បន្ទាប់ពីអង្គសន្និបាតក្រុមគ្រីស្តទូតនៅក្រុងយេរូសាឡឹម គ្រីស្តទូតប៉ូលមានបំណងចង់វិលត្រឡប់ទៅសួរសុខទុក្ខបងប្អូននៅតាមក្រុងទាំងប៉ុន្មាន ដែលលោកបានប្រកាសព្រះបន្ទូលព្រះអម្ចាស់។ គ្រីស្តទូតបារណាបាសចង់នាំលោកយ៉ូហានម៉ាកុសទៅជាមួយម្តងទៀត តែគ្រីស្តទូតប៉ូលបានប្រកែកយ៉ាងខ្លាំង ដោយលើកហេតុផលអំពីរឿងដែលលោកយ៉ូហានម៉ាកុសបានរត់ចោលពួកលោកនៅក្រុងប៉មភីលី កាលពីដំណើរបំពេញបេសកកម្មលើកទី១ (សូមមើលដំណើរលើកទី១)។ លោកទាំងពីរបានខ្វែងគំនិតគ្នាយ៉ាងខ្លាំង រហូតដល់ចែកផ្លូវគ្នាថែមទៀតផង។ គ្រីស្តទូត​បារណា‌បាសបាន​នាំ​លោក​ម៉ាកុស​ទៅ​ជា​មួយ រួច​ចុះ​សំពៅ​ឆ្ពោះ​ទៅ​កោះ​គីប្រុស។ ចាប់តាំងពីពេលនោះមក យើងលែងបានឮអំពីឈ្មោះរបស់គ្រីស្តទូតបារណាបាសនៅក្នុងកណ្ឌគម្ពីរកិច្ចការគ្រីស្តទូតទៀតហើយ។ រីឯគ្រីស្តទូត​ប៉ូលវិញ បាន​នាំ​លោក​ស៊ីឡាស​ ដែលជាតំណាងព្រះសហគមន៍ក្រុងយេរូសាឡឹមទៅជាមួយ។ លោកទាំងពីរបានធ្វើដំណើរបំពេញបេសកកម្មលើកទី២ ដើម្បីពង្រឹងជំនឿ និងដើម្បីប្រកាសអំពីសេចក្តីសម្រេចរបស់អង្គសន្និបាតរបស់ក្រុមគ្រីស្តទូតនៅក្រុងយេរូសាឡឹម ដើម្បីឱ្យគេអនុវត្តតាម។ គ្រីស្តទូតប៉ូលបាន​ធ្វើ​ដំណើរចាកចេញពីក្រុងអន់ទីយ៉ូក​ឆ្លង​កាត់​ស្រុក​ស៊ីរី និង​ស្រុក​ស៊ីលីស៊ីដោយកាត់តាមក្រុងតារសុសជាស្រុកកំណើត។ បន្ទាប់មក ពួកលោកបន្តដំណើរទៅក្រុងឌែរបេ និងក្រុងលីស្ត្រា។ នៅក្រុងលីស្រ្តា គ្រីស្តទូតប៉ូលបាននាំយុវជនឈ្មោះធីម៉ូថេឱ្យធ្វើដំណើរួមជាមួយគ្នា «គាត់​មាន​កេរ្តិ៍‌ឈ្មោះ​ល្អ ក្នុង​ចំណោម​បង‌ប្អូន​នៅ​ក្រុង​លីស្ដ្រា និង​បង‌ប្អូន​នៅ​ក្រុង​អ៊ីកូ‌ញ៉ុម» (កក ១៦,២)។ គ្រីស្តទូតប៉ូលបានធ្វើពិធីកាត់ស្បែកឱ្យលោកធីម៉ូថេ ដោយសារលោកមានម្តាយជាសាសន៍យូដា និងឪពុកជាជនជាតិក្រិក។ លោកធីម៉ូថេ គឺជាសាវ័កមួយរូបសំខាន់ ដែលជាសហការីរបស់គ្រីស្តទូតប៉ូល។ ក្នុងចំណោមលិខិតទាំង១៣របស់គ្រីស្តទូតប៉ូល មានលិខិតចំនួនពីរច្បាប់ ដែលមានឈ្មោះធីម៉ូថេជាចំណងជើង គឺលិខិតធីម៉ូថេទី១ និងទី២។

ចាប់តាំងពីពេលនោះមក គ្រីស្តទូតប៉ូលបានបន្តធ្វើដំណើរបំពេញបេសកកម្មដោយមានសមាជិកបីនាក់។ លោកទាំងបីនាក់បានធ្វើដំណើរទៅកាន់ក្រុងអ៊ីកូញ៉ូម (ឬសព្វថ្ងៃឈ្មោះក្រុងកូនីយ៉ា) និងក្រុងអន់ទីយ៉ូកនៅពីស៊ីឌី​។ នៅដើមគ្រីស្តសករាជ ក្រុងឌែរបេ លីស្ត្រា អ៊ីកូញ៉ូម និងអន់ទីយ៉ូកនៅពីស៊ីឌីស្ថិតនៅក្នុងដែនដីកាឡាទី។ បន្ទាប់ពីធ្វើដំណើរឆ្លងកាត់ក្រុងទាំងនោះហើយ ពួកលោកបានបន្តធ្វើដំណើរកាត់តាមស្រុកព្រីគី ដ្បិតព្រះវិញ្ញាណដ៏វិសុទ្ធបានឃាត់ពួកលោកមិនឱ្យទៅប្រកាសព្រះបន្ទូលនៅស្រុកអាស៊ីឡើយ។ ហេតុនេះ ពួកលោកក៏ធ្វើដំណើរ​ទៅ​​ស្រុក​មីស៊ី។ លុះពេលទៅជិតដល់ស្រុកនោះ គ្រីស្តទូតប៉ូល​មាន​បំណង​ទៅ​ស្រុក​ប៊ីធី‌នី ប៉ុន្តែ ព្រះ‌វិញ្ញាណ​របស់​ព្រះ‌យេស៊ូ​ពុំ​អនុញ្ញាត​ឱ្យទៅ​ទេ។ មកដល់ដំណាក់កាលនេះ គ្រីស្តទូតប៉ូលហាក់ដូចជាមិនមានទិសដៅច្បាស់លាស់ត្រូវទៅណា បន្ទាប់ពីបានសួរសុខទុក្ខព្រះសហគមន៍ដែលលោកបានប្រកាសដំណឹងល្អលើកទី១។ ប៉ុន្តែ ព្រះវិញ្ញាណដ៏វិសុទ្ធជាអ្នកតម្រង់ផ្លូវឱ្យលោកធ្វើដំណើរ។ ដូច្នេះ ពួកលោក​ក៏​នាំ​គ្នា​ឆ្លង​កាត់​ស្រុក​មីស៊ីទៅ​ដល់​ក្រុង​ត្រូអាស។ នៅទីនោះមានកំពង់ផែតភ្ជាប់ទ្វីបអាស៊ីនិងអឺរ៉ុប។

ចម្ងាយផ្លូវធ្វើដំណើរដោយថ្មើជើងពីក្រុងអន់ទីយ៉ូកស្រុកស៊ីរីរហូតដល់ក្រុងត្រូអាសមានប្រវែងប្រមាណ១៣០០គីឡូម៉ែត្រ។ សព្វថ្ងៃ ដែនដីទាំងអស់ដែលក្រុមគ្រីស្តទូតប៉ូលបានធ្វើដំណើរឆ្លងកាត់នេះស្ថិតនៅក្នុងប្រទេសតួគី។ នៅក្រុងត្រូអាស គ្រីស្តទូតប៉ូលបាននិមិត្តឃើញអ្នកស្រុកម៉ាសេដូន ដែលនៅទ្វីបអឺរ៉ុបអង្វរលោកឱ្យឆ្លងទៅជួយពួកគេ «សូម​លោក​ឆ្លង​មក​ស្រុក​ម៉ាសេ‌ដូន ជួយ​យើង​ខ្ញុំ​ផង!» (កក ១៦,៩)។ តាមការនិមិត្តនេះ គឺព្រះ‌ជាម្ចាស់​ត្រាស់​ហៅគ្រីស្តទូតប៉ូល និងសហការី​​ឱ្យទៅ​ប្រកាស​ដំណឹង‌ល្អ​ដល់​អ្នក​ស្រុក​នោះ។ ចាប់តាំងពីពេលនោះមក ក្នុងកណ្ឌគម្ពីរកិច្ចការគ្រីស្តទូត ប្រើពាក្យសព្វនាម (យើង) គឺសំដៅទៅលើអ្នកនិពន្ធកណ្ឌគម្ពីរកិច្ចការគ្រីស្តទូត គឺលោកលូកាក៏ចូលរួមក្នុងដំណើរនេះផងដែរ (កក ១៦,១០)។ លោកលូកាគឺជាគ្រូពេទ្យ និងជាសហការីដ៏ជិតស្និទ្ធរបស់គ្រីស្តទូតប៉ូល (កូឡ ៤,១៤) ដែលបានជួបគ្នានៅក្រុងត្រូអាស។ តាមប្រពៃណីព្រះសហគមន៍ លោកលូកាបាននិពន្ធកណ្ឌគម្ពីរដំណឹងល្អតាមសន្តលូកា និងកណ្ឌគម្ពីរកិច្ចការគ្រីស្តទូតនេះ ដែលព្រះសហគមន៍បានអនុមតិជាគម្ពីរសាសនប្បញ្ញតិ្តរបស់គ្រីស្តសាសនា។

«នៅ​ពេល​យប់ លោក​ប៉ូល​បាន​និមិត្ត​ឃើញ​អ្នក​ស្រុក​ម៉ាសេ‌ដូន​ម្នាក់ ឈរ​អង្វរ​លោក​ថា៖ «សូម​លោក​ឆ្លង​មក​ស្រុក​ម៉ាសេ‌ដូន ជួយ​យើង​ខ្ញុំ​ផង!»។ ក្រោយ​ពេល​លោក​បាន​ឃើញ​និមិត្ត​ហេតុ​អស្ចារ្យ​នេះ​ហើយ យើង​​ក៏​រូត‌រះ​ចេញ​ដំណើរ​ទៅ​ស្រុក​ម៉ាសេ‌ដូន ព្រោះ​យើង​ជឿ​ជាក់​ថា ព្រះ‌ជាម្ចាស់​ត្រាស់​ហៅ​យើង​ឱ្យទៅ​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ​ដល់​អ្នក​ស្រុក​នោះ។»
(កក ១៦,៩-១០)

ក្រុមគ្រីស្តទូតប៉ូលបានចេញដំណើរតាមសំពៅពីកំពង់ផែត្រូអាស ឆ្ពោះទៅកាន់កោះសាម៉ូត្រាស ហើយសម្រាកនៅទីនោះមួយយប់។ ស្អែកឡើង ពួកលោកបានបន្តដំណើរដល់កំពង់ផែក្រុងណេអាប៉ូលី (ឬសព្វថ្ងៃក្រុងនេះមានឈ្មោះថាកាវ៉ាឡា)។ ការធ្វើដំណើរតាមសំពៅពីកំពង់ផែត្រូអាសដល់កំពង់ផែណេអាប៉ូលីដោយឆ្លងកាត់តាមកោះសាម៉ូត្រាស់មានចម្ងាយប្រមាណ២២០គីឡូម៉ែត្រ។ បន្ទាប់មក ត្រូវធ្វើដំណើរថ្មើជើងតាមផ្លូវរ៉ូម៉ាំងបូរាណឈ្មោះថា ផ្លូវអ៊ីញ៉ាស់ ប្រមាណ១៥គីឡូម៉ែត្រ ទើបដល់ក្រុងភីពីលីព ជា​ក្រុង​ធំ​ជាង​គេ​ក្នុង​ស្រុក​ម៉ាសេ‌ដូន ហើយ​ជា​ក្រុង​ដែល​មាន​ឯក‌សិទ្ធិ​ពិសេស​នៅ​ក្នុង​ចក្រភព​រ៉ូម៉ាំង។ ពួកលោកបានស្នាក់នៅក្រុងនោះជាច្រើនថ្ងៃ។ នៅក្នុងសម័យចក្រភពរ៉ូម៉ាំង ផ្លូវអ៊ីញ៉ាស់ គឺផ្លូវគមនាគមន៍ដ៏មានសារៈសំខាន់ដើម្បីតភ្ជាប់ពីក្រុងកុងស្តង់ទីណូប្លរបស់ចក្រភពរ៉ូម៉ាំងខាងកើតទៅ ផ្លូវអាភីយ៉ា រហូតដល់ទីក្រុងរ៉ូមរបស់ចក្រភពរ៉ូម៉ាំងខាងលិច។

សព្វថ្ងៃ ក្រុងភីលីពឋិតនៅភាគខាងជើងនៃប្រទេសក្រិច និងនៅសល់តែសំណង់បាក់បែកតែប៉ុណ្ណោះ។ នៅសម័យបុរាណក្រុងនេះស្ថិតក្នុងស្រុកម៉ាសេដូន ដែលជាស្រុកកំណើតរបស់ព្រះចៅអធិរាជមានឈ្មោះល្បីល្បាញមួយអង្គក្នុងប្រវត្តិសាស្រ្តគឺ អាឡិចសង់ដ៏ឧត្តម (៣៣៦-៣២៣ មុនគ.ស)។ ស្តេចភីលីពទី២ ជាបិតារបស់ទ្រង់ បានប្តូរឈ្មោះក្រុងនេះថា ភីលីព តាមឈ្មោះរបស់ខ្លួននៅឆ្នាំ៣៥៦ មុនគ.ស។

នៅក្រុងភីលីពនេះ គ្រីស្តទូតប៉ូលបានជួបទាំងសំណាង និងទាំងគ្រោះ។ មាន​ស្ត្រី​ម្នាក់​ដែល​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់​ឈ្មោះ​លីឌី ​ជា​ឈ្មួញ​ក្រណាត់​ពណ៌​ក្រហម​ដ៏​មាន​តម្លៃ និងមានដើមកំណើតនៅ​ស្រុក​ធីយ៉ាទៀរ នៅអាស៊ីមីនឺ។ ព្រះអម្ចាស់បានបំភ្លឺឱ្យនាងកែប្រែចិត្តគំនិតជឿលើព្រះអង្គ ដោយនាងបានយកចិត្តទុកដាក់ស្តាប់តាមពាក្យប្រកាសរបស់គ្រីស្តទូតប៉ូល។ នាងបានទទួលពិធីជ្រមុជទឹកជាមួយក្រុមគ្រួសារ ហើយបានអញ្ជើញ និងបានទទួចសុំឱ្យគ្រីស្តទូតប៉ូល និងសហការីស្នាក់នៅក្នុងផ្ទះរបស់នាង «បើ​លោក​យល់​ឃើញ​ថា នាង​ខ្ញុំ​ពិត​ជា​ជឿ​លើ​ព្រះ‌អម្ចាស់​មែន សូម​អញ្ជើញ​ទៅ​ស្នាក់​នៅ​ឯ​ផ្ទះ​របស់​នាង​ខ្ញុំ​ទៅ!» (កក ១៦,១៥)។ នាងក្លាយជាសាវ័កគំរូម្នាក់អំពីការទទួលស្វាគមន៍ និងចូលរួមសហការជាមួយក្រុមគ្រីស្តទូតក្នុងការប្រកាសដំណឹងល្អ។ ផ្ទះរបស់នាងក្លាយជាទីកន្លែងសម្រាប់ការជួបជុំគ្នារបស់ក្រុមសាវ័ក។ ទង្វើនេះគឺជាការឆ្លុះបញ្ចាំងអំពីការរស់នៅតាមជំនឿ។ នៅក្នុងលិខិតទាំង១៣របស់គ្រីស្តទូតប៉ូល មានលិខិតមួយដែលគ្រីស្តទូតប៉ូលបានសរសេរដោយផ្ទាល់ដៃផ្ញើជូនគ្រីស្តបរិស័ទក្រុងភីលីព។ ក្នុងលិខិតនេះ គ្រីស្តទូតប៉ូលបានសម្តែងពីមនោសញ្ចេតនា ការសរសើរ និងការដឹងគុណចំពោះគ្រីស្តបរិស័ទនៅក្រុងនេះ ដែលមានគំរូល្អជាងគេ។ ដ្បិតពួកគេ មានចិត្តសប្បុរសបានជួយជ្រោមជ្រែងលោកយ៉ាងខ្លាំង ជាពិសេសនៅពេលលោកជួបទុក្ខលំបាក ដូចលោកបានរៀបរាប់ថា៖

«បង‌ប្អូន​នៅ​ក្រុង​ភីលីព​អើយ បង‌ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា
តាំង​ពី​ខ្ញុំ​បាន​ចាប់​ផ្ដើម​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ
គឺ​តាំង​ពី​ខ្ញុំ​បាន​ចាក​ចេញ​ពី​ស្រុក​ម៉ាសេ‌ដូន​មក​នោះ
ក្រៅ​ពី​បង‌ប្អូន គ្មាន​ព្រះ‌សហគមន៍ណា​បាន​ជួយ​ខ្ញុំ
ក្នុង​ការ​ចំណាយ ឬ​ចំណូល​ឡើយ។
កាល​ខ្ញុំ​នៅ​ក្រុង​ថេស្សា‌ឡូនិក បង‌ប្អូន​បាន​ផ្ញើ​ប្រាក់​ទៅ​ជួយ
តាម​សេចក្ដី​ត្រូវ​ការ​របស់​ខ្ញុំ​ដល់​ទៅ​ពីរ​បី​លើក។
អំណោយ​ទាំង​នេះ​ប្រៀប​បី​ដូច​ជា​ក្លិន​ក្រអូប​ឈ្ងុយ‌ឈ្ងប់
ជា​យញ្ញ‌បូជា​ដែល​ព្រះ‌ជាម្ចាស់​គាប់​ព្រះ‌ហឫទ័យ និង​យល់​ព្រម​ទទួល។»
(ភីល ៤,១៥-១៦.១៨)

នៅក្រុងភីលីពដដែល គ្រីស្តទូតប៉ូល និងស៊ីឡាសបានទទួលទារុណកម្ម និងជាប់ឃុំឃាំង ដោយសារតែការដេញខ្មោចចេញពីស្រ្តីម្នាក់។ ស្រ្តីនោះគឺជាទាសករដែលមានខ្មោចចូលបណ្តាលឱ្យនាងចេះទាយ ដើម្បីផ្តល់ឱ្យ​ម្ចាស់​ទទួល​កម្រៃបាន​យ៉ាង​ច្រើន។ នាងតែង​ដើរ​តាមក្រុមគ្រីស្តទូតប៉ូលអស់ជាច្រើនថ្ងៃទាំង​ស្រែក​ថា៖ «លោក​ទាំង​នេះ​ជា​អ្នក​បម្រើ​របស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត លោក​នាំ​ដំណឹង​អំពី​មាគ៌ា​នៃ​ការ​សង្គ្រោះ​មក​ប្រាប់​អ្នក​រាល់​គ្នា» (កក ១៦,១៧)។ គ្រីស្តទូតប៉ូលទាស់ចិត្តយ៉ាងខ្លាំង ហើយបានដេញខ្មោចចេញពីនាង បណ្តាលឱ្យនាងឈប់ចេះទាយ។ រីឯម្ចាស់របស់នាងក៏លែងទទួលបានប្រាក់ចំណូលពីនាងតទៀត។ ហេតុនេះ ពួកគេខឹងសម្បាបានចាប់គ្រីស្តទូតប៉ូល និងស៊ីឡាសអូសទៅជូនចៅក្រម ហើយចៅក្រមនាំពួកលោកទៅជួបអាជ្ញាធរ ដោយពោលថា ពួកលោកជាជនជាតិយូដាដែល​បង្ក​ឱ្យមាន​ចលាចល​នៅ​ក្នុង​ក្រុង​ និង​នាំ​ទំនៀម‌ទម្លាប់​ផ្សេងៗ​មក​ផ្សាយ​ប្រាប់​អ្នកក្រុង ជា​ទំនៀម‌ទម្លាប់​ដែល​ជន​ជាតិ​រ៉ូម៉ាំង គ្មាន​សិទ្ធិ​នឹង​ទទួល ឬ​អនុវត្ត​តាម​បាន​ឡើយ (កក ១៦,២១-២២)។ សូម្បីតែបណ្តាជនក៏លើកគ្នាមកប្រឆាំងនឹងលោកទាំងពីរដែរ។ ហេតុនេះ ពួកអាជ្ញាធរមិនបានស៊ើបសួរ ឬជំនុំជម្រះឡើយ ហើយថែមទាំងបញ្ជាឱ្យគេធ្វើទារុណកម្មលោកទាំងពីរ ដោយវាយនឹងរំពាត់ និងដាក់ឃុំឃាំងក្នុងគុកងងឹតទៀតផង។ នៅក្នុងគុកនោះ ប្រមាណជាពាក់កណ្តាលអាធ្រាត្រ មានការអស្ចារ្យកើតឡើង។ នៅពេលដែលគ្រីស្តទូតប៉ូល និងស៊ីឡាសអធិដ្ឋាន រំពេច​នោះ ស្រាប់​តែ​មាន​រញ្ជួយ​ផែន‌ដី​យ៉ាង​ខ្លាំង បណ្ដាលរបើករបាញទ្វារគុក និងរបូតច្រវាក់​ពី​អ្នក​ទោស។ ឆ្មាំគុកភិតភ័យរកសម្លាប់ខ្លួនដោយនឹកស្មានថាអ្នកទោសរត់បាត់អស់ តែគ្រីស្តទូតប៉ូលបានសង្រ្គោះគាត់។ គាត់​ក៏ក្រាប​ចុះ​នៅ​មុខ​គ្រីស្តទូតប៉ូល និង​​ស៊ីឡាសទាំង​ញាប់‌ញ័រ ហើយបានសួរថា តើលោកត្រូវធ្វើដូចម្តេចដើម្បីទទួលបានការសង្គ្រោះ។ គ្រីស្តទូតប៉ូលសូមឱ្យគាត់ជឿលើព្រះអម្ចាស់យេស៊ូ ហើយលោកបានប្រកាសព្រះបន្ទូលដល់សមាជិកទាំងអស់ក្នុងផ្ទះរបស់គាត់។ គាត់បានថែទាំរបួស និងរៀបចំអាហារជូនគ្រីស្តទូតទាំងពីរ។ គាត់ និង​ក្រុម​គ្រួសារបានទទួលពិធីជ្រមុជទឹក ដោយ​អំណរ​សប្បាយ ដែលមកពីជំនឿលើព្រះ‌ជាម្ចាស់។ លុះភ្លឺឡើង ពួកអាជ្ញាធរចាត់តម្រួតឱ្យដោះលែងក្រុមគ្រីស្តទូតទាំងពីរដោយស្ងាត់ៗ។ ប៉ុន្តែ គ្រីស្តទូតប៉ូលបានទាមទាររកយុត្តិធម៌ ដោយសារពួកគេបានរំលោភលើសិទ្ធិរបស់លោកជាជនជាតិរ៉ូម៉ាំង (សូមមើលលេខ២)។ ដ្បិតពួកគេមិនបានជំនុំជម្រះក្ដីជាមុន តែបែរជាធ្វើទារុណកម្មលើពួកលោក ហើយដាក់ឃុំឃាំងទៀត។ ពួកអាជ្ញាធរភ័យខ្លាចយ៉ាងខ្លាំង ហើយសុំទោស និងអង្វរឱ្យពួកលោកចាកចេញពីក្រុងនោះ។

បន្ទាប់ពីចេញដំណើរពីក្រុងភីលីព ក្រុមគ្រីស្តទូតប៉ូលបានធ្វើដំណើរទៅដល់ក្រុងថេស្សាឡូនិក ដោយឆ្លងកាត់តាមក្រុងអំភីប៉ូលី និងក្រុងអាប៉ូឡូន ដែលមានចម្ងាយប្រវែងប្រមាណ១៥៤គីឡូម៉ែត្រ។


គ្រីស្តទូតប៉ូល
១. ព្រះយេស៊ូគ្រីស្ត
២. លោកសាអ៊ូល ឬសូលហៅប៉ូល
៣. ការសិក្សារបស់គ្រីស្តទូតប៉ូល
៤. លោកសូលបៀតបៀនក្រុមសាវ័ក
៥. លោកសូលប្រែចិត្តគំនិត
៦. លោកសូលជួបក្រុមគ្រីស្តទូត
៧. ដំណើរបេសកកម្មលើកទី១
៨. សន្និបាតក្រុងយេរូសាឡឹម
៩. ដំណើរបេសកកម្មលើកទី២
១០. ដំណើរបេសកកម្មលើកទី៣
67 Views

Theme: Overlay by Kaira