អត្ថបទព្រះគម្ពីរ
ថ្ងៃសៅរ៍ ទី៤ ខែកញ្ញា ឆ្នាំ២០២១
អាទិត្យទី២២ រដូវធម្មតា
ព័ណ៌បៃតង
អត្ថបទទី១ ឆ្នាំសេស
សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូឡូស កូឡ ១,២១-២៣
បងប្អូនជាទីស្រឡាញ់! ពីដើមបងប្អូននៅខាងក្រៅប្រជារាស្រ្ដរបស់ព្រះជាម្ចាស់ ហើយជាសត្រូវនឹងព្រះអង្គ ព្រោះតែគំនិត និងអំពើអាក្រក់របស់បងប្អូន ។ តែឥឡូវនេះ ព្រះអង្គបានសម្រុះសម្រួលបងប្អូនឲ្យជានានឹងព្រះអង្គវិញ ដោយព្រះកាយព្រះគ្រីស្ដកើតជាមនុស្សបានសោយទិវង្គត ដើម្បីឲ្យបងប្អូនបានវិសុទ្ធ ឥតសៅហ្មង ឥតកំហុស និងអាចឈរនៅចំពោះព្រះភ័ក្រ្ដរបស់ព្រះអង្គ ។ ក៏ប៉ុន្ដែ បងប្អូនត្រូវតែកាន់ជំនឿឲ្យបានរឹងប៉ឹងខ្ជាប់ខ្ជួន ដើម្បីកុំឲ្យឃ្លាតចាកពីសេចក្ដីសង្ឃឹម ដែលបងប្អូនមាន តាំងពីបានឮដំណឹងល្អមកនោះ គឺជាដំណឹងល្អដែលគេបានប្រកាសដល់មនុស្សលោកទាំងអស់នៅក្រោមមេឃ ហើយខ្ញុំប៉ូលបានទទួលមុខងារបម្រើដំណឹងល្អនេះដែរ។
ទំនុកតម្កើងលេខ ៥៤ (៥៣),៣-៤.៦-៨ បទព្រហ្មគិតិ
៣. | ឱព្រះជាម្ចាស់អើយ | កុំកន្ដើយសូមជួយផង |
ដោយបារមីព្រះអង្គ | មេត្តាទ្រង់រកយុត្តិធម៌ ។ | |
៤. | ឱព្រះជាម្ចាស់អើយ | កុំព្រងើយស្ដាប់អង្វរ |
សម្រែកខ្ញុំស្រែករក | សូមស្ដាប់មកពាក្យខ្ញុំផង ។ | |
៦. | ព្រះម្ចាស់ទ្រង់យាងមក | សង្គ្រោះយកទាំងអាណិត |
រូបខ្ញុំឲ្យនៅជិត | ទាំងជីវិតទ្រង់ការពារ ។ | |
៧. | សូមព្រះអង្គតតាំង | នឹងពួកខ្មាំងចិត្តពាធា |
តាមអំពើពាលា | ដែលពួកវាតែងប្រព្រឹត្ត ។ | |
៨. | ទូលបង្គំនឹងដាក់ថ្វាយ | យញ្ញតង្វាយអស់ពីចិត្ត |
សូមឲ្យទ្រង់អាណិត | ខ្ញុំថ្កើងពិតនាមព្រះអង្គ ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ យហ ១៤,៦.៩
អាលេលូយ៉ា! អាលេលូយ៉ា! បពិត្រព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់! ព្រះអង្គពិតជាផ្លូវ ជាសេចក្ដីពិត និងជាជីវិត។ អ្នកដែលជឿលើព្រះអង្គ បានស្គាល់ព្រះបិតាហើយ។ អាលេលូយ៉ា! |
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៦, ១-៥
មានថ្ងៃមួយ ជាថ្ងៃសប្ប័ទ ព្រះយេស៊ូយាងកាត់វាលស្រែ ។ សាវ័ករបស់ព្រះអង្គនាំគ្នាបូតកួរស្រូវមកឈ្លីបរិភោគ ។ មានពួកខាងគណៈផារីស៊ីខ្លះ និយាយទៅសាវ័កទាំងនោះថា៖ « ហេតុអ្វីបានជាអ្នករាល់គ្នាធើ្វការដែលបញ្ញត្តិហាមមិនឲ្យធើ្វនៅថ្ងៃសីលដូច្នេះ? » ។ ព្រះយេស៊ូតបទៅគេវិញថា៖ « ក្នុងគម្ពីរមានអត្ថបទមួយស្ដីអំពីកាលដែលព្រះបាទដាវីឌ និងបរិពារបានប្រព្រឹត្តនៅពេលឃ្លាន គឺស្ដេចយាងចូលទៅក្នុងដំណាក់របស់ព្រះជាម្ចាស់ យកនំប៉័ងដែលគេតាំងថ្វាយព្រះជាម្ចាស់មកសោយព្រមទាំងចែកឲ្យពួកបរិពារបរិភោគទៀតផង ។ តាមធម្មវិន័យ មានតែពួកបូជាចារ្យប៉ុណ្ណោះ ដែលមានសិទ្ធិបរិភោគនំប៉័ងនោះបាន ។ តើអ្នករាល់គ្នាធ្លាប់អានអត្ថបទនោះឬទេ? » ។ ព្រះអង្គមានព្រះបន្ទូលទៅគេទៀតថា៖ «បុត្រមនុស្សជាម្ចាស់លើថ្ងៃសប្ប័ទ»។