អត្ថបទថ្ងៃសុក្រ អាទិត្យទី២០ រដូវធម្មតា
ថ្ងៃសុក្រ ទី២០ ខែសីហា ឆ្នាំ២០២១ ព័ណស
សន្តៈ ប៊ែរណា ជាចៅអធិការ និង
ជាគ្រូបាធ្យាយនៃព្រះសហគមន៍
លោកប៊ែរណា (១០៩០-១១៥៣) បានចូលបួសនៅអារាមស៊ីតូ (ប្រទេសបារាំង) ជាមួយអ្នកស្ម័គ្រចិត្តសាមសិបនាក់។ លោកធ្លាប់ស្មឹងស្មាធិ៍នឹកសញ្ជឹងគិតយ៉ាងជ្រៅបំផុតអំពីអាថ៌កំបាំងរបស់ព្រះជាម្ចាស់។ លោកនិពន្ធសៀវភៅជាច្រើនដើម្បីបកស្រាយទេវវិទ្យាយ៉ាងស៊ីជម្រៅ។ លោកធ្វើអន្តរាគមន៍នៅគ្រប់កន្លែង ដែលព្រះសហគមន៍ត្រូវការ។ ជាពិសេសជួយឃោសនាឱ្យព្រះមហាក្សត្រអឺរ៉ុបយាងទៅដណ្តើមស្រុក ដែលមានថ្នូររបស់ព្រះគ្រីស្តមកត្រួតត្រាវិញ។ គេជ្រើសរើសលោកឱ្យធ្វើជាចៅអធិការអារាមនៅភូមិក្លែវ៉ូ(ប្រទេសលុចសំបួរ)។ លោកបានបង្កើតអារាមហុកសិបប្រាំទៀត ហើយចេះតែធ្វើដំណើរទៅប្រកាសដំណឹងល្អ។ លោកធ្វើជាទីប្រឹក្សាសម្តេចប៉ាប និងព្រះមហាក្សត្រជាច្រើនអង្គ ទាំងហ៊ានស្តីបន្ទោសស្តេចដែលប្រព្រឹត្តអំពើអយុត្តិធម៌។ លោកមានល្បីឈ្មោះដោយបាននិពន្ធអត្ថបទជាច្រើនកោតសរសើរព្រះនាងម៉ារី។
អត្ថបទទី១ ឆ្នាំសេស
សូមថ្លែងព្រះគម្ពីរនាងរ៉ូថ រថ ១,១.៣-៦
ក្នុងសម័យអស់លោកវីរៈបុរស ទុរ្ភិក្សកើតមានឡើងពាសពេញក្នុងស្រុក។ ពេលនោះ នៅភូមិបេថ្លហឹម ក្នុងស្រុកយូដា មានបុរសម្នាក់ចេញដំណើរជាមួយភរិយា និងកូនប្រុសពីរនាក់ឆ្ពោះទៅស្រុកម៉ូអាប់។ បុរសនោះទទួលមរណភាពទៅ ទុកចោលនាងណូអេមី ជាភរិយាឲ្យនៅជាមួយកូនប្រុសទាំងពីរ ។ កូនទាំងពីរក៏យកប្រពន្ធជាតិម៉ូអាប់ម្នាក់ឈ្មោះអ័រប៉ា និងម្នាក់ទៀតឈ្មោះរូថ។ ពួកគេស្នាក់នៅកន្លែងនោះអស់រយៈពេលប្រហែលដប់ឆ្នាំ។ បន្ទាប់មក កូនប្រុសទាំងពីរក៏ស្លាប់ដែរ ទុកនាងណូអេមីជាម្តាយឲ្យនៅតែម្នាក់ឯង។ ដោយអស់ទាំងប្តី អស់ទាំងកូន ពេលនោះ នាងណូអេមីចេញដំណើរពីស្រុកម៉ូអាប់ ជាមួយកូនប្រសារទាំងពីរនាក់ ត្រឡប់ទៅស្រុកយូដា ជាភូមិកំណើតរបស់នាងវិញ ដ្បិតនៅស្រុកម៉ូអាប់ នាងឮថា ព្រះអម្ចាស់បានប្រោសប្រណីដល់ប្រជារាស្ត្រព្រះអង្គ និងប្រទានអាហារឲ្យពួកគេបរិភោគបានគ្រប់គាន់ផង។ នាងអ័រប៉ាថើបម្តាយក្មេក លាគាត់ត្រឡប់ទៅរស់នៅជាមួយប្រជាជននាងវិញ។ នាងណូអេមីនិយាយទៅកាន់នាងរូថថា៖«មើល៍! ប្អូនថ្លៃឯងត្រឡប់ទៅរស់នៅជាមួយប្រជាជនវិញហើយ! ទៅបម្រើព្រះរបស់វា ចូរនាងទៅតាមប្អូនថ្លៃចុះ!»។ តែនាងរូថឆ្លើយតបថា៖«សូមអ្នកម្តាយកុំបង្ខំកូនឲ្យឃ្លាតឆ្ងាយពីអ្នកម្តាយធ្វើអ្វី! អ្នកម្តាយទៅទីណា កូនក៏ទៅទីនោះដែរ អ្នកម្តាយស្នាក់នៅ កន្លែងណា កូនក៏ស្នាក់នៅកន្លែងនោះដែរ។ ប្រជាជនរបស់អ្នកម្តាយនឹងទៅជាប្រជាជនរបស់កូន ហើយព្រះរបស់អ្នកម្តាយក៏ទៅជាព្រះរបស់កូនដែរ»។ នាងណូអេមីត្រឡប់មកភូមិកំណើតវិញដូច្នេះឯង នាងនាំទាំងនាងរូថជាកូនប្រសារជាតិម៉ូអាប់ មកជាមួយផង។ អ្នកទាំងពីរមកដល់ភូមិបេថ្លេហឹម នៅដើមរដូវចម្រូត។
ទំនុកតម្កើងលេខ ១៤៦ (១៤៥),៥-១០ បទពាក្យ៧
៥. | អ្នកដែលព្រះលោកយ៉ាកុបជួយ | សង្គ្រោះផុតព្រួយហើយសង្ឃឹម |
ទុកចិត្តលើព្រះគ្មានអ្វីផ្ទឹម | រស់ដោយញញឹមគ្មានភិតភ័យ ។ | |
៦. | ព្រះអង្គបង្កើតទាំងផ្ទៃមេឃ | ផែនដីល្អឯកធំពេកក្រៃ |
សមុទ្រព្រមទាំងអស់អ្វីៗ | សន្យាថ្លាថ្លៃទ្រង់មិនភ្លេច ។ | |
៧. | ព្រះអង្គរកយុត្តិធម៌ឲ្យ | ដល់អ្នកទន់ខ្សោយមិនកែគេច |
ចែកអាហារដល់អ្នកឃ្លានស្រេច | ហើយទ្រង់សម្រេចលែងអ្នកទោស ។ | |
៨. | ព្រះអម្ចាស់ប្រោសមនុស្សខ្វាក់ | ហើយលើកអស់អ្នកដែលនៅរស់ |
អស់ក្តីសង្ឃឹមគ្មានអ្វីសោះ | ស្រឡាញ់អ្នកស្មោះត្រង់ល្អជា ។ | |
៩. | ព្រះម្ចាស់គាំទ្រជនបរទេស | មេម៉ាយនិងអស់ក្មេងកំព្រា |
តែទ្រង់ធ្វើឲ្យគម្រោងការ | មនុស្សខូចពាលាវិនាសបង់ ។ | |
១០. | ព្រះអម្ចាស់ទ្រង់នឹងគ្រងរាជ្យ | អស់កល្បជានិច្ចតយូរលង់ |
ឱក្រុងស៊ីយ៉ូនដ៏រឿងរុង | ព្រះអ្នកនឹងគ្រងរាជ្យតទៅ ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ ១យហ ៤,៧-៨
អាលេលូយ៉ា! អាលេលូយ៉ា! ព្រះជាម្ចាស់ជាសេចក្តីស្រឡាញ់។ អ្នកណាមានចិត្តស្រឡាញ់ អ្នកនោះកើតមកពីព្រះជាម្ចាស់ហើយ។ អាលេលូយ៉ា! |
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ២២,៣៤-៤០
ពេលនោះ ពួកខាងគណៈផារីស៊ីប្រជុំគ្នា ព្រោះគេឮថា ព្រះយេស៊ូធ្វើឲ្យពួកខាងគណៈសាឌូស៊ីទ័លប្រាជ្ញ រកនិយាយអ្វីទៀតមិនកើត។ ក្នុងចំណោមពួកគេ មានម្នាក់ជាធម្មាចារ្យ ទូលសួរព្រះយេស៊ូក្នុងគោលបំណងល្បងលមើលព្រះអង្គថា៖«លោកគ្រូ! ក្នុងគម្ពីរធម្មវិន័យ តើវិន័យណាសំខាន់ជាងគេ?» ។ ព្រះយេស៊ូមានព្រះបន្ទូលថា៖«ត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នក ឲ្យអស់ពីចិត្តគំនិត អស់ពីស្មារតី និងអស់ពីប្រាជ្ញា។ ហ្នឹងហើយជាវិន័យទីមួយដែលសំខាន់ជាងគេបំផុត។ រីឯវិន័យទីពីរក៏សំខាន់ដូចគ្នាដែរ គឺត្រូវស្រឡាញ់បងប្អូនឯទៀតៗ ឲ្យបានដូចស្រឡាញ់ខ្លួនឯង។ វិន័យទាំងពីរនេះជាឫគល់របស់ធម្មវិន័យ និងគម្ពីរព្យាការីទាំងអស់»។