អត្ថបទថ្ងៃពុធ អាទិត្យទី២១ រដូវធម្មតា

ថ្ងៃពុធ ទី២៥ ខែសីហា ឆ្នាំ២០២១ ព័ណបៃតង

ថ្ងៃបុណ្យសន្តៈ លុយ
ជាព្រះមហាក្សត្រប្រទេសបារាំង  

ព្រះបាទលុយទី៩ (១២១៥-១២៧០) គ្រងរាជ្យនៅប្រទេសបារាំងប្រកបដោយយុត្តិធម៌យ៉ាងលើសលប់។ ទ្រង់យកព្រះទ័យទុកដាក់នឹងជនក្រីក្រកំសត់ទុគ៌ត។ ទ្រង់សព្វព្រះហឫទ័យថយក្រោយ និងចាញ់គេ ដើម្បីប្រទានសន្តិភាពដល់ប្រទេសរបស់ព្រះអង្គ ព្រមទាំងប្រថុយព្រះជន្មដើម្បីដណ្តើមស្រុកដែលមានផ្នូររបស់ព្រះគ្រីស្តមកគ្រប់គ្រងវិញ។ ដូច្នេះ ទ្រង់ជាគំរូរបស់ព្រះមហាក្សត្រទាំងឡាយ។ ព្រះអង្គបានចូលជាសមាជិកនៃក្រុមគ្រួសារសន្តៈហ្វ្រង់ស្វ័រដើម្បីថែទាំមនុស្សឃ្លង់។ ទ្រង់បានអប់រំបុត្រធីតារបស់ព្រះអង្គទាំងដប់បួននាក់។ ទ្រង់មានព្រះទ័យស្មោះត្រង់ ស្រឡាញ់ព្រះមហេសី។ ទ្រង់មានជំនឿយ៉ាងមាំមួនដោយអធិដ្ឋានជាញឹកញាប់ក្នុងឋានៈជាបុត្ររបស់ព្រះបិតា។

អត្ថបទទី១ ឆ្នាំសេស
សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងថេសាឡូនិក ១​ថស ២, ៩-១៣

បងប្អូនអើយ! បងប្អូនពិតជានឹកចំានៅកិច្ចការដែលយើងបានធើ្វទំាងនឿយហត់នោះ​ជាមិនខានឡើយ គឺនៅពេលយើងប្រកាសដំណឹងល្អរបស់ព្រះជាម្ចាស់ដល់បងប្អូន។ យើងខំ​ធើ្វការទំាងយប់ទំាងថ្ងៃ ដើម្បីកុំឲ្យនរណាម្នាក់ក្នុងចំណោមបងប្អូនពិបាកនឹងផ្គត់ផ្គង់ដល់​យើង​។ យើងបានរស់នៅជាមួយបងប្អូនជាអ្នកជឿ ដោយឥរិយាបថដ៏ល្អវិសុទ្ធ សុចរិតឥតកំហុស​ដូចមានបងប្អូន និងព្រះជាម្ចាស់ជាសាក្សីស្រាប់។ បងប្អូនក៏ជ្រាបថា យើងបានប្រព្រឹត្តចំពោះបងប្អូនម្នាក់ៗដូចឪពុកប្រព្រឹត្តចំពោះកូន​​​ដែរ គឺយើងបានទូន្មាន និង​លើកទឹកចិត្តបងប្អូនហើយ យើងក៏បានអង្វររកបងប្អូនឲ្យរស់នៅយ៉ាងសមរម្យ ស្របតាមព្រះហប្ញទ័យរបស់ព្រះជាម្ចាស់ ដែលបានត្រាស់ហៅបងប្អូនឲ្យមកចូលរួមក្នុងព្រះរាជ្យ និងសិរីរុងរឿងរបស់ព្រះអង្គ ។
ហេតុនេះហើយ បានជាយើងតែងតែអរព្រះគុណព្រះជាម្ចាស់ជានិច្ច​​ ព្រោះនៅពេល​យើងនំាដំណឹងល្អមកជូនបងប្អូនស្ដាប់ បងប្អូនទទួលយក ដោយពុំចាត់ទុកថាជាពាក្យសម្ដី​របស់មនុស្សទេ គឺបងប្អូនចាត់ទុកពាក្យសម្ដីរបស់ខ្ញុំនេះ ដូចជាព្រះបន្ទូលនេះកំពុងតែបង្កើត​ផលក្នុងបងប្អូនជាអ្នកជឿ ។

ទំនុកតម្កើងលេខ​ ១៣៩ (១៣៨),៧-១២         បទពាក្យ ៧

៧.តើទូលបង្គំអាចទៅណាឆ្ងាយពីព្រះភ័ត្រា្តព្រះអង្គនោះ
គេចទៅទីណាមិនផុតសោះព្រះអង្គជ្រាបអស់សព្វទិសា ។
៨.បើខ្ញុំនឹងឡើងទៅលើមេឃក៏មិនផុតភ្នែកផុតនេត្រា
បើទៅនៅស្ថានមនុស្សមរណាក៏ជួបព្រះភ័ក្រា្តទ្រង់ជានិច្ច  ។
៩.ទោះបីជាខ្ញុំពាក់ស្លាបហោះទៅកន្លែងរះព្រះអាទិត្យ
ឬទោះបីខ្ញុំចង់រត់គេច ទៅរស់នៅឯលិចនាយសមុទ្រ  ។
១០.ក៏ព្រះអង្គគង់នៅទីនោះឥតមានចន្លោះឬគេចផុត
ជួយដឹកនំាខ្ញុំលែងតក់ស្លុតដោយបារមីប្ញទិ្ធដ៏ឧត្ដម  ។
១១.ប្រសិនបើខ្ញុំពោលឡើងថាសូមឲ្យអន្ធិការគ្របលើខ្ញុំ
ពន្លឺថ្ងៃដែលនៅជិតជុំប្រែក្លាយជាយប់ឥតពន្លឺ   ។
១២.ទោះបីងងឹតយ៉ាងណាក្ដីព្រះអម្ចាស់ថ្លៃនៅតែភ្លឺ
ពេលយប់ដូចថ្ងៃជះរន្ទឺងងឹតប្រែភ្លឺមានរស្មី ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ ទន ៩៥,៨

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាព្រះបន្ទូលដ៏មានជីវិត និងមានមហិទ្ធិឫទ្ធិ។
ព្រះបន្ទូលនេះចាក់ទម្លុះចូលទៅក្នុងឆន្ទៈ និងគំនិត ក្នុងជម្រៅចិត្តរបស់យើង។  អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ​ ២៣, ២៧-៣២

ព្រះយេស៊ូមានព្រះបន្ទូលថា៖ « ពួកធម្មាចារ្យ និងពួកផារីស៊ីមានពុតអើយ! អ្នករាល់គ្នា​ត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាបៀបបាននឹងផ្នូរដែលគេលាបកំបោរស មើលពី​ក្រៅ​ឃើញហាក់ដូចជាស្អាត តែខាងក្នុងពោរពេញទៅដោយឆ្អឹងសាកសព និងធាតុរលួយសព្វបែប​យ៉ាង។ អ្នករាល់គ្នាសម្ដែងឬកពារខាងក្រៅឲ្យមនុស្សលោកឃើញថា អ្នករាល់គ្នាជាមនុស្ស​សុចរិត តែចិត្តអ្នករាល់គ្នាពោរពេញដោយគំនិតលាក់់ពុត និងគំនិតទុច្ចរិតទៅវិញ។
ពួកធម្មាចារ្យ និងពួកផារីស៊ីដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន! ព្រោះអ្នក​រាល់គ្នាបានសង់ផ្នូរឲ្យពួកព្យាការី ព្រមទំាងតុបតែងផ្នូររបស់មនុស្សសុចរិតដោយពោលថា ប្រសិនបើ​យើងបានរស់នៅជំនាន់បុព្វបុរស នោះយើងមុខជាមិនសមគំនិតជាមួយគេ ក្នុងការសម្លាប់ពួក​ព្យាការីឡើយ។ ​អ្នករាល់គ្នាពោលដូច្នេះ បានសេចក្ដីថាអ្នករាល់គ្នាចោទខ្លួនឯងថា ជាពូជពង្ស​របស់ពួកអ្នកដែលបានសម្លាប់ព្យាការី។ ដូច្នេះ ចូរនំាគ្នាបន្ដកិច្ចការរបស់បុព្វបុរសអ្នករាល់គ្នាឲ្យបានសម្រេចទៅ! »។


ខែ​តុលា 2024
ព្រ សុ អា
 123456
78910111213
14151617181920
21222324252627
28293031  
105 Views

Theme: Overlay by Kaira