ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

បន្ទរទី១៖ នៅ​បុណ្យ​ថ្ងៃ​ទី​ហា‌សិប ពួក​សាវ័ក​បាន​រួម​ប្រជុំ​ទាំង​អស់​គ្នានៅ​កន្លែង​តែ​មួយ អាលេលូយ៉ា!

ចូរ​សរសើរ​តម្កើង​ព្រះអម្ចាស់!
អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់​អើយ ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះអង្គ!
ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ‌នាម​ព្រះ‌អម្ចាស់!
ចូរ​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អម្ចាស់តាំង​ពី​ពេល​នេះ​រហូត​ត​ទៅ!
តាំង​ពី​ពេល​ថ្ងៃ​រះ រហូត​ទល់​ថ្ងៃ​លិច
ចូរ​សរសើរ​តម្កើង​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់!
ព្រះ‌អម្ចាស់​គង់​នៅ​ពី​លើ​ប្រជា‌ជាតិ​ទាំង‌ឡាយ
សិរី‌រុង​រឿង​របស់​ព្រះ‌អង្គ​ខ្ពស់​ជាងផ្ទៃ​មេឃ​ទៅ​ទៀត។
តើ​មាន​នរណា​អាច​ផ្ទឹម​ស្មើ​នឹង​ព្រះអម្ចាស់ជា​ព្រះ​របស់​យើង​បាន?
ព្រះ‌អង្គ​គង់​នៅ​លើ​ស្ថាន​ដ៏​ខ្ពស់​បំផុត
ព្រះ‌អង្គ​ទត​មើល​មក​ផ្ទៃ​មេឃ និង​ផែន‌ដី ដែល​នៅ​ខាង​ក្រោម​ព្រះ‌អង្គ។
ព្រះ‌អង្គ​លើក​មនុស្ស​ទន់​ខ្សោយ​ឡើង​ពី​ធូលី​ដី
ព្រះ‌អង្គ​លើក​មនុស្ស​ទុរគត​ឡើង​ពី​ភក់​ជ្រាំ
ដើម្បី​ឱ្យ​គេ​កាន់​កាប់​អំណាចរួម​ជា​មួយ​ពួក​អ្នក​ធំ
គឺ​រួម​ជា​មួយ​ពួក​អ្នក​ធំ​នៅ​ក្នុង​ចំណោមប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ។
ព្រះ‌អង្គ​ប្រទាន​ឱ្យ​ស្ត្រីអារ​មាន​កូន
ឱ្យ​នាង​រស់​នៅ​ក្នុង​ផ្ទះ​យ៉ាង​សប្បាយជា​មួយ​កូនៗ​របស់​នាង។ អាលេលូយ៉ា!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ នៅ​បុណ្យ​ថ្ងៃ​ទី​ហា‌សិប ពួក​សាវ័ក​បាន​រួម​ប្រជុំ​ទាំង​អស់​គ្នានៅ​កន្លែង​តែ​មួយ អាលេលូយ៉ា!

បន្ទរទី២៖ ក្រុមគ្រីស្តទូតបាន​ឃើញ​ហាក់​ដូច​ជាមាន​អណ្ដាត​ភ្លើង​បែក​ចេញ​ពី​គ្នា ចុះ​មក​សណ្ឋិត​លើ​ពួក​គេ​ម្នាក់ៗ អ្នក​ទាំង​នោះ​បាន​ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ ហើយ​ចាប់​ផ្ដើម​និយាយ​ភាសា​ផ្សេងៗ​ពី​គ្នា អាលេលូយ៉ា!

(បទព្រហ្មគីតិ)

១-យើងស្មូតបទថ្វាយព្រះជាអម្ចាស់របស់យើង
សរសើរលើកតម្កើងដ៏រុងរឿងល្អប្រពៃ
២-ព្រះម្ចាស់បានសង់ក្រុងល្អឧត្តុង្គឧត្តមក្រៃ
យេរូសាឡឹមថ្មីអ្នកខ្ចាត់ខ្ចាយនាំមកវិញ
៣-អ្នកដែលមានវិបត្តិគ្រាំគ្រាចិត្តគិតមិនចេញ
ទ្រង់ប្រោសផុតទោម្នេញរបួសវិញជាសះស្បើយ
៤-ព្រះអង្គអាចរាប់បានផ្កាយឥតមានខ្វះមួយឡើយ
ដាក់ឈ្មោះឱ្យរួចហើយមិនភ្លេចឡើយស្គាល់ទាំងអស់
៥-ព្រះម្ចាស់របស់យើងសែនថ្កុំថ្កើងឧត្តមខ្ពស់
ចេស្តាខ្លាំងមុតមោះព្រះតម្រិះធំធេងក្រៃ
៦-ព្រះអម្ចាស់គាំទ្រជនក្រីក្រខ្សត់រីងរៃ
ទ្រង់បន្ទាបដល់ដីជនអប្រីយ៍ធ្វើអាក្រក់
៧-ចូរនាំគ្នាច្រៀងអរថ្លែងអំណរគុណព្រះម្ចាស់
ចូរដេញពិណថ្វាយព្រះជាអម្ចាស់នៃយើងផង
៨-ទ្រង់ឱ្យពពកបិទគ្របជុំជិតអស់តែម្តង
បាំងទាំងផ្ទៃមេឃផងអាប់មួរហ្មងគ្មានរស្មី
ព្រះអង្គបានឱ្យភ្លៀងធ្លាក់ទាត់ទៀងលើផែនដី
ស្មៅលាស់ស្រស់ខៀវខ្ចីពាសពេញដីនៅលើភ្នំ
៩-ទ្រង់ផ្តល់ទាំងអាហារអស់សព្វសាសត្វតូចធំ
កូនក្អែកដែលស្រែកយំទ្រង់ថ្នាក់ថ្នមផ្តល់ចំណី
១០-ព្រះអង្គមិនដែលគាប់ព្រះទ័យជាប់នឹងសេះថ្មី
ទ្រង់មិនពេញព្រះទ័យមនុស្សពេញដីដែលខ្លាំងក្លា
១១-តែព្រះអង្គទ្រង់គាប់ព្រះទ័យជាប់នឹងមនុស្សណា
កោតខ្លាចព្រះចេស្តាផ្ញើជីវ៉ាលើព្រះអង្គ
សិរីរុងរឿងដល់ព្រះបិតាព្រះបុត្រា
និងព្រះវិញ្ញាណផងដែលទ្រង់គង់នៅជានិច្ច

បន្ទរ៖ ក្រុមគ្រីស្តទូតបាន​ឃើញ​ហាក់​ដូច​ជាមាន​អណ្ដាត​ភ្លើង​បែក​ចេញ​ពី​គ្នា ចុះ​មក​សណ្ឋិត​លើ​ពួក​គេ​ម្នាក់ៗ អ្នក​ទាំង​នោះ​បាន​ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ ហើយ​ចាប់​ផ្ដើម​និយាយ​ភាសា​ផ្សេងៗ​ពី​គ្នា អាលេលូយ៉ា!

បន្ទរទី៣៖ ព្រះវិញ្ញាណដែលយាងចេញពីព្រះបិតា ព្រះ‌អង្គ​នឹង​សម្ដែង​សិរី‌រុង​រឿង​របស់ខ្ញុំ អាលេលូយ៉ា!

«ឱ​ព្រះ‌ជា‌អម្ចាស់​ដ៏​មាន​ព្រះ‌ចេស្ដា​លើ​អ្វីៗ​ទាំង​អស់​អើយ
ស្នា​ព្រះហស្ដ​របស់​ព្រះអង្គ​ប្រសើរ​ឧត្ដម គួរ​ឱ្យ​កោត​ស្ញប់ស្ញែង​ពន់​ពេក​ណាស់ !
ឱ​ព្រះ‌មហា​ក្សត្រ​នៃ​ប្រជា‌ជាតិ​ទាំង‌ឡាយ​អើយ
មាគ៌ា​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​សុចរិត និង​ត្រឹម​ត្រូវ​ទាំង​អស់ !
បពិត្រ​ព្រះ‌អម្ចាស់ ! តើ​មាន​នរណា​មិន​គោរព​កោត​ខ្លាច​ព្រះ‌នាម​ព្រះ‌អង្គ !
តើ​នរណា​មិន​លើក​តម្កើង​សិរី‌រុង​រឿង​នៃ​ព្រះ‌នាម​ព្រះ‌អង្គ !
ដ្បិត​មាន​តែ​ព្រះ‌អង្គ​ប៉ុណ្ណោះ​ជា​ព្រះ​ដ៏‌វិសុទ្ធ។
មនុស្ស​គ្រប់​ជាតិ​សាសន៍នឹង​នាំ​គ្នា​មក​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អង្គ
ដ្បិត​គេ​បាន​ឃើញ​ច្បាស់​ថា ព្រះ‌អង្គ​វិនិច្ឆ័យ​ដោយ​យុត្តិធម៌»។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ ព្រះវិញ្ញាណដែលយាងចេញពីព្រះបិតា ព្រះ‌អង្គ​នឹង​សម្ដែង​សិរី‌រុង​រឿង​របស់ខ្ញុំ អាលេលូយ៉ា!

ចំពោះ​បង‌ប្អូន ដោយ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​សណ្ឋិត​នៅ​ក្នុង​បង‌ប្អូន បង‌ប្អូន​មិន​នៅ​ខាង​លោកីយ៍​ទៀត​ទេ គឺ​នៅ​ខាង​ព្រះ‌វិញ្ញាណ។ អ្នក​ណា​គ្មាន​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌គ្រីស្ដ អ្នក​នោះ​មិន​មែន​ជា​កូន​ចៅ​របស់​ព្រះ‌អង្គ​ទេ។ ប្រសិន​បើ​ព្រះ‌គ្រីស្ដ​គង់​នៅ​ក្នុង​បង‌ប្អូន ទោះ​បី​រូប​កាយ​របស់​បង‌ប្អូន​ស្លាប់ ព្រោះ​តែ​បាប​ក៏​ដោយ ក៏​ព្រះ‌វិញ្ញាណ​នៅ​តែ​ផ្ដល់​ជីវិត​ឱ្យ​បង‌ប្អូន​ដែរ មក​ពី​ព្រះ‌ជាម្ចាស់​ប្រោស​បង‌ប្អូន​ឱ្យ​សុចរិត។ ប្រសិន​បើ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់ ដែល​បាន​ប្រោស​ព្រះ‌យេស៊ូ​ឱ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ សណ្ឋិត​នៅ​ក្នុង​បង‌ប្អូន​មែន​នោះ ព្រះ‌ជាម្ចាស់​ដែល​បាន​ប្រោស​ព្រះ‌គ្រីស្ដ​ឱ្យ​មាន​ព្រះជន្ម​រស់​ឡើង​វិញ ព្រះ‌អង្គ​ក៏​នឹង​ប្រទាន​ឱ្យ​រូប​កាយ​របស់​បង‌ប្អូន ដែល​តែង‌តែ​ស្លាប់​នេះ មាន​ជីវិត​តាម‌រយៈ​ព្រះ‌វិញ្ញាណ​ដែល​សណ្ឋិត​នៅ​ក្នុង​បង‌ប្អូន​នោះ​ដែរ។

បន្ទរ៖ ព្រះវិញ្ញាណដ៏វិសុទ្ធ គឺជាព្រះដ៏ជួយការពារ *អាលេលូយ៉ា! អាលេលូយ៉ា!។ បន្ទរឡើងវិញ៖…
-ព្រះ‌អង្គនឹង​ណែ‌នាំ​អ្នក​រាល់​គ្នា​ឱ្យ​ស្គាល់​សេចក្ដីពិត​គ្រប់​ចំពូក។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

បន្ទរ៖ ឱព្រះវិញ្ញាណដ៏វិសុទ្ធ សូមយាងមកបង្កាត់ភ្លើងនៃសេចក្តីស្រឡាញ់របស់ព្រះអង្គ ក្នុងដួងចិត្តអ្នកជឿទាំងអស់។ ទោះបីជាពួកគេនិយាយភាសាផ្សេងៗពីគ្នាយ៉ាងណាក្តី ក៏ព្រះអង្គបង្រួបបង្រួមជាតិសាសន៍ទាំងអស់ឱ្យមានជំនឿតែមួយ អាលេលូយ៉ា!

៤៦«ព្រលឹងខ្ញុំសូមលើកតម្កើងព្រះ‌អម្ចាស់*
៤៧ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ
៤៨ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ
អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា
ខ្ញុំជាអ្នកមានសុភមង្គលពិតមែន
៤៩ព្រះដ៏មានតេជានុភាព បានសម្ដែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។
ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន!
៥០ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គនៅគ្រប់ជំនាន់តរៀងទៅ
៥១ទ្រង់បានសម្ដែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ
៥២ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង
ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។
៥៣ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន
ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។
៥៤ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ
ហើយតែងតែសម្ដែងព្រះហឫទ័យមេត្តាករុណា
៥៥ដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ
ដូចទ្រង់បានសន្យាជាមួយបុព្វបុរសយើង ឥតភ្លេចសោះឡើយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

៤៧ខ្ញុំមានចិត្តអំណរសប្បាយអរពន់ពេកណាស់
ព្រោះខ្ញុំបានដឹងច្បាស់ថាព្រះម្ចាស់ទ្រង់សង្គ្រោះ
៤៨ព្រះអង្គទតមកខ្ញុំជាអ្នកបម្រើស្ម័គ្រស្មោះ
តទៅមនុស្សទាំងអស់ថាខ្ញុំនេះសែនសុខក្រៃ
៤៩ព្រះដ៏មានឫទ្ធាខ្លាំងអស្ចារ្យលើលោកីយ៍
សម្ដែងឫទ្ធិបារមីព្រះនាមថ្លៃថ្លាវិសុទ្ធ
៥០ទ្រង់មានព្រះហឫទ័យត្រាប្រណីខ្ពស់បំផុត
ដល់អ្នកគោរពកោតខ្លាចព្រះអង្គរៀងរហូត
៥១ព្រះអង្គសម្ដែងឫទ្ធិអស្ចារ្យពិតមិនរលត់
កម្ចាត់មនុស្សមានពុតឆ្មើងបំផុតឫកខែងរែង
៥២ទ្រង់បានច្រានទម្លាក់អ្នកធំធ្លាក់ពីតំណែង
ឥតមានខ្លាចរអែងហើយទ្រង់តែងលើកអ្នកទាប
៥៣ព្រះអង្គប្រោសប្រទានឱ្យអ្នកឃ្លានឆ្អែតដរាប
អ្នកមានធនធានស្រាប់ដេញត្រឡប់ដៃទទេ
៥៤ព្រះអង្គបានជួយរាស្ត្រទ្រង់ទាំងអស់ឥតប្រួលប្រែ
អ៊ីស្រាអែលនៅក្បែរជាបម្រើដ៏ស្មោះស្ម័គ្រ
៥៥ទ្រង់តែងមានព្រះទ័យករុណាក្រៃមិនថ្នាំងថ្នាក់
លោកអប្រាហាំជាក់និងពូជពង្សលោកជានិច្ច
ដូចទ្រង់បានសន្យានឹងដូនតាឥតមានភ្លេច
ព្រះអង្គចាំជានិច្ចគ្មានកលកិច្ចប្រែប្រួលឡើយ
សិរីរុងរឿងដល់ព្រះបិតាព្រះបុត្រា
និងព្រះវិញ្ញាណផងដែលទ្រង់គង់នៅជានិច្ច

បន្ទរ៖ ឱព្រះវិញ្ញាណដ៏វិសុទ្ធ សូមយាងមកបង្កាត់ភ្លើងនៃសេចក្តីស្រឡាញ់របស់ព្រះអង្គ ក្នុងដួងចិត្តអ្នកជឿទាំងអស់។ ទោះបីជាពួកគេនិយាយភាសាផ្សេងៗពីគ្នាយ៉ាងណាក្តី ក៏ព្រះអង្គបង្រួបបង្រួមជាតិសាសន៍ទាំងអស់ឱ្យមានជំនឿតែមួយ អាលេលូយ៉ា!

នៅបុណ្យថ្ងៃទីហាសិបបានបញ្ចប់ ព្រះជាម្ចាស់បានចាត់ព្រះវិញ្ញាណដ៏វិសុទ្ធ ចុះមកសណ្ឋិតលើក្រុមគ្រីស្តទូត។ ដូចយើងខ្ញុំបានប្រារព្ធពិធីបុណ្យដ៏អស្ចារ្យនេះ រួមនឹងអំណរសប្បាយ និងជំនឿ ដោយស្រែកឡើងថា ៖

បន្ទរ៖ សូមព្រះអង្គចាត់ព្រះវិញ្ញាណឱ្យយាងមក និងធ្វើឱ្យពិភពលោកទាំងមូលផ្លាស់ប្រែជាថ្មីផង !

កាលពីដើមដំបូងបង្អស់ ព្រះអង្គបានបង្កើតផ្ទៃមេឃ និងផែនដី ហើយដល់ពេលកំណត់ ព្រះអង្គបានធ្វើឱ្យអ្វីៗទាំងអស់ផ្លាស់ប្រែជាថ្មី ក្នុងអង្គព្រះគ្រីស្ត
—តាមរយៈព្រះវិញ្ញាណព្រះអង្គ សូមទ្រង់បន្តបង្កើតពិភពលោក ជាមួយនឹងព្រះអំណោយនៃការសង្រ្គោះ។ (បន្ទរ)

ព្រះអង្គបានផ្លុំខ្យល់នៃដង្ហើមជីវិតចូលទៅក្នុងខ្លួនលោកអដាំ
—សូមព្រះអង្គចាត់ព្រះវិញ្ញាណឱ្យយាងមកក្នុងព្រះសហគមន៍ ដើម្បីឱ្យព្រះសហគមន៍ក្លាយជាជីវិត និងមានភាពរឹងមាំ ហើយនាំជីវិតថ្មីទៅកាន់ពិភពលោកទាំងមូល។ (បន្ទរ)

ដោយព្រះពន្លឺនៃព្រះវិញ្ញាណ សូមព្រះអង្គបំភ្លឺពិភពលោក និងកម្ចាត់ភាពងងឹតនៃពេលវេលា
—សូមព្រះអង្គបង្វែរការស្អប់ឱ្យទៅជាការស្រឡាញ់ បង្វែរទុក្ខព្រួយឱ្យទៅជាអំណរសប្បាយ បង្វែរសង្រ្គាមឱ្យទៅជាសន្តិភាព ដែលយើងខ្ញុំប្រាថ្នាចង់បានយ៉ាងខ្លាំង។ (បន្ទរ)

ទឹកបានហូរចេញពីឆ្អឹងជំនីររបស់ព្រះគ្រីស្ត ដែលជាប្រភពនៃព្រះវិញ្ញាណរបស់ព្រះអង្គ
—សូមឱ្យទឹកនេះហូរមកស្រោចស្រពផែនដីទាំងមូល និងនាំសេចក្តីល្អមកជាមួយផង។ (បន្ទរ)

ព្រះអង្គបាននាំជីវិត និងសិរីរុងរឿងមកឱ្យមនុស្សលោក តាមរយៈព្រះវិញ្ញាណដ៏វិសុទ្ធ
—សូមព្រះអង្គនាំអ្នកដែលបានលាចាកលោកនេះឱ្យចូលទៅក្នុងសេចក្តីស្រឡាញ់ និងអំណរសប្បាយនៃស្ថានបរមសុខ។ (បន្ទរ)

បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ! អស់រយៈពេលហាសិបថ្ងៃ ព្រះអង្គប្រោសឱ្យយើងខ្ញុំជួបជុំគ្នាអបអរសាទរបុណ្យចម្លង ដែលជាគម្រោងការដ៏អស្ចាររបស់ព្រះអង្គ។ សូមព្រះអង្គបង្រួបបង្រួមមនុស្សគ្រប់ជាតិសាសន៍ដែលបែកខ្ញែកគ្នា ឱ្យទៅជាមហាគ្រួសារតែមួយ និងសូមប្រោសឱ្យប្រជាជនដែលច្របូកច្របល់និយាយភាសារៀងៗខ្លួន រួមគ្នាប្រកាសព្រះនាមព្រះអង្គវិញ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្តជាព្រះបុត្រាព្រះអង្គ និងជាអម្ចាស់យើងខ្ញុំ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា ៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច ៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

7 Views

Theme: Overlay by Kaira