រដូវធម្មតា
សន្តអូគូស្តាំង ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
(បុណ្យរំឭកចាំបាច់)
ថ្ងៃព្រហស្បតិ៍ អាទិត្យទី២១
(ពេលល្ងាច)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ៣០
ព្រះអង្គបានរំដោះទូលបង្គំឱ្យរួចពីស្លាប់
ព្រះគ្រីស្តអរព្រះគុណព្រះបិតា ក្រោយពីព្រះអង្គមានព្រះជន្មរស់ឡើងវិញដ៏រុងរឿង (Cassian)។
បន្ទរទី១ ៖ ឱព្រះអម្ចាស់អើយ ! ទូលបង្គំស្រែកអង្វរព្រះអង្គ ហើយព្រះអង្គប្រោសទូលបង្គំឱ្យបានជា។
| ២ | បពិត្រព្រះអម្ចាស់! ទូលបង្គំសូមលើកតម្កើងព្រះអង្គ ព្រោះព្រះអង្គបានស្រោចស្រង់ទូលបង្គំ ព្រះអង្គពុំបានបណ្តោយឱ្យខ្មាំងសត្រូវ លេងសើចនឹងទូលបង្គំឡើយ។ |
| ៣ | ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ! ទូលបង្គំស្រែកអង្វរព្រះអង្គ ហើយព្រះអង្គប្រោសទូលបង្គំឱ្យបានជា។ |
| ៤ | បពិត្រព្រះអម្ចាស់! ព្រះអង្គបានស្រង់ជីវិតទូលបង្គំចេញពីចំណោមមនុស្សស្លាប់ ទូលបង្គំធ្លាក់ទៅក្នុងរណ្តៅមច្ចុរាជ តែព្រះអង្គប្រោសទូលបង្គំឱ្យមានជីវិតឡើងវិញ។ |
| ៥ | អ្នករាល់គ្នាដែលជាប្រជារាស្ត្ររបស់ព្រះអង្គអើយ! ចូរច្រៀងបទតម្កើងព្រះអម្ចាស់! ចូរលើកតម្កើងព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ! |
| ៦ | ព្រះអង្គទ្រង់ព្រះពិរោធតែមួយស្របក់ តែព្រះអង្គប្រណីសន្តោសមនុស្សអស់មួយជីវិត។ ពេលល្ងាច គេបង្ហូរទឹកភ្នែក តែព្រលឹមឡើង គេនឹងអរសប្បាយវិញ។ |
| ៧ | នៅពេលទូលបង្គំបានសុខសាន្ត ទូលបង្គំពោលថា “ទូលបង្គំនឹងមិនត្រូវរលំឡើយ!” ។ |
| ៨ | បពិត្រព្រះអម្ចាស់! ព្រះអង្គបានប្រោសឱ្យទូលបង្គំរឹងប៉ឹងដូចភ្នំ តែព្រះអង្គបានលាក់ព្រះភក្រ្តពីទូលបង្គំ នោះទូលបង្គំតក់ស្លុតក្រៃលែង។ |
| ៩ | ឱព្រះអម្ចាស់អើយ! ទូលបង្គំបានស្រែកដង្ហោយអង្វរព្រះអង្គ ទូលបង្គំទទូចអង្វរព្រះអម្ចាស់ថា ៖ |
| ១០ | “បើព្រះអង្គទុកឱ្យទូលបង្គំស្លាប់ តើបានប្រយោជន៍អ្វី? បើព្រះអង្គឱ្យទូលបង្គំធ្លាក់ទៅក្នុងរណ្តៅមច្ចុរាជ្យ តើបានប្រយោជន៍អ្វី? តើមនុស្សស្លាប់អាចសរសើរព្រះអង្គកើតឬ? តើគេអាចថ្លែងពីព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គកើតឬ? |
| ១១ | ឱព្រះអម្ចាស់អើយ! សូមអាណិតមេត្តាស្តាប់ពាក្យទូលបង្គំ! ឱព្រះអម្ចាស់អើយ! សូមយាងមកសង្គ្រោះទូលបង្គំផង!” ។ |
| ១២ | ព្រះអង្គបានធ្វើឱ្យទុក្ខសោករបស់ទូលបង្គំ ប្រែទៅជាអំណរសប្បាយវិញ ព្រះអង្គបានយកសម្លៀកបំពាក់កាន់ទុក្ខចេញ ហើយប្រទានសម្លៀកបំពាក់សម្រាប់ពិធីបុណ្យឱ្យទូលបង្គំវិញ។ |
| ១៣ | ដូច្នេះ ទូលបង្គំនៅស្ងៀមមិនបានឡើយ ទូលបង្គំស្មូតទំនុកតម្កើង បពិត្រព្រះអម្ចាស់ជាព្រះនៃទូលបង្គំ! ទូលបង្គំសរសើរតម្កើងព្រះអង្គរហូតតទៅ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ឱព្រះអម្ចាស់អើយ ! ទូលបង្គំស្រែកអង្វរព្រះអង្គ ហើយព្រះអង្គប្រោសទូលបង្គំឱ្យបានជា។
ទំនុកតម្កើងលេខ ៣២
សុភមង្គលរបស់អ្នកដែលព្រះអម្ចាស់អត់ទោសឱ្យ
ហេតុនេះហើយបានជាព្រះបាទដាវីឌ ថ្លែងអំពីសុភមង្គលរបស់អ្នកដែលព្រះជាម្ចាស់ប្រោសឲ្យសុចរិត ដោយមិនគិតដល់ផលបុណ្យ (រ៉ូម ៤,៦)។
បន្ទរទី២ ៖ មានសុភមង្គលហើយ អស់អ្នកដែលព្រះអម្ចាស់មិនប្រកាន់ទោស ។
(បទព្រហ្មគីតិ)
| ១- | អ្នកដែលព្រះជាម្ចាស់ | លើកលែងទោសប្រោសប្រណី | |
| រួចពីបាបទុក្ខភ័យ | មានសិរីសុខមង្គល | ។ | |
| ២- | អស់អ្នកដែលព្រះម្ចាស់ | មិនចាប់ទោសផុតអំពល់ | |
| គ្មានចិត្តវៀចវិលវល់ | មានមង្គលសុខឥតល្ហែ | ។ | |
| ៣- | ដរាបណារូបខ្ញុំ | នៅមិនព្រមសារភាពទេ | |
| នោះខ្ញុំកើតទុក្ខទ្វេ | មិនឈប់ទេចុកចាប់ក្រៃ | ។ | |
| ៤- | ដ្បិតព្រះអង្គដាក់ទោស | ព្រោះខ្ញុំខុសទាំងយប់ថ្ងៃ | |
| ហេវខ្សោះស្ទើរក្សិណក្ស័យ | ដូចជាដីហួតទឹកអស់ | ។ | |
| ៥- | រូបខ្ញុំបានសារភាព | អំពើបាបមុខព្រះម្ចាស់ | |
| ខ្ញុំមិនលាក់លៀមសោះ | នូវកំហុសខ្ញុំនោះឡើយ | ។ | |
| ទូលបង្គំពោលថា | ខ្ញុំនេះណាសារភាពហើយ | ||
| ទោសខ្ញុំធ្ងន់ឥតស្បើយ | ទ្រង់លើកឱ្យរួចពីបាប | ។ | |
| ៦- | ហេតុនេះហើយបានជា | អ្នករាល់គ្នាប្រណិប័តន៍ក្រាប | |
| ព្រះម្ចាស់ជាដរាប | ជាប់រៀងរៀបមិនភិតភ័យ | ។ | |
| ទោះជាមានកង្វល់ | ជួបព្យុះខ្យល់ទឹកជន់ក្តី | ||
| ព្រះម្ចាស់តែងប្រណី | មិនឱ្យក្ស័យឬលិចលង់ | ។ | |
| ៧- | ព្រះអង្គជាជម្រក | ឱ្យខ្ញុំជ្រកមិនឱ្យហ្មង | |
| ការពាររូបខ្ញុំផង | កម្ចាត់បង់អាសន្នភ័យ | ។ | |
| ៨- | យើងនឹងប្រដៅអ្នក | ឱ្យស្គាល់ជាក់ផ្លូវប្រពៃ | |
| ផ្តល់យោបល់ថ្លាថ្លៃ | ថែរាល់ថ្ងៃមិនឱ្យឆ្គង | ។ | |
| ៩- | កុំឆោតល្ងង់ដូចលា | ឬសេះជាជំនិះម្តង | |
| ដាក់ដែកបង្ខាំងផង | រួចមានចងទាំងបង្ហៀរ | ។ | |
| ១០- | មនុស្សពាលត្រូវរងគ្រប់ | ទុក្ខទោសសព្វវេទនា | |
| ព្រះម្ចាស់តែងមេត្តា | ដល់អ្នកណាពឹងព្រះអង្គ | ។ | |
| ១១- | មនុស្សសុចរិតអើយ | កុំកន្តើយសប្បាយឡើង | |
| អស់អ្នកដែលទៀងត្រង់ | ស្រែកហ៊ោរផងដោយអំណរ | ។ | |
| សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
| និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
បន្ទរ ៖ មានសុភមង្គលហើយ អស់អ្នកដែលព្រះអម្ចាស់មិនប្រកាន់ទោស ។
បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ១១,១៧-១៨ ; ១២,១០ខ-១២ក)
ការវិនិច្ឆ័យទោសរបស់ព្រះជាម្ចាស់
បន្ទរទី៣ ៖ ព្រះបិតាបានប្រគល់អំណាចទាំងអស់ដល់ព្រះគ្រីស្ត ទាំងព្រះកិត្តិនាម និងរាជ្យសម្បត្តិ ហើយប្រជាជនទាំងអស់នឹងនាំគ្នាមកគោរពបម្រើព្រះអង្គ។
| ១៧ | “បពិត្រព្រះជាអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាលើអ្វីៗទាំងអស់ ព្រះអង្គមានព្រះជន្មគង់នៅសព្វថ្ងៃនេះ ហើយក៏មានព្រះជន្មគង់នៅ តាំងពីដើមរៀងមកដែរ! យើងខ្ញុំសូមអរព្រះគុណព្រះអង្គ ព្រោះទ្រង់បានយកឫទ្ធានុភាពដ៏ខ្លាំងក្លារបស់ព្រះអង្គ មកតាំងព្រះរាជ្យរបស់ព្រះអង្គឡើង។ |
| ១៨ | ជាតិសាសន៍នានាបាននាំគ្នាខឹង ហើយពេលដែលព្រះអង្គ សម្តែងព្រះពិរោធក៏មកដល់ដែរ គឺជាពេលកំណត់ដែលព្រះអង្គ វិនិច្ឆ័យទោសមនុស្សស្លាប់។ នៅពេលនោះ ព្រះអង្គនឹងប្រទានរង្វាន់ដល់ពួកព្យាការី ជាអ្នកបម្រើរបស់ព្រះអង្គ ដល់ប្រជាជនដ៏វិសុទ្ធ និងដល់អស់អ្នកដែលគោរពកោតខ្លាចព្រះនាមព្រះអង្គ ទាំងអ្នកតូច ទាំងអ្នកធំ ហើយក៏ជាពេលដែលព្រះអង្គត្រូវបំផ្លាញ អស់អ្នកដែលបានបំផ្លាញផែនដីដែរ” ។ |
| ១០ | “ឥឡូវនេះ ដល់ពេលព្រះជាម្ចាស់ សង្គ្រោះមនុស្សលោកហើយ ហើយឫទ្ធានុភាព និងព្រះរាជ្យព្រះជាម្ចាស់របស់យើង ព្រមទាំងអំណាចព្រះគ្រីស្តរបស់ព្រះអង្គក៏បានមកដល់ដែរ ដ្បិតអ្នកចោទប្រកាន់ទោសបងប្អូនយើង ត្រូវគេទម្លាក់ចោលហើយ គឺអ្នកនោះឯងដែលចោទប្រកាន់បងប្អូនយើង ទាំងថ្ងៃទាំងយប់ នៅមុខព្រះភក្ត្រនៃព្រះរបស់យើង។ |
| ១១ | បងប្អូនយើងបានឈ្នះវា ដោយសារព្រះលោហិតរបស់កូនចៀម និងដោយសក្ខីភាពរបស់ពួកគេ ហើយបងប្អូនទាំងនោះ បានស៊ូប្តូរជីវិតឥតស្តាយសោះឡើយ។ |
| ១២ | ហេតុនេះ ស្ថានបរមសុខ និងអស់អ្នកដែលរស់នៅក្នុងស្ថានបរមសុខអើយ! ចូរមានអំណរសប្បាយឡើង! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ព្រះបិតាបានប្រគល់អំណាចទាំងអស់ដល់ព្រះគ្រីស្ត ទាំងព្រះកិត្តិនាម និងរាជ្យសម្បត្តិ ហើយប្រជាជនទាំងអស់នឹងនាំគ្នាមកគោរពបម្រើព្រះអង្គ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១សល ១,៦-៩)
ហេតុនេះហើយបានជាបងប្អូនមានចិត្តរីករាយយ៉ាងខ្លាំង ទោះបីពេលនេះ បងប្អូនព្រួយចិត្តដោយជួបនឹងទុក្ខលំបាកផ្សេងៗ ក្នុងមួយរយៈពេលខ្លីក៏ដោយ។ ទុក្ខលំបាកទាំងនេះនឹងលត់ដំជំនឿរបស់បងប្អូន ឱ្យមានតម្លៃលើសមាស ដែលតែងតែរលាយសូន្យនោះទៅទៀត គឺមាសដែលសម្រាំងក្នុងភ្លើង។ នៅថ្ងៃដែលព្រះយេស៊ូគ្រីស្តសម្ដែងខ្លួនឱ្យមនុស្សលោកឃើញ ជំនឿរបស់បងប្អូននឹងទទួលការសរសើរ ទទួលសិរីរុងរឿង និងកិត្តិយសជាមិនខាន។ បងប្អូនមិនដែលបានឃើញព្រះអង្គទេ តែបងប្អូនស្រឡាញ់ព្រះអង្គ ទោះបីបងប្អូននៅតែពុំទាន់ឃើញព្រះអង្គក្តី ក៏បងប្អូនជឿលើព្រះអង្គ ហើយមានអំណរសប្បាយដ៏រុងរឿងរកថ្លែងពុំបាន ព្រោះបងប្អូនបានទទួលការសង្គ្រោះសម្រាប់ព្រលឹងខ្លួន ដែលជាទីដៅនៃជំនឿរបស់បងប្អូន។
បន្ទរ៖ ព្រះអម្ចាស់បានប្រទាននំប៉័ងធ្វើពីស្រូវសាលី *ជាអាហារដល់យើងបរិភោគ។ បន្ទរឡើងវិញ…
-ព្រមទាំងឱ្យយើងមានទឹកឃ្មុំបរិភោគយ៉ាងបរិបូណ៌ផង។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ៖ ឱសម្រស់ដែលមិនធ្លាប់មានពីបុរាណ និងមិនធ្លាប់មានថ្មី ខ្ញុំបានស្រឡាញ់ព្រះអង្គយឺតពេក ! ព្រះអង្គបានស្រែកហៅ ហើយព្រះអង្គបានបំបាត់ភាពថ្លង់របស់ខ្ញុំចេញ។
| ៤៦ | «ព្រលឹងខ្ញុំសូមលើកតម្កើងព្រះអម្ចាស់* |
| ៤៧ | ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ |
| ៤៨ | ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា ខ្ញុំជាអ្នកមានសុភមង្គលពិតមែន |
| ៤៩ | ព្រះដ៏មានតេជានុភាព បានសម្ដែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។ ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន! |
| ៥០ | ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គនៅគ្រប់ជំនាន់តរៀងទៅ |
| ៥១ | ទ្រង់បានសម្ដែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ |
| ៥២ | ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។ |
| ៥៣ | ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។ |
| ៥៤ | ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ ហើយតែងតែសម្ដែងព្រះហឫទ័យមេត្តាករុណា |
| ៥៥ | ដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ ដូចទ្រង់បានសន្យាជាមួយបុព្វបុរសយើង ឥតភ្លេចសោះឡើយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ឬ ទំនុកតម្កើងរបស់ព្រះនាងម៉ារី (តាមបែបស្មូត) បទព្រហ្មគីតិ
| ៤៧ | ខ្ញុំមានចិត្តអំណរ | សប្បាយអរពន់ពេកណាស់ | |
| ព្រោះខ្ញុំបានដឹងច្បាស់ | ថាព្រះម្ចាស់ទ្រង់សង្គ្រោះ | ។ | |
| ៤៨ | ព្រះអង្គទតមកខ្ញុំ | ជាអ្នកបម្រើស្ម័គ្រស្មោះ | |
| តទៅមនុស្សទាំងអស់ | ថាខ្ញុំនេះសែនសុខក្រៃ | ។ | |
| ៤៩ | ព្រះដ៏មានឫទ្ធា | ខ្លាំងអស្ចារ្យលើលោកីយ៍ | |
| សម្ដែងឫទ្ធិបារមី | ព្រះនាមថ្លៃថ្លាវិសុទ្ធ | ។ | |
| ៥០ | ទ្រង់មានព្រះហឫទ័យ | ត្រាប្រណីខ្ពស់បំផុត | |
| ដល់អ្នកគោរពកោត | ខ្លាចព្រះអង្គរៀងរហូត | ។ | |
| ៥១ | ព្រះអង្គសម្ដែងឫទ្ធិ | អស្ចារ្យពិតមិនរលត់ | |
| កម្ចាត់មនុស្សមានពុត | ឆ្មើងបំផុតឫកខែងរែង | ។ | |
| ៥២ | ទ្រង់បានច្រានទម្លាក់ | អ្នកធំធ្លាក់ពីតំណែង | |
| ឥតមានខ្លាចរអែង | ហើយទ្រង់តែងលើកអ្នកទាប | ។ | |
| ៥៣ | ព្រះអង្គប្រោសប្រទាន | ឱ្យអ្នកឃ្លានឆ្អែតដរាប | |
| អ្នកមានធនធានស្រាប់ | ដេញត្រឡប់ដៃទទេ | ។ | |
| ៥៤ | ព្រះអង្គបានជួយរាស្ត្រ | ទ្រង់ទាំងអស់ឥតប្រួលប្រែ | |
| អ៊ីស្រាអែលនៅក្បែរ | ជាបម្រើដ៏ស្មោះស្ម័គ្រ | ។ | |
| ៥៥ | ទ្រង់តែងមានព្រះទ័យ | ករុណាក្រៃមិនថ្នាំងថ្នាក់ | |
| លោកអប្រាហាំជាក់ | និងពូជពង្សលោកជានិច្ច | ។ | |
| ដូចទ្រង់បានសន្យា | នឹងដូនតាឥតមានភ្លេច | ||
| ព្រះអង្គចាំជានិច្ច | គ្មានកលកិច្ចប្រែប្រួលឡើយ | ។ | |
| សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
| និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
បន្ទរ៖ ឱសម្រស់ដែលមិនធ្លាប់មានពីបុរាណ និងមិនធ្លាប់មានថ្មី ខ្ញុំបានស្រឡាញ់ព្រះអង្គយឺតពេក ! ព្រះអង្គបានស្រែកហៅ ហើយព្រះអង្គបានបំបាត់ភាពថ្លង់របស់ខ្ញុំចេញ។
ពាក្យអង្វរសកល
យើងខ្ញុំសូមផ្ញើសេចក្តីសង្ឃឹមទាំងស្រុងលើព្រះជាអម្ចាស់ ដែលព្រះអង្គបានសង្គ្រោះយើងខ្ញុំ។ យើងខ្ញុំសូមទូលអង្វរព្រះអង្គ ៖
បន្ទរ៖ ឱព្រះអម្ចាស់អើយ! សូមព្រះអង្គទតមកបុត្រធីតាព្រះអង្គ ដោយព្រះហឫទ័យសប្បុរសផង។
ព្រះអង្គបានចងសម្ពន្ធមេត្រីអស់កល្បជានិច្ចជាមួយប្រជារាស្ត្ររបស់ព្រះអង្គ
—សូមឱ្យយើងខ្ញុំនឹកចាំពីកិច្ចការដ៏អស្ចារ្យដែលព្រះអង្គបានធ្វើជានិច្ចផង។ (បន្ទរ)
សូមឱ្យអ្នកបម្រើដែលព្រះអង្គបានតែងតាំង រីកចម្រើនឡើងឆ្ពោះទៅកាន់សេចក្តីស្រឡាញ់ដ៏ល្អឥតខ្ចោះ
—ហើយសូមព្រះអង្គថែរក្សាសាសនិកជនរបស់ព្រះអង្គក្នុងចំណងនៃសេចក្តីសុខសាន្ត និងការឯកភាពគ្នាផង។ (បន្ទរ)
សូមព្រះអង្គមេត្តាគង់នៅជាមួយយើងខ្ញុំនៅគ្រប់ការងារស្ថាបនាក្នុងសង្គម
—ហើយយើងខ្ញុំជឿថា ការស្ថាបនានេះមិនទទួលបរាជ័យឡើយ។ (បន្ទរ)
សូមព្រះអង្គចាត់អ្នកបម្រើមកក្នុងចម្ការរបស់ព្រះអង្គ
—ហើយលើកតម្កើងព្រះនាមព្រះអង្គក្នុងចំណោមប្រជាជាតិនានា។ (បន្ទរ)
សូមព្រះអង្គទទួលយកញាតិសន្តាន និងឧបការីជនរបស់យើងខ្ញុំដែលបានលាចាកលោកទៅហើយនោះ ឱ្យបានទៅរួមរស់ជាមួយសន្តបុគ្គលរបស់ព្រះអង្គ
—ហើយសូមឱ្យយើងខ្ញុំអាចចែករំលែកនូវសុភមង្គលរបស់ពួកគេនៅថ្ងៃណាមួយផង។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
ឱព្រះជាអម្ចាស់អើយ ! សូមព្រះអង្គប្រទានកម្លាំងថ្មីដល់ព្រះសហគមន៍ ដូចព្រះអង្គប្រទានកម្លាំងឱ្យសន្តអូគូស្ទីនជាអភិបាលដែរ។ សូមទ្រង់ប្រោសឱ្យយើងខ្ញុំស្រេកឃ្លានព្រះអង្គដែលជាប្រភពតែមួយនៃប្រាជ្ញាដ៏ពិតប្រាកដ និងស្វែងរកព្រះអង្គដែលជាម្ចាស់នៃសេចក្តីស្រឡាញ់មកពីស្ថានបរមសុខ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា ៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច ៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។
