ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

បន្ទរទី១៖ ព្រះគ្រីស្តយាងឡើងស្ថានបរមសុខ ហើយព្រះអង្គបានរៀបចំកន្លែងអស់កល្បជានិច្ច ទុកសម្រាប់ឱ្យព្រះមាតាព្រះអង្គ ដែលមិនជំពាក់បាប អាលេលូយ៉ា!

ចូរ​សរសើរ​តម្កើង​ព្រះអម្ចាស់!
អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់​អើយ ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះអង្គ!
ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ‌នាម​ព្រះ‌អម្ចាស់!
ចូរ​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អម្ចាស់តាំង​ពី​ពេល​នេះ​រហូត​ត​ទៅ!
តាំង​ពី​ពេល​ថ្ងៃ​រះ រហូត​ទល់​ថ្ងៃ​លិច
ចូរ​សរសើរ​តម្កើង​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់!
ព្រះ‌អម្ចាស់​គង់​នៅ​ពី​លើ​ប្រជា‌ជាតិ​ទាំង‌ឡាយ
សិរី‌រុង​រឿង​របស់​ព្រះ‌អង្គ​ខ្ពស់​ជាងផ្ទៃ​មេឃ​ទៅ​ទៀត។
តើ​មាន​នរណា​អាច​ផ្ទឹម​ស្មើ​នឹង​ព្រះអម្ចាស់ជា​ព្រះ​របស់​យើង​បាន?
ព្រះ‌អង្គ​គង់​នៅ​លើ​ស្ថាន​ដ៏​ខ្ពស់​បំផុត
ព្រះ‌អង្គ​ទត​មើល​មក​ផ្ទៃ​មេឃ និង​ផែន‌ដី ដែល​នៅ​ខាង​ក្រោម​ព្រះ‌អង្គ។
ព្រះ‌អង្គ​លើក​មនុស្ស​ទន់​ខ្សោយ​ឡើង​ពី​ធូលី​ដី
ព្រះ‌អង្គ​លើក​មនុស្ស​ទុរគត​ឡើង​ពី​ភក់​ជ្រាំ
ដើម្បី​ឲ្យ​គេ​កាន់​កាប់​អំណាចរួម​ជា​មួយ​ពួក​អ្នក​ធំ
គឺ​រួម​ជា​មួយ​ពួក​អ្នក​ធំ​នៅ​ក្នុង​ចំណោមប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ។
ព្រះ‌អង្គ​ប្រទាន​ឲ្យ​ស្ត្រីអារ​មាន​កូន ឲ្យ​នាង​រស់​នៅ​ក្នុង​ផ្ទះ​យ៉ាង​សប្បាយ
ជា​មួយ​កូនៗ​របស់​នាង។ អាលេលូយ៉ា!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះគ្រីស្តយាងឡើងស្ថានបរមសុខ ហើយព្រះអង្គបានរៀបចំកន្លែងអស់កល្បជានិច្ច ទុកសម្រាប់ឱ្យព្រះមាតាព្រះអង្គ ដែលមិនជំពាក់បាប អាលេលូយ៉ា!

បន្ទរទី២៖ ដោយសារនាងអេវ៉ា ទ្វារនៃស្ថានបរមសុខត្រូវបិទ មិនឱ្យមនុស្សលោកចូលបាន ប៉ុន្តែ តាមរយៈព្រះនាងព្រហ្មចារិនីម៉ារី ទ្វារទាំងនោះបានបើកយ៉ាងធំទូលាយម្តងទៀត អាលេលូយ៉ា!

(បទព្រហ្មគីតិ)

១២-ក្រុងយេរូសាឡឹមកុំស្ងាត់ស្ងៀមនៅរេរង់
ព្រមទាំងក្រុងស៊ីយ៉ូនចូរត្រៀមខ្លួនថ្កើងព្រះម្ចាស់
១៣-ដ្បិតព្រះអង្គការពារអ្នករាល់គ្នាបានសុខណាស់
ទ្រង់ឲ្យពរដល់រាស្រ្តដែលរស់ពាសពេញទីក្រុង
១៤-ទ្រង់ប្រទានទឹកដីមានសេរីសុខត្រចង់
សន្តិភាពគ្រប់ជ្រុងស្រូវបម្រុងច្រើនមហិមា
១៥-នៅលើផ្ទៃផែនដីស្រស់ប្រិមប្រីយ៍ទ្រង់បញ្ជា
ផ្សព្វផ្សាយគ្រប់ទិសាពីបញ្ជាព្រះអម្ចាស់
១៦-ព្រះអង្គឲ្យទឹកកកធ្លាក់ចុះមកច្រើនដេរដាស
សន្សើមត្រជាក់ណាស់ក៏ធ្លាក់ចុះតាមបញ្ជា
១៧-ព្រះអង្គធ្វើឲ្យព្រឹលធ្លាក់មិនខ្ជិលច្រើនមហិមា
ឲ្យមានធាតុរងាតើនរណាអាចទ្រាំបាន?
១៨-ពេលទ្រង់មានបន្ទូលធ្វើឲ្យព្រឹលទាំងប៉ុន្មាន
ទឹកកកគ្រប់ទីស្ថានរលាយបានជាទឹកអស់
ធ្វើឲ្យមានទាំងខ្យល់បោកវិលវល់មិនឈប់សោះ
បក់យកទឹកទាំងនោះហូរតាមជ្រោះទៅមិនសល់
១៩-ទ្រង់សម្តែងឲ្យពូជលោកយ៉ាកុបស្តាប់បន្ទូល
ក្រឹត្យវិន័យនិមលឲ្យអ៊ីស្រាអែលបានដឹង
២០-ព្រះអង្គពុំបញ្ជាសព្វកិច្ចការអស់ទាំងហ្នឹង
ឲ្យជាតិសាសន៍ផ្សេងដឹងវិន័យទ្រង់នោះសោះឡើយ
សិរីរុងរឿងដល់ព្រះបិតាព្រះបុត្រា
និងព្រះវិញ្ញាណផងដែលទ្រង់គង់នៅជានិច្ច

បន្ទរ ៖ ដោយសារនាងអេវ៉ា ទ្វារនៃស្ថានបរមសុខត្រូវបិទ មិនឱ្យមនុស្សលោកចូលបាន ប៉ុន្តែ តាមរយៈព្រះនាងព្រហ្មចារិនីម៉ារី ទ្វារទាំងនោះបានបើកយ៉ាងធំទូលាយម្តងទៀត អាលេលូយ៉ា!

បន្ទរទី៣៖ ព្រះជាម្ចាស់លើកតម្កើងព្រះនាងព្រហ្មចារិនីម៉ារីឡើងទៅលើស្ថានបរមសុខទាំងឡាយ។ ចូរឱ្យមនុស្សទាំងអស់នាំគ្នាមកលើកតម្កើងព្រះគ្រីស្តជាព្រះមហាក្សត្រ ហើយព្រះរាជ្យព្រះអង្គនឹងនៅស្ថិតស្ថេរឥតទីបញ្ចប់ឡើយ អាលេលូយ៉ា!

សូម​លើក​តម្កើង​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌បិតា​របស់​ព្រះ‌យេស៊ូ‌គ្រីស្ត ជា​ព្រះ‌អម្ចាស់​នៃ​យើង
ដែល​បាន​ប្រោស​ប្រទាន​ព្រះ‌ពរ​គ្រប់​យ៉ាងផ្នែក​ខាង​វិញ្ញាណ​ពី​ស្ថាន​បរម‌សុខមក​យើង ក្នុង​អង្គ​ព្រះ‌គ្រីស្ត។
ព្រះ‌អង្គ​បាន​ជ្រើស‌រើស​យើង​ក្នុង​អង្គ​ព្រះ‌គ្រីស្ត
តាំង​ពី​មុន​កំណើត​ពិភព‌លោក​មក​ម៉្លេះ ដើម្បី​ឲ្យ​យើង​វិសុទ្ធ
និង​ឥត​សៅ‌ហ្មង​នៅ​ចំពោះ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ ព្រោះ​ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​ស្រឡាញ់​យើង។
ព្រះ‌អង្គ​បាន​តម្រូវ​យើង​ទុក​ជា​មុន ឲ្យ​ធ្វើជា​បុត្រ​ធីតា​របស់​ព្រះ‌អង្គ
ដោយ‌សារ​ព្រះ‌យេស៊ូ‌គ្រីស្ត ស្រប​នឹង​បំណង​ដ៏​សប្បុរស​របស់​ព្រះ‌អង្គ
ដើម្បី​ឲ្យ​យើង​លើក​តម្កើង​សិរី‌រុង​រឿង​នៃ​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស
ដែល​ព្រះ‌អង្គ​បាន​ប្រោស​ប្រទាន​មក​យើង ក្នុង​អង្គ​ព្រះ‌បុត្រា​ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះ‌អង្គ។
ដោយ​យើង​រួម​ក្នុង​អង្គ​ព្រះ‌គ្រីស្ត​នេះ ព្រះ‌ជាម្ចាស់​បាន​លោះ​យើង
ដោយ​ព្រះ‌លោហិត​របស់​ព្រះ‌អង្គ និង​លើក‌លែង​ទោស​ឲ្យ​យើង​បាន​រួច​ពី​បាប
តាម​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​ដ៏​លើស‌លប់​របស់​ព្រះ‌អង្គ។
ព្រះ‌ជាម្ចាស់​ប្រណី‌សន្ដោស​យើង​យ៉ាង​ខ្លាំង​បំផុត
គឺ​ព្រះ‌អង្គ​ប្រទាន​ឲ្យ​យើង​មាន​តម្រិះ និង​ប្រាជ្ញា​ដ៏​វាង‌វៃ​គ្រប់​យ៉ាង។
ព្រះអង្គ​បាន​ប្រោស​ឲ្យ​យើង​ស្គាល់​គម្រោងការ​ដ៏​លាក់កំបាំងនៃព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ
តាម​បំណង​ដ៏​សប្បុរស ដែល​ព្រះ‌អង្គ​បាន​សម្រេច​ទុក​ជា​មុន​ដោយ​ព្រះ‌អង្គ​ផ្ទាល់។
១០ព្រះអង្គ​ចាត់​ចែង​គម្រោងការ​នេះ​ឲ្យ​បាន​សម្រេច​
នៅ​គ្រា​ចុង​ក្រោយបំផុត គឺ​ប្រមូល​អ្វីៗ​ទាំង​អស់​ដែល​នៅ​ស្ថាន​បរម‌សុខ
និង​នៅ​លើ​ផែន‌ដី ឲ្យ​រួម​គ្នា​នៅ​ក្នុង​អង្គ​ព្រះ‌គ្រីស្ត ជា​ម្ចាស់​តែ​មួយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះជាម្ចាស់លើកតម្កើងព្រះនាងព្រហ្មចារិនីម៉ារីឡើងទៅលើស្ថានបរមសុខទាំងឡាយ។ ចូរឱ្យមនុស្សទាំងអស់នាំគ្នាមកលើកតម្កើងព្រះគ្រីស្តជាព្រះមហាក្សត្រ ហើយព្រះរាជ្យព្រះអង្គនឹងនៅស្ថិតស្ថេរឥតទីបញ្ចប់ឡើយ អាលេលូយ៉ា!

អស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​តម្រូវ​ទុក​ជា​មុន​នោះ ព្រះអង្គ​ក៏​បាន​ត្រាស់​ហៅ ហើយ​អ្នក​ដែល​ព្រះ‌អង្គ​បាន​ត្រាស់​ហៅ​នោះ ព្រះអង្គ​ក៏​ប្រោស​ឱ្យ​គេ​សុចរិត រីឯ​អស់​អ្នក​ដែល​ព្រះអង្គ​ប្រោស​ឱ្យ​សុចរិត ព្រះអង្គ​ក៏​ប្រទាន​ឱ្យ​គេ​មាន​សិរី‌រុង​រឿង​ដែរ។

បន្ទរ៖ នៅពេលព្រះនាងម៉ារីឡើងស្ថានបរមសុខ *ទេវទូតរបស់ព្រះជាម្ចាស់ មានអំណរសប្បាយយ៉ាងក្រៃលែង។ បន្ទរឡើងវិញ៖…
-ពួកគេក្រាបថ្វាយបង្គំព្រះអម្ចាស់ ហើយច្រៀងសរសើរតម្កើងព្រះអង្គ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

បន្ទរ៖ អំណើះ​ត​ទៅ មនុស្ស​គ្រប់​ជំនាន់​នឹង​ពោល​ថា ខ្ញុំ​ជា​អ្នក​មាន​សុភមង្គល​ពិត​មែន ព្រះ​ដ៏​មាន​ឫទ្ធានុភាព​បាន​សម្ដែង ការ​ប្រសើរ​អស្ចារ្យ​ចំពោះ​រូប​ខ្ញុំ អាលេលូយ៉ា!

៤៦«ព្រលឹងខ្ញុំសូមលើកតម្កើងព្រះ‌អម្ចាស់*
៤៧ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ
៤៨ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ
អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា
ខ្ញុំជាអ្នកមានសុភមង្គលពិតមែន
៤៩ព្រះដ៏មានតេជានុភាព បានសម្ដែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។
ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន!
៥០ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គនៅគ្រប់ជំនាន់តរៀងទៅ
៥១ទ្រង់បានសម្ដែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ
៥២ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង
ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។
៥៣ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន
ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។
៥៤ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ
ហើយតែងតែសម្ដែងព្រះហឫទ័យមេត្តាករុណា
៥៥ដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ
ដូចទ្រង់បានសន្យាជាមួយបុព្វបុរសយើង ឥតភ្លេចសោះឡើយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

៤៧ខ្ញុំមានចិត្តអំណរសប្បាយអរពន់ពេកណាស់
ព្រោះខ្ញុំបានដឹងច្បាស់ថាព្រះម្ចាស់ទ្រង់សង្គ្រោះ
៤៨ព្រះអង្គទតមកខ្ញុំជាអ្នកបម្រើស្ម័គ្រស្មោះ
តទៅមនុស្សទាំងអស់ថាខ្ញុំនេះសែនសុខក្រៃ
៤៩ព្រះដ៏មានឫទ្ធាខ្លាំងអស្ចារ្យលើលោកីយ៍
សម្ដែងឫទ្ធិបារមីព្រះនាមថ្លៃថ្លាវិសុទ្ធ
៥០ទ្រង់មានព្រះហឫទ័យត្រាប្រណីខ្ពស់បំផុត
ដល់អ្នកគោរពកោតខ្លាចព្រះអង្គរៀងរហូត
៥១ព្រះអង្គសម្ដែងឫទ្ធិអស្ចារ្យពិតមិនរលត់
កម្ចាត់មនុស្សមានពុតឆ្មើងបំផុតឫកខែងរែង
៥២ទ្រង់បានច្រានទម្លាក់អ្នកធំធ្លាក់ពីតំណែង
ឥតមានខ្លាចរអែងហើយទ្រង់តែងលើកអ្នកទាប
៥៣ព្រះអង្គប្រោសប្រទានឱ្យអ្នកឃ្លានឆ្អែតដរាប
អ្នកមានធនធានស្រាប់ដេញត្រឡប់ដៃទទេ
៥៤ព្រះអង្គបានជួយរាស្ត្រទ្រង់ទាំងអស់ឥតប្រួលប្រែ
អ៊ីស្រាអែលនៅក្បែរជាបម្រើដ៏ស្មោះស្ម័គ្រ
៥៥ទ្រង់តែងមានព្រះទ័យករុណាក្រៃមិនថ្នាំងថ្នាក់
លោកអប្រាហាំជាក់និងពូជពង្សលោកជានិច្ច
ដូចទ្រង់បានសន្យានឹងដូនតាឥតមានភ្លេច
ព្រះអង្គចាំជានិច្ចគ្មានកលកិច្ចប្រែប្រួលឡើយ
សិរីរុងរឿងដល់ព្រះបិតាព្រះបុត្រា
និងព្រះវិញ្ញាណផងដែលទ្រង់គង់នៅជានិច្ច

បន្ទរ ៖ អំណើះ​ត​ទៅ មនុស្ស​គ្រប់​ជំនាន់​នឹង​ពោល​ថា ខ្ញុំ​ជា​អ្នក​មាន​សុភមង្គល​ពិត​មែន ព្រះ​ដ៏​មាន​ឫទ្ធានុភាព​បាន​សម្ដែង ការ​ប្រសើរ​អស្ចារ្យ​ចំពោះ​រូប​ខ្ញុំ អាលេលូយ៉ា!

ចូរយើងកោតសរសើរព្រះជាម្ចាស់ជាព្រះបិតា ដ៏មានឫទ្ធានុភាពសព្វប្រការ ! ព្រះអង្គសព្វព្រះហឫទ័យឱ្យមនុស្សគ្រប់ជំនាន់ប្រារព្ធពិធីបុណ្យព្រះនាងម៉ារី ដែលជាព្រះមាតារបស់ព្រះបុត្រាព្រះអង្គ។ នៅពេលនេះ យើងខ្ញុំសូមទូលព្រះអង្គថា ៖

បន្ទរ៖ បពិត្រព្រះនាងម៉ារី ជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ ! សូមជួយអង្វរព្រះអង្គឱ្យយើងខ្ញុំផង !

ឱព្រះជាម្ចាស់ដែលប្រព្រឹត្តការអស្ចារ្យ ! ព្រះអង្គបានធ្វើឱ្យព្រះនាងព្រហ្មចារិនីមិនជំពាក់បាប ចូលរួមចំណែកទាំងរូបកាយ និងព្រលឹងក្នុងសិរីរុងរឿងរបស់ព្រះបុត្រាព្រះអង្គនៅស្ថានបរមសុខ
—សូមដឹកនាំចិត្តបុត្រធីតារបស់ព្រះអង្គ ឱ្យទៅដល់សិរីរុងរឿងដូចគ្នានោះដែរ។ (បន្ទរ)

បពិត្រព្រះអម្ចាស់ ! សូមព្រះអង្គប្រោសឱ្យព្រះសហគមន៍មានចិត្តគំនិតតែមួយ ចេះរួបរួមគ្នាក្នុងសេចក្តីស្រឡាញ់របស់ព្រះអង្គ
—ហើយសូមព្រះអង្គថែរក្សាគ្រីស្តបរិស័ទ ឱ្យចេះរួបរួមគ្នាក្នុងការអធិដ្ឋានជាមួយព្រះនាងម៉ារី ជាមាតារបស់ព្រះយេស៊ូ។ (បន្ទរ)

ព្រះអង្គបានប្រោសឱ្យព្រះនាងម៉ារី ជាមាតានៃធម៌មេត្តាករុណា
—សូមឱ្យមនុស្សទាំងអស់ដែលប្រឈមនឹងទុក្ខលំបាក ទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់ក្នុងភាពជាម្តាយរបស់ព្រះនាង។ (បន្ទរ)

បពិត្រព្រះបិតា ! ព្រះអង្គសព្វព្រះហឫទ័យឱ្យព្រះនាងម៉ារីធ្វើជាមាតា ក្នុងក្រុមគ្រួសាររបស់ព្រះយេស៊ូ និងលោកយ៉ូសែប
—សូមឱ្យអ្នកម្តាយទាំងអស់ចិញ្ចឹមសេចក្តីស្រឡាញ់ និងភាពដ៏វិសុទ្ធ តាមរយៈពាក្យអង្វររបស់ព្រះនាង។ (បន្ទរ)

ព្រះអង្គបានបំពាក់មកុដម្ចាស់ក្សត្រីយ៍នៃស្ថានបរមសុខឱ្យព្រះនាងម៉ារី
—សូមឱ្យមរណបុគ្គលទាំងឡាយរីករាយសប្បាយ រួមជាមួយសន្តបុគ្គលទាំងអស់ ក្នុងព្រះរាជ្យរបស់ព្រះអង្គអស់កល្បជានិច្ច។ (បន្ទរ)

ឱព្រះជាម្ចាស់អើយ ! ព្រះអង្គសព្វព្រះហឫទ័យទតមើលភាពទន់ទាបរបស់ព្រះនាងព្រហ្មចារិនីម៉ារី និងប្រណីសន្តោសលើកព្រះនាងឡើង។ ព្រះអង្គប្រោសព្រះនាងឱ្យប្រសូតព្រះបុត្រាតែមួយរបស់ព្រះអង្គទៅជាមនុស្ស បានជានៅថ្ងៃនេះ ព្រះនាងទទួលភួងជ័យពោរពេញដោយសិរីរុងរឿងដ៏លើសលប់។ តាមរយៈពាក្យទូលអង្វររបស់ព្រះនាង សូមព្រះអង្គមេត្តាសង្រ្គោះយើងខ្ញុំ និងលើកយើងខ្ញុំឡើងទៅឯស្ថានដ៏ខ្ពង់ខ្ពស់បំផុត។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា ៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច ៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

100 Views

Theme: Overlay by Kaira