អត្ថបទថ្ងៃអង្គារ អាទិត្យទី២០ រដូវធម្មតា
ថ្ងៃអង្គារ ទី១៧ ខែសីហា ឆ្នាំ២០២១ ព័ណបៃតង
អត្ថបទទី១ ឆ្នាំសេស
សូមថ្លែងព្រះគម្ពីរវីរបុរស វប ៦,១១-២៤
ទេវទូតរបស់ព្រះអម្ចាស់មកភូមិអូប្រាអង្គុយនៅក្រោមដើមជ្រៃ ដែលជាកម្មសិទ្ធិរបស់លោកយ៉ូស៊ូអា ជាសមាជិកនៃអំបូរអប៊ីយេស៊ែរ។ ពេលនោះ លោកកេដូនជាកូនរបស់លោកយ៉ូអាស កំពុងតែបោកបែនស្រូវក្នុងកន្លែងបញ្ជាន់ផ្លែទំពាំងបាយជូរ ដើម្បីកុំឱ្យជនជាតិម៉ាឌីយ៉ានឃើញ។ ទេវទូតរបស់ព្រះ អម្ចាស់បង្ហាញខ្លួនឱ្យលោកកេដូនឃើញ ហើយពោលថា៖«វីរជនដ៏អង់អាចអើយ! សូមព្រះអង្គម្ចាស់ គង់ជាមួយអ្នក!»។ លោកកេដូនឆ្លើយវិញថា៖«លោកម្ចាស់! ប្រសិនបើព្រះអម្ចាស់គង់ជាមួយយើងខ្ញុំ មែន ហេតុអ្វីក៏ទុក្ខវេទនាទាំងនេះកើតមានដល់យើងខ្ញុំដូច្នេះ? ឯណាទៅការអស្ចារ្យទាំងប៉ុន្មាន ដែលដូនតារបស់យើងខ្ញុំតែងតែដំណាលប្រាប់ ទាំងបញ្ជាក់ថា ព្រះអម្ចាស់បាននាំយើងខ្ញុំចេញពីស្រុកអេស៊ីបមកនោះ? ឥឡូវនេះ ព្រះអម្ចាស់បានបោះបង់ចោលយើងខ្ញុំ ហើយព្រះអង្គប្រគល់យើងខ្ញុំទៅក្នុងកណ្តាប់ដៃរបស់ជនជាតិម៉ាឌីយ៉ានហើយ!»។
ព្រះអម្ចាស់បែរមករកលោក ហើយមានព្រះបន្ទូលថា៖«ចូរទៅសង្គ្រោះអ៊ីស្រាអែលឱ្យរួចពីកណ្តាប់ដៃរបស់ជនជាតិម៉ាឌីយ៉ាន ដោយប្រើកម្លាំងដែលអ្នកមាន គឺយើងចាត់អ្នកឱ្យទៅ!»។ លោកកេដូនក៏ឆ្លើយថា៖«បពិត្រលោកម្ចាស់ ធ្វើដូចម្តេចឱ្យខ្ញុំប្របាទអាចសង្គ្រោះអ៊ីស្រាអែលបាន ដ្បិតនៅក្នុងកុលសម្ព័ន្ធម៉ាណាសេអំបូររបស់ខ្ញុំប្របាទ ខ្សត់ខ្សោយជាងគេ ហើយក្នុងគ្រួសាររបស់ខ្ញុំប្របាទសោតទៀត ក៏ខ្ញុំប្របាទក្មេងជាងគេដែរ»។ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកវិញថា៖«យើងនឹងស្ថិតនៅជាមួយ អ្នក ហើយអ្នករាល់នឹងប្រយុទ្ធជាមួយជនជាតិម៉ាឌីយ៉ាន ដូចប្រយុទ្ធជាមួយនឹងមនុស្សតែម្នាក់»។ លោកកេដូនទូលតបថា៖«ប្រសិនបើលោកម្ចាស់មេត្តាប្រោស ដល់ខ្ញុំប្របាទមែន សូមផ្តល់ទីសម្គាល់មួយឱ្យខ្ញុំប្របាទដឹងថា លោកពិតជាព្រះអម្ចាស់ដែលកំពុងតែមានព្រះបន្ទូលមកខ្ញុំប្របាទមែន!។ សូមលោកម្ចាស់កុំអញ្ជើញទៅណា ចាំខ្ញុំប្របាទត្រឡប់មកវិញ ទាំងនាំយកម្ហូបអាហារមកជូនផង»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖«យើងនឹងចាំនៅទីនេះរហូតដល់អ្នកត្រឡប់មកវិញ»។ លោកកេដូនក៏ចូល ទៅក្នុងផ្ទះ យកកូនពពែមួយមករៀបចំធ្វើម្ហូប ព្រមទាំងម្សៅមួយថាំងមកធ្វើនំប៉័ងឥតមេ។ លោកស្រង់សាច់ដាក់ក្នុងកញ្ច្រែង ហើយដួសទឹកសម្លក្នុងចានមួយ រួចយកទៅជូនទេវទូតរបស់ព្រះអម្ចាស់នៅក្រោមដើមជ្រៃ។ ទេវទូតពោលមកលោកថា៖«ចូរដាក់សាច់ និងនំប៉័ងឥតមេលើថ្មនេះ រួចចាក់ទឹកសម្លពីលើទៀតផង»។ លោកកេដូនក៏ធ្វើតាម។ ទេវទូតរបស់ព្រះអម្ចាស់យកចុងដំបង ដែលលោកកាន់ ទៅពាល់សាច់ និងនំប៉័ងឥតមេ ពេលនោះ លោកកេដូនដឹងថា ជាទេវទូតរបស់ព្រះអម្ចាស់មែន លោកក៏ពោលថា៖«វីវរហើយ! ព្រះជាអម្ចាស់អើយ! ដ្បិតទូលបង្គំបានឃើញទេវទូតរបស់ព្រះអង្គផ្ទាល់ភ្នែកហើយ!»។ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកថា៖ «សុំឱ្យអ្នកបានប្រកបដោយសេចក្តីសុខសាន្ត កុំខ្លាចអី! អ្នកនឹងមិនស្លាប់ទេ!»។ លោកកេដូនសង់អាសនៈមួយថ្វាយព្រះអម្ចាស់ត្រង់កន្លែងនោះ ហើយដាក់ឈ្មោះអាសនៈនេះថា៖«ព្រះអម្ចាស់ប្រទានសេចក្តីសុខសាន្ត»។
ទំនុកតម្កើងលេខ ៨៥ (៨៤),៩.១១-១៤ បទកាកគតិ
៩. | យើងខ្ញុំត្រងត្រាប់ | ត្រចៀកប្រុងស្តាប់ | បន្ទូលព្រះអង្គ | ទ្រង់នឹងប្រទាន |
សុខសាន្តគ្មានហ្មង | លើរាស្ត្រទ្រង់ផង | ដែលមិនលេលា ។ | ||
១១. | ទ្រង់មានព្រះទ័យ | សប្បុរសថ្លាថ្លៃ | បារមីរុងរឿង | ព្រះអង្គស្មោះស័គ្រ |
ករុណាមិនឆ្មើង | យុត្តិធម៌កើតឡើង | នៅលើលោកិយ៍ ។ | ||
១២. | សេចក្តីទៀងត្រង់ | ចាប់ដុះរហង់ | ពាសពេញផែនដី | សេចក្តីសុចរិត |
ក៏លាស់ជាថ្មី | ពីសួគាល័យ | ចុះជួយរក្សា ។ | ||
១៣. | ព្រះអម្ចាស់ផ្ទាល់ | ប្រទានមង្គល | ឱ្យយើងគ្រប់គ្នា | ចំណែកផែនដី |
បង្កើតផលា | ភោគផលផ្លែផ្កា | សំបូរមិនខ្វះ ។ | ||
១៤. | សេចក្តីសុចរិត | យុត្តិធម៌ប្រណីត | នៅមុខព្រះម្ចាស់ | សុខសាន្តតាមដាន |
រៀបផ្លូវថ្វាយព្រះ | ឥតមានក្រឡះ | សុខសាន្តរហូត ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ ១ករ ៨,៩
អាលេលូយ៉ា! អាលេលូយ៉ា! ព្រះយេស៊ូគ្រីស្តដែលមានសម្បត្តិដ៏ច្រើន ទ្រង់ដាក់ខ្លួនធ្វើជាអ្នកក្រ ដើម្បីឱ្យយើងបានទៅជាអ្នកមានដោយភាពក្រីក្ររបស់ព្រះអង្គ។ អាលេលូយ៉ា! |
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៩,២៣-៣០
ព្រះយេស៊ូមានព្រះបន្ទូលទៅក្រុមសាវ័កថា៖«ខ្ញុំសុំប្រាប់អ្នករាល់គ្នាដឹងច្បាស់ថា អ្នកមានពិបាកចូលទៅក្នុងព្រះរាជ្យនៃស្ថានបរមសុខណាស់!។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាទៀតថា សត្វអូដ្ឋចូលតាមប្រហោងម្ជុលងាយជាងអ្នកមានចូលទៅក្នុងស្ថានបរមសុខទៅទៀត»។
ពេលនោះ លោកសិលាទូលព្រះអង្គថា៖«ព្រះអង្គទតឃើញស្រាប់ហើយ យើងខ្ញុំលះបង់អ្វីៗទាំង អស់ដើម្បីមកតាមព្រះអង្គ។ តើយើងខ្ញុំនឹងទៅជាយ៉ាងណា?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅក្រុមសាវ័កថា៖«ខ្ញុំសុំប្រាប់អ្នករាល់គ្នាដឹងច្បាស់ថា នៅក្នុងពិភពថ្មី ពេលបុត្រមនុស្សគង់លើបល្ល័ង្កប្រកបដោយសិរីរុងរឿង អ្នករាល់គ្នាដែលមកតាមខ្ញុំនេះ ក៏នឹងអង្គុយលើបល្ល័ង្កទាំងដប់ពីរដែរ ហើយគ្រប់គ្រងលើកុលសម្ព័ន្ធទាំងដប់ពីរនៃជនជាតិអ៊ីស្រាអែលទៀតផង។ អ្នកណាលះបង់ផ្ទះសម្បែង បងប្អូនប្រុសស្រី ឪពុកម្តាយ កូនចៅ ឬស្រែចម្ការព្រោះតែខ្ញុំ អ្នកនោះនឹងទទួលវិញមួយជាមួយរយ ព្រមទាំងមានជីវិតអស់កល្បជានិច្ចថែមទៀតផង។ មានមនុស្សជាច្រើនដែលនៅខាងមុខនឹងបែរជាទៅនៅខាងក្រោយ រីឯអ្នកដេលនៅខាងក្រោយនឹងត្រឡប់ទៅនៅខាងមុខវិញ»។