ជំពូកទី៣ អគ្គសញ្ញាអាពាហ៍ពិពាហ៍ រវាងគ្រីស្តបរិស័ទកាតូលិកម្នាក់ និងអ្នកមិនមែនជាគ្រីស្តបរិស័ទ

*២៣៥- កណ ១,២៦-២៨.៣១

សូមថ្លែងព្រះគម្ពីរកំណើតពិភពលោក

កាលពីដើមដំបូងបង្អស់ ព្រះ‌ជាម្ចាស់មានព្រះ‌បន្ទូលថា៖ «យើងបង្កើតមនុស្សជាតំណាងរបស់យើង មានលក្ខណៈដូចយើង ដើម្បីឱ្យគេមានអំណាចលើត្រីសមុទ្រ លើបក្សា‌បក្សីដែលហើរនៅលើមេឃ លើសត្វស្រុកនៅលើផែន‌ដីទាំងមូល និងលើសត្វទាំងប៉ុន្មានដែលលូនវារនៅលើដី»។ ព្រះ‌ជាម្ចាស់បានបង្កើតមនុស្សជាតំណាងរបស់ព្រះ‌អង្គ ព្រះ‌អង្គបានបង្កើតគេឱ្យមានលក្ខណៈដូចព្រះ‌ជាម្ចាស់ ព្រះ‌អង្គបានបង្កើតគេជាបុរស ជាស្ត្រី។ ព្រះ‌ជាម្ចាស់បានប្រទានពរឱ្យគេ គឺព្រះ‌អង្គមានព្រះ‌បន្ទូលថា៖ «ចូរបង្កើតកូនចៅឱ្យបានកើនច្រើនឡើង ពាស‌ពេញលើផែន‌ដី ហើយត្រួត‌ត្រាផែន‌ដីទៅ។ ចូរមានអំណាចលើត្រីសមុទ្រ លើបក្សា‌បក្សីដែលហើរនៅលើមេឃ និងលើសត្វទាំងប៉ុន្មានដែលលូនវារនៅលើដី»។
ព្រះ‌ជាម្ចាស់ទតឃើញអ្វីៗទាំងអស់ដែលព្រះ‌អង្គបានបង្កើតមក ព្រះ‌អង្គឈ្វេងយល់ថាល្អប្រសើរបំផុតហើយ។ ពេលនោះ មានល្ងាច មានព្រឹក គឺជាថ្ងៃទីប្រាំមួយ។

*២៣៦- កណ ២,១៨-២៤

សូមថ្លែងព្រះគម្ពីរកំណើតពិភពលោក

កាលពីដើមដំបូងបង្អស់ ព្រះជាម្ចាស់បង្កើតមនុស្សជារូបតំណាងរបស់ព្រះអង្គ ហើយព្រះអង្គមានព្រះ‌បន្ទូលថា៖ «បើមនុស្សប្រុសនៅតែឯងដូច្នេះមិនស្រួលទេ។ យើងនឹងបង្កើតម្នាក់ទៀតឱ្យ ជួយ និងបានជាគ្នា»។ ព្រះ‌ជា‌អម្ចាស់បានយកដីមកសូនធ្វើជាសត្វស្រុកគ្រប់យ៉ាង និងធ្វើជាបក្សា‌បក្សីគ្រប់យ៉ាងដែលហើរនៅលើអាកាស រួចព្រះ‌អង្គនាំសត្វទាំងនោះមកឱ្យមនុស្ស ព្រោះព្រះ‌អង្គចង់ជ្រាបថា គេនឹងដាក់ឈ្មោះឱ្យវាយ៉ាងណា។ ដូច្នេះ សត្វទាំងអស់មានឈ្មោះតាមដែលមនុស្សដាក់ឱ្យ។ មនុស្សបានដាក់ឈ្មោះឱ្យសត្វស្រុកទាំងអស់ ឱ្យបក្សា‌បក្សីដែលហើរនៅលើមេឃ និងឱ្យសត្វព្រៃទាំងប៉ុន្មានដែរ ប៉ុន្តែ គាត់ពុំឃើញមានសត្វណាមួយដែលអាចជួយ និងយកមកធ្វើជាគ្នាបានឡើយ។ ដូច្នេះ ព្រះ‌ជា‌អម្ចាស់បានធ្វើឱ្យមនុស្សដេកលង់‌លក់បាត់ស្មារតី។ ព្រះ‌អង្គយកឆ្អឹងជំនីរមួយរបស់គាត់ចេញមក រួចភ្ជិតសាច់ទៅវិញ។ ព្រះ‌ជា‌អម្ចាស់យកឆ្អឹងជំនីរដែលព្រះ‌អង្គបានហូតចេញពីមនុស្សមកធ្វើជាស្ត្រី រួចព្រះ‌អង្គនាំនាងមកជួបគាត់។ បុរសក៏ពោលឡើងថា៖ «លើកនេះពិតជាឆ្អឹងដែលកើតចេញមកពីឆ្អឹងអញ ជាសាច់ដែលកើតចេញមកពីសាច់អញ ត្រូវហៅនាងថា “ស្ត្រី” ព្រោះនាងបានកើតចេញពីបុរសមក»។

ហេតុនេះ បុរសចាកចេញពីឪពុក‌ម្តាយទៅរួមរស់ជាមួយភរិយារបស់ខ្លួន ហើយអ្នកទាំងពីរត្រឡប់ទៅជារូបកាយតែមួយ។

*២៣៧- កណ ២៤,៤៨-៥១.៥៨-៦៧

សូមថ្លែងព្រះគម្ពីរកំណើតពិភពលោក

អ្នកបម្រើរបស់លោកអប្រា‌ហាំមានប្រសាសន៍ទៅកាន់លោកឡាបាន់ថា៖ «ខ្ញុំក៏លុតជង្គង់ថ្វាយ‌បង្គំព្រះ‌អម្ចាស់ ហើយអរព្រះ‌គុណព្រះ‌អម្ចាស់ជាព្រះរបស់លោក អប្រាហាំជាម្ចាស់ខ្ញុំ ដែលព្រះ‌អង្គបានដឹកនាំខ្ញុំ ដោយព្រះ‌ហប្ញទ័យស្មោះ‌ត្រង់ ឱ្យខ្ញុំបានមកដណ្ដឹងក្មួយស្រីរបស់លោកយកទៅធ្វើជាភរិយាឱ្យកូនប្រុសរបស់លោក។ ឥឡូវនេះ ប្រសិនបើអស់លោកចង់សម្ដែងចិត្តសន្តោសមេត្តា និងចិត្តស្មោះ‌ត្រង់ចំពោះម្ចាស់របស់ខ្ញុំ សូមមានប្រសាសន៍មក ដើម្បីឱ្យខ្ញុំអាចគិត‌គូរទៅតាមនោះផង»។ លោកឡាបាន់ និងលោកបេទូ‌អែលតបទៅវិញថា៖ «ហេតុ‌ការណ៍នេះ កើតមកពីព្រះ‌អម្ចាស់ដូច្នេះ យើងខ្ញុំពុំអាចប្រាប់លោកថា យើងយល់ព្រម ឬជំទាស់ឡើយ។ នាងរេបេកានៅមុខលោកស្រាប់ហើយ សូមទទួលនាងយកទៅចុះ ឱ្យនាងបានទៅជាភរិយារបស់កូនប្រុសម្ចាស់លោក ដូចព្រះ‌អម្ចាស់មានព្រះ‌បន្ទូល»។

គេក៏ហៅនាងរេបេកាមកសួរថា៖ «តើកូនយល់ព្រមទៅជាមួយលោកឬទេ?»។ នាងឆ្លើយថា៖ «ចា៎ស ព្រម!»។ គេក៏អនុញ្ញាតឱ្យនាងរេបេកាជាប្អូន និងមេដោះរបស់នាងចាកចេញទៅជាមួយអ្នកបម្រើរបស់លោកអប្រា‌ហាំ និងអស់អ្នកដែលមកជាមួយគាត់។ ក្រុមគ្រួសារបានឱ្យពរនាងរេបេកាថា៖ «ប្អូនរេបេកាអើយ សូមឱ្យនាងបានទៅជាម្តាយរបស់មនុស្សរាប់លានរាប់កោដិនាក់ សូមឱ្យ ពូជ‌ពង្សនាងគ្រប់‌គ្រងលើពួកខ្មាំងសត្រូវរបស់នាង»។ រេបេកាក្រោកឡើងជាមួយពួកស្រីបម្រើរបស់នាង ឡើងជិះអូដ្ឋទៅតាមបុរសនោះ រួចហើយអ្នកបម្រើក៏នាំនាងរេបេកាចេញទៅ។

នៅគ្រានោះ អ៊ីសាកបានចាកចេញពីអណ្ដូងទឹកឡាហាយ‌រ៉ូហ៊ីហើយ។ គាត់រស់នៅតាមតំបន់វាលរហោ‌ស្ថានណេកិប។ ល្ងាចមួយ គាត់ដើរចេញទៅសញ្ជឹងគិតនៅតាមវាល ហើយគាត់ក្រឡេកមើលទៅឃើញក្បួនអូដ្ឋមកដល់។ រីឯនាងរេបេកាវិញ នាងក៏ក្រឡេកមើលមកដែរ។ ពេលនាងឃើញអ៊ីសាក នាងលោតចុះពីខ្នងអូដ្ឋ សួរអ្នកបម្រើថា៖ «អ្នកដែលឈរនៅតាមវាល ហើយកំពុង តែដើរមករកយើងនោះជានរណា?» អ្នកបម្រើតបថា៖ «គឺលោកហើយដែលជាម្ចាស់របស់ខ្ញុំ»។ នាងក៏យកស្បៃមកគ្របមុខ។ អ្នកបម្រើក៏រៀបរាប់ប្រាប់លោកអ៊ីសាក នូវកិច្ច‌ការទាំងប៉ុន្មានដែលគាត់បានធ្វើ។ លោកអ៊ីសាកនាំនាងរេបេកាចូលទៅក្នុងជំរំដែលលោកស្រីសារ៉ា ជាម្តាយធ្លាប់នៅកាលពីមុន។ គាត់បានយកនាងធ្វើជាភរិយា គាត់ស្រឡាញ់ថ្នាក់‌ថ្នមនាង ហើយនាងក៏ធ្វើឱ្យគាត់បានធូរស្បើយពីទុក្ខ ក្រោយពីម្តាយស្លាប់។

*២៣៨- តប ៧,៦-១៤

សូមថ្លែងព្រះគម្ពីរលោកតូប៊ីត

លោករ៉ាគូអែល និងលោកតូប៊ីយ៉ា បានចូលក្នុងផ្ទះរបស់លោករ៉ាគូអែល។ លោករ៉ាគូ‌អែលក្រោកឈរឡើង ស្ទុះទៅឱប‌ថើបតូប៊ី‌យ៉ា ហើយសម្រក់ទឹកភ្នែក។ បន្ទាប់មក លោកពោលថា៖ សូមព្រះ‌ជាម្ចាស់ប្រទាន‌ពរដល់កូន! កូនមានឪពុកដ៏ល្អប្រសើរ! គួរឱ្យស្ដាយណាស់ មនុស្សសុចរិតដូចគាត់ ជាអ្នកដែលធ្វើបុណ្យទានយ៉ាងច្រើន បែរជាក្លាយខ្លួនជាមនុស្សខ្វាក់ដូច្នេះ ហើយគាត់ ឱបតូប៊ី‌យ៉ា រួចយំ។ នាងអេដ‌ណា ជាភរិយាក៏យំអាណិតលោកតូប៊ីត រីឯនាងសារ៉ាជាកូនរបស់លោកក៏យំដែរ។ ក្រោយមក លោករ៉ាគូ‌អែលសម្លាប់ចៀមឈ្មោលមួយ ដើម្បីធ្វើម្ហូបទទួលអ្នកទាំងពីរយ៉ាងរាក់ទាក់។ កាលអ្នកទាំងពីរងូតទឹក និងធ្វើពិធីជម្រះកាយរួច ពួកគេអង្គុយរួមតុជាមួយគ្នា។ លោកតូប៊ី‌យ៉ាប្រាប់ទេវទូតរ៉ាផា‌អែលថា៖ «បងអសារី‌យ៉ា! សូមស្ដីដណ្ដឹងនាងសារ៉ាជាសាច់ញាតិខ្ញុំ ពីលោករ៉ាគូ‌អែលមក!»។ លោករ៉ាគូ‌អែលឮពាក្យនេះហើយ ប្រាប់យុវជនតូប៊ី‌យ៉ាថា៖ «អញ្ជើញពិសាសាច់ និងស្រា! ចូរសប្បាយក្នុងរាត្រីនេះ ព្រោះមានតែក្មួយឯងទេដែលអាចរៀបការជាមួយសារ៉ាកូនស្រីអ៊ំបាន! ក្រៅពីក្មួយ គ្មាននរណាមានសិទ្ធិដណ្ដឹងនាងបានឡើយ! សូម្បីតែអ៊ំ ក៏អ៊ំគ្មានសិទ្ធិលើកនាងឱ្យនរណាផ្សេងក្រៅពីក្មួយដែរ ព្រោះក្មួយជាសាច់ញាតិជិតជាងគេ។ ប៉ុន្តែ អ៊ំត្រូវតែប្រាប់ពីសេចក្ដីពិតសព្វគ្រប់ឱ្យក្មួយបានដឹង។ អ៊ំបានលើកកូនស្រីអ៊ំឱ្យទៅជនជាតិអ៊ីស្រា‌អែលចំនួនប្រាំពីរនាក់រួចទៅហើយ ប៉ុន្តែ បុរសទាំងនោះបាត់បង់ជីវិតនៅពេលយប់ ដែលគេបម្រុងនឹងរួមបវេណីជាមួយនាង។ ឥឡូវនេះ ចូរក្មួយបរិភោគសាច់ និងស្រាទាំងនេះទៅ! ព្រះ‌អម្ចាស់មុខជាជួយកូនទាំងពីរមិនខាន»។ លោកតូប៊ី‌យ៉ាតបថា៖ «ក្មួយមិនព្រមទទួលទានសាច់ និងស្រានៅទីនេះ មុនពេលលោកអ៊ំសម្រេចរឿងនេះឡើយ!»។ លោករ៉ាគូ‌អែលមានប្រសាសន៍ថា៖ «យល់ព្រម! អ៊ំនឹងសម្រេច។ នាងជាភរិយារបស់ក្មួយ ស្របតាមគម្ពីរ‌វិន័យរបស់លោកម៉ូសេ គឺព្រះ‌ជាម្ចាស់បានសម្រេចលើកនាងឱ្យក្មួយ។ ដូច្នេះ ចូរក្មួយទទួលនាងធ្វើជាភរិយាចុះ។ តាំងពីពេលនេះតទៅ ក្មួយជាស្វាមីរបស់នាង ហើយនាងក៏ជាភរិយារបស់ក្មួយ។ ព្រះ‌ជាម្ចាស់ប្រទាននាងឱ្យក្មួយ ចាប់តាំងពីពេលនេះរហូតតរៀងទៅ។ ព្រះ‌ជាម្ចាស់នៃស្ថាន‌បរមសុខ នឹងប្រោសឱ្យកូនទាំងពីរបានសុខស្រួលក្នុងយប់នេះ សូមព្រះ‌អង្គអាណិត‌មេត្តា និងប្រទានសេចក្ដីសុខសាន្ត ដល់កូនទាំងពីរ»។ លោករ៉ាគូ‌អែលហៅនាងសារ៉ាជាកូនមក។ កាលនាងមកដល់ លោករ៉ាគូ‌អែលចាប់ដៃកូនស្រី នាំទៅរកលោកតូប៊ី‌យ៉ា ទាំងពោលថា៖ «ចូរក្មួយទទួលនាងធ្វើជាភរិយា ដើម្បីឱ្យស្របតាមធម្ម‌វិន័យ និងស្របតាមសេចក្ដីសម្រេច ដែលចែងទុកក្នុងគម្ពីររបស់លោកម៉ូសេចុះ។ ចូរទទួលនាង ហើយនាំយកនាងទៅផ្ទះឪពុករបស់ក្មួយឱ្យបានសេចក្ដីសុខសាន្តចុះ។ សូមព្រះនៃស្ថាន‌បរមសុខ ដឹក‌នាំកូនទាំងពីរឱ្យប្រកបដោយសេចក្ដីសុខសាន្ត»។

បន្ទាប់មក លោកហៅម្ដាយរបស់នាងសារ៉ា ហើយឱ្យយកក្រដាស និងស្លាបប៉ាកាមកសរសេរ។ គាត់ធ្វើលិខិតចុះកិច្ច‌សន្យាអាពាហ៍‌ពិពាហ៍ ដើម្បីបញ្ជាក់ថា គាត់ពិតជាលើកកូនស្រីរបស់គាត់ ឈ្មោះនាងសារ៉ា ឱ្យធ្វើជាភរិយារបស់លោកតូប៊ី‌យ៉ា ស្របតាមក្រឹត្យដែលមានចែងក្នុងវិន័យរបស់លោកម៉ូសេ ចាប់ពីពេលនេះតទៅ។ បន្ទាប់មក ទើបពួកគេចាប់ផ្ដើមបរិភោគអាហារ និងស្រា។

*២៣៩- តប ៨,៤-៨

សូមថ្លែងព្រះគម្ពីរលោកតូប៊ីត

នៅយប់ថ្ងៃមង្គលការរបស់លោកតូប៊ី‌យ៉ា លោកចុះពីគ្រែ ហើយពោលទៅកាន់នាងសារ៉ាថា៖ «ចូរក្រោកឡើងអូនអើយ! យើងនាំគ្នាអធិដ្ឋាន ទូលអង្វរព្រះ‌អម្ចាស់នៃយើង សូមព្រះ‌អង្គអាណិតមេត្តា និងសង្គ្រោះយើងផង!»។ នាងក្រោកឡើង ហើយអ្នកទាំងពីរនាំគ្នាអធិដ្ឋានទូលអង្វរព្រះ‌ជាម្ចាស់ សូមព្រះ‌អង្គសង្គ្រោះពួកគេ។ លោកតូប៊ី‌យ៉ាទូលអង្វរថា៖ «បពិត្រព្រះ‌ជាម្ចាស់នៃបុព្វ‌បុរសរបស់យើងខ្ញុំ! យើងខ្ញុំសូមលើកតម្កើងព្រះ‌អង្គ! សូមឱ្យមនុស្សគ្រប់ជំនាន់ក្រោយៗទៀតនាំគ្នាលើកតម្កើងព្រះ‌នាមរបស់ព្រះ‌អង្គជាដរាបតរៀងទៅ។ សូមឱ្យផ្ទៃមេឃ និងអ្វីៗសព្វសារពើនៅលើផែនដីនេះ នាំគ្នាលើកតម្កើងព្រះ‌អង្គ អស់កល្បជាអង្វែងតរៀងទៅ! ព្រះ‌អង្គបានបង្កើតលោកអដាំ ហើយព្រះ‌អង្គក៏បានបង្កើតនាងអេវ៉ាជាភរិយាឱ្យជួយ និងបានជាគ្នា គឺអ្នកទាំងពីរនេះហើយដែលផ្ដល់កំណើតឱ្យមនុស្សជាតិ។ ព្រះ‌អង្គមានព្រះ‌បន្ទូលថា៖ «បើមនុស្សប្រុសនៅតែឯងដូច្នេះមិនស្រួលទេ! យើងនឹងបង្កើតម្នាក់ទៀតឱ្យជួយ និងបានជាគ្នា»។ បពិត្រព្រះ‌អម្ចាស់ ឥឡូវនេះ ខ្ញុំរៀបការជាមួយនាង មិន‌មែនមានបំណងបំពេញតណ្ហាទេ គឺដើម្បីឱ្យស្របតាមធម្ម‌វិន័យ! ហេតុនេះ សូមព្រះ‌អង្គព្រះ‌មេត្តាអាណិត‌អាសូរដល់យើងខ្ញុំទាំងពីរនាក់! សូមឱ្យយើងខ្ញុំទាំងពីរនាក់នេះ បានរស់នៅជាមួយគ្នា រហូតដល់ចាស់ជរារៀងៗខ្លួនផង!»។ បន្ទាប់មក អ្នកទាំងពីរឆ្លើយព្រមគ្នាថា៖ «អាម៉ែន! អាម៉ែន!»។

*២៤០- សុភ ៣១,១០-១៣.១៩-២០.៣០-៣១

សូមថ្លែងព្រះគម្ពីរសុភាសិត

ស្ត្រីគ្រប់លក្ខណ៍កម្ររកបានណាស់ នាងមានតម្លៃលើសពេជ្រទៅទៀត។ ស្វាមីទុកចិត្តលើនាង នាងតែង‌តែធ្វើឱ្យស្វាមីចម្រុងចម្រើន។ នាងតែង‌តែផ្តល់សុភមង្គលឱ្យស្វាមីអស់មួយជីវិត គឺនាងមិនធ្វើឱ្យស្វាមីជួបអពមង្គលឡើយ។ នាងខិត‌ខំរកអំបោះ និងសូត្រមកត្បាញរវៃយ៉ាងស្វាហាប់។ នាងកាន់ខ្នាររវៃអំបោះ រួចនាងបោះត្រល់ត្បាញ។ នាងចែកទានដល់ជនក្រីក្រ ហើយជួយជនទុរគត។

រូបឆោមលោមពណ៌រមែងបញ្ឆោតចិត្ត រីឯសម្រស់ល្អស្អាតមិននៅស្ថិត‌ស្ថេររហូតទេ មានតែស្ត្រីគោរពកោតខ្លាចព្រះ‌អម្ចាស់ប៉ុណ្ណោះ ដែលគួរកោតសរសើរ។ នាងត្រូវតែទទួលផលពីកិច្ច‌ការដែលនាងធ្វើ ហើយទទួលការកោតសរសើរពីមនុស្សទាំងអស់ក្នុងទី‌ក្រុង។

២៤១- បច ២,៨-១០.១៤.១៦;៨,៦-៧

សូមថ្លែងព្រះគម្ពីរបទចម្រៀងរបស់ព្រះបាទសាឡូម៉ូន

ខ្ញុំឮសំនៀងម្ចាស់ជីវិតរបស់ខ្ញុំគាត់កំពុងតែមក ទាំងលោតផ្លោះនៅលើភ្នំតូចធំ។ ម្ចាស់ជីវិតរបស់ខ្ញុំរត់លឿនដូចក្តាន់ ឬប្រើសស្ទាវ មើល៍ គាត់ឈរនៅខាងក្រៅផ្ទះ គាត់អើតតាមបង្អួច ហើយពិនិត្យមើលតាមចម្រឹង។ ម្ចាស់ជីវិតរបស់ខ្ញុំបន្លឺសំឡេងមកខ្ញុំថា៖ «អូនសម្លាញ់មាសបងអើយ ចូរក្រោកឡើង ស្រីស្រស់ស្អាតអើយ ចូរចេញមក!។ ព្រលឹងមាសបង ប្រៀបដូចជាព្រាបលាក់ខ្លួននៅតាមក្រហែងថ្ម សូមបង្ហាញមុខឱ្យបងឃើញផង សូមបន្លឺសំឡេងឱ្យបងឮផង ដ្បិតសំឡេងរបស់អូនពីរោះ ហើយមុខរបស់អូនស្អាតណាស់»។ ម្ចាស់ចិត្តរបស់ខ្ញុំ ជាគូស្នេហ៍របស់ខ្ញុំ ហើយខ្ញុំក៏ជាគូស្នេហ៍របស់គាត់ដែរ គាត់ឃ្វាលហ្វូងសត្វនៅតាមដើមក្រវាន់។

សូមចារឹករូបអូនក្នុងដួងចិត្តរបស់បង ដើម្បីកុំឱ្យភ្លេចឡើយ ដ្បិតសេចក្ដីស្រឡាញ់មានកម្លាំងដូចសេចក្ដីស្លាប់ សេចក្ដីស្នេហាប្រៀបដូចស្ថានមនុស្សស្លាប់ សេចក្ដីស្នេហានេះឆាប‌ឆេះដូចភ្លើងរបស់ព្រះ‌អម្ចាស់។ មហាសាគរពុំអាចពន្លត់ភ្លើងនៃសេចក្ដីស្នេហាបានឡើយ រីឯទន្លេទាំងប៉ុន្មាន ក៏ពុំអាចពន្លិចសេចក្ដីស្នេហាបានដែរ។

*២៤២- បសរ ២៦,១-៤.១៣-១៦

សូមថ្លែងព្រះគម្ពីរលោកបេនស៊ីរ៉ាក់

ស្វាមីមានភរិយាចិត្តល្អ ពិតជាមានសុភមង្គល និងមានអាយុវែងមួយទ្វេជាពីរ។ ភរិយាក្លាហាន តែងតែធ្វើឱ្យស្វាមីមានអំណរសប្បាយ និងស្គាល់តែសេចក្តី‌សុខអស់មួយជីវិត។ ស្វាមីដែលមានភរិយាចិត្តល្អ ពិតជាមានសំណាង ព្រោះជាអំណោយទានដែលព្រះ‌អម្ចាស់ប្រទានឱ្យអ្នកគោរពកោតខ្លាចព្រះ‌អង្គ។ ទោះបីជាគេក្រក្តី មានក្តី ក៏គេនៅតែមានចិត្តសប្បាយ មានទឹកមុខរីករាយគ្រប់ពេលវេលា។

សម្រស់របស់ភរិយា ធ្វើឱ្យស្វាមីមានអំណរ រីឯស្រ្តីប៉ិនប្រសប់ រមែងធ្វើឱ្យប្តីបានចម្រុងចម្រើន។ ភរិយាមិនចេះមាត់ក ជាអំណោយទានរបស់ព្រះ‌អម្ចាស់ រីឯភរិយាដែលបានទទួលការអប់រំល្អ ក៏មានតម្លៃលើសលប់រកអ្វីមកប្រៀបផ្ទឹមស្មើពុំបានទ្បើយ។ ភរិយាចេះអៀនខ្មាស ជាសម្រស់ដ៏ល្អលើសលប់បំផុត។ ភរិយាមានកិរិយាមារយាទបរិសុទ្ធ មានតម្លៃលើសអ្វីៗទាំងអស់។ នៅក្នុងផ្ទះដែលតុបតែងយ៉ាងស្អាត សម្ផស្សរបស់ភរិយាគ្រប់លក្ខណ៍ ប្រៀបបីដូចជាព្រះ‌អាទិត្យរះទ្បើងលើមេឃដ៏ខ្ពស់។

២៤៣- យរ ៣១,៣១-៣២.៣៣-៣៤

សូមថ្លែងព្រះគម្ពីរព្យាការីយេរេមី

ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា៖ «នៅគ្រាខាងមុខ យើងនឹងចងសម្ពន្ធ‌មេត្រីថ្មីជាមួយប្រជាជនអ៊ីស្រា‌អែល និងប្រជាជនយូដា។ សម្ពន្ធ‌មេត្រីថ្មីនេះ មិនដូចសម្ពន្ធ‌មេត្រីដែលយើងបានចងជាមួយបុព្វ‌បុរសរបស់ពួកគេ នៅគ្រាដែលយើងដឹកដៃបុព្វ‌បុរសនោះនាំចេញពីស្រុកអេស៊ីបទេ។ ទោះបីយើងជាម្ចាស់របស់ពួកគេក្តី ក៏ពួកគេផ្ដាច់សម្ពន្ធ‌មេត្រីរបស់យើងដែរ។ សម្ពន្ធ‌មេត្រីថ្មីដែលយើងនឹងចងជាមួយប្រជាជនអ៊ីស្រា‌អែលនៅពេលខាងមុខ មានដូចតទៅ៖ «យើងនឹងដាក់វិន័យរបស់យើងនៅក្នុង ជម្រៅចិត្តរបស់ពួកគេ យើងនឹងចារវិន័យនោះក្នុងចិត្តគំនិតរបស់ពួកគេ យើងនឹងធ្វើជាព្រះរបស់ពួកគេ ពួកគេធ្វើជាប្រជា‌រាស្ដ្ររបស់យើង។ គេនឹងលែងបង្រៀនជនរួមជាតិរបស់ខ្លួន គេក៏លែងនិយាយប្រាប់បង‌ប្អូនរបស់ខ្លួនថា “ត្រូវតែស្គាល់ព្រះ‌អម្ចាស់” ទៀតហើយ ព្រោះតាំងពីអ្នកតូចបំផុតរហូតដល់អ្នកធំបំផុត គេនឹងស្គាល់យើងគ្រប់ៗគ្នា។ យើងអត់‌ឱនឱ្យគេចំពោះអំពើទុច្ចរិតដែលគេបានប្រព្រឹត្ត ហើយយើងក៏លែងនឹកនាពីអំពើបាបរបស់គេទៀតដែរ»។

២៤៤- រ៉ូម ៨,៣១-៣៥.៣៧-៣៩

សូមថ្លែងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម

បងប្អូនជាទីស្រឡាញ់! ប្រសិនបើព្រះ‌ជាម្ចាស់កាន់ខាងយើងហើយ តើនរណាអាចនឹងចោទប្រកាន់យើងបាន? ព្រះ‌អង្គពុំបានទុកព្រះ‌បុត្រារបស់ព្រះ‌អង្គផ្ទាល់ទេ គឺព្រះ‌អង្គបានបញ្ជូនព្រះ‌បុត្រានោះមកសម្រាប់យើងទាំងអស់គ្នា បើដូច្នេះ ព្រះ‌អង្គមុខជាប្រណី‌សន្ដោសប្រទានអ្វីៗទាំងអស់មកយើង រួមជាមួយព្រះ‌បុត្រានោះដែរ។ តើនរណាអាចចោទប្រកាន់អស់អ្នកដែលព្រះ‌ជាម្ចាស់បានជ្រើស‌រើស បើព្រះ‌អង្គប្រោសគេឱ្យសុចរិតហើយនោះ? តើនរណាអាចដាក់ទោសគេបាន បើព្រះ‌គ្រីស្ដ‌យេស៊ូបានសោយទិវង្គត ហើយជាពិសេសព្រះ‌អង្គមានព្រះ‌ជន្មរស់ឡើងវិញ គង់នៅខាងស្ដាំព្រះ‌បិតា និងទូល‌អង្វរឱ្យយើងដូច្នេះ? តើនរណាអាចបំបែកយើងចេញពីព្រះ‌ហឫទ័យស្រឡាញ់របស់ព្រះ‌គ្រីស្ដបាន? ទុក្ខវេទនា ឬការតប់‌ប្រមល់ អន្ទះ‌អន្ទែង ការបៀត‌បៀន ការស្រេកឃ្លាន ខ្វះសម្លៀក‌បំពាក់ គ្រោះថ្នាក់ ឬមួយត្រូវគេសម្លាប់? ប៉ុន្តែ ក្នុងការទាំងនោះ យើងមានជ័យ‌ជម្នះលើសពីអ្នកមានជ័យ‌ជម្នះទៅទៀត ដោយព្រះ‌អម្ចាស់ដែលបានស្រឡាញ់យើង។ ខ្ញុំជឿជាក់ថា ទោះបីសេចក្ដីស្លាប់ក្តី ជីវិតក្តី ទេវទូតក្តី វត្ថុស័ក្តិ‌សិទ្ធិនានាក្តី បច្ចុប្បន្ន‌កាលក្តី អនាគត‌កាលក្តី អំណាចនានាក្តី អ្វីៗដែលនៅស្ថានលើក្តី នៅស្ថានក្រោមក្តី ឬអ្វីៗផ្សេងទៀតដែលព្រះ‌ជាម្ចាស់បង្កើតមកក្តី ក៏ពុំអាចបំបែកយើងចេញពីសេចក្ដីស្រឡាញ់របស់ព្រះ‌ជាម្ចាស់ ដែលព្រះ‌អង្គបានសម្ដែងឱ្យយើងឃើញក្នុងព្រះ‌គ្រីស្ដ‌យេស៊ូជាអម្ចាស់នៃយើងបានឡើយ។

២៤៥– អត្ថបទវែង រ៉ូម ១២,១-២.៩-១៨

សូមថ្លែងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម

បងប្អូនជាទីស្រឡាញ់! ខ្ញុំសូមដាស់‌តឿនបង‌ប្អូនថា ដោយព្រះ‌ជាម្ចាស់មានព្រះ‌ហឫទ័យអាណិត‌អាសូរបង‌ប្អូន ចូរថ្វាយខ្លួនទៅព្រះ‌អង្គទុកជាយញ្ញ‌បូជាដ៏មានជីវិតដ៏‌វិសុទ្ធ ហើយជាទីគាប់ព្រះ‌ហឫទ័យរបស់ព្រះ‌ជាម្ចាស់។ បើបង‌ប្អូនធ្វើដូច្នេះ ទើបហៅថា គោរពបម្រើព្រះ‌អង្គតាមរបៀបត្រឹមត្រូវមែន។ មិនត្រូវយកតម្រាប់តាមលោកីយ៍នេះឡើយ ត្រូវទុកឱ្យព្រះ‌ជាម្ចាស់កែប្រែចិត្តគំនិតបង‌ប្អូនឱ្យទៅជាថ្មីទាំងស្រុងវិញ ដើម្បីឱ្យបង‌ប្អូនចេះពិចារណាមើលថា ព្រះ‌ជាម្ចាស់សព្វព្រះ‌ហឫទ័យនឹងអ្វីខ្លះ គឺអ្វីដែលល្អ ដែលគាប់ព្រះ‌ហឫទ័យព្រះ‌អង្គ និងគ្រប់លក្ខណៈ។

ចូរមានចិត្តស្រឡាញ់ ដោយឥតលាក់ពុតឡើយ។ ចូរស្អប់ខ្ពើមអ្វីៗដែលអាក្រក់ ហើយជាប់ចិត្តតែនឹងអ្វីៗដែលល្អវិញ។ ចូរស្រឡាញ់រាប់អានគ្នាទៅវិញទៅមក ទុកដូចជាបង‌ប្អូនបង្កើត។ ត្រូវលើកកិត្តិយសគ្នាទៅវិញទៅមកដោយចិត្តគោរព។ ត្រូវឧស្សាហ៍ខ្នះ‌ខ្នែង កុំខ្ជិលច្រអូសឡើយ។ ត្រូវបម្រើព្រះ‌អម្ចាស់ដោយចិត្តក្លៀវ‌ក្លា។ ចូរសប្បាយរីក‌រាយដោយចិត្តសង្ឃឹម។ ចូរកាន់ចិត្តអត់‌ ធ្មត់ក្នុងពេលមានទុក្ខលំបាក។ ចូរព្យាយាមអធិដ្ឋាន។ ត្រូវជួយទំនុកបម្រុងប្រជាជនដ៏‌វិសុទ្ធដែលខ្វះខាត ព្រមទាំងទទួលភ្ញៀវដោយរាក់‌ទាក់ផង។

ត្រូវជូនពរអស់អ្នកដែលបៀត‌បៀនបង‌ប្អូន ត្រូវជូនពរគេ កុំដាក់បណ្ដាសាគេឡើយ។ ចូរអរសប្បាយជាមួយអស់អ្នកដែលអរសប្បាយ ចូរយំសោកជាមួយអស់អ្នកដែលយំសោក។ ត្រូវមានចិត្តគំនិតចុះសំរុងគ្នាទៅវិញទៅមក។ មិនត្រូវមានគំនិតលើកខ្លួនឡើយ តែត្រូវចាប់ចិត្តនឹងអ្វីៗដែលទន់‌ទាបវិញ។ មិនត្រូវអួតខ្លួនថាជាអ្នកមានប្រាជ្ញាឡើយ។ កុំប្រព្រឹត្តអំពើអាក្រក់តបនឹងអំពើអាក្រក់ ត្រូវគិតតែពីប្រព្រឹត្តអំពើល្អនៅចំពោះមុខមនុស្សទាំងអស់វិញ។ ផ្នែកឯខាងបង‌ប្អូន ប្រសិនបើបង‌ប្អូនអាចធ្វើបាន ត្រូវរស់នៅដោយសុខ‌សាន្តជាមួយមនុស្សទាំងអស់ទៅ។

សូមថ្លែងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម

បងប្អូនជាទីស្រឡាញ់! ខ្ញុំសូមដាស់‌តឿនបង‌ប្អូនថា ដោយព្រះ‌ជាម្ចាស់មានព្រះ‌ហឫទ័យអាណិត‌អាសូរបង‌ប្អូន ចូរថ្វាយខ្លួនទៅព្រះ‌អង្គ ទុកជាយញ្ញ‌បូជាដ៏មានជីវិតដ៏‌វិសុទ្ធ ហើយជាទីគាប់ព្រះ‌ហឫទ័យរបស់ព្រះ‌ជាម្ចាស់។ បើបង‌ប្អូនធ្វើដូច្នេះ ទើបហៅថាគោរពបម្រើព្រះ‌អង្គតាមរបៀបត្រឹមត្រូវមែន។ មិនត្រូវយកតម្រាប់តាមលោកីយ៍នេះឡើយ ត្រូវទុកឱ្យព្រះ‌ជាម្ចាស់កែប្រែចិត្តគំនិតបង‌ប្អូនឱ្យទៅជាថ្មីទាំងស្រុងវិញ ដើម្បីឱ្យបង‌ប្អូនចេះពិចារណាមើលថា ព្រះ‌ជាម្ចាស់សព្វព្រះ‌ហឫទ័យនឹងអ្វីខ្លះ គឺអ្វីដែលល្អ ដែលគាប់ព្រះ‌ហឫទ័យព្រះ‌អង្គ និងគ្រប់លក្ខណៈ។

ចូរមានចិត្តស្រឡាញ់ ដោយឥតលាក់ពុតឡើយ។ ចូរស្អប់ខ្ពើមអ្វីៗដែលអាក្រក់ ហើយជាប់ចិត្តតែនឹងអ្វីៗដែលល្អវិញ។ ចូរស្រឡាញ់រាប់អានគ្នាទៅវិញទៅមកទុកដូចជាបង‌ប្អូនបង្កើត។ ត្រូវលើកកិត្តិយសគ្នាទៅវិញទៅមកដោយចិត្តគោរព។ ត្រូវឧស្សាហ៍ខ្នះ‌ខ្នែង កុំខ្ជិលច្រអូសឡើយ។ ត្រូវបម្រើព្រះ‌អម្ចាស់ដោយចិត្តក្លៀវ‌ក្លា។ ចូរសប្បាយរីក‌រាយដោយចិត្តសង្ឃឹម។ ចូរកាន់ចិត្ត អត់‌ធ្មត់ក្នុងពេលមានទុក្ខលំបាក។ ចូរព្យាយាមអធិដ្ឋាន។ ត្រូវជួយទំនុកបម្រុងប្រជាជនដ៏‌វិសុទ្ធដែលខ្វះខាត ព្រមទាំងទទួលភ្ញៀវដោយរាក់‌ទាក់ផង។

២៤៦- រ៉ូម ១៥,១-៣.៥-៧.១៣

សូមថ្លែងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម

បងប្អូនជាទីស្រឡាញ់! ចំពោះយើងដែលមានជំនឿមាំ‌មួន យើងមានភារ‌កិច្ចជួយអ្នកដែលមានជំនឿទន់ខ្សោយ គឺមិនត្រូវធ្វើអ្វីតាមតែខ្លួនឯងពេញចិត្តនោះឡើយ។ យើងម្នាក់ៗតោងតែខំធ្វើឱ្យអ្នកដទៃពេញចិត្ត ដើម្បីជាប្រយោជន៍ល្អដល់គេ និងជួយគេឱ្យចម្រើនឡើង ដ្បិតព្រះ‌គ្រីស្ដពុំបានស្វែងរកអ្វីដែលធ្វើឱ្យគាប់ព្រះ‌ហឫទ័យរបស់ព្រះ‌អង្គផ្ទាល់នោះឡើយ។

សូមព្រះ‌ជាម្ចាស់ដែលជួយសម្រាលទុក្ខ និងជួយឱ្យចេះស៊ូ‌ទ្រាំ ប្រោសប្រទានឱ្យបង‌ប្អូនរួមគ្នាមានចិត្តគំនិតតែមួយ ស្របតាមព្រះ‌គ្រីស្ដ‌យេស៊ូ ដើម្បីឱ្យបង‌ប្អូនមានចិត្តថ្លើមតែមួយ មានសំឡេងតែមួយ លើកតម្កើងសិរី‌រុងរឿងព្រះ‌ជាម្ចាស់ ជាព្រះ‌បិតារបស់ព្រះ‌យេស៊ូ‌គ្រីស្ដ ជាអម្ចាស់នៃយើង។ ដូច្នេះ ត្រូវទទួលគ្នាទៅវិញទៅមកដោយរាក់‌ទាក់ ឱ្យបានដូចព្រះ‌គ្រីស្ដទទួលបង‌ប្អូនដែរ ដើម្បីលើកតម្កើងសិរី‌រុងរឿងរបស់ព្រះ‌ជាម្ចាស់។

សូមព្រះ‌ជាម្ចាស់ជាប្រភពនៃសេចក្ដីសង្ឃឹម ប្រោសបង‌ប្អូនដែលមានជំនឿ ឱ្យបានពោរ‌ពេញដោយអំណរ និងសេចក្ដីសុខ‌សាន្តគ្រប់ប្រការ ដើម្បីឱ្យបង‌ប្អូនមានសង្ឃឹមយ៉ាងបរិបូណ៌ហូរ‌ហៀរ ដោយឫទ្ធា‌នុភាពរបស់ព្រះ‌វិញ្ញាណដ៏‌វិសុទ្ធ។

២៤៧- ១ករ ៦,១៣-១៥.១៧-២០

សូមថ្លែងលិខិតទី១របស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទនៅក្រុងកូរិនថូស

បងប្អូនជាទីស្រឡាញ់! រូបកាយពុំមែនសម្រាប់ប្រព្រឹត្តអំពើប្រាសចាកសីល‌ធម៌ទេ គឺសម្រាប់ថ្វាយទៅព្រះ‌អម្ចាស់ ហើយព្រះ‌អង្គក៏ជាម្ចាស់លើរូបកាយដែរ។ ព្រះ‌ជាម្ចាស់ដែលបានប្រោសព្រះ‌យេស៊ូ‌ជា‌អម្ចាស់ឱ្យមានព្រះ‌ជន្មរស់ឡើងវិញ ព្រះ‌អង្គក៏នឹងប្រោសយើងឱ្យមានជីវិតរស់ឡើងវិញ ដោយ‌សារឫទ្ធា‌នុភាពរបស់ព្រះ‌អង្គដែរ។ បង‌ប្អូនមិនជ្រាបទេឬថា រូបកាយរបស់បង‌ប្អូន ជាសរីរាង្គនៃព្រះ‌កាយព្រះ‌គ្រីស្ត?

រីឯអ្នកដែលរួមរស់ជាមួយព្រះ‌អម្ចាស់ក៏មានវិញ្ញាណតែមួយរួមជាមួយព្រះ‌អង្គដែរ។ ចូរគេចឱ្យផុតពីអំពើប្រាសចាកសីល‌ធម៌។ អំពើបាបឯទៀតៗដែលមនុស្សប្រព្រឹត្ត ជាអំពើបាបមិនធ្វើឱ្យរូបកាយសៅ‌ហ្មងទេ។ ប៉ុន្តែ អ្នកណាប្រព្រឹត្តអំពើប្រាសចាកសីល‌ធម៌ អ្នកនោះប្រព្រឹត្តអំពើបាបដែលនាំឱ្យសៅ‌ហ្មងដល់រូបកាយរបស់ខ្លួន។ បង‌ប្អូនមិនជ្រាបទេឬថា រូបកាយរបស់បង‌ប្អូន ជាព្រះ‌វិហាររបស់ព្រះ‌វិញ្ញាណដ៏‌វិសុទ្ធដែលគង់នៅក្នុងបង‌ប្អូន ជាព្រះ‌វិញ្ញាណដែលបង‌ប្អូនបានទទួលពីព្រះ‌ជាម្ចាស់។ បង‌ប្អូនមិនមែនជាម្ចាស់លើខ្លួនឯងទៀតទេ ដ្បិតព្រះ‌អង្គបានបង់ថ្លៃយ៉ាងច្រើនលើស‌លប់ ដើម្បីលោះបង‌ប្អូន។ ហេតុនេះ ចូរប្រើរូបកាយរបស់បង‌ប្អូនដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះ‌ជាម្ចាស់។

២៤៨- ១ករ ១២,៣១-១៣,៨

សូមថ្លែងលិខិតទី១ របស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទនៅក្រុងកូរិនថូស

បងប្អូនជាទីស្រឡាញ់! ចូរប៉ង‌ប្រាថ្នាចង់បានព្រះ‌អំណោយទានណាដែលសំខាន់ៗជាងគេ។ ប៉ុន្តែ ខ្ញុំចង់បង្ហាញប្រាប់បង‌ប្អូនអំពីមាគ៌ាមួយទៀត ដែលប្រសើរលើសលប់ បំផុត។ ទោះបីខ្ញុំចេះនិយាយភាសារបស់មនុស្សលោក និងភាសារបស់ទេវទូតក្តី បើសិនជាខ្ញុំគ្មានសេចក្ដីស្រឡាញ់ទេ ខ្ញុំប្រៀបដូចជាសំឡេងគងដែលលាន់ឮឡើង ឬដូចជាស្គរដែលឮរំពងឡើងតែប៉ុណ្ណោះ។ ទោះបីខ្ញុំទទួលព្រះ‌អំណោយទានខាងថ្លែងព្រះ‌បន្ទូល និងស្គាល់គម្រោង‌ការដ៏លាក់កំបាំងទាំងអស់ ព្រមទាំងមានចំណេះគ្រប់យ៉ាង ហើយទោះបីខ្ញុំមានជំនឿមាំ រហូតដល់ធ្វើឱ្យភ្នំរើពីកន្លែងមួយ ទៅកន្លែងមួយទៀតបានក្តី តែបើសិនជាខ្ញុំគ្មានសេចក្ដីស្រឡាញ់ទេនោះ ខ្ញុំជាមនុស្សឥតបានការអ្វីទាំងអស់។ ទោះបីខ្ញុំយកទ្រព្យ‌សម្បត្តិរបស់ខ្ញុំទាំងប៉ុន្មានទៅចែកទានក្តី ទោះបីខ្ញុំសុខចិត្តឱ្យគេយករូបកាយខ្ញុំទៅដុតទាំងរស់ក្តី តែបើសិនជាខ្ញុំគ្មានសេចក្ដីស្រឡាញ់ទេនោះ ក៏គ្មានប្រយោជន៍អ្វីដល់ខ្ញុំដែរ។ អ្នកមានចិត្តស្រឡាញ់ តែង‌តែអត់‌ធ្មត់ ជួយធុរៈគេ ហើយមិនចេះឈ្នានីសគេទេ។ អ្នកមានចិត្តស្រឡាញ់មិនវាយ‌ឫកខ្ពស់ មិនអួត‌បំប៉ោងឡើយ។ អ្នកមានចិត្តស្រឡាញ់ មិនប្រព្រឹត្តអំពើថោកទាប មិនស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន មិនមួម៉ៅ មិនចងគំនុំ មិនអប‌អរនឹងអំពើទុច្ចរិតទេ តែរីក‌រាយនឹងសេចក្ដីពិតវិញ។ អ្នកមានចិត្តស្រឡាញ់ អត់ឱនឱ្យទាំងអស់ ជឿទាំងអស់ សង្ឃឹមទាំងអស់ ហើយទ្រាំ‌ទ្រទាំងអស់។ សេចក្ដីស្រឡាញ់មិនសាប‌សូន្យ សោះឡើយ។

*២៥០- អត្ថបទវែង អភ ៥,២.២១-៣៣

សូមថ្លែងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទនៅក្រុងអេភេសូ

បងប្អូនជាទីស្រឡាញ់! ចូររស់នៅដោយមានចិត្តស្រឡាញ់ ដូចព្រះ‌គ្រីស្តបានស្រឡាញ់យើង ហើយបានបូជាព្រះ‌ជន្មសម្រាប់យើង។

បង‌ប្អូនដែលកោតខ្លាចព្រះ‌គ្រីស្ត ត្រូវគោរពចុះចូលគ្នាទៅវិញទៅមក។ បង‌ប្អូនជាស្ត្រីដែលមានស្វាមី ត្រូវគោរពចុះចូលនឹងស្វាមីរៀងៗខ្លួន ដូចជាគោរពចុះចូលនឹងព្រះ‌អម្ចាស់ដែរ ដ្បិតស្វាមីនាំមុខភរិយា ដូចព្រះ‌គ្រីស្តនាំមុខព្រះ‌សហគមន៍ ហើយជាព្រះ‌សង្គ្រោះរបស់ព្រះ‌សហគមន៍ ដែលជាព្រះ‌កាយព្រះ‌អង្គ។ ហេតុនេះ ព្រះ‌សហគមន៍គោរពចុះចូលនឹងព្រះ‌គ្រីស្តយ៉ាងណា ភរិយាក៏ត្រូវគោរពចុះចូលនឹងស្វាមីរៀងៗខ្លួន ក្នុងគ្រប់កិច្ច‌ការទាំងអស់យ៉ាងនោះដែរ។

ចំពោះបង‌ប្អូនដែលមានប្រពន្ធវិញ ចូរស្រឡាញ់ភរិយាដូចព្រះ‌គ្រីស្តបានស្រឡាញ់ព្រះ‌សហគមន៍ដែរ ព្រះ‌អង្គបូជាព្រះ‌ជន្មរបស់ព្រះ‌អង្គផ្ទាល់សម្រាប់ព្រះ‌សហគមន៍ ដើម្បីប្រោសឱ្យព្រះ‌សហគមន៍បានទៅជាវិសុទ្ធ ទាំងជម្រះឱ្យបានស្អាតបរិសុទ្ធ ដោយលាងក្នុងទឹក និងដោយ‌សារព្រះ‌បន្ទូល។ ព្រះ‌អង្គសព្វព្រះ‌ហឫទ័យនាំព្រះ‌សហគមន៍នេះមកថ្វាយព្រះ‌អង្គផ្ទាល់ ជាព្រះ‌សហគមន៍ដ៏រុង‌រឿង ឥតស្លាក‌ស្នាម ឥតជ្រីវ‌ជ្រួញ និងឥតខ្ចោះត្រង់ណាឡើយ គឺឱ្យទៅជាវិសុទ្ធ ឥតសៅ‌ហ្មង។ ដូច្នេះ ស្វាមីត្រូវស្រឡាញ់ភរិយាឱ្យបានដូចស្រឡាញ់រូបកាយរបស់ខ្លួនដែរ។ អ្នកណាស្រឡាញ់ភរិយា អ្នកនោះស្រឡាញ់ខ្លួនឯង។ ពុំដែលមាននរណាម្នាក់ស្អប់រូបកាយរបស់ខ្លួនឡើយ ផ្ទុយទៅវិញ គេតែងចិញ្ចឹមបីបាច់ថែ‌រក្សារូបកាយនោះ ដូចព្រះ‌គ្រីស្តចិញ្ចឹមបីបាច់ថែ‌ រក្សាព្រះ‌សហគមន៍ ព្រោះយើងទាំងអស់គ្នាជាសរីរាង្គនៃព្រះ‌កាយរបស់ព្រះ‌អង្គ។ ហេតុនេះហើយ បានជាបុរសត្រូវចាកចេញពីឪពុកម្ដាយទៅរួមរស់ជាមួយភរិយារបស់ខ្លួន ហើយអ្នកទាំងពីរនឹងបានទៅជារូបកាយតែមួយ។ គម្រោង‌ការដ៏លាក់កំបាំងនេះមានអត្ថ‌ន័យជ្រៅណាស់ ខ្ញុំនិយាយសេចក្ដីនេះសំដៅលើព្រះ‌គ្រីស្ត និងព្រះ‌សហគមន៍តែប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយ បង‌ប្អូនម្នាក់ៗត្រូវស្រឡាញ់ភរិយារៀងៗខ្លួន ដូចស្រឡាញ់ខ្លួនឯង ហើយភរិយាក៏ត្រូវគោរពស្វាមីរបស់ខ្លួនដែរ។

សូមថ្លែងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទនៅក្រុងអេភេសូ

បងប្អូនជាទីស្រឡាញ់! ចូររស់នៅដោយមានចិត្តស្រឡាញ់ ដូចព្រះ‌គ្រីស្តបានស្រឡាញ់យើង ហើយបានបូជាព្រះ‌ជន្មសម្រាប់យើង។

ចំពោះបង‌ប្អូនដែលមានប្រពន្ធវិញ ចូរស្រឡាញ់ភរិយា ដូចព្រះ‌គ្រីស្តបានស្រឡាញ់ព្រះ‌សហគមន៍ដែរ ព្រះ‌អង្គបូជាព្រះ‌ជន្មរបស់ព្រះ‌អង្គផ្ទាល់សម្រាប់ព្រះ‌សហគមន៍ ដើម្បីប្រោសឱ្យព្រះ‌សហគមន៍បានទៅជាវិសុទ្ធ ទាំងជម្រះឱ្យបានស្អាតបរិសុទ្ធ ដោយលាងក្នុងទឹក និងដោយ‌សារព្រះ‌បន្ទូល។ ព្រះ‌អង្គសព្វព្រះ‌ហឫទ័យនាំព្រះ‌សហគមន៍នេះមកថ្វាយព្រះ‌អង្គផ្ទាល់ ជាព្រះ‌សហគមន៍ដ៏រុង‌រឿង ឥតស្លាក‌ស្នាម ឥតជ្រីវ‌ជ្រួញ និងឥតខ្ចោះត្រង់ណាឡើយ គឺឱ្យទៅជាវិសុទ្ធ ឥតសៅ‌ហ្មង។ ដូច្នេះ ស្វាមីត្រូវស្រឡាញ់ភរិយា ឱ្យបានដូចស្រឡាញ់រូបកាយរបស់ខ្លួនដែរ។ អ្នកណាស្រឡាញ់ភរិយា អ្នកនោះស្រឡាញ់ខ្លួនឯង។ ពុំដែលមាននរណាម្នាក់ស្អប់រូបកាយរបស់ខ្លួនឡើយ ផ្ទុយទៅវិញ គេតែងចិញ្ចឹមបីបាច់ថែ‌រក្សារូបកាយនោះ ដូចព្រះ‌គ្រីស្តចិញ្ចឹមបីបាច់ ថែ‌រក្សាព្រះ‌សហគមន៍ ព្រោះយើងទាំងអស់គ្នាជាសរីរាង្គនៃព្រះ‌កាយរបស់ព្រះ‌អង្គ។ ហេតុនេះហើយ បានជាបុរសត្រូវចាកចេញពីឪពុកម្ដាយ ទៅរួមរស់ជាមួយភរិយារបស់ខ្លួន ហើយអ្នកទាំងពីរនឹងបានទៅជារូបកាយតែមួយ។ គម្រោង‌ការដ៏លាក់កំបាំងនេះមានអត្ថ‌ន័យជ្រៅណាស់ ខ្ញុំនិយាយសេចក្ដីនេះសំដៅលើព្រះ‌គ្រីស្ត និងព្រះ‌សហគមន៍តែប៉ុណ្ណោះ។

២៥១- ភីល ៤,៤-៩

សូមថ្លែងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទនៅក្រុងភីលីព

បងប្អូនជាទីស្រឡាញ់! ចូរបង‌ប្អូនអរសប្បាយ ដោយរួមជាមួយព្រះ‌អម្ចាស់ជា‌និច្ច ខ្ញុំសូមជម្រាបបង‌ប្អូនម្ដងទៀតថា ចូរអរសប្បាយឡើង! ចូរសម្ដែងឱ្យមនុស្ស‌ម្នាទាំងអស់ស្គាល់សន្ដានចិត្តសប្បុរសរបស់បង‌ប្អូន ព្រះ‌អម្ចាស់ជិតយាងមកដល់ហើយ។ សូមកុំខ្វល់‌ខ្វាយនឹងអ្វីឡើយ ផ្ទុយទៅវិញ ក្នុងគ្រប់កាលៈ‌ទេសៈទាំងអស់ ត្រូវទូលព្រះ‌ជាម្ចាស់ឱ្យជ្រាបពីសំណូមពររបស់បង‌ប្អូន ដោយអធិដ្ឋាន និងទូល‌អង្វរ ទាំងអរព្រះ‌គុណព្រះ‌អង្គផង។ ធ្វើដូច្នេះ សេចក្ដីសុខ‌សាន្តរបស់ព្រះ‌ជាម្ចាស់ដែលហួសពីការស្មានរបស់មនុស្ស នឹងស្ថិតជាប់ក្នុងចិត្តគំនិតបង‌ប្អូន ដែលរួមក្នុងអង្គព្រះ‌គ្រីស្តយេស៊ូមិនខាន។

ជាទីបញ្ចប់ បង‌ប្អូនអើយ សូមបង‌ប្អូនគិតតែអំពីអ្វីៗដែលពិត ថ្លៃ‌ថ្នូរ សុចរិត បរិសុទ្ធ គួរឱ្យស្រឡាញ់ គួរឱ្យគោរព និងគំនិតណាដែលល្អឥតខ្ចោះ គួរឱ្យកោតសរសើរ។ សេចក្ដីដែលបង‌ប្អូនបានរៀន បានទទួល និងបានឮពីខ្ញុំ ហើយការអ្វីដែលបង‌ប្អូនបានឃើញខ្ញុំធ្វើនោះ ចូរបង‌ប្អូនប្រព្រឹត្តតាមទៅ។ ធ្វើដូច្នេះ ព្រះ‌ជាម្ចាស់ជាប្រភពនៃសេចក្ដីសុខ‌សាន្ត នឹងគង់ជាមួយបង‌ប្អូនមិនខាន។

២៥២- កូឡ ៣,១២-១៧

សូមថ្លែងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទនៅក្រុងកូឡូស

បងប្អូនជាទីស្រឡាញ់! ដោយព្រះ‌ជាម្ចាស់បានជ្រើស‌រើសបង‌ប្អូនធ្វើជាប្រជាជនដ៏‌វិសុទ្ធ និងជាទីស្រឡាញ់របស់ព្រះ‌អង្គ បង‌ប្អូនត្រូវតែកាន់ចិត្តអាណិត‌មេត្តា ចិត្តល្អ សប្បុរស ចេះបន្ទាបខ្លួន មានចិត្តស្លូត‌បូត និងចិត្តខន្តីអត់‌ធ្មត់។ ត្រូវចេះទ្រាំ‌ទ្រគ្នាទៅវិញទៅមក ហើយប្រសិនបើបង‌ប្អូនណាម្នាក់មានរឿងអ្វីមួយនឹងម្នាក់ទៀត ត្រូវតែអត់‌ទោសឱ្យគ្នាទៅវិញទៅមក។ ព្រះ‌អម្ចាស់បានអត់‌ទោសឱ្យបង‌ប្អូនយ៉ាងណា ចូរអត់‌ទោសឱ្យគ្នាទៅវិញទៅមកយ៉ាងនោះដែរ។ លើសពីនេះទៅទៀត ត្រូវមានចិត្តស្រឡាញ់ ដ្បិតសេចក្ដីស្រឡាញ់ធ្វើឱ្យបង‌ប្អូនរួប‌រួមគ្នាពេញលក្ខណៈ។ សូមឱ្យសេចក្ដីសុខ‌សាន្តរបស់ព្រះ‌គ្រីស្ត សោយរាជ្យនៅក្នុងចិត្តបង‌ប្អូន ព្រោះព្រះ‌ជាម្ចាស់បានត្រាស់ហៅបង‌ប្អូនឱ្យមករួមគ្នាក្នុងព្រះ‌កាយតែមួយ ដើម្បីឱ្យបង‌ប្អូនប្រកបដោយសេចក្ដី សុខ‌សាន្ត។ ត្រូវអរព្រះ‌គុណព្រះ‌អង្គជា‌និច្ច។ សូមព្រះ‌បន្ទូលរបស់ព្រះ‌គ្រីស្តសណ្ឋិតនៅក្នុងបង‌ប្អូនឱ្យបានបរិបូណ៌។ ចូរប្រៀន‌ប្រដៅ និងដាស់‌តឿនគ្នាទៅវិញទៅមកដោយប្រាជ្ញាគ្រប់យ៉ាង។ ចូរច្រៀងអរព្រះ‌គុណព្រះ‌ជាម្ចាស់ក្នុងចិត្ត ដោយប្រើទំនុកតម្កើង បទសរសើរ និងបទចម្រៀងមកពីព្រះ‌វិញ្ញាណ។ ការអ្វីក៏ដោយដែលបង‌ប្អូនធ្វើ ទោះជាពាក្យសម្ដី ឬកាយ‌វិការក្តី ត្រូវធ្វើក្នុងព្រះ‌នាមព្រះ‌អម្ចាស់យេស៊ូទាំងអស់ ទាំងអរព្រះ‌គុណព្រះ‌ជាម្ចាស់ជាព្រះ‌បិតា តាម‌រយៈព្រះ‌អង្គផង។

២៥៣- ហប ១៣,១-៤.៥-៦

សូមថ្លែងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទជាតិហេប្រឺ

បងប្អូនជាទីស្រឡាញ់! ចូរស្រឡាញ់គ្នាជាបង‌ប្អូនឱ្យបានជាប់ជា‌និច្ច។ សូមកុំភ្លេចទទួលអ្នកដទៃយ៉ាងរាក់‌ទាក់។ ដោយទទួលអ្នកដទៃដូច្នេះ អ្នកខ្លះបានទទួលទេវទូតទាំងមិនដឹងខ្លួន។ ចូរគិតដល់អស់អ្នកដែលជាប់ឃុំ‌ឃាំង ហាក់បីដូចជាបង‌ប្អូននៅជាប់ឃុំ‌ឃាំងរួមជាមួយគេ ហើយគិតដល់អស់អ្នកដែលត្រូវគេធ្វើបាប ព្រោះបង‌ប្អូនក៏មានរូបកាយចេះឈឺចាប់ដូចគេដែរ។ សូមបង‌ប្អូនទាំងអស់គ្នាលើកតម្លៃការរស់នៅជាស្វាមីភរិយា គឺមិនត្រូវក្បត់ចិត្តគ្នាឡើយ។ កុំបណ្ដោយខ្លួនឱ្យឈ្លក់នឹងការស្រឡាញ់ប្រាក់ឡើយ គឺត្រូវស្កប់ចិត្តនឹងទ្រព្យ‌សម្បត្តិដែលបង‌ប្អូនមាននៅពេលនេះ ដ្បិតព្រះ‌ជាម្ចាស់មានព្រះ‌បន្ទូលថា៖ «យើងនឹងមិនទុកអ្នកចោល ហើយក៏មិនបោះបង់អ្នកចោលដែរ»។ ហេតុនេះហើយ បានជាយើងហ៊ាននិយាយដោយចិត្តរឹង‌ប៉ឹងថា៖ «ព្រះ‌អម្ចាស់នឹងជួយខ្ញុំ ខ្ញុំមិនខ្លាចអ្វីឡើយ»។

*២៥៤- ១សល ៣,១-៩

សូមថ្លែងលិខិតទី១របស់គ្រីស្តទូតសិលា

បងប្អូនជាទីស្រឡាញ់! បង‌ប្អូនស្ត្រីៗដែលមានស្វាមីក៏ដូច្នោះដែរ ត្រូវគោរពចុះចូលនឹងស្វាមីរៀងៗខ្លួន ដើម្បីឱ្យកិរិយាមារយាទរបស់បង‌ប្អូនទាក់‌ទាញចិត្តស្វាមីខ្លះដែលមិនជឿព្រះ‌បន្ទូល ឱ្យបានស្គាល់ព្រះ‌អង្គ ដោយមិនបាច់បញ្ចេញពាក្យសម្ដីទេ គឺគេគ្រាន់តែឃើញបង‌ប្អូនមានកិរិយាបរិសុទ្ធ និងចេះគោរពកោតខ្លាច។ កុំតុប‌តែងខ្លួនតែសំបកក្រៅ ដូចជាក្រងសក់ ពាក់មាស ឬក៏ពាក់អាវល្អប្រណីតនោះឡើយ តែត្រូវតុប‌តែងខាងក្នុងជម្រៅចិត្តរបស់បង‌ប្អូន ដោយគ្រឿងលម្អដែលមិនចេះរលាយ ហើយមានតម្លៃដ៏លើស‌លប់នៅចំពោះព្រះ‌ភក្ត្រព្រះ‌ជាម្ចាស់នោះវិញ គឺមានចិត្តស្លូត‌បូត ស្រគត់‌ស្រគំ។ នៅជំនាន់ដើម ស្ត្រីៗដ៏‌វិសុទ្ធដែលសង្ឃឹមលើព្រះ‌ជាម្ចាស់ តែងកាន់ចិត្តគំនិតយ៉ាងនេះឯង គឺបានតុប‌តែងខ្លួនដោយការគោរពចុះចូលនឹងស្វាមីរៀងៗខ្លួន ដូចជាលោកស្រីសារ៉ា ដែលបានស្ដាប់បង្គាប់លោកអប្រាហាំ ទាំងហៅលោកថា៖ «លោកម្ចាស់» ផង។ ប្រសិនបើបង‌ប្អូនប្រព្រឹត្តអំពើល្អ ហើយមិនភ័យខ្លាចអ្វីទេនោះ បង‌ប្អូននេះហើយជាពូជ‌ពង្សរបស់គាត់។

រីឯបង‌ប្អូនដែលជាស្វាមីក៏ដូច្នោះដែរ ម្នាក់ៗត្រូវរួមរស់ជាមួយភរិយារបស់ខ្លួន ដោយយល់ថា ស្ត្រីៗជាមនុស្សទន់ខ្សោយជាងខ្លួន។ ត្រូវគោរពនាងទុកដូចជាអ្នកត្រូវ រួមទទួលជីវិត ដែលព្រះ‌ជាម្ចាស់ប្រោស‌ប្រណីប្រទានមកបង‌ប្អូនជាមត៌ក ដើម្បីកុំឱ្យ មានអ្វីមករារាំងការអធិដ្ឋានរបស់បង‌ប្អូនឡើយ។

នៅទីបញ្ចប់ ត្រូវមានចិត្តគំនិតតែមួយ និងរួមសុខទុក្ខជាមួយគ្នា។ ត្រូវមានចិត្តស្រឡាញ់គ្នាទៅវិញទៅមកដូចបង‌ប្អូនបង្កើត មានចិត្តអាណិតមេត្តា និងសុភាព។ កុំប្រព្រឹត្តអំពើអាក្រក់តបនឹងអំពើអាក្រក់ កុំជេរប្រមាថតបនឹងអ្នកដែលជេរប្រមាថបង‌ប្អូន គឺត្រូវជូនពរគេវិញ ដ្បិតព្រះ‌ជាម្ចាស់បានត្រាស់ហៅបង‌ប្អូនឱ្យប្រព្រឹត្តដូច្នេះឯង ដើម្បីឱ្យបង‌ប្អូនបានទទួលព្រះ‌ពររបស់ព្រះ‌អង្គ តាមព្រះ‌បន្ទូលសន្យា។

២៥៥- ១យហ ៣,១៨-២៤

សូមថ្លែងលិខិតទី១ របស់គ្រីស្តទូតយ៉ូហាន

បងប្អូនជាទីស្រឡាញ់! យើងមិនត្រូវស្រឡាញ់ត្រឹមតែបបូរមាត់ ឬពាក្យសម្ដីប៉ុណ្ណោះទេ គឺត្រូវស្រឡាញ់តាមអំពើដែលយើងប្រព្រឹត្ត និងតាមសេចក្ដីពិតវិញ។ ត្រង់ហ្នឹងហើយដែលយើងដឹងថា យើងកើតមកពីសេចក្ដីពិត ហើយចិត្តយើងមិនភ័យខ្លាចនៅចំពោះព្រះ‌ភក្ត្រព្រះ‌អង្គទេ។ ហេតុនេះ ប្រសិនបើចិត្តគំនិតរបស់យើងដាក់ទោសយើង នោះព្រះ‌ជាម្ចាស់ដែលធំជាងចិត្តរបស់យើង ព្រះ‌អង្គឈ្វេងយល់ទាំងអស់។ កូនចៅជាទីស្រឡាញ់អើយ ប្រសិនបើចិត្តគំនិតរបស់យើងមិនដាក់ទោសយើងទេ នោះយើងនឹងមានចិត្តរឹង‌ប៉ឹងនៅចំពោះព្រះ‌ភក្ត្រព្រះ‌អង្គ។

អ្វីៗក៏ដោយឱ្យតែយើងទូលសូម យើងមុខជាទទួលពីព្រះ‌អង្គមិនខាន ព្រោះយើងកាន់តាមវិន័យរបស់ព្រះ‌អង្គ និងប្រព្រឹត្តអំពើណាដែលគាប់ព្រះ‌ហឫទ័យព្រះ‌អង្គ។ រីឯវិន័យរបស់ព្រះ‌អង្គមានដូចតទៅ គឺយើងត្រូវជឿលើព្រះ‌នាមព្រះ‌យេស៊ូ‌គ្រីស្ត ជាព្រះ‌បុត្រារបស់ព្រះ‌អង្គ និងត្រូវស្រឡាញ់គ្នាទៅវិញទៅមក តាមវិន័យដែលព្រះ‌អង្គប្រទានមកយើង។ អ្នកណាកាន់តាមវិន័យរបស់ព្រះ‌អង្គ អ្នកនោះស្ថិតនៅជាប់នឹងព្រះ‌ជាម្ចាស់ ហើយព្រះ‌ជាម្ចាស់ក៏ស្ថិតនៅជាប់នឹងអ្នកនោះដែរ។ ត្រង់ហ្នឹងហើយដែលយើងដឹងថា ព្រះ‌ជាម្ចាស់ស្ថិតនៅជាប់នឹងយើង ដោយ‌សារព្រះ‌វិញ្ញាណដែលព្រះ‌អង្គប្រទានមកយើង។

២៥៦- ១យហ ៤,៧-១២

សូមថ្លែងលិខិតទី១ របស់គ្រីស្តទូតយ៉ូហាន

បងប្អូនជាទីស្រឡាញ់! យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក ព្រោះសេចក្ដីស្រឡាញ់កើតមកពីព្រះ‌ជាម្ចាស់។ អ្នកណាមានចិត្តស្រឡាញ់ អ្នកនោះកើតមកពីព្រះ‌ជាម្ចាស់ ហើយក៏ស្គាល់ព្រះ‌ជាម្ចាស់ដែរ។ រីឯអ្នកដែលមិនចេះស្រឡាញ់ មិនបានស្គាល់ព្រះ‌ជាម្ចាស់ទេ ដ្បិតព្រះ‌ជាម្ចាស់ជាសេចក្ដីស្រឡាញ់។ ព្រះ‌ជាម្ចាស់បានសម្ដែងព្រះ‌ហឫទ័យស្រឡាញ់របស់ព្រះ‌អង្គក្នុងចំណោមយើង គឺព្រះ‌អង្គបានចាត់ព្រះ‌បុត្រាតែមួយគត់របស់ព្រះ‌អង្គឱ្យយាងមកក្នុងលោកនេះ ដើម្បីឱ្យយើងមានជីវិតដោយសារព្រះ‌បុត្រា។ សេចក្ដីស្រឡាញ់របស់ព្រះ‌ជាម្ចាស់មានដូចតទៅនេះ មិនមែនយើងទេដែលបានស្រឡាញ់ព្រះ‌អង្គ គឺព្រះ‌អង្គទេតើដែលបានស្រឡាញ់យើង និងបានចាត់ព្រះ‌បុត្រារបស់ព្រះ‌អង្គឱ្យយាងមកបូជាព្រះ‌ជន្ម លោះយើងឱ្យរួចពីបាបផង។

បងប្អូនជាទីស្រឡាញ់! ប្រសិនបើព្រះ‌ជាម្ចាស់បានស្រឡាញ់យើងដល់កម្រិតនេះទៅហើយ យើងក៏ត្រូវស្រឡាញ់គ្នាទៅវិញទៅមកដែរ។ ពុំដែលមាននរណាបានឃើញព្រះ‌ជាម្ចាស់ឡើយ។ ប្រសិនបើយើងស្រឡាញ់គ្នាទៅវិញទៅមក ព្រះ‌ជាម្ចាស់ស្ថិតនៅជាប់នឹងយើង ហើយព្រះ‌ហឫទ័យស្រឡាញ់របស់ព្រះ‌អង្គនឹងបានគ្រប់លក្ខណៈនៅក្នុងយើងដែរ។

២៥៧- វវ ១៩,១.៥-៩

សូមថ្លែងព្រះគម្ពីរវិវរណៈ

ខ្ញុំយ៉ូហាន ឮហាក់ដូចជាមានសំឡេងយ៉ាងខ្លាំងរបស់មហា‌ជនច្រើនកុះ‌ករនៅលើមេឃថា៖ «អាលេ‌លូយ៉ា! សូមលើកតម្កើងព្រះ‌ជាម្ចាស់នៃយើង ព្រះ‌អង្គសង្គ្រោះយើង ព្រះ‌អង្គប្រកបដោយសិរី‌រុងរឿង និងឫទ្ធា‌នុភាព។

មានសំឡេងចេញពីបល្ល័ង្កមកថា៖ «អ្នករាល់គ្នាជាអ្នកបម្រើព្រះ‌ជាម្ចាស់ អ្នករាល់គ្នាជាអ្នកគោរពកោតខ្លាចព្រះ‌អង្គទាំងតូចទាំងធំអើយ ចូរសរសើរតម្កើងព្រះ‌ជាម្ចាស់នៃយើង!»។ ពេលនោះ ខ្ញុំឮហាក់ដូចជាមានសំឡេងបណ្ដា‌ជនដ៏ច្រើនកុះ‌ករ ដូចជាមានស្នូរសន្ធឹកមហាសាគរ និងដូចជាមានស្នូរផ្គរ‌លាន់យ៉ាងខ្លាំងថា៖ «អាលេ‌លូយ៉ា! ដ្បិតព្រះ‌ជា‌អម្ចាស់ជាព្រះដ៏មានព្រះ‌ចេស្ដាលើអ្វីៗទាំងអស់ ព្រះ‌អង្គបានតាំងព្រះ‌រាជ្យរបស់ព្រះ‌អង្គហើយ យើងនាំគ្នាអរសប្បាយឡើង ត្រូវមានអំណររីក‌រាយឱ្យខ្លាំង ហើយនាំគ្នាលើកតម្កើងសិរី‌រុងរឿងព្រះ‌អង្គ ដ្បិតដល់ពេលរៀបវិវាហ‌ មង្គល‌ការកូនចៀមហើយ ភរិយាថ្មោងថ្មីរបស់កូនចៀម ក៏បានរៀបចំខ្លួនរួចជាស្រេចហើយដែរ។ ព្រះ‌អង្គប្រទានឱ្យនាងស្លៀកពាក់រុង‌រឿង ភ្លឺចិញ្ចែង‌ចិញ្ចាច និងបរិសុទ្ធ។ សម្លៀក‌បំពាក់ដ៏រុង‌រឿងនោះ គឺជាអំពើសុចរិតផ្សេងៗដែលប្រជាជនដ៏‌វិសុទ្ធបានប្រព្រឹត្ត»។ ទេវទូតពោលមកកាន់ខ្ញុំថា៖ «ចូរកត់‌ត្រាទុក អ្នកណាដែលព្រះ‌ជាម្ចាស់បានត្រាស់ហៅឱ្យមកចូលរួមក្នុងពិធី ជប់‌លៀងមង្គល‌ការកូនចៀម អ្នកនោះពិតជាមានសុភមង្គលហើយ!»។

២៥៨- ទំន ៣៣,១២.១៨.២០-២១.២២ បទព្រហ្មគីតិ

១២ប្រជាដែលគោរពបម្រើគ្រប់គ្មានទំនេរ
ទុកជាព្រះឥតប្រែនោះជួបតែសុខគ្រប់គ្រា
ជនដែលព្រះអង្គជ្រើសឥតមានឃ្នើសជាទ្រព្យា
ជារាស្រ្តផ្ទាល់អង្គានោះមុខជារួចផុតទុក្ខ
១៨ព្រះអង្គតាមរក្សាអស់អ្នកណាដែលខ្លាចព្រះ
អ្នកពឹងលើអម្ចាស់ដ៏សប្បុរសមានមេត្តា
២០យើងសូមផ្ញើជីវិតលើព្រះពិតឥតខកខាន
ជាខែលដ៏ចំណានសង្គ្រោះប្រាណផុតភិតភ័យ
២១យើងខ្ញុំសែនរីករាយចិត្តសប្បាយអរពេកក្រៃ
សូមផ្ញើជីវិតថ្លៃលើព្រះទ័យល្អបំផុត
២២សូមព្រះជាអម្ចាស់សម្តែងព្រះទ័យវិសុទ្ធ
មេត្តាខ្ពស់បំផុតកាយជីវិតផ្ញើព្រះអង្គ

២៥៩- ទំន ៣៤,២-៩ បទកាកគតិ

ខ្ញុំអរព្រះគុណអម្ចាស់ពេកពន់គ្រប់ពេលវេលា
សូមលើកតម្កើងព្រះអង្គគ្រប់គ្រាឥតមានរួញរា
ឈប់ឈរសោះឡើយ
ខ្ញុំខ្ពស់មុខព្រោះព្រះម្ចាស់សង្គ្រោះខ្ញុំមិនកន្តើយ
ចូរអ្នកទន់ទាបស្តាប់កុំព្រងើយនឹងបានធូរស្បើយ
អំណរខ្លាំងក្លា
សូមមកប្រកាសនឹងខ្ញុំឱ្យច្បាស់ដោយពោលឡើងថា
ព្រះម្ចាស់ថ្កុំថ្កើងរុងរឿងក្រៃណាយើងនាំគ្នីគ្នា
តម្កើងព្រះអង្គ
ខ្ញុំបានស្វែងរកព្រះម្ចាស់តបមកឥតមានបង្អង់
ទ្រង់បានរំដោះខ្ញុំអស់ទុក្ខផងតក់ស្លុតមួរហ្មង
ឆ្លងផុតទាំងអស់
អ្នកដែលសម្លឹងឆ្ពោះទៅព្រះអង្គបានសុខឥតមោះ
ផុតអស់ទុក្ខសោកវិយោគរងគ្រោះពួកគេទាំងនោះ
មិនខកចិត្តឡើយ
អស់អ្នកកម្សត់និងមនុស្សទុរគតគេស្រែកដង្ហោយ
ហៅរកព្រះម្ចាស់ទ្រង់សណ្តាប់ហើយសង្គ្រោះគេឱ្យ
ផុតពីគ្រោះកាច
ទេវទូតរបស់ព្រះម្ចាស់ទាំងអស់ថែទាំអ្នកខ្លាច
រក្សាការពារគេក្រោមអំណាចរំដោះឱ្យរួច
ផុតពីទុក្ខភ័យ
ចូរអ្នកផ្អែកពឹងពិសោធន៍ឱ្យដឹងថាព្រះម្ចាស់ថ្លៃ
ទ្រង់មានមេត្តាសប្បុរសពេកក្រៃអស់ជនប្រុសស្រី
មានជ័យមង្គល
ខ្ញុំសូមសរសើរព្រះគ្មានអ្វីស្មើអស់ពីដួងចិត្ត
ខ្ញុំសូមតម្កើងនាមដ៏វិសុទ្ធព្រះដ៏មានឫទ្ធិ
ផុតលើលោកា
ខ្ញុំសូមតម្កើងសរសើរលើកឡើងអស់ពីចិន្តា
ខ្ញុំសូមរំលឹកព្រះហស្តអស្ចារ្យសប្បុរសករុណា
មិនបំភ្លេចឡើយ
ព្រះអម្ចាស់ថ្លៃមានព្រះហឫទ័យអាណិតករុណា
ប្រណីសន្តោសគ្រប់ពេលវេលាដល់ជនគ្រប់គ្នា
មិនឱ្យមានភ័យ
១៣ឪពុកអាណិតថ្នាក់ថ្នមផ្តេកផ្តិតកូនៗទាំងអស់
ព្រះក៏មេត្តាអាសូរស្រណោះដល់អ្នកដែលស្មោះ
គោរពរាល់ថ្ងៃ
១៧តែព្រះហឫទ័យករុណាប្រណីព្រះអង្គមិនភ្លេច
មេត្តាដល់អ្នកកោតខ្លាចជានិច្ចមិនដែលកែគេច
ដរាបរៀងទៅ
១៨ប្រសិនគេកាន់ជាប់តាមសម្ពន្ធមិនមានអាស្រូវ
ទាំងប្រព្រឹត្តតាមបញ្ជាជាផ្លូវព្រះល្អពេកកូវ
ឥតភ្លេចសោះនោះ

២៦១- ទំន ១១២,១-២.៣-៤.៥-៧.៧-៨.៩ បទពាក្យ៧

អ្នកឱនកោតខ្លាចព្រះអម្ចាស់ប្រតិបត្តិច្បាស់តាមព្រះទ័យ
ស្មោះស្ម័គ្រគោរពតាមវិន័យបានសុខពេកក្រៃមានមង្គល
ពូជរបស់គេមានអំណាចចិត្តក្លាអង់អាចគ្មានកង្វល់
ដ្បិតព្រះជាម្ចាស់ប្រទានផលព្រះពរពិតដល់អ្នកសុចរិត
ក្នុងផ្ទះជនដែលមានចិត្តធម៌មានទ្រព្យបវរល្អប្រណីត
សេចក្តីសុចរិតនៅស្ថេរស្ថិតព្រះអង្គអាណិតឱ្យពរជាប់
ក្នុងទីងងឹតមានពន្លឺលេចឡើងបំភ្លឺមិនស្រអាប់
ចិត្តគាត់ប្រណីល្អគួរគាប់សន្តោសលើសព្វជនប្រុសស្រី
ជនណាដែលមានចិត្តទូលាយយកអ្វីទៅឱ្យអ្នកផងខ្ចី
ព្រមទាំងរកស៊ីមិនកេងគៃអ្នកនោះប្រពៃល្អបំផុត
កេរ្តិ៍ឈ្មោះរន្ទឺឮសុសសាយទីជិតទីឆ្ងាយមិនរលត់
ជនគ្រប់សម័យតែងចាំស្ទាត់នឹកទៅដល់គាត់ជាប់ជានិច្ច
អ្នកនោះមិនស្លុតមិនព្រឺខ្លាចមានចិត្តអង់អាចមិនខ្លាចល្បិច
មិនខ្លាចគេដៀលត្មះពន្លិចហើយផ្ញើជីវិតលើព្រះម្ចាស់
គាត់មានចិត្តនឹងហើយអង់អាចមិនចេះភ័យខ្លាចអ្វីទាំងអស់
ទាល់តែគាត់ឃើញខ្មាំងទាំងនោះបាក់ទ័ពរត់អស់ទើបស្កប់ចិត្ត
គាត់តែងចែកទានដល់អ្នកក្រដោយចិត្តស្មោះសរស្ម័គ្រពិតៗ
ចិត្តគាត់ទូលាយត្រង់សុចរិតកម្លាំងគាត់ស្ថិតមិនបាត់បង់

២៦២- ទំន ១២៨,១-២.៣.៤-៥ បទកាកគតិ

អ្នកណាកោតខ្លាចគោរពអំណាចព្រះជាអម្ចាស់
ដើរតាមគន្លងមាគ៌ានៃព្រះអ្នកនោះឥតទាស់
ពោរពេញមង្គល
អ្នកនឹងទទួលបានឥតប្រែប្រួលយកនូវភោគផល
ចេញពីកិច្ចការគ្រប់ពេលរៀងរាល់នឹងមានមង្គល
ចម្រើនពេកក្រៃ
ឯភរិយាអ្នកដែលនៅក្នុងផ្ទះដូចដើមស្រស់ខ្ចី
មានស្លឹកមានផ្លែស្រគាលទុំខ្ចីកូនប្រុសរញ៉ី
ដូចដើមឈើតូច
នេះជាអំណោយទ្រង់ប្រទានឱ្យគេបានសម្រេច
ដល់អ្នកកោតខ្លាចឫទ្ធីអំណាចផលច្រើនពន់ពេក
មិនពិបាករក
សូមទ្រង់ប្រសិទ្ធិពរជ័យវិចិត្រពីស៊ីយ៉ូនមក
ជារៀងរាល់ថ្ងៃកុំបាច់លៃលកដើរតត្រុករក
ក្នុងជីវិតអ្នក

២៦៣- ទំន ១៤៥,៨-៩.១០.១៥.១៧-១៨ បទកាកគតិ

ព្រះជាអម្ចាស់ប្រកបដោយព្រះហឫទ័យត្រចង់
ប្រណីសន្តោសករុណាហ្មត់ហ្មងអត់ធ្មត់កន្លង
អាណិតមេត្តា
ព្រះជាអម្ចាស់ព្រះទ័យសប្បុរសលើមនុស្សលោកា
ទ្រង់មានព្រះទ័យសន្តោសករុណាមនុស្សគ្រប់អាត្មា
រស់ពេញផែនដី
១០បពិត្រព្រះម្ចាស់សត្វលោកទាំងអស់មានច្រើនពេកក្រៃ
នាំគ្នាតម្កើងរុងរឿងសិរីរាស្រ្តទាំងប្រុសស្រី
ក៏ថ្កើងទ្រង់ដែរ
១៥បពិត្រព្រះម្ចាស់សត្វលោកទាំងអស់ចាំមិនហ៊ានខាន
ដោយចិត្តសង្ឃឹមពួកគេនឹងបានអាហារគ្រប់ប្រាណ
តាមពេលកំណត់
១៧ព្រះជាអម្ចាស់ធ្វើសព្វទាំងអស់នូវរាល់កិច្ចការ
ដោយព្រះហឫទ័យសុចរិតថ្លៃថ្លាសន្តោសករុណា
ទ្រង់បានប្រព្រឹត្ត
១៨ព្រះអម្ចាស់គង់នៅជិតអែបអង្គកៀកកើយនែបនិត្យ
នឹងអ្នកអង្វរគឺដោយសុទ្ធចិត្តរកព្រះអង្គពិត
មិនយាងទៅណា

២៦៤- ទំន ១៤៨ ១-២.៣-៤.៩-១០.១១-១៣.១៣-១៤ បទពាក្យ៧

ចូរលើកតម្កើងព្រះអម្ចាស់ទ្រង់គឺជាព្រះដ៏វិសុទ្ធ
អ្នកដែលនៅស្ថានខ្ពស់បំផុតបញ្ចេញពាក្យពិតថ្កើងព្រះអង្គ
ឱ! ពួកទេវទូតទាំងឡាយអើយឱ! ពួកទេវទូតទាំងឡាយអើយ
ទាំងពួកទេវតាកុំរេរង់សរសើរព្រះអង្គព្រះនៃអ្នក
ឯព្រះអាទិត្យនិងព្រះច័ន្ទកុំនៅអែរអន់ឬស្ទើរស្ទាក់
តម្កើងព្រះអង្គជាព្រះអ្នកដាក់ខ្ពស់ដល់ថ្នាក់សួគ៌វិមាន
អស់ផ្កាយទាំងឡាយដែលផ្លេកភ្លឺរស្មីរន្ទឺគ្រប់ទីស្ថាន
ចូរកោតសរសើរព្រះថ្កើងថ្កានគោរពឱ្យបានដោយផ្ចិតផ្ចង់
ឱ! មេឃដែលនៅខ្ពស់បំផុតសរសើរក្រាបលុតថ្កើងព្រះអង្គ
ទាំងទឹកដែលនៅលើមេឃផងសូមជួយថ្កើងអង្គព្រះជាម្ចាស់
ភ្នំតូចភ្នំធំនៅជិតឆ្ងាយដើមឈើទាំងឡាយកុំរេរង់
និងដើមគគីរទាំងឡាយផងកុំបីសៅហ្មងជួយតម្កើង
១០សត្វព្រៃសត្វស្រុកទាំងម្រឹគាទាំងសត្វលូនវារសត្វដើរជើង
បក្សាបក្សីចូរក្រោកឡើងសរសើរតម្កើងព្រះខ្ពង់ខ្ពស់
១១អស់ស្តេចទាំងឡាយលើផែនដីប្រជាប្រុសស្រីគ្រប់ទាំងអស់
ទាំងអ្នកដឹកនាំថ្នាក់ទាបខ្ពស់នាំគ្នាទាំងអស់ថ្កើងម្ចាស់ថ្លៃ
១៣ចូរកោតសរសើរនាមព្រះម្ចាស់ជាព្រះខ្ពង់ខ្ពស់លើសអស់ស្ថាន
ព្រះនាមព្រះអង្គល្អថ្កើងថ្កានពាសពេញទីស្ថានមេឃនិងដី
១៤ព្រះអង្គបានប្រោសអស់ប្រជារាស្រ្តទាំងអស់គ្នាមានសេរី
កម្លាំងមាំមួនខ្លាំងពេកក្រៃមិនឱ្យមានអ្វីមករំខាន
អស់អ្នកដែលជឿលើព្រះអង្គគឺជារាស្រ្តទ្រង់ដ៏ចំណាន
អ៊ីស្រាអែលអើយអ្នកនឹងបានខ្ពស់មុខសុខសាន្តតទៅអើយ

២៦៥- ១យហ ៤,៧

អ្នកណាមានចិត្តស្រឡាញ់ អ្នកនោះកើតមកពីព្រះ‌ជាម្ចាស់ ហើយក៏ស្គាល់ព្រះ‌ជាម្ចាស់ដែរ។

២៦៦- ១យហ ៤,៨.១១

ព្រះ‌ជាម្ចាស់ជាសេចក្ដីស្រឡាញ់។ ប្រសិនបើព្រះ‌ជាម្ចាស់បានស្រឡាញ់យើងដល់កម្រិតនេះទៅហើយ យើងក៏ត្រូវស្រឡាញ់គ្នាទៅវិញទៅមកដែរ។

២៦៧- ១យហ ៤,១២

ប្រសិនបើយើងស្រឡាញ់គ្នាទៅវិញទៅមក ព្រះ‌ជាម្ចាស់ស្ថិតនៅជាប់នឹងយើង ហើយព្រះ‌ហឫទ័យស្រឡាញ់របស់ព្រះ‌អង្គនឹងបានគ្រប់លក្ខណៈនៅក្នុងយើងដែរ។

២៦៨- ១យហ ៤,១៦

អ្នកណាស្ថិតនៅជាប់នឹងសេចក្ដីស្រឡាញ់ អ្នកនោះស្ថិតនៅជាប់នឹងព្រះ‌ជាម្ចាស់ ហើយព្រះ‌ជាម្ចាស់ក៏ស្ថិតនៅជាប់នឹងអ្នកនោះដែរ។

២៦៩- មថ ៥,១-១២

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ

នៅគ្រានោះ ព្រះ‌យេស៊ូទតឃើញមហា‌ជន ព្រះ‌អង្គយាងឡើងទៅលើភ្នំ រួចព្រះ‌អង្គគង់នៅទីនោះ។ សាវ័កនាំគ្នាចូលមកគាល់ព្រះ‌អង្គ ព្រះ‌អង្គក៏មានព្រះ‌បន្ទូលបង្រៀនគេថា៖ «អ្នកណាដាក់ចិត្តជាអ្នកក្រ‌ខ្សត់ អ្នកនោះមានសុភមង្គលហើយ ដ្បិតពួកគេបានទទួលព្រះ‌រាជ្យនៃស្ថានបរម‌សុខ! អ្នកណាសោក‌សៅ អ្នកនោះមានសុភមង្គលហើយ ដ្បិតព្រះ‌ជាម្ចាស់នឹងសម្រាលទុក្ខពួកគេ! អ្នកណាមានចិត្តស្លូត‌បូត អ្នកនោះមានសុភមង្គលហើយ ដ្បិតពួកគេនឹងទទួលផែន‌ដីទុកជាមត៌ក! អ្នកណាស្រេកឃ្លានសេចក្ដីសុចរិត អ្នកនោះមានសុភមង្គលហើយ ដ្បិតព្រះ‌ជាម្ចាស់នឹងប្រទានឱ្យពួកគេបានឆ្អែត! អ្នកណាមានចិត្តមេត្តា‌ករុណា អ្នកនោះមានសុភមង្គលហើយ ដ្បិតព្រះ‌ជាម្ចាស់នឹងសម្ដែងព្រះ‌ហឫ‌ទ័យមេត្តា‌ករុណាដល់ពួកគេវិញ! អ្នកណាមានចិត្តបរិសុទ្ធ អ្នកនោះមានសុភមង្គលហើយ ដ្បិតពួកគេនឹងឃើញព្រះ‌ជាម្ចាស់! អ្នកណាកសាងសន្តិ‌ភាព អ្នកនោះមានសុភមង្គលហើយ ដ្បិតពួកគេនឹងមានឈ្មោះជាបុត្ររបស់ព្រះ‌ជាម្ចាស់! អ្នកណាត្រូវគេ​បៀត‌បៀនព្រោះតែបានធ្វើតាមសេចក្ដីសុចរិត អ្នកនោះមានសុភមង្គលហើយ ដ្បិតគេបានទទួលក្នុងព្រះ‌រាជ្យនៃស្ថានបរម‌សុខ! ប្រសិនបើមានគេត្មះ‌តិះ‌ដៀល បៀត‌បៀន និងមានគេនិយាយអាក្រក់គ្រប់យ៉ាង បង្ខូចឈ្មោះអ្នករាល់គ្នាព្រោះតែខ្ញុំ នោះអ្នករាល់គ្នាមានសុភមង្គលហើយ! ចូរអរសប្បាយរីក‌រាយឡើង ព្រោះអ្នករាល់គ្នានឹងទទួលរង្វាន់យ៉ាងធំនៅស្ថានបរម‌សុខ។

២៧០- មថ ៥,១៣-១៦

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ

នៅគ្រានោះ ព្រះ‌យេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖ «អ្នករាល់គ្នាជាអំបិលសម្រាប់មនុស្សលោក ប៉ុន្តែ បើអំបិលបាត់ជាតិប្រៃហើយ តើគេនឹងយកអ្វីមកធ្វើឱ្យប្រៃឡើងវិញបាន?។ អំបិលនោះគ្មានប្រយោជន៍អ្វីទៀតទេ គឺមានតែបោះចោលទៅខាងក្រៅឱ្យមនុស្សដើរជាន់ប៉ុណ្ណោះ។ អ្នករាល់គ្នាជាពន្លឺសម្រាប់បំភ្លឺមនុស្សលោក។ គេមិនអាចលាក់បំបាំងក្រុងណាដែលសង់នៅលើភ្នំបានឡើយ។ គេមិនដែលអុជចង្កៀង ហើយយកធុងគ្របពីលើនោះទេ គឺគេតែងយកចង្កៀងទៅដាក់លើជើងចង្កៀងវិញ ហើយចង្កៀងនោះបំភ្លឺអស់អ្នកដែលនៅក្នុងផ្ទះ។ ចូរឱ្យពន្លឺរបស់អ្នករាល់គ្នាបំភ្លឺមនុស្សទាំង‌ឡាយដូច្នោះដែរ គេនឹងឃើញអំពើល្អដែលអ្នករាល់គ្នាប្រព្រឹត្ត ហើយលើកតម្កើងសិរី‌រុងរឿងព្រះ‌បិតារបស់អ្នករាល់គ្នា ដែលគង់នៅស្ថានបរម‌សុខ»។

២៧១- អត្ថបទវែង មថ ៧,២១.២៤-២៩

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ

នៅគ្រានោះ ព្រះ‌យេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖ «អ្នកដែលចូលទៅក្នុងព្រះ‌រាជ្យនៃស្ថានបរម‌សុខ មិន‌មែនជាអ្នកដែលគ្រាន់តែហៅខ្ញុំថា “ព្រះ‌អម្ចាស់! ព្រះ‌អម្ចាស់!” ប៉ុណ្ណោះទេ គឺជាអ្នកដែលធ្វើតាមព្រះ‌ហឫ‌ទ័យរបស់ព្រះ‌បិតាខ្ញុំ ដែលគង់នៅស្ថានបរម‌សុខនោះវិញ។

«អ្នកណាស្ដាប់ពាក្យខ្ញុំនេះ ហើយប្រព្រឹត្តតាម អ្នកនោះប្រៀបបានទៅនឹងមនុស្សឈ្លាសវៃម្នាក់ ដែលបានសង់ផ្ទះរបស់ខ្លួននៅលើផ្ទាំងថ្ម។ ទោះបីភ្លៀងបង្អុរចុះមក ហើយមានទឹកជន់ មានខ្យល់បក់‌បោកប៉ះនឹងផ្ទះនោះយ៉ាងណាក៏ដោយ ក៏ផ្ទះនោះមិនរលំដែរ ព្រោះមានគ្រឹះនៅលើផ្ទាំងថ្ម។

រីឯអ្នកដែលស្ដាប់ពាក្យខ្ញុំនេះ តែមិនប្រព្រឹត្តតាម ប្រៀបបានទៅនឹងមនុស្សឆោតល្ងង់ម្នាក់ ដែលបានសង់ផ្ទះរបស់ខ្លួននៅលើដីខ្សាច់ ពេលភ្លៀងបង្អុរចុះមក ហើយមានទឹកជន់ មានខ្យល់បក់‌​បោកប៉ះនឹងផ្ទះនោះ ផ្ទះនោះរលំបាក់‌បែកខ្ទេចអស់គ្មានសល់»។ កាលព្រះ‌យេស៊ូមានព្រះ‌បន្ទូលទាំងនេះចប់សព្វគ្រប់ហើយ មហា‌ជនងឿង‌ឆ្ងល់យ៉ាងខ្លាំងអំពីសេចក្ដីដែលព្រះ‌អង្គប្រៀន‌ប្រដៅ ព្រោះព្រះ‌អង្គមានព្រះ‌បន្ទូលប្រកបដោយអំណាច ខុសប្លែកពីពួកធម្មាចារ្យរបស់ពួកគេ។

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ

នៅគ្រានោះ ព្រះ‌យេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖ «អ្នកដែលចូលទៅក្នុងព្រះ‌រាជ្យនៃស្ថានបរម‌សុខ មិន‌មែនជាអ្នកដែលគ្រាន់តែហៅខ្ញុំថា “ព្រះ‌អម្ចាស់! ព្រះ‌អម្ចាស់!” ប៉ុណ្ណោះទេ គឺជាអ្នកដែលធ្វើតាមព្រះ‌ហឫ‌ទ័យរបស់ព្រះ‌បិតាខ្ញុំ ដែលគង់នៅស្ថានបរម‌សុខនោះវិញ។

«អ្នកណាស្ដាប់ពាក្យខ្ញុំនេះ ហើយប្រព្រឹត្តតាម អ្នកនោះប្រៀបបានទៅនឹងមនុស្សឈ្លាសវៃម្នាក់ ដែលបានសង់ផ្ទះរបស់ខ្លួននៅលើផ្ទាំងថ្ម។ ទោះបីភ្លៀងបង្អុរចុះមក ហើយមានទឹកជន់ មានខ្យល់បក់‌បោកប៉ះនឹងផ្ទះនោះយ៉ាងណាក៏ដោយ ក៏ផ្ទះនោះមិនរលំដែរ ព្រោះមានគ្រឹះនៅលើផ្ទាំងថ្ម។

២៧២- មថ ១៩,៣-៦

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ

នៅគ្រានោះ មានពួកខាងគណៈផារីស៊ីចូលមកជិតព្រះយេស៊ូ ហើយទូលសួរក្នុងគោលបំណងល្បង‌លមើលព្រះ‌អង្គថា៖ «តើស្វាមីមានសិទ្ធិនឹងលែងភរិយា ដោយសំអាងលើមូលហេតុអ្វីក៏ដោយបានឬទេ?»។ ព្រះ‌អង្គមានព្រះ‌បន្ទូលតបថា៖ «អ្នករាល់គ្នាធ្លាប់អានគម្ពីររួចមកហើយថា កាលដើមដំបូង ព្រះ‌ជាម្ចាស់បានបង្កើតមនុស្សមកជាបុរស ជាស្ត្រី រួចព្រះ‌អង្គមានព្រះ‌បន្ទូលថា “ហេតុនេះហើយបានជាបុរសត្រូវចាក‌ចេញពីឪពុកម្ដាយ ទៅរួមរស់ជាមួយភរិយារបស់ខ្លួន ហើយអ្នកទាំងពីរត្រឡប់ទៅជារូបកាយតែមួយ”។ គេមិន‌មែនជាបុគ្គលពីរនាក់ទៀតទេ គឺជារូបកាយតែមួយវិញ។ ដូច្នេះ មនុស្សមិនត្រូវបំបាក់‌បំបែកគូ‌ស្រករដែលព្រះ‌ជាម្ចាស់បានផ្សំ‌ផ្គុំនោះឡើយ»។

២៧៣- មថ ២២,៣៥-៤០

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ

នៅគ្រានោះ ក្នុងចំណោមពួកខាងគណៈផារីស៊ី មានម្នាក់ជាធម្មាចារ្យទូលសួរព្រះ‌យេស៊ូ ក្នុងគោលបំណងល្បង‌លមើលព្រះ‌អង្គថា៖ «លោកគ្រូ! ក្នុងគម្ពីរវិន័យ តើមានវិន័យណាសំខាន់ជាងគេ?»។

ព្រះ‌យេស៊ូមានព្រះ‌បន្ទូលថា៖ «“ត្រូវស្រឡាញ់ព្រះ‌អម្ចាស់ជាព្រះរបស់អ្នកឱ្យអស់ពីចិត្តគំនិត អស់ពីស្មារតី និងអស់ពីប្រាជ្ញា” ហ្នឹងហើយជាវិន័យទីមួយ ដែលសំខាន់ជាងគេបំផុត។ រីឯវិន័យទីពីរក៏សំខាន់ដូចគ្នាដែរ “គឺត្រូវស្រឡាញ់បង‌ប្អូនឯទៀតៗឱ្យបានដូចស្រឡាញ់ខ្លួនឯង”។ វិន័យទាំងពីរនេះ ជាឫសគល់របស់គម្ពីរវិន័យ និងគម្ពីរព្យាការីទាំងអស់»។

*២៧៤- មក ១០,៦-៩

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស

នៅគ្រានោះ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់មហាជនថា៖ «កាលដើមដំបូង នៅពេលដែលព្រះ‌ជាម្ចាស់បានបង្កើតពិភព‌លោក ព្រះ‌អង្គបង្កើតមនុស្សមកជាបុរស ជាស្ត្រី។ “ហេតុនេះហើយ បានជាបុរសត្រូវចាក‌ចេញពីឪពុកម្ដាយ ទៅរួមរស់ជាមួយភរិយារបស់ខ្លួន ហើយអ្នកទាំងពីរត្រឡប់ទៅជារូបកាយតែមួយ” គេមិន‌មែនជាបុគ្គលពីរនាក់ទៀតទេ គឺជារូបកាយតែមួយវិញ។ ដូច្នេះ មនុស្សមិនត្រូវបំបាក់‌បំបែកគូ‌ស្រករដែលព្រះ‌ជាម្ចាស់បានផ្សំផ្គុំនោះឡើយ»។

*២៧៥- យហ ២,១-១១

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន

នៅគ្រានោះ មានគេរៀបពិធីមង្គល‌ការនៅភូមិកាណា ក្នុងស្រុកកាលី‌ឡេ។ មាតាព្រះ‌យេស៊ូនៅទីនោះ ហើយគេក៏បានយាងព្រះ‌យេស៊ូ និងអញ្ជើញក្រុមសាវ័ករបស់ព្រះ‌អង្គ ទៅចូលរួមក្នុងពិធីមង្គល‌ការនោះដែរ។

ពេលនោះ គេខ្វះស្រាទំពាំង‌បាយ‌ជូរ។ មាតាព្រះ‌យេស៊ូទូលព្រះ‌អង្គថា៖ «គេអស់ស្រាទំពាំង‌បាយ‌ជូរហើយ!»។ ព្រះ‌យេស៊ូមានព្រះ‌បន្ទូលទៅមាតាថា៖ «អ្នកម្ដាយអើយ! កុំរវល់នឹងរឿងនេះអី ពេលកំណត់របស់ខ្ញុំពុំទាន់មកដល់នៅឡើយទេ»។ មាតារបស់ព្រះ‌អង្គប្រាប់ទៅពួកអ្នកបម្រើថា៖ «បើលោកប្រាប់ឱ្យធ្វើអ្វី ចូរធ្វើតាមទៅ»។ នៅទីនោះ មានពាងប្រាំមួយដែលជនជាតិយូដាដាក់ទឹកសម្រាប់ធ្វើពិធីជម្រះកាយ។ ពាងនីមួយៗមានចំណុះប្រមាណជាពីរបីអម្រែក។ ព្រះ‌យេស៊ូមានព្រះ‌បន្ទូលទៅអ្នកបម្រើថា៖ «សុំដងទឹកមកចាក់ឱ្យពេញពាងទាំងនេះទៅ»។ គេក៏ដងទឹកចាក់ពេញពាង។ ព្រះ‌អង្គមានព្រះ‌បន្ទូលថា៖ «ឥឡូវនេះ សុំដងយកទៅជូនលោកចៅ‌មហាទៅ» គេក៏ដងយកទៅជូន។ លោកចៅ‌មហាភ្លក់ទឹកដែលបានប្រែមកជាស្រាទំពាំង‌បាយ‌ជូរ។ គាត់មិនដឹងថា គេបានស្រានេះមកពីណាឡើយ មានតែពួកអ្នកបម្រើដែលបានដងទឹកមកចាក់ពាងទើបដឹង។ គាត់ហៅកូនកំលោះមក និយាយថា៖ «អ្នកផងទាំងពួង តែងយកស្រាទំពាំង‌បាយ‌ជូរឆ្ងាញ់មកជូនភ្ញៀវជាមុន លុះភ្ញៀវពិសាច្រើនហើយ ទើបគេយកស្រាមិនសូវឆ្ងាញ់មកជូនតាមក្រោយ។ រីឯអ្នកវិញ ម្ដេចក៏ទុកស្រាឆ្ងាញ់មកទល់ឥឡូវដូច្នេះ!»។

នេះជាទីសម្គាល់ដំបូងបង្អស់ដែលព្រះ‌យេស៊ូបានធ្វើនៅភូមិកាណា ក្នុងស្រុកកាលី‌ឡេ។ ព្រះ‌អង្គបានសម្ដែងសិរី‌រុងរឿងរបស់ព្រះ‌អង្គ ហើយក្រុមសាវ័កក៏បានជឿលើព្រះ‌អង្គ។

២៧៦- យហ ១៥,៩-១២

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន

នៅគ្រានោះ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖ «ខ្ញុំបានស្រឡាញ់អ្នករាល់គ្នា ដូចព្រះ‌បិតាស្រឡាញ់ខ្ញុំដែរ។ ចូរទុកសេចក្ដីស្រឡាញ់របស់ខ្ញុំឱ្យស្ថិតនៅជាប់នឹងអ្នករាល់គ្នាចុះ។ បើអ្នករាល់គ្នាប្រតិ‌បត្តិតាមវិន័យរបស់ខ្ញុំ អ្នករាល់គ្នាពិតជាទុកសេចក្ដីស្រឡាញ់របស់ខ្ញុំ ឱ្យស្ថិតនៅជាប់នឹងអ្នករាល់គ្នាមែន ដូចខ្ញុំប្រតិ‌បត្តិតាមវិន័យរបស់ព្រះ‌បិតា ហើយទុកឱ្យសេចក្ដីស្រឡាញ់របស់ព្រះ‌អង្គស្ថិតនៅជាប់នឹងខ្ញុំដែរ។ ខ្ញុំបាននិយាយសេចក្ដីទាំងនេះប្រាប់អ្នករាល់គ្នា ដើម្បីឱ្យអំណររបស់ខ្ញុំស្ថិតនៅក្នុងអ្នករាល់គ្នា ហើយដើម្បីឱ្យអ្នករាល់គ្នាមានអំណរពេញលក្ខណៈ។ វិន័យរបស់ខ្ញុំមានដូចតទៅនេះ គឺអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ»។

២៧៧- យហ ១៥,១២-១៦

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន

នៅគ្រានោះ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖ «វិន័យរបស់ខ្ញុំមានដូចតទៅនេះ គឺអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ។ គ្មាននរណាមានសេចក្ដីស្រឡាញ់ ខ្លាំងជាងអ្នកដែលស៊ូប្ដូរជីវិតដើម្បីមិត្តសម្លាញ់របស់ខ្លួននោះឡើយ។ បើអ្នករាល់គ្នាប្រព្រឹត្តតាមសេចក្ដីដែលខ្ញុំបានបង្គាប់មក អ្នករាល់គ្នាពិតជាមិត្តសម្លាញ់របស់ខ្ញុំមែន។ ខ្ញុំមិនចាត់ទុកអ្នករាល់គ្នាជាអ្នកបម្រើទៀតទេ ព្រោះអ្នកបម្រើមិនយល់កិច្ច‌ការដែលម្ចាស់របស់ខ្លួនប្រព្រឹត្តនោះឡើយ។ ខ្ញុំចាត់ទុកអ្នករាល់គ្នាជាមិត្តសម្លាញ់ ដ្បិតអ្វីៗដែលខ្ញុំបានឮពីព្រះ‌បិតាមក ខ្ញុំក៏បានប្រាប់ឱ្យអ្នករាល់គ្នាដឹងហើយដែរ។ មិន‌មែនអ្នករាល់គ្នាទេដែលបានជ្រើស‌រើសខ្ញុំ គឺខ្ញុំទេតើដែលបានជ្រើស‌រើសអ្នករាល់គ្នា ហើយបានតែង‌តាំងអ្នករាល់គ្នាឱ្យទៅ និងបង្កើតផល ព្រមទាំងឱ្យផលរបស់អ្នករាល់គ្នានៅស្ថិត‌ស្ថេរ។ ដូច្នេះ អ្វីៗដែលអ្នករាល់គ្នាទូលសូមពីព្រះ‌បិតាក្នុងនាមខ្ញុំ ព្រះ‌អង្គនឹងប្រទានឱ្យអ្នករាល់គ្នាពុំ‌ខាន»។

២៧៨- អត្ថបទវែង យហ ១៧,២០-២៦

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន

នៅគ្រានោះ ព្រះ‌យេស៊ូងើបព្រះ‌ភក្ត្រទតទៅលើមេឃមានព្រះ‌បន្ទូលថា៖ «ទូល‌បង្គំមិនអង្វរព្រះ‌អង្គឱ្យតែក្រុមសាវ័ករបស់ទូលបង្គំប៉ុណ្ណោះទេ គឺអង្វរឱ្យអស់អ្នកជឿលើទូល‌បង្គំ តាម‌រយៈពាក្យដែលអ្នកទាំងនេះថ្លែងប្រាប់ផងដែរ សូមឱ្យគេទាំងអស់គ្នារួមជាអង្គតែមួយ។ ឱព្រះ‌បិតាអើយ! ព្រះ‌អង្គស្ថិតនៅជាប់នឹងទូល‌បង្គំ ហើយទូល‌បង្គំស្ថិតនៅជាប់នឹងព្រះ‌អង្គយ៉ាងណា សូមឱ្យគេរួមគ្នាជាអង្គតែមួយនៅក្នុងយើងយ៉ាងនោះដែរ ដើម្បីឱ្យមនុស្សលោកជឿថា ព្រះ‌អង្គបានចាត់ទូល‌បង្គំឱ្យមកមែន។ រីឯសិរី‌រុងរឿងដែលព្រះ‌អង្គប្រទានមកទូល‌បង្គំ ទូល‌បង្គំបានប្រគល់ទៅឱ្យគេហើយ ដើម្បីឱ្យគេរួមគ្នាជាអង្គតែមួយ ដូចយើងជាអង្គតែមួយដែរ គឺឱ្យទូល‌បង្គំនៅក្នុងគេ ព្រះ‌អង្គនៅក្នុងទូល‌បង្គំ ដើម្បីឱ្យគេរួមគ្នាជាអង្គតែមួយពិតប្រាកដមែន ហើយមនុស្សលោកទទួលស្គាល់ថា ព្រះ‌អង្គបានចាត់ទូល‌បង្គំឱ្យមក ព្រមទាំងទទួលស្គាល់ថា ព្រះ‌អង្គស្រឡាញ់គេ ដូចព្រះ‌អង្គស្រឡាញ់ទូល‌បង្គំដែរ។

ឱព្រះ‌បិតាអើយ! ទូល‌បង្គំចង់ឱ្យអស់អ្នកដែលព្រះ‌អង្គប្រទានមកទូល‌បង្គំបាននៅជាមួយទូល‌បង្គំឯកន្លែងដែលទូល‌បង្គំនៅនោះដែរ ដើម្បីឱ្យគេឃើញសិរី‌រុងរឿងដែលព្រះ‌អង្គប្រទានមកទូល‌​បង្គំ ព្រោះព្រះ‌អង្គបានស្រឡាញ់ទូល‌បង្គំតាំងពីមុនកំណើតពិភព‌លោកមកម៉្លេះ។ ឱព្រះ‌បិតាដ៏សុចរិតអើយ! មនុស្សលោកពុំបានស្គាល់ព្រះ‌អង្គទេ រីឯទូល‌បង្គំវិញ ទូល‌បង្គំស្គាល់ព្រះ‌អង្គ ហើយអ្នកទាំងនេះក៏ទទួលស្គាល់ថា ព្រះ‌អង្គបានចាត់ទូល‌បង្គំឱ្យមកមែន។ ទូល‌បង្គំបានសម្ដែងព្រះ‌នាមព្រះ‌អង្គឱ្យគេស្គាល់ ហើយទូល‌បង្គំនឹងសម្ដែងឱ្យគេរឹតតែស្គាល់ថែមទៀត ដើម្បីឱ្យសេចក្ដីស្រឡាញ់របស់ព្រះ‌អង្គចំពោះទូល‌បង្គំស្ថិតនៅក្នុងគេ ហើយទូល‌បង្គំក៏ស្ថិតនៅក្នុងគេដែរ»។

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន

នៅគ្រានោះ ព្រះ‌យេស៊ូងើបព្រះ‌ភក្ត្រទតទៅលើមេឃមានព្រះ‌បន្ទូលថា៖ «ទូល‌បង្គំមិនអង្វរព្រះ‌អង្គឱ្យតែក្រុមសាវ័ករបស់ទូលបង្គំប៉ុណ្ណោះទេ គឺអង្វរឱ្យអស់អ្នកជឿលើទូល‌បង្គំ តាម‌រយៈពាក្យដែលអ្នកទាំងនេះថ្លែងប្រាប់ផងដែរ សូមឱ្យគេទាំងអស់គ្នារួមជាអង្គតែមួយ។ ឱព្រះ‌បិតាអើយ! ព្រះ‌អង្គស្ថិតនៅជាប់នឹងទូល‌បង្គំ ហើយទូល‌បង្គំស្ថិតនៅជាប់នឹងព្រះ‌អង្គយ៉ាងណា សូមឱ្យគេរួមគ្នាជាអង្គតែមួយនៅក្នុងយើងយ៉ាងនោះដែរ ដើម្បីឱ្យមនុស្សលោកជឿថា ព្រះ‌អង្គបានចាត់ទូល‌បង្គំឱ្យមកមែន។ រីឯសិរី‌រុងរឿងដែលព្រះ‌អង្គប្រទានមកទូល‌បង្គំ ទូល‌បង្គំបានប្រគល់ទៅឱ្យគេហើយ ដើម្បីឱ្យគេរួមគ្នាជាអង្គតែមួយ ដូចយើងជាអង្គតែមួយដែរ គឺឱ្យទូល‌បង្គំនៅក្នុងគេ ព្រះ‌អង្គនៅក្នុងទូល‌បង្គំ ដើម្បីឱ្យគេរួមគ្នាជាអង្គតែមួយពិតប្រាកដមែន ហើយមនុស្សលោកទទួលស្គាល់ថា ព្រះ‌អង្គបានចាត់ទូល‌បង្គំឱ្យមក ព្រមទាំងទទួលស្គាល់ថា ព្រះ‌អង្គស្រឡាញ់គេ ដូចព្រះ‌អង្គស្រឡាញ់ទូល‌បង្គំដែរ។

២៧៩ទោះជាអាពាហ៍ពិពាហ៍ក្នុងអភិបូជា ឬ ក្រៅអភិបូជា បើជាការគួរ យើងអាចប្រកាសជំនឿនៃព្រះសហគមន៍កាតូលិក បន្ទាប់ពីធម្មទេសនា និងមុនការសន្ទនាជាមួយគូស្វាមីភរិយា។ ដើម្បីប្រកាសជំនឿរបស់ព្រះសហគមន៍​កាតូលិក យើងមានរបៀប៣ដូចខាងក្រោម៖
-របៀបទី១ បែបរាត្រីបុណ្យចម្លង(សំណួរ)
-របៀបទី២ បែបមហាសន្និបាតក្រុងនីសេកង់ស្តង់ទីណូប
-របៀបទី៣ បែបក្រុមគ្រីស្តទូត
២៨០បើគូស្រករបានទទួលអគ្គសញ្ញាជ្រមុជទឹកទាំងពីរនាក់ យើងអាចប្រកាសជំនឿដូចធម៌ប្រកាសជំនឿក្នុងរាត្រីបុណ្យចម្លង ដើម្បីរំឭកអំពីអគ្គសញ្ញាជ្រមុជទឹក។ លោកបូជាចារ្យ អាចជ្រើសរើសរបៀបមួយក្នុងចំណោមជម្រើសពីរខាងក្រោម៖

ជម្រើសទី១

លោកអធិបតី៖ តើបងប្អូនសុខចិត្តលះបង់មារសាតាំងដែរឬទេ?
អង្គប្រជុំ៖ ខ្ញុំសុខចិត្ត!
លោកអធិបតី៖ តើបងប្អូនសុខចិត្តឈប់បម្រើកិច្ចការរបស់មារសាតាំងដែរឬទេ?
អង្គប្រជុំ៖ ខ្ញុំសុខចិត្ត!
លោកអធិបតី៖ តើបងប្អូនសុខចិត្តបដិសេធល្បិចកលរបស់មារសាតាំងដែរឬទេ?
អង្គប្រជុំ៖ ខ្ញុំសុខចិត្ត!

ជម្រើសទី ២

លោកអធិបតី៖ តើបងប្អូនសុខចិត្តលះបង់ចោលអំពើបាប ដើម្បីរស់នៅដោយមានសេរីភាពជាបុត្រធីតារបស់ព្រះជាម្ចាស់ដែរឬទេ?
អង្គប្រជុំ៖ ខ្ញុំសុខចិត្ត!
លោកអធិបតី៖ តើបងប្អូនសុខចិត្តលះបង់ចោលការល្បួងរបស់មារ ដើម្បីកុំឱ្យធ្លាក់ខ្លួនជាខ្ញុំបម្រើរបស់មារដែរឬទេ?
អង្គប្រជុំ៖ ខ្ញុំសុខចិត្ត!
លោកអធិបតី៖ តើបងប្អូនសុខចិត្តលះបង់ចោលមារសាតាំងជាមេ និងជាម្ចាស់នៃអំពើបាបដែរឬទេ?
អង្គប្រជុំ៖ ខ្ញុំសុខចិត្ត!

លោកអធិបតី៖ តើបងប្អូនជឿលើព្រះជាម្ចាស់ជាព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការជាព្រះបង្កើតមេឃ និងដីដែរឬទេ?
អង្គប្រជុំ៖ ខ្ញុំជឿ!
លោកអធិបតី៖ តើបងប្អូនជឿលើព្រះយេស៊ូគ្រីស្តជាព្រះបុត្រាតែមួយនៃព្រះបិតា ជាព្រះអម្ចាស់យើងខ្ញុំជឿថា ព្រះអង្គបានប្រសូតពីព្រះនាងព្រហ្មចារិនីម៉ារី ព្រះអង្គបានសោយទិវង្គត ព្រះសពព្រះអង្គត្រូវគេបញ្ចុះ ជឿថា ព្រះអង្គមានព្រះជន្មរស់ឡើងវិញពីចំណោមមនុស្សស្លាប់ និងគង់ខាងស្ដាំព្រះបិតាដែរឬទេ?
អង្គប្រជុំ៖ ខ្ញុំជឿ!
លោកអធិបតី៖ តើបងប្អូនជឿលើព្រះវិញ្ញាណដ៏វិសុទ្ធ ជឿលើព្រះសហគមន៍កាតូលិកដ៏វិសុទ្ធ និងសហភាពរវាងជនដ៏វិសុទ្ធ ជឿថា មានការលើកលែងទោសមនុស្សឱ្យរួចពីបាប ហើយរូបកាយមនុស្សនឹងរស់ឡើងវិញ ព្រមទាំងមានជីវិតរស់នៅអស់កល្បជានិច្ចដែរឬទេ?
អង្គប្រជុំ៖ ខ្ញុំជឿ!

២៨១យើងអាចជ្រើសរើសធម៌ប្រកាសជំនឿរបស់មហាសន្និបាតក្រុងនីសេកង់ស្តង់ទីណូប ឬ ធម៌ជឿរបស់ក្រុមគ្រីស្តទូត។
-យើងអាចប្រកាសជំនឿនេះ ដោយមានតែលោកអធិបតីរួមជាមួយគូស្រករនិងអង្គប្រជុំទាំងមូល ឬ ជាមួយមនុស្សមួយចំនួនដូចជា សាក្សី និងមិត្តភក្តិរបស់គូដណ្ដឹងគ្រីស្តបរិស័ទ ឬ អស់អ្នកដែលបានជួយរៀបចំអាពាហ៍ពិពាហ៍តែប៉ុណ្ណោះ។
២៨២បើយើងជ្រើសរើសធម៌ប្រកាសជំនឿរបស់មហាសន្និបាតក្រុងនីសេកង់ស្តង់ទីណូប យើងប្រកាសថា៖
ខ្ញុំជឿលើព្រះជាម្ចាស់តែមួយព្រះអង្គ
ជាព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ
ជាព្រះបង្កើតមេឃ និងដី ទាំងអ្វីៗដែលមើលឃើញ និងមើលមិនឃើញ។
ខ្ញុំជឿលើព្រះអម្ចាស់យេស៊ូគ្រីស្តតែមួយ
ជាព្រះបុត្រាតែមួយនៃព្រះបិតា
ហើយកើតពីព្រះបិតា មុនកាលសម័យទាំងអស់។
ព្រះអង្គជាព្រះជាម្ចាស់ចេញពីព្រះជាម្ចាស់ ជាព្រះពន្លឺចេញពីព្រះពន្លឺ
ជាព្រះជាម្ចាស់ដ៏ពិតប្រាកដ ចេញពីព្រះជាម្ចាស់ដ៏ពិតប្រាកដដែរ។
ព្រះអង្គទទួលព្រះជន្មពីព្រះបិតា ហើយមិនកកើតដូចសត្វលោកឡើយ
ព្រះអង្គរួមសភាពជាមួយព្រះបិតា
ហើយអ្វីៗសព្វសារពើក៏កើតមក ដោយសារព្រះអង្គដែរ។
ព្រះអង្គយាងមកពីស្ថានបរមសុខដើម្បីមនុស្សយើង
និងដើម្បីសង្រ្គោះយើងខ្ញុំ។
ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធ
ព្រះអង្គបានទទួលរូបកាយពីព្រះនាងព្រហ្មចារិនីម៉ារី
ហើយព្រះអង្គទៅជាមនុស្ស។
ព្រះអង្គត្រូវគេឆ្កាងនៅជំនាន់លោកប៉ុនពីឡាត
ដើម្បីជាប្រយោជន៍ដល់យើងខ្ញុំ។
ព្រះអង្គសោយទិវង្គត ហើយព្រះសពព្រះអង្គត្រូវគេបញ្ចុះ។
លុះដល់ថ្ងៃទីបី ព្រះអង្គមានព្រះជន្មរស់ឡើងវិញ ស្របតាមគម្ពីរ។
ព្រះអង្គយាងឡើងស្ថានបរមសុខ ទៅគង់ខាងស្តាំព្រះបិតា។
ព្រះអង្គនឹងយាងមកវិញយ៉ាងរុងរឿង
ដើម្បីវិនិច្ឆ័យមនុស្សទាំងរស់ ទាំងស្លាប់
ហើយព្រះរាជ្យព្រះអង្គ នឹងនៅស្ថិតស្ថេរឥតទីបញ្ចប់ឡើយ។
ខ្ញុំជឿលើព្រះវិញ្ញាណដ៏វិសុទ្ធ ដែលប្រទានជីវិត និងជាព្រះអម្ចាស់
ព្រះអង្គហូរចេញពីព្រះបិតា និងព្រះបុត្រា។
ព្រះអង្គទទួលការក្រាបថ្វាយបង្គំ និងលើកតម្កើងសិរីរុងរឿង
ស្មើនឹងព្រះបិតា និងព្រះបុត្រា។
ព្រះអង្គបានថ្លែងព្រះបន្ទូល តាមរយៈអស់លោកព្យាការី។
ខ្ញុំជឿលើព្រះសហគមន៍តែមួយដ៏វិសុទ្ធ និងកាតូលិក
ដែលបន្តជំនឿពីក្រុមគ្រីស្តទូត។
ខ្ញុំប្រកាសថា មានអគ្គសញ្ញាជ្រមុជទឹកតែមួយ
ដែលលើកលែងទោសឱ្យរួចពីបាប។
ខ្ញុំរង់ចាំពេលដែលមនុស្សស្លាប់នឹងរស់ឡើងវិញ
និងជីវិតនៅលោកខាងមុខផង។
អាម៉ែន។
២៨៣បើយើងជ្រើសរើសធម៌ប្រកាសជំនឿរបស់ក្រុមគ្រីស្តទូត យើងប្រកាសថា៖
ខ្ញុំជឿលើព្រះជាម្ចាស់ ជាព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ
ជាព្រះបង្កើតមេឃ និងដី។
ខ្ញុំជឿលើព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាតែមួយនៃព្រះបិតា
ហើយជាព្រះអម្ចាស់យើងខ្ញុំ។
ព្រះអង្គមានកំណើតជាមនុស្ស ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធ
ហើយទ្រង់បានប្រសូតពីព្រះនាងព្រហ្មចារិនីម៉ារី
ព្រះអង្គបានសោយទុក្ខលំបាក នៅជំនាន់លោកប៉ុនពីឡាត។
ព្រះអង្គត្រូវគេឆ្កាង សោយទិវង្គត
ហើយព្រះសពព្រះអង្គ ត្រូវគេបញ្ចុះក្នុងរូងថ្មមួយ។
ព្រះអង្គបានយាងចុះទៅស្ថានក្រោម
លុះដល់ថ្ងៃទីបី ព្រះអង្គមានព្រះជន្មរស់ឡើងវិញ ពីចំណោមមនុស្សស្លាប់
ព្រះអង្គបានយាងឡើងស្ថានបរមសុខ
ទៅគង់ខាងស្តាំព្រះជាម្ចាស់ជាព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ។
ព្រះអង្គនឹងយាងមកវិញ ដើម្បីវិនិច្ឆ័យមនុស្សទាំងរស់ ទាំងស្លាប់។
ខ្ញុំជឿលើព្រះវិញ្ញាណដ៏វិសុទ្ធ
ខ្ញុំជឿលើព្រះសហគមន៍កាតូលិកដ៏វិសុទ្ធ
និងសហភាពរវាងជនដ៏វិសុទ្ធទាំងឡាយ។
ខ្ញុំជឿថា មានការលើកលែងទោសមនុស្សឱ្យរួចពីបាប
ហើយរូបកាយមនុស្សនឹងរស់ឡើងវិញ
ព្រមទាំងមានជីវិតរស់នៅអស់កល្បជានិច្ចផង។ អាម៉ែន។
បងប្អូនជាទីស្រឡាញ់!
ចូរយើងតាំងចិត្តអធិដ្ឋាន
ទូលអង្វរព្រះជាម្ចាស់ដោយសុភាពរាបសា
សូមព្រះអង្គចាក់បង្ហូរព្រះអំណោយទាន
ប្រោសប្រទានពរដល់អ្នកបម្រើរបស់ព្រះអង្គ
ដែលទើបភ្ជាប់គ្នាដោយចំណងនៃសម្ពន្ធមេត្រីដ៏វិសុទ្ធ នៅក្នុងអង្គព្រះគ្រីស្ត
[តាមរយៈអគ្គសញ្ញាព្រះកាយនិងព្រះលោហិតព្រះគ្រីស្ត]
ឱ្យមានចិត្តថ្លើមតែមួយ ក្នុងសេចក្ដីស្រឡាញ់។
បពិត្រព្រះជាម្ចាស់!
កាលពីដើមដំបូងបង្អស់
ព្រះអង្គសព្វព្រះហឫទ័យបង្កើតអ្វីៗសព្វសារពើ
តាំងពីនៅទទេ ឱ្យកើតមានឡើង។
ព្រះអង្គបង្កើតផែនដី និងអ្វីៗដែលមាននៅលើផែនដី
ព្រមទាំងបង្កើតមនុស្ស ជាបុរស និងជាស្រ្តី
ដែលជារូបតំណាងរបស់ព្រះអង្គ។
ព្រះអង្គក៏បង្កើតស្ត្រីជាជំនួយការ ដែលមិនអាចបំបែកចេញពីបុរស
ពួកគេមិនមែនជាបុគ្គលពីរនាក់ទៀតទេ គឺសាច់ឈាមតែមួយវិញ។
ព្រះអង្គក៏ប្រៀនប្រដៅមនុស្សលោកឱ្យដឹងថា
អ្វីៗដែលព្រះអង្គសព្វព្រះហឫទ័យបង្កើតមករួមគ្នាជាធ្លុងតែមួយ
មិនត្រូវបំបាក់បំបែកឡើយ។
បពិត្រព្រះជាម្ចាស់!
ព្រះអង្គបានញែកចំណងនៃអាពាហ៍ពិពាហ៍ឱ្យបានវិសុទ្ធ
ដោយគម្រោងការដ៏អស្ចារ្យរបស់ព្រះអង្គ
ដើម្បីតាមរយៈសម្ពន្ធមេត្រីនៃអាពាហ៍ពិពាហ៍
ព្រះអង្គបង្ហាញទីសម្គាល់ អំពីអគ្គសញ្ញាដ៏ប្រសើរឧត្តម
របស់ព្រះគ្រីស្តនិងព្រះសហគមន៍ សម្រាប់យើងខ្ញុំ។
បពិត្រព្រះជាម្ចាស់!
តាមព្រះហឫទ័យព្រះអង្គ បានជាស្ត្រីរួមគ្នាជាធ្លុងតែមួយនឹងបុរស
ហើយភាពជាធ្លុងតែមួយដែលពួកគាត់មានតាំងពីដើមដំបូង
បានទទួលការប្រទានពរពីព្រះអង្គ
ព្រមទាំងជាព្រះអំណោយទានតែមួយគត់
ដែលមិនរងទណ្ឌកម្មដោយសារបុព្វបាប
ឬត្រូវវិនាសបាត់បង់ ដោយមហាទឹកជំនន់ឡើយ។
សូមព្រះអង្គទតមើលអ្នកបម្រើរបស់ព្រះអង្គ
ដែលបានរួមគ្នាជាធ្លុងតែមួយក្នុងអាពាហ៍ពិពាហ៍
កំពុងទន្ទឹងរង់ចាំការប្រទានពរពីព្រះអង្គ។
សូមព្រះអង្គចាត់ព្រះវិញ្ញាណដ៏វិសុទ្ធ
យាងមកគង់សណ្ឋិតលើអ្នកបម្រើរបស់ព្រះអង្គ
ឱ្យបានពោរពេញដោយសេចក្ដីស្រឡាញ់មកពីព្រះអង្គ ក្នុងដួងចិត្ត
ព្រមទាំងខិតខំរក្សាចិត្តភក្ដី ចំពោះគ្នាទៅវិញទៅមក
ក្នុងសម្ពន្ធមេត្រីនៃអាពាហ៍ពិពាហ៍។
សូមប្រោសប្រទានឱ្យបុត្រីរបស់ព្រះអង្គ (នាមភរិយា…)
បានពោរពេញដោយព្រះអំណោយទាន
ព្រមទាំងបានប្រកបដោយសេចក្ដីសុខសាន្តជានិច្ច។
សូមឱ្យនាងចេះយកតម្រាប់តាមគំរូនៃអស់សន្តីទាំងឡាយ
ដែលមនុស្សលោកច្រៀងកោតសរសើរ ក្នុងព្រះគម្ពីរ។
សូមឱ្យស្វាមីរបស់នាង ចេះប្រគល់បេះដូងទាំងស្រុងចំពោះភរិយា
ព្រមទាំងមនសិការថា នាងមានតម្លៃស្មើនឹងខ្លួនដែលជាស្វាមី
ដើម្បីរួមគ្នាទទួលជីវិត ដែលជាព្រះអំណោយទានរបស់ព្រះអង្គ។
សូមឱ្យស្វាមីរបស់នាង ចេះគោរពនិងឱ្យតម្លៃនាង តាមរបៀបសមរម្យ
ព្រមទាំងស្រឡាញ់នាង ដោយចិត្តភក្ដីជារៀងរហូត
ដូចព្រះគ្រីស្តបានស្រឡាញ់ព្រះសហគមន៍របស់ព្រះអង្គដែរ។
បពិត្រព្រះអម្ចាស់!
ឥឡូវនេះ យើងខ្ញុំសូមទូលអង្វរព្រះអង្គ
សម្រាប់គូស្វាមីភរិយាថ្មោងថ្មីដែលជាអ្នកបម្រើរបស់ព្រះអង្គ
សូមឱ្យពួកគាត់ខិតខំព្យាយាមរក្សាជំនឿ
និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវក្រឹត្យវិន័យរបស់ព្រះអង្គ។
ដោយចិត្តភក្ដីនៃភាពរួមគ្នាជាធ្លុងតែមួយ គឺសាច់ឈាមតែមួយ
សូមឱ្យពួកគាត់ចាកផុតពីអំពើបាបនានា ក្នុងគ្រប់សកម្មភាព។
ដោយកម្លាំងនៃព្រះបន្ទូលដំណឹងល្អ
សូមឱ្យពួកគាត់ក្លាយជាសាក្សីដ៏ពិតប្រាកដរបស់ព្រះគ្រីស្ត
នៅចំពោះមុខមនុស្សទាំងឡាយ។
[សូមឱ្យពួកគាត់បង្កើតកូន ក្នុងសេចក្ដីស្រឡាញ់
ព្រមទាំងខិតខំបង្ហាញខ្លួនជាមាតាបិតា ដែលប្រកបដោយគុណធម៌
និងព្រហ្មវិហារធម៌ ចំពោះកូនៗរបស់ខ្លួន។]
ជាអវសាន
ពេលរួមរស់ជាមួយគ្នាដល់ចាស់ព្រឹទ្ធចាស់ព្រេង តាមបំណងប្រាថ្នា
សូមឱ្យពួកគាត់អាចឈានចូលទទួលជីវិតអស់កល្បជានិច្ច
រួមជាមួយសន្តបុគ្គលទាំងឡាយ ក្នុងព្រះរាជ្យនៃស្ថានបរមសុខផង។
* យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយ
ព្រះយេស៊ូជាព្រះគ្រីស្ត និងជាអម្ចាស់យើងខ្ញុំ។
អង្គប្រជុំ៖ អាម៉ែន។
២៨៥ពិធីជូនពរនេះ មាននៅលេខ១១៦។ ក្រោយពីបានសូត្រធម៌ “ឱព្រះបិតាយើងខ្ញុំ”ដោយមិនពោល “ឱព្រះអម្ចាស់អើយ! សូមប្រោសយើងខ្ញុំឱ្យរួចពីសេចក្ដីអាក្រក់គ្រប់យ៉ាង…” លោកបូជាចារ្យបែរទៅរកគូស្វាមីភរិយាថ្មោងថ្មី សូមព្រះជាម្ចាស់ប្រទានពរឱ្យពួកគាត់។ ត្រូវតែធ្វើពិធីជូនពរលើគូស្វាមីភរិយា ជាដាច់ខាត។ ក្នុងចំណោមគូស្វាមីភរិយា បើមានម្នាក់មិនទទួលព្រះកាយ សូមរំលងពាក្យក្នុងសញ្ញាដង្កៀប[…]។
គូស្វាមីភរិយាមកខាងមុខអាសនៈ ហើយតាមកាលៈទេសៈ ក្រោកឈរ ឬលុតជង្គង់។
លោកអធិបតីលើកដៃប្រណម អញ្ជើញអង្គប្រជុំឱ្យតាំងចិត្តអធិដ្ឋានដូចតទៅ៖
បងប្អូនជាទីស្រឡាញ់!
ចូរយើងតាំងចិត្តអធិដ្ឋាន ទូលអង្វរព្រះអម្ចាស់
សម្រាប់គូស្វាមីភរិយាថ្មោងថ្មី ដែលឈានចូលមកជិតអាសនៈ
ប្រៀបដូចឈានចូលចាប់ផ្ដើមជីវិតអាពាហ៍ពិពាហ៍
[ដោយចូលរួមក្នុងព្រះកាយនិងព្រះលោហិតព្រះគ្រីស្ត]
ឱ្យរួមគ្នាជាធ្លុងតែមួយ ក្នុងសេចក្ដីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក។
បពិត្រព្រះជាម្ចាស់ជាព្រះបិតាដ៏វិសុទ្ធ!
ព្រះអង្គបានបង្កើតមនុស្ស ជារូបតំណាងរបស់ព្រះអង្គ
ព្រះអង្គក៏បានបង្កើតគេជាបុរស និងជាស្រ្តី
ព្រមទាំងឱ្យរួមគ្នាជាធ្លុងតែមួយ
ទាំងរូបកាយ ទាំងវិញ្ញាណ ក្នុងឋានៈជាស្វាមីភរិយា
ដើម្បីបំពេញបេសកកម្មរបស់ព្រះអង្គ ក្នុងពិភពលោកនេះ។
បពិត្រព្រះជាម្ចាស់!
ព្រះអង្គបង្ហាញឱ្យឃើញអំពីគម្រោងការដ៏អស្ចារ្យ
នៃសេចក្ដីស្រឡាញ់របស់ព្រះអង្គ
ដោយប្រើសេចក្ដីស្រឡាញ់របស់គូស្វាមីភរិយា
ដើម្បីបង្ហាញទីសម្គាល់ អំពីសម្ពន្ធមេត្រី
ដែលព្រះអង្គចងជាមួយប្រជារាស្ត្ររបស់ព្រះអង្គ
ដោយព្រះហឫទ័យមេត្តាករុណា។
នៅពេលអត្ថន័យនៃអគ្គសញ្ញាបានបំពេញយ៉ាងបរិបូរណ៍
ញុាំងឱ្យអាពាហ៍ពិពាហ៍ដ៏អាថ៌កំបាំងរបស់ព្រះគ្រីស្តនិងព្រះសហគមន៍
អាចបង្ហាញឱ្យឃើញយ៉ាងច្បាស់ តាមរយៈជីវិតអាពាហ៍ពិពាហ៍
ក្នុងចំណោមអស់អ្នកជឿលើព្រះអង្គ។
យើងខ្ញុំសូមទូលអង្វរព្រះអង្គ
សូមលាតព្រះហស្តមកលើអ្នកបម្រើរបស់ព្រះអង្គគឺ
(នាមស្វាមី…) និង (នាមភរិយា…)
ព្រមទាំងចាក់បង្ហូរឫទ្ធានុភាពនៃព្រះវិញ្ញាណដ៏វិសុទ្ធ
ឱ្យគង់សណ្ឋិតនៅក្នុងដួងចិត្តរបស់ពួកគាត់។
បពិត្រព្រះអម្ចាស់!
សូមព្រះអង្គប្រោសប្រទានពួកគាត់
ចេះចែករំលែកសេចក្ដីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក
ក្នុងពេលពួកគាត់ចាប់ផ្ដើមជីវិតនៃអគ្គសញ្ញាអាពាហ៍ពិពាហ៍។
សូមឱ្យពួកគាត់ចេះបង្ហាញគ្នាទៅវិញទៅមក
នូវទីសម្គាល់នៃវត្តមានរបស់ព្រះអង្គ
ដើម្បីរួមគ្នាជាធ្លុងតែមួយ ទាំងរូបកាយ ទាំងវិញ្ញាណ។
បពិត្រព្រះអម្ចាស់!
សូមឱ្យពួកគាត់ចេះប្រកបការងារប្រចាំថ្ងៃ
ដើម្បីចិញ្ចឹមក្រុមគ្រួសារដែលពួកគាត់បង្កើត
[ព្រមទាំងប្រៀនប្រដៅកូនចៅរបស់ខ្លួន
ឱ្យក្លាយជាសមាជិកនៃក្រុមគ្រួសារនៅស្ថានបរមសុខ
តាមមាគ៌ានៃដំណឹងល្អរបស់ព្រះជាម្ចាស់]
សូមព្រះអង្គប្រោសប្រទានព្រះអំណោយទានដ៏បរិបូណ៌
មកលើបុត្រីរបស់ព្រះអង្គគឺ (នាមភរិយា…)
សូមឱ្យនាងបំពេញកាតព្វកិច្ចជាឧត្តមភរិយា
[និងជាមាតាប្រកបដោយព្រហ្មវិហារធម៌]
សូមឱ្យនាងចេះនាំសិរីសួស្ដីនិងភាពកក់ក្ដៅ ចូលក្នុងក្រុមគ្រួសារ
តាមរយៈសេចក្ដីស្រឡាញ់ប្រកបដោយព្រហ្មចរិយធម៌
ព្រមទាំងចេះរស់នៅប្រកបដោយចរិយាធម៌ សីលធម៌ និងសុជីវធម៌
ដើម្បីលើកកិត្តិយសនៃក្រុមគ្រួសាររបស់នាង។
សូមព្រះអង្គប្រាសប្រទានព្រះអំណោយទានដ៏បរិបូណ៌
មកលើបុត្រារបស់ព្រះអង្គគឺ (នាមស្វាមី…)
សូមឱ្យលោកបំពេញកាតព្វកិច្ចជាឧត្តមស្វាមី ដែលមានចិត្តភក្ដី
[និងជាបិតាប្រកបដោយព្រហ្មវិហារធម៌]
បពិត្រព្រះជាម្ចាស់ជាព្រះបិតាដ៏វិសុទ្ធ!
សូមឱ្យគូស្វាមីភរិយាដែលបានរៀបអាពាហ៍ពិពាហ៍
ខាងមុខអាសនៈ នៅចំពោះវត្តមានរបស់ព្រះអង្គ
បានចូលរួមពិធីជប់លៀងដ៏ប្រសើរបំផុតនៅថ្ងៃណាមួយ
ក្នុងព្រះរាជ្យនៃស្ថានបរមសុខផង។
* យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយ
ព្រះយេស៊ូជាព្រះគ្រីស្ត និងជាអម្ចាស់យើងខ្ញុំ។
អង្គប្រជុំ៖ អាម៉ែន។
២៨៦លោកអធិបតីលើកដៃប្រណម អញ្ជើញអង្គប្រជុំឱ្យតាំងចិត្តអធិដ្ឋានដូចតទៅ៖
បងប្អូនជាទីស្រឡាញ់!
ចូរយើងតាំងចិត្តអធិដ្ឋាន ទូលអង្វរព្រះជាម្ចាស់
ប្រោសប្រទានព្រះអំណោយទានដ៏បរិបូណ៌របស់ព្រះអង្គ
មកលើគូស្វាមីភរិយាថ្មោងថ្មីនេះ។
សូមព្រះអង្គជួយគាំទ្រ ដោយព្រះហឫទ័យសប្បុរស
ដល់អស់អ្នកដែលព្រះអង្គប្រោសប្រទានយ៉ាងច្រើនលើសលប់
ដោយអគ្គសញ្ញាអាពាហ៍ពិពាហ៍។
បពិត្រព្រះជាម្ចាស់!
ជាព្រះបង្កើតពិភពលោកទាំងមូលនិងអ្វីៗសព្វសារពើ
ព្រះអង្គក៏បង្កើតមនុស្សជាបុរស និងជាស្រ្តី
ដែលជារូបតំណាងរបស់ព្រះអង្គ
ហើយព្រះអង្គក៏សព្វព្រះហឫទ័យឱ្យសហគមន៍របស់ពួកគេ
បានពោរពេញដោយព្រះអំណោយទានរបស់ព្រះអង្គ។
យើងខ្ញុំសូមលំទោនកាយទូលអង្វរ
សូមព្រះអង្គប្រោសប្រទានព្រះអំណោយទានដ៏បរិបូណ៌
មកលើកូនក្រមុំ (នាមភរិយា…)
និងកូនកំលោះ (នាមស្វាមី…) ជាសហជីវិនរបស់នាង។
សូមព្រះអង្គចាក់បង្ហូរឫទ្ធានុភាពនៃព្រះវិញ្ញាណដ៏វិសុទ្ធ
ពីស្ថានដ៏ខ្ពង់ខ្ពស់បំផុត យាងមកដុតបញ្ឆេះដួងចិត្តពួកគាត់ឱ្យឆេះឆួល
ព្រមទាំងឱ្យពួកគាត់ចេះប្រគល់ខ្លួនចំពោះគ្នាទៅវិញទៅមក
ក្នុងអាពាហ៍ពិពាហ៍។
[សូមឱ្យពួកគាត់មានភាពប៉ិនប្រសប់ក្នុងការអប់រំកូនៗរបស់ខ្លួន
ដើម្បីតុបតែងបន្ថែមសោភ័ណភាពនៃក្រុមគ្រួសារ
ព្រមទាំងធ្វើឱ្យព្រះសហគមន៍ចម្រើនឡើង។]
បពិត្រព្រះអម្ចាស់!
សូមឱ្យពួកគាត់ចេះកោតសរសើរនិងអរព្រះគុណព្រះអង្គ
នៅពេលជីវិតមានអំណរសប្បាយនិងសុភមង្គល
ព្រមទាំងចេះស្វែងរកពឹងលើព្រះអង្គ
នៅពេលជីវិតមានទុក្ខលំបាក និងមានបញ្ហា
ដោយមានមនសិការថា ព្រះអង្គតែងមានវត្តមាន
គង់នៅក្បែរចាំលួងលោមពួកគាត់ ឱ្យបានធូរស្បើយជានិច្ច។
សូមឱ្យពួកគាត់ចេះអធិដ្ឋាន រួមជាមួយព្រះសហគមន៍កាតូលិកដ៏វិសុទ្ធ
ព្រមទាំងជាសាក្សីដ៏ពិតប្រាកដរបស់ព្រះអង្គ ក្នុងពិភពលោកនេះ។
សូមឱ្យពួកគាត់រួមរស់ជាមួយគ្នាដោយអំណរសប្បាយ
រហូតដល់ចាស់ព្រឹទ្ធចាស់ព្រេង នៅជុំវិញញាតិសន្ដាននិងមិត្តភក្តិ។
លុះដល់អវសាននៃជីវិត
សូមឱ្យពួកគាត់អាចចូលក្នុងព្រះរាជ្យនៃស្ថានបរមសុខផង។
* យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយ
ព្រះយេស៊ូជាព្រះគ្រីស្ត និងជាអម្ចាស់យើងខ្ញុំ។
អង្គប្រជុំ៖ អាម៉ែន។
២៨៧ពាក្យជូនពរនៃអាពាហ៍ពិពាហ៍នេះ ក៏មាននៅលេខ១១៨ដែរ។
បងប្អូនជាទីស្រឡាញ់!
ចូរបងប្អូនទូលអង្វរព្រះជាម្ចាស់
សូមព្រះអង្គប្រទានពរដល់គូស្វាមីភរិយាថ្មោងថ្មីនេះ
ដែលហៀបនឹងទទួលព្រះកាយ និងព្រះលោហិតព្រះគ្រីស្ត
បានរួមជាមួយគ្នាជាធ្លុងតែមួយ។
បពិត្រព្រះអម្ចាស់ជាព្រះបិតា!
ព្រះអង្គបានត្រាស់ហៅ (នាមស្វាមី…) និង (នាមភរិយា…)
ដើម្បីឱ្យពួកគាត់បានទៅជារូបកាយតែមួយ និងមានចិត្តគំនិតតែមួយ
ដោយចេះប្រគល់ខ្លួនចំពោះគ្នាទៅវិញទៅមក។
សូមព្រះអង្គប្រទានព្រះកាយព្រះបុត្រាព្រះអង្គ
ដើម្បីឱ្យពួកគាត់រួបរួមគ្នាជាធ្លុងតែមួយ។
ព្រះអង្គជាប្រភពនៃសេចក្ដីស្រឡាញ់របស់ពួកគាត់
ហើយព្រះអង្គក៏ត្រាស់ហៅពួកគាត់ឱ្យមានសុភមង្គល។
[សូមព្រះអង្គប្រោសប្រទានព្រះលោហិតរបស់ព្រះគ្រីស្ត
ដែលនឹងប្រោសសេចក្ដីស្រឡាញ់ និងអំណរសប្បាយរបស់ពួកគាត់
ឱ្យបានវិសុទ្ធ។]
ដោយទទួលនំបុ័ងនៃជីវិត [និងពែងនៃព្រះពរ]
សូមឱ្យពួកគាត់ចេះលះបង់ជីវិតសម្រាប់អ្នកដទៃ។
ដោយព្រះវិញ្ញាណដ៏វិសុទ្ធជួយបំភ្លឺនិងណែនាំ
សូមឱ្យពួកគាត់ចេះអប់រំកូន ដែលនឹងកើតមកពីសេចក្ដីស្រឡាញ់
ឱ្យមានចិត្តភក្តីចំពោះដំណឹងល្អរបស់ព្រះអង្គ។
សូមឱ្យពួកគាត់ស្វះស្វែងរកព្រះរាជ្យរបស់ព្រះអង្គមុនអ្វីៗទាំងអស់
ព្រមទាំងបង្កើតផលផ្លែល្អ ក្នុងសង្គមដែលពួកគាត់រស់នៅ។
សូមឱ្យពួកគាត់មានចិត្តសប្បុរស ចេះអាណិតមេត្តា
ចំពោះអ្នកក្រីក្រ អស់អ្នកកម្សត់ទុរគត អស់អ្នកគ្មានទីពឹង
ដោយចែករំលែកនូវអ្វីៗដែលខ្លួនមានដល់អស់អ្នកទាំងនោះ
ព្រមទាំងចេះលើកទឹកចិត្តបងប្អូនដែលអស់សង្ឃឹមក្នុងជីវិត។
សូមឱ្យពួកគាត់ចេះអរព្រះគុណព្រះអង្គជានិច្ច
ព្រមទាំងចងសម្ពន្ធមេត្រីសាជាថ្មី ដោយរួបរួមគ្នា
ក្នុងព្រះកាយព្រះគ្រីស្តដែលមានព្រះជន្មរស់ឡើងវិញ។
នៅក្នុងអង្គព្រះគ្រីស្តនេះហើយ
ដែលព្រះអង្គបានប្រោសពិធីមង្គលការនៃភូមិកាណា
និងប្រោសព្រះសហគមន៍ឱ្យបានវិសុទ្ធ ដោយបានបូជាព្រះជន្ម។
យើងខ្ញុំដឹងថា ព្រះគ្រីស្តតែងទូលអង្វរព្រះអង្គ
សម្រាប់ (នាមស្វាមី…) និង (នាមភរិយា…) នៅថ្ងៃនេះ ថ្ងៃស្អែក
និងជារៀងរាល់ថ្ងៃ រហូតតរៀងទៅ។
អង្គប្រជុំ៖ អាម៉ែន។
២៨៨យើងអាចប្រើពាក្យជូនពរនេះ ក្នុងករណីគូស្រករម្នាក់ ជាគ្រីស្តបរិស័ទតែមិនមែនកាតូលិក។ លោកអធិបតីលើកដៃប្រណម អញ្ជើញអង្គប្រជុំឱ្យតាំងចិត្តអធិដ្ឋាន ដូចតទៅ៖
បងប្អូនជាទីស្រឡាញ់!
ចូរបងប្អូនទូលអង្វរព្រះជាម្ចាស់
សូមព្រះអង្គប្រទានពរលើគូស្វាមីភរិយានេះ។
ព្រះអង្គបានប្រោសប្រទានឱ្យពួកគាត់រៀបអាពាហ៍ពិពាហ៍
សូមឱ្យអាពាហ៍ពិពាហ៍នេះ កើតជាថ្មីជារៀងរហូត
ក្នុងសេចក្ដីស្រឡាញ់របស់ព្រះអង្គ។
បពិត្រព្រះអម្ចាស់ជាព្រះបិតានៃយើងខ្ញុំ!
ព្រះអង្គជាប្រភពនៃជីវិតគ្រប់យ៉ាង
ហើយព្រះអង្គបានបង្កើតអ្វីៗសព្វសារពើទាំងអស់
ព្រះអង្គបានបង្កើតមនុស្សជាបុរស និងជាស្ត្រី ឱ្យមានលក្ខណៈដូចព្រះអង្គ
ដើម្បីឱ្យពួកគេ រួមចំណែកក្នុងស្នាព្រះហស្តដ៏អស្ចារ្យ
ដែលពោរពេញដោយសេចក្ដីស្រឡាញ់របស់ព្រះអង្គ
ហើយព្រះអង្គបានប្រោសប្រទានឱ្យពួកគេ ចេះស្រឡាញ់ដូចព្រះអង្គដែរ។
នៅថ្ងៃនេះ ក្នុងព្រះវិហារនេះ
ព្រះអង្គសព្វព្រះហឫទ័យឱ្យកូនកំលោះ (នាម….)
និងកូនក្រមុំ (នាម….) រួមដំណើរជាមួយគ្នាអស់មួយជីវិត។
ឥឡូវនេះ ព្រះអង្គសព្វព្រះហឫទ័យឱ្យពួកគាត់កសាងក្រុមគ្រួសារ
ព្រមទាំងចេះស្រឡាញ់គ្នាទៅវិញទៅមក
ឱ្យកាន់តែខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ
ដោយយកតម្រាប់តាមគំរូព្រះគ្រីស្ត
ដែលព្រះអង្គបានស្រឡាញ់មនុស្សលោក
រហូតដល់សោយទិវង្គតនៅលើឈើឆ្កាង។
សូមព្រះអង្គប្រោសប្រទានពរ ថែរក្សាការពារ
និងពង្រឹងសេចក្ដីស្រឡាញ់របស់គូស្វាមីភរិយាថ្មោងថ្មីនេះ។
សូមឱ្យសេចក្ដីស្រឡាញ់ដែលពួកគាត់មានចំពោះគ្នាទៅវិញទៅមក
ជួយពង្រឹងភក្ដីភាពរបស់ពួកគាត់។
សូមឱ្យសេចក្ដីស្រឡាញ់នេះ
នាំពួកគាត់ឱ្យមានអំណរសប្បាយ និងឱ្យយល់ថា នៅក្នុងអង្គព្រះគ្រីស្ត
ពេលណាយើងប្រគល់ខ្លួនទាំងស្រុង ចំពោះមនុស្សដែលយើងស្រឡាញ់
ពេលនោះយើងមានអំណរសប្បាយដ៏ពិតប្រាកដ។
សូមឱ្យសេចក្ដីស្រឡាញ់របស់ពួកគាត់
ដែលមានលក្ខណៈដូចសេចក្ដីស្រឡាញ់របស់ព្រះអង្គ
ក្លាយទៅជាប្រភពនៃជីវិត។
សូមឱ្យសេចក្ដីស្រឡាញ់នេះ
ណែនាំពួកគាត់ឱ្យយកចិត្តទុកដាក់ ចំពោះតម្រូវការរបស់អ្នកដទៃ
ព្រមទាំងឱ្យពួកគាត់មានចិត្តទូលាយ ចេះស្វាគមន៍បងប្អូនទាំងនោះ។
ដោយឫទ្ធានុភាពនៃព្រះវិញ្ញាណដ៏វិសុទ្ធ
និងដោយពឹងផ្អែកលើសេចក្ដីស្រឡាញ់របស់ពួកគាត់
សូមឱ្យពួកគាត់ចូលរួមយ៉ាងសកម្ម ក្នុងការកសាងពិភពលោក
ឱ្យប្រកបដោយយុត្តិធម៌និងសេចក្ដីស្រឡាញ់
និងដើម្បីក្លាយជាបុត្រធីតាដ៏ពិតប្រាកដរបស់ព្រះអង្គផង។
* យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយ
ព្រះយេស៊ូជាព្រះគ្រីស្ត និងជាអម្ចាស់យើងខ្ញុំ។
អង្គប្រជុំ៖ អាម៉ែន។
២៨៩លោកអធិបតីលើកដៃប្រណម អញ្ជើញអង្គប្រជុំឱ្យតាំងចិត្តអធិដ្ឋានដូចតទៅ៖
បងប្អូនជាទីស្រឡាញ់!
ចូរបងប្អូនលើកតម្កើងនិងទូលអង្វរព្រះជាម្ចាស់
សូមព្រះអង្គប្រោសប្រទានពរលើគូស្វាមីភរិយាថ្មោងថ្មីនេះ
ដែលជឿទុកចិត្តនិងផ្ញើជីវិតទៅលើព្រះអង្គ។
បពិត្រព្រះអម្ចាស់ជាព្រះបិតានៃយើងខ្ញុំ!
យើងខ្ញុំសូមលើកតម្កើងព្រះអង្គ
ដ្បិតព្រះអង្គជាសេចក្ដីស្រឡាញ់
និងជាប្រភពនៃសេចក្ដីស្រឡាញ់គ្រប់យ៉ាង។
ព្រះអង្គសព្វព្រះហឫទ័យប្រោសប្រទាន
ឱ្យសេចក្ដីស្រឡាញ់រវាងបុរសនិងស្រ្តី
ក្លាយទៅជាទីសម្គាល់នៃសម្ពន្ធមេត្រី
ដែលព្រះអង្គចងជាមួយប្រជារាស្ត្ររបស់ព្រះអង្គ។
យើងខ្ញុំសូមលើកតម្កើងព្រះអង្គ!
បន្ទរ៖ ព្រះជាអម្ចាស់ ពោរពេញដោយសេចក្ដីស្រឡាញ់
ទ្រង់បានប្រទានព្រះអំណោយ ឥតឧបមាលើរូបខ្ញុំ
តើខ្ញុំមានអ្វីតបស្នងសងគុណព្រះអង្គ?
បពិត្រព្រះអម្ចាស់ជាព្រះបិតានៃព្រះសង្គ្រោះយើងខ្ញុំ!
យើងខ្ញុំសូមលើកតម្កើងព្រះអង្គ
ដ្បិតព្រះអង្គបានចងសម្ពន្ធមេត្រីថ្មី
នៅក្នុងបុណ្យចម្លងនៃព្រះបុត្រាព្រះអង្គ។
ឥឡូវនេះ ព្រះអង្គសព្វព្រះហឫទ័យ
ឱ្យការរួបរួមជាធ្លុងតែមួយ
របស់កូនកំលោះ (នាម….) និងកូនក្រមុំ (នាម….)
បានទៅជាទីសម្គាល់នៃការរួបរួមជាធ្លុងតែមួយ
របស់ព្រះគ្រីស្តនិងព្រះសហគមន៍។
យើងខ្ញុំសូមលើកតម្កើងព្រះអង្គ!
បន្ទរ៖ ព្រះជាអម្ចាស់ ពោរពេញដោយសេចក្ដីស្រឡាញ់
ទ្រង់បានប្រទានព្រះអំណោយ ឥតឧបមាលើរូបខ្ញុំ
តើខ្ញុំមានអ្វីតបស្នងសងគុណព្រះអង្គ?
បពិត្រព្រះអម្ចាស់!
ព្រះអង្គបានចាត់ព្រះវិញ្ញាណដ៏វិសុទ្ធ
ដើម្បីណែនាំបុត្រធីតារបស់ព្រះអង្គ
ឱ្យចូលរួមចំណែកក្នុងបេសកកម្មនៃព្រះបុត្រា។
យើងខ្ញុំសូមលើកតម្កើងព្រះអង្គ!
ព្រះអង្គសព្វព្រះហឫទ័យឱ្យគូស្វាមីភរិយាថ្មោងថ្មីនេះ
រួបរួមគ្នាជាធ្លុងតែមួយ ទាំងរូបកាយ ទាំងវិញ្ញាណ
ព្រមទាំងជាទីសម្គាល់ចំពោះគ្នាទៅវិញទៅមក
នៃព្រះហឫទ័យថ្នាក់ថ្នមរបស់ព្រះអង្គ។
យើងខ្ញុំសូមលើកតម្កើងព្រះអង្គ!
បន្ទរ៖ ព្រះជាអម្ចាស់ ពោរពេញដោយសេចក្ដីស្រឡាញ់
ទ្រង់បានប្រទានព្រះអំណោយ ឥតឧបមាលើរូបខ្ញុំ
តើខ្ញុំមានអ្វីតបស្នងសងគុណព្រះអង្គ?
បពិត្រព្រះអម្ចាស់ជាម្ចាស់នៃសម្ពន្ធមេត្រី!
យើងខ្ញុំសូមទូលអង្វរព្រះអង្គសម្រាប់គូស្វាមីភរិយានេះ
ដែលព្រះអង្គបានបង្រួបបង្រួមឱ្យរួមគ្នាជាធ្លុងតែមួយ។
សូមចាត់ព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះអង្គ
យាងមកគង់សណ្ឋិតលើពួកគាត់
ឱ្យបានពោរពេញដោយព្រះអំណោយទានរបស់ព្រះអង្គ។
សូមឱ្យពួកគាត់រួមរស់ជាមួយគ្នា
ពោរពេញដោយសុភមង្គលអស់មួយជីវិត។
សូមឱ្យពួកគាត់ចេះលើកទឹកចិត្តគ្នាទៅវិញទៅមក
ក្នុងគ្រប់កាលៈទេសៈនៃជីវិត ទោះជាពេលមានអំណរសប្បាយ
ឬពេលកើតមានទុក្ខលំបាក។
សូមឱ្យក្រុមគ្រួសាររបស់ពួកគាត់ចម្រើនឡើង
ដោយចេះគោរពគ្នា ចេះស្ដាប់គ្នា
និងចេះលើកលែងទោសឱ្យគ្នាទៅវិញទៅមក។
សូមឱ្យពួកគាត់ខិតខំស្វែងរកយុត្តិធម៌
និងយកចិត្តទុកដាក់ចំពោះជនក្រីក្រជានិច្ច។
[សូមឱ្យពួកគាត់ត្រេកអរសប្បាយ ដោយមានកូនចៅជាច្រើន
ហើយសូមឱ្យកូនចៅទាំងនោះ ចេះរស់នៅស្របតាមដំណឹងល្អ។]
លុះដល់អវសានកាលនៃជីវិត
សូមព្រះអំណោយទាននៃអាពាហ៍ពាហ៍
ជួយពួកគាត់ឱ្យទៅជាជនដ៏វិសុទ្ធ ប្រកបដោយសុភមង្គលដ៏ពេញលេញ
រួមជាមួយសន្តបុគ្គលទាំងឡាយ ក្នុងព្រះរាជ្យរបស់ព្រះអង្គផង។
* យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយ
ព្រះយេស៊ូជាព្រះគ្រីស្ត និងជាអម្ចាស់យើងខ្ញុំ។
អង្គប្រជុំ៖ អាម៉ែន។
២៩០ជម្រើស ១
១.បពិត្រព្រះអម្ចាស់! សូមឱ្យកូនកំលោះ (នាម…) និងកូនក្រមុំ (នាម…) ដែលបានជ្រមុជទឹកក្នុងអង្គព្រះគ្រីស្ត និងបានរួបរួមគ្នាជាធ្លុងតែមួយក្នុងភាពដ៏វិសុទ្ធ ដោយអាពាហ៍ពិពាហ៍ ឱ្យមានអំណរសប្បាយក្នុងការរួមរស់ជាមួយគ្នាជារៀងរហូតផង។ យើងខ្ញុំសូមទូលអង្វរព្រះអង្គ។
២.បពិត្រព្រះយេស៊ូគ្រីស្តជាអម្ចាស់! សូមព្រះអង្គប្រោសប្រទានពរដ៏បរិបូណ៌មកលើគូស្វាមីភរិយាថ្មោងថ្មីនេះ ដូចព្រះអង្គបានប្រោសប្រទានពរលើគូស្វាមីភរិយានៅភូមិកាណា កាលពីដើមផង។ យើងខ្ញុំសូមទូលអង្វរព្រះអង្គ។
៣.បពិត្រព្រះអម្ចាស់! សូមព្រះអង្គប្រោសប្រទានឱ្យគូស្វាមីភរិយាថ្មោងថ្មីនេះ ចេះស្រឡាញ់គ្នាទៅវិញទៅមក និងបង្កើតផលផ្លែដ៏ល្អៗ ព្រមទាំងឱ្យពួកគាត់ចេះលើកទឹកចិត្តគ្នាទៅវិញទៅមក និងអាចទៅជាសាក្សីនៃដំណឹងល្អផង។ យើងខ្ញុំសូមទូលអង្វរព្រះអង្គ។
៤.បពិត្រព្រះអម្ចាស់! សូមព្រះអង្គប្រោសប្រទានឱ្យព្រះសហគមន៍រីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ហើយសូមព្រះអង្គជួយលើកទឹកចិត្តដល់អស់អ្នកដែលកំពុងជួបប្រទះនូវទុក្ខលំបាកនិងឧបសគ្គក្នុងជីវិតប្រចាំថ្ងៃផង។ យើងខ្ញុំសូមទូលអង្វរព្រះអង្គ។
៥.បពិត្រព្រះអម្ចាស់! សូមព្រះអង្គចាត់ព្រះវិញ្ញាណដ៏វិសុទ្ធយាងមក ប្រោសប្រទានឱ្យគូស្វាមីភរិយាទាំងប៉ុន្មានដែលកំពុងនៅទីនេះ ចេះស្រឡាញ់គ្នាទៅវិញទៅមក ដូចថ្ងៃដែលពួកគាត់បានរៀបអាពាហ៍ពិពាហ៍ផង។ យើងខ្ញុំសូមទូលអង្វរព្រះអង្គ។
២៩១ជម្រើស ២
១.សូមបងប្អូនទូលអង្វរព្រះជាម្ចាស់ ដែលតែងតែមានព្រះហឫទ័យស្មោះស្ម័គ្រជានិច្ច ប្រោសឱ្យកូនកំលោះ (នាម…) និងកូនក្រមុំ (នាម…) ព្រមទាំងគូស្វាមីភរិយាគ្រីស្តបរិស័ទដែលបានរួបរួមគ្នាក្នុងអង្គព្រះអម្ចាស់ ឱ្យបានទទួលព្រះហឫទ័យប្រណីសន្ដោសពីព្រះអង្គជានិច្ចផង។ យើងខ្ញុំសូមទូលអង្វរព្រះអង្គ។
២. សូមបងប្អូនទូលអង្វរព្រះជាម្ចាស់ ប្រោសប្រទានឱ្យគូស្វាមីភរិយាថ្មោងថ្មីនេះ អាចទៅជាមាតាបិតាប្រកបដោយព្រហ្មវិហារធម៌ ព្រមទាំងចេះអប់រំកូនៗរបស់ខ្លួនក្នុងអំណរសប្បាយ ហើយសូមប្រោសឱ្យពួកគាត់បានពោរពេញដោយព្រះប្រាជ្ញាញាណនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ផង។ យើងខ្ញុំសូមទូលអង្វរព្រះអង្គ។
៣.សូមបងប្អូនទូលអង្វរព្រះជាម្ចាស់ ដែលពោរពេញធម៌មេត្តាករុណាយ៉ាងក្រៃលែង ប្រោសប្រទានពរដល់អស់អ្នកដែលរងទុក្ខលំបាក ទាំងផ្លូវកាយ ទាំងផ្លូវចិត្ត ជាពិសេសដល់អស់ក្រុមគ្រួសារបែកបាក់ និងដល់កុមារដែលគ្មាននរណាស្រឡាញ់ផង។ យើងខ្ញុំសូមទូលអង្វរព្រះអង្គ។
៤.សូមបងប្អូនទូលអង្វរព្រះជាម្ចាស់ជាព្រះបិតាដែលប្រកបដោយព្រះហឫទ័យសប្បុរស ប្រោសឱ្យពិភពលោកនេះ បានពោរពេញដោយយុត្តិធម៌ និងសន្តិភាព ដើម្បីកុំឱ្យមនុស្សលោកស្អប់ខ្ពើម និងបែកបាក់គ្នាទៀតឡើយ។ យើងខ្ញុំសូមទូលអង្វរព្រះអង្គ។
៥.សូមបងប្អូនទូលអង្វរព្រះជាម្ចាស់ សូមព្រះអង្គប្រោសឱ្យព្រះអំណោយទាននៃព្រះវិញ្ញាណដ៏វិសុទ្ធ ដើម្បីជាប្រយោជន៍ដល់ព្រះសហគមន៍ដែលជាភរិយាដ៏ជាទីស្រឡាញ់របស់ព្រះគ្រីស្ត ហើយដែលបានត្រាស់ហៅមនុស្សទាំងអស់ឱ្យចូលរួមក្នុងពិធីមង្គលការរបស់ព្រះអង្គ។ យើងខ្ញុំសូមទូលអង្វរព្រះអង្គ។
៦.សូមបងប្អូនទូលអង្វរព្រះសង្គ្រោះជាម្ចាស់នៃជីវិត ប្រោសឱ្យអស់មរណបុគ្គល ព្រមទាំងបងប្អូនដ៏ជាទីស្រឡាញ់របស់យើង ដែលសម្រាន្តលង់លក់ក្នុងអង្គព្រះអម្ចាស់ ឱ្យបានទទួលជីវិតអស់កល្បជានិច្ច ក្នុងព្រះរាជ្យនៃស្ថានបរមសុខ។ យើងខ្ញុំសូមទូលអង្វរព្រះអង្គ។
២៩២ជម្រើស ៣
១.ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ពួកគេលែងជាបុគ្គលពីរនាក់ តែជារូបកាយតែមួយវិញ។ កុំបំបាក់បំបែកនូវអ្វីដែលព្រះជាម្ចាស់បានផ្សំផ្គុំនោះឡើយ»។ សូមបងប្អូនទូលអង្វរព្រះអង្គ ប្រោសកូនកំលោះ (នាម…..) និងកូនក្រមុំ (នាម…..) ឱ្យចេះស្រឡាញ់គ្នាទៅវិញទៅមក ដោយមានចិត្តភក្ដីអស់មួយជីវិត។ យើងខ្ញុំសូមទូលអង្វរព្រះអង្គ។
២.ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «អស់អ្នកដែលនឿយហត់ និងមានបន្ទុកធ្ងន់អើយ ចូរមករកខ្ញុំ ខ្ញុំនឹងឱ្យអ្នករាល់គ្នាបានសម្រាក»។ សូមបងប្អូនទូលអង្វរព្រះអង្គ ប្រោសក្រុមគ្រួសារទាំងអស់ ឱ្យចេះស៊ូទ្រាំនូវទុក្ខលំបាកដោយមានចិត្តក្លាហានជានិច្ចផង។ យើងខ្ញុំសូមទូលអង្វរព្រះអង្គ។
៣.ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «អ្វីៗដែលអ្នករាល់គ្នាបានប្រព្រឹត្តចំពោះអ្នកតូចតាច ដែលជាបងប្អូនរបស់ខ្ញុំ អ្នករាល់គ្នាក៏ដូចជាបានប្រព្រឹត្តចំពោះខ្ញុំដែរ»។ សូមបងប្អូនទូលអង្វរព្រះអង្គ ប្រោសអស់អ្នកដែលរងទុក្ខលំបាកឱ្យមានសេចក្ដីសង្ឃឹម សេចក្ដីសុខសាន្ត និងបានធូរស្បើយ។ យើងខ្ញុំសូមទូលអង្វរព្រះអង្គ។
៤.ព្រះអម្ចាស់មានព្រះបន្ទូលថា៖«អ្នកណាជឿលើខ្ញុំ ទោះបីជាស្លាប់ក៏ដោយ ក៏នឹងមានជីវិតមិនខាន »។ សូមបងប្អូនទូលអង្វរព្រះអង្គ ប្រោសឱ្យអស់បងប្អូនដែលបានទទួលមរណភាព មានជីវិតអស់កល្បជានិច្ច។ យើងខ្ញុំសូមទូលអង្វរព្រះអង្គ។
២៩៣បទចម្រៀងកោតសរសើរ

១-គ្រួសារសុខសាន្ត
គ្រួសារសុខសាន្ត ព្រះជាម្ចាស់ប្រទានពរ
ដោយយើងចេះស្រឡាញ់ ចេះអត់ឱនឱ្យគ្នា
ចេះពុះពារឧបសគ្គ បំបាត់ហិង្សា
គ្រួសារយើងនឹងបាន នូវសុភមង្គល។

២-ត្រូវស្រឡាញ់គ្នា
ត្រូវស្រឡាញ់គ្នា ព្រះគ្រីស្តទ្រង់ មានព្រះបន្ទូលថា
ត្រូវស្រឡាញ់បងប្អូនឯទៀត ឱ្យដូចស្រឡាញ់ខ្លួនឯង។

៣-ស្វាមីត្រូវស្រឡាញ់ភរិយា
ស្វាមីត្រូវស្រឡាញ់ភរិយា
ដូចព្រះគ្រីស្តបានស្រឡាញ់ ព្រះសហគមន៍ដែរ។(២ដង)

៤-ព្រះជាម្ចាស់ប្រទានជ័យមង្គល
ថ្ងៃនេះជាថ្ងៃ ដែលព្រះជាម្ចាស់ ប្រទានពរជ័យឱ្យមានដល់
គូស្វាមី ភរិយាថ្មី រួមរស់នឹងគ្នា
អនាគត ជីវិតមានគូ រួមសុខទុក្ខ ក្នុងក្ដីស្រឡាញ់ និងជ្រកក្រោម
ម្លប់បារមីនៃព្រះជាម្ចាស់។

៥-សច្ចាអាពាហ៍ពិពាហ៍
បន្ទរ- យើងខ្ញុំសច្ចា យើងខ្ញុំសន្មត់ ជាប្រាកដស្ម័គ្ររួមរស់ ស្មោះនឹងគ្នា
សូមសច្ចា ស្ម័គ្ររួមរស់ ស្មោះរួមគ្នា។

១- យើងខ្ញុំបាន ព្រមទទួលអគ្គសញ្ញា មានឈ្មោះថា ជាបុណ្យអាពាហ៍ពិពាហ៍
ជាចំណង ចងយើងខ្ញុំពីរអង្គារ ស្ម័គ្ររួមគ្នាលើកដៃទ្រាប ចុះសន្យា។
២-សូមព្រះម្ចាស់ ប្រទានពរជ័យបវរ កើតមានដល់ គូស្វាមីភរិយា
ចេះរួបរួម អប់រំកូនតាមព្រះបន្ទូល ព្រះអង្គគ្រប់ទីស្ថានដែល យើងរស់នៅ។

៦-បំបាត់អំពើហិង្សា
គ្រួសារយើង មានក្ដីសុខ គ្រួសារយើង ត្រូវចេះស្រឡាញ់
ចេះអត់ឱន មានធម៌មេត្តា ត្រូវបំបាត់អំពើហិង្សា។
បន្ទរ-គ្រួសារសុខសាន្ត គ្រួសារសុខសាន្ត ដោយបំបាត់អំពើហិង្សា។(២ដង)

៧-អស់ពីដួងចិត្ត
អស់ពីដួងចិត្ត! អស់ពីដួងចិត្ត! អស់ពីដួងចិត្ត កោតសរសើរព្រះជាអម្ចាស់!
អស់ពីដួងចិត្ត! អស់ពីដួងចិត្ត! អស់ពីដួងចិត្ត កោតសរសើរព្រះម្ចាស់!

៨-សេចក្ដីស្រឡាញ់ដ៏លើសលប់របស់ព្រះជាម្ចាស់
បន្ទរ- ព្រះជាអម្ចាស់ ពោរពេញដោយសេចក្ដីស្រឡាញ់
ទ្រង់បានប្រទានព្រះអំណោយ
ឥតឧបមាលើរូបខ្ញុំតើខ្ញុំមានអ្វីតបស្នងសងគុណព្រះអង្គ។

៩-សេចក្ដីស្រឡាញ់មិនសាបសូនឡើយ
បន្ទរ- ព្រះជាអម្ចាស់បានចាក់បង្ហូរ ហឫទ័យស្រឡាញ់របស់ព្រះអង្គ
ក្នុងដួងចិត្តយើងដោយទ្រង់ប្រទាន ព្រះវិញ្ញាណដ៏វិសុទ្ធមកយើងគ្រប់គ្នា។

១០-សុភមង្គលដ៏ពិតប្រាកដ
បន្ទរ- មានសុភមង្គលហើយ! មានសុភមង្គលហើយ! មានសុភមង្គលហើយ!
១- អស់អ្នកទាំងឡាយដែលដាក់ចិត្ត ស្គាល់ក្ដីក្រខ្សត់នៅក្នុងខ្លួន
ដ្បិតអ្នកទាំងអស់នោះនឹងបាន ចូលក្នុងព្រះរាជ្យព្រះជាម្ចាស់។
២- អស់អ្នកទាំងឡាយដែលសោកសៅ ពិតមានសុភមង្គលហើយ
ដ្បិតអ្នកទាំងនោះនឹងបានក្ដី អំណរសប្បាយផុតពីទុក្ខ។
៣- អស់អ្នកដាក់ចិត្តតាមព្រះអង្គ មានចិត្តស្លូតត្រង់ក្រៃកន្លង
ពិតបានទទួលផែនដីគ្រង តាមព្រះបន្ទូលដែលសន្យា។
៤ អស់អ្នកដែលស្គាល់ការស្រេកឃ្លាន ក្ដីសុចរិតទៀងក្នុងអាត្មា
ពិតមានសុភមង្គលថ្លា បានឆ្អែតកាយាដោយព្រះពរ។

២៩៤ក្រោយពីពិធីប្រទានពរចុងបញ្ចប់ បើជាការគួរ ក្នុងនាមព្រះសហគមន៍ លោកអធិបតីអាចជូនគូស្វាមីភរិយាថ្មោងថ្មី នូវព្រះគម្ពីរ ឬ ព្រះឈើឆ្កាង ឬ រូបចម្លាក់ ឬ ផ្គាំដែលនឹងរំឭកពីពិធីអាពាហ៍ពិពាហ៍របស់ពួកគេនៅក្នុងព្រះវិហារ។ បើជាការគួរ យើងអាចប្រទានពរដល់អំណោយនេះ តាមពាក្យដូចខាងក្រោម៖
២៩៥បពិត្រព្រះអម្ចាស់ជាព្រះបិតា ដែលជាប្រភពនៃសេចក្ដីស្រឡាញ់!
ព្រះអង្គមានព្រះហឫទ័យត្រេកអរក្រៃលែង
ព្រោះតែសម្ពន្ធមេត្រីដែលគូស្វាមីភរិយាបានចងនៅថ្ងៃនេះ។
សូមឱ្យព្រះគម្ពីរដ៏វិសុទ្ធនេះ
ជួយកំដរកូនកំលោះ (នាម…) និងកូនក្រមុំ (នាម…)
ក្នុងទីលំនៅថ្មីរបស់ពួកគាត់។
សូមឱ្យព្រះគម្ពីរដ៏វិសុទ្ធនេះ រំឭកអាពាហ៍ពិពាហ៍របស់ពួកគាត់ជានិច្ច
ព្រមទាំងជាទីសម្គាល់ដ៏មានជីវិតនៃសេចក្ដីស្រឡាញ់
និងភក្ដីភាពរបស់ព្រះអង្គផង។
* យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូ
ជាព្រះគ្រីស្តនិងជាអម្ចាស់យើងខ្ញុំ។
អង្គប្រជុំ៖ អាម៉ែន។
២៩៦បពិត្រព្រះអម្ចាស់ជាព្រះបិតា!
កាលពីដើម ព្រះអង្គបានចងសម្ពន្ធមេត្រី
ជាមួយបុព្វបុរសខាងជំនឿរបស់យើងខ្ញុំ
ឥឡូវនេះ ព្រះអង្គក៏បានចងសម្ពន្ធមេត្រី
រវាងកូនកំលោះ (នាម…) និងកូនក្រមុំ (នាម…)
យើងខ្ញុំសូមទូលអង្វរព្រះអង្គ
សូមឱ្យព្រះគម្ពីរដ៏វិសុទ្ធនេះ ជួយចិញ្ចឹមសេចក្ដីស្រឡាញ់
និងបំភ្លឺជីវិតទាំងស្រុងរបស់គូស្វាមីភរិយាផង។
* យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូ
ជាព្រះគ្រីស្តនិងជាអម្ចាស់យើងខ្ញុំ។
អង្គប្រជុំ៖ អាម៉ែន។
២៩៧បពិត្រព្រះអម្ចាស់ជាព្រះបិតា!
ព្រះអង្គបានចងសម្ពន្ធមេត្រីជាមួយយើងខ្ញុំ
ដោយប្រគល់ព្រះបុត្រាដ៏ជាទីស្រឡាញ់
របស់ព្រះអង្គមកឱ្យយើងខ្ញុំ។
ព្រះអង្គសព្វព្រះហឫទ័យប្រោសឱ្យ
កូនកំលោះ (នាម…) និងកូនក្រមុំ (នាម…)
ចេះស្រឡាញ់គ្នាទៅវិញទៅមក បានល្អឥតខ្ចោះ
ដោយប្រគល់ខ្លួនចំពោះគ្នាទៅវិញទៅមក។
ព្រះឈើឆ្កាងដ៏វិសុទ្ធរបស់ព្រះយេស៊ូ ផ្ដល់សក្ខីភាពថា
ព្រះអង្គស្រឡាញ់យើងខ្ញុំឥតមានព្រំដែនឡើយ។
ដោយសម្លឹងមើលព្រះឈើឆ្កាងដ៏វិសុទ្ធនេះ
សូមឱ្យពួកគាត់ស្រឡាញ់គ្នាទៅវិញទៅមក
រហូតដល់ចាស់ព្រឹទ្ធចាស់ព្រេង លុះទីបញ្ចប់ផង។
* យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូ
ជាព្រះគ្រីស្តនិងជាអម្ចាស់យើងខ្ញុំ។
អង្គប្រជុំ៖ អាម៉ែន។
២៩៨បពិត្រព្រះអម្ចាស់ជាព្រះបិតា!
ព្រះអង្គសម្ដែងទីជម្រៅនៃព្រះហឫទ័យដ៏លាក់កំបាំង
នៅពេលកូនកំលោះ (នាម…) និងកូនក្រមុំ (នាម…)
ផ្ដល់សេចក្ដីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក។
ព្រះអង្គក៏សព្វព្រះហឫទ័យ
ឱ្យជីវិតជាគូស្វាមីភរិយារបស់ពួកគាត់
បានទៅជារូបតំណាងនៃសេចក្ដីស្រឡាញ់របស់ព្រះអង្គ។
យើងខ្ញុំសូមទូលអង្វរព្រះអង្គ សូមប្រោសឱ្យរូបចម្លាក់នេះ
បានទៅជាទីសម្គាល់ដ៏អស្ចារ្យ នៃសេចក្ដីស្រឡាញ់របស់ព្រះអង្គ
ក្នុងទីលំនៅរបស់ពួកគាត់ ព្រមទាំងជួយរំឭកពួកគាត់
ឱ្យស្រឡាញ់គ្នាទៅវិញទៅមក ដូចព្រះអង្គស្រឡាញ់យើងខ្ញុំដែរ។
* យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូ
ជាព្រះគ្រីស្តនិងជាអម្ចាស់យើងខ្ញុំ។
អង្គប្រជុំ៖ អាម៉ែន។
២៩៩បពិត្រព្រះអម្ចាស់ជាព្រះបិតាដ៏មានព្រះជន្មអស់កល្បជានិច្ច
និងជាព្រះបិតាដែលពោរពេញដោយព្រះហឫទ័យសប្បុរស!
ដោយព្រះអង្គបានស្រឡាញ់យើងខ្ញុំ
រហូតដល់សព្វព្រះហឫទ័យប្រទានព្រះបុត្រា
ដ៏ជាទីស្រឡាញ់តែមួយគត់របស់ព្រះអង្គ
ឱ្យប្រសូតមកជាមនុស្សពីព្រះនាងព្រហ្មចារិនីម៉ារី។
យើងខ្ញុំសូមទូលអង្វរព្រះអង្គ
សូមឱ្យកូនកំលោះ (នាម…) និងកូនក្រមុំ (នាម…)
អាចសម្លឹងមើលឃើញព្រះយេស៊ូ ក្នុងព្រឹត្តកាណ៍នៃអំណរសប្បាយ
ក្នុងព្រឹត្តកាណ៍នៃពន្លឺ ក្នុងព្រឹត្តកាណ៍នៃទុក្ខលំបាក
និងព្រឹត្តកាណ៍នៃសិរីរុងរឿង
រួមជាមួយព្រះនាងម៉ារីជាព្រះមាតារបស់ព្រះអង្គផង។
* យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូ
ជាព្រះគ្រីស្តនិងជាអម្ចាស់យើងខ្ញុំ។
អង្គប្រជុំ៖ អាម៉ែន។
៣០០ក្នុងចំណោមភារកិច្ច និងរបៀបនៃការប្រកាសដំណឹងល្អរបស់គូស្វាមីភរិយាជាគ្រីស្តបរិស័ទ ដូចជាការអប់រំកូនៗរបស់ខ្លួន ក្រៅពីនេះ ពួកគាត់ក៏មានភារកិច្ចក្នុងការជួយគូដណ្ដឹងដទៃទៀត ឱ្យរៀបចំអាពាហ៍ពិពាហ៍។ ពិធីភ្ជាប់​ពាក្យ ជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ក្រុមគ្រួសារជាគ្រីស្តបរិស័ទ។ ដូច្នេះហើយ គួរតែប្រារព្ធពិធីភ្ជាប់ពាក្យសម្រាប់គូដណ្ដឹង ដែលនឹងរៀបអាពាហ៍ពិពាហ៍ត្រឹមត្រូវស្របតាមច្បាប់ ដោយពិធីមួយ និងដោយអធិដ្ឋានរួមគ្នា ដើម្បីទូលអង្វរព្រះជាម្ចាស់ប្រោសប្រទានពរលើគូដណ្ដឹង ពីពេលចាប់ផ្ដើម រហូតដល់ពេលកំណត់នៃថ្ងៃរៀបអាពាហ៍ពិពាហ៍។ យើងក៏នឹងសម្របពិធីនេះ តាមកាលៈទេសៈ។
៣០១នៅពេលក្រុមគ្រួសារទាំងពីរប្រារព្ធពិធីភ្ជាប់ពាក្យនៅគេហដ្ឋាន ព្រឹទ្ធាចារ្យម្នាក់អាចជាអ្នកណែនាំពិធីជូនពរបាន។ ក៏ប៉ុន្តែ បើសិនជាមានវត្តមានលោកបូជាចារ្យ ឬ លោកឧបដ្ឋាក គួរតែប្រគល់តួនាទីជាអ្នកណែនាំឱ្យលោកជំនួសវិញ លុះត្រាតែ អស់អ្នកដែលចូលរួមយល់ច្បាស់់់់់់ថា ពិធីភ្ជាប់ពាក្យនេះ មិនមែនជាពិធីអាពាហ៍ពិពាហ៍ឡើយ។
៣០២ដូច្នេះហើយ មាតាបិតា ឬ លោកបូជាចារ្យ ឬ លោកឧបដ្ឋាក ឬ គ្រីស្តបរិស័ទណាម្នាក់អាចប្រើប្រាស់ក្បួនពិធីខាងក្រោមនេះ។ ពួកគេអាចកែសម្រួលវគ្គផ្សេងៗបាន ប៉ុន្តែ ត្រូវតែរក្សាទុកចំណុចសំខាន់ និងរចនាសម្ព័ន្ធនៃពិធី។
៣០៣យើងអាចប្រើប្រាស់ក្បួនពិធីនេះ នៅពេលគូដណ្ដឹងជួបជុំគ្នា ក្នុងការរៀបចំអាពាហ៍ពិពាហ៍។ យើងនឹងព្យាយាមមិនធ្វើតាមក្បួនពិធីអភិបូជា ជាពិសេសអភិបូជាថ្ងៃអាទិត្យ ដើម្បីកុំឱ្យមានការភាន់ច្រឡំទៅនឹងពិធីប្រារព្ធអាពាហ៍ពិពាហ៍។ ក៏ប៉ុន្តែ បើយើងត្រូវតែប្រារព្ធអភិបូជា (លើកលែងតែអភិបូជាថ្ងៃអាទិត្យ) ដើម្បីជាប្រយោជន៍ខាងផ្លូវវិញ្ញាណ យើងនឹងប្រើប្រាស់ពាក្យជូនពរនៃលេខ ៣១៧ ៣១៨ និង៣១៩ មុននឹងការប្រទានពរលើអង្គប្រជុំនៃពិធីបញ្ចប់។
៣០៤ក្រោយពីបានគូសសញ្ញាឈើឆ្កាង លោកអធិបតី ស្វាគមន៍គ្រួសារទាំងសងខាង និងអង្គប្រជុំទាំងមូល។ បើសិនជាលោកអធិបតីជាបូជាចារ្យ ឬ ឧបដ្ឋាក លោកមានប្រសាសន៍ថា៖
សូមព្រះហឫទ័យប្រណីសន្តោសនិងសេចក្ដីសុខសាន្ត
របស់ព្រះអម្ចាស់យេស៊ូគ្រីស្តដែលបានស្រឡាញ់យើង
និងបានបូជាព្រះជន្មសម្រាប់យើង
គង់នៅជាមួយបងប្អូន។
អង្គប្រជុំ៖ ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។
៣០៥បើសិនជាអធិបតីជាគ្រីស្តបរិស័ទគ្រហស្ថ គាត់អាចពោលថា៖
បងប្អូនជាទីស្រឡាញ់!
ចូរយើងលើកតម្កើងព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់
ដែលបានស្រឡាញ់ និងបានបូជាព្រះជន្មសម្រាប់យើង។
អង្គប្រជុំ៖ អាម៉ែន។
៣០៦បន្ទាប់មក លោកអធិបតីអញ្ជើញអង្គប្រជុំ ឱ្យរៀបចំចិត្តគំនិត ដោយមានប្រសាសន៍ដូចតទៅ៖
បងប្អូនជាទីស្រឡាញ់!
យើងដឹងច្បាស់ថា មនុស្សលោកនៅគ្រប់សម័យកាល
តែងត្រូវការព្រះហឫទ័យប្រណីសន្តោស និងព្រះពរពីព្រះជាម្ចាស់
ជាពិសេស គឺនៅពេលពួកគេត្រៀមខ្លួនបង្កើតក្រុមគ្រួសារមួយ។
ដូច្នេះ ចូរបងប្អូនទូលអង្វរព្រះជាម្ចាស់
សូមព្រះអង្គប្រទានពរដល់កូនប្រុស (នាម…) និងកូនស្រី (នាម…)
ឱ្យចេះរៀបចំខ្លួនប្រារព្ធអគ្គសញ្ញាអាពាហ៍ពិពាហ៍នៅថ្ងៃខាងមុខ
ព្រមទាំងចេះគោរពនិងស្រឡាញ់គ្នាកាន់តែខ្លាំងឡើងៗ
ដោយចេះជួយគ្នាទៅវិញទៅមកនិងអធិដ្ឋានរួមជាមួយគ្នាផង។
៣០៧គ្រីស្តបរិស័ទមួយរូប ឬ លោកអធិបតីផ្ទាល់ ថ្លែងអត្ថបទព្រះគម្ពីរ
យហ ១៥,៩-១២ ចូរស្រឡាញ់គ្នាទៅវិញទៅមក
សូមថ្លែងព្រះបន្ទូលដំណឹងល្អតាមសន្តយ៉ូហាន

នៅគ្រានោះ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖«ខ្ញុំបានស្រឡាញ់អ្នករាល់គ្នា ដូចព្រះ‌បិតាស្រឡាញ់ខ្ញុំដែរ។ ចូរទុកសេចក្ដីស្រឡាញ់របស់ខ្ញុំឱ្យស្ថិតនៅជាប់នឹងអ្នករាល់គ្នាចុះ។ បើអ្នករាល់គ្នាប្រតិ‌បត្តិតាមវិន័យរបស់ខ្ញុំ អ្នករាល់គ្នាពិតជាទុកសេចក្ដីស្រឡាញ់របស់ខ្ញុំឱ្យស្ថិតនៅជាប់នឹងអ្នករាល់គ្នាមែន ដូចខ្ញុំប្រតិ‌បត្តិតាមវិន័យរបស់ព្រះ‌បិតា ហើយទុកឱ្យសេចក្ដីស្រឡាញ់របស់ព្រះ‌អង្គស្ថិតនៅជាប់នឹងខ្ញុំដែរ។ ខ្ញុំបាននិយាយសេចក្ដីទាំងនេះប្រាប់អ្នករាល់គ្នា ដើម្បីឱ្យអំណររបស់ខ្ញុំស្ថិតនៅក្នុងអ្នករាល់គ្នា ហើយដើម្បីឱ្យអ្នករាល់គ្នាមានអំណរពេញលក្ខណៈ។ វិន័យរបស់ខ្ញុំមាន ដូចតទៅនេះ គឺអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ»។

៣០៨- ១ករ ១៣,៤-១៣ សេចក្ដីស្រឡាញ់ដ៏ពិតប្រាកដ

សូមថែ្លងលិខិតទី១របស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងកូរិនថូស

បងប្អូនជាទីស្រឡាញ់! សូមបងប្អូនជ្រាបថា អ្នកមានចិត្តស្រឡាញ់ តែង‌តែអត់‌ធ្មត់ ជួយធុរៈគេ ហើយមិនចេះឈ្នានីសគេទេ។ អ្នកមានចិត្តស្រឡាញ់ មិនវាយឫកខ្ពស់ មិនអួត‌បំប៉ោងឡើយ។ អ្នកមានចិត្តស្រឡាញ់ មិនប្រព្រឹត្តអំពើថោកទាប មិនស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន មិនមួម៉ៅ មិនចងគំនុំ មិនអប‌អរនឹងអំពើទុច្ចរិតទេ តែរីក‌រាយនឹងសេចក្ដីពិតវិញ។ អ្នកមានចិត្តស្រឡាញ់ អត់​ឱនឱ្យទាំងអស់ ជឿទាំងអស់ សង្ឃឹមទាំងអស់ ហើយទ្រាំ‌ទ្រទាំងអស់។

សេចក្ដីស្រឡាញ់មិនសាប‌សូន្យសោះឡើយ តែការថ្លែងព្រះ‌បន្ទូលមុខជាត្រូវអស់ខ្លឹម‌សារ ការនិយាយភាសាចម្លែកអស្ចារ្យនឹងត្រូវចប់ រីឯចំណេះក៏នឹងអស់ខ្លឹម‌សារទៅដែរ។ សព្វថ្ងៃនេះ យើងចេះដឹងត្រឹមតែមួយផ្នែកប៉ុណ្ណោះ ហើយយើងក៏ថ្លែងព្រះ‌បន្ទូល បានត្រឹមតែមួយផ្នែកប៉ុណ្ណោះដែរ។ លុះដល់ពេលយើងដឹងសព្វគ្រប់ហើយ អ្វីៗដែលយើងស្គាល់តែមួយផ្នែកនឹងអស់ខ្លឹម‌សារ។ កាលពីក្មេង ខ្ញុំនិយាយស្ដីដូចកូនក្មេង ខ្ញុំមានគំនិតដូចជាកូនក្មេង ហើយខ្ញុំរិះ‌គិតដូចកូនក្មេងដែរ។ លុះខ្ញុំពេញវ័យ ខ្ញុំបានបោះបង់អ្វីៗទាំងអស់ដែលជាលក្ខណៈរបស់កូនក្មេងចោល។ សព្វថ្ងៃនេះ យើងស្គាល់ព្រះ‌ជាម្ចាស់មិនច្បាស់ទេ គឺស្គាល់ព្រាលៗដូចជាមើលក្នុងកញ្ចក់ នៅពេលខាងមុខ ទើបយើងឃើញព្រះ‌អង្គទល់មុខគ្នា។ សព្វថ្ងៃ ខ្ញុំស្គាល់ព្រះ‌អង្គបានត្រឹមតែមួយផ្នែកប៉ុណ្ណោះ ពេលខាងមុខទើបខ្ញុំស្គាល់ព្រះ‌អង្គច្បាស់ ដូចព្រះ‌អង្គស្គាល់ខ្ញុំយ៉ាងច្បាស់ដែរ។ ឥឡូវនេះ មានសេចក្ដីបីយ៉ាង គឺជំនឿ សេចក្ដីសង្ឃឹម សេចក្ដីស្រឡាញ់។ ប៉ុន្តែ សេចក្ដីស្រឡាញ់វិសេសជាងគេបំផុត។

៣០៩-ហស ២,២១-២៦ អ្នកនឹងទៅជាគូដណ្ដឹងរបស់យើង

សូមថ្លែងព្រះគម្ពីរព្យាការីហូសេ

ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ៖ «យើងនឹងដណ្ដឹងនាងធ្វើជាភរិយាជាដរាបតរៀងទៅ យើងនឹងដណ្ដឹងនាងធ្វើជាភរិយា ដោយសុចរិត និងយុត្តិ‌ធម៌ ដោយភក្តី‌ភាព និងអាណិត‌អាសូរ។ យើងនឹងដណ្ដឹងនាងធ្វើជាភរិយា ដោយចិត្តស្មោះ‌ស្ម័គ្រ ហើយនាងនឹងទទួលស្គាល់ព្រះ‌អម្ចាស់។ នៅថ្ងៃនោះ យើងនឹងឆ្លើយតបពាក្យអង្វររបស់ពួកគេ។ យើងនឹងធ្វើឱ្យមេឃបង្អុរភ្លៀង យើងនឹងធ្វើឱ្យដីបង្កើតផលតាមសេចក្ដីត្រូវការ។ ផែន‌ដីនឹងធ្វើឱ្យមានស្រូវ ព្រមទាំងស្រាទំពាំង‌បាយ‌ជូរថ្មី និងប្រេង តាមសេចក្ដីត្រូវការរបស់វាលយីស‌រេ‌អែល។ យើងនឹងព្រោះពូជទុកសម្រាប់យើង នៅក្នុងស្រុក។ យើងនឹងស្រឡាញ់ឡូរូ‌ហាម៉ា យើងនឹងហៅឡូអាំមីថា “ប្រជា‌រាស្ដ្ររបស់យើង” ហើយគេនឹងពោលមកយើងថា “ព្រះនៃទូល‌បង្គំ!”។

ភីល ២,១-៥ ចូរមានទឹកចិត្តដូចព្រះគ្រីស្ត

សូមថ្លែងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងភីលីព

បងប្អូនជាទីស្រឡាញ់! ប្រសិនបើបង‌ប្អូនពិតជាបានទទួលការដាស់‌តឿនអ្វីមួយ ដោយរួមជាមួយព្រះ‌គ្រីស្ត ប្រសិនបើសេចក្ដីស្រឡាញ់របស់ព្រះ‌ជាម្ចាស់ពិតជាលើកទឹកចិត្តបង‌ប្អូន ប្រសិនបើព្រះ‌វិញ្ញាណពិតជាប្រទានឱ្យបង‌ប្អូនរួមរស់ជាមួយគ្នា ឬប្រសិនបើបង‌ប្អូនពិតជាមានចិត្តអាណិត‌អាសូរ និងចិត្តមេត្តា‌ករុណា សូមបំពេញអំណររបស់ខ្ញុំ ដោយបង‌ប្អូនមានចិត្តគំនិតតែមួយ មានសេចក្ដីស្រឡាញ់តែមួយ មានចិត្តថ្លើមតែមួយ និងមានឆន្ទៈតែមួយ។ កុំធ្វើអ្វីដោយចង់ប្រកួតប្រជែងគ្នា ឬដោយអួតបំប៉ោងឡើយ ផ្ទុយទៅវិញ ត្រូវដាក់ខ្លួន ហើយចាត់ទុកអ្នកឯទៀតៗថា ប្រសើរជាងខ្លួន។

ក្នុងចំណោមបង‌ប្អូន ម្នាក់ៗកុំគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនឡើយ គឺត្រូវគិតដល់ប្រយោជន៍អ្នកដទៃវិញ។ ព្រះ‌គ្រីស្ត‌យេស៊ូមានចិត្តគំនិតយ៉ាងណា បង‌ប្អូនត្រូវមានចិត្តគំនិតយ៉ាងនោះដែរ។

៣១០យើងអាចស្មូត្រទំនុកតម្កើង១ ឬ បទចម្រៀងផ្សេងទៀតខាងក្រោម៖
ព្រះជាអម្ចាស់ប្រកបដោយព្រះហឫទ័យត្រចង់
ប្រណីសន្តោសករុណាហ្មត់ហ្មងអត់ធ្មត់កន្លង
អាណិតមេត្តា
ព្រះជាអម្ចាស់ព្រះទ័យសប្បុរសលើមនុស្សលោកា
ទ្រង់មានព្រះទ័យសន្តោសករុណាមនុស្សគ្រប់អាត្មា
រស់ពេញផែនដី
១០បពិត្រព្រះម្ចាស់សត្វលោកទាំងអស់មានច្រើនពេកក្រៃ
នាំគ្នាតម្កើងរុងរឿងសិរីរាស្រ្តទាំងប្រុសស្រី
ក៏ថ្កើងទ្រង់ដែរ
១១គេនឹងរៀបរាប់ព្រះរាជ្យគួរគាប់រុងរឿងស្ថិតស្ថេរ
របស់ព្រះអង្គឥតមានប្រួលប្រែអានុភាពឥតកែ
ព្រះអង្គនៅគង់
១២ដើម្បីឱ្យមនុស្សទាំងស្រីទាំងប្រុសគ្រប់គ្នាបានដឹង
ពីការអស្ចារ្យរបស់ព្រះអង្គរស្មីរឿងរុង
ចិញ្ចែងចិញ្ចាច
១៣ព្រះរាជ្យព្រះអង្គស្ថិតនៅយូរលង់ពេញដោយអំណាច
គ្រងរាជ្យអស់កល្បព្រោះទ្រង់ជាស្តេចបារមីអង់អាច
ស្ថិតយូរវស្សា
ព្រះអម្ចាស់តែងគោរពឥតក្លែងបន្ទូលសន្យា
អ្វីដែលទ្រង់ធើ្វសុទ្ធតែអស្ចារ្យសប្បុរសមេត្តា
ករុណាអាសូរ
១៤ព្រះអង្គលើកស្ទួយអ្នកហេវហត់ព្រួយដួលយំស្រែកថ្ងូរ
ទ្រង់លើកអ្នកអស់សង្ឃឹមឱ្យឈរពង្រឹងជំហរ
ឱ្យល្អវិញបាន
១៥បពិត្រព្រះម្ចាស់សត្វលោកទាំងអស់ចាំមិនហ៊ានខាន
ដោយចិត្តសង្ឃឹមពួកគេនឹងបានអាហារគ្រប់ប្រាណ
តាមពេលកំណត់
១៧ព្រះជាអម្ចាស់ធ្វើសព្វទាំងអស់នូវរាល់កិច្ចការ
ដោយព្រះហឫទ័យសុចរិតថ្លៃថ្លាសន្តោសករុណា
ទ្រង់បានប្រព្រឹត្ត
១៨ព្រះអម្ចាស់គង់នៅជិតអែបអង្គកៀកកើយនែបនិត្យ
នឹងអ្នកអង្វរគឺដោយសុទ្ធចិត្តរកព្រះអង្គពិត
មិនយាងទៅណា
៣១១លោកអធិបតីបកស្រាយអត្ថបទគម្ពីរយ៉ាងខ្លី ដើម្បីឱ្យអស់អ្នកចូលរួមយល់អត្ថន័យនៃពិធីភ្ជាប់ពាក្យ និងដើម្បីកុំឱ្យមានការភាន់ច្រឡំនឹងពិធីប្រារព្ធអគ្គសញ្ញាអាពាហ៍ពិពាហ៍។
៣១២ក្នុងចំណោមពាក្យអង្វរខាងក្រោម លោកអធិបតីអាចជ្រើសរើសពាក្យអង្វរណាមួយ ឬ បន្ថែមពាក្យអង្វរផ្សេងទៀតតាមកាលៈទេសៈ។
បពិត្រព្រះអម្ចាស់!
ព្រះអង្គបានបង្កើតអ្វីៗសព្វសារពើដ៏ល្អប្រសើរហើយ
យើងខ្ញុំសូមលើកតម្កើងព្រះអង្គ។
ព្រះអង្គបានបង្កើតមនុស្សជារូបតំណាងរបស់ព្រះអង្គ
ព្រះអង្គបានបង្កើតមនុស្សជាបុរស ជាស្រ្តី។
យើងខ្ញុំសូមលើកតម្កើងព្រះអង្គ។
ព្រះអង្គបានបង្កើតបុរសនិងស្រ្តី ឱ្យបំពេញគ្នាទៅវិញទៅមក
ហើយព្រះអង្គបានប្រគល់អ្វីៗទាំងអស់ឱ្យពួកគេ។
យើងខ្ញុំសូមលើកតម្កើងព្រះអង្គ។
សូមលើកតម្កើងព្រះបិតា និងព្រះបុត្រា
និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។
យើងខ្ញុំសូមលើកតម្កើងព្រះអង្គ។
បពិត្រព្រះអម្ចាស់!
យើងខ្ញុំសូមទូលអង្វរព្រះអង្គសម្រាប់
កូនប្រុសនាម…និងកូនស្រីនាម…
សូមព្រះអង្គការពារនិងថែរក្សាពួកគាត់
ក្នុងពេលដែលពួកគាត់ត្រៀមខ្លួន រៀបចំអាពាហ៍ពិពាហ៍ផង។
សូមព្រះអង្គជួយណែនាំពួកគាត់
ឱ្យចេះគោរពគ្នាទៅវិញទៅមក និងស្គាល់គ្នាយ៉ាងពិតប្រាកដផង។
សូមឱ្យពួកគាត់ស្រឡាញ់គ្នាទៅវិញទៅមក ឱ្យកាន់តែខ្លាំងឡើងៗ
និងចេះស្រឡាញ់អ្នកដទៃដូចព្រះអង្គស្រឡាញ់ពួកគាត់ដែរ។
សូមឱ្យអស់អ្នកត្រៀមខ្លួនរៀបអាពាហ៍ពិពាហ៍
ជឿទុកចិត្តនិងផ្ញើជីវិតទាំងស្រុងលើព្រះអង្គផង។

៣១៣បពិត្រព្រះអម្ចាស់ជាព្រះបិតា!
ព្រះអង្គបានស្រឡាញ់យើងខ្ញុំហួសពីការស្មាន
ដោយប្រោសឱ្យទៅជាបុត្រធីតារបស់ព្រះអង្គ ក្នុងអង្គព្រះគ្រីស្ត
និងទៅជាសាក្សីនៃសេចក្ដីស្រឡាញ់របស់ព្រះអង្គ
ចំពោះមនុស្សលោកថែមទៀតផង។
ចូរបងប្អូនទូលអង្វរព្រះអង្គ។
លោកបន្ត៖ព្រះអង្គសព្វព្រះហឫទ័យប្រោសឱ្យយើងខ្ញុំ ទៅជាបុត្រធីតារបស់ព្រះអង្គ ព្រមទាំងចេះស្រឡាញ់គ្នាទៅវិញទៅមក ក្នុងអង្គព្រះគ្រីស្ត។
ព្រះអង្គសព្វព្រះហឫទ័យប្រោសឱ្យយើងខ្ញុំ មានសុភមង្គល
នៅពេលណាដែលយើងខ្ញុំស្រឡាញ់ព្រះអង្គ
ព្រមទាំងស្រឡាញ់បងប្អូនដទៃទៀតផង។
ព្រះអង្គបានបង្រួបបង្រួមបុរសនិងស្រ្តី
ឱ្យរួមគ្នាជាធ្លុងតែមួយ ក្នុងសេចក្ដីស្រឡាញ់តែមួយ
ដើម្បីឱ្យគេមានអំណរសប្បាយនិងមានកូនចៅបន្តពូជពង្ស។
ដោយព្រះគ្រីស្តរួមរស់ជាមួយព្រះសហគមន៍
ព្រះអង្គបានប្រោសប្រទានគំរូនៃសេចក្ដីស្រឡាញ់
ក្នុងអគ្គសញ្ញាអាពាហ៍ពិពាហ៍។
ព្រះអង្គត្រាស់ហៅកូនប្រុសនាម…និងកូនស្រីនាម…
ឱ្យមានចិត្តគំនិតនិងវិញ្ញាណតែមួយ
ដើម្បីបង្កើតក្រុមគ្រួសារពោរពេញដោយសេចក្ដីស្រឡាញ់។
៣១៤លោកអធិបតីបញ្ចប់ពាក្យអង្វរសកលដោយមានប្រសាសន៍ថា៖
បពិត្រព្រះអម្ចាស់
ដែលពោរពេញដោយព្រះហឫទ័យមេត្តាករុណា!
សូមព្រះអង្គព្រះសណ្ដាប់ពាក្យអង្វររបស់យើងខ្ញុំ
រួមជាមួយកូនប្រុស (នាម…) និងកូនស្រី (នាម…)
ដែលរៀបចំខ្លួនបង្កើតក្រុមគ្រួសារថ្មី។
សូមព្រះអង្គចាត់ព្រះវិញ្ញាណដ៏វិសុទ្ធ
យាងមកគង់សណ្ឋិតលើយើងខ្ញុំផង។
* យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូ
ជាព្រះគ្រីស្តនិងជាអម្ចាស់យើងខ្ញុំ។
អង្គប្រជុំ៖អាម៉ែន។
៣១៥គូដណ្ដឹងអាចប្រគល់វត្ថុសម្គាល់នៃពាក្យសន្យាឱ្យគ្នាទៅវិញទៅមក តាមទំនៀមទម្លាប់នៃតំបន់។ វត្ថុសម្គាល់នេះ អាចជាឯកសារ ឬ ចិញ្ចៀន ឬ អំណោយផ្សេងទៀត។

៣១៦ លោកអធិបតីថ្លែងថា៖

ប្អូនទាំងពីរជាទីស្រឡាញ់!
ចូរប្អូនទាំងពីរយកចិត្តទុកដាក់ រក្សាទុកវត្ថុសម្គាល់នៃពិធីភ្ជាប់ពាក្យ
ដែលប្អូនទាំងពីរទើបប្រគល់ឱ្យគ្នាទៅវិញទៅមក
ដើម្បីបំពេញពាក្យសន្យានៅពេលកំណត់នៃថ្ងៃអាពាហ៍មកដល់។

៣១៧- ដោយលាតដៃ លោកអធិបតីមានប្រសាសន៍ថា៖

បពិត្រព្រះអម្ចាស់!
យើងខ្ញុំសូមលើកតម្កើងព្រះអង្គ។
ដោយព្រះហឫទ័យដ៏សប្បុរសនិងថ្នាក់ថ្នម ព្រះអង្គត្រាស់ហៅនិងរៀបចំបុត្រធីតារបស់ព្រះអង្គ
គឺកូនប្រុស (នាម…) និងកូនស្រី (នាម…) ឱ្យស្រឡាញ់គ្នាទៅវិញទៅមក។
សូមព្រះអង្គប្រោសប្រទានពរ ឱ្យពួកគាត់មានចិត្តរឹងប៉ឹង
អាចគោរពពាក្យសន្យារបស់ខ្លួន និងមានអំណរសប្បាយ
ឈានទៅដល់អគ្គសញ្ញាអាពាហ៍ពិពាហ៍
ដោយគាប់ព្រះហឫទ័យរបស់ព្រះអង្គ ក្នុងគ្រប់កិច្ចការ។
* យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូ
ជាព្រះគ្រីស្តនិងជាអម្ចាស់យើងខ្ញុំ។
អង្គប្រជុំ៖ អាម៉ែន។
៣១៨បពិត្រព្រះអម្ចាស់ជាព្រះបិតា!
ព្រះអង្គបានបង្កើតយើងខ្ញុំ សម្រាប់ព្រះអង្គផ្ទាល់ ហើយនៅក្នុងព្រះអង្គ យើងខ្ញុំមានអ្វីៗគ្រប់យ៉ាង។
នៅក្នុងឱកាសនៃថ្ងៃភ្ជាប់ពាក្យនេះ សូមព្រះអង្គប្រោសប្រទានពរ ដល់កូនប្រុស (នាម…) និងកូនស្រី (នាម…)
ដែលជឿទុកចិត្តទាំងស្រុងលើព្រះអង្គ។
សូមព្រះអង្គថែរក្សាការពារពួកគាត់ឱ្យមានចិត្តស្រឡាញ់គ្នាទៅវិញទៅមកកាន់តែខ្លាំងឡើងៗ
ក្នុងការធ្វើដំណើរឆ្ពោះទៅអាពាហ៍ពិពាហ៍។
* យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូជាព្រះគ្រីស្ត និងជាអម្ចាស់យើងខ្ញុំ។
អង្គប្រជុំ៖ អាម៉ែន។
៣១៩បពិត្រព្រះអម្ចាស់ជាប្រភពនៃសេចក្ដីស្រឡាញ់គ្រប់យ៉ាង!
ដោយព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
បានជាកូនប្រុស (នាម…) និងកូនស្រី (នាម…) បានជួបជុំគ្នា។
នៅថ្ងៃនេះ ពួកគាត់ស្រែកអង្វររក
ព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអង្គ
ប្រោសប្រទានពរដ៏បរិបូណ៌ ដល់ពួកគាត់
ឱ្យស្គាល់គ្នាកាន់តែច្បាស់និងស្រឡាញ់គ្នាកាន់តែខ្លាំងឡើងៗ
ដើម្បីត្រៀមខ្លួនទទួលអគ្គសញ្ញាអាពាហ៍ពិពាហ៍
នៅថ្ងៃខាងមុខផង។
* យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូ
ជាព្រះគ្រីស្តនិងជាអម្ចាស់យើងខ្ញុំ។
អង្គប្រជុំ៖ អាម៉ែន។

៣២០ គ្រីស្តបរិស័ទធម្មតា អាចមានប្រសាសន៍ថា៖

បពិត្រព្រះអម្ចាស់!
យើងខ្ញុំសូមលើកតម្កើងព្រះអង្គ។
ដោយព្រះហឫទ័យដ៏សប្បុរសនិងថ្នាក់ថ្នម
ព្រះអង្គត្រាស់ហៅនិងរៀបចំបុត្រធីតារបស់ព្រះអង្គ
គឺកូនប្រុស (នាម…) និងកូនស្រី (នាម…)
ឱ្យស្រឡាញ់គ្នាទៅវិញទៅមក។
សូមព្រះអង្គប្រោសប្រទានពរឱ្យពួកគាត់
មានចិត្តរឹងប៉ឹង អាចគោរពពាក្យសន្យារបស់ខ្លួន
និងមានអំណរសប្បាយ ឈានទៅដល់អគ្គសញ្ញាអាពាហ៍ពិពាហ៍
ដោយគាប់ព្រះហឫទ័យរបស់ព្រះអង្គ ក្នុងគ្រប់កិច្ចការ។
* យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូ
ជាព្រះគ្រីស្តនិងជាអម្ចាស់យើងខ្ញុំ។
អង្គប្រជុំ៖ អាម៉ែន។

៣២១ គ្រីស្តបរិស័ទធម្មតា អាចមានប្រសាសន៍ថា៖

បពិត្រព្រះអម្ចាស់ជាព្រះបិតា!
ព្រះអង្គបានបង្កើតយើងខ្ញុំ សម្រាប់ព្រះអង្គផ្ទាល់
ហើយនៅក្នុងព្រះអង្គ យើងខ្ញុំមានអ្វីៗគ្រប់យ៉ាង។
ក្នុងឱកាសនៃថ្ងៃភ្ជាប់ពាក្យនេះ
សូមព្រះអង្គប្រោសប្រទានពរដល់
កូនប្រុស (នាម…) និងកូនស្រី (នាម…)
ដែលជឿទុកចិត្តទាំងស្រុងលើព្រះអង្គ។
សូមព្រះអង្គថែរក្សាការពារពួកគាត់
ឱ្យមានចិត្តស្រឡាញ់គ្នាទៅវិញទៅមកកាន់តែខ្លាំងឡើងៗ
ក្នុងការធ្វើដំណើរឆ្ពោះទៅអាពាហ៍ពិពាហ៍។
* យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូ
ជាព្រះគ្រីស្តនិងជាអម្ចាស់យើងខ្ញុំ។
អង្គប្រជុំ៖ អាម៉ែន។

៣២២ លោកអធិបតីមានប្រសាសន៍ថា៖

សូមព្រះជាអម្ចាស់ពោរពេញដោយសេចក្ដីស្រឡាញ់
និងសេចក្ដីសុខសាន្ត គង់នៅជាមួយបងប្អូន។
សូមព្រះអង្គណែនាំបងប្អូននិងពង្រឹងទឹកចិត្តរបស់បងប្អូន
នៅក្នុងសេចក្ដីស្រឡាញ់របស់ព្រះអង្គ។
អង្គប្រជុំ៖ អាម៉ែន។
សូមឱ្យសេចក្ដីសុខសាន្តរបស់ព្រះជាម្ចាស់
ដែលហួសពីប្រាជ្ញាគ្រប់យ៉ាង រក្សាទុកចិត្តគំនិតរបស់បងប្អូន
នៅក្នុងព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់យើងខ្ញុំ។
អង្គប្រជុំ៖ អាម៉ែន។

៣២៣ លោកបូជាចារ្យ ឬលោកឧបដ្ឋាក ដែលជាអធិបតីបញ្ចប់ពិធីភ្ជាប់ពាក្យដោយប្រទានពរ

សូមព្រះដ៏មានឫទ្ធានុភាពសព្វប្រការប្រោសប្រទានឱ្យអស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។
អង្គប្រជុំ៖ អាម៉ែន។

៣២៤ គួរតែបញ្ចប់ពិធីភ្ជាប់ពាក្យ ដោយច្រៀងបទចម្រៀងដ៏សមរម្យមួយ។

ក្នុងឱកាសខួបអគ្គសញ្ញាអាពាហ៍ពិពាហ៍
ដែលបានបង្រួបបង្រួមកូនទាំងពីរ
ឱ្យចងសម្ពន្ធមេត្រីគង់វង្សនិងមិនចេះរលាយសាបសូន្យ។
ឥឡូវនេះ ដោយកូនទាំងពីរមានបំណងសន្យាសាជាថ្មី
ចំពោះព្រះភក្ត្រព្រះជាម្ចាស់ថា
នឹងរស់នៅជាជនដ៏វិសុទ្ធ ក្នុងអាពាហ៍ពិពាហ៍។
ដូច្នេះ ចូរកូនទាំងពីរទូលអង្វរព្រះអម្ចាស់
សូមព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអង្គ
ជួយពង្រឹងសម្ពន្ធមេត្រីរបស់កូនទាំងពីរ
ឱ្យកាន់តែមាំមួនឡើងៗផង។
៣២៩ពេលនោះ បើគូស្វាមីភរិយាចង់រំឭកពាក្យសន្យាសាជាថ្មី ពួកគេធ្វើបាន ដោយស្ងៀមស្ងាត់។ សូមបញ្ជាក់ថា ការសន្យាសាជាថ្មីនេះ មិនមែនជាការយល់ព្រមនៃថ្ងៃអាពាហ៍ពិពាហ៍ទេ។ ការយល់ព្រម មានតែក្នុងអគ្គសញ្ញាអាពាហ៍ពិពាហ៍ប៉ុណ្ណោះ។

៣៣០ តាមកាលៈទេសៈ បើគូស្វាមីភរិយាចង់អរព្រះគុណព្រះជាម្ចាស់ ពួកគេនឹងធ្វើតាមរបៀបដូចនៅខាងក្រោមនេះ៖

ស្វាមី៖បពិត្រព្រះអម្ចាស់! ទូលបង្គំសូមលើកតម្កើងនិងអរព្រះគុណព្រះអង្គ។
ដោយព្រះអង្គមានព្រះហឫទ័យប្រណីសន្តោសចំពោះទូលបង្គំ ទើបទូលបង្គំបានទទួល (នាម…) មកធ្វើជាភរិយា។
ភរិយា៖បពិត្រព្រះអម្ចាស់! ខ្ញុំម្ចាស់សូមលើកតម្កើងនិងអរព្រះគុណព្រះអង្គ។
ដោយព្រះអង្គមានព្រះហឫទ័យប្រណីសន្តោសចំពោះខ្ញុំម្ចាស់ ទើបខ្ញុំម្ចាស់បានទទួល (នាម…) មកធ្វើជាស្វាមី។
ទាំងពីរនាក់៖បពិត្រព្រះអម្ចាស់!
យើងខ្ញុំសូមលើកតម្កើងនិងអរព្រះគុណព្រះអង្គ។
ព្រះអង្គតែងគង់នៅជាមួយយើងខ្ញុំជានិច្ច
ទាំងក្នុងគ្រាមានអំណរសប្បាយ ក៏ដូចជាក្នុងគ្រាមានទុក្ខលំបាក។
យើងខ្ញុំសូមទូលអង្វរព្រះអង្គ
សូមព្រះអង្គថែរក្សាការពារយើងខ្ញុំ
ឱ្យចេះស្រឡាញ់គ្នាទៅវិញទៅមក
ដើម្បីឱ្យយើងខ្ញុំទៅជាសាក្សីដ៏ពិតប្រាកដនៃសម្ពន្ធមេត្រី
ដែលព្រះអង្គបានចងជាមួយមនុស្សលោកផង។
លោកបូជាចារ្យ៖បពិត្រព្រះអម្ចាស់!
សូមព្រះអង្គថែរក្សាការពារកូនទាំងពីរនេះ
ជារៀងរាល់ថ្ងៃរហូតអស់មួយជីវិត។
សូមព្រះអង្គគង់នៅជាមួយកូនទាំងពីរ
ទាំងក្នុងគ្រាមានអំណរសប្បាយ
ព្រមទាំងជួយលើកទឹកចិត្តកូនទាំងពីរ
ទាំងក្នុងគ្រាមានទុក្ខលំបាក
ហើយសូមព្រះអង្គប្រោសប្រទានពរយ៉ាងបរិបូណ៍
លើក្រុមគ្រួសាររបស់កូនទាំងពីរផង។
* យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូ
ជាព្រះគ្រីស្ត និងជាអម្ចាស់យើងខ្ញុំ។
អង្គប្រជុំ៖ អាម៉ែន។

៣៣១ តាមកាលៈទេសៈ លោកបូជាចារ្យមានប្រសាសន៍ថា៖

បពិត្រព្រះអម្ចាស់!
សូមព្រះអង្គពង្រឹង និងប្រោសសេចក្ដីស្រឡាញ់
នៃអ្នកបម្រើរបស់ព្រះអង្គ ឱ្យបានវិសុទ្ធ។
ពួកគាត់បានប្រគល់ចិញ្ចៀននេះ ឱ្យគ្នាទៅវិញទៅមក
ដើម្បីជាទីសម្គាល់នៃភក្ដីភាពដ៏ស្ថិតស្ថេររបស់ខ្លួនចំពោះគ្នា។
សូមឱ្យពួកគាត់ចេះទទួលនូវព្រះអំណោយទាន
នៃអគ្គសញ្ញាអាពាហ៍ពិពាហ៍ ឱ្យបានកាន់តែខ្លាំងឡើងៗផង។
* យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូ
ជាព្រះគ្រីស្ត និងជាអម្ចាស់យើងខ្ញុំ។
អង្គប្រជុំ៖ អាម៉ែន។
៣៣២បើគូស្វាមីភរិយាបានផ្លាស់ប្ដូរចិញ្ចៀនថ្មី ឬ កែច្នៃចិញ្ចៀន លោកបូជាចារ្យអាចប្រទានពរលើចិញ្ចៀននោះ ដោយមានប្រសាសន៍ដូចតទៅ៖
បពិត្រព្រះអម្ចាស់!
សូមព្រះអង្គប្រោសប្រទានពរ ដល់អ្នកបម្រើរបស់ព្រះអង្គ
ព្រមទាំងប្រោសឱ្យសេចក្ដីស្រឡាញ់របស់ពួកគាត់ឱ្យបានវិសុទ្ធ។
ចិញ្ចៀននេះ ជាវត្ថុសម្គាល់នៃភក្ដីភាព
និងសេចក្ដីស្រឡាញ់របស់ពួកគាត់។
សូមឱ្យចិញ្ចៀននេះ ជួយក្រើនរំលឹកពួកគាត់
ឱ្យនឹករឭកនូវព្រះអំណោយទាននៃអគ្គសញ្ញាអាពាហ៍ពិពាហ៍
ដែលពួកគាត់បានទទួលពីព្រះអង្គជានិច្ចផង។
* យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូ
ជាព្រះគ្រីស្ត និងជាអម្ចាស់យើងខ្ញុំ។
អង្គប្រជុំ៖ អាម៉ែន។

៣៣៣ បន្ទាប់មក មានពាក្យអង្វរសកល តាមរបៀបធម្មតានៅពេលអភិបូជា ឬ តាមរបៀបដូចនៅខាងក្រោមនេះ៖

បងប្អូនជាទីស្រឡាញ់!
ចូរបងប្អូនទូលអង្វរព្រះជាម្ចាស់
ជាព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ
និងប្រកបដោយព្រះហឫទ័យមេត្តាករុណាជានិច្ច។
ដោយព្រះហឫទ័យស្រឡាញ់ដ៏ធំទូលាយ
ព្រះអង្គសព្វព្រះហឫទ័យប្រោសឱ្យសេចក្ដីស្រឡាញ់ ភក្តីភាព
[និងសមត្ថភាពនៃការបន្តពូជ] របស់គូស្វាមីភរិយា
បានទៅជារូបតំណាងនៃសម្ពន្ធមេត្រី
ដែលជួយសង្រ្គោះមនុស្សលោក នៅក្នុងប្រវត្តិសាស្រ្ត។
លោកបន្ត៖
បពិត្រព្រះបិតាដ៏វិសុទ្ធបំផុត
ជាព្រះជាម្ចាស់ដ៏មានព្រះហឫទ័យស្មោះស្ម័គ្រជានិច្ច!
ព្រះអង្គបានប្រទានសម្ពន្ធមេត្រីឱ្យយើងខ្ញុំ
ហើយព្រះអង្គតែងប្រៀនប្រដៅយើងខ្ញុំ
ឱ្យគោរពសម្ពន្ធមេត្រីរបស់ព្រះអង្គជានិច្ច។
សូមព្រះអង្គប្រោសប្រទានពរយ៉ាងបរិបូណ៍
ដល់លោក (នាម…) និង លោកស្រី (នាម…)
ក្នុងថ្ងៃរំលឹកខួបទី…. (២៥ឆ្នាំ ឬ ៥០ឆ្នាំ ឬ ៦០ឆ្នាំ)
នៃអាពាហ៍ពិពាហ៍របស់ពួកគាត់ផង។
បន្ទរ៖សូមព្រះអង្គគង់នៅជាមួយមិត្តសម្លាញ់របស់ព្រះអង្គ។
បពិត្រព្រះជាម្ចាស់ជាព្រះបិតាដ៏វិសុទ្ធ!
ព្រះអង្គមានព្រះជន្មគង់នៅតាំងពីដើមរៀងមក
រួមជាមួយព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដោយមានព្រះហឫទ័យ និងសេចក្ដីស្រឡាញ់តែមួយគត់។
សូមព្រះអង្គប្រោសប្រទានពរឱ្យ (នាម…) និង (នាម…)
ក្នុងថ្ងៃរំឭកខួបអគ្គសញ្ញាអាពាហ៍ពិពាហ៍ដែលពួកគាត់បានទទួល
ហើយសូមព្រះអង្គប្រោសឱ្យពួកគាត់មានចិត្តភក្តី
ចំពោះសម្ពន្ធមេត្រីរបស់ពួកគាត់ជានិច្ចផង។
បន្ទរ៖សូមព្រះអង្គគង់នៅជាមួយមិត្តសម្លាញ់របស់ព្រះអង្គ។
បពិត្រព្រះអម្ចាស់!
ព្រះប្រាជ្ញាញាណរបស់ព្រះអង្គ ណែនាំប្រវត្តិសាស្រ្តមនុស្សលោក
ដើម្បីឱ្យគ្រីស្តបរិស័ទរួមរស់ជាមួយព្រះគ្រីស្តយ៉ាងអស្ចារ្យ។
សូមប្រោស (នាម…) និង (នាម…)
ឱ្យជាប់ចិត្តនឹងព្រះគ្រីស្តជានិច្ច
ព្រមទាំងរស់នៅសម្រាប់ព្រះអង្គតែប៉ុណ្ណោះ។
សូមឱ្យពួកគាត់សុខចិត្តទទួលយកនូវអ្វីៗគ្រប់យ៉ាង
ទាំងក្នុងគ្រាមានអំណរសប្បាយ ទាំងក្នុងគ្រាមានទុក្ខលំបាក
ដោយមានចិត្តរឹងប៉ឹង ជឿសង្ឃឹម
ព្រមទាំងពិចារណាដ៏ត្រឹមត្រូវជានិច្ចផង។
បន្ទរ៖សូមព្រះអង្គគង់នៅជាមួយមិត្តសម្លាញ់របស់ព្រះអង្គ។
បពិត្រព្រះអម្ចាស់!
ព្រះអង្គសព្វព្រះហឫទ័យឱ្យសហគមន៍នៃគូស្វាមីភរិយា
បានទៅជាគំរូនៃជីវិតជាគ្រីស្តបរិស័ទ។
សូមព្រះអង្គប្រោសឱ្យគូស្វាមីភរិយាទាំងឡាយក្នុងពិភពលោក
ចេះធ្វើជាសាក្សីនៃសេចក្ដីស្រឡាញ់ដ៏អស្ចារ្យ
របស់ព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គជានិច្ចផង។
បន្ទរ៖សូមព្រះអង្គគង់នៅជាមួយមិត្តសម្លាញ់របស់ព្រះអង្គ។
៣៣៤លោកបូជាចារ្យបញ្ចប់ពាក្យអង្វរសកល៖
បពិត្រព្រះអម្ចាស់!
សូមព្រះអង្គប្រោសឱ្យក្រុមគ្រួសារទាំងអស់ក្នុងពិភពលោក
បានទទួលសេចក្ដីស្រឡាញ់ កម្លាំងកាយនិងកម្លាំងចិត្តពីព្រះអង្គ។
សូមព្រះអង្គព្រះសណ្តាប់ពាក្យអង្វររបស់ (នាម…) និង (នាម…)
ក្នុងដំណើរជីវិតតាមគំរូនៃក្រុមគ្រួសារដ៏វិសុទ្ធរបស់ព្រះយេស៊ូ
សូមឱ្យពួកគាត់មានអំណរសប្បាយដ៏ពិតប្រាកដ
ព្រមទាំងលើកតម្កើងសិរីរុងរឿងព្រះអង្គ
អស់កល្បជានិច្ច នៅស្ថានបរមសុខផង។
* យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូ
ជាព្រះគ្រីស្ត និងជាព្រះអម្ចាស់យើងខ្ញុំ។
អង្គប្រជុំ៖ អាម៉ែន។
៣៣៥នៅពេលថ្វាយតង្វាយ គូស្វាមីភរិយាអាចលើកនំបុ័ង ស្រា និងទឹក ទៅដល់តុសក្ការៈ។
៣៣៦ក្រោយពីបានសូត្រធម៌ «ឱព្រះបិតាយើងខ្ញុំ»លោកបូជាចារ្យមិនថ្លែងពាក្យ «ឱព្រះអម្ចាស់អើយ! សូមប្រោសយើងខ្ញុំ ឱ្យរួចពីសេចក្ដីអាក្រក់គ្រប់យ៉ាង…» លោកបែរមុខឆ្ពោះទៅកាន់គូស្វាមីភរិយា លាតដៃជូនពរ ដោយមានប្រសាសន៍ថា៖
បពិត្រព្រះអម្ចាស់!
ព្រះអង្គជាប្រភពនៃអ្វីៗសព្វសារពើ
យើងខ្ញុំសូមលើកតម្កើង និងកោតសរសើរព្រះអង្គ។
តាំងពីដើម ព្រះអង្គបានបង្កើតមនុស្សជាបុរស និងជាស្រ្តី
ដើម្បីឱ្យពួកគាត់បានទៅជាសហគមន៍
នៃសេចក្ដីស្រឡាញ់ដ៏មានជីវិត។
យើងខ្ញុំសូមអរព្រះគុណព្រះអង្គ
ដែលបានប្រោសប្រទានពរ ដល់ (នាម…) និង (នាម…)
ដើម្បីឱ្យពួកគាត់បានទៅជារូបតំណាង
នៃសម្ពន្ធមេត្រីរបស់ព្រះគ្រីស្តនិងព្រះសហគមន៍។
សូមព្រះអង្គទតមើលដោយព្រះហឫទ័យទូលាយ
ដល់មិត្តសម្លាញ់របស់ព្រះអង្គ
ដែលតែងតែទូលអង្វរព្រះអង្គឥតឈប់ឈរ។
ដោយព្រះអង្គបានថែរក្សាការពារពួកគាត់ ឱ្យរួមគ្នាជាធ្លុងតែមួយ
ទាំងក្នុងគ្រាមានអំណរសប្បាយ ទាំងក្នុងគ្រាមានទុក្ខលំបាក
ដូច្នេះ សូមព្រះអង្គបន្តចងសម្ពន្ធមេត្រី
ដែលតែងតែបង្រួបបង្រួមពួកគាត់ឥតឈប់ឈរ។
សូមព្រះអង្គពង្រឹងសេចក្ដីស្រឡាញ់របស់ពួកគាត់
ឱ្យស្រឡាញ់គ្នាទៅវិញទៅមកកាន់តែខ្លាំងឡើងៗ
ព្រមទាំងប្រោសប្រទានសេចក្ដីសុខសាន្តដល់ពួកគាត់
ដើម្បីឱ្យពួកគាត់ [រួមជាមួយកូនៗ]
ទទួលព្រះពរពីព្រះអង្គជារៀងរហូតផង។
* យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូ
ជាព្រះគ្រីស្ត និងជាអម្ចាស់យើងខ្ញុំ។
អង្គប្រជុំ៖ អាម៉ែន។
៣៣៧ក្រោយមក គូស្វាមីភរិយា និងអង្គប្រជុំទាំងមូល ជូនសេចក្តីសុខសាន្តចំពោះគ្នាទៅវិញទៅមកតាមទំនៀមទម្លាប់នៃតំបន់។
៣៣៨គូស្វាមីភរិយាអាចទទួលព្រះកាយ និងព្រះលោហិតព្រះគ្រីស្តបាន។
៣៣៩នៅក្នុងពិធីបញ្ចប់នៃអភិបូជា លោកបូជាចារ្យប្រទានពរដល់គូស្វាមីភរិយា និងអង្គប្រជុំទាំងមូល តាមរបៀបធម្មតា ឬ យ៉ាងឧឡារិកដូចខាងក្រោម៖
– លោកឧបដ្ឋាកអញ្ចើញអង្គប្រជុំឱ្យទទួលពរ ដោយមានប្រសាសន៍ដូចជា៖
សូមបងប្អូនសម្រួលឥរិយាបទ ដើម្បីទទួលព្រះពរពីព្រះអម្ចាស់។
-សូមព្រះជាម្ចាស់ជាព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ
ប្រោសប្រទានអំណរសប្បាយរបស់ព្រះអង្គ ឱ្យអស់បងប្អូន។
អង្គប្រជុំ៖ អាម៉ែន។
-សូមព្រះបុត្រាតែមួយរបស់ព្រះជាម្ចាស់ គង់នៅជាមួយបងប្អូន
ទាំងក្នុងគ្រាមានអំណរសប្បាយ ទាំងក្នុងគ្រាមានទុក្ខលំបាកផង។
អង្គប្រជុំ៖ អាម៉ែន។
-សូមព្រះវិញ្ញាណដ៏វិសុទ្ធ ចាក់បង្ហូរសេចក្ដីស្រឡាញ់របស់ព្រះអង្គ
នៅក្នុងចិត្តគំនិតរបស់បងប្អូនជានិច្ចផង។
អង្គប្រជុំ៖ អាម៉ែន។
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការប្រទានព្រះពរឱ្យអស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។
អង្គប្រជុំ៖ អាម៉ែន។
៣៤០ក្រោយពីបានធ្វើពិធីចូលព្រះសហគមន៍រួចហើយ ព្រះជាម្ចាស់ប្រោសអ្នកស្វែងយល់ឱ្យរួមរស់ជាមួយព្រះសហគមន៍ ពួកគាត់បានក្លាយជាកម្មសិទ្ធិរបស់ព្រះសហគមន៍។ ព្រះសហគមន៍ថែរក្សាពួកគាត់ ដោយចាត់ទុកថា ជាសមាជិករបស់ខ្លួន។ ព្រះសហគមន៍ចិញ្ចឹមពួកគាត់ ដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងប្រោសប្រទានទ្រព្យសម្បត្តិនៃពិធីបុណ្យឱ្យពួកគាត់។ ហេតុនេះហើយ បានជាពួកគាត់ ត្រូវតែមានចិត្តចង់ចូលរួមក្នុងពិធីនៃព្រះបន្ទូល ទទួលព្រះពរ និងអនុសញ្ញាផ្សេងៗ។
៣៤១នៅពេល អ្នកស្វែងយល់ពីរនាក់ ឬអ្នកស្វែងយល់ម្នាក់ និងអ្នកមិនមែនជាគ្រីស្តបរិស័ទម្នាក់បានរៀបអាពាហ៍ពិពាហ៍ តែមិនមែនជាអគ្គសញ្ញារួចហើយ យើងត្រូវតែពន្យល់ថា អាពាហ៍ពិពាហ៍របស់ពួកគេពិតជាអាពាហ៍ពិពាហ៍ត្រឹមត្រូវ ដែលនឹងទៅជាអគ្គសញ្ញា ក្រោយពីបានទទួលពិធីជ្រមុជទឹក។ រួមជាមួយក្រុមអ្នកអប់រំជំនឿ និងអស់អ្នកស្វែងយល់ឯទៀតៗដែលកំពុងធ្វើដំណើរត្រៀមទទួលអគ្គសញ្ញាជ្រមុជទឹក យើងអាចរៀបចំពិធីអធិដ្ឋានដ៏ពិសេសមួយ នៅពេលប្រជុំអប់រំជំនឿធម្មតា សម្រាប់ទាំងពីរនាក់ ដែលបានរៀបអាពាហ៍ពិពាហ៍ មិនមែនជាអគ្គសញ្ញាបាន។
៣៤២លោកអធិបតីមានប្រសាសន៍ ទៅកាន់អង្គប្រជុំដូចតទៅ៖
បងប្អូនជាទីស្រឡាញ់!
ព្រះសហគមន៍ជាមាតានៃយើងទាំងអស់គ្នា
ទទួលស្គាល់ពីតម្លៃនិងលក្ខណៈដ៏ស្ថិតស្ថេរគង់វង្ស
នៃអាពាហ៍ពិពាហ៍រវាងបុរសម្នាក់ និងស្ត្រីម្នាក់ ដែលមិនបានជ្រមុជទឹក
ហើយបានសន្យាថា នឹងរួមរស់ជាមួយគ្នា
ដោយមានសេរីភាពពេញទី និងមានចិត្តភក្តីអស់មួយជីវិត
ព្រមទាំងសុខចិត្តទទួលខុសត្រូវចំពោះគ្នាទៅវិញទៅមក
ក្នុងតួនាទីជាគូស្វាមីភរិយា [និងក្នុងឋានៈជាមាតាបិតា] ផងដែរ។
៣៤៣-បន្ទាប់មក លោកមានប្រសាសន៍ទៅកាន់គូស្វាមីភរិយា៖
-បើគូស្វាមីភរិយាជាអ្នកស្វែងយល់ទាំងពីរនាក់៖
(នាមស្វាមី…) និង (នាមភរិយា…) ជាទីស្រឡាញ់!
កូនៗបានសម្រេចចិត្តដើរតាមព្រះគ្រីស្ត
ហើយត្រៀមខ្លួន ដើម្បីទទួលអគ្គសញ្ញាជ្រមុជទឹក
ដោយរួមស្លាប់រួមរស់ជាមួយព្រះអង្គ។
៣៤៤លោកបន្ត (ទោះបីជាម្នាក់ ឬពីរនាក់ជាអ្នកស្វែងយល់)៖
ដោយរៀបអាពាហ៍ពិពាហ៍ កូនៗបានសន្យាថា
នឹងស្រឡាញ់គ្នាទៅវិញទៅមក ដោយមានចិត្តភក្តីអស់មួយជីវិត។
ចំពោះគ្រីស្តបរិស័ទនៃព្រះសហគមន៍កាតូលិក
សេចក្ដីស្រឡាញ់ និងភក្តីភាពនេះ មានព្រះគ្រីស្តជាប្រភព។
ហេតុនេះហើយ ដោយពិធីអធិដ្ឋានដែលបង្រួបបង្រួមយើង
យើងពិតជាមានអំណរសប្បាយ
ដែលបានផ្ញើកូនទាំងពីរ ក្នុងឋានៈជាគូស្វាមីភរិយា
ទៅកាន់សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់។
យើងទាំងអស់គ្នាក៏ទូលអង្វរព្រះអង្គ
សូមពង្រឹងសេចក្ដីស្រឡាញ់និងជួយលើកទឹកចិត្តកូនទាំងពីរ
ឱ្យមានចិត្តភក្តីចំពោះគ្នាទៅវិញទៅមក
ព្រមទាំងចេះទទួលខុសត្រូវ ក្នុងតួនាទីជាគូស្វាមីភរិយា
[និងក្នុងឋានៈជាមាតាបិតាផង]
៣៤៥បពិត្រព្រះជាម្ចាស់ជាព្រះបិតាដ៏វិសុទ្ធបំផុត
និងជាប្រភពនៃអ្វីៗសព្វសារពើ!
ព្រះអង្គបានបង្កើតមនុស្សជាបុរស និងជាស្ត្រី
ឱ្យទៅជារូបតំណាងរបស់ព្រះអង្គ
ហើយព្រះអង្គក៏បានប្រទានពរដល់អាពាហ៍ពិពាហ៍របស់ពួកគេ។
យើងខ្ញុំសូមលំទោនកាយទូលអង្វរព្រះអង្គ
សម្រាប់ (នាមស្វាមី…) និង (នាមភរិយា…)
សូមឫទ្ធានុភាពនៃសេចក្ដីស្រឡាញ់របស់ព្រះអង្គ
ជួយលើកទឹកចិត្តនិងគាំទ្រគូស្វាមីភរិយានេះ។
សូមឱ្យពួកគាត់មានសុភមង្គល ដោយប្រគល់ខ្លួនចំពោះគ្នាទៅវិញទៅមក
និងមានរបៀបរស់នៅដ៏ត្រឹមត្រូវសុចរិត
[ព្រមទាំងក្លាយជាមាតាបិតាប្រកបដោយព្រហ្មវិហារធម៌]
៣៤៦បើជាការគួរ គូស្វាមីភរិយាអាចអធិដ្ឋានខ្លី ដោយខ្លួនឯង ដូចជា៖
បពិត្រព្រះអម្ចាស់!
យើងខ្ញុំសូមអរព្រះគុណព្រះអង្គ
ដែលបានណែនាំយើងខ្ញុំតាំងពីថ្ងៃចាប់ផ្ដើម រហូតដល់ថ្ងៃនេះ។
ព្រះអង្គបានប្រគល់យើងខ្ញុំ ចំពោះគ្នាទៅវិញទៅមក
ឥឡូវនេះ ដោយរួមជាធ្លុងតែមួយ
យើងខ្ញុំសូមផ្ញើសេចក្ដីស្រឡាញ់របស់យើងខ្ញុំចំពោះព្រះអង្គ។
យើងខ្ញុំសូមទូលអង្វរព្រះអង្គ
សូមប្រោសឱ្យយើងខ្ញុំមានចិត្តភក្ដីតែមួយ
ហើយសូមថែរក្សាយើងខ្ញុំ ក្នុងសេចក្ដីសុខសាន្តជានិច្ចផង។
បពិត្រព្រះអម្ចាស់!
សូមព្រះអង្គជួយលើកទឹកចិត្តយើងខ្ញុំ
ក្នុងពេលធ្វើដំណើរឆ្ពោះទៅកាន់អគ្គសញ្ញាជ្រមុជទឹក
ហើយសូមប្រោសយើងខ្ញុំ ឱ្យមានចិត្តអង់អាចក្លាហាន
សុខចិត្តរួមស្លាប់រួមរស់ជាមួយព្រះគ្រីស្ត
កាន់តែខ្លាំងឡើងៗជារៀងរាល់ថ្ងៃផង។
៣៤៧បើគូស្វាមីភរិយាជាអ្នកស្វែងយល់ បានទទួលធម៌ «ឱព្រះបិតាយើងខ្ញុំ!» រួចហើយយើងសូត្រធម៌ «ឱព្រះបិតាយើងខ្ញុំ!» រួមគ្នា។
៣៤៨បន្ទាប់មក លោកអធិបតីបញ្ចប់ពិធីអធិដ្ឋាន ដោយពោលថា៖
លោកអធិបតី៖ សូមលើកតម្កើងព្រះអម្ចាស់។
អង្គប្រជុំ៖ យើងខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់។
៣៤៩ក្នុងករណី ពន្លកថ្មី(គ្រីស្តបរិស័ទទើបទទួលពិធីជ្រមុជទឹកថ្មោងថ្មី)បានរៀបអាពាហ៍ពិពាហ៍តាមសង្គមស៊ីវិលត្រឹមត្រូវហើយ យើងចាត់ទុកថាអាពាហ៍ពិពាហ៍នេះ ពិតជាអគ្គសញ្ញាអាពាហ៍ពិពាហ៍ តាមព្រះសហគមន៍កាតូលិក
មែន។ ហេតុនេះហើយ ប្រសិនបើ ពន្លកថ្មីនោះស្នើសុំឱ្យលោកបូជាចារ្យ ឬ លោកឧបដ្ឋាក ឱ្យជូនពរអាពាហ៍ពិពាហ៍របស់ពួកគាត់ យើងក៏គ្មានមូលហេតុអ្វីផ្សេងទៀត ក្នុងការបដិសេធដែរ។ ដូច្នេះ យើងត្រូវជូនពរលើអាពាហ៍ពិពាហ៍របស់ពួកគាត់។
-ក្នុងករណី ពន្លកថ្មី(គ្រីស្តបរិស័ទទើបទទួលពិធីជ្រមុជទឹកថ្មោងថ្មី)បានរៀបអាពាហ៍ពិពាហ៍ជាមួយគ្រីស្តបរិស័ទកាតូលិកម្នាក់ ហើយដែលបានទទួលពិធីជូនពរលើគូស្វាមីភរិយា នៅពេលថ្ងៃពិធីអាពាហ៍ពិពាហ៍របស់ពួកគេហើយ យើងមិនផ្តល់ពិធីជូនពរនៃអគ្គសញ្ញាអាពាហ៍ពិពាហ៍លើគូស្វាមីភរិយាសាជាថ្មីឡើយ។
-ក្នុងករណីផ្សេងទៀត បើជាការគួរ យើងអាចផ្តល់ពិធីជូនពរនៃអគ្គសញ្ញាអាពាហ៍ពិពាហ៍លើគូស្វាមីភរិយា៖
+ក្នុងពិធីអគ្គសញ្ញាជ្រមុជទឹក ក្រោយពីបានធ្វើពិធីប្រគល់អាវស និងទាន។ លោកបូជាចារ្យ ឬលោកឧបដ្ឋាកនឹងជ្រើសរើសពិធីជូនពរត្រឹមត្រូវ តាមឧបសម្ព័ន្ធទី៣ ឬនឹងផ្តល់ពិធីជូនពរតាមលេខ ៣៥០ ខាងក្រោមនេះ។
+ឬក្នុងពេលរដូវអប់រំពន្លកថ្មី នៅពេលអភិបូជាថ្ងៃអាទិត្យ ក្រោយពីបានទេសនា ឬ មុនពិធីប្រទានពរបញ្ចប់។
៣៥០ដោយលើកដៃប្រណម លោកបូជាចារ្យ ឬ លោកឧបដ្ឋាក អញ្ជើញអង្គប្រជុំឱ្យអធិដ្ឋានដោយពោលថា៖
បងប្អូនជាទីស្រឡាញ់!
ចូរបងប្អូនទូលអង្វរព្រះជាម្ចាស់
សូមព្រះអង្គប្រោសប្រទានពរដល់គូស្វាមីភរិយានេះ។
ដោយព្រះអំណោយទាននៃអគ្គសញ្ញាជ្រមុជទឹក
ពួកគាត់បានកើតជាថ្មីនៅក្នុងទឹក
និងនៅក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ។
ហេតុនេះហើយ
សូមសេចក្ដីស្រឡាញ់ដ៏សប្បុរសរបស់ព្រះគ្រីស្ត
ជួយពង្រឹងអាពាហ៍ពិពាហ៍របស់ពួកគាត់ជានិច្ចផង។
បពិត្រព្រះអម្ចាស់!
ព្រះអង្គជាប្រភពនៃអ្វីៗទាំងអស់
ព្រះអង្គបានបង្កើតមនុស្ស ជាបុរសនិងជាស្រ្តី
ឱ្យមានលក្ខណៈដូចព្រះអង្គ
ហើយព្រះអង្គក៏បានប្រោសប្រទានឱ្យពួកគាត់
ចេះស្រឡាញ់គ្នាទៅវិញទៅមក
ដើម្បីឱ្យពួកគាត់រួមចំណែក
ក្នុងស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះអង្គ។
ថ្ងៃនេះ ក្នុងព្រះវិហារនេះ
ព្រះអង្គសព្វព្រះហឫទ័យ
[រដូវអប់រំពន្លកថ្មី៖ ដោយព្រះអំណោយទាននៃអគ្គសញ្ញាជ្រមុជទឹក]
ឱ្យអាពាហ៍ពិពាហ៍របស់គូស្វាមីភរិយាគឺ
(នាមស្វាមី…) និង (នាមភរិយា…) បានទៅជាអគ្គសញ្ញា។
ឥឡូវនេះ ព្រះអង្គសព្វព្រះហឫទ័យឱ្យពួកគាត់
កសាងក្រុមគ្រួសារថ្មី ព្រមទាំងស្រឡាញ់គ្នាទៅវិញទៅមក
កាន់តែខ្លាំងឡើងៗជារៀងរាល់ថ្ងៃ
និងយកតម្រាប់តាមព្រះគ្រីស្ត
ដែលព្រះអង្គបានស្រឡាញ់មនុស្សលោក
រហូតដល់បូជាព្រះជន្មនៅលើឈើឆ្កាង។
សូមព្រះអង្គប្រោសប្រទានពរ ថែរក្សាការពារ
និងពង្រឹងសេចក្ដីស្រឡាញ់របស់គូស្វាមីភរិយានេះ។
សូមឱ្យសេចក្ដីស្រឡាញ់របស់ពួកគាត់
ជួយលើកទឹកចិត្តពួកគាត់ឱ្យមានចិត្តភក្តី។
សូមឱ្យសេចក្ដីស្រឡាញ់នេះ
នាំឱ្យពួកគាត់មានអំណរសប្បាយ
ដោយប្រគល់គ្នាទៅវិញទៅមកទាំងស្រុង នៅក្នុងអង្គព្រះគ្រីស្ត។
សូមឱ្យសេចក្ដីស្រឡាញ់របស់ពួកគាត់
ដូចទៅនឹងសេចក្ដីស្រឡាញ់របស់ព្រះអង្គ
គឺបានទៅជាប្រភពនៃជីវិត។
សូមឱ្យពួកគាត់ចាប់អារម្មណ៍ចំពោះតម្រូវការរបស់អ្នកដទៃ
និងមានចិត្តទូលាយទទួលស្វាគមន៍មនុស្សទាំងអស់។
អាស្រ័យដោយឫទ្ធានុភាពនៃព្រះវិញ្ញាណដ៏វិសុទ្ធ
និងដោយពឹងផ្អែកលើសេចក្ដីស្រឡាញ់របស់ពួកគាត់
សូមឱ្យពួកគាត់ចូលរួមយ៉ាងសកម្ម ក្នុងការកសាងពិភពលោកថ្មី
ឱ្យពោរពេញដោយធម៌មេត្តាករុណា និងយុត្តិធម៌
ដើម្បីឱ្យពួកគាត់អាចទៅជាបុត្រធីតាដ៏ពិតប្រាកដរបស់ព្រះអង្គផង។
* យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូ
ជាព្រះគ្រីស្ត និងជាអម្ចាស់យើងខ្ញុំ។
អង្គប្រជុំ៖ អាម៉ែន។

សូមវិញ្ញាណក្ខន្ធនៃក្រុមគ្រួសារទាំងសងខាងជ្រាបថា
នៅថ្ងៃនេះ កូនចៅរួបរួមគ្នាជាក្រុមគ្រួសារ
តាមប្រពៃណី និង តាមជំនឿនៃព្រះសហគមន៍កាតូលិក។
កូនប្រុសនាម…………….និងកូនស្រីនាម……………
អ្នកទាំងពីរនឹងផ្សំផ្គុំគ្នាជាស្វាមីភរិយា
ដើម្បីបន្តជីវិតដែលដូនតាបានទទួលព្រះជាម្ចាស់។
សូមមេត្តាជ្រាបនិងទូលអង្វរព្រះជាម្ចាស់
សម្រាប់កូនប្រុសនិងកូនស្រីទាំងពីរនេះ ដោយអនុគ្រោះផង។

សូមឱ្យពន្លឺរបស់ព្រះជាម្ចាស់បំភ្លឺប្អូនទាំងពីរ
ឱ្យរស់នៅដោយមានចិត្តភក្ដីចំពោះគ្នាទៅវិញទៅមកអស់មួយជីវិត
និងធ្វើជាពន្លឺសម្រាប់ណែនាំអ្នកដទៃ។
សូមព្រះជាម្ចាស់ប្រោសប្រទានឱ្យប្អូនទាំងពីរ
បានប្រកបដោយសេចក្ដីសុខសាន្ត
បង្កើតកូនពូនជាចៅតរៀងទៅ ព្រមទាំងមានអនាគតភ្លឺស្វាងផង។

ព្រះជាម្ចាស់ជាពន្លឺ

បន្ទរព្រះជាម្ចាស់ទ្រង់ជាពន្លឺព្រះជាម្ចាស់ជាធម៌មេត្តាព្រះជាម្ចាស់ជាព្រះបិតា។
១-ព្រះជាម្ចាស់ទ្រង់ជាពន្លឺគ្មានភាពងងឹតក្នុងព្រះអង្គ
បើយើងដើរនៅក្នុងពន្លឺព្រះបន្ទូលស្ថិតនៅនឹងយើង
២-ព្រះជាម្ចាស់ជាធម៌មេត្តាអ្នកឯណាមានចិត្តករុណា
អ្នកនោះកើតពីព្រះជាម្ចាស់ហើយគេស្គាល់ព្រះអង្គផងណា
៣-យើងត្រូវមានចិត្តករុណាព្រះម្ចាស់ជាធម៌មេត្តា
ទោះយើងមិនស្រឡាញ់ព្រះអង្គក៏ព្រះអង្គស្រឡាញ់យើងហើយ

ឥឡូវនេះ អ្នកទាំងពីររួមគ្នាជាក្រុមគ្រួសារថ្មីហើយ។ ដូច្នេះ ត្រូវមានចិត្តភក្ដីចំពោះគ្នាទៅវិញទៅមក ព្រមទាំងរួមគ្នាខិតខំពុះពារឧបសគ្គនានាក្នុងជីវិត។

បទទី១ – សុភមង្គលដ៏ពិតប្រាកដ

បន្ទរ-មានសុភមង្គលហើយ!មានសុភមង្គលហើយ!មានសុភមង្គលហើយ!
១-អស់អ្នកទាំងឡាយដែលដាក់ចិត្តស្គាល់ក្តីក្រខ្សត់នៅក្នុងខ្លួន
ដ្បិតអ្នកទាំងអស់នោះនឹងបានចូលក្នុងព្រះរាជ្យព្រះជាម្ចាស់
២-អស់អ្នកទាំងឡាយដែលសោកសៅពិតមានសុភមង្គលហើយ
ដ្បិតអ្នកទាំងនោះនឹងបានក្តីអំណរសប្បាយផុតពីទុក្ខ
៣-អស់អ្នកដាក់ចិត្តតាមព្រះអង្គមានចិត្តស្លូតត្រង់ក្រៃកន្លង
ពិតបានទទួលផែនដីគ្រងតាមព្រះបន្ទូលដែលសន្យា
៤-អស់អ្នកដែលស្គាល់ការស្រេកឃ្លានក្តីសុចរិតទៀងក្នុងអាត្មា
ពិតមានសុភមង្គលថ្លាបានឆ្អែតកាយាដោយព្រះពរ
៥-អ្នកមានចិត្តមេត្តាករុណាតាមព្រះចេស្តាម្ចាស់បវរ
ព្រះអង្គសម្តែងហឫទ័យមេត្តាចិត្តមេត្តាធម៌អ្នកប្រាកដ
៦-អ្នកដែលមានចិត្តបរិសុទ្ធពិតមានសុភមង្គលហើយ
ដ្បិតអ្នកនឹងបានឃើញប្រាកដនូវព្រះវិសុទ្ធជាអម្ចាស់
៧-អស់អ្នកកសាងសន្តិភាពពិតមានសុភមង្គលហើយ
ដ្បិតអ្នកទាំងនោះនឹងមានឈ្មោះជាបុត្ររបស់ព្រះជាម្ចាស់
៨-អស់អ្នកដែលត្រូវគេបៀតបៀនដោយបានធ្វើតាមក្តីសុចរិត
ដ្បិតអ្នកទាំងនោះនឹងបានចូលព្រះរាជ្យនៃស្ថានបរមសុខ

OFFICE FOR THE LITURGY IN CAMBODIA

អាសយដ្ឋាន ផ្ទះលេខ៩៨ ផ្លូវ ១០បេតេ ភូមិសន្សំកុសល៤ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បកប្រែ លោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល លោក ឡាំ វិបុល
រៀបរៀង លោក ឡាំ វិបុល
រចនាគម្រប លោក ឡាំ វិបុល

គណៈកម្មការពិនិត្យនិងកែសម្រួល

លោកអភិបាល សិលា សួន ហង្សលី
ជាអភិបាលទទួលបន្ទុកនៃគណៈកម្មាធិការពិធីបុណ្យអន្តរភូមិភាគ និងជាអភិបាលព្រះសហគមន៍កាតូលិកកំពង់ចាម។
លោកបូជាចារ្យ យុាំង លូកា
ជានាយកទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វីយ៉ាណេ ភ្នំពេញ
លោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល
ជានាយកការិយាល័យពិធីបុណ្យកាតូលិកកម្ពុជា និងជាបូជាចារ្យទទួលខុសត្រូវមណ្ឌលសកម្មភាពភ្នំពេញខាងត្បូង
លោកបូជាចារ្យ ដាមីញាំង ហ្វារនឺ
ជាបូជាចារ្យឧបត្ថម្ភនៃការិយាល័យពិធីបុណ្យកាតូលិកកម្ពុជា និងជាបូជាចារ្យទទួលខុសត្រូវមណ្ឌលសកម្មភាពទន្លេមេគង្គ
លោកបូជាចារ្យ ប៉ូល រឿង ឆ័ត្រសិរី
ជាបូជាចារ្យទទួលខុសត្រូវមណ្ឌលសកម្មភាពភ្នំពេញខាងជើង
លោកបូជាចារ្យ ម៉ាតាំង ជួរ ដាម៉ូ
ជាបូជាចារ្យបព្វជិតនៃក្រុមសហជីវិនព្រះយេស៊ូ
លោកស្រី សាឡៃ សង្ឃឹម
ជាព្រឹទ្ធាចារ្យនៃព្រះសហគមន៍កាតូលិក

អនុញ្ញាតឱ្យបោះពុម្ពប្រើប្រាស់ពិសោធន៍

នៅថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០២៤ បុណ្យសន្តយ៉ូសែប ជាស្វាមីព្រះម៉ារី។

ឯកសារយោង

១-សៀវភៅក្បួនពិធីអគ្គសញ្ញាអាពាហ៍ពិពាហ៍ ភាសាបារាំង
«RITUEL ROMAN DE LA CÉLÉBRATION DU MARIAGE »
បោះពុម្ពផ្សាយឱ្យប្រើប្រាស់ ដោយមានការអនុញ្ញាតពី
លោកអគ្គអភិបាល JEAN-PIERRE RICARD
ជាអគ្គអភិបាលនៃអគ្គភូមិភាគBORDEAUX
និងជាប្រធានសភាលោកអភិបាលនៃព្រះសហគមន៍កាតូលិក ប្រទេសបារាំង
នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០០៥

២-សៀវភៅក្បួនពិធីអគ្គសញ្ញាអាពាហ៍ពិពាហ៍ ភាសាអង់គ្លេស
«MARRIAGE IN CHRIST »
បោះពុម្ពផ្សាយឱ្យប្រើប្រាស់ ដោយមានការអនុញ្ញាតពី
លោកអភិបាល JOHN F. KINNEY,J.C.D.,D.D.,
ជាអភិបាលនៃភូមិភាគSt. Cloud
នៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០០៦

៣-សៀវភៅក្បួនពិធីអគ្គសញ្ញាអាពាហ៍ពិពាហ៍ ភាសាវៀតណាម
«NGHI THỨC CỬ HÀNH HÔN NHÂN 2009 »
រៀបរៀងដោយ UY BAN PHUNG TU
ចំណុះឱ្យក្រុមសភាលោកអភិបាលនៃព្រះសហគមន៍កាតូលិក ប្រទេសវៀតណាម

៤-ព្រះគម្ពីរភាសាខ្មែរសម្រាយ
រក្សាសិទ្ធិដោយសមាគមព្រះគម្ពីរសកល-ដកស្រង់ដោយមានការអនុញ្ញាត
បោះពុម្ពផ្សាយឱ្យប្រើប្រាស់
លោកអភិបាល អន់តូនី ស៊ូសៃរាជ្យ
ជាប្រធាននៃសមាគមព្រះគម្ពីរកម្ពុជា និង
ជាអភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម ប្រទេសកម្ពុជា
នៅថ្ងៃទី ៣១ ខែមករា ឆ្នាំ២០១៣

៥-គេហទំព័រកាតូលិក http://www.ibreviary.com

128 Views

Theme: Overlay by Kaira