អត្ថបទថ្ងៃព្រហស្បតិ៍ អាទិត្យទី២២ រដូវធម្មតា
ថ្ងៃព្រហស្បតិ៍ ទី២ ខែកញ្ញា ឆ្នាំ២០២១ ព័ណបៃតង
អត្ថបទទី១ ឆ្នាំសេស
សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូឡូស កូឡ ១,៩-១៤
បងប្អូនជាទីស្រឡាញ់! តាំងពីយើងឮដំណឹងថា បងប្អូនជឿលើព្រះគ្រីស្ដ យើងចេះតែអធិដ្ឋាន និងអង្វរព្រះជាម្ចាស់ឲ្យបងប្អូនឥតឈប់ឈរ ដើម្បីឲ្យបងប្អូនស្គាល់ព្រះហប្ញទ័យរបស់ព្រះអង្គយ៉ាងច្បាស់ ដោយមានគ្រប់ប្រាជ្ញា និងតម្រិះដែលមកពីព្រះហប្ញទ័យព្រះអង្គក្នុងគ្រប់វិស័យទាំងអស់ ។ ដូច្នេះ បងប្អូននឹងបង្កើតផលក្នុងគ្រប់អំពើល្អដែលបងប្អូនធើ្វ ហើយបងប្អូននឹងស្គាល់ព្រះជាម្ចាស់កាន់តែច្បាស់ឡើងៗ ។ សូមឲ្យបងប្អូនមានកម្លាំងមាំមួនគ្រប់ជំពូក ដោយព្រះចេស្ដាដ៏រុងរឿងរបស់ព្រះអង្គ ដើម្បីឲ្យបងប្អូនអាចស៊ូទ្រាំអ្វីៗទាំងអស់ និងចេះអត់ធ្មត់ទៀតផង ។
ចូរអរព្រះគុណព្រះបិតាដោយចិត្តរីករាយ ព្រោះព្រះអង្គបានប្រោសប្រទានឲ្យបងប្អូនមានសមត្ថភាពអាចទទួលចំណែកមត៌ករួមជាមួយប្រជាជនដ៏វិសុទ្ធនៅក្នុងពន្លឺ។ ព្រះអង្គបានរំដោះយើងឲ្យរួចផុតពីអំណាចនៃភាពងងឹត ហើយចម្លងយើងចូលទៅក្នុងព្រះរាជនៃព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ ។ ដោយយើងរួមក្នុងអង្គព្រះបុត្រា ព្រះអង្គបានលោះយើង និងលែងទោសយើងឲ្យរួចពីបាប ។
ទំនុកតម្កើងលេខ ៩៨ (៩៧),២-៦ បទកាកគតិ
២. | ព្រះម្ចាស់បង្ហាញ | ប្រជាឲ្យឃើញ | ពីការសង្គ្រោះ | ព្រះអង្គសម្ដែង |
ឲ្យគេទាំងអស់ | ឃើញសុចរិតស្មោះ | របស់ព្រះអង្គ ។ | ||
៣. | ព្រះអង្គនៅតែ | សម្ដែងឥតប្រែ | ករុណាត្រចង់ | ព្រះទ័យស្មោះស្ម័គ្រ |
អ៊ីស្រាអែលផង | សុចរិតឥតហ្មង | ចងចាំទាំងអស់ ។ | ||
មនុស្សម្នាមូលមីរ | រស់នៅគ្រប់ទី | ឆ្ងាយទាំងស្រីប្រុស | នៃភពផែនដី | |
ឃើញការសង្គ្រោះ | ព្រះម្ចាស់របស់ | យើងគ្រប់ៗគ្នា ។ | ||
៤. | មនុស្សទាំងប្រុសស្រី | នៅលើផែនដី | រៀបចំអង្គា | អបអរសាទរ |
ថ្វាយព្រះនាមា | ស្រែកហ៊ោរខ្ញៀវខ្ញា | ដោយតូរ្យរតន្ដ្រី ។ | ||
៥. | សូមផ្ញើចិត្តកាយ | ដេញទាំងពិណថ្វាយ | ព្រះធ្លាប់ប្រណី | ព្រោះព្រះអង្គនោះ |
ធ្លាប់ថ្នមបមបី | ថែទាំយប់ថ្ងៃ | រៀងរាល់វេលា ។ | ||
៦. | ចូរនាំគ្នាផ្លុំ | ត្រែស្នែងប្រគុំ | ថ្វាយព្រះរាជា | អបអរសាទរ |
អង្គមហាក្សត្រា | ខ្ពស់លើលោកា | គ្មានអ្វីស្មើព្រះ ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ មថ ៤,១៩
អាលេលូយ៉ា! អាលេលូយ៉ា! ព្រះអម្ចាស់មានព្រះបន្ទូលត្រាស់ហៅថា៖ «សូមអញ្ជើញមកតាមខ្ញុំ ខ្ញុំនឹងតាំងអ្នករាល់គ្នាឲ្យនេសាទមនុស្សវិញ»។ អាលេលូយ៉ា! |
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៥, ១-១១
ថ្ងៃមួយ ព្រះយេស៊ូគង់នៅមាត់បឹងកេនេសារ៉ែត មានបណ្ដាលជនជាច្រើនប្រជ្រៀតគ្នានៅជុំវិញព្រះអង្គ ដើម្បីស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ព្រះអង្គទតឃើញទូកពីរចតនៅមាត់ច្រាំង រីឯអ្នកនេសាទនាំគ្នាចុះទៅលាងអួនរបស់គេ។ ព្រះយេស៊ូយាងចុះទៅក្នុងទូករបស់លោកស៊ីម៉ូន រួចសុំឲ្យគាត់ចេញទូកទៅឆ្ងាយពីច្រាំងបន្ដិច ។ ព្រះអង្គបង្រៀនបណ្ដាលជនពីក្នុងទូកនោះ ។
លុះព្រះអង្គបង្រៀនគេចប់ហើយ ទ្រង់មានព្រះបន្ទូលទៅកាន់លោកស៊ីម៉ូនថា៖ «ចូរបង្ហួសទូកទៅទឹកជ្រៅ រួចនាំគ្នាទម្លាក់អួនចុះ» ។ លោកស៊ីម៉ូនតបទៅព្រះយេស៊ូវិញថា៖ «លោកគ្រូ! យើងខ្ញុំបានអូសអួនពេញមួយយប់ហើយ អត់បានត្រីមួយសោះ។ ប៉ុន្ដែបើលោកគ្រូមានប្រសាសន៍ដូចច្នេះ ខ្ញុំនឹងទម្លាក់អួនតាមពាក្យរបស់លោកគ្រូ» ។ គេក៏ទម្លាក់អួនទៅក្នុងទឹក ជាប់ត្រីយ៉ាងច្រើនស្ទើរតែធ្លាយអួន។ គេបក់ដៃហៅមិត្តភក្ដិ ដែលនៅក្នុងទូកមួយទៀតឲ្យមកជួយ។ ពួកនោះមកដល់ ជួយចាប់ត្រីដាក់ពេញទូកទាំងពីរស្ទើរតែនឹងលិច។ ពេលលោកស៊ីម៉ូនសិលាឃើញដូច្នោះ គាត់ក្រាបទៀបព្រះបាទាព្រះយេស៊ូ ហើយទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! សូមព្រះអង្គយាងឲ្យឆ្ងាយពីទូលបង្គំទៅ! ព្រោះទូលបង្គំជាមនុស្សបាប» ។ លោកស៊ីម៉ូននិយាយដូច្នេះ ព្រោះគាត់នឹងអស់អ្នកដែលនៅជាមួយភ័យស្ងប់ស្ងែងជាខ្លាំង នៅពេលដែលពួកគេបានឃើញត្រីច្រើនយ៉ាងនេះ។ រីឯលោកយ៉ាកុប និងលោកយ៉ូហាន ជាកូនលោកសេបេដេ ដែលនេសាទរួមជាមួយលោកស៊ីម៉ូន ក៏មានចិត្តដូច្នោះដែរ។ ប៉ុន្ដែ ព្រះយេស៊ូមានព្រះបន្ទូលទៅលោកស៊ីម៉ូនថា៖ « កុំខ្លាចអី! ពីពេលនេះទៅមុខ អ្នកនឹងនេសាទមនុស្សវិញ»។ ពេលទូកទៅដល់មាត់ច្រាំងវិញ គេបោះបង់របស់របរទាំងអស់ចោល រួចនាំគ្នាដើរតាមព្រះយេស៊ូទៅ ។