ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចូរ​កាន់​ចិត្ត​អត់‌ធ្មត់​ក្នុង​ពេល​មាន​ទុក្ខ​លំបាក។ ចូរ​ព្យាយាម​អធិដ្ឋាន (រ៉ូម ១២,១២)។

បន្ទរ៖ ឱព្រះមាតាដ៏វិសុទ្ធរបស់ព្រះជាម្ចាស់ ! ព្រះអង្គលើកព្រះនាងឡើង ដូចដើមតាត្រៅនៅភ្នំលីបង់ និងដូចដើមស្រល់នៅភ្នំស៊ីយ៉ូន។

នៅ​ពេល​មាន​អាសន្ន ខ្ញុំ​ស្រែក​អង្វរ​ព្រះ‌អម្ចាស់ ហើយ​ព្រះ‌អង្គ​ក៏​ឆ្លើយ​តប​មក​ខ្ញុំ​វិញ។
ឱ​ព្រះ‌អម្ចាស់​អើយ សូម​រំដោះ​ទូល‌បង្គំ​ឲ្យ​រួច​ផុត​ពី​មនុស្ស
ដែល​ពោល​ពាក្យ​កុហក និង​បោក​បញ្ឆោត!
អ្នក​និយាយ​បោក​បញ្ឆោត​ដូច្នេះ តើ​បាន​ទទួល​អ្វី​ខ្លះ?
គឺ​មាន​តែ​ទទួល​ព្រួញ​របស់​អ្នក​ចម្បាំង និង​ភ្លើង​ឆេះ​សន្ធោ‌សន្ធៅ​តែ​ប៉ុណ្ណោះ!
ខ្ញុំ​ស្នាក់​នៅ​ក្នុង​ស្រុក​របស់​មនុស្ស​កាច​សាហាវ
ហើយ​រស់​នៅ​ក្នុង​ចំណោម​មនុស្ស​ព្រៃ‌ផ្សៃ​ដូច្នេះ វេទនា​ណាស់!
ខ្ញុំ​បាន​រស់​នៅ​ជា​មួយ​អស់​អ្នក​ដែល​មិន​ចូល​ចិត្តសន្តិ‌ភាព ជា​យូរ​ឆ្នាំ​កន្លង​មក​ហើយ។
ពេល​ខ្ញុំ​និយាយ​ពី​សន្តិ‌ភាព ពួក​គេ​បែរ​ជា​ប្រកាស​សង្គ្រាម​ទៅ​វិញ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ពួក​គេ​នឹង​លែង​ឃ្លាន លែង​ស្រេក​ទៀត​ហើយ ព្រះ‌អាទិត្យ និង​កម្ដៅ​គ្រប់​យ៉ាង ក៏​នឹង​លែង​ធ្វើ​ទុក្ខ​គេ​ទៀត​ដែរ (វវ ៧,១៦)។

(បទពាក្យ ៧)

១-ខ្ញុំងើបមុខឡើងភ្នែកសម្លឹងឯនាយល្វើយល្វឹងទៅដល់ភ្នំ
ថាតើនរណានឹងជួយខ្ញុំឲ្យផុតទុក្ខធំគ្រប់ៗគ្រា
២-គឺមានតែអង្គព្រះអម្ចាស់ដែលប្រណីប្រោសរាល់វេលា
ទ្រង់បង្កើតដីផ្ទៃមេឃាព្រះអង្គគឺជាព្រះសង្គ្រោះ
៣-សូមទ្រង់មេត្តាកុំបណ្តោយឲ្យជើងអ្នកធ្លោយរងរបួស
ករុណាអាសូរជួយសង្គ្រោះកុំឲ្យមានគ្រោះឬត្រូវដួល
៤-ព្រះអង្គដែលថែទាំការពារស្រាអែលគ្រប់គ្នាបានសុខស្រួល
ព្រះអង្គសង្គ្រោះមិនឲ្យដួលទ្រង់មិនប្រែប្រួលផ្ទុំលក់ឡើយ
៥-ព្រះអម្ចាស់តែងរក្សាថែការពារឥតល្ហែមិនកន្តើយ
ទ្រង់គង់នៅខាងស្តាំអ្នកហើយកុំខ្វល់ខ្វាយឡើយទ្រង់ជាម្លប់
៦-ព្រះអាទិត្យរះក្នុងពេលថ្ងៃមិនធ្វើទុក្ខអ្វីភ្លឺគ្រងគ្រប់
ឯព្រះច័ន្ទចរនៅពេលយប់ទុក្ខសោកក៏ឈប់ដល់អ្នកដែរ
៧-ព្រះអម្ចាស់នឹងថែរក្សារារាំងបាំងការពារថ្នមថែ
ហេតុការណ៍អាក្រក់ទ្រង់បង្វែរមិនឲ្យកើតក្បែររូបអ្នកឡើយ
៨-ព្រះម្ចាស់ថែអ្នកគ្មានឈរឈប់អ្វីៗសព្វគ្រប់មិនកន្តើយ
កិច្ចការអ្នកធ្វើនឹងធូរស្បើយពីពេលនេះហើយតរៀងទៅ
សូមកោតសរសើរព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណ
ដែលគង់ស្ថិតស្ថេរឥតសៅហ្មងយូរលង់កន្លងតរៀងទៅ
គេ​តែងតែ​នាំ​គ្នា​ធ្វើ​បាប​ខ្ញុំតាំង​ពី​ខ្ញុំ​នៅ​ក្មេង-
សូម​ឲ្យ​ជន​ជាតិ​អ៊ីស្រា‌អែល​ពោល​តាម​ថា-
គេ​តែងតែ​នាំ​គ្នា​ធ្វើបាប​ខ្ញុំ​តាំង​ពី​ខ្ញុំ​នៅ​ក្មេង
ប៉ុន្តែ គេ​ពុំ​អាច​យក​ជ័យ‌ជម្នះ​លើ​ខ្ញុំ​បាន​ឡើយ។
គេ​នាំ​គ្នា​ភ្ជួរ​រាស់​នៅ​លើ​ខ្នង​ខ្ញុំគេ​បាន​ធ្វើគន្លង​យ៉ាង​វែង។
ប៉ុន្តែ ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​សុចរិត
ព្រះ‌អង្គ​បាន​ស្រាយ​ចំណង​របស់​មនុស្ស​អាក្រក់​ចេញ​ពី​ខ្ញុំ។
សូម​ឲ្យ​អស់​អ្នក​ដែល​ស្អប់​ក្រុង​ស៊ីយ៉ូនត្រូវ​អាម៉ាស់ និង​ដក​ខ្លួន​ថយ!
សូម​ឲ្យ​ពួក​គេ​បាន​ដូច​ស្មៅ​ដែល​ដុះ
ហើយ​ក្រៀម​ស្ងួត​ទៅ មុន​ពេល​លូត​លាស់​ធំ​ឡើង!
សូម្បី​គេ​ច្រូត​ស្មៅ​នោះ ក៏​ក្តាប់​មិន​ពេញ​ដៃ
ហើយ​ក៏​ពុំ​មាន​ល្មម​សម្រាប់​ឲ្យចង​ជា​កណ្ដាប់​បាន​ដែរ។
សូម​កុំ​ឲ្យ​អស់​អ្នក​ដែល​ដើរ​កាត់​តាម​នោះ ពោល​ទៅ​ពួក​គេ​ថា:
«សូម​ព្រះ‌អម្ចាស់​ប្រទាន​ពរអ្នក​រាល់​គ្នា» សោះ​ឡើយ។
យើង​សូម​ជូន​ពរ​អ្នក​រាល់​គ្នាក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ ឱព្រះមាតាដ៏វិសុទ្ធរបស់ព្រះជាម្ចាស់ ! ព្រះអង្គលើកព្រះនាងឡើង ដូចដើមតាត្រៅនៅភ្នំលីបង់ និងដូចដើមស្រល់នៅភ្នំស៊ីយ៉ូន។

«បពិត្រ​ព្រះ‌ជាម្ចាស់ ជា​ព្រះ​របស់​យើង​ខ្ញុំ នៅ​ថ្ងៃ​នេះ ព្រះ‌អង្គ​បាន​កម្ទេច​ខ្មាំង​សត្រូវនៃ​ប្រជាជន​របស់​ព្រះ‌អង្គ យើង​ខ្ញុំ​សូម​លើក​តម្កើង​ព្រះ‌អង្គ»។ «កូន​ស្រី​អើយ! សូម​ព្រះ‌ជាម្ចាស់​ដ៏​ខ្ពង់​ខ្ពស់​បំផុត​ប្រទាន‌ពរ​ដល់​នាង លើស​ស្រី​នានា​នៅ​លើ​ផែន​ដី។

បន្ទរ៖ ព្រះនាងម៉ារីឡើងស្ថានបរមសុខ ពួកទេវទូតមានអំណរសប្បាយយ៉ាងក្រៃលែង។
—ពួកគេលើកតម្កើងព្រះអម្ចាស់ ហើយច្រៀងកោតសរសើរព្រះអង្គ។

បពិត្រព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ! ព្រះអង្គសព្វព្រះហឫទ័យលើកព្រះនាងព្រហ្មចារិនីម៉ារីដ៏និមល ជាព្រះមាតានៃព្រះបុត្រាព្រះអង្គឡើងស្ថានបរមសុខ ទាំងរូបកាយ ទាំងវិញ្ញាណ គឺព្រះអង្គប្រោសឱ្យព្រះនាងមានកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត។ សូមព្រះអង្គមេត្តាប្រោសឱ្យយើងខ្ញុំ យកចិត្តទុកដាក់នឹងសម្បត្តិសួគ៌ សូមឱ្យយើងខ្ញុំអាចទទួលសិរីរុងរឿងរួមជាមួយព្រះនាងផង។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

សូមកោតសរសើរព្រះអម្ចាស់ !
សូមអរព្រះគុណព្រះជាម្ចាស់ !

99 Views

Theme: Overlay by Kaira