ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

មាន​មនុស្ស​ខ្វាក់​ពីរ​នាក់​ស្រែក​ឡើង​ថា៖ «ឱ​ព្រះ‌អម្ចាស់ជា​ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ​អើយ! សូម​អាណិត​មេត្តា​យើង​ខ្ញុំ​ផង!» (មថ ២០,៣០)។

បន្ទរ៖ ឱព្រះអម្ចាស់អើយ ! សូមឱ្យសេចក្តីជំនឿរបស់យើងខ្ញុំទៅលើព្រះអង្គកាន់តែកើនឡើង ហើយសូមឱ្យព្រះពន្លឺនៃព្រះវិញ្ញាណដ៏វិសុទ្ធ ដុតភ្លើងក្នុងដួងចិត្តយើងខ្ញុំជានិច្ច អាលេលូយ៉ា!

ឱ​ព្រះ‌អម្ចាស់​ដែល​គង់​នៅស្ថាន​បរម‌សុខ​អើយ
ទូល‌បង្គំងើប​មុខ​ឡើង​សម្លឹង​ទៅ​រក​ព្រះ‌អង្គ។
យើង​ខ្ញុំ​ក៏​សម្លឹង​មើល​ព្រះ‌ជា‌អម្ចាស់​នៃ​យើង
ហើយ​ទន្ទឹង​រង់‌ចាំ​ព្រះ‌អង្គ​ប្រណី‌សន្ដោស
ដូច​អ្នក​បម្រើ​សម្លឹង​មើល​ទៅ​ដៃ​ម្ចាស់​របស់​ខ្លួន
និង​ដូច​ស្ត្រីបម្រើ​សម្លឹង​មើល​ទៅ​ដៃ​ម្ចាស់​ស្រីរបស់​ខ្លួន​យ៉ាង​នោះ​ដែរ។
ឱ​ព្រះ‌អម្ចាស់​អើយ សូម​ប្រណី‌សន្ដោស​យើង​ខ្ញុំ
សូម​ប្រណី‌សន្ដោស​យើង​ខ្ញុំ​ផង ដ្បិត​យើង​ខ្ញុំ​ត្រូវ​គេ​ប្រមាថ​ខ្លាំង​ណាស់។
យើង​ខ្ញុំ​ពុំ​អាច​ទ្រាំ‌ទ្រនឹង​ការ​មើល‌ងាយ​ពី​សំណាក់​មនុស្ស​ព្រហើន
ព្រម​ទាំង​ការ​ប្រមាថ​ពី​សំណាក់​មនុស្ស​វាយ‌ឫក​ខ្ពស់បាន​ទៀត​ឡើយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោកប៉ូលថា៖ «កុំ​ខ្លាច​អី…. ដ្បិត​យើង​ស្ថិត​នៅ​ជា​មួយ​អ្នក​ហើយ (កក ១៨,៩-១០)។

(បទពាក្យ ៧)

១-ប្រសិនបើគ្មានព្រះអម្ចាស់មិនជួយសន្តោសគាំទ្រទេ
សូមអ៊ីស្រាអែលពោលហូរហែពោលកុំទំនេរទាំងអស់គ្នា
២-ប្រសិនបើគ្មានព្រះអម្ចាស់នៅខាងយើងនោះគ្រប់វេលា
ពេលណាសត្រូវលើកគ្នីគ្នាសម្រុកពុះពារវាយលើយើង
៣-ពេលណាគេមានកំហឹងខ្លាំងគេមកប្រឆាំងយើងនឹងប៉ើង
គេនឹងត្របាក់លេបដូចភ្លើងមិនឲ្យពួកយើងសុខសាន្តឡើយ
៤-យើងនឹងលិចលង់ក្នុងសមុទ្រភិតភ័យតក់ស្លុតឥតមានស្បើយ
ទឹកហូរនាំយើងគ្មានកោះត្រើយទៅកាន់ទីឆ្ងាយគ្មានគោលដៅ
៥-ពេលយើងកំពុងអស់កម្លាំងមានទឹកកួចខ្លាំងពន្លិចទៅ
ដល់បាតជលសាដ៏សែនជ្រៅជីវិតយើងត្រូវលង់ក្សិណក្ស័យ
៦-សូមលើកតម្កើងព្រះអម្ចាស់ដ្បិតទ្រង់ជាព្រះមានបារមី
ទ្រង់ពុំប្រគល់យើងក្នុងដៃធ្វើរំពានៃពួកនោះឡើយ
៧-យើងរួចជីវិតដូចបក្សីគេចផុតពីដៃព្រានព្រៃហើយ
គឺលប់ធ្លុះធ្លាយគ្មានសល់ឡើយយើងបានធូរស្បើយរស់ជីវ៉ា
៨-ព្រះអម្ចាស់បានសង្គ្រោះយើងដោយព្រះនាមថ្កើងមានចេស្តា
គឺព្រះអង្គដែលមានមេត្តាបង្កើតវេហានិងផែនដី
សូមកោតសរសើរព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណ
ដែលគង់ស្ថិតស្ថេរឥតសៅហ្មងយូរលង់កន្លងតរៀងទៅ

សូម​ព្រះ‌ជាម្ចាស់​ប្រទាន​សេចក្ដីសុខ‌សាន្ត ដល់​ប្រជា‌រាស្ដ្រ​អ៊ីស្រា‌អែល​របស់​ព្រះ‌អង្គ (កាឡ ៦,១៦)។

អ្នក​ណា​ផ្ញើជីវិត​លើ​ព្រះ‌អម្ចាស់ អ្នក​នោះ​ប្រៀប​បាន​នឹង​ភ្នំ​ស៊ីយ៉ូន
ដែល​នៅ​ស្ថិត‌ស្ថេរ​រហូត ឥត​រង្គើសោះ​ឡើយ។
ភ្នំ​នានា​នៅ​ព័ទ្ធ​ជុំ‌វិញ​ក្រុង​យេរូ‌សាឡឹម​យ៉ាង​ណា
ព្រះ‌អម្ចាស់​ក៏​គង់​នៅ​ជុំ‌វិញ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ តាំង​ពី​ពេល​នេះ
រហូត​ដល់​អស់​កល្ប‌ជានិច្ចយ៉ាង​នោះ​ដែរ
ដ្បិត​មនុស្ស​អាក្រក់​ពុំ​អាច​គ្រប់‌គ្រងលើ​ទឹក​ដី​របស់​មនុស្ស​សុចរិត​ទេ
ដូច្នេះ មនុស្ស​សុចរិត​គ្មាន​ចិត្ត​លំអៀង​ទៅប្រព្រឹត្ត​អំពើ​ទុច្ចរិត​ឡើយ។
ព្រះ‌អម្ចាស់​អើយ សូម​សម្ដែង​ព្រះ‌ហឫទ័យ​សប្បុរស
ចំពោះ​អស់​អ្នក​ដែល​មាន​ចិត្ត​សប្បុរស និង​ទៀង​ត្រង់។
រីឯ​អស់​អ្នក​ដែល​ប្រព្រឹត្ត​តាម​មាគ៌ា​ដ៏​វៀច‌វេរ​វិញ
សូម​ព្រះ‌អម្ចាស់​នាំ​គេ​យក​ទៅ​ធ្វើទោស
ជា​មួយអស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ដែរ។
សូម​ឲ្យ​អ៊ីស្រា‌អែល​បាន​ប្រកបដោយ​សេចក្ដី​សុខ‌សាន្ត!។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ ឱព្រះអម្ចាស់អើយ ! សូមឱ្យសេចក្តីជំនឿរបស់យើងខ្ញុំទៅលើព្រះអង្គកាន់តែកើនឡើង ហើយសូមឱ្យព្រះពន្លឺនៃព្រះវិញ្ញាណដ៏វិសុទ្ធ ដុតភ្លើងក្នុងដួងចិត្តយើងខ្ញុំជានិច្ច អាលេលូយ៉ា!

ព្រះ‌អង្គសង្គ្រោះ​យើង ដោយ​លាង​ជម្រះ​យើង​ឱ្យ​បាន​កើត​ជា​ថ្មី និង​ប្រទាន​ឱ្យ​យើង​មាន​ជីវិត​ថ្មី ដោយ‌សារ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ។ ព្រះ‌អង្គ​ចាក់​បង្ហូរ​ព្រះ‌វិញ្ញាណ​នេះ​មក​លើ​យើង​យ៉ាង​បរិបូណ៌ តាម‌រយៈ​ព្រះ‌យេស៊ូ‌គ្រីស្ត ជា​ព្រះ‌សង្គ្រោះ​របស់​យើង ដើម្បី​ឱ្យ​យើង​បាន​សុចរិត ដោយ‌សារ​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​របស់​ព្រះ‌អង្គ និង​ឱ្យ​យើង​បាន​ទទួល​ជីវិត​អស់​កល្ប‌ជានិច្ច​ជា​មត៌ក តាម​សេចក្ដីសង្ឃឹម​របស់​យើង។

បន្ទរ៖ ព្រះវិញ្ញាណដ៏វិសុទ្ធនឹងបង្រៀនអ្នករាល់គ្នា អាលេលូយ៉ា!
—អ្នករាល់គ្នានឹងយល់សេចក្តីគ្រប់យ៉ាងដែលខ្ញុំបានបង្រៀនអ្នករាល់គ្នា អាលេលូយ៉ា!

បពិត្រព្រះជាម្ចាស់ជាព្រះបិតា ! ព្រះអង្គបានប្រទានកំណើតថ្មីឱ្យយើងខ្ញុំ សូមព្រះអង្គពង្រឹងយើងខ្ញុំ ដោយព្រះវិញ្ញាណដ៏វិសុទ្ធ ហើយសូមបំពេញយើងខ្ញុំ ដោយព្រះពន្លឺរបស់ព្រះអង្គ។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

សូមកោតសរសើរព្រះអម្ចាស់ !
សូមអរព្រះគុណព្រះជាម្ចាស់ !

6 Views

Theme: Overlay by Kaira