ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

បន្ទរទី១៖ សូម​ព្រះ‌ករុណា​បង្ក្រាប​ខ្មាំង​សត្រូវ​ដែល​នៅ​ជុំ‌វិញ !

ព្រះជាអម្ចាស់​មាន​ព្រះ‌បន្ទូលមក​កាន់​ព្រះរាជា ជា​ព្រះ‌អម្ចាស់​របស់ខ្ញុំ ដូច​ត​ទៅ​នេះ ៖
«សូម​គង់​នៅ​ខាង​ស្តាំ​យើង ទម្រាំ​ដល់​យើង​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ
មក​ដាក់​ក្រោម​ព្រះ‌បាទា​របស់​ព្រះ‌អង្គ!»។
សូម​ព្រះ‌ជា‌អម្ចាស់​ប្រោស​ប្រទាន​ឱ្យ​រាជ្យរបស់​ព្រះ‌ករុណា
លាត​សន្ធឹង​ចាប់​តាំង​ពី​ក្រុង​ស៊ីយ៉ូន​ទៅ!
សូម​ព្រះ‌ករុណា​បង្ក្រាប​ខ្មាំង​សត្រូវ​ដែល​នៅ​ជុំ‌វិញ!
នៅ​ថ្ងៃ​ព្រះ‌ករុណា​កេណ្ឌ​ទ័ព​ទៅ​ច្បាំង ប្រជា‌រាស្ដ្រ​ចូល​រួម​ដោយ​ស្ម័គ្រ​ចិត្ត
ពួក​យុវជន​នាំ​គ្នា​ចូល​មក​គាល់​ព្រះ‌ករុណានៅ​លើ​ភ្នំ​ដ៏‌វិសុទ្ធ
ប្រៀប​ដូច​ជា​ទឹក​សន្សើម​នៅ​ពេល​ព្រឹក​ព្រលឹម។
ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​សន្យាដោយ​ឥត​ប្រែ‌ប្រួល​ថា :
«ព្រះ‌អង្គ​ជា​បូជា‌ចារ្យ​អស់‌កល្ប​ត​រៀង​ទៅ តាម​របៀប​ស្តេច​មែលគី‌សេដែក»។
ព្រះ‌អម្ចាស់​គង់​នៅ​ខាង​ស្តាំ​ព្រះ‌ករុណា
នៅ​ថ្ងៃ​ដែល​ព្រះ‌អង្គ​ព្រះ‌ពិរោធ ព្រះ‌អង្គ​កម្ទេច​ស្តេច​នានា។
នៅ​តាម​ផ្លូវ ព្រះ‌រាជា​សោយ​ទឹក​ជ្រោះរួច​ហើយ
ព្រះ‌អង្គ​ងើប​ព្រះ‌ភក្ត្រប្រកប​ដោយ​ជោគ‌ជ័យ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ សូម​ព្រះ‌ករុណា​បង្ក្រាប​ខ្មាំង​សត្រូវ​ដែល​នៅ​ជុំ‌វិញ !

បន្ទរទី២៖ ព្រះអម្ចាស់​ប្រកប​ដោយ​ព្រះហឫទ័យប្រណីសន្ដោស និងអាណិតអាសូរ។ ព្រះអង្គប្រទានអាហារឱ្យអស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ។

(បទពាក្យ ៧)

១-ចូរលើកតម្កើងព្រះជាម្ចាស់ប្រសើរពេកណាស់លើលោកា
ខ្ញុំថ្កើងព្រះអង្គហួសសិរសាក្នុងហ្វូងមនុស្សណាដែលទៀងត្រង់
២-គ្រប់ស្នាព្រះហស្តព្រះអម្ចាស់ប្រសើរពេកណាស់ខ្ពស់ឧត្តុង្គ
អ្នកពេញចិត្តស្នាព្រះហស្តទ្រង់ស្វះស្វែងយល់ផងកុំរារែក
៣-គ្រប់ស្នាព្រះហស្តបានបញ្ចេញរស្មីចិញ្ចែងភ្លឺអនេក
សេចក្តីសុចរិតល្អពន់ពេកមិនប្រេះបាក់បែកនៅរហូត
៤-ព្រះអង្គទ្រង់សព្វព្រះហឫទ័យឱ្យយើងស្រមៃមិនរលត់
ដល់ការអស្ចារ្យខ្ពស់បំផុតហឫទ័យអាណិតចិត្តអាសូរ
៥-ព្រះអង្គប្រទានទាំងអាហារដល់អ្នកវេទនាស្រែកទ្រហោរ
អ្នកដែលកោតខ្លាចទ្រង់អាសូរសម្ពន្ធមានយូរធ្លាប់មេត្រី
៦-ព្រះអង្គសម្តែងអានុភាពឱ្យរាស្រ្តជ្រួតជ្រាបឥតសង្ស័យ
គឺព្រះអង្គបានឱ្យទឹកដីប្រជាដទៃមកពួកគេ
៧-គ្រប់ស្នាព្រះហស្តព្រះអង្គធ្វើសុទ្ធតែអំពើល្អឥតរេ
សុចរិតយុត្តិធម៌ឥតប្រួលប្រែដូច្នេះគួរតែជឿទាំងស្រុង
៨-បញ្ជាទាំងនោះឥតចន្លោះមិនបាត់មួយសោះស្ថិតគង់វង្ស
សុចរិតល្អល្អះភ្លឺត្រចង់ក្តីពិតទៀងត្រង់យ៉ាងប្រពៃ
៩-ព្រះអង្គរំដោះប្រជារាស្រ្តពួកគេទាំងអស់មានសេរី
ទ្រង់បានចងសម្ពន្ធមេត្រីនឹងរាស្រ្តប្រុសស្រីរហូតទៅ
ព្រះនាមព្រះអង្គគង់ទីខ្ពស់វិសុទ្ធឥតមោះឥតហ្មងសៅ
បារមីគួរស្ញែងខ្លាចពេកកូវរាល់យប់ថ្ងៃត្រូវតែគោរព
១០-អ្នកណាដែលចង់មានប្រាជ្ញាគួរតែគិតថាមានប្រភព
ប្រាជ្ញានឹងកើតមានសព្វគ្រប់បើអ្នកគោរពខ្លាចព្រះម្ចាស់
អ្នកប្រតិបត្តិតាមប្រាជ្ញានេះគេអាចត្រិះរិះបានល្អល្អះ
យើងសូមតម្កើងព្រះអម្ចាស់ជាព្រះខ្ពង់ខ្ពស់រហូតទៅ
សូមកោតសរសើរព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណ
ដែលគង់ស្ថិតស្ថេរឥតសៅហ្មងយូរលង់កន្លងតរៀងទៅ

បន្ទរ៖ ព្រះអម្ចាស់​ប្រកប​ដោយ​ព្រះហឫទ័យប្រណីសន្ដោស និងអាណិតអាសូរ។ ព្រះអង្គប្រទានអាហារឱ្យអស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ។

បន្ទរទី៣៖ នេះជាកូនចៀមរបស់ព្រះជាម្ចាស់ នេះជាព្រះអង្គដែលដកបាបនៃពិភពលោក។

ទោះ‌បី​ព្រះ‌អង្គ​មាន​ឋានៈ​ជា​ព្រះ‌ជាម្ចាស់ក៏​ដោយ
ក៏​ព្រះ‌អង្គ​ពុំ​បាន​ក្ដោប‌ក្តាប់ឋានៈ​ដែល​ស្មើ​នឹង​ព្រះ‌ជាម្ចាស់​នេះ
ទុក​ជា​កម្ម‌សិទ្ធិដាច់​មុខ​របស់​ព្រះ‌អង្គ​ឡើយ។
ផ្ទុយ​ទៅ​វិញ ព្រះ‌អង្គ​បាន​លះ‌បង់​អ្វីៗ​ទាំង​អស់មក​យក​ឋានៈ​ជា​ទាសករ
ព្រះ‌អង្គ​បាន​ទៅ​ជា​មនុស្ស​ដូច​មនុស្ស​ឯ​ទៀតៗ
ហើយ​ក៏​រស់​នៅ​ក្នុង​ភាព​ជាមនុស្ស​សាមញ្ញ​ដែរ។
ព្រះ‌អង្គ​បាន​ដាក់​ខ្លួន ធ្វើតាម​ព្រះ‌បញ្ជារហូត​ដល់​សោយ​ទិវង្គត
គឺ​រហូត​ដល់​សោយ​ទិវង្គត​លើ​ឈើ​ឆ្កាងថែម​ទៀត​ផង។
ហេតុ​នេះ​ហើយ​បាន​ជា​ព្រះជាម្ចាស់លើក​តម្កើង​ព្រះអង្គ​ឡើងយ៉ាង​ខ្ពង់ខ្ពស់​បំផុត
ព្រម​ទាំង​ប្រោស​ប្រទាន​ឱ្យ​ព្រះ‌អង្គ មាន​ព្រះ‌នាម​ប្រសើរ​លើស​អ្វីៗ​ទាំង​អស់
១០ដើម្បី​ឱ្យ​អ្វីៗ​ទាំង​អស់ ទាំង​នៅ​ស្ថាន​បរម‌សុខ ទាំង​នៅ​លើ​ផែន‌ដី
ទាំង​នៅ​ក្រោម​ដី នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ នៅ​ពេល​ណា​ឮ​ព្រះ‌នាម​ព្រះ‌យេស៊ូ
១១និងឱ្យ​មនុស្ស​គ្រប់​ភាសា​ប្រកាស​ឡើងថា ព្រះ‌យេស៊ូ‌គ្រីស្ត​ជា​ព្រះ‌អម្ចាស់
ដើម្បី​លើក​តម្កើង​សិរី‌រុង​រឿង​ព្រះ‌ជាម្ចាស់ជា​ព្រះ‌បិតា។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ នេះជាកូនចៀមរបស់ព្រះជាម្ចាស់ នេះជាព្រះអង្គដែលដកបាបនៃពិភពលោក។

ព្រះ‌គ្រីស្ត​បាន​ស្រឡាញ់​ព្រះ‌សហគមន៍ ព្រះអង្គ​បូជា​ព្រះ‌ជន្ម​របស់​ព្រះ‌អង្គ​ផ្ទាល់សម្រាប់​ព្រះ‌សហគមន៍ ដើម្បី​ប្រោស​ឱ្យ​ព្រះ‌សហគមន៍​បាន​ទៅ​ជា​វិសុទ្ធ ទាំង​ជម្រះ​ឱ្យ​បាន​ស្អាត​បរិសុទ្ធ ដោយ​លាង​ក្នុង​ទឹក និង​ដោយ‌សារ​ព្រះ‌បន្ទូល។ ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ​នាំ​ព្រះ‌សហគមន៍​នេះ​មក​ថ្វាយ​ព្រះ‌អង្គ​ផ្ទាល់ ជា​ព្រះ‌សហគមន៍​ដ៏​រុងរឿង ឥត​ស្លាក‌ស្នាម ឥត​ជ្រីវ‌ជ្រួញ និង​ឥត​ខ្ចោះ​ត្រង់ណា​ឡើយ គឺ​ឱ្យ​ទៅ​ជា​វិសុទ្ធ ឥត​សៅ‌ហ្មង។

បន្ទរ៖ ព្រះគ្រីស្តបានស្រឡាញ់យើងខ្ញុំ *ព្រះអង្គបានលាងជម្រះអំពើបាបរបស់យើងខ្ញុំ ក្នុងព្រះលោហិតរបស់ព្រះអង្គ។ បន្ទរឡើងវិញ៖…
– ព្រះអង្គបានធ្វើឱ្យយើងទៅជារាជាណាចក្រ និងជាក្រុមបូជាចារ្យ បម្រើព្រះជាម្ចាស់ជាព្រះបិតារបស់យើង ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

បន្ទរ ៖ ខ្ញុំ​មក ដើម្បី​នាំ​ភ្លើង​មក​ផែន‌ដី។ ប្រសិន​បើ​ភ្លើង​នោះ​ឆេះ ខ្ញុំ​ស្ងប់​ចិត្ត​ហើយ។

៤៦«ព្រលឹងខ្ញុំសូមលើកតម្កើងព្រះ‌អម្ចាស់*
៤៧ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ
៤៨ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ
អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា
ខ្ញុំជាអ្នកមានសុភមង្គលពិតមែន
៤៩ព្រះដ៏មានតេជានុភាព បានសម្ដែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។
ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន!
៥០ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គនៅគ្រប់ជំនាន់តរៀងទៅ
៥១ទ្រង់បានសម្ដែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ
៥២ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង
ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។
៥៣ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន
ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។
៥៤ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ
ហើយតែងតែសម្ដែងព្រះហឫទ័យមេត្តាករុណា
៥៥ដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ
ដូចទ្រង់បានសន្យាជាមួយបុព្វបុរសយើង ឥតភ្លេចសោះឡើយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

៤៧ខ្ញុំមានចិត្តអំណរសប្បាយអរពន់ពេកណាស់
ព្រោះខ្ញុំបានដឹងច្បាស់ថាព្រះម្ចាស់ទ្រង់សង្គ្រោះ
៤៨ព្រះអង្គទតមកខ្ញុំជាអ្នកបម្រើស្ម័គ្រស្មោះ
តទៅមនុស្សទាំងអស់ថាខ្ញុំនេះសែនសុខក្រៃ
៤៩ព្រះដ៏មានឫទ្ធាខ្លាំងអស្ចារ្យលើលោកីយ៍
សម្ដែងឫទ្ធិបារមីព្រះនាមថ្លៃថ្លាវិសុទ្ធ
៥០ទ្រង់មានព្រះហឫទ័យត្រាប្រណីខ្ពស់បំផុត
ដល់អ្នកគោរពកោតខ្លាចព្រះអង្គរៀងរហូត
៥១ព្រះអង្គសម្ដែងឫទ្ធិអស្ចារ្យពិតមិនរលត់
កម្ចាត់មនុស្សមានពុតឆ្មើងបំផុតឫកខែងរែង
៥២ទ្រង់បានច្រានទម្លាក់អ្នកធំធ្លាក់ពីតំណែង
ឥតមានខ្លាចរអែងហើយទ្រង់តែងលើកអ្នកទាប
៥៣ព្រះអង្គប្រោសប្រទានឱ្យអ្នកឃ្លានឆ្អែតដរាប
អ្នកមានធនធានស្រាប់ដេញត្រឡប់ដៃទទេ
៥៤ព្រះអង្គបានជួយរាស្ត្រទ្រង់ទាំងអស់ឥតប្រួលប្រែ
អ៊ីស្រាអែលនៅក្បែរជាបម្រើដ៏ស្មោះស្ម័គ្រ
៥៥ទ្រង់តែងមានព្រះទ័យករុណាក្រៃមិនថ្នាំងថ្នាក់
លោកអប្រាហាំជាក់និងពូជពង្សលោកជានិច្ច
ដូចទ្រង់បានសន្យានឹងដូនតាឥតមានភ្លេច
ព្រះអង្គចាំជានិច្ចគ្មានកលកិច្ចប្រែប្រួលឡើយ
សិរីរុងរឿងដល់ព្រះបិតាព្រះបុត្រា
និងព្រះវិញ្ញាណផងដែលទ្រង់គង់នៅជានិច្ច

បន្ទរ ៖ ខ្ញុំ​មក ដើម្បី​នាំ​ភ្លើង​មក​ផែន‌ដី។ ប្រសិន​បើ​ភ្លើង​នោះ​ឆេះ ខ្ញុំ​ស្ងប់​ចិត្ត​ហើយ។

បងប្អូនជាទីស្រឡាញ់ ! ចូរយើងទូលអង្វរព្រះអម្ចាស់យេស៊ូ ដែលជាទីជម្រកសម្រាប់ព្រលឹងរបស់យើង។ ចូរយើងទូលព្រះអង្គថា ៖

បន្ទរ៖ បពិត្រព្រះអម្ចាស់ដែលមានព្រះហឫទ័យមេត្តាករុណាដ៏លើសលុប ! សូមអាណិតអាសូរយើងខ្ញុំ !

បពិត្រព្រះយេស៊ូ ! នៅពេលគេចាក់ព្រះអង្គដោយលំពែង មានទឹក និងលោហិតហូរចេញមក ដែលបានផ្តល់កំណើតដល់ព្រះសហគមន៍ ជាភរិយារបស់ព្រះអង្គ
—សូមព្រះអង្គលាងសម្អាត និងជម្រះយើងខ្ញុំឱ្យបានវិសុទ្ធផង។ (បន្ទរ)

បពិត្រព្រះយេស៊ូ ! ព្រះអង្គជាព្រះដំណាក់ដ៏វិសុទ្ធរបស់ព្រះជាម្ចាស់ មនុស្សលោកបានសម្លាប់ព្រះអង្គ ប៉ុន្តែ ព្រះបិតាបានប្រោសព្រះអង្គឱ្យមានព្រះជន្មរស់ឡើងវិញ
—សូមព្រះអង្គប្រោសឱ្យព្រះសហគមន៍ធ្វើជាព្រះដំណាក់របស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត។ (បន្ទរ)

បពិត្រព្រះយេស៊ូ ! ព្រះអង្គជាព្រះមហាក្សត្រ និងជាចំនុចកណ្តាលនៃបេះដូងមនុស្សលោក។ ព្រះអង្គបានស្រឡាញ់យើងខ្ញុំ ហើយនាំយើងខ្ញុំមកឯព្រះអង្គ ដោយព្រះហឫទ័យស្រឡាញ់ និងមេត្តាករុណា ដែលមិនចេះអស់ —សូមព្រះអង្គបន្តសម្ពន្ធមេត្រីជាមួយនឹងមនុស្សទាំងអស់ផង។ (បន្ទរ)

បពិត្រព្រះយេស៊ូ ! ព្រះអង្គជាសេចក្តីសុខសាន្ត និងជាការសម្រុះសម្រួលរបស់យើងខ្ញុំ។ ព្រះអង្គបង្រួបបង្រួមមនុស្សលោកក្នុងសេចក្តីសុខសាន្ត និងបានបំផ្លាញខ្មាំងសត្រូវនៃសេចក្តីស្លាប់ ដោយសារឈើឆ្កាង —សូមព្រះអង្គបង្ហាញផ្លូវយើងខ្ញុំឆ្ពោះទៅកាន់ព្រះបិតាផង។ (បន្ទរ)

បពិត្រព្រះយេស៊ូ ! ព្រះអង្គជាជីវិត និងជាការរស់ឡើងវិញរបស់យើងខ្ញុំ។ ព្រះអង្គជួយសម្រាលបន្ទុកដល់អ្នកដែលនឿយហត់ ឱ្យបានសម្រាក
—សូមព្រះអង្គទាញមនុស្សបាបទាំងអស់មកឯព្រះអង្គ។ (បន្ទរ)

បពិត្រព្រះយេស៊ូ ! ព្រោះតែព្រះអង្គស្រឡាញ់យើងខ្ញុំ ដោយសេចក្តីស្រឡាញ់ដ៏ធំមហិមា។ ព្រះអង្គបានស្តាប់បង្គាប់រហូតដល់សោយទិវង្គតលើឈើឆ្កាង
—សូមព្រះអង្គប្រោសឱ្យអស់អ្នកដែលបានលង់លក់ក្នុងសេចក្តីសុខសាន្តរបស់ព្រះអង្គ មានជីវិតរស់ឡើងវិញផង។ (បន្ទរ)

បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងនៃព្រះហឫទ័យរបស់ព្រះបុត្រា និងនឹករឭកដល់សេចក្តីស្រឡាញ់ដ៏អស្ចារ្យរបស់ព្រះអង្គសម្រាប់យើងខ្ញុំ។ សូមព្រះអង្គប្រណីសន្តោសយើងខ្ញុំដោយបង្ហូរព្រះអំណោយទាន តាមមុខរបួសព្រះបេះដូងរបស់ព្រះអង្គ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា ៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច ៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

15 Views

Theme: Overlay by Kaira