អាទិត្យ១៩ រដូវធម្មតា ឆ្នាំ «ខ»

ថ្ងៃព្រហស្បតិ៍ ទី១២ ខែសីហា ឆ្នាំ២០២១ (ឆ្នាំសេស)-ពណ៌បៃតង

អត្ថបទទី១៖ យស ៣,៧-១១.១៣-១៧
សូមថ្លែងព្រះគម្ពីរលោកយ៉ូស៊ូអា

លោកយ៉ូស៊ូអា និងជនជាតិអ៊ីស្រាអែលទាំងមូលបានទៅដល់មាត់ទន្លេយ័រដាន់។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូស៊ូអាថា៖ «ថ្ងៃនេះ យើងចាប់ផ្តើមពង្រឹងអំណាចរបស់អ្នក ឱ្យជនជាតិអ៊ីស្រាអែលទាំងមូលឃើញ ដើម្បីឱ្យគេដឹងថា យើងស្ថិតនៅជាមួយអ្នក ដូចយើងស្ថិតនៅជាមួយម៉ូសេកាលពីមុនដែរ។  រីឯអ្នកត្រូវបង្គាប់ឱ្យក្រុមបូជាចារ្យ ដែលសែងហិបនៃសម្ពន្ធមេត្រីថា “កាលណាអ្នករាល់គ្នាទៅដល់មាត់ទន្លេយ័រដាន់ ត្រូវចុះទៅឈរនៅក្នុងទន្លេតែម្ដង”»។ លោកយ៉ូស៊ូអាមានប្រសាសន៍ទៅកាន់ជនជាតិអ៊ីស្រាអែលថា៖ «ចូរមកនេះ ស្ដាប់ព្រះបន្ទូលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាសិន»។  លោកយ៉ូស៊ូអាមានប្រសាសន៍ទៀតថា៖ «មានសញ្ញាសម្គាល់មួយដែលនាំឱ្យអ្នករាល់គ្នាដឹងថា ព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅ ពិតជាសណ្ឋិតនៅជាមួយអ្នករាល់គ្នា ហើយព្រះអង្គពិតជាបណ្តេញជនជាតិកាណាន ជនជាតិហេត ជនជាតិហេវី ជនជាតិពេរីស៊ី ជនជាតិគៀរកាស៊ី ជនជាតិអាម៉ូរី និងយេប៊ូស ឱ្យចេញពីមុខអ្នករាល់គ្នាមែន គឺហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់នៃផែនដីទាំងមូលនឹងឆ្លងកាត់ទន្លេយ័រដាន់ នៅមុខអ្នករាល់គ្នា។ ពេលណាក្រុមបូជាចារ្យដែលសែងហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ ជាម្ចាស់នៃផែនដីទាំងមូល ដាក់ជើងក្នុងទឹកទន្លេយ័រដាន់ ពេលនោះ ទឹកទន្លេយ័រដាន់នឹងត្រូវទប់ ឈប់ហូរ ហើយប្រមូលផ្តុំគ្នានៅនឹងថ្កល់មួយកន្លែង»។​
នៅគ្រាដែលប្រជាជនចាកចេញពីជំរំ បម្រុងនឹងឆ្លងទន្លេយ័រដាន់ ក្រុមបូជាចារ្យដែលសែងហិបនៃសម្ពន្ធមេត្រី នាំគ្នាដើរនៅខាងមុខប្រជាជន។ ពេលនោះ ជារដូវចម្រូត ហើយទឹកទន្លេយ័រដាន់ជន់លិចដល់មាត់ច្រាំង។ កាលក្រុមបូជាចារ្យដែលសែងហិបនៃសម្ពន្ធមេត្រីទៅដល់ទន្លេយ័រដាន់ ហើយពេលពួកគេដាក់ជើងក្នុងទឹកនៅមាត់ច្រាំង ស្រាប់តែទឹកដែលហូរចុះពីលើក៏ឈប់ ប្រមូលផ្តុំគ្នានៅនឹងថ្កល់តែមួយកន្លែង។ ទឹកនោះនៅផ្តុំគ្នាយ៉ាងឆ្ងាយពីទីនោះ គឺនៅក្រុងអដាំ ជាក្រុងមួយនៅជិតសារតាន។ រីឯទឹកដែលហូរចុះឆ្ពោះទៅសមុទ្រអារ៉ាបាវិញ គឺសមុទ្រអំបិល ត្រូវកាត់ផ្ដាច់។ ប្រជាជនក៏នាំគ្នាឆ្លងទន្លេ នៅទល់មុខក្រុងយេរីខូ។ នៅពេលដែលប្រជាជនអ៊ីស្រាអែលទាំងមូលដើរកាត់បាតទន្លេយ័រដាន់ ក្រុមបូជាចារ្យដែលសែងហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ នាំគ្នាឈរលើដីស្ងួត នៅកណ្ដាលទន្លេ រហូតដល់ប្រជាជាតិទាំងមូលឆ្លងផុតទន្លេយ័រដាន់ទាំងអស់គ្នា។

ទំនុកតម្កើងលេខ ១១៤ (១១៣), ១-៦ បទពាក្យ៧

១.ពេលអ៊ីស្រាអែលបានចាកចេញពីអេស៊ីបវិញហើយពេលនោះ
ពូជពង្សយ៉ាកុបចេញទាំងអស់ពីដីបរទេសមិនសល់នៅ។
២.ឯប្រជាជនជាតិយូដាបានក្លាយទៅជាឥតហ្មងសៅ
ជាប្រជាជាតិមិនអាស្រូវ វិសុទ្ធពេកកូវផ្ទាល់ព្រះអង្គ។
៣.ពេលទឹកសមុទ្រឃើញពួកគេតក់ស្លុតម៉្លេះទេមិនបង្អង់
គេចខ្លួនថយទៅមិនរេរង់ទាំងយ័រដាន់ផងក៏ថយដែរ។
៤.ភ្នំធំភ្នំតូចភ្នំទាំងអស់នៅមិនស្ងៀមសោះដូចពពែ
លោតទៅលោតមកមិនឈប់ទេភ្នំតូចលោតដែរដូចកូនចៀម។
៥.ឱសមុទ្រអើយម្ដេចក៏អ្នក  រត់គេចជាជាក់ទៅនៅស្ងៀម
អ្នកធ្លាប់រលកលោតរវាមម្ដេចសំងំស្ងៀមធ្មឹងដូច្នេះ
ឱទឹកទន្លេយ័រដាន់អើយពេលនេះម្ដេចឡើយរត់លឿនម៉្លេះ
ម្ដេចអ្នកដកខ្លួនឆាប់ដូច្នេះតើរឿងទាំងនេះមកពីអ្វី។
៦.ភ្នំអើយម្ដេចអ្នកមិនឈប់លោតផ្លាស់ប្ដូររហូតដូចសត្វព្រៃ
ភ្នំតូចតើអ្នកលោតព្រោះអ្វីមិនស្គាល់យប់ថ្ងៃមិនសម្រាក។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ៖ តាម ទន ១១៩,១៣៤

អាលេលូយ៉ា! អាលេលូយ៉ា!
ឱព្រះអម្ចាស់អើយ! សូមព្រះអង្គទ្រង់ព្រះមេត្តាអាណិតអាសូរមកយើងខ្ញុំជាអ្នកបម្រើព្រះអង្គ។
សូមបង្រៀនយើងខ្ញុំឱ្យស្គាល់ព្រះហឫទ័យព្រះអង្គ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតែងដោយសន្ដម៉ាថាយ មថ ១៨,២១-១៩,១

លោកសិលាចូលមកជិតព្រះយេស៊ូ ហើយទូលថា៖ «បពិត្រព្រះអម្ចាស់ បើបងប្អូនចេះតែប្រព្រឹត្តអំពើបាបមកលើទូលបង្គំ តើទូលបង្គំត្រូវអត់ទោសឱ្យគេប៉ុន្មានដង? រហូតដល់ប្រាំពីរដងឬ?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំសុំប្រាប់អ្នកថា អ្នកត្រូវអត់ទោសឱ្យគេ មិនត្រឹមតែប្រាំពីរដងប៉ុណ្ណោះទេ គឺត្រូវអត់ទោសឱ្យគេចិតសិបដងប្រាំពីរដង»។
ព្រះរាជនៃស្ថានបរមសុខ ប្រៀបបាននឹងស្ដេចមួយអង្គដែលចង់គិតបញ្ជីជាមួយអ្នកបម្រើ។ ពេលព្រះរាជាចាប់ផ្ដើមគិតបញ្ជី មានគេនាំកូនបំណុលម្នាក់ដែលជំពាក់ប្រាក់រាប់លានណែនមក។  ដោយអ្នកនោះគ្មានប្រាក់សង ស្ដេចក៏ចេញបញ្ជាឱ្យលក់ទាំងគាត់ ទាំងប្រពន្ធ ទាំងកូន ទាំងរបស់របរដែលគាត់មាន ដើម្បីយកប្រាក់មកសងបំណុល។ អ្នកបម្រើនោះលុតជង្គង់ក្រាបទៀបព្រះបាទាស្ដេច ទូលអង្វរថាៈ “សូមព្រះករុណាមេត្តាអត់ឱន ពន្យារពេលឱ្យយទូលបង្គំផង ទូលបង្គំនឹងសងព្រះករុណាវិញគ្រប់ចំនួន”។ ព្រះរាជាមានព្រះហឫទ័យអាណិតអាសូរអ្នកបម្រើនោះពន់ពេកណាស់ ស្ដេចក៏ឱ្យយគាត់ទៅវិញ ទាំងលុបបំណុលចោលថែមទៀតផង។ ពេលអ្នកបម្រើនោះចេញទៅ គាត់បានជួបនឹងគូកនម្នាក់ ដែលជំពាក់ប្រាក់គាត់មួយរយដួង គាត់ចាប់អ្នកនោះច្របាច់ក ទាំងពោលថាៈ “សងប្រាក់អញទាំងអស់មក!”។ គូកនរបស់អ្នកនោះក៏លុតជង្គង់ចុះ អង្វរថា “សុំអត់ឱនពន្យារពេលឱ្យគ្នាផង គ្នានឹងសងឯងវិញគ្រប់ចំនួន”។ ប៉ុន្តែ អ្នកបម្រើនោះពុំព្រមទេ មិនតែប៉ុណ្ណោះសោត គាត់ចាប់អ្នកជំពាក់ប្រាក់យកទៅឃុំឃាំង រហូតទាល់តែបានសងបំណុលគ្រប់ចំនួន។ អ្នកបម្រើឯទៀតៗឃើញដូច្នោះ ទាស់ចិត្តជាខ្លាំង គេយករឿងនេះទៅទូលស្ដេច។ ស្ដេចក៏ហៅអ្នកបម្រើនោះមកសួរថាៈ “នែ៎អ្នកបម្រើអាក្រក់! យើងបានលុបបំណុលឯងទាំងប៉ុន្មានចោលអស់ ព្រោះឯងបានទទូចអង្វរយើង។ យើងបានអាណិតមេត្តាឯង។ ហេតុដូចម្ដេចបានជាឯងពុំព្រមអាណិតមេត្តាគូកនរបស់ឯងផងដូច្នេះ?”។ ស្ដេចព្រះអង្គខ្ញាល់ក្រៃលែង ក៏បញ្ជាឱ្យយគេយកអ្នកនោះទៅធ្វើទារុណកម្ម រហូតទាល់តែសងបំណុលគ្រប់ចំនួន។ ចំពោះអ្នករាល់គ្នា បើម្នាក់ៗមិនព្រមលើកលែងទោសឱ្យបងប្អូនដោយស្មោះអស់ពីចិត្តទេ ព្រះបិតារបស់ខ្ញុំ ដែលគង់នៅស្ថានបរមសុខ ក៏នឹងធ្វើទារុណកម្មអ្នករាល់គ្នាដូច្នោះដែរ»។ កាលព្រះយេស៊ូមានព្រះបន្ទូលទាំងនេះចប់សព្វគ្រប់ហើយ ព្រះអង្គក៏ចាកចេញពីស្រុកកាលីឡេ យាងឆ្ពោះទៅត្រើយខាងនាយទន្លេយ័រដាន់ក្នុងស្រុកយូដា។

140 Views

Theme: Overlay by Kaira