អាទិត្យទី១២ ក្នុងរដូវធម្មតា
បុណ្យព្រះកាយ និងព្រះលោហិតដ៏វិសុទ្ធបំផុតរបស់ព្រះគ្រីស្ត
(បុណ្យឱឡារិក)
(ពេលល្ងាចទី២)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល
ទំនុកតម្កើងលេខ ១១០,១-៥.៧
បន្ទរទី១៖ ព្រះគ្រីស្តជាអម្ចាស់ គឺជាបូជាចារ្យ អស់កល្បតរៀងទៅ តាមរបៀបស្តេចមែលគីសេដែក។ ព្រះអង្គបានយកនំប៉័ង និងស្រា មកថ្វាយព្រះជាម្ចាស់។
១ | ព្រះជាអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះរាជាជាព្រះអម្ចាស់របស់ខ្ញុំដូចតទៅនេះ ៖ «សូមគង់នៅខាងស្តាំយើង ទម្រាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់ព្រះអង្គ មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ!»។ |
២ | សូមព្រះជាអម្ចាស់ប្រោសប្រទានឱ្យរាជ្យរបស់ព្រះករុណា លាតសន្ធឹងចាប់តាំងពីក្រុងស៊ីយ៉ូនទៅ! សូមព្រះករុណាបង្ក្រាបខ្មាំងសត្រូវដែលនៅជុំវិញ! |
៣ | នៅថ្ងៃព្រះករុណាកេណ្ឌទ័ពទៅច្បាំង ប្រជារាស្ដ្រចូលរួមដោយស្ម័គ្រចិត្ត ពួកយុវជននាំគ្នាចូលមកគាល់ព្រះករុណានៅលើភ្នំដ៏វិសុទ្ធ ប្រៀបដូចជាទឹកសន្សើមនៅពេលព្រឹកព្រលឹម។ |
៤ | ព្រះអម្ចាស់មានព្រះបន្ទូលសន្យាដោយឥតប្រែប្រួលថា : «ព្រះអង្គជាបូជាចារ្យអស់កល្បតរៀងទៅ តាមរបៀបស្តេចមែលគីសេដែក»។ |
៥ | ព្រះអម្ចាស់គង់នៅខាងស្តាំព្រះករុណា នៅថ្ងៃដែលព្រះអង្គព្រះពិរោធ ព្រះអង្គកម្ទេចស្តេចនានា។ |
៧ | នៅតាមផ្លូវ ព្រះរាជាសោយទឹកជ្រោះរួចហើយ ព្រះអង្គងើបព្រះភក្ត្រប្រកបដោយជោគជ័យ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ ព្រះគ្រីស្តជាអម្ចាស់ គឺជាបូជាចារ្យ អស់កល្បតរៀងទៅ តាមរបៀបស្តេចមែលគីសេដែក។ ព្រះអង្គបានយកនំប៉័ង និងស្រា មកថ្វាយព្រះជាម្ចាស់។
ទំនុកតម្កើងលេខ ១១៦,១០-១៩
បន្ទរទី២៖ ខ្ញុំនឹងលើកពែងឡើងថ្វាយព្រះអម្ចាស់ដែលបានរំដោះខ្ញុំ ខ្ញុំនឹងយកតង្វាយមកថ្វាយព្រះអម្ចាស់។
(បទព្រហ្មគីតិ)
១០- | ទោះជាខ្ញុំពោលថា | រស់ខ្លោចផ្សាទ្រូងស្ទើរប្រេះ | |
គង់តែរូបខ្ញុំនេះ | មិនចោលព្រះសង្ឃឹមជាប់ | ។ | |
១១- | ពេលខ្ញុំមានកង្វល់ | ចិត្តខ្វាយខ្វល់មិនបានស្ងប់ | |
ខ្ញុំពោលឡើងគ្រប់សព្វ | ថាខ្ញុំស្អប់ជនគ្រប់ប្រាណ | ។ | |
១២- | តើខ្ញុំអាចយកអ្វី | តបព្រះទ័យម្ចាស់ថ្កើងថ្កាន | |
ដែលព្រះអម្ចាស់បាន | ប្រោសគ្រប់ប្រាណបានសមរម្យ | ។ | |
១៣- | គឺខ្ញុំត្រូវលើកពែង | ទាំងថ្លាថ្លែងនាមឧត្តម | |
ព្រះអង្គរំដោះខ្ញុំ | យើងស្រែកសុំរកព្រះម្ចាស់ | ។ | |
១៤- | ខ្ញុំនឹងយកតង្វាយ | មកដាក់ថ្វាយក្រាបសំពះ | |
លាបំណន់ពីព្រះ | ជាអម្ចាស់មុខប្រជា | ។ | |
១៥- | ទ្រង់ព្រួយព្រះទ័យណាស់ | ពេលមានរាស្រ្តស្លាប់វេទនា | |
ជនវិសុទ្ធគ្រប់គ្នា | ទ្រង់ការពារមិនស្លាប់ឡើយ | ។ | |
១៦- | ឱព្រះម្ចាស់ប្រសើរ | ខ្ញុំបម្រើព្រះអង្គហើយ | |
ព្រះអង្គមិនកន្តើយ | ខ្ញុំបានស្បើយពីមរណា | ។ | |
១៧- | ទូលបង្គំសូមថ្វាយ | យញ្ញទាំងឡាយដោយជ្រះថ្លា | |
អង្វរព្រះបិតា | ព្រះបុត្រាខ្ពស់ពេកពន់ | ។ | |
១៨- | ខ្ញុំនឹងយកតង្វាយ | មកដាក់ថ្វាយលាបំណន់ | |
នៅមុខប្រជាជន | ដែលបានបន់ដល់ព្រះអង្គ | ។ | |
១៩- | គឺនៅក្នុងទីធ្លា | ព្រះវិហារស្រស់បំព្រង | |
ស្ថិតនៅកណ្តាលក្រុង | សូមផ្ចិតផ្ចង់លើកតម្កើង | ||
សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
បន្ទរ៖ ខ្ញុំនឹងលើកពែងឡើងថ្វាយព្រះអម្ចាស់ដែលបានរំដោះខ្ញុំ ខ្ញុំនឹងយកតង្វាយមកថ្វាយព្រះអម្ចាស់។
បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ១៩,១-៧)
បន្ទរទី៣៖ ឱព្រះអម្ចាស់អើយ ! ព្រះអង្គជាផ្លូវ ជាសេចក្តីពិត និងជាជីវិតនៃមនុស្សលោក។
១ | បន្ទាប់ពីហេតុការណ៍ទាំងនោះមក ខ្ញុំឮហាក់ដូចជា មានសំឡេងយ៉ាងខ្លាំងរបស់មហាជនច្រើនកុះករនៅលើមេឃថា៖ «អាលេលូយ៉ា! សូមលើកតម្កើងព្រះជាម្ចាស់នៃយើង ព្រះអង្គសង្គ្រោះយើង ព្រះអង្គប្រកបដោយសិរីរុងរឿង និងឫទ្ធានុភាព |
២ | ដ្បិតព្រះអង្គវិនិច្ឆ័យទោសយ៉ាងត្រឹមត្រូវ តាមយុត្តិធម៌។ ព្រះអង្គបានវិនិច្ឆ័យទោសស្ត្រីពេស្យាដ៏មានឈ្មោះល្បី ដែលបានធ្វើឱ្យផែនដីទៅជាសៅហ្មង ដោយកាមគុណរបស់នាង ព្រះអង្គបានដាក់ទោសស្ត្រីពេស្យានោះ ព្រោះនាងបានបង្ហូរឈាមពួកអ្នកបម្រើរបស់ព្រះអង្គ»។ |
៣ | មហាជនទាំងនោះពោលម្ដងទៀតថា៖ «អាលេលូយ៉ា! ផ្សែងនៃក្រុងនោះនឹងហុយឡើងអស់កល្បជាអង្វែងតរៀងទៅ»។ |
៤ | ពួកព្រឹទ្ធាចារ្យទាំងម្ភៃបួនរូប និងសត្វមានជីវិតទាំងបួន ក៏នាំគ្នាក្រាបចុះ ហើយថ្វាយបង្គំព្រះជាម្ចាស់ដែលគង់នៅលើបល្ល័ង្ក ទាំងពោលថា៖ «អាម៉ែន! អាលេលូយ៉ា!»។ |
៥ | មានសំឡេងចេញពីបល្ល័ង្កមកថា៖ «អ្នករាល់គ្នាជាអ្នកបម្រើព្រះជាម្ចាស់ អ្នករាល់គ្នាជាអ្នកគោរពកោតខ្លាចព្រះអង្គទាំងតូចទាំងធំអើយ ចូរសរសើរតម្កើងព្រះជាម្ចាស់នៃយើង!»។ |
៦ | ពេលនោះ ខ្ញុំឮហាក់ដូចជាមានសំឡេងបណ្ដាជនដ៏ច្រើនកុះករ ដូចជាមានស្នូរសន្ធឹកមហាសាគរ និងដូចជាមានស្នូរផ្គរលាន់យ៉ាងខ្លាំងថា៖ «អាលេលូយ៉ា! ដ្បិតព្រះជាអម្ចាស់ជាព្រះដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់ ព្រះអង្គបានតាំងព្រះរាជ្យរបស់ព្រះអង្គហើយ |
៧ | យើងនាំគ្នាអរសប្បាយឡើង ត្រូវមានអំណររីករាយឱ្យខ្លាំង ហើយនាំគ្នាលើកតម្កើងសិរីរុងរឿងព្រះអង្គ ដ្បិតដល់ពេលរៀបវិវាហមង្គលការកូនចៀមហើយ ភរិយាថ្មោងថ្មីរបស់កូនចៀម ក៏បានរៀបចំខ្លួនរួចជាស្រេចហើយដែរ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ ឱព្រះអម្ចាស់អើយ ! ព្រះអង្គជាផ្លូវ ជាសេចក្តីពិត និងជាជីវិតនៃមនុស្សលោក។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១ករ ១១,២៣-២៥)
រីឯខ្ញុំ ខ្ញុំបានជម្រាបបងប្អូននូវសេចក្ដីដែលខ្ញុំបានទទួលពីព្រះអម្ចាស់មកថា នៅយប់ដែលព្រះអម្ចាស់យេស៊ូត្រូវគេចាប់បញ្ជូនទៅឆ្កាង ព្រះអង្គយកនំបុ័ងមកកាន់ ព្រះអង្គអរព្រះគុណព្រះជាម្ចាស់ ហើយកាច់នំបុ័ងនោះ ទាំងមានព្រះបន្ទូលថា “នេះជារូបកាយខ្ញុំ ដែលត្រូវបូជាសម្រាប់អ្នករាល់គ្នា។ ចូរធ្វើដូច្នេះ ដើម្បីរំឭកដល់ខ្ញុំ”។ លុះជប់លៀងរួចហើយ ព្រះអង្គធ្វើតាមបែបដដែល ព្រះអង្គយកពែងមកកាន់ ទាំងមានព្រះបន្ទូលថា “នេះជាពែងនៃសម្ពន្ធមេត្រីថ្មី ចងឡើងដោយលោហិតរបស់ខ្ញុំ។ គ្រប់ពេលដែលអ្នករាល់គ្នាពិសា ចូរធ្វើដូច្នេះ ដើម្បីរំឭកដល់ខ្ញុំ”។
បន្ទរ៖ ព្រះអង្គបានប្រទានអាហារពីស្ថានបរមសុខឱ្យពួកគេ *អាលេលូយ៉ា! អាលេលូយ៉ា!។ បន្ទរឡើងវិញ៖…
-មនុស្សបានបរិភោគអាហាររបស់ពួកទេវទូត។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ៖ ឱបុណ្យគោរពដ៏វិសុទ្ធដែលព្រះគ្រីស្តជាអាហាររបស់យើងខ្ញុំ! យើងខ្ញុំរំឭកពីទុក្ខលំបាករបស់ព្រះអង្គឡើងវិញ ព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអង្គបំពេញដួងចិត្តយើងខ្ញុំ ហើយយើងខ្ញុំក៏ទទួលសិរីរុងរឿងរបស់ព្រះអង្គដែលកំពុងតែយាងមក អាលេលូយ៉ា!
៤៦ | «ព្រលឹងខ្ញុំសូមលើកតម្កើងព្រះអម្ចាស់* |
៤៧ | ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ |
៤៨ | ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា ខ្ញុំជាអ្នកមានសុភមង្គលពិតមែន |
៤៩ | ព្រះដ៏មានតេជានុភាព បានសម្ដែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។ ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន! |
៥០ | ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គនៅគ្រប់ជំនាន់តរៀងទៅ |
៥១ | ទ្រង់បានសម្ដែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ |
៥២ | ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។ |
៥៣ | ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។ |
៥៤ | ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ ហើយតែងតែសម្ដែងព្រះហឫទ័យមេត្តាករុណា |
៥៥ | ដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ ដូចទ្រង់បានសន្យាជាមួយបុព្វបុរសយើង ឥតភ្លេចសោះឡើយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ឬ ទំនុកតម្កើងរបស់ព្រះនាងម៉ារី (តាមបែបស្មូត) បទព្រហ្មគីតិ
៤៧ | ខ្ញុំមានចិត្តអំណរ | សប្បាយអរពន់ពេកណាស់ | |
ព្រោះខ្ញុំបានដឹងច្បាស់ | ថាព្រះម្ចាស់ទ្រង់សង្គ្រោះ | ។ | |
៤៨ | ព្រះអង្គទតមកខ្ញុំ | ជាអ្នកបម្រើស្ម័គ្រស្មោះ | |
តទៅមនុស្សទាំងអស់ | ថាខ្ញុំនេះសែនសុខក្រៃ | ។ | |
៤៩ | ព្រះដ៏មានឫទ្ធា | ខ្លាំងអស្ចារ្យលើលោកីយ៍ | |
សម្ដែងឫទ្ធិបារមី | ព្រះនាមថ្លៃថ្លាវិសុទ្ធ | ។ | |
៥០ | ទ្រង់មានព្រះហឫទ័យ | ត្រាប្រណីខ្ពស់បំផុត | |
ដល់អ្នកគោរពកោត | ខ្លាចព្រះអង្គរៀងរហូត | ។ | |
៥១ | ព្រះអង្គសម្ដែងឫទ្ធិ | អស្ចារ្យពិតមិនរលត់ | |
កម្ចាត់មនុស្សមានពុត | ឆ្មើងបំផុតឫកខែងរែង | ។ | |
៥២ | ទ្រង់បានច្រានទម្លាក់ | អ្នកធំធ្លាក់ពីតំណែង | |
ឥតមានខ្លាចរអែង | ហើយទ្រង់តែងលើកអ្នកទាប | ។ | |
៥៣ | ព្រះអង្គប្រោសប្រទាន | ឱ្យអ្នកឃ្លានឆ្អែតដរាប | |
អ្នកមានធនធានស្រាប់ | ដេញត្រឡប់ដៃទទេ | ។ | |
៥៤ | ព្រះអង្គបានជួយរាស្ត្រ | ទ្រង់ទាំងអស់ឥតប្រួលប្រែ | |
អ៊ីស្រាអែលនៅក្បែរ | ជាបម្រើដ៏ស្មោះស្ម័គ្រ | ។ | |
៥៥ | ទ្រង់តែងមានព្រះទ័យ | ករុណាក្រៃមិនថ្នាំងថ្នាក់ | |
លោកអប្រាហាំជាក់ | និងពូជពង្សលោកជានិច្ច | ។ | |
ដូចទ្រង់បានសន្យា | នឹងដូនតាឥតមានភ្លេច | ||
ព្រះអង្គចាំជានិច្ច | គ្មានកលកិច្ចប្រែប្រួលឡើយ | ។ | |
សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
បន្ទរ៖ ឱបុណ្យគោរពដ៏វិសុទ្ធដែលព្រះគ្រីស្តជាអាហាររបស់យើងខ្ញុំ! យើងខ្ញុំរំឭកពីទុក្ខលំបាករបស់ព្រះអង្គឡើងវិញ ព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអង្គបំពេញដួងចិត្តយើងខ្ញុំ ហើយយើងខ្ញុំក៏ទទួលសិរីរុងរឿងរបស់ព្រះអង្គដែលកំពុងតែយាងមក អាលេលូយ៉ា!
ពាក្យអង្វរសកល
ព្រះគ្រីស្តអញ្ជើញមនុស្សទាំងអស់ឱ្យចូលរួមក្នុងពិធីជប់លៀង ដែលព្រះអង្គបានប្រទានព្រះកាយ និងព្រះលោហិតព្រះអង្គ សម្រាប់ជីវិតមនុស្សលោក។ ចូរយើងទូលព្រះអង្គថា ៖
បន្ទរ៖ បពិត្រព្រះគ្រីស្ត ! ព្រះអង្គជាអាហារចុះពីស្ថានបរមសុខ សូមប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ !
បពិត្រព្រះគ្រីស្ត ជាព្រះបុត្រារបស់ព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅ ! ព្រះអង្គមានព្រះបញ្ជាថា អាហារអរព្រះគុណនេះ ត្រូវធ្វើដើម្បីនឹករលឹកដល់ព្រះអង្គ
—សូមព្រះអង្គពង្រឹងព្រះសហគមន៍ តាមរយៈការប្រារព្ធពិធីដ៏អាថ៌កំបាំងទាំងនេះផង។ (បន្ទរ)
បពិត្រព្រះគ្រីស្ត ! ព្រះអង្គជាបូជាចារ្យអស់កល្បជានិច្ច នៅស្ថានដ៏ខ្ពង់ខ្ពស់បំផុត។ ព្រះអង្គបានបញ្ជាឱ្យពួកបូជាចារ្យព្រះអង្គ ថ្វាយអគ្គសញ្ញាផ្សេងៗ
—សូមឱ្យអគ្គសញ្ញាទាំងនេះ ជួយពួកលោកធ្វើជាឧបករណ៍ក្នុងជីវិតប្រចាំថ្ងៃ អំពីអត្ថន័យនៃគ្រឿងសក្ការៈ ដែលពួកលោកបានប្រារព្ធផង។ (បន្ទរ)
ព្រះគ្រីស្តជាអាហារចុះពីស្ថានបរមសុខ ព្រះអង្គបានធ្វើរូបកាយមួយចេញពីមនុស្សទាំងអស់ ដែលទទួលទានអាហារតែមួយ
—សូមព្រះអង្គធ្វើឱ្យអ្នកជឿសង្ឃឹមលើព្រះអង្គរីកស្រស់បំព្រងឡើង ជាមួយនឹងសេចក្តីសុខសាន្ត និងសុខដុមរមនា។ (បន្ទរ)
បពិត្រព្រះគ្រីស្ត ! តាមរយៈអាហារនេះ ព្រះអង្គបានថ្វាយឱសថសម្រាប់ភាពអមតៈ និងពាក្យសន្យាអំពីការរស់ឡើងវិញនាពេលអនាគត
—សូមព្រះអង្គប្រោសឱ្យអ្នកជំងឺបានជាសះស្បើយ និងផ្តល់សេចក្តីសង្ឃឹមដល់អ្នកបាប។ (បន្ទរ)
ព្រះគ្រីស្តជាព្រះមហាក្សត្រនៃយើង ដែលកំពុងតែយាងមក ព្រះអង្គមានព្រះបញ្ជាឱ្យយើងខ្ញុំប្រកាសពីព្រះអង្គសោយទិវង្គត និងត្រូវធ្វើរហូតដល់ព្រះអង្គយាងមកវិញ
—សូមព្រះអង្គប្រោសឱ្យអស់អ្នកដែលបានស្លាប់ ដោយជឿសង្ឃឹមលើព្រះអង្គ បានរួមចំណែកក្នុងការរស់ឡើងវិញជាមួយព្រះអង្គផង។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
ឱព្រះជាម្ចាស់ដ៏វិសុទ្ធ ! ព្រះអង្គប្រទានអគ្គសញ្ញានៃព្រះកាយព្រះគ្រីស្ត ទុកជាការនឹករឭកអំពីទុក្ខលំបាករបស់ព្រះបុត្រាព្រះអង្គ។ សូមព្រះអង្គមេត្តាប្រោសយើងខ្ញុំ ឱ្យយកចិត្តទុកដាក់គោរពអគ្គសញ្ញាដ៏ប្រសើរឧត្តមនេះ ព្រមទាំងទទួលស្គាល់ផលផ្លែនៃការសង្គ្រោះរបស់ព្រះអង្គក្នុងជីវិតយើងខ្ញុំ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្តជាព្រះបុត្រាព្រះអង្គ និងជាអម្ចាស់យើងខ្ញុំ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា ៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច ៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។