អត្ថបទព្រះគម្ពីរ
ថ្ងៃសៅរ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២១
អាទិត្យទី២៣ រដូវធម្មតា
ព័ណ៌បៃតង
អត្ថបទទី១ ឆ្នាំសេស
សូមថ្លែងលិខិតទី ១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនលោកធីម៉ូថេ ១ ធម ១,១៥-១៧
លោកប្អូនជាទីស្រឡាញ់! ពាក្យនេះគួរឲ្យជឿ ហើយសមនឹងទទួលយកទាំងស្រុង គឺថាព្រះគ្រីស្ដយេស៊ូយាងមកក្នុងពិភពលោក ដើម្បីសង្គ្រោះមនុស្សបាប មានរូបខ្ញុំនេះជាអាទិ ។ ព្រះជាម្ចាស់មានព្រះហប្ញទ័យមេត្តាករុណាចំពោះខ្ញុំដូច្នេះ ដើម្បីឲ្យព្រះគ្រីស្ដយេស៊ូសម្ដែងព្រះហប្ញទ័យអត់ធ្មត់ គ្រប់ចំពូកដល់ខ្ញុំមុនគេ ទុកជាឧទាហរណ៍សម្រាប់អស់អ្នកដែលជឿលើព្រះអង្គ ដើម្បីទទួលជីវិតអស់កល្បជានិច្ច ។ សូមឲ្យព្រះមហាក្សត្រដែលគ្រងរាជ្យអស់កល្បជានិច្ច ជាព្រះជាម្ចាស់តែមួយ ព្រះអង្គមានព្រះជ្មនមិនចេះសាបសូន្យ ដែលមនុស្សមើលពុំឃើញ បានប្រកបដោយព្រះកិត្តិនាម និងសិរីរុងរឿងអស់កល្បជាអង្វែងតរៀងទៅ! អាមែន! ។
ទំនុកតម្កើងលេខ ១១៣ (១១២) ,១-៧ បទព្រហ្មគិតិ
១. | អស់អ្នកបម្រើព្រះ | ជាអម្ចាស់ចូរនាំគ្នា |
សរសើរកុំរួញរា | ថ្កើងនាមានៃព្រះម្ចាស់ ។ | |
២. | ចូរតម្កើងព្រះនាម | ព្រះម្ចាស់ភ្លាមកុំក្រឡះ |
កុំភ្លេចព្រះអម្ចាស់ | ពីពេលនេះរហូតទៅ ។ | |
៣. | តាំងពីអារុណរះ | ភ្លឺស្រឡះមានកម្ដៅ |
ទល់ពេលថ្ងៃលិចទៅ | សរសើរនៅស្ម័គ្រស្មោះ ។ | |
៤. | ព្រះអង្គម្ចាស់គង់ស្ថិត | លើប្រជាជាតិទាំងអស់ |
សិរីរិងរឿងខ្ពស់ | ព្រះម្ចាស់ហួសផុតអាកាស ។ | |
៥. | តើមាននរណាមួយ | អាចធើ្វឲ្យដូចព្រះម្ចាស់ |
ព្រះអង្គគង់ខ្ពស់ណាស់ | លើអាកាសវិសុទ្ធក្រៃ ។ | |
៦. | ព្រះអង្គត្រួតពិនិត្យ | យ៉ាងល្អន់ល្អិតមកផែនដី |
លើមេឃមិនសល់អ្វី | សព្វដែនដីមិនកំបាំង ។ | |
៧. | ទ្រង់លើកអ្នកទន់ខ្សោយ | មិនបណ្ដោយឲ្យឈឺស្លាំង |
លើកផុតពីភក់ជ្រាំ | ផុតអស់ទាំងធូលីដី ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ ទន ១,២-៣
អាលេលូយ៉ា! អាលេលូយ៉ា! អ្នកចូលចិត្តធម្មវិន័យរបស់ព្រះអម្ចាស់ ពិតជាមានសុភង្គលហើយ! អ្នកនោះបង្កើតមគ្គផលតាមរដូវកាល ។ អាលេលូយ៉ា! |
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៦, ៣៩-៤២
ព្រះយេស៊ូមានព្រះបន្ទូលទៅក្រុមសាវ័កថា៖« ដើមឈើល្អ មិនដែលឲ្យផ្លែអាក្រក់ទេ ។ រីឯដើមឈើអាក្រក់វិញ ក៏មិនដែលឲ្យផ្លែល្អដែរ ដ្បិតគេស្គាល់ដើមឈើបានដោយសារផ្លែវា ។ ពុំដែលមាននរណាបេះផ្លែស្វាយ ឬផ្លែទំពាំងបាយជូរពីគុម្ពបន្លាឡើយ ។ មនុស្សល្អតែងតែប្រព្រឹត្តអំពើល្អ ព្រោះចិត្តរបស់គេល្អ រីឯមនុស្សអាក្រក់ តែងតែប្រព្រឹត្តអំពើអាក្រក់ ដ្បិតមាត់របស់មនុស្សតែងស្រដីចេញមកសេចក្ដីណា ដែលមានពេញហូរហៀរនៅក្នុងដួងចិត្តរបស់ខ្លួន ។
ហេតុអ្វីបានជាអ្នករាល់គ្នាហៅខ្ញុំថា“ព្រះអម្ចាស់! ព្រះអម្ចាស់! ” តែមិនប្រព្រឹត្តតាមពាក្យខ្ញុំដូច្នេះ? អ្នកដែលចូលមករកខ្ញុំ ស្ដាប់ពាក្យខ្ញុំហើយព្រឹត្តតាម ខ្ញុំសុំបង្ហាញប្រាប់ឲ្យអ្នករាល់គ្នាដឹងថា គេប្រៀបបានទៅនឹងមនុស្សប្រភេទណា គឺអ្នកនោះប្រៀបបាននឹងមនុស្សម្នាក់ដែលសង់ផ្ទះ ។ គាត់ជីកដីយ៉ាងជ្រៅ ហើយចាក់គ្រឹះលើផ្ទាំងថ្ម លុះទឹកជំនន់មកដល់ទោះបីទឹកហួរមកប៉ះយ៉ាងណាក៏ដោយ ក៏មិនអាចធើ្វឲ្យផ្ទះនោះរង្គើបានដែរ ព្រោះគាត់បានសង់យ៉ាងមាំ ។ ចំណែកអ្នកដែលបានប្រាប់ពាក្យខ្ញុំតែមិនបានប្រព្រឹត្តតាម ប្រៀបបាននិងមនុស្សម្នាក់ដែលសង់ផ្ទះ ដោយពុំបានចាក់គ្រឹះ ។ លុះទឹកហូរមកបោកដល់ផ្ទះនោះក៏រលំខូចខាតភ្លាម គ្មានអ្វីសល់ឡើយ» ។