(បុណ្យឱឡារិក)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ពេលព្រឹក (ម៉ោង៩)
បន្ទរ៖ ព្រះ‌អម្ចាស់​សម្រាល​ទុក្ខប្រជាជន​នៅ​ក្រុង​ស៊ីយ៉ូន។ ពេល​នោះ នៅ​ក្នុង​ក្រុង​ស៊ីយ៉ូននឹង​មាន​ឮ​សូរ​សម្រែក​សប្បាយ​រីករាយ ព្រម​ទាំង​មាន​បទ​ចម្រៀង​អរ‌ព្រះគុណ និង​មាន​ស្នូរ​តូរ្យ‌តន្ដ្រីឡើង​វិញ។

ពេលថ្ងៃត្រង់ (ម៉ោង១២)
បន្ទរ៖ ប្រជាជននឹងប្រកាសអំពីប្រាជ្ញារបស់សន្តបុគ្គល ហើយព្រះសហគមន៍ទាំងអស់នឹងច្រៀងកោតសរសើរពួកគេ។

ពេលរសៀល (ម៉ោង៣)
បន្ទរ៖ ដោយ‌សារ​ជំនឿ សន្តបុគ្គលបាន​ច្បាំង​នឹង​នគរ​ផ្សេងៗ បាន​ប្រព្រឹត្ត​អំពើ​សុចរិត បាន​ទទួល​អ្វីៗ​ដែល​ព្រះជាម្ចាស់​សន្យា​ប្រទាន​ឱ្យ។

៨១ទូល‌បង្គំទន្ទឹង​រង់‌ចាំ​មើល​ព្រះ‌អង្គ​សង្គ្រោះ​ទូល‌បង្គំ
ទូល‌បង្គំរង់‌ចាំ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល។
៨២ទូល‌បង្គំ​ខំប្រឹង​រង់‌ចាំ​មើល​ព្រះ‌បន្ទូល​សន្យារបស់​ព្រះ‌អង្គ
ទូលបង្គំពោលថា “តើដល់ពេលណាទើបព្រះអង្គសម្រាលទុក្ខទូលបង្គំ?” ។
៨៣ទូលបង្គំជាមនុស្សដែលគ្មាននរណារាប់រកទៀតទេ
តែទូលបង្គំមិនបំភ្លេចក្រិត្យវិន័យរបស់ព្រះអង្គឡើយ។
៨៤តើទូលបង្គំត្រូវរង់ចាំដល់ពេលណាទៀត
ទើបព្រះអង្គវិនិច្ឆ័យទោសអស់អ្នកដែលបៀតបៀនទូលបង្គំ?
៨៥មនុស្សអួតបំប៉ោងមិនគោរពតាមវិន័យរបស់ព្រះអង្គទេ
គេនាំគ្នាជីករណ្តៅ ដើម្បីឱ្យទូលបង្គំធ្លាក់។
៨៦វិន័យរបស់ព្រះអង្គទាំងប៉ុន្មានសុទ្ធតែពិតទាំងអស់
សូមជួយទូលបង្គំផង ដ្បិតគេបៀតបៀនទូលបង្គំដោយគ្មានហេតុផល។
៨៧នៅតែបន្តិចប៉ុណ្ណោះ គេនឹងប្រហារទូលបង្គំឱ្យវិនាសសូន្យ
ប៉ុន្តែ ទូលបង្គំមិនបោះបង់ចោលច្បាប់របស់ព្រះអង្គឡើយ។
៨៨សូមប្រទានឱ្យទូលបង្គំមានជីវិតឡើងវិញ ដោយព្រះហឫទ័យមេត្តាករុណា
ទូលបង្គំនឹងប្រតិបត្តិតាមព្រះបន្ទូលដែលព្រះអង្គបង្គាប់មក។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ពាក្យអធិដ្ឋានរបស់មនុស្សសុចរិត ដែលផ្ញើសេចក្តីសង្ឃឹមលើអ្វីៗនៅស្ថានបរមសុខ (សន្តហ៊ីលឡារី)។

(បទកាកគតិ)

២-ឱព្រះម្ចាស់អើយកុំគង់ព្រងើយសូមព្រះសណ្តាប់
យកព្រះទ័យទុកដាក់ហើយត្រង់ត្រាប់ពាក្យអង្វរគាប់
ទូលបង្គំផង
៣-ពេលខ្ញុំនៅឆ្ងាយសន្លឹមអន្លាយហាក់អស់កម្លាំង
ខ្ញុំស្រែកហៅរកព្រះនាមព្រះអង្គសូមដឹកនាំខ្ញុំ
ទៅកាន់ថ្មខ្ពស់
៤-ព្រះអង្គជាទីជម្រករមណីរឹងមាំឥតមោះ
ជាប៉មមាំមួនជាកំពែងខ្ពស់ព្រះជាអម្ចាស់
តទល់សត្រូវ
៥-ទូលបង្គំចង់រស់និត្យនៅក្នុងពន្លាពេកកូវ
របស់ព្រះអង្គរហូតតទៅហើយសូមក្រាបនៅ
ក្រោមម្លប់ព្រះអង្គ
៦-ឱព្រះម្ចាស់អើយព្រះអង្គនេះហើយតែងស្តាប់ពាក្យខ្ញុំ
ព្រះអង្គប្រទានមកទូលបង្គំមរតកដ៏ធំ
បម្រុងទុកឱ្យ
៧-សូមទ្រង់ប្រទានព្រះរាជាមានជន្មាមិនថយ
អាយុយឺនយូរសតវត្សទៅក្រោយជាម្លប់ផ្តល់ឱ្យ
ប្រជាប្រុសស្រី
៨-សូមមហាក្សត្រគ្រងរាជ្យរហូតក្រោមភក្ត្រម្ចាស់ថ្លៃ
រហូតតទៅដោយព្រះហឫទ័យមេត្តាប្រណី
ករុណាស្មោះស្ម័គ្រ
៩-ខ្ញុំនឹងតម្កើងព្រះម្ចាស់ខ្ពស់ឡើងរាល់ថ្ងៃឥតអាក់
ឥតឈប់ឥតឈរឱ្យសមនឹងពាក្យសន្យាលាយល័ក្ខណ៍
ចំពោះព្រះអង្គ
សូមកោតសរសើរដល់ព្រះបិតាព្រះរាជ្យបុត្រា
និងព្រះវិញ្ញាណជាព្រះត្រៃអង្គថ្កើងថ្កើនឥតហ្មង
ដែលគង់ជានិច្ច

ទំនុកតម្កើងនេះ រំឭកជាពិសេសបំផុត ស្តីអំពីទុក្ខលំបាករបស់ព្រះអម្ចាស់នៃយើង (សន្តអូគូស្ទីន)។

ឱព្រះជាម្ចាស់អើយ! សូមព្រះអង្គទ្រង់ព្រះសណ្តាប់ទំនួញរបស់ទូលបង្គំ
ទូលបង្គំភ័យខ្លាចខ្មាំងសត្រូវណាស់ សូមការពារជីវិតទូលបង្គំផង!។
សូមការពារទូលបង្គំ ឱ្យរួចផុតពីការឃុបឃិតរបស់ជនពាល
សូមឱ្យទូលបង្គំរួចផុតពីកណ្តាប់ដៃរបស់មនុស្សអាក្រក់។
គេប្រើពាក្យសម្តីដូចដាវដ៏មុតស្រួច ពួកគេចោលពាក្យសម្តីដូចគេចោលព្រួញ។
ពួកគេលួចប្រហារមនុស្សទៀងត្រង់ គេប្រហារមិនឱ្យដឹងខ្លួន ដោយមិនខ្លាចក្រែងអ្វីឡើយ។
ពួកគេនិយាយលើកទឹកចិត្តគ្នា ឱ្យប្រព្រឹត្តអំពើអាក្រក់
ពួកគេគិតគ្នាពីការលបដាក់អន្ទាក់ ទាំងពោលថា “គ្មាននរណាឃើញទេ!” ។
គេនាំគ្នាបង្កអំពើឧក្រិដ្ឋ ទាំងពោលថា
“ឥឡូវនេះ យើងរៀបចំផែនការរបស់យើងយ៉ាងល្អរួចរាល់ហើយ!។
គ្មាននរណាអាចយល់គំនិតអប្រិយ នៅក្នុងជម្រៅចិត្តរបស់មនុស្សបានទេ!
ប៉ុន្តែ ព្រះជាម្ចាស់បានប្រហារពួកគេ ដោយមិនឱ្យដឹងខ្លួនជាមុន ពួកគេក៏របួសដួល។
ពាក្យសម្តីរបស់ពួកគេបានធ្វើឱ្យពួកគេវិនាស
អស់អ្នកដែលឃើញពួកគេនាំគ្នាគ្រវីក្បាល។
១០មនុស្សលោកទាំងអស់នាំគ្នាកោតស្ញប់ស្ញែង
គេប្រកាសពីស្នាព្រះហស្តរបស់ព្រះអង្គ គេយល់អំពីកិច្ចការដែលព្រះអង្គបានធ្វើ។
១១សូមឱ្យមនុស្សសុចរិតមានអំណរសប្បាយ ព្រោះតែព្រះអម្ចាស់
សូមនាំគ្នាមកជ្រកកោននឹងព្រះអង្គ សូមឱ្យអស់អ្នកដែលមានចិត្តទៀងត្រង់លើកតម្កើងព្រះអង្គ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ពេលព្រឹក (ម៉ោង៩)
បន្ទរ៖ ព្រះ‌អម្ចាស់​សម្រាល​ទុក្ខប្រជាជន​នៅ​ក្រុង​ស៊ីយ៉ូន។ ពេល​នោះ នៅ​ក្នុង​ក្រុង​ស៊ីយ៉ូននឹង​មាន​ឮ​សូរ​សម្រែក​សប្បាយ​រីករាយ ព្រម​ទាំង​មាន​បទ​ចម្រៀង​អរ‌ព្រះគុណ និង​មាន​ស្នូរ​តូរ្យ‌តន្ដ្រីឡើង​វិញ។

ពេលថ្ងៃត្រង់ (ម៉ោង១២)
បន្ទរ៖ ប្រជាជននឹងប្រកាសអំពីប្រាជ្ញារបស់សន្តបុគ្គល ហើយព្រះសហគមន៍ទាំងអស់នឹងច្រៀងកោតសរសើរពួកគេ។

ពេលរសៀល (ម៉ោង៣)
បន្ទរ៖ ដោយ‌សារ​ជំនឿ សន្តបុគ្គលបាន​ច្បាំង​នឹង​នគរ​ផ្សេងៗ បាន​ប្រព្រឹត្ត​អំពើ​សុចរិត បាន​ទទួល​អ្វីៗ​ដែល​ព្រះជាម្ចាស់​សន្យា​ប្រទាន​ឱ្យ។

ម៉ោង៩ ព្រឹក
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) អស ៦៥,១៨-១៩

ចូរ​អរសប្បាយ​ឡើង ចូរ​សប្បាយ​រីករាយ​រហូត​ត​ទៅចំពោះ​អ្វីៗ​ដែល​យើង​បង្កើត​មក គឺ​យើង​បង្កើត​ក្រុង​យេរូ‌សាឡឹមដែល​មាន​អំណរ​សប្បាយ​រីករាយ យើង​បង្កើត​ប្រជាជន​នៅ​ក្រុង​នេះដែល​មាន​អំណរ។ក្រុង​យេរូសាឡឹម​នឹង​ធ្វើឱ្យ​យើងសប្បាយ​រីករាយ ប្រជាជន​របស់​យើង​ក៏​ធ្វើឱ្យ​យើង​រីករាយក្នុង​ទី‌ក្រុង គេ​លែង​ឮ​សូរ​សម្រែក​យំ​សោក​ទៀត​ហើយ។

បន្ទរ៖ សន្តបុគ្គលទាំងឡាយអើយ ចូរ​នាំ​គ្នា​អរ​សប្បាយ !
—ដ្បិតអ្នករាល់គ្នានឹងទទួលរង្វាន់យ៉ាងធំនៅស្ថានបរមសុខ។
ពាក្យអធិដ្ឋាន
ម៉ោង១២ ថ្ងៃត្រង់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) ១សល ១,១៥-១៦

ផ្ទុយ​ទៅ​វិញ ព្រះ‌អង្គ​ដែល​បាន​ត្រាស់​ហៅ​បង‌ប្អូន ព្រះ‌អង្គ​វិសុទ្ធយ៉ាង​ណា បង‌ប្អូន​ក៏​ត្រូវ​តែ​វិសុទ្ធក្នុង​គ្រប់​កិច្ច‌ការ ដែល​បង‌ប្អូន​ប្រព្រឹត្តយ៉ាង​នោះ​ដែរ ដ្បិត​ក្នុង​គម្ពីរ​មាន​ចែង​ទុក​ថា៖ «អ្នក​រាល់​គ្នា​ត្រូវ​តែ​វិសុទ្ធ ព្រោះ​យើង​វិសុទ្ធ»។

បន្ទរ៖ មនុស្ស​សុចរិត​អើយ ចូរ​នាំ​គ្នា​អរ​សប្បាយ !
—ហើយប្រកាសអំពីភាពដ៏វិសុទ្ធរបស់ព្រះអង្គ។
ពាក្យអធិដ្ឋាន
ម៉ោង៣ រសៀល
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) វវ ២១,១០-១១ក.២២,៣ខ-៤

ទេវទូត​នោះ​បាន​លើក​វិញ្ញាណ​ខ្ញុំ​ឡើង​ទៅ​លើភ្នំ​មួយ​យ៉ាង​ធំ​ខ្ពស់ រួច​បង្ហាញ​ឱ្យ​ខ្ញុំ​ឃើញ​ក្រុង​ដ៏‌វិសុទ្ធ ជា​ក្រុង​យេរូ‌សាឡឹម​ដែល​ចុះ​ពីស្ថាន​បរមសុខ គឺ​ចុះ​មក​ពី​ព្រះ‌ជាម្ចាស់។ ក្រុង​នេះ​ប្រកប​ដោយ​សិរី‌រុង​រឿង​របស់ព្រះជាម្ចាស់។ បល្ល័ង្ក​របស់​ព្រះ‌ជាម្ចាស់ និង​បល្ល័ង្ក​របស់​កូន​ចៀម ស្ថិត​នៅ​ក្នុង​ក្រុង​នោះ ហើយ​ពួក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​នាំ​គ្នា​គោរព​ថ្វាយបង្គំព្រះអង្គ គេ​នឹង​ឃើញ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ ហើយ​នៅ​លើ​ថ្ងាស​គេ​ក៏​មាន​ដៅ​ព្រះ‌នាម​ព្រះ‌អង្គ​ដែរ។

បន្ទរ៖ ឱព្រះអម្ចាស់អើយ! មនុស្សសុចរិតនឹងលើក​តម្កើង​ព្រះ‌នាម​ដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គ!
—ប្រជាជនដ៏វិសុទ្ធរបស់ព្រះអង្គនឹងរស់នៅចំពោះព្រះភក្រ្តព្រះអង្គ។
ពាក្យអធិដ្ឋាន

បពិត្រព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ និងមានព្រះជន្មគង់នៅជានិច្ច ! នៅថ្ងៃនេះ យើងខ្ញុំសូមគោរពដល់គុណធម៌របស់សន្តបុគ្គលទាំងឡាយដែលជាព្រះអំណោយទានរបស់ព្រះអង្គ។ តាមរយៈពាក្យទូលអង្វររបស់សន្តបុគ្គលទាំងឡាយ សូមព្រះអង្គប្រោសឱ្យយើងខ្ញុំបានរួចពីបាប និងបានគាប់ព្រះហឫទ័យព្រះអង្គ។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

សូមកោតសរសើរព្រះអម្ចាស់ !
សូមអរព្រះគុណព្រះជាម្ចាស់ !

30 Views

Theme: Overlay by Kaira