ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

បង‌ប្អូន​រង​ទុក្ខ​លំបាក​រួម​ជា​មួយ​យើង​យ៉ាង​ណា បង‌ប្អូន​ក៏​នឹង​បាន​ធូរ​ស្រាល រួម​ជា​មួយ​យើង​យ៉ាង​នោះ​ដែរ (២ករ ១,៧)។

បន្ទរ៖ ព្រះមាតាដ៏វិសុទ្ធរបស់ព្រះជាម្ចាស់ត្រូវលើកតម្កើងក្នុងសិរីរុងរឿង នៅពីលើពពួកទេវទូតក្នុងព្រះរាជ្យនៃស្ថានបរមសុខ។

ពេល​ព្រះ‌អម្ចាស់​នាំ​អស់​អ្នកដែល​ជាប់​ជា​ឈ្លើយត្រឡប់​មក​ក្រុង​ស៊ីយ៉ូន​វិញ
យើង​ទាំង​អស់​គ្នា​ដូច​ជា​យល់​សប្ដិ។
យើង​សើច​សប្បាយ​ជា‌និច្ច យើង​ស្រែក​ជយ‌ឃោស
ពេល​នោះ ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា គេ​បាន​ពោល​ថា:
«ព្រះ‌អម្ចាស់​បាន​ធ្វើ​ការ​ដ៏​អស្ចារ្យ​ចំពោះ​ពួក​គេ!»។
ព្រះ‌អម្ចាស់​ពិត​ជា​បាន​ធ្វើ​ការ​ដ៏​អស្ចារ្យចំពោះ​យើង​មែន
ហេតុ​នេះ​ហើយ​បាន​ជា​យើង​មាន​អំណរ​សប្បាយ។
ឱ​ព្រះ‌អម្ចាស់​អើយ
សូម​ប្រោស​ប្រទាន​ឲ្យយើង​ខ្ញុំ​បាន​ចម្រុង​ចម្រើន​ឡើង​វិញ
ដូច​វាល​រហោ‌ស្ថាន​ដ៏​ហួត‌ហែងមាន​ទឹក​ហូរ​ឡើង​វិញ​យ៉ាង​នោះ​ដែរ។
អ្នក​ណា​សាប​ព្រោះ​ទាំង​ទឹក​ភ្នែក
អ្នក​នោះ​នឹង​ច្រូត​យក​ផល​យ៉ាង​សប្បាយ។
អ្នក​ណា​យក​គ្រាប់​ពូជ​ចេញ​ទៅ​ព្រោះ​ទាំង​យំ​សោក
អ្នក​នោះ​នឹង​កាន់​កណ្ដាប់​ស្រូវ​ត្រឡប់​មក​វិញ ទាំង​ស្រែក​ហ៊ោ​ដោយ​អំណរ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

(បទកាកគតិ)

១-បពិត្រព្រះម្ចាស់ខ្ញុំជាមនុស្សដែលមិនអំនួត
មិនវាយឫកខ្ពស់មិនអាងមិនអួតមិនចង់ប្រកួត
អ្នកតូចអ្នកទាប
ខ្ញុំមិនលោភលន់ចង់បានទ្រព្យធនគេជារៀងរាប
មិនចង់បានអ្វីដែលធំហួសប្រៀបលើសសមត្ថភាព
របស់ខ្ញុំឡើយ
២-តែផ្ទុយទៅវិញចិត្តខ្ញុំពោរពេញស្ងៀមស្ងាត់ព្រងើយ
ដូចជាកូនក្មេងជាប់ទ្រូងម្តាយហើយវាធ្វើកន្តើយ
នឹងអ្វីទាំងអស់
៣-អ៊ីស្រាអែលអើយកុំបង្អង់ឡើយទុកចិត្តលើព្រះ
តាំងពីឥឡូវតទៅឥតខ្ចោះរហូតដល់អស់
កប្បកល្បជានិច្ច
សូមកោតសរសើរដល់ព្រះបិតាព្រះរាជបុត្រា
និងព្រះវិញ្ញាណជាព្រះត្រៃអង្គថ្កើងថ្កានឥតហ្មង
ដែលគង់ជានិច្ច

“សូមព្រះជាម្ចាស់ប្រទានពរដល់អ្នកពីស៊ីយ៉ូនមក” មានន័យថា ពីព្រះសហគមន៍ (Arnobius)។

អ្នក​ណា​គោរពកោត​ខ្លាច​ព្រះ‌អម្ចាស់ ហើយ​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌អង្គ
អ្នក​នោះ​មាន​សុភមង្គល​ហើយ !
អ្នក​នឹង​ទទួល​ផល​ពី​កិច្ច‌ការ​ដែល​អ្នក​បាន​ធ្វើ
អ្នក​នឹង​មាន​សុភមង្គល ហើយ​ចម្រុង‌ចម្រើន
នៅ​ក្នុង​ផ្ទះ ភរិយា​របស់​អ្នក​ប្រៀប​ដូច​ជា​ដើមទំពាំង‌បាយ‌ជូរ
ដែល​មាន​ផ្លែ​ជា​ច្រើន ហើយ​នៅ​ជុំ‌វិញ​តុ
កូន​ប្រុសៗ​របស់​អ្នកក៏​ប្រៀប​បាន​នឹង​ដើម​អូលីវ​តូចៗ​ដែរ។
អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់នឹង​ទទួល​ព្រះ‌ពរ​បែប​នេះ។
សូម​ព្រះ‌អម្ចាស់​ប្រទាន​ពរ​ឲ្យ​អ្នក ពី​ភ្នំ​ស៊ីយ៉ូន
ហើយ​រៀង​រាល់​ថ្ងៃ​ក្នុង​ជីវិត​អ្នក អ្នក​នឹង​ឃើញ​សុភមង្គល​របស់​ក្រុង​យេរូ‌សាឡឹម
អ្នក​ក៏​នឹង​ឃើញ​ចៅ​របស់​អ្នក​ដែរ។
សូម​ឲ្យ​អ៊ីស្រា‌អែលបាន​ប្រកប​ដោយ​សេចក្ដីសុខ‌សាន្ត !

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ នៅពេលពួកគាត់រកព្រះយេស៊ូមិនឃើញ គាត់ក៏នាំគ្នាត្រឡប់ទៅក្រុងយេរូសាឡឹមវិញ ដើម្បីរកព្រះអង្គនៅទីនោះទៀត។

យើង​ដឹង​ហើយ​ថា រូប​កាយ​របស់​យើង​នៅ​លើ​ផែន‌ដី​នេះប្រៀប​ដូច​ជា​ជម្រក​មួយ​ដែល​ត្រូវ​រលាយ​សូន្យ​ទៅ តែ​យើង​មាន​វិមាន​មួយ​នៅ​ស្ថាន​បរម‌សុខ ជា​លំ‌នៅ​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច ដែល​ពុំ​មែន​ជា​ស្នា​ដៃ​របស់​មនុស្ស​ឡើយ គឺ​ជា​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌ជាម្ចាស់។

បន្ទរ៖ ព្រះនាងព្រហ្មចារិនីម៉ារីត្រូវលើកឡើង ទៅក្នុងបន្ទប់កូនក្រមុំនៅស្ថានបរមសុខ
—ជាកន្លែងដែលព្រះមហាក្សត្រលើសមហាក្សត្រនានា អង្គុយលើបល្ល័ង្កដែលមានផ្កាយ។

បពិត្រព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ! ព្រះអង្គសព្វព្រះហឫទ័យលើកព្រះនាងព្រហ្មចារិនីម៉ារីដ៏និមល ជាព្រះមាតានៃព្រះបុត្រាព្រះអង្គឡើងស្ថានបរមសុខ ទាំងរូបកាយ ទាំងវិញ្ញាណ គឺព្រះអង្គប្រោសឱ្យព្រះនាងមានកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត។ សូមព្រះអង្គមេត្តាប្រោសឱ្យយើងខ្ញុំ យកចិត្តទុកដាក់នឹងសម្បត្តិសួគ៌ សូមឱ្យយើងខ្ញុំអាចទទួលសិរីរុងរឿងរួមជាមួយព្រះនាងផង។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

សូមកោតសរសើរព្រះអម្ចាស់ !
សូមអរព្រះគុណព្រះជាម្ចាស់ !

86 Views

Theme: Overlay by Kaira