ព្រះហឫទ័យមេត្តាករុណារបស់ព្រះយេស៊ូ
(បុណ្យឱឡារិក)
(ពេលល្ងាចទី១)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១១៣
បន្ទរទី១៖ ព្រះជាម្ចាស់បានស្រឡាញ់យើង ដោយចិត្តស្រឡាញ់ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច។ កាលណាគេលើកព្រះអង្គឡើងពីដី ព្រះអង្គនឹងទាញមនុស្សទាំងអស់មកឯព្រះអង្គ។
១ | ចូរសរសើរតម្កើងព្រះអម្ចាស់ ! អ្នកបម្រើរបស់ព្រះអម្ចាស់អើយ ចូរនាំគ្នាសរសើរតម្កើងព្រះអង្គ ! ចូរនាំគ្នាសរសើរតម្កើងព្រះនាមព្រះអម្ចាស់ ! |
២ | ចូរលើកតម្កើងព្រះនាមព្រះអម្ចាស់តាំងពីពេលនេះរហូតតទៅ ! |
៣ | តាំងពីពេលថ្ងៃរះ រហូតទល់ថ្ងៃលិច ចូរសរសើរតម្កើងព្រះនាមរបស់ព្រះអម្ចាស់ ! |
៤ | ព្រះអម្ចាស់គង់នៅពីលើប្រជាជាតិទាំងឡាយ សិរីរុងរឿងរបស់ព្រះអង្គខ្ពស់ជាងផ្ទៃមេឃទៅទៀត។ |
៥ | តើមាននរណាអាចផ្ទឹមស្មើនឹងព្រះអម្ចាស់ជាព្រះរបស់យើងបាន? ព្រះអង្គគង់នៅលើស្ថានដ៏ខ្ពស់បំផុត |
៦ | ព្រះអង្គទតមើលមកផ្ទៃមេឃនិងផែនដី ដែលនៅខាងក្រោមព្រះអង្គ។ |
៧ | ព្រះអង្គលើកមនុស្សទន់ខ្សោយឡើងពីធូលីដី ព្រះអង្គលើកមនុស្សទុរគតឡើងពីភក់ជ្រាំ |
៨ | ដើម្បីឱ្យគេកាន់កាប់អំណាចរួមជាមួយពួកអ្នកធំ គឺរួមជាមួយពួកអ្នកធំនៅក្នុងចំណោមប្រជារាស្ដ្ររបស់ព្រះអង្គ។ |
៩ | ព្រះអង្គប្រទានឱ្យស្ត្រីអារមានកូន ឱ្យនាងរស់នៅក្នុងផ្ទះយ៉ាងសប្បាយ ជាមួយកូនៗរបស់នាង។ ហាលេលូយ៉ា! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ ព្រះជាម្ចាស់បានស្រឡាញ់យើង ដោយចិត្តស្រឡាញ់ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច។ កាលណាគេលើកព្រះអង្គឡើងពីដី ព្រះអង្គនឹងទាញមនុស្សទាំងអស់មកឯព្រះអង្គ។
ទំនុកតម្កើងលេខ ១៤៦
បន្ទរទី២៖ ចូររៀនពីខ្ញុំទៅ ដ្បិតខ្ញុំស្លូត និងមានចិត្តសុភាព។
(បទពាក្យ ៧)
១- | ឱព្រះអម្ចាស់អើយខ្ញុំសូម | តម្កើងទាំងព្រមដោយចិត្តស្មោះ | |
ឥតមានលាក់លៀមទុកកៀនកោះ | បញ្ចេញដោយស្មោះអស់ពីចិត្ត | ។ | |
២- | ខ្ញុំសូមសរសើរលើកតម្កើង | ព្រះម្ចាស់ខ្ពស់ឡើងមួយជីវិត | |
ខ្ញុំស្មូតចម្រៀងមានបែបបទ | ឱ្យបានចាំស្ទាត់ពេលនៅរស់ | ។ | |
៣- | កុំទុកចិត្តពួកមនុស្សលោក | មានច្រើនគរគោកចិត្តមិនស្មោះ | |
កុំទុកចិត្តមេដឹកនាំនោះ | ពុំអាចសង្គ្រោះបានឡើយណា | ។ | |
៤- | ពេលដែលដង្ហើមគេត្រូវផុត | ជីវិតរលត់អស់សង្ខារ | |
ក្លាយជាធូលីដីអសារ | ទាំងគម្រោងការរលាយព្រម | ។ | |
៥- | អ្នកដែលព្រះលោកយ៉ាកុបជួយ | សង្គ្រោះផុតព្រួយហើយសង្ឃឹម | |
ទុកចិត្តលើព្រះគ្មានអ្វីផ្ទឹម | រស់ដោយញញឹមគ្មានភិតភ័យ | ។ | |
៦- | ព្រះអង្គបង្កើតទាំងផ្ទៃមេឃ | ផែនដីល្អឯកធំពេកក្រៃ | |
សមុទ្រព្រមទាំងអស់អ្វីៗ | សន្យាថ្លាថ្លៃទ្រង់មិនភ្លេច | ។ | |
៧- | ព្រះអង្គរកយុត្តិធម៌ឱ្យ | ដល់អ្នកទន់ខ្សោយមិនកែគេច | |
ចែកអាហារដល់អ្នកឃ្លានស្រេច | ហើយទ្រង់សម្រេចលែងអ្នកទោស | ។ | |
៨- | ព្រះអម្ចាស់ប្រោសមនុស្សខ្វាក់ | ហើយលើកអស់អ្នកដែលនៅរស់ | |
អស់ក្តីសង្ឃឹមគ្មានអ្វីសោះ | ស្រឡាញ់អ្នកស្មោះត្រង់ល្អជា | ។ | |
៩- | ព្រះម្ចាស់គាំទ្រជនបរទេស | មេម៉ាយនិងអស់ក្មេងកំព្រា | |
តែទ្រង់ធ្វើឱ្យគម្រោងការ | ជនខូចពាលាវិនាសបង់ | ។ | |
១០- | ព្រះអម្ចាស់ទ្រង់នឹងគ្រងរាជ្យ | អស់កល្បជានិច្ចតយូរលង់ | |
ឱក្រុងស៊ីយ៉ូនដ៏រឿងរុង | ព្រះអ្នកនឹងគ្រងរាជ្យតទៅ | ។ | |
សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
បន្ទរ៖ ចូររៀនពីខ្ញុំទៅ ដ្បិតខ្ញុំស្លូត និងមានចិត្តសុភាព។
បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ៤,១១.៥,៩.១០.១២)
បន្ទរទី៣៖ ខ្ញុំហ្នឹងហើយជាគង្វាលដ៏ល្អ គង្វាលដ៏ល្អតែងតែស៊ូប្ដូរជីវិត ដើម្បីចៀមរបស់ខ្លួន។
១១ | «បពិត្រព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំ ព្រះអង្គសមនឹងទទួលសិរីរុងរឿង ព្រះកិត្តិនាម និងឫទ្ធានុភាព ដ្បិតព្រះអង្គបានបង្កើតរបស់សព្វសារពើមក អ្វីៗទាំងអស់សុទ្ធតែកើតមាន ហើយនៅស្ថិតស្ថេរ ដោយសារព្រះហឫទ័យរបស់ព្រះអង្គ»។ |
៩ | គេនាំគ្នាច្រៀងបទចម្រៀងថ្មីថាៈ “ព្រះអង្គសមនឹងទទួលក្រាំង ហើយបកត្រាផង ព្រោះព្រះអង្គត្រូវគេសម្លាប់ធ្វើយញ្ញបូជា ព្រះអង្គបានលោះមនុស្សពីគ្រប់ពូជ គ្រប់ភាសា គ្រប់ប្រជាជន និងពីគ្រប់ជាតិសាសន៍យកមកថ្វាយព្រះជាម្ចាស់ ដោយសារព្រះលោហិតរបស់ព្រះអង្គ។ |
១០ | ព្រះអង្គបានធ្វើឱ្យគេទៅជារាជាណាចក្រ និងជាក្រុមបូជាចារ្យបម្រើ ព្រះជាម្ចាស់របស់យើង ហើយអ្នកទាំងនោះនឹងគ្រងរាជ្យលើផែនដី” ។ |
១២ | នាំគ្នាបន្លឺសំឡេងឡើងយ៉ាងខ្លាំងៗថាៈ «កូនចៀមដែលគេសម្លាប់ធ្វើយញ្ញបូជា ព្រះអង្គសមនឹងទទួលឫទ្ធានុភាព រាជសម្បត្តិ ព្រះប្រាជ្ញាញាណ ឥទ្ធិឫទ្ធិ ព្រះកិត្តិនាម សិរីរុងរឿង និងការសរសើរតម្កើង»។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ ខ្ញុំហ្នឹងហើយជាគង្វាលដ៏ល្អ គង្វាលដ៏ល្អតែងតែស៊ូប្ដូរជីវិត ដើម្បីចៀមរបស់ខ្លួន។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អភ ៥,២៥ខ-២៧)
ព្រះគ្រីស្តបានស្រឡាញ់ព្រះសហគមន៍ ព្រះអង្គបូជាព្រះជន្មរបស់ព្រះអង្គផ្ទាល់សម្រាប់ព្រះសហគមន៍ ដើម្បីប្រោសឱ្យព្រះសហគមន៍បានទៅជាវិសុទ្ធ ទាំងជម្រះឱ្យបានស្អាតបរិសុទ្ធ ដោយលាងក្នុងទឹក និងដោយសារព្រះបន្ទូល។ ព្រះអង្គសព្វព្រះហឫទ័យនាំព្រះសហគមន៍នេះមកថ្វាយព្រះអង្គផ្ទាល់ ជាព្រះសហគមន៍ដ៏រុងរឿង ឥតស្លាកស្នាម ឥតជ្រីវជ្រួញ និងឥតខ្ចោះត្រង់ណាឡើយ គឺឱ្យទៅជាវិសុទ្ធ ឥតសៅហ្មង។
បន្ទរ៖ ព្រះគ្រីស្តបានស្រឡាញ់យើងខ្ញុំ *ព្រះអង្គបានលាងជម្រះអំពើបាបរបស់យើងខ្ញុំ ក្នុងព្រះលោហិតរបស់ព្រះអង្គ។ បន្ទរឡើងវិញ៖…
– ព្រះអង្គបានធ្វើឱ្យយើងទៅជារាជាណាចក្រ និងជាក្រុមបូជាចារ្យ បម្រើព្រះជាម្ចាស់ជាព្រះបិតារបស់យើង ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ ៖ ខ្ញុំមក ដើម្បីនាំភ្លើងមកផែនដី។ ប្រសិនបើភ្លើងនោះឆេះ ខ្ញុំស្ងប់ចិត្តហើយ។
៤៦ | «ព្រលឹងខ្ញុំសូមលើកតម្កើងព្រះអម្ចាស់* |
៤៧ | ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ |
៤៨ | ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា ខ្ញុំជាអ្នកមានសុភមង្គលពិតមែន |
៤៩ | ព្រះដ៏មានតេជានុភាព បានសម្ដែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។ ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន! |
៥០ | ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គនៅគ្រប់ជំនាន់តរៀងទៅ |
៥១ | ទ្រង់បានសម្ដែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ |
៥២ | ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។ |
៥៣ | ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។ |
៥៤ | ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ ហើយតែងតែសម្ដែងព្រះហឫទ័យមេត្តាករុណា |
៥៥ | ដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ ដូចទ្រង់បានសន្យាជាមួយបុព្វបុរសយើង ឥតភ្លេចសោះឡើយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ឬ ទំនុកតម្កើងរបស់ព្រះនាងម៉ារី (តាមបែបស្មូត) បទព្រហ្មគីតិ
៤៧ | ខ្ញុំមានចិត្តអំណរ | សប្បាយអរពន់ពេកណាស់ | |
ព្រោះខ្ញុំបានដឹងច្បាស់ | ថាព្រះម្ចាស់ទ្រង់សង្គ្រោះ | ។ | |
៤៨ | ព្រះអង្គទតមកខ្ញុំ | ជាអ្នកបម្រើស្ម័គ្រស្មោះ | |
តទៅមនុស្សទាំងអស់ | ថាខ្ញុំនេះសែនសុខក្រៃ | ។ | |
៤៩ | ព្រះដ៏មានឫទ្ធា | ខ្លាំងអស្ចារ្យលើលោកីយ៍ | |
សម្ដែងឫទ្ធិបារមី | ព្រះនាមថ្លៃថ្លាវិសុទ្ធ | ។ | |
៥០ | ទ្រង់មានព្រះហឫទ័យ | ត្រាប្រណីខ្ពស់បំផុត | |
ដល់អ្នកគោរពកោត | ខ្លាចព្រះអង្គរៀងរហូត | ។ | |
៥១ | ព្រះអង្គសម្ដែងឫទ្ធិ | អស្ចារ្យពិតមិនរលត់ | |
កម្ចាត់មនុស្សមានពុត | ឆ្មើងបំផុតឫកខែងរែង | ។ | |
៥២ | ទ្រង់បានច្រានទម្លាក់ | អ្នកធំធ្លាក់ពីតំណែង | |
ឥតមានខ្លាចរអែង | ហើយទ្រង់តែងលើកអ្នកទាប | ។ | |
៥៣ | ព្រះអង្គប្រោសប្រទាន | ឱ្យអ្នកឃ្លានឆ្អែតដរាប | |
អ្នកមានធនធានស្រាប់ | ដេញត្រឡប់ដៃទទេ | ។ | |
៥៤ | ព្រះអង្គបានជួយរាស្ត្រ | ទ្រង់ទាំងអស់ឥតប្រួលប្រែ | |
អ៊ីស្រាអែលនៅក្បែរ | ជាបម្រើដ៏ស្មោះស្ម័គ្រ | ។ | |
៥៥ | ទ្រង់តែងមានព្រះទ័យ | ករុណាក្រៃមិនថ្នាំងថ្នាក់ | |
លោកអប្រាហាំជាក់ | និងពូជពង្សលោកជានិច្ច | ។ | |
ដូចទ្រង់បានសន្យា | នឹងដូនតាឥតមានភ្លេច | ||
ព្រះអង្គចាំជានិច្ច | គ្មានកលកិច្ចប្រែប្រួលឡើយ | ។ | |
សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
បន្ទរ ៖ ខ្ញុំមក ដើម្បីនាំភ្លើងមកផែនដី។ ប្រសិនបើភ្លើងនោះឆេះ ខ្ញុំស្ងប់ចិត្តហើយ។
ពាក្យអង្វរសកល
បងប្អូនជាទីស្រឡាញ់ ! ចូរយើងទូលអង្វរព្រះអម្ចាស់យេស៊ូ ដែលជាទីជម្រកសម្រាប់ព្រលឹងរបស់យើង។ ចូរយើងទូលព្រះអង្គថា ៖
បន្ទរ៖ បពិត្រព្រះអម្ចាស់ដែលមានព្រះហឫទ័យមេត្តាករុណាដ៏លើសលុប ! សូមអាណិតអាសូរយើងខ្ញុំ !
បពិត្រព្រះយេស៊ូ ! នៅពេលគេចាក់ព្រះអង្គដោយលំពែង មានទឹក និងលោហិតហូរចេញមក ដែលបានផ្តល់កំណើតដល់ព្រះសហគមន៍ ជាភរិយារបស់ព្រះអង្គ
—សូមព្រះអង្គលាងសម្អាត និងជម្រះយើងខ្ញុំឱ្យបានវិសុទ្ធផង។ (បន្ទរ)
បពិត្រព្រះយេស៊ូ ! ព្រះអង្គជាព្រះដំណាក់ដ៏វិសុទ្ធរបស់ព្រះជាម្ចាស់ មនុស្សលោកបានសម្លាប់ព្រះអង្គ ប៉ុន្តែ ព្រះបិតាបានប្រោសព្រះអង្គឱ្យមានព្រះជន្មរស់ឡើងវិញ
—សូមព្រះអង្គប្រោសឱ្យព្រះសហគមន៍ធ្វើជាព្រះដំណាក់របស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត។ (បន្ទរ)
បពិត្រព្រះយេស៊ូ ! ព្រះអង្គជាព្រះមហាក្សត្រ និងជាចំនុចកណ្តាលនៃបេះដូងមនុស្សលោក។ ព្រះអង្គបានស្រឡាញ់យើងខ្ញុំ ហើយនាំយើងខ្ញុំមកឯព្រះអង្គ ដោយព្រះហឫទ័យស្រឡាញ់ និងមេត្តាករុណា ដែលមិនចេះអស់ —សូមព្រះអង្គបន្តសម្ពន្ធមេត្រីជាមួយនឹងមនុស្សទាំងអស់ផង។ (បន្ទរ)
បពិត្រព្រះយេស៊ូ ! ព្រះអង្គជាសេចក្តីសុខសាន្ត និងជាការសម្រុះសម្រួលរបស់យើងខ្ញុំ។ ព្រះអង្គបង្រួបបង្រួមមនុស្សលោកក្នុងសេចក្តីសុខសាន្ត និងបានបំផ្លាញខ្មាំងសត្រូវនៃសេចក្តីស្លាប់ ដោយសារឈើឆ្កាង —សូមព្រះអង្គបង្ហាញផ្លូវយើងខ្ញុំឆ្ពោះទៅកាន់ព្រះបិតាផង។ (បន្ទរ)
បពិត្រព្រះយេស៊ូ ! ព្រះអង្គជាជីវិត និងជាការរស់ឡើងវិញរបស់យើងខ្ញុំ។ ព្រះអង្គជួយសម្រាលបន្ទុកដល់អ្នកដែលនឿយហត់ ឱ្យបានសម្រាក
—សូមព្រះអង្គទាញមនុស្សបាបទាំងអស់មកឯព្រះអង្គ។ (បន្ទរ)
បពិត្រព្រះយេស៊ូ ! ព្រោះតែព្រះអង្គស្រឡាញ់យើងខ្ញុំ ដោយសេចក្តីស្រឡាញ់ដ៏ធំមហិមា។ ព្រះអង្គបានស្តាប់បង្គាប់រហូតដល់សោយទិវង្គតលើឈើឆ្កាង
—សូមព្រះអង្គប្រោសឱ្យអស់អ្នកដែលបានលង់លក់ក្នុងសេចក្តីសុខសាន្តរបស់ព្រះអង្គ មានជីវិតរស់ឡើងវិញផង។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងនៃព្រះហឫទ័យរបស់ព្រះបុត្រា និងនឹករឭកដល់សេចក្តីស្រឡាញ់ដ៏អស្ចារ្យរបស់ព្រះអង្គសម្រាប់យើងខ្ញុំ។ សូមព្រះអង្គប្រណីសន្តោសយើងខ្ញុំដោយបង្ហូរព្រះអំណោយទាន តាមមុខរបួសព្រះបេះដូងរបស់ព្រះអង្គ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា ៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច ៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។