រដូវធម្មតា
ថ្ងៃព្រហស្បតិ៍ អាទិត្យទី១២
(ពេលថ្ងៃ)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១១៩,១៥៣-១៦០
ទូលបង្គំមិនភ្លេចវិន័យរបស់ព្រះអង្គទេ
បន្ទរទី១ ៖ ប្រសិនបើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ អ្នករាល់គ្នាពិតជាកាន់តាមវិន័យរបស់ខ្ញុំ។
១៥៣ | សូមទតមើលទុក្ខវេទនារបស់ទូលបង្គំ សូមរំដោះទូលបង្គំផង! ដ្បិតទូលបង្គំមិនភ្លេចវិន័យរបស់ព្រះអង្គទេ។ |
១៥៤ | សូមរកយុត្តិធម៌ឱ្យទូលបង្គំ ហើយរំដោះទូលបង្គំឱ្យមានសេរីភាពផង សូមប្រទានឱ្យទូលបង្គំមានជីវិតឡើងវិញ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ! |
១៥៥ | មនុស្សអាក្រក់ពុំអាចទទួលការសង្គ្រោះឡើយ ដ្បិតពួកគេមិនស្វែងរកវិន័យរបស់ព្រះអង្គទេ។ |
១៥៦ | ឱព្រះអម្ចាស់អើយ ព្រះអង្គតែងតែមានព្រះហឫទ័យអាណិតមេត្តាជានិច្ច សូមប្រទានឱ្យទូលបង្គំមានជីវិតឡើងវិញ តាមព្រះបន្ទូលដែលព្រះអង្គបានបង្គាប់មក។ |
១៥៧ | អស់អ្នកដែលបៀតបៀនទូលបង្គំ និងបច្ចាមិត្តរបស់ទូលបង្គំមានគ្នាច្រើនណាស់ តែទូលបង្គំមិនងាកចេញពីដំបូន្មានរបស់ព្រះអង្គឡើយ។ |
១៥៨ | ពេលទូលបង្គំឃើញមនុស្សក្បត់ ទូលបង្គំទាស់ចិត្តខ្លាំងណាស់ ដ្បិតពួកគេមិនប្រព្រឹត្តតាមព្រះបន្ទូលរបស់ព្រះអង្គទេ។ |
១៥៩ | ឱព្រះអម្ចាស់អើយ សូមជ្រាបថា ទូលបង្គំស្រឡាញ់ច្បាប់របស់ព្រះអង្គ សូមប្រទានឱ្យទូលបង្គំមានជីវិតឡើងវិញ ដោយព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ។ |
១៦០ | គោលការណ៍នៃព្រះបន្ទូលរបស់ព្រះអង្គជាសេចក្ដីពិត ហើយការទាំងប៉ុន្មានដែលព្រះអង្គសម្រេចដោយសុចរិត នៅស្ថិតស្ថេររហូតតទៅ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ប្រសិនបើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ អ្នករាល់គ្នាពិតជាកាន់តាមវិន័យរបស់ខ្ញុំ។
ទំនុកតម្កើងលេខ ១២៨
សេចក្តីសុខសាន្តនៅក្នុងផ្ទះ ជាព្រះអំណោយទានមកពីព្រះអម្ចាស់
«សូមព្រះអម្ចាស់ប្រទានពរឱ្យអ្នក ពីភ្នំស៊ីយ៉ូន» សំដៅទៅលើព្រះសហគមន៍ (Arnobius)។
បន្ទរទី២ ៖ សូមព្រះអម្ចាស់ប្រទានពរឱ្យអ្នក បានប្រកបដោយសេចក្ដីសុខសាន្តជារៀងរាល់ថ្ងៃ អស់មួយជីវិត! ។
(បទកាកគតិ)
១- | អ្នកណាកោតខ្លាច | គោរពអំណាច | ព្រះជាអម្ចាស់ |
ដើរតាមគន្លង | មាគ៌ានៃព្រះ | អ្នកនោះឥតទាស់ | |
ពោរពេញមង្គល | ។ | ||
២- | អ្នកនឹងទទួល | បានឥតប្រែប្រួល | យកនូវភោគផល |
ចេញពីកិច្ចការ | គ្រប់ពេលរៀងរាល់ | នឹងមានមង្គល | |
ចម្រើនពេកក្រៃ | ។ | ||
៣- | ឯភរិយាអ្នក | ដែលនៅក្នុងផ្ទះ | ដូចដើមស្រស់ខ្ចី |
មានស្លឹកមានផ្លែ | ស្រគាលទុំខ្ចី | កូនប្រុសរញ៉ី | |
ដូចដើមឈើតូច | ។ | ||
៤- | នេះជាអំណោយ | ទ្រង់ប្រទានឱ្យ | គេបានសម្រេច |
ដល់អ្នកកោតខ្លាច | ឫទ្ធីអំណាច | ផលច្រើនពន់ពេក | |
មិនពិបាករក | ។ | ||
៥- | សូមទ្រង់ប្រសិទ្ធិ | ពរជ័យវិចិត្រ | ពីស៊ីយ៉ូនមក |
ជារៀងរាល់ថ្ងៃ | កុំបាច់លៃលក | ដើរតត្រុករក | |
ក្នុងជីវិតអ្នក | ។ | ||
៦- | អ្នកនឹងឃើញចៅ | របស់អ្នកនៅ | បីបមថ្នមថ្នាក់ |
ឱ្យអ៊ីស្រាអែល | បានសុខជាជាក់ | គ្មានគ្រោះឧបសគ្គ | |
ជួបតែសុខសាន្ត | ។ | ||
សូមកោតសរសើរ | ដល់ព្រះបិតា | ព្រះរាជ្យបុត្រា | |
និងព្រះវិញ្ញាណ | ជាព្រះត្រៃអង្គ | ថ្កើងថ្កានឥតហ្មង | |
ដែលគង់ជានិច្ច | ។ |
បន្ទរ ៖ សូមព្រះអម្ចាស់ប្រទានពរឱ្យអ្នក បានប្រកបដោយសេចក្ដីសុខសាន្តជារៀងរាល់ថ្ងៃ អស់មួយជីវិត! ។
ទំនុកតម្កើងលេខ ១២៩
ប្រជាជនមានទំនុកចិត្តលើព្រះអម្ចាស់ឡើងវិញ ក្រោយពេលមានទុក្ខលំបាក
សម្លេងទួញសោករបស់ព្រះសហគមន៍ចំពោះទុក្ខលំបាករបស់ខ្លួន
មានឮនៅក្នុងទំនុកតម្កើងមួយនេះ (សន្តអូគូស្ទីន)។
បន្ទរទី៣ ៖ ដ្បិតព្រះអង្គបានឱ្យទូលបង្គំមានជ័យជម្នះលើខ្មាំងសត្រូវ។
១ | គេតែងតែនាំគ្នាធ្វើបាបខ្ញុំតាំងពីខ្ញុំនៅក្មេង- សូមឱ្យជនជាតិអ៊ីស្រាអែលពោលតាមថា- |
២ | គេតែងតែនាំគ្នាធ្វើបាបខ្ញុំតាំងពីខ្ញុំនៅក្មេង ប៉ុន្តែ គេពុំអាចយកជ័យជម្នះលើខ្ញុំបានឡើយ។ |
៣ | គេនាំគ្នាភ្ជួររាស់នៅលើខ្នងខ្ញុំគេបានធ្វើគន្លងយ៉ាងវែង។ |
៤ | ប៉ុន្តែ ព្រះអម្ចាស់មានព្រះហឫទ័យសុចរិត ព្រះអង្គបានស្រាយចំណងរបស់មនុស្សអាក្រក់ចេញពីខ្ញុំ។ |
៥ | សូមឱ្យអស់អ្នកដែលស្អប់ក្រុងស៊ីយ៉ូនត្រូវអាម៉ាស់ និងដកខ្លួនថយ! |
៦ | សូមឱ្យពួកគេបានដូចស្មៅដែលដុះ ហើយក្រៀមស្ងួតទៅ មុនពេលលូតលាស់ធំឡើង! |
៧ | សូម្បីគេច្រូតស្មៅនោះ ក៏ក្តាប់មិនពេញដៃ ហើយក៏ពុំមានល្មមសម្រាប់ឱ្យចងជាកណ្ដាប់បានដែរ។ |
៨ | សូមកុំឱ្យអស់អ្នកដែលដើរកាត់តាមនោះពោលទៅពួកគេថា: «សូមព្រះអម្ចាស់ប្រទានពរអ្នករាល់គ្នា» សោះឡើយ។ យើងសូមជូនពរអ្នករាល់គ្នាក្នុងព្រះនាមព្រះអម្ចាស់! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ដ្បិតព្រះអង្គបានឱ្យទូលបង្គំមានជ័យជម្នះលើខ្មាំងសត្រូវ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) ១យហ ៣,២៣-២៤
រីឯវិន័យរបស់ព្រះអង្គមានដូចតទៅ គឺយើងត្រូវជឿលើព្រះនាមព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រារបស់ព្រះអង្គ និងត្រូវស្រឡាញ់គ្នាទៅវិញទៅមក តាមវិន័យដែលព្រះអង្គប្រទានមកយើង។ អ្នកណាកាន់តាមវិន័យរបស់ព្រះអង្គ អ្នកនោះស្ថិតនៅជាប់នឹងព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ក៏ស្ថិតនៅជាប់នឹងអ្នកនោះដែរ។ ត្រង់ហ្នឹងហើយដែលយើងដឹងថា ព្រះជាម្ចាស់ស្ថិតនៅជាប់នឹងយើង ដោយសារព្រះវិញ្ញាណដែលព្រះអង្គប្រទានមកយើង។
—ព្រះអង្គឈ្វេងយល់ជម្រៅចិត្តរបស់មនុស្ស។
ពាក្យអធិដ្ឋាន
បពិត្រព្រះអម្ចាស់ ! នៅពេលព្រឹក ព្រះអង្គបានប្រទានព្រះវិញ្ញាណដ៏វិសុទ្ធដល់ក្រុមគ្រីស្តទូត នៅពេលពួកគេជួបជុំគ្នាអធិដ្ឋាន។ សូមព្រះអង្គប្រោសប្រទានឱ្យយើងខ្ញុំចេះចែករំលែកនូវសេចក្តីស្រឡាញ់ និងជីវិត ដែលព្រះវិញ្ញាណបានផ្តល់មកយើងខ្ញុំផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) ប្រាញ ១,១-២
អស់អ្នកគ្រប់គ្រងផែនដីអើយ ! ចូរស្រឡាញ់សេចក្តីសុចរិត ! ចូរមានគំនិតត្រឹមត្រូវចំពោះព្រះអម្ចាស់! ចូរស្វែងរកព្រះអង្គដោយចិត្តស្មោះសរ ដ្បិតអស់អ្នកដែលមិនល្បងលព្រះអង្គ ព្រះអង្គប្រទានឱ្យគេរកព្រះអង្គឃើញ អស់អ្នកដែលជឿសង្ឃឹមលើព្រះអង្គ ក៏ព្រះអង្គសម្ដែងឱ្យគេស្គាល់ដែរ។
—នោះអ្នកនឹងរស់នៅក្នុងស្រុកនេះយ៉ាងសុខក្សេមក្សាន្ត។
ពាក្យអធិដ្ឋាន
បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ហើយដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច ! នៅក្នុងព្រះអង្គគ្មានសេចក្តីងងឹតទាល់តែសោះ ហើយក៏គ្មានអ្វីអាចលាក់កំបាំងចំពោះព្រះភក្រ្តព្រះអង្គបានដែរ។ សូមព្រះអង្គចាក់បង្ហូរនូវពន្លឺរស្មីរបស់ព្រះអង្គមកលើយើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំស្គាល់វិន័យរបស់ព្រះអង្គ ដែលព្រះអង្គបានប្រទានមកយើងខ្ញុំ ហើយរស់នៅដោយមានជំនឿ និងចិត្តសប្បុរសផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) ហប ១២,១ខ-២
យើងត្រូវលះបង់ចោលអ្វីៗទាំងអស់ដែលជាបន្ទុកពីលើយើង និងលះបង់អំពើបាបដែលរឹបរួតយើងនេះចោលទៅ ហើយព្យាយាមរត់តម្រង់ទៅមុខ តាមព្រះអម្ចាស់ដាក់ឱ្យយើងរត់។ ត្រូវសម្លឹងមើលទៅព្រះយេស៊ូ ដែលជាដើមកំណើតនៃជំនឿ ហើយធ្វើឱ្យជំនឿនេះបានគ្រប់លក្ខណៈ។ ព្រះអង្គសុខចិត្តលះបង់អំណរ ដែលបម្រុងទុកសម្រាប់ព្រះអង្គ ហើយរងទុក្ខលំបាកនៅលើឈើឆ្កាងឥតខ្លាចខ្មាសសោះឡើយ។ ឥឡូវនេះ ព្រះអង្គគង់នៅខាងស្ដាំបល្ល័ង្ករបស់ព្រះជាម្ចាស់។
—ព្រះបន្ទូលសន្យារបស់ព្រះអង្គធ្វើឱ្យទូលបង្គំក្រោកឡើងវិញ។
ពាក្យអធិដ្ឋាន
បពិត្រព្រះអម្ចាស់ ! សូមព្រះអង្គជួយយើងខ្ញុំឱ្យដើរតាមគំរូនៃចិត្តអំណត់ អត់ធ្មត់របស់ព្រះបុត្រាព្រះអង្គ។ សូមឱ្យយើងខ្ញុំអាចប្រឈមមុខនឹងការលំបាកក្នុងជីវិត ដោយមានជំនឿ និងទំនុកចិត្តផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!
សូមកោតសរសើរព្រះអម្ចាស់ !
សូមអរព្រះគុណព្រះជាម្ចាស់ !