រដូវធម្មតា
(សន្តយ៉ូហានអឺដ ជាបូជាចារ្យ)
ថ្ងៃអង្គារ អាទិត្យទី២០
(ពេលល្ងាច)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១៣៧,១-៦
ទន្លេនៃស្រុកបាប៊ីឡូន
ការជាប់ឃុំឃាំងនៅស្រុកបាប៊ីឡូន គឺជាប្រភេទនៃការជាប់ឃុំឃាំងខាងវិញ្ញាណរបស់យើង (សន្តហ៊ីលឡារី)។
បន្ទរទី១ ៖ ឱក្រុងយេរូសាឡឹមអើយ ! បើខ្ញុំភ្លេចអ្នក សូមឱ្យដៃស្តាំរបស់ខ្ញុំស្ពឹកចុះ។
| ១ | យើងអង្គុយនៅមាត់ទន្លេស្រុកបាប៊ីឡូន នាំគ្នាយំស្រណោះក្រុងស៊ីយ៉ូន។ |
| ២ | យើងភ្ជួរពិណរបស់យើងនឹងដើមឈើ នៅជិតមាត់ទន្លេ។ |
| ៣ | ពេលនោះ ពួកអ្នកដែលចាប់យើងមកជាឈ្លើយសឹក បានសុំឱ្យយើងច្រៀង ពួកអ្នកធ្វើទោសយើង បានសុំឱ្យយើងច្រៀងបទសប្បាយ គេពោលថា: «ចូរនាំគ្នាច្រៀងបទខ្លះពីក្រុងស៊ីយ៉ូនឱ្យយើងស្ដាប់ផង!» ។ |
| ៤ | តើឱ្យយើងច្រៀងបទតម្កើងថ្វាយព្រះអម្ចាស់ នៅលើទឹកដីបរទេសដូចម្តេចកើត? |
| ៥ | ឱក្រុងយេរូសាឡឹមអើយ ! បើខ្ញុំភ្លេចអ្នក សូមឱ្យដៃស្តាំរបស់ខ្ញុំស្ពឹកចុះ ! |
| ៦ | ប្រសិនបើខ្ញុំមិននឹកដល់អ្នកទេ ហើយប្រសិនបើខ្ញុំមិនចាត់ទុកអ្នក ជាអំណរដ៏ខ្លាំងក្លាបំផុតរបស់ខ្ញុំទេនោះ សូមឱ្យអណ្ដាតខ្ញុំរឹងទៅចុះ ! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ឱក្រុងយេរូសាឡឹមអើយ ! បើខ្ញុំភ្លេចអ្នក សូមឱ្យដៃស្តាំរបស់ខ្ញុំស្ពឹកចុះ។
ទំនុកតម្កើងលេខ ១៣៨
ពាក្យអរព្រះគុណ
ជាតិសាសន៍នានា នឹងដើរក្នុងពន្លឺរបស់ក្រុងនោះ ហើយស្តេចនានានឹងនាំរាជទ្រព្យចូលមកក្នុងក្រុងនោះដែរ (វវ ២១,២៤)។
បន្ទរទី២ ៖ ទូលបង្គំស្មូតទំនុកតម្កើងថ្វាយព្រះអង្គ នៅចំពោះមុខពពួកទេវទូត។
(បទកាកគតិ)
| ១- | ខ្ញុំសូមតម្កើង | ព្រះម្ចាស់ខ្ពស់ឡើង | អស់ពីដួងចិត្ត |
| នៅមុខទេវតា | ទូលបង្គំស្មូតបទ | តម្កើងថ្វាយថ្វាត់ | |
| ដល់ព្រះអង្គថ្លៃ | ។ | ||
| ២- | ខ្ញុំក្រាបបែរមុខ | តម្រង់ទៅរក | វិហារប្រពៃ |
| ខ្ញុំលើកតម្កើង | ព្រះនាមថ្លាថ្លៃ | ដោយព្រះហឫទ័យ | |
| ស្មោះស្ម័គ្រឥតស្បើយ | ។ | ||
| ៣- | នៅថ្ងៃដែលខ្ញុំ | ស្រែកអង្វរសុំ | ព្រះអង្គតបឆ្លើយ |
| ព្រះអង្គប្រទាន | ឥតមានកន្តើយ | ឱ្យខ្ញុំបានស្បើយ | |
| ក្នុងចិត្តក្លាហាន | ។ | ||
| ៤- | ឱព្រះម្ចាស់អើយ | សូមទ្រង់ផ្តល់ឱ្យ | ស្តេចទាំងប៉ុន្មាន |
| នៅលើផែនដី | នាំគ្នាគ្រប់ប្រាណ | តម្កើងពេលបាន | |
| ឮទ្រង់សន្យា | ។ | ||
| ៥- | សូមឱ្យគេនាំ | គ្នីគ្នាច្រៀងរាំ | តម្កើងកិច្ចការ |
| ថាព្រះអម្ចាស់ | រុងរឿងអស្ចារ្យ | ឧត្តមថ្លៃថ្លា | |
| បំផុតគ្មានពីរ | ។ | ||
| ៦- | ទោះបីព្រះម្ចាស់ | ខ្ពង់ខ្ពស់ពេកណាស់ | ក៏ទ្រង់សំភី |
| គិតមនុស្សលោក | គ្រប់វិនាទី | មនុស្សកាចយាយី | |
| ទ្រង់ស្គាល់ពីឆ្ងាយ | ។ | ||
| ៧- | ពេលទូលបង្គំ | ជួបអាសន្នធំ | ទ្រង់ឥតជិនណាយ |
| ជួយការពារខ្ញុំ | វាយខ្មាំងខ្ចាត់ខ្ចាយ | សង្គ្រោះខ្ញុំដោយ | |
| ឫទ្ធីបារមី | ។ | ||
| ៨- | បពិត្រព្រះម្ចាស់ | ការគ្រប់យ៉ាងនេះ | ពិតជាប្រពៃ |
| ព្រះអង្គប្រកប | ដោយព្រះហឫទ័យ | ករុណាក្រៃ | |
| ឥតបីបោះបង់ | ។ | ||
| សូមកោតសរសើរ | ដល់ព្រះបិតា | ព្រះរាជ្យបុត្រា | |
| និងព្រះវិញ្ញាណ | ជាព្រះត្រៃអង្គ | ថ្កើងថ្កានឥតហ្មង | |
| ដែលគង់ជានិច្ច | ។ |
បន្ទរ ៖ ទូលបង្គំស្មូតទំនុកតម្កើងថ្វាយព្រះអង្គ នៅចំពោះមុខពពួកទេវទូត។
បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ៤,១១.៥,៩-១០.១២)
ទំនុកតម្កើងការប្រោសលោះ
បន្ទរទី៣ ៖ កូនចៀមដែលគេសម្លាប់ធ្វើយញ្ញបូជា ព្រះអង្គសមនឹងទទួលព្រះកិត្តិនាម សិរីរុងរឿង និងការសរសើរតម្កើង។
| ១១ | “បពិត្រព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំ ព្រះអង្គសមនឹងទទួលសិរីរុងរឿង ព្រះកិត្តិនាម និងឫទ្ធានុភាព ដ្បិតព្រះអង្គបានបង្កើតរបស់សព្វសារពើមក អ្វីៗទាំងអស់សុទ្ធតែកើតមាន ហើយនៅស្ថិតស្ថេរ ដោយសារព្រះហឫទ័យរបស់ព្រះអង្គ” ។ |
| ៩ | គេនាំគ្នាច្រៀងបទចម្រៀងថ្មីថា ៖ “ព្រះអង្គសមនឹងទទួលក្រាំង ហើយបកត្រាផង ព្រោះទ្រង់ត្រូវគេសម្លាប់ធ្វើយញ្ញបូជា ព្រះអង្គបានលោះមនុស្សពីគ្រប់ពូជ គ្រប់ភាសា គ្រប់ប្រជាជន និងពីគ្រប់ជាតិសាសន៍ យកមកថ្វាយព្រះជាម្ចាស់ ដោយសារព្រះលោហិតរបស់ព្រះអង្គ។ |
| ១០ | ព្រះអង្គបានធ្វើឱ្យគេទៅជារាជាណាចក្រ និងជាក្រុមបូជាចារ្យ បម្រើព្រះជាម្ចាស់របស់យើង ហើយអ្នកទាំងនោះនឹងគ្រងរាជ្យលើផែនដី” ។ |
| ១២ | នាំគ្នាបន្លឺសំឡេងយ៉ាងខ្លាំងៗថា៖ កូនចៀមដែលគេសម្លាប់ធ្វើយញ្ញបូជា ទ្រង់សមនឹងទទួលឫទ្ធានុភាព រាជសម្បត្តិ ព្រះប្រាជ្ញាញាណ ឥទ្ធិឫទ្ធិ ព្រះកិត្តិនាម សិរីរុងរឿង និងការសរសើរតម្កើង” ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ កូនចៀមដែលគេសម្លាប់ធ្វើយញ្ញបូជា ព្រះអង្គសមនឹងទទួលព្រះកិត្តិនាម សិរីរុងរឿង និងការសរសើរតម្កើង។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (កូឡ ៣,១៦)
អ្នកណាមិនព្រមធ្វើការ អ្នកនោះក៏មិនត្រូវបរិភោគដែរ។ យើងបានឮដំណឹងថា មានអ្នកខ្លះ ក្នុងចំណោមបងប្អូនរស់នៅដោយឥតសណ្តាប់ធ្នាប់ គេហាក់ដូចជារវល់ញាប់ដៃញាប់ជើង តែឥតធ្វើការអ្វីទាល់តែសោះ។ យើងសូមទូន្មាន និងសូមដាស់តឿនបងប្អូនប្រភេទនោះ ក្នុងនាមព្រះអម្ចាស់យេស៊ូគ្រីស្តថា សូមអញ្ជើញធ្វើការឱ្យបានស្រួលបួលឡើង និងបរិភោគអាហារដែលបានមកពីកម្លាំងញើសឈាមខ្លួនឯងទៅ!។ ចំពោះបងប្អូនវិញ បងប្អូនអើយ សូមប្រព្រឹត្តអំពើល្អ កុំរសាយចិត្តឡើយ។
បន្ទរ៖ ដោយព្រះអង្គនៅជាមួយ *ទូលបង្គំមានអំណរដ៏បរិបូណ៌។ បន្ទរឡើងវិញ៖…
-ហើយនៅខាងស្តាំព្រះអង្គ ទូលបង្គំក៏រីករាយអស់កល្បជានិច្ចដែរ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ ៖ ព្រះដ៏មានឫទ្ធានុភាព បានសម្តែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន! ។
| ៤៦ | «ព្រលឹងខ្ញុំសូមលើកតម្កើងព្រះអម្ចាស់* |
| ៤៧ | ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ |
| ៤៨ | ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា ខ្ញុំជាអ្នកមានសុភមង្គលពិតមែន |
| ៤៩ | ព្រះដ៏មានតេជានុភាព បានសម្ដែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។ ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន! |
| ៥០ | ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គនៅគ្រប់ជំនាន់តរៀងទៅ |
| ៥១ | ទ្រង់បានសម្ដែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ |
| ៥២ | ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។ |
| ៥៣ | ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។ |
| ៥៤ | ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ ហើយតែងតែសម្ដែងព្រះហឫទ័យមេត្តាករុណា |
| ៥៥ | ដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ ដូចទ្រង់បានសន្យាជាមួយបុព្វបុរសយើង ឥតភ្លេចសោះឡើយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ឬ ទំនុកតម្កើងរបស់ព្រះនាងម៉ារី (តាមបែបស្មូត) បទព្រហ្មគីតិ
| ៤៧ | ខ្ញុំមានចិត្តអំណរ | សប្បាយអរពន់ពេកណាស់ | |
| ព្រោះខ្ញុំបានដឹងច្បាស់ | ថាព្រះម្ចាស់ទ្រង់សង្គ្រោះ | ។ | |
| ៤៨ | ព្រះអង្គទតមកខ្ញុំ | ជាអ្នកបម្រើស្ម័គ្រស្មោះ | |
| តទៅមនុស្សទាំងអស់ | ថាខ្ញុំនេះសែនសុខក្រៃ | ។ | |
| ៤៩ | ព្រះដ៏មានឫទ្ធា | ខ្លាំងអស្ចារ្យលើលោកីយ៍ | |
| សម្ដែងឫទ្ធិបារមី | ព្រះនាមថ្លៃថ្លាវិសុទ្ធ | ។ | |
| ៥០ | ទ្រង់មានព្រះហឫទ័យ | ត្រាប្រណីខ្ពស់បំផុត | |
| ដល់អ្នកគោរពកោត | ខ្លាចព្រះអង្គរៀងរហូត | ។ | |
| ៥១ | ព្រះអង្គសម្ដែងឫទ្ធិ | អស្ចារ្យពិតមិនរលត់ | |
| កម្ចាត់មនុស្សមានពុត | ឆ្មើងបំផុតឫកខែងរែង | ។ | |
| ៥២ | ទ្រង់បានច្រានទម្លាក់ | អ្នកធំធ្លាក់ពីតំណែង | |
| ឥតមានខ្លាចរអែង | ហើយទ្រង់តែងលើកអ្នកទាប | ។ | |
| ៥៣ | ព្រះអង្គប្រោសប្រទាន | ឱ្យអ្នកឃ្លានឆ្អែតដរាប | |
| អ្នកមានធនធានស្រាប់ | ដេញត្រឡប់ដៃទទេ | ។ | |
| ៥៤ | ព្រះអង្គបានជួយរាស្ត្រ | ទ្រង់ទាំងអស់ឥតប្រួលប្រែ | |
| អ៊ីស្រាអែលនៅក្បែរ | ជាបម្រើដ៏ស្មោះស្ម័គ្រ | ។ | |
| ៥៥ | ទ្រង់តែងមានព្រះទ័យ | ករុណាក្រៃមិនថ្នាំងថ្នាក់ | |
| លោកអប្រាហាំជាក់ | និងពូជពង្សលោកជានិច្ច | ។ | |
| ដូចទ្រង់បានសន្យា | នឹងដូនតាឥតមានភ្លេច | ||
| ព្រះអង្គចាំជានិច្ច | គ្មានកលកិច្ចប្រែប្រួលឡើយ | ។ | |
| សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
| និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
បន្ទរ ៖ ព្រះដ៏មានឫទ្ធានុភាព បានសម្តែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន! ។
ពាក្យអង្វរសកល
យើងខ្ញុំសូមលើកតម្កើងព្រះគ្រីស្ត ដែលបានប្រទានតេជានុភាព និងកម្លាំងដល់ប្រជារាស្ត្រព្រះអង្គ។ យើងខ្ញុំសូមទូលអង្វរព្រះអង្គថា ៖
បន្ទរ៖ ឱព្រះអម្ចាស់អើយ ! សូមព្រះអង្គទ្រង់ព្រះមេត្តាសណ្តាប់ពាក្យអង្វររបស់យើងខ្ញុំ ហើយយើងខ្ញុំនឹងសរសើរតម្កើងព្រះអង្គជារៀងរហូត។
ព្រះគ្រីស្តជាកម្លាំងរបស់យើង ព្រះអង្គបានត្រាស់ហៅអ្នកជឿ ឱ្យស្គាល់ពីសេចក្តីពិតរបស់ព្រះអង្គ
—សូមព្រះអង្គប្រោសប្រទានឱ្យពួកគេមានជំនឿ និងចិត្តតស៊ូផង។ (បន្ទរ)
សូមព្រះអង្គជួយតម្រង់ផ្លូវមេដឹកនាំ ឱ្យបានស្របតាមព្រះហឫទ័យរបស់ព្រះអង្គ
—សូមព្រះអង្គជួយដល់មេដឹកនាំទាំងនេះ ឱ្យចេះរក្សាសន្តិភាព និងស្វែងរកផលប្រយោជន៍រួមផង។ (បន្ទរ)
ព្រះអង្គបានប្រទាននំប៉័ងដល់បណ្តាជនដែលស្រេកឃ្លាន
—សូមព្រះអង្គជួយយើងខ្ញុំឱ្យចេះចែករំលែកធនធានរបស់ខ្លួន ទៅដល់អ្នកដែលខ្វះខាតផង។ (បន្ទរ)
សូមព្រះអង្គកុំបណ្តោយឱ្យមេដឹកនាំពិភពលោក យកចិត្តទុកដាក់តែចំពោះតម្រូវការរបស់ប្រជាជាតិខ្លួនប៉ុណ្ណោះ
—ប៉ុន្តែ សូមឱ្យអស់លោកទាំងនោះ ចេះគោរព និងខ្វល់ខ្វាយពីតម្រូវការរបស់ប្រជាជនទាំងអស់ផង។ (បន្ទរ)
សូមព្រះអង្គប្រោសប្រទានសុភមង្គល និងការរស់ឡើងវិញ ដល់បងប្អូនយើងខ្ញុំដែលបានទទួលមរណភាព
—ហើយសូមឱ្យអ្នកជឿលើព្រះអង្គបានទទួលសិរីរុងរឿងពីព្រះអង្គផង។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ឱព្រះបិតាយើងខ្ញុំ ដែលគង់នៅស្ថានបរមសុខអើយ!
សូមសម្តែងព្រះបារមី ឱ្យមនុស្សលោកស្គាល់ព្រះនាមព្រះអង្គ
សូមឱ្យព្រះរាជ្យព្រះអង្គបានមកដល់
សូមឱ្យព្រះហឫទ័យរបស់ព្រះអង្គបានសម្រេចនៅលើផែនដី
ដូចនៅស្ថានបរមសុខដែរ។
សូមប្រទានអាហារ ដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ។
សូមអត់ទោសឱ្យយើងខ្ញុំ ដូចយើងខ្ញុំអត់ទោសឱ្យ
អស់អ្នកដែលបានប្រព្រឹត្តខុសនឹងយើងខ្ញុំ។
សូមកុំបណ្តោយឱ្យយើងខ្ញុំ ចាញ់ការល្បួងឡើយ
តែសូមរំដោះយើងខ្ញុំ ឱ្យរួចពីមារកំណាច។
ពាក្យអធិដ្ឋាន
បពិត្រព្រះអម្ចាស់ ! សូមព្រះអង្គប្រទានឱ្យការអធិដ្ឋានរបស់យើងខ្ញុំនៅពេលល្ងាចនេះ ចូលមកចំពោះព្រះភក្រ្តព្រះអង្គ ហើយសូមឱ្យបបូរមាត់របស់យើងខ្ញុំប្រកាសពីជំនឿ និងរស់នៅក្នុងគំនិតដែលពោរពេញដោយការអធិដ្ឋានអស់ពីដួងចិត្តផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។
