៧. ដំណើរបេសកកម្មលើកទី១
រវាងឆ្នាំ៤៥-៥០ នៃគ.ស
(កក ១៣,២-១៤,២៨)
នៅដើមគ្រីស្តសករាជ ក្រុងអង់ទីយ៉ូក គឺជាទីក្រុងធំលំដាប់ទីបីស្ថិតក្នុងចក្រភពរ៉ូម៉ាំង បន្ទាប់ពីទីក្រុងរ៉ូម និងអាឡិចសង់ទ្រីនៅប្រទេសអេស៊ីប។ ទីក្រុងនេះមានមនុស្សចម្រុះជាតិសាសន៍ប្រមាណប្រាំសែននាក់រស់នៅលាយឡំគ្នា និងមានសក្ដានុពលខាងសេដ្ឋកិច្ច និងពាណិជ្ជកម្មយ៉ាងខ្លាំង។ ម្យ៉ាងទៀត ទីក្រុងនេះមានសន្តិសុខ និងស្ថេរភាពជានិច្ច ពុំមានចលនាបះបោរប្រឆាំងនឹងអាជ្ញាធររ៉ូម៉ាំង និងការបៀតបៀនគ្រីស្តបរិស័ទដូចនៅក្រុងយេរូសាឡឹមឡើយ។ សភាពការណ៍របស់ព្រះសហគមន៍អន់ទីយ៉ូកមានលក្ខណៈបើកទូលាយជាងព្រះសហគមន៍នៅក្រុងយេរូសាឡឹម ដែលមានគំនិតអភិរក្សនិយមតាមវិន័យរបស់សាសនាយូដា។ នៅចន្លោះឆ្នាំ២៥២ ដល់៣៨០ នៃគ.ស នៅព្រះសហគមន៍អន់ទីយ៉ូកនេះមានសន្និបាតចំនួនដប់ដងបានកើតឡើង។ ក្នុងប្រវត្តិសាស្រ្តព្រះសហគមន៍នាសម័យក្រុមគ្រីស្តទូត ព្រះសហគមន៍អន់ទីយ៉ូក គឺជាព្រះសហគមន៍ទីពីរ ដែលមានការរីកចម្រើនខ្លាំង។ ពីព្រោះ សាសន៍ដទៃជាច្រើននាក់បានកែប្រែចិត្តគំនិតជឿលើព្រះយេស៊ូ ដោយមានក្រុមព្យាការី ក្រុមគ្រូអាចារ្យជាច្រើននាក់ រួមមានលោកបារណាបាស និងលោកសូល ដែលទទួលខុសត្រូវណែនាំ។ ព្រះសហគមន៍អន់ទីយ៉ូកដើរតួនាទីសំខាន់ក្នុងការចាត់សាសនទូតឱ្យទៅប្រកាសដំណឹងល្អដល់ជាតិសាសន៍នានា។
តាមការរៀបរាប់ក្នុងកណ្ឌគម្ពីរកិច្ចការគ្រីស្តទូតឱ្យដឹងថា គ្រីស្តទូតប៉ូលបានធ្វើដំណើរបំពេញបេសកកម្មចំនួនបីលើកដោយធ្វើដំណើរចាកចេញពីព្រះសហគមន៍ក្រុងអន់ទីយ៉ូក។ ដំណើរបេសកកម្មលើកទី១ រវាងឆ្នាំ៤៥ ដល៥០នៃគ.ស ព្រះវិញ្ញាណបានញែកលោកបារណាបាស និងលោកសូលដោយឡែក ដើម្បីចាត់ឱ្យទៅប្រកាសដំណឹងល្អដល់សាសន៍ដទៃ។

«ព្រះវិញ្ញាណដ៏វិសុទ្ធមានព្រះបន្ទូលថា៖
“ចូរញែកបារណាបាស និងសូលចេញដោយឡែក
ដ្បិតយើងបានហៅអ្នកទាំងពីរមក
ឱ្យបំពេញកិច្ចការដែលយើងនឹងដាក់ឱ្យធ្វើ”។
ក្រោយពីបាននាំគ្នាតមអាហារ និងអធិស្ឋានរួចហើយ
គេបានដាក់ដៃលើលោកទាំងពីរ ហើយឱ្យលោកចេញទៅ។»
(កក ១៣,២-៣)
ពិធីដាក់ដៃដែលកត់សម្គាល់នៅក្នុងខព្រះគម្ពីរខាងលើនេះ គឺជាសញ្ញាសម្គាល់ដ៏សំខាន់តាមប្រពៃណីព្រះសហគមន៍ដែលបានអនុវត្តតាំងពីដើមរៀងមក ដើម្បីប្រគល់មុខងារ ឬចាត់ឱ្យទៅបំពេញបេសកកម្ម។ ក្រោយមក ព្រះសហគមន៍បានចាត់ចែងពិធីនេះឱ្យទៅជាអគ្គសញ្ញាតែងតាំងជាអ្នកបម្រើ គឺអគ្គសញ្ញាតែងតាំងបូជាចារ្យ។
លោកបារណាបាស និងលោកសូល នៅកោះគីប្រុស
លោកបារណាបាស និងលោកសូល ដែលព្រះវិញ្ញាណដ៏វិសុទ្ធចាត់ឱ្យទៅបំពេញបេសកកម្ម បានចេញដំណើរជាមួយលោកយ៉ូហានម៉ាកុសជាក្មួយរបស់លោកបារណាបាស ដែលពួកលោកបាននាំមកពីក្រុងយេរូសាឡឹម (កក ១២,២៥)។ ពួកលោកបានធ្វើដំណើរទៅដល់ក្រុងសេលើស៊ី ដែលមានចម្ងាយប្រមាណ៣០គីឡូម៉ែត្រពីក្រុងអង់ទីយ៉ូក ដើម្បីចុះសំពៅទៅកោះគីប្រុស។ ដំណើរលើកដំបូងនេះ គឺនៅរដូវផ្ការីកឆ្នាំ៤៥ នៃគ.ស ដ្បិតជាពេលវេលាអំណោយផលដល់ការធ្វើដំណើរតាមសំពៅ។ កោះគីប្រុស គឺជាស្រុកកំណើតរបស់លោកបារណាបាស។ នៅទីនោះ មានអ្នកជឿខ្លះបានភៀសខ្លួនមកពីក្រុងយេរូសាឡឹម ដោយសារជនជាតិយូដាបៀតបៀន បន្ទាប់ពីបានសម្លាប់លោក ស្ទេផាន (កក ១១,១៩)។ ពួកលោកបានធ្វើដំណើរតាមសំពៅចម្ងាយប្រមាណ ២១០គីឡូម៉ែត្រ ទើបទៅដល់ក្រុងសាឡាមីន។ នៅទីនោះ លោកទាំងពីរបានប្រកាសព្រះបន្ទូលព្រះជាម្ចាស់ នៅក្នុងសាលាប្រជុំរបស់ជនជាតិយូដា ហើយបន្តដំណើរថ្មើជើងឆ្លងកាត់កោះនោះប្រមាណ១៨០គីឡូម៉ែត្ររហូតដល់ក្រុងប៉ាផូស។ នៅក្រុងប៉ាផូស លោកស៊ែរគីយ៉ូសប៉ូលូស ជាមនុស្សមានប្រាជ្ញា និងជារាជប្រតិភូរបស់ព្រះចៅអធិរាជរ៉ូម៉ាំង បានអញ្ជើញលោកបារណាបាស និងលោកសូល ដ្បិតលោកចង់ស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នៅពេល លោកបានស្តាប់ និងបានឃើញការអស្ចារ្យ ដែលលោកសូលបញ្ជាឱ្យអេលីម៉ាស ជាគ្រូមន្តអាគមងងឹតភ្នែក លោកក៏ជឿ ហើយស្ញប់ស្ញែងនឹងសេចក្ដីដែលគេបង្រៀនអំពីព្រះអម្ចាស់ខ្លាំងណាស់ (កក ១៣,៦-១២)។

«នែ៎! ជនពោរពេញទៅដោយពុតត្បុត
និងល្បិចកិច្ចកលអើយ! អ្នកជាកូនរបស់មារ
អ្នកជាសត្រូវនឹងអំពើសុចរិតគ្រប់យ៉ាង
តើអ្នកនៅតែពង្វាងគេឱ្យងាកចេញពីមាគ៌ាដ៏ត្រឹមត្រូវ
របស់ព្រះអម្ចាស់ដល់ណាទៀត!។
ឥឡូវនេះ ព្រះបារមីរបស់ព្រះអម្ចាស់នឹងធ្វើឱ្យ
អ្នកខ្វាក់ភ្នែក លែងឃើញពន្លឺថ្ងៃអស់មួយរយៈ។»
(កក ១៣,១០-១១)
លោកស៊ែរគីយ៉ូសប៉ូលូស គឺជាជនជាតិរ៉ូម៉ាំង។ លោកបានបំពេញមុខងារជារាជប្រតិភូរបស់ព្រះចៅអធិរាជរ៉ូម៉ាំង នៅកោះគីប្រុសរវាងឆ្នាំ៤៥-៥០ នៃគ.ស គឺក្នុងរជ្ជកាលរបស់ព្រះចៅអធិរាជក្លូដ (ឆ្នាំ៤១-៥៤ នៃគ.ស)។ ការប្រែចិត្តគំនិតជឿលើព្រះបន្ទូលរបស់លោករាជប្រតិភូនេះ គឺជាជោគជ័យលើកដំបូង ដែលលោកសូលបានចាប់ផ្តើមបំពេញបេសកកម្មលើកទី១។ ចាប់តាំងពីពេលនោះមក កណ្ឌគម្ពីរកិច្ចការគ្រីស្តទូតបានហៅឈ្មោះលោកសូលថា ប៉ូល វិញ។ ហេតុនេះ ចាប់ពីចំនុចនេះតទៅ យើងហៅថាគ្រីស្តទូតប៉ូលផងដែរ។
គ្រីស្តទូតប៉ូល និងបារណាបាសនៅក្រុងអន់ទីយ៉ូក នៅពីស៊ីឌី និងក្រុងអ៊ីកូញ៉ុម
គ្រីស្តទូតប៉ូល និងក្រុមសហការីបានចុះសំពៅចាកចេញពីក្រុងប៉ាផូសបន្តដំណើរទៅក្រុងពែរកេ ស្រុកប៉មភីលី ដែលមានចម្ងាយប្រវែងប្រមាណ២៨៥គីឡូម៉ែត្រ។ នៅសម័យនោះ ការធ្វើដំណើរតាមសំពៅទៅក្រុងពែរកេ ត្រូវធ្វើដំណើរថ្មើជើងចម្ងាយប្រវែងប្រមាណ៣០គីឡូម៉ែត្រ ពីកំពង់ផែរអត្តាលី ដែលជាច្រកដ៏សំខាន់ដើម្បីតភ្ជាប់ទៅកាន់កំពង់ផែរតាមក្រុងនានាក្នុងចក្រភពរ៉ូម៉ាំង។ នៅក្រុងពែរកេ លោកយ៉ូហានម៉ាកុសបានបែកចេញពីគ្រីស្តទូតប៉ូល និងបារណាបាស រួចចុះសំពៅវិលត្រឡប់ទៅក្រុងយេរូសាឡឹមវិញ ដោយមិនបានបញ្ជាក់អំពីមូលហេតុឡើយ។ ប្រការនេះបង្ករឱ្យមានការខ្វែងគំនិតគ្នារវាងគ្រីស្តទូតប៉ូល និងបារណាបាសនៅពេលខាងមុខ។

«ពេលនោះ លោកយ៉ូហានបាន
បែកចេញពីពួកគេ
វិលត្រឡប់ទៅក្រុងយេរូសាឡឹមវិញ។»
(កក ១៣,១៣)
រីឯ គ្រីស្តទូតប៉ូល និងបារណាបាសបានបន្ដធ្វើដំណើររហូតទៅដល់ក្រុងអន់ទីយ៉ូក នៅពីស៊ីឌី ដែលមានចម្ងាយប្រមាណ១៩០គីឡូម៉ែត្រពីក្រុងពែរកេ។ នៅថ្ងៃសប្ប័ទ គ្រីស្តទូតប៉ូលបានសម្ដែងធម្មទេសនានៅក្នុងសាលាប្រជុំដល់សាសន៍យូដា និងអ្នកកោតខ្លាចព្រះជាម្ចាស់នៅក្រុងនោះ។ លោកបានថ្លែងយ៉ាងវែង ដោយលើករឿងបុព្វបុរសក្នុងគម្ពីរវិន័យ និងគម្ពីរប្រវត្តិសាស្រ្ត ដើម្បីប្រកាសជំនឿលើព្រះយេស៊ូ ជាព្រះរាជវង្សរបស់ព្រះបាទដាវីឌ និងជាព្រះសង្គ្រោះរបស់ជនជាតិអ៊ីស្រាអែល ស្របតាមព្រះបន្ទូលសន្យាពិតប្រាកដមែន។ លោកបានបញ្ជាក់ថា អ្នកក្រុងយេរូសាឡឹម និងក្រុមមេដឹកនាំ ពុំបានស្គាល់ព្រះអង្គជានរណាឡើយ ហើយបានកាត់ទោសប្រហារជីវិតព្រះអង្គទាំងគ្មានកំហុស ដោយបញ្ជូនព្រះអង្គទៅឱ្យលោកពីឡាតសម្លាប់។ លោកបានអះអាងផងដែរថា ពួកគេធ្វើដូច្នេះស្របនឹងសេចក្ដីដែលព្យាការីថ្លែងទុកមក ហើយពួកគេអានរៀងរាល់ថ្ងៃសប្ប័ទ។ ប៉ុន្តែ ព្រះយេស៊ូមានជ័យជំនះលើសេចក្តីស្លាប់ ដោយសារព្រះជាម្ចាស់បានប្រោសព្រះអង្គឱ្យមានព្រះជន្មរស់ឡើងវិញ។ ព្រះអង្គបានបង្ហាញខ្លួនឱ្យក្រុមសាវ័កឃើញអស់រយៈពេលជាច្រើនថ្ងៃ ដូចសក្ខីភាពដែលគ្រីស្តទូតប៉ូល និងបារណាបាសកំពុងតែជម្រាបជូនដំណឹងល្អនេះ។ សេចក្ដីដែលសំខាន់បំផុតនោះ គឺគ្រីស្តទូតប៉ូលប្រកាសដល់អ្នកក្រុងអន់ទីយ៉ូកនេះឱ្យដឹងថា ព្រះជាម្ចាស់លើកលែងទោសមនុស្សឱ្យរួចពីបាប និងប្រោសឱ្យបានសុចរិតតាមរយៈជំនឿលើព្រះយេស៊ូ មិនមែនដោយការគោរពតាមវិន័យរបស់លោកម៉ូសេឡើយ (កក ១៣,១៦-៤០)។

«បងប្អូនអើយ! សូមបងប្អូនជ្រាបឱ្យច្បាស់ថា
ព្រះជាម្ចាស់លើកលែងទោសឱ្យបងប្អូនរួចពីបាប
តាមរយៈព្រះយេស៊ូ ដូចយើងបានជម្រាបមកស្រាប់។
បងប្អូនពុំអាចទៅជាមនុស្សសុចរិត រួចផុតអំពើបាបទាំងប៉ុន្មាន
ដោយគោរពតាមវិន័យរបស់លោកម៉ូសេឡើយ។
ផ្ទុយទៅវិញ ព្រះជាម្ចាស់ប្រោសឱ្យអស់អ្នកជឿ
បានសុចរិត តាមរយៈព្រះយេស៊ូ។»
(កក ១៣,៣៨-៣៩; កាឡ ២,១៦; រ៉ូម ៣,២០.២៨)
ក្រោយពេល ប្រជាជនបានស្តាប់ធម្មទេសនារបស់គ្រីស្តទូតប៉ូលនេះហើយ គេបានអញ្ជើញលោកឱ្យមានប្រសាសន៍អំពីសេចក្តីទាំងនេះនៅថ្ងៃសប្ប័ទខាងមុខទៀត រហូតប្រជាជនក្នុងក្រុងនេះស្ទើរតែទាំងអស់បានស្តាប់។ សាសន៍យូដា និងអ្នកចូលសាសនាយូដាជាច្រើននាក់ ដែលគោរពប្រណិប័តន៍ព្រះជាម្ចាស់ នាំគ្នាទៅតាមលោកគ្រីស្តទូតប៉ូល និងបារណាបាស។ ប៉ុន្តែ ជនជាតិយូដាច្រណែនយ៉ាងខ្លាំង ហើយជំទាស់ និងជេរប្រមាថ ថែមទាំងញុះញ៉ុងអ្នកមានអំណាចឱ្យលើកគ្នាទៅបៀតបៀនពួកលោក ព្រមទាំងដេញលោកទាំងពីរចេញពីដែនដីរបស់គេផង។ លោកទាំងពីរបានធ្វើដំណើរទៅក្រុងអ៊ីកូញ៉ុម ដើម្បីគេចចេញពីអំពើហិង្សានេះ។ រីឯពួកសាវ័កនៅអន់ទីយ៉ូកវិញ គេបានពោរពេញដោយអំណរ និងដោយព្រះវិញ្ញាណដ៏វិសុទ្ធ (កក ១៣,៤០-៥១)។
ក្រុងអ៊ីកូញ៉ូមមានចម្ងាយប្រវែងប្រមាណ១៥០គីឡូម៉ែត្រពីក្រុងអន់ទីយ៉ូក នៅពីស៊ីឌី។ សព្វថ្ងៃ ក្រុងនេះមានឈ្មោះថា ក្រុងកូនីយ៉ា។ គ្រីស្តទូតប៉ូល និងបារណារបាសនៅក្រុងនោះជាយូរថ្ងៃ។ លោកទាំងពីរបានធ្វើកិច្ចការដូចគ្នាហ្នឹងក្រុងអន់ទីយ៉ូក នៅពីស៊ីឌីដែរ។ ពួកលោករឹតតែមានចិត្តអង់អាច ដោយសារព្រះអម្ចាស់ប្រោសប្រទានឱ្យសម្ដែងទីសម្គាល់ដ៏អស្ចារ្យ និងឫទ្ធិបាដិហារិយ៍ផ្សេងៗ។ មនុស្សម្នានៅក្រុងនោះបានបាក់បែកគ្នា អ្នកខ្លះកាន់ខាងសាសន៍យូដា អ្នកខ្លះទៀតកាន់ខាងក្រុមគ្រីស្ដទូត។ លោកទាំងពីរត្រូវរត់ភៀសខ្លួនទៅស្រុកលីកាអូនី គឺទៅក្រុងលីស្ដ្រា ដើម្បីគេចចេញពីជនជាតិយូដាដែលប៉ុនប៉ងយកដុំថ្មគប់សម្លាប់ពួកលោក។ លោកទាំងពីរបានទៅក្រុងឌែរបេ ព្រមទាំងតំបន់ដែលនៅជុំវិញ ហើយផ្សព្វផ្សាយដំណឹងល្អនៅទីនោះផងដែរ (កក ១៤,១-៧)។
គ្រីស្តទូតប៉ូល និងបារណាបាសនៅក្រុងលីស្រ្តា និងឌែរបេ
ក្រុងលីស្រ្តាមានចម្ងាយប្រវែងប្រមាណ៤០គីឡូម៉ែត្រពីក្រុងអ៊ីកូញ៉ូម។ នៅទីនោះ គ្រីស្តទូតប៉ូលបានប្រោសឱ្យបុរសពិការជើងម្នាក់បានជាសះស្បើយ បណ្តាលឱ្យមហាជនស្ងប់ស្ងែងថា ព្រះបាននិម្មិតជាមនុស្ស ចុះមកគង់ជាមួយពួកគេ។ គេហៅលោកបារណាបាសជាព្រះសឺស និងគ្រីស្តទូតប៉ូល ជាព្រះហ៊ែរម៉ែស ព្រោះលោកជាអ្នកនាំពាក្យ។ ពួកគេចង់បូជាយញ្ញគោលឈ្មោលជូនលោកទាំងពីរថែមទៀតផង។ ប៉ុន្តែ លោកទាំងពីរបានឃាត់ពួកគេសឹងតែពុំបាន ដោយព្យាយាមអប់រំជំនឿពួកគេឱ្យងាកចេញពីព្រះក្លែងក្លាយ និងជឿលើព្រះជាម្ចាស់ដ៏ពិតប្រាកដវិញ។

«យើងខ្ញុំក៏ជាមនុស្សធម្មតាដូចបងប្អូនដែរ យើងខ្ញុំនាំដំណឹងល្អមកជម្រាបជូនបងប្អូន គឺសូមបងប្អូនងាកចេញពីការថ្វាយបង្គំរូបសំណាកឥតប្រយោជន៍នេះ ហើយបែរមករកព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅវិញ ជាព្រះដែលបានបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងអ្វីៗសព្វសារពើដែលមាននៅទីទាំងនោះផង។ នៅជំនាន់មុនៗ ព្រះអង្គបានបណ្ដោយឱ្យជាតិសាសន៍នានា ដើរតាមមាគ៌ារៀងៗខ្លួន។ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ក៏ព្រះអង្គនៅតែសម្ដែងព្រះហឫទ័យសប្បុរសមិនដែលអាក់ខានឡើយ ដើម្បីឱ្យគេបានស្គាល់ព្រះអង្គ គឺប្រទានទឹកភ្លៀងពីលើមេឃ និងប្រទានភោគផលមកបងប្អូនតាមរដូវកាល ធ្វើឱ្យបងប្អូនមានម្ហូបអាហារដ៏បរិបូណ៌ និងមានអំណរសប្បាយក្នុងចិត្តផង។»
(កក ១៤,១៥-១៧)
នៅទីនោះ គ្រីស្តទូតប៉ូលត្រូវរបួសស្ទើរតែបាត់បង់ជីវិត ដោយសារជនជាតិយូដាមកពីក្រុងអន់ទីយ៉ូក និងក្រុងអ៊ីកូញ៉ុម បានយកដុំថ្មគប់សម្លាប់លោក។ ព្រឹត្តិការណ៍នេះ គ្រីស្តទូតប៉ូលបានសរសេរបញ្ជាក់នៅក្នុងលិខិតកូរិនថូសទី២ “គេយកដុំថ្មគប់សម្លាប់ខ្ញុំម្ដង” (២ករ ១១,២៥)។ ក្រុមសាវ័កបាននាំគ្នាជួយលោក ហើយស្អែកឡើង លោកចេញដំណើរទៅក្រុងឌែរបេជាមួយលោកបារណាបាស។ ក្រុងឌែរបេមានចម្ងាយប្រវែងប្រមាណ១១០គីឡូម៉ែត្រពីក្រុងលីស្ត្រា។ គ្រីស្តទូតប៉ូល និងបារណាបាសបានបញ្ចប់ដំណើរបេសកកម្មលើកទី១នៅក្រុងនេះ និងតំបន់ដែលនៅជុំវិញ ដោយបានផ្សព្វផ្សាយដំណឹងល្អ និងណែនាំមនុស្សជាច្រើនឱ្យធ្វើជាសាវ័ក (កក ១៤,៦-៧.២១)។
គ្រីស្តទូតប៉ូល និងបារណាបាសត្រឡប់ទៅក្រុងអន់ទីយ៉ូក ស្រុកស៊ីរីវិញ
បន្ទាប់ពីបានបំពេញបេសកកម្មហើយ លោកទាំងពីរបានវិលទៅក្រុងលីស្ដ្រា ក្រុងអ៊ីកូញ៉ុម និងក្រុងអន់ទីយ៉ូក នៅពីស៊ីឌី ហើយបានតែងតែងក្រុមព្រឹទ្ធាចារ្យឱ្យទទួលខុសត្រូវនៅតាមព្រះសហគមន៍នីមួយៗ។ នៅសម័យនោះ ព្រះសហគមន៍ទាំងបីដែលគ្រីស្តទូតប៉ូល និងបារណាបាសបានបង្កើតក្នុងដំណើរបេសកកម្មលើកទី១នេះ ស្ថិតនៅក្នុងស្រុកកាឡាទី។ ក្នុងពេលធ្វើដំណើរត្រឡប់ទៅវិញ គ្រីស្តទូតប៉ូលបានដាស់តឿន និងលើកទឹកចិត្តក្រុមសាវ័កឱ្យមានចិត្តមាំមួន និងមានជំនឿខ្ជាប់ខ្ជួន ជាពិសេស ត្រូវដឹងថា៖
«យើងត្រូវឆ្លងកាត់ទុក្ខវេទនាជាច្រើន
ដើម្បីឱ្យបានចូលក្នុងព្រះរាជ្យរបស់ព្រះជាម្ចាស់។»
(កក ១៤,២២)។
បន្ទាប់មកទៀត លោកទាំងពីរធ្វើដំណើរឆ្លងកាត់ស្រុកពីស៊ីឌី រហូតដល់ស្រុកប៉មភីលី ហើយបានប្រកាសព្រះបន្ទូលនៅក្រុងពែរកេ ទើបនាំគ្នាទៅកំពង់ផែរអត្តាលី ដើម្បីចុះសំពៅវិលត្រឡប់មកក្រុងអន់ទីយ៉ូកវិញ។ ដំណើរបេសកកម្មលើកទី១របស់គ្រីស្តទូតប៉ូល និងបារណាបាស មានចម្ងាយប្រវែងប្រមាណ២៣០០គីឡូម៉ែត្រ ទាំងដំណើរថ្មើជើង និងតាមសំពៅ ក្នុងរយៈពេលរវាងបួនឆ្នាំ។ លោកទាំងពីរបានឆ្លងកាត់ស្រុកចំនួនបី គឺកោះគីប្រុស ស្រុកប៉ាមភីលី ស្រុកកាឡាទី និងឆ្លងកាត់ក្រុងចំនួនប្រាំពីរ គឺសាឡាមីន ប៉ាផូស ពែរកេ អន់ទីយ៉ូក អ៊ីកូញ៉ុម លីស្ដ្រា និងឌែរបេ។ ដំណើរបេសកកម្មប្រកាសដំណឹងល្អដល់សាសន៍ដទៃលើកទី១នេះ បានទទួលជោគជ័យយ៉ាងខ្លាំង។ ប៉ុន្តែ ក្នុងពេលជាមួយគ្នា លោកទាំងពីរក៏បានជួបទុក្ខលំបាក ឧបសគ្គ ការប្រឆាំង និងការបៀតបៀនពីជនជាតិយូដាយ៉ាងខ្លាំងផងដែរ។ ទោះបីយ៉ាងណាក៏ដោយ ព្រះជាម្ចាស់បានគាំទ្រពួកលោកមិនឱ្យបរាជ័យឡើយ។ នេះគឺជាសក្ខីភាពនៃសេចក្តីសង្ឃឹម ដែលគ្រីស្តទូតប៉ូលបានទុកចិត្តលើព្រះអម្ចាស់យេស៊ូគ្រីស្ត ហើយយល់ព្រមធ្វើតាមគម្រោងការរបស់ព្រះអង្គ។ លោកទាំងពីរ បានចែករំលែកអំពីកិច្ចការទាំងប៉ុន្មាន ដែលព្រះជាម្ចាស់បានធ្វើជាមួយពួកលោក និងរៀបរាប់អំពីរបៀបដែលព្រះអង្គបើកផ្លូវឱ្យសាសន៍ដទៃជឿ ហើយបានស្នាក់នៅជាមួយក្រុមសាវ័កនៅទីនោះអស់រយៈពេលជាយូរក្រែល (កក ១៤,២៨)។


