រដូវធម្មតា
ថ្ងៃព្រហស្បតិ៍ អាទិត្យទី១០
(ពេលថ្ងៃ)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១១៩,៦៥-៧២
ខ្ញុំរងទុក្ខវេទនាក៏ប្រពៃដែរ
បន្ទរទី១ ៖ ទោះបីមាសប្រាក់ច្រើនយ៉ាងណាក៏ដោយ ក៏គ្មានតម្លៃស្មើនឹងវិន័យរបស់ព្រះអង្គដែរ។
៦៥ | ឱព្រះអម្ចាស់អើយ សូមប្រណីសន្ដោសទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ តាមព្រះបន្ទូលរបស់ព្រះអង្គផង។ |
៦៦ | សូមបង្រៀនទូលបង្គំឲ្យដឹងខុសត្រូវ មានប្រាជ្ញា ដ្បិតទូលបង្គំទុកចិត្តលើវិន័យរបស់ព្រះអង្គ។ |
៦៧ | ពីមុនទូលបង្គំបានវង្វេង ហើយរងទុក្ខវេទនា ឥឡូវនេះ ទូលបង្គំប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គហើយ។ |
៦៨ | ព្រះអង្គមានព្រះហឫទ័យល្អសប្បុរស សូមបង្រៀនឲ្យទូលបង្គំស្គាល់វិន័យរបស់ព្រះអង្គ! |
៦៩ | មនុស្សអួតបំប៉ោងនាំគ្នាបង្ខូចកេរ្តិ៍ឈ្មោះទូលបង្គំ តែទូលបង្គំនៅតែយកចិត្តទុកដាក់ធ្វើតាមច្បាប់របស់ព្រះអង្គជានិច្ច។ |
៧០ | អ្នកទាំងនោះជាមនុស្សអត់ចិត្ត រីឯទូលបង្គំវិញ ទូលបង្គំពេញចិត្តនឹងវិន័យរបស់ព្រះអង្គណាស់។ |
៧១ | ទូលបង្គំរងទុក្ខវេទនាដូច្នេះ ក៏ប្រពៃម្យ៉ាងដែរ ព្រោះទូលបង្គំអាចរៀនក្រឹត្យវិន័យរបស់ព្រះអង្គ។ |
៧២ | ចំពោះទូលបង្គំ ទោះបីមាសប្រាក់ច្រើនយ៉ាងណាក៏ដោយ ក៏គ្មានតម្លៃស្មើនឹងវិន័យរបស់ព្រះអង្គដែរ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ទំនុកតម្កើងលេខ ៥៦,២-៧.៩-១៤
ទុកចិត្តលើព្រះបន្ទូលរបស់ព្រះជាម្ចាស់
ទំនុកតម្កើងនេះ បង្ហាញពីទុក្ខលំបាករបស់ព្រះគ្រីស្ត (សន្តយេរ៉ូម)។
បន្ទរទី២ ៖ ខ្ញុំទុកចិត្តលើព្រះជាម្ចាស់ ហើយខ្ញុំនឹងមិនភ័យខ្លាចអ្វីឡើយ។
(បទព្រហ្មគីតិ)
២- | ឱព្រះម្ចាស់ថ្លាថ្លៃ | សូមប្រណីហើយមេត្តា | |
មនុស្សច្រើនណាស់ណា | វាយប្រហារទូលបង្គំ | ។ | |
៣- | ជារៀងរាល់ខែឆ្នាំ | សត្រូវចាំចងគំនុំ | |
ដេញវាយប្រហារខ្ញុំ | ធ្វើឫកធំមកប្រយុទ្ធ | ។ | |
៤- | ឱព្រះជាម្ចាស់អើយ | ថ្ងៃនេះហើយខ្ញុំតក់ស្លុត | |
ភ័យខ្លាចញ័ររន្ធត់ | ផ្ញើជីវិតលើព្រះអង្គ | ។ | |
៥- | ខ្ញុំកោតសរសើរព្រះ | បន្ទូលច្បាស់មិនដែលឆ្គង | |
ទុកចិត្តលើព្រះអង្គ | ខ្ញុំគ្មានហ្មងមិនខ្លាចអ្វី | ។ | |
៦- | ជារៀងរាល់ថ្ងៃខែ | គេតែងតែតិះដៀលស្តី | |
ឱរាខ្ញុំរីងរៃ | មនុស្សចង្រៃតាមផ្តន្ទា | ។ | |
៧- | គេឃ្លាំចាំតាមដាន | មិនដែលខានរាល់វេលា | |
រកឱកាសផ្តន្ទា | ចង់ប្រហារខ្ញុំឱ្យក្ស័យ | ។ | |
៩- | ព្រះអង្គជ្រាបយ៉ាងច្បាស់ | ខ្ញុំរងទុក្ខទោសឥតស្បើយ | |
ទ្រង់ជ្រាបមិនកន្តើយ | ទឹកភ្នែកខ្ញុំរាល់វេលា | ។ | |
១០- | ថ្ងៃខ្ញុំស្រែករកព្រះ | ជាអម្ចាស់លើលោកា | |
សត្រូវថយគ្រប់គ្នា | ខ្ញុំដឹងថាព្រះជួយខ្ញុំ | ។ | |
១១- | ខ្ញុំកោតខ្លាចខ្លាំងណាស់ | សន្យាច្បាស់ឥតបន្លំ | |
ព្រះបន្ទូលរងំ | ធ្វើឱ្យខ្ញុំស្ញប់ស្ញែងក្រៃ | ។ | |
១២- | ខ្ញុំទុកចិត្តលើព្រះ | ជាអម្ចាស់រៀងរាល់ថ្ងៃ | |
មនុស្សដែលតែងតែក្ស័យ | អាចធ្វើអ្វីរូបខ្ញុំបាន? | ។ | |
១៣- | ឱព្រះជាម្ចាស់អើយ | ពេលនេះហើយមិនហ៊ានខាន | |
ថ្វាយតង្វាយប៉ុន្មាន | ដែលខ្ញុំបានពោលបែរបន់ | ។ | |
១៤- | ដ្បិតទ្រង់បានរំដោះ | ខ្ញុំឱ្យរស់រានមានជន្ម | |
ការពារគ្រាអាសន្ន | មិនឱ្យមានអ្វីរំខាន | ។ | |
ឱ្យខ្ញុំបានដើរឆ្ពោះ | រកភក្ត្រព្រះដោយសុខសាន្ត | ||
ក្រោមពន្លឺថ្កើងថ្កាន | បំភ្លឺស្ថានមនុស្សលោក | ។ | |
សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
បន្ទរ ៖ ខ្ញុំទុកចិត្តលើព្រះជាម្ចាស់ ហើយខ្ញុំនឹងមិនភ័យខ្លាចអ្វីឡើយ។
ទំនុកតម្កើងលេខ ៥៧
ពាក្យអធិដ្ឋាននៅពេលកើតទុក្ខព្រួយ
ក្នុងទំនុកតម្កើងនេះ ប្រាប់យើងអំពីទុក្ខលំបាករបស់ព្រះអម្ចាស់ (សន្តអូគូស្ទីន)។
បន្ទរទី៣ ៖ បពិត្រព្រះអម្ចាស់! ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ខ្ពស់រហូតដល់ផ្ទៃមេឃ។
២ | ឱព្រះជាម្ចាស់អើយ! សូមអាណិតមេត្តាទូលបង្គំ សូមអាណិតមេត្តាទូលបង្គំផង! ដ្បិតទូលបង្គំមកពឹងផ្អែកលើព្រះអង្គហើយ ទូលបង្គំសូមជ្រកកោនក្រោមម្លប់បារមីរបស់ព្រះអង្គ រហូតទាល់តែទុក្ខលំបាកនេះកន្លងផុតទៅ។ |
៣ | ខ្ញុំស្រែកហៅរកព្រះដ៏ខ្ពង់ខ្ពស់បំផុត គឺព្រះជាម្ចាស់ដែលប្រោសប្រទានមកខ្ញុំ នូវអ្វីៗដែលខ្ញុំត្រូវការ។ |
៤ | សូមព្រះអង្គប្រទានការសង្គ្រោះពីស្ថានបរមសុខមកខ្ញុំ សូមព្រះអង្គវាយប្រហារអស់អ្នកដែលបៀតបៀនខ្ញុំ សូមព្រះជាម្ចាស់សម្តែងព្រះហឫទ័យមេត្តាករុណា និងព្រះហឫទ័យស្មោះស្ម័គ្រ |
៥ | ខ្មាំងសត្រូវនាំគ្នាឡោមព័ទ្ធខ្ញុំ ប្រៀបដូចជាសិង្ហដែលប្រុងស៊ីសាច់មនុស្ស ធ្មេញរបស់គេប្រៀបដូចជាលំពែង និងព្រួញ អណ្តាតរបស់គេដូចដាវដ៏មុត។ |
៦ | ឱព្រះជាម្ចាស់អើយ! សូមសម្តែងភាពថ្កុំថ្កើងឧត្តុង្គឧត្តមរបស់ព្រះអង្គនៅលើផ្ទៃមេឃ សូមឱ្យសិរីរុងរឿងរបស់ព្រះអង្គភ្លឺចែងចាំងនៅលើផែនដីទាំងមូល។ |
៧ | សត្រូវរបស់ទូលបង្គំ នាំគ្នាដាក់អន្ទាក់ចាំចាប់ទូលបង្គំ ធ្វើឱ្យទូលបង្គំអស់សង្ឃឹម។ ពួកគេជីករណ្តៅនៅពីមុខទូលបង្គំ តែខ្លួនគេផ្ទាល់បានធ្លាក់ទៅក្នុងរណ្តៅនោះ។ |
៨ | បពិត្រព្រះជាម្ចាស់! ទូលបង្គំទុកចិត្តលើព្រះអង្គ ទូលបង្គំទុកចិត្តលើព្រះអង្គទាំងស្រុង ទូលបង្គំនឹងច្រៀង ទូលបង្គំនឹងស្មូតទំនុកតម្កើង |
៩ | ឱព្រលឹងខ្ញុំអើយ! ចូរភ្ញាក់ឡើង! ចូរពិណ និងឃឹមរបស់ខ្ញុំអើយ! ចូរបន្លឺសំឡេងឡើង ខ្ញុំនឹងដាស់ព្រះអាទិត្យឱ្យរះឡើង |
១០ | បពិត្រព្រះអម្ចាស់! ទូលបង្គំនឹងលើកតម្កើងព្រះអង្គ ក្នុងចំណោមប្រជាជនទាំងឡាយ ទូលបង្គំនឹងស្មូតទំនុកតម្កើងថ្វាយព្រះអង្គ ក្នុងចំណោមប្រជាជាតិនានា |
១១ | ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គខ្ពស់រហូតដល់ផ្ទៃមេឃ ព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គខ្ពស់ដល់អាកាសវេហាស៍។ |
១២ | ឱព្រះជាម្ចាស់អើយ! សូមបង្ហាញភាពថ្កុំថ្កើងឧត្តុង្គឧត្តមរបស់ព្រះអង្គនៅលើផ្ទៃមេឃ សូមឱ្យសិរីរុងរឿងរបស់ព្រះអង្គភ្លឺចែងចាំងនៅលើផែនដីទាំងមូល។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ បពិត្រព្រះអម្ចាស់! ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ខ្ពស់រហូតដល់ផ្ទៃមេឃ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) កាឡ ៥,១៣-១៤
បងប្អូនអើយ ព្រះជាម្ចាស់បានត្រាស់ហៅបងប្អូនឱ្យមានសេរីភាព ក៏ប៉ុន្តែ សូមកុំយកសេរីភាពនេះមកធ្វើជាលេស ដើម្បីរស់តាមរបៀបលោកីយ៍សោះឡើយ ផ្ទុយទៅវិញ ត្រូវបម្រើគ្នាទៅវិញទៅមកដោយចិត្តស្រឡាញ់ ដ្បិតវិន័យទាំងមូលសរុបមកត្រឹមតែឃ្លាមួយនេះថា «អ្នកត្រូវស្រឡាញ់បងប្អូនឯទៀតៗ ឱ្យបានដូចស្រឡាញ់ខ្លួនឯងដែរ»។
—ដ្បិតព្រះអង្គធ្វើឱ្យចិត្តទូលបង្គំបានភ្លឺស្វាង។
ពាក្យអធិដ្ឋាន
បពិត្រព្រះអម្ចាស់! នៅពេលព្រឹក ព្រះអង្គបានប្រទានព្រះវិញ្ញាណដ៏វិសុទ្ធដល់ក្រុមគ្រីស្តទូតនៅពេលពួកគេជួបជុំគ្នាអធិដ្ឋាន។ សូមព្រះអង្គប្រោសប្រទានឱ្យយើងខ្ញុំចេះចែករំលែកនូវសេចក្តីស្រឡាញ់ និងជីវិត ដែលព្រះវិញ្ញាណបានផ្តល់មកយើងខ្ញុំផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) កាឡ ៥,១៦-១៧
ចូររស់នៅឱ្យស្របតាមវិញ្ញាណ នោះបងប្អូននឹងមិនបំពេញតាមបំណងចិត្តលោភលន់របស់លោកីយ៍ទៀតឡើយ ដ្បិតបំណងចិត្តលោភលន់របស់លោកីយ៍តែងតែទាស់នឹងព្រះវិញ្ញាណ ហើយព្រះវិញ្ញាណក៏មានបំណងទាស់នឹងលោកីយ៍ដែរ។ លោកីយ៍ និងព្រះវិញ្ញាណផ្ទុយគ្នាទាំងស្រុង ដូច្នេះ បងប្អូនពុំអាចធ្វើអ្វីដែលបងប្អូនចង់ធ្វើនោះបានឡើយ។
—សូមបង្រៀនឱ្យទូលបង្គំស្គាល់វិន័យរបស់ព្រះអង្គ!។
ពាក្យអធិដ្ឋាន
បពិត្រព្រះបិតាដ៏មានឫទ្ធានុភាព និងមានព្រះជន្មគង់នៅអស់កល្បជានិច្ច! នៅក្នុងព្រះអង្គគ្មានសេចក្តីងងឹតទាល់តែសោះ ហើយក៏គ្មានអ្វីអាចលាក់កំបាំងចំពោះព្រះភក្រ្តព្រះអង្គបានដែរ។ សូមព្រះអង្គចាក់បង្ហូរនូវពន្លឺរស្មីរបស់ព្រះអង្គមកលើយើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំស្គាល់វិន័យរបស់ព្រះអង្គ ដែលព្រះអង្គបានប្រទានមកយើងខ្ញុំ ហើយរស់នៅដោយមានជំនឿ និងចិត្តសប្បុរសផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) កាឡ ៥,២២.២៣ក.២៥
រីឯផលដែលកើតមកពីព្រះវិញ្ញាណវិញ គឺសេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ត ចិត្តអត់ធ្មត់ ចិត្តសប្បុរស ចិត្តសន្ដោស មេត្តា ជំនឿ ចិត្តស្លូតបូត ចេះទប់ចិត្តខ្លួនឯង។ ប្រសិនបើយើងមានជីវិតដោយសារព្រះវិញ្ញាណមែន យើងក៏ត្រូវប្រតិបត្តិតាមព្រះវិញ្ញាណដែរ។
—សូមព្រះវិញ្ញាណដ៏សប្បុរសរបស់ព្រះអង្គដឹកនាំទូលបង្គំ ឱ្យដើរក្នុងមាគ៌ាដែលគ្មានឧបសគ្គ។
ពាក្យអធិដ្ឋាន
បពិត្រព្រះអម្ចាស់ ! សូមជួយយើងខ្ញុំឱ្យដើរតាមគំរូនៃភាពអត់ធ្មត់របស់ព្រះបុត្រាព្រះអង្គ។ សូមឱ្យយើងខ្ញុំចេះប្រឈមមុខនឹងទុក្ខលំបាកក្នុងជីវិត ដោយមានជំនឿ និងសេចក្តីក្លាហានផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!
សូមកោតសរសើរព្រះអម្ចាស់ !
សូមអរព្រះគុណព្រះជាម្ចាស់ !