ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ព្រះអង្គហ្នឹងហើយជា​ “ថ្មដែលលោកទាំងអស់គ្នាជាជាងសំណង់បោះចោល​ បាន​ត្រឡប់​មកជាថ្មគ្រឹះដ៏សំខាន់បំផុតវិញ” (កក ៤,១១)។

បន្ទរ៖ សូមលើកតម្កើងព្រះត្រៃឯក យើងខ្ញុំហៅរកព្រះអង្គ កោតសរសើរព្រះអង្គ ក្រាបថ្វាយបង្គំព្រះអង្គ។

បន្ទរ៖ សូមលើកតម្កើងព្រះត្រៃឯក ព្រះអង្គជាសេចក្តីសង្ឃឹម ជាការសង្រ្គោះ និងជាសេចក្តីថ្លៃថ្នូររបស់យើងខ្ញុំ។

បន្ទរ៖ ឱព្រះត្រៃឯកដ៏វិសុទ្ធ ! យើងខ្ញុំសូមប្រកាសថា ព្រះអង្គពិតជាមានព្រះជន្មគង់នៅ ហើយយើងខ្ញុំយល់ថា ព្រះអង្គទាំងបីជាព្រះជាម្ចាស់តែមួយ។

(ក)

ចូរលើកតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គមានព្រះហឫទ័យសប្បុរស
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ!
សូមឱ្យជនជាតិអ៊ីស្រាអែលប្រកាសឡើងថា
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ!
សូមឱ្យពូជពង្សរបស់លោកអរ៉ុនប្រកាសឡើងថា
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ!
សូមឱ្យអស់អ្នកដែលគោរពកោតខ្លាចព្រះអម្ចាស់ប្រកាសឡើងថា
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ!
នៅពេលមានអាសន្ន ខ្ញុំបានអង្វរព្រះអម្ចាស់
ព្រះអម្ចាស់ក៏បានឆ្លើយតបមកខ្ញុំវិញ ហើយប្រទានឱ្យខ្ញុំមានសេរីភាព។
ព្រះអម្ចាស់កាន់ខាងខ្ញុំ ខ្ញុំមិនភ័យខ្លាចឡើយ
តើមនុស្សលោកអាចធ្វើអ្វីខ្ញុំកើត?
ដោយព្រះអម្ចាស់កាន់ខាងខ្ញុំ ហើយជួយខ្ញុំ
ខ្ញុំនឹងឃើញខ្មាំងសត្រូវបរាជ័យ។
ផ្ញើជីវិតលើព្រះអម្ចាស់ នោះប្រសើរជាងទុកចិត្តលើមនុស្ស។
ផ្ញើជីវិតលើព្រះអម្ចាស់ នោះប្រសើរជាងទុកចិត្តលើអ្នកធំ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

(ខ)

(បទពាក្យ ៧)​

១០ជនជាតិដទៃអ្នកប្រឆាំងបានឡោមព័ទ្ធពាំងលើរូបខ្ញុំ
តែដោយព្រះម្ចាស់អំណាចធំជួយប្រយុទ្ធខ្ញុំបានឈ្នះគេ
១១គេបានរោមជិតរឹតឡោមព័ទ្ធចង់ចូលសង្កត់ឱ្យខ្ញុំប្រែ
តែដោយព្រះអម្ចាស់មើលថែជួយប្រយុទ្ធដែរខ្ញុំបានជ័យ
១២វាមកឡោមព័ទ្ធខ្ញុំជុំជិតដូចជាហ្វូងឃ្មុំច្រើនដាសដី
តែវាត្រូវឆេះដូចភ្លើងព្រៃខ្ទេចខ្ទីម៉ត់ខៃដោយនាមព្រះ
១៣ខ្មាំងបានច្រានផ្តួលខ្ញុំយ៉ាងខ្លាំងខ្ញុំដួលស្លេកស្លាំងប្រឹងសំពះ
រកឱ្យព្រះជួយឆាប់រហ័សពេលនោះព្រះម្ចាស់ទ្រង់យាងមក
១៤ព្រះម្ចាស់ពិតជាកម្លាំងខ្ញុំខ្ញុំស្រែកខ្ញុំយំប្រឹងស្រែករក
មានព្រះនាមព្រះផុតទុក្ខសោកព្រះអង្គចេញមកច្បាំងការពារ
១៥មនុស្សសុចរិតចិត្តអង់អាចមិនចេះកោតខ្លាចស្រែកគ្រប់គ្នា
ច្រៀងថ្វាយព្រះអង្គមានឫទ្ធាសម្ដែងចេស្តាអានុភាព
១៦ព្រះអង្គសម្ដែងបារមីខ្ពស់ប្រសើរលើសលស់មិនទន់ទាប
ព្រះអង្គបង្ហាញឱ្យគេជ្រាបឫទ្ធានុភាពអស្ចារ្យក្រៃ
១៧ខ្ញុំត្រូវនៅរស់មានជីវិតមិនត្រូវស្លាប់ផុតចាកលោកីយ៍
ដើម្បីរៀបរាប់ពីសេចក្តីស្នាព្រះហស្តថ្លៃព្រះអម្ចាស់
១៨ព្រះអង្គប្រដៅវាយអប់រំទះតប់រូបខ្ញុំប្រាកដណាស់
តែទ្រង់ស្រឡាញ់មិនឱ្យប្រាសមិនឱ្យមានគ្រោះឬត្រូវស្លាប់
សូមកោតសរសើរព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណ
ដែលគង់ស្ថិតស្ថេរឥតសៅហ្មងយូរលង់កន្លងតរៀងទៅ

(គ)

១៩ចូរនាំគ្នាបើកទ្វារនៃសេចក្ដីសុចរិតឱ្យខ្ញុំ
ដើម្បីខ្ញុំចូលទៅលើកតម្កើងព្រះអម្ចាស់។
២០នេះនែ៎ ទ្វារដែលនាំចូលទៅរកព្រះអម្ចាស់
មានតែមនុស្សសុចរិតទេ ដែលចូលតាមទ្វារនេះបាន។
២១ទូលបង្គំនឹងលើកតម្កើងព្រះអង្គ ព្រោះព្រះអង្គបានឆ្លើយតបមកទូលបង្គំ
ព្រះអង្គបានសង្គ្រោះទូលបង្គំ។
២២ថ្មដែលពួកជាងសង់ផ្ទះបោះបង់ចោល បានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់បំផុត។
២៣ព្រះអម្ចាស់បានសម្រេចការអស្ចារ្យ យើងក៏បានឃើញ ហើយស្ងើចសរសើរផង។
២៤ថ្ងៃនេះជាថ្ងៃដែលព្រះអម្ចាស់បានបង្កើតមក
យើងនាំគ្នាត្រេកអរសប្បាយរីករាយនៅថ្ងៃនេះ!
២៥ឱព្រះអម្ចាស់អើយ! សូមសង្គ្រោះយើងខ្ញុំ!
ឱព្រះអម្ចាស់អើយ! សូមប្រទានឱ្យយើងខ្ញុំមានជោគជ័យ!
២៦សូមលើកតម្កើងព្រះអង្គ ដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់
យើងដែលស្ថិតនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ សូមឱ្យពរអ្នករាល់គ្នា។
២៧មានតែព្រះអម្ចាស់ទេ ដែលជាព្រះដ៏ពិតតែមួយព្រះអង្គ
ព្រះអង្គបានប្រទានពន្លឺឱ្យយើង
ចូរនាំគ្នាលើកធាងទន្សែឡើង ហើយហែរជាក្បួនរហូតដល់ជ្រុងអាសនៈ
២៨ព្រះអង្គជាព្រះនៃទូលបង្គំ ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ
ឱព្រះនៃទូលបង្គំអើយ! ទូលបង្គំសូមលើកតម្កីងព្រះអង្គ!
២៩ចូរលើកតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គមានព្រះហឫទ័យសប្បុរស
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ សូមលើកតម្កើងព្រះត្រៃឯក យើងខ្ញុំហៅរកព្រះអង្គ កោតសរសើរព្រះអង្គ ក្រាបថ្វាយបង្គំព្រះអង្គ។

បន្ទរ៖ សូមលើកតម្កើងព្រះត្រៃឯក ព្រះអង្គជាសេចក្តីសង្ឃឹម ជាការសង្រ្គោះ និងជាសេចក្តីថ្លៃថ្នូររបស់យើងខ្ញុំ។

បន្ទរ៖ ឱព្រះត្រៃឯកដ៏វិសុទ្ធ ! យើងខ្ញុំសូមប្រកាសថា ព្រះអង្គពិតជាមានព្រះជន្មគង់នៅ ហើយយើងខ្ញុំយល់ថា ព្រះអង្គទាំងបីជាព្រះជាម្ចាស់តែមួយ។

ម៉ោង៩ ព្រឹក
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) ២ករ ១,២១-២២

គឺ​ព្រះ‌ជាម្ចាស់​ហើយដែល​ប្រទាន​ឱ្យ​យើង និង​បង‌ប្អូន​មាន​ជំនឿ​ខ្ជាប់‌ខ្ជួន​លើ​ព្រះ‌គ្រីស្ត ព្រម​ទាំង​បាន​ចាក់​ប្រេង​លើ​យើង​ផង ហើយ​ព្រះ‌អង្គ​ក៏​បាន​ដៅ​សញ្ញា​សម្គាល់​របស់​ព្រះ‌អង្គ​លើ​យើង និង​ប្រទាន​ព្រះ‌វិញ្ញាណ​មក​បញ្ចាំ​ចិត្ត​យើង​ផង​ដែរ។

បន្ទរ៖ ចូរ​នាំ​គ្នា​ចូល​តាម​ទ្វារ​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គដោយ​អរ​ព្រះ‌គុណ
—សូមលើកតម្កើងព្រះជាម្ចាស់ជាព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ!
ពាក្យអធិដ្ឋាន
ម៉ោង១២ ថ្ងៃត្រង់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) កាឡ ៤,៤ខ.៥ខ-៦

ព្រះ‌ជាម្ចាស់​ក៏​ចាត់​ព្រះ‌បុត្រា​របស់​ព្រះ‌អង្គ​ឱ្យ​មក ដើម្បី​ឱ្យ​យើង​ទទួលឋានៈ​ជា​បុត្រ‌ធីតា​របស់​ព្រះអង្គ។ បង‌ប្អូន​ពិត​ជា​បុត្រ​របស់​ព្រះជាម្ចាស់មែន ព្រោះ​ព្រះ‌អង្គ​បាន​ចាត់​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌បុត្រា​របស់​ព្រះ‌អង្គ ឱ្យ​មក​សណ្ឋិត​ក្នុង​ចិត្ត​យើង គឺ​ព្រះ‌វិញ្ញាណ​នេះ​ហើយ ដែល​បន្លឺព្រះ‌សូរសៀង​ឡើង​ថា «អប្បា! ឱ​ព្រះ‌បិតា!»។

បន្ទរ៖ សូមលើកតម្កើងសិរីរុងរឿងព្រះត្រៃឯក យើងខ្ញុំសូមក្រាបថ្វាយបង្គំព្រះអង្គ!
—ព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។
ពាក្យអធិដ្ឋាន
ម៉ោង៣ រសៀល
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) វវ ៧,១២

«អាម៉ែន! សូម​កោត​សរសើរ សូម​លើក​តម្កើង​សិរី‌រុង​រឿង ព្រះប្រាជ្ញាញាណ សូម​អរ​ព្រះ‌គុណ សូម​លើក​តម្កើង​ព្រះ‌កិត្តិនាម ឫទ្ធា‌នុភាព និង​ឥទ្ធិ‌ឫទ្ធិ​របស់​ព្រះ​នៃ​យើង អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! អាម៉ែន!»។

បន្ទរ៖ សូមកោតសរសើរ និងអរព្រះគុណព្រះអម្ចាស់ ដែលគង់នៅស្ថានដ៏ខ្ពង់ខ្ពស់។
—ព្រះអង្គសមនឹងទទួលសិរីរុងរឿង និងពាក្យសរសើរ​តម្កើងអស់កល្បជានិច្ច។
ពាក្យអធិដ្ឋាន

បពិត្រព្រះជាម្ចាស់ជាព្រះបិតាយើងខ្ញុំ ! ព្រះអង្គចាត់ព្រះបន្ទូលនៃសេចក្តីពិត និងព្រះវិញ្ញាណដ៏វិសុទ្ធយាងមកក្នុងពិភពលោកនេះ ដើម្បីឱ្យមនុស្សជាតិយល់ពីគម្រោងការដ៏អស្ចារ្យរបស់ព្រះអង្គ។ នៅពេលយើងខ្ញុំបង្ហាញជំនឿរបស់ខ្លួន សូមព្រះអង្គប្រោសឱ្យយើងខ្ញុំលើកតម្កើងសិរីរុងរឿងនៃព្រះត្រៃឯក និងក្រាបថ្វាយបង្គំព្រះដ៏មានឫទ្ធានុភាពសព្វប្រការដែលគង់នៅក្នុងអង្គតែមួយ។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

សូមកោតសរសើរព្រះអម្ចាស់!
សូមអរព្រះគុណព្រះជាម្ចាស់!

24 Views

Theme: Overlay by Kaira