អារម្ភកថា
បុព្វកថា
សេចក្ដីផ្ដើម
១. សារៈសំខាន់ និងសេចក្ដីថ្លៃថ្នូរនៃអគ្គសញ្ញាអាពាហ៍ពិពាហ៍
២. កាតព្វកិច្ច និងការទទួលខុសត្រូវ
៣. ពិធីប្រារព្ធអគ្គសញ្ញាអាពាហ៍ពិពាហ៍
៤. ការរៀបចំនិងកែសម្រួលផ្សេងៗរបស់លោកអភិបាលតាមប្រទេសនីមួយៗ
ជំពូកទី១ អគ្គសញ្ញាអាពាហ៍ពិពាហ៍ ក្នុងអភិបូជា
ជំពូកទី២ អគ្គសញ្ញាអាពាហ៍ពិពាហ៍ ក្រៅអភិបូជា
ជំពូកទី៣ អគ្គសញ្ញាអាពាហ៍ពិពាហ៍ រវាងគ្រីស្តបរិស័ទកាតូលិកម្នាក់ និងអ្នកមិនមែនជាគ្រីស្តបរិស័ទ
ជំពូកទី៣
អគ្គសញ្ញាអាពាហ៍ពិពាហ៍
រវាង
គ្រីស្តបរិស័ទកាតូលិកម្នាក់
និង
អ្នកមិនមែនគ្រីស្តបរិស័ទ
| ១៩៧ | នៅពេលដែលគ្រីស្តបរិស័ទកាតូលិកម្នាក់ រៀបអាពាហ៍ពិពាហ៍ជាមួយនឹងអ្នកស្វែងយល់ម្នាក់ ឬ អ្នកមិនមែនជាគ្រីស្តបរិស័ទ យើងប្រារព្ធពិធីអាពាហ៍ពិពាហ៍នៅព្រះវិហារ ឬ នៅកន្លែងសមរម្យផ្សេងទៀត តាមក្បួនខាងក្រោមនេះ។ -ពិធីនេះ ត្រូវតែប្រារព្ធដោយលោកបូជាចារ្យ ឬ លោកឧបដ្ឋាកដែលបានទទួលការអនុញ្ញាតពីលោកអភិបាលតាមតំបន់ ឬ លោកបូជាចារ្យទទួលខុសត្រូវជាប្រចាំ ដើម្បីប្រទានពរលើអាពាហ៍ពិពាហ៍ក្នុងនាមព្រះសហគមន៍។ |
ពិធីផ្ដើមប្រារព្ធ
| ១៩៨ | នៅពេលកំណត់ លោកអធិបតី ស្លៀកពាក់អាវវែង ខ្សែស្តូឡា និងអាវកាសូឡាពណ៌ស ឬ ពណ៌ពិធីបុណ្យប្រចាំថ្ងៃ រួមជាមួយអ្នកបម្រើអាសនៈដើរទៅដល់ទ្វារចូលនៃព្រះវិហារ ឬ កន្លែងដែលបានជ្រើសរើស ហើយទទួលស្វាគមន៍ គូស្រករយ៉ាងកក់ក្ដៅ។ -បន្ទាប់មក លោកអធិបតី អ្នកបម្រើអាសនៈ គូស្រករ សាក្សីនិងអង្គប្រជុំឈានមកដល់កន្លែងអង្គុយ។ |
ពិធីគោរពវិញ្ញាណក្ខន្ធដូនតា – ជម្រើស
| ប្រសិនបើប្រារព្ធពិធីនេះ សូមមើលក្នុងឧបសម្ព័ន្ធទី១០ ពិធីតាមប្រពៃណីខ្មែរ ទំព័រ ២៧៩។ |
| -បន្ទាប់មកទៀត លោកអធិបតី រួមជាមួយអង្គប្រជុំគូសសញ្ញាឈើឆ្កាងដោយពោលថា៖ |
| លោកអធិបតី៖ | |
| ក្នុងព្រះនាមព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ | |
| អង្គប្រជុំ ៖ អាម៉ែន។ |
| ១៩៩ | បន្ទាប់មក លោកអធិបតី មានប្រសាសន៍ទៅកាន់គូស្រករ និងអង្គប្រជុំទាំងមូល ដើម្បីរៀបចំចិត្តគំនិត ប្រារព្ធអគ្គសញ្ញាអាពាហ៍ពិពាហ៍ តាមរយៈពាក្យពេចន៍ខាងក្រោម ឬ ពាក្យពេចន៍ស្រដៀងផ្សេងទៀត៖ |
| (នាមកូនកំលោះ…)និង(នាមកូនក្រមុំ…)ជាទីស្រឡាញ់! ព្រះសហគមន៍ចូលរួមក្នុងអំណរសប្បាយនិងស្វាគមន៍កូនៗ រួមជាមួយញាតិសន្ដាននិងមិត្តភក្ដិ ក្នុងថ្ងៃកូនៗរួមគ្នាបង្កើតគ្រួសារអស់មួយជីវិត។ ចំពោះគ្រីស្តបរិស័ទ ព្រះជាម្ចាស់ជាប្រភពនៃសេចក្ដីថ្លៃថ្នូរ និងភក្តីភាព ដ្បិតព្រះអង្គជាសេចក្ដីស្រឡាញ់។ | |
| ដូច្នេះ សូមកូនៗ រួមជាមួយបងប្អូនដែលកំពុងជួបជុំគ្នានៅទីនេះ ស្តាប់ព្រះបន្ទូលរបស់ព្រះអង្គ ដោយយកចិត្តទុកដាក់ ហើយសូមទូលអង្វរព្រះអង្គ ឱ្យកូនៗសម្រេចបំណងប្រាថ្នាគ្រប់ប្រការ និងអាចអនុវត្តតាមរាល់សេចក្ដីដែលកូនៗទូលសូមផង។ |
| ២០០ | តាមកាលៈទេសៈ យើងអាចរំលងពិធីផ្តើមប្រារព្ធ (ពិធីស្វាគមន៍)បាន គឺចាប់ផ្តើមប្រារព្ធពិធីលើកតម្កើងព្រះបន្ទូលតែម្តង។ |
ពិធីលើកតម្កើងព្រះបន្ទូលព្រះជាម្ចាស់
| ២០១ | ពិធីលើកតម្កើងព្រះបន្ទូលរបស់ព្រះជាម្ចាស់មានដូចធម្មតា។ យើងយកអត្ថបទក្នុងចំណោមអត្ថបទដែលមាននៅ លេខ ២៣៥ ដល់ ២៧៨។ យើងអាចយកមួយ ឬ ពីរអត្ថបទ។ បើជាការគួរ យើងអាចយកអត្ថបទតែមួយក៏បាន។ យ៉ាងហោចណាស់ ត្រូវតែជ្រើសរើសអត្ថបទមួយដែលមានអត្ថន័យយ៉ាងច្បាស់អំពីអាពាហ៍ពិពាហ៍។ |
ធម្មទេសនា
| ២០២ | ក្រោយពីបានថ្លែងព្រះបន្ទូលដំណឹងល្អ លោកអធិបតីទេសនា ដោយពន្យល់អំពីគម្រោងការដ៏អស្ចារ្យនៃអាពាហ៍ពិពាហ៍តាមគ្រីស្តសាសនា អំពីសេចក្ដីថ្លៃថ្នូរនៃសេចក្ដីស្រឡាញ់របស់គូស្វាមីភរិយា អំពីព្រះអំណោយទាននៃអគ្គសញ្ញា និងភារកិច្ចរបស់គូស្វាមីភរិយា។ លោកទេសនា ដោយរិះគិតអំពីអត្ថបទទាំងប៉ុន្មានដែលគេបានជ្រើសរើស និងដោយយកចិត្តទុកដាក់អំពីស្ថានភាពរបស់អស់អ្នកដែលចូលរួមផងដែរ។ |
ពិធីប្រារព្ធអគ្គសញ្ញា
ការសន្ទនាដំបូងជាមួយគូស្រករ
| ២០៣ | អង្គប្រជុំទាំងមូលក្រោកឈរ លោកអធិបតីអញ្ជើញសាក្សីឱ្យនៅអមខាងស្ដាំ និងខាងឆ្វេងគូស្រករ។ បន្ទាប់មក លោកពោលទៅពួកគេ តាមពាក្យពេចន៍ខាងក្រោម ឬ ពាក្យពេចន៍ស្រដៀង៖ |
| កូនៗជាទីស្រឡាញ់! កូនៗមករួមគ្នាក្នុងព្រះវិហារនេះ ដើម្បីទូលអង្វរព្រះអម្ចាស់ សូមព្រះអង្គប្រថាប់ត្រាបញ្ជាក់ និងពង្រឹងសេចក្ដីស្រឡាញ់របស់កូនៗ នៅចំពោះមុខលោកទទួលខុសត្រូវព្រះសហគមន៍ និងចំពោះមុខព្រះសហគមន៍ទាំងមូល។ ព្រះជាម្ចាស់នឹងប្រោសប្រទានពរដ៏ច្រើនមហិមា ដល់សេចក្ដីស្រឡាញ់់របស់កូនៗ ព្រះអង្គក៏នឹងពង្រឹងសេចក្ដីស្រឡាញ់នេះបន្ថែមទៀត ។ ដូច្នេះ កូនៗនឹងអាចទទួលភារកិច្ចទាំងប៉ុន្មាន នៃអាពាហ៍ពិពាហ៍ដោយចិត្តភក្ដី រហូតដល់ថ្ងៃចុងក្រោយបំផុតនៃជីវិត។ អាស្រ័យហេតុនេះហើយ នៅចំពោះមុខព្រះសហគមន៍ ខ្ញុំសូមកូនៗ ប្រកាសឱ្យលាន់ឮនូវគោលបំណងរបស់ខ្លួន។ |
សំណួរមុនបង្ហាញការយល់ព្រម
របៀបទីមួយ
| ២០៤ | ឥឡូវនេះ លោកអធិបតី សួរគូស្រករអំពីសេរីភាព ភក្តីភាព ការទទួលនិងការអប់រំកូន។ សូមគូស្រករឆ្លើយម្នាក់ម្ដង។ |
| (នាមកូនកំលោះ…) និង (នាមកូនក្រមុំ…) កូនៗបានស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលសម្ដែងសេចក្ដីថ្លៃថ្នូរនៃសេចក្ដីស្រឡាញ់ របស់មនុស្សលោក និងរបស់អាពាហ៍ពិពាហ៍។ | |
| ១-កូនៗរួមគ្នាមកក្នុងព្រះវិហារនេះ ដើម្បីរៀបអាពាហ៍ពិពាហ៍ តើកូនៗមានសេរីភាពពេញទី និងស្ម័គ្រចិត្តខ្លួនឯងដែរឬទេ? កូនក្រមុំ ៖ ចាស៎ មាន។ កូនកំលោះ៖ បាទ មាន។ | |
| ២-ដោយជ្រើសរើសជីវិតអាពាហ៍ពិពាហ៍ តើកូនៗសុខចិត្តស្រឡាញ់គ្នា ព្រមទាំងគោរពឱ្យតម្លៃគ្នាទៅវិញទៅមក អស់មួយជីវិតដែរឬទេ? កូនក្រមុំ ៖ ចាស៎ ខ្ញុំសុខចិត្ត។ កូនកំលោះ ៖ បាទ ខ្ញុំសុខចិត្ត។ | |
| ៣-តើកូនៗយល់ព្រមទទួលខុសត្រូវ ក្នុងឋានៈជាស្វាមីភិរយា [ព្រមទាំងជាមាតាបិតា] ដែរឬទេ? កូនក្រមុំ ៖ ចាស៎ ខ្ញុំយល់ព្រម ។ កូនកំលោះ ៖ បាទ ខ្ញុំយល់ព្រម ។ |
របៀបទីពីរ
| ២០៥ | លោកអធិបតី ពោលទៅកាន់អង្គប្រជុំ៖ |
| បងប្អូនជាទីស្រឡាញ់! រួមជាមួយ (នាមកូនកំលោះ…) និង (នាមកូនក្រមុំ…) យើងបានស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលសម្ដែងសេចក្ដីថ្លៃថ្នូរនៃសេចក្ដីស្រឡាញ់ ចំពោះមនុស្សលោក និងចំពោះអាពាហ៍ពិពាហ៍។ |
| -បន្ទាប់មក លោកបូជាចារ្យសួរគូស្រករអំពីសេរីភាព ភក្តីភាព ការទទួល និងការអប់រំកូន។ សូមគូស្រករឆ្លើយម្នាក់ម្ដង។ (បើគូស្រករមានវ័យចាស់ហើយ មិនបាច់អានសេចក្ដីដែលមាននៅក្នុងសញ្ញាតង្កៀបឡើយ) លោកបន្ត៖ |
| កូនៗជាទីស្រឡាញ់! ដើម្បីរៀបអាពាហ៍ពិពាហ៍ គូស្វាមីភរិយាត្រូវប្រគល់ខ្លួន ចំពោះគ្នាទៅវិញទៅមក ដោយមានសេរីភាពពេញទី និងគ្មានការបង្ខិតបង្ខំពីនរណាឡើយ។ គូស្វាមីភរិយាត្រូវតែសន្យាស្រឡាញ់គ្នា ទាំងគោរពនិងឱ្យតម្លៃគ្នា អស់មួយជីវិត ព្រមទាំងត្រូវទទួលខុសត្រូវ ក្នុងឋានៈជាគូស្វាមីភរិយា [និងជាមាតាបិតា]។ |
| បន្ទាប់មក លោកពោលទៅកាន់គូស្រករ៖ |
| ១-តើ (នាមកូនកំលោះ…)និង(នាមកូនក្រមុំ…)ចង់រស់នៅក្នុងអាពាហ៍ពិពាហ៍ តាមបែបនេះឬទេ? កូនក្រមុំ ៖ ចាស៎ ខ្ញុំចង់។ កូនកំលោះ ៖ បាទ ខ្ញុំចង់។ |
ការយល់ព្រម
| ២០៦ | លោកអធិបតី អញ្ចើញគូស្រករឱ្យកាន់ដៃគ្នា ធ្វើពាក្យបង្ហាញការយល់ព្រមតាមរយៈជម្រើសណាមួយខាងក្រោមនេះ៖ |
| ១.កូនៗជាទីស្រឡាញ់! ដោយកូនៗមានបំណង ចង់ឈានចូលក្នុងជីវិតអាពាហ៍ពិពាហ៍ ចូរកាន់ដៃគ្នា ប្រកាសការយល់ព្រម ចំពោះគ្នាទៅវិញទៅមក នៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ និងនៅចំពោះមុខព្រះសហគមន៍។ | |
| ឬ | |
| ២០៧ | ២.កូនៗជាទីស្រឡាញ់! នៅចំពោះមុខវត្តមានអស់បងប្អូនដែលជួបជុំគ្នានៅទីនេះ ចូរកូនៗកាន់ដៃគ្នា ប្រកាសការយល់ព្រម ចំពោះគ្នាទៅវិញទៅមក [នៅចំពោះព្រះភក្ត្រព្រះជាម្ចាស់]។ |
| ឬ | |
| ២០៨ | ៣.កូនៗជាទីស្រឡាញ់! នៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ ជាប្រភពនៃសេចក្ដីស្រឡាញ់របស់កូនៗ ហើយដែលនឹងគង់នៅជាមួយកូនៗជារៀងរហូត និងនៅចំពោះមុខវត្តមានអស់បងប្អូនដែលជួបជុំគ្នាទីនេះ ចូរកូនៗកាន់ដៃគ្នា ប្រកាសការយល់ព្រម ចំពោះគ្នាទៅវិញទៅមក។ |
| ឬ | |
| ២០៩ | ៤.កូនៗជាទីស្រឡាញ់! ដើម្បីរួមជាធ្លុងតែមួយ នៅក្នុងអង្គព្រះគ្រីស្ត ព្រមទាំងដើម្បីឱ្យព្រះអង្គប្រោសសេចក្ដីស្រឡាញ់របស់កូនៗ ឱ្យទៅជាទីសម្គាល់ដែលមើលឃើញ នៃសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ចូរកូនៗកាន់ដៃគ្នា ប្រកាសការយល់ព្រម នៅចំពោះមុខព្រះសហគមន៍។ |
ពិធីប្រកាសការយល់ព្រម
| ២១០ | កូនកំលោះប្រើដៃស្ដាំរបស់ខ្លួន កាន់ដៃស្ដាំកូនក្រមុំ រួចប្រកាសការយល់ព្រមចំពោះគ្នាទៅវិញទៅមក ដោយត្រូវតែប្រើរបៀបមួយ ក្នុងចំណោមទាំងបីខាងក្រោមជាដាច់ខាត៖ |
| ២១១ | របៀបទីមួយ |
| កូនកំលោះ | |
| បង (នាមកូនកំលោះ…) ទទួលយកអូន (នាមកូនក្រមុំ…) ធ្វើជាភរិយា ហើយសន្យាថា នឹងមានចិត្តភក្តីចំពោះអូន ទាំងពេលមានអំណរសប្បាយ ក៏ដូចពេលមានទុក្ខលំបាក ពេលមានសុខភាពល្អ ក៏ដូចពេលមានជំងឺ បងសន្យាស្រឡាញ់និងគោរពអូន អស់មួយជីវិតរបស់បង។ |
| បន្ទាប់មក កូនក្រមុំពោលថា៖ |
| កូនក្រមុំ | |
| អូន (នាមកូនក្រមុំ…) ទទួលយកបង (នាមកូនកំលោះ…) ធ្វើជាស្វាមី ហើយសន្យាថា នឹងមានចិត្តភក្តីចំពោះបង ទាំងក្នុងពេលមានអំណរសប្បាយ ក៏ដូចក្នុងពេលមានទុក្ខលំបាក ពេលមានសុខភាពល្អ ក៏ដូចពេលមានជំងឺ អូនសន្យាស្រឡាញ់និងគោរពបង អស់មួយជីវិតរបស់អូន។ |
| ២១២ | របៀបទីពីរ | |
| កូនកំលោះ ៖ | តើអូន (នាមកូនក្រមុំ…) ចង់ធ្វើជាភរិយារបស់បងឬទេ? | |
| កូនក្រមុំ ៖ | ចាស អូនចង់។ ចំពោះបង (នាមកូនកំលោះ…) វិញ តើបងចង់ធ្វើជាស្វាមីរបស់អូនឬទេ? | |
| កូនកំលោះ៖ | បាទ បងចង់។ បង (នាមកូនកំលោះ…) ទទួលយកអូន (នាមកូនក្រមុំ…) ធ្វើជាភរិយា ហើយបងនឹងក្លាយទៅជាស្វាមីរបស់អូន។ | |
| បងសន្យាថា នឹងស្រឡាញ់អូនដោយចិត្តភក្តី ទាំងពេលមានអំណរសប្បាយ ក៏ដូចក្នុងពេលមានទុក្ខលំបាក អស់មួយជីវិតរបស់យើង។ | ||
| កូនក្រមុំ ៖ | អូន (នាមកូនក្រមុំ…)ទទួលយកបង(នាមកូនកំលោះ…)ធ្វើជាស្វាមី ហើយអូននឹងទៅជាភរិយារបស់បង។ | |
| អូនសន្យាថា នឹងស្រឡាញ់បងដោយចិត្តភក្តី ទាំងពេលមានអំណរសប្បាយ ក៏ដូចក្នុងពេលមានទុក្ខលំបាកអស់មួយជីវិតរបស់យើង។ |
| ២១៣ | របៀបទីបី | |
| កូនកំលោះ ៖ | តើអូន(នាមកូនក្រមុំ…)ចង់ធ្វើជាភរិយារបស់បងដែរឬទេ? | |
| កូនក្រមុំ ៖ | ចាស អូនចង់ ។ រីឯបង តើបងចង់ធ្វើជាស្វាមីរបស់អូនដែរឬទេ? | |
| កូនកំលោះ ៖ | បាទ បងចង់។ | |
| កូនក្រមុំ ៖ | អូនយល់ព្រមទទួលយកបងធ្វើជាស្វាមី និងស្ម័គ្រចិត្តប្រគល់ខ្លួនចំពោះបង។ | |
| កូនកំលោះ ៖ | បងយល់ព្រមទទួលអូនធ្វើជាភរិយា និងស្ម័គ្រចិត្តប្រគល់ខ្លួនចំពោះអូន។ | |
| រួមគ្នា៖ | ដើម្បីស្រឡាញ់គ្នា ដោយចិត្តភក្តី ទាំងពេលមានអំណរសប្បាយ ក៏ដូចក្នុងពេលមានទុក្ខលំបាក និងដើម្បីជួយគាំទ្រគ្នាទៅវិញទៅមកអស់មួយជីវិតរបស់យើង។ |
របៀបទីបួន
| ២១៤ | បើគូស្រករមានបញ្ហាពិតប្រាកដ មិនអាចប្រើប្រាស់របៀបមួយក្នុងចំណោមរបៀបទាំងបីខាងលើ ឬ បើមានមូលហេតុផ្សេងទៀត លោកបូជាចារ្យ ឬលោកឧបដ្ឋាកអាចសុំឱ្យពួកគេយល់ព្រមរៀបការ ដោយសួរជាសំណួរដល់ពួកគេតែម្តង។ |
| ជាដំបូង លោកសួរទៅកូនកំលោះ៖ |
| តើលោក (នាមកូនកំលោះ…) យល់ព្រម ទទួលយក កញ្ញា (នាមកូនក្រមុំ…) ធ្វើជាភរិយា ហើយសន្យាថា មានចិត្តភក្ដីចំពោះនាង ទាំងពេលមានអំណរសប្បាយ ក៏ដូចក្នុងពេលមានទុក្ខលំបាក ពេលមានសុខភាពល្អ ក៏ដូចពេលមានជំងឺ ដើម្បីស្រឡាញ់និងគោរពនាង អស់មួយជីវិតរបស់លោកឬទេ? កូនកំលោះ៖ បាទ ខ្ញុំចង់។ |
| បន្ទាប់មក លោកអធិបតី សួរកូនក្រមុំ៖ |
| តើកញ្ញា (នាមកូនក្រមុំ…) យល់ព្រមទទួលយក លោក (នាមកូនកំលោះ…) ធ្វើជាស្វាមី ហើយសន្យាថា មានចិត្តភក្ដីចំពោះគាត់ ទាំងពេលមានអំណរសប្បាយ ក៏ដូចក្នុងពេលមានទុក្ខលំបាក ពេលមានសុខភាពល្អ ក៏ដូចពេលមានជំងឺ ដើម្បីស្រឡាញ់និងគោរពគាត់ អស់មួយជីវិតរបស់កញ្ញាឬទេ? កូនក្រមុំ៖ ចាស ខ្ញុំចង់។ |
ពិធីទទួលការយល់ព្រម
| ២១៥ | បន្ទាប់មក លោកបូជាចារ្យ ឬ លោកឧបដ្ឋាក ទទួលការយល់ព្រមរបស់គូស្រករ ដោយពោល ព្រមទាំងធ្វើកាយវិការមួយ ក ឬ ខ ដូចខាងក្រោម៖ |
| ក. លាតដៃស្តាំឆ្ពោះទៅគូស្រករ ខ. ដាក់ដៃស្តាំលើដៃទាំងពីររបស់គូស្រករ |
| បន្ទាប់មក លោកពោលថា៖ |
| ១- | សូមព្រះអម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រថាប់ត្រាបញ្ជាក់ និងពង្រឹងការយល់ព្រមរបស់កូនៗ ដែលទើបប្រកាសនៅចំពោះមុខព្រះសហគមន៍ ឱ្យនៅស្ថិតស្ថេរយូរអង្វែង | |
| ព្រមទាំងប្រទានឱ្យកូនៗពោរពេញដោយព្រះអំណោយទានរបស់ព្រះអង្គជានិច្ច។ ហេតុនេះហើយ មនុស្សមិនត្រូវបំបាក់បំបែកគូស្រករដែលព្រះជាម្ចាស់បានផ្សំផ្គុំនោះឡើយ។ (មថ ១៩,៦) អង្គប្រជុំ៖ អាម៉ែន។ | ||
| ឬ | ||
| ២- | សូមព្រះអម្ចាស់ជាព្រះដ៏មានព្រះជន្មគង់នៅ ជាព្រះរបស់លោកអប្រាហាំ ជាព្រះរបស់លោកអ៊ីសាក និងជាព្រះរបស់លោកយ៉ាកុប ដែលបានផ្សំផ្គុំគូស្រករដើមដំបូងក្នុងសួន | |
| អេដែន។ ឥឡូវនេះ នៅក្នុងអង្គព្រះគ្រីស្ត សូមព្រះអង្គប្រថាប់ត្រាបញ្ជាក់ ព្រមទាំងប្រទានពរយ៉ាងបរិបូរណ៍ដល់ការយល់ព្រម ដែលកូនៗទើបប្រកាស ចំពោះមុខព្រះសហគមន៍។ ហេតុនេះហើយ មនុស្សមិនត្រូវបំបាក់បំបែកគូស្រករដែលព្រះជាម្ចាស់បានផ្សំផ្គុំនោះឡើយ។ (មថ ១៩,៦) អង្គប្រជុំ៖ អាម៉ែន។ | ||
| លោកអធិបតី ៖ ចូរយើងនាំគ្នាលើកតម្កើងព្រះអម្ចាស់! អង្គប្រជុំ ៖ សូមអរព្រះគុណព្រះជាម្ចាស់។ |
ពិធីប្រទានពរ និងប្រគល់ចិញ្ចៀន
| ២១៦ | តាមកាលៈទេសៈ យើងអាចរំលងពិធីប្រទានពរ និងប្រគល់ចិញ្ចៀនបាន។ ប៉ុន្តែ បើមិនរំលងទេ លោកអធិបតី ប្រទានពរលើចិញ្ចៀន ដោយពោលថា៖ |
| ជម្រើស ១ | |
| សូមព្រះអម្ចាស់ប្រទានពរ លើចិញ្ចៀនទាំងនេះ ដែលកូនៗនឹងប្រគល់ឱ្យគ្នាទៅវិញទៅមក ទុកជាទីសម្គាល់នៃសេចក្ដីស្រឡាញ់ និងភក្តីភាព។ អង្គប្រជុំ ៖ អាម៉ែន។ | |
| ២១៧ | ជម្រើស ២ |
| បពិត្រព្រះអម្ចាស់! សូមព្រះអង្គប្រទានពរ លើចិញ្ចៀនទាំងនេះ ដែលយើងខ្ញុំប្រទានពរក្នុងព្រះនាមព្រះអង្គ ដើម្បីឱ្យអស់អ្នកដែលពាក់ចិញ្ចៀននេះ រក្សាចិត្តភក្តីទាំងស្រុង ចំពោះគ្នាទៅវិញទៅមក។ សូមឱ្យអ្នកទាំងនោះ ធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ ព្រមទាំងរស់នៅជាមួយគ្នាប្រកបដោយសេចក្ដីសុខសាន្ត មានសុច្ឆន្ទៈ និងស្រឡាញ់គ្នាទៅវិញទៅមកជារៀងរហូតផង។ * យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូជាព្រះគ្រីស្ត និងជាអម្ចាស់យើងខ្ញុំ។ អង្គប្រជុំ៖ អាម៉ែន។ | |
| ២១៨ | ជម្រើស ៣ |
| បពិត្រព្រះអម្ចាស់! សូមព្រះអង្គប្រទានពរ និងអភិសេក (នាមកូនកំលោះ…) និង (នាមកូនក្រមុំ…) ជាអ្នកបម្រើរបស់ព្រះអង្គក្នុងសេចក្ដីស្រឡាញ់របស់ពួកគាត់ ចំពោះគ្នាទៅវិញទៅមក។ សូមឱ្យចិញ្ចៀនទាំងនេះ ក្លាយជាទីសម្គាល់នៃចិត្តភក្ដីរបស់ពួកគាត់ចំពោះគ្នាទៅវិញទៅមក ព្រមទាំងរំឭកពួកគាត់ អំពីសេចក្ដីស្រឡាញ់របស់ពួកគាត់ជានិច្ចផង។ * យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូជាព្រះគ្រីស្ត និងជាអម្ចាស់យើងខ្ញុំ។ អង្គប្រជុំ៖ អាម៉ែន។ | |
| ២១៩ | ជម្រើស ៤ |
| បពិត្រព្រះអម្ចាស់ជាព្រះបិតាយើងខ្ញុំ! ព្រះអង្គបានចងសម្ពន្ធមេត្រីជាមួយយើងខ្ញុំនៅក្នុងអង្គព្រះយេស៊ូគ្រីស្ត។ សូមព្រះអង្គប្រទានពរ លើចិញ្ចៀនទាំងនេះឱ្យទៅជាទីសម្គាល់នៃចិត្តភក្តីរបស់ (នាមកូនកំលោះ…) និង (នាមកូនក្រមុំ…) ដែលមានចំពោះគ្នាទៅវិញទៅមក ព្រមទាំងរំឭកពួកគាត់ ឱ្យស្រឡាញ់គ្នាទៅវិញទៅមកជានិច្ចផង។ * យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូជាព្រះគ្រីស្ត និងជាអម្ចាស់យើងខ្ញុំ។ អង្គប្រជុំ៖ អាម៉ែន។ |
| ២២០ | -កូនកំលោះបំពាក់ចិញ្ចៀន ចូលដៃនាងខាងឆ្វេងរបស់កូនក្រមុំ ដោយពោលថា៖ |
| កូនកំលោះ | ||
| នាមកូនក្រមុំ…………………សូមអូនទទួលចិញ្ចៀននេះទុកជាទីសម្គាល់នៃសេចក្ដីស្រឡាញ់ និងចិត្តភក្តីរបស់បងក្នុងព្រះនាមព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ |
| កូនក្រមុំបំពាក់ចិញ្ចៀន ចូលដៃនាងខាងឆ្វេងរបស់កូនកំលោះ ដោយពោលថា៖ |
| កូនក្រមុំ | ||
| នាមកូនកំលោះ……………..សូមបងទទួលចិញ្ចៀននេះទុកជាទីសម្គាល់នៃសេចក្ដីស្រឡាញ់ និងចិត្តភក្តីរបស់អូនក្នុងព្រះនាមព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ |
ពិធីជូនពរនៃអាពាហ៍ពិពាហ៍
| ២២១ | ជាធម្មតា លោកអធិបតីប្រទានពរលើគូស្វាមីភរិយា។ ក៏ប៉ុន្តែតាមកាលៈទេសៈ យើងអាចរំលងពិធីនេះ ដោយជំនួសនូវពាក្យអធិដ្ឋានតាម លេខ ២២៣។ គូស្វាមីភរិយា ក្រោកឈរ ឬ លុតជង្គង់ នៅកន្លែងរបស់ពួកគេ។ ដោយលាតដៃ លោកអធិបតីអញ្ចើញអង្គប្រជុំឱ្យអធិដ្ឋាន ដោយពោលថា៖ |
| បងប្អូនជាទីស្រឡាញ់! ចូរយើងតាំងចិត្តអធិដ្ឋាន ទូលអង្វរព្រះជាម្ចាស់ ប្រោសប្រទានព្រះអំណោយទានដ៏បរិបូណ៌របស់ព្រះអង្គ មកលើគូស្វាមីភរិយាថ្មោងថ្មីនេះ។ សូមព្រះអង្គជួយគាំទ្រ ដោយព្រះហឫទ័យសប្បុរស ដល់អស់អ្នកដែលព្រះអង្គប្រោសប្រទានយ៉ាងច្រើនលើសលប់ ដោយអគ្គសញ្ញាអាពាហ៍ពិពាហ៍។ |
| -ទាំងអស់គ្នាស្ងៀមស្ងាត់ អធិដ្ឋានមួយស្របក់៖ | |
| ២២២ | -លោកបូជាចារ្យលាតដៃលើគូស្វាមីភរិយា ដោយពោលបន្តថា៖ |
| បពិត្រព្រះជាម្ចាស់! ជាព្រះបង្កើតពិភពលោកទាំងមូលនិងអ្វីៗសព្វសារពើ ព្រះអង្គក៏បង្កើតមនុស្សជាបុរស និងជាស្រ្តី ដែលជារូបតំណាងរបស់ព្រះអង្គ ហើយព្រះអង្គក៏សព្វព្រះហឫទ័យឱ្យសហគមន៍របស់ពួកគេ បានពោរពេញដោយព្រះអំណោយទានរបស់ព្រះអង្គ។ | |
| យើងខ្ញុំសូមលំទោនកាយទូលអង្វរ សូមព្រះអង្គប្រោសប្រទានព្រះអំណោយទានដ៏បរិបូណ៌ មកលើកូនក្រមុំ (នាមភរិយា…) និងកូនកំលោះ (នាមស្វាមី…) ជាសហជីវិនរបស់នាង។ | |
| សូមព្រះអង្គចាក់បង្ហូរឫទ្ធានុភាពនៃព្រះវិញ្ញាណដ៏វិសុទ្ធ ពីស្ថានដ៏ខ្ពង់ខ្ពស់បំផុត យាងមកដុតបញ្ឆេះដួងចិត្តពួកគាត់ឱ្យឆេះឆួល ព្រមទាំងឱ្យពួកគាត់ចេះប្រគល់ខ្លួនចំពោះគ្នាទៅវិញទៅមក ក្នុងអាពាហ៍ពិពាហ៍។ សូមឱ្យពួកគាត់មានភាពប៉ិនប្រសប់ក្នុងការអប់រំកូនៗរបស់ខ្លួន ដើម្បីតុបតែងបន្ថែមសោភ័ណភាពនៃក្រុមគ្រួសារ ព្រមទាំងធ្វើឱ្យព្រះសហគមន៍ចម្រើនឡើង។ | |
| បពិត្រព្រះអម្ចាស់! សូមឱ្យពួកគាត់ចេះកោតសរសើរនិងអរព្រះគុណព្រះអង្គ នៅពេលជីវិតមានអំណរសប្បាយនិងសុភមង្គល ព្រមទាំងចេះស្វែងរកពឹងលើព្រះអង្គ នៅពេលជីវិតមានទុក្ខលំបាក និងមានបញ្ហា ដោយមានមនសិការថា ព្រះអង្គតែងមានវត្តមាន គង់នៅក្បែរចាំលួងលោមពួកគាត់ ឱ្យបានធូរស្បើយជានិច្ច។ | |
| សូមឱ្យពួកគាត់ចេះអធិដ្ឋាន រួមជាមួយព្រះសហគមន៍កាតូលិកដ៏វិសុទ្ធ ព្រមទាំងជាសាក្សីដ៏ពិតប្រាកដរបស់ព្រះអង្គ ក្នុងពិភពលោកនេះ។ សូមឱ្យពួកគាត់រួមរស់ជាមួយគ្នាដោយអំណរសប្បាយ រហូតដល់ចាស់ព្រឹទ្ធចាស់ព្រេង នៅជុំវិញញាតិសន្ដាននិងមិត្តភក្តិ។ | |
| លុះដល់អវសាននៃជីវិត សូមឱ្យពួកគាត់អាចចូលក្នុងព្រះរាជ្យនៃស្ថានបរមសុខផង។ | |
| * យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយ ព្រះយេស៊ូជាព្រះគ្រីស្ត និងជាអម្ចាស់យើងខ្ញុំ។ អង្គប្រជុំ៖ អាម៉ែន |
| ២២៣ | បើតាមកាលៈទេសៈ យើងមិនប្រារព្ធពិធីជូនពរគូស្វាមីភរិយា យើងក៏អាចប្រើពាក្យអធិដ្ឋានខាងក្រោមនេះជំនួសឱ្យពាក្យជូនពរនៃអាពាហ៍ពិពាហ៍ក៏បាន៖ |
| ឱ! ព្រះអម្ចាស់អើយ! សូមព្រះអង្គទទួលពាក្យអង្វររបស់យើងខ្ញុំ។ សូមព្រះអង្គជួយថែរក្សាដោយព្រះហឫទ័យសប្បុរស ដល់អាពាហ៍ពិពាហ៍ ដែលព្រះអង្គបានរៀបចំនិងផ្សំផ្គុំ ដើម្បីជាប្រយោជន៍ដល់ជីវិតមនុស្សលោក និងឱ្យពួកគេចម្រើនឡើង។ សូមព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអង្គ ថែរក្សាការពារអ្វីៗគ្រប់យ៉ាង ដែលមានព្រះអង្គជាប្រភពផង។ | |
| * យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយ ព្រះយេស៊ូជាព្រះគ្រីស្ត និងជាអម្ចាស់យើងខ្ញុំ។ អង្គប្រជុំ៖ អាម៉ែន |
បទចម្រៀងកោតសរសើរ
| ២២៤ | អង្គប្រជុំអាចច្រៀងបទចម្រៀងមួយ ដើម្បីអរព្រះគុណព្រះជាម្ចាស់ ដែលបានប្រទានអគ្គសញ្ញាអាពាហ៍ពិពាហ៍ ឬ អាចលេងភ្លេងស្រាលៗក៏បានដែរ។ |
ពាក្យអធិដ្ឋានដ៏ពីរោះរបស់គូស្វាមីភរិយាថ្មោងថ្មី
| ២២៥ | បើគូស្វាមីភរិយាស្ម័គ្រចិត្ត ពួកគេអាចថ្លែងពាក្យអធិដ្ឋាន តាមជម្រើសដូចខាងក្រោម៖ |
| បពិត្រព្រះអម្ចាស់ ព្រះអង្គសព្វព្រះហឫទ័យណែនាំយើងខ្ញុំ តាំងពីថ្ងៃចាប់ផ្ដើម រហូតដល់ថ្ងៃនេះ យើងខ្ញុំសូមអរព្រះគុណព្រះអង្គ ដែលបានប្រគល់យើងខ្ញុំ ចំពោះគ្នាទៅវិញទៅមក។ | |
| ឥឡូវនេះ យើងខ្ញុំរួមគ្នា សូមថ្វាយសេចក្ដីស្រឡាញ់របស់យើងខ្ញុំ ចំពោះព្រះអង្គ។ យើងខ្ញុំសូមទូលអង្វរព្រះអង្គ សូមថែរក្សាការពារយើងខ្ញុំ ក្នុងសេចក្ដីសុខសាន្ត ហើយប្រទានឱ្យយើងខ្ញុំមានចិត្តភក្តី ដោយរួមគ្នាជាធ្លុងតែមួយ ជារៀងរហូតផង។ |
ពិធីបង្វិលពពិល – ជម្រើស
ប្រសិនបើប្រារព្ធពិធីនេះ សូមមើលក្នុងឧបសម្ព័ន្ធទី១០ ពិធីតាមប្រពៃណីខ្មែរ ទំព័រ ២៧៩។
ពាក្យអង្វរសកល
| ២២៦ | បន្ទាប់មក យើងទូលអង្វរព្រះជាម្ចាស់ សម្រាប់ពិភពលោក។ ជាដំបូង លោកបូជាចារ្យ ឬលោកឧបដ្ឋាក អញ្ចើញឱ្យទូលអង្វរដូចតទៅ៖ |
| ១.ក្នុងឱកាសដ៏មានអំណរសប្បាយនេះ ដោយជឿទុកចិត្តទាំងស្រុងលើព្រះជាម្ចាស់ សូមយើងទូលអង្វរព្រះអង្គ សម្រាប់គូស្វាមីភរិយាថ្មោងថ្មី សម្រាប់យើងទាំងអស់គ្នា ដែលជួបជុំគ្នានៅទីនេះ ព្រមទាំងសម្រាប់ព្រះសហគមន៍ និងសម្រាប់ពិភពលោកទាំងមូល។ | |
| ២២៧ | ២.បងប្អូនជាទីស្រឡាញ់! ដោយព្រះហឫទ័យប្រណីសន្តោស និងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ព្រះអង្គសព្វព្រះហឫទ័យប្រោសសេចក្ដីស្រឡាញ់ របស់ (នាមស្វាមី…) និង (នាមភរិយា…) ឱ្យបានរីកចម្រើន។ ចូរយើងទូលអង្វរព្រះជាម្ចាស់ សូមព្រះអង្គយាងមកជួយការពារក្រុមគ្រួសារទាំងអស់ ក្នុងពិភពលោកទាំងមូល។ |
| ២២៨ | បន្ទាប់មក មានពាក្យអង្វរសកល និងបន្ទររបស់គ្រីស្តបរិស័ទ។ មានពាក្យទូលអង្វរដូចតទៅ ឬ ក្នុងឧបសម្ព័ន្ធទី៤ (លេខ ២៩០-២៩៣)៖ |
| ២២៩ | ពាក្យអង្វរសកលរបស់គ្រីស្តបរិស័ទ |
១-បពិត្រព្រះជាម្ចាស់! យើងខ្ញុំសូមទូលអង្វរព្រះអង្គ សម្រាប់គូស្វាមីភរិយាថ្មោងថ្មី ដែលព្រះអង្គទើបផ្សំផ្គុំក្នុងចំណងអាពាហ៍ពិពាហ៍។ សូមព្រះអង្គប្រទានឱ្យពួកគាត់មានសុភមង្គលក្នុងក្រុមគ្រួសារ ព្រមទាំងស្រឡាញ់គ្នាជារៀងរាល់ថ្ងៃ រហូតអស់មួយជីវិត។
អ្នកអាន៖ យើងខ្ញុំសូមទូលអង្វរព្រះអង្គ។
២-បពិត្រព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ! យើងខ្ញុំសូមទូលអង្វរព្រះអង្គ សម្រាប់មាតាបិតា ក្រុមគ្រួសារ និងមិត្តសម្លាញ់របស់គូស្វាមីភរិយាថ្មោងថ្មី ព្រមទាំងអស់អ្នកដែលតែងតែជួយពួកគាត់។ សូមព្រះអង្គប្រទានឱ្យអស់លោកមានសុខភាពល្អ មានសេចក្ដីសុខសាន្ត និងមានសុភមង្គលក្នុងជីវិត ជាពិសេសសូមព្រះអង្គប្រទានឱ្យវិញ្ញាណក្ខន្ធទាំងអស់របស់ក្រុមគ្រួសារ បានចូលក្នុងព្រះរាជ្យនៃស្ថានបរមសុខផង។
អ្នកអាន៖ យើងខ្ញុំសូមទូលអង្វរព្រះអង្គ។
៣-បពិត្រព្រះជាម្ចាស់! តាមរយៈគ្រួសារដ៏វិសុទ្ធនៃភូមិណាសារ៉ែត យើងខ្ញុំសូមទូលអង្វរព្រះអង្គ សម្រាប់អស់ក្រុមគ្រួសារទាំងឡាយក្នុងពិភពលោក។ សូមឱ្យសមាជិកនីមួយៗនៃគ្រួសារ ចេះរួមគ្នាជាធ្លុងតែមួយ បំពេញកាតព្វកិច្ចរៀងៗខ្លួន ព្រមទាំងស្រឡាញ់គ្នាទៅវិញទៅមក។ ជាពិសេស សម្រាប់អស់យុវជន និងយុវនារីដែលកំពុងរិះគិតអំពីការត្រាស់ហៅ ឱ្យរកឃើញអំណរសប្បាយដ៏ពិតប្រាកដនៃជីវិតផង។
អ្នកអាន៖ យើងខ្ញុំសូមទូលអង្វរព្រះអង្គ។
៤-បពិត្រព្រះជាម្ចាស់ជាគង្វាលដ៏សប្បុរស សូមព្រះអង្គប្រមែប្រមូលប្រជារាស្រ្តដ៏វិសុទ្ធរបស់ព្រះអង្គ ឱ្យរួបរួមគ្នាជាធ្លុងតែមួយ និងប្រទានឱ្យយើងខ្ញុំមានជំនឿរឹងមាំ ចេះរស់នៅតាមព្រះបន្ទូលនៃសេចក្ដីពិត ព្រមទាំងរស់នៅជាសាក្សីនៃសេចក្ដីស្រឡាញ់របស់ព្រះអង្គ ក្នុងពិភពលោកសព្វថ្ងៃនេះផង។
អ្នកអាន៖ យើងខ្ញុំសូមទូលអង្វរព្រះអង្គ។
ធម៌«ឱព្រះបិតាយើងខ្ញុំ»
| ២៣០ | ដោយមិនមានថ្លែងពាក្យអធិដ្ឋានសរុប លោកអធិបតី ណែនាំអង្គប្រជុំសូត្រធម៌ឪព្រះបិតាយើងខ្ញុំ ដោយពោលថា៖ |
| ព្រះជាម្ចាស់ជាសេចក្ដីស្រឡាញ់ ព្រះអង្គជាព្រះបិតារបស់មនុស្សទាំងអស់ ព្រះអង្គសព្វព្រះហឫទ័យឱ្យបុត្រធីតារបស់ព្រះអង្គ រួមគ្នាជាធ្លុងតែមួយ ក្នុងសេចក្ដីស្រឡាញ់។ | |
| ដូច្នេះ សូមបងប្អូនដែលកំពុងជួបជុំគ្នានៅទីនេះ រួមគ្នាទូលអង្វរព្រះជាម្ចាស់ តាមរយៈពាក្យអធិដ្ឋាន នៃមហាគ្រួសាររបស់ព្រះអង្គ ដែលព្រះអម្ចាស់យេស៊ូគ្រីស្ត បានប្រៀនប្រដៅ ហើយតាមព្រះបញ្ជារបស់ព្រះអង្គ យើងខ្ញុំហ៊ានសូត្រថា៖ |
| អង្គប្រជុំរួមគ្នាសូត្រ ៖ |
| ឱ ព្រះបិតាយើងខ្ញុំ ដែលគង់នៅស្ថានបរមសុខអើយ! សូមសម្តែងព្រះបារមីឱ្យមនុស្សលោកស្គាល់ព្រះនាមព្រះអង្គ សូមឱ្យព្រះរាជ្យព្រះអង្គបានមកដល់ សូមឱ្យព្រះហឫទ័យរបស់ព្រះអង្គ បានសម្រេចនៅលើផែនដី ដូចនៅស្ថានបរមសុខដែរ។ | |
| សូមប្រទានអាហារ ដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ។ សូមអត់ទោសឱ្យយើងខ្ញុំ ដូចយើងខ្ញុំអត់ទោសឱ្យអស់អ្នក ដែលបានប្រព្រឹត្តខុសនឹងយើងខ្ញុំ។ សូមកុំបណ្តោយឱ្យយើងខ្ញុំ ចាញ់ការល្បួងឡើយ។ តែសូមរំដោះយើងខ្ញុំ ឱ្យរួចពីមារកំណាច។ |
ពិធីបញ្ចប់
| ពិធីផ្ទឹមចងដៃ បាចផ្កាស្លា – ជម្រើស |
| ប្រសិនបើប្រារព្ធពិធីនេះ សូមមើលក្នុងឧបសម្ព័ន្ធទី១០ ពិធីតាមប្រពៃណីខ្មែរ ទំព័រ ២៧៩។ | |
| នៅពេលលោកបូជាចារ្យសូត្រពាក្យប្រទានពរបញ្ចប់មួយដង យើងច្រៀងបន្ទរ៖ មានសុភមង្គលហើយ! មានសុភមង្គលហើយ! មានសុភមង្គលហើយ! ព្រមទាំងបាចផ្កាស្លាលើគូស្វាមី ភរិយាថ្មោងថ្មី។ យើងធ្វើដូច្នេះ រហូតដល់លោកបូជាចារ្យអធិបតីប្រទានពរលើគូស្វាមីភរិយាគ្រប់បីដង។ | |
| សូមលោកអធិបតីប្រើពាក្យប្រទានពរយ៉ាងឱឡារិកខាងក្រោម គឺលេខ១២៦ ឬ លេខ១២៧ ឬ លេខ១២៨។ ប្រសិនបើលោកប្រើពាក្យប្រទានពរលេខ១៣០ ឬ លេខ១៣១ ឬ លេខ១៣២ លោកត្រូវណែនាំអង្គប្រជុំឱ្យបាចផ្កាស្លាតែមួយដងប៉ុណ្ណោះ គឺពេលគូសសញ្ញាឈើឆ្កាងលើអង្គប្រជុំ។ |
| ២៣១ | លោកអធិបតី ប្រទានពរលើគូស្វាមីភរិយានិងអង្គប្រជុំ ដោយប្រើពាក្យដូចតទៅ៖ |
| លោកអធិបតី៖ | |
| សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការប្រទានព្រះពរឱ្យអស់បងប្អូន គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ អង្គប្រជុំ៖ អាម៉ែន។ |
| ២៣២ | គួរច្រៀងបទចម្រៀងចេញដ៏សមរម្យ។ |
វត្ថុអនុស្សាវរីយ៍
| ២៣៣ | បើជាការគួរ ក្នុងនាមព្រះសហគមន៍ លោកអធិបតីអាចជូនព្រះគម្ពីរ ឈើឆ្កាង រូបព្រះយេស៊ូ ឬ ផ្គាំ ដល់គូស្វាមីភរិយា ដើម្បីជាទីសម្គាល់រំលឹកអំពីថ្ងៃអាពាហ៍ពិពាហ៍របស់ពួកគាត់។ សូមមើលឧបសម្ព័ន្ធលេខ ៥ (លេខ ២៩៤ ដល់ ២៩៩)។ |
ពិធីចុះហត្ថលេខាក្នុងសៀវភៅអាពាហ៍ពិពាហ៍
| ២៣៤ | ក្រោយពីពិធីអគ្គសញ្ញាអាពាហ៍ពិពាហ៍ គូស្វាមីភរិយា សាក្សី និងលោកបូជាចារ្យ ឬ លោកឧបដ្ឋាកចុះហត្ថលេខាសៀវភៅអាពាហ៍ពិពាហ៍។ គួរចុះហត្ថលេខា ចំពោះមុខអង្គប្រជុំនៅលើតុដោយឡែកពីអាសនៈ។ |
