមគ្នាក្នុងព្រះអង្គ គឺបង្រួបបង្រួមមេឃ និងដី ព្រះជាម្ចាស់ និងមនុស្សលោក ពេលវេលា និងភាពអស់កល្បជានិច្ច សាច់ឈាម និងវិញ្ញាណ បុគ្គល និងសង្គម។ សេចក្តីសុខសាន្តជាសញ្ញាសម្គាល់បញ្ជាក់យ៉ាងជាក់ច្បាស់ថា ព្រះអង្គបានបង្រួបបង្រួម និងបានសម្រុះសម្រួលអ្វីទាំងអស់ក្នុងព្រះអង្គបែបនេះ។ ព្រះគ្រីស្តជា “សេចក្តីសុខសាន្តរបស់យើង” (អភ ២,១៤)។ អ្នកនាំដំណឹងល្អត្រូវចាប់ផ្តើមជានិច្ចដោយជូនពរឱ្យគេបានសេចក្តីសុខសាន្ត។ នៅគ្រប់ឱកាស សេចក្តីសុខសាន្តនេះជាកំពូលនៃទំនាក់ទំនងក្នុងក្រុមសាវ័ក។ សេចក្តីសុខសាន្តក៏ធ្វើឱ្យក្រុមសាវ័ករួបរួមគ្នាជាធ្លុងតែមួយដែរ។ យើងជឿថា សេចក្តីសុខសាន្តអាចកើតមានឡើងបាន ព្រោះព្រះអម្ចាស់យេស៊ូបានឈ្នះលោកីយ៍ដែលនៅតែមានជម្លោះ និងសង្គ្រាមជានិច្ចគឺ “ព្រះអង្គបានធ្វើឱ្យមានសន្តិភាពដោយបង្ហូរព្រះលោហិតនៅលើឈើឆ្កាង” (កូឡ ១,២០)។ ប្រសិនបើយើងស្រាវជ្រាវអំពីអត្ថន័យដ៏ជ្រៅនៃអត្ថបទក្នុងគម្ពីរ យើងមុខជានឹងរកឃើញថា យើងត្រូវរកសេចក្តីសុខសាន្ត គឺក្នុងជម្រៅចិត្តដែលតែងតែមានគំនិតប្រទាញប្រទង់គ្នា។ យើងត្រូវខ្លាចជានិច្ចថា ការរស់នៅរបស់យើងបែកខ្ញែកគ្នាដោយមានគំនិតប្រទាញប្រទង់គ្នាដូច្នេះ។ ប្រសិនបើចិត្តយើងបាក់បែកជាច្រើនបំណែក យើងពិបាកបង្កើតសេចក្តីសុខសាន្តដ៏ពិតប្រាកដក្នុងសង្គមបាន។

២៣០- ការនាំដំណឹងអំពីសេចក្តីសុខសាន្ត មិនមែនជាសន្តិភាពដែលកើតមកពីការចរចាគ្នាទេ តែកើតមកពីយើងជឿជាក់ថា ព្រះវិញ្ញាណសម្រុះសម្រួលអ្វីៗដែលប្លែកៗពីគ្នាឱ្យរួបរួមគ្នាយ៉ាងសុខដុមរមនា។ សេចក្តីសុខសាន្តហួសពីទំនាស់ទាំងប៉ុន្មាន គឺធ្វើសំយោគថ្មីដែលយើងសង្ឃឹមថា នឹងអាចបង្កើតផលបាន។ មនុស្សប្លែកៗពីគ្នាពិតជាការល្អណាស់ លុះត្រាតែ មនុស្សសុខចិត្តចូលរួមក្នុងដំណើរសម្រុះសម្រួលគ្នាជានិច្ច រហូតដល់បង្កើតការព្រមព្រៀងគ្នាខាងវប្បធម៌ដែលធ្វើឱ្យ “សេចក្តីប្លែកៗពីគ្នាបានស្រុះស្រួលគ្នា”។ ក្រុមអភិបាលនៅប្រទេសកុងហ្គោបានបង្រៀនដូច្នេះថា៖ “ក្នុងប្រទេសយើងមានពូជសាសន៍ប្លែកៗពីគ្នា។ ប្រទេសយើងបានសម្បត្តិវប្បធម៌ជាច្រើនតាមពូជសាសន៍ទាំងនោះ។ ប្រសិនបីយើងរួបរួមគ្នាជាធ្លុងតែមួយដោយប្រែចិត្តគំនិត និងសម្រុះសម្រួលគ្នាវិញ យើងមុខជាអាចធ្វើឱ្យប្រទេសយើងលូតលាស់ឡើងបាន”

អ្វីដែលមានយ៉ាងជាក់លាក់ ប្រសើរជាងគំនិតទៅទៀត

២៣១- គំនិត និងអ្វីដែលមានយ៉ាងជាក់លាក់ក៏ទាស់ទែងគ្នាដែរ។ អ្វីដែលមានយ៉ាងជាក់លាក់ គឺមានតែម្តង យើងក៏អាចឃើញបានដែរ។ រីឯគំនិតវិញ ត្រូវតែមនុស្សរិះគិតទើបអាចកើតឡើងបាន។ យើងត្រូវខិតខំធ្វើឱ្យគំនិត និងអ្វីដែលមានយ៉ាងជាក់លាក់ទាក់ទងគ្នាជានិច្ច ដោយប្រយ័ត្នថា កុំឱ្យយូរៗទៅគំនិតដាច់ពីអ្វីដែលមានយ៉ាងជាក់លាក់។ ប្រសិនបើយើងរស់នៅដោយគ្រាន់តែពោលពាក្យសម្តី ប្រើតែនិមិត្តរូប ហើយតែងតែរិះគិតបំភាន់ប៉ុណ្ណោះ យើងមុខជានឹងកើតអន្តរាយពុំខាន។ ហេតុនេះហើយបានជាខ្ញុំសូមប្រកាសគោលការណ៍មួយទៀត ជាគោលការណ៍ទីបីថា អ្វីដែលមានយ៉ាងជាក់លាក់ប្រសើរជាងគំនិតទៅទៀត។ យើងត្រូវចៀសវាងរបៀបផ្សេងៗដែលបំបាត់អ្វីដែលមានយ៉ាងជាក់លាក់ចោល។ ឧបមាថា មានមនុស្សខ្លះមានគំនិតចង់ឱ្យមនុស្សបានបរិសុទ្ធដូចទេវតា មនុស្សខ្លះមានគំនិតគិតថា អ្វីៗក៏ដូចអ្វីៗទាំងអស់ មនុស្សខ្លះមានគំនិតប្រកាសថា អ្វីៗកើតតាមតែពាក្យគេពោល មនុស្សខ្លះធ្វើគម្រោងការដែលគេគិតគូរ តែគេមិនដែលប្រព្រឹត្តតាម មានមនុស្សខ្លះមានគំនិតគិតតែពីលទ្ធិតឹងរ៉ឹងឱ្យបានដូចពីបុរាណ តែខុសនឹងប្រវត្តិសាស្រ្ត មានមនុស្សខ្លះមានគំនិតអំពីសីលធម៌តែគ្មានមេត្តា មានមនុស្សខ្លះចេះតែរិះគិតជាច្រើនតែគ្មានប្រាជ្ញាសោះ។ល។

២៣២- គំនិត គឺយោបល់ដែលគេបង្កើតដោយការរិះគិត សុទ្ធតែមកពីវិញ្ញាណចេះដឹង មកពីការយល់ឃើញ និងមកពីការណែនាំអ្វីដែលមានយ៉ាងជាក់លាក់។ គំនិតដែលមិនភ្ជាប់នឹងអ្វីដែលមានយ៉ាងជាក់លាក់ បង្កើតទ្រឹស្តីដែលប្រកាន់ថា អ្វីៗគ្រាន់តែកើតមកក្នុងការស្រមៃយឃើញរបស់មនុស្ស (idéalisme) និងគ្រាន់តែកើតមកដូចយើងនិយាយប្រាប់ប៉ុណ្ណោះ (nominalisme) ទើបអ្វីនោះកើតមក។ ទ្រឹស្តីទាំងពីរនេះមិនស័ក្ដិសិទ្ធទេ ហើយក៏មិនអាចបង្កើតផលបានដែរ គឺគ្រាន់តែជួយចាត់ចែងអ្វីៗជាថ្នាក់ និងបញ្ជាក់ឋានៈប៉ុណ្ណោះ តែមិនជំរុញមនុស្សឱ្យប្តេជ្ញាចិត្តបំពេញកិច្ចការណាមួយទេ។ មានតែអ្វីដែលមានយ៉ាងជាក់លាក់ ទាំងមានប្រាជ្ញារិះគិតពិចារណាប៉ុណ្ណោះទេ ដែលជំរុញមនុស្សឱ្យប្តេជ្ញាចិត្តបំពេញកិច្ចការមួយបាន។ យើងត្រូវឆ្លងកាត់ពីពាក្យសម្តីទៅដល់អ្វីដែលមានយ៉ាងជាក់លាក់ទើបមានសុខដុមរមនាមែន។ បើពុំនោះទេ យើងពិតជាបញ្ឆោតគេ ហាក់ដូចជាយកការលាបថ្នាំថែមុខជំនួសការហាត់ប្រាណ។ មានលោកអ្នកនយោបាយខ្លះ ហើយក៏មានលោកណែនាំសាសនាខ្លះដែរនាំគ្នានឹកឆ្ងល់ថា ទោះបើអស់លោកផ្តល់យោបល់ច្បាស់លាស់ និងតាមតក្កវិជ្ជាក្តីក៏ប្រជាជនស្តាប់អស់ លោកមិនយល់ ឬមិនប្រព្រឹត្តតាមសេចក្តីដែលអស់លោកនិយាយនោះ។ ប្រហែលការណ៍នេះបណ្តាលមកពីអស់លោកនៅតែគិតគូរខ្ពស់ពេក និងធ្វើឱ្យនយោបាយ និងសាសនាក្លាយទៅជារបៀបថ្លែងសុន្ទរកថាយ៉ាងពិរោះប៉ុណ្ណោះ។ មានលោកខ្លះបំភ្លេចនិយាយយ៉ាងងាយស្រួលស្តាប់ ឬនិយាយតាមរបៀបរិះគិតរបស់ជនជាតិបរទេសដែលអ្នកស្រុកចាប់មិនបាន។

២៣៣- អ្វីដែលមានយ៉ាងជាក់លាក់ប្រសើរជាងគំនិត។ លក្ខណៈនេះភ្ជាប់នឹងគម្រោងការដ៏អស្ចារ្យរបស់ព្រះបន្ទូលដែលប្រសូតជាមនុស្ស និងភ្ជាប់នឹងការអនុវត្តតាម៖ “បងប្អូនអាចស្គាល់ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បាននៅត្រង់នេះ គឺអ្នកណាប្រកាសជំនឿថា ព្រះយេស៊ូគ្រីស្តបានយាងមកកើតជាមនុស្ស អ្នកនោះមានព្រះវិញ្ញាណមកពីព្រះជាម្ចាស់មែន” (១យហ ៤,២)។ ពាក្យសម្តីដែលកើតជាមនុស្សរួចហើយ និងដែលខិតខំឱ្យកើតជាមនុស្សតៗទៅទៀតជានិច្ចនោះ ពិតជាលក្ខណៈដែលមានសារៈសំខាន់សម្រាប់ការប្រកាសដំណឹងល្អ។ ម្យ៉ាងលក្ខណៈនេះ នាំឱ្យយើងលើកតម្លៃនៃប្រវត្តិសាស្រ្តព្រះសហគមន៍ ទុកជាប្រវតិ្តសាស្រ្តនៃការសង្គ្រោះ គឺយើងនឹករំឭកដល់សន្តបុគ្គលដែលបានធ្វើឱ្យដំណឹងល្អជ្រួតជ្រាបក្នុងការរស់នៅរបស់ប្រជាជននានារបស់យើង។ យើងក៏ទទួលកេរមត៌ក និងការបញ្ជូនបន្តរបស់ព្រះសហគមន៍ដែលមានប្រវត្តិសាស្រ្តពីរពាន់ឆ្នាំមកហើយ។ យើងមិនអាចអះអាងថា យើងអាចបង្កើតគំនិតមួយដែលមិនភ្ជាប់នឹងសម្បត្តិវប្បធម៌ដ៏ប្រសើរនេះទេ ហាក់ដូចជាយើងចង់បង្កើតគម្ពីរដំណឹងល្អសាជាថ្មីម្តងទៀត។ ម៉្យាងទៀត លក្ខណៈនេះជំរុញយើងឱ្យប្រតិបត្តិតាមដំណឹងល្អ និងប្រព្រឹត្តកិច្ចការតាមសេចក្តីសុចរិត និងតាមសេចក្តីស្រឡាញ់ទើបព្រះបន្ទូលបង្កើតផល។ អ្នកមិនប្រតិបត្តិតាមដំណឹងល្អ គឺអ្នកមិនយកព្រះបន្ទូលឱ្យភ្ជាប់នឹងអ្វីដែលមានយ៉ាងជាក់លាក់នោះ ដូចជាសង់ផ្ទះនៅលើដីខ្សាច់ និងរស់នៅស្ថិតស្ថេរនៅក្នុងគំនិតសុទ្ធសាធ គឺគេគិតដល់តែខ្លួនឯងប៉ុណ្ណោះ។ គេទៅជាអ្នកចំណេះនិយមដែលមិនបង្កើតផល ហើយបំបាត់ថាមពលនៃដំណឹងល្អទៀតផង។

អ្វីទាំងមូលប្រសើរជាងមួយចំណែក

២៣៤- ការរួបរួមក្នុងពិភពលោកទាំងមូល និងការរស់នៅក្នុងទីកន្លែងកំណត់ក៏ទាស់ទែងគ្នាដែរ។ យើងត្រូវចាប់អារម្មណ៍នឹងពិភពលោកទាំងមូល កុំឱ្យធ្លាក់ខ្លួនទៅគិតតែអំពីរឿងតូចតាចប្រចាំថ្ងៃប៉ុណ្ណោះ។ ក៏ប៉ុន្តែ នៅពេលជាមួយគ្នានោះក៏ត្រូវនឹកគិតដល់អ្វីដែលមាននៅកន្លែងកំណត់នោះ ដែលនាំឱ្យយើងចាប់អារម្មណ៍នឹងអ្វីដែលមានយ៉ាងជាក់លាក់នៅលើផែនដីនេះ។ ប្រសិនបើយើងភ្ជាប់គំនិតនឹកគិតតែដល់ពិភពលោកទាំងមូល និងគំនិតនឹកដល់កន្លែងកំណត់របស់យើងនោះ យើងមុខជាចៀសវាងការគិតហួស គឺម៉្យាងយើងចៀសវាងមិននាំឱ្យប្រជាពលរដ្ឋរស់នៅដោយស្រមៃដល់ពិភពអរូបី ដែលបង្រួបបង្រួមអ្វីៗទាំងអស់យ៉ាងស្រួល។ គេប្រៀបដូចជាអ្នកធ្វើដំណើរតាមរទេះភ្លើងអង្គុយនៅក្នុងទូក្រោយគេបង្អស់ គេស្ងើចសរសើរដោយឃើញពិភពលោកបាញ់កាំជ្រួច គឺអ្នកដទៃបាញ់នោះក៏បើកមាត់ និងជួយទះដៃតាមពេលកំណត់ជាមុនដែរ។ ម៉្យាងទៀត យើងចៀសវាងការគិតហួសផ្សេងទៀត គឺឱ្យខ្លួនក្លាយទៅជាសារមន្ទីររបស់ពួកតាបសឥសីដែលរស់នៅដោយឡែកពីគេ ដែលត្រូវតែនិយាយសេចក្តីដដែលៗជានិច្ច។ អ្នកទាំងនោះមិនអាចបណ្តោយខ្លួនឱ្យអ្វីៗដែលប្លែកពីគេប្រែចិត្តគំនិតរបស់គេបានទេ គេក៏មិនចូលចិត្តសោភ័ណភាពដែលព្រះជាម្ចាស់ចាក់បង្ហូរនៅខាងក្រៅព្រំដែននៃគំនិតរបស់គេ។

២៣៥- អ្វីទាំងមូលប្រសើរជាងមួយចំណែក ហើយក៏ប្រសើរជាងចំណែកទាំងអស់ដែលបូកគ្នាទៅទៀតដែរ។ ហេតុនេះ មិនត្រូវខ្វល់ខ្វាយហួសហេតុអំពីបញ្ហាតូចៗដែលមានកំណត់ និងអំពីបញ្ហាបុគ្គល។ ត្រូវរិះគិតឱ្យវែងឆ្ងាយជានិច្ច និងទទួលស្គាល់អ្វីដ៏ល្អដែលធំជាង និងដែលមានប្រយោជន៍ដល់មនុស្សទាំងអស់។ ក៏ប៉ុន្តែ ត្រូវគិតដូច្នេះដោយមិនរត់ឆ្ងាយពីអ្វីដែលមានយ៉ាងជាក់លាក់ដែរ ខ្លាចក្រែងដកឫសរលំខ្លួនឡើយ។ ត្រូវចាក់ឫសយ៉ាងជ្រៅជាចាំបាច់ក្នុងប្រវត្តិសាស្រ្តនៃកន្លែងកំណត់ ដែលយើងរស់នៅ ដែលជាព្រះអំណោយទានរបស់ព្រះជាម្ចាស់។ យើងត្រូវធ្វើការនៅលើអ្វីដ៏តូច និងជាមួយអ្នកដែលនៅក្បែរយើងតែត្រូវមានគំនិតទូលំទូលាយដែរ។ យ៉ាងណាមិញ ទោះបីមនុស្សម្នាក់រក្សាទុកលក្ខណៈពិសេសរបស់ខ្លួន ហើយមិនលាក់អត្តសញ្ញាណរបស់ខ្លួននៅពេលគេចូលរួមក្នុងសហគមន៍មួយដោយចិត្តស្មោះ គេមិនបាត់អត្តសញ្ញាណរបស់ខ្លួនទេ តែមានកត្តាថ្មីៗលើកស្ទួយអត្តសញ្ញាណរបស់គេនោះឱ្យចម្រើនឡើង។ គេមិនចូលរួបរួមក្នុងអ្វីដ៏ធំទូលាយដែលបំផ្លាញគេ ហើយគេក៏មិន រស់នៅឯកាឯកោដាច់ឡែកពីគេដែរ ដែលសុទ្ធតែជារបៀបមិនបង្កើតផលទេ។

២៣៦- យើងមិនអាចយកភូគោលលើកធ្វើជានិមិត្តរូបបានទេ ព្រោះភូគោលទាំងមូលមិនប្រសើរជាងចំណែកនីមួយៗទេ គឺចំណុចនីមួយៗនៅឆ្ងាយស្មើពីមជ្ឈមណ្ឌលចំណុចមួយក៏ដូចចំណុចមួយទៀតដែរ។ យើងសូមយកប្រសព្វជ្រុងច្រើនលើកធ្វើជានិមិត្តរូបវិញ ព្រោះក្នុងប្រសព្វជ្រុងច្រើនកថានីមួយៗ ដែលប្លែកៗពីគ្នាតម្រង់ទៅរួមគ្នាធ្វើជាប្រសព្វតែមួយ តែកថានីមួយៗនៅតែប្លែកៗពីគ្នាដដែល។ អ្នកបំពេញកិច្ចការខាងនយោបាយក៏ដូចអ្នកបំពេញមុខងារណែនាំគ្រីស្តបរិស័ទដែរ ត្រូវខិតខំប្រមូលអ្វីៗដ៏ល្អជាងគេដែលស្ថិតនៅក្នុងមនុស្សម្នាក់ៗឱ្យចូលក្នុងប្រសព្វជ្រុងច្រើននោះ។ ជនក្រីក្រទាំងប៉ុន្មានអាចចូលរួមបានទាំងនាំវប្បធម៌ផ្ទាល់របស់គេ ទាំងគម្រោងការរបស់គេ និងលទ្ធភាពរបស់គេដែរ។ សូម្បីតែអស់អ្នកដែលត្រូវគេរិះគន់ទាំងចោទថា គេវង្វេងនោះក៏អាចយកអ្វីមួយជាមួយដែរ កុំឱ្យបាត់បង់អ្វីនោះឡើយ។ ប្រជាជនទាំងប៉ុន្មានចូលរួមគ្នាក្នុងរចនាសម្ពន្ធនៃពិភពលោកទំាងមូល តែត្រូវរក្សាទុកនូវលក្ខណៈពិសេសរបស់ខ្លួន។ ក្នុងសង្គមមួយដែលស្វែងរកប្រយោជន៍រួមក៏ដូច្នេះដែរ គឺសង្គមនាំបុគ្គលម្នាក់ៗឱ្យចូលរួមជាមួយគ្នាទាំងអស់តាមសេចក្តីពិត។

២៣៧- ចំពោះយើងជាគ្រីស្តបរិស័ទគោលការណ៍ “អ្វីទាំងមូលប្រសើរជាងមួយចំណែក” ក៏ចែងអំពីដំណឹងល្អទាំងមូល និងទាំងស្រុងដែរ ជាគម្ពីរដែលព្រះសហគមន៍បានបញ្ជូនបន្តមកយើង ហើយដែលចាត់យើងឱ្យចេញទៅប្រកាស។ តម្លៃថ្លៃថ្នូរដ៏ពេញលេញនៃដំណឹងល្អប្រមូលទាំងអ្នកប្រាជ្ញដែលបង្រៀនក្នុងសកលវិទ្យាល័យទាំងកម្មករ ទាំងថៅកែ ទាំងវិចិត្រសិល្បករ គឺប្រមូលមនុស្សទាំងអស់។ អ្នកកាន់សាសនាតាមប្រជាប្រិយក៏ទទួលដំណឹងល្អទាំងមូលតាមរបៀបរបស់គេដែរ គេធ្វើឱ្យដំណឹងល្អនោះកើតជាមនុស្សតាមការអធិដ្ឋាន តាមភាតរភាព តាមការតស៊ូ តាមពិធីយ៉ាងសប្បាយ។ល។ ដំណឹងល្អជាអំណររបស់ព្រះបិតា ដែលមិនសព្វព្រះហឫទ័យឱ្យអ្នកតូចតាចណាម្នាក់វិនាសឡើយ។ ដូច្នេះ គង្វាលដ៏សម្បុរសដែលរកឃើញចៀមវង្វេងបាត់ទៅ នោះបានអំណរសប្បាយ គាត់បញ្ចូលចៀមនោះក្នុងហ្វូងរបស់ខ្លួនវិញ។ ដំណឹងល្អប្រៀបដូចជាមេក្នុងម្សៅដែលធ្វើឱ្យម្សៅទាំងមូលដោរឡើង។ ដំណឹងល្អក៏ប្រៀបដូចទីក្រុងសាងសង់នៅលើភ្នំយ៉ាងខ្ពស់ដែលចាំងពន្លឺបំភ្លឺប្រជាជននានា។ ដំណឹងល្អមានលក្ខណៈទូទៅភ្ជាប់ជាមួយស្រាប់ គឺនៅជាដំណឹងល្អជានិច្ច លុះត្រាតែគេប្រកាសដល់មនុស្សទាំងអស់ ហើយលុះត្រាតែបង្កើតផលព្យាបាលមនុស្សក្នុងគ្រប់វិស័យ ព្រមទាំងប្រមូលមនុស្សទាំងអស់ឱ្យចូលរួមតុក្នុងពិធីជប់លៀងរបស់ព្រះជាម្ចាស់ដែលគ្រងរាជ្យ។ អ្វីទាំងមូលប្រសើរជាងមួយចំណែកពិតមែនហើយ។

៤) ការសន្ទនាក្នុងសង្គមជួយកសាងសន្តិភាព

២៣៨- ការប្រកាសដំណឹងល្អក៏ជាផ្លូវនាំឱ្យមនុស្សសន្ទនាគ្នា។ ជាពិសេស ចំពោះព្រះសហគមន៍ត្រូវសន្ទនានៅក្នុងវិស័យបីយ៉ាង ដើម្បីបំពេញមុខងារបម្រើការអភិវឌ្ឍបុគ្គលនីមួយៗ និងជូនប្រយោជន៍រួមគឺព្រះសហគមន៍ត្រូវនិយាយសន្ទនាជាមួយរដ្ឋាភិបាលនានាជាមួយសង្គម (គឺជាមួយវប្បធម៌ និងមុខវិទ្យាសាស្រ្តនានា) ហើយជាមួយអ្នកកាន់សាសនាឯទៀតៗដែលមិនចូលព្រះសហគមន៍កាតូលិកយើង។ក្នុងគ្រប់ករណី “ព្រះសហគមន៍មានប្រសាសន៍ដោយសំអាងលើពន្លឺមកពីជំនឿ”។ ព្រះសហគមន៍នាំមកនូវបទពិសោធរបស់ខ្លួនចាប់តាំងពីពីរពាន់ឆ្នាំកន្លងមកហើយ និងនៅតែនឹកចងចាំការរស់នៅ និងទុក្ខវេទនារបស់មនុស្សជាតិជានិច្ច។ ការនេះហួសពីប្រាជ្ញារបស់មនុស្សអាចរិះគិត តែមានអត្ថន័យដែលអាចជួយអ្នកដែលគ្មានជំនឿតាមគ្រីស្តសាសនាដែរ។ សេចក្តីនេះក៏អញ្ជើញមនុស្សឱ្យពង្រីកការរិះគិតតាមប្រាជ្ញារបស់ខ្លួនឱ្យវែងឆ្ងាយដែរ។

២៣៩- ព្រះសហគមន៍ប្រកាស “ដំណឹងល្អស្តីអំពីសន្តិភាព” (អភ ៦,១៥) ហើយសុខចិត្តសហប្រតិបត្តិជាមួយរដ្ឋអំណាចជាតិ និងអន្តរជាតិទាំងប៉ុន្មាន ដើម្បីថែរក្សាសន្តិភាពជាសម្បត្តិទូទៅដ៏មហាប្រសើរ។ អ្នកនាំដំណឹងល្អបែបថ្មីជូនដំណឹងល្អអំពីព្រះយេស៊ូគ្រីស្តដែលជាសន្តិភាពរបស់យើង (អភ ២,១៤)។ អ្នកទទួលអគ្គសញ្ញាជ្រមុជទឹកម្នាក់ៗត្រូវប្តេជ្ញាចិត្តកសាងសន្តិភាព ហើយក៏ប្តេជ្ញាចិត្តទៅជាសាក្សីគួរឱ្យជឿអំពីមនុស្សជាតិស្រុះស្រួលគ្នាហើយ។ ក្នុងវប្បធម៌ដែលយកការសន្ទនាទុកជារបៀបជួបជុំគ្នា តើត្រូវស្វែងរកឱ្យមនុស្សរួមចិត្តគំនិត និងព្រមព្រៀងគ្នាយ៉ាងដូចម្តេចបាន? ប៉ុន្តែ ត្រូវស្វែងរកឱ្យប្រជាជនព្រមព្រៀងគ្នា ទាំងយកចិត្តទុកដាក់ខិតខំកសាងសង្គមប្រកបដោយយុត្តិធម៌ និងដែលអាចនឹកចងចាំប្រវត្តិសាស្រ្ត ហើយដែលមិនដេញនរណាចេញឱ្យនៅដោយឡែកទៀតផងដែរ។ ប្រជាជន និងវប្បធម៌របស់គេជាប្រធានដ៏សំខាន់ជាងគេតាមប្រវត្តិសាស្ត្រ ដែលធ្វើឱ្យដំណើរនេះចម្រើនឡើងបានមិនមែនវណ្ណៈមួយ ឬក្រុមមួយក្នុងសង្គម ឬអ្នកដ៏ប្រសើរជាងគេធ្វើឱ្យដំណើរនេះចម្រើនបានទេ។ យើងមិនត្រូវការឱ្យមនុស្សមួយក្តាប់តូចធ្វើគម្រោងការសម្រាប់តែខ្លួនឯងទេ យើងក៏មិនត្រូវការឱ្យមនុស្សមានប្រាជ្ញាមួយចំនួនតូចធ្វើសាក្សី និងយកមនោសញ្ចេតនារួមធ្វើជាកម្មសិទ្ធរបស់ខ្លួនដែរ។ យើងត្រូវព្រមព្រៀងជាមួយគ្នាខាងសង្គម និងខាងវប្បធម៌ ដើម្បីរស់នៅជាមួយគ្នាបាន។

២៤០- រដ្ឋអំណាចមានភារកិច្ចថែរក្សា និងលើកស្ទួយប្រយោជន៍រួមនៃសង្គម។ រដ្ឋអំណាចត្រូវសំអាងទៅលើគោលការណ៍នៃសាមគ្គី និងគោលការណ៍មួយទៀត គឺទុកឱ្យអ្នកកាន់អំណាចកម្រិតទាបបំពេញកិច្ចការរបស់គេ ទាំងខិតខំសន្ទនាខាងនយោបាយជាខ្លាំង ដើម្បីបង្កើតឱ្យប្រជាជនព្រមព្រៀងគ្នា។ រដ្ឋអំណាចមានតួនាទីជាគ្រឹះក្នុងការអភិវឌ្ឍទាំងស្រុងរបស់មនុស្សទាំងអស់ជាតួនាទី ដែលមិនអាចផ្ទេរឱ្យនរណាទៀតបានឡើយ។ ក្នុងសភាពការណ៍នាបច្ចុប្បន្នកាល រដ្ឋអំណាចត្រូវមានចរិយាសុភាពរាបសាយ៉ាងជ្រៅខាងសង្គម។

២៤១- ក្នុងពេលព្រះសហគមន៍សន្ទនាជាមួយរដ្ឋអំណាច និងជាមួយសង្គម ព្រះសហគមន៍គ្មានដំណោះស្រាយអំពីបញ្ហានីមួយៗទាំងអស់ទេ តែព្រះសហគមន៍រួមជាមួយកម្លាំងឯទៀតៗក្នុងសង្គម ជួយណែនាំគម្រោងការដែលអាចតបឆ្លើយយ៉ាងល្អជាងគេ និងកិត្តិយសរបស់បុគ្គលម្នាក់ៗ ហើយនឹងប្រយោជន៍រួម។ ធ្វើដូច្នេះ ព្រះសហគមន៍ជូនដំណឹងកាន់តែច្បាស់អំពីតម្លៃដ៏ថ្លៃថ្នូរ ជាគ្រឹះនៃការរស់នៅរបស់មនុស្សជាតិ។ ព្រះសហគមន៍ក៏បញ្ជូនបន្តសេចក្តីដែលខ្លួនជឿជាក់ ដែលអាចក្លាយទៅជាកិច្ចការខាងនយោបាយនៅពេលក្រោយបាន។

ជំនឿ ប្រាជ្ញា និងវិទ្យាសាស្រ្តសន្ទនាគ្នា

២៤២- កិច្ចការនាំដំណឹងល្អដែលលើកស្ទួយសន្តិភាពក៏ភ្ជាប់នឹងជំនឿ ហើយនឹងវិទ្យាសាស្រ្ត។ មនុស្សត្រូវប្រើជំនឿ ហើយនឹងវិទ្យាសាស្រ្តមករិះគិតជាមួយគ្នាដែរ។ អ្នកដែលអះអាងលើទ្រឹស្តីវិទ្យាសាស្រ្តនិយម និងអ្នកដែលទទួលស្គាល់តែសេចក្តីមកពីអ្វីៗដែលគេមើលឃើញ តែងតែបដិសេធមិនព្រម “ទទួលចំណេះណាមួយក្រៅពីចំណេះដែលមកពីវិទ្យាសាស្រ្ត និងពីអ្វីៗដែលគេមើលឃើញនោះ”។ ព្រះសហគមន៍បង្ហាញមាគ៌ាមួយផ្សេងទៀត គឺយកវិធីពិសេសនៃបទពិសោធតាមវិទ្យាសាស្រ្ត តាមអ្នកទទួលខុសត្រូវ និងយកចំណេះឯទៀតៗ មានទស្សនវិទ្យា ទេវវិទ្យា និងជំនឿជាដើមមកផ្សំគ្នាធ្វើជាសំយោគមួយ។ ជំនឿលើកមនុស្សរហូតដល់គម្រោងការដ៏អស្ចារ្យដែលនៅហួសពីប្រាជ្ញាមនុស្សលោក។ ជំនឿមិនខ្លាចប្រាជ្ញាមនុស្សទេ ផ្ទុយទៅវិញ ជំនឿត្រូវការប្រាជ្ញា ហើយទុកចិត្តលើប្រាជ្ញាទៀតផង ព្រោះទាំងពន្លឺប្រាជ្ញា ទាំងពន្លឺនៃជំនឿហូរមកពីព្រះជាម្ចាស់តែមួយព្រះអង្គ។ “ប្រាជ្ញា និងជំនឿមិនអាចបញ្ចេញសេចក្តីផ្ទុយគ្នាបានឡើយ។ អ្នកនាំដំណឹងល្អត្រូវចាប់អារម្មណ៍នឹងវិទ្យាសាស្រ្ត ដែលចម្រើនឡើងដើម្បីឱ្យពន្លឺនៃជំនឿ និងពន្លឺរបស់ធម្មជាតិបំភ្លឺការចម្រើនទាំងនោះ។ ទាំងជំនឿ ទាំងធម្មជាតិទាមទារឱ្យការចម្រើននៃវិទ្យាសាស្រ្តចាត់ទុកមនុស្សនៅកណ្តាលនៃការចម្រើនរបស់ខ្លួនជានិច្ច គឺមនុស្សដែលមានកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតនៅគ្រប់ដំណាក់កាលនៃជីវិតរបស់ខ្លួន។ សង្គមទាំងមូលទទួលផលល្អដោយការទាក់ទងសន្ទនានេះ ការទាក់ទងសន្ទនានេះក៏អាចជួយបង្ហាញទិសថ្មីឱ្យប្រាជ្ញារិះគិត និងបន្ថែមលទ្ធភាពនៃប្រាជ្ញាមនុស្សដែរ។ ការទាក់ទងសន្ទនានេះក៏ជាផ្លូវទៅកាន់សុខដុមរមនា និងដល់សេចក្តីសុខសាន្តទៀតផង។

២៤៣- ព្រះសហគមន៍មិនអះអាងថា ចង់ឃាត់បញ្ឈប់ការចម្រើនដ៏អស្ចារ្យនៃវិទ្យាសាស្រ្តទេ ផ្ទុយទៅវិញព្រះសហគមន៍មានអំណរដោយឃើញការចម្រើននេះ ថែមទាំងយោងផលប្រយោជន៍ពីការចម្រើននេះទៀត ទាំងទទួលស្គាល់លទ្ធភាពដ៏សម្បើមអស្ចារ្យ ដែលព្រះជាម្ចាស់បានប្រទានដល់ប្រាជ្ញារបស់មនុស្សលោក។ ពេលការចម្រើនឡើងនៃវិទ្យាសាស្រ្ត ស្ថិតនៅក្នុងវិស័យពិសេសរបស់ខ្លួន ទាំងរិះគិតយ៉ាងម៉ឺងម៉ាត់បែបសកលវិទ្យាល័យ រួចបង្ហាញសេចក្តីសន្និដ្ឋានមួយយ៉ាងជាក់ស្តែង ដែលប្រាជ្ញាមនុស្សប្រកែកពុំបាន ជំនឿក៏មិនប្រកែកដែរ។ អ្នកមានជំនឿមិនអាចអះអាងថា ត្រូវជឿដាច់ខាតនូវយោបល់តាមវិទ្យាសាស្រ្តដែលគេធ្លាប់ចូលចិត្តតែដែលគ្មានភស្តុតាងតាមវិទ្យាសាស្រ្តមកបញ្ជាក់ទេ។ ក៏ប៉ុន្តែ ក្នុងករណីខ្លះវិញ អ្នកវិទ្យាសាស្រ្តខ្លះទៅហួសពីវិស័យនៃមុខវិទ្យារបស់ខ្លួន ហើយប្រកាសសេចក្តីបញ្ជាក់ និងសេចក្តីសន្និដ្ឋានហួសពីវិស័យចំៗនៃវិទ្យាសាស្រ្ត។ ក្នុងករណីនោះគេមិនផ្តល់សេចក្តីមកពីប្រាជ្ញាមនុស្សរកឃើញទេ តែគេផ្តល់មនោគមវិទ្យាកំណត់ម៉្យាង ដែលបិទផ្លូវមិនឱ្យមានការសន្ទនាយ៉ាងពិតប្រាកដដោយសន្តិវិធី និងដែលអាចបង្កើតផលបាន។

ក្រុមគ្រីស្តបរិស័ទត្រូវសន្ទនាជាមួយគ្នា

២៤៤- ការប្តេជ្ញាចិត្តបង្រួបបង្រួមគ្រីស្តបរិស័ទតបឆ្លើយនឹងពាក្យផ្តែផ្តាំរបស់ព្រះអម្ចាស់យេស៊ូ ដែលទូលអង្វរព្រះបិតាថា “សូមឱ្យគេទាំងអស់រួបរួមគ្នាជាធ្លុងតែមួយ” (យហ ១៧,២១)។ ប្រសិនបើគ្រីស្តបរិស័ទលែងប្រកាន់គ្នា និងលែងបាក់បែកគ្នានោះ ហើយប្រសិនបើព្រះសហគមន៍សម្រេច “លក្ខណៈកាតូលិកជាលក្ខណៈរបស់ខ្លួនផ្ទាល់ឱ្យបានពេញលេញក្នុងអស់កូនចៅរបស់ខ្លួន ដែលទទួលអគ្គសញ្ញាជ្រមុជទឹក តែដែលបែកចេញពីការរួបរួមដ៏ពេញលេញទៅហើយ” (បង្រួម ៤) មុខជាមនុស្សលោកអាចជឿនូវសេចក្តីដែលព្រះសហគមន៍ប្រកាសនោះងាយស្រួលជាង។ យើងត្រូវនឹកគិតជានិច្ចថា យើងទាំងអស់គ្នាកំពុងធ្វើបូជនីយេសក៍នៅលើផែនដីនេះ ហើយធ្វើបូជនីយេសរួមជាមួយគ្នាទៀតផង។ ហេតុនេះហើយ បានជាយើងត្រូវផ្ញើចិត្តគំនិតទៅលើអ្នកដែលធ្វើដំណើរជាមួយយើងដោយគ្មានមន្ទិលសង្ស័យ។ យើងក៏ត្រូវតម្រង់ទៅរកអ្វីដែលយើងកំពុងស្វែងរកជាមួយគ្នានោះទៀត គឺសេចក្តីសុខសាន្តក្នុងព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់តែមួយព្រះអង្គគត់។ ការទុកចិត្តលើអ្នកដទៃជាកិច្ចរបស់សិល្បករ។ សេចក្តីសុខសាន្តក៏ជាកិច្ចការរបស់សិល្បករដែរ។ ព្រះយេស៊ូមានព្រះបន្ទូលថា “អ្នកកសាងសន្តិភាពពិតជានៅតាមផ្លូវទៅកាន់សេចក្តីសុខសាន្ត” (មថ ៥,៩)។ ប្រសិនបើគ្រីស្តបរិស័ទប្តេជ្ញាចិត្តក្នុងការបង្រួបបង្រួមគ្នា ទំនាយរបស់ព្យាការីអេសាយពីដើមថា៖ “មនុស្សនឹងយកដាវរបស់ខ្លួនមកដំធ្វើជាផាលនង្គ័ល” (អស ២,៤) ពិតជានឹងបានកើតជារូបរាងក្នុងចំណោមយើងហើយ។

២៤៥- បើគិតដូច្នេះ ចលនាបង្រួបបង្រួមគ្រីស្តបរិស័ទឱ្យរួបរួមគ្នាជាធ្លុងតែមួយ ក៏អាចជួយឱ្យក្រុមគ្រួសារមនុស្សជាតិរួបរួមគ្នាដែរ។ យើងយល់ឃើញថា វត្តមានរបស់លោកអភដបខិបាលដ៏ប្រសើរឧត្តមនៃព្រះសហគមន៍កុងស្តង់ទីណូប្ល និងរបស់លោកអភិបាលនៃព្រះសហគមន៍កាទែរប៊ូរី ក្នុងអង្គប្រជុំសន្និបាតអភិបាលព្រះសហគមន៍កាតូលិក ពិតជាព្រះអំណោយទានរបស់ព្រះជាម្ចាស់ និងជាសក្ខីភាពដ៏ប្រសើររបស់គ្រីស្តបរិស័ទ។

២៤៦- គ្រីស្តបរិស័ទដែលបែកបាក់គ្នា ផ្តល់សក្ខីភាពផ្ទុយស្រឡះនឹងព្រះហឫទ័យរបស់ព្រះគ្រីស្ត ជាពិសេស នៅទ្វីបអាហ្វ្រិក និងទ្វីបអាស៊ី។ ហេតុនេះហើយ បានជាត្រូវខិតខំរកផ្លូវបង្រួបបង្រួមគ្នាជាធ្លុងតែមួយជាបន្ទាន់។ សាសនទូតនៅទ្វីបទាំងពីរនោះតែងតែរៀបរាប់អំពីអ្នកស្រុកមើលងាយចំអក និងរិះគន់អស់លោកអ្នក ព្រោះគ្រីស្តបរិស័ទបែកបាក់គ្នាដូច្នេះ។ យើងត្រូវគិតអំពីសេចក្តីដែលយើងជឿជាក់ ដែលធ្វើឱ្យយើងរួបរួមគ្នារួចហើយ។ ត្រូវនឹកទៀតថា ប្រការទាំងប៉ុន្មានក្នុងលទ្ធិជំនឿមិនស្មីគ្នាទាំងអស់ទេ។ ប្រសិនបើយើងរិះគិតដូច្នេះ យើងមុខជានឹងសម្រេចចិត្តរកពាក្យថ្លែងដំណឹងល្អរួមគ្នា បម្រើមនុស្សរួមគ្នា និងផ្តល់សក្ខីភាពរួមគ្នាដែរ។ យើងមិនអាចធ្វើមិនអើពើដោយឃើញមនុស្សជាច្រើនឥតគណនា ដែលមិនទាន់ស្គាល់ព្រះយេស៊ូគ្រីស្ត។ ក៏ប៉ុន្តែ កុំនឹកគិតថា ការប្តេជ្ញាចិត្តទៅរកការរួបរួមគ្នានេះ ដែលបណ្តោយឱ្យសាសន៍ដទៃអាចទទួលព្រះយេស៊ូគ្រីស្តយ៉ាងងាយស្រួលជាងមិនគ្រាន់តែជាលេសទេ ឬដូចជាការចរចារបែបអង្គទូត ឬជាការបង្ខំឱ្យបានសម្រេច ព្រោះអាក់ខានមិនបានដើម្បីទៅជាផ្លូវប្រកាសដំណឹងល្អប៉ុណ្ណោះទេ។ សញ្ញាសម្គាល់បង្ហាញថា គ្រីស្តបរិស័ទបែកបាក់គ្នាក្នុងប្រទេសដែលបាក់បែកគ្នាដោយហិង្សាបន្ថែមមូលហេតុផ្សេងៗទៀត បណ្តាលឱ្យបង្កើតជម្លោះ។ គួរឱ្យខ្មាស ព្រោះគ្រីស្តបរិស័ទមានភារកិច្ចកសាងសន្តិភាពយ៉ាងសកម្មវិញ។ អ្វីៗដែលនាំគ្រីស្តបរិស័ទគ្រប់និកាយរួបរួមគ្នា មានច្រើនណាស់! ប្រសិនបើយើងជឿថា ព្រះវិញ្ញាណពិតជាមានសកម្មភាពដោយសេរី និងយ៉ាងទូលំទូលាយមែន យើងមុខជានឹងអាចរៀនសេចក្តីជាច្រើនពីគ្នាទៅវិញទៅមក។ យើងមិនគ្រាន់តែត្រូវទទួលពត៌មានអំពីក្រុមគ្រីស្តបរិស័ទឯទៀតៗ ដើម្បីស្គាល់គេកាន់តែច្បាស់ប៉ុណ្ណោះទេ តែយើងក៏អាចទទួលពីគេនូវអ្វីៗដែលព្រះវិញ្ញាណបានសាបព្រោះក្នុងគេ ទុកជាព្រះអំណោយទានសម្រាប់យើងដែរ។ សូមលើកឧទាហរណ៍តែមួយ គឺនៅពេលយើងជាគ្រីស្តបរិស័ទកាតូលិកនិយាយសន្ទនាជាមួយបងប្អូនអ័រតូដូស្ស យើងមានឱកាសរៀនអ្វីមួយអំពីអត្ថន័យក្រុមអភិបាលរួបរួមគ្នា និងអំពីបទពិសោធនៃសន្និបាតណែនាំព្រះសហគមន៍របស់គេ។ ពេលយើងចែកចាយព្រះអំណោយទានទាំងនោះ ព្រះវិញ្ញាណអាចណែនាំយើងទៅកាន់សេចក្តីពិត និងឱ្យប្រព្រឹត្តអំពើល្អ។

ទំនាក់ទំនងជាមួយសាសនាយូដា

២៤៧- យើងត្រូវចាប់អារម្មណ៍យ៉ាងពិសេសចំពោះប្រជាជនយូដា។ ព្រះជាម្ចាស់មិនដែលបំបាត់សម្ពន្ធមេត្រីជាមួយគេទេ ព្រោះ “កាលព្រះជាម្ចាស់ប្រទានព្រះអំណោយទាន ហើយព្រះអង្គមិនដកហូតវិញទេ ហើយកាលព្រះអង្គត្រាស់ហៅទ្រង់ក៏មិនប្រែប្រួលដែរ” (រម ១១,២៩)។ ព្រះសហគមន៍ និងសាសនាយូដាមានគម្ពីររួមមួយផ្នែកធំ ហើយចាត់ប្រជាជននៃសម្ពន្ធមេត្រី និងជំនឿរបស់គេទុកជាឫសដ៏សក្ការៈនៃលក្ខណៈរបស់ខ្លួនជាគ្រីស្តបរិស័ទ (រម ១១,១៦-១៨)។ យើងជាគ្រីស្តបរិស័ទមិនអាចចាត់ទុកថា សាសនាយូដាជាសាសនាដទៃនៅខាងក្រៅទេ ឬចាត់ជនជាតិយូដាទុកជាអ្នកដែលត្រូវលះបង់ការគោរពព្រះក្លែងក្លាយ បែរមករកព្រះដ៏ពិតប្រាកដដែរ (១ថស ១,៩)។ ទាំងគ្រីស្តបរិស័ទ ទាំងសាសនិកយូដា យើងរួមគ្នាផ្ញើជីវិតទៅលើព្រះជាម្ចាស់តែមួយព្រះអង្គ ដែលមានសកម្មភាពតាមប្រវត្តិសាស្រ្ត យើងក៏រួមគ្នាទទួលព្រះបន្ទូលដែលព្រះជាម្ចាស់បានសម្តែងឱ្យមនុស្សលោកស្គាល់។

២៤៨- ការសន្ទនាជាមួយកូនចៅអ៊ីស្រាអែល និងសេចក្តីស្រឡាញ់រាប់អានគេ ក៏ជាភារកិច្ចរបស់សាវ័កព្រះយេស៊ូ។ ការរាប់អានដែលបានចម្រើនឡើង នាំឱ្យយើងនឹកស្តាយដោយចិត្តស្មោះ និងយ៉ាងជូរចត់ចំពោះការបៀតបៀនដ៏ឃោរឃៅបំផុតចំពោះគេ ជាពិសេស ដោយមានគ្រីស្តបរិស័ទខ្លះព្រួតដៃធ្វើបាបគេដែរ។

២៤៩- ព្រះជាម្ចាស់នៅតែបំពេញសកម្មភាពក្នុងប្រជាជននៃសម្ពន្ធមេត្រីទីមួយ និងប្រោសឱ្យគេបង្កើតប្រាជ្ញាដ៏វាងវៃ ដោយគេបានជួបព្រះបន្ទូលរបស់ព្រះអង្គ។ ហេតុនេះ ព្រះសហគមន៍ក៏ទទួលផលប្រយោជន៍នៅពេលព្រះសហគមន៍ទទួលព្រះអំណោយទានដ៏ប្រសើរនៃសាសនាយូដា។ ទោះបីគ្រីស្តបរិស័ទជឿសេចក្តីខ្លះដែលសាសនិកជនយូដាមិនអាចទទួលបានជាដាច់ខាតក្តី ក៏ព្រះសហគមន៍មិនអាចឈប់ប្រកាសថា ព្រះយេស៊ូពិតជាព្រះអម្ចាស់ពិតព្រះគ្រីស្តដែរ។ ទោះជាយ៉ាងណាក្ដីក៏សាសនាទាំងពីរអាចជួយគ្នាទៅវិញទៅមកបានក្នុងការស្រាវជ្រាវព្រះបន្ទូលឱ្យកាន់តែប្រសើរឡើងៗ។ យើងទាំងសងខាងក៏យល់ស្របអំពីប្រការជាច្រើនខាងសីលធម៌ ព្រមទាំងយកចិត្តទុកដាក់ស្វែងរកយុត្តិធម៌ និងការអភិឌ្ឍប្រជាជននានា។

ការសន្ទនាខាងសាសនា

២៥០- ទោះបីមានឧបសគ្គ និងការពិបាកជាច្រើនក្តី ជាពិសេសដោយមានអ្នកជ្រុលនិយមទាំងសងខាងក្តី ក៏យើងត្រូវបើកចិត្តចំហយ៉ាងពិតប្រាកដ និងដោយសេចក្តីស្រឡាញ់ទៅសន្ទនាជាមួយអ្នកកាន់សាសនាដទៃ ក្រៅពីគ្រីស្តសាសនាយើង។ អ្នកចង់កសាងសន្តិភាពក្នុងពិភពលោកត្រូវការសន្ទនាអន្តរសាសនាជាចំាបាច់។ ហេតុនេះហើយ បានជាគ្រីស្តបរិស័ទ និងសហគមន៍សាសនាឯទៀតៗមានភារកិច្ចសន្ទនាអន្តរសាសនាជាកំហិត។ មុនដំបូង ត្រូវសន្ទនាអំពីការរស់នៅប្រចាំថ្ងៃជាមនុស្ស ឬដូចក្រុមអភិបាលប្រទេសឥណ្ឌាផ្តល់យោបល់ថា “គ្រាន់” តែមានឥរិយបថបើកចិត្តគំនិតចំហចំពោះអ្នកកាន់សាសនាដទៃ ដោយចែករំលែកអំណរសប្បាយ និងទុក្ខវេទនារបស់គេប៉ុណ្ណោះ។ ដូច្នេះ យើងហាត់ខ្លួនឱ្យទទួលអ្នកដទៃ ដែលធ្លាប់រស់នៅធ្លាប់រិះគិត និងធ្លាប់បញ្ចេញយោបល់តាមរបៀបប្លែកពីយើង។ ធ្វើដូច្នេះ យើងនឹងមានសមត្ថភាពរួមគ្នាអាចបំពេញភារកិច្ចបម្រើយុត្តិធម៌ និងសន្តិភាពដែលជាលក្ខណៈគ្រឹះក្នុងការសន្ទនាគ្រប់យ៉ាង។ ប្រសិនបើយើងសន្ទនាជាមួយគ្នារកយុត្តិធម៌ក្នុងសង្គម និងរកយុត្តិធម៌មែននោះ យើងមិនគ្រាន់តែនិយាយអំពីរបៀបដែលត្រូវប្រព្រឹត្តប៉ុណ្ណោះទេ តែនៅពេលនោះ យើងប្តេជ្ញាចិត្តខាងសីលធម៌ដែលបង្កើតសភាពការណ៍ថ្មីក្នុងសង្គម។ ការខិតខំបំពេញប្រធានបទមួយពិសេសក៏អាចក្លាយទៅជាដំណើរចម្រើនឡើង គឺភាគីទាំងពីរដែលស្តាប់គ្នាទៅវិញទៅមកជម្រះខ្លួន និងជួយគ្នាទៅវិញទៅមកដែរ។ ហេតុនេះហើយ បានជាការខិតខំទាំងនោះក៏អាចមានអត្ថន័យចំពោះការ ស្រឡាញ់សេចក្តីពិតដែរ។

២៥១- ពេលសន្ទនាគ្នានេះត្រូវរាក់ទាក់គ្នាដោយចិត្តស្មោះ។ មិនត្រូវបំភ្លេចថា ការសន្ទនា និងការជូនដំណឹងល្អជាប់ជាមួយគ្នាយ៉ាងជិតស្និទ្ធិ គឺជំរុញព្រះសហគមន៍ឱ្យនៅតែសន្ទនា និងពង្រឹងទំនាក់ទំនងជាមួយអ្នកដែលមិនកាន់គ្រីស្តសាសនាយើង។ ប្រសិនបើយើងរួមលាយឡំសាសនាគ្នាកុំឱ្យមានជម្លោះ យើងដូចជាប្រើអំណាចផ្តាច់ការម៉្យាងរបស់អស់អ្នកដែលស្មានថា អាចរួបរួមគ្នាបានដោយមិនគិតគូដល់ជំនឿដ៏ថ្លៃថ្នូរដែលហួសពីគេ ហើយដែលមិនមែនជាកម្មសិទ្ធរបស់គេទេ។ អ្នកបើកចិត្តគំនិតយ៉ាងពិតប្រាកដត្រូវតែកាន់តាមសេចក្តីដែលខ្លួនជឿជាក់យ៉ាងជ្រៅក្នុងចិត្ត ត្រូវទុកអត្តសញ្ញាណយ៉ាងច្បាស់ និងយ៉ាងសប្បាយ តែខ្លួន “បើកចិត្តគំនិតចំហទទួលសេចក្តីដែលអ្នកដទៃជឿជាក់ដែរ ដើម្បីយល់សេចក្តីទាំងនោះ”។ “ត្រូវដឹងច្បាស់ថា ការសន្ទនាអាចជួយគ្នាទៅវិញទៅមក”។ អ្នកគ្រាន់តែបើកចិត្តគំនិតដើម្បីឱ្យស្រួលនិយាយគ្នាដូចអង្គទូតប៉ុណ្ណោះតែងតែយល់ស្របនឹងអ្វីៗទាំងអស់ ដោយចង់ចៀសវាងមិនឲ្យកើតបញ្ហា។ តែការសន្ទនានោះមិនបានការអ្វីសោះ ព្រោះជា របៀបបញ្ឆោតគេ និងបដិសេធអ្វីៗដ៏ល្អដែលយើងបានទទួលទុកជាអំណោយពីព្រះជាម្ចាស់ ហើយដែលយើងត្រូវចែកចាយដល់អ្នកដទៃដោយសទ្ធាជ្រះថ្លា។ ការនាំដំណឹងល្អ និងការសន្ទនាអន្តរសាសនាមិនទាស់គ្នាទេ ផ្ទុយទៅវិញ ការទាំងពីរនោះគាំទ្រគ្នា និងផ្តល់យោបល់គ្នាទៅវិញទៅមក។

២៥២- នាបច្ចុប្បន្នកាលទំនាក់ទំនងជាមួយបរិស័ទអ៊ីស្លាមមានសារៈសំខាន់យ៉ាងខ្លាំង។ នៅសម័យឥឡូវបរិស័ទ អ៊ីស្លាមរស់នៅក្នុងប្រទេសជាច្រើនដែលធ្លាប់កាន់តែគ្រីស្តសាសនាកាលពីដើម គេមានសេរីភាពធ្វើពិធីបុណ្យរបស់គេ ហើយចូលរួមរស់នៅក្នុងសង្គម។ យើងមិនត្រូវបំភ្លេចថា “បងប្អូនអ៊ីស្លាមប្រកាសជំនឿរបស់លោកអប្រាហាំ គេក្រាបថ្វាយបង្គំនមស្ការព្រះជាម្ចាស់តែមួយព្រះអង្គគត់ដូចយើងគេជឿថា ព្រះអង្គប្រកបដោយព្រះហឫទ័យមេត្តាករុណា ជាចៅក្រមដែលនឹងវិនិច្ឆ័យទោសមនុស្សនៅថ្ងៃចុងក្រោយបំផុត” (ពន្លឺ ១៦)។ គម្ពីរគូរ៉ានរបស់គេចែងទុកនូវការប្រៀនប្រដៅជាច្រើនរបស់គ្រីស្តបរិស័ទ គេគោរពព្រះយេស៊ូគ្រីស្ត និងនាងម៉ារី។ បរិស័ទអ៊ីស្លាមទាំងចាស់ ទាំងក្មេង ទាំងបុរស ទាំងស្រ្តី ធ្លាប់អធិដ្ឋានយ៉ាងយូរជារៀងរាល់ថ្ងៃ និងចូលរួមក្នុងពិធីរបស់គេដោយចិត្តស្មោះ។ គួរឱ្យស្ងើចសរសើរគេមែន។ នៅពេលជាមួយគ្នានេះក្នុងចំណោមពួកគេមានគ្នាជាច្រើនជឿជាក់ថា ជីវិតគេទាំងមូលហូរមកពីព្រះជាម្ចាស់ និងសម្រាប់ព្រះអង្គ។ គេទទួលស្គាល់ថា ត្រូវឆ្លើយតបនឹងព្រះជាម្ចាស់ដោយប្តេជ្ញាចិត្តកាន់តាមសីលធម៌ និងមានចិត្តមេត្តាករុណាចំពោះអ្នកក្រជាងគេ។

២៥៣- អ្នកចង់សន្ទនាជាមួយបរិស័ទអ៊ីស្លាមត្រូវទទួលការអប់រំពិសេសជាចំបាច់បំផុត។ គេត្រូវភ្ជាប់ចិត្តយ៉ាងសប្បាយនឹងអត្តសញ្ញាណនៃជំនឿរបស់ខ្លួន ហើយគេក៏ត្រូវមានលទ្ធភាពទទួលស្គាល់អ្វីដ៏ថ្លៃថ្នូររបស់អ្នកដទៃអាចយល់កង្វល់កប់ក្នុងចិត្តគេ ដែលនាំឱ្យគេត្អូញត្អែរ និងចេះបញ្ជាក់នូវសេចក្តីដែលយើងទាំងសងខាងជឿដូចគ្នា។ យើងជាគ្រីស្តបរិស័ទត្រូវទទួលអន្តោប្រវេសន៍អ៊ីស្លាម ដែលមករស់នៅប្រទេសយើងដូចយើងសង្ឃឹមថា គេនឹងទទួលយើង និងគោរពយើងនៅក្នុងប្រទេសដែលមានប្រជាជនកាន់តាមប្រពៃណីអ៊ីស្លាមដែរ។ ខ្ញុំអង្វរ ហើយក៏ទទូចអង្វរដោយចិត្តសុភាពរាបសា សូមឱ្យប្រទេសអ៊ីស្លាមទាំងនោះសុខចិត្តបើកសេរីភាពឱ្យគ្រីស្តបរិស័ទអាចគោរពប្រណិប័តន៍តាមសាសនារបស់ខ្លួន ដោយយល់ដល់សេរីភាពបរិស័ទអ៊ីស្លាមធ្លាប់មាននៅប្រទេសខាងលិច។ ទោះបីមានបរិស័ទអ៊ីស្លាមជ្រុលនិយមដែលនាំឱ្យយើងបារម្ភក្តី ក៏យើងត្រូវមានចិត្តស្រឡាញ់ រាប់អានចំពោះបរិស័ទអ៊ីស្លាមដ៏ពិតប្រាកដ និងចៀសវាងកុំឱ្យស្មានថា បរិស័ទអ៊ីស្លាមសុទ្ធតែជាអ្នកប្រើហិង្សា។ តាមពិត អ៊ីស្លាមដ៏ពិតប្រាកដ និងការបកស្រាយគម្ពីរគូរ៉ានមិនព្រមឱ្យគេប្រើហិង្សាទាល់តែសោះ។

២៥៤- ប្រសិនបើព្រះជាម្ចាស់សព្វព្រះហឫទ័យ ហើយប្រសិនបើអ្នកដែលមិនកាន់គ្រីស្តសាសនារស់នៅយ៉ាងស្មោះ ស្របតាមមនសិការរបស់គេនោះ គេអាចទៅ “ជាមនុស្សសុចរិត ដោយព្រះជាម្ចាស់ប្រោសប្រណីដល់គេ”។ គេអាច “រួមជាមួយព្រះគ្រីស្តដែលសោយទិវង្គត និងមានព្រះជន្មថ្មីដ៏រុងរឿង”។ ប៉ុន្តែព្រះហឫទ័យប្រោសប្រណីរបស់ព្រះជាម្ចាស់តម្រង់ឱ្យគេបង្កើតសញ្ញាសម្គាល់ពិធីបុណ្យ និងរបៀបបញ្ចេញជំនឿរបស់គេ ដែលនាំឱ្យគេរួបរួមជាមួយអ្នកឯទៀតៗ។ ដូច្នេះ គេមានបទពិសោធរួមដោយធ្វើដំណើររួមគ្នាទៅកាន់ព្រះជាម្ចាស់។ ពិធីបុណ្យទាំងនោះគ្មានអត្ថន័យ ហើយក៏មិនស័ក្តសិទ្ធដូចអគ្គសញ្ញាដែលព្រះគ្រីស្តបានតែងតាំងនោះទេ តែពីធីទាំងនោះអាចទៅជាផ្លូវដែលព្រះវិញ្ញាណបានបើក ដើម្បីរំដោះអ្នកមិនកាន់គ្រីស្តសាសនាឱ្យរួចពីគំនិតរបស់អ្នកដែលគិតតែពីលោកនេះ និងមិនជឿថា មានព្រះទាល់តែសោះ។ ពីធីទាំងនោះក៏អាចរំដោះគេឱ្យរួចពីបទពិសោធន៍នៃសាសនាខ្លះ ដែលគោរពព្រះរបស់គេម្នាក់ឯងដាច់ពីគេ។ ព្រះវិញ្ញាណដដែលក៏លើកស្ទួយរបៀបគិតគូរផ្សេងៗ តាមប្រាជ្ញាដែលជួយមនុស្សឱ្យស៊ូទ្រាំ ការខ្វះខាតនាលោកនេះ ព្រមទាំងជួយឱ្យគេរស់នៅប្រកបដោយសេចក្តីសុខសាន្ត និងសុខដុមរមនា។ យើងជាគ្រីស្តបរិស័ទក៏អាចទទួលផលពីសេចក្តីដ៏ថ្លៃថ្នូរទាំងនោះដែលកាន់តែរឹងប៉ឹងពីយូរសតវត្សរ៍មកហើយ ដែលអាចជួយយើងឱ្យរស់នៅតាមជំនឿរបស់យើងឱ្យកាន់តែប្រសើរឡើង។

ការសន្ទនាក្នុងសង្គម ក្នុងបរិបទនៃសេរីភាពសាសនា

២៥៥- អស់លោកអភិបាលដែលជួបជុំគ្នាក្នុងសន្និបាតបានរំឭកអំពីសារៈសំខាន់នៃសេរីភាពសាសនា ដែលជាសិទ្ធិមូលដ្ឋានរបស់មនុស្ស។ សេរីភាពនេះមានន័យថា “ម្នាក់ៗមានសិទ្ធិជ្រើសរើសសាសនាដែលខ្លួនយល់ថា ជាសាសនាដ៏ពិតប្រាកដ និងបង្ហាញជំនឿរបស់ខ្លួនជាសាធារណៈ”។ ប្រសិនបើមានពហុសាសនាក្នុងប្រទេសណាមួយ គឺរដ្ឋអំណាចគោរពសាសនាប្លែកៗពីគ្នា និងតម្លៃដ៏ថ្លៃថ្នូរនៃសាសនាទាំងនោះមិនមែនមានន័យថា ត្រូវគោរពសាសនាទាំងនោះជាឯកជនទេ ដោយរដ្ឋអំណាចអាចមានគោលដៅបំបិទមាត់សាសនាឱ្យនៅស្ងៀមទេ ឬបណ្តាលឱ្យចិត្តគំនិតសាសនិកជនងងឹតងងុល ឬឱ្យអ្នកកាន់សាសនាត្រូវរស់នៅដោយឡែកពីសង្គម គិតតែពីធ្វើពិធីបុណ្យក្នុងព្រះវិហារ និងក្នុងធម្មសាលាប៉ុណ្ណោះទេ។ ប្រសិនបើរដ្ឋធ្វើដូច្នេះពិតជារបៀបរើសមុខ សាសនាដែលបង្ហាញអំណាចផ្តាច់ការពុំខាន។ ទោះបីយើងត្រូវគោរពក្រុមភាគតិចដែលនៅតែគ្មានជំនឿក្តី ក៏មិនត្រូវបង្ខំឱ្យគោរពសេរីភាពនោះ តាមរបៀបដែលបំបាត់សិទ្ធិមនុស្សភាគច្រើនដែលជឿសាសនាឱ្យនៅស្ងៀមដែរ ដោយគ្មានសិទ្ធិសម្ដែងជំនឿរបស់ខ្លួន ហើយនាំឱ្យបំភ្លេចប្រពៃណីសាសនាដែលមានតម្លៃដ៏ថ្លៃថ្នូរ។ របៀបនេះគង់តែនឹងបណ្តាលឱ្យអ្នកស្រុកប្រទូសរ៉ាយមិនបង្កើតការអត់ឱន និងសន្តិភាពទេ។

២៥៦- ឥឡូវខ្ញុំសូមរិះគិតអំពីឥទ្ធិពលសាធារណៈរបស់សាសនា។ ត្រូវបែងចែករបៀបរស់នៅតាមសាសនា។ ពួកបញ្ញវន្ត និងពួកអ្នកកាសែតតែងតែនិយាយជាទូទៅទាំងមិនសូវច្បាស់អំពីសាសនា គឺមិនមែនតាមរបៀបរិះគិតតាមសកលវិទ្យាល័យទេ។ គេតែងរិះគន់អវិជ្ជមានរបស់សាសនានានា តែគេមិនចេះវែកញែកថា សាសនិកជនទាំងអស់ និងអ្នកដឹកនាំសាសនាទាំងអស់មិនដូចគ្នាទេ។ អ្នកនយោបាយខ្លះឆ្លៀតឱកាសយកការលាយឡំបែបនេះ ដើម្បីចាត់វិធានការរើសមុខសាសនា។ ជួនកាលគេបង្អាប់បង្អោនតម្លៃនៃសំណេរខាងសាសនា ដែលអ្នកនិពន្ធបានសរសេរនៅបរិបទដែលមនុស្សស្ទើរតែទាំងអស់មានជំនឿលើព្រះជាម្ចាស់។ តែគេបំភ្លេចសំណេរដ៏សំខាន់ៗដែលអាចផ្តល់អត្ថន័យមួយជូនដល់មនុស្សនៅគ្រប់សម័យ ហើយដែលអាចជំរុញមនុស្សឱ្យទៅរកទិសដៅថ្មីជានិច្ច។ សំណេរទាំងនោះលើកស្ទួយការរិះគិតពង្រីកប្រាជ្ញាមនុស្សឱ្យចម្រើនឡើង និងធ្វើឱ្យគេមានចិត្តគំនិតយល់អ្នកដទៃកាន់តែល្អឡើងៗ។ អ្នកដែលអះអាងថា មានតែសេចក្តីដែលប្រាជ្ញាមនុស្សអាចយល់បាន ទើបសំខាន់តែងមានចិត្តគំនិតចង្អៀត តែងបន្តុះបង្អាប់សំណេរទាំងនោះ។ តែមនុស្សមានប្រាជ្ញាគួរបោះបង់សំណេរទាំងនោះចោលមកពីអ្នកនិពន្ធបានចែងនៅបរិបទដែលអ្នកស្រុកស្ទើរតែទាំងអស់មានជំនឿទេ? ទោះបីអ្នកនិពន្ធសំណេរទាំងនោះប្រើនិមិត្តរូប និងលទ្ធិសាសនាក្តី ក៏ក្នុងសំណេរទាំងនោះមានចែងអំពីគោល ការណ៍ជាគ្រឹះខាងមនុស្សធម៌យ៉ាងពិតប្រាកដ ហើយមានតម្លៃតាមប្រាជ្ញាដែរ។

២៥៧- ក្នុងឋានៈយើងជាអ្នកជឿលើព្រះជាម្ចាស់ យើងរួមចិត្តគំនិតជាមួយអស់មនុស្សដែលស្វែងរកសេចក្តីពិត សេចក្តីសប្បុរស សោភ័ណភាព ដោយចិត្តស្មោះ ទោះបីអ្នកទាំងនោះមិនជាប់នឹងប្រពៃណីសាសនាណាក្តី។ សេចក្តីទាំងនោះមកពីព្រះជាម្ចាស់ និងបានពេញលក្ខណៈដោយសារព្រះអង្គដែរ។ យើងចាត់ទុកគេជាសម្ពន្ធមិត្តដ៏ប្រសើរក្នុងការប្តេជ្ញាចិត្ត ការរពារកិត្តិយសរបស់មនុស្សក្នុងការសាងសង់សន្តិភាព ដែលមានប្រជាជាតិនានារស់នៅជាមួយគ្នាដោយសេចក្តីសុខសាន្ត។ គេក៏ជាសម្ពន្ធមិត្តក្នុងការថែរក្សាសត្វលោកទាំងអស់ដែលព្រះជាម្ចាស់បានប្រតិស្ឋានមក។ យើងតែងហៅកន្លែងជួបគ្នាថា ជា “ទីលានរបស់សាសន៍ដទៃ” ឬ “ទួលអារេសថ្មី” ជាកន្លែងអ្នកជឿលើព្រះជាម្ចាស់ និងអ្នកមិនជឿមានលទ្ធភាពអាចនិយាយសន្ទនាគ្នា អំពីប្រធានបទជាគ្រឹះនៃសីលធម៌នៃសិល្បៈនៃវិទ្យាសាស្រ្ត និងស្វែងរកអ្វីដែលហួសពីលោកនេះ។ ការនេះក៏ជាផ្លូវតម្រង់ទៅរកសេចក្តីសុខសាន្តជូនមនុស្សលោកយើងនេះដែលត្រូវរបួស។

២៥៨- ខ្ញុំខិតខំពន្យល់ម្តងទៀតថា ការជូនដំណឹងល្អនៅតែភ្ជាប់នឹងសង្គមដាច់មិនបាន ដោយយកប្រធានបទខ្លះក្នុងសង្គមដែលមានសារៈសំខាន់សម្រាប់អនាគតនៃមនុស្សជាតិ។ ដូច្នេះ ខ្ញុំមានបំណងចង់លើកទឹកចិត្តគ្រីស្តបរិស័ទទាំងអស់ឱ្យសម្តែងដំណឹងល្អនេះជានិច្ច តាមរយៈកិច្ចការដែលគេធ្វើ តាមរយៈពាក្យសម្តីដែលគេនិយាយ តាមឥរិយាបថរបស់គេ និងទង្វើរបស់គេទៀតផង។

ជំពូក ៥
អ្នកប្រកាសដំណឹងល្អរួមជាមួយព្រះវិញ្ញាណ

***

២៥៩- “អ្នកប្រកាសដំណឹងល្អរួមជាមួយព្រះវិញ្ញាណ” គឺជាអ្នកដែលបើកចិត្តគំនិតទទួលស្គាល់ព្រះសកម្មភាពរបស់ព្រះវិញ្ញាណដ៏វិសុទ្ធដោយមិនខ្លាចអ្វីឡើយ។ នៅបុណ្យថ្ងៃទី៥០ ព្រះវិញ្ញាណបានណែនាំឱ្យក្រុមគ្រីស្តទូតចាកចេញពីខ្លួន។ ព្រះអង្គក៏ប្រែចិត្តគំនិតអស់លោកឱ្យទៅជាអ្នកប្រកាសស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ដែរ។ ជនម្នាក់ដែលស្តាប់អស់លោកក៏ចាប់ផ្តើមស្តាប់អស់លោកនិយាយ អំពីស្នាព្រះហស្តដ៏អស្ចារ្យទាំងនោះតាមភាសារៀងៗខ្លួន។ ព្រះវិញ្ញាណដ៏វិសុទ្ធក៏ចាក់បង្ហូរកម្លាំងរបស់ព្រះអង្គថែមទៀត ដើម្បីឱ្យអស់លោកអាចប្រកាសសេចក្តីថ្មីដែលមកពីដំណឹងល្អដោយចិត្តក្លាហាន និងដោយបន្លឺសំឡេងយ៉ាងខ្លាំងៗនៅគ្រប់កន្លែង ហើយនៅគ្រប់ពេលវេលាផង ទោះបីសេចក្តីដែលអស់លោកប្រកាសនោះខុសនឹងមតិទូទៅរបស់ប្រជាជនក៏ដោយ។ នៅពេលឥឡូវយើងត្រូវតែអង្វរព្រះវិញ្ញាណ គឺត្រូវសំអាងលើការអធិដ្ឋាន ព្រោះថា ប្រសិនបើគ្មានការអធិដ្ឋានទេ កិច្ចការទាំងប៉ុន្មានរបស់យើងទៅជាអសារឥតការ ហើយការប្រកាសដូចជាគ្មានជីវិតរស់រវើកទេ។ ព្រះយេស៊ូសព្វព្រះហឫទ័យឱ្យមានអ្នកប្រកាសដំណឹងល្អ មិនគ្រាន់តែដោយប្រើពាក្យសម្តីប៉ុណ្ណោះទេ តែជាពិសេស ដោយគេសម្តែងឱ្យឃើញថា ព្រះជាម្ចាស់មានវត្តមានក្នុងខ្លួនគេ ហើយបានប្រែការរស់នៅរបស់គេ។

២៦០- ក្នុងជំពូកចុងខាងក្រោយនេះ ខ្ញុំមិនធ្វើសំយោគអំពីការរស់នៅតាមព្រះវិញ្ញាណរបស់គ្រីស្តបរិស័ទទេ ខ្ញុំក៏មិនចង់រៀបរាប់អំពីប្រធានបទដ៏សំខាន់ៗមានការស្មឹងស្មាធិ៍ ការនមស្ការព្រះកាយ និងការលើកតម្កើងជំនឿជាដើម។ ការបង្រៀនដ៏មានតម្លៃរបស់ព្រះសហគមន៍ និងអ្នកនិពន្ធដ៏មានឈ្មោះល្បីជាច្រើននាក់ បាននិពន្ធសៀវភៅជាច្រើនអំពីប្រធានបទទាំងនោះរួចទៅហើយ។ ខ្ញុំមិនអួតអាងថា ចង់សរសេរអ្វីជំនួស ឬចែងសេចក្តីហួសពីអត្ថបទដ៏មានតម្លៃទាំងនោះទេ។ ខ្ញុំគ្រាន់តែចង់ផ្តល់យោបល់ខ្លះៗអំពីចិត្តគំនិតរបស់អ្នកប្រកាសដំណឹងល្អបែបថ្មី។

២៦១- ធម្មតានៅពេលយើងនិយាយថា កិច្ចមួយមាន “វិញ្ញាណ” យើងមានបំណងចង់សំដៅទៅលើគោលបំណងដែលនៅខាងក្នុង អ្នកបង្កើតកិច្ចនោះដែលជំរុញឱ្យគេប្រព្រឹត្ត និងផ្តល់មូលហេតុឱ្យប្រព្រឹត្តការនោះ ហើយលើកទឹកចិត្តគេ ព្រមទាំងផ្តល់អត្ថន័យដល់កិច្ចការដែលគេធ្វើម្នាក់ឯងនោះក្តី ឬធ្វើរួមគ្នាក្តី។ ការប្រកាសដំណឹងល្អដែលគេប្រព្រឹត្តដោយមានវិញ្ញាណ ជាការប្លែកពីកិច្ចទាំងប៉ុន្មានឯទៀតៗដែលមនុស្សធ្លាប់ប្រព្រឹត្តទុកជាកាតព្វកិច្ចដ៏ធ្ងន់ធ្ងរដែលត្រូវតែបំពេញនោះ។ គេគ្រាន់តែស៊ូទ្រាំនៅពេលគេប្រព្រឹត្តកិច្ចការនោះ ឬទ្រាំទ្រ ព្រោះកិច្ចការនេះផ្ទុយពីអ្វីដែលខ្លួនពេញចិត្ត ឬមានបំណងចង់ធ្វើ។ ខ្ញុំមានបំណងចង់រកពាក្យដ៏ល្អៗ ដើម្បីលើកទឹកចិត្តបងប្អូនក្នុងគ្រានេះ ដើម្បីឱ្យបងប្អូនប្រកាសដំណឹងល្អដោយមានចិត្តកាន់តែក្លៀវក្លា កាន់តែមានអំណរ មានចិត្តទូលំទូលាយ សេចក្តីក្លាហាន និងពោរពេញដោយសេចក្តីស្រឡាញ់យ៉ាងខ្លាំង ហើយមានជីវិតដែលផ្សព្វផ្សាយឆ្លងដល់អ្នកដទៃ។ ប៉ុន្តែខ្ញុំដឹងច្បាស់ថា គ្មានមូលហេតុណាគ្រប់គ្រាន់អាចជំរុញបងប្អូនឱ្យប្រកាសដំណឹងល្អនោះទេ លើកលែងតែមានព្រះវិញ្ញាណប្រោសឱ្យបងប្អូនមានចិត្តកក់ក្តៅចង់ជម្រាបជូននោះ។ សរុបសេចក្តីមក អ្នកប្រកាសដំណឹងល្អដោយវិញ្ញាណ តែងប្រកាសដំណឹងល្អរួមជាមួយព្រះវិញ្ញាណ ព្រោះព្រះអង្គជាជីវិត និងជាកម្លាំងនៃព្រះសហគមន៍ដែលប្រកាសដំណឹងល្អនោះ។ ខ្ញុំសូមអង្វរព្រះវិញ្ញាណម្តងទៀត មុននឹងផ្តល់មូលហេតុ និងយោបល់ខាងព្រះវិញ្ញាណខ្លះ សូមព្រះអង្គយាងមកប្រែព្រះសហគមន៍ អង្រួន និងជំរុញព្រះសហគមន៍ឱ្យមានសេចក្តីក្លាហាន ហ៊ានចេញទៅខាងក្រៅខ្លួនទៅនាំដំណឹងល្អដល់ប្រជាជននានា។

១) មូលហេតុដែលជំរុញយើងឱ្យជម្រាបជូនដំណឹងល្អបែបថ្មី

២៦២- “អ្នកជម្រាបជូនដំណឹងល្អរួមជាមួយព្រះវិញ្ញាណ” គឺជាអ្នកជម្រាបជូនដំណឹងល្អ ដែលតែងតែអធិដ្ឋាន និងធ្វើការ។ ប្រសិនបើយើងគិតដល់ការប្រកាសដំណឹងល្អ យើងមិនគ្រាន់តែជូនយោបល់ខាងការរួមជាមួយព្រះជាម្ចាស់ប៉ុណ្ណោះទេ តែត្រូវបេ្តជ្ញាចិត្តយ៉ាងខ្លាំងទៅប្រែសង្គម និងធ្វើជាសាសនទូត។ អ្នកជម្រាបជូនដំណឹងល្អមិនត្រូវការថ្លែងសេចក្តី និងប្រើទម្លាប់ក្នុងសង្គម និងតាមការណែនាំទេ តែត្រូវមានជីវិតខាងព្រះវិញ្ញាណជាចាំបាច់ គឺជីវិតខាងព្រះវិញ្ញាណនេះប្រែចិត្តគំនិតគេ។ យោបល់អំពីផ្នែកតែមួយមិនស៊ីជម្រៅទេ តែងទាក់ទាញចិត្តតែក្រុមតូចៗប៉ុណ្ណោះ ហើយក៏គ្មានកម្លាំងចូលយ៉ាងជ្រៅ ព្រោះគេមិនប្រកាសដំណឹងល្អទាំងមូលទេ។ យើងត្រូវរក្សាចិត្តស្ងាត់ស្ងៀម ដែលផ្តល់អត្ថន័យជាគ្រីស្តបរិស័ទដល់ការប្តេជ្ញាចិត្តប្រែសង្គម និងបំពេញសកម្មភាពនានា។ ប្រសិនបើអ្នកប្រកាសដំណឹងល្អមិននមស្ការថ្វាយបង្គំព្រះបិតាយ៉ាងយូរ មិនជួបព្រះអម្ចាស់យេស៊ូតាមព្រះបន្ទូល ទាំងអធិដ្ឋាន ហើយមិនសន្ទនាយ៉ាងស្មោះនឹងព្រះអង្គ កិច្ចការដែលគេធ្លាប់ធ្វើក្នុងការប្រកាសដំណឹងល្អបាត់បង់អត្ថន័យ។ យើងក៏កាន់តែខ្សោយ កាន់តែអស់កម្លាំងទៅៗ ដោយជួបការពិបាក និងការនឿយហត់។ យូរៗទៅចិត្តខ្នះខ្នែងប្រកាសដំណឹងល្អរលត់បាត់ទៅ។ ប្រសិនបើព្រះសហគមន៍មិនអធិដ្ឋានទេ ព្រះសហគមន៍មិនអាចរស់នៅបានឡើយ គេប្រៀបដូចជាមនុស្សដែលគ្មានសួតដូច្នោះដែរ។ ខ្ញុំមានអំណរដោយដឹងថា មានក្រុមអធិដ្ឋានកាន់តែច្រើនឡើងៗកើតក្នុងស្ថាប័នព្រះសហគមន៍ មានក្រុមអង្វរព្រះបិតា មានក្រុមអានព្រះបន្ទូល ទាំងអធិដ្ឋាន មានការនមស្ការព្រះកាយព្រះអម្ចាស់ជាអចិន្ត្រៃយ៍។ល។ នៅពេលជាមួយគ្នានោះ មិនត្រូវចាញ់ការល្បួងដោយចង់អធិដ្ឋានតាមព្រះវិញ្ញាណគ្រាន់តែជាមនោសញ្ចេតនាម៉្យាង និងសម្រាប់តែខ្លួនឯងប៉ុណ្ណោះទេ។ របៀបអធិដ្ឋាន និងរបៀបរស់នៅបែបនោះមិនស្របតាមសេចក្តីស្រឡាញ់ទេ ហើយក៏មិនស្របនឹងគម្រោងការរបស់ព្រះជាម្ចាស់ដែលប្រសូតជាមនុស្សដែរ។ ត្រូវប្រយ័ត្នកុំយកពេលអធិដ្ឋានធ្វើជាលេស តែតាមពិតខ្លួនគេមិនព្រមចេញទៅជម្រាបជូនដំណឹងល្អ។ របៀបរស់នៅឯកឯងរបស់គ្រីស្តបរិស័ទខ្លះអាចណែនាំឱ្យគេយកជីវិតខាងវិញ្ញាណមកធ្វើជាលេស។

២៦៣- យើងគួរនឹកចងចាំថា គ្រីស្តបរិស័ទដើមដំបូង និងតាមប្រវត្តិសាស្រ្ត បងប្អូនគ្រីស្តបរិស័ទជាច្រើនបានពោរពេញដោយអំណរ និងដោយសេចក្តីក្លាហានបានជម្រាបជូនដំណឹងល្អដោយមិនខ្លាចនឿយហត់ និងបានតស៊ូជាខ្លាំងយ៉ាងសកម្ម។ សព្វថ្ងៃ មានអ្នកខ្លះដោះសារខ្លួនដោយប្រាប់ថា នាបច្ចុប្បន្នកាលការប្រកាសដំណឹងល្អពិបាកជាងកាលពីមុន។ ប៉ុន្តែ យើងត្រូវទទួលស្គាល់ថា សភាពការណ៍ក្នុងចក្រភពរ៉ូមុំាងមិនសូវស្រួលប៉ុន្មានចំពោះការប្រកាសដំណឹងល្អដែរ។ គ្រីស្តបរិស័ទមិនសូវតស៊ូទាមទារយុត្តិធម៌ និងមិនងាយការពារកិត្តិយសរបស់មនុស្សដែរ។ តាមប្រវត្តិសាស្រ្តនៅគ្រប់សម័យ មនុស្សតែងតែទន់ខ្សោយដូចគ្នា មនុស្សតែងតែរកប្រយោជន៍ផ្ទាល់ខ្លួនដូចគ្នា ហាក់ដូចជាមានជំងឺម៉្យាង ដូចគ្នាមនុស្សក៏តែងតែគិតពីរស់នៅដោយស្រណុកតែខ្លួនឯងដែរ។ សរុបសេចក្តីមក យើងទាំងអស់គ្នាត្រូវប្រយ័ត្នកុំឱ្យមានចិត្តលោភលន់ឱ្យសោះ។ យើងគង់តែមានចិត្តលោភលន់ជានិច្ច តាមរបៀបប្លែកៗពីគ្នាដែរ។ ការពិបាកជម្រាបជូនដំណឹងល្អនេះបណ្តាលមកពីមនុស្សមានភាពទន់ខ្សោយ មិនគ្រាន់តែបណ្តាលមកពីសភាពការណ៍ប៉ុណ្ណោះទេ។ ហេតុនេះហើយ កុំនិយាយថា សម័យឥឡូវពិបាកជាងពីសម័យមុនៗឡើយ គឺពិបាកតាមរបៀបប្លែកពីមុនតែម្តង។ យើងត្រូវយកតម្រាប់តាមសន្តបុគ្គលដែលរស់នៅជំនាន់មុនៗ គឺអស់លោកអ្នកបានប្រឈមមុខការពិបាកតាមសម័យរបស់ខ្លួន។ ខ្ញុំសូមផ្តល់យោបល់ខ្លះឱ្យរកឃើញមូលហេតុផ្សេងៗ ដែលជួយយើងឱ្យកតម្រាប់ធ្វើតាមអស់លោកអ្នកនៅសម័យឥឡូវ។

យើងត្រូវជួបជាមួយព្រះយេស៊ូដែលមានព្រះហឫទ័យស្រឡាញ់ដែលសង្គ្រោះយើង

២៦៤- សេចក្តីស្រឡាញ់ដែលយើងបានទទួលពីព្រះយេស៊ូ ជាមូលហេតុទីមួយដែលជំរុញយើងឱ្យប្រកាសដំណឹងល្អ។ យើងមានបទពិសោធថា ព្រះអង្គបានសង្គ្រោះយើងរួចហើយ។ បទពិសោធនេះជំរុញយើងឱ្យស្រឡាញ់ព្រះអង្គកាន់តែខ្លាំងឡើងៗ។ ប្រសិនបើយើងស្រឡាញ់ព្រះអង្គមែន យើងចង់និយាយប្រាប់ឱ្យអ្នកដទៃស្គាល់ព្រះអង្គដែលយើងស្រឡាញ់នោះ និងបង្ហាញព្រះអង្គឱ្យគេស្គាល់ផង។ ប្រសិនបើយើងគ្មានបំណងយ៉ាងខ្លាំងនឹងនាំឱ្យគេស្គាល់ព្រះអង្គនោះ យើងត្រូវអធិដ្ឋានសូមអង្វរព្រះអង្គយ៉ាងយូរ សូមទ្រង់យាងមកទាក់ទាញចិត្តយើង។ យើងត្រូវទទូចអង្វរព្រះអង្គជារៀងរាល់ថ្ងៃ សូមទ្រង់ព្រះមេត្តាប្រោសប្រណីបន្ទន់ចិត្តគំនិតដ៏រឹងរូសរបស់យើង សូមព្រះអង្គដាស់តឿនយើងដែលរស់នៅជាធម្មតាទាំងមិនសូវស្រឡាញ់ព្រះអង្គទេ ការរស់នៅរបស់យើងក៏មិនសូវស៊ីជ្រៅនឹងព្រះអង្គដែរ។ យើងត្រូវបើកចិត្តចំហនៅមុខព្រះភ័ក្ត្រព្រះអង្គ បណ្តោយឱ្យព្រះអង្គទតមើលយើង ទើបយើងទទួលស្គាល់ថា ព្រះអង្គទតមើលយើងដោយព្រះហឫទ័យស្រឡាញ់ ដូចលោកណាថាណាអែលទទួលស្គាល់ព្រះយេស៊ូនៅថ្ងៃព្រះអង្គយាងមកក្បែរលោក និងមានព្រះបន្ទូលថា៖ “កាលអ្នកនៅក្រោមដើមស្វាយ ខ្ញុំបានឃើញអ្នកហើយ” (យហ ១,៤៨)។ ពេលយើងនៅមុខឈើឆ្កាង ឬកំពុងលុតជង្គង់នៅមុខព្រះកាយព្រះគ្រីស្ត យើងពិតជាសប្បាយណាស់។ ពេលព្រះអង្គយាងចូលរួមក្នុងការរស់នៅរបស់យើងដូចជាប៉ះការរស់នៅរបស់យើង និងជំរុញយើងឱ្យចែកចាយព្រះជន្មថ្មីរបស់ព្រះអង្គ យើងពិតជាសប្បាយដែរ។ ហេតុនេះហើយ បានជាសេចក្តីដែលមានចែងថា “យើងសូមជូនដំណឹងអំពីព្រះបន្ទូលដែលយើងបានឃើញ និងបានឮ” (១យហ ១,៣) កើតជារូបរាងហើយ។ ការស្មឹងស្មាធិ៍ធ្វើសមាធិដោយសម្លឹងមើលព្រះអង្គទាំងមានចិត្តស្រឡាញ់ និងការអានគម្ពីរដំណឹងល្អយ៉ាងយូរ ទាំងមានចិត្តស្រឡាញ់ ពិតជាមូលហេតុដ៏ប្រសើរជាងគេដែលជំរុញឱ្យយើងសម្រេចចិត្តចែកចាយដំណឹងល្អឱ្យគេ។ ប្រសិនបើយើងអានគម្ពីរតាមរបៀបនេះយើងមុខជាឆ្ងល់ ហើយចាប់ចិត្តនឹងជំរុញសោភ័ណភាពនៃដំណឹងល្អដែលទាក់ទាញចិត្តយើងគ្រប់ពេលដែលយើងអាននោះ។ ហេតុនេះ យើងត្រូវមានវិញ្ញាណដែលធ្លាប់ស្មឹងស្មាធិ៍ធ្វើសមាធិឡើងវិញ ដើម្បីឱ្យយើងទទួលស្គាល់ឡើងវិញជារៀងរាល់ថ្ងៃថា ព្រះជាម្ចាស់បានផ្ញើទ្រព្យសម្បត្តិមួយដែលអាចប្រោសឱ្យមនុស្សយើងមានលក្ខណៈជាមនុស្សកាន់តែប្រសើរឡើងៗ។ ដំណឹងល្អនេះក៏ជួយយើងឱ្យរស់នៅតាមរបៀបថ្មី។ យើងគ្មានអ្វីដ៏ប្រសើរជាងដែលយើងត្រូវបញ្ជូនបន្តដល់អ្នកដទៃ។

២៦៥- ជីវប្រវត្តិទាំងមូលរបស់ព្រះយេស៊ូ របៀបព្រះអង្គប្រព្រឹត្តចំពោះអ្នកក្រីក្រ កាយវិការរបស់ព្រះអង្គរបៀបព្រះបន្ទូល និងព្រះរាជកិច្ចរបស់ព្រះអង្គស៊ីគ្នា ព្រះហឫទ័យទូលំទូលាយជាធម្មតាប្រចាំថ្ងៃរបស់ព្រះអង្គ សរុបសេចក្តីមក គឺការស៊ូប្តូរជីវិតទាំងស្រុងរបស់ព្រះអង្គក៏សុទ្ធតែមានតម្លៃដ៏ថ្លៃប្រសើរ និងមានអត្ថន័យសម្រាប់ការរស់នៅរបស់យើងដែរ។ ពេលមនុស្សម្នាក់ចាប់ផ្តើមស្គាល់ព្រះអង្គ គេយល់ច្បាស់ថា ទោះបីអ្នកដទៃមិនព្រមទទួលស្គាល់ព្រះអង្គក្តី ក៏អ្នកទាំងនោះត្រូវការព្រះអង្គដែរ ដូចគ្រីស្តទូតប៉ូលមានប្រសាសន៍ទៅកាន់ទស្សនវិទូនៅក្រុងអាថែនពីដើមថា៖ “ខ្ញុំនាំដំណឹងមកប្រាប់អស់លោកអំពីព្រះដែលអស់លោកថ្វាយបង្គំទាំងពុំស្គាល់ហ្នឹងហើយ” (កក ១៧,២៣)។ ជួនកាលយើងលែងមានចិត្តខ្នះខ្នែងចង់ប្រកាសដំណឹងល្អ ព្រោះយើងបំភ្លេចថា ដំណឹងល្អនេះតបឆ្លើយនឹងសេចក្តីត្រូវការដ៏ជ្រៅជាងគេរបស់មនុស្ស។ យើងដឹងថា ព្រះជាម្ចាស់បានប្រតិស្ឋានយើងទាំងអស់គ្នា ដើម្បីឱ្យយើងទទួលនូវសេចក្តីដែលដំណឹងល្អជម្រាបជូនមកយើង គឺយើងអាចមានមេត្រីភាពរាប់អានជាមួយព្រះយេស៊ូបាន និងអាចស្រឡាញ់គ្នាទៅវិញទៅមកបានដែរ។ កាលណាមានគេអាចបញ្ចេញសេចក្តីសំខាន់នៃដំណឹងល្អយ៉ាងត្រឹមត្រូវ និងប្រកបដោយសោភ័ណភាពសារនៃដំណឹងល្អនោះ ពិតជាតបឆ្លើយនឹងសេចក្តីស្រេកឃ្លានដ៏ជ្រៅជាងគេរបស់មនុស្ស។ “សាសនទូតជឿជាក់ថា ដោយសកម្មភាពនៃព្រះវិញ្ញាណ ទាំងបុគ្គលម្នាក់ៗ ទាំងប្រជាជននានាតែងតែរង់ចាំទទួលស្គាល់សេចក្តីពិតអំពីព្រះជាម្ចាស់ អំពីមនុស្ស អំពីមាគ៌ាដែលណែនាំឱ្យរួចពីបាបកម្ម និងអំពីសេចក្តីស្លាប់។ ជួនកាលគេមិនដឹងខ្លួនអំពីអ្វីដែលគេរង់ចាំទាំងនោះទេ។ យើងមានចិត្តខ្នះខ្នែងប្រកាសអំពីព្រះគ្រីស្តមកពីយើងជឿជាក់ថា យើងអាចតបឆ្លើយនឹងសេចក្តីរង់ចាំទាំងនោះបាន។ យើងមានទ្រព្យសម្បត្តិដ៏មានតម្លៃជាប្រភពនៃជីវិត និងជាប្រភពនៃសេចក្តីស្រឡាញ់ដែលមិនអាចបំភាន់នរណាសោះ គឺជាដំណឹងដែលមិនបញ្ឆោតគេទេ ហើយក៏មិនដែលបណ្តាលឲ្យ គេខកចិត្តដែរ។ មនុស្សតបឆ្លើយនឹងដំណឹងល្អនេះពីជម្រៅចិត្តរបស់គេ។ ចម្លើយនោះអាចគាំទ្រគេ និងលើកស្ទួយគេឡើងបាន។ សេចក្តីពិតនៃដំណឹងល្អនេះមិនដែលប្រែប្រួលទេ មិនដែលចាស់ទេ ព្រោះសេចក្តីពិតនោះអាចចូលនៅកន្លែងណាដែលអ្វីៗផ្សេងទៀតមិនអាចចូលបាន ជាកន្លែងដែលអ្វីផ្សេងទៀតមិនអាចកើតឡើងបាន។ មានតែសេចក្តីស្រឡាញ់ដែលគ្មានព្រំដែនរបស់ព្រះបិតាប៉ុណ្ណោះ អាចព្យាបាលទុក្ខដ៏គ្មានព្រំដែនរបស់មនុស្សយើងបាន។

២៦៦- ប៉ុន្តែ យើងមានបទពិសោធផ្ទាល់ថា យើងពេញចិត្តនឹងសចក្តីស្រឡាញ់របស់ព្រះអង្គ និងពេញចិត្តនឹងសារ របស់ព្រះអង្គ។ បទពិសោធនេះគាំទ្រសេចក្តីដែលយើងជឿជាក់ដូចមានចែងនៅខាងលើ។ យើងមានបទពិសោធថា យើងបានស្គាល់ព្រះយេស៊ូប្រសើរជាងមិនបានស្គាល់ព្រះអង្គវិញ យើងធ្វើដំណើររួមជាមួយព្រះយេស៊ូប្រសើរជាងដើរក្នុងភាពងងឹតទាំងស្ទាបៗវិញ យើងអាចស្តាប់ព្រះបន្ទូលព្រះអង្គប្រសើរជាងមិនស្គាល់ព្រះបន្ទូលវិញ យើងអាចសម្លឹងមើលព្រះអង្គដោយស្មឹងស្មាធិ៍ធ្វើសមាធិ អាចនមស្ការក្រាបថ្វាយបង្គំព្រះអង្គ អាចសម្រាកក្នុងព្រះអង្គប្រសើរជាងអត់វិញ។ យើងខិតខំកសាងពិភពលោកដោយយកដំណឹងល្អរបស់ព្រះអង្គធ្វើជាពន្លឺប្រសើរជាងកសាងពិភពលោក ដោយសំអាងតែលើប្រាជ្ញារបស់ខ្លួនវិញ។ យើងអាចព្យាយាមប្រកាសដំណឹងល្អយ៉ាងខ្នះខ្នែងបានលុះត្រាតែយើងមានបទពិសោធទាំងនេះ។ យើងដឹងច្បាស់ថា ការរស់នៅជាមួយព្រះអង្គបានពេញលេញជាងពីមុន ហើយប្រសិនបើយើងរួមជាមួយព្រះអង្គ យើងរកអត្ថន័យឱ្យអ្វីទាំងអស់យ៉ាងស្រួល ជាងអ្នកដែលមិនរួមជាមួយព្រះអង្គវិញ។ នេះជាមូលហេតុដែលយើងនាំដំណឹងល្អដល់មនុស្សលោក។ សាសនទូតដ៏ពិតប្រាកដ នៅតែជាសាវ័កដែលស្តាប់ព្រះអង្គជានិច្ច គាត់ដឹងថា ព្រះយេស៊ូកំពុងធ្វើដំណើររួមជាមួយគាត់ ព្រះអង្គនៅតែមានព្រះបន្ទូលមកគាត់ ព្រះអង្គដកដង្ហើមជាមួយគាត់ ព្រះអង្គធ្វើការជាមួយគាត់។ សាសនទូតដ៏ពិតប្រាកដនោះដឹងច្បាស់ក្នុងខ្លួនថា ព្រះយេស៊ូមានព្រះជន្មរស់នៅជាមួយគាត់ក្នុងកិច្ចការទាំងប៉ុន្មាន ដែលគាត់ប្រព្រឹត្តក្នុងឋានៈជាសាសនទូតនោះ។ ប្រសិនបើនរណាម្នាក់មិនយល់ឃើញថា ព្រះយេស៊ូគង់នៅក្នុងកិច្ចការជាសាសនទូតនោះទេ គេលែងមានចិត្តខ្នះខ្នែង ហើយមានចិត្តសង្ស័យអំពីសេចក្តី ដែលគាត់បញ្ជូនបន្តមក គាត់ខ្វះកម្លាំង និងខ្វះចិត្តកក់ក្តៅ។ អ្នកណាដែលមិនជឿជាក់ខ្លួនឯង អ្នកនោះគ្មានចិត្តខ្នះខ្នែង ហើយនៅតែសង្ស័យ គ្មានចិត្តស្នេហាស្រឡាញ់ព្រះយេស៊ូ មិនអាចនាំឱ្យអ្នកដទៃជឿបានទេ។

២៦៧- ប្រសិនបើយើងរួមជាមួយព្រះយេស៊ូ យើងមុខជាស្វែងរកអ្វីដែលព្រះអង្គស្វែងរកចូលចិត្តនឹងអ្វីៗដែលព្រះអង្គចូលចិត្ត។ នៅទីបំផុតយើងស្វែងរកសិរីរុងរឿងរបស់ព្រះបិតាយើងរស់នៅ និងប្រព្រឹត្តអ្វីៗដើម្បី “លើកតម្កើងសិរីរុងរឿងនៃព្រះហឫទ័យប្រោសប្រណីរបស់ព្រះអង្គ” (អភ ១,៦)។ ប្រសិនបើយើងមានបំណងព្យាយាមបូជាជីវិតទាំងស្រុងថ្វាយព្រះគ្រីស្ត យើងត្រូវមានមូលហេតុហួសពីមូលហេតុឯទៀតៗទាំងអស់ ហើយជាមូលហេតុជ្រៅជាងគេ និងប្រសើរជាងគេឱ្យយើងសម្រេចម្តងជាស្រេច យកធ្វើជាអត្ថន័យចុងក្រោយបង្អស់របស់អ្វីៗទាំងអស់ដែលយើងប្រព្រឹត្ត។ អស់មួយជីវិតព្រះយេស៊ូបានស្វែងរកសិរីរុងរឿងរបស់ព្រះបិតាជានិច្ច។ ព្រះអង្គជាព្រះបុត្រាដែលមានអំណរអស់កល្បជានិច្ច ដោយទ្រង់បែរទៅរកព្រះបិតា និងមានព្រះជន្មរួមជាមួយព្រះបិតា (យហ ១,១.១៨)។ យើងជាសាសនទូត មកពីព្រះយេស៊ូមានព្រះបន្ទូលមកយើងថា៖ “ព្រះបិតារបស់ខ្ញុំសម្ដែងសិរីរុងរឿងដោយអ្នករាល់គ្នាបង្កើតផលផ្លែបានច្រើន” (យហ ១៥,៨)។ ទោះបីយើងពេញចិត្ត ឬមិនពេញចិត្តក្តី ទោះបីយើងចាប់អារម្មណ៍ ឬមិនចាប់អាម្មណ៍ក្តី ទោះបីមានប្រយោជន៍ផ្ទាល់ខ្លួន ឬគ្មានប្រយោជន៍ដល់យើងក្តី យើងជម្រាបជូនដំណឹងល្អដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះបិតាដែលស្រឡាញ់យើង ដែលហួសពីបំណងរបស់មនុស្សទន់ខ្សោយ និងហួសពីការយល់ឃើញរបស់យើង ហើយក៏ហួសពីមូលហេតុដែល ជំរុញយើងឱ្យប្រកាសដំណឹងល្អនោះផង។

យើងមានអំណរសប្បាយដោយបានចូលរួមជាប្រជាជនមួយ

២៦៨- ព្រះបន្ទូលរបស់ព្រះជាម្ចាស់អញ្ជើញយើងឱ្យទទួលស្គាល់ថា យើងជាប្រជាជនមួយ៖ “ពីដើមបងប្អូនមិនមែនជាប្រជារាស្ត្ររបស់ព្រះជាម្ចាស់ទេ តែឥឡូវនេះ បងប្អូនជាប្រជារាស្ត្ររបស់ព្រះអង្គហើយ” (១សល ២,១០)។ អ្នកមានបំណងចង់នាំដំណឹងល្អយ៉ាងពិតប្រាកដ ត្រូវពង្រឹងចំណូលចិត្តខាងវិញ្ញាណ ចង់រស់នៅរួមជាមួយអ្នកស្រុករហូតដល់ទទួលស្គាល់ថា របៀបរស់នៅបែបនោះផ្តល់អំណរដ៏ខ្ពង់ខ្ពស់។ អ្នកបំពេញបេសកកម្មប្រកាសដំណឹងល្អ ត្រូវមានចិត្តស្រឡាញ់ព្រះយេស៊ូយ៉ាងកក់ក្តៅខ្លាំងជាទីបំផុត ហើយក៏ត្រូវស្រឡាញ់ប្រជារាស្រ្តរបស់ព្រះអង្គដែរ។ នៅពេលយើងសម្រាកទាំងសម្លឹងមើលព្រះយេស៊ូដែលត្រូវគេឆ្កាងនោះ យើងទទួលស្គាល់ព្រះហឫទ័យស្រឡាញ់ហួសហេតុរបស់ព្រះអង្គដែលប្រោសឱ្យយើងមានកិត្តិយស។ ព្រះហឫទ័យស្រឡាញ់នោះក៏គាំទ្រយើងដែរ។ តែនៅពេលដដែលនោះ ប្រសិនបើយើងចេះមើលឃើញ គឺយើងមិនមែនជាអ្នកខ្វាក់ភ្នែកទេ យើងចាប់ផ្តើមយល់ថា ព្រះយេស៊ូពង្រីក និងតម្រង់ព្រះនេត្រប្រកបដោយព្រះហឫទ័យស្រឡាញ់យ៉ាងកក់ក្តៅ ទៅទតមើលប្រជារាស្រ្តទាំងមូលរបស់ព្រះអង្គដែរ។ ដូច្នេះ យើងទទួលស្គាល់សាជាថ្មីថា ព្រះអង្គសព្វព្រះហឫទ័យ ប្រើយើងធ្វើឱ្យព្រះអង្គស្ថិតនៅក្បែរប្រជារាស្រ្តដែលព្រះអង្គស្រឡាញ់នោះកាន់តែជិតឡើងៗ។ ព្រះអង្គលើកយកយើងពីកណ្តាលចំណោមប្រជាជន ហើយក៏ចាត់យើងទៅរកប្រជារាស្រ្តរបស់ព្រះអង្គដែរ។ ហេតុនេះហើយ បានជាយើងអាចយល់អត្តសញ្ញាណរបស់យើងបាន លុះត្រាតែយើងភ្ជាប់នឹងព្រះគ្រីស្តប៉ុណ្ណោះ។

២៦៩- ព្រះយេស៊ូជាគំរូរបស់អ្នកដែលសម្រេចចិត្តរស់នៅស្របតាមដំណឹងល្អ។ ជម្រើសនេះនាំឱ្យយើងចូលនៅក្នុងចំណោមប្រជារាស្រ្តរបស់ព្រះអង្គ។ ពេលយើងឃើញព្រះអង្គគង់នៅក្បែរយើង យើងសប្បាយចិត្តណាស់។ កាលពីដើមនៅពេលព្រះយេស៊ូមានព្រះបន្ទូលមកកាន់មនុស្សម្នាក់ ព្រះអង្គតែងតែទតមើលគេចំនឹងភ្នែកដោយចាប់អារម្មណ៍យ៉ាងខ្លាំង ទាំងពោរពេញដោយសេចក្តីសឡាញ់ គឺថា “ព្រះយេស៊ូទតមើលទៅគាត់ ហើយមានព្រះហឫទ័យស្រឡាញ់គាត់” (មក ១០,២០)។ យើងឃើញថា ព្រះអង្គសព្វព្រះហឫទ័យឱ្យគេមកទាក់ទងនឹងព្រះអង្គ នៅពេលព្រះអង្គយាងមកក្បែរមនុស្សខ្វាក់នៅឯភូមិយេរីខូ (មក ១០,៤៦-៥២) នៅពេលព្រះអង្គរួមតុបរិភោគជាមួយអ្នកបាប (មក ២,១៦) ទាំងមិនរវីរវល់ដោយគេចោទថា លោក “គិតតែពីស៊ីផឹក ហើយសេពគប់ជាមួយពួកទារពន្ធ និងមនុស្សបាប” ឡើយ (មថ ១១,៩)។ យើងឃើញថា ព្រះអង្គសព្វព្រះហឫទ័យឱ្យគេមកទាក់ទងជាមួយព្រះអង្គ នៅពេលព្រះអង្គបណ្តោយឱ្យស្រ្តីពេស្យាយកប្រេងមកលាបព្រះបាទាព្រះអង្គ (លក ៧,៣៦-៥០) នៅពេលព្រះអង្គទទួលលោកនីកូដេមទាំងយប់ (យហ ៣,១-១៥)។ល។ ពេលព្រះយេស៊ូបូជាព្រះជន្មនៅលើឈើឆ្កាង ពិតជាកំពូលនៃរបៀបព្រះអង្គបានរស់នៅអស់មួយជីវិត។ ដោយយើងចាប់ចិត្តនឹងរបៀបព្រះអង្គរស់នៅធ្វើជាគំរូ យើងចង់ចូលរួមយ៉ាងជ្រៅក្នុងសង្គម យើងចង់ចែករំលែកការរស់នៅរបស់មនុស្សទាំងអស់ ចង់ស្តាប់គេនិយាយពីកង្វល់របស់គេ ចង់សហការជាមួយគេក្នុងសេចក្តីត្រូវការរបស់គេ ទាំងខាងផ្លូវសម្ភារៈ ទាំងខាងផ្លូវវិញ្ញាណ។ យើងរួមសប្បាយជាមួយអ្នកដែលសប្បាយ រួមយំសោកជាមួយអ្នកដែលយំសោក ប្តេជ្ញាចិត្តនឹងកសាងពិភពលោកថ្មីទាំងរួបរួមយ៉ាងជិតស្និទ្ធជាមួយអ្នកដទៃ។ ប៉ុន្តែ យើងរួមរស់ជាមួយគេបែបនេះមិនមែនទុកជាភារកិច្ចដែលយើងត្រូវតែបំពេញប៉ុណ្ណោះទេ ឬទុកជាទម្ងន់បណ្តាលឱ្យយើងអស់កម្លាំងទេ តែទុកជាជម្រើសរបស់យើងផ្ទាល់ដែលនាំឱ្យយើងពោរពេញដោយអំណរ និងផ្តល់ឱ្យយើងមានអត្តសញ្ញាណ។

២៧០- ជួនកាលយើងមានការល្បួងទៅជាគ្រីស្តបរិស័ទដែលស្ថិតនៅឆ្ងាយពីស្នាមរបួសរបស់ព្រះអម្ចាស់។ ប៉ុន្តែ ព្រះយេស៊ូសព្វព្រះហឫទ័យឱ្យយើងយកចិត្តទុកដាក់នឹងទុក្ខវេទនារបស់មនុស្សលោក គឺដូចជាប៉ះសាច់ឈាមរបស់គេដែលកំពុងតែរងទុក្ខ។ ព្រះអង្គមិនសព្វព្រះហឫទ័យឱ្យយើងរកទីជម្រកមកពួន ទោះជាជម្រកផ្ទាល់ខ្លួនក្តី ឬជាជម្រកសហគមន៍ក្តី ដើម្បីឱ្យយើងឃ្លាតឆ្ងាយពីទុក្ខវេទនារបស់មនុស្សលោក។ ព្រះអង្គសព្វព្រះហឫទ័យឱ្យយើងចូលរួមយ៉ាងពិតប្រាកដ ក្នុងការរស់នៅយ៉ាងជាក់ច្បាស់របស់អ្នកដទៃ និងស្គាល់កម្លាំងនៃសេចក្តីថ្នាក់ថ្នម។ ពេលយើងធ្វើដូច្នេះ ការរស់នៅរបស់យើងកាន់តែប្រសើរឡើងៗ យើងមានបទពិសោធយ៉ាងច្បាស់ថា យើងពិតជាចូលរួមក្នុងប្រជាជនមួយ គឺជាសមាជិកនៃប្រជាជននោះ។

២៧១- នៅពេលយើងទាក់ទងជាមួយមនុស្សលោក ព្រះជាម្ចាស់អញ្ជើញយើងឱ្យប្រុងប្រៀបខ្លួនឆ្លើយតទល់នឹងអស់អ្នកដែលសាកសួរអំពីសេចក្ដីសង្ឃឹមរបស់យើងជានិច្ច ប៉ុន្តែ យើងតបឆ្លើយនឹងគេ មិនមែនដូចជាសត្រូវរបស់គេដែលចោទប្រកាន់ដាក់ទោសគេទេ។ គ្រីស្តទូតសិលាបានប្រៀនប្រដៅយ៉ាងច្បាស់ថា ត្រូវឆ្លើយតបនឹងគេ “ដោយភាពទន់ភ្លន់ និងដោយគោរព” (១សល ៣,១៦) ហើយគ្រីស្តទូតប៉ូលប្រៀនប្រដៅថា “ផ្នែកឯខាងបងប្អូន ប្រសិនបើស្រេចតែលើបងប្អូន ត្រូវរស់នៅដោយសុខសាន្តជាមួយមនុស្សទាំងអស់ទៅ” (រម ១២,១៨)។ លោកក៏អញ្ជើញយើងឱ្យ “ឈ្នះការអាក្រក់ដោយប្រព្រឹត្តអំពើល្អ” (រម ១២,២១) ទាំង “មិននឿយណាយនឹងប្រព្រឹត្តអំពីល្អ” (កាឡ ៦,៩) ហើយមិនអួតថា យើងប្រសើរជាងគេទេ តែត្រូវ “ចាត់ទុកអ្នកឯទៀតៗថា ប្រសើរជាងខ្លួន” (ភីល ២,៣)។ តាមពិត “ប្រជាជនទាំងមូលគោរពរាប់អាន” ក្រុមគ្រីស្តទូតទាំងអស់គ្នា (កក ២,៤៧; ៤,២១.៣៣; ៥,១៣)។ ព្រះយេស៊ូគ្រីស្តច្បាស់ជាមិនសព្វព្រះហឫទ័យឱ្យយើងរស់នៅដូចអម្ចាស់នៃលោកនេះ ដែលតែងតែមើលងាយប្រជាជនទេ តែទ្រង់សព្វព្រះហឫទ័យឱ្យយើងទៅជាបុរស និងស្រ្តីរស់នៅក្នុងប្រជាជនវិញ។ យោបល់នេះពុំមែនជាយោបល់របស់សម្តេចប៉ាបម្នាក់ឯងទេ ក៏មិនមែនជាជម្រើសមួយក្នុងជម្រើសឯទៀតដែលយើងអាចជ្រើសរើសបានទេ តែពិតជាសេចក្តីដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់បង្ហាញយ៉ាងច្បាស់ និងចំៗនរណាក៏ប្រកែក និងសេចក្តីនេះមិនបាន។ មិនបាច់បកស្រាយសេចក្តីនោះទេ ក្រែងវាបាត់បង់កម្លាំងសម្រាប់ដាស់តឿនយើង។ យើងត្រូវរស់នៅតាមសេចក្តីនេះដោយមិនបាច់បកស្រាយទេ។ ដូច្នេះ យើងនឹងបានបទពិសោធអំពីអំណររបស់សាសនទូត ដែលចែកចាយការរស់នៅរបស់ប្រជាជន ដែលផ្ញើជីវិតយ៉ាងស្មោះនឹងព្រះជាម្ចាស់ទាំងខិតខំបង្កាត់ភ្លើងនៅកណ្តាលពិភពលោក។

២៧២- សេចក្តីស្រឡាញ់ចំពោះមនុស្សលោកពិតជាកម្លាំងខាងវិញ្ញាណ ដែលនាំឱ្យយើងអាចជួបព្រះជាម្ចាស់យ៉ាងពេញលេញបាន។ ហេតុនេះ អ្នកមិនស្រឡាញ់បងប្អូន “រស់ក្នុងសេចក្ដីងងឹត” (១យហ ២,១១) “អ្នកនោះក៏ស្ថិតនៅក្នុងសេចក្ដីស្លាប់ដែរ” (១យហ ៣,១៤) ហើយ “មិនបានស្គាល់ព្រះជាម្ចាស់ទេ” (១យហ ៤,៨)។ សម្តេចប៉ាបបេណេឌិកតូទី១៦ មានប្រសាសន៍ថា “អ្នកបិទភ្នែកមិនព្រមរកមើលបងប្អូនក៏ធ្វើឱ្យខ្លួនទៅជាមនុស្ស ខ្វាក់នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ដែរ។ សេចក្តីស្រឡាញ់ជាប្រភពនៃពន្លឺតែមួយគត់ដែរ” បំភ្លឺមនុស្សលោកសាជាថ្មីជានិច្ច គឺមនុស្សលោកដែលស្ថិតនៅក្នុងភាពងងឹតអន្ធការ។ ពន្លឺនោះក៏ផ្តល់ឱ្យយើងមានសេចក្តីក្លាហានអាចរស់នៅ និងអាចប្រព្រឹត្តកិច្ចការបាន”។ ដូច្នេះ ពេលណាយើងមានគំនិតចង់មកជិតអ្នកដទៃ ដើម្បីស្វែងរកប្រយោជន៍របស់គេ ពេលនោះ យើងពង្រីកចិត្តគំនិតរបស់យើង និងទទួលព្រះអំណោយទានដ៏ប្រសើរជាងគេបំផុតពីព្រះអម្ចាស់។ គ្រប់ពេលយើងជួបមនុស្សម្នាក់ទាំងមានចិត្តស្រឡាញ់ យើងដាក់ខ្លួនតាមរបៀបដែលនាំឱ្យយើងយល់ឃើញលក្ខណៈថ្មីមួយរបស់ព្រះជាម្ចាស់។ គ្រប់ពេលដែលយើងបើកភ្នែកទទួលស្គាល់បងប្អូនណាម្នាក់ ជំនឿរបស់យើងកាន់តែភ្លឺឡើង យើងក៏ទទួលស្គាល់ព្រះជាម្ចាស់កាន់តែច្បាស់ដែរ។ ហេតុនេះ ប្រសិនបើយើងចង់ឱ្យជីវិតខាងព្រះវិញ្ញាណរបស់យើងចម្រើនឡើង យើងមិនអាចឈប់ធ្វើជាសាសនទូតបានឡើយ។ កិច្ចនាំដំណឹងល្អធ្វើឱ្យទាំងវិញ្ញាណទាំងចិត្តយើងចម្រើនឡើង និងបង្ហាញទិសដៅថ្មីខាងព្រះវិញ្ញាណ ហើយក៏ប្រោសឱ្យយើងកាន់តែចាប់អារម្មណ៍ទទួលស្គាល់ព្រះសកម្មភាពនៃព្រះវិញ្ញាណដែរ។ កិច្ចនាំដំណឹងល្អណែនាំយើងឱ្យចេញពីរបៀបរស់នៅខាងវិញ្ញាណដែលកំណត់ម្តងជាស្រេច។ នៅពេលជាមួយគ្នានោះ សាសនទូតណាដែលបូជាកម្លាំងចិត្តកម្លាំងកាយទាំងស្រុង ក្នុងកិច្ចការរបស់ខ្លួនគង់តែមានបទពិសោធ និងសប្បាយដោយខ្លួនក្លាយទៅជាប្រភពហូរហៀរ និងផ្តល់ភាពត្រជាក់ត្រជុំដល់អ្នកដទៃ។ មានតែអ្នកដែលយកចិត្តទុកដាក់ស្វែងរកប្រយោជន៍ដល់អ្នកដទៃ និងចង់ឱ្យគេបានសប្បាយប៉ុណ្ណោះទេ ដែលអាចទៅជាសាសនទូតបាន។ របៀបបើកចិត្តគំនិតបែបនេះ ពិតជាប្រភពនៃសេចក្តីសុខសាន្ត ដ្បិត “បើអ្នកឱ្យអ្វីដល់គេ បានសុភមង្គលច្រើនជាងទទួលពីគេ” (កក ២០,៣៥)។ អ្នករត់ឆ្ងាយពីគេទាំងលាក់ខ្លួនមិនព្រមចែករំលែកទុក្ខគេ មិនព្រមចែកចាយអ្វីៗដល់គេ ដូចជាឃុំឃាំងខ្លួនដោយរស់នៅសម្បូរណ៍បែប។ អ្នករស់បែបនោះមិនស្រួលទេ គឺដូចជាធ្វើអត្តឃាតខ្លួនឯងយ៉ាងយឺតៗដូច្នោះដែរ។

២៧៣- ខ្ញុំទទួលបេសកកម្មប្រកាសដំណឹងល្អ នៅកណ្តាលចំណោមប្រជាជន។ បេសកកកម្មនេះមិនមែនជាផ្នែក តែមួយនៃជីវិតរបស់ខ្ញុំទេ ឬមិនមែនជាគ្រឿងអលង្ការដែលខ្ញុំអាចលះបង់ចោលបានទេ ហើយក៏មិនមែនជាសេចក្តីមិនសំខាន់ ឬដែលខ្ញុំត្រូវបំពេញគ្រាន់តែក្នុងរយៈពេលមួយប៉ុណ្ណោះក្នុងការរស់នៅរបស់ខ្ញុំដែរ។ បេសកកម្មនេះហាក់ដូចជាផ្នែកមួយដែលខ្ញុំមិនអាចដកហូតចេញពីខ្លួនខ្ញុំបានទេ ប្រសិនបើខ្ញុំដកបេសកកម្មហូតចេញពីខ្ញុំនោះ ខ្ញុំមុខជាបំផ្លាញរូបខ្ញុំផ្ទាល់តែម្តង។ ខ្ញុំជាបេសកកម្មមួយនៅលើផែនដីនេះ គឺខ្ញុំកើតមកក្នុងលោកនេះ ដើម្បីបំពេញបេសកកម្មនេះឯង។ ខ្ញុំត្រូវទទួលស្គាល់ថា បេសកកកម្មនេះដៅចំណាំខ្ញុំ ដូចជាដៅចំណាំដោយស្នាមធ្វើពីភ្លើង ដើម្បីឱ្យខ្ញុំបំភ្លឺមនុស្សលោកជូនពរគេ ផ្តល់ជីវិតឱ្យគេ សម្រាលទុក្ខគេ ព្យាបាលគេ និងរំដោះគេទៀតផង។ អស់អ្នកដែលសម្រេចចិត្តថា នឹងរស់នៅជាមួយអ្នកដទៃ និងសម្រាប់អ្នកដទៃពិតជាកើតមកដើម្បីទៅជាគ្រូពេទ្យ ជាសាស្រ្តាចារ្យ ជាអ្នកនយោបាយ។ ផ្ទុយទៅវិញ អ្នកបំបែកភារកិច្ចរបស់ខ្លួនឱ្យដាច់ពីការរស់នៅរបស់ខ្លួនមុខជាអ្វីៗទាំងអស់ ក្នុងការរស់នៅរបស់គេមិនសូវសប្បាយទេ អ្នកនោះក៏មុខជានឹងរស់នៅដោយចង់បានកិត្តិយស និងតែងតែខិតខំការពារផលប្រយោជន៍ផ្ទាល់ខ្លួនដោយឥតឈប់ឈរពុំខាន។ អ្នកនោះលែងជាសមាជិកនៃប្រជាជនហើយ។

២៧៤- ប្រសិនបើយើងចង់រស់នៅរួមជាមួយប្រជាជន និងបូជាកម្លាំងកាយកម្លាំងចិត្តដោយសទ្ធាជ្រះថ្លា យើងត្រូវទទួលស្គាល់ថា យើងគួរសុខចិត្តបូជាកម្លាំងកាយកម្លាំងចិត្តសម្រាប់បុគ្គលម្នាក់ៗ។ យើងចាប់អារម្មណ៍នឹងគេមិនមែនមកពីយើងមើលអាការៈខាងក្រៅនៃរូបកាយរបស់គេទេ មិនមែនមកពីគេមានសមត្ថភាពខ្ពង់ខ្ពស់ទេ មិនមែនមកពីគេមានពាក្យសម្តីពិរោះទេ មិនមែនមកពីគេមានចិត្តគំនិតល្អទេ ហើយក៏មិនមែនមកពីគេធ្វើឱ្យយើងសប្បាយចិត្តដែរ។ តែយើងចាប់អារម្មណ៍នឹងគេ មកពីគេជាស្នាព្រះហស្តរបស់ព្រះជាម្ចាស់។ ព្រះអង្គបានប្រតិស្ឋានគេជារូបតំណាងរបស់ព្រះអង្គ គេចាំងរស្មីមួយនៃសិរីរុងរឿងរបស់ព្រះអង្គ។ ព្រះអម្ចាស់មានព្រះហឫទ័យស្រឡាញ់ថ្នាក់ថ្នមមនុស្សម្នាក់ៗហួសពីការស្មាន ព្រះអង្គគង់នៅក្នុងការរស់នៅរបស់គេ។ ព្រះគ្រីស្តបានបង្ហូរព្រះលោហិតដ៏ថ្លៃវិសេសនៅលើឈើឆ្កាងសម្រាប់អ្នកនោះ។ បុគ្គលម្នាក់ៗមានលក្ខណៈដ៏សក្ការៈបំផុតដែលយើងមើលមិនឃើញតាមអាការៈខាងក្រៅទេ។ យើងគួរស្រឡាញ់ និងបូជាកម្លាំងកាយកម្លាំងចិត្តសម្រាប់គេ។ ហេតុនេះហើយ បានជា ប្រសិនបើខ្ញុំជួយមនុស្សតែម្នាក់ឱ្យរស់នៅយ៉ាងប្រសើរជាងមុន ខ្ញុំមិនបូជាជីវិតដោយឥតបានការទេ យើងជាសមាជិកនៃប្រជារាស្រ្តរបស់ព្រះជាម្ចាស់ពិតជាការអស្ចារ្យមែន។ យើងជាមនុស្សដ៏ពេញលក្ខណៈ នៅពេលយើងរំលំរបងដែលញែកមនុស្សចេញពីគ្នាចោល។ ពេលនោះ ចិត្តនឹកគិតដល់មុខ និងឈ្មោះមនុស្សជាច្រើន។

សកម្មភាពយ៉ាងអាថ៌កំបាំងរបស់ព្រះយេស៊ូដែលមានព្រះជន្មថ្មីដ៏រុងរឿង

២៧៥- ក្នុងជំពូកទី២ យើងបានរិះគិតអំពីមនុស្សដែលខ្វះជីវិតខាងវិញ្ញាណយ៉ាងជ្រៅ។ អ្នកទាំងនោះឃើញតែការអាក្រក់ក្នុងលោកនេះ គេស្មានថា អ្វីៗកើតតាមព្រហ្មលិខិតទាំងអស់ និងមានចិត្តសង្ស័យរហូត។ មនុស្សខ្លះមិនព្រមបូជាកម្លាំងកាយកម្លាំងចិត្តទៅជម្រាបជូនដំណឹងល្អទេ មកពីគេស្មានថា អ្វីៗមិនអាចប្រែបានសោះ ហេតុនេះ គេមិនបាច់ខិតខំធ្វើអ្វីបានឡើយ។ គេនឹកគិតថា៖ “បើខ្ញុំមិនឃើញលទ្ធផលសំខាន់ៗ ដូច្នេះ ខ្ញុំត្រូវលះបង់ការរស់នៅយ៉ាងស្រណុក និងយ៉ាងសប្បាយធ្វើអ្វី?” អ្នកមានគំនិតបែបនេះមិនអាចទៅជាសាសនទូតបានទេ។ ឥរិយាបថនេះដោះសាខ្លួនបែបខុសស្រឡះ គឺខ្លួនគេជាប់នឹងការរស់នៅយ៉ាងស្រណុក នៅតែខ្ជិលច្រអូសនៅតែព្រួយចិត្តដោយមិនស្កប់ចិត្តនឹងអ្វីសោះចិត្តគេនៅទទេ ព្រោះគេគិតតែពីខ្លួនឯងប៉ុណ្ណោះ។ របៀបរិះគិតនេះ ដូចជាបំផ្លាញខ្លួនគេ ដ្បិត “ប្រសិនបើមនុស្សគ្មានសេចក្តីសង្ឃឹមទេ គេមិនអាចរស់នៅបានទេ ការរស់នៅរបស់គេគ្មានអត្ថន័យគេក៏ស៊ូទ្រាំការរស់នៅតទៅទៀតមិនកើតដែរ“។ នៅពេលយើងយល់ថា សភាពការណ៍មិនអាចផ្លាស់ប្តូរបានទេ យើងត្រូវនឹកថា ព្រះយេស៊ូគ្រីស្តបានឈ្នះអំណាចនៃបាបកម្ម និងអំណាចនៃសេចក្តីស្លាប់ ព្រះអង្គពិតជាប្រកបដោយឫទ្ធានុភាពយ៉ាងពេញលេញ។ ព្រះយេស៊ូគ្រីស្តមានព្រះជន្មគង់នៅពិតប្រាកដមែន។ បើមិនដូច្នោះទេ “ប្រសិនបើព្រះគ្រីស្តមិនទទួលព្រះជន្មថ្មីដ៏រុងរឿងទេ សេចក្ដីដែលយើងប្រកាសគ្មានន័យអ្វីសោះ“ (១ករ ១៥,១៤)។ ក្នុងគម្ពីរដំណឹងល្អមានរៀបរាប់ថា ក្រុមសាវ័កដើមដំបូងចេញទៅនេសាទត្រី៖ “ព្រះអម្ចាស់ធ្វើការរួមជាមួយគេទាំងបញ្ជាក់ព្រះបន្ទូល” (មក ១៦,២០)។ ការណ៍នេះក៏កើតសព្វថ្ងៃដែរ ព្រះអង្គអញ្ជើញយើងឱ្យទទួលស្គាល់វត្តមានរបស់ព្រះអង្គ និងឱ្យរស់នៅជាមួយព្រះអង្គ។ ព្រះគ្រីស្តដែលមានព្រះជន្មថ្មីដ៏រុងរឿងជាប្រភពដ៏ជ្រៅនៃសេចក្តីសង្ឃឹមរបស់យើង ព្រះអង្គនឹងជួយយើងឱ្យបំពេញបេសកកម្មដែលព្រះអង្គបានផ្ញើមកយើងមិនខាន។

២៧៦- ព្រះគ្រីស្តមានព្រះជន្មថ្មីដ៏រុងរឿងមិនគ្រាន់តែកាលពីមុនទេ តែព្រះជន្មថ្មីដ៏រុងរឿងនេះពិតជាឫទ្ធានុភាពដែលបានចូលជ្រួតជ្រាបក្នុងពិភពលោកសព្វថ្ងៃនេះដែរ។ នៅពេលយើងស្មានថា អ្វីៗទាំងអស់ស្លាប់ហើយ នៅពេលនោះមានពន្លកប៉ិចឡើង បង្ហាញព្រះជន្មថ្មីដែលលេចឡើងនៅគ្រប់ទីកន្លែង។ យើងមិនអាចយកអ្វីមកប្រៀបធៀបនឹងកម្លាំងនោះបានទេ។ តាមពិត ជារឿយៗយើងដូចជាយល់ឃើញថា គ្មានព្រះជាម្ចាស់ទេ គឺមានអយុត្តិធម៌ក្នុងលោកនេះ មនុស្សមានចិត្តអាក្រក់មិនអើពើនឹងអ្នកដទៃមានចិត្តឃោរឃៅ។ សេចក្តីអាក្រក់ទាំងនេះមិនអន់ថយទេ។ ក៏ប៉ុន្តែ ក្នុងភាពងងឹតអន្ធការក៏មានអ្វីថ្មីប៉ិចឡើងជានិច្ចយ៉ាងជាក់ច្បាស់។ មិនយូរមិនឆាប់ អ្វីៗនោះនឹងបង្កើតផលផ្លែជាមិនខាន។ ក្នុងស្រែដែលភ្ជួររាស់យ៉ាងស្រួលគង់តែជីវិតនឹងលេចឡើងពុំខាន។ ជីវិតនេះក៏តែងតែព្យាយាមខន្តីដែរ គ្មានអ្វីឈ្នះជីវិតនេះបានឡើយ។ ទោះបីនៅតែមានសេចក្តីអាក្រក់រហូតក្តីក៏សេចក្តីអាក្រក់ទាំងនោះ មិនអាចឃាត់ការល្អឱ្យរីកសុះសាយ និងឱ្យផ្សព្វផ្សាយនៅគ្រប់កន្លែងជានិច្ចដែរ។ រៀងរាល់ថ្ងៃសោភ័ណភាពកើតជាថ្មីក្នុងពិភពលោក ព្រឹត្តិការណ៍ដ៏អាក្រក់ដែលកើតតាមប្រវត្តិសាស្រ្ត ក៏ប្រែជាមានសោភ័ណភាពដែលកាន់តែល្អឡើងៗ។ អ្វីៗដែលមានតម្លៃនៅតែលេចឡើងសាជាថ្មីតាមរបៀបថ្មី។ តាមពិត មនុស្សកើតឡើងវិញជាញឹកដោយរួចចេញពីសភាពការណ៍ដែលគេស្មានថា មិនអាចប្រែបានសោះ។ នេះជាឫទ្ធានុភាពរបស់ព្រះយេស៊ូដែលមានព្រះជន្មថ្មីដ៏រុងរឿង អ្នកជម្រាបជូនដំណឹងល្អទាំងអស់សុទ្ធតែជាគ្រឿងផ្សព្វផ្សាយថាមពលនោះ។

២៧៧- ការពិបាកនៅតែលេចមកជានិច្ចតៗគ្នាដែរ យើងមានបទពិសោធអំពីបរាជ័យ និងអំពីសេចក្តីថោកទាបរបស់មនុស្ស។ បទពិសោធបែបនោះតែងតែធ្វើឱ្យយើងរបួសចិត្តយ៉ាងខ្លាំង។ តាមបទពិសោធន៍យើងទាំងអស់គ្នាដឹងច្បាស់ថា ជួនកាល យើងធ្វើការម៉្យាងទាំងនឿយហត់ តែការនេះមិនបាននាំឱ្យសប្បាយតាមសេចក្តីសង្ឃឹមរបស់យើងទេ។ ជួនកាលបានផលផ្លែតិចពេក ហើយការផ្លាស់ប្តូរតែងតែយឺតៗ។ ប្រហែលយើងធ្លាក់ទឹកចិត្តអស់កម្លាំង។ ប៉ុន្តែ ប្រសិនបើម្នាក់នឿយហត់ខ្លាំងពេក និងធ្លាក់ទឹកចិត្តមួយភ្លែត គេមិនមែនធ្លាក់ទឹកចិត្តរហូតទេ ដូចមនុស្សដែលមិនចេះស្កប់ចិត្តនឹងអ្វីសោះ។ គេដូចជាមនុស្សខ្ជិលច្រអូស គេបាត់កម្លាំងចិត្ត ចិត្តគេរីងស្ងួតដូចដីស្រែនៅរដូវប្រាំង។ ជួនកាលយើងលែងតស៊ូ ដ្បិតយើងនៅតែរកប្រយោជន៍ផ្ទាល់ខ្លួន ខិតខំរកមុខងារក្នុងសង្គម ទាំងស្រេកឃ្លាន ចង់ឱ្យមនុស្សទទួលស្គាល់យើងទុកជាអ្នកធំ ចង់ឱ្យគេទះដៃសរសើរយើង ចង់បានរង្វាន់ និងចង់បានមុខតំណែងខ្ពង់ខ្ពស់។ នៅពេលនោះយើងមិនអស់សង្ឃឹម តែយើងលែងមានចិត្តក្លាហាន គ្មានកម្លាំងចិត្ត គឺយើងខ្វះជីវិតថ្មីដ៏រុងរឿងក្នុងខ្លួន។ ហេតុនេះហើយ បានជាយើងមិនប្រកាសដំណឹងល្អដែលជាសារដ៏ប្រសើរជាងគេក្នុងពិភពលោក ដោយយើងលើកយកមូលហេតុជាច្រើនមកដោះសាខ្លួន។

២៧៨- ជំនឿមានអត្ថន័យថាការផ្ញើជីវិតលើព្រះបិតា គឺជឿថា ព្រះអង្គស្រឡាញ់យើងយ៉ាងពិតប្រាកដ ព្រះអង្គមានព្រះជន្មគង់នៅ ព្រះអង្គអាចធ្វើអន្តរាគមន៍យ៉ាងអាថ៌កំបាំងបាន ព្រះអង្គមិនលះបង់យើងចោលទេ ព្រះអង្គអាចបង្កើតផលល្អចេញពីសេចក្តីអាក្រក់បានដោយឫទ្ធានុភាពឥតព្រំដែនរបស់ព្រះអង្គ ទ្រង់ក៏អាចប្រតិស្ឋានអ្វីៗទាំងអស់បានដែរ។ យើងជឿថា ព្រះអង្គធ្វើដំណើរតាមប្រវត្តិសាស្រ្តទាំងមានជ័យជម្នះ រួមជាមួយអស់អ្នកដែលផ្ញើជីវិតលើព្រះអង្គ គឺរួមជាមួយ “អស់អ្នកដែលទ្រង់បានត្រាស់ហៅ និងបានជ្រើសរើស ហើយដែលមានជំនឿដ៏ស្មោះ” (វវ ១៧,១៤)។ យើងជឿដំណឹងល្អដែលចែងថា ព្រះជាម្ចាស់ចាប់ផ្តើមគ្រងរាជ្យលើពិភពលោកហើយ ហើយព្រះរាជ្យនោះចម្រើនឡើងនៅគ្រប់កន្លែងតាមរបៀបផ្សេងៗ ដូចគ្រាប់ពូជដ៏តូចដែលអាចដុះឡើង ទៅជាដើមឈើមួយដ៏ធំ (មថ ១៣,៣១-៣២) ដូចមេម្សៅមួយក្តាប់តូចដែលធ្វើឱ្យម្សៅទាំងមូលដោរឡើង (មថ ១៣,៣៣) និងដូចគ្រាប់ពូជដ៏ល្អដែលដុះឡើងនៅកណ្តាលស្រងែ (មថ ១៣,២៤-៣០)។ ព្រះរាជ្យនោះអាចនាំឱ្យយើងឆ្ងល់ផង សប្បាយផង។ ព្រះអង្គគង់នៅជាមួយយើងជានិច្ច ទ្រង់យាងមកសាជាថ្មី ព្រះអង្គតយុទ្ធដូចផ្កាដែលដុះ និងរីកឡើងវិញ។ ព្រះគ្រីស្តដែលមានព្រះជន្មថ្មីដ៏រុងរឿងបង្កើតពូជនៃពិភពលោកថ្មីនោះនៅគ្រប់កន្លែង។ ប្រសិនគេកាត់មែកចោល មែកគង់តែដុះឡើងវិញពុំខាន ដ្បិតព្រះអម្ចាស់ដែលមានព្រះជន្មថ្មីដ៏រុងរឿងបានចូលក្នុងដំណើរដ៏លាក់កំបាំងនៃប្រវត្តិសាស្រ្តមនុស្សលោកហើយ។ ព្រះអម្ចាស់យេស៊ូមានព្រះជន្មថ្មីដ៏រុងរឿងមិនមែនឥតបានការទេ។ យើងមិនត្រូវនៅខាងជាយនៃផ្លូវដែលផ្តល់សេចក្តីសង្ឃឹមដ៏រស់រវើកនេះ។

២៧៩- តែយើងមិនទាន់ឃើញក្រពុំទាំងនោះប៉ិចនៅឡើយទេ យើងត្រូវតែជឿជាក់ក្នុងចិត្តថា ទោះបីយើងដូចជាត្រូវបរាជ័យក្តី ក៏ព្រះជាម្ចាស់អាចប្រព្រឹត្តព្រះរាជកិច្ចនៅគ្រប់កាលៈទេសៈបាន ដ្បិតយើង “ប្រៀបបីដូចជាឆ្នាំងដី ដែលមានកំណប់មាសនៅខាងក្នុង” (២ករ ៤,៧)។ គ្រីស្តបរិស័ទពីបុរាណតែងហៅជំនឿដ៏ជាក់លាក់នោះថា “ការយល់ឃើញការអាថ៌កំបាំង” គឺយើងដឹងយ៉ាងជាក់ច្បាស់ថា អ្នកថ្វាយខ្លួន និងផ្ញើជីវិតលើព្រះជាម្ចាស់ទាំងមានចិត្តស្រឡាញ់ មុខជានឹងបង្កើតផលជាពុំខាន (យហ ១៥,៥)។ យើងបង្កើតផលដែលមនុស្សមើលមិនឃើញ និងចាប់មិនបាន ជាផលដែលមិនអាចរាប់បានឡើយ។ យើងម្នាក់ៗដឹងច្បាស់ថា ជីវិតយើងមុខជានឹងបង្កើតផលតែយើងមិនត្រូវអួតខ្លួនថា បង្កើតផលណា តាមរបៀបណា ឬនៅពេលណាទេ។ គ្រីស្តបរិស័ទតែងជឿជាក់ថា កិច្ចការទាំងប៉ុន្មានដែលយើងធ្វើទាំងមានចិត្តស្រឡាញ់មិនត្រូវបាត់បង់ឡើយ។ ប្រសិនបើយើងមានកង្វល់យ៉ាងស្មោះចំពោះអ្នកដទៃ ប្រសិនបើយើងប្រព្រឹត្តកិច្ចការទាំងមានចិត្តស្រឡាញ់ចំពោះព្រះជាម្ចាស់ ប្រសិនបើយើងនឿយហត់សម្រាប់អ្នកដទៃ ប្រសិនបើយើងព្យាយាមខន្តីទាំងវេទនា យើងមិនត្រូវបាត់បង់ផលផ្លែឡើយ។ កិច្ចទាំងនោះប្រព្រឹត្តដោយសេចក្តីស្រឡាញ់ចូលលុកលុយក្នុងពិភពលោកទាំងមូល ដូចជាកម្លាំងម៉្យាងដែលផ្តល់ជីវិត។ ជួនកាលយើងស្មានថា ការខិតខំរបស់យើងមិនបានផល។ ប៉ុន្តែ នៅពេលនោះយើងត្រូវនឹកគិតថា ការនាំដំណឹងល្អមិនប្រៀបដូចពាណិជ្ជកម្មទេ មិនមែនប្រៀបដូចគម្រោងការបង្កើតសហគ្រាសទេ មិនមែនដូចជាគម្រោងការនៃអង្គការមនុស្សធម៌ទេ ហើយក៏មិនមែនជាល្ខោនដើម្បីរៀបរាប់ថា មានមនុស្សប៉ុន្មាននាក់ប្តេជ្ញាចិត្តដោយពាក្យឃោសនារបស់យើងដែរ។ ការនាំដំណឹងល្អជ្រៅជាងការទាំងនោះ គឺមិនអាចវាស់បានទេ។ ប្រហែលព្រះអម្ចាស់ឆ្លៀតយកការប្តេជ្ញាចិត្តរបស់យើង ដើម្បីប្រទានពរនៅកន្លែងមួយក្នុងពិភពលោកដែលយើងនឹងមិនទៅទេ។ ព្រះវិញ្ញាណមានសកម្មភាពតាមរបៀបដែលព្រះអង្គសព្វព្រះហឫទ័យ នៅពេលណាដែលព្រះអង្គសព្វព្រះហឫទ័យ និងនៅកន្លែងណាដែលព្រះអង្គសព្វព្រះហឫទ័យដែរ។ ប៉ុន្តែយើងត្រូវសុខចិត្តបូជាកម្លាំងដោយមិនអួតអាងថា យើងនឹងឃើញលទ្ធផលឡើយ។ យើងគ្រាន់តែដឹងថា យើងត្រូវការបូជាកម្លាំងកាយកម្លាំងចិត្ត ពិតជាការដ៏ចាំបាច់បំផុត។ នៅពេលយើងបូជាកម្លាំងកាយកម្លាំងចិត្តទាំងខិតខំបង្កើតអ្វីដោយចិត្តសទ្ធាជ្រះថ្លា យើងត្រូវរៀនឱ្យសម្រាកក្នុងព្រះហឫទ័យថ្នាក់ថ្នមរបស់ព្រះបិតា។ យើងត្រូវតែដើរទៅមុខ យើងប្តេជ្ញាចិត្តទាំងស្រុង តែយើងត្រូវបណ្តោយខ្លួនទុកឱ្យព្រះជាម្ចាស់ប្រោសឱ្យកិច្ចការរបស់យើងបានផលផ្លែស្រេចតែព្រះហឫទ័យព្រះអង្គចុះ។

២៨០- យើងត្រូវទុកចិត្តយ៉ាងរឹងមាំទៅលើព្រះវិញ្ញាណដ៏វិសុទ្ធ ដើម្បីឱ្យយើងនៅតែខ្នះខ្នែងធ្វើជាសាសនទូត ដ្បិតព្រះអង្គយាងមកជួយយើងជាមនុស្សទន់ខ្សោយ (រម ៨,២៦)។ ប៉ុន្តែ ត្រូវចិញ្ចឹមការទុកចិត្តដោយសទ្ធាជ្រះថ្លានេះ។ ហេតុនេះ បានជាយើងត្រូវអង្វរព្រះអង្គជានិច្ច។ ព្រះអង្គអាចព្យាបាលនូវអ្វីៗដែលបណ្តោយឱ្យការប្តេជ្ញាចិត្តជាសាសនទូតរបស់យើងអន់ថយ។ តាមពិត ការទុកចិត្តលើព្រះវិញ្ញាណដែលយើងមើលមិនឃើញនោះអាចបង្កើតឱ្យវិលវល់ក្នុងចិត្ត ហាក់ដូចជាយើងលោតមុជពន្លិចក្នុងទឹកសមុទ្រ ជាកន្លែងដែលយើងមិនដឹងថា យើងនឹងជួបប្រទះអ្វីទេ។ ខ្ញុំផ្ទាល់មានបទពិសោធបែបនេះជាច្រើនដងហើយ។ ក៏ប៉ុន្តែ គ្មានសេរីភាពណាខ្លាំងជាងសេរីភាពដែលហូរមកពីការបណ្តោយខ្លួនឱ្យព្រះវិញ្ញាណណែនាំនោះទេ ទាំងលះបង់គំនិតចង់រាប់ ឬចង់ត្រួតត្រាអ្វីៗទាំងអស់។ យើងបណ្តោយខ្លួនឱ្យព្រះវិញ្ញាណបំភ្លឺចិត្តគំនិតយើង ណែនាំយើង តម្រង់ផ្លូវយើង និងណែនាំយើងទៅកាន់កន្លែងដែលព្រះអង្គសព្វព្រះហឫទ័យ។ ព្រះអង្គជ្រាបនូវអ្វីៗដែលយើងត្រូវការនៅគ្រប់សម័យ និងនៅគ្រប់វិនាទី។ គេតែងរាប់របៀបរស់នៅបែបនេះថា ជាការបង្កើតផលជាច្រើនតាមគម្រោងការរបស់ព្រះជាម្ចាស់។

ការអង្វរជាកម្លាំងនៃសាសនទូត

២៨១- មានពាក្យអង្វរជារបៀបអធិដ្ឋាន ដែលលើកស្ទួយយើងយ៉ាងពិសេសឱ្យបូជាកម្លាំងកាយ កម្លាំងចិត្ត ដើម្បីនាំដំណឹងល្អ និងដែលជំរុញយើងឱ្យរកប្រយោជន៍ដល់អ្នកដទៃ។ យើងសូមពិនិត្យមើលគ្រីស្តទូតប៉ូលដែលជាអ្នកនាំដំណឹងល្អដ៏ប្រសើរជាងគេ ទើបយើងយល់អំពីរបៀបដែលលោកតែងអធិដ្ឋាន។ ពេលលោកអធិដ្ឋាន លោកតែងតែនឹកចាំមុខមនុស្សពេញក្នុងចិត្តគំនិត ឧប. “គ្រប់ពេលខ្ញុំអង្វរព្រះជាម្ចាស់សម្រាប់បងប្អូនទាំងអស់គ្នា… ចិត្តខ្ញុំនៅជាប់ជំពាក់នឹងបងប្អូនជានិច្ច” (ភីល ១,៤.៧)។ យើងទទួលស្គាល់ថា ការអង្វរបែបនេះមិននាំឱ្យយើងរត់ឆ្ងាយពីការស្មឹងស្មាធិ៍ធ្វើសមាធិដ៏ពិតប្រាកដទេ ព្រោះពេលយើងស្មឹងស្មាធិ៍ធ្វើសមាធិ យើងមិនអាចបំភ្លេចអ្នកដទៃបានឡើយ។ អ្នកបំភ្លេចអ្នកដទៃនៅពេលខ្លួនស្មឹងស្មាធិ៍ធ្វើសមាធិនោះជាមនុស្សកុហក។

២៨២- ឥរិយាបថគិតដល់អ្នកដទៃបែបនេះ ក៏ក្លាយទៅជាពាក្យអរព្រះគុណព្រះជាម្ចាស់ ព្រោះតែអ្នកដទៃ៖ “ជាបឋម ខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់របស់ខ្ញុំ តាមរយៈព្រះយេស៊ូគ្រីស្ត ព្រោះតែបងប្អូនទាំងអស់គ្នា” (រម ១,៨)។ លោកតែងតែអរព្រះគុណជានិច្ច៖ “ខ្ញុំតែងតែអរព្រះគុណព្រះជាម្ចាស់ជានិច្ច ព្រោះព្រះអង្គបានប្រណីសន្ដោសដល់បងប្អូន ដោយបងប្អូនរួមជាមួយព្រះគ្រីស្តយេស៊ូ។ ពេលណាខ្ញុំនឹកគិតដល់បងប្អូន ខ្ញុំតែងតែអរព្រះគុណព្រះជាម្ចាស់របស់ខ្ញុំជានិច្ច” (ភីល ១,៣)។ លោកមើលគេមិនមែនដូចមនុស្សដែលគ្មានជំនឿលើព្រះគ្រីស្តទេ ឬដូចអ្នកចង់រិះគន់គេ ឬដូចអ្នកដែលគ្មានសេចក្តីសង្ឃឹមទេ ផ្ទុយទៅវិញ លោកមើលគេតាមព្រះវិញ្ញាណទាំងមានជំនឿយ៉ាងជ្រៅ គឺលោកទទួលស្គាល់កិច្ចការដែលព្រះជាម្ចាស់ប្រព្រឹត្តក្នុងរូបគេដោយផ្ទាល់ព្រះអង្គ។ នៅពេលជាមួយគ្នានោះ លោកអរព្រះគុណមកពីលោកចាប់អារម្មណ៍យ៉ាងពិតប្រាកដនឹងអ្នកដទៃ។ ហេតុនេះ ពេលអ្នកនាំដំណឹងល្អចេញពីការអធិដ្ឋាន គេមានចិត្តសទ្ធាជ្រះថ្លាជាងពីមុន គេបានរួចពីការរស់នៅឯកាឯកោ គេចង់ធ្វើអំពើល្អ និងចែកចាយជីវិតរបស់ខ្លួនជាមួយអ្នកដទៃ។

២៨៣- មនុស្សដ៏ប្រសើរដែលបានបម្រើព្រះជាម្ចាស់ ទាំងបុរស ទាំងស្រ្តីសុទ្ធតែជាអ្នកតែងអង្វរព្រះអង្គជាច្រើន។ ការអង្វរប្រៀបដូច “មេ” ក្នុងព្រះត្រៃឯក គឺពាក្យអង្វរនាំឱ្យយើងចូលក្នុងព្រះបិតា ដើម្បីរកឃើញទិសថ្មីដែលបំភ្លឺសភាពការណ៍យ៉ាងជាក់ច្បាស់ដែលតែងតែប្រែប្រួល។ យើងអាចនិយាយថា ពាក្យអង្វរនាំឱ្យព្រះជាម្ចាស់រំភើប ព្រះហឫទ័យតែតាមពិតព្រះអង្គនៅខាងមុខយើងជានិច្ច។ អ្វីៗដែលយើងអាចទទួលពីព្រះអង្គដោយពាក្យអង្វរនោះបាន គឺសម្តែងយ៉ាងជាក់ច្បាស់ថា ព្រះអង្គមានឫទ្ធានុភាព មានព្រះហឫទ័យស្រឡាញ់ និងមានព្រះហឫទ័យភក្តីនៅកណ្តាលចំណោមប្រជារាស្រ្តរបស់ព្រះអង្គ។

២) ព្រះនាងម៉ារីជាមាតារបស់អ្នកនាំដំណឹងល្អ

២៨៤- ព្រះវិញ្ញាណគង់នៅរួមជាមួយនាងម៉ារី នៅកណ្តាលប្រជាជនរបស់ព្រះអង្គ។ នាងនៅជាមួយក្រុមសាវ័កអង្វរព្រះវិញ្ញាណ (កក ១,១៤)។ ដូច្នេះ នាងបានធ្វើឱ្យក្រុមសាវ័កទៅជាសាសនទូតនៅបុណ្យថ្ងៃទី ៥០ បាន។ នាងជាមាតារបស់ព្រះសហគមន៍ដែលនាំដំណឹងល្អ។ មានតែនាងទេ ដែលអាចជួយយើងឱ្យយល់យ៉ាងពេញលេញអំពីខ្លឹមសារនៃការប្រកាសដំណឹងល្អបែបថ្មីបាន។

នាងម៉ារីបានប្រទានព្រះយេស៊ូឱ្យប្រជារាស្រ្តរបស់ព្រះអង្គ

២៨៥- នៅលើឈើឆ្កាង គឺនៅពេលព្រះគ្រីស្តរងទុក្ខលំបាក គឺនៅពេលព្រះហឫទ័យមេត្តាករុណារបស់ព្រះបិតាជួបអំពើបាបរបស់មនុស្សលោក ព្រះអង្គទតឃើញព្រះមាតាឈរនៅក្បែរព្រះអង្គ និងឃើញមិត្តសម្លាញ់កំពុងសម្រាលទុក្ខព្រះអង្គ។ នៅពេលនោះ មុននឹងប្រកាសថា ព្រះអង្គបានសម្រេចព្រះរាជកិច្ចដែលព្រះបិតាបានផ្ញើទុកឱ្យបំពេញនោះ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់នាងម៉ារីថា៖ “អ្នកអើយ! នេះហើយកូនរបស់អ្នក”។ រួចព្រះអង្គមានព្រះបន្ទូលទៅកាន់មិត្តសម្លាញ់ថា “នេះហើយម្តាយរបស់អ្នក” (យហ ១៩,២៦-២៧)។ ព្រះយេស៊ូមានព្រះបន្ទូលទាំងនោះ នៅពេលព្រះអង្គហៀបនឹងចូលទិវង្គត គឺព្រះអង្គមិនសម្តែងការខ្វល់ខ្វាយចំពោះមាតាទាំងអាណិតប៉ុណ្ណោះទេ តែព្រះអង្គសម្តែងអំពីការអាថ៌កំបាំងនៃបេសកកម្មពិសេសរបស់នាងក្នុងការសង្គ្រោះមនុស្សលោក។ ព្រះយេស៊ូបានទុកឱ្យមាតារបស់ព្រះអង្គធ្វើជាមាតារបស់យើង។ ក្រោយពីបានប្រគល់ព្រះមាតា ដូច្នេះ ព្រះយេស៊ូដឹងក្នុងខ្លួនថា ព្រះអង្គបានសម្រេចអ្វីៗសព្វគ្រប់អស់ហើយ! (យហ ១៩,២៨)។ នៅជើងឈើឆ្កាង គឺក្នុងពេលដ៏ប្រសើរដែលព្រះគ្រីស្តប្រតិស្ឋានពិភពលោកជាថ្មី ព្រះអង្គណែនាំយើងទៅកាន់នាងម៉ារី ដ្បិតព្រះអង្គមិនសព្វព្រះហឫទ័យឱ្យយើងដើរដោយឥតមានម្តាយទេ។ ប្រជាជនយល់គម្រោងការដ៏អស្ចារ្យទាំងប៉ុន្មាននៃដំណឹងល្អបានតាមរយៈនាងម៉ារីក្នុងឋានៈជាម្តាយនេះ។ ព្រះអម្ចាស់មិនសព្វព្រះហឫទ័យឱ្យព្រះសហគមន៍ខ្វះនិមិត្តរូបអំពីស្ត្រី។ នាងម៉ារីបានបង្កើតព្រះយេស៊ូដោយមានជំនឿយ៉ាងខ្លាំង នាងក៏ជូនដំណើរ “កូនចៅរបស់នាងដែលនៅសល់ គឺកូនចៅដែលប្រតិបត្តិតាមវិន័យរបស់ព្រះជាម្ចាស់ និងអស់អ្នកដែលបានជឿសក្ខីភាពរបស់ព្រះយេស៊ូ” (វវ ១២,១៧)។ នាងម៉ារី និងព្រះសហគមន៍ ព្រមទាំងគ្រីស្តបរិស័ទម្នាក់ៗជាប់ជាមួយគ្នាយ៉ាងជិតស្និទ្ធ ព្រោះម្នាក់ៗបង្កើតព្រះគ្រីស្តតាមរបៀបផ្សេងពីគ្នារៀងៗខ្លួន ដូចសន្តអ៊ីសាកនៃតារាបានថ្លែងយ៉ាងពីរោះថា៖ “ក្នុងគម្ពីរដែលព្រះជាម្ចាស់បានបំភ្លឺចិត្តគំនិតអ្នកនិពន្ធ អ្វីៗដែលមានចែងជាទូទៅអំពីព្រះសហគមន៍ ដែលមានលក្ខណៈជាព្រហ្មចារី និងជាមាតា យើងក៏ត្រូវយល់យ៉ាងពិសេស ទុកជាបានចែងអំពីព្រះនាងព្រហ្មចារីនីម៉ារីដែរ…។ យើងក៏អាចនិយាយសេចក្តីដដែលថា គ្រីស្តបរិស័ទម្នាក់ៗក៏ជាភរិយានៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាមាតារបស់ព្រះគ្រីស្តជាកូនស្រី និងប្អូនស្រីជាព្រហ្មចារី និងជាម្តាយដែលបង្កើតកូន។ ព្រះគ្រីស្តស្ថិតនៅក្នុងផ្ទៃនាងម៉ារីអស់ប្រាំបួនខែ ហើយព្រះអង្គក៏នឹងគង់នៅក្នុងព្រះពន្លានៃជំនឿរបស់ព្រះសហគមន៍រហូតដល់អវសានកាលនៃពិភពលោក។ ព្រះអង្គក៏គង់នៅក្នុងចំណេះ និងក្នុងសេចក្តីស្រឡាញ់របស់គ្រីស្តបរិស័ទរហូតតរៀងទៅ”

២៨៦- នាងម៉ារីចេះប្រែរូងថ្មជាកន្លែងសត្វរស់នៅធ្វើជាព្រះដំណាក់សម្រាប់ព្រះយេស៊ូ ដោយនាងយកក្រណាត់ដ៏រហែករយ៉ៃមករុំ និងយកសេចក្តីថ្នាក់ថ្នមប៉ុនភ្នំព្រះសុមេរុមកឱប។ នាងជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះបិតា នាងក៏ត្រេកអរទាំងលើកតម្កើងព្រះអង្គផង។ នាងជាមិត្តសម្លាញ់ដែលយកចិត្តទុកដាក់នឹងមនុស្សជានិច្ច កុំឲ្យយើងខ្វះស្រាក្នុងពេលយើងធ្វើដំណើរនាលោកនេះ។ នាងម៉ារីត្រូវលំពែងចាក់ទម្លុះបេះដូង។ ហេតុនេះ នាងយល់ដល់ទុក្ខលំបាកទាំងប៉ុន្មានរបស់មនុស្សយើង។ នាងម៉ារីក្នុងឋានៈជាមាតារបស់មនុស្សទាំងអស់ ក៏ជាសញ្ញាសម្គាល់អំពីសេចក្តីសង្ឃឹមរបស់ប្រជាជននានាកំពុងរងទុក្ខរហូតដល់យុត្តិធម៌កើតឡើង ដូចស្រ្តីរងទុក្ខនៅពេលសម្រាលកូន។ នាងម៉ារីជាសាសនទូតដែលរស់នៅក្បែរយើងដោយមានចិត្តស្រឡាញ់ ដូចម្តាយជួយណែនាំយើងក្នុងពេលយើងរស់នៅទាំងបើកចិត្តគំនិតយើងឱ្យអាចទទួលជំនឿបាន។ ដោយនាងជាម្តាយ នាងធ្វើដំណើររួមជាមួយយើង ដូចម្តាយដ៏ពិតប្រាកដ នាងតស៊ូជាមួយយើង ហើយក៏ផ្សព្វផ្សាយព្រះហឫទ័យស្រឡាញ់របស់ព្រះជាម្ចាស់នៅក្បែរយើងដែរ។ នាងចូលរួមក្នុងប្រវត្តិសាស្រ្តរបស់ប្រជាជននានាដែលបានទទួលជំនឿ ហើយតាមរយៈពាក្យអង្វររបស់នាង ដែលតែងតែភ្ជាប់នឹងទីសក្ការៈនានា។ ដូច្នេះ នាងម៉ារីចូលជាចំណែកមួយក្នុងអត្តសញ្ញាណតាមប្រវត្តិសាស្រ្តប្រជាជនទាំងនោះ។ ឪពុកម្តាយជាច្រើនសូមឱ្យកូនៗទទួលអគ្គសញ្ញាជ្រមុជទឹក ក្នុងទីសក្ការៈគោរពនាងម៉ារី។ ធ្វើដូច្នេះ គាត់សម្តែងជំនឿរបស់ខ្លួនទៅលើសកម្មភាពរបស់នាងម៉ារី ក្នុងឋានៈ ជាម្តាយដែលបង្កើតកូនៗថ្មីរបស់ព្រះជាម្ចាស់។ ក្នុងទីសក្ការៈទាំងនោះ យើងអាចឃើញរបៀបនាងម៉ារីប្រមូលកូនចៅដែលកំពុងខិតខំធ្វើដំណើរនៅនាលោកនេះ គឺគេមានបំណងចង់ឃើញនាងម៉ារី និងបណ្តោយឱ្យនាងមើលគេឃើញគេដែរ។ នៅទីសក្ការៈទាំងនោះគេទទួលកម្លាំងពីព្រះជាម្ចាស់ ដើម្បីស៊ូទ្រាំទុក្ខវេទនា និងការហត់នឿយរបស់គេក្នុងដំណើរជីវិត។ នាងម៉ារីដូចជាថ្នាក់ថ្នមសម្រាលទុក្ខគេ និងនិយាយខ្សឹបៗប្រាប់គេថា៖ “កុំឱ្យរន្ធត់ចិត្តឱ្យសោះ យើងជាម្តាយកូន ម្តាយនៅទីនេះហើយ”

នាងម៉ារីជាតារានៃការប្រកាសដំណឹងល្អថ្មី

២៨៧- យើងសូមព្រះមាតារបស់ព្រះយេស៊ូ ព្រះអង្គជាដំណឹងល្អដែលមានជីវិតរស់រវើក សូមនាងអង្វរព្រះបិតាប្រោសឱ្យព្រះសហគមន៍ទាំងមូលទទួលសេចក្តីអញ្ជើញ និងប្រកាសដំណឹងល្អបែបថ្មី ជាដំណាក់កាលថ្មីក្នុងប្រវត្តិសាស្រ្ត។ នាងមានជំនឿ និងរស់នៅ ហើយដើរតាមជំនឿ។ “ព្រះសហគមន៍ត្រូវនឹកគិតជានិច្ចដល់នាងម៉ារីទុកជាគោល គឺនាងដែលបានធ្វើដំណើរទៅរកជំនឿយ៉ាងអស្ចារ្យ។ នាងបណ្តោយឱ្យព្រះវិញ្ញាណណែនាំដំណើរតាមមាគ៌ានៃជំនឿនាំឱ្យនាងបម្រើ និងបង្កើតផល“។ ឥឡូវ យើងទាំងអស់គ្នាសម្លឹងមើលនាង សូមនាងជួយឱ្យយើងប្រកាសសារនៃការសង្គ្រោះដល់មនុស្សទាំងអស់ សូមឱ្យក្រុមសាវ័កដែលទទួលជំនឿថ្មីៗក្លាយទៅជាអ្នកប្រកាសដំណឹងល្អ។ ក្នុងដំណើររបស់យើងក្នុងលោកនេះ យើងជម្រាបជូនដំណឹងល្អគង់តែនឹងមានពេលខ្លះយើងមិនបានលទ្ធផលអ្វីសោះ ជួនកាលយើងរស់នៅស្ងៀមស្ងាត់ យើងដូចជាកប់ទុកក្នុងប្រជាជនដោយគ្មានសម្តី ជួនកាលយើងក៏ត្រូវនឿយហត់ដែរ។ ការណ៍ទាំងនោះកើតឡើងដល់យើង ដូចមានកើតដល់នាងម៉ារីអស់រយៈពេលព្រះកុមារយេស៊ូចម្រើនធំធាត់ឡើង។ “នៅពេលនោះដំណឹងល្អចាប់ផ្តើម ហើយជាដំណឹងនាំឱ្យសប្បាយ។ ក៏ប៉ុន្តែ នៅពេលចាប់ផ្តើមនេះយើងអាចមើលឃើញថា នាងម៉ារីពិបាកក្នុងចិត្តខ្លះ ហើយជំនឿដូចជាគ្មានពន្លឺ គឺដូចជានាងរស់នៅពេលយប់ខាងជំនឿ តាមសន្តយ៉ូហាននៃឈើឆ្កាងធ្លាប់និយានោះ”។ នៅពេលនោះ ហាក់ដូចជាមាន “វាំងនន” បាំងព្រះអង្គ។ យើងត្រូវខិតខំទៅដល់ក្បែរព្រះដែលមនុស្សលោកមើលមិនឃើញតាមវាំងនននោះ ហើយក៏ត្រូវរស់នៅក្នុងការអាថ៌កំបាំងនោះដែរ។ នាងម៉ារីអស់រយៈជាច្រើនឆ្នាំក៏បានរស់នៅបែបនោះដែរ គឺស្ថិតនៅក្នុងការអាថ៌កំបាំងនៃបុត្ររបស់នាង ហើយបានធ្វើដំណើរតាមជំនឿ។

២៨៨- ព្រះសហគមន៍បំពេញកិច្ចការប្រកាសដំណឹងល្អតាមបែបបទរបស់នាងម៉ារីដែរ។ គ្រប់ពេលយើងសម្លឹងមើលនាងម៉ារី យើងបែរជាជឿថា ចិត្តថ្នាក់ថ្នម និងសេចក្តីស្រឡាញ់ពិតជាមានកម្លាំង អាចប្រែពិភពលោកបាន។ យើងអាចយល់ឃើញថា នាងម៉ារីមានចិត្តសុភាពរាបសារ និងមានចិត្តថ្នាក់ថ្នម។ ចិត្តស្រឡាញ់ និងថ្នាក់ថ្នមនេះមិនមែនជាគុណធម៌របស់មនុស្សទន់ខ្សោយទេ តែជាគុណធម៌របស់អ្នកមានកម្លាំងវិញ គឺជាកម្លាំងរបស់អ្នកដែលមិនត្រូវការជិះជាន់អ្នកដទៃ ដើម្បីឱ្យគេដឹងខ្លួនថា គេជាមនុស្សដ៏សំខាន់។ ពេលយើងសម្លឹងមើលនាងម៉ារី យើងទទួលស្គាល់ថា នាងលើកតម្កើងព្រះជាម្ចាស់ “ដែលបានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង” ហើយដែល “បណ្តេញពួកអ្នកមានឲ្យត្រឡប់ទៅវិញដោយដៃទទេ” (លក ១,៥២.៥៣) តែនៅពេលដដែលនេះ នាងក៏ជាម្តាយដែលជួយផ្តល់ឱ្យយើងមានចិត្តកក់ក្តៅក្នុងពេលខិតខំស្វែងរកយុត្តិធម៌។ នាងម៉ារីក៏ “ចងចាំហេតុការណ៍ទាំងនេះទុកក្នុងចិត្ត ព្រមទាំងត្រិះរិះពិចារណាថែមទៀតផង” (លក ២,១៩)។ នាងម៉ារីចេះទទួលស្គាល់ស្នាមនៃព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ទាំងក្នុងព្រឹត្តការណ៍ដ៏សំខាន់ៗ ទាំងក្នុងព្រឹត្តការណ៍ដែលមនុស្សលោកមើលមិនឃើញ។ នាងម៉ារីស្មឹងស្មាធិ៍ធ្វើសមាធិសញ្ជឹងគិតអំពីគម្រោងការណ៍ដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ក្នុងពិភពលោក និងក្នុងប្រវត្តិសាស្រ្ត ព្រមទាំងក្នុងការរស់នៅធម្មតាប្រចាំថ្ងៃរបស់យើងម្នាក់ៗ និងក្នុងការរស់នៅរបស់ មនុស្សទាំងអស់ដែរ។ នាងម៉ារីជាស្រ្តីដែលតែងតែអង្វរព្រះជាម្ចាស់ផង និងធ្វើការនៅភូមិណាសារ៉ែតផង ជាស្រ្តីដែលមានចិត្តប្រញាប់ប្រញាល់ចេញទៅ គឺនាងប្រញាប់ប្រញាល់ធ្វើដំណើរទៅជួយអ្នកដទៃ (លក ១,៣៩-៤៥)។ ដោយនាងម៉ារីមានកម្លាំងដ៏ស្វាហាប់ខិតខំរកយុត្តិធម៌ មានចិត្តថ្នាក់ថ្នម តែងតែស្មឹងស្មាធិ៍ធ្វើសមាធិ និងចេញដំណើរទៅកាន់អ្នកដទៃ នាងពិតជាគំរូសម្រាប់ព្រះសហគមន៍ក្នុងការប្រកាសដំណឹងល្អ។ យើងទទូចសូមនាងជួយអង្វរក្នុងឋានៈជាមាតា សូមព្រះជាម្ចាស់ប្រោសឱ្យព្រះសហគមន៍បែរទៅជាដំណាក់សម្រាប់មនុស្សទាំងអស់ និងជាម្តាយរបស់ប្រជាជននានា ដើម្បីឱ្យពិភពលោកថ្មីអាចកើតឡើងបាន។ ព្រះយេស៊ូដែលមានព្រះជន្មថ្មីដ៏រុងរឿងប្រោសឱ្យយើងទុកចិត្តយ៉ាងខ្លាំង និងមានសេចក្តីសង្ឃឹមយ៉ាងមាំមួនដោយព្រះអង្គមានព្រះបន្ទូលថា៖ “មើល៍! យើងធ្វើឱ្យអ្វីៗសុទ្ធតែថ្មីទាំងអស់” (វវ ២១,៥)។ យើងនាំគ្នាធ្វើដំណើររួមជាមួយនាងម៉ារី ដោយទុកចិត្តលើពាក្យសន្យានេះ ហើយពោលទៅកាន់នាងថា៖

បពិត្រនាងម៉ារីជាព្រហ្មចារិនី និងជាមាតា

ព្រះវិញ្ញាណបានណែនាំនាង ទើបនាងបានទទួលព្រះបន្ទូលនៃជីវិត។ ដោយជំនឿដ៏ជ្រាលជ្រៅរបស់នាង នាងបានផ្ញើជីវិតទាំងស្រុងទៅព្រះដែលមានព្រះជន្មអស់កល្បជានិច្ច។ សូមនាងជួយឱ្យយើងខ្ញុំសុខចិត្តប្រកាសដំណឹងល្អអំពីព្រះយេស៊ូឱ្យលាន់ឮដល់មនុស្សលោក ព្រោះនៅសម័យឥឡូវ ការប្រកាសដំណឹងល្អនេះបន្ទាន់ជាងនៅសម័យណាទាំងអស់។

នាងពោរពេញដោយវត្តមានរបស់ព្រះគ្រីស្ត

បាននាំអំណរជូនលោកយ៉ូហានបាទីស្ត និងធ្វើឱ្យគាត់ត្រេកអរក្នុងពោះម្តាយ។ នាងក៏ត្រេកអរដែរ និងលើកតម្កើងស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះអម្ចាស់។ នាងមានចិត្តនឹងធឹងនៅក្បែរឈើឆ្កាង ទាំងមានជំនឿដែលមិនចេះរង្គើឡើយ។ នៅពេលក្រោយ នាងបានទទួលដំណឹងដែលសម្រាលទុក្ខនាងថា បុត្របានទទួលព្រះជន្មថ្មីដ៏រុងរឿង។ នាងបានប្រមូលក្រុមសាវ័ក ហើយបានរង់ចាំព្រះវិញ្ញាណយាងមក ដើម្បីឱ្យព្រះសហគមន៍កើតឡើង និងប្រកាសដំណឹងល្អ។ សូមនាងជួយអង្វរព្រះបិតា សូមព្រះអង្គប្រោសឱ្យយើងមានចិត្តខ្នះខ្នែងបែបថ្មី ទុកជាអ្នកដែលទទួលជីវិតថ្មីរួមជាមួយបុត្ររបស់នាង ដើម្បីនាំដំណឹងល្អស្តីអំពីជីវិតដែលឈ្នះសេចក្តីស្លាប់។ សូមប្រោសឱ្យយើងមានចិត្តក្លាហានខិតខំស្វែងរកផ្លូវថ្មី ដើម្បីឱ្យព្រះអំណោយទាននៃសោភ័ណភាពដែលមិនចេះស្រពោនមកដល់មនុស្សទាំងអស់។

នាងព្រហ្មចារិនីជាអ្នកយកចិត្តទុកដាក់ស្តាប់ និងស្មឹងស្មាធិ៍ធ្វើសមាធិ

ជាមាតាដែលស្រឡាញ់យ៉ាងល្អបំផុត ជាភរិយានៃអាពាហ៍ពិពាហ៍អស់កល្បជានិច្ច សូមជួយអង្វរព្រះបិតាសម្រាប់ព្រះសហគមន៍។ នាងជារូបតំណាងដ៏និមលបំផុតនៃព្រះសហគមន៍នោះ។ សូមព្រះសហគមន៍មិនគិតតែពីខ្លួនឯងប៉ុណ្ណោះទេ សូមកុំឱ្យព្រះសហគមន៍ព្យាយាមគិតតែអំពីប្រយោជន៍កូនចៅរបស់ខ្លួនប៉ុណ្ណោះ សូមឱ្យព្រះសហគមន៍មានចិត្កកក់ក្តៅឧស្សាហ៍ណែនាំព្រះរាជ្យ។

នាងម៉ារីជាតារានៃការប្រកាសដំណឹងល្អបែបថ្មី

សូមជួយឱ្យយើងចាំងពន្លឺនៃសក្ខីភាពរបស់យើង ដែលរួបរួមគ្នាជាធ្លុងតែមួយដែលបម្រើអ្នកដទៃ ដែលសម្តែងជំនឿយ៉ាងក្លៀវក្លា និងសទ្ធាជ្រះថ្លា។ សូមប្រោសឱ្យយើងទៅជាសាក្សីដែលខិតខំស្វែងរកយុត្តិធម៌ និងស្រឡាញ់អ្នកក្រីក្រ ដើម្បីឱ្យអំណរសប្បាយនៃដំណឹងល្អទៅដល់ទីដាច់ស្រយាលនៃផែនដី កុំឱ្យមានជាយណាខ្វះពន្លឺនៃដំណឹងល្អនោះឡើយ។ នាងម៉ារីជាមាតារបស់ព្រះយេស៊ូ ដែលជាដំណឹងល្អដ៏មានជីវិតរស់រវើក ជាប្រភពនៃអំណររបស់អ្នកតូចតាច សូមជួយអង្វរព្រះបិតាឱ្យយើងផង។ អាម៉ែន។ អាលេលូយ៉ា។

ធ្វើនៅទីក្រុងរ៉ូម ក្បែរគ្រីស្តទូតសិលា
នៅពេលបញ្ចប់ឆ្នាំនៃជំនឿ គឺនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៣
ត្រូវនឹងបុណ្យឱឡារិកលើកតម្កើងព្រះអម្ចាស់យេស៊ូគ្រីស្ត
ជាព្រះមហាក្សត្រនៃពិភពលោកទាំងមូល
នៅឆ្នាំទី១ នៃមុខងាររបស់ខ្ញុំជាសម្តេចប៉ាប

2,054 Views

Theme: Overlay by Kaira