រដូវធម្មតា អាទិត្យទី២៦
សន្ដមីកាអែល កាព្រីអែល និងរ៉ាហ្វាអែល ជាអគ្គទេវទូត
(បុណ្យគោរព)
(ពេលល្ងាច)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ទំនុកតម្កើងលេខ ៨
បន្ទរទី១៖ ឱព្រះមហាក្សត្រនៃពួកទេវទូតទាំងឡាយអើយ ! ព្រះអង្គថ្កុំថ្កើងរុងរឿងលើសផ្ទៃមេឃទៅទៀត។
| ២ | បពិត្រព្រះអម្ចាស់ ជាម្ចាស់របស់យើងខ្ញុំអើយ! ព្រះនាមរបស់ព្រះអង្គថ្កុំថ្កើងរុងរឿងពាសពេញលើផែនដីទាំងមូល! ព្រះអង្គថ្កុំថ្កើងរុងរឿងលើសផ្ទៃមេឃទៅទៀត។ |
| ៣ | ព្រះអង្គបានប្រើពាក្យសរសើរតម្កើងរបស់ក្មេងៗ និងទារកដែលនៅបៅ ធ្វើជាកម្លាំងប្រយុទ្ធនឹងបច្ចាមិត្តរបស់ព្រះអង្គ ដើម្បីបង្ក្រាបខ្មាំងសត្រូវដ៏កាចសាហាវឱ្យវិនាសសាបសូន្យទៅ។ |
| ៤ | ពេលទូលបង្គំសម្លឹងមើលផ្ទៃមេឃដែលជាស្នាព្រះហស្ដរបស់ព្រះអង្គ ហើយសម្លឹងមើលព្រះច័ន្ទ និងហ្វូងតារាដែលព្រះអង្គដាក់នៅលើមេឃនោះ |
| ៥ | ទូលបង្គំសួរខ្លួនឯងថា តើមនុស្សមានឋានៈអ្វី បានជាព្រះអង្គនឹកគិតដល់គេដូច្នេះ តើបុត្រមនុស្សជាអ្វី បានជាព្រះអង្គយកព្រះហឫទ័យទុកដាក់នឹងគេយ៉ាងនេះ? |
| ៦ | ព្រះអង្គបានធ្វើឱ្យគេមានឋានៈទាបជាងទេវទូតតែបន្តិចប៉ុណ្ណោះ ព្រះអង្គប្រទានសិរីរុងរឿង និងកិត្តិយសដល់គេទុកជាមកុដរាជ្យ។ |
| ៧ | ព្រះអង្គប្រទានឱ្យគេគ្រប់គ្រងលើអ្វីៗទាំងអស់ដែលព្រះអង្គបានបង្កើតមក ព្រះអង្គបានបង្ក្រាបអ្វីៗទាំងអស់ឱ្យនៅក្រោមជើងរបស់គេ |
| ៨ | គឺទាំងចៀម ទាំងគោ និងសត្វព្រៃទាំងប៉ុន្មាន |
| ៩ | ព្រមទាំងបក្សាបក្សីនៅលើមេឃ ត្រីនៅក្នុងសមុទ្រ និងសត្វទាំងអស់ដែលរស់នៅបាតសមុទ្រ។ |
| ១០ | បពិត្រព្រះអម្ចាស់ជាម្ចាស់របស់យើងខ្ញុំអើយ ព្រះនាមរបស់ព្រះអង្គថ្កុំថ្កើងរុងរឿងពាសពេញលើផែនដីទាំងមូល! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ ឱព្រះមហាក្សត្រនៃពួកទេវទូតទាំងឡាយអើយ ! ព្រះអង្គថ្កុំថ្កើងរុងរឿងលើសផ្ទៃមេឃទៅទៀត។
ទំនុកតម្កើងលេខ ១៣៨
បន្ទរទី២៖ ទូលបង្គំស្មូតទំនុកតម្កើងថ្វាយព្រះអង្គ នៅចំពោះមុខពពួកទេវទូត។
(បទកាកគតិ)
| ១- | ខ្ញុំសូមតម្កើង | ព្រះម្ចាស់ខ្ពស់ឡើង | អស់ពីដួងចិត្ត |
| នៅមុខទេវតា | ខ្ញុំស្មូតជាបទ | តម្កើងថ្វាយថ្វាត់ | |
| ដល់ព្រះអង្គថ្លៃ | ។ | ||
| ២- | ខ្ញុំក្រាបបែរមុខ | តម្រង់ទៅរក | វិហារប្រពៃ |
| ខ្ញុំលើកតម្កើង | ព្រះនាមថ្លាថ្លៃ | ដោយព្រះហឫទ័យ | |
| ស្មោះស្ម័គ្រឥតស្បើយ | ។ | ||
| ៣- | នៅថ្ងៃដែលខ្ញុំ | ស្រែកអង្វរសុំ | ព្រះអង្គតបឆ្លើយ |
| ព្រះអង្គប្រទាន | ឥតមានកន្តើយ | ឱ្យខ្ញុំបានស្បើយ | |
| ក្នុងចិត្តក្លាហាន | ។ | ||
| ៤- | ឱ ព្រះម្ចាស់អើយ | សូមទ្រង់ផ្តល់ឱ្យ | ស្តេចទាំងប៉ុន្មាន |
| នៅលើផែនដី | នាំគ្នាគ្រប់ប្រាណ | តម្កើងពេលបាន | |
| ឮទ្រង់សន្យា | ។ | ||
| ៥- | សូមឱ្យគេនាំ | គ្នីគ្នាច្រៀងរាំ | តម្កើងកិច្ចការ |
| ថា «ព្រះអម្ចាស់ | រុងរឿងអស្ចារ្យ | ឧត្តមថ្លៃថ្លា | |
| បំផុតគ្មានពីរ» | ។ | ||
| ៦- | ទោះបីព្រះម្ចាស់ | ខ្ពង់ខ្ពស់ខ្លាំងណាស់ | ក៏ទ្រង់សំភី |
| គិតមនុស្សលោក | គ្រប់វិនាទី | ជនកាចយាយី | |
| ទ្រង់ស្គាល់ពីឆ្ងាយ | ។ | ||
| ៧- | ពេលទូលបង្គំ | ជួបអាសន្នធំ | ទ្រង់ឥតជិនណាយ |
| ជួយការពារខ្ញុំ | វាយខ្មាំងខ្ចាត់ខ្ចាយ | សង្គ្រោះខ្ញុំដោយ | |
| ឫទ្ធីបារមី | ។ | ||
| ៨- | បពិត្រព្រះម្ចាស់ | ការគ្រប់យ៉ាងនេះ | ពិតជាប្រពៃ |
| ព្រះអង្គប្រកប | ដោយព្រះហឫទ័យ | ករុណាក្រៃ | |
| ឥតបីបោះបង់ | ។ | ||
| សូមកោតសរសើរ | ដល់ព្រះបិតា | ព្រះរាជបុត្រា | |
| និងព្រះវិញ្ញាណ | ជាព្រះត្រៃអង្គ | ថ្កើងថ្កានឥតហ្មង | |
| ដែលគង់ជានិច្ច | ។ |
បន្ទរ៖ ទូលបង្គំស្មូតទំនុកតម្កើងថ្វាយព្រះអង្គ នៅចំពោះមុខពពួកទេវទូត។
បទលើកតម្កើងតាមលិខិតកូឡូស (កូឡ ១,១២-២០)
បន្ទរទី៣៖ ខ្ញុំឃើញកូនចៀមមួយឈរនៅចំកណ្ដាលបល្ល័ង្ក ហើយឮសូរសំឡេងទេវទូតយ៉ាងច្រើននៅជុំវិញបល្ល័ង្ក។
| ១២ | ចូរអរព្រះគុណព្រះបិតា ដោយចិត្តរីករាយ ព្រោះព្រះអង្គបានប្រោសប្រទានឱ្យបងប្អូន មានសមត្ថភាពអាចទទួលចំណែកមត៌ក រួមជាមួយប្រជាជនដ៏វិសុទ្ធនៅក្នុងពន្លឺ។ |
| ១៣ | ព្រះអង្គបានរំដោះយើងឱ្យរួចផុតពីអំណាចនៃសេចក្ដីងងឹត ហើយចម្លងយើងចូលទៅក្នុងព្រះរាជ្យនៃព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។ |
| ១៤ | ដោយយើងរួមក្នុងអង្គព្រះបុត្រា ព្រះអង្គបានលោះយើង និងលើកលែងទោសយើងឱ្យរួចពីបាប។ |
| ១៥ | ព្រះគ្រីស្តជាតំណាងរបស់ព្រះជាម្ចាស់ដែលយើងមើលពុំឃើញ ព្រះអង្គជារៀមច្បងនៃអ្វីៗទាំងអស់ដែលព្រះជាម្ចាស់បានបង្កើតមក |
| ១៦ | ដ្បិតព្រះជាម្ចាស់បានបង្កើតអ្វីៗសព្វសារពើក្នុងអង្គព្រះគ្រីស្ត ទាំងនៅស្ថានបរមសុខ ទាំងនៅលើផែនដី ទាំងអ្វីៗដែលមើលឃើញ ទាំងអ្វីៗដែលមើលមិនឃើញ ទាំងទេវរាជ ទាំងអ្វីៗដែលមានបារមីគ្រប់គ្រង ទាំងវត្ថុស័ក្តិសិទ្ធិ និងអំណាចនានា ព្រះជាម្ចាស់បានបង្កើតទាំងអស់មកដោយសារព្រះគ្រីស្ត និងសម្រាប់ព្រះគ្រីស្ត។ |
| ១៧ | ព្រះគ្រីស្តមានព្រះជន្មមុនអ្វីៗទាំងអស់ ហើយអ្វីៗទាំងអស់ក៏នៅស្ថិតស្ថេររួមគ្នា ដោយសារព្រះអង្គដែរ។ |
| ១៨ | ព្រះអង្គជាសិរសានៃព្រះកាយរបស់ព្រះអង្គ គឺព្រះសហគមន៍ ព្រះអង្គជាដើមកំណើតនៃអ្វីៗទាំងអស់។ ក្នុងចំណោមមនុស្សស្លាប់ទាំងអស់ ព្រះអង្គមានព្រះជន្មរស់ឡើងវិញមុនគេ ដើម្បីធ្វើជាប្រមុខក្នុងគ្រប់វិស័យទាំងអស់ |
| ១៩ | ដ្បិតព្រះជាម្ចាស់សព្វព្រះហឫទ័យឱ្យគ្រប់លក្ខណសម្បត្តិរបស់ព្រះអង្គ ស្ថិតនៅក្នុងព្រះគ្រីស្ត។ |
| ២០ | ព្រះជាម្ចាស់បានសម្រុះសម្រួលអ្វីៗទាំងអស់នៅលើផែនដី និងនៅស្ថានបរមសុខឱ្យជានានឹងព្រះអង្គវិញ ដោយសារព្រះគ្រីស្ត និងសម្រាប់ព្រះគ្រីស្ត គឺព្រះជាម្ចាស់បានធ្វើឱ្យមានសន្តិភាព ដោយព្រះបុត្រាបង្ហូរព្រះលោហិតនៅលើឈើឆ្កាង។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ ខ្ញុំឃើញកូនចៀមមួយឈរនៅចំកណ្ដាលបល្ល័ង្ក ហើយឮសូរសំឡេងទេវទូតយ៉ាងច្រើននៅជុំវិញបល្ល័ង្ក។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (វវ ១,៤ខ-៥)
សូមព្រះអង្គដែលមានព្រះជន្មគង់នៅសព្វថ្ងៃ គង់នៅពីដើម ហើយកំពុងតែយាងមក មេត្តាប្រណីសន្ដោស និងប្រទានសេចក្ដីសុខសាន្តដល់បងប្អូន។ សូមព្រះវិញ្ញាណទាំងប្រាំពីរ ដែលស្ថិតនៅមុខបល្ល័ង្ករបស់ព្រះជាម្ចាស់ និងព្រះយេស៊ូគ្រីស្ដ ប្រណីសន្ដោស ព្រមទាំងប្រទានសេចក្ដីសុខសាន្តដល់បងប្អូនដែរ! ព្រះយេស៊ូជាបន្ទាល់ដ៏ស្មោះត្រង់ ព្រះអង្គមានព្រះជន្មរស់ឡើងវិញមុនគេបង្អស់ ហើយព្រះអង្គជាអធិបតីលើស្ដេចទាំងអស់នៅផែនដី។
បន្ទរ៖ ផ្សែងគ្រឿងក្រអូបនោះក៏ហុយឡើង *នៅចំពោះព្រះភក្ត្ររបស់ព្រះជាម្ចាស់។ បន្ទរឡើងវិញ៖…
-ចេញពីដៃទេវទូត ឡើងទៅលើ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ៖ ទេវទូតកាព្រីអែលពោលមកកាន់នាងម៉ារីថា ៖ នាងនឹងមានគភ៌ សម្រាលបានបុត្រមួយ ដែលនាងត្រូវថ្វាយព្រះនាមថា “យេស៊ូ” ។
| ៤៦ | «ព្រលឹងខ្ញុំសូមលើកតម្កើងព្រះអម្ចាស់* |
| ៤៧ | ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ |
| ៤៨ | ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា ខ្ញុំជាអ្នកមានសុភមង្គលពិតមែន |
| ៤៩ | ព្រះដ៏មានតេជានុភាព បានសម្ដែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។ ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន! |
| ៥០ | ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គនៅគ្រប់ជំនាន់តរៀងទៅ |
| ៥១ | ទ្រង់បានសម្ដែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ |
| ៥២ | ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។ |
| ៥៣ | ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។ |
| ៥៤ | ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ ហើយតែងតែសម្ដែងព្រះហឫទ័យមេត្តាករុណា |
| ៥៥ | ដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ ដូចទ្រង់បានសន្យាជាមួយបុព្វបុរសយើង ឥតភ្លេចសោះឡើយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ឬ ទំនុកតម្កើងរបស់ព្រះនាងម៉ារី (តាមបែបស្មូត) បទព្រហ្មគីតិ
| ៤៧ | ខ្ញុំមានចិត្តអំណរ | សប្បាយអរពន់ពេកណាស់ | |
| ព្រោះខ្ញុំបានដឹងច្បាស់ | ថាព្រះម្ចាស់ទ្រង់សង្គ្រោះ | ។ | |
| ៤៨ | ព្រះអង្គទតមកខ្ញុំ | ជាអ្នកបម្រើស្ម័គ្រស្មោះ | |
| តទៅមនុស្សទាំងអស់ | ថាខ្ញុំនេះសែនសុខក្រៃ | ។ | |
| ៤៩ | ព្រះដ៏មានឫទ្ធា | ខ្លាំងអស្ចារ្យលើលោកីយ៍ | |
| សម្ដែងឫទ្ធិបារមី | ព្រះនាមថ្លៃថ្លាវិសុទ្ធ | ។ | |
| ៥០ | ទ្រង់មានព្រះហឫទ័យ | ត្រាប្រណីខ្ពស់បំផុត | |
| ដល់អ្នកគោរពកោត | ខ្លាចព្រះអង្គរៀងរហូត | ។ | |
| ៥១ | ព្រះអង្គសម្ដែងឫទ្ធិ | អស្ចារ្យពិតមិនរលត់ | |
| កម្ចាត់មនុស្សមានពុត | ឆ្មើងបំផុតឫកខែងរែង | ។ | |
| ៥២ | ទ្រង់បានច្រានទម្លាក់ | អ្នកធំធ្លាក់ពីតំណែង | |
| ឥតមានខ្លាចរអែង | ហើយទ្រង់តែងលើកអ្នកទាប | ។ | |
| ៥៣ | ព្រះអង្គប្រោសប្រទាន | ឱ្យអ្នកឃ្លានឆ្អែតដរាប | |
| អ្នកមានធនធានស្រាប់ | ដេញត្រឡប់ដៃទទេ | ។ | |
| ៥៤ | ព្រះអង្គបានជួយរាស្ត្រ | ទ្រង់ទាំងអស់ឥតប្រួលប្រែ | |
| អ៊ីស្រាអែលនៅក្បែរ | ជាបម្រើដ៏ស្មោះស្ម័គ្រ | ។ | |
| ៥៥ | ទ្រង់តែងមានព្រះទ័យ | ករុណាក្រៃមិនថ្នាំងថ្នាក់ | |
| លោកអប្រាហាំជាក់ | និងពូជពង្សលោកជានិច្ច | ។ | |
| ដូចទ្រង់បានសន្យា | នឹងដូនតាឥតមានភ្លេច | ||
| ព្រះអង្គចាំជានិច្ច | គ្មានកលកិច្ចប្រែប្រួលឡើយ | ។ | |
| សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
| និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
បន្ទរ៖ ទេវទូតកាព្រីអែលពោលមកកាន់នាងម៉ារីថា ៖ នាងនឹងមានគភ៌ សម្រាលបានបុត្រមួយ ដែលនាងត្រូវថ្វាយព្រះនាមថា “យេស៊ូ” ។
ពាក្យអង្វរសកល
ពួកទេវទូតធ្វើតាមព្រះហឫទ័យព្រះជាម្ចាស់។ ចូរយើងអធិដ្ឋានឱ្យខ្លួនរបស់យើងចេះស្តាប់ព្រះសូរសៀងរបស់ព្រះអង្គ ដោយប្រុងប្រយ័ត្ន និងស្តាប់ឮការត្រាស់ហៅរបស់ទ្រង់ ដោយពោលថា ៖
បន្ទរ៖ បពិត្រព្រះអម្ចាស់ ! យើងខ្ញុំសូមទូលអង្វរព្រះអង្គ សូមទ្រង់ព្រះសណ្តាប់យើងខ្ញុំផង !
សូមឱ្យពាក្យអធិដ្ឋានរបស់យើងខ្ញុំឡើងដល់ព្រះអង្គ ដូចផ្សែងគ្រឿងក្រអូប
—តាមរយៈដៃនៃពួកទេវទូតរបស់ព្រះអង្គ។ (បន្ទរ)
សូមឱ្យពាក្យអធិដ្ឋានរបស់យើងខ្ញុំបាននាំទៅដល់ទីអាសនៈ នៅស្ថានដ៏ខ្ពស់
—តាមរយៈដៃនៃពួកទេវទូតរបស់ព្រះអង្គ។ (បន្ទរ)
សូមឱ្យយើងខ្ញុំលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ នៅស្ថានដ៏ខ្ពង់ខ្ពស់បំផុត ហើយសូមឱ្យមនុស្សលោកបានប្រកបដោយសេចក្តីសុខសាន្តនៅលើផែនដី
—រួមជាមួយកងពលនៅស្ថានបរមសុខដ៏ច្រើនឥតគណនា។ (បន្ទរ)
សូមឱ្យពួកទេវទូតទទួលយើងខ្ញុំ នៅថ្ងៃចុងបញ្ចប់នៃជីវិតរបស់យើងខ្ញុំ
—ហើយនាំយើងខ្ញុំទៅស្ថានបរមសុខផង។ (បន្ទរ)
សូមទេវទូតមីកាអែលនាំយើងខ្ញុំចូលទៅក្នុងពន្លឺនៃព្រះភក្រ្តព្រះអង្គ
—គឺជាព្រលឹងនៃអស់អ្នកដែលបានលាចាកពីលោកនេះទៅហើយ។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
ឱព្រះជាម្ចាស់អើយ ! ព្រះអង្គរៀបចំឱ្យទេវទូត និងមនុស្សលោកបំពេញមុខងារបម្រើ ដោយមានរបៀបរៀបរយដ៏អស្ចារ្យ។ សូមព្រះអង្គចាត់អ្នកបម្រើរបស់ព្រះអង្គនៅស្ថានបរមសុខ ឱ្យឃ្លាំមើលយើងខ្ញុំទាំងយប់ទាំងថ្ងៃ ដើម្បីការពារជីវិតយើងខ្ញុំនៅលើផែនដីនេះផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា ៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច ៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។
