អត្ថបទថ្ងៃច័ន្ទ អាទិត្យទី២២ រដូវធម្មតា ឆ្នាំ ខ
ថ្ងៃច័ន្ទ ទី៣០ ខែសីហា ឆ្នាំ២០២១ ព័ណបៃតង
អត្ថបទទី ១ ឆ្នាំសេស
សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងថេសាឡូនិក ១ ថស ៤,១៣-១៧
បងប្អូនជាទីស្រឡាញ់! យើងចង់ឲ្យបងប្អូនជ្រាបអំពីអស់អ្នកដែលស្លាប់ផុតទៅហើយ ដើម្បីកុំឲ្យបងប្អូនព្រួយចិត្តដូចអ្នកឯទៀតៗដែលគ្មានសេចក្ដីសង្ឃឹមនោះឡើយ ។ ប្រសិនបើយើងជឿថា ព្រះយេស៊ូពិតជាសោយទិវង្គត ហើយទទួលព្រះជន្មដ៏រុងរឿងមែន យើងក៏ត្រូវជឿថា ព្រោះតែព្រះយេស៊ូ ព្រះជាម្ចាស់នឹងនំាបងប្អូនដែលស្លាប់ទៅហើយ ឲ្យទៅនៅជាមួយព្រះយេស៊ូដែរ ។
យើងសូមបញ្ជាក់ប្រាប់បងប្អូនតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ថា នៅពេលព្រះអម្ចាស់យាងមក យើងដែលមានជីវិតនៅឡើយ មិនទៅមុនអ្នកដែលស្លាប់នោះទេ ដ្បិតនៅពេលមានឮស្នូរជាសញ្ញាលាន់ឡើង ហើយនៅពេលឮសម្លេងអគ្គទេវទូតនិងសម្លេងត្រែរបស់ព្រះជាម្ចាស់ ព្រះអម្ចាស់នឹងយាងចុះពីស្ថានបរមសុខមក ។ អស់អ្នកស្លាប់ទៅដែលជឿលើព្រះគ្រីស្ដនោះនឹងរស់ឡើងវិញជាមុន បន្ទាប់មក ទើបព្រះអម្ចាស់លើកយើងដែលមានជីវិតនៅឡើយឲ្យឡើងទៅក្នុងពពកជាមួយអ្នកទំាងនោះ ដើម្បីទៅទទួលព្រះអង្គក្នុងអាកាសវេហាស៍ ហើយយើងនឹងស្ថិតនៅជាមួយព្រះអម្ចាស់រហូតតទៅ ។
ទំនុកតម្កើងលេខ ៩៦ (៩៥),១-២.៤-៥.១១-១៣ បទព្រហ្មគិតិ
| ១. | ចូរច្រៀងបទថ្មីថ្វាយ | ព្រះម្ចាស់ថ្លៃកុំឈរឈប់ |
| មនុស្សនៅលើពិភព | ច្រៀងកុំឈប់ថ្វាយព្រះអង្គ ។ | |
| ២. | ចូរច្រៀងថ្វាយព្រះម្ចាស់ | តម្កើងព្រះនាមត្រចង់ |
| ប្រកាសរាល់ថ្ងៃផង | ពីបំណងដ៏ថ្លាថ្លៃ ។ | |
| ៤. | គួរសរសើរតម្កើង | ព្រះម្ចាស់ឡើងខ្ពង់ខ្ពស់ណាស់ |
| ស្ញែងខ្លាចភ័យញ័រពោះ | លើអស់ព្រះផងទាំងពួង ។ | |
| ៥. | ព្រះផ្សេងសាសន៍នានា | មិនបានការដូចព្រះអង្គ |
| បារមីដ៏ត្រចង់ | ទ្រង់បង្កើតទាំងផ្ទៃមេឃ ។ | |
| ១១. | សូមឲ្យអស់ផ្ទៃមេឃ | ផែនដីស្រែកសប្បាយខ្ទ័រ |
| សមុទ្រមានអំណរ | ឮសម្លេងលាន់គគ្រឹម ។ | |
| ១២. | ចូរឲ្យស្រែចម្ការ | អ្វីសព្វសារអរញញឹម |
| ឲ្យដើមឈើរេរំា | លោតទន្ទ្រាំមុខព្រះម្ចាស់ ។ | |
| ១៣. | ដ្បិតព្រះអង្គយាងមក | វិនិច្ឆ័យរកយុតិ្តធម៌ណាស់ |
| កាត់ក្ដីរាស្ដ្រទាំងអស់ | ដោយស្ម័គ្រស្មោះសុចរិត ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ លក ៤,១៨
| អាលេលូយ៉ា! អាលេលូយ៉ា! គេនាំដំណឹងល្អទៅប្រាប់ជនក្រីក្រថា ព្រះអម្ចាស់បានរំដោះប្រជាជនរបស់ព្រះអង្គហើយ! អាលេលូយ៉ា! |
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៤,១៦-៣០
ព្រះយេស៊ូយាងទៅភូមិណាសារ៉ែត ជាភូមិដែលព្រះអង្គគង់នៅកាលពីកុមារ ។ នៅថ្ងៃសប្ប័ទ ព្រះអង្គយាយទៅធម្មសាលាតាមទម្លាប់របស់ព្រះអង្គ ។ ព្រះអង្គក្រោកឈរឡើងដើម្បីអានព្រះគម្ពើរ ។ គេយកគម្ពីររបស់ព្យាការីអេសាយមកថ្វាយព្រះអង្គ ព្រះអង្គបើគម្ពីរត្រង់អត្ថបទដែលមានចែងថា៖ « ព្រះវិញ្ញណរបស់អម្ចាស់សណ្ឋិាតលើខ្ញុំ ។ ព្រះអង្គបានចាក់ប្រេងអភិសេកឲ្យខ្ញុំនាំដំណឹងល្អទៅប្រាប់ជនក្រីក្រ ។ ព្រះអង្គបានចាត់ខ្ញុំឲ្យមកប្រកាសប្រាប់ជនជាប់ជាឈ្លើយថា គេនឹងមានសេរីភាព ហើយប្រាប់មនុស្សខ្វាក់ថា គេនឹងមើល៍ឃើញវិញ ។ ព្រះអង្គបានចាត់ខ្ញុំឲ្យមករំដោះអស់អ្នកដែលត្រូវគេសង្កត់សង្កិន ព្រមទាំងប្រកាសអំពីឆ្នំាដែលព្រះអម្ចាស់សម្ដែងព្រះហប្ញទ័យមេត្តាករុណា » ។
លុះអានចប់ហើយ ព្រះយេស៊ូបិទគម្ពីរប្រគល់ទៅអ្នកថែរក្សា រូចទ្រង់គង់ចុះវិញ ។ មនុស្សគ្រប់រូបនៅក្នុងធម្មសាលាសម្លឹងមើលព្រះអង្គ ។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ « នៅថ្ងៃនេះ ហេតុការណ៍ដែលមានចែងទុកក្នុងគម្ពីរ ដូចអ្នករាល់គ្នាទើបស្ដាប់អំបាញ់មិញ បានកើតជារូបរាងហើយ » ។ ឮដូច្នេះ គេស្ងើចសរសើរព្រះយេស៊ូគ្រប់ៗគ្នា ទំាងនឹកឆ្ងល់អំពីព្រះបន្ទូលប្រកបដោយព្រះហប្ញទ័យប្រណីសន្ដោស ដែលហូរចេញពីព្រះឧិស្ឋរបស់ព្រះអង្គ។ គេពោលថា៖ « អ្នកនេះមិនមែនជាកូនរបស់ជាងយ៉ូសែបទេឬអី? » ។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ « ប្រហែលជាអ្នករាល់គ្នាចង់យកសុភាសិតដែលចែងថា“ គ្រូពេទ្យអើយ! ចូរមើល៍ជំងឺខ្លួនឲ្យជាសិនទៅ” មកផ្ចាញ់ផ្ចាលខ្ញុំទេដឹង! ឬមួយអ្នករាល់គ្នាចង់និយាយមកខ្ញុំទៀតថា “យើងបានឮគេនិយាយអំពីកិច្ចការទំាងអស់ ដែលអ្នករាល់គ្នានៅក្រុងកាផានុម ចូរធើ្វការដដែលនៅទីនេះ ជាស្រុករបស់អ្នកឲ្យយើងឃើញផង! ” ។ ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «ខ្ញុំសូមប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា មិនដែលមានព្យាការីណាម្នាក់ ត្រូវគេគោរពក្នុងស្រុកកំណើតរបស់ខ្លួនឡើយ ។ ខ្ញុំសុំបញ្ជាក់ថា នៅជំនាន់លោកអេលី មេឃរាំងអស់រយៈពេលបីឆ្នំាកន្លះ បណ្ដាលឲ្យមានទុរ្ភិក្សយ៉ាងខ្លាំងពេញទាំងស្រុក ។ នៅស្រុកអ៊ីស្រាអែល មានស្ដ្រីមេម៉ាយជាច្រើន ក៏ប៉ុន្ដែ ព្រះជាម្ចាស់ពុំបានចាត់ព្យាការីណាម្នាក់នៅស្រុកអ៊ីស្រាអែលឡើយ គឺព្រះអង្គចាត់លោកឲ្យទៅជួបស្ដ្រីមេម៉ាយម្នាក់ ដែលរស់នៅក្នុងភូមិសារិបតា ក្នុងស្រុកស៊ីដូនវិញ ។ នៅជំនាន់អេលីសេ មានមនុស្សឃ្លង់ជាច្រើនក្នុងស្រុកអ៊ីស្រាអែល ប៉ុន្ដែ គ្មាននរណាម្នាក់បានជាសោះឡើយ គឺមានតែលោកណាម៉ាន់ ជាជនជាតិស៊ីរីម្នាក់ប៉ុណ្ណោះ » ។
កាលបានឮព្រះបន្ទូលទាំងនេះ អ្នកនៅក្នុងធម្មសាលាទាំងប៉ុន្មានខឹងព្រះយេស៊ូគ្រប់ៗគ្នា ។ គេក្រោកឡើង ចាប់ប្រអូសប្រទាញព្រះយេស៊ូចេញពីភូមិដែលសង់លើកំពូលភ្នំ នាំឆ្ពោះទៅមាត់ជ្រោះ បម្រុងនឹងច្រានព្រះអង្គទម្លាក់ទៅក្រោម ។ ប៉ុន្ដែ ព្រះអង្គយាងចេញពីកណ្ដាលចំណោមគេបាត់ទៅ ។
