• ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
    សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។

បន្ទរ៖ ចូរយើងនាំគ្នាមក ឱនកាយថ្វាយ‌បង្គំព្រះ‌ជាម្ចាស់ ដែលគ្រប់គ្រងលើអ្វីៗទាំងអស់ និងជាស្នាព្រះហស្តដ៏អស្ចារ្យដែលព្រះអង្គបានបង្កើតមក! ។

ទំនុកតម្កើងតាមការជ្រើសរើស

ទំនុកតម្កើងលេខ ៩៥
ចូរ​យើង​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អម្ចាស់!

សូម​អញ្ជើញ​មក យើង​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អម្ចាស់!
ចូរ​ស្រែក​ច្រៀង​ដោយ​អំណរថ្វាយ​ព្រះ‌ជាម្ចាស់​ដែល​ជា​ថ្ម‌ដា​សង្គ្រោះ​យើង។
ចូរ​យើង​នាំ​គ្នា​ចូល​មក​ចំពោះ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គទាំង​អរ​ព្រះ‌គុណ
និង​ស្មូត​ទំនុក‌តម្កើង​ថ្វាយ​ព្រះ‌អង្គ
ដ្បិត​ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ប្រសើរ​ឧត្ដម
ព្រះ‌អង្គ​ជា​ព្រះ‌មហា​ក្សត្រដ៏​ខ្ពង់‌ខ្ពស់​លើស​ព្រះ​នានា។
ព្រះ‌អង្គ​គ្រប់‌គ្រង​លើ​អ្វីៗ​ទាំង​អស់ គឺ​ចាប់​តាំង​ពី​បាត​ដី​រហូត​ដល់​ចុង​កំពូល​ភ្នំ
សមុទ្រ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ព្រះ‌អង្គ
ព្រោះ​ព្រះ‌អង្គ​បាន​បង្កើត​សមុទ្រ​មក រីឯ​ផែន‌ដី​ក៏​ព្រះ‌អង្គ​បាន​បង្កើត​មក​ដែរ។
ចូរ​នាំ​គ្នា​មក យើង​នឹង​ឱន​កាយ​ថ្វាយ‌បង្គំ​ព្រះ‌អង្គ
ចូរ​យើង​ក្រាប​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ដែល​បាន​បង្កើត​យើង​មក
ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ​នៃ​យើង
យើង​ជា​ប្រជា‌រាស្ដ្រ​ដែល​ព្រះ‌អង្គ​ថែ‌រក្សា ជា​ហ្វូង​ចៀម​ដែល​ព្រះ‌អង្គ​ដឹក​នាំ។
ថ្ងៃ​នេះ បើ​អ្នក​រាល់​គ្នា​ឮ​ព្រះ‌សូរសៀង​របស់​ព្រះ‌អង្គ
មិន​ត្រូវ​មាន​ចិត្ត​រឹង‌រូស ដូច​កាល​បះ‌បោរ​នៅ​មេរី‌បា
ដូច​ថ្ងៃ​ល្បង‌ល​នៅ​ម៉ាសា ក្នុង​វាល​រហោ‌ស្ថាន​នោះ​ឡើយ
គឺ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​បាន​ល្បង‌ល​យើង
គេ​សាក​មើល​យើង ទោះ​បី​គេ​បាន​ឃើញ​កិច្ច‌ការដែល​យើង​ធ្វើ​ក៏​ដោយ។
១០ ក្នុង​អំឡុង​ពេល​សែ‌សិប​ឆ្នាំ
មនុស្ស​នៅ​ជំនាន់​នោះបាន​ធ្វើ​ឱ្យ​យើង​ឆ្អែត​ចិត្ត​ជា​ខ្លាំង ហើយ​យើង​បាន​ពោល​ថា:
ពួក​នេះ​ជា​ប្រជាជន​ដែល​មាន​ចិត្ត​វង្វេង គេ​ពុំ​ស្គាល់​មាគ៌ា​របស់​យើង​ឡើយ។
១១ ហេតុ​នេះ យើង​ខឹង​នឹង​ពួក​គេ ហើយ​ប្ដេជ្ញា​ថា
មិន​ឱ្យ​ពួក​គេ​ចូល​មក​សម្រាកជា​មួយ​យើង​ជា​ដាច់​ខាត!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ១០០

មនុស្ស​នៅ​លើ​ផែន‌ដី​ទាំង​មូល​អើយ ចូរ​បន្លឺ​សំឡេង​តម្កើង​ព្រះ‌អម្ចាស់!
ចូរ​គោរព​បម្រើ​ព្រះ‌អម្ចាស់​ដោយ​ចិត្ត​រីក‌រាយ
ចូរ​នាំ​គ្នា​ចូល​មក​ជិត​ព្រះ‌អង្គដោយ​ច្រៀង​យ៉ាង​សប្បាយ!
ចូរ​ដឹង​ថា ព្រះ‌អម្ចាស់​ពិត​ជា​ព្រះ‌ជាម្ចាស់​មែន! ព្រះ‌អង្គ​បាន​បង្កើត​យើង​មក
យើង​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ ហើយ​ជា​ប្រជាជន​ដែល​ព្រះ‌អង្គ​ថែ‌រក្សា។
ចូរ​នាំ​គ្នា​ចូល​តាម​ទ្វារ​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ ដោយ​អរ​ព្រះ‌គុណ
ចូរ​នាំ​គ្នា​ចូល​មក​ក្នុង​ព្រះ‌វិហារ ដោយ​ពាក្យ​សរសើរ​តម្កើង!
ចូរ​លើក​តម្កើង​ព្រះ‌អង្គ ចូរ​សរសើរ​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ!
ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​សប្បុរស
ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គនៅ​ស្ថិត‌ស្ថេរ​ជា‌និច្ច
ហើយ​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះ‌អង្គ
នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ៦៧

ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​ប្រណី​សន្ដោស​យើង​ខ្ញុំ សូម​ប្រទាន​ពរ​ដល់​យើង​ខ្ញុំ
សូម​ទត​មក​យើង​ខ្ញុំដោយ​ព្រះ‌ហឫទ័យ​សប្បុរស​ផង!
ដូច្នេះ មនុស្ស​នៅ​លើ​ផែន‌ដីនឹង​ស្គាល់​មាគ៌ា​របស់​ព្រះ‌អង្គ
ហើយ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ
គេ​នឹង​ស្គាល់​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ!
ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​ឱ្យ​ប្រជាជនទាំង‌ឡាយ​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អង្គ
សូម​ឱ្យ​ប្រជាជន​ទាំង​អស់​រួម​គ្នាលើក​តម្កើង​ព្រះ‌អង្គ!
មហាជន​នាំ​គ្នា​សប្បាយ​រីករាយ នាំ​គ្នា​ស្រែក​ជយ‌ឃោស
ដ្បិត​ព្រះ‌អង្គ​គ្រប់‌គ្រង​ប្រជា‌រាស្ដ្រ​នានាដោយ​យុត្តិធម៌
ហើយ​ព្រះ‌អង្គ​ដឹក​នាំ​មហា‌ជន​ទាំង‌ឡាយនៅ​លើ​ផែន‌ដី។
ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​ឱ្យ​ប្រជាជន​ទាំង‌ឡាយនាំ​គ្នា​លើក​តម្កើង​ព្រះ‌អង្គ
សូម​ឱ្យ​ប្រជាជន​ទាំង​អស់​រួម​គ្នាលើក​តម្កើង​ព្រះ‌អង្គ!
ផែន‌ដី​បាន​បង្កើត​ភោគ‌ផល
ព្រោះ​ព្រះ‌ជាម្ចាស់​ជា​ព្រះ​នៃ​យើង បាន​ប្រទាន​ពរ​ឱ្យ​យើង។
សូម​ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ឱ្យ​យើង សូម​ឱ្យ​ប្រជាជន​ទាំង​ប៉ុន្មាន
ដែល​រស់​នៅ​ទី​ដាច់​ស្រយាល​នៃ​ផែន‌ដី គោរព​កោត​ខ្លាច​ព្រះ‌អង្គ!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ២៤

ផែន‌ដី និង​អ្វីៗ​សព្វ​សារ​ពើ​នៅ​លើ​ផែន‌ដី សុទ្ធ​តែ​ជា​កម្ម‌សិទ្ធិ​របស់​ព្រះ‌អម្ចាស់
ពិភព‌លោក និង​អ្វីៗ​ទាំង​អស់​ដែល​រស់​នៅ​ក្នុងពិភព‌លោក
ក៏​ជា​កម្ម‌សិទ្ធិ​របស់​ព្រះ‌អង្គ​ដែរ!
គឺ​ព្រះ‌អង្គ​ហើយ​ដែល​បាន​ចាក់​គ្រឹះ​ផែន‌ដីពី​លើ​សមុទ្រ
ហើយ​ធ្វើ​ឱ្យ​វា​ស្ថិត​នៅ​យ៉ាង​រឹង‌ប៉ឹងពី​លើ​ទន្លេ​នានា។
តើ​នរណា​អាច​ឡើង​ទៅ​លើ​ភ្នំរបស់​ព្រះ‌អម្ចាស់​បាន?
តើ​នរណា​អាច​ឈរ​នៅ​ក្នុង​ព្រះ‌វិហារដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គ​បាន?
មាន​តែ​អ្នក​ប្រព្រឹត្ត​អំពើ​ត្រឹម​ត្រូវ
និង​មាន​ចិត្ត​បរិសុទ្ធ​ប៉ុណ្ណោះ ទើប​ឡើង​ទៅ​បាន
គឺ​អ្នក​ដែល​មិន​បណ្តោយ​ខ្លួន​ទៅ​ថ្វាយ‌បង្គំព្រះ​ក្លែង‌ក្លាយ
និង​និយាយ​ស្បថ‌ស្បែ​បំពាន។
ព្រះ‌អម្ចាស់​នឹង​ប្រទាន​ពរ​ដល់​គេ
ហើយ​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌សង្គ្រោះ នឹង​ប្រោស​គេ​ឱ្យសុចរិត​ដែរ។
គឺ​អ្នក​ទាំង​នេះ​ហើយ​ដែល​ស្វែង​រក​ព្រះ‌អង្គ
ជា​អ្នក​ស្វែង​រក​ព្រះ​របស់​លោក​យ៉ាកុប។
ឱ​ទ្វារ​ទាំង‌ឡាយ​អើយ ចូរ​បើក​ចំហ!
ខ្លោង​ទ្វារ​ដ៏​នៅ​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច​អើយ
ចូរ​ចំហ​ឱ្យ​ធំ​ ដើម្បី​ឱ្យ​ព្រះ‌មហា​ក្សត្រប្រកប​ដោយ​សិរី‌រុង​រឿង​យាង​ចូល​មក!
តើ​ព្រះ‌មហា​ក្សត្រ​ប្រកប​ដោយសិរី‌រុង​រឿង​នេះ​ជា​នរណា?
-ព្រះ‌អម្ចាស់​ប្រកប​ដោយ​ព្រះ‌ចេស្ដា​ដ៏​ខ្លាំង​ពូកែ
ព្រះ‌អម្ចាស់​ជា​អ្នក​ចម្បាំង​ដ៏​ជំនាញ។
ឱ​ទ្វារ​ទាំង‌ឡាយ​អើយ ចូរ​បើក​ចំហ!
ខ្លោង​ទ្វារ​ដ៏​នៅ​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច​អើយ
ចូរ​ចំហ​ឱ្យ​ធំ ដើម្បី​ឱ្យ​ព្រះ‌មហា​ក្សត្រប្រកប​ដោយ​សិរី‌រុង​រឿង​យាង​ចូល​មក!
១០ តើ​ព្រះ‌មហា​ក្សត្រ​ប្រកប​ដោយសិរី‌រុង​រឿង​នេះ​ជា​នរណា?
-ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល គឺ​ព្រះ‌អង្គ​ហើយ
ដែល​ជា​ព្រះ‌មហា​ក្សត្រប្រកប​ដោយ​សិរី‌រុង​រឿង!។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

***

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

សេចក្តីស្រឡាញ់នាំឱ្យប្រតិបត្តិតាមវិន័យបានពេញលក្ខណៈ (រ៉ូម ១៣,១០)។

បន្ទរទី១ ៖ ទូល‌បង្គំសញ្ជឹង​គិត​អំពី​ព្រះ‌បន្ទូល​សន្យារបស់​ព្រះ‌អង្គ មួយយប់​ទល់​ភ្លឺ។

១៤៥បពិត្រព្រះអម្ចាស់! ទូលបង្គំអង្វរព្រះអង្គយ៉ាងអស់ពីចិត្ត
សូមឆ្លើយតបមកទូលបង្គំផង
ដើម្បីឱ្យទូលបង្គំ ប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះអង្គ!
១៤៦ទូលបង្គំស្រែកអង្វរព្រះអង្គ សូមសង្គ្រោះទូលបង្គំផង
ដើម្បីឱ្យទូលបង្គំ ប្រព្រឹត្តតាមដំបូន្មានរបស់ព្រះអង្គ!
១៤៧ទូលបង្គំស្រែកហៅព្រះអង្គ តាំងពីមុនថ្ងៃរះទៅទៀត
ទូលបង្គំទន្ទឹងរង់ចាំព្រះអង្គមានព្រះបន្ទូល។
១៤៨ទូលបង្គំសញ្ជឹង​គិត​អំពី​ព្រះ‌បន្ទូល​សន្យារបស់​ព្រះ‌អង្គ​មួយ​យប់​ទល់​ភ្លឺ។
១៤៩សូមស្តាប់ពាក្យអង្វររបស់ទូលបង្គំ ដោយព្រះហឫទ័យមេត្តាករុណា
ឱព្រះអម្ចាស់អើយ! សូមជួយទូលបង្គំឱ្យរស់ឡើងវិញ តាមសេចក្តីដែលព្រះអង្គបានសម្រេចផង។
១៥០អស់អ្នកដែលតាមព្យាបាទទូលបង្គំ នាំគ្នាចូលមកជិតទូលបង្គំ
អ្នកទាំងនោះ ឃ្លាតចេញឆ្ងាយពីធម្មវិន័យរបស់ព្រះអង្គ។
១៥១បពិត្រព្រះអម្ចាស់! ព្រះអង្គគង់នៅជិតទូលបង្គំ
វិន័យទាំងប៉ុន្មានរបស់ព្រះអង្គ សុទ្ធតែត្រឹមត្រូវទាំងអស់
១៥២តាំងពីយូរយារណាស់មកហើយ ទូលបង្គំដឹងថា
ព្រះអង្គប្រទានដំបូន្មានឱ្យនៅស្ថិតស្ថេរអស់កល្បជានិច្ច។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ទូល‌បង្គំសញ្ជឹង​គិត​អំពី​ព្រះ‌បន្ទូល​សន្យារបស់​ព្រះ‌អង្គ មួយយប់​ទល់​ភ្លឺ។

អស់​អ្នក​ដែល​បាន​ឈ្នះ​សត្វ​តិរច្ឆាន….នាំគ្នាច្រៀងចម្រៀងរបស់លោកម៉ូសេ ជាអ្នក​បម្រើរបស់ព្រះជាម្ចាស់ (វវ ១៥,២-៣)។

បន្ទរទី២ ៖ ព្រះអម្ចាស់​ជា​កម្លាំង​របស់​ខ្ញុំ ខ្ញុំ​ច្រៀង​ថ្វាយ​ព្រះអង្គ ព្រះអង្គសង្គ្រោះ​ខ្ញុំ។

(បទពាក្យ ៧)

១-ខ្ញុំស្រែកច្រៀងថ្វាយព្រះជាអម្ចាស់ដែលមានជ័យ
លើទ័ពសេះល្បាញល្បីលិចលង់ក្ស័យក្នុងសមុទ្រ
២-ព្រះម្ចាស់ជាកម្លាំងខ្ញុំឈ្នះខ្មាំងមិនភ័យស្លុត
ខ្ញុំសូមឱនក្រាបលុតទាំងច្រៀងបទថ្កើងព្រះអង្គ
ព្រោះទ្រង់បានសង្គ្រោះខ្ញុំឲ្យរស់ផុតសៅហ្មង
ព្រះឪពុកខ្ញុំផងព្រះខ្ពស់ខ្ពង់លើសអ្វីៗ
៣-ទ្រង់ជាវីរបុរសប្រសើរខ្ពស់លើផែនដី
អង់អាចពូកែក្រៃព្រះនាមថ្លៃ “ព្រះអម្ចាស់
៤-ព្រះអង្គបានធ្វើឲ្យកងទ័ពថយវិនាសអស់
ទាំងទ័ពទាំងរទេះត្រូវវិនាសក្នុងសមុទ្រ
៨-ពេលខ្យល់បក់បោកមកទឹករលកផ្តុំគ្នាឡើង
ទំនប់ទឹករលើងមកនៅគឿងសមុទ្រជាន់
៩-ខ្មាំងសត្រូវពោលថាខ្ញុំដេញគេតាមឲ្យទាន់
ខ្ញុំទទួលជយភណ្ឌច្រើនគ្រប់គ្រាន់ទើបចាត់ការ
១០-ព្រះអង្គទ្រង់ផ្លុំខ្យល់ទឹកវិលវល់គ្រប់កាយា
ពួកគេលិចមរណាក្នុងជលសាដូចសំណ
១១-បពិត្រព្រះអម្ចាស់ប្រសើរណាស់ពេញបវរ
តើមានព្រះណាល្អយុត្តិធម៌ដូចព្រះអង្គ ?
ទ្រង់វិសុទ្ធរឿងរុងអស្ចារ្យខ្លាំងពេកកន្លង
គួរស្ញែងខ្លាចព្រឺផងហើយមានទាំងឫទ្ធីខ្ពស់
១២-ព្រះអង្គក្តៅព្រះទ័យគ្មានប្រណីគិតស្រណោះ
ពេលទ្រង់លើកព្រះហស្តផែនដីប្រេះស្រូបគេឈឹង
១៣-ព្រះអង្គបានលោះលារាស្រ្តគ្រប់គ្នាមានរំពឹង
ដឹកនាំគេតម្រង់ដំណាក់ទ្រង់ដ៏ឧត្តម
១៧-ព្រះអង្គនាំប្រជារាស្រ្តគ្រប់គ្នាទៅលើភ្នំ
ជាចំណែកដ៏ធំកន្លែងសំណាក់ព្រះអង្គ
ឱព្រះអម្ចាស់អើយព្រះអង្គហើយដែលបានសង់
ទីសក្ការៈត្រចង់ដោយហស្តទ្រង់កសាងផ្ទាល់
១៨-ព្រះម្ចាស់នឹងគ្រងរាជ្យពេញអំណាចអស់កប្បកល្ប
ជានិច្ចគ្មានពិភាល់ជារៀងរាល់អង្វែងទៅ
សូមកោតសរសើរព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណ
ដែលគង់ស្ថិតស្ថេរឥតសៅហ្មងយូរលង់កន្លងតរៀងទៅ

បន្ទរ ៖ ព្រះអម្ចាស់​ជា​កម្លាំង​របស់​ខ្ញុំ ខ្ញុំ​ច្រៀង​ថ្វាយ​ព្រះអង្គ ព្រះអង្គសង្គ្រោះ​ខ្ញុំ។

រីឯសាសន៍ដទៃវិញ គេលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ដោយព្រះអង្គ​សម្តែង​ព្រះហឫទ័យមេត្តាករុណាដល់គេ (រ៉ូម ១៥,៩)។

បន្ទរទី៣ ៖ ប្រជាជាតិទាំងឡាយអើយ ! ចូរសរសើរតម្កើងព្រះអម្ចាស់ !

ប្រជាជាតិទាំងឡាយអើយ! ចូរសរសើរតម្កើងព្រះអម្ចាស់!
ប្រជារាស្ត្រទាំងប៉ុន្មានអើយ! ចូរលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ!
ដ្បិតព្រះអង្គមានព្រះហឫទ័យមេត្តាករុណាចំពោះយើងពន់ពេកក្រៃ
ព្រះអម្ចាស់មានព្រះហឫទ័យស្មោះស្ម័គ្រចំពោះយើងរហូតតរៀងទៅ។
សូមសរសើរតម្កើងព្រះអម្ចាស់។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ប្រជាជាតិទាំងឡាយអើយ ! ចូរសរសើរតម្កើងព្រះអម្ចាស់ !

បងប្អូនអើយ! ចូរខំប្រឹងយកចិត្តទុកដាក់ធ្វើឱ្យការត្រាស់ហៅ និងការជ្រើស​រើស​របស់ព្រះជាម្ចាស់ បានកាន់តែខ្ជាប់ខ្ជួនឡើងថែមទៀត។ ធ្វើយ៉ាងនេះ បងប្អូនមុខជា​មិនជំពប់ដួលឡើយ។ ដូច្នេះ បងប្អូននឹងទទួលសិទ្ធិដ៏ធំទូលំទូលាយ អាចចូលទៅ​ក្នុងព្រះរាជ្យ ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច គឺព្រះរាជ្យរបស់ព្រះយេស៊ូគ្រីស្ត ជា​ព្រះអម្ចាស់ និងជាព្រះសង្គ្រោះរបស់យើង។

បន្ទរ៖ ឱ​ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំស្រែក​អង្វរ​ព្រះ‌អង្គ *ព្រះ‌អង្គ​ជា​ជម្រករបស់ទូល‌បង្គំ។ បន្ទរឡើងវិញ៖…
-នៅ​ក្នុង​ពិភពលោក​នេះ ទូល‌បង្គំគ្មានអ្វីផ្សេង​ទៀត​ក្រៅ​ពី​ព្រះ‌អង្គឡើយ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

បន្ទរ៖ ព្រះ‌អង្គ​ប្រទាន​ថ្ងៃ​រះ​ពី​ស្ថាន​លើ​មកដើម្បី​រំដោះ​យើង និង​ដើម្បី​បំភ្លឺ​អស់​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​ទី‌ងងឹតក្រោម​អំណាច​នៃ​សេចក្ដីស្លាប់។

៦៨”សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល
ដ្បិតទ្រង់សព្វព្រះហឫទ័យយាងមករំដោះប្រជារាស្ត្ររបស់ព្រះអង្គ។
៦៩ទ្រង់បានប្រទានព្រះសង្គ្រោះដ៏មានឫទ្ធិមួយព្រះអង្គ
ពីក្នុងចំណោមព្រះញាតិវង្សរបស់ព្រះបាទដាវីឌ
ជាអ្នកបម្រើព្រះអង្គឱ្យមកយើង។
៧០ព្រះជាម្ចាស់ប្រទានព្រះសង្គ្រោះនេះមកយើង ស្របនឹងព្រះបន្ទូលសន្យា
ថ្លែងតាមរយៈព្យាការីរបស់ព្រះអង្គនៅជំនាន់ដើម
៧១គឺព្រះអង្គសង្គ្រោះយើងឱ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ
និងរួចពីអំណាចរបស់អ្នកដែលស្អប់យើង
៧២ព្រះអង្គសម្ដែងព្រះហឫទ័យមេត្តាករុណាដល់បុព្វបុរសយើង
ហើយគោរពតាមសម្ពន្ធមេត្រីរបស់ព្រះអង្គយ៉ាងស្មោះស្ម័គ្រ
៧៣គឺព្រះអង្គបានសន្យាយ៉ាងម៉ឺងម៉ាត់ដល់លោកអប្រាហាំ
ជាបុព្វបុរសរបស់យើងថា
៧៤ទ្រង់នឹងរំដោះយើងឱ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ
ដើម្បីយើងអាចគោរពបម្រើព្រះអង្គបានដោយឥតភ័យខ្លាច
៧៥ព្រមទាំងឱ្យយើងរស់នៅបានបរិសុទ្ធ
និងសុចរិតជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់
ជារៀងរាល់ថ្ងៃ រហូតអស់មួយជីវិត។
៧៦ចំណែកឯកូនវិញ កូននឹងទៅជាព្យាការីរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត
ព្រោះកូននឹងដើរមុខព្រះអម្ចាស់ ដើម្បីរៀបចំផ្លូវថ្វាយព្រះអង្គ។
៧៧កូននឹងឱ្យប្រជារាស្ត្ររបស់ព្រះអង្គដឹងថា ព្រះអង្គសង្គ្រោះគេ
ដោយលើកលែងគេឱ្យរួចពីបាប។
៧៨ព្រះរបស់យើងមានព្រះទ័យមេត្តាករុណាដ៏លើសលប់
ព្រះអង្គប្រទានថ្ងៃរះពីស្ថានលើមក ដើម្បីរំដោះយើង
៧៩និងដើម្បីបំភ្លឺអស់អ្នកដែលស្ថិតនៅក្នុងទីងងឹត
ក្រោមអំណាចនៃសេចក្តីស្លាប់
ព្រមទាំងតម្រង់ផ្លូវយើងឆ្ពោះទៅរកសេចក្តីសុខសាន្ត។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

៦៨-សូមលើកតម្កើងព្រះអម្ចាស់ប្រសើរពេកណាស់ព្រះរបស់
ជាតិអ៊ីស្រាអែលធ្លាប់ស្ម័គ្រស្មោះយាងមករំដោះរាស្ត្រព្រះអង្គ
៦៩-ទ្រង់បានប្រទានព្រះសង្គ្រោះដែលមានឫទ្ធិខ្ពស់ដ៏ត្រចង់
ពីក្នុងចំណោមព្រះញាតិវង្សនៃអង្គដាវីឌបម្រើជាក់
៧០-ព្រះម្ចាស់ប្រទានព្រះសង្គ្រោះយើងមិនដែលលោះមិនដែលអាក់
ដូចបានសន្យាតាមរយៈព្យាការីធ្លាប់ស្ម័គ្រកាលគ្រាមុន
៧១-ព្រះអង្គសង្គ្រោះយើងឱ្យរួចចេញពីអំណាចខ្មាំងលើសលន់
និងផុតពីដៃពួកទុរជនដែលធ្លាប់ជិះជាន់ស្អប់ខ្ពើមយើង
៧២-ព្រះអង្គសម្ដែងព្រះហឫទ័យករុណាប្រណីមិនឆ្មៃឆ្មើង
ដល់បុព្វបុរសដែលតម្កើងសម្ពន្ធព្រះអង្គមិនភ្លេចសោះ
៧៣-គឺព្រះអង្គហើយបានសន្យាពាក្យពិតសត្យាមិនចន្លោះ
នឹងអប្រាហាំបុព្វបុរសដូនតាយើងនោះដូច្នេះថា
៧៤-ទ្រង់នឹងរំដោះយើងឱ្យរួចផុតពីអំណាចខ្មាំងឫស្យា
ដើម្បីយើងអាចក្រាបវន្ទាព្រះអង្គគ្រប់គ្រាគ្មានភ័យភិត
៧៥-ព្រមទាំងឱ្យយើងបានរស់នៅឥតមានអាស្រូវដោយសុចរិត
ជារៀងរាល់ថ្ងៃមួយជីវិតគាប់ព្រះទ័យពិតព្រះម្ចាស់ថ្លៃ
៧៦-ចំណែកឯរូបរបស់កូននឹងក្លាយខ្លួនជាព្យាការី
ព្រោះកូនដើរមុខព្រះម្ចាស់ថ្លៃរៀបផ្លូវល្អក្រៃថ្វាយព្រះអង្គ
៧៧-កូននឹងធ្វើឱ្យអស់ប្រជារាស្ត្រទាំងអស់គ្នាគេបានដឹង
ថាព្រះសង្គ្រោះគឺព្រះអង្គទាំងលើកទោសផងរួចពីបាប
៧៨-ព្រះរបស់យើងមានព្រះទ័យករុណាប្រណីជាដរាប
ទ្រង់ប្រទានថ្ងៃរះរៀងរាបរំដោះរួចបាបយើងពិតៗ
៧៩-សម្រាប់បំភ្លឺដល់អស់អ្នកដែលបាននៅស្នាក់ទីងងឹត
ព្រមទាំងតម្រង់ផ្លូវជីវិតយើងឆ្ពោះទៅរកក្តីសុខសាន្ត
សូមកោតសរសើរព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណ
ដែលគង់ស្ថិតស្ថេរឥតសៅហ្មងយូរលង់កន្លងតរៀងទៅ

បន្ទរ៖ ព្រះ‌អង្គ​ប្រទាន​ថ្ងៃ​រះ​ពី​ស្ថាន​លើ​មកដើម្បី​រំដោះ​យើង និង​ដើម្បី​បំភ្លឺ​អស់​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​ទី‌ងងឹតក្រោម​អំណាច​នៃ​សេចក្ដីស្លាប់។

ព្រះគ្រីស្តបានក្លាយទៅជាមនុស្ស ដើម្បីឱ្យយើងទៅជាបុត្រធីតារបស់ព្រះបិតា។ ព្រះអង្គអធិដ្ឋានសម្រាប់យើង នៅចំពោះព្រះភក្ត្រព្រះបិតា។​ ចូរយើងអរ​ព្រះគុណព្រះអង្គចំពោះព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ និងសូមទូលអង្វរព្រះអង្គថា ៖

បន្ទរ៖ បពិត្រព្រះជាអម្ចាស់ ! សូមព្រះអង្គចែករំលែកទ្រព្យសម្បត្តិនៃសេចក្តីស្រឡាញ់ឱ្យយើងខ្ញុំផង !

នៅក្នុងអគ្គសញ្ញាជ្រមុជទឹក ព្រះអង្គបានប្រទានពន្លឺដល់យើងខ្ញុំ
—ហើយយើង​ខ្ញុំ​សូមឧទ្ទិសថ្ងៃនេះទៅព្រះអង្គផង។ (បន្ទរ)

យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គគ្រប់ពេលវេលា
—សូមឱ្យរាល់កិច្ចការដែលយើង​ខ្ញុំប្រព្រឹត្ត​បានលើកតម្កើងព្រះអង្គផង។ (បន្ទរ)

ព្រះនាងម៉ារីជាព្រះមាតារបស់យើងខ្ញុំ បានស្តាប់បង្គាប់ព្រះបន្ទូលរបស់ព្រះអង្គ
—សូមព្រះបន្ទូលរបស់ព្រះអង្គផ្តល់ផ្លែផ្កាក្នុងជីវិតរបស់យើងខ្ញុំផង។ (បន្ទរ)

សូមព្រះអង្គប្រទានសេចក្តីក្លាហានដល់យើងខ្ញុំ នៅពេលយើងខ្ញុំជួបប្រទះនូវ​ទុក្ខលំបាក
—ហើយសូមព្រះអង្គពង្រឹងជំនឿ សេចក្តីសង្ឃឹមលើព្រះបន្ទូលសន្យារបស់ព្រះអង្គ និងសេចក្តីស្រឡាញ់ចំពោះព្រះហឫទ័យរបស់ព្រះអង្គផង។ (បន្ទរ)

បពិត្រព្រះអម្ចាស់ ! សូមរំដោះយើងខ្ញុំចេញពីយប់អន្ធការនៃសេចក្តីស្លាប់ ហើយសូមឱ្យពន្លឺនៃការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គ រះបំភ្លឺក្នុងដួងចិត្តយើងខ្ញុំ ដើម្បីនាំយើងខ្ញុំចូលទៅកាន់រស្មីនៃជីវិតអស់កល្បជានិច្ចផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្តជាព្រះបុត្រាព្រះអង្គ និងជាអម្ចាស់យើងខ្ញុំ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅ ដោយពោលថា ៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក ៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។

10 Views

Theme: Overlay by Kaira