អត្ថបទថ្ងៃសុក្រ អាទិត្យទី២១ រដូវធម្មតា

ថ្ងៃសុក្រ ទី២៧ ខែសីហា ឆ្នាំ២០២១ ព័ណ៌ស

ថ្ងៃបុណ្យសន្តី  ម៉ូនីកា               
បុណ្យរំឮក  

អ្នកស្រី ម៉ូនីកា (៣៣២-៣៨៧) ជាគ្រីស្តបរស័ទជាតិរ៉ូម៉ាំងម្នាក់រស់នៅទ្វីបអាហ្វ្រិក។ នាងស៊ូទ្រាំយូរឆ្នាំ ទាំងអង្វរព្រះជាម្ចាស់ ទើបទាំងស្វាមីនាង ទាំងលោកអូគូស្តាំងជាកូននាង សុខចិត្តប្រែចរិយាខិលខូចចោល ហើយទទួលស្គាល់ព្រះយេស៊ូ។ សន្តៈ អំប្រ័ស ជាអភិបាលនៅព្រះសហគមន៍នៅក្រុងមីឡង់ជម្រាបសន្តីម៉ូនីកាថា៖ “ដោយអ្នកបានហូរទឹកភ្នែកច្រើនយ៉ាងនេះ អ្នកមិនត្រូវវិនាសអន្តរាយឡើយ!”។ អ្នកស្រីម៉ូនីកាទទួលមរណភាពនៅក្រុងអូស្ទីយ៉ា ដោយមានសន្តៈ អូគូស្តាំងជួយលួងលោម។

អត្ថបទទី១ ឆ្នាំសេស
សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងថេសាឡូនិក ១​ ថស ៤, ១-៨

បងប្អូនជាទីស្រឡាញ់! បងប្អូនបានរៀនពីយើងអំពីរបៀបរស់នៅដែលគាប់ព្រះហប្ញ​ទ័យព្រះជាម្ចាស់ ហើយបានប្រព្រឹត្តតាមទៀតផង ។ ដូច្នេះ យើងសូមអង្វរ និងសូមដាស់តឿន​បងប្អូនក្នុងព្រះនាមព្រះអម្ចាស់យេស៊ូថា សូមបងប្អូនបានប្រសើរលើសពីនេះទៅទៀត!។​ បងប្អូនជ្រាបស្រាប់ហើយថា យើងបានទូន្មានបងប្អូនអ្វីខ្លះ ក្នុងព្រះនាមព្រះអម្ចាស់យេស៊ូ។​ ព្រះហប្ញទ័យរបស់ព្រះជាម្ចាស់ គឺឲ្យបងប្អូនបានវិសុទ្ធ ឲ្យបងប្អូនចៀសវាងអំពីអំពើប្រាសចាក​សីលធម៌៌។ ម្នាក់ៗត្រូវចេះរួមជាមួយភរិយារបស់ខ្លួនតាមរបៀបដ៏វិសុទ្ធ និងថ្លៃថ្នូរ មិនបណ្ដោយ​ខ្លួនទៅតាមតណ្ហាដូចសាសន៍ដទៃមិនស្គាល់ព្រះជាម្ចាស់នោះឡើយ ។ មិនត្រូវឲ្យបងប្អូនណា​ម្នាក់ប្រព្រឹត្តអ្វីខុសចំពោះបងប្អូនឯទៀតៗ ឬរំលោភលើសិទិ្ធគេ ក្នុងរឿងសីលធម៌នេះឡើយ ​ដ្បិតព្រះអម្ចាស់នឹងដាក់ទោសលើអ្នកប្រព្រឹត្តអំពើទំាងនេះ ដូចយើងបាននិយាយនិងបាន​បញ្ជាក់រួចជាស្រេចមកហើយ ។ ព្រះជាម្ចាស់ត្រាស់ហៅយើង មិនមែនឲ្យរស់នៅក្នុងអំពើ​ថោកទាបតទៅទៀតឡើយ គឺឲ្យយើងវិសុទ្ធវិញ ដូច្នេះ អ្នកណាបដិសេធមិនព្រមទទួលដំបូន្មាន​នេះមិនត្រឹមតែបដិសេធមិនព្រមទទួលមនុស្សប៉ុណ្ណោះទេ គឺ​​​​បដិសេធមិនព្រមទទួលព្រះជា​ម្ចាស់ដែលបានប្រទានព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះអង្គ មកនៅក្នុងបងប្អូននោះតែម្ដង ។

ទំនុកតម្កើងលេខ​ ៩៧ (៩៦),១-២.៥-៦.១០.១២         បទពាក្យ ៧

១.ព្រះជាអម្ចាស់ទ្រង់គ្រងរាជ្យពេញដោយអំណាចដោយយូរលង់
ចូរឲ្យផែនដីរីករាយឡើងកោះទំាងឡាយផងអរសប្បាយ ។
២.មានពពកខ្មួលខ្មៅងងឹតព័ទ្ធពេនជុំជិតព្រះម្ចាស់ថ្លៃ
ព្រះអង្គគ្រងរាជ្យដោយប្រពៃសុចរិតថ្លាថ្លៃល្អត្រចង់ ។
៥.ភ្នំនានាដែលនៅចំពោះភ័ក្រ្តព្រះអម្ចាស់ត្រូវរលាយ
ដូចជាក្រមួនអន្ដរាយដោយកម្ដៅថ្ងៃនៅមិនបាន  ។
៦.ផ្ទៃមេឃក៏បានស្រែកប្រកាសពីក្ដីសប្បុរសល្អថ្កើងថ្កាន
ឲ្យប្រជារាស្រ្ដទំាងប៉ុន្មាននៅគ្រប់ទីស្ថានបានដឹងយល់  ។
១០.អ្នកដែលស្រឡាញ់ព្រះអម្ចាស់និងអ្នកដែលស្មោះស្ម័គ្រទៀតត្រង់
ចូរស្អប់អំពើកាចយង់ឃ្នងព្រះអង្គនឹងរងថែរក្សា  ។
១២.ឪពួកអ្នកសុចរិតទំាងឡាយចូរអ្នករីករាយកុំគិតអ្វី
ចំពោះកិច្ចការព្រះម្ចាស់ថ្លៃប្រព្រឹត្តរាល់ថ្ងៃកន្លងមក ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ លក ២១,៣៦

អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកដែលប្រុងស្មារតីអធិដ្ឋានគ្រប់ពេលវេលាពិតជាមានសុភមង្គល! ដ្បិតគេអាចឈរនៅមុខបុត្រមនុស្ស ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ​ ២៥, ១-១៣

នៅគ្រានោះ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័ក អំពីពេលព្រះអង្គយាងមក​វិញ ។ ព្រះអង្គមានព្រះបន្ទូលជាប្រស្នាថា៖ «ព្រះរាជ្យនៃស្ថានបរមសុខ បៀបបានទៅនឹងស្រ្ដី​ក្រមុំដប់នាក់ ដែលយកចង្កៀងចេញទៅទទួលស្វាមី ។ ក្នុងចំណោមពួកនាងមានប្រាំនាក់ជា​ស្រ្ដីឥតគំនិត ប្រាំនាក់ទៀតជាស្រី្ដឈ្លាសវៃ ។ ស្រី្ដឥតគំនិតយកចង្កៀងទៅ តែមិនយកប្រេង​ទៅបង្ការជាមួយទេ ។ រីឯស្រ្ដីឈ្លាសវៃវិញ នាងបានយកប្រេងទៅ មានទំាងប្រេងបង្ការផង ។​ដោយស្វាមីក្រមកដល់ នាងទំាងដប់នាក់ងោកងុយពេកក៏ដេកលក់ទំាងអស់គ្នា ។ លុះដល់​ពាក់កណ្ដាលអាធ្រាត្រ មានគេស្រែកឡើងថា៖ «ស្វាមីមកដល់ហើយ! ចូរនំាគ្នារត់ទៅទទួលលោក​!» ។ ស្រ្ដីក្រមុំទំាងនោះក៏ក្រោកឡើងរៀបចំអុចចង្កៀង ស្រ្ដីឥតគំនិតនិយាយទៅកាន់ស្រ្ដីឈ្លាសវៃ​ថា៖ “សុំចែកប្រេងឲ្យយើងខ្លះផង ព្រោះចង្កៀងយើងចង់រលត់ហើយ​» ។ ស្រ្ដីឈ្លាសវៃឆ្លើយទៅ​វិញថា៖«​​ ទេ!​ មិនបានទេ! បើយើងចែកឲ្យពួកនាង ក្រែងមិនគ្រាន់សម្រាប់យើងផង សម្រាប់ពួកនាងផង។ ចូរនំាគ្នា​ទៅទិញនៅផ្ទះលក់ប្រេងទៅ! » ។
នៅពេលស្រ្ដីឥតគំនិតទំាងប្រាំចេញទៅរកទិញប្រេងផុតទៅ ស្រាប់តែស្វាមីមកដល់ ឯ​ស្រី្ដប្រាំនាក់ដែលត្រៀមខ្លួនជាស្រេច នំាគ្នាចូលទៅក្នុងរោងការជាមួយលោកហើយគេបិទទ្វារ​ជិត ។ ក្រោយមក ស្រ្ដីប្រាំនាក់ទៀតមកដល់ហើយស្រែកហៅថា៖ «ឳព្រះអម្ចាស់! ឳព្រះអម្ចាស់!​ សូមបើកទ្វារឲ្យយើងខ្ញុំចូលផង! » ។ ស្វាមីឆ្លើយទៅវិញថា៖ « ខ្ញុំសុំប្រាប់ឲ្យនាងទំាងអស់គ្នាដឹង​ច្បាស់ថា ខ្ញុំមិនស្គាល់ពួកនាងទេ! ”។ ដូច្នេះ ចូរអ្នករាល់គ្នាប្រុងស្មារតី ដ្បិតអ្នករាល់គ្នាពុំដឹងថា ​បុត្រមនុស្សនឹងមកដល់ថ្ងៃណាពេលណាឡើយ» ។


ខែ​តុលា 2024
ព្រ សុ អា
 123456
78910111213
14151617181920
21222324252627
28293031  
431 Views

Theme: Overlay by Kaira