រដូវធម្មតា
ថ្ងៃអង្គារ អាទិត្យទី១៣
(ពេលល្ងាច)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ២០
ពាក្យទូលអង្វរសុំជ័យជម្នះរបស់ព្រះរាជា
ពេលនោះ អ្នកណាអង្វររកព្រះនាមព្រះអម្ចាស់ អ្នកនោះនឹងទទួលការសង្រ្គោះ (កក ២,២១)។
បន្ទរទី១ ៖ ព្រះអម្ចាស់នឹងសង្គ្រោះព្រះរាជា ដែលព្រះអង្គបានចាក់ប្រេងអភិសេក។
២ | សូមព្រះអម្ចាស់ឆ្លើយតបនឹងព្រះករុណានៅថ្ងៃមានអាសន្ន សូមព្រះនាមព្រះរបស់លោកយ៉ាកុបការពារព្រះករុណា |
៣ | សូមព្រះអង្គជួយព្រះរាជាពីព្រះវិហាររបស់ព្រះអង្គ សូមព្រះអង្គគាំទ្រព្រះករុណាពីភ្នំស៊ីយ៉ូនមក! ។ |
៤ | សូមឱ្យព្រះអង្គនឹកឃើញតង្វាយទាំងប៉ុន្មានរបស់ព្រះរាជា សូមឱ្យព្រះអង្គគាប់ព្រះហឫទ័យនឹងយញ្ញបូជា ដែលព្រះករុណាយកមកថ្វាយ។ |
៥ | សូមព្រះអង្គប្រទាននូវអ្វីៗមកព្រះរាជាតាមប្រាថ្នា និងធ្វើឱ្យគម្រោងការរបស់ព្រះករុណាបានសម្រេចទាំងអស់។ |
៦ | យើងនឹងអបអរសាទរជ័យជម្នះរបស់ព្រះរាជា យើងនឹងលើកទង់ជ័យឡើងក្នុងព្រះនាមព្រះជាម្ចាស់របស់យើង។ សូមព្រះអម្ចាស់សម្រេចតាមសេចក្តីទាំងប៉ុន្មានដែលព្រះរាជាទូលសុំ។ |
៧ | ឥឡូវនេះ ខ្ញុំដឹងច្បាស់ថា ព្រះអម្ចាស់សង្គ្រោះព្រះរាជាដែលព្រះអង្គបានចាក់ប្រេងអភិសេក ព្រះអង្គឆ្លើយតបនឹងព្រះរាជាពីទីសក្ការៈរបស់ព្រះអង្គនៅស្ថានបរមសុខមក គឺព្រះអង្គប្រទានឱ្យស្តេចមានជ័យជម្នះ ដោយសារឫទ្ធិបារមីដ៏ខ្លាំងពូកែរបស់ព្រះអង្គ។ |
៨ | អ្នកខ្លះពឹងផ្អែកលើរទេះចំបាំង អ្នកខ្លះពឹងផ្អែកលើទ័ពសេះ រីឯយើងវិញ យើងទុកចិត្តលើព្រះនាមព្រះអម្ចាស់ជាព្រះរបស់យើង។ |
៩ | អ្នកទាំងនោះនឹងត្រូវបាក់ទ័ពបរាជ័យ រីឯយើងវិញ យើងនៅមានជំហរយ៉ាងរឹងប៉ឹងមាំមួន។ |
១០ | ឱព្រះអម្ចាស់អើយ! សូមសង្គ្រោះព្រះរាជាឱ្យមានជ័យជម្នះ! ពេលយើងខ្ញុំអង្វររកព្រះអង្គ សូមឆ្លើយតបមកយើងខ្ញុំវិញផង! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ព្រះអម្ចាស់នឹងសង្គ្រោះព្រះរាជា ដែលព្រះអង្គបានចាក់ប្រេងអភិសេក។
ទំនុកតម្កើងលេខ ២១,២-៨.១៤
ពាក្យអរព្រះគុណចំពោះជ័យជម្នះរបស់ព្រះរាជា
ព្រះអង្គបានទទួលជីវិត ហេតុដូច្នេះ ព្រះអង្គអាចក្រោកឡើងពីសេចក្តីស្លាប់ ហើយមានព្រះជន្មគង់នៅអស់កល្បជានិច្ច (សន្តហ៊ីលឡារី)។
បន្ទរទី២ ៖ ឱព្រះអម្ចាស់អើយ! យើងខ្ញុំសូមច្រៀង និងស្មូតលើកតម្កើងឫទ្ធានុភាពរបស់ព្រះអង្គ! ។
(បទកាកគតិ)
២- | បពិត្រព្រះម្ចាស់ | រាជាអរណាស់ | ព្រោះតែឫទ្ធា |
នុភាពព្រះអង្គ | ដែលជួយការពារ | ឱ្យព្រះករុណា | |
មានជោគមានជ័យ | ។ | ||
៣- | ព្រះអង្គប្រទាន | ឱ្យរាជាបាន | ទទួលអ្វីៗ |
ទ្រង់មិនបដិសេធ | ពាក្យអង្វរស្តី | ទៅតាមព្រះទ័យ | |
របស់រាជា | ។ | ||
៤- | ព្រះអង្គប្រទាន | ពរជ័យឱ្យមាន | ដល់ស្តេចគ្រប់គ្រា |
ទ្រង់ពាក់មកុដមាស | ពីលើសិរសា | នៃព្រះករុណា | |
រុងរឿងប្រណីត | ។ | ||
៥- | រាជាទូលសូម | ព្រះអង្គក៏ព្រម | ប្រទានជីវិត |
ឱ្យព្រះករុណា | ព្រះជន្មវែងពិត | ដោយគ្មានកម្រិត | |
អង្វែងឥតស្រាន្ត | ។ | ||
៦- | ដោយព្រះអម្ចាស់ | មានជ័យជម្នះ | រាជាក៏បាន |
ទទួលសិរី | រុងរឿងថ្កើងថ្កាន | អម្ចាស់ប្រទាន | |
ថ្លៃថ្លាឧត្តម | ។ | ||
៧- | ព្រះអង្គតែងតាំង | រាជាឱ្យនាំ | ព្រះពរសក្តិសម |
ទ្រង់គង់ជាមួយ | រាជារឹងមាំ | ហើយមានទាំងព្រម | |
អំណរបរិបូណ៌ | ។ | ||
៨- | រាជាផ្អែកពឹង | បង្អែកពំនឹង | គ្មានចិត្តផ្លាស់ប្តូរ |
ហឫទ័យស្មោះត្រង់ | បរិសុទ្ធហែហូរ | ព្រះរាជ្យយឺនយូរ | |
ឥតមានរង្គោះ | ។ | ||
១៤- | ឱព្រះអម្ចាស់ | សូមមេត្តាប្រោស | កុំផ្ទំទៀតអី |
មេត្តាតើនឡើង | សម្តែងបារមី | ខ្ញុំច្រៀងបទថ្វាយ | |
តម្កើងព្រះអង្គ | ។ | ||
សូមកោតសរសើរ | ដល់ព្រះបិតា | ព្រះរាជ្យបុត្រា | |
និងព្រះវិញ្ញាណ | ជាព្រះត្រៃអង្គ | ថ្កើងថ្កានឥតហ្មង | |
ដែលគង់ជានិច្ច | ។ |
បន្ទរ ៖ ឱព្រះអម្ចាស់អើយ! យើងខ្ញុំសូមច្រៀង និងស្មូតលើកតម្កើងឫទ្ធានុភាពរបស់ព្រះអង្គ! ។
បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ៤,១១.៥,៩-១០.១២)
ទំនុកតម្កើងនៃអ្នកទទួលការសង្រ្គោះ
បន្ទរទី៣ ៖ ព្រះអង្គបានធ្វើឱ្យយើងទៅជារាជាណាចក្រ និងជាក្រុមបូជាចារ្យ បម្រើព្រះជាម្ចាស់របស់យើង។
១១ | “បពិត្រព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំ ព្រះអង្គសមនឹងទទួលសិរីរុងរឿង ព្រះកិត្តិនាម និងឫទ្ធានុភាព ដ្បិតព្រះអង្គបានបង្កើតរបស់សព្វសារពើមក អ្វីៗទាំងអស់សុទ្ធតែកើតមាន ហើយនៅស្ថិតស្ថេរ ដោយសារព្រះហឫទ័យរបស់ព្រះអង្គ”។ |
៩ | គេនាំគ្នាច្រៀងបទចម្រៀងថ្មីថា ៖ “ព្រះអង្គសមនឹងទទួលក្រាំង ហើយបកត្រាផង ព្រោះទ្រង់ត្រូវគេសម្លាប់ធ្វើយញ្ញបូជា ព្រះអង្គបានលោះមនុស្សពីគ្រប់ពូជ គ្រប់ភាសា គ្រប់ប្រជាជន និងពីគ្រប់ជាតិសាសន៍ យកមកថ្វាយព្រះជាម្ចាស់ ដោយសារព្រះលោហិតរបស់ព្រះអង្គ។ |
១០ | ព្រះអង្គបានធ្វើឱ្យយើងទៅជារាជាណាចក្រ និងជាក្រុមបូជាចារ្យ បម្រើព្រះជាម្ចាស់របស់យើង ហើយយើងនឹងគ្រងរាជ្យលើផែនដី”។ |
១២ | “កូនចៀមដែលគេសម្លាប់ធ្វើយញ្ញបូជា ទ្រង់សមនឹងទទួលឫទ្ធានុភាព រាជ្យសម្បត្តិ ព្រះប្រាជ្ញាញាណ ឥទ្ធិឫទ្ធិ ព្រះកិត្តិនាម សិរីរុងរឿង និងការសរសើរតម្កើង”។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ ព្រះអង្គបានធ្វើឱ្យយើងទៅជារាជាណាចក្រ និងជាក្រុមបូជាចារ្យ បម្រើព្រះជាម្ចាស់របស់យើង។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១យហ ៣,១-២)
សូមគិតមើល៍ ព្រះបិតាមានព្រះហឫទ័យស្រឡាញ់យើងខ្លាំងដល់កម្រិតណា គឺព្រះអង្គស្រឡាញ់យើងរហូតដល់ទៅហៅយើងថា ជាបុត្រធីតារបស់ព្រះអង្គ ហើយយើងពិតជាបុត្រធីតារបស់ព្រះអង្គមែន! កូនចៅជាទីស្រឡាញ់អើយ! ពេលនេះ យើងទាំងអស់គ្នាជាបុត្រធីតារបស់ព្រះជាម្ចាស់ ហើយដែលយើងនឹងទៅជាយ៉ាងណាៗនោះ ព្រះអង្គពុំទាន់សម្តែងឱ្យយើងដឹងនៅឡើយទេ។ ប៉ុន្តែ នៅពេលព្រះគ្រីស្តយាងមកដល់ យើងនឹងបានដូចព្រះអង្គដែរ ដ្បិតព្រះអង្គមានភាពយ៉ាងណា យើងនឹងឃើញព្រះអង្គយ៉ាងនោះ។
បន្ទរ ៖ ឱព្រះអម្ចាស់អើយ! *ព្រះបន្ទូលរបស់ព្រះអង្គស្ថិតស្ថេររហូតតទៅ។ បន្ទរឡើងវិញ៖…
-ព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ នៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ៖ ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ។
៤៦ | «ព្រលឹងខ្ញុំសូមលើកតម្កើងព្រះអម្ចាស់* |
៤៧ | ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ |
៤៨ | ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា ខ្ញុំជាអ្នកមានសុភមង្គលពិតមែន |
៤៩ | ព្រះដ៏មានតេជានុភាព បានសម្ដែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។ ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន! |
៥០ | ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គនៅគ្រប់ជំនាន់តរៀងទៅ |
៥១ | ទ្រង់បានសម្ដែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ |
៥២ | ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។ |
៥៣ | ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។ |
៥៤ | ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ ហើយតែងតែសម្ដែងព្រះហឫទ័យមេត្តាករុណា |
៥៥ | ដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ ដូចទ្រង់បានសន្យាជាមួយបុព្វបុរសយើង ឥតភ្លេចសោះឡើយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ឬ ទំនុកតម្កើងរបស់ព្រះនាងម៉ារី (តាមបែបស្មូត) បទព្រហ្មគីតិ
៤៧ | ខ្ញុំមានចិត្តអំណរ | សប្បាយអរពន់ពេកណាស់ | |
ព្រោះខ្ញុំបានដឹងច្បាស់ | ថាព្រះម្ចាស់ទ្រង់សង្គ្រោះ | ។ | |
៤៨ | ព្រះអង្គទតមកខ្ញុំ | ជាអ្នកបម្រើស្ម័គ្រស្មោះ | |
តទៅមនុស្សទាំងអស់ | ថាខ្ញុំនេះសែនសុខក្រៃ | ។ | |
៤៩ | ព្រះដ៏មានឫទ្ធា | ខ្លាំងអស្ចារ្យលើលោកីយ៍ | |
សម្ដែងឫទ្ធិបារមី | ព្រះនាមថ្លៃថ្លាវិសុទ្ធ | ។ | |
៥០ | ទ្រង់មានព្រះហឫទ័យ | ត្រាប្រណីខ្ពស់បំផុត | |
ដល់អ្នកគោរពកោត | ខ្លាចព្រះអង្គរៀងរហូត | ។ | |
៥១ | ព្រះអង្គសម្ដែងឫទ្ធិ | អស្ចារ្យពិតមិនរលត់ | |
កម្ចាត់មនុស្សមានពុត | ឆ្មើងបំផុតឫកខែងរែង | ។ | |
៥២ | ទ្រង់បានច្រានទម្លាក់ | អ្នកធំធ្លាក់ពីតំណែង | |
ឥតមានខ្លាចរអែង | ហើយទ្រង់តែងលើកអ្នកទាប | ។ | |
៥៣ | ព្រះអង្គប្រោសប្រទាន | ឱ្យអ្នកឃ្លានឆ្អែតដរាប | |
អ្នកមានធនធានស្រាប់ | ដេញត្រឡប់ដៃទទេ | ។ | |
៥៤ | ព្រះអង្គបានជួយរាស្ត្រ | ទ្រង់ទាំងអស់ឥតប្រួលប្រែ | |
អ៊ីស្រាអែលនៅក្បែរ | ជាបម្រើដ៏ស្មោះស្ម័គ្រ | ។ | |
៥៥ | ទ្រង់តែងមានព្រះទ័យ | ករុណាក្រៃមិនថ្នាំងថ្នាក់ | |
លោកអប្រាហាំជាក់ | និងពូជពង្សលោកជានិច្ច | ។ | |
ដូចទ្រង់បានសន្យា | នឹងដូនតាឥតមានភ្លេច | ||
ព្រះអង្គចាំជានិច្ច | គ្មានកលកិច្ចប្រែប្រួលឡើយ | ។ | |
សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
បន្ទរ៖ ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ។
ពាក្យអង្វរសកល
ចូរយើងលើកតម្កើងព្រះគ្រីស្តជាអម្ចាស់ ដែលមានព្រះជន្មគង់នៅក្នុងចំណោមយើងខ្ញុំ គឺប្រជារាស្រ្តដែលព្រះអង្គបានប្រោសលោះ យើងខ្ញុំសូមទូលអង្វរទៅព្រះអង្គថា ៖
បន្ទរ៖ ឱព្រះអម្ចាស់អើយ ! សូមព្រះអង្គមេត្តាសណ្តាប់ពាក្យអង្វររបស់យើងខ្ញុំផង។
បពិត្រព្រះអម្ចាស់ ! ជាព្រះមហាក្សត្រដែលគ្រងរាជ្យលើប្រជាជាតិទាំងឡាយ សូមព្រះអង្គគង់នៅជាមួយប្រជារាស្ត្ររបស់ព្រះអង្គ និងរដ្ឋាភិបាលនានា
—សូមព្រះអង្គបំភ្លឺចិត្តគំនិតពួកគេឱ្យចេះស្វែងរកអ្វីដែលល្អ ដោយអនុវត្តតាមច្បាប់របស់ព្រះអង្គផង។ (បន្ទរ)
សូមព្រះអង្គរំដោះអស់អ្នកដែលជាប់ឃុំឃាំង ឱ្យរួចចាកផុតពីទុក្ខលំបាក ទាំងផ្លូវកាយ និងផ្លូវចិត្ត
—ហើយសូមព្រះអង្គប្រទាននូវសេរីភាពដល់បុត្រធីតារបស់ព្រះជាម្ចាស់ផង។ (បន្ទរ)
សូមព្រះអង្គប្រទានសេចក្តីក្លាហាន និងកម្លាំងមាំមួនដល់យុវជនទាំងឡាយ
—ហើយសូមឱ្យពួកគេដើរតាមការត្រាស់ហៅរបស់ព្រះអង្គដោយចិត្តសប្បុរសផង។ (បន្ទរ)
សូមឱ្យកូនៗរបស់យើងខ្ញុំយកតម្រាប់តាមគំរូរបស់ព្រះអង្គ
—ហើយសូមឱ្យពួកគេចម្រើនឡើងក្នុងព្រះប្រាជ្ញាញាណ និងព្រះហឫទ័យប្រណីសន្តោស។ (បន្ទរ)
សូមព្រះអង្គទទួលបងប្អូនយើងខ្ញុំ ដែលបានលាចាកលោកនេះទៅហើយ ឱ្យបានចូលទៅក្នុងព្រះរាជ្យរបស់ព្រះអង្គអស់កល្បជានិច្ច
—ជាកន្លែងដែលយើងខ្ញុំសង្ឃឹមថា នឹងបានសោយរាជ្យរួមជាមួយព្រះអង្គផង។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
បពិត្រព្រះជាអម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ! យើងខ្ញុំសូមអរព្រះគុណព្រះអង្គ ដែលបានថែរក្សាយើងខ្ញុំឱ្យមានសុវត្ថិភាពរហូតដល់ល្ងាចនេះ។ យើងខ្ញុំសូមបន្ទាបខ្លួនទូលអង្វរ ដោយសង្ឃឹមថា ការអធិដ្ឋានដែលយើងខ្ញុំប្រណមដៃឡើង អាចជាតង្វាយដ៏គាប់ព្រះហឫទ័យរបស់ព្រះអង្គ។
យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា ៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច ៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។