អត្ថបទព្រះគម្ពីរ
ថ្ងៃពុធ ទី៨ ខែកញ្ញា ឆ្នាំ២០២១
អាទិត្យទី២៣ រដូវធម្មតា
ពណ៌ស

ថ្ងៃកំណើតព្រះនាងព្រហ្មចារិនីម៉ារី

បុណ្យ  

ពេលកូនម្នាក់កើតមក ឪពុកម្តាយតែងអរសប្បាយ និងអរព្រះគុណព្រះជាម្ចាស់ ដែលទ្រង់បានប្រទានព្រះជន្មព្រះអង្គឲ្យមនុស្ស។ ព្រះអង្គពិតជាប្រភពនៃជីវិតមែន។ ព្រះសហគមន៍​មាន​អំណរដោយនឹកពីពេលព្រះនាងម៉ារីកើតមក ព្រោះជាពេលព្រះមាតានៃព្រះបុត្រារបស់ព្រះជាម្ចាស់កើតឡើង។ ព្រះនាងពោរពេញដោយព្រះវិញ្ញាណតាំងពីកំណើតមក។ ព្រះសហគមន៍សន្មតយកថ្ងៃនេះធ្វើជាថ្ងៃនឹកដល់ពេលព្រះនាងកើតមក ព្រោះជាថ្ងៃខួបបុណ្យឆ្លងព្រះវិហារសង់ឡើងនៅកន្លែងគេស្មានថា ជាផ្ទះរបស់សន្តីហាណ្ណា។

អត្ថបទទី១ ឆ្នាំសេស
សូមថ្លែងព្រះគម្ពីរព្យាការីមីកា ៥,១-៤


ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «បេថ្លេហិមអេប្រាតាអើយ! ក្នុងចំណោមអំបូរទាំងប៉ុន្មាននៅស្រុកយូដា​ អ្នកតូចជាងគេមែន តែស្តេចដែលត្រូវគ្រប់គ្រងលើអ៊ីស្រាអែលក្នុងនាមយើង នឹងប្រសូត្រចេញមកពីអ្នក។ ព្រះអង្គនោះមាន ដើមកំណើតតាំងពីបុរាណកាលដ៏យូរអង្វែង»។ ព្រះម្ចាស់នឹងបោះបង់ចោលប្រជាជនអ៊ីស្រាអែលមួយរយៈសិន រហូតដល់ពេលស្ត្រី ដែលជាមាតាសម្រាលបុត្រនោះមក។ នៅពេលនោះ បងប្អូនរបស់ព្រះរាជបុត្រដែលសេសសល់នឹងវិល មកជួបជុំគ្នាជាមួយពូជពង្សរបស់លោកអ៊ីស្រាអែលវិញ។ ស្តេចនោះនឹងក្រោកឡើង ហើយដឹកនាំជនជាតិអ៊ីស្រាអែល ដោយព្រះចេស្តារបស់ព្រះអម្ចាស់ និងភាពថ្កុំថ្កើងនៃព្រះនាមរបស់ព្រះជាម្ចាស់ជាព្រះរបស់លោក។ អ៊ីស្រាអែលនឹងរស់នៅដោយសុខសាន្ត ដ្បិតចាប់ពីពេលនេះទៅ ស្តេចនោះមានអំណាចឧត្តុង្គឧត្តម រហូតដល់ទីដាច់ស្រយាលនៃផែនដី។​ ស្តេចនោះហើយ ដែលផ្តល់សុខសន្តិភាព! ប្រសិនបើជនជាតិអាស្ស៊ីរីលើកទ័ពមកវាយលុកស្រុកយើង ហើយវាយចូលដល់ កំពែងក្រុងរបស់យើង ពួកយើងនឹងចាត់មេដឹកនាំប្រាំពីរប្រាំបីនាក់របស់ប្រជាជនឲ្យទៅតយុទ្ធនឹងពួកគេ។

សូមថ្លែងលិខិតសន្តៈ ប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម ៨,២៨-៣០

បងប្អូនជាទីស្រឡាញ់! យើងដឹងថា អ្វីៗទាំងអស់ផ្សំគ្នាឡើង ដើម្បីឲ្យអស់អ្នកស្រឡាញ់ព្រះជាម្ចាស់ទទួលផលល្អ គឺអ្នកដែលព្រះអង្គបានត្រាស់ហៅមក ស្របតាមគម្រោងការរបស់ព្រះអង្គ ដ្បិតអស់អ្នកដែលព្រះអង្គបានជ្រើសរើស ទ្រង់ក៏បានតម្រូវគេទុកជាមុនឲ្យមានលក្ខណៈដូចព្រះបុត្រារបស់ព្រះអង្គដែរ ដើម្បីឲ្យព្រះបុត្រាបានទៅជារៀមច្បងក្នុងបណ្តាបងប្អូនជាច្រើន។ អស់អ្នកដែលព្រះអង្គបានតម្រូវទុកជាមុននោះ ទ្រង់ក៏បានត្រាស់ហៅ ហើយអ្នកដែលព្រះអង្គ បានត្រាស់ហៅនោះ ទ្រង់ក៏ប្រោសឲ្យគេបានសុចរិត រីឯអស់អ្នកដែលព្រះអង្គប្រោសឲ្យបានសុចរិត ទ្រង់ក៏ប្រទានឲ្យគេមានសិរីរុងរឿងដែរ។

ទំនុកតម្កើងលេខ​ ១៣ (១២),៦ បទពំនោល
៦.ចំពោះរូបខ្ញុំឃ្មៀតខ្មី ទុកចិត្តហឫទ័យ ប្រណីរបស់ព្រះអង្គ ។
សូមឲ្យខ្ញុំត្រេកអរផងពិព្រោះព្រះអង្គបានសង្គ្រោះទូលបង្គំ ។
សូមឲ្យខ្ញុំច្រៀងរងំសរសើរឧត្ដមដល់ខ្ញុំព្រះអង្គប្រណី ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អាលេលូយ៉ា! អាលេលូយ៉ា!
យើងនាំគ្នារំឮកថ្ងៃដែលព្រះនាងព្រហ្មចារិនីម៉ារីកើតមក! លំពែងរបស់លោកយ៉េសាយមានផ្ការីកឡើង
ដោយសារព្រះនាង! ព្រះជាម្ចាស់ជាព្រះរបស់យើង ប្រទានពរមកយើងដោយសារព្រះនាងដែរ ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ​ ១,១-១៦. ១៨-២៣

នេះជាបញ្ជីរាយនាមព្រះអយ្យកោរបស់ព្រះយេស៊ូគ្រីស្ត ជាព្រះរាជវង្សរបស់ព្រះបាទដាវីឌដែលត្រូវជាពូជពង្សរបស់លោកអាប្រាហាំ។
            លោកអាប្រាហាំបង្កើតលោកអ៊ីសាក លោកអ៊ីសាកបង្កើតលោកយ៉ាកុប លោកយ៉ាកុបង្កើតលោកយូដា និងប្អូនរបស់គាត់ លោកយូដា និងនាងថាម៉ារបង្កើតលោកផារេស និងលោកសេរ៉ា លោកផារេសបង្កើតលោកហេតស្រូម លោកហេតស្រូមបង្កើតអរ៉ាម លោកអារ៉ាមបង្កើតលោកអមីណាដាប់ លោកអមីណាដាប់បង្កើតលោកណាសូន លោកណាសូន បង្កើតលោកសាលម៉ូន លោកសាលម៉ូន និងនាងរ៉ាហាបបង្កើតលោកបូអាស លោកបូអាស និងនាងរូថបង្កើតលោកអូបេដ លោកអូបេដបង្កើតលោកយេសាយ លោកយេសាយបង្កើតស្តេចដាវីឌ។
            ក្រោយគ្រាដែលគេកៀរជនជាតិអ៊ីស្រាអែលយកទៅធ្វើជាឈ្លើយនៅស្រុកបាប៊ីឡូន ស្តេចយេកូញ៉ាសបង្កើត លោកសាឡាធាល លោកសាឡាធាលបង្កើតលោកសូរ៉ូបាបិល លោកសូរ៉ូបាបិលបង្កើតលោកអប៊ីយូដ លោកអប៊ីយូដបង្កើតលោកអេលីយ៉ាគីម លោកអេលីយ៉ាគីមបង្កើតលោកអស៊រ លោកអស៊របង្កើតលោកសាដុក លោកសាដុកបង្កើតលោកអគីម លោកអគីមបង្កើតលោកអលីយូដ លោកអលីយូដបង្កើតលោកអេលាសារ លោកអេលាសារបង្កើតលោកម៉ាថាន លោកម៉ាថានបង្កើតលោកយ៉ាកុប លោកយ៉ាកុបបង្កើតលោកយ៉ូសែបជាស្វាមីរបស់នាងម៉ារីដែលបង្កើតព្រះយេស៊ូហៅថា “ព្រះគ្រីស្ត”។
            ហេតុការណ៍នេះកើតឡើង ស្របនឹងសេចក្តីដែលព្រះអម្ចាស់មានព្រះបន្ទូលតាមរយៈព្យាការីថា៖ “មើល! ស្ត្រីព្រហ្មចារីនឹងមានផ្ទៃពោះ” នាងនឹងសម្រាលបានបុត្រមួយដែលគេនឹងថ្វាយព្រះនាមថា៖ “អេម៉ានូអែល” ប្រែថា “ព្រះជាម្ចាស់គង់ជាមួយយើង”។

ខែ​តុលា 2024
ព្រ សុ អា
 123456
78910111213
14151617181920
21222324252627
28293031  
118 Views

Theme: Overlay by Kaira