លិខិតសម្តេចប៉ាប ហ្រ្វង់ស៊ីស្កូ

ដួងចិត្តជាឪពុក
PATRIS CORDE

ក្នុងឱកាសគម្រប់ខួប១៥០ឆ្នាំ
ស្តីអំពីសេចក្តីប្រកាសសន្តយ៉ូសែប
ជាឧបការីនៃព្រះសហគមន៍សកល

ប្រែសម្រួលដោយលោក កាន់ ប៊ុយ

***

លោកយ៉ូសែបបានស្រឡាញ់ព្រះយេស៊ូប្រកបដោយទឹកចិត្តជាឪពុកបង្កើត ទើបបានជានៅក្នុងកណ្ឌព្រះគម្ពីរដំណឹងល្អទាំងបួនមានថ្លែងថា៖ «បុត្រារបស់លោកយ៉ូសែប»[1]

អ្នកនិពន្ធគម្ពីរដំណឹងល្អទាំងពីររូប គឺលោកម៉ាថាយ និងលោកលូកា បានថ្លែងអំពីលោកយ៉ូសែប។ ទោះបីគេរៀបរាប់តិចតួចក្តី ប៉ុន្តែ គ្រប់គ្រាន់ដើម្បីឱ្យយើងយល់អំពីលក្ខណៈជាឪពុក និងបេសកកម្មមកពីឧបការគុណរបស់ព្រះជាម្ចាស់ដែលប្រទានដល់គាត់។

យើងបានដឹងហើយថា គាត់គឺជាជាងឈើដ៏ចំណានម្នាក់ (មថ ១៣,៥៥) បានសន្យារៀបការជាមួយនាងម៉ារី (មថ ១,១៨; លក ១,២៧)។ គាត់ជាមនុស្សសុចរិត (មថ ១,១៩) ត្រៀមខ្លួនជានិច្ចដើម្បីបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដែលសម្តែងឱ្យស្គាល់នៅក្នុងធម្មវិន័យរបស់ព្រះអង្គ (លក ២,២២.​២៧.​៣៩) និងតាមរយៈសុបិននិមិត្តទាំងបួន (មថ ១,២០; ២,១៣.១៩.២២)។

បន្ទាប់ពីធ្វើដំណើរវែងឆ្ងាយ និងអស់កម្លាំងពីភូមិណាសារ៉ែតទៅភូមិបេថ្លេហឹម គាត់បានឃើញព្រះមេស្ស៊ីប្រសូតនៅក្នុងស្នូកសត្វមួយ ដ្បិត «ពុំមានសល់កន្លែងសំណាក់ក្នុងផ្ទះសោះ» (លក ២,៧)។ គាត់បានផ្តល់សក្ខីភាពអំពីការគោរពថ្វាយបង្គំរបស់ក្រុមគង្វាល (លក ២,៨-២០) និងក្រុមហោរាចារ្យ (មថ ២,១-១២) ដែលក្រុមនីមួយៗតំណាងឱ្យប្រជាជនអ៊ីស្រាអែល និងសាសន៍ដទៃ។

លោកយ៉ូសែបមានចិត្តក្លាហានក្លាយជាឪពុកពេញសិទ្ធិរបស់ព្រះយេស៊ូ ដែលគាត់ថ្វាយព្រះនាមដល់ព្រះអង្គតាមការសម្តែងរបស់ទេវទូតថាៈ «លោកត្រូវថ្វាយព្រះនាមថា យេស៊ូ ដ្បិតបុត្រនោះនឹងសង្គ្រោះប្រជារាស្រ្តព្រះអង្គឱ្យរួចពីបាបរបស់គេ» (មថ ១,២១)។ ដូចយើងបានដឹងហើយថា មនុស្សក្នុងសម័យបុរាណ ការដាក់ឈ្មោះដល់នរណាម្នាក់ ឬដល់អ្វីមួយ ដូចលោកអាដាំបានធ្វើនៅក្នុងសំណេរកណ្ឌគម្ពីរកំណើតពិភពលោក (កណ ២,១៩-២០) គឺដើម្បីបង្កើតទំនាក់ទំនង។

រយៈពេលសែសិបថ្ងៃក្រោយព្រះយេស៊ូប្រសូត លោកយ៉ូសែបជាមួយនាងម៉ារី បានថ្វាយព្រះ‌ឱរសទៅព្រះអម្ចាស់នៅក្នុងព្រះវិហារយេរ៉ូសាឡឹម ហើយបានឮពាក្យទំនាយគួរឱ្យឆ្ងល់របស់លោកតាស៊ីម៉ូនអំពីព្រះយេស៊ូ និងនាងម៉ារី (លក ២,២២-៣៥)។ ដើម្បីការពារព្រះយេស៊ូពីស្តេចហេរ៉ូដ គាត់បានស្នាក់នៅប្រទេសអេស៊ីបដូចជាជនភៀសខ្លួនម្នាក់ (មថ ២,១៣-១៨)។ ក្រោយពេលត្រឡប់ទៅកាន់ទឹកដីកំណើតវិញ គាត់រស់នៅលាក់ខ្លួនក្នុងភូមិតូចមួយដែលគេមិនស្គាល់ គឺភូមិណាសារ៉ែតក្នុងស្រុកកាលីឡេ នៅឆ្ងាយពីភូមិបេថ្លេហឹមជាភូមិកំណើត និងឆ្ងាយពីក្រុងយេរ៉ូសាឡឹមដែលមានព្រះវិហារ។ គេពោលថា «គ្មានព្យាការីណាម្នាក់កើតចេញពីស្រុកកាលីឡេឡើយ» ហើយ «ក៏ពុំដែលមានអ្វីល្អអាចចេញពីទីនោះដែរ» (យហ ៧,៥២; ១,៤៦)។ នៅពេលធ្វើបូជនីយចរទៅក្រុងយេរ៉ូសាឡឹម លោកយ៉ូសែប និងនាងម៉ារី បានវង្វេងព្រះកុមារយេស៊ូក្នុងព្រះជន្ម១២ឆ្នាំ។ ពួកគាត់ស្វែងរកព្រះកុមារដោយក្តីព្រួយបារម្ភ ហើយបានជួបព្រះកុមារនៅក្នុងព្រះវិហារកំពុងជជែកជាមួយក្រុមបណ្ឌិតខាងវិន័យ (លក ២,៤១-៥០)។

បន្ទាប់ពីព្រះនាងម៉ារីជាមាតាព្រះជាម្ចាស់ គ្មានសន្តបុគ្គលណាមួយរូប ដែលសម្តេចប៉ាបលើកយកមកពិចារណាច្រើនជាងលោកយ៉ូសែបជាស្វាមីព្រះនាងឡើយ។ សម្តេចប៉ាបនានាដែលបំពេញមុខងារមុនខ្ញុំ បានរិះគិតយ៉ាងស៊ីជម្រៅអំពីខ្លឹមសារ ដែលមានកត់ត្រាក្នុងព្រះគម្ពីរដំណឹងល្អ ដើម្បីបង្ហាញអំពីតួនាទីស្នូលរបស់លោកយ៉ូសែបនៅក្នុងប្រវត្តិសាស្រ្តនៃការសង្គ្រោះ។ សម្តេចប៉ាបពីយ៉ូទី៩ ដ៏មានសុភមង្គលបានប្រកាសសន្តយ៉ូបសែបជា «ឧបការីនៃព្រះសហគមន៍កាតូលិក» [2]។ សម្តេចប៉ាបពីយ៉ូទី១២ ដ៏ឧត្តមបានបង្ហាញសន្តយ៉ូសែបជា «ឧបការីនៃកម្មករទាំងឡាយ» [3] ហើយសន្តយ៉ូហានប៉ូលទី២ បានប្រកាសសន្តយ៉ូសែបថា «អ្នកថែទាំព្រះសង្គ្រោះ» [4]។ ប្រជាជនទូទៅហៅសន្តយ៉ូសែបថា «ឧបការីនៃមរណបុគ្គលស្លាប់ដោយអំណរ» [5]

ក្នុងឱកាសខួប១៥០ឆ្នាំ បន្ទាប់ពីសម្តេចប៉ាបពីយ៉ូទី១២ ដ៏មានសុភមង្គលបានប្រកាសសន្តយ៉ូសែបថា ឧបការីនៃព្រះសហគមន៍កាតូលិក (ថ្ងៃទី៨ ខែធ្នូ ឆ្នាំ១៨៧០) ខ្ញុំសូមចែករំលែកយោបល់ផ្ទាល់ខ្លួនអំពីលក្ខណៈដ៏អស្ចារ្យតាមបទពិសោធន៍របស់មនុស្ស ដូចព្រះយេស៊ូមានព្រះបន្ទូលថា «មាត់របស់មនុស្សតែងស្រដីចេញមកនូវសេចក្តីណា ដែលមានហូរហៀរនៅក្នុងដួងចិត្តរបស់ខ្លួន» (មថ ១២,៣៤)។

បំណងប្រាថ្នារបស់ខ្ញុំ កាន់តែចម្រើនឡើងក្នុងរយៈពេលវេលាជាច្រើនខែ ដោយសារមានជំងឺរីករាលដាល។ ក្នុងវិបត្តិធ្ងន់ធ្ងរនេះផ្តល់ឱ្យយើងអាចទទួលបទពិសោធន៍ថា «ជីវិតរបស់យើងពាក់ព័ន្ធ និងទទួលការជួយជ្រោមជ្រែងពីមនុស្សសាមញ្ញជាច្រើន ដែលជានិច្ចកាលគេមិនបាននឹកនាដល់។ អ្នកទាំងនោះគ្មានឈ្មោះនៅក្នុងទំព័រការសែត ឬទស្សនាវដ្តីទេ ហើយក៏គ្មាននៅក្នុងកម្មវិធីប៉ុស្តិ៍ទូរទស្សន៍នាពេលថ្មីៗនេះផងដែរ។ ប៉ុន្តែ សព្វថ្ងៃនេះ ក្រុមគាត់ជាអ្នកដែលកំពុងកត់ត្រាព្រឹត្តិការណ៍សម្រេចប្រវត្តិសាស្រ្តរបស់យើង។ ពួកគាត់គឺជា គ្រូពេទ្យ គិលានុបដ្ឋាក គិលានុបដ្ឋាយិកា បុគ្គលិកផ្សារទំនើប ភ្នាក់ងារប្រឹក្សាយោបល់ អ្នកអនាម័យតាមគេហដ្ឋាន អ្នកដឹកជញ្ជូន កម្លាំងសមត្ថកិច្ច អ្នកស្ម័គ្រចិត្ត លោកបូជាចារ្យ បុព្វជិត បុព្វជិតា និងមនុស្សជាច្រើនទៀត។ ក្រុមគាត់សុទ្ធតែជ្រាបច្បាស់ថា ពុំមាននរណាម្នាក់ស្វែងរកការសង្គ្រោះតែខ្លួនម្នាក់ឯងនោះទេ។ តើមានមនុស្សប៉ុន្មាននាក់ចេះធ្វើជាគំរូនៃភាពអត់ធ្មត់ និងផ្តល់នូវសេចក្តីសង្ឃឹម ដោយប្រុងស្មារតីមិនបង្កើនភាពជ្រួលច្របល់ និងមានទំនួលខុសត្រូវ។ តើមានឪពុកម្តាយ ជីដូនជីតា និងគ្រូអាចរ្យប៉ុន្មាននាក់ ចេះអប់រំកូនៗរបស់យើងអំពីឫកពារសមរម្យប្រចាំថ្ងៃ អំពីរបៀបប្រឈម និងជម្នះឧបសគ្គតាមរយៈទម្លាប់ត្រឹមត្រូវរបស់ពួកគាត់ ដែលចេះសម្លឹងមើល និងចេះយកចិត្តទុកដាក់អធិដ្ឋាន។ តើមានមនុស្សប៉ុន្មាននាក់ចេះអធិដ្ឋាន ចេះថ្វាយដង្វាយ និងចេះពោលពាក្យទូលអង្វរ សម្រាប់ប្រយោជន៍រួមរបស់មនុស្សទាំងអស់»[6]។ យើងទាំងអស់គ្នាអាចរកឃើញក្នុងសន្តយ៉ូសែបជាមនុស្សចេះឆ្លងកាត់ការលំបាកដោយពិបាកនឹកស្មាន។ លោកជាមនុស្សដែលមានវត្តមានយ៉ាងស្ងាត់ស្ងៀម និងចេះលាក់ខ្លួន ហើយ​ជាមនុស្សម្នាក់ ដែលចេះពោលពាក្យអង្វរ ចេះជួយគាំពារ និងចេះណែនាំផ្លូវនៅក្នុងស្ថានការណ៍ដ៏លំបាក។ សន្តយ៉ូសែបរំឭកយើងឱ្យដឹងថា អស់អ្នកដែលលេចឡើងដោយលាក់ខ្លួន ឬបន្ទាប់បន្សំអាចដើរតួនាទីនៅក្នុងប្រវត្តិសាស្រ្តនៃការសង្គ្រោះគ្មានអ្វីអាចប្រៀបផ្ទឹមបានឡើយ។​ នេះជាពាក្យ​ទទួលស្គាល់ និងដឹងគុណថ្លែងជូនចំពោះបងប្អូនទាំងអស់នោះ។

១. ឪពុកដ៏ជាទីស្រឡាញ់

លក្ខណៈដ៏ឧត្តមរបស់សន្តយ៉ូសែបគឺគាត់ជាស្វាមីនាងម៉ារី និងជាឪពុកចិញ្ចឹមរបស់ព្រះយេស៊ូ។ សន្តយ៉ូហាន គ្រីសូស្តូមបានអះអាងចំពោះលក្ខណៈដ៏ឧត្តមរបស់សន្តយ៉ូសែប ដ្បិតគាត់ «យល់ព្រមចូលរួមបម្រើគ្រប់គម្រោងការទាំងអស់នៃការសង្គ្រោះ»[7]

សន្តប៉ូលទី៦ សង្កេតឃើញថា លក្ខណៈជាឪពុករបស់សន្តយ៉ូសែបបញ្ជាក់ឱ្យឃើញជាក់ស្តែងក្នុងមូលហេតុដែលគាត់ «ថ្វាយជីវិតរបស់ខ្លួនដើម្បីបម្រើ ដើម្បីបូជាចំពោះការអាថ៌កំបាំងនៃការប្រសូតជាមនុស្ស និងចំពោះបេសកកម្មនៃការសង្គ្រោះមនុស្សលោកដែលគាត់ក៏រួមចំណែក។ គាត់បានបំពេញសិទ្ធិត្រឹមត្រូវចំពោះគ្រួសារដ៏វិសុទ្ធ ដើម្បីឱ្យគាត់ថ្វាយខ្លួន ថ្វាយជីវិត ថ្វាយកិច្ចការ។ គាត់បានប្រែចិត្តគំនិតចំពោះការត្រាស់ហៅរបស់ខ្លួនឱ្យមានចិត្តស្រឡាញ់ក្រុមគ្រួសារក្នុងសេចក្តីស្រឡាញ់ ដែលហួសពីនិស្ស័យមនុស្ស ពោលគឺថ្វាយទាំងជីវិត ថ្វាយទាំងដួងចិត្ត និងថ្វាយគ្រប់សមត្ថភាពនៃសេចក្តីស្រឡាញ់សម្រាប់ការបម្រើព្រះមេស្ស៊ីឱ្យចម្រើនវ័យធំឡើងនៅក្នុងផ្ទះរបស់គាត់»[8]

ដោយសារហេតុផល ដែលគាត់មានតួនាទីនៅក្នុងប្រវត្តិនៃការសង្គ្រោះ សន្តយ៉ូសែបគឺជាឪពុកមួយរូប ដែលគ្រីស្តបរិស័ទតែងតែស្រឡាញ់គាត់ជានិច្ច ក្នុងពិភពលោកទាំងមូលមានព្រះសហគមន៍ជាច្រើនបានយកឈ្មោះសន្តយ៉ូសែបជាឧបការី។ មានក្រុមអ្នកបួស ក្រុមបងប្រុស និងក្រុមគ្រួសារបម្រើព្រះសហគមន៍ជាច្រើនបានទទួលការបំភ្លឺពីផ្លូវវិញ្ញាណរបស់សន្តយ៉ូសែប និងយកនាមរបស់គាត់ ព្រមទាំងមានរបស់តំណាងសក្ការផ្សេងៗជាច្រើនរាប់សតវត្សកន្លងមក ដើម្បីគោរពតម្កើងសន្តយ៉ូសែប។ មានសន្តសន្តីជាច្រើនយកចិត្តទុកដាក់គោរពសន្តយ៉ូសែប ក្នុងចំណោមនោះគឺ សន្តីថេរេសានៅក្រុងអាវីឡា ដែលបានយកសន្តយ៉ូសែបជាសន្តៈជួយគាំពារ និងជួយថ្វាយពាក្យទូលអង្វរ។ សន្តីថេរេសាថ្វាយពាក្យទូលអង្វរព្រះជាម្ចាស់ជាញឹកញ៉ាប់តាមរយៈសន្តយ៉ូសែប ហើយបានទទួលព្រះអំណោយទានជាច្រើន ដែលគាត់បានអធិដ្ឋានស្នើសុំសន្តយ៉ូសែប។ សន្តីថេរេសាមានទឹកចិត្តរឹងប៉ឹងតាមរយៈបទពិសោធន៍របស់ខ្លួន ក៏ជំរុញបងប្អូនឯទៀតឱ្យគោរពតម្កើងសន្តយ៉ូសែប[9]

គ្រប់សៀវភៅអធិដ្ឋាន យើងឃើញមានពាក្យអធិដ្ឋានទៅកាន់សន្តយ៉ូសែប។ ពាក្យនឹករំឭកដោយឡែកចំពោះគាត់នៅថ្ងៃពុធ ហើយជាពិសេសក្នុងអំឡុងខែមិនា ដែលតាមប្រពៃណីព្រះសហគមន៍បានឧទ្ទិសសម្រាប់គាត់[10]

ការទុកចិត្តរបស់ប្រជាជនចំពោះសន្តយ៉ូសែបឋិតនៅក្នុងឃ្លាមួយគឺ “ចូរទៅរកលោកយ៉ូសែប” ដែលសំដៅលើសម័យកាល ដែលប្រទេសអេស៊ីបជួបប្រទះគ្រោះធម្មជាតិ។ នៅពេលមនុស្សសុំស្បៀងពីព្រះចៅផារ៉ោន ស្តេចមានបន្ទូលឆ្លើយថា «ចូរទៅជួបលោកយ៉ូសែប ហើយធ្វើតាមគាត់បង្គាប់ចុះ» (កណ ៤១,៥៥)។ លោកយ៉ូសែប ជាកូនរបស់លោកយ៉ាកុប ដែលបងៗបានលក់ដោយសារតែច្រណែន (កណ ៣៧,១១-២៨)។ តាមរយៈសំណេរព្រះគម្ពីរ ក្រោយមកលោកយ៉ូសែបបានក្លាយទៅជាឧបរាជរបស់ប្រទេសអេស៊ីប (កណ ៤១,៤១-៤៤)។

ក្នុងពូជពង្សរបស់ព្រះបាទដាវីឌ (មថ ១,១៦.២០) ឫសដែលដុះពន្លកគឺព្រះយេស៊ូតាមព្រះបន្ទូលសន្យាចំពោះព្រះបាទដាវីឌតាមព្យាការីណាថាន (២សម ៧) ហើយលោកយ៉ូសែបជាស្វាមីនាងម៉ារីនៅភូមិណាសារ៉ែត។ សន្តយ៉ូសែប គឺជាជាងឈើដែលបង្រួមសម្ពន្ធមេត្រីចាស់ និងសម្ពន្ធមេត្រីថ្មី។

២. ឪពុកដ៏ថ្នាក់ថ្នម

លោកយ៉ូសែបបានឃើញព្រះយេស៊ូចម្រើនវ័យឡើងពីមួយថ្ងៃទៅមួយថ្ងៃ «ទាំងប្រាជ្ញាវាងវៃ ទាំងកាយសម្បទា និងទាំងព្រះអំណោយទានជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ និងជាទីគាប់ចិត្តមនុស្សផង» (លក ២,៥២)។ ដូចព្រះអម្ចាស់បានប្រព្រឹត្តចំពោះអ៊ីស្រាអែលយ៉ាងណា លោកយ៉ូសែបបានប្រព្រឹត្តចំពោះព្រះយេស៊ូយ៉ាងនោះដែរ។ “គាត់កាន់ដៃបង្ហាត់ព្រះយេស៊ូឱ្យចេះដើរ។ លោកយ៉ូសែបថ្នាក់ថ្នមព្រះយេស៊ូដូចឪពុកលើកកូនមកបីថើប ហើយគាត់ឱនកាយបញ្ចុកចំណីដល់ព្រះអង្គ” (ហស ១១,៣-៤)។

ព្រះយេស៊ូមើលឃើញព្រះហឫទ័យថ្នាក់ថ្នមរបស់ព្រះជាម្ចាស់ក្នុងលោកយ៉ូសែប «ដូចឪពុកមានទឹកចិត្ត​អាណិត‌អាសូរចំពោះ​កូន​របស់​ខ្លួន​យ៉ាង​ណា ព្រះ‌អម្ចាស់​ក៏​អាណិត‌អាសូរ​អស់​អ្នកដែល​គោរព​កោត​ខ្លាច​ព្រះ‌អង្គ​យ៉ាង​នោះ​ដែរ» (ទំន ១០៣,១៣)។

នៅក្នុងអំឡុងពេលអធិដ្ឋានស្មូតទំនុកតម្កើងក្នុងធម្មសាលា លោកយ៉ូសែបពិតជាឮច្បាស់អំពីព្រះជាម្ចាស់ជាព្រះរបស់ជនជាតិអ៊ីស្រាអែល គឺជាព្រះដ៏ថ្នាក់ថ្នម[11]«ព្រះអង្គមានព្រះហឫទ័យសប្បុរសចំពោះមនុស្សទាំងអស់ ហើយព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​អាណិត‌អាសូរដល់​សត្វ​លោក​ទាំង​អស់ដែល​ព្រះ‌អង្គ​បាន​បង្កើត​មក»​ (ទំន ១៤៥,៩)។

ប្រវត្តិនៃការសង្រ្គោះកើតជារូបរាង «ទោះបី​គ្មាន​អ្វី​ជា​ទី​សង្ឃឹម​ក៏​ដោយ ក៏នៅ​តែ​មាន​សង្ឃឹម» (រម ៤,១៨) ដោយឆ្លងកាត់ភាពទន់ខ្សោយរបស់យើង។ ច្រើនលើកច្រើនសារ យើងគិតថាព្រះជាម្ចាស់ធ្វើកិច្ចការនៅលើភាពត្រឹមត្រូវ និងនៅលើភាពជោគជ័យរបស់យើង។ តែតាមការពិត ព្រះអង្គក៏បំពេញសកម្មភាពយ៉ាងសាមញ្ញទាំងនៅក្នុងភាពទន់ខ្សោយ និងតាមរយៈភាពទន់ខ្សោយរបស់យើងផងដែរ។ ហេតុនេះហើយ បានជាសន្តប៉ូលនិយាយថា «ព្រះ‌ជាម្ចាស់​បាន​ដាក់​បន្លា​មួយ​ក្នុង​រូប​កាយ​ខ្ញុំ​ ដើម្បី​កុំ​ឱ្យ​ខ្ញុំ​អួត​ខ្លួន ព្រោះ​តែ​ការ​អស្ចារ្យ​ដ៏​ប្រសើរ​បំផុត ដែល​ព្រះ‌អង្គ​បាន​សម្ដែង​ឱ្យ​ខ្ញុំ​ឃើញ គឺ​ដូច​ជា​មាន​តំណាង​របស់​មារ​សាតាំង​មក​ធ្វើ​ទារុណ‌កម្ម​ខ្ញុំ កុំ​ឱ្យ​ខ្ញុំ​អួត​ខ្លួន​បាន​ឡើយ។ ខ្ញុំ​បាន​អង្វរ​ព្រះ‌អម្ចាស់​ចំនួន​បី​ដង សូម​ព្រះ‌អង្គ​មេត្តា​ដក​យក​បន្លា​នេះ​ចេញ​ពី​រូប​កាយ​ខ្ញុំ។ ប៉ុន្តែ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា «ការ​ប្រណី‌សន្ដោស​របស់​យើង​ល្មម​គ្រប់​គ្រាន់​សម្រាប់​អ្នក​ហើយ ដ្បិត​ឫទ្ធា‌នុភាព​របស់​យើង​នឹង​លេច​ចេញ​មក​យ៉ាង​ខ្លាំង​បំផុត ក្នុង​មនុស្ស​ទន់​ខ្សោយ» (២ករ ១២,៧-៨)។

ដោយព្រះជាម្ចាស់មានគម្រោងការណ៍ចាត់ចែងការសង្រ្គោះបែបនេះ ដូច្នេះ យើងគប្បីចេះរៀនទទួលស្គាល់ភាពទន់ខ្សោយរបស់ខ្លួនដោយមានចិត្តអាណិតអាសូរយ៉ាងជ្រាលជ្រៅផងដែរ[12]

មារល្បួងជំរុញយើងឱ្យមើលភាពទន់ខ្សោយរបស់ខ្លួនហើយវិនិច្ឆ័យបែបអវិជ្ជមាន។ ផ្ទុយទៅវិញ ព្រះវិញ្ញាណដាក់ភាពទន់ខ្សោយនេះនៅក្នុងពន្លឺដោយក្តីថ្នាក់ថ្នម។ ចិត្តអាណិតអាសូរជារបៀបដ៏អស្ចារ្យប៉ះទង្គិចនូវអ្វីដែលទន់ខ្សោយក្នុងយើង។ ម្រាមដៃដែលយើងប្រើដើម្បីចង្អុល និងវិនិច្ឆ័យប្រឆាំងនឹងអ្នកដទៃ គឺជាសញ្ញាសម្គាល់បង្ហាញអំពីទង្វើអសមត្ថភាពមិនចេះទទួលស្គាល់នូវភាពទន់ខ្សោយ និងផុយស្រួយនៅក្នុងខ្លួនឯង។ មានតែសេចក្តីថ្នាក់ថ្នមប៉ុណ្ណោះសង្រ្គោះយើងពីទង្វើររបស់អ្នកចោទប្រកាន់ទោស (វវ ១២,១០)។ ហេតុនេះហើយ បានការជួបនឹងព្រះហឫទ័យមេត្តាករុណារបស់ព្រះជាម្ចាស់ពិតជាមានសារសំខាន់ ជាពិសេស គឺនៅក្នុងអគ្គសញ្ញាសម្រុះសម្រួល ដើម្បីមានបទពិសោធន៍អំពីសេចក្តីពិត និងអំពីសេចក្តីថ្នាក់ថ្នម។ ផ្ទុយពីភាពជាក់ស្តែង មារល្បួងអាចនិយាយអំពីសេចក្តីពិតដល់យើងដែរ។ ប៉ុន្តែ ប្រសិនបើមារល្បួងធ្វើដូច្នោះ គឺធ្វើដើម្បីដាក់ទោសយើង។ យើងដឹងច្បាស់ហើយថា សេចក្តីពិតដែលមកពីព្រះជាម្ចាស់មិនដាក់ទោសយើងទេ តែបែជាទទួលស្វាគមន៍យើង ឱបយើង គាំទ្រយើង លើកលែងទោសឱ្យយើងវិញ។ សេចក្តីពិតបង្ហាញឱ្យយើងស្គាល់ជានិច្ច ដូចព្រះបិតាដែលមានព្រះហឫទ័យមេត្តាករុណានៅក្នុងពាក្យប្រស្នា (លក ១៥,១១-៣២)។ សេចក្តីពិតនេះស្វែងរកជួបយើង ផ្តល់ឱ្យយើងមានគុណតម្លៃ លើកយើងឱ្យឈរឡើង ប្រារព្ធពិធីជប់លៀងសម្រាប់យើង «ដ្បិត​កូន​ខ្ញុំ​នេះ​បាន​ស្លាប់​ទៅ​ហើយ តែ​ឥឡូវ​រស់​ឡើង​វិញ វា​វង្វេង​បាត់ តែ​ឥឡូវ​នេះ ខ្ញុំ​រក​ឃើញ​វិញ​ហើយ» (លក ១៥,២៤)។

ព្រះហឫទ័យរបស់ព្រះជាម្ចាស់ ប្រវត្តិសាស្រ្ត និងគម្រោងការណ៍របស់ព្រះអង្គឆ្លងកាត់តាមរយៈការព្រួយបារម្ភរបស់លោកយ៉ូសែប។ លោកយ៉ូសែបបង្រៀនយើងឱ្យមានជំនឿលើព្រះជាម្ចាស់ ហើយក៏ទុកចិត្តថា ព្រះអង្គអាចបំពេញសកម្មភាពតាមរយៈការភ័យខ្លាច តាមរយៈភាពទន់ជ្រាយ និងភាពទន់ខ្សោយរបស់យើង។ គាត់ក៏បង្រៀនយើងផងដែរថា នៅក្នុងព្យុះសង្ឃរានៃជីវិត យើងមិនត្រូវភ័យខ្លាចថ្វាយទៅព្រះជាម្ចាស់ ដែលកាច់ចង្កូតនាវារបស់យើង។ នៅពេលខ្លះ យើងចង់ក្តោបក្តាប់អ្វីៗទាំងអស់ ប៉ុន្តែព្រះអង្គតែងតែទតមើលវែងឆ្ងាយជាង។

៣. ឪពុកដែលចេះស្តាប់បង្គាប់

ព្រះជាម្ចាស់សម្តែងឱ្យលោកយ៉ូសែបស្គាល់គម្រោងការសង្គ្រោះរបស់ព្រះអង្គ តាមរបៀបដែលព្រះអង្គបានសម្តែងចំពោះនាងម៉ារីដែរ។ នៅក្នុងព្រះគម្ពីរ ក៏ដូចជាបទពិសោធន៍របស់មនុស្សសម័យបុរាណ សុបិននិមិត្តគឺជាមធ្យោបាយ ដែលព្រះជាម្ចាស់សម្តែងឱ្យស្គាល់អំពីព្រះហឫទ័យព្រះអង្គ[13]

លោកយ៉ូសែបខ្វល់ខ្វាយយ៉ាងខ្លាំងដោយព្រួយបារម្ភពុំយល់រឿងរ៉ាវរបស់នាងម៉ារី។ «លោកមិនចង់បំបាក់​មុខ​នាងឡើយ[14] តែសម្រេចចិត្ត​ផ្ដាច់​ពាក្យ​ដោយ​ស្ងាត់ៗ​វិញ» (មថ ១,១៩)។ ក្នុងសុបិននិមិត្តលើកទី១ ទេវទូតជួយស្រាយកង្វល់លោកយ៉ូសែបដោយបង្គាប់ថាៈ «លោក​យ៉ូសែប​ជា​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ​អើយ សូម​កុំ​ខ្លាច​នឹង​ទទួល​នាង​ម៉ារី​មក​ធ្វើ​ជា​ភរិយា​ឡើយ! បុត្រ​ដែល​នៅ​ក្នុង​ផ្ទៃ​នាង កើត​មក​ពី​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ។ នាង​នឹង​សម្រាល​បាន​បុត្រ​មួយ ហើយ​លោក​ត្រូវ​ថ្វាយ​ព្រះ‌នាម​ថា “យេស៊ូ” ដ្បិត​បុត្រ​នោះ​នឹង​សង្គ្រោះ​ប្រជា‌រាស្ដ្រ​ព្រះ‌អង្គ ឱ្យ​រួច​ពី​បាប​របស់​គេ» (មថ ១,២០-២១)។ លោកយ៉ូសែបឆ្លើយតបភ្លាម «លុះ​លោក​យ៉ូសែប​ភ្ញាក់​ឡើង លោក​ក៏​ធ្វើ​តាម​បង្គាប់​ទេវទូត​របស់​ព្រះ‌អម្ចាស់» ​(មថ ១,២៤)។ ដោយលោកយ៉ូសែបស្តាប់បង្គាប់ គាត់បានបញ្ចៀសគ្រោះថ្នាក់ និងថែរក្សានាងម៉ារី។

ក្នុងសុបិននិមិត្តលើកទី២ ទេវទូតបង្គាប់លោកយ៉ូសែបថាៈ «ចូរ​ក្រោក​ឡើង នាំ​ព្រះ‌ឱរស និង​មាតា​របស់​ព្រះ‌អង្គរត់​ទៅ​ស្រុក​អេស៊ីប​ទៅ។ ចូរ​ស្នាក់​នៅ​ស្រុក​នោះរហូត​ដល់​យើង​ប្រាប់​ឱ្យ​វិល​ត្រឡប់​មក​វិញ សឹម​មក ដ្បិត​ស្ដេច​ហេរ៉ូដ​រក​ធ្វើ​គុត​ព្រះ‌ឱរស» (មថ ២,១៣)។ លោកយ៉ូសែបស្តាប់បង្គាប់ឥតបង្អង់ឡើយ ដោយមិនសួរសំណួរទាក់ទងនឹងការលំបាក ដែលគាត់នឹងជួបប្រទះ «លោក​យ៉ូសែប​ក្រោក​ឡើង នាំ​ព្រះ‌ឱរស និង​មាតា​របស់​ព្រះ‌អង្គ រត់​ភៀស​ខ្លួន​ទៅ​ស្រុក​អេស៊ីប​ទាំង​យប់។ គាត់​ស្នាក់​នៅ​ទី​នោះ​រហូត​ដល់​ព្រះ‌បាទ​ហេរ៉ូដ​សោយ​ទិវង្គត» (មថ ២,១៤-១៥)។

នៅប្រទេសអេស៊ីប លោកយ៉ូសែបទុកចិត្ត និងអត់ធ្មត់ ហើយប្រុងស្មារតីចំពោះពាក្យសន្យារបស់ទេវទូត ដើម្បីវិលត្រឡប់ទៅប្រទេសកំណើតវិញ។ ទេវទូតនៅក្នុងសុបិននិមិត្តលើកទី៣ បន្តាប់ពីទទួលដំណឹងភ្លាមថា អស់អ្នកដែលចង់ធ្វើគុតព្រះកុមារស្លាប់អស់ហើយ ក៏បង្គាប់ឱ្យលោកយ៉ូសែបក្រោកឡើង នាំព្រះកុមារ និងមាតា វិលត្រឡប់ទៅទឹកដីអ៊ីស្រាអែលវិញ (មថ ២,១៩-២០)។ លោកយ៉ូសែបបានយល់ព្រមតាមម្តងទៀតឥតស្ទាក់ស្ទើរៈ «លោក​យ៉ូសែប​ក្រោក​ឡើង នាំ​ព្រះ‌កុមារ និង​មាតា​របស់​ព្រះ‌អង្គ​វិល​ត្រឡប់​មក​ស្រុក​អ៊ីស្រា‌អែល​វិញ» (មថ ២,២១)។

ប៉ុន្តែ ក្នុងពេលកំពុងធ្វើដំណើរមាតុភូមិនិវត្តន៍ «កាល​លោក​ដឹង​ថា ព្រះ‌បាទ​អកេឡោស​ឡើង​គ្រង​រាជ្យ​នៅ​ស្រុក​យូដា ស្នង​ព្រះ‌បាទ​ហេរ៉ូដ​ជា​ព្រះ‌បិតា លោក​ខ្លាច​មិន​ហ៊ាន​ទៅ​ស្រុក​នោះ​ទេ។ ដោយ​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ឱ្យ​ដឹងក្នុង​សុបិន​និមិត្តជាលើកទី៤ លោក​ភៀស​ខ្លួន​ទៅ​ស្រុក​កាលី‌ឡេ ​តាំង​ទី​លំ‌នៅ​ក្នុង​ភូមិ​មួយ​ឈ្មោះ​ណាសា‌រ៉ែត» (មថ ២,២២-២៣)។

លោកលូកាជាអ្នកនិពន្ធព្រះគម្ពីរដំណឹងល្អរៀបរាប់ថា លោកយ៉ូសែបធ្វើដំណើរយ៉ាងលំបាកពីភូមិណាសារ៉ែតទៅភូមិបេថ្លេហិម ដើម្បីចុះឈ្មោះក្នុងភូមិកំណើតតាមច្បាប់ថ្មីដែលបានចែងដោយព្រះចៅអធិរាជសេសា អូគូស។ ព្រះយេស៊ូប្រសូតនៅក្នុងស្ថានការនោះ (លក ២,១-៧) ហើយចុះឈ្មោះក្នុងបញ្ជីរបស់ព្រះចៅអធិរាជដូចទារកឯទៀតៗ។

ជាពិសេស សន្តលូកាកត់សម្គាល់ថា មាតាបិតាព្រះយេស៊ូកាន់តាមសេចក្តីដែលមានចែងនៅក្នុងធម្មវិន័យ ដូចជា ពិធីកាត់ស្បែកព្រះឱរសយេស៊ូ នាងម៉ារីធ្វើពិធីបន្សុតខ្លួននៅក្រោយពេលសម្រាលបុត្រ និងថ្វាយដង្វាយបុត្រច្បងដល់ព្រះជាម្ចាស់ (លក ២,២២-២៤)[15]

គ្រប់កាលៈទេសៈទាំងអស់នៃជីវិត លោកយ៉ូសែបចេះប្រើពាក្យរបស់ខ្លួន “សូមឱ្យបានសម្រេចតាមព្រះហឫទ័យព្រះអង្គចុះ” ដូចនាងម៉ារីនៅពេលទេវទូតជូនដំណឹង និងដូចព្រះយេស៊ូនៅក្នុងសួនកេសេម៉ានី។

ក្នុងឋានៈរបស់គាត់ជាមេគ្រួសារ លោកយ៉ូសែបបង្រៀនព្រះយេស៊ូឱ្យចេះគោរពមាតាបិតា (លក ២,៥១) តាមរយៈការស្តាប់បង្គាប់ព្រះជាម្ចាស់ (សរ ២០,១២)។

នៅពេលរស់នៅលាក់ខ្លួនក្នុងភូមិណាសារ៉ែត ព្រះយេស៊ូរៀនធ្វើតាមព្រះហឫទ័យព្រះជាម្ចាស់តាមការអប់រំពីលោកយ៉ូសែប។ ព្រះហឫទ័យនេះហើយ ក្លាយទៅជាអាហារចិញ្ចឹមជីវិតប្រចាំថ្ងៃ (យហ ៤,៣៤)។ ទោះបី ស្ថិតក្នុងស្ថានការលំបាកក្នុងសួនកេសេម៉ានី ព្រះយេស៊ូនៅតែប្រាថ្នាធ្វើតាមព្រះហឫទ័យព្រះបិតាជាជាងធ្វើតាមបំណងរបស់ខ្លួន[16] ហើយព្រះអង្គស្តាប់ព្រះបញ្ជា «ប្រតិបត្តិតាមរហូតដល់សោយព្រះទិវង្គតនៅលើឈើឆ្កាង» (ភីល ២,៨)។ ហេតុនេះហើយ បានជាអ្នកនិពន្ធលិខិតហេប្រឺសរុបថា «ព្រះ‌អង្គ​បាន​រៀន​ស្ដាប់​បង្គាប់ដោយ​រង‌ទុក្ខ​លំបាក» (ហប ៥,៨)។

តាមរយៈការលើកឡើងនៃព្រឹត្តិការណ៍ទាំងអស់នេះ «ព្រះជាម្ចាស់ត្រាស់ហៅលោកយ៉ូសែបឱ្យបម្រើព្រះយេស៊ូ និងបេសកកម្មរបស់ព្រះអង្គដោយផ្ទាល់ក្នុងលក្ខណៈគាត់ជាឪពុក។ ហើយតាមមធ្យោបាយដូចគ្នានេះ គាត់បានរួមចំណែកពេញលក្ខណៈនៅក្នុងគ្រាអាថ៌កំបាំងដ៏អស្ចារ្យនៃការលោះមនុស្សលោក ហើយគាត់ពិតជាមានតួនាទីបម្រើការសង្គ្រោះពិតប្រាកដមែន»[17]

៤. ឪពុកដែលយល់ព្រមទទួល

លោកយ៉ូសែបពុំបានទទួលយកនាងម៉ារីដោយដាក់លក្ខខណ្ឌជាមុនឡើយ។ គាត់ទុកចិត្តលើពាក្យទេវទូត។ «គាត់មានដួងចិត្តថ្លៃថ្នូរចេះសម្តែងចិត្តមេត្តា ដែលគាត់បានទទួលការអប់រំពីធម្មវិន័យ។ សព្វថ្ងៃ នៅក្នុងពិភពលោក អំពើហិង្សាផ្លូវចិត្ត ពាក្យសម្តី និងរាងកាយចំពោះស្រ្តីពិតជាមានជាក់ស្តែង។ លោក​យ៉ូសែបបង្ហាញអំពីចរិតលក្ខណៈជាបុរស ចេះគោរព មានចិត្តស្លូតបូត។ ថ្វីបើគាត់ពុំបានទទួលព័ត៌មានទាំងស្រុង តែគាត់សុខចិត្តការពារកេរ្តិ៍ឈ្មោះ គុណតម្លៃ និងជីវិតរបស់នាងម៉ារី។ នៅពេលមានចិត្តសង្ស័យ មធ្យោបាយដ៏ប្រពៃក្នុងការប្រព្រឹត្ត គឺព្រះជាម្ចាស់ជួយបំភ្លឺគាត់ឱ្យវិនិច្ឆ័យដើម្បីចេះជ្រើសរើស»[18]

នៅពេលខ្លះ មានព្រឹត្តិការណ៍ជាច្រើនកើតឡើងនៅក្នុងជីវិតរបស់យើង ដែលយើងពុំយល់អត្ថន័យ។ ជាញឹកញ៉ាប់ ប្រតិកម្មរបស់យើងនៅគ្រាដំបូងគឺការខកចិត្ត និងការបះបោរ។ លោកយ៉ូសែបទុកបញ្ហាទាំងនោះនៅដោយឡែក ដើម្បីទទួលយកហេតុការណ៍ដែលកើតឡើង ព្រមទាំងអាថ៌កំបាំង ដែលកើតមាននៅចំពោះមុខ។ គាត់ទទួលយកដោយទទួលខុសត្រូវ និងសម្រុះសម្រួលជាមួយនឹងប្រវត្តិសាស្រ្តជាក់ស្តែងរបស់ខ្លួន។ ប្រសិនបើ យើងមិនសម្រុះសម្រួលជាមួយនឹងប្រវត្តិសាស្រ្តផ្ទាល់ខ្លួនទេ យើងមិនជោគជ័យឈានចូលដល់ដំណាក់កាលបន្ទាប់ឡើយ ពីព្រោះយើងតែងតែបណ្តោយខ្លួនឱ្យក្លាយទៅជាចំណាប់ខ្មាំងតាមការទន្ទឹងរង់ចាំ និងការខកចិត្តដែលអន្ទោលតាមប្រាណ។

ជីវិតផ្លូវវិញ្ញាណ ដែលលោកយ៉ូសែបបង្រៀនយើង មិនមែនជាមាគ៌ាមួយដែល ពន្យល់ តែជាមាគ៌ាមួយដែលយល់ព្រមទទួល។ មានតែការចាប់ផ្តើមពីការយល់ព្រមទទួល និងការសម្រុះសម្រួលនេះទេ ទើបយើងអាចប្រមើលឃើញប្រវត្តិសាស្រ្តមួយដ៏អស្ចារ្យ និងមានអត្ថន័យស៊ីជម្រៅ។ យើងអាចស្តាប់តាមពាក្យរបស់លោកយ៉ូប ដែលឆ្លើយតបទៅនឹងសំណួររបស់ភរិយាគាត់ឱ្យបះបោរប្រឆាំងនឹងការអាក្រក់កើតឡើង គាត់បានឆ្លើយតបថា «អូន​និយាយ​ដូច​ជា​ស្រី​មិន​ដឹង​ខុស​ត្រូវ! យើង​ទទួល​សុភមង្គល​ពី​ព្រះ‌ជាម្ចាស់​យ៉ាង​ណា យើង​ក៏​ត្រូវ​តែ​ទទួល​ទុក្ខ​វេទនា​ពី​ព្រះ‌អង្គ​យ៉ាង​នោះ​ដែរ!» (យប ២,១០)។

លោកយ៉ូសែបមិនមែនជាមនុស្សចុះចាញ់យ៉ាងអសកម្មនោះទេ។ គាត់មានចិត្តក្លាហាន និងមានកិច្ចសន្យាច្បាស់លាស់។ ការទទួលស្វាគមន៍គឺជាមធ្យោបាយមួយ ដែលទទួលអំណោយទានផ្តល់កម្លាំងមកពីព្រះវិញ្ញាណដ៏វិសុទ្ធ ដែលសម្តែងនៅក្នុងជីវិតរបស់យើង។ មានតែព្រះអម្ចាស់តែមួយគត់អាចប្រទានកម្លាំងឱ្យយើងចេះទទួលស្វាគមន៍ជីវិតតាមលក្ខណៈរបស់វា ទាំងភាពខុសប្រក្រតី ទាំងការមិនរំពឹងទុក និងទាំងការខកចិត្តអំពីជីវិត។

ព្រះយេស៊ូយាងមកក្នុងចំណោមយើង គឺជាព្រះអំណោយទានមកពីព្រះបិតា ដើម្បីឱ្យមនុស្សម្នាក់ៗសម្រុះសម្រួលជាមួយរូបកាយ និងប្រវត្តិសាស្រ្តជាក់ស្តែងរបស់ខ្លួន ទោះបីយើងពុំបានយល់ទាំងស្រុង។

ព្រះជាម្ចាស់មានព្រះបន្ទូលទៅកាន់សន្តយ៉ូសែបថា «លោក​យ៉ូសែប​ជា​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ​អើយ សូម​កុំ​ខ្លាចអ្វី​ឡើយ!» (មថ ១,២០)។ គាត់ទំនងដូចជាចង់ឱ្យយើងឆ្លើយតបតាមគាត់ផងដែរថា «កុំខ្លាចអី!»។ យើងត្រូវទុកកំហឹង និងការខកចិត្តនៅដោយឡែក ហើយចេះរៀបចំខ្លួនកុំឱ្យចុះចាញ់តាមរបៀបលោកីយ៍ តែចេះទទួលកម្លាំងដែលពោរពេញដោយសេចក្តីសង្ឃឹម ដើម្បីប្រឈមនឹងអ្វីដែលយើងពុំបានជ្រើសរើស ហើយបែរជាកើតមានឡើង។ របៀបនៃការយល់ព្រមទទួលជីវិតបែបនេះ នាំឱ្យយើងរកឃើញអត្ថន័យដែលលាក់កំបាំង។ ជីវិតមនុស្សម្នាក់ៗអាចចាប់ផ្តើមសាជាថ្មីយ៉ាងអស្ចារ្យ ប្រសិនបើយើងមានចិត្តក្លាហានរស់នៅតាមការបំភ្លឺពីព្រះបន្ទូលដំណឹងល្អ។ កុំបារម្ភឡើយ ថ្វីបើអ្វីៗដំណើរការទៅមិនបានល្អ ហើយរឿងខ្លះមិនអាចដោះស្រាយបានក្តី។ ព្រះជាម្ចាស់អាចធ្វើឱ្យផ្កាដុះឡើងនៅក្នុងកំហែងថ្ម។ ទោះបី ដួងចិត្តរបស់យើងដាក់ទោសយើងក្តី «នោះ​ព្រះ‌ជាម្ចាស់​ដែល​ធំ​ជាង​ចិត្ត​របស់​យើង ព្រះ‌អង្គ​ឈ្វេង​យល់​ទាំង​អស់» (១យហ ៣,២០)។

ជាថ្មីម្តងទៀត តថភាពនៃគ្រីស្តសាសនាពុំបដិសេធនូវអ្វីដែលកើតមានឡើយ។ ជាក់ស្តែង នៅក្នុងការអាថ៌កំបាំងដែលពុំអាចសម្រួលបាន និងដែលស្មុគស្មាញ គឺមានអត្ថន័យមួយសម្រាប់ជីវិត ទោះបីជាភាពងងឹតក្តី និងជាពន្លឺក្តី។ ហេតុនេះហើយ បានជាគ្រីស្តទូតប៉ូលថ្លែងថាៈ «យើង​ដឹង​ថា អ្វីៗ​ទាំង​អស់​ផ្សំ​គ្នា​ឡើង ដើម្បី​ឱ្យ​អស់​អ្នក​ស្រឡាញ់​ព្រះ‌ជាម្ចាស់បាន​ទទួល​ផល​ល្អ» (រម ៨,២៨)។ សន្តអូគូស្តាំងក៏បានបន្ថែមដែរថាៈ «ទោះបីជាអ្វីដែលគេហៅថាអាក្រក់ក៏ដោយ»[19]។ នៅក្នុងទិដ្ឋភាពជាទូទៅបែបនេះ ជំនឿផ្តល់អត្ថន័យគ្រប់ព្រឹត្តិការណ៍ទាំងអស់ ទាំងអំណរ និងទាំងទុក្ខសោក។

យើងក៏មិនដែលគិតថា ជឿគឺជាការស្វែងរកដំណោះស្រាយងាយស្រួលនោះដែរ។ ផ្ទុយទៅវិញ ការផ្ញើជីវិតលើព្រះគ្រីស្តបង្រៀនយើង ដូចយើងឃើញសេចក្តីដែលមានក្នុងជីវិតរស់នៅរបស់សន្តយ៉ូសែប គឺគាត់មិនបានស្វែងរកផ្លូវកាត់ តែសុខចិត្តប្រឈមមុខដោយ «បើកភ្នែកចំហរ» មើលអ្វីដែលកើតឡើងចំពោះគាត់ ហើយទទួលបន្ទុក និងទទួលខុសត្រូវដោយខ្លួនឯងផ្ទាល់។

គំរូនៃការយល់ព្រមទទួលរបស់លោកយ៉ូសែប អញ្ជើញយើងឱ្យចេះយល់ព្រមទទួលបងប្អូនឯទៀតដោយឥតលក្ខខណ្ឌតាមសភាពការដែលពួកគាត់មាន ហើយបង្ហាញពីការយកចិត្តទុកដាក់ចំពោះអ្នកទន់ខ្សោយ ដ្បិតព្រះជាម្ចាស់ជ្រើសរើសអ្វី ដែលមនុស្សលោកចាត់ទុកថាទន់ខ្សោយ (១ករ ១,២៧)។ ព្រះអង្គ «​ជា​ឪពុក​របស់​ក្មេង​កំព្រា ព្រះ‌អង្គ​រក​យុត្តិធម៌​ឱ្យ​ស្ត្រី‌មេម៉ាយ» (ទំន ៦៨,៨) ហើយព្រះអង្គបង្គាប់ឱ្យស្រឡាញ់ជនបរទេស[20]។ ខ្ញុំចូលចិត្តគិតថា គឺមកពីគំរូរបស់សន្តយ៉ូសែប ដែលព្រះយេស៊ូទទួលការបំភ្លឺអំពីប្រស្នាកូនពៅវង្វេង និងឪពុកដែលមានចិត្តមេត្តាករុណា (លក ១៥,១១-៣២)។

៥. ឪពុកដែលមានចិត្តក្លាហានប្រកបដោយប្រឌិតញាណ

ប្រសិនបើដំណាក់កាលដំបូងនៃការព្យាបាលរបួសខាងផ្លូវវិញ្ញាណ គឺជាការទទួលយកប្រវត្តិសាស្រ្តផ្ទាល់ខ្លួនរបស់យើង មានន័យថាទទួលស្គាល់នៅក្នុងខ្លួនយើង នូវអ្វីដែលយើងពុំបានជ្រើសរើសនៅក្នុងជីវិត។ យើងត្រូវតែបន្ថែមនូវលក្ខណៈសំខាន់មួយទៀត គឺចិត្តក្លាហានប្រកបដោយប្រឌិតញាណ ជាពិសេស នៅពេលដែលយើងជួបប្រទះនឹងការលំបាកនានា។ ជាក់ស្តែង នៅចំពោះមុខការលំបាក យើងអាចឈប់ និងបោះបង់វាចោល ឬមួយយើងអាចចូលរួមក្នុងបញ្ហា។ ពេលខ្លះ ការលំបាកទាំងនោះអូសទាញធនធានជាច្រើនពីយើង ដែលយើងពុំបានគិតថាមាន។ ច្រើនលើកច្រើនសា ការអាន «ព្រះបន្ទូលដំណឹងល្អអំពីព្រះឱរស» យើងសួរថា ហេតុអ្វីព្រះជាម្ចាស់មិនធ្វើអន្តរាគមន៍ដោយផ្ទាល់ និងដោយច្បាស់លាស់។ ប៉ុន្តែ ព្រះជាម្ចាស់អន្តរាគមន៍តាមរយៈព្រឹត្តិការណ៍ និងតាមរយៈមនុស្ស។ លោកយ៉ូសែបជាបុរសម្នាក់ ដែលព្រះជាម្ចាស់ថែរក្សាតាំងពីដើមដំបូងនៃប្រវត្តិសាស្រ្តសង្រ្គោះមនុស្សលោក។ លោកយ៉ូសែបពិតជា “បដិហារិយ៍” ដែលព្រះជាម្ចាស់សង្គ្រោះព្រះឱរស និងមាតារបស់ព្រះអង្គតាមរយៈគាត់។ ព្រះជាម្ចាស់អន្តរាគមន៍ដោយទុកព្រះហឫទ័យលើសេចក្តីក្លាហានប្រកបដោយប្រឌិតញាណរបស់លោកយ៉ូសែប ដែលធ្វើដំណើរមកដល់ភូមិបេថ្លេហិម ហើយរកផ្ទះសំណាក់ឱ្យនាងម៉ារីសម្រាលបុត្រមិនបាន។ គាត់បានយកស្នូកសត្វមួយ ហើយរៀបចំឱ្យទៅជាកន្លែង ដែលអាចទទួលព្រះបុត្រារបស់ព្រះជាម្ចាស់ ប្រសូតមកក្នុងលោកនេះ (លក ២,៦-៧)។ នៅចំពោះអាសន្នដែលកើតឡើងភ្លាមៗ ដែលស្តេចហេរ៉ូដចង់ធ្វើគុតព្រះឱរស លោកយ៉ូសែបបានភ្ញាក់ពីសុបិននិមិត្តម្តងទៀត ដើម្បីការពារព្រះឱរស ហើយគាត់បានរៀបចំភៀសខ្លួនទៅប្រទេសអេស៊ីបទាំងអាធ្រាត្រ (មថ ២,១៣-១៤)។

អំណានត្រួសៗនៃសំណេរទាំងនេះញ៉ាំងឱ្យយើងយល់ថា ពិភពលោកនេះឋិតក្រោមការប្រណីពីអ្នកមានឥទ្ធិពល និងអ្នកមានអំណាច។ ប៉ុន្តែ “ដំណឹងល្អ” នៃព្រះបន្ទូលដំណឹងល្អបង្ហាញឱ្យដឹងថា ទោះបីមានអំពីឃោឃៅ និងអំពើហឹង្សារបស់អ្នកគ្រប់គ្រងលោកីយ៍នេះ ព្រះជាម្ចាស់នៅតែមានមធ្យោបាយធ្វើឱ្យគម្រោងការណ៍នៃការសង្រ្គោះរបស់ព្រះអង្គបានសម្រេច។ ថ្វីបើ ជីវិតរបស់យើងហាក់ដូចជាឋិតនៅក្រោមក្តីអនុគ្រោះរបស់អ្នកមានអំណាច។ ប៉ុន្តែ ព្រះបន្ទូលដំណឹងល្អប្រាប់យើងឱ្យដឹងថា នរណាផ្ញើជីវិតលើព្រះជាម្ចាស់ ព្រះអង្គតែងសង្រ្គោះអ្នកនោះបានសម្រេចក្នុងលក្ខខណ្ឌ ដែលយើងមានចិត្តក្លាហានប្រកបដោយប្រឌិតញាណរបស់ជាងឈើនៅភូមិណាសារ៉ែត ដែលចេះប្រែក្លាយពីបញ្ហាឱ្យទៅជាឱកាស ដោយការទុកចិត្តជានិច្ចលើឧបការគុណរបស់ព្រះជាម្ចាស់។

ប្រសិនបើនៅពេលខ្លះ ព្រះជាម្ចាស់ហាក់បីដូចជាមិនជួយយើង បានសេចក្តីថា ព្រះអង្គមិនមែនបោះបង់យើងទេ ប៉ុន្តែ ព្រះអង្គបង្រៀនយើងឱ្យចេះផ្ញើជីវិត ព្រះអង្គបង្រៀនឱ្យចេះទុកចិត្តលើអ្វី ដែលយើងមានផែនការណ៍ ចេះច្នៃប្រឌិត ចេះស្វែងរក។

ប្រភេទនៃសេចក្តីក្លាហានប្រកបដោយប្រឌិតញាណនោះ បង្ហាញឱ្យដឹងតាមរយៈមិត្តភក្តិរបស់អ្នកពិការ ដែលសម្រូតគាត់ពីលើដំបូលផ្ទះ ដើម្បីបង្ហាញឱ្យព្រះយេស៊ូឃើញគាត់ (លក ៥,១៧-២៦)។ ការលំបាកពុំបានបញ្ឈប់ការតាំងចិត្ត និងការតស៊ូរបស់មិត្តភក្តិគាត់នោះទេ។ ពួកគាត់ដឹងច្បាស់ថា ព្រះយេស៊ូអាចព្យាបាលជំងឺ ហើយ «ដោយ​មាន​មនុស្ស​ច្រើន​ពេក គេ​ពុំ​អាច​ចូល​ទៅ​ជិត​ព្រះ‌អង្គ​ឡើយ។ ដូច្នេះ គេ​ក៏​សែង​អ្នក​ជំងឺ​ឡើង​ទៅ​លើ​ដំបូល​ផ្ទះ បក​ក្បឿង សម្រូត​គាត់​ចុះ​មក​កណ្ដាល​ចំណោម​មនុស្ស នៅ​ចំ​ពី​មុខ​ព្រះ‌យេស៊ូ។ ពេល​ព្រះ‌យេស៊ូ​ឈ្វេង​យល់​ជំនឿ​របស់​អ្នក​ទាំង​នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អ្នក​ពិការ​ថា៖ «អ្នក​អើយ ខ្ញុំ​អត់‌ទោស​ឱ្យ​អ្នក​រួច​ពី​បាប​ហើយ!» (លក ៥,១៩-២០)។ ព្រះយេស៊ូឈ្វេងយល់ជំនឿប្រកបដោយប្រឌិតញាណ ដែលបុរសទាំងនោះស្វែងរកដើម្បីនាំអ្នកជំងឺមកជួបព្រះអង្គ។

ព្រះបន្ទូលដំណឹងល្អមិនផ្តល់ព័ត៌មានពាក់ព័ន្ធនឹងពេលវេលាក្នុងអំឡុងពេល ដែលនាងម៉ារី​ លោកយ៉ូសែប និងព្រះឱរសស្នាក់នៅក្នុងប្រទេសអេស៊ីបនោះទេ។ ប៉ុន្តែ ពួកគាត់ពិតជាមានអាហារទទួលទាន មានផ្ទះរស់នៅ និងមានការងារធ្វើ។ កុំប៉ាន់ស្មានដើម្បីបំពេញចន្លោះពេលស្ងៀមស្ងាត់របស់ព្រះបន្ទូលដំណឹងល្អជុំវិញរឿងនេះ។ គ្រួសារដ៏វិសុទ្ធបានឆ្លងកាត់បញ្ហាជាក់ស្តែងជាច្រើន ដូចគ្នានឹងគ្រួសារជាច្រើនទៀត។ ដូចក្រុមគ្រួសារបងប្អូនជនភៀសខ្លួនជាច្រើន សព្វថ្ងៃនេះកំពុងមានហានិភ័យដល់ជីវិតរបស់ពួកគាត់ដោយសារការរត់គេចពីការជិះជាន់ និងពីគ្រោះអត់ឃ្លាន។ ក្នុងអត្ថន័យនេះហើយ ខ្ញុំជឿថា សន្តយ៉ូសែប គឺជាឧបការីដ៏ពិសេស សម្រាប់អស់អ្នកដែលចាកចោលទឹកដីរបស់ខ្លួនបណ្តាលមកពីសង្គ្រាម ការស្អប់ ការបៀតបៀន និងគ្រោះទុរភិក្ស។

នៅខាងចុងព្រឹត្តិការណ៍នីមួយៗ លោកយ៉ូសែបដើរតួនាទីយ៉ាងសំខាន់។ ព្រះបន្ទូលដំណឹងល្អកត់សម្គាល់ថា គាត់ក្រោកឡើងនាំព្រះឱរស និងមាតាព្រះអង្គ ហើយធ្វើតាមសេចក្តី ដែលព្រះជាម្ចាស់បានបង្គាប់ (មថ ១,២៤; ២,១៤.២១)។ ព្រះយេស៊ូ និងព្រះនាងម៉ារីជាមាតាព្រះអង្គគឺជាសម្បត្តិដ៏មានតម្លៃបំផុតនៃជំនឿរបស់យើង[21]

នៅក្នុងគម្រោងការសង្គ្រោះ យើងមិនអាចបែងចែកព្រះបុត្រាចេញពីមាតាបានឡើយ ពោលគឺព្រះនាងម៉ារី ដែល «បានចាប់ផ្តើមធ្វើបូជនីចរនៃជំនឿរបស់ព្រះនាង ហើយកាន់ជំនឿតទៅមុខដោយរួបរួមជាមួយព្រះបុត្រាព្រះនាងរហូតដល់ឈើឆ្កាង»[22]

យើងត្រូវសួរខ្លួនឯងជានិច្ចថា យើងបានការពារព្រះយេស៊ូ និងព្រះនាងម៉ារីអស់ពីកម្លាំងកាយរបស់យើងទេ។ ដ្បិតព្រះយេស៊ូ និងព្រះនាងម៉ារីក៏ទុកចិត្តយ៉ាងអាថ៌កំបាំងនៅលើទំនួលខុសត្រូវ នៅលើការថែរក្សា និងនៅលើការការពាររបស់យើងដែរ។ ព្រះបុត្រានៃព្រះដ៏មានតេជានុភាពសព្វប្រការយាងមកក្នុងពិភពលោកនេះ ដោយយកលក្ខណៈដ៏ទន់ខ្សោយបំផុត។ ព្រះអង្គពឹងពាក់លើលោកយ៉ូសែប ដើម្បីការពារ បីបាច់ថែរក្សា ថែទាំ អប់រំ។ ព្រះជាម្ចាស់ទុកព្រះហឫទ័យលើគាត់ ដូចព្រះនាងម៉ារីស្គាល់លោកយ៉ូសែប មិនមែនជាមនុស្សចង់សង្គ្រោះតែជីវិតព្រះនាង តែគាត់បីបាច់ថែរក្សាព្រះនាង និងព្រះឱរសជានិច្ច។ ក្នុងអត្ថន័យនេះ សន្តយ៉ូសែបមិនអាចជាអ្វីផ្សេងក្រៅពី អ្នកថែរក្សាព្រះសហគមន៍ឡើយ។ ពីព្រោះព្រះសហគមន៍គឺជាអ្នកបន្តព្រះកាយព្រះគ្រីស្តនៅក្នុងប្រវត្តិសាស្រ្ត។ សូម្បីលក្ខណៈជាមាតារបស់ព្រះសហគមន៍ គឺឆ្លុះបញ្ចាំងលក្ខណៈជាមាតារបស់ព្រះនាងម៉ារី[23]។ សន្តយ៉ូសែបកំពុងបន្តថែរក្សាព្រះសហគមន៍ បន្តថែរក្សាព្រះឱរស និងមាតាព្រះអង្គ ហើយយើងក៏ដូច្នោះដែរ ដោយចិត្តស្រឡាញ់ព្រះសហគមន៍ យើងបន្តស្រឡាញ់ព្រះឱរស និងមាតាព្រះអង្គ។

ព្រះឱរសនេះហើយគឺជាអ្នកដែលមានព្រះបន្ទូលថាៈ «គ្រប់​ពេល​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើចំពោះ​អ្នក​តូច‌តាច​ជាង​គេ​បំផុត​ម្នាក់ ដែល​ជា​បង‌ប្អូន​របស់​យើង​នេះ អ្នក​រាល់​គ្នា​ក៏​ដូច​ជា​បាន​ប្រព្រឹត្ត​ចំពោះ​យើង​ដែរ» (មថ ២៥,៤០)។ ដូច្នេះ មនុស្សម្នាក់ៗ ទាំងអ្នកត្រូវការជំនួយចាំបាច់ ទាំងអ្នកក្រីក្រ អ្នករងទុក្ខលំបាក ជនហៀបនឹងទទួលមរណភាព ជនបរទេស ជនជាប់ពន្ធនាគារ អ្នកជំងឺគឺជា “ទារក” ដែលលោកយ៉ូសែបបន្តថែរក្សា។ ហេតុនេះហើយ បានជាសន្តយ៉ូសែបមាននាមជាអ្នកការពារជនទុរគត ជនត្រូវការជំនួយចាំបាច់ ជនជាប់ជាឈ្លើយ ជនមានទុក្ខលំបាក ជនក្រីក្រ ជនហៀបនឹងរលត់សង្ខារ។ ជាលទ្ធផល ព្រះសហគមន៍មិនអាចខកខានស្រឡាញ់ដំបូងបំផុត គឺអ្នកតូចតាចជាងគេដែលជាបងប្អូនយើង។ ពីព្រោះ ព្រះយេស៊ូបានសម្តែងចំណាប់អារម្មណ៍ចំពោះពួកគេ ព្រះអង្គសម្តែងអត្តសញ្ញាណព្រះអង្គផ្ទាល់ចំពោះពួកគេ។ យើងត្រូវរៀនពីលោកយ៉ូសែបអំពីការថែទាំ និងអំពីទំនួលខុសត្រូវ ពោលគឺស្រឡាញ់ព្រះឱរស និងមាតាព្រះអង្គ ស្រឡាញ់អគ្គសញ្ញាទាំងឡាយ និងការសម្តែងធម៌មេត្តាករុណា ស្រឡាញ់ព្រះសហគមន៍ និងអ្នកក្រីក្រ។ ភាពជាក់ស្តែងនីមួយៗទាំងនេះ គឺជាព្រះឱរស និងមាតាព្រះអង្គជានិច្ច។

៦. ឪពុកដែលបំពេញកិច្ចការ

លក្ខណៈពិសេសរបស់សន្តយ៉ូសែបគឺពាក់ព័ន្ធជាមួយនឹងការងារ។ សម្តេចប៉ាបឡេអុងទី១៣ បានពន្យល់តាំងពីនៅក្នុងសារលិខិតទី១ ស្តីអំពីសង្គមគឺ ការប្រែប្រួលថ្មី (Rerum Novarum)។ សន្តយ៉ូសែបគឺជាជាងឈើម្នាក់ ដែលធ្វើការដោយសុទ្ធចិត្តដើម្បីចិញ្ចឹមគ្រួសារ។ ព្រះយេស៊ូបានទទួលការអប់រំពីគាត់នូវគុណតម្លៃ សេចក្តីថ្លៃថ្នូរ និងអំណរសប្បាយអំពីការទទួលទានអាហារមកពីផលនៃស្នាដៃកិច្ចការរបស់ខ្លួន។

ក្នុងសម័យកាលយើងសព្វថ្ងៃ ការងារហាក់ដូចជាបញ្ហាមួយបន្ទាន់ដែលចោទឡើងនៅក្នុងសង្គម ហើយអត្រាអត់ការងារធ្វើកើនឡើងយ៉ាងច្រើនគួរឱ្យកត់សម្គាល់។ សូម្បីនៅក្នុងប្រជាជាតិនានា ដែលមានការងារធ្វើសន្ធឹកសន្ធាប់ជាច្រើនទសវត្សរ៍ក្តី ក៏ចាំបាច់ត្រូវរិះគិតឡើងវិញ ដើម្បីយល់អត្ថន័យនៃការងារ ដែលផ្តល់សេចក្តីថ្លៃថ្នូរ ហើយដែលសន្តយ៉ូសែបជាឧបការីរបស់យើងបានធ្វើជាគំរូ។

ការងារ គឺជាការចូលរួមចំណែកធ្វើកិច្ចការនៃការសង្រ្គោះ ជាឱកាសដើម្បីពន្លឿនឱ្យព្រះរាជ្យឆាប់មកដល់ ជាការអភិវឌ្ឍន៍ទេពកោសល្យ និងសមត្ថភាពរបស់ខ្លួន ហើយប្រើប្រាស់វាដើម្បីបម្រើសង្គម និងការបង្រួបបង្រួមគ្នាជាធ្លុងតែមួយ។ ការងារ គឺជាឱកាសធ្វើឱ្យជោគជ័យមិនត្រឹមតែខ្លួនឯង ជាពិសេស គឺក្រុមគ្រួសារដែលជាស្នូលរបស់សង្គម។ ក្រុមគ្រួសារមួយដែលខ្វះខាតការងារងាយនឹងជួបប្រទះការលំបាក សម្ពាធ ការបែកបាក់ និងឈានទៅដល់ការអស់សង្ឃឹម និងធ្លាក់ទឹកចិត្តគ្មានដំណោះស្រាយ។ តើយើងអាចនិយាយអំពីសេចក្តីថ្លៃថ្នូររបស់មនុស្សដូចម្តេចបាន បើយើងមិនរ៉ាប់រងឱ្យមនុស្សម្នាក់ៗមានលទ្ធភាពប្រកបរបរចិញ្ចឹមជីវិតត្រឹមត្រូវនោះ?

អ្នកណាធ្វើការ ទោះបីការងារបស់គាត់ជាអ្វីក៏ដោយ គឺគាត់ចូលរួមសហប្រតិបត្តិការជាមួយព្រះជាម្ចាស់ដោយខ្លួនគាត់ផ្ទាល់ ហើយគាត់ក្លាយជាមនុស្សច្នៃប្រឌិតពិភពលោកដែលនៅជុំវិញយើង។ វិបត្តិក្នុងសម័យយើង គឺវិបត្តិសេដ្ឋកិច្ច សង្គម វប្បធម៌ និងផ្លូវវិញ្ញាណ អាចជាភស្តុតាងដាស់តឿនឱ្យមនុស្សគ្រប់គ្នាស្វែងរកសេចក្តីថ្លៃថ្នូរ សារប្រយោជន៍ និងភាពចាំបាច់នៃការងារឡើងវិញ ដើម្បីបង្កើតឱ្យមានលក្ខណៈ “ប្រក្រតី” ដោយមិនបែងចែកនរណាម្នាក់នៅដាច់ឡែកឡើយ។ ការងាររបស់សន្តយ៉ូសែបរំឭកយើងថា ព្រះជាម្ចាស់ផ្ទាល់ប្រសូតជាមនុស្សមិនបានស្អប់ខ្ពើមការងារទេ។ ការបាត់បង់ការងារធ្វើ ដែលជះផលប៉ះពាល់ដល់បងប្អូនជាច្រើននាក់ ជាពិសេសកើនឡើងក្នុងអំឡុងវិបត្តិជំងឺរាតត្បាតកូវីដ១៩ ញ៉ាំងឱ្យយើងមើលឃើញអំពីអតិ្តភាពរបស់យើង។ សូមយើងអង្វរសន្តយ៉ូសែបជាឧបការីនៃការងារ ដើម្បីជួយឱ្យយើងរកមធ្យោបាយចូលរួមសហការដោយនិយាយថាៈ គ្មានយុវវ័យណាម្នាក់ គ្មានមនុស្សណាម្នាក់ គ្មានគ្រួសារណាមួយឥតការងារធ្វើឡើយ។

៧. ឪពុកដែលដាក់ខ្លួន

លោកយ៉ាន ដូប្រាឈីនស្គី (Jan Dobraczyński) ជាកវីនិពន្ធជនជាតិប៉ូឡូញម្នាក់បានរៀបរាប់បែបប្រលោមលោកអំពីជីវិតរបស់លោកយ៉ូសែប នៅក្នុងសៀវភៅរបស់គាត់ក្រោមចំណងជើងថា ស្រមោលរបស់ឪពុក[24]។ គាត់បានលើកនិមិត្តរូបអំពីស្រមោល ដើម្បីពិពណ៌នាអំពីលក្ខណៈរបស់លោកយ៉ូសែប ដែលជាស្រមោលនៅលើផែនដីរបស់ព្រះបិតាស្ថានបរមសុខសម្រាប់ព្រះយេស៊ូ។ គាត់ថែរក្សា ការពារព្រះយេស៊ូ មិនបណ្តោយឱ្យព្រះអង្គដើរតាមផ្លូវរបស់ខ្លួនឡើយ។ យើងគិតដល់លោកម៉ូសេ ដែលរំឭកអ៊ីស្រាអែលៈ «នៅ​វាល​រហោ‌ស្ថាន តាម​ផ្លូវ​ដែល​អ្នក​រាល់​គ្នា​ធ្វើ​ដំណើរ​រហូត​មក​ដល់​កន្លែង​នេះ អ្នក​ឃើញ​ស្រាប់​ហើយ​ថា ព្រះ‌អម្ចាស់ជា​ព្រះ​របស់​អ្នក បី​អ្នកដូច​ឪពុក​បី​កូន» (ទត ១,៣១)។ ហេតុនេះហើយ បានជាលោកយ៉ូសែបបានបំពេញតួនាទីជាឪពុកអស់មួយជីវិតរបស់គាត់ផ្ទាល់[25]

យើងមិនមែនកើតមកជាឪពុកទេ គឺយើងក្លាយទៅជាឪពុក។ យើងមិនមែនក្លាយទៅជាឪពុកដោយគ្រាន់តែបង្កើតកូនមកក្នុងលោកនេះទេ គឺមកពីយើងថែរក្សាគេដោយទទួលខុសត្រូវ។ គ្រប់ពេលដែលនរណាម្នាក់បំពេញទំនួលខុសត្រូវចំពោះជីវិតរបស់អ្នកដទៃ ទោះបីតាមរបៀបណាក៏ដោយ ក៏គាត់បានបំពេញមុខងាររបស់ខ្លួនជាឪពុកដែរ។

នៅក្នុងសង្គមនាសម័យកាលយើងបច្ចុប្បន្ន មានកុមារជាច្រើនកំព្រាឪពុក។ សូម្បីព្រះសហគមន៍សព្វថ្ងៃក៏ត្រូវការឪពុកដែរ។ សេចក្តីដែលសន្តប៉ូលបាននិយាយទៅកាន់គ្រីស្តបរិស័ទក្រុងកូរិនថូសនៅតែមានអត្ថន័យរហូតដល់សព្វថ្ងៃៈ «ទោះ​បី​បង‌ប្អូន​មាន​គ្រូ​អាចារ្យ​មួយ‌ម៉ឺន​នាក់​ណែ‌នាំ​តាម​មាគ៌ា​ព្រះ‌គ្រីស្ត​ក៏​ដោយ ក៏​បង‌ប្អូន​គ្មាន​ឪពុក​ច្រើន​ដែរ» (១ករ ៤,១៥ក)។ លោកបូជាចារ្យ ឬលោកអភិបាលម្នាក់ៗត្រូវហ៊ាននិយាយ ដូចគ្រីស្តទូតប៉ូលថាៈ «គឺ​មាន​តែ​ខ្ញុំ​ហ្នឹង​ហើយ​ដែល​បាន​បង្កើត​បង‌ប្អូន​មក ឱ្យ​រួម​រស់​ជា​មួយ​ព្រះ‌យេស៊ូ‌គ្រីស្ត ដោយ​បាន​នាំ​ដំណឹង‌ល្អមក​ជូន​បង‌ប្អូន» (១ករ ៤,១៥ខ)។ នៅក្នុងលិខិតកាឡាទីគាត់ក៏និយាយដែរថាៈ «កូន​ចៅ​អើយ ខ្ញុំ​ឈឺ​ចាប់​ក្នុង​ការ​បង្កើត​បងប្អូន​រាល់​គ្នា​សា​ជា​ថ្មី ប្រៀប​បី​ដូច​ស្ត្រី​ឈឺ​ចាប់​នៅ​ពេល​ហៀប​នឹង​ឆ្លង​ទន្លេ​យ៉ាង​នោះ​ដែរ គឺ​រហូត​ទាល់​តែ​ព្រះ‌គ្រីស្ត​បាន​កើត​ជា​រូប​រាង​ឡើងក្នុងបងប្អូន» (កាឡ ៤,១៩)។

ការក្លាយជាឪពុកមានន័យថា នាំកូនចូលទៅក្នុងបទពិសោធន៍នៃជីវិត ចូលទៅក្នុងតថភាពជាក់ស្តែង។ កុំឃាត់ឃាំង កុំឃុំគ្រង កុំក្រោបក្តាប់កូនជាកម្មសិទ្ធិ តែត្រូវបង្រៀនគាត់ឱ្យចេះជ្រើសរើស មានសេរីភាព និងចេះបង្កើតសមត្ថភាព។ ប្រហែលហេតុផលនេះហើយ បានជាតាមប្រពៃណី លោកយ៉ូសែបមាននាមជាឪពុក “ភក្តីបំផុត”។ ងារនេះមិនមែនចង្អុលបង្ហាញអំពីទំនាក់ទំនងស្និទ្ធស្នាលធម្មតានោះទេ តែជាលក្ខណៈផ្ទុយគ្នាទៅនឹងការក្តោបក្តាប់ជាកម្មសិទ្ធិ។ ភក្តីភាពគឺជាការផ្តល់ឱ្យមានសេរីភាព មិនមែនក្តោបក្តាប់យកជីវិតមកធ្វើជាកម្មសិទ្ធិគ្រប់យ៉ាងនោះទេ។ សេចក្តីស្រឡាញ់ដ៏ពិតប្រាកដគឺជាសេចក្តីស្រឡាញ់ដែលមានចិត្តភក្តី។ សេចក្តីស្រឡាញ់ដែលមានចិត្តចង់ក្តោបក្តាប់យកមកធ្វើជាកម្មសិទ្ធិនៅទីបំផុតនឹងគ្រោះថ្នាក់។ សេចក្តីស្រឡាញ់នេះនឹងគ្រប់គ្រងនៅមួយកន្លែង គាប​សង្កត់ បណ្តាលឱ្យកើតទុក្ខវេទនា។ ព្រះជាម្ចាស់ផ្ទាល់បានស្រឡាញ់មនុស្សលោកដោយព្រះហឫទ័យស្រឡាញ់ដ៏បរិសុទ្ធទុកឱ្យមនុស្សមានសេរីភាព។ ទោះ​​បីមនុស្សវង្វេង ហើយប្រឆាំងនឹងព្រះអង្គក៏ដោយ។ សេចក្តីស្រឡាញ់ដ៏ពិតប្រាកដគឺជាសេរីភាពដ៏ពិតប្រាកដ។ លោកយ៉ូសែបមានចិត្តស្រឡាញ់តាមរបៀបដែលផ្តល់សេរីភាពយ៉ាងអស្ចារ្យ។ គាត់មិនទុកខ្លួនឯងសំខាន់ឡើយ។ គាត់ពុំដែលគិតអំពីខ្លួនឯងទេ គាត់ទុកដាក់ព្រះនាងម៉ារី និងព្រះយេស៊ូនៅចំកណ្តាលជីវិតរបស់គាត់។

សុភមង្គលរបស់លោកយ៉ូសែបមិនមែនស្ថិតនៅលើការបូជាខ្លួនឯងនោះទេ តែខ្លួនជាអំណោយទាន។ យើងពុំដែលឃើញថាលោកយ៉ូសែបខកចិត្តឡើយ គឺគាត់មានតែការទុកចិត្តប៉ុណ្ណោះ។ ភាពស្ងាត់ស្ងៀមរបស់គាត់បន្តទៅមុខដោយមិនត្អូញត្អែរ ជាកាយវិការបង្ហាញអំពីការទុកចិត្តយ៉ាងមុតមាំ។ ពិភពលោកត្រូវការឪពុក មិនត្រូវការចៅហ្វាយនាយ មិនត្រូវការអស់អ្នកដែលចង់ប្រើសិទ្ធិក្តោបក្តាប់លើអ្នកដទៃដើម្បីបំពេញតាមតម្រូវការរបស់ខ្លួននោះទេ។ ពិភពលោកក៏មិនត្រូវការអ្នកដែលឈ្លក់វង្វេងនឹងអំណាចផ្តាច់ការ បម្រើដោយមានគំនិតថោកទាប ប្រឆាំងដោយការជិះជាន់ កិច្ចការមនុស្សធម៌ដោយប្រើជំនួយជ្រុល ប្រើកម្លាំងដោយបំផ្លិចបំផ្លាញនោះដែរ។ ការត្រាស់ហៅដ៏ពិតប្រាកដកើតចេញពីអំណោយទានរបស់ខ្លួន ដែលបូជាយ៉ាងសាមញ្ញពេញលក្ខណៈ។ ជីវិតអ្នកបួស និងអ្នកថ្វាយខ្លួនទាមទារឱ្យមានការបូជាពេញលក្ខណៈ។ ការត្រាស់ហៅ ទោះបីរៀបអាពាហ៍ពិពាហ៍ នៅលីវ ឬនៅព្រហ្មចារីក្តី បើអំណោយទានរបស់ខ្លួនមិនទាន់ពេញលក្ខណៈដោយគិតថាវាគ្រាន់តែជាការបូជាដ៏ត្រឹមត្រូវ ហើយមិនទាន់ក្លាយទៅជាសញ្ញាសម្គាល់អំពីសោភ័ណភាព និងអំពីអំណរនៃសេចក្តីស្រឡាញ់ទេ ការត្រាស់ហៅនោះប្រឈមមុខនឹងហានិភ័យពុំមានសេចក្តីសុខ កើតទុក្ខព្រួយ និងការខកចិត្ត។

កាលណាឪពុកចេះលះបង់ជីវិតរស់នៅដោយមិនចង់គេងចំណេញពីកូនៗដើម្បីខ្លួនឯង តែងបើកលំហមួយថ្មីដ៏អស្ចារ្យដោយឥតព្រៀងទុក។ កូនម្នាក់ៗតែងមានការអាថ៌កំបាំងនៅក្នុងខ្លួន ហើយអាចរីកចម្រើនឡើងបានដោយសារការជួយជ្រោមជ្រែងពីឪពុក ដែលចេះគោរពសិទ្ធិសេរីភាពរបស់កូន។ ឪពុកដែលទទួលស្គាល់ថា ខ្លួនជាអាណាព្យាបាល និងជាគ្រូបង្រៀនដ៏ប្រសើរបំផុត លុះត្រាគាត់យល់ឃើញថាខ្លួនឯង “លែងមានប្រយោជន៍” នៅពេលដែលគាត់ឃើញថា កូនរបស់ខ្លួនក្លាយជាមនុស្សឯករាជ្យម្ចាស់ការលើខ្លួនឯង ហើយអាចដើរនៅលើមាគ៌ានៃជីវិតដោយមិនត្រូវការអមដំណើរ។ កាលណាគាត់ក្លាយជាឪពុកដូចលោកយ៉ូសែប ទាំងដឹងខ្លួនជានិច្ចថា កូនរបស់គាត់មិនមែនជាកូនរបស់ខ្លួនផ្ទាល់ឡើយ ប៉ុន្តែ កូននោះពិតជាបានទទួលការថែទាំពីគាត់។ នៅទីបំផុត តាមរយៈព្រះបន្ទូលព្រះយេស៊ូ ព្រះអង្គបានបង្រៀនឱ្យយើងយល់ថាៈ «កុំ​ហៅ​នរណា​ម្នាក់​នៅ​លើ​ផែន‌ដី​នេះ​ថា “ព្រះ‌បិតា” ឱ្យ​សោះ ដ្បិត​អ្នក​រាល់​គ្នា​មាន “ព្រះ‌បិតា” តែ​មួយ​គត់ ដែល​គង់​នៅ​ស្ថាន​បរម‌សុខ» (មថ ២៣,៩)។

គ្រប់កាតព្វកិច្ចទាំងអស់ក្នុងនាមយើងជាឪពុក យើងគួរចងចាំជានិច្ចថា គឺគ្មានអ្វីជាកម្មសិទ្ធិផ្តាច់មុខនោះទេ។ ផ្ទុយទៅវិញ វាជា “សញ្ញាសម្គាល់” ដែលចង្អុលបង្ហាញទៅកាន់ព្រះបិតាដ៏ខ្ពង់ខ្ពស់បំផុត។ ហេតុនេះហើយ បានជាយើងទាំងអស់គ្នាក៏ដូចលោកយ៉ូសែបដែរ គឺជាស្រមោលនៃព្រះបិតាស្ថានបរមសុខ ដែល «ប្រទាន​ឱ្យ​ព្រះ‌អាទិត្យ​របស់​ព្រះ‌អង្គ​រះ​បំភ្លឺ ទាំង​មនុស្ស​អាក្រក់ ទាំង​មនុស្ស​ល្អ ហើយ​ព្រះ‌អង្គ​ប្រទាន​ទឹក​ភ្លៀង​ឱ្យ​ទាំង​មនុស្ស​សុចរិត ទាំង​មនុស្ស​ទុច្ចរិត​ផង​ដែរ» (មថ ៥,៤៥) ហើយជាស្រមោលដែលអន្ទោលតាមព្រះបុត្រា។

***

ព្រះជាម្ចាស់មានព្រះបន្ទូលទៅកាន់លោកយ៉ូសែបថាៈ «ចូរ​ក្រោក​ឡើង នាំ​ព្រះ‌ឱរស និង​មាតា​របស់​ព្រះ‌អង្គ» (មថ ២,១៣)។

សារលិខិតនេះ ខ្ញុំមានគោលបំណងពង្រឹងសេចក្តីស្រឡាញ់ចំពោះសន្តយ៉ូសែបដ៏ឧត្តម ដើម្បីជំរុញឱ្យថ្វាយពាក្យអធិដ្ឋានអង្វរតាមរយៈគាត់ និងដើម្បីប្រតិបត្តិតាមគុណធម៌ និងឆន្ទៈរបស់គាត់។

ជាក់ស្តែង បេសកកម្មដ៏ពិតប្រាកដរបស់សន្តយ៉ូសែបគឺមិនមែនគ្រាន់តែការសម្តែងបដិហារិយ៍ និងប្រទានអំណោយទាននោះទេ ប៉ុន្តែ ដើម្បីនាំពាក្យអង្វររបស់យើងនៅចំពោះព្រះភក្រ្តព្រះជាម្ចាស់ ដូចលោកអាប្រាហាម[26] លោកម៉ូសេ[27] និងដូចព្រះយេស៊ូជា “ស្ពានមេត្រី” (១ធម ២,៥) ដែលជា “ព្រះដ៏ជួយការពារ” របស់យើងរួមជាមួយព្រះបិតា (១យហ ២,១) និង “ដើម្បី​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់​ឱ្យ​យើង” (ហប ៧,២៥; ៨,៣៤)។

សន្តបុគ្គលជួយអ្នកផ្ញើជីវិតទាំងអស់ “ឱ្យរស់នៅបានវិសុទ្ធ និងឥតខ្ចោះតាមលក្ខណៈដែលខ្លួនមាន” [28]។ ជីវិតរបស់ពួកគាត់ គឺជាការឆ្លងកាត់បទពិសោធន៍ជាក់ស្តែងក្នុងជីវិតរស់នៅតាមព្រះបន្ទូលដំណឹងល្អ។

ព្រះយេស៊ូមានព្រះបន្ទូលថាៈ «ចូររៀន​ពី​ខ្ញុំ​ទៅ អ្នក​រាល់​គ្នា​មុខ​ជា​បាន​ស្ងប់​ចិត្ត​មិន​ខាន ដ្បិត​ខ្ញុំ​ស្លូត និង​មាន​ចិត្ត​សុភាព» (មថ ១១,២៩)។ ជីវិតសន្តបុគ្គលទាំងនោះក៏ត្រូវរស់នៅដោយយកតម្រាប់តាមផងដែរ។ សន្តប៉ូលបានដាស់តឿនយ៉ាងជាក់លាក់ថាៈ «សូម​យក​តម្រាប់​តាម​ខ្ញុំ» (១ករ ៤,១៦; ១១,១; ភីល ៣,១៧; ១ថស ១,៦) ។ សន្តយ៉ូសែបក៏បាននិយាយដូចគ្នាតាមរយៈភាពស្ងៀមស្ងាត់ដ៏មានន័យរបស់គាត់។

ដោយមានសក្ខីភាពរបស់សន្តសន្តីជាច្រើនយ៉ាងនេះ សន្តអូគូស្តាំងបានសួរខ្លួនឯងថាៈ «ការណ៍ដែលសន្តសន្តីអាចធ្វើបាន តើអ្នកមិនអាចធ្វើបានទេឬ?» ហេតុនេះហើយ គាត់ឈានដល់ការប្រែចិត្តគំនិតបានសម្រេច ហើយគាត់ថ្លែងថាៈ «ទោះបីទូលបង្គំបានស្រឡាញ់ព្រះអង្គយឺតយ៉ាវក្តី តែសោភ័ណភាពថ្កុំថ្កើងរបស់ព្រះអង្គ មិនចាស់មិនថ្មីឡើយ»[29]

យើងអង្វរសន្តយ៉ូសែបសម្រាប់ព្រះអំណោយទានមួយក្នុងចំណោមព្រះអំណោយទានទាំងឡាយ គឺការប្រែចិត្តគំនិតរបស់យើង។

ចូរយើងបន្លឺពាក្យអធិដ្ឋានរបស់យើងទៅសន្តយ៉ូសែប៖
ឱ! សន្តយ៉ូសែបជាអ្នកមើលថែទាំព្រះសង្គ្រោះ
និងជាស្វាមីព្រះនាងព្រហ្មចារិនីម៉ារីអើយ!
ព្រះជាម្ចាស់បានប្រគល់ព្រះបុត្រាព្រះអង្គឱ្យលោក
ព្រះនាងម៉ារីបានទុកចិត្តលើលោក
ព្រះគ្រីស្តបានប្រសូតមកជាមនុស្សនៅជាមួយលោក

ឱ! សន្តយ៉ូសែបពោរពេញដោយសុភមង្គល
សូមបង្ហាញខ្លួនជាឪពុកដល់យើងខ្ញុំ
ហើយដឹកនាំយើងខ្ញុំនៅលើមាគ៌ាទៅកាន់ជីវិតផង។

សូមជួយយើងខ្ញុំឱ្យទទួលព្រះអំណោយទាន
ចិត្តមេត្តាករុណា និងសេចក្តីក្លាហាន
ហើយសូមជួយថែរក្សាការពារយើងខ្ញុំ
ឱ្យរួចផុតពីមារកំណាច។ អាម៉ែន។

ធ្វើនៅ ព្រះវិសាលវិហារសន្តយ៉ូហានឡាត្រង់ ទីក្រុងរ៉ូម
ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០
ក្នុងឱកាសបុណ្យឱឡារិកនៃព្រះនាងម៉ារីមិនជំពាក់បាប
ឆ្នាំទី៨ នៃមុខងារជាសម្តេចប៉ាប

ហ្រ្វង់ស៊ីស្កូ


[1] លក ៤,២២; យហ ៦,៤២; មថ ១៣,៥៥; មក ៦,៣
[2] S. RITUUM CONGREGATIO, Quemadmodum Deus (8 December 1870): ASS 6 (1870-71), 194.
[3] Address to ACLI on the Solemnity of Saint Joseph the Worker (1 May 1955): AAS 47 (1955), 406.
[4] Apostolic Exhortation Redemptoris Custos (15 August 1989): AAS 82 (1990), 5-34.
[5] លទ្ធិអប់រំជំនឿនៃព្រះសហគមន៍កាតូលិក លេខ១០១៤។
[6] Meditation in the Time of Pandemic (27 March 2020): L’Osservatore Romano, 29 March 2020, p. 10.
[7] In Matthaeum Homiliae, V, 3: PG 57, 58.
[8] Homily (19 March 1966): Insegnamenti di Paolo VI, IV (1966), 110.
[9] Autobiography, 6, 6-8.
[10] តាំងពីជាង៤០ឆ្នាំកន្លងមក រាល់ថ្ងៃបន្ទាប់ពីអធិដ្ឋានពេលព្រឹកព្រហាមរួចហើយ ខ្ញុំសូត្រពាក្យអធិដ្ឋានទៅសន្តយ៉ូសែប ដែលដកស្រង់ចេញពីសៀវភៅអធិដ្ឋានគោរពថ្វាយបង្គំជាភាសាបារាំងឆ្នាំ១៨០០របស់ក្រុមបួស ព្រះយេស៊ូ និងព្រះនាងម៉ារីដែលបង្ហាញពីការគោរពថ្វាយបង្គំ ការជឿទុកចិត្ត និងថ្វាយការលំបាកនានាទៅសន្តយ៉ូសែបៈ

«ឱ! សន្តយ៉ូសែបជាបុព្វបុរសដ៏រុងរឿង ដែលមានឫទ្ធានុភាពអាចសម្រេចនូវអ្វីៗដែលពុំអាចទៅរួច។ សូមជួយកូននៅក្នុងគ្រាទុក្ខព្រួយ និងដ៏លំបាកនេះ។ សូមថែរក្សាកូននៅក្នុងស្ថានការដ៏គ្រោះថ្នាក់ និងដ៏លំបាកនេះដែលកូនអង្វរសូមសន្តយ៉ូសែប ដើម្បីឱ្យហេតុការណ៍ទាំងនេះក្លាយទៅជាអំណរសប្បាយវិញ។ ឱ! សន្តយ៉ូសែប ឪពុកដ៏ជាទីស្រឡាញ់អើយ កូនសូមផ្ញើសេចក្តីទុកចិត្តរបស់កូនទាំងស្រុងលើសន្តយ៉ូសែបហើយ។ សូមកុំបណ្តោយឱ្យការទុកចិត្តរបស់កូនលើសន្តយ៉ូសែបឥតបានការឡើយ។ សន្តយ៉ូសែបអាចធ្វើអ្វីៗគ្រប់យ៉ាងរួមជាមួយព្រះយេស៊ូនិងព្រះនាងម៉ារី។ សូមបង្ហាញឱ្យកូនស្គាល់ចិត្តសប្បុរសប្រសើរឧត្តមដូចឫទ្ធានុ​ភាពរបស់សន្តយ៉ូសែបផង។ អាម៉ែន។»

[11] ទត ៤,៣១; ទំន ៦៩,១៦; ៧៨,៣៨; ៨៦,៥; ១១,៤; ១១៦,៥; យរ ៣១,២០
[12] ពាក្យដាស់តឿនរបស់សម្តេចប៉ាប អំណរសប្បាយដែលហូរមកពីដំណឹងល្អ Evangelii Gaudium (ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៣) ៨៨, ២៨៨: AAS ១០៥ (២០១៣), ១០៥៧, ១១៣៦-១១៣៧.
[13] កណ ២០,៣; ២៨,១២; ៣១,១១.២៤; ៤០,៨; ៤១,១-៣២; ជរ ១២,៦; ១សម ៣,៣-១០; ដន ២,៤; យប ៣៣,១៥។
[14] ក្នុងករណីនេះ គេយកដុំថ្មគប់សម្លាប់នាង (ទត ២២,២០-២១)។
[15] លវ ១២,១-៨; សរ ១៣,២
[16] មថ ២៦,៣៩; មក ១៤,៣៦; លក ២២,៤២
[17] SAINT JOHN PAUL II, Apostolic Exhortation Redemptoris Custos (15 August 1989), 8: AAS 82 (1990), 14.
[18] Homily at Mass and Beatifications, Villavicencio, Colombia (8 September 2017): AAS 109 (2017), 1061.
[19] Enchiridion de fide, spe et caritate, 3.11: PL40, 236.
[20] ទត ១០,១៩; សរ ២២,២០-២២; លក ១០,២៩-៣៧។
[21] S. RITUUM CONGREGATIO, Quemadmodum Deus (8 December 1870): ASS 6 (1870-1871), 193; BLESSED PIUS IX, Apostolic Letter Inclytum Patriarcham (7 July 1871): l.c., 324-327.
[22] មហាសន្និបាទវ៉ាទីកង់ទី២ ធម្មនុញ្ញ ព្រះគ្រីស្តជាពន្លឺ Lumen Gentium ៥៨។
[23] លទ្ធិអប់រំជំនឿនៃព្រះសហគមន៍កាតូលិក លេខ៩៦៣-៩៧០។
[24] Original edition: Cień Ojca, Warsaw, 1977.
[25] SAINT JOHN PAUL II, Apostolic Exhortation Redemptoris Custos, 7-8: AAS 82 (1990), 12-16.
[26] កណ ១៨,២៣-៣២
[27] សរ ១៧,៨-១៣; ៣២,៣០-៣៥
[28] មហាសន្និបាទវ៉ាទីកង់ទី២ ធម្មនុញ្ញ ព្រះគ្រីស្តជាពន្លឺ Lumen Gentium ៤២។
[29] Confessions, VIII, 11, 27: PL 32, 761; X, 27, 38: PL 32, 795.

1,482 Views

Theme: Overlay by Kaira