រដូវធម្មតា
បុណ្យលើកតម្កើងព្រះឈើឆ្កាង
(បុណ្យគោរព)
(ពេលល្ងាចទី១)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១៤៧,១-១១
បន្ទរទី១៖ ព្រះអម្ចាស់របស់យើងដែលត្រូវគេឆ្កាង និងមានព្រះជន្មរស់ឡើងវិញ ព្រះអង្គបានលោះយើង។
| ១ | ហាលេលូយ៉ា! ស្មូតទំនុកតម្កើងថ្វាយព្រះនៃយើងជាការល្អប្រពៃណាស់ សរសើរតម្កើងព្រះអង្គជាការមួយដ៏សប្បាយ ហើយប្រសើរបំផុត។ |
| ២ | ព្រះអម្ចាស់សង់ក្រុងយេរូសាឡឹមឡើងវិញ ព្រះអង្គនាំជនជាតិអ៊ីស្រាអែលដែលខ្ចាត់ខ្ចាយឱ្យត្រឡប់មកវិញ។ |
| ៣ | ព្រះអង្គប្រោសអ្នកដែលមានចិត្តគ្រាំគ្រាឱ្យបានធូរស្បើយ ព្រះអង្គរុំរបួសឱ្យគេ។ |
| ៤ | ព្រះអង្គរាប់ចំនួនផ្កាយទាំងប៉ុន្មាន ហើយព្រះអង្គដាក់ឈ្មោះឱ្យផ្កាយទាំងនោះ។ |
| ៥ | ព្រះរបស់យើងធំឧត្តុង្គឧត្ដម ព្រះអង្គមានព្រះចេស្ដាដ៏ខ្លាំងបំផុត ព្រះតម្រិះរបស់ព្រះអង្គឥតមានព្រំដែនឡើយ។ |
| ៦ | ព្រះអម្ចាស់ជួយគាំទ្រជនក្រីក្រ តែព្រះអង្គបន្ទាបមនុស្សអាក្រក់ដល់ដី។ |
| ៧ | ចូរនាំគ្នាច្រៀងអរព្រះគុណព្រះអម្ចាស់ ចូរស្មូតទំនុកតម្កើងថ្វាយព្រះនៃយើង ទាំងដេញពិណកំដរផង! |
| ៨ | ព្រះអង្គធ្វើឱ្យមានពពកបាំងបិទផ្ទៃមេឃ ព្រះអង្គរៀបចំឱ្យមានភ្លៀង ធ្លាក់មកលើផែនដី ព្រះអង្គធ្វើឱ្យមានស្មៅដុះនៅតាមភ្នំ |
| ៩ | ព្រះអង្គប្រទានចំណីដល់សត្វពាហនៈ ហើយពេលកូនក្អែកយំ ព្រះអង្គក៏ប្រទានចំណីដល់វាដែរ។ |
| ១០ | ព្រះអង្គមិនសព្វព្រះហឫទ័យនឹងកម្លាំងរបស់សេះទេ ហើយព្រះអង្គក៏មិនរវីរវល់នឹងកម្លាំងកាយរបស់មនុស្សដែរ |
| ១១ | តែព្រះអង្គគាប់ព្រះហឫទ័យនឹងអស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ គឺអស់អ្នកដែលផ្ញើជីវិតលើព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ ព្រះអម្ចាស់របស់យើងដែលត្រូវគេឆ្កាង និងមានព្រះជន្មរស់ឡើងវិញ ព្រះអង្គបានលោះយើង។
ទំនុកតម្កើងលេខ ១៤៧,១២-២០
បន្ទរទី២៖ ដើមឈើនៃជីវិតរីកដុះដាលនៅកណ្តាលចំណោមទីក្រុងយេរូសាឡឹមដ៏វិសុទ្ធ ហើយស្លឹករបស់វាមានអំណាចក្នុងការសង្រ្គោះប្រជាជាតិទាំងឡាយ។
(បទព្រហ្មគីតិ)
| ១២- | ក្រុងយេរូសាឡឹម | កុំស្ងាត់ស្ងៀមនៅរេរង់ | |
| ព្រមទាំងក្រុងស៊ីយ៉ូន | ចូរត្រៀមខ្លួនថ្កើងព្រះម្ចាស់ | ។ | |
| ១៣- | ដ្បិតព្រះអង្គការពារ | អ្នករាល់គ្នាបានសុខណាស់ | |
| ទ្រង់ឱ្យពរដល់រាស្រ្ត | ដែលរស់ពាសពេញទីក្រុង | ។ | |
| ១៤- | ទ្រង់ប្រទានទឹកដី | មានសេរីសុខត្រចង់ | |
| សន្តិភាពគ្រប់ជ្រុង | ស្រូវបម្រុងច្រើនមហិមា | ។ | |
| ១៥- | នៅលើផ្ទៃផែនដី | ស្រស់ប្រិមប្រីយ៍ទ្រង់បញ្ជា | |
| ផ្សព្វផ្សាយគ្រប់ទិសា | ពីបញ្ជាព្រះអម្ចាស់ | ។ | |
| ១៦- | ព្រះអង្គឱ្យទឹកកក | ធ្លាក់ចុះមកច្រើនដេរដាស | |
| សន្សើមត្រជាក់ណាស់ | ក៏ធ្លាក់ចុះតាមបញ្ជា | ។ | |
| ១៧- | ព្រះអង្គធ្វើឱ្យព្រឹល | ធ្លាក់មិនខ្ជិលច្រើនមហិមា | |
| ឱ្យមានធាតុរងា | តើនរណាអាចទ្រាំបាន? | ។ | |
| ១៨- | ពេលទ្រង់មានបន្ទូល | ធ្វើឱ្យព្រឹលទាំងប៉ុន្មាន | |
| ទឹកកកគ្រប់ទីស្ថាន | រលាយបានជាទឹកអស់ | ។ | |
| ធ្វើឱ្យមានទាំងខ្យល់ | បោកវិលវល់មិនឈប់សោះ | ||
| បក់យកទឹកទាំងនោះ | ហូរតាមជ្រោះទៅមិនសល់ | ។ | |
| ១៩- | ទ្រង់សម្តែងឱ្យពូជ | លោកយ៉ាកុបស្តាប់បន្ទូល | |
| ក្រឹត្យវិន័យនិមល | ឱ្យអ៊ីស្រាអែលបានដឹង | ។ | |
| ២០- | ព្រះអង្គពុំបញ្ជា | សព្វកិច្ចការអស់ទាំងហ្នឹង | |
| ឱ្យជាតិសាសន៍ផ្សេងដឹង | វិន័យទ្រង់នោះសោះឡើយ | ។ | |
| សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
| និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
បន្ទរ៖ ដើមឈើនៃជីវិតរីកដុះដាលនៅកណ្តាលចំណោមទីក្រុងយេរូសាឡឹមដ៏វិសុទ្ធ ហើយស្លឹករបស់វាមានអំណាចក្នុងការសង្រ្គោះប្រជាជាតិទាំងឡាយ។
បទលើកតម្កើងតាមលិខិតភីលីព (ភីល ២,៦-១១)
បន្ទរទី៣៖ យើងត្រូវតែលើកតម្កើងឈើឆ្កាងរបស់ព្រះយេស៊ូគ្រីស្ត ជាព្រះអម្ចាស់នៃយើង។
| ៦ | ទោះបីព្រះអង្គមានឋានៈជាព្រះជាម្ចាស់ក៏ដោយ ក៏ព្រះអង្គពុំបានក្ដោបក្តាប់ឋានៈដែលស្មើនឹងព្រះជាម្ចាស់នេះ ទុកជាកម្មសិទ្ធិដាច់មុខរបស់ព្រះអង្គឡើយ។ |
| ៧ | ផ្ទុយទៅវិញ ព្រះអង្គបានលះបង់អ្វីៗទាំងអស់មកយកឋានៈជាទាសករ ព្រះអង្គបានទៅជាមនុស្សដូចមនុស្សឯទៀតៗ ហើយក៏រស់នៅក្នុងភាពជាមនុស្សសាមញ្ញដែរ។ |
| ៨ | ព្រះអង្គបានដាក់ខ្លួន ធ្វើតាមព្រះបញ្ជារហូតដល់សោយទិវង្គត គឺរហូតដល់សោយទិវង្គតលើឈើឆ្កាងថែមទៀតផង។ |
| ៩ | ហេតុនេះហើយបានជាព្រះជាម្ចាស់លើកតម្កើងព្រះអង្គឡើងយ៉ាងខ្ពង់ខ្ពស់បំផុត ព្រមទាំងប្រោសប្រទានឱ្យព្រះអង្គមានព្រះនាមប្រសើរលើសអ្វីៗទាំងអស់ |
| ១០ | ដើម្បីឱ្យអ្វីៗទាំងអស់ ទាំងនៅស្ថានបរមសុខ ទាំងនៅលើផែនដី ទាំងនៅក្រោមដី នាំគ្នាក្រាបថ្វាយបង្គំ នៅពេលណាឮព្រះនាមព្រះយេស៊ូ |
| ១១ | និងឱ្យមនុស្សគ្រប់ភាសាប្រកាសឡើងថា ព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់ ដើម្បីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ជាព្រះបិតា។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ យើងត្រូវតែលើកតម្កើងឈើឆ្កាងរបស់ព្រះយេស៊ូគ្រីស្ត ជាព្រះអម្ចាស់នៃយើង។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១ករ ១,២៣-២៤)
រីឯយើងវិញ យើងប្រកាសអំពីព្រះគ្រីស្តដែលសោយទិវង្គតនៅលើឈើឆ្កាង។ សាសន៍យូដាយល់ឃើញថា ពាក្យប្រកាសនេះរារាំងគេមិនឱ្យជឿ ហើយសាសន៍ដទៃយល់ឃើញថាជារឿងលេលា។ ប៉ុន្តែ ចំពោះអស់អ្នកដែលព្រះជាម្ចាស់បានត្រាស់ហៅ ទាំងសាសន៍យូដា ទាំងសាសន៍ក្រិក គេចាត់ទុកព្រះគ្រីស្តថាជាឫទ្ធានុភាព និងជាព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់វិញ។
បន្ទរ៖ ទីសម្គាល់នេះ នឹងលេចចេញពីផ្ទៃមេឃ *នៅពេលព្រះអម្ចាស់យាងមក។ បន្ទរឡើងវិញ៖…
-ចូរអ្នករាល់គ្នាងើបមើលទៅលើ ពីព្រោះព្រះជាម្ចាស់ជិតរំដោះអ្នករាល់គ្នាហើយ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ៖ ព្រះគ្រីស្ដត្រូវរងទុក្ខលំបាក ហើយមានព្រះជន្មរស់ឡើងវិញនៅថ្ងៃទីបី។
| ៤៦ | «ព្រលឹងខ្ញុំសូមលើកតម្កើងព្រះអម្ចាស់* |
| ៤៧ | ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ |
| ៤៨ | ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា ខ្ញុំជាអ្នកមានសុភមង្គលពិតមែន |
| ៤៩ | ព្រះដ៏មានតេជានុភាព បានសម្ដែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។ ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន! |
| ៥០ | ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គនៅគ្រប់ជំនាន់តរៀងទៅ |
| ៥១ | ទ្រង់បានសម្ដែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ |
| ៥២ | ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។ |
| ៥៣ | ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។ |
| ៥៤ | ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ ហើយតែងតែសម្ដែងព្រះហឫទ័យមេត្តាករុណា |
| ៥៥ | ដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ ដូចទ្រង់បានសន្យាជាមួយបុព្វបុរសយើង ឥតភ្លេចសោះឡើយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ឬ ទំនុកតម្កើងរបស់ព្រះនាងម៉ារី (តាមបែបស្មូត) បទព្រហ្មគីតិ
| ៤៧ | ខ្ញុំមានចិត្តអំណរ | សប្បាយអរពន់ពេកណាស់ | |
| ព្រោះខ្ញុំបានដឹងច្បាស់ | ថាព្រះម្ចាស់ទ្រង់សង្គ្រោះ | ។ | |
| ៤៨ | ព្រះអង្គទតមកខ្ញុំ | ជាអ្នកបម្រើស្ម័គ្រស្មោះ | |
| តទៅមនុស្សទាំងអស់ | ថាខ្ញុំនេះសែនសុខក្រៃ | ។ | |
| ៤៩ | ព្រះដ៏មានឫទ្ធា | ខ្លាំងអស្ចារ្យលើលោកីយ៍ | |
| សម្ដែងឫទ្ធិបារមី | ព្រះនាមថ្លៃថ្លាវិសុទ្ធ | ។ | |
| ៥០ | ទ្រង់មានព្រះហឫទ័យ | ត្រាប្រណីខ្ពស់បំផុត | |
| ដល់អ្នកគោរពកោត | ខ្លាចព្រះអង្គរៀងរហូត | ។ | |
| ៥១ | ព្រះអង្គសម្ដែងឫទ្ធិ | អស្ចារ្យពិតមិនរលត់ | |
| កម្ចាត់មនុស្សមានពុត | ឆ្មើងបំផុតឫកខែងរែង | ។ | |
| ៥២ | ទ្រង់បានច្រានទម្លាក់ | អ្នកធំធ្លាក់ពីតំណែង | |
| ឥតមានខ្លាចរអែង | ហើយទ្រង់តែងលើកអ្នកទាប | ។ | |
| ៥៣ | ព្រះអង្គប្រោសប្រទាន | ឱ្យអ្នកឃ្លានឆ្អែតដរាប | |
| អ្នកមានធនធានស្រាប់ | ដេញត្រឡប់ដៃទទេ | ។ | |
| ៥៤ | ព្រះអង្គបានជួយរាស្ត្រ | ទ្រង់ទាំងអស់ឥតប្រួលប្រែ | |
| អ៊ីស្រាអែលនៅក្បែរ | ជាបម្រើដ៏ស្មោះស្ម័គ្រ | ។ | |
| ៥៥ | ទ្រង់តែងមានព្រះទ័យ | ករុណាក្រៃមិនថ្នាំងថ្នាក់ | |
| លោកអប្រាហាំជាក់ | និងពូជពង្សលោកជានិច្ច | ។ | |
| ដូចទ្រង់បានសន្យា | នឹងដូនតាឥតមានភ្លេច | ||
| ព្រះអង្គចាំជានិច្ច | គ្មានកលកិច្ចប្រែប្រួលឡើយ | ។ | |
| សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
| និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
បន្ទរ៖ ព្រះគ្រីស្ដត្រូវរងទុក្ខលំបាក ហើយមានព្រះជន្មរស់ឡើងវិញនៅថ្ងៃទីបី។
ពាក្យអង្វរសកល
ចូរយើងទូលអង្វរព្រះគ្រីស្តដោយមានជំនឿចិត្ត ដ្បិតព្រះអង្គបានស៊ូទ្រាំនៅលើឈើឆ្កាង ដើម្បីសង្រ្គោះយើង ៖
បន្ទរ៖ បពិត្រព្រះអម្ចាស់ ! តាមរយៈឈើឆ្កាងរបស់ព្រះអង្គ សូមនាំយើងខ្ញុំទៅកាន់សិរីរុងរឿងនៃព្រះរាជ្យរបស់ព្រះអង្គផង !
បពិត្រព្រះគ្រីស្ត ! ព្រះអង្គបានដាក់ខ្លួនមកយកឋានៈជាអ្នកបម្រើ ដូចយើងខ្ញុំ
—សូមប្រោសឱ្យប្រជារាស្រ្តព្រះអង្គដើរតាមគំរូនៃការដាក់ខ្លួនរបស់ព្រះអង្គផង។ (បន្ទរ)
ព្រះអង្គបានបន្ទាបខ្លួនស្តាប់បង្គាប់ រហូតដល់សោយទិវង្គតនៅលើឈើឆ្កាង
—សូមប្រោសឱ្យអ្នកបម្រើព្រះអង្គចេះយកតម្រាប់តាមការស្តាប់បង្គាប់របស់ព្រះអង្គ និងមានឆន្ទៈទទួលយករាល់ការសាកល្បងនានា។ (បន្ទរ)
បពិត្រព្រះគ្រីស្តជាអម្ចាស់ ! ព្រះបិតាបានប្រោសព្រះអង្គឱ្យតើនឡើង ព្រមទាំងប្រទានឱ្យព្រះអង្គមានព្រះនាមប្រសើរលើសអ្វីៗទាំងអស់
—សូមឱ្យប្រជារាស្រ្តព្រះអង្គ មានចិត្តសង្ឃឹមយ៉ាងមាំអំពីការរស់ឡើងវិញ និងតស៊ូរហូតដល់ទីបំផុតផង។ (បន្ទរ)
ឱព្រះគ្រីស្តអើយ ! គ្រប់ជង្គង់នៅស្ថានបរមសុខ នៅលើផែនដី និងនៅក្រោមដី នឹងនាំគ្នាក្រាបថ្វាយបង្គំព្រះនាមព្រះអង្គ
—សូមព្រះអង្គចាក់បង្ហូរសេចក្តីស្រឡាញ់មកលើមនុស្សទាំងអស់ ដើម្បីឱ្យពួកគេអាចចូលរួមជាមួយគ្នា ក្នុងការប្រកាសពីសិរីរុងរឿងរបស់ព្រះអង្គផង។ (បន្ទរ)
បពិត្រព្រះគ្រីស្ត ! មនុស្សគ្រប់ភាសានឹងប្រកាសថា ព្រះអង្គជាព្រះអម្ចាស់ ដើម្បីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ជាព្រះបិតា
—សូមព្រះអង្គស្វាគមន៍បងប្អូនយើងខ្ញុំ ដែលបានទទួលមរណភាពទៅហើយ ឱ្យចូលទៅក្នុងអំណរសប្បាយនៃព្រះរាជ្យអស់កល្បជានិច្ចផង។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
ឱព្រះជាម្ចាស់អើយ ! ព្រះអង្គសព្វព្រះហឫទ័យឱ្យព្រះបុត្រាតែមួយរបស់ព្រះអង្គបូជាព្រះជន្មនៅលើឈើឆ្កាង ដើម្បីសង្គ្រោះមនុស្សគ្រប់ជាតិសាសន៍។ ដូចយើងខ្ញុំបានយល់ពីគម្រោងការដ៏អស្ចារ្យនេះ នៅលើផែនដីយ៉ាងណា សូមព្រះអង្គប្រោសឱ្យយើងខ្ញុំទទួលការសង្គ្រោះ ក្នុងស្ថានបរមសុខយ៉ាងនោះដែរ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា ៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច ៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។
