ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

បន្ទរទី១៖ ព្រះយេស៊ូនាំលោកសិលា លោកយ៉ាកុប និងលោកយ៉ូហានជាប្អូន ឡើងទៅលើភ្នំដ៏ខ្ពស់ គឺព្រះអង្គនាំតែលោកទាំងបីទៅដាច់ឡែកពីគេ។ ពេលនោះ ព្រះអង្គប្រែជាមានទ្រង់ទ្រាយប្លែកពីមុននៅមុខសាវ័កទាំងបីនាក់។

ព្រះជាអម្ចាស់​មាន​ព្រះ‌បន្ទូលមក​កាន់​ព្រះរាជា ជា​ព្រះ‌អម្ចាស់​របស់ខ្ញុំ ដូច​ត​ទៅ​នេះ ៖
«សូម​គង់​នៅ​ខាង​ស្តាំ​យើង ទម្រាំ​ដល់​យើង​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ
មក​ដាក់​ក្រោម​ព្រះ‌បាទា​របស់​ព្រះ‌អង្គ!»។
សូម​ព្រះ‌ជា‌អម្ចាស់​ប្រោស​ប្រទាន​ឱ្យ​រាជ្យរបស់​ព្រះ‌ករុណា
លាត​សន្ធឹង​ចាប់​តាំង​ពី​ក្រុង​ស៊ីយ៉ូន​ទៅ!
សូម​ព្រះ‌ករុណា​បង្ក្រាប​ខ្មាំង​សត្រូវ​ដែល​នៅ​ជុំ‌វិញ!
នៅ​ថ្ងៃ​ព្រះ‌ករុណា​កេណ្ឌ​ទ័ព​ទៅ​ច្បាំង ប្រជា‌រាស្ដ្រ​ចូល​រួម​ដោយ​ស្ម័គ្រ​ចិត្ត
ពួក​យុវជន​នាំ​គ្នា​ចូល​មក​គាល់​ព្រះ‌ករុណានៅ​លើ​ភ្នំ​ដ៏‌វិសុទ្ធ
ប្រៀប​ដូច​ជា​ទឹក​សន្សើម​នៅ​ពេល​ព្រឹក​ព្រលឹម។
ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​សន្យាដោយ​ឥត​ប្រែ‌ប្រួល​ថា :
«ព្រះ‌អង្គ​ជា​បូជា‌ចារ្យ​អស់‌កល្ប​ត​រៀង​ទៅ តាម​របៀប​ស្តេច​មែលគី‌សេដែក»។
ព្រះ‌អម្ចាស់​គង់​នៅ​ខាង​ស្តាំ​ព្រះ‌ករុណា
នៅ​ថ្ងៃ​ដែល​ព្រះ‌អង្គ​ព្រះ‌ពិរោធ ព្រះ‌អង្គ​កម្ទេច​ស្តេច​នានា។
នៅ​តាម​ផ្លូវ ព្រះ‌រាជា​សោយ​ទឹក​ជ្រោះរួច​ហើយ
ព្រះ‌អង្គ​ងើប​ព្រះ‌ភក្ត្រប្រកប​ដោយ​ជោគ‌ជ័យ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ ព្រះយេស៊ូនាំលោកសិលា លោកយ៉ាកុប និងលោកយ៉ូហានជាប្អូន ឡើងទៅលើភ្នំដ៏ខ្ពស់ គឺព្រះអង្គនាំតែលោកទាំងបីទៅដាច់ឡែកពីគេ។ ពេលនោះ ព្រះអង្គប្រែជាមានទ្រង់ទ្រាយប្លែកពីមុននៅមុខសាវ័កទាំងបីនាក់។

បន្ទរទី២៖ ពេលនោះ ស្រាប់តែមានពពកមកគ្របបាំងគេទាំងអស់គ្នា មានព្រះសូរសៀងបន្លឺពីក្នុងពពកមកថា៖ «អ្នកនេះជាបុត្រដ៏ជាទីស្រឡាញ់របស់យើង! ចូរស្តាប់ព្រះអង្គចុះ!» ។

(បទពាក្យ ៧)

១-ខ្ញុំងើបមុខឡើងភ្នែកសម្លឹងឯនាយល្វើយល្វឹងទៅដល់ភ្នំ
ថាតើនរណានឹងជួយខ្ញុំឱ្យផុតទុក្ខធំគ្រប់ៗគ្រា
២-គឺមានតែអង្គព្រះអម្ចាស់ដែលប្រណីប្រោសរាល់វេលា
ទ្រង់បង្កើតដីផ្ទៃមេឃាព្រះអង្គគឺជាព្រះសង្គ្រោះ
៣-សូមទ្រង់មេត្តាកុំបណ្តោយឱ្យជើងអ្នកធ្លោយរងរបួស
ករុណាអាសូរជួយសង្គ្រោះកុំឱ្យមានគ្រោះឬត្រូវដួល
៤-ព្រះអង្គដែលថែទាំការពារអ៊ីស្រាអែលគ្រប់គ្នាបានសុខស្រួល
ព្រះអង្គមិនងុយងោកប្រែប្រួលទ្រង់ក៏មិនដែលផ្ទំលក់ឡើយ
៥-ព្រះអម្ចាស់តែងរក្សាថែការពារឥតល្ហែមិនកន្តើយ
ទ្រង់គង់នៅខាងស្តាំអ្នកហើយកុំខ្វល់ខ្វាយឡើយទ្រង់ជាម្លប់
៦-ក្នុងពេលថ្ងៃមានព្រះអាទិត្យនឹងមិនរោមរិតធ្វើទោសទុក្ខ
ឯព្រះចន្ទចរនៅពេលយប់ក៏មិនមានទុក្ខដល់អ្នកដែរ
៧-ព្រះអម្ចាស់នឹងថែរក្សារារាំងបាំងការពារថ្នមថែ
ហេតុការណ៍អាក្រក់ទ្រង់បង្វែរមិនឱ្យកើតក្បែររូបអ្នកឡើយ
៨-ព្រះអម្ចាស់ថែទាំអ្នកគ្រប់អ្វីៗទាំងសព្វមិនកន្តើយ
កិច្ចការអ្នកធ្វើនឹងធូរស្បើយពីពេលនេះហើយតរៀងទៅ
សូមកោតសរសើរព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណ
ដែលគង់ស្ថិតស្ថេរឥតសៅហ្មងយូរលង់កន្លងតរៀងទៅ

បន្ទរ៖ ពេលនោះ ស្រាប់តែមានពពកមកគ្របបាំងគេទាំងអស់គ្នា មានព្រះសូរសៀងបន្លឺពីក្នុងពពកមកថា៖ «អ្នកនេះជាបុត្រដ៏ជាទីស្រឡាញ់របស់យើង! ចូរស្តាប់ព្រះអង្គចុះ!» ។

បន្ទរទី៣៖ ពេលព្រះយេស៊ូយាងចុះពីលើភ្នំជាមួយសាវ័កទាំងបី ទ្រង់ហាមប្រាមគេមិនឱ្យនិយាយអំពីហេតុការណ៍ ដែលខ្លួនបានឃើញប្រាប់នរណាឡើយ រហូតដល់បុត្រមនុស្សរស់ឡើងវិញ។

១៦យើង​ត្រូវ​ទទួល​ស្គាល់​ថា
គម្រោង‌ការ​ដ៏​លាក់​កំបាំង​នៃ​ការ​គោរព​ប្រណិប័តន៍​ព្រះជាម្ចាស់​នោះ​ធំ​ណាស់
គឺ​ថាៈ ព្រះគ្រីស្ត​យាង​មក​មាន​ឋានៈ​ជា​មនុស្ស
ព្រះអង្គ​សុចរិត ដោយសារ​ព្រះវិញ្ញាណ ព្រះអង្គ​បាន​បង្ហាញ​ខ្លួន​ឱ្យ​ពួក​ទេវទូត​ឃើញ
គេ​បាន​ប្រកាស​អំពី​ព្រះអង្គ​នៅ​ក្នុង​ចំណោមជាតិ​សាសន៍​នានា
គេ​បាន​ជឿ​លើ​ព្រះអង្គ​ក្នុង​ពិភពលោក
ព្រះជាម្ចាស់​បាន​លើក​ព្រះអង្គ​ឡើងឱ្យ​មាន​សិរី‌រុង​រឿង។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ ពេលព្រះយេស៊ូយាងចុះពីលើភ្នំជាមួយសាវ័កទាំងបី ទ្រង់ហាមប្រាមគេមិនឱ្យនិយាយអំពីហេតុការណ៍ ដែលខ្លួនបានឃើញប្រាប់នរណាឡើយ រហូតដល់បុត្រមនុស្សរស់ឡើងវិញ។

គឺ​ព្រះវិញ្ញាណ​ផ្ទាល់​ដែល​ផ្ដល់​សក្ខីភាព​ឱ្យ​វិញ្ញាណ​របស់​យើង​ដឹង​ថា យើង​ពិត​ជា​បុត្រធីតា​របស់​ព្រះជាម្ចាស់​មែន។ ប្រសិន​បើ​យើង​ពិត​ជា​បុត្រ‌ធីតា​មែន នោះ​យើង​មុខ​ជា​ទទួល​មត៌ក​ពុំខាន។ យើង​នឹង​ទទួល​មត៌ក​ពី​ព្រះ‌ជាម្ចាស់ គឺ​ទទួល​មត៌ក​រួម​ជា​មួយ​ព្រះគ្រីស្ដ។ ដោយ​យើង​រង​ទុក្ខ​លំបាក​រួម​ជា​មួយ​ព្រះអង្គ​ដូច្នេះ យើង​ក៏​នឹង​ទទួល​សិរី‌រុង​រឿង​រួម​ជា​មួយ​ព្រះអង្គ​ដែរ។

បន្ទរ៖ មាន​ពន្លឺ​រស្មីចិញ្ចែងចិញ្ចាចចាំង​ចេញ​ពី​ព្រះភក្ត្រ​របស់​ព្រះអង្គ *អាលេលូយ៉ា! អាលេលូយ៉ា!។ បន្ទរឡើងវិញ៖…
– ព្រះដំណាក់​របស់​ព្រះអង្គ​ពោរពេញទៅ​ដោយ​ឫទ្ធិបារមី​ដ៏​ថ្កុំថ្កើង​រុងរឿង។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

បន្ទរ ៖ ពួកសាវ័កឮដូច្នោះ ក៏នាំគ្នាក្រាបចុះដាក់មុខដល់ដី ព្រោះគេភ័យខ្លាចជាខ្លាំង។ ព្រះយេស៊ូយាងចូលទៅជិត ដាក់ព្រះហស្តលើគេ ទាំងមានព្រះបន្ទូលថា៖ «ចូរនាំគ្នាក្រោកឡើង កុំខ្លាចអី!» ។

៤៦«ព្រលឹងខ្ញុំសូមលើកតម្កើងព្រះ‌អម្ចាស់*
៤៧ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ
៤៨ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ
អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា
ខ្ញុំជាអ្នកមានសុភមង្គលពិតមែន
៤៩ព្រះដ៏មានតេជានុភាព បានសម្ដែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។
ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន!
៥០ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គនៅគ្រប់ជំនាន់តរៀងទៅ
៥១ទ្រង់បានសម្ដែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ
៥២ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង
ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។
៥៣ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន
ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។
៥៤ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ
ហើយតែងតែសម្ដែងព្រះហឫទ័យមេត្តាករុណា
៥៥ដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ
ដូចទ្រង់បានសន្យាជាមួយបុព្វបុរសយើង ឥតភ្លេចសោះឡើយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

៤៧ខ្ញុំមានចិត្តអំណរសប្បាយអរពន់ពេកណាស់
ព្រោះខ្ញុំបានដឹងច្បាស់ថាព្រះម្ចាស់ទ្រង់សង្គ្រោះ
៤៨ព្រះអង្គទតមកខ្ញុំជាអ្នកបម្រើស្ម័គ្រស្មោះ
តទៅមនុស្សទាំងអស់ថាខ្ញុំនេះសែនសុខក្រៃ
៤៩ព្រះដ៏មានឫទ្ធាខ្លាំងអស្ចារ្យលើលោកីយ៍
សម្ដែងឫទ្ធិបារមីព្រះនាមថ្លៃថ្លាវិសុទ្ធ
៥០ទ្រង់មានព្រះហឫទ័យត្រាប្រណីខ្ពស់បំផុត
ដល់អ្នកគោរពកោតខ្លាចព្រះអង្គរៀងរហូត
៥១ព្រះអង្គសម្ដែងឫទ្ធិអស្ចារ្យពិតមិនរលត់
កម្ចាត់មនុស្សមានពុតឆ្មើងបំផុតឫកខែងរែង
៥២ទ្រង់បានច្រានទម្លាក់អ្នកធំធ្លាក់ពីតំណែង
ឥតមានខ្លាចរអែងហើយទ្រង់តែងលើកអ្នកទាប
៥៣ព្រះអង្គប្រោសប្រទានឱ្យអ្នកឃ្លានឆ្អែតដរាប
អ្នកមានធនធានស្រាប់ដេញត្រឡប់ដៃទទេ
៥៤ព្រះអង្គបានជួយរាស្ត្រទ្រង់ទាំងអស់ឥតប្រួលប្រែ
អ៊ីស្រាអែលនៅក្បែរជាបម្រើដ៏ស្មោះស្ម័គ្រ
៥៥ទ្រង់តែងមានព្រះទ័យករុណាក្រៃមិនថ្នាំងថ្នាក់
លោកអប្រាហាំជាក់និងពូជពង្សលោកជានិច្ច
ដូចទ្រង់បានសន្យានឹងដូនតាឥតមានភ្លេច
ព្រះអង្គចាំជានិច្ចគ្មានកលកិច្ចប្រែប្រួលឡើយ
សិរីរុងរឿងដល់ព្រះបិតាព្រះបុត្រា
និងព្រះវិញ្ញាណផងដែលទ្រង់គង់នៅជានិច្ច

បន្ទរ ៖ ពួកសាវ័កឮដូច្នោះ ក៏នាំគ្នាក្រាបចុះដាក់មុខដល់ដី ព្រោះគេភ័យខ្លាចជាខ្លាំង។ ព្រះយេស៊ូយាងចូលទៅជិត ដាក់ព្រះហស្តលើគេ ទាំងមានព្រះបន្ទូលថា៖ «ចូរនាំគ្នាក្រោកឡើង កុំខ្លាចអី!» ។

នៅចំពោះវត្តមានរបស់ក្រុមសាវ័ក ព្រះសង្រ្គោះនៃយើងបានសម្តែងរូបកាយដ៏អស្ចារ្យ នៅលើភ្នំតាប៊រ។ ចូរយើងទូលអង្វរព្រះអង្គដោយមានជំនឿចិត្តថា ៖

បន្ទរ៖ បពិត្រព្រះអម្ចាស់ ! សូមឱ្យយើងខ្ញុំមើលឃើញពន្លឺ ដោយសារពន្លឺរបស់ព្រះអង្គ !

បពិត្រព្រះគ្រីស្ត ! មុនគ្រាដែលព្រះអង្គត្រូវគេបញ្ជូនឱ្យសោយទុក្ខលំបាក និងសោយទិវង្គត ព្រះអង្គសព្វព្រះហឫទ័យឱ្យក្រុមសាវ័កឃើញសិរីរុងរឿងនៃការរស់ឡើងវិញរបស់ព្រះអង្គទុកជាមុន នៅលើភ្នំតាប៊រ។ យើងខ្ញុំសូមទូលអង្វរព្រះអង្គសម្រាប់ព្រះសហគមន៍ ដែលកំពុងជួយសម្រាល ទុក្ខ និងក្តីកង្វល់របស់មនុស្សលោកនាពេលបច្ចុប្បន្ននេះ
—មានអំណរសប្បាយរកថ្លែងពុំបាន ដោយសារព្រះអង្គប្រោសប្រទានឱ្យព្រះសហគមន៍ មានជ័យជម្នះរួមជាមួយព្រះអង្គជានិច្ចផង។ (បន្ទរ)

បពិត្រព្រះគ្រីស្ត ! ព្រះអង្គបាននាំលោកសិលា លោកយ៉ាកុប និងលោកយ៉ូហាន ឡើងទៅលើកំពូលភ្នំ យើងខ្ញុំសូមទូលអង្វរព្រះអង្គសម្រាប់សម្តេចប៉ាប និងលោកអភិបាល
—ដើម្បីឱ្យអស់លោកអាចបំផុសគំនិតដល់ប្រជារាស្រ្ត នូវសេចក្តីសង្ឃឹមនៃការផ្លាស់ប្រែ នៅថ្ងៃចុងក្រោយបំផុត។ (បន្ទរ)

បពិត្រព្រះគ្រីស្ត ! នៅលើកំពូលភ្នំ ព្រះអង្គបានអនុញ្ញាតឱ្យពន្លឺនៃព្រះភក្រ្តព្រះអង្គ រះបំភ្លឺលើលោកម៉ូសេ និងលោកអេលី
—យើងខ្ញុំសូមអង្វរព្រះអង្គ ប្រទានព្រះពរដល់ប្រជាជនជាតិយូដា ដែលព្រះអង្គបានត្រាស់ហៅឱ្យធ្វើជាប្រជាជាតិមួយដែលព្រះអង្គបានជ្រើសរើស។ (បន្ទរ)

បពិត្រព្រះគ្រីស្ត ! ព្រះអង្គបានប្រទានពន្លឺមកពិភពលោក នៅពេលសិរីរុងរឿងនៃព្រះអាទិកររះឡើងមកលើព្រះអង្គ
—យើងខ្ញុំសូមទូលអង្វរព្រះអង្គសម្រាប់មនុស្សដែលមានឆន្ទៈល្អៗ សូមឱ្យពួកគេដើរនៅក្នុងពន្លឺរបស់ព្រះអង្គ។ (បន្ទរ)

បពិត្រព្រះគ្រីស្ត ! ព្រះអង្គបានធ្វើរូបកាយដ៏ទន់ទាបរបស់យើងខ្ញុំឡើងវិញ ឱ្យដូចជារូបកាយនៃសិរីរុងរឿងរបស់ព្រះអង្គ យើងខ្ញុំសូមទូលអង្វរព្រះអង្គសម្រាប់បងប្អូនយើងខ្ញុំដែលបានចែកឋានទៅហើយ —សូមឱ្យអ្នកទាំងនោះចូលរួមចំណែកក្នុងសិរីរុងរឿងរបស់ព្រះអង្គ អស់កល្បជានិច្ចផង។ (បន្ទរ)

ឱព្រះជាម្ចាស់អើយ ! ព្រះអង្គចាត់ព្រះបុត្រាតែមួយឱ្យយាងមកសម្តែងរូបកាយដ៏អស្ចារ្យពោរពេញដោយសិរីរុងរឿង និងបានអះអាងពីគម្រោងការដ៏អស្ចារ្យនៃជំនឿ ហើយបញ្ជាក់ជាមុនថា យើងខ្ញុំជាបុត្រធីតារបស់ព្រះអង្គ តាមរយៈសក្ខីភាពរបស់គ្រូបាធ្យាយនៃព្រះសហគមន៍។ សូមព្រះអង្គប្រោសយើងខ្ញុំដែលជាអ្នកបម្រើរបស់ព្រះអង្គឱ្យយកចិត្តទុកដាក់ស្តាប់ព្រះសូរសៀងនៃព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ និងទទួលជីវិតអស់កល្បជានិច្ចជាមរតក រួមជាមួយព្រះអង្គ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា ៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច ៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

115 Views

Theme: Overlay by Kaira