អត្ថបទថ្ងៃអង្គារ៍ អាទិត្យទី២២ រដូវធម្មតា

ថ្ងៃអង្គារ៍ ទី៣១ ខែសីហា ឆ្នាំ២០២១ ព័ណបៃតង

អត្ថបទទី១ ឆ្នាំសេស
សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងថេសាឡូនិក ១​ ថស ៥, ១-៦.៩-១១

បងប្អូនជាទីស្រឡាញ់! ចំពោះពេលវេលា និងពេលកំណត់ដែលព្រះគ្រីស្ដយាងមក​យើងមិនបាច់សរសេរមកប្រាប់បងប្អូនទេ ដ្បិតបងប្អូនជ្រាបស្រាប់ហើយថា ថ្ងៃដែលព្រះអម្ចាស់យាងមក ប្រៀបបីដូចជាចោរចូលលួចនៅពេលយប់ ។ ពេលណាមនុស្សម្នាពោលថា “មាន​សន្ដិភាពហើយ! មានសន្ដិភាពហ់ើយ! ” ពេលនោះ មហន្ដរាយនឹងធ្លាក់លើគេមួយរំពេច ពុំអាច​គេចផុតបានឡើយ គឺប្រៀបបីដូចជាស្ដ្រីហៀបនឹងសម្រាលកូនឈឺចុកចាប់ដែរ ។​រីឯបងប្អូន​វិញ បងប្អូនមិនមែនស្ថិតនៅក្នុងភាពងងឹត​ បណ្ដោយឲ្យថ្ងៃនោះមកដល់ដោយមិនដឹងខ្លួនដូច​ជាពេលចោរចូលលួចនោះឡើយ ។ បងប្អូនទាំងអស់គ្នារស់នៅក្នុងពន្លឺ រស់នៅក្នុងពេលថ្ងៃ​ យើងមិនរស់នៅក្នុងយប់អន្ធការ និងក្នុងភាពងងឹតទេ ។ ហេតុនេះ យើងមិនត្រូវដេកលក់ដូច​អ្នកឯទៀតៗឡើយ ផ្ទុយទៅវិញត្រូវប្រុងស្មារតី ហើយចេះប៉ាន់ប្រមាណជានិច្ច​ ដ្បិតព្រះជាម្ចាស់​មិនបានតម្រូវឲ្យយើងត្រូវព្រះពិរោធឡើយ គឺព្រះអង្គឲ្យយើងទទួលការសង្គ្រោះ ដោយសារព្រះយេស៊ូគ្រីស្ដ​ជាអម្ចាស់នៃយើង បានសោយទិវង្គិតសម្រាប់យើង ដើម្បីឲ្យយើងរស់រួមជាមួយព្រះអង្គ​ទោះបី​យើងនៅរស់ក្ដីស្លាប់ក្ដី ។ ដូច្នេះ ចូរដាស់តឿនគ្នានិងអប់រំគ្នាទៅវិញទៅមក ដូចបងប្អូនធ្លាប់ធើ្វ​ស្រាប់ ។

ទំនុកតម្កើងលេខ​ ២៧ (២៦),១.៤.១៣-១៤         បទពាក្យ ៧

១.ព្រះអម្ចាស់ទ្រង់ជាពន្លឺនាមល្បីរន្ទឺព្រះសង្គ្រោះ
មិនឲ្យខ្ញុំខ្លាចនរណាសោះជាកំពែងខ្ពស់ជួយជីវិត ។
៤.ខ្ញុំទូលព្រះម្ចាស់នូវសេចក្ដីតែមួយគត់ខ្លីឲ្យបានច្បាស់
គឺចង់ស្នាក់នៅដំណាក់ព្រះឥតមានក្រឡះមួយជីវិត  ។
ដើម្បីខ្ញុំបានកោតស្ញែងស្ញប់ឫទ្ធានុភាពថ្កុំថ្កើងពិត
នឹងថ្វាយបង្គំម្ចាស់ជីវិតព្រះអង្គគង់ស្ថិតក្នុងវិហារ ។
១៣.ខ្ញុំជឿជាក់ថាខ្ញុំនឹងបានឃើញសុខក្សេមក្សាន្ដមិនអាស្រូវ
មង្គលកើតពីព្រះម្ចាស់នៅក្នុងលោកតទៅជាមិនខាន ។
១៤.ចូរទុកចិត្តលើព្រះអម្ចាស់ព្រះអង្គជាព្រះដ៏ថ្កើងថ្កាន
ចូរមានកម្លាំងចិត្តក្លាហាននោះអ្នកនឹងមានសុភមង្គល  ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ លក ៧,១៦

អាលេលូយ៉ា! អាលេលូយ៉ា!
មានព្យាការីដ៏ប្រសើរម្នាក់បាននៅក្នុងចំណោមយើង!​ ព្រះជាម្ចាស់យាងមករំដោះប្រជារាស្រ្ដរបស់ព្រះអង្គហើយ!​ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក​ ៤, ៣១-៣៧

ព្រះយេស៊ូយាងទៅក្រុងកាផានុម ក្នុងស្រុកកាលីឡេ ។ នៅទីនោះ ព្រះអង្គបង្រៀនបណ្ដា​ជនជារៀងរាល់ថ្ងៃសប្ប័ទ។ មនុស្សគ្រប់គ្នាស្ងើចសរសើរយ៉ាងខ្លាំង អំពីបែបបទដែលព្រះអង្គ​បង្រៀន ព្រោះព្រះអង្គមានព្រះបន្ទូលប្រកបដោយអំណាច ។ នៅក្នុងធម្មសាលា មានបុរស​ម្នាក់ខ្មោចចូល ស្រែកខ្លាំងៗឡើងថា ៖ « ព្រះយេស៊ូអ្នកភូមិណាសារ៉ែតអើយ! តើព្រះអង្គចង់​ធើ្វអ្វីដល់យើង? ព្រះអង្គមកបំផ្លាញ់យើង ។ ខ្ញុំស្គាល់ព្រះអង្គហើយ! ព្រះអង្គជាព្រះដ៏វិសុទ្ធ​ដែលមកពីព្រះជាម្ចាស់​» ។ ព្រះយេស៊ូគំរាមខ្មោចនោះថា៖ «ស្ងៀម! ចេញពីអ្នកនេះទៅ! » ។ ខ្មោច​ក៏ផ្ដួលបុរសនោះនៅកណ្ដាលចំណោមបណ្ដាជន  រួចចេញទៅ ដោយពុំមានធើ្វឲ្យគាត់ឈឺ​ចាប់អ្វីឡើយ ។ មនុស្សម្នាភ័យស្រឡាំងកាំង ហើយនិយាយគ្នាទៅវិញទៅមកថា៖ «ចុះពាក្យ​​សម្ដីរបស់លោកនេះអីក៏ពូកែម្លេះ! មើល៍!លោកមានអំណាចនិងប្ញទ្ធានុភាព អាចបញ្ជាទៅខ្មោចឲ្យ​ចេញ ហើយវាធើ្វតាម»។ បន្ទាប់មក ព្រះកិត្តិនាមរបស់ព្រះយេស៊ូល្បីខ្ចរខ្ចាយពាសពេញ​តំបន់នោះ ។


ខែ​តុលា 2024
ព្រ សុ អា
 123456
78910111213
14151617181920
21222324252627
28293031  
170 Views

Theme: Overlay by Kaira