ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

បន្ទរទី១ ៖ ទូលបង្គំរិះគិតអំពីកិរិយាមាយាទរបស់ទូលបង្គំ ទូលបង្គំក៏បោះជំហានមករកដំបូន្មានរបស់ព្រះអង្គវិញ។

៥៧បពិត្រព្រះអម្ចាស់! ទូលបង្គំសូមទូលព្រះអង្គថា
ការប្រតិបត្តិតាមព្រះបន្ទូលព្រះអង្គ ជាចំណែកមត៌ករបស់ទូលបង្គំ។
៥៨ទូលបង្គំខិតខំអស់ពីចិត្ត ឱ្យគាប់ព្រះហឫទ័យព្រះអង្គ
សូមប្រណីសន្តោសទូលបង្គំ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គផង !
៥៩ទូលបង្គំរិះគិតអំពីកិរិយាមាយាទរបស់ទូលបង្គំ
ទូលបង្គំក៏បោះជំហានមករកដំបូន្មានរបស់ព្រះអង្គវិញ។
៦០ទូលបង្គំប្រញាប់ប្រញាល់ប្រតិបត្តិតាមវិន័យរបស់ព្រះអង្គ
ឥតធ្វេសប្រហែសសោះឡើយ។
៦១មនុស្សអាក្រក់បានធ្វើឱ្យទូលបង្គំជាប់អន្ទាក់របស់គេ
តែទូលបង្គំឥតភ្លេចវិន័យរបស់ព្រះអង្គទេ។
៦២នៅពាក់កណ្តាលអធ្រាត្រ ទូលបង្គំក្រោកឡើង
ដើម្បីលើកតម្កើងព្រះអង្គ ព្រោះតែការសម្រេចដ៏ត្រឹមត្រូវរបស់ព្រះអង្គ។
៦៣ទូលបង្គំរួមចិត្តគំនិតជាមួយអស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ
គឺអ្នកដែលប្រតិបត្តិតាមច្បាប់របស់ព្រះអង្គ។
៦៤បពិត្រព្រះអម្ចាស់!
ផែនដីពេញទៅដោយព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ
សូម​បង្រៀន​ឱ្យ​ទូល‌បង្គំ​ស្គាល់​វិន័យរបស់​ព្រះ‌អង្គ !

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ ទូលបង្គំរិះគិតអំពីកិរិយាមាយាទរបស់ទូលបង្គំ ទូលបង្គំក៏បោះជំហានមករកដំបូន្មានរបស់ព្រះអង្គវិញ។

ព្រះយេស៊ូចាប់ផ្តើមភ័យតក់ស្លុត ព្រមទាំងចុកចាប់អន្ទះសាពន់ប្រមាណ (មក ១៤,៣៣)។

បន្ទរទី២ ៖ សូម​ព្រះ‌អង្គ​ទ្រង់ព្រះមេត្តា​សណ្ដាប់​ទូលបង្គំ ហើយ​ឆ្លើយ​តបមក​ទូល‌បង្គំ​វិញ​ផង ទូល‌បង្គំខ្វល់ខ្វាយ ទាំង​តប់‌ប្រមល់ និង​ថប់​បារម្ភ​ជា​ខ្លាំង។

(ក)

បទពាក្យ ៧

ឱព្រះជាម្ចាស់អើយសូមមេត្តាសូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យខ្ញុំ
ដែលខំអង្វរទទូចសុំសូមទ្រង់សណ្តាប់កុំគេចចេញ
ពេលទ្រង់ស្តាប់ពាក្យខ្ញុំរួចហើយសូមកុំកន្តើយតបមកវិញ
ព្រោះខ្ញុំចុកចាប់ទុក្ខទោម្នេញទុក្ខព្រួយពោរពេញក្នុងអាត្មា
ពេលឮសម្រែកខ្មាំងសត្រូវមនុស្សពាលកំឡៅចិត្តឫស្យា
ឱ្យរូបខ្ញុំរងទុក្ខវេទនាហើយតាមប្រហារដោយកំហឹង
ទូលបង្គំតក់ស្លុតពន់ពេកក្រៃញាប់ញ័រភិតភ័យអស់ព្រលឹង
ស្រយង់ស្រយុតនៅមិននឹងដូចគ្មានព្រលឹងខ្លាចមរណា
ទូលបង្គំរន្ធត់ពន់ពេកក្រៃដូចជាមានអ្វីផ្តាច់សង្ខារ
ព្រឺព្រួចក្នុងចិត្តឥតឧបមាដូចមនុស្សជរាឈឺដុនដាប
ទូលបង្គំតែងនឹកគិតថាបើខ្ញុំនេះណាប្រែមានស្លាប
ខ្ញុំនឹងហោះហើររៀងដរាបរកទីសម្រាប់ជ្រកលាក់ខ្លួន
ខ្ញុំនឹងហោះហើរទៅឱ្យឆ្ងាយទៅឯទីនាយសំងំពួន
ដេកទាំងយប់ថ្ងៃឱ្យបាត់សូន្យក្នុងរហោស្ថានស្មសានស្ងាត់
ខ្ញុំនឹងភៀសខ្លួនទៅឱ្យឆ្ងាយមិននៅរៀងអាយទៅឱ្យបាត់
បើទៅឱ្យឆាប់ល្អពេកក្តាត់ជៀសឱ្យរួចផុតព្យុះសង្ឃរា
១០ឱព្រះអម្ចាស់ថ្លៃខ្ញុំអើយសូមជួយកុំឱ្យពួកបច្ចា
និយាយស្តាប់បានគ្រប់អាត្មាព្រោះតែពួកវាចិត្តអប្រីយ៍
១១ទាំងយប់ទាំងថ្ងៃមានសុទ្ធតែទាស់ទែងឥតល្ហែមិនដឹងអី
អំពើពាលាកាប់ប្រល័យសាហាវពេកក្រៃទាំងក្រៅក្នុង
១២ក្នុងក្រុងមានតែឧក្រិដ្ឋកម្មរាល់ថ្ងៃខែឆ្នាំមិនរំលង
នៅតាមទីផ្សារតាមភូមិផងជិះជាន់ប៉ុនប៉ងបោកប្រាសគ្នា
១៣ពួកអ្នកដែលតែងជេរតិះដៀលមិនមែនពួកពាលចិត្តឫស្យា
បើវាជាពួកធ្លាប់ផ្តន្ទានោះខ្ញុំពាំងវាជាមិនខាន
១៤គឺឯងធ្លាប់នៅជាមួយខ្ញុំធ្លាប់នៅជួបជុំសែនសុខសាន្ត
ជាអ្នកជិតស្និទ្ធឥតរំខានជាមិត្តកល្យាណធ្លាប់ស្ម័គ្រស្មោះ
១៥យើងធ្លាប់ស្និទ្ធស្នាលជាមួយគ្នាគ្រប់ពេលវេលាមិនទំនាស់
ធ្លាប់ថ្វាយបង្គំព្រះជាម្ចាស់វិសុទ្ធពេកណាស់ក្នុងដំណាក់
សូមកោតសរសើរព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណ
ដែលគង់ស្ថិតស្ថេរឥតសៅហ្មងយូរលង់កន្លងតរៀងទៅ

បន្ទរ ៖ សូម​ព្រះ‌អង្គ​ទ្រង់ព្រះមេត្តា​សណ្ដាប់​ទូលបង្គំ ហើយ​ឆ្លើយ​តបមក​ទូល‌បង្គំ​វិញ​ផង ទូល‌បង្គំខ្វល់ខ្វាយ ទាំង​តប់‌ប្រមល់ និង​ថប់​បារម្ភ​ជា​ខ្លាំង។

បន្ទរទី៣ ៖ ខ្ញុំស្រែកអង្វរព្រះជាម្ចាស់ ព្រះអម្ចាស់មុខជានឹងសង្គ្រោះខ្ញុំមិនខាន។

(ខ)

១៧រីឯខ្ញុំវិញ ខ្ញុំស្រែកអង្វរព្រះជាម្ចាស់
ព្រះអម្ចាស់មុខជានឹងសង្គ្រោះខ្ញុំមិនខាន។
១៨ខ្ញុំតប់ប្រមល់ ស្រែកថ្ងូរ និងទទូចអង្វរព្រះអង្គ
ទាំងព្រឹក ទាំងថ្ងៃត្រង់ ទាំងល្ងាច
ព្រះអង្គទ្រង់ព្រះសណ្តាប់ពាក្យរបស់ខ្ញុំហើយ។
១៩ទោះបីមានខ្មាំងសត្រូវលើកគ្នាសន្ធឹកសន្ធាប់មកវាយប្រហារខ្ញុំក្តី
ក៏ព្រះអង្គរំដោះខ្ញុំឱ្យបានរួចជីវិតដែរ។
២០ព្រះជាម្ចាស់គ្រងរាជ្យតាំងពីដើមរៀងមក
សូមព្រះអង្គទ្រង់ព្រះសណ្តាប់ពាក្យរបស់ខ្ញុំ ហើយបំបាក់មុខពួកគេទៅ!
អ្នកទាំងនោះមិនដូរគំនិតទេ ពួកគេក៏មិនគោរពកោតខ្លាចព្រះជាម្ចាស់ដែរ។
២១អ្នកនោះតែងតែវាយប្រហារមិត្តសម្លាញ់
ហើយបំពានលើពាក្យសន្យារបស់ខ្លួនទៀតផង។
២២ពាក្យសំដីរបស់គេផ្អែមជាងទឹកឃ្មុំទៅទៀត
តែចិត្តរបស់គេឃោរឃៅ គិតតែពីធ្វើសឹកសង្គ្រាមប៉ុណ្ណោះ
ពាក្យសំដីរបស់គេទន់ភ្លន់ដូចសំពត់សូត្រ តែមុតដូចមុខដាវ។
២៣ចូរផ្ញើជីវិតលើព្រះអម្ចាស់ នោះព្រះអង្គនឹងជួយគាំទ្រអ្នកជាមិនខាន
ព្រះអង្គមិនដែលទុកឱ្យមនុស្សសុចរិតត្រូវបរាជ័យឡើយ។
២៤ឱព្រះជាម្ចាស់អើយ! សូមធ្វើឱ្យពួកគេធ្លាក់រណ្តៅទៅ!
ពួកគេសុទ្ធតែជាឃាតករ និងជនបោកប្រាស់
សូមកុំឱ្យពួកគេអាចរស់បានពាក់កណ្តាលអាយុរបស់ខ្លួនឡើយ
ចំណែកឯទូលបង្គំវិញ ទូលបង្គំទុកចិត្តលើព្រះអង្គហើយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ ខ្ញុំស្រែកអង្វរព្រះជាម្ចាស់ ព្រះអម្ចាស់មុខជានឹងសង្គ្រោះខ្ញុំមិនខាន។

ម៉ោង៩ ព្រឹក
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) រ៉ូម ១,១៦-១៧

ដ្បិត​ខ្ញុំ​មិន​ខ្មាស​នឹង​ប្រកាស​ដំណឹង‌ល្អ​ទេ ព្រោះ​ដំណឹងល្អ​នេះ​ជា​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់ សម្រាប់​សង្គ្រោះ​អស់​អ្នក​ដែល​ជឿ គឺ​មុន​ដំបូង​សាសន៍​យូដា បន្ទាប់​មកសាសន៍​ក្រិក។ ដំណឹងល្អ​នេះ​សម្ដែង​ឱ្យ​ដឹង​ថា ព្រះ‌ជាម្ចាស់​ប្រោស​ប្រទាន​ឱ្យ​មនុស្ស​សុចរិត ដោយ‌សារ​ជំនឿ និង​ឱ្យ​គេ​កាន់​តាម​ជំនឿ ដូច​មាន​ចែង​ទុក​មក​ថាៈ «មនុស្ស​សុចរិត​មាន​ជីវិត​រស់ ដោយ‌សារ​ជំនឿ»។

បន្ទរ៖ សំឡេងរបស់គេបានឮខ្ចរខ្ចាយពាសពេញលើផែនដីទាំងមូល
—ហើយពាក្យសម្ដីរបស់គេបានឮខ្ចរខ្ចាយ រហូតដល់ស្រុកដាច់ស្រយាលនៃពិភពលោក។
ពាក្យអធិដ្ឋាន

 

ម៉ោង១២ ថ្ងៃត្រង់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) ១ថស ២,២ខ-៤

ព្រះជាម្ចាស់​បាន​ប្រទាន​ឱ្យ​យើង​មាន​ចិត្ត​អង់អាច​ប្រកាស​ដំណឹងល្អរបស់​ព្រះ‌អង្គ​ដល់​បង‌ប្អូន ទោះ​បី​ត្រូវ​តយុទ្ធ​ពុះ‌ពារ​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ។ សេចក្ដីដែល​យើង​ទូន្មានមិន​មែន​មក​ពី​ការ​ភាន់‌ច្រឡំ មក​ពី​គោល​បំណង​មិន​ល្អ ឬ​កលល្បិច​ណា​ឡើយ។ មុន​នឹង​ប្រគល់​មុខ‌ងារ​ផ្សាយ​ដំណឹងល្អ​មក​យើង ព្រះ‌ជាម្ចាស់​បាន​ល្បង​មើល​ចិត្ត​យើងយ៉ាង​ណា យើង​ក៏​និយាយ​យ៉ាង​នោះ​ដែរ យើង​មិន​និយាយ ដើម្បី​ផ្គាប់​ចិត្ត​មនុស្ស​ទេ គឺ​ដើម្បី​ឱ្យ​គាប់​ព្រះហឫទ័យ​ព្រះ‌ជាម្ចាស់​ដែល​ល្បង​មើល​ចិត្ត​យើង​នោះ​វិញ។

បន្ទរ៖ ក្រុមគ្រីស្តទូតបានប្រកាន់ខ្ជាប់នូវសាររបស់ព្រះគ្រីស្ត
—ពួកគេថែរក្សាសិក្ខាបទដែលព្រះអង្គបានប្រគល់ឱ្យពួកគេ។
ពាក្យអធិដ្ឋាន

 

ម៉ោង៣ រសៀល
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) ២ធម ១,៨ខ-៩

អ្នក​ត្រូវ​តែ​រងទុក្ខ​វេទនា​រួម​ជា​មួយ​ខ្ញុំសម្រាប់​ដំណឹងល្អ ដោយ​ពឹង​ផ្អែក​លើ​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់។ ព្រះ‌អង្គ​ហ្នឹង​ហើយ ដែល​បាន​សង្គ្រោះ​យើង និង​បាន​ត្រាស់​ហៅ​យើង​ឱ្យ​មក​ធ្វើជា​ប្រជារាស្ដ្រ​ដ៏‌វិសុទ្ធរបស់​ព្រះ‌អង្គ​។ ព្រះ‌អង្គ​ត្រាស់​ហៅ​យើង​ដូច្នេះ មិន​មែន​មក​ពី​អំពើ​ដែល​យើង​បាន​ប្រព្រឹត្ត​នោះ​ទេ គឺ​ស្រប​តាម​គម្រោង‌ការ និង​ស្រប​តាម​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស ដែល​ព្រះ‌អង្គ​បាន​ប្រទាន​មក​យើង ក្នុង​អង្គ​ព្រះ‌គ្រីស្ត‌យេស៊ូ តាំង​ពី​មុន​កាល​សម័យ​ទាំង​អស់​មក​ម៉្លេះ។

បន្ទរ៖ ចូរអរសប្បាយរីករាយឡើង -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
—ដោយអ្នករាល់គ្នាមានឈ្មោះកត់ទុកនៅស្ថានបរមសុខវិញ។
ពាក្យអធិដ្ឋាន

 

ឱព្រះជាម្ចាស់អើយ ! ព្រះអង្គសព្វព្រះហឫទ័យញែកសន្តបារណាបាសទៅជាមនុស្សម្នាក់ ពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ និងជំនឿ ចេញទៅប្រកាសដំណឹងល្អដល់ប្រជាជាតិនានា។ សូមព្រះអង្គមេត្តាប្រោសឱ្យអស់អ្នកជឿហ៊ានប្រកាសព្រះបន្ទូលព្រះអង្គ និងប្រព្រឹត្តតាមផង។ យើងខ្ញុំសូមអង្វរព្រះអង្គដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន។

សូមកោតសរសើរព្រះអម្ចាស់!
សូមអរព្រះគុណព្រះជាម្ចាស់!

18 Views

Theme: Overlay by Kaira