ថ្ងៃអង្គារ អាទិត្យទី០៩
រដូវធម្មតា ឆ្នាំ«គូ»
ពណ៌បៃតង
ថ្ងៃអង្គារ ទី០២ ខែមិថុនា ឆ្នាំ២០២៦
សូមថ្លែងលិខិតទី១ របស់គ្រីស្តទូតសិលា ២ សល ៣,១២-១៥.១៧-១៨
បងប្អូនជាទីស្រឡាញ់!
ចូរទន្ទឹងរង់ចាំ និងខ្នះខ្នែងធ្វើឱ្យថ្ងៃរបស់ព្រះជាម្ចាស់នោះកាន់តែឆាប់មកដល់ គឺជាថ្ងៃដែលផ្ទៃមេឃនឹងត្រូវឆេះរលាយ ហើយធាតុនានានឹងឆេះរលាយសូន្យអស់ទៅដែរ។ យើងទន្ទឹងរង់ចាំផ្ទៃមេឃថ្មី និងផែនដីថ្មីដែលប្រកបដោយសេចក្តីសុចរិត តាមព្រះបន្ទូលសន្យា។ បងប្អូនជាទីស្រឡាញ់អើយ! ដូច្នេះ ក្នុងពេលដែលបងប្អូនទន្ទឹងរង់ចាំហេតុការណ៍ទាំងនេះ ចូរខ្នះខ្នែងធ្វើយ៉ាងណាឱ្យព្រះជាម្ចាស់ឃើញថា បងប្អូនល្អឥតខ្ចោះ ឥតសៅហ្មង និងឃើញបងប្អូនរស់នៅដោយសុខសាន្ត។ តោងយល់ថា ព្រះអម្ចាស់នៃយើងមានព្រះហឫទ័យអត់ធ្មត់ មកពីព្រះអង្គចង់សង្គ្រោះបងប្អូន។ បងប្អូនជាទីស្រឡាញ់អើយ! បងប្អូនបានជ្រាបសព្វគ្រប់ជាមុនហើយ។ ដូច្នេះត្រូវប្រុងប្រយ័ត្នខ្លួន កុំបណ្តោយជនពាលនាំបងប្អូនឱ្យវង្វេង ហើយមិនត្រូវបាត់បង់គោលជំហរដ៏រឹងប៉ឹងរបស់បងប្អូនឡើយ។ ផ្ទុយទៅវិញ សូមបងប្អូនចម្រើនឡើងដោយព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ ហើយដោយស្គាល់ព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់ និងជាព្រះសង្គ្រោះរបស់យើងកាន់តែខ្លាំងឡើងៗ។ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ នៅពេលឥឡូវនេះ ព្រមទាំងរហូតដល់អស់កល្បជានិច្ចតរៀងទៅ។ អាម៉ែន!។
ទំនុកតម្កើងលេខ ៩០ (៨៩),២-៤.១០.១៤-១៦ បទពាក្យ ៧
| ២ | មុនពេលមានភ្នំកកើតឡើង | មុនពេលព្រះអង្គបង្កើតដី | |
| មុនពិភពលោកនិងអ្វីៗ | ព្រះអម្ចាស់ថ្លៃជាបិតា | ។ |
| ៣ | ព្រះអង្គធ្វើឱ្យមនុស្សគ្រប់ទី | ក្លាយជាធូលីដីវិញណា | |
| គឺព្រះអង្គមានបន្ទូលថា៖ | អស់ពូជពង្សអដាំវិលវិញ | ។ |
| ៤ | ចំពោះព្រះអង្គរយៈពេល | មួយពាន់ឆ្នាំក្រែលដូចម្សិលមិញ | |
| ឬដូចជាពេលមួយយប់ពេញ | កន្លងផុតចេញទៅថ្មីៗ | ។ |
| ១០ | អាយុយើងខ្ញុំរស់បានត្រឹម | តែចិតសិបឆ្នាំមិនវែងអី | |
| បើបានប៉ែតសិបនោះប្រពៃ | ក្រោយមកស្នូលដីបែកខ្ចាត់ខ្ចាយ | ។ |
| ក្នុងពេលដែលខ្ញុំមានជីវិត | ខ្ញុំតែងនឹកគិតតែងខ្វល់ខ្វាយ | |
| និងជួបតែទុក្ខឥតស្រស់ស្រាយ | ជីវិតឃ្លាតឆ្ងាយត្រូវមរណា | ។ |
| ១៤ | សូមសម្តែងហឫទ័យមេត្តា | ដោយក្តីករុណាដ៏ប្រសើរ | |
| ចំពោះខ្ញុំជាអ្នកបម្រើ | ខ្ញុំមានអំណរគ្រប់ពេលវេលា | ។ |
| ១៥ | ព្រះអង្គឱ្យខ្ញុំកើតទុក្ខធំ | អស់ពេលច្រើនឆ្នាំខ្ញុំវេទនា | |
| សូមប្រោសឱ្យខ្ញុំផុតទុក្ខា | សប្បាយយូរយាយ៉ាងនោះដែរ | ។ |
| ១៦ | សូមសម្តែងឱ្យខ្ញុំឃើញច្បាស់ | ពីការសង្គ្រោះឥតកែប្រែ | |
| ឱ្យកូនចៅខ្ញុំឃើញហូរហែរ | ភាពថ្កុំថ្កើងដែរនៃព្រះអង្គ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ១ ធម ៦,១៥ ១៦
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះជាម្ចាស់ប្រកបដោយសុភមង្គល មានតែព្រះអង្គមួយគត់ដែលជាព្រះអធិបតី ព្រះអង្គជាព្រះមហាក្សត្រធំ លើសមហាក្សត្រនានា ជាព្រះអម្ចាស់ធំលើសអម្ចាស់នានា។ សូមលើកតម្កើងព្រះកិត្តិនាម និងព្រះចេស្តារបស់ព្រះអង្គ អស់កល្បជានិច្ច។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ១២,១៣-១៧
នៅគ្រានោះ គេចាត់ពួកខាងគណៈផារីស៊ី និងពួកខាងសេ្តចហេរ៉ូដខ្លះឱ្យទៅជិតព្រះយេស៊ូ ចាំចាប់កំហុសនៅពេលព្រះអង្គមានព្រះបន្ទូល។ គេនាំគ្នាមកទូលព្រះអង្គថា៖ «លោកគ្រូ! យើងខ្ញុំដឹងថា លោកមានប្រសាសន៍សុទ្ធតែពិតទាំងអស់ លោកគ្រូពុំយោគយល់ ហើយក៏ពុំរើសមុខនរណាឡើយ គឺលោកគ្រូប្រៀនប្រដៅអំពីរបៀបរស់នៅដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់ តាមសេចក្តីពិត។ តើ ធម្មវិន័យរបស់យើងអនុញ្ញាតឱ្យបង់ពន្ធដារថ្វាយព្រះចៅអធិរាជរ៉ូម៉ាំងឬទេ?។ តើយើងត្រូងបង់ ឬមិនត្រូវបង់?»។ ព្រះយេស៊ូឈ្វេងយល់ពុតត្បុតរបស់គេ ទ្រង់មានព្រះបន្ទូលថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាចង់ចាប់កំហុសខ្ញុំដូច្នេះ? សុំយកប្រាក់មួយកាក់មកឱ្យខ្ញុំមើលមើល៍»។ គេក៏យកប្រាក់មួយកាក់មកថ្វាយព្រះយេស៊ូ ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «តើលើកាក់នេះ មានរូបនរណា ឈ្មោះនរណា?»។ គេឆ្លើយថា៖ «រូបនិងឈ្មោះ ព្រះចៅអធិរាជ!»។ ព្រះយេស៊ូក៏មានព្រះបន្ទូលទៅគេថា៖ «អ្វីៗជារបស់ព្រះចៅអធិរាជ ចូរថ្វាយទៅព្រះចៅអធិរាជវិញទៅ! ហើយអ្វីៗដែលជារបស់ព្រះជាម្ចាស់ ចូរថ្វាយទៅព្រះជាម្ចាស់វិញដែរ!»។ គេងឿងឆ្ងល់នឹងព្រះយេស៊ូយ៉ាងខ្លាំង។
78 Views
Post Views:
82