រដូវធម្មតា
ទុក្ខលំបាករបស់សន្តយ៉ូហានបាទីស្ត
(បុណ្យរំឭកចាំបាច់)
ថ្ងៃសុក្រ អាទិត្យទី២១
(ពេលល្ងាច)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១១៦,១-៩
បន្ទរទី១៖ កុំភ័យខ្លាចពួកគេឡើយ ដ្បិតយើងនៅជាមួយអ្នក ដើម្បីរំដោះអ្នក!» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
| ១ | ខ្ញុំស្រឡាញ់ព្រះអម្ចាស់ ដ្បិតព្រះអង្គទ្រង់ព្រះសណ្តាប់សំឡេងខ្ញុំដែលទទូចអង្វរ |
| ២ | ព្រះអង្គផ្ទៀងព្រះការណ៌ស្តាប់ខ្ញុំ ខ្ញុំនឹងអង្វរព្រះអង្គអស់មួយជីវិត។ |
| ៣ | មច្ចុរាជបានរួបរឹតខ្ញុំ ធ្វើឱ្យខ្ញុំអន្ទះអន្ទែងភ័យខ្លាចស្លាប់ ខ្ញុំរងទុក្ខលំបាក ហើយឈឺចុកចាប់ពន់ប្រមាណ។ |
| ៤ | ពេលនោះ ខ្ញុំអង្វររកព្រះនាមព្រះអម្ចាស់ថា ៖ “ឱព្រះអម្ចាស់អើយ! សូមអាណិតមេត្តាទូលបង្គំផង!” |
| ៥ | ព្រះអម្ចាស់តែងតែប្រណីសន្តោស ព្រះអង្គសុចរិត ព្រះរបស់យើងប្រកបដោយព្រះហឫទ័យមេត្តាករុណា។ |
| ៦ | ព្រះអម្ចាស់ជួយការពារមនុស្សទន់ទាប ពេលខ្ញុំធ្លាក់ខ្លួនខ្សោយ ព្រះអង្គបានសង្គ្រោះខ្ញុំ។ |
| ៧ | ខ្ញុំនឹងលែងខ្វល់ខ្វាយអ្វីទៀតហើយ ដ្បិតព្រះអម្ចាស់ប្រោសប្រទានឱ្យខ្ញុំបានសុខសាន្ត។ |
| ៨ | ព្រះអង្គបានរំដោះខ្ញុំឱ្យរួចពីស្លាប់ ព្រះអង្គជូតទឹកភ្នែកខ្ញុំ ហើយការពារខ្ញុំមិនឱ្យជំពប់ដួលឡើយ។ |
| ៩ | ខ្ញុំនឹងដើរនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ក្នុងពិភពមនុស្សលោកនេះ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ កុំភ័យខ្លាចពួកគេឡើយ ដ្បិតយើងនៅជាមួយអ្នក ដើម្បីរំដោះអ្នក!» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ទំនុកតម្កើងលេខ ១១៦,១០-១៩
បន្ទរទី២៖ ស្ដេចបញ្ជាពេជ្ឈឃាតម្នាក់ ឱ្យទៅយកក្បាលលោកយ៉ូហាននៅក្នុងគុក។
(បទព្រហ្មគីតិ)
| ១០- | ទោះជាខ្ញុំពោលថា | រស់ខ្លោចផ្សាទ្រូងស្ទើរប្រេះ | |
| គង់តែរូបខ្ញុំនេះ | មិនចោលព្រះសង្ឃឹមជាប់ | ||
| ១១- | ពេលខ្ញុំមានកង្វល់ | ចិត្តខ្វាយខ្វល់មិនបានស្ងប់ | |
| ខ្ញុំពោលឡើងគ្រប់សព្វ | ថាខ្ញុំស្អប់ជនគ្រប់ប្រាណ | ||
| ១២- | តើខ្ញុំអាចយកអ្វី | តបព្រះទ័យម្ចាស់ថ្កើងថ្កាន | |
| ដែលព្រះអម្ចាស់បាន | ប្រោសគ្រប់ប្រាណបានសមរម្យ | ||
| ១៣- | គឺខ្ញុំត្រូវលើកពែង | ទាំងថ្លាថ្លែងនាមឧត្តម | |
| ព្រះអង្គរំដោះខ្ញុំ | យើងស្រែកសុំរកព្រះម្ចាស់ | ||
| ១៤- | ខ្ញុំនឹងយកតង្វាយ | មកដាក់ថ្វាយក្រាបសំពះ | |
| លាបំណន់ពីព្រះ | ជាអម្ចាស់មុខប្រជា | ||
| ១៥- | ទ្រង់ព្រួយព្រះទ័យណាស់ | ពេលមានរាស្រ្តស្លាប់វេទនា | |
| ជនវិសុទ្ធគ្រប់គ្នា | ទ្រង់ការពារមិនស្លាប់ឡើយ | ||
| ១៦- | ឱព្រះម្ចាស់ប្រសើរ | ខ្ញុំបម្រើព្រះអង្គហើយ | |
| ព្រះអង្គមិនកន្តើយ | ខ្ញុំបានស្បើយពីមរណា | ||
| ១៧- | ទូលបង្គំសូមថ្វាយ | យញ្ញទាំងឡាយដោយជ្រះថ្លា | |
| អង្វរព្រះបិតា | ព្រះបុត្រាខ្ពស់ពេកពន់ | ||
| ១៨- | ខ្ញុំនឹងយកតង្វាយ | មកដាក់ថ្វាយលាបំណន់ | |
| នៅមុខប្រជាជន | ដែលបានបន់ដល់ព្រះអង្គ | ||
| ១៩- | គឺនៅក្នុងទីធ្លា | ព្រះវិហារស្រស់បំព្រង | |
| ស្ថិតនៅកណ្តាលក្រុង | សូមផ្ចិតផ្ចង់លើកតម្កើង | ||
| សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
| និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច |
បន្ទរ៖ ស្ដេចបញ្ជាពេជ្ឈឃាតម្នាក់ ឱ្យទៅយកក្បាលលោកយ៉ូហាននៅក្នុងគុក។
បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ៤,១១.៥,៩-១០.១២)
បន្ទរទី៣៖ កាលពួកសិស្សរបស់លោកយ៉ូហានបានឮដំណឹងនេះ គេនាំគ្នាមកយកសពរបស់លោកទៅបញ្ចុះក្នុងផ្នូរ។
| ១១ | “បពិត្រព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំ ព្រះអង្គសមនឹងទទួលសិរីរុងរឿង ព្រះកិត្តិនាម និងឫទ្ធានុភាព ដ្បិតព្រះអង្គបានបង្កើតរបស់សព្វសារពើមក អ្វីៗទាំងអស់សុទ្ធតែកើតមាន ហើយនៅស្ថិតស្ថេរ ដោយសារព្រះហឫទ័យរបស់ព្រះអង្គ” ។ |
| ៩ | គេនាំគ្នាច្រៀងបទចម្រៀងថ្មីថា៖ “ព្រះអង្គសមនឹងទទួលក្រាំង ហើយបកត្រាផង ព្រោះទ្រង់ត្រូវគេសម្លាប់ធ្វើយញ្ញបូជា ព្រះអង្គបានលោះមនុស្សពីគ្រប់ពូជ គ្រប់ភាសា គ្រប់ប្រជាជន និងពីគ្រប់ជាតិសាសន៍ យកមកថ្វាយព្រះជាម្ចាស់ ដោយសារព្រះលោហិតរបស់ព្រះអង្គ។ |
| ១០ | ព្រះអង្គបានធ្វើឱ្យគេទៅជារាជាណាចក្រ និងជាក្រុមបូជាចារ្យ បម្រើព្រះជាម្ចាស់របស់យើង ហើយអ្នកទាំងនោះនឹងគ្រងរាជ្យលើផែនដី” ។ |
| ១២ | នាំគ្នាបន្លឺសំឡេងយ៉ាងខ្លាំងៗថា៖ កូនចៀមដែលគេសម្លាប់ធ្វើយញ្ញបូជា ទ្រង់សមនឹងទទួលឫទ្ធានុភាព រាជសម្បត្តិ ព្រះប្រាជ្ញាញាណ ឥទ្ធិឫទ្ធិ ព្រះកិត្តិនាម សិរីរុងរឿង និងការសរសើរតម្កើង” ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ កាលពួកសិស្សរបស់លោកយ៉ូហានបានឮដំណឹងនេះ គេនាំគ្នាមកយកសពរបស់លោកទៅបញ្ចុះក្នុងផ្នូរ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (កក ១៣,២៣-២៥)
ក្នុងព្រះរាជវង្សរបស់ព្រះបាទដាវីឌនេះហើយ ដែលព្រះជាម្ចាស់ប្រទានឱ្យព្រះយេស៊ូកើតមក និងធ្វើជាព្រះសង្គ្រោះរបស់ជនជាតិអ៊ីស្រាអែល ស្របតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ។ មុននឹងព្រះយេស៊ូយាងមកដល់ លោកយ៉ូហានបានប្រកាសឱ្យជនជាតិអ៊ីស្រាអែលទាំងមូលកែប្រែចិត្តគំនិត ដោយទទួលពិធីជ្រមុជទឹក។ ពេលលោកយ៉ូហានបំពេញមុខងាររបស់លោកចប់សព្វគ្រប់ហើយ លោកមានប្រសាសន៍ថាៈ “ខ្ញុំនេះមិនមែនជាអ្នក ដែលបងប្អូនទន្ទឹងរង់ចាំនោះទេ។ ឥឡូវនេះ មានលោកម្នាក់មកតាមក្រោយខ្ញុំ លោកមានឋានៈខ្ពង់ខ្ពស់ណាស់ បើខ្ញុំស្រាយខ្សែស្បែកជើងជូនលោក ក៏មិនសមនឹងឋានៈរបស់លោកផង” ។
បន្ទរ៖ រីឯមិត្តសម្លាញ់របស់ស្វាមី មានចិត្តត្រេកអរក្រៃលែង *ដោយបានឮសំឡេងរបស់គាត់។ បន្ទរឡើងវិញ៖…
-ខ្ញុំក៏ពោរពេញដោយអំណរដូច្នោះដែរ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ៖ ខ្ញុំមិនមែនជាព្រះគ្រីស្ដទេ គឺព្រះជាម្ចាស់បានចាត់ខ្ញុំឱ្យមកមុនព្រះអង្គ។ ព្រះអង្គត្រូវតែចម្រើនឡើង រីឯខ្ញុំវិញ ខ្ញុំត្រូវតែអន់ថយ។
| ៤៦ | «ព្រលឹងខ្ញុំសូមលើកតម្កើងព្រះអម្ចាស់* |
| ៤៧ | ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ |
| ៤៨ | ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា ខ្ញុំជាអ្នកមានសុភមង្គលពិតមែន |
| ៤៩ | ព្រះដ៏មានតេជានុភាព បានសម្ដែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។ ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន! |
| ៥០ | ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គនៅគ្រប់ជំនាន់តរៀងទៅ |
| ៥១ | ទ្រង់បានសម្ដែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ |
| ៥២ | ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។ |
| ៥៣ | ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។ |
| ៥៤ | ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ ហើយតែងតែសម្ដែងព្រះហឫទ័យមេត្តាករុណា |
| ៥៥ | ដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ ដូចទ្រង់បានសន្យាជាមួយបុព្វបុរសយើង ឥតភ្លេចសោះឡើយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ឬ ទំនុកតម្កើងរបស់ព្រះនាងម៉ារី (តាមបែបស្មូត) បទព្រហ្មគីតិ
| ៤៧ | ខ្ញុំមានចិត្តអំណរ | សប្បាយអរពន់ពេកណាស់ | |
| ព្រោះខ្ញុំបានដឹងច្បាស់ | ថាព្រះម្ចាស់ទ្រង់សង្គ្រោះ | ។ | |
| ៤៨ | ព្រះអង្គទតមកខ្ញុំ | ជាអ្នកបម្រើស្ម័គ្រស្មោះ | |
| តទៅមនុស្សទាំងអស់ | ថាខ្ញុំនេះសែនសុខក្រៃ | ។ | |
| ៤៩ | ព្រះដ៏មានឫទ្ធា | ខ្លាំងអស្ចារ្យលើលោកីយ៍ | |
| សម្ដែងឫទ្ធិបារមី | ព្រះនាមថ្លៃថ្លាវិសុទ្ធ | ។ | |
| ៥០ | ទ្រង់មានព្រះហឫទ័យ | ត្រាប្រណីខ្ពស់បំផុត | |
| ដល់អ្នកគោរពកោត | ខ្លាចព្រះអង្គរៀងរហូត | ។ | |
| ៥១ | ព្រះអង្គសម្ដែងឫទ្ធិ | អស្ចារ្យពិតមិនរលត់ | |
| កម្ចាត់មនុស្សមានពុត | ឆ្មើងបំផុតឫកខែងរែង | ។ | |
| ៥២ | ទ្រង់បានច្រានទម្លាក់ | អ្នកធំធ្លាក់ពីតំណែង | |
| ឥតមានខ្លាចរអែង | ហើយទ្រង់តែងលើកអ្នកទាប | ។ | |
| ៥៣ | ព្រះអង្គប្រោសប្រទាន | ឱ្យអ្នកឃ្លានឆ្អែតដរាប | |
| អ្នកមានធនធានស្រាប់ | ដេញត្រឡប់ដៃទទេ | ។ | |
| ៥៤ | ព្រះអង្គបានជួយរាស្ត្រ | ទ្រង់ទាំងអស់ឥតប្រួលប្រែ | |
| អ៊ីស្រាអែលនៅក្បែរ | ជាបម្រើដ៏ស្មោះស្ម័គ្រ | ។ | |
| ៥៥ | ទ្រង់តែងមានព្រះទ័យ | ករុណាក្រៃមិនថ្នាំងថ្នាក់ | |
| លោកអប្រាហាំជាក់ | និងពូជពង្សលោកជានិច្ច | ។ | |
| ដូចទ្រង់បានសន្យា | នឹងដូនតាឥតមានភ្លេច | ||
| ព្រះអង្គចាំជានិច្ច | គ្មានកលកិច្ចប្រែប្រួលឡើយ | ។ | |
| សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
| និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
បន្ទរ៖ ខ្ញុំមិនមែនជាព្រះគ្រីស្ដទេ គឺព្រះជាម្ចាស់បានចាត់ខ្ញុំឱ្យមកមុនព្រះអង្គ។ ព្រះអង្គត្រូវតែចម្រើនឡើង រីឯខ្ញុំវិញ ខ្ញុំត្រូវតែអន់ថយ។
ពាក្យអង្វរសកល
ចូរយើងទូលអង្វរព្រះជាម្ចាស់ជាព្រះបិតា ដោយអំណរសប្បាយ ដ្បិតព្រះអង្គបានត្រាស់ហៅលោកយ៉ូហាន បាទីស្ត ដើម្បីប្រកាសពីការយាងមកនៃព្រះរាជ្យរបស់ព្រះគ្រីស្ត ៖
បន្ទរ៖ បពិត្រព្រះអម្ចាស់ ! សូមព្រះអង្គតម្រង់ផ្លូវយើងខ្ញុំឆ្ពោះទៅរកសេចក្ដីសុខសាន្ត !
បពិត្រព្រះបិតា ! ព្រះអង្គបានត្រាស់ហៅលោកយ៉ូហាន បាទីស្ត ឱ្យចេញពីផ្ទៃម្តាយ ដើម្បីរៀបចំផ្លូវថ្វាយព្រះបុត្រាព្រះអង្គ
—សូមជួយយើងខ្ញុំឱ្យដើរតាមផ្លូវដែលលោកយ៉ូហាន បាទីស្ត បានបើកនៅមុខព្រះអម្ចាស់យេស៊ូ។ (បន្ទរ)
សូមឱ្យព្រះសហគមន៍យកតម្រាប់តាមលោកយ៉ូហាន បាទីស្ត ដែលមិនភ័យខ្លាចនឹងចង្អុលបង្ហាញថា ព្រះអង្គជាកូនចៀមរបស់ព្រះជាម្ចាស់
—ដូច្នេះ មនុស្សគ្រប់ជំនាន់នឹងទទួលស្គាល់ថា ព្រះអម្ចាស់យាងមករកពួកគេ។ (បន្ទរ)
លោកយ៉ូហាន បាទីស្ត មិនបានលើកតម្កើងខ្លួនលោក ប៉ុន្តែ លោកទទួលស្គាល់តួនាទីរបស់លោក ជាអ្នកនាំមុខព្រះគ្រីស្ត
—សូមព្រះអង្គបង្រៀនយើងខ្ញុំឱ្យចេះទទួលស្គាល់ថា ព្រះអង្គគឺជាអ្នកផ្តល់ឱ្យអ្វីៗទាំងអស់ នូវព្រះអំណោយទានដ៏ល្អៗ ដែលយើងខ្ញុំត្រូវតែប្រើប្រាស់ក្នុងការបម្រើព្រះអង្គ។ (បន្ទរ)
ព្រះអង្គបានត្រាស់ហៅលោកយ៉ូហាន បាទីស្ត ឱ្យធ្វើជាបន្ទាល់អំពីព្រះអង្គ ដោយជីវិតរបស់លោក និងទោះបីជាសេចក្តីស្លាប់របស់លោកក៏ដោយ
—សូមជួយយើងខ្ញុំឱ្យយកតម្រាប់តាមសក្ខីភាពឥតឈប់ឈររបស់លោក ដែលថ្លែងប្រាប់អំពីសេចក្តីពិត។ (បន្ទរ)
សូមព្រះអង្គនឹកចាំដល់អស់អ្នកដែលបានទទួលមរណភាពផុតទៅហើយ
—សូមប្រទានឱ្យពួកគេមានទីកន្លែងនៃពន្លឺ សេចក្តីសុខសាន្ត និងសុភមង្គលផង។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
ឱព្រះជាម្ចាស់អើយ ! ព្រះអង្គសព្វព្រះហឫទ័យចាត់សន្តយ៉ូហានបាទីស្តមកផែនដីនេះ មុនព្រះបុត្រាព្រះអង្គ ទាំងនៅពេលលោកកើត ទាំងនៅពេលលោកទទួលមរណភាព។ សន្តយ៉ូហានបានបូជាជីវិតជាមរណសាក្សី ដើម្បីសេចក្តីពិត និងយុត្តិធម៌យ៉ាងណា សូមព្រះអង្គប្រោសឱ្យយើងខ្ញុំមានចិត្តពុះពារប្រកាសជំនឿ តាមសេចក្តីប្រៀនប្រដៅរបស់ព្រះអង្គយ៉ាងនោះដែរ។
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា ៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច ៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។
