អត្ថបទថ្ងៃអាទិត្យ-អាទិត្យទី២១ រដូវធម្មតា ឆ្នាំ «ខ»
ថ្ងៃអាទិត្យ ទី២២ ខែសីហា ឆ្នាំ២០២១ ព័ណបៃតង
អត្ថបទទី១
សូមថ្លែងព្រះគម្ពីរលោកយ៉ូស៊ូអា យស ២៤,១-២ក.១៥-១៧.១៨ខ
លោកយ៉ូស៊ូអាប្រមូលកុលសម្ព័ន្ធទាំងអស់របស់ជនជាតិអ៊ីស្រាអែលឲ្យមកជួបជុំគ្នានៅស៊ីគែម លោកក៏កោះហៅក្រុមព្រឹទ្ធាចារ្យ ក្រុមអ្នកដឹកនាំ ក្រុមចៅក្រម និងនាយក្រុមរបស់ជនជាតិអ៊ីស្រាអែលឲ្យអញ្ជើញមកផងដែរ។ ពួកគេជួបជុំនៅចំពោះព្រះជាម្ចាស់។ លោកយ៉ូស៊ូអាមានប្រសាសន៍ទៅកាន់ប្រជាជនទាំងមូលថា៖ «ប្រសិនបើអ្នករាល់គ្នាមិនពេញចិត្តគោរពបម្រើព្រះអម្ចាស់ទេ ចូរជ្រើសរើសយកព្រះណាមួយ ដែលអ្នករាល់គ្នាពេញចិត្តនឹងគោរពបម្រើនៅថ្ងៃនេះទៅ គឺមានព្រះដែលបុព្វបុរសរបស់អ្នករាល់គ្នាធ្លាប់គោរពបម្រើនៅខាងកើតទន្លេអឺប្រាត ឬព្រះរបស់ជនជាតិអាម៉ូរីនៅក្នុងស្រុកដែលអ្នករាល់គ្នាស្នាក់នៅនេះជាដើម។ រីឯខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំវិញ យើងនឹងគោរពបម្រើព្រះអម្ចាស់»។
ប្រជាជនបានឆ្លើយដូចតទៅនេះ៖ «យើងខ្ញុំមិនបោះបង់ចោលព្រះអម្ចាស់ បែរទៅគោរពបម្រើព្រះដទៃទៀតជាដាច់ខាត! ដ្បិតមានតែព្រះអម្ចាស់ហ្នឹងហើយជាព្រះនៃយើងខ្ញុំ ព្រះអង្គបាននាំយើងខ្ញុំ និងបុព្វបុរសរបស់យើងខ្ញុំ ឲ្យចាកចេញពីស្រុកអេស៊ីប ជាស្រុកដែលយើងខ្ញុំធ្លាប់ធ្វើជាទាសករ។ ព្រះអង្គបានសម្ដែងការអស្ចារ្យធំៗឲ្យយើងខ្ញុំឃើញច្បាស់នឹងភ្នែក គឺព្រះអង្គបានរក្សាការពារយើងខ្ញុំ តាមផ្លូវដែលយើងខ្ញុំធ្វើដំណើរឆ្លងកាត់ទឹកដីរបស់ជាតិសាសន៍នានា។ យើងខ្ញុំក៏ចង់គោរពបម្រើព្រះអម្ចាស់ដែរ ដ្បិតព្រះអង្គជាព្រះនៃយើងខ្ញុំ»។
ទំនុកតម្កើងលេខ ៣៤ (៣៣),២-៣.១៦-១៧.២០-២៣ បទកាកគតិ
២. | ខ្ញុំអរព្រះគុណ | អម្ចាស់ពេកពន់ | គ្រប់ពេលវេលា | សូមលើកតម្កើង |
ព្រះអង្គគ្រប់គ្រា | ឥតមានរួញរា | ឈប់ឈរសោះឡើយ ។ | ||
៣. | ខ្ញុំខ្ពស់មុខព្រោះ | ព្រះអម្ចាស់សង្គ្រោះ | ខ្ញុំមិនកន្ដើយ | ចូរអ្នកទន់ទាប |
ស្ដាប់កុំព្រងើយ | នឹងបានធូរស្បើយ | អំណរខ្លាំងក្លា ។ | ||
១៦. | ព្រះម្ចាស់តែងតែ | រំពៃមើលថែ | អស់មនុស្សសុចរិត | ទ្រង់យកព្រះទ័យ |
ទុកដាក់ពិតៗ | ថែទាំនៅជិត | រាល់ទិនទិវា ។ | ||
១៧. | ព្រះជាអម្ចាស់ | តែងតែប្រកាស | ប្រឆាំងគ្រប់គ្រា | នឹងមនុស្សអាក្រក់ |
ទុច្ចរិតពាលា | កុំមាននរណា | នឹកនាដល់ឡើយ ។ | ||
២០. | មនុស្សសុចរិត | រមែងជួបពិត | ទុក្ខលំបាកក្រៃ | ប៉ុន្ដែព្រះម្ចាស់ |
តែងជួយលកលៃ | រំដោះផុតភ័យ | បានសុខគ្រប់គ្រា ។ | ||
២១. | ព្រះជាអម្ចាស់ | ទ្រង់សប្បុរសណាស់ | តាមថែរក្សា | ដល់មនុស្សសុចរិត |
គ្រប់ៗអាត្មា | គ្មានឆ្អឹងមួយណា | ត្រូវបាក់បែកឡើយ ។ | ||
២២. | អំពើអាក្រក់ | ខ្មួលខ្មៅកខ្វក់ | នាំឲ្យគេព្រួយ | រហូតដល់ស្លាប់ |
មិនមានអ្នកជួយ | គ្មានអ្នកលើកស្ទួយ | ដល់ក្ស័យជីវិត ។ | ||
អ្នកដែលប្រឆាំង | ប្រយុទ្ធតតាំង | នឹងមនុស្សសុចរិត | តែងតែទទួល | |
ទុក្ខទោសពិតៗ | ក្នុងមួយជីវិត | មិនមានខកខាន ។ | ||
២៣. | ព្រះម្ចាស់សង្គ្រោះ | ជីវិតទាំងអស់ | ដល់អ្នកដែលមាន | បម្រើព្រះអង្គ |
ពឹងផ្អែកផ្ញើប្រាណ | តែងទទួលបាន | សុខផុតទុក្ខទោស ។ |
អត្ថបទទី ២
សូមថ្លែងលិខិតរបស់សន្ដប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងអេភេសូ អភ ៥,២១-៣២
បងប្អូនជាទីស្រឡាញ់! ដោយបងប្អូនគោរពកោតខ្លាចព្រះគ្រីស្ត ត្រូវគោរពចុះចូលគ្នាទៅវិញទៅមក។បងប្អូនជាស្ត្រីដែលមានស្វាមី ត្រូវគោរពចុះចូលនឹងស្វាមីរៀងៗខ្លួន ដូចជាគោរពចុះចូលនឹងព្រះអម្ចាស់ដែរ ដ្បិតស្វាមីនាំមុខភរិយា ដូចព្រះគ្រីស្តនាំមុខព្រះសហគមន៍ ហើយជាព្រះសង្គ្រោះរបស់ព្រះសហគមន៍ដែលជាព្រះកាយព្រះអង្គ។ ហេតុនេះ ព្រះសហគមន៍គោរពចុះចូលនឹងព្រះគ្រីស្តយ៉ាងណា ភរិយាក៏ត្រូវគោរពចុះចូលនឹងស្វាមីរៀងៗខ្លួន ក្នុងគ្រប់កិច្ចការទាំងអស់យ៉ាងនោះដែរ។
ចំពោះបងប្អូនដែលមានភរិយាវិញ ចូរស្រឡាញ់ភរិយា ដូចព្រះគ្រីស្តបានស្រឡាញ់ព្រះសហគមន៍ដែរ ព្រះអង្គបូជាព្រះជន្មរបស់ព្រះអង្គផ្ទាល់សម្រាប់ព្រះសហគមន៍ ដើម្បីប្រោសឲ្យព្រះសហគមន៍បានទៅជាវិសុទ្ធ ទាំងជម្រះឲ្យបានស្អាតបរិសុទ្ធ ដោយលាងក្នុងទឹក និងដោយសារព្រះបន្ទូល។ ព្រះអង្គសព្វព្រះហឫទ័យនាំព្រះសហគមន៍នេះមកថ្វាយព្រះអង្គផ្ទាល់ គឺព្រះសហគមន៍ដ៏រុងរឿង ឥតស្លាកស្នាម ឥតជ្រីវជ្រួញ និងឥតខ្ចោះត្រង់ណាឡើយ។ ព្រះអង្គសព្វព្រះហឫទ័យឲ្យព្រះសហគមន៍បានទៅជាវិសុទ្ធ ឥតសៅហ្មង។ ដូច្នេះ ស្វាមីត្រូវស្រឡាញ់ភរិយា ឲ្យបានដូចស្រឡាញ់រូបកាយរបស់ខ្លួនដែរ។ អ្នកណាស្រឡាញ់ភរិយា អ្នកនោះស្រឡាញ់ខ្លួនឯង។ ពុំដែលមាននរណាម្នាក់ស្អប់រូបកាយរបស់ខ្លួនឡើយ ផ្ទុយទៅវិញ គេតែងចិញ្ចឹមបីបាច់ថែរក្សារូបកាយនោះ ដូចព្រះគ្រីស្តចិញ្ចឹមបីបាច់ថែរក្សាព្រះសហគមន៍ ព្រោះយើងទាំងអស់គ្នាជាសរីរាង្គនៃព្រះកាយរបស់ព្រះអង្គ។ ហេតុនេះហើយបានជាបុរសត្រូវចាកចេញពីឪពុកម្ដាយ ទៅរួមរស់ជាមួយភរិយារបស់ខ្លួន ហើយអ្នកទាំងពីរនឹងបានទៅជារូបកាយតែមួយ។ គម្រោងការដ៏លាក់កំបាំងនេះមានអត្ថន័យជ្រៅណាស់ ខ្ញុំនិយាយសេចក្ដីនេះសំដៅលើព្រះគ្រីស្តនិងព្រះសហគមន៍ ។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ យហ ៦,៦៣.៦៨
អាលេលូយ៉ា! អាលេលូយ៉ា! បពិត្រព្រះអម្ចាស់! ព្រះបន្ទូលរបស់ព្រះអង្គជាព្រះវិញ្ញាណ និងជាជីវិត! ព្រះអង្គមានព្រះបន្ទូលដែលផ្ដល់ជីវិតអស់កល្បជានិច្ច។ អាលេលូយ៉ា! |
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន ៦,៦០-៦៩
ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់បណ្ដាជនក្នុងធម្មសាលាក្រុងកាផានុមថា៖ «អ្នកណាពិសាសាចនិងលោហិតរបស់ខ្ញុំ អ្នកនោះមានជីវិតអស់កល្បជានិច្ច»។ ក្រោយពីបានស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គហើយ ក្នុងចំណោមសាវ័កមានគ្នាច្រើនពោលថា៖ «ពាក្យទាំងនេះទាស់ត្រចៀកណាស់ តើនរណាអាចទ្រាំស្ដាប់បាន?»។ ព្រះយេស៊ូឈ្វេងយល់ថា ពួកសាវ័ករអ៊ូរទាំពីពាក្យទាំងនេះ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «តើពាក្យទាំងនេះនាំឲ្យអ្នករាល់គ្នារវាតចិត្ត បាត់ជំនឿឬ? ចុះបើអ្នករាល់គ្នាឃើញបុត្រមនុស្សឡើងទៅស្ថានដែលលោកនៅពីមុនវិញ តើចិត្តអ្នករាល់គ្នានឹងទៅជាយ៉ាងណា?។ មានតែព្រះវិញ្ញាណទេដែលផ្ដល់ជីវិត និស្ស័យលោកីយ៍មិនអាចផ្តល់ជីវិតឡើយ។ រីឯពាក្យទាំងប៉ុន្មានដែលខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នា សុទ្ធតែចេញមកពីព្រះវិញ្ញាណដែលផ្ដល់ជីវិត។ ប៉ុន្តែ ក្នុងចំណោមអ្នករាល់គ្នា អ្នកខ្លះគ្មានជំនឿទេ»។ តាំងពីដើមដំបូងមក ព្រះយេស៊ូស្គាល់អស់អ្នកដែលគ្មានជំនឿ ព្រមទាំងស្គាល់អ្នកដែលនឹងក្បត់ព្រះអង្គរួចស្រេចទៅហើយ។ ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «ហេតុនេះបានជាខ្ញុំប្រាប់អ្នករាល់គ្នារួចមកហើយថា ប្រសិនបើព្រះបិតាមិនប្រោសប្រទានទេនោះ គ្មាននរណាអាចមករកខ្ញុំបានឡើយ»។ ចាប់ពីពេលនោះមក ក្នុងចំណោមសាវ័ក មានគ្នាច្រើនដកខ្លួនថយ ឈប់តាមព្រះអង្គទៀត។ ព្រះយេស៊ូក៏មានព្រះបន្ទូលសួរសាវ័កទាំងដប់ពីររូបថា៖ «ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាចង់ចេញទៅដែរឬ?»។ លោកស៊ីម៉ូនសិលាទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់ តើឲ្យយើងខ្ញុំទៅរកនរណាវិញ? ព្រះបន្ទូលរបស់ព្រះអង្គផ្ដល់ជីវិតអស់កល្បជានិច្ច។ យើងខ្ញុំជឿហើយដឹងថា ព្រះអង្គពិតជាព្រះដ៏វិសុទ្ធដែលព្រះជាម្ចាស់ចាត់ឲ្យមក»។