ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

បន្ទរទី១៖ ឱព្រះត្រៃឯកដ៏ខ្ពង់ខ្ពស់បំផុត ជាព្រះដ៏ពិតប្រាកដ និងមានព្រះជន្មគង់នៅអស់កល្បជានិច្ច ! ព្រះអង្គគឺព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។

ព្រះជាអម្ចាស់​មាន​ព្រះ‌បន្ទូលមក​កាន់​ព្រះរាជាជា​ព្រះ‌អម្ចាស់​របស់ខ្ញុំដូច​ត​ទៅ​នេះ ៖
«សូម​គង់​នៅ​ខាង​ស្តាំ​យើង ទម្រាំ​ដល់​យើង​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ
មក​ដាក់​ក្រោម​ព្រះ‌បាទា​របស់​ព្រះ‌អង្គ!»។
សូម​ព្រះ‌ជា‌អម្ចាស់​ប្រោស​ប្រទាន​ឱ្យ​រាជ្យរបស់​ព្រះ‌ករុណា
លាត​សន្ធឹង​ចាប់​តាំង​ពី​ក្រុង​ស៊ីយ៉ូន​ទៅ!
សូម​ព្រះ‌ករុណា​បង្ក្រាប​ខ្មាំង​សត្រូវ​ដែល​នៅ​ជុំ‌វិញ!
នៅ​ថ្ងៃ​ព្រះ‌ករុណា​កេណ្ឌ​ទ័ព​ទៅ​ច្បាំង ប្រជា‌រាស្ដ្រ​ចូល​រួម​ដោយ​ស្ម័គ្រ​ចិត្ត
ពួក​យុវជន​នាំ​គ្នា​ចូល​មក​គាល់​ព្រះ‌ករុណានៅ​លើ​ភ្នំ​ដ៏‌វិសុទ្ធ
ប្រៀប​ដូច​ជា​ទឹក​សន្សើម​នៅ​ពេល​ព្រឹក​ព្រលឹម។
ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​សន្យាដោយ​ឥត​ប្រែ‌ប្រួល​ថា :
«ព្រះ‌អង្គ​ជា​បូជា‌ចារ្យ​អស់‌កល្ប​ត​រៀង​ទៅ តាម​របៀប​ស្តេច​មែលគី‌សេដែក»។
ព្រះ‌អម្ចាស់​គង់​នៅ​ខាង​ស្តាំ​ព្រះ‌ករុណា
នៅ​ថ្ងៃ​ដែល​ព្រះ‌អង្គ​ព្រះ‌ពិរោធ ព្រះ‌អង្គ​កម្ទេច​ស្តេច​នានា។
នៅ​តាម​ផ្លូវ ព្រះ‌រាជា​សោយ​ទឹក​ជ្រោះរួច​ហើយ
ព្រះ‌អង្គ​ងើប​ព្រះ‌ភក្ត្រប្រកប​ដោយ​ជោគ‌ជ័យ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ ឱព្រះត្រៃឯកដ៏ខ្ពង់ខ្ពស់បំផុត ជាព្រះដ៏ពិតប្រាកដ និងមានព្រះជន្មគង់នៅអស់កល្បជានិច្ច ! ព្រះអង្គគឺព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។

បន្ទរទី២៖ ឱព្រះត្រៃឯក សូមសង្រ្គោះ និងរំដោះយើងខ្ញុំឱ្យមានសេរីភាព ព្រមទាំងប្រទានជីវិតឱ្យយើងខ្ញុំផង !

(បទពាក្យ ៧)

១-ពេលអ៊ីស្រាអែលបានចាកចេញពីអេស៊ីបវិញហើយពេលនោះ
ពូជពង្សយ៉ាកុបចេញទាំងអស់ពីដីបរទេសមិនសល់នៅ
២-ឯប្រជាជនជាតិយូដាបានក្លាយទៅជាឥតហ្មងសៅ
ជាប្រជាជាតិមិនអាស្រូវវិសុទ្ធពេកកូវផ្ទាល់ព្រះអង្គ
៣-ពេលទឹកសមុទ្រឃើញពួកគេតក់ស្លុតម៉េ្លះទេមិនរេរង់
គេចខ្លួនថយទៅមិនបង្អង់ទាំងយ័រដាន់ផងក៏ថយដែរ
៤-ភ្នំធំភ្នំតូចភ្នំទាំងអស់នៅមិនស្ងៀមសោះដូចពពែ
លោតទៅលោតមកមិនឈប់ទេភ្នំតូចលោតដែរដូចកូនចៀម
៥-ឱសមុទ្រអើយម្តេចក៏អ្នករត់គេចជាជាក់ទៅនៅស្ងៀម
អ្នកធ្លាប់រលកបោករវាមម្តេចសំងំស្ងៀមធ្មឹងដូច្នេះ?
ឱទឹកទន្លេយ័រដាន់អើយពេលនេះម្តេចឡើយរត់លឿនម៉េ្លះ
ម្តេចអ្នកដកខ្លួនឆាប់ដូច្នេះតើរឿងទាំងនេះមកពីអ្វី?
៦-ភ្នំអើយម្តេចអ្នកមិនឈប់លោតផ្លាស់ប្តូររហូតដូចសត្វព្រៃ
ភ្នំតូចតើអ្នកលោតព្រោះអ្វីមិនស្គាល់យប់ថ្ងៃមិនសម្រាក
៧-ឱផែនដីអើយចូររីករាយត្រេកអរសប្បាយចំពោះភក្ត្រ
ព្រះជាអម្ចាស់របស់អ្នកនិងចំពោះភក្ត្រព្រះយ៉ាកុប
៨-គឺទ្រង់បានធ្វើឱ្យសិលាប្រែក្លាយទៅជាបឹងសាយសព្វ
ឱ្យថ្មប្រែក្លាយជាប្រភពទឹកហូរឥតឈប់ឥតស្រាកស្រាន្ត
សូមកោតសរសើរព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណ
ដែលគង់ស្ថិតស្ថេរឥតសៅហ្មងយូរលង់កន្លងតរៀងទៅ

បន្ទរ៖ ឱព្រះត្រៃឯក សូមសង្រ្គោះ និងរំដោះយើងខ្ញុំឱ្យមានសេរីភាព ព្រមទាំងប្រទានជីវិតឱ្យយើងខ្ញុំផង !

បន្ទរទី៣៖ ព្រះដ៏វិសុទ្ធ ព្រះដ៏វិសុទ្ធ ព្រះដ៏វិសុទ្ធ ! ព្រះអង្គជាព្រះអម្ចាស់ដ៏មានឫទ្ធានុភាព និងព្រះចេស្តា ! ជាព្រះជាម្ចាស់ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​សព្វ​ថ្ងៃ គង់​នៅ​ពី​ដើម ហើយ​កំពុង​តែ​យាង​មក។

បន្ទាប់​ពី​ហេតុ‌ការណ៍​ទាំង​នោះ​មក ខ្ញុំ​ឮ​ហាក់​ដូច​ជា
មាន​សំឡេង​យ៉ាង​ខ្លាំង​របស់​មហាជន​ច្រើន​កុះករ​នៅ​លើ​មេឃ​ថា៖
«អាលេ‌លូយ៉ា! សូម​លើក​តម្កើង​ព្រះ‌ជាម្ចាស់​នៃ​យើង
ព្រះ‌អង្គ​សង្គ្រោះ​យើង ព្រះ‌អង្គ​ប្រកប​ដោយ​សិរី‌រុង​រឿង និង​ឫទ្ធា‌នុភាព
ដ្បិត​ព្រះ‌អង្គ​វិនិច្ឆ័យ​ទោស​យ៉ាង​ត្រឹម​ត្រូវ តាម​យុត្តិធម៌។
ព្រះ‌អង្គ​បាន​វិនិច្ឆ័យ​ទោស​ស្ត្រីពេស្យា​ដ៏​មាន​ឈ្មោះ​ល្បី
ដែល​បាន​ធ្វើ​ឱ្យ​ផែន‌ដី​ទៅ​ជា​សៅ‌ហ្មង ដោយ​កាម‌គុណ​របស់​នាង
ព្រះ‌អង្គ​បាន​ដាក់​ទោស​ស្ត្រី​ពេស្យា​នោះ
ព្រោះ​នាង​បាន​បង្ហូរ​ឈាម​ពួក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ»។
មហា‌ជន​ទាំង​នោះ​ពោល​ម្ដង​ទៀត​ថា៖ «អាលេ‌លូយ៉ា!
ផ្សែង​នៃ​ក្រុង​នោះ​នឹង​ហុយ​ឡើង​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ»។
ពួក​ព្រឹទ្ធា‌ចារ្យ​ទាំង​ម្ភៃ​បួន​រូប និង​សត្វ​មាន​ជីវិត​ទាំង​បួន ក៏​នាំ​គ្នា​ក្រាប​ចុះ
ហើយ​ថ្វាយ‌បង្គំ​ព្រះ‌ជាម្ចាស់​ដែល​គង់​នៅ​លើ​បល្ល័ង្ក ទាំង​ពោល​ថា៖
«អាម៉ែន! អាលេ​លូយ៉ា!»។
មាន​សំឡេង​ចេញ​ពី​បល្ល័ង្ក​មក​ថា៖ «អ្នក​រាល់​គ្នា​ជា​អ្នក​បម្រើ​ព្រះ‌ជាម្ចាស់
អ្នក​រាល់​គ្នា​ជា​អ្នក​គោរព​កោត​ខ្លាច​ព្រះ‌អង្គ​ទាំង​តូច​ទាំង​ធំ​អើយ
ចូរ​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់​នៃ​យើង!»។
ពេល​នោះ ខ្ញុំ​ឮ​ហាក់​ដូច​ជា​មាន​សំឡេង​បណ្ដា‌ជន​ដ៏​ច្រើន​កុះ‌ករ
ដូច​ជា​មាន​ស្នូរ​សន្ធឹក​មហា​សាគរ និង​ដូច​ជា​មាន​ស្នូរ​ផ្គរ‌លាន់​យ៉ាង​ខ្លាំងថា៖
«អាលេ‌លូយ៉ា! ដ្បិត​ព្រះ‌ជា‌អម្ចាស់​ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្ដា​លើ​អ្វីៗ​ទាំង​អស់
ព្រះ‌អង្គ​បាន​តាំង​ព្រះ‌រាជ្យ​របស់​ព្រះ‌អង្គ​ហើយ
យើង​នាំ​គ្នា​អរ​សប្បាយ​ឡើង ត្រូវ​មាន​អំណរ​រីក‌រាយ​ឱ្យ​ខ្លាំង
ហើយ​នាំ​គ្នា​លើក​តម្កើង​សិរី‌រុង​រឿង​ព្រះ‌អង្គ
ដ្បិត​ដល់​ពេល​រៀប​វិវាហ‌មង្គល‌ការ​កូន​ចៀម​ហើយ
ភរិយាថ្មោង​ថ្មី​របស់​កូន​ចៀម​ ក៏​បាន​រៀបចំ​ខ្លួន​រួច​ជា​ស្រេច​ហើយ​ដែរ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ ព្រះដ៏វិសុទ្ធ ព្រះដ៏វិសុទ្ធ ព្រះដ៏វិសុទ្ធ ! ព្រះអង្គជាព្រះអម្ចាស់ដ៏មានឫទ្ធានុភាព និងព្រះចេស្តា ! ជាព្រះជាម្ចាស់ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​សព្វ​ថ្ងៃ គង់​នៅ​ពី​ដើម ហើយ​កំពុង​តែ​យាង​មក។

ចូរ​យក​ចិត្ត​ទុក​ដាក់រក្សា​ឯក‌ភាព​ដែល​មក​ពី​ព្រះ‌វិញ្ញាណ ដោយ​យក​សេចក្ដីសុខ‌សាន្ត​ធ្វើជា​ចំណង​ប្រាស្រ័យ​ទាក់‌ទង​គ្នា។ ព្រះ‌កាយ​មាន​តែ​មួយ ហើយ​ព្រះ‌វិញ្ញាណ​ក៏​មាន​តែ​មួយ ដូច​ព្រះ‌ជាម្ចាស់​បាន​ត្រាស់​ហៅ​បង‌ប្អូន​ឱ្យ​មាន​សេចក្ដី​សង្ឃឹម​តែ​មួយ​នោះ​ដែរ។ ព្រះ‌អម្ចាស់​មាន​តែ​មួយ ជំនឿ​មាន​តែ​មួយ ពិធី​ជ្រមុជ​ទឹកមាន​តែ​មួយ។ ព្រះ‌ជាម្ចាស់​មាន​តែ​មួយ ព្រះ‌អង្គ​ជា​ព្រះ‌បិតា​របស់​មនុស្ស​ទាំង​អស់ ព្រះ‌អង្គខ្ពង់‌ខ្ពស់​លើស​អ្វីៗ​ទាំង​អស់ ហើយ​ព្រះ‌អង្គ​ធ្វើការ​តាម‌រយៈ​មនុស្ស​ទាំង​អស់ និង​សណ្ឋិត​នៅ​ក្នុង​មនុស្ស​ទាំង​អស់។

បន្ទរ៖ ចូរយើងក្រាបថ្វាយបង្គំព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ *ចូរយើងកោតសរសើរព្រះជាម្ចាស់អស់កល្បជានិច្ច។ បន្ទរឡើងវិញ៖…
-មានតែព្រះជាម្ចាស់តែមួយព្រះអង្គគត់ ដែល​ប្រកប​ដោយព្រះកិត្តិនាម និងសិរីរុងរឿង។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

បន្ទរ៖ ឱព្រះជាម្ចាស់ ! យើងខ្ញុំសូមប្រកាសពីព្រះអង្គ ដោយអស់ពីដួងចិត្ត។ យើងខ្ញុំសូមថ្វាយពាក្យសរសើរតម្កើង និងក្រាបថ្វាយបង្គំព្រះអង្គ ជាព្រះបិតា ព្រះបុត្រាដ៏ជាទីស្រឡាញ់ និងព្រះវិញ្ញាណដ៏វិសុទ្ធ ដែលជាមិត្តសម្លាញ់ និងជាមគ្គទេសក៍របស់យើងខ្ញុំ។ ឱព្រះត្រៃឯកដ៏វិសុទ្ធបំផុត និងមិនអាចញែកចេញពីគ្នាបាន! សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ អស់កល្បជាអង្វែងតរៀងទៅ។

៤៦«ព្រលឹងខ្ញុំសូមលើកតម្កើងព្រះ‌អម្ចាស់*
៤៧ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ
៤៨ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ
អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា
ខ្ញុំជាអ្នកមានសុភមង្គលពិតមែន
៤៩ព្រះដ៏មានតេជានុភាព បានសម្ដែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។
ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន!
៥០ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គនៅគ្រប់ជំនាន់តរៀងទៅ
៥១ទ្រង់បានសម្ដែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ
៥២ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង
ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។
៥៣ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន
ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។
៥៤ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ
ហើយតែងតែសម្ដែងព្រះហឫទ័យមេត្តាករុណា
៥៥ដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ
ដូចទ្រង់បានសន្យាជាមួយបុព្វបុរសយើង ឥតភ្លេចសោះឡើយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

៤៧ខ្ញុំមានចិត្តអំណរសប្បាយអរពន់ពេកណាស់
ព្រោះខ្ញុំបានដឹងច្បាស់ថាព្រះម្ចាស់ទ្រង់សង្គ្រោះ
៤៨ព្រះអង្គទតមកខ្ញុំជាអ្នកបម្រើស្ម័គ្រស្មោះ
តទៅមនុស្សទាំងអស់ថាខ្ញុំនេះសែនសុខក្រៃ
៤៩ព្រះដ៏មានឫទ្ធាខ្លាំងអស្ចារ្យលើលោកីយ៍
សម្ដែងឫទ្ធិបារមីព្រះនាមថ្លៃថ្លាវិសុទ្ធ
៥០ទ្រង់មានព្រះហឫទ័យត្រាប្រណីខ្ពស់បំផុត
ដល់អ្នកគោរពកោតខ្លាចព្រះអង្គរៀងរហូត
៥១ព្រះអង្គសម្ដែងឫទ្ធិអស្ចារ្យពិតមិនរលត់
កម្ចាត់មនុស្សមានពុតឆ្មើងបំផុតឫកខែងរែង
៥២ទ្រង់បានច្រានទម្លាក់អ្នកធំធ្លាក់ពីតំណែង
ឥតមានខ្លាចរអែងហើយទ្រង់តែងលើកអ្នកទាប
៥៣ព្រះអង្គប្រោសប្រទានឱ្យអ្នកឃ្លានឆ្អែតដរាប
អ្នកមានធនធានស្រាប់ដេញត្រឡប់ដៃទទេ
៥៤ព្រះអង្គបានជួយរាស្ត្រទ្រង់ទាំងអស់ឥតប្រួលប្រែ
អ៊ីស្រាអែលនៅក្បែរជាបម្រើដ៏ស្មោះស្ម័គ្រ
៥៥ទ្រង់តែងមានព្រះទ័យករុណាក្រៃមិនថ្នាំងថ្នាក់
លោកអប្រាហាំជាក់និងពូជពង្សលោកជានិច្ច
ដូចទ្រង់បានសន្យានឹងដូនតាឥតមានភ្លេច
ព្រះអង្គចាំជានិច្ចគ្មានកលកិច្ចប្រែប្រួលឡើយ
សិរីរុងរឿងដល់ព្រះបិតាព្រះបុត្រា
និងព្រះវិញ្ញាណផងដែលទ្រង់គង់នៅជានិច្ច

បន្ទរ៖ ឱព្រះជាម្ចាស់ ! យើងខ្ញុំសូមប្រកាសពីព្រះអង្គ ដោយអស់ពីដួងចិត្ត។ យើងខ្ញុំសូមថ្វាយពាក្យសរសើរតម្កើង និងក្រាបថ្វាយបង្គំព្រះអង្គ ជាព្រះបិតា ព្រះបុត្រាដ៏ជាទីស្រឡាញ់ និងព្រះវិញ្ញាណដ៏វិសុទ្ធ ដែលជាមិត្តសម្លាញ់ និងជាមគ្គទេសក៍របស់យើងខ្ញុំ។ ឱព្រះត្រៃឯកដ៏វិសុទ្ធបំផុត និងមិនអាចញែកចេញពីគ្នាបាន ! សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ អស់កល្បជាអង្វែងតរៀងទៅ។

បពិត្រព្រះបិតា ព្រះអង្គបានប្រទានជីវិតឱ្យព្រះគ្រីស្ត ជាព្រះបុត្រាព្រះអង្គ តាមរយៈព្រះវិញ្ញាណដ៏វិសុទ្ធ ហើយព្រះអង្គបានធ្វើឱ្យព្រះបុត្រាទៅជាប្រភពនៃជីវិតសម្រាប់យើងខ្ញុំ។ ចូរយើងបន្លឺសម្លេងសរសើរតម្កើងព្រះត្រៃឯកថា ៖

បន្ទរ៖ សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ !

បពិត្រព្រះបិតាដ៏មានឫទ្ធានុភាព និងមានព្រះជន្មគង់នៅអស់កល្បជានិច្ច ! សូមព្រះអង្គចាត់ព្រះវិញ្ញាណដ៏វិសុទ្ធ ឱ្យយាងមកសណ្ឋិតលើព្រះសហគមន៍ ក្នុងព្រះនាមព្រះបុត្រាព្រះអង្គ
—សូមថែរក្សាព្រះសហគមន៍របស់ព្រះអង្គនៅក្នុងការរួបរួមគ្នានៃសប្បុរសធម៌ និងសេចក្តីពិតដ៏ពេញលក្ខណៈ។ (បន្ទរ)

បពិត្រព្រះអម្ចាស់ ! សូមព្រះអង្គចាត់ពួកកម្មករមកក្នុងស្រែរបស់ព្រះអង្គ ដើម្បីបង្រៀនសេចក្តីពិតដល់ប្រជាជាតិទាំងឡាយ ហើយធ្វើពិធីជ្រមុជទឹកឱ្យគេ ក្នុងព្រះនាមព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
—ព្រមទាំងបញ្ជាក់ជំនឿរបស់ពួកគេផង។ (បន្ទរ)

បពិត្រព្រះបិតា ! សូមព្រះអង្គចាត់ព្រះដ៏ជួយការពារដល់អស់អ្នកដែលរងទុក្ខដោយការបៀតបៀន ព្រោះតែព្រះនាមព្រះបុត្រារបស់ព្រះអង្គ
—ដ្បិតទ្រង់មានព្រះបន្ទូលសន្យាថា នឹងចាត់ព្រះវិញ្ញាណនៃសេចក្តីពិតមកឆ្លើយជំនួសពួកគេ។ (បន្ទរ)

បពិត្រព្រះបិតាដែលមានគ្រប់ទាំងអំណាច ! សូមឱ្យមនុស្សលោកទទួលស្គាល់ព្រះអង្គទាំងអស់គ្នា រួមជាមួយព្រះបន្ទូល និងព្រះវិញ្ញាណដ៏វិសុទ្ធ ជាព្រះជាម្ចាស់ដ៏ពិតប្រាកដតែមួយ
—សូមឱ្យពួកគេជឿលើព្រះអង្គ សង្ឃឹមលើព្រះអង្គ និងស្រឡាញ់ព្រះអង្គ។ (បន្ទរ)

បពិត្រព្រះបិតានៃជីវិតគ្រប់យ៉ាង ! សូមព្រះអង្គនាំមរណបុគ្គលឱ្យចូលរួមក្នុងសិរីរុងរឿងរបស់ព្រះអង្គ
—គឺសិរីរុងរឿងដែលព្រះអង្គសោយរាជ្យ រួមជាមួយព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ (បន្ទរ)

បពិត្រព្រះជាម្ចាស់ជាព្រះបិតាយើងខ្ញុំ ! ព្រះអង្គចាត់ព្រះបន្ទូលនៃសេចក្តីពិត និងព្រះវិញ្ញាណដ៏វិសុទ្ធយាងមកក្នុងពិភពលោកនេះ ដើម្បីឱ្យមនុស្សជាតិយល់ពីគម្រោងការដ៏អស្ចារ្យរបស់ព្រះអង្គ។ នៅពេលយើងខ្ញុំបង្ហាញជំនឿរបស់ខ្លួន សូមព្រះអង្គប្រោសឱ្យយើងខ្ញុំលើកតម្កើងសិរីរុងរឿងនៃព្រះត្រៃឯក និងក្រាបថ្វាយបង្គំព្រះដ៏មានឫទ្ធានុភាពសព្វប្រការដែលគង់នៅក្នុងអង្គតែមួយ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្តជាព្រះបុត្រាព្រះអង្គ និងជាអម្ចាស់យើងខ្ញុំ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា ៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច ៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

20 Views

Theme: Overlay by Kaira