អត្ថបទថ្ងៃអាទិត្យទី២២ រដូវធម្មតា ឆ្នាំ​ ខ

ថ្ងៃអាទិត្យ ទី២៩ ខែសីហា ឆ្នាំ២០២១ ព័ណបៃតង

អត្ថបទទី១
សូមថ្លែងព្រះគម្ពីរទុតិយកថា ទក ៤,១-២.៦-៨

លោកម៉ូសេមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «ជនជាតិអ៊ីស្រាអែលអើយ! ឥឡូវនេះ ចូរស្ដាប់ ហើយប្រតិបត្តិតាមវិន័យ និងបទបញ្ជាផ្សេងៗដែលខ្ញុំបង្រៀនអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានជីវិត ហើយចូលទៅកាន់កាប់ទឹកដីដែលព្រះអម្ចាស់ ជាព្រះនៃដូនតារបស់អ្នករាល់គ្នាប្រគល់ឲ្យអ្នករាល់គ្នា។ មិនត្រូវបន្ថែម ឬបន្ថយអ្វីទៅលើពាក្យដែលខ្ញុំបង្គាប់ដល់អ្នករាល់គ្នាឡើយ គឺត្រូវធ្វើតាមសេចក្ដីដែលព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា បង្គាប់ឲ្យអ្នករាល់គ្នាធ្វើ ដូចខ្ញុំបានប្រគល់ឲ្យអ្នករាល់គ្នា។ អ្នករាល់គ្នាត្រូវកាន់ ព្រមទាំងប្រតិបត្តិតាមវិន័យ និងបទបញ្ជាទាំងនោះ ដើម្បីឲ្យអ្នករាល់គ្នាមានប្រាជ្ញាឈ្លាសវៃ នៅចំពោះមុខជាតិសាសន៍នានា។ ពេលឮអំពីក្រឹត្យវិន័យទាំងប៉ុន្មាន ពួកគេនឹងពោលថា ប្រជាជាតិដ៏ធំនេះពិតជាមានប្រាជ្ញាដ៏ឈ្លាសវៃមែន!។ តើប្រជាជាតិដ៏ប្រសើរឧត្ដមណាមួយផ្សេងទៀតមានព្រះដែលគង់នៅជិតគេ ដូចព្រះអម្ចាស់ជាព្រះនៃយើង គង់នៅជិតយើងគ្រប់ពេលដែលយើងអង្វររកព្រះអង្គ? តើប្រជាជាតិដ៏ប្រសើរឧត្ដមណាមួយផ្សេងទៀត មានក្រឹត្យវិន័យនិងបទបញ្ជាត្រឹមត្រូវ ដូចធម្មវិន័យទាំងប៉ុន្មានដែលខ្ញុំថ្លែងប្រាប់អ្នករាល់គ្នាថ្ងៃនេះ?» ។

ទំនុកតម្កើងលេខ​ ១៥ (១៤),១-៥         បទព្រហ្មគិតិ

១.បពិត្រព្រះអម្ចាស់ នរណាខ្លះអាចរស់ក្នុង
ព្រះពន្លាព្រះអង្គស្ថិតនៅលើភ្នំវិសុទ្ធ ។
២.គឺមានតែមនុស្សដែលគ្មានទោសនិងប្រព្រឹត្ត
អំពើសុចរិតនិយាយពិតជាដរាប ។
៣.គេមិននិយាយមួលបង្កាច់ផ្ដួលមិនធ្វើបាប
បងប្អូនដែលទន់ទាបមិនបង្អាប់កិតិ្ដយស ។
៤.គេមិនរាប់រកអ្នកដែលព្រះម្ចាស់មិនស្ម័គ្រស្មោះ
តែគេលើកកិត្តិយសអ្នកគោរពកោតព្រះអង្គ ។
បើគេសន្យាអ្វីឫទោះបីខូចខាតបង់
ក៏គេមិនបង្អង់គេគោរពពាក្យសម្ដី
៥.បើមាននរណាម្នាក់មករកប្រាក់គេឲ្យខ្ចី
មិនចង់បានកំរៃច្រើនតិចក្ដីគេមិនយក ។
អ្នកប្រព្រឹត្តដូច្នេះជាមនុស្សចេះអាចចូលជ្រក
ក្រោមបារមីរៀងមកនឹងបានសុខជានិរន្ដរ៍ ។

អត្ថបទទី ២
សូមថ្លែងលិខិតរបស់សន្ដយ៉ាកុប យក ១,១៧-១៨.២១-២២.២៧

បងប្អូនជាទីស្រឡាញ់! គ្រប់អំណោយដ៏ល្អវិសេស និងអ្វីៗទាំងប៉ុន្មានដ៏គ្រប់លក្ខណៈដែលយើងបានទទួល សុទ្ធតែមកពីស្ថានលើទាំងអស់ គឺមកពីព្រះបិតាដែលបង្កើតពន្លឺ។ ព្រះអង្គមិនចេះប្រែក្រឡាស់ទេ ហើយនៅក្នុងព្រះអង្គ សូម្បីតែស្រមោលនៃការប្រែប្រួលក៏គ្មានផង។ ព្រះអង្គសព្វព្រះហឫទ័យបង្កើតយើងមក ដោយសារព្រះបន្ទូលនៃសេចក្ដីពិត ដើម្បីឲ្យយើងបានទៅជាផលដំបូងម្យ៉ាង នៃអ្វីៗទាំងអស់ដែលព្រះអង្គបង្កើតមក។ ចូរទទួលព្រះបន្ទូលដែលព្រះជាម្ចាស់បានបណ្ដុះក្នុងបងប្អូន ដោយចិត្តស្លូតបូត ព្រោះព្រះបន្ទូលនេះអាចសង្គ្រោះព្រលឹងរបស់បងប្អូន។
ចូរប្រតិបត្តិតាមព្រះបន្ទូល កុំគ្រាន់តែស្ដាប់ទាំងបញ្ឆោតចិត្តខ្លួនឯងប៉ុណ្ណោះឡើយ។ រីឯសាសនាដ៏បរិសុទ្ធឥតខ្ចោះ នៅចំពោះព្រះភ័ក្ត្រព្រះបិតាជាម្ចាស់វិញ គឺស្ថិតនៅលើការទៅសួរសុខទុក្ខក្មេងកំព្រា និងស្ត្រីមេម៉ាយដែលមានទុក្ខលំបាក ព្រមទាំងស្ថិតនៅលើការរក្សាខ្លួនឲ្យផុតពីអំពើសៅហ្មងរបស់លោកីយ៍នេះ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ ១ សម ១៦,៧

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះជាម្ចាស់មិនទតមើលឫកពារខាងក្រៅដូចមនុស្សលោកទេ! ព្រះអង្គឈ្វេងយល់ដល់ចិត្តគំនិតវិញ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស  មក ៧,១-៨.១៤-១៥.២១-២៣

ពួកខាងគណៈផារីស៊ី និងពួកធម្មចារ្យខ្លះ នាំគ្នាមកពីក្រុងយេរូសាឡឹមទៅជួបព្រះយេស៊ូ។ គេឃើញសាវ័ករបស់ព្រះអង្គខ្លះបរិភោគអាហារដោយដៃមិនបរិសុទ្ធ គឺគេពុំបានលាងដៃជាមុន។ ធម្មតា ពួកផារីស៊ី និងជនជាតិយូដាទាំងអស់ តែងតែធ្វើពិធីលាងដៃយ៉ាងស្អាតហ្មត់ចត់មុននឹងបរិភោគ តាមទំនៀមទម្លាប់របស់ចាស់បុរាណ។ នៅពេលត្រឡប់មកពីផ្សារវិញ ដរាបណាគេមិនបានធ្វើពិធីលាងសំអាតខ្លួនជាមុនទេ គេមិនបរិភោគឡើយ។ គេកាន់ទំនៀមទម្លាប់ផ្សេងៗទៀតជាច្រើន ដូចជាពិធីលាងពែង លាងថូទឹក លាងឆ្នាំង លាងតុជាដើម។ ពួកខាងគណៈផារីស៊ី និងពួកធម្មចារ្យទូលសួរព្រះយេស៊ូថា៖ «ហេតុអ្វីបានជាសិស្សរបស់លោកមិនកាន់តាមទំនៀមទម្លាប់ចាស់បុរាណ គឺនាំគ្នាបរិភោគដោយដៃមិនបរិសុទ្ធដូច្នេះ?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ព្យាការីអេសាយបានថ្លែងទុកថា “អ្នករាល់គ្នាជាមនុស្សមានពុត” ត្រូវណាស់ ដូចមានចែងថា «ប្រជារាស្ដ្រនេះគោរពយើងតែបបូរមាត់ ឯចិត្តគេនៅឆ្ងាយពីយើង។ គេថ្វាយបង្គំយើង តែឥតបានការអ្វីសោះ ព្រោះគេបង្រៀនតែក្បួនច្បាប់របស់មនុស្សប៉ុណ្ណោះ។ អ្នករាល់គ្នាបោះបង់ចោលវិន័យរបស់ព្រះជាម្ចាស់ បែរទៅកាន់តាមទំនៀមទម្លាប់របស់មនុស្សវិញ»។
បន្ទាប់មក ព្រះយេស៊ូត្រាស់ហៅបណ្ដាជនមកម្ដងទៀត រួចមានព្រះបន្ទូលទៅគេថា៖ «ចូរស្ដាប់ខ្ញុំទាំងអស់គ្នា ហើយយល់ឲ្យច្បាស់ថា អ្វីៗពីខាងក្រៅចូលទៅក្នុងមនុស្ស ពុំអាចធ្វើឲ្យមនុស្សក្លាយទៅជាមិនបរិសុទ្ធឡើយ ផ្ទុយទៅវិញ មានតែអ្វីៗចេញពីមនុស្សប៉ុណ្ណោះ ដែលធ្វើឲ្យមិនបរិសុទ្ធ»។
ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កដោយឡែកពីបណ្ដាជនថា៖ «គំនិតអាក្រក់ទាំងប៉ុន្មាន សុទ្ធតែចេញមកពីខាងក្នុងចិត្តរបស់មនុស្ស គឺគំនិតដែលនាំឲ្យប្រព្រឹត្តកាមគុណថោកទាប លួចប្លន់ កាប់សម្លាប់ ផិតក្បត់ លោភលន់ចង់បានទ្រព្យគេ កាចសាហាវ បោកប្រាស់គេ ប្រព្រឹត្តអបាយមុខ ច្រណែនឈ្នានីស អំនួត និងគំនិតលេលា។ ការអាក្រក់ទាំងនេះហើយ ដែលចេញពីខាងក្នុងមនុស្សមក ធ្វើឲ្យគេក្លាយទៅជាមិនបរិសុទ្ធ»។

ខែ​តុលា 2024
ព្រ សុ អា
 123456
78910111213
14151617181920
21222324252627
28293031  
118 Views

Theme: Overlay by Kaira