អត្ថបទថ្ងៃព្រហស្បតិ៍ អាទិត្យទី២១ រដូវធម្មតា

ថ្ងៃព្រហស្បតិ៍ ទី២៦ ខែសីហា ឆ្នាំ២០២១ ព័ណបៃតង

អត្ថបទទី១ ឆ្នាំសេស
សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងថេសាឡូនិក ១​ថស ៣, ៧-១៣

បងប្អូនជាទីស្រឡាញ់ ទោះបី​យើងពិបាកចិត្តគ្រប់យ៉ាង និងមានទុក្ខវេទនាយ៉ាងណាក្ដី ជំនឿរបស់បងប្អូនបានធើ្វឲ្យចិត្តយើងបែរជាធូរស្រាល។ ដោយបងប្អូនស្ថិតនៅខ្ជាប់ខ្ជួនជា​មួយព្រះអម្ចាស់ដូច្នេះ យើងក៏ដូចជាមានជីវិតរស់វិញដែរ។ យើងពុំដឹងជារកពាក្យអ្វី​មកថ្លែងអរព្រះគុណព្រះជាម្ចាស់ អំពីបងប្អូននោះឡើយ នេះក៏ព្រោះតែបងប្អូនធើ្វឲ្យយើងមាន​អំណររីករាយនៅចំពោះព្រះភ័ក្រ្ដព្រះជាម្ចាស់របស់យើង។​ ទំាងយប់ទំាងថ្ងៃ យើងទទូចសូម​អង្វរព្រះអង្គ សូមទ្រង់ព្រះមេត្តាប្រោសឲ្យបានឃើញមុខបងប្អូន ព្រមទំាងប្រទានឲ្យជំនឿ​របស់បងប្អូនបានពេញលក្ខណៈកុំបីមានចន្លោះណាឡើយ ។
សូមព្រះជាម្ចាស់ ជាព្រះបិតារបស់យើង​ និងព្រះយេស៊ូជាអម្ចាស់នៃយើងមេត្តារៀប​ចំផ្លូវឲ្យយើងមករកបងប្អូន។ សូមព្រះអម្ចាស់ប្រទានឲ្យបងប្អូនពោរពេញដោយសេចក្ដីស្រឡាញ់​ដល់គ្នាទៅវិញទៅមក  និងស្រឡាញ់មនុស្សទំាងអស់កាន់តែខ្លំាងឡើងៗជាអនេក ដូចយើង​បានស្រឡាញ់បងប្អូនដែរ។ សូមព្រះអង្គប្រទានឲ្យចិត្តគំនិតរបស់បងប្អូនមានជំហររឹងប៉ឹង ​ឲ្យបងប្អូនបានវិសុទ្ធឥតសៅហ្មង នៅចំពោះព្រះភ័ក្ដ្រព្រះជាម្ចាស់ជាព្រះបិតារបស់យើង ក្នុង​ពេលព្រះយេស៊ូជាអម្ចាស់នៃយើងយាងមកជាមួយពពួកទេវទូតដ៏វិសុទ្ធរបស់ព្រះអង្គ។

ទំនុកតម្កើងលេខ​ ៩០ (៨៩),៣-៤.១២-១៤.១៧         បទពាក្យ ៧

៣.ព្រះអង្គធើ្វឲ្យមនុស្សគ្រប់ទីក្លាយជាធូលីដីវិញណា
គឺព្រះអង្គមានបន្ទូលថា៖«អស់ពូជពង្សអដំាវិលវិញ» ។
៤.ចំពោះព្រះអង្គរយៈពេលមួយពាន់ឆ្នំាក្រែលដូចម្សិលមិញ
ឬដូចជាពេលមួយយប់ពេញកន្លងផុតចេញទៅថ្មីៗ  ។
១២.សូមណែនំាឲ្យខ្ញុំដឹងថាអាយុសង្ខារខ្ញុំឥឡួវ
កំណត់ប៉ុណ្ណាឲ្យត្រឹមត្រូវដើម្បីជាផ្លូវខ្ញុំរិះគិត ។
១៣.ឱព្រះអម្ចាស់សូមប្រញាប់យាងមកឆាប់ៗប្រាប់ការពិត
កុំនៅបង្អង់សូមអាណិតអាសូរដល់ចិត្តអ្នកបម្រើ  ។
១៤.សូមសម្ដែងហប្ញទ័យមេត្តាដោយក្ដីករុណាដ៏ប្រសើរ
ចំពោះខ្ញុំជាអ្នកបម្រើ ខ្ញុំមានអំណរគ្រប់វេលា  ។
១៧.ឱព្រះម្ចាស់អើយសូមសម្ដែងសេចក្ដីស្រឡាញ់មកខ្ញុំផង
សូមជួយពង្រឹងការទំាងពួងខ្ញុំឲ្យខ្ជាប់ខ្ជួនរៀងរហូត ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ មថ ២៤,៤២.៤៤

អាលេលូយ៉ា! អាលេលូយ៉ា!
ចូរប្រុងស្មារតីឲ្យមែនទែន! ត្រូវត្រៀមខ្លួនជានិច្ច! ដ្បិត​អ្នករាល់គ្នាពុំដឹងថា
បុត្រមនុស្សនឹងយាងមកដល់ពេលណាឡើយ ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ​ ២៤, ៤២-៣២

ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កអំពីពេលព្រះអង្គយាងមកវិញដូចតទៅ៖​ “ចូរប្រុងស្មារតីឲ្យមែនទែន​ ដ្បិតអ្នករាល់គ្នាពុំដឹងថា ព្រះអម្ចាស់របស់អ្នករាល់គ្នានឹងយាងមកដល់នៅពេលណាឡើយ។ អ្នករាល់គ្នាដឹងហើយថា បើម្ចាស់ផ្ទះដឹងថាចោរចូលមកប្លន់ថ្មើរណា នោះគាត់មុខជាប្រុងស្មារតីពុំខាន មិនបណ្ដោយឲ្យចោរចូលមកប្លន់ផ្ទះគាត់បាន​ឡើយ។ ដូច្នេះ អ្នករាល់គ្នាត្រូវត្រៀមខ្លួនជានិច្ច ដ្បិតបុត្រមនុស្សនឹងយាងមកដល់នៅវេលា​ដែលអ្នករាល់គ្នាពុំបានគិត។ បើអ្នកបម្រើណាមានចិត្តស្មោះត្រង់ហើយឈ្លាសវៃ ម្ចាស់មុខជា​ផ្ទុកផ្ដាក់ឲ្យអ្នកបម្រើនោះមើលខុសត្រូវអ្នកបម្រើឯទៀត ក្នុងការចែកម្ហូបអាហារឲ្យគេតាមកំណត់ជាពុំខាន។ ពេលម្ចាស់ត្រលប់មកផ្ទះវិញ ឃើញអ្នកបម្រើកំពុងបំពេញកិច្ចការរបស់ខ្លួន​ដូច្នេះ អ្នកបម្រើនោះប្រាកដជាមានសុភមង្គលហើយ!។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងថា ម្ចាស់មុខជាផ្ទុកផ្ដាក់ឲ្យគាត់មើលខុសត្រូវលើទ្រព្យសម្បត្តិទំាងប៉ុន្មានរបស់លោកថែមទៀតផង។​ ផ្ទុយទៅវិញ បើអ្នកបម្រើនោះមានចិត្តអាក្រក់ហើយគិតថា៖ «ម្ចាស់អញក្រមកដល់ណាស់» គាត់វាយអ្នកបម្រើឯទៀតៗ ព្រមទំាងទៅស៊ីផឹកជាមួយអ្នកប្រមឹក។ ពេលម្ចាស់​ត្រឡប់មកផ្ទះវិញ នៅថ្ងៃអ្នកបម្រើនោះមិនបានរង់ចំា ឬនៅពេលដែលគាត់មិនដឹង លោក​នឹងធើ្វទោសគាត់ជាទម្ងន់ ហើយឲ្យគាត់ទទួលទោសរួមជាមួយពួកមានពុតត្បុតដែរ គឺឲ្យទៅកន្លែងយំសោកខឹងសង្កៀតធ្មេញ» ។


ខែ​តុលា 2024
ព្រ សុ អា
 123456
78910111213
14151617181920
21222324252627
28293031  
419 Views

Theme: Overlay by Kaira