ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

កូនចៀមដែលគង់នៅកណ្តាលបល្ល័ង្ក ទ្រង់នឹងឃ្វាលពួកគេ ព្រះអង្គនឹងនាំគេទៅរកប្រភពទឹកដែលផ្តល់ជីវិត (វវ ៧,១៧)។

បន្ទរទី១ ៖ ព្រះ‌អង្គ​ឱ្យខ្ញុំ​សម្រាក​នៅ​តាម​វាល​ស្មៅ​ខៀវ​ខ្ចី អាលេលូយ៉ា! ។

ព្រះអម្ចាស់ជាគង្វាលខ្ញុំ ខ្ញុំមិនខ្លាចអ្វីឡើយ។
ព្រះអង្គឱ្យខ្ញុំសម្រាកនៅតាមវាលស្មៅខៀវខ្ចី
ព្រះអង្គនាំខ្ញុំឆ្ពោះទៅកន្លែងស្ងាត់ នៅក្បែរមាត់ទឹក។
ព្រះអង្គប្រទានឱ្យខ្ញុំមានកម្លាំងឡើងវិញ
ព្រះអង្គនាំខ្ញុំដើរក្នុងផ្លូវដ៏សុចរិត ដោយយល់ដល់ព្រះកិត្តិនាមរបស់ព្រះអង្គ។
ទោះបីទូលបង្គំដើរកាត់ជ្រលងភ្នំនៃសេចក្តីស្លាប់ក៏ដោយ
ក៏ទូលបង្គំមិនខ្លាចអ្វីឡើយ ដ្បិតព្រះអង្គគង់នៅជាមួយទូលបង្គំ
ព្រះអង្គតាមការពារ និងរក្សាទូលបង្គំជានិច្ច។
ព្រះអង្គរៀបចំពិធីជប់លៀងឱ្យទូលបង្គំ នៅមុខបច្ចាមិត្តរបស់ទូលបង្គំ
ព្រះអង្គចាក់ប្រេងលើក្បាលទូលបង្គំ ព្រះអង្គបំពេញពែងទូលបង្គំយ៉ាងហូរហៀរ។
ព្រះអង្គនឹងប្រទានសុភមង្គល និងសម្តែងព្រះហឫទ័យប្រណីសន្តោស
មកទូលបង្គំយ៉ាងស្មោះស្ម័គ្រ ជារៀងរាល់ថ្ងៃ អស់មួយជីវិត។
ដរាបណាខ្ញុំមានជីវិត នោះខ្ញុំនឹងរស់នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ជានិច្ច។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះ‌អង្គ​ឱ្យខ្ញុំ​សម្រាក​នៅ​តាម​វាល​ស្មៅ​ខៀវ​ខ្ចី អាលេលូយ៉ា! ។

គេនឹងឃើញបុត្រមនុស្សយាងមកលើពពក ក្នុងផ្ទៃមេឃ (ម៉ាថាយ ២៤,៣០)។

បន្ទរទី២ ៖ ព្រះ​ដ៏វិសុទ្ធ​របស់​ជន​ជាតិ​អ៊ីស្រាអែល ដែល​គង់​នៅ​កណ្ដាលចំណោម​អ្នក​រាល់​គ្នា ព្រះនាម​របស់​ព្រះអង្គ​ឧត្តុង្គ‌ឧត្ដមណាស់។ អាលេលូយ៉ា!

(ក)

(បទពាក្យ ៧)

២-ព្រះម្ចាស់សម្តែងឱ្យគេស្គាល់រូបព្រះអង្គផ្ទាល់នៅយូដា
ឯអ៊ីស្រាអែលល្បីអស្ចារ្យព្រះនាមនេះណាឮឆ្ងាយក្រៃ
៣-ព្រះពន្លាជ័យល្អប៉ប្រឹមយេរូសាឡឹមក្រុងល្បាញល្បី
ដំណាក់ព្រះអង្គដ៏ប្រិមប្រិយ៍ស្ថិតនៅលើដីក្រុងស៊ីយ៉ូន
៤-គឺទីនោះហើយទ្រង់សម្រេចព្រះអង្គកម្ទេចឱ្យហ្មត់សូន្យ
គ្រឿងសស្ត្រាវុធច្រើនរាប់ផ្លូនធ្នូដាវមាំមួនកប់ក្នុងដី
៥-បពិត្រព្រះម្ចាស់ដ៏ឧត្តមព្រះអង្គជិតជុំដោយសិរី
រុងរឿងចិញ្ចែងចិញ្ចាចក្រៃពេលត្រឡប់វៃមកពីភ្នំ
៦-ទ្រង់ដកអាវុធពីអ្នកច្បាំងគេហេវហត់ខ្លាំងស្ទើររលំ
ទាហានពូកែដេកសំងំមិនមកជួបជុំលែងប្រយុទ្ធ
៧-ឱព្រះនៃលោកយ៉ាកុបអើយទ្រង់គំរាមហើយគេតក់ស្លុត
រទេះចំបាំងគាំងរហូតសេះដើរមិនរួចលែងអង់អាច
សូមកោតសរសើរព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណ
ដែលគង់ស្ថិតស្ថេរឥតសៅហ្មងយូរលង់កន្លងតរៀងទៅ

បន្ទរ ៖ ព្រះ​ដ៏វិសុទ្ធ​របស់​ជន​ជាតិ​អ៊ីស្រាអែល ដែល​គង់​នៅ​កណ្ដាលចំណោម​អ្នក​រាល់​គ្នា ព្រះនាម​របស់​ព្រះអង្គ​ឧត្តុង្គ‌ឧត្ដមណាស់។ អាលេលូយ៉ា!

បន្ទរទី៣ ៖ មនុស្ស‌ម្នា​លើ​ផែន‌ដី​នៅ​ស្ងៀម​ស្ងាត់ដោយ​កោត​ខ្លាច ពេលព្រះ‌អង្គ​ក្រោក​ឡើង​វិនិច្ឆ័យ​ទោស អាលេលូយ៉ា! ។

(ខ)

បពិត្រព្រះអង្គ! ព្រះគួរជាទីស្ញែងខ្លាចណាស់!
ពេលព្រះអង្គព្រះពិរោធ តើនរណាអាចទ្រាំឈរនៅចំពោះព្រះភក្ត្ររបស់ព្រះអង្គបាន?
ព្រះអង្គមានព្រះបន្ទូលជំនំជំរះពីលើមេឃមក
មនុស្សម្នាលើផែនដី នៅស្ងៀមស្ងាត់ដោយកោតខ្លាច
១០នៅពេលព្រះអង្គក្រោកឡើងវិនិច្ឆ័យ ដើម្បីសង្គ្រោះមនុស្សទន់ទាបទាំងប៉ុន្មាន នៅលើផែនដី។
១១ព្រះអង្គធ្វើឱ្យកំហឹងរបស់មនុស្សលោក ប្រែទៅជាការលើកសរសើរតម្កើងព្រះអង្គវិញ
អស់អ្នកដែលនៅសេសសល់ពីសង្គ្រាម នឹងនាំគ្នាមកថ្វាយបង្គំព្រះអង្គ។
១២អស់អ្នកដែលនៅជុំវិញព្រះអង្គអើយ! ចូរបន់ស្រន់ចំពោះព្រះជាម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា
ហើយលាបំណន់ផង! ចូរយកតង្វាយមកថ្វាយព្រះដ៏គួរឱ្យស្ញែងខ្លាច!
១៣ព្រះអង្គបំបាក់អំនួតរបស់ស្តេចនានា
ព្រះអង្គធ្វើឱ្យព្រះមហាក្សត្រទាំងឡាយនៅលើផែនដី តក់ស្លុត ស្ញែងខ្លាចព្រះអង្គ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ មនុស្ស‌ម្នា​លើ​ផែន‌ដី​នៅ​ស្ងៀម​ស្ងាត់ដោយ​កោត​ខ្លាច ពេលព្រះ‌អង្គ​ក្រោក​ឡើង​វិនិច្ឆ័យ​ទោស អាលេលូយ៉ា! ។

ម៉ោង៩ ព្រឹក
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) រ៉ូម ៥,១-២.៥

ដោយព្រះជាម្ចាស់ប្រោសយើងឱ្យបានសុចរិត ព្រោះតែយើងមានជំនឿ យើងក៏មានសន្តិភាពជាមួយនឹងព្រះអង្គ តាមរយៈព្រះយេស៊ូគ្រីស្តជាអម្ចាស់នៃយើងដែរ។ ព្រោះតែព្រះគ្រីស្ត និងដោយសារជំនឿ យើងមានមាគ៌ាចូលទៅកាន់ជីវិតថ្មី ហើយយើងក៏ស្ថិតនៅក្នុងជីវិតថ្មីនេះយ៉ាងខ្ជាប់ខ្ជួន ទាំងខ្ពស់មុខ ដោយសង្ឃឹមថានឹងបានទទួលសិរីរុងរឿងរបស់ព្រះជាម្ចាស់។ សេចក្តីសង្ឃឹមមិនធ្វើឱ្យយើងខកចិត្តឡើយ ព្រោះព្រះជាម្ចាស់បានចាក់បង្ហូរព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គ មកក្នុងចិត្តយើង ដោយប្រទានព្រះវិញ្ញាណដ៏វិសុទ្ធមកយើង។

បន្ទរ៖ ខ្ញុំ​នឹង​ច្រៀង​សរសើរ​ព្រះ‌ហឫទ័យមេត្តា‌ករុណា​របស់​ព្រះ‌អម្ចាស់រហូត​ត​ទៅ។
—ខ្ញុំ​នឹង​ប្រកាស​អំពី​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្ររបស់​ព្រះ‌អង្គ អស់‌កល្ប​ជាអង្វែង​ត​រៀង​ទៅ។
ពាក្យអធិដ្ឋាន

 

ម៉ោង១២ ថ្ងៃត្រង់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) រ៉ូម ៨,២៦

យ៉ាង​ណា‌មិញ ព្រះ‌វិញ្ញាណ​ក៏​យាង​មក​ជួយ​យើង​ដែល​ទន់​ខ្សោយ​នេះ​ដែរ ដ្បិត​យើង​ពុំ​ដឹង​អធិស្ឋានដូច​ម្ដេច ដើម្បី​ឱ្យ​បាន​សម​នោះ​ឡើយ តែ​ព្រះ‌វិញ្ញាណ​ផ្ទាល់ព្រះ‌អង្គ​ទូល‌អង្វរ​ឱ្យយើង ដោយ​ព្រះ‌សូរសៀង​ដែល​គ្មាន​នរណា​អាច​ថ្លែង​បាន។

បន្ទរ៖ ព្រះអម្ចាស់អើយ! សូមទ្រង់ព្រះសណ្តាប់ពាក្យទូលអង្វររបស់ទូលបង្គំផង។
—សូមប្រោសប្រទានឱ្យទូលបង្គំមានប្រាជ្ញា ដូចព្រះអង្គមានព្រះបន្ទូលសន្យា។
ពាក្យអធិដ្ឋាន

 

ម៉ោង៣ រសៀល
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) ២ករ ១,២១-២២

គឺ​ព្រះ‌ជាម្ចាស់ហើយ ដែល​ប្រទាន​ឱ្យ​យើង និង​បង‌ប្អូន​មាន​ជំនឿ​ខ្ជាប់‌ខ្ជួន​លើ​ព្រះ‌គ្រីស្ត ព្រម​ទាំង​បាន​ចាក់​ប្រេង​គលើ​យើង​ផង ហើយ​ព្រះ‌អង្គ​ក៏​បាន​ដៅ​សញ្ញា​សម្គាល់​របស់​ព្រះ‌អង្គ​លើ​យើង និង​ប្រទាន​ព្រះ‌វិញ្ញាណ​មក​បញ្ចាំ​ចិត្ត​យើង​ផង​ដែរ។

បន្ទរ៖ ព្រះ‌អម្ចាស់​ជា​ពន្លឺ និង​ជា​ព្រះសង្គ្រោះ​ខ្ញុំ។
—ព្រះអង្គការពារជីវិតខ្ញុំ។
ពាក្យអធិដ្ឋាន

 

បពិត្រព្រះបិតាដ៏មានព្រះហឫទ័យសប្បុរស ! ព្រះបុត្រាបានបន្ទាបព្រះអង្គ ដើម្បីលើកមនុស្សលោកឱ្យរួមរស់ជាមួយព្រះអង្គ។ សូមព្រះអង្គមេត្តាប្រោសឱ្យអស់អ្នកដែលព្រះអង្គលោះចេញពីអំពើបាប បានពោរពេញដោយអំណរសប្បាយអស់កល្បជានិច្ច។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

សូមកោតសរសើរព្រះអម្ចាស់!
សូមអរព្រះគុណព្រះជាម្ចាស់!

10 Views

Theme: Overlay by Kaira