អត្ថបទថ្ងៃពុធ អាទិត្យទី២០ រដូវធម្មតា

ថ្ងៃពុធ ទី១៨ ខែសីហា ឆ្នាំ២០២១ ព័ណបៃតង

អត្ថបទទី១ ឆ្នាំសេស
សូមថ្លែងព្រះគម្ពីរវីរបុរស វប ៩,៦-១៥

អ្នកដែលមានមុខមានមាត់នៅស៊ីគែម ជួបជុំគ្នាត្រង់ដើមជ្រៃនៅស៊ីគែមជិតស្តូបថ្ម ហើយតែងតាំងលោកអប៊ីមេឡេក ជាកូនលោកកេដូនធ្វើជាស្តេច។ ពេលលោកយ៉ូថាមទទួលដំណឹងនេះ គាត់ឡើងទៅលើកំពូលភ្នំការីស៊ីមទាំងស្រែកយ៉ាងអស់ទំហឹងថា៖«អ្នកមានមុខមានមាត់នៅក្រុងស៊ីគែមអើយ! សូមស្តាប់ខ្ញុំ! សូមព្រះជាម្ចាស់ទ្រង់ព្រះសណ្តាប់អ្នករាល់គ្នាដែរ!។ ថ្ងៃមួយ ដើមឈើទាំងឡាយដើរផ្សងរកស្តេចឲ្យគ្រងរាជ្យលើគេ។ ពួកគេពោលទៅកាន់ដើមអូលីវថា “សូមគ្រងរាជ្យលើយើងខ្ញុំ!”។ ប៉ុន្តែដើមអូលីវឆ្លើយថា “ព្រះនិងមនុស្សលោកពេញចិត្តនឹងប្រេងរបស់ខ្ញុំគ្រប់ៗគ្នា តើឲ្យខ្ញុំលះបង់ប្រេងរបស់ខ្ញុំ ដើម្បីទៅយោលខ្លួនលើដើមឈើឯទៀតៗដូចម្តេចកើត?”។ ពេលនោះ ដើមឈើទាំងឡាយពោលទៅកាន់ដើមមៀនថា “សូមអញ្ជើញមកគ្រងរាជ្យលើយើងខ្ញុំ!”។ ប៉ុន្តែដើមមៀនឆ្លើយថា “តើឲ្យខ្ញុំលះបង់ផ្លែដ៏ផ្អែម និងឆ្ងាញ់ពិសា ដើម្បីទៅយោលខ្លួនលើដើមឈើឯទៀតៗដូចម្តេចកើត?”។ ពេលនោះ ដើមឈើទាំងឡាយពោលទៅកាន់ដើមទំពាំងបាយជូរថា “សូមអញ្ជើញមកគ្រងរាជ្យលើយើងខ្ញុំ!”។ ប៉ុន្តែដើមទំពាំងបាយជូរឆ្លើយថា “ស្រារបស់ខ្ញុំធើ្វឲ្យទាំងព្រះទាំងមនុស្សលោកសប្បាយចិត្តគ្រប់ៗគ្នា តើឲ្យខ្ញុំលះបង់ស្រារបស់ខ្ញុំ ដើម្បីទៅយោលខ្លួនលើដើមឈើឯទៀតៗដូចម្តេចកើត?”។ នៅទីបំផុត ដើមឈើទាំងឡាយពោលទៅកាន់គុម្ពបន្លាថា “សូមអញ្ជើញមកគ្រងរាជ្យលើយើងខ្ញុំ!”។ គុម្ពបន្លាក៏ឆ្លើយទៅដើមឈើឯទៀតៗវិញថា “ប្រសិនបើអ្នករាល់គ្នាចង់អភិសេកខ្ញុំឲ្យធ្វើជាស្តេចគ្រងរាជ្យលើអ្នករាល់គ្នាមែននោះ ចូរនាំគ្នាមកជ្រកក្រោមម្លប់ខ្ញុំចុះ! បើមិនធ្វើដូច្នោះទេ សូមឲ្យមានភ្លើងចេញពីគុម្ពបន្លា បញ្ឆេះដើមខ្ពស់ៗនៅស្រុកលីបង់ថែមទៀតផង!” »។

ទំនុកតម្កើងលេខ​ ២១ (២០),២-៧         បទកាកគតិ

២.បពិត្រព្រះអម្ចាស់រាជាអរណាស់ព្រោះតែឫទ្ធានុភាពព្រះអង្គ
ដែលជួយការពារឲ្យព្រះករុណាមានជោគមានជ័យ  ។
៣.ព្រះអង្គប្រទានឲ្យរាជាបានទទួលអ្វីៗទ្រង់មិនបដិសេធ
ពាក្យអង្វរស្តីទៅតាមព្រះទ័យរបស់រាជា  ។
៤.ព្រះអង្គប្រទានពរជ័យឲ្យមានដល់ស្តេចគ្រប់គ្រាទ្រង់ពាក់មកុដមាស
ពីលើសិរសានៃព្រះករុណារុងរឿងប្រណីត  ។
៥.រាជាទូលសូមព្រះអង្គក៏ព្រមប្រទានជីវិតឲ្យព្រះករុណា
ព្រះជន្មវែងពិតដោយគ្មានកំរិតអង្វែងឥតស្រាន្ត  ។
៦.ដោយព្រះអម្ចាស់មានជ័យជម្នះរាជាក៏បានទទួលសិរី
រុងរឿងថ្កើងថ្កានអម្ចាស់ប្រទានថ្លៃថ្លាឧត្តម  ។
៧.ព្រះអង្គតែងតាំងរាជាឲ្យនាំព្រះពរសក្តិសមទ្រង់គង់ជាមួយ
រាជារឹងមាំហើយមានទាំងព្រមអំណរបរិបូរណ៌  ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ ទន ១៤៥,១៣.១៧

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់មានព្រះបន្ទូលសុទ្ធតែពិតប្រាកដទាំងអស់   ព្រះអង្គប្រព្រឹត្តតាមសេចក្តីទៀងត្រង់ក្នុងគ្រប់ប្រការ។  
ព្រះអង្គមានព្រះហឫទ័យស្មោះត្រង់ជានិច្ច។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ​ ២០,១-១៦

ព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នាដូចតទៅ៖«ព្រះរាជ្យនៃស្ថានបរមសុខ ប្រៀបបាននឹងម្ចាស់ចម្ការទំពាំងបាយជូរម្នាក់ ដែលចាកចេញពីផ្ទះតាំងពីព្រលឹម ដើម្បីរកជួលកម្មករមកធ្វើការនៅក្នុងចម្ការទំពាំងបាយជូររបស់គាត់។ គាត់បានព្រមព្រៀងជាមួយពួកកម្មករជាស្រេចថា នឹងឲ្យប្រាក់មួយដួងក្នុងមួយថ្ងៃ ហើយចាត់គេឲ្យទៅធ្វើការក្នុងចម្ការ។ ប្រមាណជាម៉ោងប្រាំបួនព្រឹក គាត់ចេញទៅ ឃើញអ្នកផ្សេងទៀតកំពុងតែឈរនៅតាមទីផ្សារឥតធ្វើអ្វីសោះ។ គាត់ក៏និយាយទៅកាន់គេថា៖ “ចូរ អ្នករាល់គ្នាទៅធ្វើការនៅចម្ការខ្ញុំទៅ! ខ្ញុំនឹងឲ្យប្រាក់ឈ្នួលត្រឹមត្រូវ”។ អ្នកទាំងនោះក៏នាំគ្នាទៅធ្វើការនៅចម្ការ។ ម្ចាស់ចម្ការចេញទៅសាជាថ្មីទៀតនៅម៉ោងដប់ពីរ និងម៉ោងបីរសៀល ហើយជួលអ្នកផ្សេងតាមរបៀបដដែល។ ប្រមាណជាម៉ោងប្រាំល្ងាច គាត់ចេញទៅសាជាថ្មីឃើញអ្នកខ្លះទៀតនៅតាមទីផ្សារ។ គាត់សួរគេថា៖ “ហេតុដូចម្តេចបានជាអ្នករាល់គ្នាឈរនៅទីនេះមួយថ្ងៃវាល់ល្ងាចឥតធ្វើអ្វីសោះដូច្នេះ?”។ ពួកគេឆ្លើយថា “មកពីគ្មាននរណាជួលយើងខ្ញុំទៅធ្វើការទេ!”។ គាត់ក៏និយាយទៅកាន់អ្នកទាំងនោះថា “ចូរអ្នករាល់គ្នាទៅធ្វើការនៅចម្ការខ្ញុំទៅ”។ លុះដល់ល្ងាចម្ចាស់ចម្ការប្រាប់ទៅអ្នកកាន់ប្រាក់ថា៖ “ចូរហៅពួកកម្មករមក ហើយបើកប្រាក់ឲ្យគេ គឺចាប់ផ្តើមពីអ្នកដែលចូលធ្វើការក្រោយគេបង្អស់រហូតដល់អ្នកមកមុនគេបង្អស់”។ ពួកអ្នកដែលបានចាប់ផ្តើមធ្វើការម៉ោងប្រាំល្ងាចមកដល់ទទួលប្រាក់ម្នាក់មួយដួងៗ។ ពួកអ្នកដែលចាប់ផ្តើមធ្វើការមុនគេ ក៏មកដល់ដែរ ហើយនឹកគិតថានឹងបានប្រាក់ច្រើនជាង ប៉ុន្តែ គេទទួលម្នាក់មួយដួងដូចគ្នា។ គេទទួលយកប្រាក់ទាំងរអ៊ូរទាំដាក់ ម្ចាស់ចម្ការថា៖ “ពួកអ្នកដែលមកដល់ក្រោយនេះបានធ្វើការតែមួយម៉ោងប៉ុណ្ណោះ រីឯ​យើង​ខ្ញុំ​វិញ យើងខ្ញុំធ្វើការហាលថ្ងៃហាលក្តៅ ហើយលោកបែរជាបើកប្រាក់ឲ្យគេស្មើនឹងយើងខ្ញុំដែរ”។ ម្ចាស់ចម្ការនិយាយទៅកាន់ម្នាក់ក្នុងចំណោមកម្មករទាំងនោះថា៖ “សំឡាញ់អើយ! ខ្ញុំមិនបានបោកបញ្ឆោតអ្នកទេ។ អ្នកបានយល់ព្រមធ្វើការឲ្យខ្ញុំមួយដួងក្នុងមួយថ្ងៃមែនឬមិនមែន?។ ចូរយកប្រាក់ឈ្នួលរបស់អ្នកហើយចេញទៅចុះ!។ ខ្ញុំចង់ឲ្យអ្នកដែលមកដល់ក្រោយនេះទទួលបានប្រាក់ស្មើនឹងអ្នកដែរ។ តើខ្ញុំ គ្មានសិទ្ធិ នឹងយកប្រាក់របស់ខ្ញុំ ទៅធ្វើអ្វីតាមបំណងចិត្តខ្ញុំទេឬ? ឬមួយអ្នកច្រណែនមកពីឃើញខ្ញុំមានចិត្តសប្បុរស”។ ហេតុនេះ អ្នកដែលនៅខាងក្រោយ នឹងត្រឡប់ទៅនៅខាងមុខ រីឯអ្នកនៅខាងមុខនឹងបែរជាទៅនៅខាងក្រោយវិញ»។

ខែ​តុលា 2024
ព្រ សុ អា
 123456
78910111213
14151617181920
21222324252627
28293031  
116 Views

Theme: Overlay by Kaira