រដូវធម្មតា
សន្តយ៉ាកុប ជាគ្រីស្តទូត
(បុណ្យគោរព)
(ពេលល្ងាច)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១១៦,១០-១៩
បន្ទរទី១៖ ព្រះយេស៊ូនាំលោកសិលា លោកយ៉ាកុប និងលោកយ៉ូហាន ទៅជាមួយ។ ពេលនោះ ព្រះអង្គចាប់ផ្ដើមភ័យតក់ស្លុត ព្រមទាំងចុកចាប់អន្ទះសាពន់ប្រមាណ។
| ១០ | ខ្ញុំនៅតែមានជំនឿដដែល ទោះបីខ្ញុំពោលថា ខ្ញុំជាមនុស្សវេទនា។ |
| ១១ | ពេលខ្ញុំមានភ័យអាសន្ន ខ្ញុំពោលឡើងថា យើងមិនអាចទុកចិត្តលើមនុស្សណាម្នាក់បានឡើយ។ |
| ១២ | តើខ្ញុំអាចយកអ្វីមកតបស្នងនឹងព្រះគុណទាំងប៉ុន្មាន ដែលព្រះអម្ចាស់បានសម្ដែងមកលើរូបខ្ញុំ? |
| ១៣ | ខ្ញុំនឹងលើកពែងឡើងថ្វាយព្រះអម្ចាស់ដែលបានរំដោះខ្ញុំ ខ្ញុំនឹងអង្វររកព្រះនាមរបស់ព្រះអម្ចាស់។ |
| ១៤ | ខ្ញុំនឹងយកតង្វាយមកថ្វាយព្រះអម្ចាស់តាមពាក្យដែលខ្ញុំបានសន្យា នៅចំពោះមុខប្រជាជនទាំងមូលរបស់ព្រះអង្គ។ |
| ១៥ | ព្រះអម្ចាស់ព្រួយព្រះហឫទ័យណាស់ នៅពេលប្រជាជនដ៏វិសុទ្ធណាម្នាក់ស្លាប់។ |
| ១៦ | ឱព្រះអម្ចាស់អើយ ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ ដូចម្ដាយរបស់ទូលបង្គំដែរ ព្រះអង្គបានរំដោះទូលបង្គំឱ្យរួចពីស្លាប់។ |
| ១៧ | ទូលបង្គំសូមថ្វាយយញ្ញបូជា ដើម្បីអរព្រះគុណព្រះអង្គ ខ្ញុំនឹងអង្វររកព្រះនាមរបស់ព្រះអម្ចាស់។ |
| ១៨ | ខ្ញុំនឹងយកតង្វាយមកថ្វាយព្រះអម្ចាស់តាមពាក្យដែលខ្ញុំបានសន្យា នៅចំពោះមុខប្រជាជនទាំងមូលរបស់ព្រះអង្គ |
| ១៩ | គឺនៅក្នុងព្រះវិហាររបស់ព្រះអម្ចាស់ ដែលស្ថិតនៅកណ្ដាលក្រុងយេរូសាឡឹម។ អាលេលូយ៉ា! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ ព្រះយេស៊ូនាំលោកសិលា លោកយ៉ាកុប និងលោកយ៉ូហាន ទៅជាមួយ។ ពេលនោះ ព្រះអង្គចាប់ផ្ដើមភ័យតក់ស្លុត ព្រមទាំងចុកចាប់អន្ទះសាពន់ប្រមាណ។
ទំនុកតម្កើងលេខ ១២៦
បន្ទរទី២៖ ព្រះអង្គមានព្រះបន្ទូលទៅកាន់គេថា៖ ចូរប្រុងស្មារតី ហើយអធិស្ឋាន កុំឱ្យចាញ់ការល្បួង។
(បទព្រហ្មគីតិ)
| ១- | ពេលព្រះដឹកនាំអ្នក | ដែលជំពាក់ខ្លួនជាឈ្លើយ | |
| មកក្រុងស៊ីយ៉ូនហើយ | យើងធូរស្បើយដូចយល់សប្តិ | ។ | |
| ២- | យើងសើចហ៊ោរសប្បាយ | អរក្អាកក្អាយឥតមានឈប់ | |
| ស្រែកជ័យឃោសន៍សាយសព្វ | លាន់សូរស័ព្ទគ្រប់ទិសា | ។ | |
| ពេលនោះក្នុងចំណោម | ជាតិទាំងព្រមគេពោលថា | ||
| ព្រះម្ចាស់មានចេស្តា | ធ្វើអស្ចារ្យចំពោះគេ | ។ | |
| ៣- | ព្រះអង្គបានធ្វើការ | ដ៏អស្ចារ្យអ្វីម៉េ្លះទេ | |
| យើងលែងគិតគ្នាន់គ្នេរ | បានល្ហើយល្ហែអរសប្បាយ | ។ | |
| ៤- | ឱព្រះម្ចាស់ឧត្តម | សូមប្រោសខ្ញុំឱ្យរីកសាយ | |
| ដូចរហោស្ថានឆ្ងាយ | សូមប្រែក្លាយមានទឹកហូរ | ។ | |
| ៥- | អ្នកណាសាបព្រោះស្រូវ | ដោយសោកសៅគួរអាសូរ | |
| ទាំងទឹកភ្នែកជន់ជោរ | នឹងច្រូតយកទាំងសប្បាយ | ។ | |
| ៦- | គេយកពូជទៅព្រោះ | ទាំងស្រណោះយំសោកស្តាយ | |
| ក្រោយមកគេប្រែក្លាយ | ហ៊ោសប្បាយដោយអំណរ | ។ | |
| សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
| និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
បន្ទរ៖ ព្រះអង្គមានព្រះបន្ទូលទៅកាន់គេថា៖ ចូរប្រុងស្មារតី ហើយអធិស្ឋាន កុំឱ្យចាញ់ការល្បួង។
បទលើកតម្កើងតាមលិខិតអេភេសូ (អភ ១,៣-១០)
បន្ទរទី៣៖ ព្រះបាទហេរ៉ូដចាប់ផ្ដើមបៀតបៀនសមាជិកខ្លះនៃព្រះសហគមន៍។ ស្ដេចបានឱ្យគេប្រហារជីវិតលោកយ៉ាកុប ជាបងរបស់លោកយ៉ូហាន។
| ៣ | សូមលើកតម្កើងព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូគ្រីស្ត ជាព្រះអម្ចាស់នៃយើង ដែលបានប្រោសប្រទានព្រះពរគ្រប់យ៉ាង ផ្នែកខាងវិញ្ញាណពីស្ថានបរមសុខមកយើង ក្នុងអង្គព្រះគ្រីស្ត។ |
| ៤ | ព្រះអង្គបានជ្រើសរើសយើងក្នុងអង្គព្រះគ្រីស្ត តាំងពីមុនកំណើតពិភពលោកមកម៉្លេះ ដើម្បីឱ្យយើងវិសុទ្ធ និងឥតសៅហ្មងនៅចំពោះព្រះភក្ត្រព្រះអង្គ ព្រោះព្រះអង្គមានព្រះហឫទ័យស្រឡាញ់យើង។ |
| ៥ | ព្រះអង្គបានតម្រូវយើងទុកជាមុន ឱ្យធ្វើជាបុត្រធីតារបស់ព្រះអង្គ ដោយសារព្រះយេស៊ូគ្រីស្ត ស្របនឹងបំណងដ៏សប្បុរសរបស់ព្រះអង្គ |
| ៦ | ដើម្បីឱ្យយើងលើកតម្កើងសិរីរុងរឿងនៃព្រះហឫទ័យប្រណីសន្ដោស ដែលព្រះអង្គបានប្រោសប្រទានមកយើង ក្នុងអង្គព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។ |
| ៧ | ដោយយើងរួមក្នុងអង្គព្រះគ្រីស្តនេះ ព្រះជាម្ចាស់បានលោះយើង ដោយព្រះលោហិតរបស់ព្រះអង្គ និងលើកលែងទោសឱ្យយើងបានរួចពីបាប តាមព្រះហឫទ័យប្រណីសន្ដោសដ៏លើសលប់របស់ព្រះអង្គ។ |
| ៨ | ព្រះជាម្ចាស់ប្រណីសន្ដោសយើងយ៉ាងខ្លាំងបំផុត គឺព្រះអង្គប្រទានឱ្យយើងមានតម្រិះ និងប្រាជ្ញាដ៏វាងវៃគ្រប់យ៉ាង។ |
| ៩ | ព្រះអង្គបានប្រោសឱ្យយើងស្គាល់គម្រោងការដ៏លាក់កំបាំង នៃព្រះហឫទ័យរបស់ព្រះអង្គ តាមបំណងដ៏សប្បុរស ដែលព្រះអង្គបានសម្រេចទុកជាមុនដោយព្រះអង្គផ្ទាល់។ |
| ១០ | ព្រះអង្គចាត់ចែងគម្រោងការនេះឱ្យបានសម្រេច នៅគ្រាចុងក្រោយបំផុត គឺប្រមូលអ្វីៗទាំងអស់ដែលនៅស្ថានបរមសុខ និងនៅលើផែនដី ឱ្យរួមគ្នានៅក្នុងអង្គព្រះគ្រីស្ត ជាម្ចាស់តែមួយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ ព្រះបាទហេរ៉ូដចាប់ផ្ដើមបៀតបៀនសមាជិកខ្លះនៃព្រះសហគមន៍។ ស្ដេចបានឱ្យគេប្រហារជីវិតលោកយ៉ាកុប ជាបងរបស់លោកយ៉ូហាន។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អភ ៤,១១-១៣)
គឺព្រះអង្គហើយដែលបានប្រទានឱ្យអ្នកខ្លះមានមុខងារជាគ្រីស្តទូត ឱ្យអ្នកខ្លះថ្លែងព្រះបន្ទូល អ្នកខ្លះផ្សាយដំណឹងល្អ អ្នកខ្លះជាគង្វាល និងអ្នកខ្លះទៀតជាអ្នកបង្រៀន ដើម្បីរៀបចំប្រជាជនដ៏វិសុទ្ធឱ្យបំពេញមុខងារបម្រើ និងកសាងព្រះកាយរបស់ព្រះគ្រីស្តឡើង រហូតដល់យើងទាំងអស់រួមគ្នា មានជំនឿតែមួយ មានគំនិតតែមួយ ក្នុងការស្គាល់ព្រះបុត្រារបស់ព្រះជាម្ចាស់ និងទៅជាមនុស្សពេញវ័យ ឡើងដល់កម្ពស់របស់ព្រះគ្រីស្តដែលបំពេញអ្វីៗទាំងអស់។
បន្ទរ៖ ចូរប្រកាសនៅក្នុងចំណោមប្រជាជាតិនានា *អំពីសិរីរុងរឿងរបស់ព្រះអង្គ។ បន្ទរឡើងវិញ៖…
-ហើយប្រកាសនៅក្នុងចំណោមប្រជាជនទាំងឡាយ អំពីស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គ!។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ៖ បើមានអ្នកណាម្នាក់ចង់ធ្វើធំជាងគេក្នុងចំណោមអ្នករាល់គ្នា ត្រូវឱ្យអ្នកនោះបម្រើអ្នករាល់គ្នាវិញ។ បើមានអ្នកណាម្នាក់ចង់ធ្វើមេគេក្នុងចំណោមអ្នករាល់គ្នា អ្នកនោះត្រូវធ្វើជាខ្ញុំបម្រើរបស់អ្នករាល់គ្នាសិន។
| ៤៦ | «ព្រលឹងខ្ញុំសូមលើកតម្កើងព្រះអម្ចាស់* |
| ៤៧ | ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ |
| ៤៨ | ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា ខ្ញុំជាអ្នកមានសុភមង្គលពិតមែន |
| ៤៩ | ព្រះដ៏មានតេជានុភាព បានសម្ដែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។ ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន! |
| ៥០ | ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គនៅគ្រប់ជំនាន់តរៀងទៅ |
| ៥១ | ទ្រង់បានសម្ដែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ |
| ៥២ | ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។ |
| ៥៣ | ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។ |
| ៥៤ | ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ ហើយតែងតែសម្ដែងព្រះហឫទ័យមេត្តាករុណា |
| ៥៥ | ដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ ដូចទ្រង់បានសន្យាជាមួយបុព្វបុរសយើង ឥតភ្លេចសោះឡើយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ឬ ទំនុកតម្កើងរបស់ព្រះនាងម៉ារី (តាមបែបស្មូត) បទព្រហ្មគីតិ
| ៤៧ | ខ្ញុំមានចិត្តអំណរ | សប្បាយអរពន់ពេកណាស់ | |
| ព្រោះខ្ញុំបានដឹងច្បាស់ | ថាព្រះម្ចាស់ទ្រង់សង្គ្រោះ | ។ | |
| ៤៨ | ព្រះអង្គទតមកខ្ញុំ | ជាអ្នកបម្រើស្ម័គ្រស្មោះ | |
| តទៅមនុស្សទាំងអស់ | ថាខ្ញុំនេះសែនសុខក្រៃ | ។ | |
| ៤៩ | ព្រះដ៏មានឫទ្ធា | ខ្លាំងអស្ចារ្យលើលោកីយ៍ | |
| សម្ដែងឫទ្ធិបារមី | ព្រះនាមថ្លៃថ្លាវិសុទ្ធ | ។ | |
| ៥០ | ទ្រង់មានព្រះហឫទ័យ | ត្រាប្រណីខ្ពស់បំផុត | |
| ដល់អ្នកគោរពកោត | ខ្លាចព្រះអង្គរៀងរហូត | ។ | |
| ៥១ | ព្រះអង្គសម្ដែងឫទ្ធិ | អស្ចារ្យពិតមិនរលត់ | |
| កម្ចាត់មនុស្សមានពុត | ឆ្មើងបំផុតឫកខែងរែង | ។ | |
| ៥២ | ទ្រង់បានច្រានទម្លាក់ | អ្នកធំធ្លាក់ពីតំណែង | |
| ឥតមានខ្លាចរអែង | ហើយទ្រង់តែងលើកអ្នកទាប | ។ | |
| ៥៣ | ព្រះអង្គប្រោសប្រទាន | ឱ្យអ្នកឃ្លានឆ្អែតដរាប | |
| អ្នកមានធនធានស្រាប់ | ដេញត្រឡប់ដៃទទេ | ។ | |
| ៥៤ | ព្រះអង្គបានជួយរាស្ត្រ | ទ្រង់ទាំងអស់ឥតប្រួលប្រែ | |
| អ៊ីស្រាអែលនៅក្បែរ | ជាបម្រើដ៏ស្មោះស្ម័គ្រ | ។ | |
| ៥៥ | ទ្រង់តែងមានព្រះទ័យ | ករុណាក្រៃមិនថ្នាំងថ្នាក់ | |
| លោកអប្រាហាំជាក់ | និងពូជពង្សលោកជានិច្ច | ។ | |
| ដូចទ្រង់បានសន្យា | នឹងដូនតាឥតមានភ្លេច | ||
| ព្រះអង្គចាំជានិច្ច | គ្មានកលកិច្ចប្រែប្រួលឡើយ | ។ | |
| សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
| និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
បន្ទរ៖ បើមានអ្នកណាម្នាក់ចង់ធ្វើធំជាងគេក្នុងចំណោមអ្នករាល់គ្នា ត្រូវឱ្យអ្នកនោះបម្រើអ្នករាល់គ្នាវិញ។ បើមានអ្នកណាម្នាក់ចង់ធ្វើមេគេក្នុងចំណោមអ្នករាល់គ្នា អ្នកនោះត្រូវធ្វើជាខ្ញុំបម្រើរបស់អ្នករាល់គ្នាសិន។
ពាក្យអង្វរសកល
បងប្អូនជាទីស្រឡាញ់ ! យើងបានសង់ឡើងនៅលើគ្រឹះនៃក្រុមគ្រីស្តទូត។ ចូរយើងទូលទៅព្រះបិតាដ៏មានឫទ្ធានុភាព សម្រាប់ប្រជាជនដ៏វិសុទ្ធរបស់ព្រះអង្គថា ៖
បន្ទរ៖ បពិត្រព្រះអម្ចាស់ ! សូមព្រះអង្គយកព្រះហឫទ័យទុកដាក់ចំពោះព្រះសហគមន៍របស់ព្រះអង្គ !
បពិត្រព្រះបិតា ! ព្រះអង្គសព្វព្រះហឫទ័យឱ្យក្រុមគ្រីស្តទូតបានឃើញព្រះបុត្រាព្រះអង្គមុនគេ ក្រោយពីព្រះអង្គមានព្រះជន្មរស់ឡើងវិញពីចំណោមមនុស្សស្លាប់
—យើងខ្ញុំសូមទូលអង្វរព្រះអង្គ សូមប្រោសឱ្យយើងខ្ញុំធ្វើជាសាក្សីអំពីព្រះអង្គ រហូតដល់ចុងបំផុតនៃពិភពលោក។ (បន្ទរ)
ព្រះអង្គបានចាត់ព្រះបុត្រាឱ្យយាងមកប្រកាសដំណឹងល្អដល់ជនក្រីក្រ
—សូមជួយយើងខ្ញុំឱ្យចេះប្រកាសដំណឹងល្អនេះ ដល់គ្រប់ស្នាព្រះហស្តរបស់ព្រះអង្គផង។ (បន្ទរ)
ព្រះអង្គបានចាត់ព្រះបុត្រាឱ្យយាងមក សាបព្រោះគ្រាប់ពូជនៃជីវិតអមតៈ
—សូមប្រោសឱ្យយើងខ្ញុំដែលធ្វើការសាបព្រោះគ្រាប់ពូជនេះ អាចចូលរួមចំណែកក្នុងអំណរសប្បាយនៃការប្រមូលផលនោះផង។ (បន្ទរ)
ព្រះអង្គបានចាត់ព្រះបុត្រាឱ្យយាងមកសម្រុះសម្រួលយើងខ្ញុំ ឱ្យជានានឹងព្រះអង្គវិញ ដោយសារព្រះលោហិតរបស់ព្រះបុត្រា
—សូមជួយយើងខ្ញុំទាំងអស់គ្នា ឱ្យធ្វើការឆ្ពោះទៅរកការផ្សះផ្សានេះផង។ (បន្ទរ)
ព្រះបុត្រាគង់នៅខាងស្តាំព្រះបិតានៅស្ថានបរមសុខ
—សូមឱ្យមរណបុគ្គលចូលក្នុងព្រះរាជ្យនៃអំណរសប្បាយនោះដែរ។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
បពិត្រព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ! ព្រះអង្គប្រោសប្រទានឱ្យសន្តយ៉ាកុបជាសាវ័ករបស់ព្រះគ្រីស្ត បូជាជីវិតមុនគេបង្អស់។ ឈាមរបស់លោកជាផលផ្លែដំបូងដែលក្រុមគ្រីស្តទូតថ្វាយទៅព្រះអង្គ។ ដោយពឹងលើជំនឿរបស់សន្តយ៉ាកុប យើងខ្ញុំសូមព្រះអង្គពង្រឹង និងការពារព្រះសហគមន៍ជានិច្ច។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា ៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច ៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។
