ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

បន្ទរទី១៖ «លោក​ជា​ព្រះ‌គ្រីស្ដ ជា​ព្រះ‌បុត្រា​របស់​ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​គង់​នៅ»។ «ស៊ីម៉ូន កូនលោកយ៉ូហានអើយ ! អ្នក​ពិត​ជា​មាន​សុភមង្គល​មែន»។

ប្រជាជាតិទាំងឡាយអើយ ! ចូរសរសើរតម្កើងព្រះអម្ចាស់ !
ប្រជារាស្ត្រទាំងប៉ុន្មានអើយ ! ចូរលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ !
ដ្បិតព្រះអង្គមានព្រះហឫទ័យមេត្តាករុណាចំពោះយើងពន់ពេកក្រៃ
ព្រះអម្ចាស់មានព្រះហឫទ័យស្មោះស្ម័គ្រចំពោះយើងរហូតតរៀងទៅ។
សូមសរសើរតម្កើងព្រះអម្ចាស់

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ «លោក​ជា​ព្រះ‌គ្រីស្ដ ជា​ព្រះ‌បុត្រា​របស់​ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​គង់​នៅ»។ «ស៊ីម៉ូន កូនលោកយ៉ូហានអើយ ! អ្នក​ពិត​ជា​មាន​សុភមង្គល​មែន»។

បន្ទរទី២៖ អ្នក​ឈ្មោះ​សិលា ហើយ​នៅ​លើ​ផ្ទាំង​សិលា​នេះ ខ្ញុំ​នឹង​សង់​ព្រះ‌សហ‌គមន៍របស់ខ្ញុំ។

(បទព្រហ្មគីតិ)

១២-ក្រុងយេរូសាឡឹមកុំស្ងាត់ស្ងៀមនៅរេរង់
ព្រមទាំងក្រុងស៊ីយ៉ូនចូរត្រៀមខ្លួនថ្កើងព្រះម្ចាស់
១៣-ដ្បិតព្រះអង្គការពារអ្នករាល់គ្នាបានសុខណាស់
ទ្រង់ឱ្យពរដល់រាស្រ្តដែលរស់ពាសពេញទីក្រុង
១៤-ទ្រង់ប្រទានទឹកដីមានសេរីសុខត្រចង់
សន្តិភាពគ្រប់ជ្រុងស្រូវបម្រុងច្រើនមហិមា
១៥-នៅលើផ្ទៃផែនដីស្រស់ប្រិមប្រីយ៍ទ្រង់បញ្ជា
ផ្សព្វផ្សាយគ្រប់ទិសាពីបញ្ជាព្រះអម្ចាស់
១៦-ព្រះអង្គឱ្យទឹកកកធ្លាក់ចុះមកច្រើនដេរដាស
សន្សើមត្រជាក់ណាស់ក៏ធ្លាក់ចុះតាមបញ្ជា
១៧-ព្រះអង្គធ្វើឱ្យព្រឹលធ្លាក់មិនខ្ជិលច្រើនមហិមា
ឱ្យមានធាតុរងាតើនរណាអាចទ្រាំបាន?
១៨-ពេលទ្រង់មានបន្ទូលធ្វើឱ្យព្រឹលទាំងប៉ុន្មាន
ទឹកកកគ្រប់ទីស្ថានរលាយបានជាទឹកអស់
ធ្វើឱ្យមានទាំងខ្យល់បោកវិលវល់មិនឈប់សោះ
បក់យកទឹកទាំងនោះហូរតាមជ្រោះទៅមិនសល់
១៩-ទ្រង់សម្តែងឱ្យពូជលោកយ៉ាកុបស្តាប់បន្ទូល
ក្រឹត្យវិន័យនិមលឱ្យអ៊ីស្រាអែលបានដឹង
២០-ព្រះអង្គពុំបញ្ជាសព្វកិច្ចការអស់ទាំងហ្នឹង
ឱ្យជាតិសាសន៍ផ្សេងដឹងវិន័យទ្រង់នោះសោះឡើយ
សិរីរុងរឿងដល់ព្រះបិតាព្រះបុត្រា
និងព្រះវិញ្ញាណផងដែលទ្រង់គង់នៅជានិច្ច

បន្ទរ៖ អ្នក​ឈ្មោះ​សិលា ហើយ​នៅ​លើ​ផ្ទាំង​សិលា​នេះ ខ្ញុំ​នឹង​សង់​ព្រះ‌សហ‌គមន៍របស់ខ្ញុំ។

បន្ទរទី៣៖ ឱគ្រីស្តទូតប៉ូលដ៏មានសុភមង្គលអើយ ! លោកគឺជាវត្ថុដែលព្រះជាម្ចាស់បានជ្រើសរើស។ លោកបង្រៀនសេចក្តីពិតនៅទូទាំងពិភពលោកទាំងមូល។

សូម​លើក​តម្កើង​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌បិតា​របស់​ព្រះ‌យេស៊ូ‌គ្រីស្ត
ជា​ព្រះ‌អម្ចាស់​នៃ​យើង ដែល​បាន​ប្រោស​ប្រទាន​ព្រះ‌ពរ​គ្រប់​យ៉ាង
ផ្នែក​ខាង​វិញ្ញាណ​ពី​ស្ថាន​បរម‌សុខមក​យើង ក្នុង​អង្គ​ព្រះ‌គ្រីស្ត។
ព្រះ‌អង្គ​បាន​ជ្រើស‌រើស​យើង​ក្នុង​អង្គ​ព្រះ‌គ្រីស្ត
តាំង​ពី​មុន​កំណើត​ពិភពលោក​មក​ម៉្លេះ
ដើម្បី​ឱ្យ​យើង​វិសុទ្ធ និង​ឥត​សៅ‌ហ្មង​នៅ​ចំពោះ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ
ព្រោះ​ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​ស្រឡាញ់​យើង។
ព្រះ‌អង្គ​បាន​តម្រូវ​យើង​ទុក​ជា​មុន ឱ្យ​ធ្វើជា​បុត្រ​ធីតា​របស់​ព្រះ‌អង្គ
ដោយ‌សារ​ព្រះ‌យេស៊ូ‌គ្រីស្ត ស្រប​នឹង​បំណង​ដ៏​សប្បុរស​របស់​ព្រះ‌អង្គ
ដើម្បី​ឱ្យ​យើង​លើក​តម្កើង​សិរី‌រុង​រឿង​នៃ​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស
ដែល​ព្រះ‌អង្គ​បាន​ប្រោស​ប្រទាន​មក​យើង
ក្នុង​អង្គ​ព្រះ‌បុត្រា​ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះ‌អង្គ។
ដោយ​យើង​រួម​ក្នុង​អង្គ​ព្រះ‌គ្រីស្ត​នេះ ព្រះ‌ជាម្ចាស់​បាន​លោះ​យើង
ដោយ​ព្រះ‌លោហិត​របស់​ព្រះ‌អង្គ និង​លើក‌លែង​ទោស​ឱ្យ​យើង​បាន​រួច​ពី​បាប
តាម​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​ដ៏​លើស‌លប់​របស់​ព្រះ‌អង្គ។
ព្រះ‌ជាម្ចាស់​ប្រណី‌សន្ដោស​យើង​យ៉ាង​ខ្លាំង​បំផុត
គឺ​ព្រះ‌អង្គ​ប្រទាន​ឱ្យ​យើង​មាន​តម្រិះ និង​ប្រាជ្ញា​ដ៏​វាងវៃ​គ្រប់​យ៉ាង។
ព្រះអង្គ​បាន​ប្រោស​ឱ្យ​យើង​ស្គាល់​គម្រោងការ​ដ៏​លាក់កំបាំង
នៃព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ តាម​បំណង​ដ៏​សប្បុរស
ដែល​ព្រះ‌អង្គ​បាន​សម្រេច​ទុក​ជា​មុន​ដោយ​ព្រះ‌អង្គ​ផ្ទាល់។
១០ព្រះអង្គ​ចាត់​ចែង​គម្រោងការ​នេះ​ឱ្យ​បាន​សម្រេច
នៅ​គ្រា​ចុង​ក្រោយបំផុត គឺ​ប្រមូល​អ្វីៗ​ទាំង​អស់​ដែល​នៅ​ស្ថាន​បរម‌សុខ
និង​នៅ​លើ​ផែន‌ដី ឱ្យ​រួម​គ្នា​នៅ​ក្នុង​អង្គ​ព្រះ‌គ្រីស្ត ជា​ម្ចាស់​តែ​មួយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ ឱគ្រីស្តទូតប៉ូលដ៏មានសុភមង្គលអើយ ! លោកគឺជាវត្ថុដែលព្រះជាម្ចាស់បានជ្រើសរើស។ លោកបង្រៀនសេចក្តីពិតនៅទូទាំងពិភពលោកទាំងមូល។

ខ្ញុំ ប៉ូល ជា​អ្នក​បម្រើរបស់​ព្រះ‌គ្រីស្ដ‌យេស៊ូ ព្រះ‌ជាម្ចាស់បាន​ត្រាស់​ហៅ​ខ្ញុំ ឱ្យ​ធ្វើជា​គ្រីស្ដទូត និង​ជ្រើសរើស​ខ្ញុំ ឱ្យ​ប្រកាស​ដំណឹងល្អរបស់​ព្រះ‌អង្គ។ ដំណឹងល្អ​នេះ ព្រះ‌ជាម្ចាស់​បាន​សន្យា​ទុក​ជា​មុន​ក្នុង​ព្រះគម្ពីរ តាមរយៈ​ពួក​ព្យាការីរបស់​ព្រះអង្គ ស្ដីអំពី​ព្រះ‌បុត្រា​របស់​ព្រះអង្គ។

បន្ទរ៖ ក្រុម​គ្រីស្ដទូតនាំ​គ្នា​ថ្លែង​ព្រះ‌បន្ទូល​របស់​ព្រះជាម្ចាស់ *និងបង្រៀនដោយចិត្តស្មោះត្រង់។ បន្ទរឡើងវិញ៖…
-ពួកគេផ្ដល់​សក្ខីភាព​អំពី​ព្រះអម្ចាស់យេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

បន្ទរ៖ តើសិរីរុងរឿងនៃក្រុមគ្រីស្តទូតរបស់ព្រះគ្រីស្តប្រសើរយ៉ាងណាហ្ន៎? នៅពេលពួកគេមានជីវិត ពួកគេស្រឡាញ់គ្នាទៅវិញទៅមក។ នៅពេលគេស្លាប់ គេរីករាយសប្បាយជាមួយគ្នាអស់កល្បជានិច្ច។

៤៦«ព្រលឹងខ្ញុំសូមលើកតម្កើងព្រះ‌អម្ចាស់*
៤៧ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ
៤៨ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ
អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា
ខ្ញុំជាអ្នកមានសុភមង្គលពិតមែន
៤៩ព្រះដ៏មានតេជានុភាព បានសម្ដែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។
ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន!
៥០ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គនៅគ្រប់ជំនាន់តរៀងទៅ
៥១ទ្រង់បានសម្ដែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ
៥២ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង
ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។
៥៣ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន
ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។
៥៤ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ
ហើយតែងតែសម្ដែងព្រះហឫទ័យមេត្តាករុណា
៥៥ដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ
ដូចទ្រង់បានសន្យាជាមួយបុព្វបុរសយើង ឥតភ្លេចសោះឡើយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

៤៧ខ្ញុំមានចិត្តអំណរសប្បាយអរពន់ពេកណាស់
ព្រោះខ្ញុំបានដឹងច្បាស់ថាព្រះម្ចាស់ទ្រង់សង្គ្រោះ
៤៨ព្រះអង្គទតមកខ្ញុំជាអ្នកបម្រើស្ម័គ្រស្មោះ
តទៅមនុស្សទាំងអស់ថាខ្ញុំនេះសែនសុខក្រៃ
៤៩ព្រះដ៏មានឫទ្ធាខ្លាំងអស្ចារ្យលើលោកីយ៍
សម្ដែងឫទ្ធិបារមីព្រះនាមថ្លៃថ្លាវិសុទ្ធ
៥០ទ្រង់មានព្រះហឫទ័យត្រាប្រណីខ្ពស់បំផុត
ដល់អ្នកគោរពកោតខ្លាចព្រះអង្គរៀងរហូត
៥១ព្រះអង្គសម្ដែងឫទ្ធិអស្ចារ្យពិតមិនរលត់
កម្ចាត់មនុស្សមានពុតឆ្មើងបំផុតឫកខែងរែង
៥២ទ្រង់បានច្រានទម្លាក់អ្នកធំធ្លាក់ពីតំណែង
ឥតមានខ្លាចរអែងហើយទ្រង់តែងលើកអ្នកទាប
៥៣ព្រះអង្គប្រោសប្រទានឱ្យអ្នកឃ្លានឆ្អែតដរាប
អ្នកមានធនធានស្រាប់ដេញត្រឡប់ដៃទទេ
៥៤ព្រះអង្គបានជួយរាស្ត្រទ្រង់ទាំងអស់ឥតប្រួលប្រែ
អ៊ីស្រាអែលនៅក្បែរជាបម្រើដ៏ស្មោះស្ម័គ្រ
៥៥ទ្រង់តែងមានព្រះទ័យករុណាក្រៃមិនថ្នាំងថ្នាក់
លោកអប្រាហាំជាក់និងពូជពង្សលោកជានិច្ច
ដូចទ្រង់បានសន្យានឹងដូនតាឥតមានភ្លេច
ព្រះអង្គចាំជានិច្ចគ្មានកលកិច្ចប្រែប្រួលឡើយ
សិរីរុងរឿងដល់ព្រះបិតាព្រះបុត្រា
និងព្រះវិញ្ញាណផងដែលទ្រង់គង់នៅជានិច្ច

បន្ទរ៖ តើសិរីរុងរឿងនៃក្រុមគ្រីស្តទូតរបស់ព្រះគ្រីស្តប្រសើរយ៉ាងណាហ្ន៎? នៅពេលពួកគេមានជីវិត ពួកគេស្រឡាញ់គ្នាទៅវិញទៅមក។ នៅពេលគេស្លាប់ គេរីករាយសប្បាយជាមួយគ្នាអស់កល្បជានិច្ច។

ព្រះអម្ចាស់យេស៊ូបានសាងសង់ប្រជារាស្រ្តដ៏វិសុទ្ធរបស់ព្រះអង្គ នៅលើគ្រឹះនៃក្រុមគ្រីស្តទូត និងពួកព្យាការី។ ចូរយើងអធិដ្ឋាន ដោយមានជំនឿថា ៖

បន្ទរ៖ បពិត្រព្រះអម្ចាស់ ! សូមព្រះអង្គយាងមកជួយប្រជារាស្រ្តរបស់ព្រះអង្គ !

បពិត្រព្រះយេស៊ូ ! ព្រះអង្គបានត្រាស់ហៅលោកស៊ីម៉ូន ជាអ្នកនេសាទត្រី ឱ្យនេសាទមនុស្សវិញ
—នៅពេលនេះ សូមព្រះអង្គត្រាស់ហៅកម្មករថ្មីៗ ដែលនឹងនាំសារនៃការសង្រ្គោះ ទៅដល់ប្រជាជនទាំងឡាយផង។ (បន្ទរ)

ព្រះអង្គបានធ្វើឱ្យរលកស្ងប់ ដើម្បីឱ្យអ្នកដើរតាមព្រះអង្គមិនត្រូវលង់ទឹកស្លាប់ឡើយ
—សូមព្រះអង្គការពារ និងថែរក្សាព្រះសហគមន៍ ឱ្យរួចផុតពីអន្តរាយគ្រប់បែបយ៉ាង។ (បន្ទរ)

ព្រះអង្គបានប្រមូលហ្វូងចៀមដែលខ្ចាត់ខ្ចាយ ឱ្យនៅជុំវិញលោកសិលា បន្ទាប់ពីព្រះអង្គមានព្រះជន្មរស់ឡើងវិញ
—ឱគង្វាលដ៏សប្បុរសអើយ ! សូមនាំប្រជារាស្រ្តរបស់ព្រះអង្គឱ្យរួមគ្នាជាហ្វូងចៀមតែមួយផង។ (បន្ទរ)

ព្រះអង្គបានចាត់សន្តប៉ូលឱ្យធ្វើជាគ្រីស្តទូត ដើម្បីប្រកាសដំណឹងល្អដល់សាសន៍ដទៃ
—សូមឱ្យព្រះបន្ទូលនៃការសង្រ្គោះ បានប្រកាសទៅដល់មនុស្សជាតិទាំងឡាយផង។ (បន្ទរ)

បពិត្រព្រះយេស៊ូ ! ព្រះអង្គបានប្រគល់កូនសោរនៃព្រះរាជ្យទៅក្នុងដៃរបស់ព្រះសហគមន៍ដ៏វិសុទ្ធរបស់ព្រះអង្គ
—សូមព្រះអង្គបើកទ្វារនៃស្ថានបរមសុខ ដល់អស់អ្នកដែលជឿទុកចិត្តលើព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅលើផែនដីនេះ។ (បន្ទរ)

ឱព្រះជាអម្ចាស់ជាព្រះបិតា ! ព្រះអង្គប្រទានពរឱ្យសន្តសិលា និងសន្តប៉ូល ជាគ្រីស្តទូត ទៅជាគ្រឹះដ៏រឹងមាំរបស់ព្រះសហគមន៍។ តាមរយៈពាក្យទូលអង្វររបស់លោកទាំងពីរ សូមព្រះអង្គសង្រ្គោះយើងខ្ញុំអស់កល្បជានិច្ច។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា ៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច ៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

14 Views

Theme: Overlay by Kaira