ការអធិដ្ឋានតាមពេល គឺជាការអធិដ្ឋានផ្លូវការរបស់គ្រីស្តបរិស័ទកាតូលិក ដែលកំណត់ទៅតាមពេលវេលានីមួយៗក្នុងមួយថ្ងៃៗ ដើម្បីញែកពេលវេលាទាំងនោះឱ្យបានសក្ការៈ។ ការអធិដ្ឋាននេះមានគោលបំណង ដើម្បីយើងភ្ជាប់ទំនាក់ទំនងជាមួយព្រះជាម្ចាស់ជាបន្តបន្ទាប់ពេញមួយថ្ងៃ។ ទោះបីជាយើងអធិដ្ឋានតែម្នាក់ឯង ឬអធិដ្ឋានរួមគ្នាជាក្រុម គឺយើងរួបរួមជាមួយគ្រីស្តបរិស័ទនៅជុំវិញពិភពលោកដែលប្រើប្រាស់អត្ថបទអធិដ្ឋានដូចគ្នា។

  • ពេលព្រឹកព្រលឹម (Morning Prayer) : អរព្រះគុណព្រះជាម្ចាស់សម្រាប់ថ្ងៃថ្មី។
  • ពេលថ្ងៃត្រង់ (Daytime Prayer) : សម្រាកពីការងារដើម្បីតម្រង់ចិត្តទៅរកព្រះជាម្ចាស់។
  • ពេលល្ងាច (Evening Prayer) : អរព្រះគុណសម្រាប់កិច្ចការដែលបានសម្រេចក្នុងថ្ងៃនោះ។
  • មុនពេលចូលគេង (Night Prayer) : ប្រគល់ជីវិត និងការសម្រាកក្នុងយប់នោះថ្វាយព្រះជាម្ចាស់។
  • ទំនុកតម្កើង ជាផ្នែកដ៏សំខាន់បំផុត ដែលដកស្រង់ចេញពីគម្ពីរទំនុកតម្កើងទាំង១៥០ជំពូកក្នុងព្រះគម្ពីរសម្ពន្ធមេត្រីចាស់។
  • ព្រះបន្ទូល គឺការអានអត្ថបទខ្លីៗដែលដកស្រង់ចេញពីព្រះគម្ពីរ។
  • ពាក្យអធិដ្ឋាន ដើម្បីទូលអង្វរព្រះជាម្ចាស់សម្រាប់ពិភពលោក។

ការអធិដ្ឋានតាមពេលអាចប្រើប្រាស់តាមសៀវភៅក្រាស់ៗដែលហៅថា “Bréviaire”។ ប៉ុន្តែសព្វថ្ងៃនេះ យើងអាចប្រើកម្មវិធីលើទូរស័ព្ទដៃ (App) មានឈ្មោះថា Catholic Faith Cambodia ដើម្បីអធិដ្ឋានបានយ៉ាងងាយស្រួលបំផុត។ ការអធិដ្ឋាននេះជួយយើងឱ្យមានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយព្រះជាម្ចាស់តាមពេលវេលាប្រចាំថ្ងៃរបស់យើង។ ដូច្នេះ សូមយើងយកចិត្តទុកដាក់ញែកពេលវេលាអធិដ្ឋានតាមពេលជារៀងរាល់ថ្ងៃ។

ការអញ្ជើញនៅពេលព្រឹក
  • ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
    សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។
    -ចាប់ពីអាទិត្យទី១ នៃរដូវរង់ចាំ រហូតដល់ថ្ងៃទី ១៦ ខែធ្នូ៖
    * ចូរ​នាំ​គ្នា​មក យើង​នឹង​ឱន​កាយ​ថ្វាយ‌បង្គំ​ព្រះអម្ចាស់ ព្រះអង្គជាព្រះ‌មហាក្សត្រដែលត្រូវយាងមក។
    -ចាប់ពីថ្ងៃទី ១៧ ខែធ្នូ ដល់ថ្ងៃទី ២៣ ខែធ្នូ៖
    * ព្រះអម្ចាស់មកជិតបង្កើយហើយ ចូរនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គ។
    -ថ្ងៃទី ២៤ ខែធ្នូ៖
    * នៅថ្ងៃនេះ អ្នកនឹងដឹងថា​ ព្រះអម្ចាស់យាងមក ហើយនៅពេលព្រឹក អ្នកនឹងឃើញសិរីរុងរឿងរបស់ព្រះអង្គ។
    -សម្រាប់ថ្ងៃអាទិត្យ និងអធិដ្ឋានតាមពេលកំណត់ ក្នុងរដូវបុណ្យព្រះយេស៊ូប្រសូត រហូតដល់បុណ្យព្រះយេស៊ូសម្តែងព្រះអង្គ៖
    * ព្រះគ្រីស្តបានប្រសូតមកសម្រាប់យើង ចូរនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គ។
    -ចាប់ពីបុណ្យព្រះយេស៊ូសម្តែងព្រះអង្គ រហូតដល់បុណ្យព្រះអម្ចាស់ព្រះយេស៊ូទទួលពិធីជ្រមុជទឹក៖
    * ព្រះគ្រីស្តបានបង្ហាញខ្លួនឱ្យយើងឃើញ ចូរនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គ។
    -សម្រាប់ថ្ងៃអាទិត្យ និងអធិដ្ឋានតាមពេលកំណត់ប្រចាំថ្ងៃ ក្នុងរដូវសែសិបថ្ងៃ គឺចាប់ពីថ្ងៃពុធ បុណ្យរោយផេះ រហូតដល់ថ្ងៃសៅរ៍ នៃអាទិត្យទី៥ ក្នុងរដូវសែសិបថ្ងៃ ដោយមានពាក្យបន្ទរសម្រាប់ការអញ្ជើញគឺ៖
    បន្ទរ៖ ចូរ​នាំ​គ្នា​មក យើង​នឹង​ឱន​កាយ​ថ្វាយ‌បង្គំ​ព្រះ‌អង្គ ដែលបានស៊ូទ្រាំនឹងការល្បួង និងរងទុក្ខលំបាកសម្រាប់យើង។
    ឬ៖ ថ្ងៃ​នេះ ប្រសិន​បើ​អ្នក​រាល់​គ្នា​ឮ​ព្រះ‌សូរសៀងរបស់​ព្រះ‌អង្គ មិន​ត្រូវ​មាន​ចិត្ត​រឹង‌រូស​នោះ​ឡើយ។
    -សម្រាប់សប្តាហ៍ពិសិដ្ឋ ចាប់ពីថ្ងៃអាទិត្យបុណ្យលើកតម្កើងព្រះអម្ចាស់រងទុក្ខលំបាក ដល់ថ្ងៃព្រហស្បតិ៍ ពិសិដ្ឋ ពាក្យបន្ទរសម្រាប់ការអញ្ជើញគឺ៖
    បន្ទរ៖ ចូរ​នាំ​គ្នា​មក យើង​នឹង​ឱន​កាយ​ថ្វាយ‌បង្គំ​ព្រះ‌អង្គ ដែលបានស៊ូទ្រាំនឹងការល្បួង និងរងទុក្ខលំបាកសម្រាប់យើង។
    -ចាប់ពីថ្ងៃចន្ទ ក្នុងសប្តាហ៍បុណ្យចម្លង រហូតដល់ថ្ងៃពុធ មុនបុណ្យព្រះអម្ចាស់យេស៊ូយាងឡើងស្ថានបរមសុខ ពាក្យបន្ទរសម្រាប់ការអញ្ជើញគឺ៖
    បន្ទរ៖ ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ។ អាលេលូយ៉ា! ។
    -នៅចន្លោះថ្ងៃបុណ្យព្រះអម្ចាស់យេស៊ូយាងឡើងស្ថានបរមសុខ និងបុណ្យព្រះវិញ្ញាណយាងមក ពាក្យបន្ទរសម្រាប់ការអញ្ជើញគឺ៖
    បន្ទរ៖ ចូរនាំគ្នាមកក្រាបថ្វាយបង្គំព្រះគ្រីស្តជាអម្ចាស់ ដែលបានប្រទានព្រះវិញ្ញាណដ៏វិសុទ្ធ ឱ្យដល់ប្រជាជនរបស់ព្រះអង្គ អាលេលូយ៉ា!។
    -សម្រាប់ថ្ងៃអាទិត្យ និងអធិដ្ឋានប្រចាំថ្ងៃ ពាក្យបន្ទរសម្រាប់ការអញ្ជើញ ត្រូវរកនៅក្នុងក្បួនទំនុកតម្កើង។
    -សម្រាប់ត្រៃទិវានៃបុណ្យចម្លង បុណ្យឱឡារិក និងបុណ្យគោរព ពាក្យបន្ទរសម្រាប់ការអញ្ជើញ មានតាមរដូវនីមួយៗក្នុងពិធីបុណ្យ ឬតាមក្បួនពិធីគោរពសន្តបុគ្គល។
    -សម្រាប់បុណ្យរំឭកសន្តបុគ្គល យើងប្រើពាក្យបន្ទរ លុះត្រាណាតាមរដូវ ដែលអាចយកមកពីក្បួន ឬពាក្យអធិដ្ឋានប្រចាំថ្ងៃ។
ទំនុកតម្កើងសម្រាប់ការអញ្ជើញ

ទំនុកតម្កើងលេខ ៩៥
ចូរ​យើង​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អម្ចាស់!

សូម​អញ្ជើញ​មក យើង​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អម្ចាស់! ចូរ​ស្រែក​ច្រៀង​ដោយ​អំណរថ្វាយ​ព្រះ‌ជាម្ចាស់​ដែល​ជា​ថ្ម‌ដា​សង្គ្រោះ​យើង។
 ចូរ​យើង​នាំ​គ្នា​ចូល​មក​ចំពោះ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គទាំង​អរ​ព្រះ‌គុណ និង​ស្មូត​ទំនុក‌តម្កើង​ថ្វាយ​ព្រះ‌អង្គ
 ដ្បិត​ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ប្រសើរ​ឧត្ដម ព្រះ‌អង្គ​ជា​ព្រះ‌មហា​ក្សត្រដ៏​ខ្ពង់‌ខ្ពស់​លើស​ព្រះ​នានា។
 ព្រះ‌អង្គ​គ្រប់‌គ្រង​លើ​អ្វីៗ​ទាំង​អស់ គឺ​ចាប់​តាំង​ពី​បាត​ដី​រហូត​ដល់​ចុង​កំពូល​ភ្នំ។
 សមុទ្រ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ព្រះ‌អង្គ ព្រោះ​ព្រះ‌អង្គ​បាន​បង្កើត​សមុទ្រ​មក រីឯ​ផែន‌ដី​ក៏​ព្រះ‌អង្គ​បាន​បង្កើត​មក​ដែរ។
 ចូរ​នាំ​គ្នា​មក យើង​នឹង​ឱន​កាយ​ថ្វាយ‌បង្គំ​ព្រះ‌អង្គ ចូរ​យើង​ក្រាប​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ដែល​បាន​បង្កើត​យើង​មក
 ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ​នៃ​យើង យើង​ជា​ប្រជា‌រាស្ដ្រ​ដែល​ព្រះ‌អង្គ​ថែ‌រក្សា ជា​ហ្វូង​ចៀម​ដែល​ព្រះ‌អង្គ​ដឹក​នាំ។ ថ្ងៃ​នេះ បើ​អ្នក​រាល់​គ្នា​ឮ​ព្រះ‌សូរសៀង​របស់​ព្រះ‌អង្គ
 មិន​ត្រូវ​មាន​ចិត្ត​រឹង‌រូស ដូច​កាល​បះ‌បោរ​នៅ​មេរី‌បា ដូច​ថ្ងៃ​ល្បង‌ល​នៅ​ម៉ាសា ក្នុង​វាល​រហោ‌ស្ថាន​នោះ​ឡើយ
 គឺ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​បាន​ល្បង‌ល​យើង គេ​សាក​មើល​យើង ទោះ​បី​គេ​បាន​ឃើញ​កិច្ច‌ការដែល​យើង​ធ្វើ​ក៏​ដោយ។
១០ ក្នុង​អំឡុង​ពេល​សែ‌សិប​ឆ្នាំ មនុស្ស​នៅ​ជំនាន់​នោះបាន​ធ្វើ​ឱ្យ​យើង​ឆ្អែត​ចិត្ត​ជា​ខ្លាំង ហើយ​យើង​បាន​ពោល​ថា:
ពួក​នេះ​ជា​ប្រជាជន​ដែល​មាន​ចិត្ត​វង្វេង គេ​ពុំ​ស្គាល់​មាគ៌ា​របស់​យើង​ឡើយ។
១១ ហេតុ​នេះ យើង​ខឹង​នឹង​ពួក​គេ ហើយ​ប្ដេជ្ញា​ថា មិន​ឱ្យ​ពួក​គេ​ចូល​មក​សម្រាកជា​មួយ​យើង​ជា​ដាច់​ខាត!
ទំនុកតម្កើងលេខ ១០០
ចូរ​គោរព​បម្រើ​ព្រះ‌អម្ចាស់​ដោយ​ចិត្ត​រីក‌រាយ
 មនុស្ស​នៅ​លើ​ផែន‌ដី​ទាំង​មូល​អើយ ចូរ​បន្លឺ​សំឡេង​តម្កើង​ព្រះ‌អម្ចាស់!
 ចូរ​គោរព​បម្រើ​ព្រះ‌អម្ចាស់​ដោយ​ចិត្ត​រីក‌រាយ ចូរ​នាំ​គ្នា​ចូល​មក​ជិត​ព្រះ‌អង្គដោយ​ច្រៀង​យ៉ាង​សប្បាយ!
 ចូរ​ដឹង​ថា ព្រះ‌អម្ចាស់​ពិត​ជា​ព្រះ‌ជាម្ចាស់​មែន! ព្រះ‌អង្គ​បាន​បង្កើត​យើង​មក យើង​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ ហើយ​ជា​ប្រជាជន​ដែល​ព្រះ‌អង្គ​ថែ‌រក្សា។
 ចូរ​នាំ​គ្នា​ចូល​តាម​ទ្វារ​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ ដោយ​អរ​ព្រះ‌គុណ ចូរ​នាំ​គ្នា​ចូល​មក​ក្នុង​ព្រះ‌វិហារ ដោយ​ពាក្យ​សរសើរ​តម្កើង!
ចូរ​លើក​តម្កើង​ព្រះ‌អង្គ ចូរ​សរសើរ​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ!
 ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​សប្បុរស ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គនៅ​ស្ថិត‌ស្ថេរ​ជា‌និច្ច ហើយ​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះ‌អង្គ នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។
ទំនុកតម្កើងលេខ ៦៧
សូម​ឱ្យប្រជាជន​ទាំង‌ឡាយ​នាំ​គ្នា​លើក​តម្កើង​ព្រះជាម្ចាស់
ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​ប្រណី​សន្ដោស​យើង​ខ្ញុំ សូម​ប្រទាន​ពរ​ដល់​យើង​ខ្ញុំ សូម​ទត​មក​យើង​ខ្ញុំដោយ​ព្រះ‌ហឫទ័យ​សប្បុរស​ផង!
ដូច្នេះ មនុស្ស​នៅ​លើ​ផែន‌ដីនឹង​ស្គាល់​មាគ៌ា​របស់​ព្រះ‌អង្គ ហើយ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ គេ​នឹង​ស្គាល់​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ!
ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​ឱ្យ​ប្រជាជនទាំង‌ឡាយ​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អង្គ សូម​ឱ្យ​ប្រជាជន​ទាំង​អស់​រួម​គ្នាលើក​តម្កើង​ព្រះ‌អង្គ!
មហាជន​នាំ​គ្នា​សប្បាយ​រីករាយ នាំ​គ្នា​ស្រែក​ជយ‌ឃោស ដ្បិត​ព្រះ‌អង្គ​គ្រប់‌គ្រង​ប្រជា‌រាស្ដ្រ​នានាដោយ​យុត្តិធម៌ ហើយ​ព្រះ‌អង្គ​ដឹក​នាំ​មហា‌ជន​ទាំង‌ឡាយនៅ​លើ​ផែន‌ដី។
ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​ឱ្យ​ប្រជាជន​ទាំង‌ឡាយនាំ​គ្នា​លើក​តម្កើង​ព្រះ‌អង្គ សូម​ឱ្យ​ប្រជាជន​ទាំង​អស់​រួម​គ្នាលើក​តម្កើង​ព្រះ‌អង្គ!
ផែន‌ដី​បាន​បង្កើត​ភោគ‌ផល ព្រោះ​ព្រះ‌ជាម្ចាស់​ជា​ព្រះ​នៃ​យើង បាន​ប្រទាន​ពរ​ឱ្យ​យើង។
សូម​ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ឱ្យ​យើង សូម​ឱ្យ​ប្រជាជន​ទាំង​ប៉ុន្មាន ដែល​រស់​នៅ​ទី​ដាច់​ស្រយាល​នៃ​ផែន‌ដី គោរព​កោត​ខ្លាច​ព្រះ‌អង្គ!
ទំនុកតម្កើងលេខ ២៤
ព្រះ‌មហា​ក្សត្រ​ដ៏​ឧត្ដម
ផែន‌ដី និង​អ្វីៗ​សព្វ​សារ​ពើ​នៅ​លើ​ផែន‌ដី សុទ្ធ​តែ​ជា​កម្ម‌សិទ្ធិ​របស់​ព្រះ‌អម្ចាស់ពិភព‌លោក និង​អ្វីៗ​ទាំង​អស់​ដែល​រស់​នៅ​ក្នុងពិភព‌លោក ក៏​ជា​កម្ម‌សិទ្ធិ​របស់​ព្រះ‌អង្គ​ដែរ!
គឺ​ព្រះ‌អង្គ​ហើយ​ដែល​បាន​ចាក់​គ្រឹះ​ផែន‌ដីពី​លើ​សមុទ្រ ហើយ​ធ្វើ​ឱ្យ​វា​ស្ថិត​នៅ​យ៉ាង​រឹង‌ប៉ឹងពី​លើ​ទន្លេ​នានា។
តើ​នរណា​អាច​ឡើង​ទៅ​លើ​ភ្នំរបស់​ព្រះ‌អម្ចាស់​បាន? តើ​នរណា​អាច​ឈរ​នៅ​ក្នុង​ព្រះ‌វិហារដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គ​បាន?
មាន​តែ​អ្នក​ប្រព្រឹត្ត​អំពើ​ត្រឹម​ត្រូវ និង​មាន​ចិត្ត​បរិសុទ្ធ​ប៉ុណ្ណោះ ទើប​ឡើង​ទៅ​បាន គឺ​អ្នក​ដែល​មិន​បណ្តោយ​ខ្លួន​ទៅ​ថ្វាយ‌បង្គំព្រះ​ក្លែង‌ក្លាយ និង​និយាយ​ស្បថ‌ស្បែ​បំពាន។
ព្រះ‌អម្ចាស់​នឹង​ប្រទាន​ពរ​ដល់​គេ ហើយ​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌សង្គ្រោះ នឹង​ប្រោស​គេ​ឱ្យ​សុចរិត​ដែរ។
គឺ​អ្នក​ទាំង​នេះ​ហើយ​ដែល​ស្វែង​រក​ព្រះ‌អង្គ ជា​អ្នក​ស្វែង​រក​ព្រះ​របស់​លោក​យ៉ាកុប។
ឱ​ទ្វារ​ទាំង‌ឡាយ​អើយ ចូរ​បើក​ចំហ! ខ្លោង​ទ្វារ​ដ៏​នៅ​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច​អើយ
ចូរ​ចំហ​ឱ្យ​ធំ​ ដើម្បី​ឱ្យ​ព្រះ‌មហា​ក្សត្រប្រកប​ដោយ​សិរី‌រុង​រឿង​យាង​ចូល​មក!
តើ​ព្រះ‌មហា​ក្សត្រ​ប្រកប​ដោយសិរី‌រុង​រឿង​នេះ​ជា​នរណា?
-ព្រះ‌អម្ចាស់​ប្រកប​ដោយ​ព្រះ‌ចេស្ដា​ដ៏​ខ្លាំង​ពូកែ ព្រះ‌អម្ចាស់​ជា​អ្នក​ចម្បាំង​ដ៏​ជំនាញ។
ឱ​ទ្វារ​ទាំង‌ឡាយ​អើយ ចូរ​បើក​ចំហ! ខ្លោង​ទ្វារ​ដ៏​នៅ​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច​អើយ
ចូរ​ចំហ​ឱ្យ​ធំ ដើម្បី​ឱ្យ​ព្រះ‌មហា​ក្សត្រប្រកប​ដោយ​សិរី‌រុង​រឿង​យាង​ចូល​មក!
១០ តើ​ព្រះ‌មហា​ក្សត្រ​ប្រកប​ដោយសិរី‌រុង​រឿង​នេះ​ជា​នរណា?
-ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល គឺ​ព្រះ‌អង្គ​ហើយ ដែល​ជា​ព្រះ‌មហា​ក្សត្រប្រកប​ដោយ​សិរី‌រុង​រឿង!។
អំណានតាមពេលកំណត់

អំណានតាមពេលកំណត់
(Office of Readings)
ឱព្រះជាម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ ។ អាម៉ែន! (អាលេលូយ៉ា!)

ប្រសិនបើការអធិដ្ឋានតាមពេលកំណត់ចាប់ផ្តើមជាមួយការអញ្ជើញ ពាក្យអធិដ្ឋានខាងលើនេះ ត្រូវលុបចោល។
បន្ទាប់មកមាន បទចម្រៀងចូល ក្រោយមានទំនុកតម្កើង ៣ ភ្ជាប់ជាមួយពាក្យបន្ទរ ក្រោយមកទៀត មានឃ្លាខគម្ពីរ ដែលអានមុនព្រះបន្ទូល។ ក្នុងអត្ថបទគម្ពីរ មានអត្ថបទទី១ ដែលយកចេញពីព្រះគម្ពីរ និងអត្ថបទទី២ យកចេញពីគ្រូបាធ្យាយនៃព្រះសហគមន៍ ឬលិខិតរបស់ព្រះសហគមន៍ដទៃទៀត។
HYMN TE DEUM ៖ ច្រៀងរៀងរាល់ថ្ងៃអាទិត្យ ពេលបុណ្យឱឡារិក និងបុណ្យគោរព ដោយ​យោងតាមអត្ថបទទី២។
ឱព្រះជាម្ចាស់អើយ យើងខ្ញុំសូមសរសើរតម្កើងព្រះអង្គ!
យើងខ្ញុំសូមបន្លឺសំឡេងលើកតម្កើងព្រះអង្គ ជាព្រះអម្ចាស់!
ឱព្រះបិតាដ៏មានព្រះជន្មគង់នៅអស់កល្បជានិច្ចអើយ
សកលលោកទាំងមូលនឹងនាំគ្នា មកក្រាបថ្វាយបង្គំព្រះអង្គ។
គឺព្រះអង្គហើយដែលទេវទូត អគ្គទេវទូត
និងអស់អ្នកដែលរស់នៅក្នុងស្ថានបរមសុខ
ក្រាបថ្វាយបង្គំ និងកោតសរសើរព្រះអង្គ។
ផ្ទៃមេឃ និងឬទ្ធានុភាពនៃស្ថានបរមសុខ រួមជាមួយពពួកខេរូប៊ីន និងសេរ៉ាភីម
បន្លឺសម្លេងកោតសរសើរព្រះអង្គឥតឈប់ឈរ ដោយពោលថា ៖
«ព្រះដ៏វិសុទ្ធ ព្រះដ៏វិសុទ្ធ ព្រះដ៏វិសុទ្ធ! ព្រះអង្គជាព្រះអម្ចាស់នៃពិភពទាំងមូល!
ផែនដីទាំងមូលពោរពេញទៅដោយសិរីរុងរឿងរបស់ព្រះអង្គ!»។
គឺព្រះអង្គហើយ ដែលក្រុមគ្រីស្តទូតលើកតម្កើង!
គឺព្រះអង្គហើយ ដែលពួកព្យាការីច្រៀងកោតសរសើរ!
គឺព្រះអង្គហើយ ដែលមរណសាក្សីទាំងឡាយផ្តល់សក្ខីភាព
ដោយបានបូជាជីវិតថ្វាយព្រះអង្គ!
គឺព្រះអង្គហើយ ដែលព្រះសហគមន៍ទូទាំងសកលលោក យកជាទីពឹង
ដោយប្រកាសថា ៖
ព្រះបិតា មានព្រះបារមីឧត្តុង្គឧត្តមអស់កល្បជានិច្ច
ព្រះបុត្រា ជាបុត្រដ៏ពិតប្រាកដតែមួយនៃព្រះបិតា ដែលគួរឲ្យស្ងើចសរសើរណាស់
ព្រះវិញ្ញាណដ៏វិសុទ្ធ ជាព្រះដ៏ជួយការពារ
ដែលព្រះជាម្ចាស់បានចាត់ពីស្ថានបរមសុខមក។
ឱព្រះគ្រីស្តអើយ! ព្រះអង្គជាព្រះមហាក្សត្រប្រកបដោយសិរីរុងរឿង !
ជាព្រះបុត្រារបស់ព្រះបិតាអស់កល្បជានិច្ច។
ដោយព្រះអង្គសព្វព្រះហឫទ័យសង្គ្រោះសត្វលោកទាំងមូល
ព្រះអង្គបានបន្ទាបខ្លួនរហូតដល់កើតមកជាមនុស្ស ក្នុងផ្ទៃរបស់នាងព្រហ្មចារិនី។
ព្រះអង្គបានបំបាត់អំណាចនៃសេចក្តីស្លាប់
ហេតុនេះហើយបានជាព្រះអង្គបើកទ្វារនៃព្រះរាជ្យរបស់ព្រះបិតា
ដល់អស់អ្នកជឿសង្ឃឹមលើព្រះអង្គ។
ព្រះអង្គដែលគង់នៅខាងស្តាំព្រះបិតានៅស្ថានបរមសុខ ប្រកបដោយសិរីរុងរឿង!
យើងខ្ញុំជឿជាក់ថា ព្រះអង្គនឹងយាងមកវិនិច្ឆ័យមនុស្ស ទាំងរស់ ទាំងស្លាប់
តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ។
ឱព្រះអម្ចាស់អើយ! សូមមេត្តាយាងមកជួយសង្គ្រោះ
អស់អ្នកដែលព្រះអង្គបានប្រោសលោះ
ដោយព្រះលោហិតដ៏ថ្លៃវិសេសរបស់ព្រះអង្គ។
សូមព្រះអង្គនាំយើងខ្ញុំឲ្យទទួលចំណែកមត៌ក រួមជាមួយសន្តបុគ្គលទាំងឡាយ
ក្នុងសិរីរុងរឿងដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច។
-ឱព្រះអម្ចាស់អើយ! សូមសង្គ្រោះប្រជារាស្ត្ររបស់ព្រះអង្គ
សូមប្រទានពរដល់កូនចៅរបស់ព្រះអង្គ។
បន្ទរ៖ សូមព្រះអង្គធ្វើជាគង្វាលថែរក្សាពួកគេរហូតតរៀងទៅ!
-យើងខ្ញុំសូមសរសើរតម្កើងព្រះអម្ចាស់ជារៀងរាល់ថ្ងៃ ៖
បន្ទរ៖ យើងខ្ញុំសូមលើកតម្កើងព្រះអម្ចាស់ ចាប់តាំងពីពេលនេះរហូតតរៀងទៅ។
-ដោយព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ
សូមឲ្យយើងខ្ញុំអាចរួចផុតពីអំពើបាបនៅថ្ងៃនេះផង។
បន្ទរ៖ ឱព្រះអម្ចាស់អើយ! សូមប្រណីសន្តោសយើងខ្ញុំ!
សូមមេត្តាប្រណីសន្តោសយើងខ្ញុំផង!។
-សូមសម្តែងព្រះហឫទ័យមេត្តាករុណាមកលើយើងខ្ញុំ
បន្ទរ៖ ព្រោះយើងខ្ញុំផ្ញើជីវិតទាំងស្រុងលើព្រះអង្គហើយ។
-ព្រះអម្ចាស់ពិតជាទីសង្ឃឹមរបស់យើងខ្ញុំ៖
បន្ទរ៖ ដូច្នេះ យើងខ្ញុំនឹងលែងបាត់បង់កិត្តិយសទៀតហើយ។

ពាក្យអធិដ្ឋាន
ប្រសិនបើគ្មានការច្រៀង Te Deum ក្រោយអត្ថបទទី២ ទេនោះ យើងអាចសូត្រពាក្យអធិដ្ឋានសរុប។ ការអធិដ្ឋាននាំមុខដោយមានការអញ្ជើញគឺ៖ សូមបងប្អូនតាំងចិត្តអធិដ្ឋាន
ប្រសិនបើការអធិដ្ឋានឆ្ពោះទៅកាន់ព្រះបិតា យើងត្រូវសូត្រថា៖ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។
ប្រសិនបើការអធិដ្ឋានឆ្ពោះទៅកាន់ព្រះបុត្រា យើងត្រូវសូត្រថា៖ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។
ពាក្យឆ្លើយតបនៅពេលបញ្ចប់ពាក្យអធិដ្ឋាន ៖ អាម៉ែន។
ឃ្លាប្រកាសបន្ថែមចុងក្រោយ ពេលបញ្ចប់ពាក្យអធិដ្ឋាន ៖
សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!

ពាក្យអធិដ្ឋាននៅពេលព្រឹក
ពាក្យអធិដ្ឋានពេលព្រឹក
ឱ ព្រះជាម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ ។ អាម៉ែន!  (អាលេលូយ៉ា!)
ឃ្លាឆ្លើយតបនេះត្រូវបញ្ចូល នៅពេលម៉ោងអធិដ្ឋានចាប់ផ្តើមជាមួយការអញ្ជើញ។
ចម្រៀងចូល
ទំនុកតម្កើង ៖ ត្រូវយោងតាមបទចម្រៀងចូល និងឋិតនៅលើទំនុកតម្កើងមួយនៅពេលព្រឹក មានចម្រៀងក្នុងសម្ពន្ធមេត្រីចាស់ ហើយទំនុកតម្កើងកោតសរសើរដទៃទៀត ជាមួយនឹងពាក្យបន្ទរយ៉ាងត្រឹមត្រូវ។ សម្រាប់ថ្ងៃអាទិត្យ និងអធិដ្ឋានតាមពេលកំណត់ប្រចាំថ្ងៃ ទំនុកតម្កើង ចម្រៀង និងពាក្យបន្ទរ ត្រូវយកមកពីក្បួនទំនុកតម្កើងក្នុងសប្តាហ៍នោះ។
ក្នុងរដូវរង់ចាំ រដូវបុណ្យព្រះយេស៊ូប្រសូត រដូវសែសិបថ្ងៃ និងបុណ្យចម្លង ពាក្យបន្ទរ ត្រូវយកតាមរដូវនីមួយៗក្នុងពិធីបុណ្យ។ សម្រាប់បុណ្យឱឡារិក និងបុណ្យគោរព ទំនុកតម្កើង និងចម្រៀងត្រូវយកពីក្បួនទំនុកតម្កើងអាទិត្យទី១ ហើយពាក្យបន្ទរត្រូវយកពីថ្ងៃបុណ្យគោរពសន្តបុគ្គល ឬពីក្បួន។
សម្រាប់ថ្ងៃបុណ្យរំឭកសន្តបុគ្គល ទំនុកតម្កើង ចម្រៀង និងពាក្យបន្ទរត្រូវយកមកពីក្បួនទំនុកតម្កើងក្នុងសប្តាហ៍នោះ លុះត្រាតែជាទំនុកតម្កើង និងពាក្យបន្ទរដែលត្រឹមត្រូវ។
អត្ថបទ ៖ សម្រាប់ថ្ងៃអាទិត្យ និងអធិដ្ឋានតាមពេលកំណត់ប្រចាំថ្ងៃ អត្ថបទត្រូវស៊ីគ្នានឹងក្បួនទំនុកតម្កើង។ ក្នុងរដូវរង់ចាំ រដូវបុណ្យព្រះយេស៊ូប្រសូត រដូវសែសិបថ្ងៃ និងបុណ្យចម្លង អត្ថបទត្រូវយកតាមរដូវនីមួយៗក្នុងពិធីបុណ្យ។
សម្រាប់បុណ្យឱឡារិក និងបុណ្យគោរព អត្ថបទត្រូវរកនូវថ្ងៃបុណ្យគោរពសន្តបុគ្គល ឬពីក្បួន។ សម្រាប់ថ្ងៃបុណ្យរំឭកសន្តបុគ្គល អត្ថបទអាចយកពីក្បួន ឬពាក្យអធិដ្ឋានប្រចាំថ្ងៃ ដែលត្រឹមត្រូវ។ ចំពោះការជ្រើសរើសយកអត្ថបទវែងជាង ជាពិសេសនៅពេលប្រារព្ធពិធីជាមួយប្រជាជន យោងតាមលេខ ៤៦ នៃការណែនាំទូទៅ ការសម្តែងធម្មទេសនាយ៉ាងខ្លីទៅលើអត្ថបទ អាចនឹងបន្ថែមផងដែរ។
ឃ្លាឆ្លើយតបព្រះបន្ទូល ៖ ត្រូវទុករយៈពេលស្ងៀមស្ងាត់បន្តិច ក្រោយពីការអានអត្ថបទ ឬធម្មទេសនា។ បន្ទាប់មក យើងអានពាក្យបន្ទរនៅខាងក្រោមអត្ថបទ....។
អត្ថបទព្រះគម្ពីរដំណឹងល្អ៖ បន្ទាប់មក ត្រូវអានអត្ថបទព្រះគម្ពីរដំណឹងល្អ ជាមួយពាក្យបន្ទរ។សម្រាប់ថ្ងៃអាទិត្យ ពាក្យបន្ទរ ត្រូវយកតាមរដូវនីមួយៗក្នុងពិធីបុណ្យ សម្រាប់ការអធិដ្ឋានតាមពេលកំណត់ប្រចាំថ្ងៃ ត្រូវយកពីក្បួនទំនុកតម្កើង។
ក្នុងរដូវរង់ចាំ រដូវបុណ្យព្រះយេស៊ូប្រសូត រដូវសែសិបថ្ងៃ និងបុណ្យចម្លង ពាក្យបន្ទរ ត្រូវយកតាមរដូវនីមួយៗក្នុងពិធីបុណ្យ។ 
នៅពេលប្រារព្ធពិធីបុណ្យគោរពសន្តបុគ្គល ពាក្យបន្ទរ ត្រូវយកពីក្បួន។
ទំនុកតម្កើងរបស់លោកសាការី (លក ១,៦៨-៧៩)
៦៨ ”សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល
ដ្បិតទ្រង់សព្វព្រះហឫទ័យយាងមករំដោះប្រជារាស្ត្ររបស់ព្រះអង្គ។
៦៩ ទ្រង់បានប្រទានព្រះសង្គ្រោះដ៏មានឫទ្ធិមួយព្រះអង្គ ពីក្នុងចំណោមព្រះញាតិវង្សរបស់ព្រះបាទដាវីឌ ជាអ្នកបម្រើព្រះអង្គឱ្យមកយើង។
៧០ ព្រះជាម្ចាស់ប្រទានព្រះសង្គ្រោះនេះមកយើង ស្របនឹងព្រះបន្ទូលសន្យា ថ្លែងតាមរយៈព្យាការីរបស់ព្រះអង្គនៅជំនាន់ដើម
៧១ គឺព្រះអង្គសង្គ្រោះយើងឱ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ និងរួចពីអំណាចរបស់អ្នកដែលស្អប់យើង
៧២ ព្រះអង្គសម្ដែងព្រះហឫទ័យមេត្តាករុណាដល់បុព្វបុរសយើង ហើយគោរពតាមសម្ពន្ធមេត្រីរបស់ព្រះអង្គយ៉ាងស្មោះស្ម័គ្រ
៧៣ គឺព្រះអង្គបានសន្យាយ៉ាងម៉ឺងម៉ាត់ដល់លោកអប្រាហាំ ជាបុព្វបុរសរបស់យើងថា
៧៤ ទ្រង់នឹងរំដោះយើងឱ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ ដើម្បីយើងអាចគោរពបម្រើព្រះអង្គបានដោយឥតភ័យខ្លាច
៧៥ ព្រមទាំងឱ្យយើងរស់នៅបានបរិសុទ្ធ និងសុចរិតជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ជារៀងរាល់ថ្ងៃ រហូតអស់មួយជីវិត។
៧៦ ចំណែកឯកូនវិញ កូននឹងទៅជាព្យាការីរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត ព្រោះកូននឹងដើរមុខព្រះអម្ចាស់ ដើម្បីរៀបចំផ្លូវថ្វាយព្រះអង្គ។
៧៧ កូននឹងឱ្យប្រជារាស្ត្ររបស់ព្រះអង្គដឹងថា ព្រះអង្គសង្គ្រោះគេ ដោយលើកលែងគេឱ្យរួចពីបាប។
៧៨ ព្រះរបស់យើងមានព្រះទ័យមេត្តាករុណាដ៏លើសលប់ ព្រះអង្គប្រទានថ្ងៃរះពីស្ថានលើមក ដើម្បីរំដោះយើង
៧៩ និងដើម្បីបំភ្លឺអស់អ្នកដែលស្ថិតនៅក្នុងទីងងឹត ក្រោមអំណាចនៃសេចក្តីស្លាប់ ព្រមទាំងតម្រង់ផ្លូវយើងឆ្ពោះទៅរកសេចក្តីសុខសាន្ត។
សូមកោតសរសើរ...
ពាក្យអង្វរសកល៖ សម្រាប់ថ្ងៃអាទិត្យ និងអធិដ្ឋានតាមពេលកំណត់ប្រចាំថ្ងៃពាក្យអង្វរសកល ត្រូវរកពីក្បួនទំនុកតម្កើង។
ក្នុងរដូវរង់ចាំ រដូវបុណ្យព្រះយេស៊ូប្រសូត រដូវសែសិបថ្ងៃ និងបុណ្យចម្លង ពាក្យអង្វរសកល ត្រូវយកតាមរដូវនីមួយៗក្នុងពិធីបុណ្យ។
សម្រាប់បុណ្យឱឡារិក និងបុណ្យគោរព ពាក្យអង្វរសកល ត្រូវរកនូវថ្ងៃបុណ្យគោរពសន្តបុគ្គល ឬពីក្បួន។ សម្រាប់ថ្ងៃបុណ្យរំឭកសន្តបុគ្គល ពាក្យអង្វរសកល អាចយកពីក្បួន ឬពាក្យអធិដ្ឋានប្រចាំថ្ងៃ ដែលត្រឹមត្រូវ។
បន្ទាប់មក អធិដ្ឋាន “ធម៌ឱព្រះបិតា” ដោយមានពាក្យលំនាំខ្លីមួយ៖
ឥឡូវនេះ សូមបងប្អូនតាំងចិត្តអធិដ្ឋាន នូវសេចក្តីដែលព្រះអម្ចាស់យេស៊ូគ្រីស្តបានប្រៀនប្រដៅយើងថា ៖
ឬ សូមបងប្អូនអធិដ្ឋានដូចព្រះគ្រីស្តដែលបានបង្រៀនដល់យើងថា ៖
ឬ ជាមួយនឹងការចង់បានព្រះរាជ្យរបស់ព្រះជាម្ចាស់មកដល់ ចូរយើងអធិដ្ឋានទៅកាន់ព្រះបិតាថា ៖
ចូរប្រមូលការអធិដ្ឋាន និងការសរសើរតម្កើងរបស់យើងឱ្យទៅជាការអធិដ្ឋានតែមួយ ដែលថ្វាយទៅព្រះគ្រីស្តបានបង្រៀនដល់យើងថា៖
ចូរយើងសរុបពាក្យអធិដ្ឋានរបស់យើងជាមួយនឹង ធម៌ឱព្រះបិតា ថា ៖
ទៅកាន់ព្រះគ្រីស្ត៖
ព្រះអម្ចាស់សូមកុំភ្លេចខ្ញុំ ពេលព្រះអង្គយាងមកគ្រងរាជ្យ ហើយសូមបង្រៀនយើងខ្ញុំឱ្យចេះអធិដ្ឋាន៖
ហើយចូរយើងអធិដ្ឋានដោយមានទំនុកចិត្ត ដូចព្រះគ្រីស្តបានទូលអង្វរថា ៖
ចូរយើងថ្វាយពាក្យអធិដ្ឋាន ដែលព្រះគ្រីស្តបានផ្តល់ឱ្យយើង ទុកជាគំរូសម្រាប់ការអធិដ្ឋានទាំងអស់ថា ៖ ធម៌ “ឱព្រះបិតា”
ឱព្រះបិតាយើងខ្ញុំ ដែលគង់នៅស្ថានបរមសុខអើយ!
សូមសម្តែងព្រះបារមី ឱ្យមនុស្សលោកស្គាល់ព្រះនាមព្រះអង្គ
សូមឱ្យព្រះរាជ្យព្រះអង្គបានមកដល់
សូមឱ្យព្រះហឫទ័យរបស់ព្រះអង្គបានសម្រេចនៅលើផែនដី ដូចនៅស្ថានបរមសុខដែរ។
សូមប្រទានអាហារ ដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ។
សូមអត់ទោសឱ្យយើងខ្ញុំ ដូចយើងខ្ញុំអត់ទោសឱ្យ
អស់អ្នកដែលបានប្រព្រឹត្តខុសនឹងយើងខ្ញុំ។
សូមកុំបណ្តោយឱ្យយើងខ្ញុំ ចាញ់ការល្បួងឡើយ
តែសូមរំដោះយើងខ្ញុំ ឱ្យរួចពីមារកំណាច។
ពាក្យអធិដ្ឋាន​ ដោយគ្មានពាក្យអញ្ជើញ សូមបងប្អូនតាំងចិត្តអធិដ្ឋាន គឺបានបន្ថែមភ្លាម ក្រោយពីពាក្យអធិដ្ឋាន ធម៌ឱព្រះបិតា។
សម្រាប់ការអធិដ្ឋានតាមពេលកំណត់ប្រចាំថ្ងៃ ពាក្យអធិដ្ឋានសរុប​ ត្រូវយកមកពីក្បួនទំនុកតម្កើងក្នុងសប្តាហ៍នោះ។
ក្នុងរដូវរង់ចាំ រដូវបុណ្យព្រះយេស៊ូប្រសូត រដូវសែសិបថ្ងៃ និងបុណ្យចម្លង ពាក្យអធិដ្ឋាន ត្រូវយកតាមរដូវនីមួយៗក្នុងពិធីបុណ្យ។
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
-ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
-អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
-សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
-អាម៉ែន។
ពាក្យអធិដ្ឋាននៅពេលថ្ងៃ

ពាក្យអធិដ្ឋានពេលថ្ងៃ
ឱព្រះជាម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ ។ អាម៉ែន! (អាលេលូយ៉ា!)

បទចម្រៀងចូល៖ បន្ទាប់មក ច្រៀងបទចម្រៀងចូល និងមិនមានការប្រារព្ធពិធីបុណ្យរំឭកសន្តបុគ្គលនៅម៉ោងនេះទេ។
ទំនុកតម្កើង៖ ទំនុកតម្កើង និងពាក្យបន្ទរ ត្រូវសូត្រក្រោយបទចម្រៀងចូល។
អត្ថបទ៖ អត្ថបទយកតាមទំនុកតម្កើង ក្រោយអានអត្ថបទរួច ត្រូវទុកពេលស្ងៀមស្ងាត់មួយរយៈ។
ពាក្យអធិដ្ឋាន៖ ជាមួយនឹងពាក្យអញ្ជើញ សូមបងប្អូនតាំងចិត្តអធិដ្ឋាន។ ប្រសិនបើការអធិដ្ឋានឆ្ពោះទៅកាន់ព្រះបិតា យើងត្រូវពោលថា៖
យើងខ្ញុំសូមអង្វរព្រះអង្គ តាមរយៈព្រះគ្រីស្តជាអម្ចាស់យើងខ្ញុំ ឬយើងខ្ញុំសូមអង្វរព្រះអង្គ​ក្នុងព្រះនាមព្រះអម្ចាស់យេស៊ូ។
ប្រសិនបើការអធិដ្ឋានឆ្ពោះទៅកាន់ព្រះបិតា បន្ទាប់ពីមានការលើកឡើងអំពីព្រះបុត្រា យើងពោលថា៖ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យ រួមជាមួយព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ។
ប្រសិនបើការអធិដ្ឋានឆ្ពោះទៅកាន់ព្រះបុត្រា៖
ព្រះអង្គគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។
ឆ្លើយ៖ អាម៉ែន។
នៅក្នុងការប្រារព្ធពិធីរួម ត្រូវបន្ថែមឃ្លាសម្រែកសាទរចុងក្រោយគឺ៖
សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!

ពាក្យអធិដ្ឋាននៅពេលល្ងាច
ពាក្យអធិដ្ឋានពេលល្ងាច
ឱព្រះជាម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ ។ អាម៉ែន!  (អាលេលូយ៉ា!)
ចម្រៀងចូល
ទំនុកតម្កើង ៖ ត្រូវយោងតាមបទចម្រៀងចូល និងឋិតនៅលើទំនុកតម្កើងពីរ ឬផ្នែកនៃទំនុកតម្កើង មានទាំងចម្រៀងក្នុងសម្ពន្ធមេត្រីថ្មី ជាមួយនឹងពាក្យបន្ទរយ៉ាងត្រឹមត្រូវ។ សម្រាប់ថ្ងៃអាទិត្យ និងអធិដ្ឋានតាមពេលកំណត់ប្រចាំថ្ងៃ ទំនុកតម្កើង ចម្រៀង និងពាក្យបន្ទរ ត្រូវយកមកពីក្បួនទំនុកតម្កើងក្នុងសប្តាហ៍នោះ។
ក្នុងរដូវរង់ចាំ រដូវបុណ្យព្រះយេស៊ូប្រសូត រដូវសែសិបថ្ងៃ និងបុណ្យចម្លង ពាក្យបន្ទរ ត្រូវយកតាមរដូវនីមួយៗក្នុងពិធីបុណ្យ។ 
សម្រាប់បុណ្យឱឡារិក និងបុណ្យគោរព ទំនុកតម្កើង និងចម្រៀង ត្រូវយកពីក្បួនទំនុកតម្កើងអាទិត្យទី១ ហើយពាក្យបន្ទរត្រូវយកពីថ្ងៃបុណ្យគោរពសន្តបុគ្គល ឬពីក្បួន។
សម្រាប់ថ្ងៃបុណ្យរំឭកសន្តបុគ្គល ទំនុកតម្កើង ចម្រៀង និងពាក្យបន្ទរ ត្រូវយកមកពីក្បួនទំនុកតម្កើងក្នុងសប្តាហ៍នោះ លុះត្រាតែទំនុកតម្កើង និងពាក្យបន្ទរត្រឹមត្រូវ។
អត្ថបទ ៖ សម្រាប់ថ្ងៃអាទិត្យ និងអធិដ្ឋានតាមពេលកំណត់ប្រចាំថ្ងៃ អត្ថបទត្រូវស៊ីគ្នានឹងក្បួនទំនុកតម្កើង។ ក្នុងរដូវរង់ចាំ រដូវបុណ្យព្រះយេស៊ូប្រសូត រដូវសែសិបថ្ងៃ និងបុណ្យចម្លង អត្ថបទត្រូវយកតាមរដូវនីមួយៗក្នុងពិធីបុណ្យ។
សម្រាប់បុណ្យឱឡារិក និងបុណ្យគោរព អត្ថបទត្រូវរកនូវថ្ងៃបុណ្យគោរពសន្តបុគ្គល ឬពីក្បួន។ សម្រាប់ថ្ងៃបុណ្យរំឭកសន្តបុគ្គល អត្ថបទអាចយកពីក្បួន ឬពាក្យអធិដ្ឋានប្រចាំថ្ងៃ ដែលត្រឹមត្រូវ។ ចំពោះការជ្រើសរើសយកអត្ថបទវែងជាង ជាពិសេសនៅពេលប្រារព្ធពិធីជាមួយប្រជាជន យោងតាមលេខ៤៦ នៃការណែនាំទូទៅ ការសម្តែងធម្មទេសនាយ៉ាងខ្លីទៅលើអត្ថបទ អាចនឹងបន្ថែមផងដែរ។
ឃ្លាឆ្លើយតបព្រះបន្ទូល ៖ ត្រូវទុករយៈពេលស្ងៀមស្ងាត់បន្តិច ក្រោយពីការអានអត្ថបទ ឬធម្មទេសនា។ បន្ទាប់មក យើងអានពាក្យបន្ទរនៅខាងក្រោមអត្ថបទ....។
អត្ថបទព្រះគម្ពីរដំណឹងល្អ៖ បន្ទាប់មក ត្រូវអានអត្ថបទព្រះគម្ពីរដំណឹងល្អ ជាមួយពាក្យបន្ទរ។ សម្រាប់ថ្ងៃអាទិត្យ ពាក្យបន្ទរ ត្រូវយកតាមរដូវនីមួយៗក្នុងពិធីបុណ្យ និងសម្រាប់ការអធិដ្ឋានតាមពេលកំណត់ប្រចាំថ្ងៃ ត្រូវយកពីក្បួនទំនុកតម្កើង។
ក្នុងរដូវរង់ចាំ រដូវបុណ្យព្រះយេស៊ូប្រសូត រដូវសែសិបថ្ងៃ និងបុណ្យចម្លង ពាក្យបន្ទរ ត្រូវយកតាមរដូវនីមួយៗក្នុងពិធីបុណ្យ។
នៅពេលប្រារព្ធពិធីបុណ្យគោរពសន្តបុគ្គល ពាក្យបន្ទរ ត្រូវយកពីក្បួន។
ទំនុកតម្កើងរបស់ព្រះនាងម៉ារី (លក ១,៤៦-៥៥)
៤៦ «ព្រលឹង​ខ្ញុំ​សូម​លើក​តម្កើង​ព្រះ‌អម្ចាស់*
៤៧ ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ
៤៨ ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ
អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា
ខ្ញុំជាអ្នកមានសុភមង្គលពិតមែន
៤៩ ព្រះដ៏មានតេជានុភាព បានសម្ដែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។
ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន!
៥០ ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គ
នៅគ្រប់ជំនាន់តរៀងទៅ
៥១ ទ្រង់បានសម្ដែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ
៥២ ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង
ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។
៥៣ ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន
ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។
៥៤ ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ
ហើយតែងតែសម្ដែងព្រះហឫទ័យមេត្តាករុណា
៥៥ ដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ
ដូចទ្រង់បានសន្យាជាមួយបុព្វបុរសយើង ឥតភ្លេចសោះឡើយ។
ពាក្យអង្វរសកល ៖ សម្រាប់ថ្ងៃអាទិត្យ និងអធិដ្ឋានតាមពេលកំណត់ប្រចាំថ្ងៃ ពាក្យអង្វរសកល ត្រូវរកពីក្បួនទំនុកតម្កើង។
ក្នុងរដូវរង់ចាំ រដូវបុណ្យព្រះយេស៊ូប្រសូត រដូវសែសិបថ្ងៃ និងបុណ្យចម្លង ពាក្យអង្វរសកល ត្រូវយកតាមរដូវនីមួយៗក្នុងពិធីបុណ្យ។
សម្រាប់បុណ្យឱឡារិក និងបុណ្យគោរព ពាក្យអង្វរសកល ត្រូវរកនូវថ្ងៃបុណ្យគោរពសន្តបុគ្គល ឬពីក្បួន។ សម្រាប់ថ្ងៃបុណ្យរំឭកសន្តបុគ្គល ពាក្យអង្វរសកល អាចយកពីក្បួន ឬពាក្យអធិដ្ឋានប្រចាំថ្ងៃ ដែលត្រឹមត្រូវ។
បន្ទាប់មក អធិដ្ឋាន “ធម៌ឱព្រះបិតា” ដោយមានពាក្យលំនាំខ្លីមួយ៖
ឥឡូវនេះ សូមបងប្អូនតាំងចិត្តអធិដ្ឋាន នូវសេចក្តីដែលព្រះអម្ចាស់យេស៊ូគ្រីស្ត បានប្រៀនប្រដៅយើងថា ៖
ឬ សូមបងប្អូនអធិដ្ឋានដូចព្រះគ្រីស្តដែលបានបង្រៀនដល់យើងថា ៖
ឬ ជាមួយនឹងការចង់បានព្រះរាជ្យរបស់ព្រះជាម្ចាស់មកដល់ ចូរយើងអធិដ្ឋានទៅកាន់ព្រះបិតាថា ៖
ចូរប្រមូលការអធិដ្ឋាន និងការសរសើរតម្កើងរបស់យើង ឱ្យទៅជាការអធិដ្ឋានតែមួយ ដែលថ្វាយទៅព្រះគ្រីស្តបានបង្រៀនដល់យើងថា៖
ចូរយើងសរុបពាក្យអធិដ្ឋានរបស់យើងជាមួយនឹង ធម៌ឱព្រះបិតា ថា ៖
ទៅកាន់ព្រះគ្រីស្ត៖
ព្រះអម្ចាស់សូមកុំភ្លេចខ្ញុំ ពេលព្រះអង្គយាងមកគ្រងរាជ្យ ហើយសូមបង្រៀនយើងខ្ញុំឱ្យចេះអធិដ្ឋាន៖
ហើយចូរយើងអធិដ្ឋានដោយមានទំនុកចិត្ត ដូចព្រះគ្រីស្តបានទូលអង្វរថា ៖
ចូរយើងថ្វាយពាក្យអធិដ្ឋាន ដែលព្រះគ្រីស្តបានផ្តល់ឱ្យយើង ទុកជាគំរូសម្រាប់ការអធិដ្ឋានទាំងអស់ថា ៖ ឱព្រះបិតាយើងខ្ញុំ.............
ពាក្យអធិដ្ឋាន​ ដោយគ្មានពាក្យអញ្ជើញ សូមបងប្អូនតាំងចិត្តអធិដ្ឋាន គឺបានបន្ថែមភ្លាម ក្រោយពីពាក្យអធិដ្ឋាន ធម៌ឱព្រះបិតា។
សម្រាប់ការអធិដ្ឋានតាមពេលកំណត់ប្រចាំថ្ងៃ ពាក្យអធិដ្ឋាន​ ត្រូវយកមកពីក្បួនទំនុកតម្កើងក្នុងសប្តាហ៍នោះ។
ក្នុងរដូវរង់ចាំ រដូវបុណ្យព្រះយេស៊ូប្រសូត រដូវសែសិបថ្ងៃ និងបុណ្យចម្លង ពាក្យអធិដ្ឋាន ត្រូវយកតាមរដូវនីមួយៗក្នុងពិធីបុណ្យ។
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
-ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
-អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
-សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
-អាម៉ែន។

474 Views

Theme: Overlay by Kaira