ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

បន្ទរទី១៖ គេ​នឹង​ថ្វាយ​ព្រះនាម​ថា: ព្រះអង្គ​ម្ចាស់​នៃ​សេចក្ដីសុខសាន្ត ហើយ​រាជ​បល្ល័ង្ក​របស់​ព្រះអង្គនឹង​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ។

ចូរ​សរសើរ​តម្កើង​ព្រះអម្ចាស់!
អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់​អើយ ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះអង្គ!
ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ‌នាម​ព្រះ‌អម្ចាស់!
ចូរ​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អម្ចាស់តាំង​ពី​ពេល​នេះ​រហូត​ត​ទៅ!
តាំង​ពី​ពេល​ថ្ងៃ​រះ រហូត​ទល់​ថ្ងៃ​លិច
ចូរ​សរសើរ​តម្កើង​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់!
ព្រះ‌អម្ចាស់​គង់​នៅ​ពី​លើ​ប្រជា‌ជាតិ​ទាំង‌ឡាយ
សិរី‌រុង​រឿង​របស់​ព្រះ‌អង្គ​ខ្ពស់​ជាងផ្ទៃ​មេឃ​ទៅ​ទៀត។
តើ​មាន​នរណា​អាច​ផ្ទឹម​ស្មើ​នឹង​ព្រះអម្ចាស់ជា​ព្រះ​របស់​យើង​បាន?
ព្រះ‌អង្គ​គង់​នៅ​លើ​ស្ថាន​ដ៏​ខ្ពស់​បំផុត
ព្រះ‌អង្គ​ទត​មើល​មក​ផ្ទៃ​មេឃ និង​ផែន‌ដី ដែល​នៅ​ខាង​ក្រោម​ព្រះ‌អង្គ។
ព្រះ‌អង្គ​លើក​មនុស្ស​ទន់​ខ្សោយ​ឡើង​ពី​ធូលី​ដី
ព្រះ‌អង្គ​លើក​មនុស្ស​ទុរគត​ឡើង​ពី​ភក់​ជ្រាំ
ដើម្បី​ឱ្យ​គេ​កាន់​កាប់​អំណាចរួម​ជា​មួយ​ពួក​អ្នក​ធំ
គឺ​រួម​ជា​មួយ​ពួក​អ្នក​ធំ​នៅ​ក្នុង​ចំណោមប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ។
ព្រះ‌អង្គ​ប្រទាន​ឱ្យ​ស្ត្រីអារ​មាន​កូន
ឱ្យ​នាង​រស់​នៅ​ក្នុង​ផ្ទះ​យ៉ាង​សប្បាយជា​មួយ​កូនៗ​របស់​នាង។ អាលេលូយ៉ា!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ គេ​នឹង​ថ្វាយ​ព្រះនាម​ថា: ព្រះអង្គ​ម្ចាស់​នៃ​សេចក្ដីសុខសាន្ត ហើយ​រាជ​បល្ល័ង្ក​របស់​ព្រះអង្គនឹង​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ។

បន្ទរទី២៖ រាជ្យ​របស់ព្រះអង្គជា​រាជ្យ​ដែល​នៅ​ស្ថិត‌ស្ថេរ​អស់​កល្បជានិច្ច ហើយស្តេចទាំងប៉ុន្មាននៅលើផែនដីនឹង​នាំ​គ្នា​បម្រើ ព្រមទាំងស្ដាប់​បង្គាប់ព្រះអង្គផង។

(បទពាក្យ ៧)

១-ឱប្រជាជនទាំងឡាយអើយចូរសរសើរហើយលើកតម្កើង
អស់ប្រជារាស្រ្តឆ្មៃឆ្មើងតម្កើងសិរីនៃព្រះអង្គ
២-ដ្បិតព្រះអង្គមានហឫទ័យករុណាប្រណីពេកកន្លង
សប្បុរសស្មោះស្ម័គ្រឥតមានហ្មងនឹងយើងរហូតតរៀងទៅ
សូមកោតសរសើរព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណ
ដែលគង់ស្ថិតស្ថេរឥតសៅហ្មងយូរលង់កន្លងតរៀងទៅ

បន្ទរ៖ រាជ្យ​របស់ព្រះអង្គជា​រាជ្យ​ដែល​នៅ​ស្ថិត‌ស្ថេរ​អស់​កល្បជានិច្ច ហើយស្តេចទាំងប៉ុន្មាននៅលើផែនដីនឹង​នាំ​គ្នា​បម្រើ ព្រមទាំងស្ដាប់​បង្គាប់ព្រះអង្គផង។

បន្ទរទី៣៖ «គ្រប់ទាំងអំណាច និងរាជ្យ​ក្នុង​លោក​នេះ ត្រូវ​ផ្ទេរ​ថ្វាយ​ទៅ​ព្រះ‌គ្រីស្ដ ហើយមនុស្សគ្រប់​ជាតិ​សាសន៍ គ្រប់កុលសម្ពន្ធ គ្រប់​ប្រជាជន និង​ពី​គ្រប់​ភាសា នឹងនាំគ្នាគោរពបម្រើព្រះអង្គ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ!»។

១១«បពិត្រ​ព្រះ‌អម្ចាស់​ជា​ព្រះ‌នៃ​យើង​ខ្ញុំ ព្រះ‌អង្គ​សម​នឹង​ទទួល​សិរី‌រុង​រឿង
ព្រះ‌កិត្តិនាម និង​ឫទ្ធា‌នុភាព ដ្បិត​ព្រះ‌អង្គ​បាន​បង្កើត​របស់​សព្វ​សារពើមក
អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​កើត​មាន ហើយ​នៅ​ស្ថិត‌ស្ថេរ
ដោយ‌សារ​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ»។
គេ​នាំ​គ្នា​ច្រៀង​បទ​ចម្រៀង​ថ្មី​ថាៈ
“ព្រះ‌អង្គ​សម​នឹង​ទទួល​ក្រាំង ហើយ​បក​ត្រា​ផង
ព្រោះ​ព្រះ‌អង្គ​ត្រូវ​គេ​សម្លាប់​ធ្វើ​យញ្ញ‌បូជា
ព្រះ‌អង្គ​បាន​លោះ​មនុស្សពី​គ្រប់​ពូជ
គ្រប់​ភាសា គ្រប់​ប្រជាជន និង​ពី​គ្រប់​ជាតិ​សាសន៍ យក​មក​ថ្វាយ​ព្រះ‌ជាម្ចាស់
ដោយ‌សារ​ព្រះ‌លោហិត​របស់​ព្រះ‌អង្គ។
១០ព្រះ‌អង្គ​បាន​ធ្វើ​ឱ្យ​គេ​ទៅ​ជា​រាជា‌ណាចក្រ
និង​ជា​ក្រុម​បូជា‌ចារ្យបម្រើ​ព្រះ‌ជាម្ចាស់​របស់​យើង
ហើយ​អ្នក​ទាំង​នោះ​នឹង​គ្រង​រាជ្យ​លើ​ផែន‌ដី”។
១២នាំ​គ្នា​បន្លឺ​សំឡេង​ឡើង​យ៉ាង​ខ្លាំងៗ​ថាៈ
«កូន​ចៀម​ដែល​គេ​សម្លាប់​ធ្វើ​យញ្ញ‌បូជា
ព្រះ‌អង្គ​សម​នឹង​ទទួល​ឫទ្ធា‌នុភាព រាជ​សម្បត្តិ ព្រះ‌ប្រាជ្ញា‌ញាណ ឥទ្ធិ‌ឫទ្ធិ
ព្រះ‌កិត្តិនាម សិរី‌រុង​រឿង និង​ការ​សរសើរ​តម្កើង»។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ «គ្រប់ទាំងអំណាច និងរាជ្យ​ក្នុង​លោក​នេះ ត្រូវ​ផ្ទេរ​ថ្វាយ​ទៅ​​ព្រះ‌គ្រីស្ដ ហើយមនុស្សគ្រប់​ជាតិ​សាសន៍ គ្រប់កុលសម្ពន្ធ គ្រប់​ប្រជាជន និង​ពី​គ្រប់​ភាសា នឹងនាំគ្នាគោរពបម្រើព្រះអង្គ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ!»។

ព្រះ‌អង្គ​បាន​សម្ដែង​មហិទ្ធិ‌ឫទ្ធិ​នេះ ដោយ​ប្រោស​ព្រះ‌គ្រីស្ត​ឱ្យ​មាន​ព្រះ‌ជន្មរស់​ឡើង​វិញ និង​ឱ្យ​គង់​នៅ​ខាង​ស្ដាំ​ព្រះ‌អង្គ​នៅ​ស្ថាន​បរម‌សុខ ខ្ពស់​ជាង​វត្ថុស័ក្តិ‌សិទ្ធិគ្រប់យ៉ាង ខ្ពស់​ជាង​អ្វីៗ​ដែល​មាន​អំណាច មាន​ឫទ្ធិ មាន​បារមី​គ្រប់‌គ្រង និង​ខ្ពស់​លើស​អ្វីៗ​ដែល​មាន​ឈ្មោះ​មិន​ត្រឹម​តែ​នៅ​លោក​នេះ​ទេ គឺ​នៅ​លោក​ខាង​មុខ​ទៀត​ផង។ ព្រះ‌ជាម្ចាស់​បាន​បង្ក្រាប​អ្វីៗ​ទាំង​អស់ឱ្យ​នៅ​ក្រោម​ព្រះ‌បាទា​របស់ព្រះ‌គ្រីស្ត ព្រម​ទាំង​ប្រទាន​ឱ្យ​ព្រះ‌អង្គ​គង់​នៅ​លើ​អ្វីៗ​ទាំង​អស់ ធ្វើ​ជា​សិរសា​លើព្រះ‌សហគមន៍ ដែល​ជា​ព្រះ‌កាយ​របស់​ព្រះ‌អង្គ។ ព្រះ‌សហគមន៍​នេះ​បាន​ពោរ‌ពេញ​ដោយ​គ្រប់​លក្ខណ‌សម្បត្តិ​របស់​ព្រះ‌គ្រីស្ត ហើយ​ព្រះ‌គ្រីស្ត​ផ្ទាល់ក៏​បាន​ពោរ‌ពេញ​ដោយ​គ្រប់​លក្ខណ‌សម្បត្តិ​របស់​ព្រះ‌ជាម្ចាស់​ដែរ។

បន្ទរ៖ ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​ប្រកប​ដោយ​ឫទ្ធា‌នុភាព និង​សិរី‌រុង​រឿង *ព្រះ‌អង្គ​ជា​ព្រះ‌មហា​ក្សត្រ​គ្រង​រាជ្យ​លើ​អ្វីៗ​ទាំង​អស់។ បន្ទរឡើងវិញ៖…
-ហើយ​ព្រះ‌អង្គ​គ្រប់‌គ្រង​លើ​អ្វីៗ​ទាំង​អស់។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

បន្ទរ៖ «ព្រះ‌ជាម្ចាស់​នឹង​តាំង​បុត្រ​នោះ ឱ្យគ្រង​រាជ្យ​លើ​បល្ល័ង្ក​របស់​ព្រះ‌បាទ​ដាវីឌ ជា​ព្រះ‌អយ្យ‌កោ​របស់​ព្រះ‌អង្គ។ ព្រះ‌អង្គ​នឹង​គ្រង​រាជ្យ​លើ​ប្រជា‌រាស្ដ្រ​អ៊ីស្រា‌អែលអស់​កល្ប‌ជានិច្ច ហើយ​រាជ្យ​របស់​ព្រះ‌អង្គ​នឹង​នៅ​ស្ថិត‌ស្ថេរ ឥត​មាន​ទី​បញ្ចប់ឡើយ»។

៤៦«ព្រលឹងខ្ញុំសូមលើកតម្កើងព្រះ‌អម្ចាស់*
៤៧ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ
៤៨ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ
អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា
ខ្ញុំជាអ្នកមានសុភមង្គលពិតមែន
៤៩ព្រះដ៏មានតេជានុភាព បានសម្ដែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។
ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន!
៥០ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គនៅគ្រប់ជំនាន់តរៀងទៅ
៥១ទ្រង់បានសម្ដែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ
៥២ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង
ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។
៥៣ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន
ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។
៥៤ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ
ហើយតែងតែសម្ដែងព្រះហឫទ័យមេត្តាករុណា
៥៥ដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ
ដូចទ្រង់បានសន្យាជាមួយបុព្វបុរសយើង ឥតភ្លេចសោះឡើយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

៤៧ខ្ញុំមានចិត្តអំណរសប្បាយអរពន់ពេកណាស់
ព្រោះខ្ញុំបានដឹងច្បាស់ថាព្រះម្ចាស់ទ្រង់សង្គ្រោះ
៤៨ព្រះអង្គទតមកខ្ញុំជាអ្នកបម្រើស្ម័គ្រស្មោះ
តទៅមនុស្សទាំងអស់ថាខ្ញុំនេះសែនសុខក្រៃ
៤៩ព្រះដ៏មានឫទ្ធាខ្លាំងអស្ចារ្យលើលោកីយ៍
សម្ដែងឫទ្ធិបារមីព្រះនាមថ្លៃថ្លាវិសុទ្ធ
៥០ទ្រង់មានព្រះហឫទ័យត្រាប្រណីខ្ពស់បំផុត
ដល់អ្នកគោរពកោតខ្លាចព្រះអង្គរៀងរហូត
៥១ព្រះអង្គសម្ដែងឫទ្ធិអស្ចារ្យពិតមិនរលត់
កម្ចាត់មនុស្សមានពុតឆ្មើងបំផុតឫកខែងរែង
៥២ទ្រង់បានច្រានទម្លាក់អ្នកធំធ្លាក់ពីតំណែង
ឥតមានខ្លាចរអែងហើយទ្រង់តែងលើកអ្នកទាប
៥៣ព្រះអង្គប្រោសប្រទានឱ្យអ្នកឃ្លានឆ្អែតដរាប
អ្នកមានធនធានស្រាប់ដេញត្រឡប់ដៃទទេ
៥៤ព្រះអង្គបានជួយរាស្ត្រទ្រង់ទាំងអស់ឥតប្រួលប្រែ
អ៊ីស្រាអែលនៅក្បែរជាបម្រើដ៏ស្មោះស្ម័គ្រ
៥៥ទ្រង់តែងមានព្រះទ័យករុណាក្រៃមិនថ្នាំងថ្នាក់
លោកអប្រាហាំជាក់និងពូជពង្សលោកជានិច្ច
ដូចទ្រង់បានសន្យានឹងដូនតាឥតមានភ្លេច
ព្រះអង្គចាំជានិច្ចគ្មានកលកិច្ចប្រែប្រួលឡើយ
សិរីរុងរឿងដល់ព្រះបិតាព្រះបុត្រា
និងព្រះវិញ្ញាណផងដែលទ្រង់គង់នៅជានិច្ច

បន្ទរ៖ «ព្រះ‌ជាម្ចាស់​នឹង​តាំង​បុត្រ​នោះ ឱ្យគ្រង​រាជ្យ​លើ​បល្ល័ង្ក​របស់​ព្រះ‌បាទ​ដាវីឌ ជា​ព្រះ‌អយ្យ‌កោ​របស់​ព្រះ‌អង្គ។ ព្រះ‌អង្គ​នឹង​គ្រង​រាជ្យ​លើ​ប្រជា‌រាស្ដ្រ​អ៊ីស្រា‌អែលអស់​កល្ប‌ជានិច្ច ហើយ​រាជ្យ​របស់​ព្រះ‌អង្គ​នឹង​នៅ​ស្ថិត‌ស្ថេរ ឥត​មាន​ទី​បញ្ចប់ឡើយ»។

ចូរយើងទូលអង្វរព្រះគ្រីស្តជាព្រះមហាក្សត្រ ព្រះអង្គជារៀមច្បងនៃអ្វីៗទាំងអស់ ហើយអ្វីៗទាំងអស់ក៏កើតមានដោយសារព្រះអង្គដែរ។

បន្ទរ៖ ឱព្រះអម្ចាស់អើយ ! សូមឱ្យព្រះរាជ្យព្រះអង្គបានមកដល់។

ព្រះគ្រីស្តជាព្រះមហាក្សត្រ និងជាគង្វាលរបស់យើងខ្ញុំ សូមព្រះអង្គប្រមូលកូនចៀមរបស់ព្រះអង្គមកពីគ្រប់ទីកន្លែង
—សូមប្រទានឱ្យពួកគេមកកាន់វាលស្មៅខៀវខ្ចី និងមានជីជាតិផង។ (បន្ទរ)

ព្រះគ្រីស្តជាប្រមុខដឹកនាំ និងជាព្រះសង្រ្គោះយើងខ្ញុំ សូមព្រះអង្គប្រោសឱ្យមនុស្សទាំងអស់ទៅជាប្រជារាស្រ្តផ្ទាល់របស់ព្រះអង្គ សូមប្រោសអ្នកជំងឺឱ្យបានជាសះស្បើយ ស្វែងរកអ្នកដែលបាត់បង់ និងការពារអ្នកដែលមាំមួន
—សូមព្រះអង្គត្រាស់ហៅអស់អ្នកដែលបានឃ្លាតឆ្ងាយពីព្រះសហគមន៍ឱ្យវិលត្រឡប់មកវិញ និងពង្រឹងអស់អ្នកដែលចុះខ្សោយ ហើយសូមព្រះអង្គប្រមូលកូនចៀមទាំងអស់របស់ព្រះអង្គមកនៅក្នុងក្រោលតែមួយផង។ (បន្ទរ)

ព្រះអង្គជាចៅក្រមកាត់ក្តីមនុស្សទាំងអស់ នៅពេលព្រះអង្គប្រគល់ព្រះរាជ្យថ្វាយព្រះបិតា សូមឱ្យយើងខ្ញុំបាននៅខាងស្តាំព្រះអង្គ
—ដើម្បីឱ្យយើងខ្ញុំបានគ្រងព្រះរាជ្យដែលព្រះអង្គបានរៀបចំទុកសម្រាប់យើងខ្ញុំ តាំងពីមុនកំណើតពិភពលោកមក។ (បន្ទរ)

ឱព្រះអង្គម្ចាស់នៃសន្តិភាព ! សូមព្រះអង្គមេត្តាកាច់បំបាក់គ្រឿងសព្វាវុធ​នៃសង្រ្គាមចោលផង
—ហើយសូមឱ្យប្រជាជាតិទាំងឡាយបានប្រកបដោយសេចក្តីសុខសាន្តរបស់ព្រះអង្គ។ (បន្ទរ)

ព្រះគ្រីស្តជាមរតកនៃមនុស្សគ្រប់ជាតិសាសន៍ សូមព្រះអង្គប្រមូលមនុស្សជាតិ និងអ្វីៗដ៏ល្អដែលព្រះអង្គបានបង្កើត មកក្នុងរាជាណាចក្រនៃព្រះសហគមន៍ដែលព្រះបិតាបានប្រទានមកព្រះអង្គ —ដើម្បីឱ្យសរីរាង្គទាំង​មូល​នៃប្រជារាស្រ្តរបស់ព្រះអង្គ បានរួមគ្នាជាអង្គតែមួយនឹងព្រះវិញ្ញាណដ៏វិសុទ្ធ ដោយទទួលស្គាល់ព្រះអង្គជាព្រះសិរសារបស់ពួកគេ។ (បន្ទរ)

ព្រះគ្រីស្តមាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​មុន​គេ​បង្អស់ ព្រះអង្គជាផលដំបូងនៃអស់អ្នកដែលបានសម្រាន្តលក់ក្នុងសេចក្តីស្លាប់
—សូមព្រះអង្គទទួលអស់មរណបុគ្គល ឱ្យចូលក្នុងសិរីរុងរឿងនៃការមានព្រះជន្មរស់ឡើងវិញនោះផង។ (បន្ទរ)

បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ! ព្រះអង្គសព្វព្រះហឫទ័យប្រោសអ្វីៗទាំងអស់ឱ្យប្រសើរឡើងវិញ ឱ្យស្ថិតនៅក្រោមអំណាចព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ ជាព្រះមហាក្សត្រ។ សូមព្រះអង្គប្រោសពិភពលោកទាំងមូល ឱ្យរួចផុតពីទាសភាព ដោយធ្វើជាអ្នកបម្រើដ៏ល្អរបស់ព្រះអង្គ និងកោតសរសើរព្រះអង្គឥតឈប់ឈរ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្តជាព្រះបុត្រាព្រះអង្គ និងជាអម្ចាស់យើងខ្ញុំ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា ៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច ៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

35 Views

Theme: Overlay by Kaira